عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

Abraham [Ibrahim] - Khmer translation - Rowwad Translation Center

Surah Abraham [Ibrahim] Ayah 52 Location Maccah Number 14

អាលីហ្វ ឡាម រ៉ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ គម្ពីរ(គួរអាន)ដែលយើងបានបញ្ចុះវាទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺដើម្បីឱ្យអ្នកនាំមនុស្សលោកចេញពីភាពងងឹត(គ្មានជំនឿ)ទៅកាន់ពន្លឺ(ការមានជំនឿ)តាមការអនុញ្ញាតពីព្រះជាម្ចាស់របស់ពួកគេទៅកាន់មាគ៌ារបស់អ្នកដ៏មហាខ្លាំងពូកែ ជាអ្នកដែលគេកោតសរសើរ។

អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងអ្វីៗដែលមាននៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយភាពអន្តរាយនៃទណ្ឌកម្មដ៏ធ្ងន់ធ្ងរ គឺសម្រាប់ពួកដែលគ្មានជំនឿ។

គឺពួកដែលស្រឡាញ់ពេញចិត្តឆាកជីវិតលោកិយជាងថ្ងៃបរលោក ហើយពួកគេរារាំង(អ្នកដទៃ)ពីមាគ៌ារបស់អល់ឡោះ ព្រមទាំងមានបំណងចង់ឱ្យមាគ៌ានោះមានភាពវៀចវេរ។ ពួកទាំងនោះ គឺស្ថិតនៅក្នុងភាពវង្វេងដ៏សែនឆ្ងាយ។

ហើយរាល់អ្នកនាំសារដែលយើងបានបញ្ជូនទៅ គឺសុទ្ធតែជាអ្នកនិយាយភាសានៃក្រុមរបស់គេ ដើម្បីបកស្រាយបញ្ជាក់ដល់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ធ្វើឱ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនា និងចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនា។ ហើយទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

ហើយពិតប្រាកដណាស់ យើងបានបញ្ជូនព្យាការីមូសាដោយនាំមកនូវសញ្ញាភស្តុតាងជាច្រើនរបស់យើង។ (យើងបានដាក់បទបញ្ជាដល់គេថា៖) ចូរអ្នកនាំក្រុមរបស់អ្នកចេញពីភាពងងឹត(វង្វេង) ទៅកាន់ពន្លឺ(ការចង្អុលបង្ហាញ) និងត្រូវរំឭកពួកគេពីបណ្តាថ្ងៃរបស់អល់ឡោះ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់គ្រប់បុគ្គលដែលជាអ្នកអត់ធ្មត់ និងដឹងគុណ។

ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលព្យាការីមូសាបាននិយាយទៅកាន់ក្រុមរបស់គាត់ថា៖ ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់អល់ឡោះដែលបានប្រទានដល់ពួកអ្នក ខណៈដែលទ្រង់បានសង្គ្រោះពួកអ្នកពីបក្សពួកហ្វៀរអោនដែលពួកគេបានឱ្យពួកអ្នកភ្លក់នូវទារុណកម្មដ៏ព្រៃផ្សៃបំផុត។ ហើយពួកគេបានសម្លាប់កូនប្រុសទាំងឡាយរបស់ពួកអ្នក និងទុកជីវិតកូនស្រីទាំងឡាយរបស់ពួកអ្នក។ នៅក្នុងរឿងនោះ គឺជាការសាកល្បងដ៏ធំធេងបំផុតពីព្រះជាម្ចាស់របស់ពួកអ្នក។

(គាត់បានបន្តទៀតថា៖) ចូរពួកអ្នកចងចាំ នៅពេលដែលព្រះជាម្ចាស់របស់ពួកអ្នកបានប្រកាសថា៖ ប្រសិនបើពួកអ្នកដឹងគុណ យើងពិតជានឹងបន្ថែម(ការប្រោសប្រទាន)ដល់ពួកអ្នកទៀត។ តែប្រសិនបើពួកអ្នកប្រឆាំង(រមិលគុណ)វិញ ពិតប្រាកដណាស់ ទណ្ឌកម្មរបស់យើង គឺធ្ងន់ធ្ងរបំផុត។

