The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesJonah [Yunus] - Khmer translation - Rowwad Translation Center
Surah Jonah [Yunus] Ayah 109 Location Maccah Number 10
អាលីហ្វ ឡាម រ៉ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ ទាំងនោះគឺជាបណ្តាវាក្យខណ្ឌនៃគម្ពីរ(គួរអាន)ដែលប្រកបដោយគតិបណ្ឌិត។
តើវាជារឿងភ្ញាក់ផ្អើលសម្រាប់មនុស្សឬដែលយើងបានផ្ដល់វ៉ាហ៊ីទៅកាន់បុសម្នាក់ក្នុងចំណោមពួកគេ(ព្យាការីមូហាំម៉ាត់) ដោយឲ្យគេដាស់តឿនព្រមានមនុស្សលោក(ពីទណ្ឌកម្មអល់ឡោះ)នោះ? ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលមានជំនឿថា៖ ពិតប្រាកដណាស់ ពួកគេនឹងទទួលបានផលបុណ្យដ៏ល្អប្រពៃពីព្រះជាម្ចាស់របស់ពួកគេដោយសារតែអ្វីដែលពួកគេធ្លាប់បានសាងពីមុន។ ពួកគ្មានជំនឿបាននិយាយថា៖ ពិតប្រាកដណាស់ (ព្យាការីមូហាំម៉ាត់)នេះគឺជាគ្រូមន្តអាគមយ៉ាងជាក់ច្បាស់។
ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកអ្នក គឺអល់ឡោះដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក ទ្រង់គង់ខ្ពស់លើអារ៉ស្ហ។។ ទ្រង់ចាត់ចែងកិច្ចការទាំងឡាយ។ គ្មាននរណាម្នាក់អាចធ្វើអន្តរាគមន៍(ដល់អ្វីមួយ)បានឡើយ លើកលែងតែបន្ទាប់ពីទ្រង់បានអនុញ្ញាតប៉ុណ្ណោះ។ នោះគឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះទ្រង់(តែមួយគត់)។ តើពួកអ្នកមិននឹករឭកទេឬ?
ទៅកាន់ទ្រង់(តែមួយគត់)ជាកន្លែងវិលត្រឡប់របស់ពួកអ្នកទាំងអស់គ្នា(នៅថ្ងៃបរលោក)។ ការសន្យារបស់អល់ឡោះ គឺជាការពិត។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកផ្ដើមបង្កើតអ្វីៗទាំងអស់(ដោយគ្មានគំរូពីមុនមក)។ បន្ទាប់មក ទ្រង់នឹងត្រឡប់គេ(ឱ្យមានវត្តមាន)សារជាថ្មី(បន្ទាប់ពីគេបានស្លាប់) ដើម្បីទ្រង់នឹងតបស្នងដល់បណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលដោយភាពយុត្តិធម៌បំផុត។ ចំណែកឯពួកដែលគ្មានជំនឿនោះ ពួកគេនឹងទទួលបានទឹកផឹកដែលក្តៅ និងទណ្ឌកម្មដ៏ឈឺចាប់បំផុត ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រឆាំង។
ទ្រង់គឺជាអ្នកដែលបានបង្កើតព្រះអាទិត្យឲ្យមានរស្មីចែងចាំង ហើយ(បង្កើត)ព្រះចន្ទឲ្យមានពន្លឺ ហើយទ្រង់បានកំណត់ដំណើរគោចររបស់វា(ជាខ្នើត-រនោច) ដើម្បីឲ្យពួកអ្នកបានដឹងពីចំនួនឆ្នាំ និងការគណនា(ពេលវេលា)។ អល់ឡោះមិនបានបង្កើតអ្វីៗទាំងនោះឡើយ លើកលែងតែដោយការពិត(គតិបណ្ឌិតច្បាស់លាស់)។ ទ្រង់បកស្រាយបញ្ជាក់នូវសញ្ញាភស្តុតាងទាំងឡាយសម្រាប់ក្រុមដែលចេះដឹង។
ពិតប្រាកដណាស់ ការផ្លាស់ប្តូរគ្នារវាងពេលយប់និងពេលថ្ងៃ ហើយនិងអ្វីដែលអល់ឡោះបានបង្កើតនៅលើមេឃជាច្រើនជាន់និងផែនដី គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលកោតខ្លាច(ទ្រង់)។
ប្រាកដណាស់ ពួកដែលមិនរំពឹងថានឹងជួបយើង(អល់ឡោះ) ហើយពួកគេពេញចិត្តជីវិតលោកិយ ព្រមទាំងស្ងប់ចិត្តនឹងវា ហើយនិងពួកដែលព្រងើយកន្តើយចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើងនោះ
ពួកទាំងនោះ កន្លែងស្នាក់អាស្រ័យរបស់ពួកគេ គឺឋាននរក ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសលនោះ ព្រះជាម្ចាស់របស់ពួកគេនឹងចង្អុលបង្ហាញពួកគេដោយសារតែការមានជំនឿរបស់ពួកគេ។ (ទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌)ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមពួកគេក្នុងឋានសួគ៌ណាអ៊ីម។
ការបួងសួងរបស់ពួកគេនៅក្នុងឋានសួគ៌នោះគឺ “អល់ឡោះជាម្ចាស់! ព្រះអង្គមហាស្អាតស្អំ”។ ហើយពាក្យស្វាគមន៍របស់ពួកគេនៅក្នុងឋានសួគ៌នោះគឺ សាឡាម(សន្តិភាព)។ ហើយនៅចុងបញ្ចប់នៃការបួងសួងរបស់ពួកគេ (ពួកគេពោលថា៖) សេចក្តីសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងអស់។
ហើយប្រសិនបើអល់ឡោះឆ្លើយតបភ្លាមៗចំពោះការបួងសួងរបស់មនុស្សនូវប្រការអាក្រក់(ពេលដែលពួកគេបួងសួងសុំ) ដូចដែលទ្រង់ឆ្លើយតបភ្លាមៗចំពោះពួកគេនូវប្រការល្អនោះ ប្រាកដជាអាយុកាលកំណត់របស់ពួកគេនឹងត្រូវបញ្ចប់ជាមិនខាន។ ក៏ប៉ុន្តែទ្រង់ពន្យារពេលឱ្យពួកដែលមិនប្រាថ្នាថានឹងជួបយើងឲ្យស្ថិតនៅក្នុងភាពវង្វេងរបស់ពួកគេ ដោយពួកគេមានភាពស្រពិចស្រពិល(ជារៀងរហូត)។
ហើយនៅពេលគ្រោះថ្នាក់ណាមួយកើតឡើងចំពោះមនុស្ស គឺគេបួងសួងសុំពីយើងទាំងដោយដេកផ្អៀង ឬអង្គុយ ឬឈរ។ តែនៅពេលដែលយើងដកយកគ្រោះនោះចេញពីរូបគេវិញ គេក៏បន្តធ្វើដូចមុន ហាក់បីដូចជារូបគេមិនបានបួងសួងសុំពីយើងឱ្យដកយកគ្រោះដែលគេជួបប្រទះនោះដូច្នោះដែរ។ ក៏ដូច្នោះដែរ គេបានតុបតែងលម្អសម្រាប់ពួកដែលបំពានដោយសារតែអ្វីដែលពួកគេធ្លាប់បានសាង។
ហើយជាការពិតណាស់ យើងបានបំផ្លាញប្រជាជាតិជាច្រើនមុនពួកអ្នក(ឱពួកមុស្ហរីគីន)នៅពេលដែលពួកគេបានបំពាន។ ហើយបណ្ដាអ្នកនាំសាររបស់ពួកគេបាននាំមកឱ្យពួកគេនូវភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើន ប៉ុន្តែពួកគេមិនមានជំនឿនោះឡើយ។ ក៏ដូច្នោះដែរ យើងនឹងតបស្នងដល់ក្រុមដែលប្រព្រឹត្តល្មើសទាំងឡាយ។
ក្រោយមក យើងបានបង្កើតពួកអ្នក(ឱមនុស្សលោក)ឱ្យធ្វើជាអ្នកស្នងការគ្រប់គ្រងលើផែនដីបន្ទាប់ពីពួកគេ ដើម្បីយើងនឹងពិនិត្យមើលថា តើពួកអ្នកនឹងធ្វើដូចម្ដេច?
