عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

The Bee [An-Nahl] - Khmer translation - Rowwad Translation Center

Surah The Bee [An-Nahl] Ayah 128 Location Maccah Number 16

បទបញ្ជារបស់អល់ឡោះ(ថ្ងៃបរលោក) គឺជិតមកដល់ហើយ។ ហេតុនេះ ចូរពួកអ្នក(ពួកគ្មានជំនឿ)កុំទាមទារឱ្យវាឆាប់មកដល់(មុនពេលកំណត់)។ ទ្រង់មហាបរិសុទ្ធ និងខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេបានធ្វើស្ហ៊ីរិក។

ទ្រង់បានបញ្ចុះម៉ាឡាអ៊ីកាត់ដោយនាំនូវវ៉ាហ៊ីតាមបទបញ្ជារបស់ទ្រង់ទៅកាន់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដោយឲ្យពួកគេដាស់តឿនព្រមានថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចមកចំពោះយើង។

ទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងផែនដីដោយពិតប្រាកដ។ ទ្រង់មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេបានធ្វើស្ហ៊ីរិក។

ទ្រង់បានបង្កើតមនុស្សពីតំណក់ទឹកកាម តែគេបែរជាក្លាយជាអ្នកដែលជជែកដេញដោល(ជំទាស់នឹងការពិត)យ៉ាងច្បាស់លាស់។

ហើយចំពោះសត្វពាហនៈ ទ្រង់បានបង្កើតវាសម្រាប់(ជាប្រយោជន៍ដល់)ពួកអ្នក។ ក្នុងចំណោមនោះ ពួកអ្នកអាចទទួលបានភាពកក់ក្តៅ និងអាចទាញយកប្រយោជន៍ផ្សេងៗ ហើយពួកអ្នកក៏អាចទទួលទានអំពីវាបានផងដែរ។

ហើយពួកអ្នកក៏អាចទទួលបានពីវា(សត្វពាហនៈ)នោះផងដែរ នូវភាពស្រស់ស្អាត(ដែលនាំមកនូវភាពរីករាយ) នៅពេលដែលពួកអ្នកនាំវាត្រឡប់មកក្រោល(នៅពេលល្ងាច) និងនៅពេលដែលពួកអ្នកនាំវាទៅឃ្វាលវិញ(នៅពេលព្រឹក)។

ហើយវាក៏អាចដឹកជញ្ជូនទំនិញធ្ងន់ៗរបស់ពួកអ្នកទៅកាន់ទឹកដីមួយដែលពួកអ្នកមិនអាចធ្វើដំណើរទៅដល់ឡើយ លើកលែងតែ(ទៅដល់)ទាំងលំបាក។ ជាការពិតណាស់ ព្រះជាម្ចាស់របស់ពួកអ្នកមហាករុណា មហាអាណិតស្រលាញ់បំផុត។

ហើយចំពោះសត្វសេះ សត្វសេះទេស និងសត្វលា គឺសម្រាប់ឲ្យពួកអ្នកជិះ និងជាការលម្អ។ ហើយទ្រង់បានបង្កើតអ្វី(ផ្សេងទៀត)ដែលពួកអ្នកមិនដឹង។

ហើយសម្រាប់អល់ឡោះ គឺការបញ្ជាក់ពីមាគ៌ាដែលត្រឹមត្រូវ។ តែមានមាគ៌ាខ្លះទៀត ជាមាគ៌ាដែលមានភាពវៀចវេរ។ ហើយប្រសិនបើទ្រង់មានចេតនា ទ្រង់ប្រាកដជានឹងចង្អុលបង្ហាញពួកអ្នកទាំងអស់គ្នាជាមិនខាន។

ទ្រង់ជាអ្នកបញ្ចុះទឹកភ្លៀងពីលើមេឃ។ តាមរយៈទឹកភ្លៀងនេះ គឺសម្រាប់ពួកអ្នកអាចទទួលទាន និងសម្រាប់រុក្ខជាតិ(លូតលាស់)ដើម្បីឲ្យពួកអ្នកអាចឃ្វាលសត្វ(នៅកន្លែងនោះ)បានផងដែរ។

តាមរយៈទឹកភ្លៀងនោះដែរ ទ្រង់ធ្វើឱ្យដំណាំជាច្រើនដុះចេញមក និងដើមអូលីវ ដើមល្មើ ដើមទំពាំងបាយជូរ ហើយនិងផលានុលគ្រប់ប្រភេទជាច្រើនទៀតសម្រាប់ពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលចេះគិតពិចារណា។

ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវពេលយប់ ពេលថ្ងៃ ព្រះអាទិត្យ និងព្រះចន្ទ ហើយនិងហ្វូងតារាជាច្រើនដោយពួកវាគោរពទៅតាមបទបញ្ជារបស់ទ្រង់។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលឈ្វេងយល់។

ហើយអ្វីដែលទ្រង់បានបង្កើតសម្រាប់ពួកអ្នកនៅលើផែនដីនេះ គឺមានពណ៌សម្បុររបស់វាខុសៗគ្នា។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយសម្រាប់ក្រុមដែលនឹករលឹក។

ហើយទ្រង់ជាអ្នកដែលបានបង្កើតសមុទ្រសម្រាប់ឲ្យពួកអ្នកអាចយកសាច់ស្រស់(ត្រី)អំពីវាមកទទួលទាន និងអាចយកចេញអំពីវានូវគ្រឿងអលង្ការដែលពួកអ្នកអាចយកវាមកពាក់(ជាគ្រឿងលម្អ)បាន។ ហើយពួកអ្នកបានឃើញសំពៅទាំងឡាយធ្វើដំណើរនៅលើវា(ផ្ទៃសមុទ្រ)ដើម្បីពួកអ្នកស្វែងរកការប្រោសប្រទានពីទ្រង់(តាមរយៈជួញដូរ) និងសង្ឃឹមថា ពួកអ្នកនឹងដឹងគុណ។

ហើយទ្រង់បានបោះភ្ជាប់នៅលើផែនដីនូវភ្នំជាច្រើនដើម្បីកុំឱ្យវាញ័ររញ្ជួយដល់ពួកអ្នក និងបានបង្កើតនូវទន្លេ និងផ្លូវជាច្រើនដើម្បីឲ្យពួកអ្នកទទួលបានការចង្អុលបង្ហាញ(ទៅកាន់គោលដៅ)។

ហើយ(ទ្រង់បានបង្កើតនៅលើផែនដីផងដែរនូវ)សញ្ញាសម្គាល់ជាច្រើន និង(បានបង្កើតនូវ)ហ្វូងតារាដោយពួកគេអាចយកធ្វើជាត្រីវិស័យ(នៅពេលយប់)។

ដូច្នេះ តើអ្នកដែលបានបង្កើត(អ្វីៗទាំងអស់នេះ) ដូចនឹងអ្នកដែលមិនបានបង្កើតអ្វីសោះឬ? ហេតុនេះ តើពួកអ្នកមិននឹករលឹកទេឬ?

