عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

The Thunder [Ar-Rad] - Khmer translation - Rowwad Translation Center

Surah The Thunder [Ar-Rad] Ayah 43 Location Maccah Number 13

អាលីហ្វ ឡាម មីម រ៉ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ ទាំងនេះគឺជាបណ្តាវាក្យខណ្ឌនៃគម្ពីរ(គួរអាន) ហើយនិងអ្វី(គម្ពីរគួរអាន)ដែលគេបញ្ចុះមកពីព្រះជាម្ចាស់របស់អ្នក គឺជាការពិត។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនមានជំនឿឡើយ។

អល់ឡោះជាអ្នកដែលបានលើកមេឃជាច្រើនជាន់ឲ្យខ្ពស់ឡើងដោយគ្មានសសរ ដូចដែលពួកអ្នកបានឃើញ(ផ្ទាល់នឹងភ្នែកស្រាប់)។ ក្រោយមក ទ្រង់គង់នៅលើអារ៉ស្ហ។ ហើយទ្រង់បានបង្កើតព្រះអាទិត្យនិងព្រះចន្ទ។ ពួកវាទាំងអស់សុទ្ធតែធ្វើដំណើរ(តាមគន្លងរបស់វា)រហូតដល់ពេលកំណត់។ ទ្រង់ចាត់ចែងកិច្ចការ និងបកស្រាយបញ្ជាក់នូវសញ្ញាភស្តុតាងទាំងឡាយ សង្ឃឹមថាពួកអ្នកមានការជឿជាក់ចំពោះការជួបនឹងព្រះជាម្ចាស់របស់ពួកអ្នក(នាថ្ងៃបរលោក)។

ទ្រង់ជាអ្នកលាតសន្ធឹងផែនដី ហើយទ្រង់បានបង្កើតឲ្យមានភ្នំ និងទន្លេជាច្រើននៅលើវា។ ហើយរាល់ប្រភេទនៃផលានុផលទាំងឡាយនៅលើផែនដី ទ្រង់បានបង្កើតវាឱ្យមានជាគូៗ(មានញីមានឈ្មោល)។ ទ្រង់បានធ្វើឱ្យពេលយប់គ្របដណ្តប់លើពេលថ្ងៃ។ ជាការពិតណាស់ ទាំងនោះគឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលគិតពិចារណា។

ហើយនៅលើផែនដី គឺមានតំបន់ជាច្រើនដែលនៅជាប់ៗគ្នា និងមានចម្ការជាច្រើន​ ដូចជា ទំពាំងបាយជូរ មានដំណាំ ហើយនិងដើមល្ម៉ើដែលបែកគុម្ភ និងដើមល្ម៉ើដែលមិនបែកគុម្ភ ដែល(ដំណាំទាំងនោះ)គេស្រោចស្រពដោយទឹកតែមួយ តែយើងធ្វើឲ្យវាមានភាពល្អប្រសើរផ្សេងៗគ្នាក្នុងការទទួលទាន។ ពិតប្រាកដណាស់ នៅក្នុងរឿងទាំងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលចេះគិតពិចារណា។

ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានការងឿងឆ្ងល់(ពីរឿងអ្វីមួយ) ពិតប្រាកដណាស់ អ្វីដែលអ្នកគួរឆ្ងល់នោះ គឺសម្តីរបស់ពួកគេដែលនិយាយថា៖ តើនៅពេលដែលពួកយើង(បានស្លាប់)ក្លាយទៅជាដីហើយនោះ តើពួកយើងត្រូវបានគេបង្កើត(ឲ្យរស់ឡើងវិញ)សាជាថ្មីយ៉ាងដូចម្តេច? ពួកទាំងនោះហើយ គឺជាពួកដែលប្រឆាំងនឹងព្រះជាម្ចាស់របស់ពួកគេ។ ហើយពួកទាំងនោះនឹងត្រូវគេដាក់ច្រវាក់(អំពីភ្លើងនរក)នៅលើករបស់ពួកគេ។ ពួកទាំងនោះ គឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

ហើយពួកគេសុំឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់នូវប្រការអាក្រក់(ទណ្ឌកម្ម) មុននឹងប្រការល្អ(ជំនឿ)។ ពិតប្រាកដណាស់ ទណ្ឌកម្មបែបនេះបានកើតឡើងរួចមកហើយចំពោះអ្នកជំនាន់មុនពួកគេ។ ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ពោរពេញដោយការអភ័យទោសដល់មនុស្សលោកចំពោះការបំពានរបស់ពួកគេ។ ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកទ្រង់ជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។