ហើយនៅពេលដែលគេសូត្របណ្តាវាក្យខណ្ឌរបស់យើងឱ្យពួកគេស្តាប់ ពួកដែលមិនរំពឹងថានឹងជួបយើងបាននិយាយថា៖ ចូរអ្នក(ឱមូហាំម៉ាត់)នាំមកនូវគម្ពីរគួរអានផ្សេងក្រៅពី(គម្ពីរ)នេះ ឬផ្លាស់ប្តូរវា។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ វាមិនត្រឹមត្រូវនោះទេក្នុងការដែលខ្ញុំផ្លាស់ប្ដូរវាតាមទំនើងចិត្តខ្ញុំនោះ។ ខ្ញុំមិនដើរតាមអ្វីក្រៅពីវ៉ាហ៊ីដែលគេបានផ្តល់មកឱ្យខ្ញុំឡើយ។ ពិតប្រាកដណាស់ ខ្ញុំខ្លាចទណ្ឌកម្មនាថ្ងៃដ៏ធំធេង(ថ្ងៃបរលោក) ប្រសិនបើខ្ញុំល្មើសនឹងព្រះជាម្ចាស់របស់ខ្ញុំនោះ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រសិនបើអល់ឡោះមានចេតនានោះ ខ្ញុំក៏មិនសូត្រវា(គម្ពីរគួរអាន)ឱ្យពួកអ្នកស្ដាប់ ហើយគេក៏មិនឲ្យពួកអ្នកដឹងអំពីវានោះដែរ។ ជាការពិតណាស់ ខ្ញុំបានរស់នៅជាមួយនឹងពួកអ្នកមួយរយៈកាលដ៏យូរមុននឹងវា(ត្រូវបានគេបញ្ចុះមក) ។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាទេឬ?
ជាការពិតណាស់ គ្មាននរណាម្នាក់ដែលបំពានជាងអ្នកដែលប្រឌិតភូតកុហកទៅលើអល់ឡោះ ឬបដិសេធនឹងបណ្តាវាក្យខណ្ឌរបស់ទ្រង់នោះឡើយ។ ពិតប្រាកដណាស់ ពួកដែលប្រព្រឹត្តល្មើសនោះនឹងមិនទទួលជោគជ័យឡើយ។
ហើយពួកគេ(ពួកមុស្ហរីគីន)បានគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីអល់ឡោះដែលពួកវាមិនអាចបង្កគ្រោះថ្នាក់ និងមិនអាចផ្ដល់ផលប្រយោជន៍ដល់ពួកគេផងនោះ។ ហើយពួកគេបាននិយាយថា៖ ពួកវាទាំងនោះ គឺជាអ្នកជួយអន្តរាគមន៍ដល់ពួកយើងនៅចំពោះមុខអល់ឡោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើពួកអ្នកកំពុងតែបា្រប់អល់ឡោះជាម្ចាស់នូវអ្វីដែលទ្រង់មិនដឹងសោះទាំងនៅលើមេឃជាច្រើនជាន់និងនៅលើផែនដីនោះឬ? ទ្រង់មហាបរិសុទ្ធ និងខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេកំពុងតែធ្វើស្ហ៊ីរិក។
ហើយមនុស្សធ្លាប់ជាប្រជាជាតិតែមួយ(មានជំនឿលើអល់ឡោះជាម្ចាស់តែមួយគត់) តែក្រោយមក ពួកគេបានខ្វែងគំនិតគ្នា។ ហើយប្រសិនបើគ្មានការកំណត់ពីព្រះជាម្ចាស់របស់អ្នកពីមុនមកទេនោះ ទ្រង់ប្រាកដជានឹងកាត់សេចក្ដីរវាងពួកគេចំពោះអ្វីដែលពួកគេខ្វែងគំនិតគ្នា(នៅក្នុងលោកិយនេះ)ជាមិនខានឡើយ។
ហើយពួកគេនិយាយថា៖ ហេតុអ្វីបានជាគេមិនបញ្ចុះឱ្យគាត់(ព្យាការីមូហាំម៉ាត់)នូវសញ្ញាភស្តុតាងណាមួយពីព្រះជាម្ចាស់របស់គាត់មក? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត មានតែអល់ឡោះ(តែមួយគត់)ដែលដឹងពីប្រការអាថ៌កំបាំងទាំងឡាយ។ ដូច្នេះ ចូរពួកអ្នករង់ចាំមើលចុះ។ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំមើលជាមួយពួកអ្នកដែរ។
ហើយនៅពេលដែលយើងបានឱ្យមនុស្សលោកភ្លក់រសជាតិនៃក្តីមេត្តាករុណា(ឧបការគុណ) ក្រោយពីគ្រោះបានកើតឡើងចំពោះពួកគេនោះ ស្រាប់តែពួកគេបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើងទៅវិញ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ អល់ឡោះជាម្ចាស់ គឺជាអ្នកដែលតបតនឹងឧបាយកលយ៉ាងលឿនបំផុត។ ពិតប្រាកដណាស់ អ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់យើងនឹងកត់ត្រានូវឧបាយកលដែលពួកអ្នកបានរៀបចំ។
ទ្រង់ជាអ្នកដែលសម្រួលដល់ការធ្វើដំណើររបស់ពួកអ្នក(ឱមនុស្សលោក)ទាំងនៅលើគោក និងនៅលើផ្ទៃទឹក។ លុះដល់ពេលពួកអ្នកស្ថិតនៅក្នុងសំពៅ ហើយមានខ្យល់បរិសុទ្ធបានបក់បោកមកលើពួកគេ ហើយពួកគេសប្បាយរីករាយនោះ វាស្រាប់តែមានខ្យល់ព្យុះយ៉ាងខ្លាំងបានបក់បោកមកលើពួកគេ ព្រមទាំងមានរលកបក់បោកមកលើពួកគេពីគ្រប់ទិសទី ហើយពួកគេគិតថា៖ ពិតប្រាកដណាស់ ភាពអន្តរាយបានហ៊ុមព័ទ្ធពួកគេហើយនោះ ពួកគេក៏បួងសួងសុំពីអល់ឡោះជាម្ចាស់ដោយភាពស្មោះសចំពោះសាសនារបស់ទ្រង់ថា៖ ប្រសិនបើព្រះអង្គជួយសង្រោះយើងខ្ញុំពីគ្រោះមហន្តរាយនេះ យើងខ្ញុំពិតជានឹងស្ថិតក្នុងចំណោមអ្នកដែលដឹងគុណ(ទ្រង់)ជាមិនខាន។
តែនៅពេលដែលទ្រង់បានជួយសង្គ្រោះពួកគេ(ពីគ្រោះមហន្តរាយ)ហើយនោះ ស្រាប់តែពួកគេបែរជាបង្កវិនាសកម្មនៅលើផែនដីដោយមិនត្រឹមត្រូវទៅវិញ។ ឱមនុស្សលោកទាំងឡាយ! ការបំពានរបស់ពួកអ្នក គឺនឹងធ្លាក់ទៅលើខ្លួនពួកអ្នកផ្ទាល់ប៉ុណ្ណោះ។ ការត្រេកត្រអាលនឹងជីវិតលោកិយ(គឺគ្រាន់តែបណ្ដោះអាសន្ន)។ ក្រោយមក កន្លែងវិលត្រឡប់របស់ពួកអ្នក គឺមកកាន់យើង(តែមួយគត់)។ ពេលនោះ យើងនឹងប្រាប់ពួកអ្នកពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។