ហើយប្រសិនបើពួកអ្នក(ឱមនុស្សលោក)រាប់នូវឧបការគុណរបស់អល់ឡោះនោះ គឺពួកអ្នកមិនអាចរាប់វាអស់ឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។

ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកលាក់បាំង និងអ្វីដែលពួកអ្នកលាតត្រដាង។

ហើយអ្នកដែលពួកគេគោរពសក្ការៈ(ចំពោះវា)ផ្សេងពីអល់ឡោះជាម្ចាស់នោះ ពួកវាមិនបានបង្កើតអ្វីមួយឡើយ។ ផ្ទុយទៅវិញ ពួកគេត្រូវបានគេបង្កើត។

ពួកវាគ្រាន់តែជារបស់ដែលគ្មានវិញ្ញាណ គ្មានជីវិតនោះឡើយ។ ហើយពួកវាក៏មិនដឹងដែរថា តើពេលណាពួកវាត្រូវបានគេបង្កើតឱ្យរស់ឡើងវិញនោះ។

ព្រះជាម្ចាស់របស់ពួកអ្នកដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺព្រះជាម្ចាស់តែមួយគត់។ ហើយពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក ដួងចិត្តរបស់ពួកគេ គឺបដិសេធ(ពីភាពជាព្រះជាម្ចាស់តែមួយរបស់អល់ឡោះ)។ ហើយពួកគេ គឺជាពួកដែលក្រអឺតក្រទម។

គ្មានការសង្ស័យអ្វីឡើយដែលថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុតពីអ្វីដែលពួកគេលាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។ ពិតប្រាកដណាស់ ទ្រង់មិនចូលចិត្តពួកដែលក្រអឺតក្រទមឡើយ។

ហើយនៅពេលដែលមានគេសួរទៅកាន់ពួកគេ(ពួកដែលបដិសេធ)ថា៖ តើព្រះជាម្ចាស់របស់ពួកអ្នកបានបញ្ចុះអ្វីមក? ពួកគេឆ្លើយថា៖ គឺគ្រាន់តែជារឿងព្រេងរបស់មនុស្សជំនាន់មុនប៉ុណ្ណោះ។

ដើម្បីឲ្យពួកគេរែកពុននូវបាបកម្មរបស់ពួកគេយ៉ាងពេញលេញនៅថ្ងៃបរលោក ហើយនិងបាបកម្មរបស់ពួកដែលត្រូវបានពួកគេធ្វើឱ្យវង្វេងដោយគ្មានចំណេះដឹង។ ពិតប្រាកដណាស់ អ្វីដែលពួកគេរែកពុននោះ គឺអាក្រក់បំផុត។

ជាការពិតណាស់ ពួក(ប្រឆាំង)ជំនាន់មុនពួកគេបានប្រើល្បិចកល(ចំពោះអ្នកនាំសាររបស់ពួកគេ)។ តែអល់ឡោះបានកម្ទេចគ្រឹះនៃផ្ទះសម្បែងរបស់ពួកគេ ហើយដំបូល(ផ្ទះ)បានធ្លាក់សង្កត់ពីលើពួកគេ។ ហើយនៅពេលនោះ ទណ្ឌកម្មក៏បានមកដល់ពួកគេដោយពួកគេមិនដឹងខ្លួនឡើយ។

ក្រោយមកនៅថ្ងៃបរលោក អល់ឡោះជាម្ចាស់នឹងធ្វើឱ្យពួកគេអាម៉ាស់ ហើយទ្រង់មានបន្ទូលថា៖ តើឯណាទៅព្រះនានាដែលពួកអ្នកធ្លាប់បានតស៊ូប្រឆាំងនឹងបណ្តាអ្នកនាំសារ និងអ្នកមានជំនឿព្រោះតែពួកវានោះ? ពួកដែលគេផ្តល់ចំណេះដឹងឲ្យបាននិយាយថា៖ ជាការពិតណាស់ ភាពអាម៉ាស់ និងទណ្ឌកម្មនៅថ្ងៃនេះ គឺធ្លាក់ទៅលើពួកដែលប្រឆាំង។

ពួកដែលម៉ាឡាអ៊ីកាត់បានដកយកជីវិតពួកគេ ខណៈដែលពួកគេជាពួកដែលបំពានលើខ្លួនឯង។ ពេលនោះ ពួកគេបានប្រគល់ខ្លួន(នៅពេលដែលសេចក្តីស្លាប់បានមកដល់ពួកគេ ហើយពួកគេបដិសេធថា៖) ពួកយើងមិនធ្លាប់បានប្រព្រឹត្តអំពើល្មើសឡើយ។ (មានគេនិយាយទៅកាន់ពួកគេថា៖) ពុំដូច្នោះឡើយ ពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។

ដូច្នេះ ចូរពួកអ្នកចូលតាមទ្វារនានានៃនរកជើហាន់ណាំដោយពួកអ្នកស្ថិតនៅទីនោះជាអមតៈ។ ពិតណាស់ កន្លែងស្នាក់នៅរបស់ពួកដែលក្រអឺតក្រទមនោះ គឺអាក្រក់បំផុត។

ហើយមានគេនិយាយទៅកាន់បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)ថា៖ តើព្រះជាម្ចាស់របស់ពួកអ្នកបានបញ្ចុះអ្វីមក? ពួកគេបានឆ្លើយថា៖ គឺប្រការល្អ។ សម្រាប់បណ្តាអ្នកដែលធ្វើល្អនៅក្នុងជីវិតលោកិយនេះ គឺនឹងទទួលបានផលល្អ។ ចំណែកឯនៅឋានបរលោកវិញ គឺល្អប្រសើរជាងនោះទៅទៀត។ ហើយលំនៅឋានរបស់អ្នកដែលកោតខ្លាច(អល់ឡោះ)នោះ គឺល្អប្រសើរបំផុត។

គឺឋានសួគ៌អាត់និនដែលពួកគេនឹងចូលទៅក្នុងវាដោយមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ នៅក្នុងឋានសួគ៌នោះ ពួកគេនឹងទទួលបាននូវអ្វីគ្រប់យ៉ាងដែលពួកគេប្រាថ្នា។ ក៏ដូចគ្នាដែរ អល់ឡោះជាម្ចាស់នឹងតបស្នងដល់បណ្តាអ្នកដែលកោតខ្លាច។

គឺបណ្តាអ្នកដែលម៉ាឡាអ៊ីកាត់បានដកយកជីវិតពួកគេដោយដួងចិត្តរបស់ពួកគេជ្រះស្អាតពីភាពគ្មានជំនឿ។ ម៉ាឡាអ៊ីកាត់បានពោលថា៖ សូមសន្តិភាពកើតមានដល់ពួកអ្នក។ ចូរពួកអ្នកចូលទៅក្នុងឋានសួគ៌ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តចុះ។

តើពួកគេ(ពួកមុស្ហរីគីន)មិនរង់ចាំអ្វីក្រៅពីម៉ាឡាអ៊ីកាត់ ឬក៏បទបញ្ជានៃព្រះជាម្ចាស់របស់អ្នក(ទណ្ឌកម្ម)មកដល់ពួកគេឬ? ក៏ដូចគ្នាដែរ អ្នកជំនាន់មុនពួកគេក៏បានធ្វើដូច្នោះដែរ។ ហើយអល់ឡោះមិនបានបំពានលើពួកគេឡើយ តែពួកគេទៅវិញទេដែលបានបំពានលើខ្លួនឯងនោះ។

ហើយពួកគេបានទទួលរងនូវប្រការអាក្រក់(ទណ្ឌកម្ម)ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។ ហើយអ្វី(ទណ្ឌកម្ម)ដែលពួកគេធ្លាប់បានសើចចំអកនោះបានហ៊ុមព័ទ្ធពួកគេ។

ហើយពួកដែលធ្វើស្ហ៊ីរិកបាននិយាយថា៖ ប្រសិនបើអល់ឡោះមានចេតនា នោះពួកយើង និងជីដូនជីតារបស់ពួកយើងមិនគោរពសក្ការៈអ្វីផ្សេងក្រៅពីទ្រង់នោះឡើយ ហើយពួកយើងក៏មិនដាក់បម្រាមនូវអ្វីមួយដែលទ្រង់មិនដាក់បម្រាមនោះដែរ។ ក៏ដូចគ្នាដែរ អ្នកជំនាន់មុនពួកគេក៏បានធ្វើដូច្នោះដែរ។ ហើយតួនាទីរបស់បណ្តាអ្នកនាំសារទាំងឡាយ គឺគ្មានអ្វីក្រៅពីការផ្សព្វផ្សាយ(សារ)ដ៏ច្បាស់លាស់នោះឡើយ។

ហើយជាការពិតណាស់ យើងបានតែងតាំងទៅកាន់រាល់ប្រជាជាតិនីមួយនូវអ្នកនាំសារម្នាក់ ដោយប្រើឲ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះ(តែមួយគត់) និងចៀសឆ្ងាយពីតហ្គូត(ការគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះ)។ ពេលនោះក្នុងចំណោមពួកគេ គឺមានអ្នកដែលអល់ឡោះចង្អុលបង្ហាញ។ ហើយក្នុងចំណោមពួកគេផងដែរ គឺមានអ្នកដែលភាពវង្វេងចាំបាច់ត្រូវតែកើតឡើងចំពោះពួកគេ។ ហេតុនេះ ចូរពួកអ្នកធ្វើដំណើរនៅលើផែនដីចុះ ហើយចូរពួកអ្នកពិនិត្យមើល ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធនោះយ៉ាងដូចម្តេចដែរ?

ទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ព្យាយាមលើការចង្អុលបង្ហាញពួកគេក៏ដោយ ក៏អល់ឡោះជាម្ចាស់មិនចង្អុលបង្ហាញចំពោះជនដែលគេធ្វើឱ្យគេវង្វេងនោះដែរ។ ហើយសម្រាប់ពួកគេ គ្មានអ្នកដែលជួយនោះឡើយ។

ហើយពួកគេបានស្បថនឹងអល់ឡោះដោយការស្បថយ៉ាងម៉ឺងម៉ាត់ថា៖ អល់ឡោះជាម្ចាស់ទ្រង់នឹងមិនធ្វើឲ្យអ្នកដែលស្លាប់រស់ឡើងវិញឡើយ។ មិនដូច្នោះឡើយ។ ការសន្យាទៅលើរឿងនោះ គឺជាការពិត។ ក៏ប៉ុន្តែ មនុស្សភាគច្រើនមិនដឹងឡើយ។

(ទ្រង់ឲ្យពួកគេរស់ឡើងវិញ)ដើម្បីបញ្ជាក់ដល់ពួកគេនូវអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នានៅក្នុងវា និងដើម្បីឱ្យពួកដែលប្រឆាំងដឹងថា ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលធ្លាប់បានភូតកុហក។

តាមពិត បន្ទូលរបស់យើងទៅកាន់អ្វីមួយនៅពេលដែលយើងមានបំណងឱ្យវាកើតឡើងនោះ យើងគ្រាន់តែមានបន្ទូលទៅកាន់វាថា៖ “ចូរកើតចុះ” នោះវានឹងកើតឡើងភ្លាម។

ហើយបណ្តាអ្នកដែលធ្វើចំណាកស្រុកក្នុងនាមអល់ឡោះក្រោយពីពួកគេត្រូវបានគេបំពាននោះ យើងពិតជានឹងផ្តល់កន្លែងស្នាក់ដ៏ល្អប្រពៃឱ្យពួកគេនៅក្នុងលោកិយនេះ។ ហើយសម្រាប់ផលបុណ្យនៅថ្ងៃបរលោកវិញ គឺធំធេងជាងនេះទៅទៀត ប្រសិនបើពួកគេបានដឹង។

គឺបណ្តាអ្នកដែលបានអត់ធ្មត់ ព្រមទាំងប្រគល់ការទុកចិត្តទៅចំពោះព្រះជាម្ចាស់របស់ពួកគេ(តែមួយគត់)។

ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្រៅពីបុរសៗដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់ពួកគេនោះឡើយ។ ដូច្នេះ ចូរពួកអ្នកសួរពួកដែលគេផ្តល់គម្ពីរឱ្យ (ពួកយូដា និងពួកគ្រឹស្ទាន)ចុះ ប្រសិនបើពួកអ្នកមិនដឹងទេនោះ។

(យើងបានបញ្ជូនពួកគេ)ដោយនាំមកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ និងគម្ពីរជាច្រើន។ ហើយយើងបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរគួរអានដើម្បីឲ្យអ្នកបកស្រាយបញ្ជាក់ដល់មនុស្សលោកនូវអ្វីដែលគេបានបញ្ចុះទៅកាន់ពួកគេ សង្ឃឹមថាពួកគេចេះត្រិះរិះពិចារណា។

តើពួកដែលរៀបចំផែនការអាក្រក់នានាមានសុវត្ថិភាពដែរឬទេ ប្រសិនបើអល់ឡោះជាម្ចាស់ឱ្យពួកគេលិចចូលទៅក្នុងដី(ធរណីស្រូប) ឬក៏ទណ្ឌកម្មមកដល់ពួកគេដោយពួកគេមិនដឹងខ្លួននោះ?

ឬក៏ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេក្នុងខណៈដែលពួកគេធ្វើដំណើរចុះឡើង(ដើម្បីស្វែងរកលាភសក្ការៈ)នោះ? ពិតណាស់ ពួកគេមិនអាចគេចផុត(ពីទណ្ឌកម្ម)បានឡើយ។

ឬក៏ទ្រង់ដាក់ទណ្ឌកម្មពួកគេខណៈដែលពួកគេភ័យខ្លាច(អំពីវា)នោះ? ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នកមហាមេត្តាករុណា មហាអាណិតស្រលាញ់បំផុត។

តើពួកគេ(ពួកដែលបដិសេធ)មិនមើលទៅកាន់អ្វីដែលអល់ឡោះបានបង្កើតទេឬ? ស្រមោលរបស់វាម្តងរេទៅខាងស្តាំ ម្តងទៅខាងឆ្វេងដោយវា(ស្រមោល)ឱនស៊ូជោតចំពោះអល់ឡោះ ខណៈដែលពួកវាជាអ្នកដែលគោរពតាម(បទបញ្ជា)។

ហើយអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដីនៃពពួកសត្វ ព្រមទាំងបណ្តាម៉ាឡាអ៊ីកាត់ទាំងឡាយ ពួកគេទាំងនោះក្រាបស៊ូជោតចំពោះអល់ឡោះជាម្ចាស់(តែមួយគត់) ហើយពួកគេមិនក្រអឺតក្រទមឡើយ។

ពួកគេខ្លាចព្រះជាម្ចាស់របស់ពួកគេដែលនៅខាងលើ និងគោរពតាមនូវអ្វីដែលគេបង្គាប់ប្រើពួកគេ។

ហើយអល់ឡោះទ្រង់បានមានបន្ទូលថា៖ ចូរពួកអ្នកកុំយកព្រះពីរមកគោរពសក្ការៈឱ្យសោះ។ តាមពិត ទ្រង់(អល់ឡោះ)គឺជាព្រះជាម្ចាស់តែមួយគត់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចមកចំពោះយើង(តែមួយគត់)។

ហើយអ្វីដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ ហើយការគោរពសក្ការៈដោយចិត្តស្មោះសជាប់ជានិច្ច គឺសម្រាប់ទ្រង់(តែមួយគត់)។ ដូចនេះ តើពួកអ្នកកោតខ្លាចអ្នកផ្សេងក្រៅពីអល់ឡោះឬ?

