عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

Stoneland, Rock city, Al-Hijr valley [Al-Hijr] - Khmer translation - Rowwad Translation Center

Surah Stoneland, Rock city, Al-Hijr valley [Al-Hijr] Ayah 99 Location Maccah Number 15

អាលីហ្វ ឡាម រ៉ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ ទាំងនេះគឺជាបណ្តាវាក្យខណ្ឌនៃគម្ពីរ និងជាវាក្យខណ្ឌនៃគម្ពីរគួរអានដ៏ច្បាស់លាស់។

(នៅថ្ងៃបរលោក) ពួកដែលគ្មានជំនឿមានក្តីស្រមៃថា ប្រសិនបើពួកគេជាអ្នកមូស្លីម (នោះពួកគេនឹងអាចមានឱកាសចេញពីឋាននរកវិញបាន)។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយឱ្យពួកគេទទួលទាន និងត្រេកត្រអាល(នឹងជីវិតលោកិយ) ព្រមទាំងឱ្យការស្រមើស្រមៃនោះធ្វើឱ្យពួកគេងប់ងល់ចុះ។ ពិតប្រាកដណាស់ ពួកគេគង់តែនឹងដឹង។

ហើយយើងមិនបានបំផ្លាញភូមិស្រុកណាមួយឡើយ លើកលែងតែវាមានការកំណត់ពេលវេលាយ៉ាងច្បាស់លាស់។

វាមិនអាចមកដល់ប្រជាជាតិណាមួយមុនពេលកំណត់របស់វានោះឡើយ ហើយវាក៏មិនអាចមកយឺតជាងពេលកំណត់នោះដែរ។

ហើយពួកគេ(ពួកគ្មានជំនឿនៃអ្នកស្រុកម៉ាក្កះ)បាននិយាយថា៖ ឱអ្នកដែលត្រូវបានគេបញ្ចុះគម្ពីរគួរអានមក! ពិតប្រាកដណាស់ អ្នកជាមនុស្សវិកលចរិត។

ហេតុអ្វីបានជាអ្នកមិននាំម៉ាឡាអ៊ីកាត់មកកាន់ពួកយើង ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលទៀងត្រង់មែននោះ?

(អល់ឡោះបានតបថា៖) យើងមិនបញ្ចុះម៉ាឡាអ៊ីកាត់នោះទេ លើកលែងតែមានមូលហេតុត្រឹមត្រូវប៉ុណ្ណោះ។ ហើយពួកគេក៏មិនមែនជាអ្នកដែលត្រូវបានគេពន្យារពេលនោះដែរ(ពេលដែលទណ្ឌកម្មមកដល់នោះ)។

ពិតប្រាកដណាស់ យើងជាអ្នកដែលបានបញ្ចុះគម្ពីរគួរអាន ហើយពិតប្រាកដណាស់ យើងគឺជាអ្នកដែលថែរក្សាវា។

ហើយជាការពិតណាស់ យើងបានបញ្ជូននូវអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទៅកាន់ក្រុមប្រជាជាតិជំនាន់មុនជាច្រើន។

ហើយរាល់អ្នកនាំសារទាំងឡាយដែលបានមកដល់ពួកគេ គឺសុទ្ធតែត្រូវបានពួកគេសើចចំអក។

ក៏ដូច្នោះដែរ យើងនឹងបញ្ចូលវា(ការប្រឆាំង)ទៅក្នុងដួងចិត្តរបស់ពួកប្រព្រឹត្តល្មើសទាំងឡាយ។

ពួកគេមិនមានជំនឿចំពោះវា(គម្ពីរគួរអាន)ឡើយ។ ហើយជាការពិតណាស់ មាគ៌ារបស់ពួក(បដិសេធ)ជំនាន់មុន គឺបានកើតឡើងរួចមកហើយ។

ហើយប្រសិនបើយើងបើកទ្វារណាមួយនៃមេឃាឱ្យពួកគេនោះ ពួកគេនៅតែបន្តឡើងទៅលើវារហូត(ដើម្បីមើលឃើញពីភាពអស្ចារ្យនៃការគ្រប់គ្រងរបស់អល់ឡោះ)។

ពួកគេប្រាកដជានឹងនិយាយថា៖ តាមពិតភ្នែករបស់ពួកយើងត្រូវបានគេបំភ័ន្តប៉ុណ្ណោះ។ ផ្ទុយទៅវិញ ពួកយើងជាក្រុមមួយដែលត្រូវមន្តអាគមគេប៉ុណ្ណោះ។