តាមពិត ការប្រៀបធៀបឆាកជីវិតលោកិយនេះ គឺប្រៀបដូចជាទឹកភ្លៀងដែលយើងបានបញ្ចុះវាពីលើមេឃដែលធ្វើឱ្យរុក្ខជាតិនៅលើផែនដីដុះចម្រុះគ្នានូវអ្វីដែលមនុស្ស និងសត្វអាចបរិភោគបាន។ លុះដល់ពេលដែលដីបានបញ្ចេញនូវភាពស្រស់បំព្រង និងភាពស្រស់ស្អាតរបស់វា(តាមរយៈរុក្ខជាតិជាច្រើនប្រភេទ) ហើយម្ចាស់របស់វាគិតថា ពួកគេជាអ្នកដែលមានលទ្ធភាព(អាចប្រមូលផលអំពីវាបាន)ហើយនោះ ស្រាប់តែបទបញ្ជារបស់យើងក៏បានមកដល់នៅពេលយប់ ឬពេលថ្ងៃ។ ពេលនោះ យើងក៏បានធ្វើឱ្យវាត្រូវខូចខ្ទេចខ្ទីអស់ ហាក់ដូចជាមិនធ្លាប់មានអ្វីសោះកាលពីម្សិល។ ក៏ដូច្នោះដែរ យើងបានបកស្រាយបញ្ជាក់នូវសញ្ញាភស្តុតាងជាច្រើនសម្រាប់ក្រុមដែលចេះគិតពិចារណា។
وَٱللَّهُ يَدۡعُوٓاْ إِلَىٰ دَارِ ٱلسَّلَٰمِ وَيَهۡدِي مَن يَشَآءُ إِلَىٰ صِرَٰطٖ مُّسۡتَقِيمٖ [٢٥]
ហើយអល់ឡោះទ្រង់អំពាវនាវទៅកាន់លំនៅដ្ឋាននៃសន្តិភាព(ឋានសួគ៌) ហើយទ្រង់ចង្អុលបង្ហាញជនណាដែលទ្រង់មានចេតនាទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ(សាសនាឥស្លាម)។
សម្រាប់បណ្ដាអ្នកដែលបានសាងអំពើល្អ នឹងទទួលបាននូវប្រការល្អ(ឋានសួគ៌) ហើយនិងការបន្ថែមលើសពីនោះទៅទៀត(មើលឃើញព្រះភក្ត្រអល់ឡោះជាម្ចាស់)។ គ្មានធូលីខ្មៅគ្របដណ្ដប់លើផ្ទៃមុខរបស់ពួកគេឡើយ ហើយក៏គ្មានភាពអាប់ឱន(គ្របដណ្តប់លើវា)នោះដែរ។ អ្នកទាំងនោះហើយ គឺជាអ្នកឋានសួគ៌ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។
រីឯពួកដែលសាងអំពើអាក្រក់ ការតបស្នងចំពោះអំពើអាក្រក់នោះ គឺតាមទំហំនៃអំពើអាក្រក់(របស់ពួកគេ) ហើយភាពអាប់ឱនបានគ្របដណ្តប់លើពួកគេ។ សម្រាប់ពួកគេ គឺគ្មានអ្នកការពារពី(ទណ្ឌកម្ម)អល់ឡោះឡើយ ហាក់ដូចជាមុខរបស់ពួកគេត្រូវបានគ្របដណ្ដប់ដោយភាពងងឹតនៃពេលរាត្រីដូច្នោះដែរ។ ពួកទាំងនោះហើយ គឺជាពួកឋាននរកដោយពួកគេស្ថិតនៅទីនោះជាអមតៈ។
(ហើយចូរអ្នកនឹកឃើញ) នៅថ្ងៃដែលយើងនឹងប្រមូលផ្ដុំពួកគេទាំងអស់គ្នា។ ក្រោយមក យើងមានបន្ទូលទៅកាន់ពួកដែលបានធ្វើស្ហ៊ីរិកថា៖ ចូរពួកអ្នក និងព្រះនានារបស់ពួកអ្នកប្រកាន់ខ្ជាប់នឹងទីកន្លែងរបស់ពួកអ្នកចុះ។ ហើយយើងបានបំបែករវាងពួកគេ។ ហើយព្រះនានារបស់ពួកគេបាននិយាយថា៖ ពួកអ្នកមិនធ្លាប់គោរពសក្ការៈមកចំពោះពួកយើងឡើយ។
(ពួកវាបន្តថា៖) គ្រប់គ្រាន់ហើយដែលអល់ឡោះគឺជាសាក្សីរវាងពួកយើងនិងពួកអ្នក។ ពិតប្រាកដណាស់ ពួកយើងមិនមានអារម្មណ៍(មិនដឹងមិនឮ)ចំពោះការគោរពសក្ការៈរបស់ពួកអ្នកនោះឡើយ។
នៅទីនោះ(កន្លែងកាត់សេចក្ដី) ជីវិតគ្រប់រូបនឹងបានដឹងនូវអ្វីដែលខ្លួនធ្លាប់បានសាង។ ហើយពួកគេត្រូវបានគេនាំត្រឡប់ទៅកាន់អល់ឡោះដែលជាព្រះជាម្ចាស់ដ៏ពិតប្រាកដរបស់ពួកគេ។ ហើយអ្វី(ព្រះនានា)ដែលពួកគេធ្លាប់បានប្រឌិតឡើង(ថាជាព្រះនោះ) បានរសាត់បាត់បង់ពីពួកគេ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើនរណាជាអ្នកប្រទានលាភសក្ការៈឱ្យពួកអ្នកពីលើមេឃ និងផែនដី? តើអ្នកណាជាអ្នកគ្រប់គ្រងការឭ និងការឃើញ? ហើយតើនរណាជាអ្នកដែលបញ្ចេញរបស់មានជីវិតពីរបស់ស្លាប់ និងបញ្ចេញរបស់ស្លាប់ពីរបស់មានជីវិត? ហើយតើនរណាជាអ្នកចាត់ចែងកិច្ចការទាំងឡាយ? ពួកគេនឹងឆ្លើយថា៖ គឺអល់ឡោះជាម្ចាស់(តែមួយគត់)។ ចូរអ្នកពោលថា៖ ដូច្នេះ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ?
ជាការពិតណាស់ នោះហើយគឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នកយ៉ាងពិតប្រាកដ។ ដូច្នេះ តើមានអ្វីទៀតបន្ទាប់ពីការពិត ក្រៅតែពីភាពវង្វេងនោះ? ហេតុនេះ តើពួកអ្នកត្រូវបានគេបង្វែរ(ចេញពីការពិត)យ៉ាងដូចម្តេច?
ក៏ដូច្នោះដែរ បន្ទូលនៃព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានកំណត់ចំពោះពួកដែលប្រព្រឹត្តល្មើសរួចទៅហើយថា៖ ពិតប្រាកដណាស់ ពួកគេគឺគ្មានជំនឿឡើយ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើក្នុងចំណោមព្រះនានារបស់ពួកអ្នកមានអ្នកដែលផ្ដើមបង្កើតអ្វីៗទាំងអស់(ដោយគ្មានគំរូពីមុនមក) បន្ទាប់មក ត្រឡប់វា(ឲ្យមានវត្តមាន)សារជាថ្មី(បន្ទាប់ពីស្លាប់)ដែរឬទេ? ចូរអ្នកពោលចុះថា៖ អល់ឡោះទ្រង់ជាអ្នកផ្ដើមបង្កើតអ្វីៗទាំងអស់(ដោយគ្មានគំរូពីមុនមក)។ បន្ទាប់មក ទ្រង់នឹងត្រឡប់គេ(ឱ្យមានវត្តមាន)សារជាថ្មីឡើងវិញ(បន្ទាប់ពីគេបានស្លាប់)។ ដូច្នេះ តើពួកអ្នក(ឱពួកមុស្ហរីគីន)ត្រូវបានគេបង្វែរ(ចេញពីការពិត)យ៉ាងដូចម្ដេច?