ហើយពួកគ្មានជំនឿបាននិយាយ(ដោយភាពរឹងរូស)ថា៖ ហេតុអ្វីបានជាគេមិនបញ្ចុះនូវសញ្ញាភស្តុតាង(អច្ឆរិយភាព)ណាមួយពីព្រះជាម្ចាស់របស់គេដល់រូបគេ(ព្យាការីមូហាំម៉ាត់)? តាមពិតអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គ្រាន់តែជាអ្នកដាស់តឿនព្រមានប៉ុណ្ណោះ។ ហើយរាល់ក្រុមនីមួយៗ គឺតែងតែមានអ្នកដែលចង្អុលបង្ហាញ(ព្យាការី)។

អល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅក្នុងផ្ទៃពោះរបស់ស្ត្រីគ្រប់រូប ហើយទ្រង់ដឹងនូវអ្វីដែលកើតមាននៅក្នុងស្បូនស្ត្រីនៃការមិនគ្រប់ខែ ឬលើសខែ។ ហើយរាល់អ្វីៗទាំងអស់ គឺត្រូវបានកំណត់យ៉ាងជាក់លាក់នៅឯទ្រង់។

ទ្រង់ជាអ្នកដឹងនូវប្រការអាថ៌កំបាំង និងអ្វីដែលលាតត្រដាង ជាម្ចាស់ដ៏មហាធំធេង មហាខ្ពង់ខ្ពស់បំផុត។

ក្នុងចំណោមពួកអ្នក មិនថាអ្នកដែលនិយាយលាក់លៀម ឬនិយាយដោយបើកចំហ មិនថាអ្នកដែលបិទបាំង(ទង្វើរបស់ខ្លួន)នៅពេលយប់ និងអ្នកដែលបង្ហាញ(នូវទង្វើរបស់ខ្លួន)នៅក្នុងពេលថ្ងៃ(ក៏ទ្រង់ដឹង)ដូចតែគ្នាដែរ។

សម្រាប់ទ្រង់ គឺមានម៉ាឡាអ៊ីកាត់ជាច្រើនដែលនៅផ្លាស់ប្តូរគ្នាឃ្លាំមើលមនុស្សលោកពីខាងមុខ និងពីខាងក្រោយដោយពួកគេថែរក្សាមនុស្សលោកទៅតាមបទបញ្ជារបស់អល់ឡោះ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មិនផ្លាស់ប្តូរអ្វីមួយចំពោះក្រុមណាមួយឡើយ លើកលែងតែពួកគេផ្លាស់ប្តូរវាដោយខ្លួនឯងប៉ុណ្ណោះ។ ហើយនៅពេលដែលអល់ឡោះទ្រង់មានបំណងចង់ឲ្យក្រុមណាមួយទទួលនូវប្រការអាក្រក់ គឺគ្មានអ្នកដែលអាចរុញច្រានវាចេញឡើយ។ ហើយសម្រាប់ពួកគេ(មនុស្សលោកទាំងឡាយ)គឺគ្មាននរណាក្រៅពីអល់ឡោះជាអ្នកគាំពារនោះឡើយ។

ហើយទ្រង់គឺជាអ្នកដែលធ្វើឱ្យពួកអ្នក(ឱមនុស្សលោក)ឃើញផ្លេកបន្ទោរ ដោយធ្វើឱ្យពួកអ្នកមានទាំងភាពភ័យខ្លាច និងក្តីសង្ឃឹម(ពីការមានភ្លៀងធ្លាក់)។ ហើយទ្រង់បានបង្កើតពពកយ៉ាងក្រាស់(ពេញទៅដោយទឹកភ្លៀង)។

ហើយផ្គរលាន់បានលើកតម្កើង និងថ្លែងសរសើរចំពោះទ្រង់ ហើយបណ្តាម៉ាឡាអ៊ីកាត់ទាំងឡាយក៏បានលើកតម្កើងទ្រង់ដោយការកោតខ្លាចចំពោះទ្រង់ផងដែរ។ ហើយទ្រង់បានបញ្ជូនរន្ទះជាច្រើន ដោយទ្រង់ធ្វើឲ្យទទួលរងគ្រោះដោយសារវាចំពោះជនណាដែលទ្រង់មានចេតនា។ ហើយពួកគេ(ពួកគ្មានជំនឿ)បានប្រកែកគ្នាក្នុងរឿងអល់ឡោះ ខណៈដែលទ្រង់គឺជាអ្នកដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុត

ការបួងសួងដ៏ពិតប្រាកដ គឺសម្រាប់ទ្រង់(តែមួយគត់)។ ហើយពួក(រូបបដិមាទាំងឡាយ)ដែលគេបួងសួងសុំក្រៅពីទ្រង់នោះ ពួកវាមិនអាចឆ្លើយតបអ្វីមួយចំពោះពួកគេឡើយ ប្រៀបដូចជាមនុស្សម្នាក់ដែលលាបាតដៃទាំងពីររបស់គេទៅរកទឹកដើម្បីឲ្យទឹកធ្លាក់ចូលមាត់របស់គេ តែទឹកនោះ គឺមិនអាចមកដល់មាត់របស់គេបានឡើយ។ ហើយការបួងសួងរបស់ពួកគ្មានជំនឿ គឺគ្មានអ្វីក្រៅពីស្ថិតនៅក្នុងភាពវង្វេងប៉ុណ្ណោះ។

ហើយអ្នកដែលនៅលើមេឃជាច្រើនជាន់និងនៅលើផែនដីបានលំឱនកាយស៊ូជោតចំពោះអល់ឡោះទាំងស្ម័គ្រចិត្ត និងមិនស្ម័គ្រចិត្ដ។ ហើយស្រមោលរបស់ពួកគេ(ក៏បានឱនលំទោនចំពោះទ្រង់)ទាំងនៅពេលព្រឹក និងពេលល្ងាចផងដែរ។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើអ្នកណាជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី? ចូរអ្នកឆ្លើយថា៖ គឺអល់ឡោះ។ ហើយចូរអ្នកពោលទៀតថា៖ ដូច្នេះ តើពួកអ្នកយកអ្នកផ្សេងក្រៅពីទ្រង់ធ្វើជាអ្នកគាំពារទាំងដែលពួកវា(អសមត្ថភាព)សូម្បីតែផ្តល់ជាប្រយោជន៍ដល់ខ្លួនឯង ឬការពារគ្រោះថ្នាក់ពីខ្លួនឯងបានផងនោះឬ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៀតថា៖ តើស្មើគ្នាដែរឬទេរវាងមនុស្សខ្វាក់(គ្មានជំនឿ) និងអ្នកដែលមើលឃើញ(មានជំនឿ)? ឬក៏ តើស្មើគ្នាដែរឬទេរវាងភាពងងឹត និងពន្លឺ? ឬមួយពួកគេបានយកព្រះនានាមកធ្វើជាដៃគូរួមជាមួយអល់ឡោះ ហើយថាពួកវាបានបង្កើតអ្វីៗដូចការបង្កើតរបស់ទ្រង់ដែរ ដោយពួកគេមានការភ័ន្តច្រឡំរវាងអ្វីដែលអល់ឡោះបង្កើត និងអ្វីដែលពួកវាបានបង្កើត? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ អល់ឡោះ(តែមួយគត់)ជាអ្នកបង្កើតរាល់អ្វីៗទាំងអស់។ ហើយទ្រង់ជាព្រះជាម្ចាស់តែមួយគត់ ជាអ្នកមានអំណាចបំផុត។

ទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយវាក៏បានហូរទៅតាមជ្រលងដងអូរអាស្រ័យទៅតាមទំហំរបស់វា ហើយវាបាននាំមកជាមួយនូវពពុះដុំៗ(លើផ្ទៃទឹក)។ ហើយសារធាតុដែលគេដុតរំលាយក្នុងភ្លើងដើម្បីចម្រាញ់ជាគ្រឿងអលង្ការ ឬសម្ភារៈប្រើប្រាស់ផ្សេងៗ ក៏មានពពុះដូចគ្នាដែរ។ ក៏ដូចគ្នាដែរ អល់ឡោះទ្រង់លើកឧទាហរណ៍(ប្រៀបធៀប)រវាងប្រការពិត និងប្រការមិនពិត។ ចំពោះពពុះ វានឹងរលាយបាត់បង់ទៅ(គ្មានផលប្រយោជន៍)។ ចំណែកឯអ្វីដែលផ្តល់ប្រយោជន៍ដល់មនុស្សវិញ វានឹងនៅឋិតឋេរលើផែនដី។ ក៏ដូចគ្នាដែរ អល់ឡោះទ្រង់បានលើកនូវឧទាហរណ៍ជាច្រើនទៀត។