ហើយជាការពិតណាស់ យើងបានបង្កើតហ្វូងតារាជាច្រើននៅលើមេឃ ហើយយើងបានលម្អវាសម្រាប់អ្នកដែលគយគន់មើល។

ហើយយើងបានការពារវា(មេឃ)ពីរាល់ពពួកស្ហៃតនដែលត្រូវបានគេដាក់បណ្តាសា។

លើកលែងតែស្ហៃតនណាដែលបានលួចស្តាប់(ដំណឹងពីម៉ាឡាអ៊ីកាត់)ប៉ុណ្ណោះ។ ហើយអាចម៍ផ្កាយដ៏ភ្លឺច្បាស់បានតាម(ដុតកម្ទេច)វា។

ហើយចំពោះផែនដី យើងបានលាតសន្ធឹងវា ហើយយើងបានបង្កើតភ្នំជាច្រើននៅលើវា(ដើម្បីជាលំនឹង) ព្រមទាំងបានបណ្តុះនូវរុក្ខជាតិគ្រប់ប្រភេទនៅលើវាទៅតាមការកំណត់(បរិមាណរបស់វា)យ៉ាងច្បាស់លាស់។

ហើយយើងបានបង្កើតនៅលើផែនដីនូវកត្តាទ្រទ្រង់ជីវិតរស់នៅសម្រាប់ពួកអ្នក និងសម្រាប់អ្នក(ផ្សេងទៀតក្រៅពីពួកអ្នក)ដែលពួកអ្នកមិនមែនជាអ្នកផ្តល់លាភសក្ការៈដល់គេឡើយ។

ហើយរាល់អ្វីៗទាំងអស់ គឺសុទ្ធតែមាននៅជាមួយយើងនូវឃ្លាំងផ្ទុករបស់វា ហើយយើងបញ្ចុះវាទៅតាមបរិមាណដែលបានកំណត់ច្បាស់លាស់។

ហើយយើងបានបញ្ជូនខ្យល់ឱ្យទៅប្រមូលផ្តុំពពក ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃ(ចេញពីដុំពពកនោះ) និងបានផ្តល់ទឹកភ្លៀងនោះដល់អ្នកទាំងអស់គ្នាផឹក។ ហើយពួកអ្នក(ឱមនុស្សលោក)ពុំមែនជាអ្នកដែលស្តុកវា(ទឹក)ទុកនោះឡើយ។

ហើយពិតប្រាកដណាស់ យើងជាអ្នកដែលប្រទានជីវិត និងដកយកជីវិត។ ហើយយើងជាអ្នកទទួលមរតក(ផែនដី និងអ្វីៗដែលនៅលើវា)។

ហើយជាការពិតណាស់ យើងដឹងអំពីពួកជំនាន់មុនពួកអ្នក ហើយយើងក៏ដឹងពីអ្នកជំនាន់ក្រោយផងដែរ។

ហើយជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ជាអ្នកប្រមូលផ្តុំពួកគេ(នៅថ្ងៃបរលោក)។ ពិតប្រាកដណាស់ ទ្រង់មហាគតិបណ្ឌិត មហាដឹងបំផុត។

ហើយជាការពិតណាស់ យើងបានបង្កើតមនុស្សលោក(ព្យាការីអាហ្ទាំ)ពីដីឥដ្ឋស្ងួតចេញពីដីភក់ខ្មៅដែលត្រូវបានគេសូនជារូបរាង។

ហើយចំពោះអ៊ីព្លិស យើងបានបង្កើតវាកាលពីមុនអំពីភ្លើងដែលក្តៅបំផុត ។

ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលព្រះជាម្ចាស់របស់អ្នកបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថា៖ ពិតណាស់ យើងនឹងបង្កើតមនុស្សម្នាក់ពីឥដ្ឋស្ងួតចេញពីដីភក់ខ្មៅដែលត្រូវបានគេសូនជារូបរាង។

ហើយនៅពេលដែលយើងបានធ្វើឱ្យគេមានរូបរាងសមសួន និងបានផ្លុំវិញ្ញាណរបស់យើងចូលទៅក្នុងខ្លួនគេហើយនោះ ចូរពួកអ្នកស៊ូជោតទៅចំពោះគេចុះ។

ពេលនោះ ម៉ាឡាអ៊ីកាត់បានស៊ូជោត(ចំពោះព្យាការីអាហ្ទាំ)ទាំងអស់គ្នា។

លើកលែងតែអ៊ីព្លិសប៉ុណ្ណោះដែលបដិសេធមិនស្ថិតក្នុងចំណោមអ្នកស៊ូជោតទាំងឡាយឡើយ។

ទ្រង់បានមានបន្ទូល(ទៅកាន់អ៊ីព្លិស)ថា៖ តើអ្វីដែលរារាំងឯងមិនឲ្យស្ថិតក្នុងចំណោមអ្នកស៊ូជោតទាំងឡាយនោះ?