ហើយព្យាការីមូសាបាននិយាយថា៖ ប្រសិនបើពួកអ្នក រួមទាំងអ្នកដែលនៅលើផែនដីទាំងអស់ប្រឆាំង(នឹងអល់ឡោះ ក៏គ្មានផ្តល់គ្រោះថ្នាក់អ្វីដល់ទ្រង់នោះដែរ)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់ ជាអ្នកដែលគេកោតសរសើរបំផុត។

តើរឿងរ៉ាវរបស់អ្នកជំនាន់មុនពួកអ្នក(ពួកគ្មានជំនឿ)មិនបានមកដល់ពួកអ្នកទេឬ ដូចជាក្រុមរបស់ព្យាការីនួហ ក្រុមអាទ ក្រុមសាមូទ ព្រមទាំងក្រុមជាច្រើនទៀតបន្ទាប់ពីពួកគេ ដែលគ្មាននរណាម្នាក់ដឹងពី(ចំនួនរបស់)ពួកគេក្រៅពីអល់ឡោះនោះ? បណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកនូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើនមកកាន់ពួកគេ តែពួកគេបានយកដៃរបស់ពួកគេដាក់ក្នុងមាត់(ដោយកំហឹង) ហើយពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងមិនមានជំនឿចំពោះអ្វីដែលគេបានបញ្ជូនវាមកជាមួយពួកអ្នកឡើយ ហើយពិតណាស់ ពួកយើងមានការសង្ស័យយ៉ាងខ្លាំងចំពោះអ្វីដែលពួកអ្នកកំពុងតែអំពាវនាវពួកយើងទៅកាន់វានោះ។

បណ្តាអ្នកនាំសាររបស់ពួកគេបានតបថា៖ តើ(ពួកអ្នក)មានការសង្ស័យចំពោះអល់ឡោះឬ ខណៈដែលទ្រង់គឺជាអ្នកដែលបង្កើតមេឃជាច្រើនជាន់និងផែនដីនោះ? ទ្រង់អំពាវនាវពួកអ្នក(ទៅកាន់ការមានជំនឿចំពោះទ្រង់) ដើម្បីទ្រង់អភ័យទោសដល់ពួកអ្នកចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងពន្យារពេលដល់ពួកអ្នករហូតដល់ពេលវេលាកំណត់។ ពួកគេបានតបវិញថា៖ ពួកអ្នកគ្រាន់តែជាមនុស្សលោកធម្មតាដូចពួកយើងប៉ុណ្ណោះ។ ពួកអ្នកមានបំណងចង់រារាំងពួកយើងពីអ្វីដែលជីដូនជីតារបស់ពួកយើងធ្លាប់បានគោរពសក្ការៈ។ ហេតុនេះ ចូរពួកអ្នកនាំមកឱ្យពួកយើងនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់មួយមក។

បណ្តាអ្នកនាំសាររបស់ពួកគេបានតបទៅកាន់ពួកគេវិញថា៖ ពិតមែនហើយ ពួកយើងគ្រាន់តែជាមនុស្សលោកធម្មតាដូចពួកអ្នកដែរ ក៏ប៉ុន្តែអល់ឡោះទ្រង់លើកតម្កើងចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ហើយពួកយើងមិនអាចនាំមកនូវសញ្ញាភស្តុតាងណាមួយមកកាន់ពួកអ្នកឡើយ លើកលែងតែដោយការអនុញ្ញាតពីអល់ឡោះប៉ុណ្ណោះ។ ហើយចំពោះអល់ឡោះ(តែមួយគត់)ដែលបណ្តាអ្នកមានជំនឿទាំងឡាយប្រគល់ការទុកចិត្ត។

តើមានអ្វីដែលរារាំងពួកយើងមិនឱ្យប្រគល់ការទុកចិត្តទៅចំពោះទ្រង់ ខណៈដែលទ្រង់បានចង្អុលបង្ហាញពួកយើងនូវមាគ៌ាដ៏ត្រឹមត្រូវនិងច្បាស់លាស់នោះ? ហើយពួកយើងត្រូវតែអត់ធ្មត់ចំពោះអ្វីដែលពួកអ្នកធ្វើទុក្ខបុកម្នេញមកលើពួកយើង។ ហើយចំពោះអល់ឡោះ(តែមួយគត់)ដែលបណ្តាអ្នកដែលប្រគល់ការទុកចិត្តទាំងឡាយប្រគល់ការទុកចិត្ត(លើទ្រង់)។