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើក្នុងចំណោមព្រះនានារបស់ពួកអ្នកមានអ្នកអាចចង្អុលបង្ហាញទៅកាន់ពិតដែរឬទេ? ចូរអ្នកពោលថា៖ អល់ឡោះ(តែមួយគត់)ដែលអាចចង្អុលបង្ហាញទៅកាន់ការពិតបាន។ ដូច្នេះ តើអ្នកដែលអាចចង្អុលបង្ហាញ(អ្នកដទៃ)ទៅការពិតបានសក្ដិសមនឹងឲ្យគេដើរតាមជាង ឬក៏អ្នកដែលមិនអាចសូម្បីតែចង្អុលបង្ហាញខ្លួនឯង លើកលែងតែត្រូវការគេចង្អុលបង្ហាញនោះ(សក្តិសមជាង)? ដូចនេះ តើពួកអ្នកវិនិច្ឆ័យ(ចំពោះរឿងនេះ)ដោយរបៀបណា?
ហើយភាគច្រើននៃពួកគេ(ពួកមុស្ហរីគីន) គឺមិនដើរតាមអ្វីក្រៅតែពីការស្មានប៉ុណ្ណោះ។ ពិតប្រាកដណាស់ ការស្មានមិនអាចផ្តល់ជាប្រយោជន៍អ្វីដល់ការដឹងច្បាស់បន្តិចណាឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។
ហើយវាមិនត្រឹមត្រូវនោះទេដែលថា គម្ពីរគួរអាននេះត្រូវបានគេបង្កើតឡើង និងថាវាមិនមែនមកពីអល់ឡោះជាម្ចាស់នោះ។ ផ្ទុយទៅវិញ វា(គម្ពីរគួរអាន)គឺជាការបញ្ជាក់ទៅលើបណ្តាគម្ពីរដែលបានបញ្ចុះពីមុនវា និងជាការអធិប្បាយបញ្ជាក់លម្អិតអំពីក្បួនច្បាប់នានាដោយគ្មានការសង្ស័យឡើយនៅក្នុងវាដែលថា ពិតណាស់ វា(ត្រូវបានបញ្ចុះ)មកពីព្រះជាម្ចាស់នៃពិភពទាំងអស់។
ផ្ទុយទៅវិញ ពួកគេ(ពួកមុស្ហរីគីន)បែរជានិយាយថា៖ គាត់(ព្យាការីមូហាំម៉ាត់)បានប្រឌិតវាឡើង។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបថា៖ ចូរពួកអ្នកនាំមកនូវជំពូកណាមួយដែលដូចនឹងវា(គម្ពីរគួរអាន) ហើយចូរពួកអ្នកហៅអ្នកណាដែលពួកអ្នកអាចហៅពួកគេបានក្រៅពីអល់ឡោះ(ឲ្យមកជួយពួកអ្នក)ចុះ ប្រសិនបើពួកអ្នក គឺជាអ្នកទៀងត្រង់មែននោះ។
ផ្ទុយទៅវិញ ពួកគេ(ប្រញាប់)បដិសេធនឹងវា(គម្ពីរគួរអាន)មុនពេលដែលពួកគេមិនទាន់ទាំងឈ្វេងយល់អំពីវាសោះ ខណៈដែលភាពជាក់ស្តែងរបស់វាមិនទាន់បានមកដល់ពួកគេផងនោះ។ ក៏ដូច្នោះដែរ អ្នកជំនាន់មុនពួកគេក៏បានបដិសេធដូចគ្នាដែរ។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះថា តើលទ្ធផលចុងក្រោយរបស់ពួកដែលបំពាននោះទៅជាយ៉ាងណា?
ហើយក្នុងចំណោមពួកគេ មានអ្នកខ្លះមានជំនឿនឹងវា(គម្ពីរគួរអាន) ហើយមានអ្នកខ្លះទៀត មិនមានជំនឿនឹងវាឡើយ។ ហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងបំផុតចំពោះពួកដែលបង្កវិនាសកម្ម។
ហើយប្រសិនបើពួកគេបដិសេធនឹងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ចូរអ្នកពោលចុះថា៖ ទង្វើរបស់ខ្ញុំ គឺសម្រាប់ខ្ញុំ ហើយទង្វើរបស់ពួកអ្នក គឺសម្រាប់ពួកអ្នក។ ពួកអ្នកមិនពាក់ព័ន្ធនឹងអ្វីដែលខ្ញុំបានប្រព្រឹត្តនោះឡើយ ហើយខ្ញុំក៏មិនពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកបានប្រព្រឹត្តនោះដែរ។
ហើយក្នុងចំណោមពួកគេ(ពួកមុស្ហរីគីន) មានអ្នកខ្លះកំពុងតែស្ដាប់អ្នក(សូត្រគម្ពីរគួរអាន)។ ដូច្នេះ តើអ្នកមានលទ្ធភាពអាចឱ្យមនុស្សថ្លង់ស្តាប់ឮឬ បើទោះជាពួកគេមិនចេះគិតពិចារណាក៏ដោយនោះ?
ហើយក្នុងចំណោមពួកគេមានអ្នកដែលមើលទៅកាន់អ្នក(ឱអ្នកនាំសារ)។ ដូច្នេះ តើអ្នកមានសមត្ថភាពអាចចង្អុលបង្ហាញមនុស្សខ្វាក់ឬ បើទោះជាពួកគេមើលមិនធ្លាប់មើលឃើញក៏ដោយនោះ?
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនបំពានលើមនុស្សលោកបន្តិចណាឡើយ។ ក៏ប៉ុន្តែ មនុស្សលោកវិញទេដែលបំពានលើខ្លួនឯងនោះ។
ហើយនៅថ្ងៃដែលទ្រង់ប្រមូលផ្ដុំពួកគេ(ថ្ងៃបរលោក) ពួកគេហាក់ដូចជាមិនធ្លាប់បានរស់នៅ(ក្នុងលោកិយ)នោះឡើយ លើកលែងតែត្រឹមរយៈពេលមួយម៉ោងនៃពេលថ្ងៃដែលពួកគេស្គាល់គ្នាទៅវិញទៅមកប៉ុណ្ណោះ។ ពិតជាបានខាតបង់ហើយពួកដែលបដិសេធនឹងការជួបអល់ឡោះ(នៅថ្ងៃបរលោក) ហើយពួកគេក៏មិនធ្លាប់ទទួលបានការចង្អុលបង្ហាញនោះដែរ។
ហើយបើទោះបីជាយើងបង្ហាញឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មើលឃើញមួយចំនួន(នៃទណ្ឌកម្ម)ដែលយើងបានសន្យាចំពោះពួកគេ ឬក៏យើងឱ្យអ្នកស្លាប់(មុនអ្នកបានឃើញវា)ក៏ដោយ ក៏កន្លែងវិលត្រឡប់របស់ពួកគេ គឺមកកាន់យើងដដែល។ បន្ទាប់មក អល់ឡោះ គឺជាសាក្សីចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត។
ហើយរាល់ប្រជាជាតិនីមួយៗ គឺមានអ្នកនាំសារម្នាក់។ ដូច្នេះ នៅពេលដែលអ្នកនាំសាររបស់ពួកគេបានមកដល់ គេ(អល់ឡោះ)នឹងកាត់សេចក្ដីរវាងពួកគេដោយយុត្តិធម៌។ ហើយពួកគេមិនត្រូវបានគេបំពាននោះឡើយ។
ហើយពួកគេ(ពួកគ្មានជំនឿ)និយាយថា៖ តើការសន្យា(ដាក់ទណ្ឌកម្ម)នេះនឹងមកដល់នៅពេលណា ប្រសិនបើពួកអ្នក គឺជាអ្នកទៀងត្រង់មែននោះ?