ហើយឧបការគុណដែលពួកអ្នក(ឱមនុស្សលោក)ទទួលបាន គឺមកពីអល់ឡោះ(តែមួយគត់)។ ក្រោយមក នៅពេលគ្រោះបានកើតឡើងចំពោះពួកអ្នក គឺពួកអ្នកបួងសួងអង្វរករទៅកាន់ទ្រង់។

ក្រោយមកទៀត នៅពេលដែលទ្រង់ដកយកគ្រោះទាំងនោះចេញពីពួកអ្នក ស្រាប់តែមួយក្រុមក្នុងចំណោមពួកអ្នកបែរជាធ្វើស្ហ៊ីរិកនឹងព្រះជាម្ចាស់របស់ពួកគេទៅវិញ។

ដើម្បីពួកគេរមិលគុណចំពោះអ្វីដែលយើងបានប្រទានដល់ពួកគេ។ ដូច្នេះ ចូរពួកអ្នកសោយសុខ(មួយរយៈពេលខ្លី)សិនចុះ។ ជាការពិតណាស់ ពួកអ្នកគង់តែនឹងដឹងជាមិនខាន។

ហើយពួកគេ(ពួកមុស្ហរីគីន)បានរៀបចំសម្រាប់ពួក(ព្រះនានា)ដែលមិនដឹងអ្វីសោះនោះនូវចំណែកមួយពីលាភសក្ការៈដែលយើងបានប្រទានដល់ពួកគេ។ សូមស្បថនឹងអល់ឡោះថា៖ ពួកអ្នកពិតជានឹងត្រូវគេសួរអំពីអ្វីដែលពួកអ្នកបានប្រឌិតឡើងនេះជាមិនខាន។

ហើយពួកគេបានចាត់ទុកកូនស្រី ថាជាបុត្រីរបស់អល់ឡោះជាម្ចាស់។ ទ្រង់មហាស្អាតស្អំ(ពីអ្វីដែលពួកគេចោទប្រកាន់)។ ហើយពួកគេចាត់ទុកអ្វី(កូនប្រុស)ដែលពួកគេពេញចិត្ត(ចង់បាន)នោះជារបស់ខ្លួនឯង។

ហើយនៅពេលដែលមានគេប្រាប់ដំណឹងដល់នរណាម្នាក់នៃពួកគេពីកំណើតកូនស្រី មុខរបស់គេប្រែទៅជាខ្មៅ ហើយរូបគេពោរពេញទៅដោយទុក្ខព្រួយ។

គេលាក់ខ្លួន(គេចមុខ)អំពីក្រុមរបស់ខ្លួនព្រោះតែដំណឹងអាក្រក់ដែលគេទទួលបាន។ (គេគិតក្នុងចិត្តថា៖) តើគេគួររក្សាទុកកូនស្រីនេះឱ្យអាប់ឱនដល់កិត្តិយស ឬក៏យកទៅកប់ក្នុងដី(ទាំងរស់)? តើពុំមែនទេឬ អ្វីដែលពួកគេកំណត់នោះ គឺអាក្រក់បំផុត។

សម្រាប់ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក គឺមានលក្ខណៈសម្បត្តិអាក្រក់បំផុត។ តែសម្រាប់អល់ឡោះជាម្ចាស់វិញ ទ្រង់មានលក្ខណៈសម្បត្តិដ៏មហាខ្ពង់ខ្ពស់។ ហើយទ្រង់គឺមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

ហើយប្រសិនបើអល់ឡោះដាក់ទណ្ឌកម្មមនុស្សលោកដោយសារតែការបំពាន ទ្រង់នឹងមិនទុកឱ្យសត្វលោកណាមួយមានជីវិតរស់នៅលើផែនដីឡើយ។ ក៏ប៉ុន្តែ ទ្រង់ពន្យារពេលដល់ពួកគេរហូតដល់ពេលវេលាដែលត្រូវបានកំណត់។ ដូច្នេះ នៅពេលដែលអាយុកាលរបស់ពួកគេបានមកដល់ហើយនោះ គឺពួកគេមិនអាចសុំពន្យារពេលបានឡើយ ហើយក៏មិនអាចសុំឱ្យមកដល់មុនពេលកំណត់បានដែរ សូម្បីមួយវិនាទីក៏ដោយ។

ហើយពួកគេចាត់ទុកអ្វី(កូនស្រី)ដែលពួកគេស្អប់(មិនចង់បាន)នោះសម្រាប់អល់ឡោះទៅវិញ។ ហើយអណ្តាតរបស់ពួកគេបាននិយាយដោយកុហកថា៖ ពិតណាស់ ពួកគេនឹងទទួលបានលទ្ធផលដ៏ល្អប្រសើរ។ គ្មានការសង្ស័យឡើយដែលថា ពិតប្រាកដណាស់ សម្រាប់ពួកគេគឺភ្លើងនរក ហើយពិតណាស់ ពួកគេត្រូវបានគេបោះបង់ចោល។

សូមស្បថនឹងអល់ឡោះ! ជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារទៅកាន់ប្រជាជាតិជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ ពេលនោះ ស្ហៃតនបានតុបតែងលម្អសម្រាប់ពួកគេនូវទង្វើ(អាក្រក់)របស់ពួកគេ។ ហើយវាជាអ្នកគាំពាររបស់ពួកគេក្នុងលោកិយនេះ។ ហើយនៅថ្ងៃបរលោក ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។

ហើយយើងមិនបានបញ្ចុះគម្ពីរ(គួរអាន)ទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែដើម្បីឲ្យអ្នកបញ្ជាក់ដល់ពួកគេចំពោះអ្វីដែលពួកគេបានខ្វែងគំនិតគ្នានៅក្នុងវា ព្រមទាំងជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណាសម្រាប់ក្រុមដែលមានជំនឿចំពោះអល់ឡោះ។

ហើយអល់ឡោះទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ។ បន្ទាប់មក តាមរយៈទឹកភ្លៀងនេះ ទ្រង់បានធ្វើឱ្យដីរស់ឡើងវិញក្រោយពីវាស្ងួតហួតហែង។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយសម្រាប់ក្រុមដែលស្តាប់ឮ(យកវាមកពិចារណា)។

ហើយពិតប្រាកដណាស់ ចំពោះសត្វពាហនៈ គឺជាមេរៀនមួយសម្រាប់ពួកអ្នក(មនុស្សលោក)។ យើងបានផ្តល់ឲ្យពួកអ្នកទទួលទានអំពីអ្វីដែលនៅក្នុងពោះរបស់វាដែលនៅរវាងលាមក និងឈាមនូវទឹកដោះដ៏បរិសុទ្ធ និងមានរសជាតិឆ្ងាញ់សម្រាប់អ្នកដែលទទួលទាន។

ហើយចំពោះផលានុផលនៃដើមល្មើ និងទំពាំងបាយជូរ ពួកអ្នកអាចយកវាមកចំរាញ់ចេញជាគ្រឿងស្រវឹង និងធ្វើជាចំណីអាហារដ៏ល្អ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្តុតាងមួយសម្រាប់ក្រុមដែលឈ្វេងយល់។

ហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានបញ្ជូនសារទៅកាន់សត្វឃ្មុំថា៖ ចូរឯងតាំងសំបុកនានានៅតាមភ្នំ និងនៅតាមដើមឈើមួយចំនួន ក៏ដូចជានៅតាមដំបូលដែលមនុស្សសាងសង់។

ក្រោយមក ចូរឯងស៊ីអំពីផលានុផលទាំងឡាយ ហើយចូរឯងហោះហើរតាមផ្លូវនានារបស់ដែលព្រះជាម្ចាស់របស់ឯងបានបង្ហាញប្រាប់ដោយងាយស្រួលចុះ។ ទឹកឃ្មុំដែលចេញពីពោះរបស់វា គឺមានពណ៌ខុសៗគ្នា ដែលនៅក្នុងនោះ គឺជាឱសថព្យាបាលសម្រាប់មនុស្សលោក។ ពិតប្រាកដណាស់នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយសម្រាប់ក្រុមដែលចេះគិតពិចារណា។

ហើយអល់ឡោះទ្រង់បានបង្កើតពួកអ្នក។ ក្រោយមក ទ្រង់ដកយកជីវិតរបស់ពួកអ្នក។ ហើយក្នុងចំណោមពួកអ្នក មានអ្នកដែលគេទុកអាយុជីវិតរហូតដល់ដំណាក់កាលអាក្រក់បំផុតនៃជីវិត(ចាស់ជរា) ដោយគេមិនដឹងនូវអ្វីដែលគេធ្លាប់បានដឹងពីមុននោះទេ(ព្រោះតែភាពវង្វេងវង្វាន់)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹង មហាមានអានុភាពបំផុត។