វាបានតបថា៖ ខ្ញុំមិនក្រាបស៊ូជោតចំពោះមនុស្សម្នាក់ដែលព្រះអង្គបានបង្កើតរូបគេពីដីឥដ្ឋស្ងួតចេញពីដីភក់ខ្មៅដែលត្រូវបានសូនជារូបរាងនោះឡើយ។

ទ្រង់បានតបថា៖ ចូរឯងចាកចេញពីទីនេះ(ឋានសួគ៌)ចុះ ពីព្រោះឯងត្រូវគេបណ្តេញចេញហើយ។

ហើយពិតប្រាកដណាស់ ឯងនឹងត្រូវទទួលនូវបណ្តាសា រហូតដល់ថ្ងៃបរលោក។

អ៊ីព្លិសបាននិយាយថា៖ បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាពន្យារពេលដល់ខ្ញុំ រហូតដល់ថ្ងៃដែលគេធ្វើឲ្យសព្វភាវៈទាំងឡាយរស់ឡើងវិញផងចុះ។

ទ្រង់បានតបថា៖ ពិតប្រាកដណាស់ ឯងស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេពន្យារពេល

រហូតដល់ថ្ងៃដែលគេបានកំណត់យ៉ាងច្បាស់លាស់(ថ្ងៃបរលោក)។

អ៊ីព្លិសបាននិយាយថា៖ បរពិត្រព្រះជាម្ចាស់! ព្រោះតែព្រះអង្គធ្វើឱ្យខ្ញុំវង្វេង ខ្ញុំប្រាកដជានឹងតុបតែងលម្អ(នូវប្រការអាក្រក់)ចំពោះពួកគេនៅលើផែនដី ហើយខ្ញុំប្រាកដជានឹងធ្វើឱ្យពួកគេទាំងអស់គ្នាវង្វេងជាមិនខាន។

លើកលែងខ្ញុំបម្រើរបស់ព្រះអង្គដែលព្រះអង្គបានចង្អុលបង្ហាញពួកគេឱ្យមានភាពស្មោះស(គោរពសក្ការៈចំពោះទ្រង់តែមួយ)ក្នុងចំណោមពួកគេប៉ុណ្ណោះ។

អល់ឡោះបានមានបន្ទូលថា៖ នេះគឺជាមាគ៌ាមួយដ៏ត្រឹមត្រូវដែលឆ្ពោះមកកាន់យើង។

ពិតប្រាកដណាស់ ខ្ញុំបម្រើរបស់យើង(ដែលស្មោះស)នោះ ឯងគ្មានអំណាចអ្វីអូសទាញពួកគេ(ឲ្យវង្វេងឡើយ) លើកលែងតែអ្នកដែលដើរតាមឯងក្នុងចំណោមពួកដែលវង្វេងប៉ុណ្ណោះ។

ហើយពិតប្រាកដណាស់ នរកជើហាន់ណាំ គឺជាកន្លែងដែលគេសន្យាសម្រាប់ពួកគេទាំងអស់គ្នា។

វាមានទ្វារចំនួនប្រាំពីរ។ រាល់ទ្វារនីមួយៗ គឺត្រូវបានគេបែងចែកជាក្រុមៗក្នុងចំណោមពួកគេ(អ្នកដែលដើរតាមអ៊ីព្លិស)យ៉ាងច្បាស់លាស់។

ពិតប្រាកដណាស់ បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) គឺស្ថិតនៅក្នុងឋានសួគ៌ និងមានប្រភពទឹកជាច្រើន។

(មានគេនិយាយទៅកាន់ពួកគេថា៖) ចូរពួកអ្នកចូលក្នុងវា(ឋានសួគ៌)ប្រកបដោយសន្តិភាព និងសុវត្ថិភាព។

ហើយយើង(អល់ឡោះ)បានដកយកនូវការច្រណែនឈ្នានីសចេញពីដួងចិត្តរបស់ពួកគេឱ្យពួកគេស្រលាញ់គ្នាដូចបងប្អូន ដោយពួកគេអង្គុយលើគ្រែទល់មុខគ្នា។