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំគ្មានសមត្ថភាពអាចការពារគ្រោះថ្នាក់ចេញពីខ្លួនខ្ញុំ ហើយក៏មិនអាចផ្តល់ផលប្រយោជន៍(ដល់ខ្លួនឯង)នោះដែរ លើកលែងតែអ្វីដែលអល់ឡោះទ្រង់មានចេតនាប៉ុណ្ណោះ។ រាល់ប្រជាជាតិនីមួយៗ គឺមានអាយុកាលកំណត់រួចជាស្រេច។ ដូចនេះ នៅពេលដែលអាយុកាលកំណត់របស់ពួកគេបានមកដល់ហើយនោះ គឺពួកគេមិនអាចពន្យារពេលនោះឡើយ ហើយក៏មិនអាចឱ្យវាមកដល់មុនពេលកំណត់នោះដែរ ទោះបីមួយវិនាទីក៏ដោយ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តើពួកអ្នកយល់ឃើញយ៉ាងណា ប្រសិនបើទណ្ឌកម្មរបស់ទ្រង់បានមកដល់ពួកអ្នកនៅពេលយប់ ឬនៅពេលថ្ងៃនោះ តើអ្វីដែលពួកប្រព្រឹត្តល្មើសប្រញាប់ចង់បានអំពីវានោះ?
តើរហូតទាល់តែវា(ទណ្ឌកម្ម)កើតឡើងឬ ទើបពួកអ្នកមានជំនឿនឹងវា? តើពេលនេះ (ទើបពួកអ្នកមានជំនឿឬ) ខណៈដែលពីមុនមក ពួកអ្នកធ្លាប់សុំឱ្យវាឆាប់កើតឡើងនោះ?
ក្រោយមក(បន្ទាប់ពីទណ្ឌកម្មមកដល់) មានគេនិយាយទៅកាន់ពួកបំពានថា៖ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មជាអមតៈនេះ។ តើពួកអ្នកមិនត្រូវបានគេតបស្នងទៅតាមអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តទេឬ?
ហើយពួកគេនឹងស្នើឲ្យអ្នកប្រាប់(ពីទណ្ឌកម្ម)ថា តើវាជាការពិតឬ? ចូរអ្នកពោលថា៖ ពិតមែនហើយ សូមស្បថនឹងអល់ឡោះ វាគឺជាការពិត ហើយពួកអ្នកមិនអាចគេចផុតពីវាបានឡើយ។
ហើយប្រសិនបើរាល់អ្នកបំពានមានអ្វីទាំងអស់នៅលើផែនដី(អាចយកមកលោះរូបគេពីទណ្ឌកម្ម)នោះ ប្រាកដជាគេយកវាមកលោះខ្លួនគេជាមិនខាន។ ហើយពួកគេបានលាក់បាំងវិប្បដិសារី(របស់ខ្លួន)នៅពេលដែលពួកគេបានឃើញទណ្ឌកម្ម(នៅថ្ងៃបរលោក)។ ហើយគេ(អល់ឡោះ)នឹងសេចក្តីរវាងពួកគេដោយយុត្តិធម៌ ហើយពួកគេមិនត្រូវបានគេបំពានឡើយ។
តើពុំមែនទេឬដែលរាល់អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងលើផែនដី គឺជាម្ចាស់កម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)នោះ? ហើយតើពុំមែនទេឬដែលការសន្យារបស់អល់ឡោះ គឺជាការពិតនោះ? ក៏ប៉ុន្តែភាគច្រើននៃពួកគេ គឺមិនដឹងឡើយ។
ទ្រង់ជាអ្នកផ្ដល់ជីវិត និងជាអ្នកដកយកជីវិត។ ហើយគេនឹងនាំពួកអ្នកត្រឡប់ទៅកាន់ទ្រង់(តែមួយគត់)។
ឱមនុស្សលោកទាំងឡាយ! ជាការពិតណាស់ ដំបូន្មានពីព្រះជាម្ចាស់របស់ពួកអ្នក(គម្ពីរគួរអាន)បានមកដល់ពួកអ្នកហើយ ហើយវាជាឱសថព្យាបាលនូវអ្វីដែលមាននៅក្នុងដួងចិត្ត ជាការចង្អុលបង្ហាញ និងជាក្ដីមេត្តាករុណាសម្រាប់បណ្តាអ្នកដែលមានជំនឿ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ដោយការប្រោសប្រទានរបស់អល់ឡោះ និងក្ដីមេត្តាករុណារបស់ទ្រង់(ចំពោះពួកអ្នក) ចូរពួកអ្នកសប្បាយរីករាយចុះ។ វាគឺល្អប្រសើរជាងអ្វី(ទ្រព្យសម្បត្តិ)ដែលពួកគេខំប្រមូលទុកទៅទៀត។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើពួកអ្នកយល់យ៉ាងណាចំពោះលាភសក្ការៈដែលអល់ឡោះបានប្រទានដល់ពួកអ្នក ដោយពួកអ្នកបានដាក់ជាបំរាមទៅចំពោះរបស់ខ្លះ ហើយរបស់ខ្លះទៀត ពួកអ្នកអនុញ្ញាត។ ចូរអ្នកពោលទៀតថា៖ តើអល់ឡោះទ្រង់អនុញ្ញាតឱ្យពួកអ្នក(អាចធ្វើដូច្នោះ) ឬមួយក៏ពួកអ្នកប្រឌិតពាក្យភូតកុហកទៅលើអល់ឡោះ(ដោយខ្លួនឯង)?
ហើយតើអ្វីមួយដែលពួកប្រឌិតកុហកទៅលើអល់ឡោះនោះគិតថានឹងកើតឡើងចំពោះពួកគេនៅថ្ងៃបរលោកនោះ? ពិតប្រាកដណាស់ អល់ឡោះទ្រង់មានការប្រោសប្រណីបំផុតចំពោះមនុស្សលោក ក៏ប៉ុន្តែភាគច្រើននៃពួកគេមិនដឹងគុណឡើយ។
ហើយគ្មានកិច្ចការណាមួយដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានធ្វើ និងគ្មានអ្វីមួយដែលអ្នកបានសូត្រអំពីគម្ពីរគួរអាន ហើយក៏គ្មានអ្វីមួយដែលពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)បានធ្វើនោះដែរ លើកលែងតែយើងឃើញពួកអ្នកនៅពេលដែលពួកអ្នកបានធ្វើវា។ ហើយគ្មានអ្វីមួយអាចលាក់បាំងពីព្រះជាម្ចាស់របស់អ្នកបានឡើយ សូម្បីតែប៉ុនលំអងធូលីដ៏តូចបំផុតនៅលើផែនដី ឬនៅលើមេឃក៏ដោយ ហើយមិនថាវាតូចជាងនេះ ឬធំជាងនេះឡើយ លើកលែងតែវាត្រូវបានកត់ត្រាទុកនៅក្នុងគម្ពីរកំណត់ត្រា(ឡាវហ៊ុលម៉ះហ្វ៊ូស)យ៉ាងច្បាស់លាស់។
តើពុំមែនទេឬ បណ្ដាអ្នកមានជំនឿដ៏ស្មោះត្រង់លើអល់ឡោះ ពួកគេគ្មានការភ័យខ្លាច ហើយពួកគេក៏មិនមានទុក្ខព្រួយដែរនោះ?