ហើយអល់ឡោះទ្រង់បានលើកតម្កើងមនុស្សមួយចំនួននៃពួកអ្នកឱ្យប្រសើរជាងគ្នាចំពោះលាភសក្ការៈ។ ចំពោះអ្នកដែលគេ(អល់ឡោះ)បានលើកតម្កើង ពួកគេមិនចង់ផ្តល់លាភសក្ការៈរបស់ខ្លួនឲ្យទៅខ្ញុំបម្រើដាច់ថ្លៃរបស់ពួកគេដើម្បីឱ្យខ្ញុំបម្រើដាច់ថ្លៃនោះមានភាពស្មើគ្នាជាមួយនឹងពួកគេ(ដែលជាចៅហ្វាយ)ឡើយ។ (ចុះហេតុអ្វីបានជាពួកគេពេញចិត្តចង់ឲ្យអល់ឡោះជាម្ចាស់មានភាពស្មើគ្នាជាមួយនឹងខ្ញុំបម្រើរបស់ទ្រង់?) ដូច្នេះ តើចំពោះឧបការគុណរបស់អល់ឡោះពួកគេរមិលគុណឬ?

ហើយអល់ឡោះទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវភរិយាពីអម្បូររបស់ពួកអ្នក(ឱមនុស្សលោក) ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកចេញពីភរិយារបស់ពួកអ្នកនូវកូនចៅជាច្រើន ព្រមទាំងបានប្រទាននូវលាភសក្ការៈដល់ពួកអ្នកនូវចំណីអាហារដែលល្អៗ។ ដូច្នេះ តើចំពោះប្រការខុសឆ្គង(រូបបដិមា និងព្រះនានា)ពួកគេមានជំនឿ តែចំពោះឧបការគុណរបស់អល់ឡោះ ពួកគេបែរជារមិលគុណឬ?

ហើយពួកគេគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះដែលពួកវាគ្មានសិទ្ធិផ្តល់លាភសក្ការៈអ្វីបន្តិចដល់ពួកគេទាំងពីលើមេឃជាច្រើនជាន់ និងនៅលើផែនដីនោះឡើយ ហើយពួកវាក៏គ្មានសមត្ថភាពនោះដែរ។

ហេតុនេះ ចូរពួកអ្នក(ឱមនុស្សលោក)កុំយកអល់ឡោះជាម្ចាស់ទៅប្រៀប(នឹងរូបបដិមាទាំងនោះ)។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុត តែពួកអ្នកវិញមិនដឹងអ្វីឡើយ។

អល់ឡោះជាម្ចាស់ទ្រង់លើកនូវឧទាហរណ៍មួយ គឺខ្ញុំបម្រើដាច់ថ្លៃម្នាក់ដែលនៅក្រោមការគ្រប់គ្រងរបស់គេ ដែលរូបគេ(ខ្ញុំបម្រើ)គ្មានលទ្ធភាពអ្វីបន្តិចឡើយ ហើយនិងអ្នកដែលយើងបានប្រទានដល់គេនូវលាភសក្ការៈដ៏ល្អប្រពៃអំពីយើង ដោយគេអាចបរិច្ចាគវាទាំងដោយស្ងាត់កំបាំង និងដោយបើកចំហ។ តើអ្នកទាំងពីរមានភាពស្មើគ្នាដែរឬទេ? ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេ គឺមិនដឹងឡើយ។

ហើយអល់ឡោះជាម្ចាស់ទ្រង់បានលើកនូវឧទាហរណ៍(មួយទៀត) គឺបុរសពីរនាក់ដោយម្នាក់ក្នុងចំណោមគេទាំងពីរ ជាមនុស្សគដែលគ្មានលទ្ធភាពធ្វើអ្វីឡើយ ហើយរូបគេគឺជាបន្ទុកដ៏ធ្ងន់ធ្ងរចំពោះអាណាព្យាបាលរបស់ខ្លួនថែមទៀត។ ទោះបីជាគេ(អាណាព្យាបាល)ប្រើជននោះឲ្យទៅទីណាក៏ដោយ ក៏រូបគេមិនដែលនាំមកវិញនូវប្រការល្អនោះដែរ។ តើមានភាពស្មើគ្នាដែរឬទេរវាងរូបគេ ហើយនិងអ្នកដែលប្រើ(មនុស្ស)ឱ្យប្រកាន់ខ្ជាប់នឹងភាពយុត្តិធម៌ ហើយរូបគេក៏ស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវដែរនោះ?

ហើយប្រការអាថ៌កំបាំងដែលមាននៅលើមេឃជាច្រើនជាន់និងនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយកិច្ចការនៃថ្ងៃបរលោកនោះ គឺ(នឹងមកដល់យ៉ាងឆាប់រហ័សបំផុត)ប្រៀបបាននឹងមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ឬឆាប់ជាងនេះទៅទៀត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

ហើយអល់ឡោះទ្រង់បានបញ្ចេញពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ពីផ្ទៃម្តាយរបស់ពួកអ្នកដោយពួកអ្នកមិនដឹងអ្វីទាល់តែសោះ។ ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវការស្តាប់ឮ ការមើលឃើញ និងដួងចិត្ត(ចេះគិតពិចារណា) សង្ឃឹមថាពួកអ្នកនឹងដឹងគុណ(ចំពោះអល់ឡោះ)។

តើពួកគេ(ពួកមុស្ហរីគីន)មិនបានសម្លឹងមើលទៅកាន់សត្វបក្សីដែលហោះហើរយ៉ាងងាយស្រួលនៅលើអាកាសទេឬ? គ្មាននរណាអាចទប់វា(មិនឱ្យធ្លាក់) ក្រៅពីអល់ឡោះឡើយ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្តុតាងសម្រាប់ក្រុមដែលមានជំនឿ។

ហើយអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតចេញពីគេហដ្ឋានរបស់ពួកអ្នក ជាកន្លែងស្នាក់នៅ(និងសម្រាក)សម្រាប់ពួកអ្នក។ ហើយទ្រង់បានបង្កើតស្បែកសត្វពាហនៈសម្រាប់ពួកអ្នកធ្វើជាតង់ដែលវាស្រាលសម្រាប់ពួកអ្នក(ក្នុងការយកតាមខ្លួន)ក្នុងពេលធ្វើដំណើរ និង(ងាយស្រួលក្នុងការតម្លើង)នៅពេលដែលពួកអ្នកបោះទីតាំង។ ហើយទ្រង់ក៏បានបង្កើតសម្រាប់ពួកអ្នកផងដែរនូវរោមចៀម រោមសត្វអូដ្ឋ និងរោមសត្វពពែទាំងឡាយធ្វើជាគ្រឿងសង្ហារឹម និងជាគ្រឿងតុបតែងលម្អ(ដែលពួកអ្នកអាចប្រើប្រាស់វា)រហូតដល់ពេលកំណត់។

ហើយអល់ឡោះបានបង្កើតសម្រាប់ពួកអ្នកនូវអ្វីដែលផ្តល់ជាម្លប់ដល់ពួកគេអំពី(ដើមឈើ និងអ្វីផ្សេងទៀត)ដែលទ្រង់បានបង្កើត ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកអំពីភ្នំទាំងឡាយនូវរូងភ្នំ និងបានបង្កើតសម្រាប់ពួកអ្នកនូវសម្លៀកបំពាក់ដែលអាចការពារពួកអ្នកអំពីកម្តៅ(និងភាពត្រជាក់) ហើយនិងសម្លៀកបំពាក់(អាវក្រោះ)ដែលអាចការពារពួកអ្នកពីគ្រោះថ្នាក់(ក្នុងសមរភូមិ)។ ក៏ដូច្នោះដែរ ទ្រង់បានបំពេញនូវឧបការគុណរបស់ទ្រង់ដល់ពួកអ្នក សង្ឃឹមថាពួកអ្នកប្រគល់ខ្លួន(ចំពោះទ្រង់)។