ហើយពួកដែលប្រឆាំងបាននិយាយទៅកាន់បណ្តាអ្នកនាំសាររបស់ពួកគេថា៖ យើងពិតជានឹងបណ្តេញពួកអ្នកចេញពីភូមិស្រុករបស់ពួកយើង ឬពួកអ្នកត្រូវតែវិលត្រឡប់មកកាន់សាសនារបស់ពួកយើងវិញ។ ពេលនោះ ព្រះជាម្ចាស់របស់អ្នកនាំសារទាំងនោះបានផ្តល់វ៉ាហ៊ីទៅកាន់ពួកគេថា៖ យើងពិតជានឹងបំផ្លាញពួកដែលបំពានជាមិនខាន។

ហើយយើងនឹងឱ្យពួកអ្នករស់នៅលើទឹកដីនេះបន្ទាប់ពី(ការបំផ្លាញ)ពួកគេ។ នោះគឺសម្រាប់អ្នកដែលខ្លាចនូវភាពធំធេងរបស់យើង និងខ្លាចការព្រមាន(ពីទណ្ឌកម្មរបស់យើង)។

ហើយពួកគេ(អ្នកនាំសារ)ក៏បានបួងសួងសុំឱ្យទ្រង់ជួយពួកគេឱ្យមានជ័យជម្នះលើសត្រូវ។ ហើយភាពអន្តរាយ គឺសម្រាប់រាល់បុគ្គលដែលក្អេងក្អាង ចចេសរឹងរូស។

នៅខាងមុខរូបគេ គឺនរកជើហាន់ណាំ។ នៅក្នុងនោះ គេនឹងឱ្យជននោះផឹកនូវទឹកខ្ទុះឈាម។

រូបគេទ្រាំផឹកវាទាំងលំបាកវេទនាស្ទើរតែមិនអាចលេបចូល។ ហើយសេចក្តីស្លាប់មកដល់រូបគេពីគ្រប់ទិសទីទាំងអស់ ក៏ប៉ុន្តែរូបគេមិនស្លាប់នោះឡើយ។ ហើយនៅខាងមុខជននោះ គឺមានទណ្ឌកម្មដ៏សែនខ្លោចផ្សា(ជាច្រើនផ្សេងទៀត)។

ការប្រៀបធៀបពួកដែលគ្មានជំនឿចំពោះព្រះជាម្ចាស់របស់ពួកគេ ទង្វើរបស់ពួកគេប្រៀបដូចជាធូលីដែលត្រូវបានខ្យល់បោកបក់យ៉ាងខ្លាំងនៅថ្ងៃដែលមានព្យុះសង្ឃរាបោកបក់។ ពួកគេមិនទទួលបានផលប្រយោជន៍ពីអ្វីដែលពួកគេបានសាងបន្តិចណាឡើយ។ នោះហើយគឺជាការរង្វេងដ៏សែនឆ្ងាយ។

តើពួកអ្នក(ឱមនុស្សលោកទាំងឡាយ)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃជាច្រើនជាន់និងបានបង្កើតផែនដីយ៉ាងពិតប្រាកដនោះ? ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងបំផ្លាញពួកអ្នក ហើយទ្រង់នឹងនាំមកនូវអ្នកថ្មីផ្សេងទៀត(ជំនួសពួកអ្នក)ជាមិនខាន។