គឺបណ្តាអ្នកដែលមានជំនឿ ហើយពួកគេកោតខ្លាច(អល់ឡោះ)។
ពួកគេនឹងទទួលបានដំណឹងរីករាយទាំងនៅក្នុងជីវិតលោកិយ និងនៅថ្ងៃបរលោក។ បន្ទូលរបស់អល់ឡោះ គឺគ្មានការផ្លាស់ប្ដូរឡើយ។ នោះហើយគឺជាជោគជ័យដ៏ធំធេង។
សូមអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំឲ្យពាក្យសម្តីរបស់ពួកគេធ្វើឲ្យអ្នកមានទុក្ខព្រួយ។ ពិតប្រាកដណាស់ អំណាចដ៏ខ្លាំងក្លាទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ទ្រង់មហាឮ មហាដឹងបំផុត។
តើពុំមែនទេឬដែលថាអ្នកដែលនៅលើមេឃជាច្រើនជាន់ និងអ្នកដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)នោះ? ហើយពួកដែលគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីអល់ឡោះនោះមិនបានប្រតិបត្តិតាមព្រះនានា(របស់ពួកគេ)នោះឡើយ។ តាមពិត ពួកគេដើរតាមតែការស្មាន(របស់ពួកគេ)ប៉ុណ្ណោះ។ ហើយពួកគេក៏គ្មានអ្វីក្រៅពីការប្រឌិតភូតកុហកនោះ។
ទ្រង់ជាអ្នកដែលបានបង្កើតពេលយប់សម្រាប់ពួកអ្នក(ឱមនុស្សលោក)ដើម្បីឱ្យពួកអ្នកបានសម្រាកនៅក្នុងវា ហើយទ្រង់បានបង្កើតពេលថ្ងៃជាពន្លឺ។ ពិតប្រាកដណាស់ នៅក្នុងរឿងទាំងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលស្ដាប់ឮ(ចេះគិតពិចារណា)។
ហើយពួកគេ(ពួកមុស្ហរីគីន)បាននិយាយថា៖ អល់ឡោះទ្រង់មានបុត្រ។ ទ្រង់មហាស្អាតស្អំបំផុត។ ទ្រង់មហាមានលើសលប់។ អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដីគឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ពួកអ្នក(ឱពួកមុស្ហរីគីន)គ្មានអំណះអំណាងអ្វីមកបញ្ជាក់ចំពោះរឿងនេះឡើយ។ តើពួកអ្នកនិយាយ(ចោទប្រកាន់)ទៅលើអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹងឬ?
ចូរអ្នក(ឱអ្នកនាំសារ)ពោលថា៖ ពិតប្រាកដណាស់ ពួកដែលបានប្រឌិតកុហកទៅលើអល់ឡោះ ពួកគេនឹងមិនទទួលបានជោគជ័យឡើយ។
ភាពត្រេកត្រអាលក្នុងលោកិយ(គឺមួយរយៈពេលខ្លីប៉ុណ្ណោះ)។ ក្រោយមក កន្លែងវិលត្រឡប់របស់ពួកគេ គឺឆ្ពោះមកកាន់យើង(តែមួយគត់)។ បន្ទាប់មក យើងនឹងឱ្យពួកគេភ្លក់នូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រឆាំង។
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)និទានប្រាប់ពួកគេ(ពួកមុស្ហរីគីន)នូវរឿងរ៉ាវរបស់ព្យាការីនួហ នៅពេលគាត់បានពោលទៅកាន់ក្រុមរបស់គាត់ថា៖ ឱក្រុមរបស់ខ្ញុំ! ប្រសិនបើការរស់នៅរបស់ខ្ញុំ និងការដាស់រំឭករបស់ខ្ញុំពីភស្តុតាងនានារបស់អល់ឡោះមានភាពធ្ងន់ធ្ងរសម្រាប់ពួកអ្នកនោះ ជាការពិតណាស់ ចំពោះអល់ឡោះ(តែមួយគត់)ដែលខ្ញុំប្រគល់ការទុកចិត្ត។ ហេតុនេះ ចូរពួកអ្នករៀបចំកិច្ចការរបស់ពួកអ្នក និងហៅព្រះនានារបស់ពួកអ្នក(ឱ្យពួកគេមកជួយពួកអ្នក)ចុះ។ បន្ទាប់មក ចូរកុំឱ្យល្បិចកលរបស់ពួកអ្នកក្លាយជារឿងអាថ៌កំបាំងឱ្យសោះ(សូមធ្វើវាដោយបើកចំហ)។ ក្រោយមកទៀត ចូរពួកអ្នកធ្វើទារុណកម្មលើខ្ញុំមកចុះ និងមិនត្រូវពន្យារពេលដល់ខ្ញុំឡើយ។
ហើយប្រសិនបើពួកអ្នកងាកចេញ(ពីការអំពាវនាវរបស់ខ្ញុំ) ពួកអ្នកត្រូវដឹងថា ពិតប្រាកដណាស់ ខ្ញុំមិនបានសុំការតបស្នងពីពួកអ្នកឡើយ។ ផ្ទុយទៅវិញ ការតបស្នង(ផលបុណ្យ)របស់ខ្ញុំ គឺស្ថិតនៅលើអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ហើយគេបានបង្គាប់ប្រើខ្ញុំឱ្យក្លាយជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលប្រគល់ខ្លួន(ជាអ្នកមូស្លីម)។
ប៉ុន្តែពួកគេបានបដិសេធចំពោះគាត់។ ដូច្នេះ យើងក៏បានជួយសង្គ្រោះគាត់ និងអ្នកដែលនៅជាមួយគាត់នៅក្នុងសំពៅ ហើយយើងបានធ្វើឱ្យពួកគេ(អ្នកមានជំនឿលើព្យាការីនួហ)ជាអ្នកស្នងការគ្រប់គ្រង(លើផែនដីបន្ទាប់ពីពួកគេ)។ យើងបានពន្លិចពួកដែលបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង(ដោយទឹកជំនន់)។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះថា តើលទ្ធផលចុងក្រោយរបស់ពួកដែលត្រូវបានគេព្រមាននោះយ៉ាងដូចម្តេច?
ក្រោយមក យើងបានតែងតាំងអ្នកនាំសារជាច្រើនបន្ទាប់ពីគេ(ព្យាការីនួហ)ទៅកាន់ក្រុមរបស់ពួកគេដោយនាំមកឱ្យពួកគេនូវសញ្ញាភស្តុតាងយ៉ាងច្រើន។ ប៉ុន្តែពួកគេនៅតែមិនមានជំនឿចំពោះអ្វីដែលពួកគេ(អ្នកជំនាន់មុន)បានបដិសេធដដែល។ ក៏ដូច្នោះដែរ យើងបានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកដែលបំពាន។
ក្រោយមកទៀត យើងក៏បានតែងតាំងបន្ទាប់ពីអ្នកនាំសារទាំងនោះនូវព្យាការីមូសា និងព្យាការីហារូនទៅកាន់ហ្វៀរអោន និងបក្សពួករបស់គេជាមួយនឹងសញ្ញាភស្តុតាងជាច្រើនរបស់យើង។ ប៉ុន្តែពួកគេបែរជាក្រអឺតក្រទម(មិនព្រមមានជំនឿ) ហើយពួកគេគឺជាក្រុមដែលប្រព្រឹត្តល្មើស។
ហើយនៅពេលដែលសេចក្តីពិតអំពីយើងបានទៅដល់ពួកគេ ពួកគេបែរជានិយាយថា៖ ពិតប្រាកដណាស់ នេះគឺជាមន្តអាគមយ៉ាងច្បាស់លាស់។
ព្យាការីមូសាបាននិយាយថា៖ តើពួកអ្នកនិយាយមួលបង្កាច់ចំពោះសេចក្តីពិតនៅពេលដែលវាបានមកដល់ពួកអ្នកឬ? តើនេះឬជាមន្តអាគមនោះ ខណៈដែលគ្រូមន្តអាគមទាំងឡាយ គឺមិនទទួលបានជោគជ័យឡើយ។