តែប្រសិនបើពួកគេងាកចេញវិញ តាមពិត តួនាទីរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គឺគ្រាន់តែផ្សព្វផ្សាយ(សារ)ដ៏ច្បាស់លាស់ប៉ុណ្ណោះ។

ពួកគេ(ពួកមុស្ហរីគីន)បានទទួលស្គាល់នូវឧបការគុណរបស់អល់ឡោះ(ភាពជាព្យាការីរបស់អ្នកនាំសារមូហាំម៉ាត់)។ ក្រោយមក ពួកគេបែរបដិសេធចំពោះវាទៅវិញ។ ហើយភាគច្រើននៃពួកគេ គឺប្រឆាំង។

ហើយនៅថ្ងៃដែលយើងនឹងតែងតាំងពីរាល់ប្រជាជាតិនីមួយៗនូវ(អ្នកនាំសារម្នាក់ជា)សាក្សី។ បន្ទាប់មក គេនឹងមិនអនុញ្ញាតឱ្យពួកគ្មានជំនឿ(និយាយដោះសារ)ឡើយ ហើយពួកគេក៏មិនត្រូវបានគេសុំឱ្យវិលត្រឡប់(សារភាពកំហុសចំពោះអល់ឡោះ)នោះដែរ។

ហើយនៅពេលដែលពួកបំពានបានឃើញនូវទណ្ឌកម្ម ពេលនោះគេនឹងមិនបន្ធូរបន្ថយ(ទណ្ឌកម្ម)ចំពោះពួកគេឡើយ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេល(ដាក់ទណ្ឌកម្ម)នោះដែរ។

ហើយនៅពេលដែលពួកធ្វើស្ហ៊ីរិកបានឃើញព្រះនានារបស់ពួកគេ ពួកគេនឹងនិយាយថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ពួកទាំងនោះហើយជាព្រះនានារបស់ពួកយើងដែលពួកយើងធ្លាប់គោរពសក្ការៈចំពោះពួកវាផ្សេងពីព្រះអង្គនោះ។ ពេលនោះ ពួកវាក៏បានឆ្លើយតបទៅវិញថា៖ ពិតប្រាកដណាស់ ពួកអ្នកគឺជាពួកដែលភូតកុហក។

ហើយនៅថ្ងៃនោះ ពួកគេ(ពួកដែលធ្វើស្ហ៊ីរិក)បានប្រគល់ខ្លួនទៅចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ ហើយអ្វី(ព្រះនានា)ដែលពួកគេធ្លាប់បានប្រឌិតឡើងនោះបានបាត់បង់ចេញពីពួកគេ។

ពួកដែលប្រឆាំង(នឹងអល់ឡោះ) និងបានរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះនោះ យើងនឹងបន្ថែមទណ្ឌកម្មផ្ទួនៗលើពួកគេដោយសារតែពួកគេបានបង្កវិនាសកម្ម។

ហើយ(ចូរអ្នករំលឹក)នៅថ្ងៃដែលយើងនឹងតែងតាំងពីរាល់ប្រជាជាតិនីមួយៗនូវ(អ្នកនាំសារម្នាក់ជា)សាក្សីទៅលើពួកគេពីជាតិសាសន៍របស់ពួកគេផ្ទាល់។ ហើយយើងក៏នឹងនាំរូបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មកធ្វើជាសាក្សីទៅលើអ្នកទាំងនោះផងដែរ។ ហើយយើងបានបញ្ចុះនូវគម្ពីរ(គួរអាន)ទៅកាន់អ្នកដើម្បីបញ្ជាក់រាល់អ្វីៗទាំងអស់ ជាការចង្អុលបង្ហាញ ជាក្តីមេត្តាករុណា និងជាដំណឹងរីករាយសម្រាប់បណ្តាអ្នកមូស្លីម។

ពិតប្រាកដណាស់ អល់ឡោះទ្រង់បង្គាប់ប្រើឲ្យប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ និងមានគុណធម៌ ហើយនិងបរិច្ចាគទានដល់សាច់ញាតិ ព្រមទាំងហាមឃាត់នូវទង្វើអសីលធម៌ អំពើទុច្ចរិត និងការបំពាន។ ទ្រង់ទូន្មានពួកអ្នក សង្ឃឹមថាពួកអ្នកនឹងនឹករលឹក។

ហើយចូរពួកអ្នកគោរពតាមកិច្ចសន្យារបស់អល់ឡោះដែលជាកាតព្វកិច្ចលើពួកអ្នក ហើយចូរពួកអ្នកកុំក្បត់នឹងពាក្យសម្បថទាំងឡាយក្រោយពីពួកអ្នកបានបញ្ជាក់វា(ស្បថ) ខណៈដែលពួកអ្នកបានយកអល់ឡោះធ្វើជាអ្នកធានាលើពួកអ្នកហើយនោះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។

ហើយចូរពួកអ្នកកុំធ្វើខ្លួនឲ្យដូចជាស្ត្រីម្នាក់ដែលបានធ្វើឲ្យអំបោះហុងរបស់នាងខូច ក្រោយពីនាងបានរុំវាយ៉ាងណែនហើយនោះ។ ពួកអ្នកបានធ្វើឱ្យពាក្យសម្បថរបស់ពួកអ្នកក្លាយទៅជាការបោកប្រាស់គ្នារវាងពួកអ្នកដោយសារ(ពួកអ្នកឃើញថា)ក្រុមមួយ(ក្រុមរបស់ពួកអ្នក) មានភាពខ្លាំងក្លាជាងក្រុមមួយទៀត។ តាមពិត អល់ឡោះទ្រង់គ្រាន់តែសាកល្បងពួកអ្នកតាមរយៈវា(ការឲ្យគោរពតាមកិច្ចសន្យា)ប៉ុណ្ណោះ និងដើម្បីទ្រង់បញ្ជាក់ដល់ពួកអ្នកនៅថ្ងៃបរលោកចំពោះអ្វីដែលពួកអ្នកខ្វែងគំនិតគ្នានៅក្នុងវា។

ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់ពិតជានឹងធ្វើឱ្យពួកអ្នកក្លាយជាប្រជាជាតិតែមួយជាមិនខាន។ ក៏ប៉ុន្តែទ្រង់ធ្វើឱ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនា និងចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនា។ ហើយពួកអ្នកពិតជានឹងត្រូវគេសួរអំពីអ្វីដែលពួកអ្នកធ្លាប់បានសាងមិនខានឡើយ។

ហើយចូរពួកអ្នកកុំធ្វើឲ្យពាក្យសម្បថរបស់ពួកអ្នកក្លាយជាការបោកប្រាស់គ្នារវាងពួកអ្នកដែលជាហេតុនឹងធ្វើឱ្យជើងរបស់ពួកអ្នកញ័រ(រអិលចេញពីមាគ៌ាត្រឹមត្រូវ)បន្ទាប់ពីវាមានលំនឹងហើយនោះ។ ហើយពួកអ្នកនឹងភ្លក់នូវទណ្ឌកម្មដោយសារតែពួកអ្នករារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ។ ហើយសម្រាប់ពួកអ្នកនឹងត្រូវទទួលនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។

ហើយចូរពួកអ្នកកុំយកកិច្ចសន្យារបស់អល់ឡោះទៅប្តូរនឹងកម្រៃបន្តិចបន្តួចឱ្យសោះ។ តាមពិត អ្វីដែលមាននៅជាមួយអល់ឡោះ គឺល្អប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបានដឹង។