សម្រាប់បណ្តាអ្នកដែលបានឆ្លើយតបចំពោះព្រះជាម្ចាស់របស់ពួកគេ គឺនឹងទទួលបាននូវប្រការល្អ(ឋានសួគ៌)។ ចំណែកឯពួកដែលមិនឆ្លើយតបចំពោះទ្រង់វិញ ប្រសិនបើពួកគេមានអ្វីៗទាំងអស់នៅលើផែនដី ថែមទាំងមានដូចនេះពីលើទៀត ពួកគេប្រាកដជានឹងយកវាទៅលោះខ្លួនពួកគេ(ពីទណ្ឌកម្ម)ជាមិនខាន។ ពួកទាំងនោះនឹងទទួលបាននូវការកាត់សេចក្តីដ៏អាក្រក់បំផុត។ ហើយកន្លែងស្នាក់នៅរបស់ពួកគេ គឺឋាននរកជើហាន់ណាំ។ ហើយវាជាកន្លែងស្នាក់នៅដ៏អាក្រក់បំផុត។

ដូចនេះ តើអ្នកដែលដឹងថា តាមពិតអ្វីដែលគេបានបញ្ចុះមកកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពីព្រះជាម្ចាស់របស់អ្នក គឺជាការពិតនោះ ដូចទៅនឹងអ្នកដែលពិការភ្នែក(មិនដឹងការពិត)ដែរឬទេ? តាមពិត គឺមានតែបញ្ញាជនប៉ុណ្ណោះដែលយកជាមេរៀន។

គឺបណ្តាអ្នកដែលអនុវត្តយ៉ាងពេញលេញនូវកិច្ចសន្យារបស់អល់ឡោះ ហើយពួកគេមិនក្បត់កិច្ចសន្យានោះឡើយ។

និងបណ្តាអ្នកដែលផ្សារភ្ជាប់នូវអ្វី(ចំណងសាច់សាលោហិត)ដែលអល់ឡោះប្រើឱ្យផ្សារភ្ជាប់ ហើយពួកគេខ្លាចព្រះជាម្ចាស់របស់ពួកគេ ព្រមទាំងភ័យខ្លាចចំពោះការជំនុំជម្រះដ៏អាក្រក់។

ហើយនិងបណ្តាអ្នកដែលអត់ធ្មត់ដោយស្វែងរកការពេញចិត្តពីព្រះជាម្ចាស់របស់ពួកគេ ហើយពួកគេប្រតិបត្តិសឡាត និងបរិច្ចាគនូវអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេទាំងលាក់បាំង និងបើកចំហ ព្រមទាំងតបតចំពោះអំពើអាក្រក់(ដែលគេធ្វើមកលើខ្លួនគេ)ដោយអំពើល្អ។ បណ្តាអ្នកទាំងនោះ សម្រាប់ពួកគេនឹងទទួលបាននូវលទ្ធផលដ៏គួរឱ្យកោតសរសើរ។

គឺឋានសួគ៌អាត់និនដែលពួកគេនឹងចូលក្នុងវា ព្រមទាំងអ្នកដែលធ្វើអំពើល្អក្នុងចំណោមឪពុកម្តាយរបស់ពួកគេ ភរិយារបស់ពួកគេ និងកូនចៅរបស់ពួកគេ។ ហើយម៉ាឡាអ៊ីកាត់បានចូលទៅកាន់ពួកគេពីគ្រប់ទ្វារទាំងអស់។

(ម៉ាឡាអ៊ីកាត់ស្វាគមន៍ពួកគេដោយពោលថា៖) សូមសន្តិភាពកើតមានដល់ពួកអ្នកដោយសារតែអ្វីដែលពួកអ្នកបានអត់ធ្មត់។ ដូច្នេះ លំនៅដ្ឋានចុងក្រោយ(របស់ពួកអ្នក) គឺល្អបំផុត។