ហើយនោះមិនមែនជារឿងដែលធ្ងន់ធ្ងរ(ពិបាក)សម្រាប់អល់ឡោះនោះឡើយ។

ហើយពួកគេនឹងចេញពីផ្នូរទាំងអស់គ្នាឆ្ពោះទៅកាន់អល់ឡោះជាម្ចាស់(នាថ្ងៃបរលោក)។ ហើយពួកទន់ខ្សោយ(អ្នកដើរតាមគេ)បាននិយាយទៅកាន់ពួកមេដឹកនាំ(របស់ខ្លួន)ថា៖ ពិតប្រាកដណាស់ ពួកយើងធ្លាប់បានដើរតាមពួកអ្នក។ ដូច្នេះ តើពួកអ្នកអាចការពារពួកយើងពីទណ្ឌកម្មរបស់អល់ឡោះបន្តិចណាដែរឬទេ? ពួកគេបានតបវិញថា៖ ប្រសិនបើអល់ឡោះចង្អុលបង្ហាញពួកយើងនោះ ពួកយើងក៏នឹងចង្អុលបង្ហាញដល់ពួកអ្នកដែរ។ វាដូចតែគ្នាទេចំពោះពួកយើង ទោះជាពួកយើងត្អូញត្អែរ ឬពួកយើងទ្រាំអត់ធ្មត់ក៏ដោយ ក៏ពួកយើងគ្មានកន្លែងដែលអាចរត់គេច(ពីទណ្ឌកម្ម)នោះដែរ។

នៅពេលដែលកិច្ចការទាំងអស់បានសម្រេចហើយនោះ ស្ហៃតនបាននិយាយថា៖ ជាការពិតណាស់ អល់ឡោះបានសន្យានឹងពួកអ្នកនូវការសន្យាមួយដែលពិតប្រាកដ។ ហើយខ្ញុំក៏បានសន្យានឹងពួកអ្នកដែរ តែខ្ញុំបានក្បត់សន្យាជាមួយពួកអ្នក។ ខ្ញុំគ្មានអំណាចអ្វីលើពួកអ្នក(ដែលអាចឲ្យពួកអ្នកដើរតាម)នោះឡើយ ក្រៅតែពីខ្ញុំគ្រាន់តែអំពាវនាវពួកអ្នកប៉ុណ្ណោះ ហើយពួកអ្នកក៏បានតាមខ្ញុំ។ ហេតុនេះ ចូរពួកអ្នកកុំបន្ទោសខ្ញុំឱ្យសោះ តែពួកអ្នកត្រូវបន្ទោសខ្លួនឯងវិញ។ ខ្ញុំមិនមែនជាអ្នកដែលអាចជួយការពារពួកអ្នក(ពីទណ្ឌកម្ម)នោះឡើយ ហើយពួកអ្នកក៏មិនមែនជាអ្នកដែលអាចជួយការពារខ្ញុំបាននោះដែរ។ ខ្ញុំសូមបដិសេធចំពោះការដែលពួកអ្នកយកខ្ញុំធ្វើជាដៃគូរួមជាមួយអល់ឡោះកាលពីមុន(ក្នុងលោកិយ)។ ពិតប្រាកដណាស់ ពួកដែលបំពាន សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។

ហើយគេនឹងបញ្ចូលបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ ពួកគេស្ថិតនៅទីនោះជាអមតៈដោយការអនុញ្ញាតពីព្រះជាម្ចាស់របស់ពួកគេ។ ការស្វាគមន៍របស់ពួកគេនៅក្នុងនោះ គឺសាឡាម(សន្តិភាព)។

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា តើអល់ឡោះទ្រង់លើកឧទាហរណ៍ប្រៀបធៀបយ៉ាងដូចម្តេចចំពោះពាក្យសម្តីដែលល្អ(កាលីម៉ះតាវហេទ)ដូចទៅនឹងដើមឈើដ៏ល្អមួយដើម(ដើមល្មើ)ដែលឫសរបស់វាចាក់ចូល(ក្នុងដី)យ៉ាងរឹងមាំ ហើយមែកធាងរបស់វាចាក់ឆ្ពោះទៅលើមេឃនោះ?