ក្នុងឋានសួគ៌នោះ ពួកគេគ្មានភាពនឿយហត់ឡើយ ហើយពួកគេក៏មិនត្រូវគេបណ្តេញចេញពីវានោះដែរ។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រាប់ខ្ញុំបម្រើរបស់យើងឱ្យបានដឹងថា៖ ពិតប្រាកដណាស់ យើងគឺជាព្រះជាម្ចាស់ដ៏មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។

ហើយពិតប្រាកដណាស់ ទណ្ឌកម្មរបស់យើង ក៏ជាទណ្ឌកម្មដ៏សែនឈឺចាប់បំផុតដែរ។

ហើយចូរអ្នកប្រាប់ពួកគេឱ្យបានដឹងពីរឿងរ៉ាវភ្ញៀវរបស់ព្យាការីអ៊ីព្រហ៊ីម(ដែលជាម៉ាឡាអ៊ីកាត់)។

នៅពេលដែលពួកគេបានចូលទៅជួបគាត់ ពេលនោះពួកគេបាននិយាយថា៖ សាឡាម(សូមសន្តិភាពកើតមានដល់អ្នក)។ (នៅពេលដែលពួកគេមិនទទួលទានអាហារដែលគាត់រៀបចំជូន) គាត់ក៏និយាយថា៖ ពិតប្រាកដណាស់ យើងមានការភ័យខ្លាចចំពោះពួកអ្នក។

ពួកគេបានតបថា៖ ចូរអ្នកកុំភ័យខ្លាច។ ពិតណាស់ ពួកយើងនាំដំណឹងល្អមួយនៃការទទួលបានកូនប្រុសដ៏មានចំណេះដឹងម្នាក់មកប្រាប់អ្នក។

គាត់បានតបវិញថា៖ តើពួកអ្នកផ្តល់ដំណឹងរីករាយដល់ខ្ញុំ(ពីការមានកូន)ឬ ខណៈដែលខ្ញុំមានវ័យចាស់ជរាហើយនោះ? តើអ្នកសំអាងលើអ្វីចំពោះការផ្តល់ដំណឹងរីករាយនេះ?

ពួកគេក៏តបវិញថា៖ ពួកយើងផ្តល់ដំណឹងរីករាយមួយដែលជាការពិតដល់អ្នក។ ហេតុនេះ ចូរអ្នកកុំស្ថិតក្នុងចំណោមអ្នកដែលអស់សង្ឃឹមឱ្យសោះ។

គាត់បាននិយាយថា៖ គ្មានជនណាដែលអស់សង្ឃឹមពីក្តីមេត្តាករុណានៃព្រះជាម្ចាស់របស់គេឡើយ លើកលែងតែពួកដែលវង្វេងប៉ុណ្ណោះ។

គាត់បានបន្តថា៖ តើអ្វីទៅជាភារកិច្ចរបស់ពួកអ្នក ឱបណ្តាអ្នកនាំសារទាំងឡាយ?

ពួកគេ(ម៉ាឡាអ៊ីកាត់ទាំងនោះ)បាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងត្រូវបានគេបញ្ជូនទៅកាន់ក្រុមដែលប្រព្រឹត្តល្មើស(ក្រុមព្យាការីលូត)។

លើកលែងតែក្រុមគ្រួសាររបស់ព្យាការីលូត(ដែលជាអ្នកមានជំនឿ)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលជួយសង្គ្រោះពួកគេទាំងអស់គ្នា(ពីការបំផ្លិចបំផ្លាញនោះ)។

លើកលែងតែភរិយារបស់គាត់ប៉ុណ្ណោះ។ ពិតណាស់ ពួកយើងបានកំណត់រួចមកហើយថា ពិតប្រាកដណាស់ រូបនាងគឺស្ថិតក្នុងចំណោមពួកដែលត្រូវទទួលរងនូវការបំផ្លាញ។

ហើយនៅពេលដែលអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)បានទៅដល់ក្រុមគ្រួសាររបស់ព្យាការីលូត

គាត់បាននិយាយថា៖ ពួកអ្នកគឺជាក្រុមដែលគេមិនស្គាល់ឡើយ។

ពួកគេ(ម៉ាឡាអ៊ីកាត់)បាននិយាយថា៖ តាមពិត ពួកយើងបាននាំមកឱ្យអ្នកនូវអ្វី(ទណ្ឌកម្ម)ដែលពួកគេមានការមន្ទិលសង្ស័យចំពោះវា។