ហើយចំពោះពួកដែលបានក្បត់កិច្ចសន្យារបស់អល់ឡោះក្រោយពីទ្រង់បានដាក់កិច្ចសន្យា ហើយពួកគេកាត់ផ្តាច់នូវអ្វី(ចំណងសាច់សាលោហិត)ដែលអល់ឡោះបានប្រើឱ្យផ្សារភ្ជាប់ ព្រមទាំងបង្កវិនាសកម្មនៅលើផែនដី ពួកទាំងនោះសម្រាប់ពួកគេនឹងទទួលនូវការដាក់បណ្តាសា និងទទួលនូវលទ្ធផលចុងក្រោយដ៏អាក្រក់បំផុត(ឋាននរក)។

អល់ឡោះជាម្ចាស់ទ្រង់បើកទូលាយនូវលាភសក្ការៈចំពោះជនណាដែលទ្រង់មានចេតនា និងរឹតត្បិត(ចំពោះជនណាដែលទ្រង់មានចេតនា)។ ហើយពួកគេ(ពួកប្រឆាំង)សប្បាយរីករាយនឹងជីវិតលោកិយ។ ហើយជីវិតលោកិយបើប្រៀបនឹងថ្ងៃបរលោកនោះ គឺគ្មានអ្វីក្រៅពីការត្រេកត្រអាល(មួយរយៈពេលខ្លី)ប៉ុណ្ណោះ។

ហើយពួកប្រឆាំងបាននិយាយថា៖ ហេតុអ្វីបានជាគេមិនបញ្ចុះទៅឲ្យគាត់(ព្យាការីមូហាំម៉ាត់)នូវសញ្ញាភស្តុតាងមួយពីព្រះជាម្ចាស់របស់គាត់? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបថា៖ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនា ហើយទ្រង់ចង្អុលបង្ហាញទៅកាន់ទ្រង់ចំពោះជនណាដែលវិលត្រឡប់(សារភាពកំហុស)ទៅកាន់ទ្រង់។

គឺបណ្តាអ្នកដែលមានជំនឿ ហើយចិត្តរបស់ពួកគេមានភាពនឹងនរដោយការនឹករឭកចំពោះអល់ឡោះ។ តើមិនមែនទេឬ ការរំឭកចំពោះអល់ឡោះ គឺធ្វើឱ្យដួងចិត្តនឹងនរនោះ?

បណ្តាអ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសលនោះ ពួកគេនឹងទទួលបាននូវការរស់នៅដ៏ល្អប្រសើរ(នាថ្ងៃបរលោក) និងទទួលនូវលទ្ធផលចុងក្រោយដ៏ប្រពៃបំផុត(ឋានសួគ៌)។

ក៏ដូច្នោះដែរ យើងបានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទៅកាន់ប្រជាជាតិមួយ ដោយមានប្រជាជាតិជាច្រើនបានកន្លងផុតទៅមុនពួកគេដើម្បីឱ្យអ្នកសូត្រឱ្យពួកគេស្តាប់នូវអ្វី(គម្ពីរគួរអាន)ដែលយើងបានផ្តល់ជាវ៉ាហ៊ីទៅកាន់អ្នក ខណៈដែលពួកគេប្រឆាំងនឹងព្រះជាម្ចាស់ដ៏មហាសប្បុរស។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ទ្រង់គឺជាព្រះជាម្ចាស់របស់ខ្ញុំដែលគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ខ្ញុំប្រគល់ការទុកចិត្តចំពោះទ្រង់(តែមួយគត់) ហើយទៅកាន់ទ្រង់ផងដែរ ការសារភាពកំហុសរបស់ខ្ញុំ។

ហើយប្រសិនបើគម្ពីរគួរអានអាចធ្វើឱ្យភ្នំទាំងឡាយរំកិល(ចេញពីកន្លែងរបស់វា) ឬធ្វើឱ្យផែនដីបែកខ្ញែក ឬធ្វើឱ្យមនុស្សស្លាប់អាចនិយាយបាន(នោះវានឹងក្លាយជាភស្តុតាងមួយដ៏ច្បាស់លាស់ដូចអ្វីដែលពួកគេទាមទារមិនខាន)។ ផ្ទុយទៅវិញ កិច្ចការទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ដូច្នេះ តើបណ្តាអ្នកដែលមានជំនឿមិនដឹងទេឬថា ប្រសិនបើអល់ឡោះទ្រង់មានចេតនា នោះទ្រង់នឹងចង្អុលបង្ហាញមនុស្សលោកទាំងអស់ជាមិនខាន។ ហើយចំពោះពួកដែលប្រឆាំង ពួកគេនៅតែបន្តទទួលរងនូវគ្រោះមហន្តរាយដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្ត ឬក៏មហន្តរាយនោះនឹងកើតឡើងនៅជិតលំនៅឋានរបស់ពួកគេ រហូតទាល់តែកិច្ចសន្យារបស់អល់ឡោះបានមកដល់។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនក្បត់សន្យាឡើយ។