ពួកគេបានតបថា៖ តើអ្នកមកកាន់ពួកយើងដើម្បីឱ្យពួកយើងបែរចេញពីអ្វី(សាសនា)ដែលពួកយើងបានឃើញជីដូនជីតារបស់ពួកយើងប្រកាន់យក និងដើម្បីឱ្យអ្នកទាំងពីរទទួលបានអំណាចគ្រប់គ្រងនៅលើផែនដីនេះឬ? ពួកយើងមិនទទួលស្គាល់អ្នកទាំងពីរ(ថាជាអ្នកនាំសារពីព្រះជាម្ចាស់)ឡើយ។
ហើយហ្វៀរអោនបាននិយាយថា៖ ចូរពួកអ្នកនាំគ្រូមន្តអាគមដែលខ្លាំងពូកែទាំងអស់មកកាន់យើង។
ហើយនៅពេលដែលគ្រូមន្តអាគមទាំងអស់បានមកដល់ ព្យាការីមូសាបាននិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នក(ឱពួកគ្រូមន្តអាគមទាំងឡាយ)បោះនូវអ្វីដែលពួកអ្នកចង់បោះនោះចុះ។
ហើយនៅពេលពួកគេបានបោះ(នូវមន្តអាគមរបស់ពួកគេ) ព្យាការីមូសាក៏បាននិយាយថា៖ អ្វីដែលពួកអ្នកបាននាំមកនោះ វាគ្រាន់តែជាមន្តអាគមប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះនឹងធ្វើឱ្យវាក្លាយជាអសារបង់(គ្មានប្រសិទ្ធភាព)ឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនសម្រួលដល់កិច្ចការរបស់ពួកដែលបង្កវិនាសកម្មឡើយ។
ហើយអល់ឡោះនឹងបញ្ជាក់ឲ្យឃើញនូវការពិតតាមរយៈពាក្យបន្ទូលរបស់ទ្រង់ បើទោះបីជាពួកដែលប្រព្រឹត្តល្មើសទាំងឡាយមិនពេញចិត្តក៏ដោយ។
ហើយគ្មាននរណាដែលមានជំនឿលើព្យាការីមូសាឡើយ លើកលែងតែយុវជនក្នុងចំណោមក្រុមរបស់គាត់(ដែលជាអម្បូរអ៊ីស្រាអែល)ប៉ុណ្ណោះ ខណៈដែលពួកគេបារម្ភខ្លាចហ្វៀរអោននិងក្រុមមន្ត្រីរបស់គេបង្ករភាពវឹកវរដល់ពួកគេ(បង្វែរពួកគេចេញពីការមានជំនឿតាមរយៈការធ្វើទារុណកម្ម)។ ពិតប្រាកដណាស់ ហ្វៀរអោន គឺជាអ្នកដែលក្អេងក្អាងបំផុតនៅលើផែនដី ហើយពិតប្រាកដណាស់ រូបគេគឺស្ថិតក្នុងចំណោមពួកដែលបំពាន។
ហើយព្យាការីមូសាបាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ប្រសិនបើពួកអ្នកមានជំនឿលើអល់ឡោះជាម្ចាស់នោះ ចូរពួកអ្នកប្រគល់ការទុកចិត្តទៅលើទ្រង់(តែមួយគត់) ប្រសិនបើពួកអ្នកជាអ្នកប្រគល់ខ្លួន(ជាជនមូស្លីម)មែននោះ។
ពេលនោះ ពួកគេបានតបថា៖ ពួកយើងបានប្រគល់ការទុកចិត្តទៅចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)ហើយ។ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាកុំឲ្យពួកយើងក្លាយជាការសាកល្បងសម្រាប់ក្រុមដែលបំពាន។
ហើយសូមព្រះអង្គមេត្តាសង្គ្រោះយើងខ្ញុំចេញពីក្រុមដែលគ្មានជំនឿដោយក្តីមេត្តាករុណារបស់ទ្រង់ផងចុះ។
ហើយយើង(អល់ឡោះ)បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីមូសានិងបងប្រុសរបស់គេ(ព្យាការីហារូន)ថា៖ ចូរអ្នកទាំងពីរតាំងទីលំនៅសម្រាប់ក្រុមរបស់អ្នកទាំងពីរនៅក្នុងប្រទេសអេហ្ស៊ីបនេះ។ ហើយចូរពួកអ្នកធ្វើលំនៅឋានរបស់ពួកអ្នកតម្រង់ទៅកាន់ទិសគិបឡាត់(ពៃទុលមឹកទីស) និងត្រូវប្រតិបត្តិសឡាត។ ហើយចូរអ្នក(ឱព្យាការីមូសា)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលមានជំនឿ។
ហើយព្យាការីមូសាបានពោលថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ ព្រះអង្គបានប្រទានដល់ហ្វៀរអោននិងក្រុមមន្ត្រីរបស់គេនូវគ្រឿងលម្អ និងទ្រព្យសម្បត្តិជាច្រើននៅក្នុងជីវិតលោកិយនេះ។ ប៉ុន្តែពួកគេបែរជាយករបស់ទាំងនោះធ្វើឱ្យពួកគេវង្វេងចេញពីមាគ៌ារបស់ទ្រង់ទៅវិញ។ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេចុះ ហើយសូមព្រះអង្គធ្វើឱ្យចិត្តរបស់ពួកគេមានភាពរឹងរូស(មិនទទួលយកការពិត) ដោយពួកគេនឹងមិនមានជំនឿនោះឡើយ រហូតដល់ពួកគេឃើញទណ្ឌកម្មដ៏ឈឺចាប់បំផុត។
ទ្រង់បានតបថា៖ ជាការពិតណាស់ យើងបានទទួលយកការបួងសួងរបស់អ្នកទាំងពីរហើយ។ ដូច្នេះ ចូរអ្នកទាំងពីរប្រកាន់ខ្ជាប់(នឹងសាសនារបស់អ្នកទាំងពីរ)ចុះ ហើយចូរអ្នកទាំងពីរកុំដើរតាមមាគ៌ារបស់ពួកដែលគ្មានចំណេះដឹង។
ហើយយើងបានចម្លងអម្បូរអ៊ីស្រាអែលឲ្យឆ្លងផុតសមុទ្រ។ ពេលនោះ ហ្វៀរអោននិងទាហានរបស់គេបានដេញតាមពីក្រោយពួកគេដោយការបំពាន និងភាពជាសត្រូវ។ លុះពេលដែលគេ(ហ្វៀរអោន)បានលិចលង់(ក្នុងទឹកសមុទ្រ) គេក៏ពោលថា៖ ខ្ញុំមានជំនឿហើយថា ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពដ៏ពិតប្រាកដក្រៅពីព្រះជាម្ចាស់ដែលអម្បូរអ៊ីស្រាអែលបានជឿទៅលើទ្រង់នោះឡើយ ហើយខ្ញុំស្ថិតក្នុងចំណោមអ្នកដែលប្រគល់ខ្លួន(ចំពោះទ្រង់)។
តើពេលនេះ(ទើបឯងមានជំនឿ)ឬ? ជាការពិតណាស់ ឯងធ្លាប់បានប្រឆាំងកាលពីមុន ហើយឯងធ្លាប់ស្ថិតក្នុងចំណោមពួកដែលបង្កវិនាសកម្ម។
ដូច្នេះ នៅក្នុងថ្ងៃនេះ យើងនឹងស្រង់សាកសពឯង(ចេញពីសមុទ្រ)ដើម្បីឲ្យឯងក្លាយជាសញ្ញាភស្តុតាងមួយសម្រាប់អ្នកជំនាន់ក្រោយ។ តែជាការពិតណាស់ ភាគច្រើននៃមនុស្សលោក គឺព្រងើយកន្តើយចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើង។
ហើយជាការពិតណាស់ យើងបានរៀបចំទីលំនៅដល់អម្បូរអ៊ីស្រាអែលនូវលំនៅដ្ឋានមួយដ៏ល្អប្រពៃ(នៅក្នុងទឹកដីស្ហាម) ហើយយើងបានប្រទានលាភសក្ការៈអំពីរបស់ល្អៗជាច្រើនដល់ពួកគេ។ ហើយពួកគេមិនបានខ្វែងគំនិតគ្នាឡើយ(ក្នុងកិច្ចការសាសនា) រហូតដល់ចំណេះដឹង(គម្ពីរគួរអាន)បានមកដល់ពួកគេ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងកាត់សេចក្ដីរវាងពួកគេនៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នាចំពោះវា។