ហើយពួកយើងបាននាំមកឱ្យអ្នកនូវការពិត ហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកទៀងត្រង់។

ហេតុនេះ ចូរអ្នកនាំក្រុមគ្រួសាររបស់អ្នកចាកចេញនៅពេលពាក់កណ្តាលយប់ ហើយអ្នកត្រូវដើរពីក្រោយពួកគេ និងមិនត្រូវឱ្យនរណាម្នាក់ក្នុងចំណោមពួកអ្នកងាកក្រោយជាដាច់ខាត។ ហើយចូរពួកអ្នកបន្តដំណើរទៅកាន់កន្លែងណាដែលគេបញ្ជាពួកអ្នកឲ្យទៅចុះ។

នោះហើយជាកិច្ចការដែលយើងបានកំណត់វា ពោលគឺក្រុមទាំងនោះនឹងត្រូវគេបំផ្លាញ(កម្ទេច)ផ្តាច់ពូជនៅពេលដែលចូលដល់វេលាទៀបភ្លឺ។

ហើយអ្នកភូមិ(សាទូម)បានមកដល់(កន្លែងព្យាការីលូត)ដោយភាពសប្បាយរីករាយ។

ព្យាការីលូតបាននិយាយទៅកាន់ពួកគេថា៖ ពិតប្រាកដណាស់ អ្នកទាំងនោះគឺជាភ្ញៀវរបស់ខ្ញុំ។ ហេតុនេះ ចូរពួកអ្នកកុំធ្វើឱ្យខ្ញុំអាម៉ាស់មុខឱ្យសោះ។

ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងកុំធ្វើឱ្យខ្ញុំអាប់ឱន។

ពួកគេបានតបវិញថា៖ តើពួកយើងមិនបានហាមឃាត់អ្នកមិនឱ្យទទួលភ្ញៀវណាម្នាក់ក្នុងចំណោមមនុស្សលោក(ដែលជាបុរស)ទេឬ?

ព្យាការីលូតបាននិយាយថា៖ ពួកគេទាំងនេះជាកូនស្រីរបស់ខ្ញុំ។ (ចូរពួកអ្នករៀបការជាមួយពួកនាងចុះ) ប្រសិនបើពួកអ្នកមានចង់បំពេញចំណង់តណ្ហានោះ។

ហើយយើង(អល់ឡោះ)សូមស្បថនឹងជីវិតរបស់អ្នក(ព្យាការីមូហាំម៉ាត់)ថា៖ ពិតប្រាកដណាស់ ពួកគេគឺស្ថិតនៅក្នុងភាពវង្វេងយ៉ាងខ្លាំងដោយមិនដឹងអ្វីឡើយ។

ពេលនោះ សម្រែកយ៉ាងខ្លាំងបានឆក់យកជីវិតពួកគេនៅពេលថ្ងៃរះ។

ហើយយើង(អល់ឡោះ)បានធ្វើឱ្យភូមិស្រុកនោះក្រឡាប់ពីលើចុះក្រោម ហើយយើងបានបញ្ចុះទៅលើពួកគេនូវភ្លៀងដុំថ្មពីដីឥដ្ឋ។

ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់អ្នកដែលពិនិត្យមើលដោយការពិចារណា។

ហើយពិតប្រាកដណាស់វា(ភូមិស្រុកក្រុមព្យាការីលូត)នោះ គឺស្ថិតនៅចំផ្លូវធំដែលអ្នកដំណើរឆ្លងកាត់(អាចមើលឃើញ)។

ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់បណ្តាអ្នកដែលមានជំនឿ។

ហើយពិតប្រាកដណាស់ ក្រុមអៃកះ(ក្រុមរបស់ព្យាការីស៊្ហូអែប) គឺពិតជាពួកដែលបំពាន។

ដូចនេះ យើងក៏បានផ្តន្ទាទោសពួកគេ។ ហើយពិតណាស់ វាទាំងពីរ(ភូមិស្រុកក្រុមព្យាការីលូត និងព្យាការីស៊្ហូអែប) គឺស្ថិតនៅចំផ្លូវធំដែលអ្នកដំណើរឆ្លងកាត់(អាចមើលឃើញ)។

ហើយជាការពិតណាស់ ក្រុមដែលរស់នៅជ្រលងហ៊ិជ្ជរ៍(ក្រុមព្យាការីសឡេះ)បានបដិសេធនឹងបណ្តាអ្នកនាំសារទាំងអស់។