វាផ្តល់នូវផលានុផលរបស់វាគ្រប់ពេលវេលាដោយការអនុញ្ញាតពីព្រះជាម្ចាស់របស់វា។ ហើយអល់ឡោះទ្រង់លើកយកឧទាហរណ៍ជាច្រើនសម្រាប់មនុស្សលោក សង្ឃឹមថាពួកគេនឹករលឹក។

ហើយការប្រៀបធៀបពាក្យសម្តីដែលអាក្រក់(ពាក្យស្ហ៊ីរិក) គឺប្រៀបដូចជាដើមឈើដែលអាក្រក់មួយដើម(ដើមហាន់ហ្សល់) ដែលគេអាចដកទាំងឫសបានដោយវាគ្មានភាពរឹងមាំ(ជាប់ទៅនឹងដី)ឡើយ។

អល់ឡោះជាម្ចាស់ទ្រង់ពង្រឹងដល់បណ្តាអ្នកដែលមានជំនឿនឹងពាក្យសម្តីដែលរឹងមាំ(កាលីម៉ះស្ហាហាហ្ទះ)ទាំងនៅក្នុងជីវិតលោកិយ និងនៅថ្ងៃបរលោក។ ហើយអល់ឡោះជាម្ចាស់នឹងធ្វើឱ្យពួកដែលបំពានវង្វេង។ ហើយអល់ឡោះទ្រង់ធ្វើនូវអ្វីដែលទ្រង់មានចេតនា។

តើអ្នកមិនបានឃើញទេ ពួកដែលជ្រើសយកភាពគ្មានជំនឿជំនួសឲ្យការដឹងគុណចំពោះឧបការគុណរបស់អល់ឡោះ ហើយពួកគេធ្វើឱ្យក្រុមរបស់ពួកគេធ្លាក់ទៅក្នុងកន្លែងដែលវិនាសអន្តរាយ។

នោះគឺនរកជើហាន់ណាំដែលពួកគេនឹងចូលទៅក្នុងវា ហើយវាជាកន្លែងស្នាក់នៅដ៏អាក្រក់បំផុតនោះ។

ហើយពួកគេ(ពួកមុស្ហរីគីន)បានយកព្រះនានាមកធ្វើជាដៃគូរួមជាមួយនឹងអល់ឡោះដើម្បីធ្វើឱ្យអ្នកដទៃវង្វេងចេញពីមាគ៌ារបស់ទ្រង់។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកត្រេកត្រអាលសិនចុះ។ ពិតប្រាកដណាស់ កន្លែងវិលត្រឡប់របស់ពួកអ្នក គឺឆ្ពោះទៅកាន់ឋាននរក។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ខ្ញុំបម្រើរបស់យើងដែលជាអ្នកមានជំនឿឲ្យពួកគេប្រតិបត្តិសឡាត និងបរិច្ចាគអំពីអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេទាំងលាក់បាំង និងលាតត្រដាងមុននឹងថ្ងៃមួយ(ថ្ងៃបរលោក)បានមកដល់ដែលគ្មានទេការលក់ដូរ ហើយក៏គ្មានដែរចំណងមិត្តភាព(ក្នុងថ្ងៃនោះ)។

អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដី។ ហើយទ្រង់បានបញ្ចុះពីលើមេឃនូវទឹកភ្លៀង ដោយតាមរយៈទឹកភ្លៀងនោះ ទ្រង់បានបញ្ចេញនូវផលានុផលជាច្រើនប្រភេទជាលាភសក្ការៈសម្រាប់ពួកអ្នក(មនុស្សលោក)។ ហើយទ្រង់បានបង្កើតឱ្យមានសំពៅសម្រាប់ពួកអ្នកដែលធ្វើដំណើរនៅលើផ្ទៃសមុទ្រទៅតាមបទបញ្ជារបស់ទ្រង់។ ហើយបានបង្កើតទន្លេជាច្រើនសម្រាប់ពួកអ្នកផងដែរ។

ហើយទ្រង់បានបង្កើតព្រះអាទិត្យនិងព្រះចន្ទសម្រាប់ពួកអ្នកដែលវាទាំងពីរធ្វើចលនាតាមគន្លងរបស់វា ព្រមទាំងបានបង្កើតសម្រាប់ពួកអ្នកផងដែរនូវពេលយប់ និងពេលថ្ងៃ។

ហើយទ្រង់បានផ្តល់ឱ្យពួកអ្នកនូវរាល់អ្វីៗដែលពួកអ្នកសុំពីទ្រង់។ ហើយប្រសិនបើពួកអ្នករាប់នូវឧបការគុណរបស់អល់ឡោះនោះ គឺពួកអ្នកមិនអាចរាប់វាអស់ឡើយ។ ពិតប្រាកដណាស់ មនុស្សលោក គឺជាអ្នកដែលបំពាន រមិលគុណបំផុត ។

ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលព្យាការីអ៊ីព្រហ៊ីមបានបួងសួងថា៖ បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាធ្វើឱ្យទឹកដីនេះ(ក្រុងម៉ាក្កះ)មានសុខសុវត្ថិភាពផងចុះ ហើយសូមព្រះអង្គមេត្តាបញ្ចៀសរូបខ្ញុំ និងកូនចៅរបស់ខ្ញុំពីកាគោរពសក្ការៈរូបបដិមានានាផង។

បរពិត្រព្រះជាម្ចាស់! ជាការពិតណាស់ ពួកវា(រូបបដិមាទាំងនេះ)បានធ្វើឱ្យមនុស្សជាច្រើនវង្វេង។ ហេតុនេះ ជនណាហើយដែលដើរតាមខ្ញុំ ពិតប្រាកដណាស់ រូបគេគឺស្ថិតក្នុងក្រុមរបស់ខ្ញុំ។ រីឯជនណាហើយដែលប្រឆាំងនឹងខ្ញុំ ជាការពិតណាស់ ព្រះអង្គមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។

បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ជាការពិតណាស់ ខ្ញុំបានទុកកូនចៅរបស់ខ្ញុំមួយចំនួនឱ្យរស់នៅឯជ្រលងភ្នំមួយ(ទឹកដីម៉ាក្កះ)ដែលគ្មានដំណាំអ្វីនៅក្នុងវាឡើយ គឺនៅឯគេហដ្ឋានរបស់ព្រះអង្គដ៏ពិសិដ្ឋ(ពៃតុលឡោះ)។ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! (ខ្ញុំទុកពួកគេនៅទីនោះ)គឺដើម្បីឱ្យពួកគេប្រតិបត្តិសឡាត។ ហេតុនេះ សូមព្រះអង្គមេត្តាធ្វើឱ្យដួងចិត្តមនុស្សមួយចំនួនស្រឡាញ់ពេញចិត្តទៅកាន់ពួកគេ ព្រមទាំងប្រទាននូវលាភសក្ការៈដល់ពួកគេអំពីផលានុផលនានាផង សង្ឃឹមថា ពួកគេនឹងថ្លែងអំណរគុណ។

បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ព្រះអង្គដឹងបំផុតទាំងអ្វីដែលពួកយើងលាក់បាំង ទាំងអ្វីដែលពួកយើងលាតត្រដាង ហើយគ្មានអ្វីមួយអាចលាក់បាំងពីអល់ឡោះបានឡើយ មិនថានៅលើផែនដី មិនថានៅលើមេឃនោះឡើយ។

ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលទ្រង់បានប្រទានឲ្យខ្ញុំនូវអ៊ីស្មាអែល និងអ៊ីស្ហាកទាំងដែលខ្ញុំមានវ័យចំណាស់ទៅហើយនោះ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ខ្ញុំមហាឮបំផុតនូវការបួងសួង។

បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាធ្វើឱ្យរូបខ្ញុំ និងកូនចៅរបស់ខ្ញុំជាអ្នកដែលប្រតិបត្តិសឡាតយ៉ាងខ្ជាប់ខ្ជួនផង។ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាទទួលយកនូវការបួងសួង(របស់ខ្ញុំ)ផងចុះ។

បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាអភ័យទោសដល់រូបខ្ញុំ និងឪពុកម្តាយរបស់ខ្ញុំ ព្រមទាំងបណ្តាអ្នកមានជំនឿទាំងឡាយនៅថ្ងៃជំនុំជម្រះផងចុះ។

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំគិតស្មានថា អល់ឡោះទ្រង់ព្រងើយកន្តើយចំពោះអ្វីដែលពួកបំពានបានប្រព្រឹត្តឱ្យសោះ។ តាមពិត គេគ្រាន់តែពន្យារពេលដល់ពួកគេរហូតដល់ថ្ងៃមួយ(ថ្ងៃបរលោក)ដែលភ្នែកទាំងឡាយសម្លឹងមើលដោយភ័យរន្ធត់។