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានការមន្ទិលសង្ស័យចំពោះអ្វី(គម្ពីរគួរអាន)ដែលយើងបានបញ្ចុះមកឱ្យអ្នកនោះ ចូរអ្នកសួរពួក(អះលីគីតាប)ដែលសូត្រគម្ពីរមុនអ្នក។ ជាការពិតណាស់ សេចក្តីពិតពីព្រះជាម្ចាស់របស់អ្នកបានមកដល់អ្នកហើយ។ ហេតុនេះ ចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែលមានការមន្ទិលសង្ស័យឱ្យសោះ។
ហើយចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែលបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះដែលជាហេតុធ្វើឱ្យអ្នកស្ថិតក្នុងចំណោមពួកដែលខាតបង់។
ពិតប្រាកដណាស់ ពួកដែលពាក្យបន្ទូលរបស់អល់ឡោះបានកំណត់លើពួកគេ(ថាពួកគេគ្មានជំនឿហើយនោះ) គឺពួកគេនឹងមិនមានជំនឿជាដាច់ខាត។
ហើយបើទោះបីជាសញ្ញាភស្តុតាងទាំងអស់បានមកដល់ពួកគេក៏ដោយ(ក៏ពួកគេគ្មានជំនឿនោះដែរ) រហូតទាល់តែពួកគេបានឃើញទណ្ឌកម្មដ៏ឈឺចាប់(ផ្ទាល់នឹងភ្នែក)។
ហើយគ្មានភូមិស្រុកណាមួយដែលមានជំនឿ ហើយជំនឿនោះផ្តល់ប្រយោជន៍ដល់ពួកគេ(នៅពេលដែលពួកគេឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែកហើយនោះ)នោះឡើយ លើកលែងតែក្រុមរបស់ព្យាការីយូនូសប៉ុណ្ណោះ។ នៅពេលពួកគេមានជំនឿហើយនោះ យើងក៏បានដកទណ្ឌកម្មដ៏អាម៉ាស់ក្នុងជីវិតលោកិយចេញពីពួកគេ ហើយបានផ្ដល់ភាពសុខសាន្តដល់ពួកគេរហូតដល់ពេលកំណត់។
ហើយប្រសិនបើព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានចេតនានោះ អ្នកដែលរស់នៅលើផែនដីទាំងអស់ពិតជាមានជំនឿជាមិនខាន។ ដូច្នេះ តើអ្នកអាចបង្ខំមនុស្សលោកឱ្យពួកគេក្លាយជាអ្នកដែលមានជំនឿឬ?
ហើយគ្មានបុគ្គលណាម្នាក់មានជំនឿឡើយ លើកលែងតែដោយការអនុញ្ញាតពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ហើយទ្រង់នឹងដាក់ទណ្ឌកម្មទៅលើពួកដែលមិនគិតពិចារណា។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកពិចារណាមើលចុះ ថាតើអ្វីខ្លះដែលមាននៅលើមេឃជាច្រើនជាន់ និងនៅលើផែនដីនោះ? ប៉ុន្តែសញ្ញាភស្តុតាង និងអ្នកដាស់តឿនព្រមាន(អ្នកនាំសារ)ទាំងឡាយ គឺពុំផ្តល់ជាប្រយោជន៍អ្វីដល់ក្រុមដែលគ្មានជំនឿឡើយ។
ដូច្នេះ តើពួកទាំងនោះមិនរង់ចាំអ្វីក្រៅពី(ក្ដីវិនាស)ដូចបណ្តាថ្ងៃ(វិនាស)របស់ពួកជំនាន់មុនពួកគេនោះឬ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ដូច្នេះ ចូរពួកអ្នករង់ចាំមើលចុះ។ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំមើលជាមួយពួកអ្នកដែរ។
ក្រោយមក យើងនឹងជួយសង្គ្រោះបណ្ដាអ្នកនាំសាររបស់យើង និងអ្នកទាំងឡាយដែលមានជំនឿ។ ក៏ដូច្នោះដែរ ជាក្តីសប្បុរសអំពីយើង គឺយើងជួយសង្គ្រោះបណ្ដាអ្នកដែលមានជំនឿ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱមនុស្សលោកទាំងឡាយ! ប្រសិនបើពួកអ្នកមានភាពមន្ទិលសង្ស័យចំពោះសាសនារបស់ខ្ញុំនោះ ជាការពិតណាស់ ខ្ញុំមិនគោរពសក្ការៈចំពោះអ្នកណាដែលពួកអ្នកគោរពសក្ការៈចំពោះពួកវា(ព្រះនានា)ក្រៅពីអល់ឡោះនោះឡើយ។ ក៏ប៉ុន្តែ ខ្ញុំគោរពសក្ការៈចំពោះអល់ឡោះ(តែមួយគត់)ដែលជាអ្នកដកយកជីវិតរបស់ពួកអ្នក។ ហើយគេ(អល់ឡោះ)បានប្រើខ្ញុំឲ្យស្ថិតក្នុងចំណោមអ្នកដែលមានជំនឿ។
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រកាន់ឲ្យខ្ជាប់នូវសាសនាដ៏ត្រឹមត្រូវ(សាសនាឥស្លាម)។ ហើយអ្នកមិនត្រូវក្លាយជាអ្នកដែលស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកឡើយ។
ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនត្រូវបួងសួងសុំពីអ្នកផ្សេងក្រៅពីអល់ឡោះដែលពួកវាមិនអាចផ្ដល់ផលប្រយោជន៍ ហើយក៏មិនអាចបង្កគ្រោះថ្នាក់ដល់អ្នកនោះឡើយ។ តែប្រសិនបើអ្នកធ្វើដូច្នោះ ពិតប្រាកដណាស់ អ្នកពិតជាស្ថិតក្នុងចំណោមពួកដែលបំពានជាមិនខាន។
ហើយប្រសិនបើអល់ឡោះឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទទួលរងនូវគ្រោះណាមួយនោះ គឺគ្មានអ្នកដែលអាចដកយកគ្រោះនោះចេញ(ពីអ្នក)ក្រៅពីទ្រង់នោះឡើយ។ ហើយប្រសិនបើទ្រង់មានចេតនាផ្ដល់ឱ្យអ្នកនូវប្រការល្អវិញនោះ ក៏គ្មាននរណាដែលអាចរារាំងនូវការប្រោសប្រទានរបស់ទ្រង់បាននោះដែរ។ ទ្រង់ផ្តល់វាទៅឱ្យជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ហើយទ្រង់មហាអភ័យទោស មហាអាណិតស្រលាញ់។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱមនុស្សលោកទាំងឡាយ! ជាការពិតណាស់ សេចក្តីពិត(គម្ពីរគួរអាន)ពីព្រះជាម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកហើយ។ ដូច្នេះ ជនណាដែលទទួលបានការចង្អុលបង្ហាញ តាមពិត(ផលនៃ)ការចង្អុលបង្ហាញនោះ គឺសម្រាប់ខ្លួនគេផ្ទាល់។ ហើយប្រសិនបើជនណាបានវង្វេងវិញនោះ តាមពិត(គ្រោះថ្នាក់នៃ)ភាពវង្វេងនោះ គឺនឹងធ្លាក់ទៅលើខ្លួនគេវិញ(ដូចគ្នា)។ ហើយខ្ញុំមិនមែនជាអ្នកទទួលខុសត្រូវចំពោះពួកអ្នកនោះឡើយ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដើរតាមអ្វីដែលគេបានផ្ដល់វ៉ាហ៊ីមកកាន់អ្នក ហើយចូរអ្នកអត់ធ្មត់ចុះ រហូតដល់អល់ឡោះទ្រង់កាត់សេចក្ដី។ ហើយទ្រង់ជាអ្នកកាត់សេចក្តីដ៏ប្រសើរបំផុត