ជាការពិតណាស់ បណ្តាអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក៏ត្រូវបានគេសើចចំអកចំពោះពួកគាត់ដូចគ្នាដែរ។ ហើយយើងបានពន្យារពេល(ដាក់ទណ្ឌកម្ម)ដល់ពួកប្រឆាំង។ បន្ទាប់មក យើងក៏បានដាក់ទណ្ឌកម្មពួកគេ។ ដូច្នេះ តើទណ្ឌកម្ម(របស់យើងទៅលើពួកគេនោះ)យ៉ាងដូចម្តេចដែរ?

ដូច្នេះ តើអ្នកដែលគ្រប់គ្រងលើរាល់បុគ្គលគ្រប់រូបនូវទង្វើដែលពួកគេប្រព្រឹត្ត(សក្តិសមត្រូវបានគោរពសក្ការៈជាង ឬក៏រូបសំណាក់ដែលអសមត្ថភាពទាំងនោះសក្តិសមជាង)? ហើយពួកគេ(ពួកប្រឆាំង)បានយកព្រះនានាមកធ្វើជាដៃគូជាមួយនឹងអល់ឡោះជាម្ចាស់។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នករៀបរាប់ឈ្មោះពួកវាមក។ ឬមួយពួកអ្នកប្រាប់ដល់ទ្រង់នូវអ្វីដែលទ្រង់មិនបានដឹង នៅលើផែនដីនេះ ឬមួយក៏អ្វីដែលពួកអ្នកប្រាប់ទ្រង់គ្រាន់តែជាសម្តីដែលគ្មានការពិតឬ? ផ្ទុយទៅវិញ គេ(ស្ហៃតន)បានតុបតែងលម្អសម្រាប់ពួកប្រឆាំងនូវឧបាយកលរបស់ពួកគេ ហើយបានរារាំងពួកគេពីមាគ៌ាត្រឹមត្រូវ។ ហើយជនណាដែលអល់ឡោះធ្វើឲ្យវង្វេងហើយនោះ គឺរូបគេគ្មានអ្នកចង្អុលបង្ហាញឡើយ។

ពួកគេនឹងទទួលនូវទណ្ឌកម្មនៅក្នុងលោកិយនេះ។ ហើយទណ្ឌកម្មនៅថ្ងៃបរលោក គឺធ្ងន់ធ្ងរជាងនេះទៅទៀត។ ហើយពួកគេគ្មានអ្នកការពារពី(ទណ្ឌកម្ម)អល់ឡោះឡើយ។

លក្ខណៈនៃឋានសួគ៌ដែលគេ(អល់ឡោះ)បានសន្យាចំពោះបណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)នោះ គឺមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ ផលានុផលរបស់វា និងម្លប់របស់វា គឺមានជានិរន្តន៍។ នោះហើយជាលទ្ធផលចុងក្រោយរបស់បណ្តាអ្នកដែលកោតខ្លាច។ រីឯលទ្ធផលចុងក្រោយរបស់ពួកប្រឆាំងវិញ គឺឋាននរក។

ហើយបណ្តាអ្នកដែលយើងបានប្រទានឱ្យពួកគេនូវគម្ពីរ(ពួកយូដា និងពួកគ្រឹស្ទាន) ពួកគេមានភាពរីករាយចំពោះអ្វីដែលគេបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ ហើយក្នុងចំណោមក្រុមជាច្រើន(នៃពួកគេ) ក៏មានអ្នកដែលបដិសេធនូវប្រការមួយចំនួនអំពីវាផងដែរ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត គេបានប្រើខ្ញុំឱ្យគោរពសក្ការៈចំពោះអល់ឡោះ(តែមួយគត់) ហើយមិនឱ្យខ្ញុំយកអ្នកផ្សេងមកធ្វើជាដៃគូរួមនឹងទ្រង់ឡើយ។ ខ្ញុំបួងសួងទៅកាន់ទ្រង់(តែមួយគត់) ហើយកន្លែងវិលត្រឡប់របស់ខ្ញុំ ក៏ទៅកាន់ទ្រង់(តែមួយគត់)ដែរ។