អ្វីដែលមាននៅជាមួយពួកអ្នកគឺនឹងបាត់បង់ទៅវិញ។ តែអ្វីដែលនៅជាមួយអល់ឡោះ គឺនៅគង់វង្សជានិច្ច។ ហើយយើងពិតជានឹងតបស្នងដល់បណ្តាអ្នកដែលអត់ធ្មត់នូវផលបុណ្យរបស់ពួកគេដែលល្អប្រសើរលើសពីអ្វីដែលពួកគេបានសាងទៅទៀត។

ជនណាដែលបានសាងទង្វើកុសលក្នុងចំណោមបុរសឬស្ត្រី ហើយគេជាអ្នកដែលមានជំនឿទៀតនោះ យើងពិតជានឹងផ្តល់ឲ្យគេនូវជីវិតរស់នៅដ៏ល្អប្រសើរ(ក្នុងលោកិយ) ហើយយើងពិតជានឹងតបស្នងដល់ពួកគេនូវផលបុណ្យរបស់ពួកគេ(នៅថ្ងៃបរលោក)ដែលល្អប្រសើរលើសពីអ្វីដែលពួកគេបានសាងទៅទៀត។

ហើយនៅពេលដែលអ្នក(ឱអ្នកមានជំនឿ)ចង់សូត្រគម្ពីរគួរអាន ចូរអ្នកបួងសួងសុំពីអល់ឡោះឱ្យបញ្ចៀសពីស្ហៃតនដែលត្រូវបានគេដាក់បណ្តាសា។ أَعُوذُ بِاللهِ مِنَ الشَّيْطَانِ الرَّجِيْمِ

ពិតប្រាកដណាស់ វា(ស្ហៃតន)គ្មានអំណាចអ្វីទៅលើបណ្តាអ្នកដែលមានជំនឿ ហើយបានប្រគល់ការទុកចិត្តទៅចំពោះព្រះជាម្ចាស់របស់ពួកគេនោះឡើយ។

តាមពិត អំណាចរបស់វាគឺមានតែទៅលើពួកដែលយកវាធ្វើជាអ្នកគាំពារ ហើយនិងពួកធ្វើស្ហ៊ីរិក(ព្រោះតែដើរតាមវា)ប៉ុណ្ណោះ។

ហើយនៅពេលដែលយើងបានផ្លាស់ប្តូរវាក្យខណ្ឌណាមួយ(នៃគម្ពីរគួរអាន)ដោយវាក្យខណ្ឌមួយផ្សេងទៀត ខណៈដែលទ្រង់ដឹងបំផុតនូវអ្វីដែលទ្រង់ត្រូវបញ្ចុះនោះ ពួកគ្មានជំនឿបែរជានិយាយថា៖ ពិតណាស់ អ្នក(ឱមូហាំម៉ាត់)គឺជាអ្នកប្រឌិតភូតកុហក(ទៅលើអល់ឡោះ)ទៅវិញ។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេ គឺមិនដឹងនោះឡើយ។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ម៉ាឡាអ៊ីកាត់ជីព្រីលបានចុះមកដោយនាំមកនូវគម្ពីរគួរអានពីព្រះជាម្ចាស់របស់អ្នកយ៉ាងពិតប្រាកដ ដើម្បីពង្រឹងដល់បណ្តាអ្នកដែលមានជំនឿ ជាការចង្អុលបង្ហាញ និងជាដំណឹងរីករាយដល់បណ្តាអ្នកមូស្លីម។

ហើយយើង(អល់ឡោះ)ដឹងថា ពិតណាស់ពួកគេ(ពួកមុស្ហរីគីន)នឹងនិយាយថា៖ “តាមពិត អ្នកដែលបង្រៀនគម្ពីរគួរអានដល់គាត់(ព្យាការីមូហាំម៉ាត់)នោះ គ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ”។ ភាសារបស់អ្នកដែលពួកគេចោទថា មកបង្រៀនដល់គាត់នោះ គឺជាភាសាផ្សេងក្រៅពីភាសាអារ៉ាប់។ តែនេះ(គម្ពីរគួរអាន) គឺភាសាអារ៉ាប់យ៉ាងច្បាស់លាស់។

ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងបណ្តាវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះនោះ គឺអល់ឡោះនឹងមិនចង្អុលបង្ហាញពួកគេឡើយ។ ហើយសម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។

តាមពិត អ្នកដែលប្រឌិតនូវការភូតកុហកនោះ គឺពួកដែលមិនមានជំនឿចំពោះបណ្តាវាក្យខណ្ឌរបស់អល់ឡោះនោះឯង។ ពួកទាំងនោះហើយ គឺជាពួកដែលភូតកុហក។

ជនណាដែលគ្មានជំនឿនឹងអល់ឡោះក្រោយពីមានជំនឿហើយនោះ (គេនឹងទទួលការខឹងសម្បាពីអល់ឡោះ) លើកលែងតែអ្នកដែលត្រូវបានគេគាបសង្កត់ ទាំងដែលចិត្តរបស់គេវិញនៅនឹងនរលើសេចក្តីជំនឿប៉ុណ្ណោះ។ ក៏ប៉ុន្តែ ជនណាដែលបើកចិត្តទទួលយកភាពគ្មានជំនឿនោះ ពួកគេនឹងទទួលនូវការខឹងសម្បាពីអល់ឡោះ ហើយសម្រាប់ពួកគេ គឺនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។

នោះគឺដោយសារតែពួកគេពេញចិត្តជីវិតលោកិយជាងថ្ងៃបរលោក។ ហើយពិតប្រាកដណាស់ អល់ឡោះទ្រង់មិនចង្អុលបង្ហាញក្រុមដែលគ្មានជំនឿឡើយ។

ពួកទាំងនោះហើយជាពួកដែលអល់ឡោះជាម្ចាស់ទ្រង់បោះត្រាភ្ជិតលើដួងចិត្ត ការស្តាប់ឮ និងការមើលឃើញរបស់ពួកគេ។ ហើយពួកទាំងនោះហើយ គឺជាពួកដែលព្រងើយកន្តើយ។

គ្មានការសង្ស័យឡើយដែលថា ពិតណាស់ពួកគេនៅថ្ងៃបរលោក គឺជាពួកដែលខាតបង់។

ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចំពោះបណ្តាអ្នកដែលបានធ្វើចំណាកស្រុក(ពីក្រុងម៉ាក្កះទៅកាន់ក្រុងម៉ាទីណះ) ក្រោយពីពួកគេត្រូវបានគេសាកល្បង បន្ទាប់មក ពួកគេបានតស៊ូ និងបានអត់ធ្មត់នោះ ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក បន្ទាប់ពីរឿងទាំងនោះ គឺមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។

(ចូររំលឹកពួកគេ) នៅថ្ងៃដែលបុគ្គលគ្រប់រូបឈ្លោះប្រកែកចំពោះខ្លួនឯង។ ហើយបុគ្គលគ្រប់រូបនឹងត្រូវបានគេតបស្នងយ៉ាងពេញលេញនូវអ្វីដែលគេបានប្រព្រឹត្តដោយពួកគេមិនត្រូវបានគេបំពានឡើយ។

ហើយអល់ឡោះទ្រង់បានលើកយកឧទាហរណ៍នូវភូមិស្រុកមួយ(ក្រុងម៉ាក្កះ) ដែលធ្លាប់មានសុខសន្តិភាព និងជីវភាពសមរម្យដោយលាភសក្ការៈផ្សេងៗបានមកដល់វា(ក្រុងម៉ាក្កះ)យ៉ាងងាយស្រួលពីគ្រប់ទីកន្លែង។ តែពួកគេបានរមិលគុណចំពោះឧបការគុណរបស់អល់ឡោះទៅវិញ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានឱ្យពួកគេភ្លក់រសជាតិនៃភាពអត់ឃ្លាន និងភាពភ័យខ្លាច ដោយសារតែអ្វីដែលពួកគេបានសាង។