ហើយយើងបានប្រទាននូវសញ្ញាភស្តុតាងជាច្រើនដល់ពួកគេ ក៏ប៉ុន្តែពួកគេបែរជាងាកចេញអំពីវាទៅវិញ។

ហើយពួកគេបានចោះភ្នំជាច្រើនធ្វើជាលំនៅឋាន(ដើម្បីស្នាក់នៅ)ដោយសុវត្ថិភាព។

ហើយសម្រែកមួយដ៏ខ្លាំងបានឆក់យកជីវិតពួកគេនៅពេលទៀបភ្លឺ។

ហើយអ្វីដែលពួកគេបានប្រឹងប្រែងស្វែងរក(ទ្រព្យសម្បត្តិ លំនៅឋាន...) គឺមិនអាចផ្តល់ជាប្រយោជន៍អ្វីដល់ពួកគេឡើយ។

ហើយយើងមិនបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះវាទាំងពីរឡើយ លើកលែងតែមានមូលហេតុត្រឹមត្រូវប៉ុណ្ណោះ។ ហើយជាការពិតណាស់ ថ្ងៃបរលោកនឹងមកដល់(យ៉ាងពិតប្រាកដ)។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អនុគ្រោះ(ដល់ពួកគេ)នូវការអនុគ្រោះមួយដ៏ប្រពៃ។

ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាអ្នកបង្កើត(អ្វីទាំងអស់) និងមហាដឹងបំផុត។

ហើយជាការពិតណាស់ យើងបានផ្តល់ឱ្យអ្នកនូវជំពូកអាល់ហ្វាទីហះដែលមានប្រាំពីរវាក្យខណ្ឌ និងគម្ពីរគួរអានដ៏ឧត្តុង្គឧត្តម។

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំសម្លឹងដោយភ្នែកទាំងគូរបស់អ្នកទៅកាន់អ្វី(លាភសក្ការៈលោកិយ)ដែលយើងបានប្រទានវាទៅឱ្យក្រុមមួយក្នុងចំណោមពួកគេ(ពួកប្រឆាំង)ឱ្យសោះ។ ហើយចូរអ្នកកុំកើតទុក្ខចំពោះ(ការបដិសេធរបស់)ពួកគេ និងត្រូវឱនលំទោនទៅចំពោះបណ្តាអ្នកមានជំនឿ។

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពិតណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមានយ៉ាងច្បាស់លាស់(ពីទណ្ឌកម្មរបស់អល់ឡោះ)។

ដូចអ្វី(ទណ្ឌកម្ម)ដែលអល់ឡោះបានទម្លាក់វាទៅលើពួកដែលបែងចែក(គម្ពីររបស់ទ្រង់)។

គឺពួកដែលបែងចែកគម្ពីរគួរអានទៅជាផ្នែកៗ។

ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានស្បថថា៖ (នៅថ្ងៃបរលោក)យើងប្រាកដជានឹងសួរពួកទាំងនោះទាំងអស់គ្នាជាមិនខាន

ពីអ្វីដែលពួកគេបានប្រព្រឹត្ត។

ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រកាសដោយចំហពីអ្វីដែលគេបានបង្គាប់ប្រើអ្នក ហើយចូរអ្នកងាកចេញពីពួកដែលធ្វើស្ហ៊ីរិក។

ជាការពិតណាស់ មានយើង(តែមួយ)គឺគ្រប់គ្រាន់សម្រាប់អ្នកពីពួកដែលចំអកឡកឡឺយ។

គឺពួកដែលយកអ្នកផ្សេងធ្វើជាព្រះរួមនឹងអល់ឡោះជាម្ចាស់។ ដូច្នេះ ពួកគេគង់តែនឹងដឹងជាមិនខាន។

ហើយពិតប្រាកដណាស់ យើងដឹងថា អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិតជាមានភាពតាងតឹងនៅក្នុងចិត្តរបស់អ្នកចំពោះអ្វីដែលពួកគេនិយាយ។

ហេតុនេះ ចូរអ្នកលើកតម្កើងដោយការកោតសរសើរដល់ព្រះជាម្ចាស់របស់អ្នក។ ហើយចូរអ្នកស្ថិតក្នុងចំណោមបណ្តាអ្នកដែលគោរពសក្ការៈ(ចំពោះអល់ឡោះ)។

ហើយចូរអ្នកបន្តគោរពសក្ការៈចំពោះព្រះជាម្ចាស់របស់អ្នក រហូតដល់សេចក្តីស្លាប់បានមកដល់អ្នក។