ក៏ដូច្នោះដែរ យើងបានបញ្ចុះវា(គម្ពីរគួរអាន)ជាក្បួនច្បាប់ និងជាភាសាអារ៉ាប់។ តែប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដើរតាមទំនើងចិត្តរបស់ពួកគេ(ពួកអះលីគីតាប) ក្រោយពីចំណេះដឹងបានមកដល់អ្នកហើយនោះ សម្រាប់រូបអ្នក គឺគ្មានអ្នកគាំពារ(ជួយឲ្យយកឈ្នះលើសត្រូវ) និងអ្នកការពារពី(ទណ្ឌកម្ម)អល់ឡោះឡើយ។

ហើយជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ ហើយយើងបានរៀបចំឱ្យពួកគេមានភរិយា និងកូនចៅ។ ហើយគ្មានអ្នកនាំសារណាម្នាក់អាចនាំមកនូវសញ្ញាភស្តុតាងណាមួយនោះឡើយ លើកលែងតែដោយការអនុញ្ញាតពីអល់ឡោះប៉ុណ្ណោះ។ រាល់កិច្ចការទាំងអស់ គឺត្រូវបានកំណត់រួចជាស្រេចនៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ្វ៊ូស)។

អល់ឡោះទ្រង់លុបបំបាត់នូវអ្វីដែលទ្រង់មានចេតនា ហើយទ្រង់រក្សាទុក(នូវអ្វីដែលទ្រង់មានចេតនា)។ ហើយសៀវភៅកំណត់ត្រាគោល(ឡាវហ៊ុលម៉ះហ៊្វូស) គឺនៅនឹងទ្រង់។

បើទោះបីជាយើងបង្ហាញឱ្យអ្នក(ឱព្យាការីមូហាំម៉ាត់)បានឃើញនូវទណ្ឌកម្មមួយចំនួនដែលយើងបានសន្យានឹងពួកគេ ឬក៏យើងឱ្យអ្នកស្លាប់(មុនបានឃើញវា)ក៏ដោយ ក៏តួនាទីរបស់អ្នក គ្រាន់តែផ្សព្វផ្សាយ(សារ)ប៉ុណ្ណោះ។ ចំណែកឯការកាត់សេចក្តី គឺជាតួនាទីរបស់យើង។

តើពួកគេ(ពួកប្រឆាំង)មិនឃើញទេឬថា ជាការពិតណាស់ យើងបានរំដោះយកទឹកដីរបស់ពួកគេដោយយើងបានកាត់បន្ថយវាបន្តិចម្តងៗនៅគ្រប់ទិសទីទាំងអស់។ ហើយអល់ឡោះទ្រង់ជាអ្នកកាត់សេចក្តី ដោយគ្មានអ្នកណាម្នាក់ដែលអាចពិនិត្យវិនិច្ឆ័យលើការកាត់សេចក្ដីរបស់ទ្រង់ឡើយ។ ហើយទ្រង់ជាអ្នកដែលជំនុំជម្រះយ៉ាងឆាប់រហ័សបំផុត។

ហើយជាការពិតណាស់ ពួកជំនាន់មុនពួកគេក៏បានប្រើឧបាយកល(ប្រឆាំងនឹងបណ្តាព្យាការីរបស់ពួកគេ)ដែរ។ ក៏ប៉ុន្តែ គម្រោងការទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់ដឹងទាំងអស់នូវអ្វីដែលបុគ្គលគ្រប់រូបបានប្រព្រឹត្ត។ ហើយពួកប្រឆាំងនឹងដឹងថា តើលទ្ធផលចុងក្រោយដ៏ប្រសើរបំផុតនោះ គឺសម្រាប់អ្នកណា?

ហើយពួកប្រឆាំងបាននិយាយថា៖ រូបអ្នក(ព្យាការីមូហាំម៉ាត់)មិនមែនជាអ្នកនាំសារឡើយ។ ចូរអ្នកតបថា៖ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាសាក្សីរវាងខ្ញុំនិងពួកអ្នក ហើយ(ក៏គ្រប់គ្រាន់ដែរ)ដែលមានអ្នកដែលមានចំណេះដឹងខាងគម្ពីរ(ធ្វើជាសាក្សី)នោះ។