ហើយពិតប្រាកដណាស់ អ្នកនាំសារម្នាក់ដែលចេញពីចំណោមពួកគេ(អ្នកស្រុកម៉ាក្កះ)បានមកដល់ពួកគេ ក៏ប៉ុន្តែពួកគេបានបដិសេធចំពោះគាត់។ ដូច្នេះ ទ្រង់ក៏បានដាក់ទណ្ឌកម្មពួកគេ ខណៈដែលពួកគេ គឺជាពួកដែលបំពាន។

ហេតុនេះ ចូរពួកអ្នក(ឱខ្ញុំបម្រើរបស់អល់ឡោះ)ទទួលទានចុះអំពីចំណីអាហារដែលគេអនុញ្ញាត(ហាឡាល់) ស្អាតស្អំ ដែលអល់ឡោះបានប្រទានជាលាភសក្ការៈដល់ពួកអ្នក។ ហើយចូរពួកអ្នកដឹងគុណចំពោះឧបការគុណរបស់អល់ឡោះ ប្រសិនបើពួកអ្នកគោរពសក្ការៈចំពោះទ្រង់(តែមួយគត់)មែននោះ។

តាមពិត ទ្រង់បានដាក់បម្រាមទៅលើពួកអ្នកមិនឱ្យទទួលទានសត្វស្លាប់(ដែលពុំបានសំឡេះត្រឹមត្រូវតាមច្បាប់អ៊ីស្លាម) ឈាម សាច់ជ្រូក ហើយនិងអ្វីដែលគេសំឡេះ(ជាតង្វាយ)សម្រាប់អ្នកផ្សេងក្រៅពីអល់ឡោះ។ តែប្រសិនបើជនណាត្រូវបានគេបង្ខំ(ឱ្យទទួលទានអាហារទាំងនេះ) ដោយគេពុំមែនជាអ្នកដែលបំពាន ហើយក៏ពុំមែនជាអ្នករំលងព្រំដែន(នៃតម្រូវការចាំបាច់របស់ខ្លួន)ដែរនោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះរូបគេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។

ហើយចូរពួកអ្នក(ឱពួកមុស្ហរីគីន)កុំនិយាយនូវអ្វីដែលអណ្តាតរបស់ពួកអ្នកពិពណ៌នាដោយភូតកុហកថា៖ អាហារនេះគេអនុញ្ញាត(ឱ្យទទួលទាន) ហើយអាហារនេះគេមិនអនុញ្ញាត ដើម្បីប្រឌិតនូវពាក្យភូតកុហកទៅលើអល់ឡោះឲ្យសោះ។ ពិតប្រាកដណាស់ ពួកដែលប្រឌិតនូវពាក្យភូតកុហកទៅលើអល់ឡោះនោះនឹងមិនទទួលបានជោគជ័យឡើយ។

(ពួកគេទទួលបាន)ការសប្បាយរីករាយក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ ហើយ(ថ្ងៃបរលោក) ពួកគេនឹងទទួលនូវទណ្ឌកម្មយ៉ាងឈឺចាប់បំផុត។

ហើយចំពោះពួកយូដា យើងបានហាមឃាត់ចំពោះពួកគេនូវអ្វីដែលយើងបាននិទានប្រាប់អ្នកកាលពីមុន(គឺដូចមាននៅក្នុងវាក្យខណ្ឌទី១៤៦ នៃជំពូកអាល់អាន់អាម)។ ហើយយើងមិនបានបំពានលើពួកគេឡើយ ក៏ប៉ុន្តែពួកគេទៅវិញទេដែលបានបំពានលើខ្លួនឯង។

បន្ទាប់មក ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចំពោះបណ្តាអ្នកដែលបានសាងអំពើអាក្រក់ដោយល្ងង់ខ្លៅ ក្រោយមក ពួកគេបានសារភាពកំហុស និងបានកែខ្លួនបន្ទាប់ពីនោះ។ ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក បន្ទាប់ពីរឿងទាំងនោះ គឺមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។

ជាការពិតណាស់ ព្យាការីអ៊ីព្រហ៊ីម គឺជាអ្នកដឹកនាំ(ទៅកាន់ប្រការល្អ) ជាអ្នកដែលគោរពប្រតិបត្តិចំពោះអល់ឡោះ និងជាអ្នកដែលស្មោះសចំពោះសាសនា ហើយគាត់មិនស្ថិតក្នុងចំណោមអ្នកដែលធ្វើស្ហ៊ីរិកឡើយ។

ហើយគាត់ជាអ្នកដែលដឹងគុណចំពោះឧបការគុណរបស់ទ្រង់។ ទ្រង់បានជ្រើសរើសគាត់(ធ្វើជាព្យាការី) និងបានចង្អុលបង្ហាញគាត់ទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។

ហើយយើងបានប្រទានដល់គាត់នូវប្រការល្អនៅក្នុងលោកិយនេះ។ ហើយពិតប្រាកដណាស់ នៅថ្ងៃបរលោក គាត់នឹងស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសល។

ក្រោយមក យើងបានផ្តល់វ៉ាហ៊ីដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ថា៖ ចូរអ្នកដើរតាមសាសនារបស់ព្យាការីអ៊ីព្រហ៊ីមដ៏ស្មោះស។ ហើយគាត់(ព្យាការីអ៊ីព្រហ៊ីម)មិនស្ថិតក្នុងចំណោមអ្នកដែលធ្វើស្ហ៊ីរិកឡើយ។

តាមពិត គេបានចាត់ទុក(ការលើកតម្កើង)ថ្ងៃសៅរ៍ គឺជាកាតព្វកិច្ចទៅលើពួក(យូដា)ដែលបានខ្វែងគំនិតគ្នានៅក្នុងវា។ ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងកាត់សេចក្តីរវាងពួកគេនៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នាចំពោះវា។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពាវនាវទៅកាន់មាគ៌ានៃព្រះជាម្ចាស់របស់អ្នក(សាសនាអ៊ីស្លាម)ដោយគតិបណ្ឌិត និងការណែនាំដែលល្អ។ ហើយចូរអ្នកជជែកវែកញែកជាមួយពួកគេតាមមធ្យោបាយណាដែលល្អបំផុត។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកទ្រង់ដឹងបំផុតចំពោះជនណាដែលង្វេងចេញពីមាគ៌ារបស់ទ្រង់ ហើយទ្រង់ក៏ដឹងបំផុតផងដែរចំពោះបណ្តាអ្នកដែលទទួលបានការចង្អុលបង្ហាញ។

ហើយប្រសិនបើពួកអ្នកចង់ដាក់ទោសពួកគេ(សត្រូវ) ចូរពួកអ្នកដាក់ទោស(ពួកគេ)ដូចអ្វីដែលគេបានប្រព្រឹត្តមកលើពួកអ្នក។ តែប្រសិនបើពួកអ្នកអត់ធ្មត់(មិនសងសឹក) វាពិតជាប្រសើរបំផុតសម្រាប់បណ្តាអ្នកដែលអត់ធ្មត់។

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចុះ ហើយការអត់ធ្មត់របស់អ្នក គឺគ្មានអ្វីក្រៅពីការជួយពីអល់ឡោះដល់អ្នក។ ហើយចូរអ្នកកុំមានទុក្ខព្រួយចំពោះពួកគេ និងកុំព្រួយបារម្ភ ដោយសារតែល្បិចកលដែលពួកគេរៀបចំឲ្យសោះ។

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលកោតខ្លាច(ទ្រង់) ហើយនិង(នៅជាមួយ)បណ្តាអ្នកដែលសាងអំពើល្អទាំងឡាយ។