ពួកគេក្រោកចេញពីផ្នូររបស់ពួកគេទាំងប្រញាប់ប្រញាល់ដោយងើយក្បាលរបស់ពួកគេ ដោយមិនទម្លាក់ក្រសែភ្នែកឡើយ។ ចំណែកឯចិត្តរបស់ពួកគេវិញ គឺទទេស្អាត។

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាស់តឿនព្រមានមនុស្សលោកពីថ្ងៃមួយដែលទណ្ឌកម្មនឹងមកដល់ពួកគេ។ ពេលនោះ ពួកដែលបំពាននឹងនិយាយថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាពន្យារពេលដល់យើងខ្ញុំនូវរយៈពេលដ៏ខ្លីមួយផងចុះ នោះពួកយើងនឹងឆ្លើយតបចំពោះការអំពាវនាវរបស់ព្រះអង្គ ហើយពួកយើងនឹងដើរតាមបណ្តាអ្នកនាំសារទាំងឡាយជាមិនខាន។ (ទ្រង់បានតបថា៖) តើពួកអ្នកមិនធ្លាប់បានស្បថស្បែកាលពីមុន(លើលោកិយ)ទេឬ ដែលថាពួកអ្នកនឹងមិនមានការផ្លាស់ប្តូរ(ពីជីវិតលោកិយទៅកាន់ជីវិតបរលោក)នោះ?

ហើយពួកអ្នកបានមកស្នាក់នៅក្នុងលំនៅឋានរបស់ពួកដែលបំពានលើខ្លួនឯង។ ហើយវាបានបញ្ជាក់យ៉ាងច្បាស់ហើយដល់ពួកអ្នក ថាតើយើងបានធ្វើបែបណាចំពោះពួកគេ។ ហើយយើងបានលើកជាឧទហរណ៍ជាច្រើនសម្រាប់ពួកអ្នក។

ហើយជាការពិតណាស់ ពួកគេបានរៀបចំនូវឧបាយកលរបស់ពួកគេ(ដើម្បីសម្លាប់ព្យាការីមូហាំម៉ាត់) តែឧបាយកលរបស់ពួកគេ គឺនៅនឹងទ្រង់(ទ្រង់ដឹងអំពីវា)។ ហើយឧបាយកលរបស់ពួកគេ មិនអាចធ្វើឱ្យភ្នំទាំងឡាយរលត់រលាយឡើយ។

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំគិតស្មានថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ក្បត់កិច្ចសន្យាជាមួយនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ ជាអ្នកដែលមានអានុភាពក្នុងការផ្តន្ទាទោស។

នៅថ្ងៃដែលគេផ្លាស់ប្តូរផែនដីនេះទៅជាផែនដីផ្សេង ហើយមេឃជាច្រើនជាន់វិញ(ក៏ដូចគ្នាដែរ)។ ហើយពួកគេបានក្រោកចេញពីផ្នូរទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ដែលមានអំណាចខ្លាំងពូកែបំផុត។

ហើយនៅថ្ងៃនោះ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងឃើញពួកដែលប្រព្រឹត្តល្មើសត្រូវបានគេចងដៃចងជើងភ្ជាប់ច្រវាក់។

សម្លៀកបំពាក់របស់ពួកគេធ្វើអំពីជ័រ(ងាយឆេះ) ហើយភ្លើងនរកនឹងគ្របដណ្តប់ពេញផ្ទៃមុខរបស់ពួកគេ។

ដើម្បីអល់ឡោះនឹងតបស្នងដល់បុគ្គលគ្រប់រូបចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកជំនុំជម្រះយ៉ាងឆាប់រហ័សបំផុត។

(គម្ពីរគួរអាន)នេះ គឺជាការប្រកាសមួយ(ពីអល់ឡោះ)ដល់មនុស្សលោក និងដើម្បីដាស់តឿនព្រមានពួកគេតាមរយៈវា ហើយនិងដើម្បីឱ្យពួកគេដឹងថា៖ តាមពិត ទ្រង់គឺជាព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈតែមួយគត់ ព្រមទាំងដើម្បីឱ្យបញ្ញាជនទាំងឡាយនឹករលឹក។