The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe night journey [Al-Isra] - Khmer translation - Rowwad Translation Center
Surah The night journey [Al-Isra] Ayah 111 Location Maccah Number 17
អល់ឡោះមហាស្អាតស្អំដែលបានឲ្យខ្ញុំបម្រើរបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ធ្វើដំណើរនាពេលយប់ចេញពីម៉ាស្ជិទអាល់ហារ៉ម(ទីក្រុងម៉ាក្កះ)ទៅកាន់ម៉ាស្ជិទអាល់អឹកសរ(ក្រុងយេរូសាឡឹម) ដែលយើង(អល់ឡោះ)បានប្រទានពរជ័យនៅជុំវិញវា(ម៉ាស្ជិទអាល់អឹកសរ) ដើម្បីបង្ហាញឲ្យគេ(ព្យាការីមូហាំម៉ាត់)បានឃើញនូវសញ្ញាភស្តុតាងទាំងឡាយរបស់យើង។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាឃើញបំផុត។
ហើយយើងបានប្រទានឱ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត) និងបានចាត់ទុកវាជាការចង្អុលបង្ហាញដល់អម្បូរអ៊ីស្រាអែល(ដោយយើងបានហាមឃាត់ថា៖) ពួកអ្នកមិនត្រូវយកអ្នកផ្សេងក្រៅពីយើងធ្វើជាអ្នកគាំពារឡើយ។
ឱពូជអម្បូរដែលយើងបានសង្រ្គោះជាមួយនឹងព្យាការីនួហ! (ចូរពួកអ្នកយកគំរូតាមព្យាការីនួហចុះ។) ពិតប្រាកដណាស់ គាត់គឺជាខ្ញុំបម្រើម្នាក់ដែលដឹងគុណ(អល់ឡោះ)បំផុត។
ហើយយើងបានប្រាប់ដល់អម្បូរអ៊ីស្រាអែលនៅក្នុងគម្ពីរតាវរ៉តថា៖ ពិតប្រាកដណាស់ ពួកអ្នកប្រាកដជានឹងបង្កវិនាសកម្មនៅលើផែនដីនេះចំនួនពីរដង ហើយពួកអ្នកពិតជាបំពានហួសព្រំដែនយ៉ាងខ្លាំងបំផុត។
ហើយនៅពេលដែលការបង្កវិនាសកម្មលើកទីមួយបានកើតឡើង យើងបានចាត់តាំងបណ្តាខ្ញុំបម្រើរបស់យើងដែលជាក្រុមខ្លាំងពូកែបំផុតនោះគ្រប់គ្រងទៅលើពួកអ្នក ហើយពួកគេបានចូលលុកលុយនៅចន្លោះលំនៅឋាន(របស់ពួកអ្នក)។ ហើយការសន្យា(របស់អល់ឡោះ) គឺពិតជាកើតឡើងយ៉ាងពិតប្រាកដ។
ក្រោយមក យើងបានត្រឡប់មកឱ្យពួកអ្នក(ឱអម្បូរអ៊ីស្រាអែល)នូវជ័យជម្នះទៅលើពួកគេវិញ។ ហើយយើងបានបន្ថែមឱ្យពួកអ្នកនូវទ្រព្យសម្បត្តិ និងកូនចៅ ព្រមទាំងបានធ្វើឱ្យពួកអ្នកមានធនធានច្រើនជាង(សត្រូវរបស់ពួកអ្នក)ថែមទៀត។
ប្រសិនបើពួកអ្នក(ឱអម្បូរអ៊ីស្រាអែល)សាងអំពើល្អ ផលនៃអំពើល្អនោះគឺសម្រាប់ខ្លួនពួកអ្នកផ្ទាល់។ ហើយប្រសិនបើពួកអ្នកបានសាងអំពើអាក្រក់ ផលអាក្រក់នោះក៏សម្រាប់ខ្លួនពួកអ្នកវិញដូចគ្នា។ ហើយនៅពេលដែលការបង្កវិនាសលើកទីពីរកើតឡើង (យើងក៏បានឱ្យសត្រូវរបស់ពួកអ្នកគ្រប់គ្រងទៅលើពួកអ្នកម្តងទៀត) ដើម្បីពួកគេធ្វើឱ្យពួកអ្នកអាម៉ាស់មុខ និងដើម្បីឱ្យពួកគេចូលក្នុងពៃទុលមឹកទីស ដូចដែលពួកគេបានចូលទៅក្នុងវាកាលពីលើកដំបូង(លើកទីមួយ) ព្រមទាំងដើម្បីពួកគេបំផ្លាញខ្ទេចខ្ទីនូវអ្វីដែលពួកគេបានត្រួតត្រា។
សង្ឃឹមថាព្រះជាម្ចាស់របស់ពួកអ្នក(ឱអម្បូរអ៊ីស្រាអែល)នឹងអាណិតស្រលាញ់ពួកអ្នក។ តែប្រសិនបើពួកអ្នកត្រឡប់ទៅ(បង្កវិនាសកម្ម)ម្តងទៀត យើងក៏នឹងត្រឡប់ទៅ(ដាក់ទោសពួកអ្នក)វិញដែរ។ ហើយយើងបានបង្កើតនរកជើហាន់ណាំជាកន្លែងឃុំឃាំងសម្រាប់ពួកដែលប្រឆាំង។
ពិតប្រាកដណាស់ គម្ពីរគួរអាននេះចង្អុលបង្ហាញ(មនុស្ស)ទៅរកមាគ៌ាដ៏ល្អត្រឹមត្រូវបំផុត(សាសនាអ៊ីស្លាម) និងផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលបានសាងនូវទង្វើកុសលថា ជាការពិតណាស់ សម្រាប់ពួកគេនឹងទទួលនូវផលបុណ្យដ៏ធំធេង។
ហើយជាការពិតណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោកវិញ យើងបានត្រៀមទុកសម្រាប់ពួកគេនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត(នៅថ្ងៃបរលោក)។
ហើយមនុស្សលោកបួងសួងសុំឲ្យទទួលបាននូវប្រការអាក្រក់(នៅពេលដែលគេមានកំហឹង) ដូចជាការដែលគេបួងសួងសុំឲ្យទទួលបាននូវប្រការល្អដែរ។ ពិតប្រាកដណាស់ មនុស្សលោក គឺមានចរិតតក់ក្រហល់។
ហើយយើងបានបង្កើតពេលយប់និងពេលថ្ងៃ ជាសញ្ញាពីរ។ ក្រោយមក យើងបានធ្វើឲ្យសញ្ញានៃពេលយប់ (គឺភាពងងឹត) ហើយបានធ្វើឲ្យសញ្ញានៃពេលថ្ងៃ គឺពន្លឺ ដើម្បីពួកអ្នកស្វែងរកការប្រោសប្រទាន(លាភសក្ការៈ)ពីព្រះជាម្ចាស់របស់ពួកអ្នក និងដើម្បីឲ្យពួកអ្នកបានដឹងពីចំនួនឆ្នាំ និងការគណនា(ពេលវេលា)។ ហើយរាល់អ្វីៗទាំងអស់ យើងបានបញ្ជាក់វាយ៉ាងលម្អិត។
ហើយមនុស្សគ្រប់រូប យើងបានឱ្យទង្វើរបស់គេនៅជាប់នឹងក(ប្រៀបដូចខ្សែកនៅជាប់នឹងក)របស់គេជានិច្ច។ ហើយយើងនឹងបញ្ចេញឱ្យគេនៅថ្ងៃបរលោកនូវសៀវភៅកំណត់ត្រាមួយដែលគេនឹងឃើញវាត្រូវបានបើកចំហ(នៅពីមុខគេ)។
(យើងមានបន្ទូលទៅកាន់គេថា៖) ចូរអ្នកអានសៀវភៅកំណត់ត្រារបស់អ្នកចុះ។ គ្រប់គ្រាន់ហើយនៅទីនេះ(ថ្ងៃបរលោក) ដោយរូបអ្នកផ្ទាល់គឺជាអ្នកគណនាចំពោះខ្លួនឯងនោះ។
ជនណាហើយដែលទទួលបានការចង្អុលបង្ហាញ តាមពិតការចង្អុលបង្ហាញនោះគឺសម្រាប់ខ្លួនគេផ្ទាល់។ ហើយជនណាដែលបានវង្វេង តាមពិត ការវង្វេងនោះ ក៏សម្រាប់ខ្លួនគេផ្ទាល់ដែរ។ គ្មានបុគ្គលណាម្នាក់រ៉ាប់រងនូវបាបកម្មរបស់អ្នកដទៃឡើយ។ ហើយយើងមិនដែលដាក់ទណ្ឌកម្ម(លើក្រុមណាមួយឡើយ) លុះត្រាតែយើងបានតែងតាំងអ្នកនាំសារ(ទៅកាន់ពួកគេ)ជាមុនសិន។
ហើយនៅពេលដែលយើងមានចេតនាបំផ្លាញភូមិស្រុកណាមួយ យើងបានបញ្ជាឱ្យអ្នកដែលទទួលបានឧបការគុណច្រើន(អំពីយើងឲ្យគោរពប្រតិបត្តិមកចំពោះយើង) តែពួកគេបែរជាប្រឆាំងទៅវិញ។ ដូច្នេះ ពាក្យសម្តី(ដាក់ទណ្ឌកម្មពួកគេ) ក៏បានកើតឡើងយ៉ាងពិតប្រាកដ។ ពេលនោះ យើងក៏បានបំផ្លាញពួកគេឱ្យវិនាសសាបសូន្យ។
ហើយមានប្រជាជាតិជាច្រើនដែលយើងបានបំផ្លាញពួកគេបន្ទាប់ពីព្យាការីនួហ។ គ្រប់គ្រាន់ហើយដែលព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាអ្នកដែលដឹង និងឃើញបំផុតចំពោះបាបកម្មនៃខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។
ជនណាហើយដែលប្រាថ្នាចង់បានជីវិតលោកិយ យើងនឹងផ្ដល់ឱ្យគេភ្លាមៗនៅក្នុងវា(លោកិយ)នូវអ្វីដែលយើងមានចេតនាសម្រាប់ជនណាដែលយើងចង់(ផ្តល់ឲ្យ)។ ក្រោយមក យើងបានរៀបចំនរកជើហាន់ណាំសម្រាប់គេ ដែលគេនឹងចូលទៅក្នុងវា(នៅថ្ងៃបរលោក)ដោយទទួលនូវការស្ដីបន្ទោស និងត្រូវបានគេបណ្តេញ(ពីក្តីមេត្តាករុណារបស់អល់ឡោះ)។
រីឯជនណាហើយដែលប្រាថ្នាចង់ទទួលបានថ្ងៃបរលោក ហើយគេបានតស៊ូប្រឹងប្រែងដើម្បីវា ហើយគេជាអ្នកដែលមានជំនឿទៀតនោះ ពិតណាស់ អ្នកទាំងនោះហើយដែលការខិតខំប្រឹងប្រែងរបស់ពួកគេត្រូវបានគេទទួលយក។
យើងនឹងបន្ថែមឱ្យក្រុមនីមួយៗក្នុងចំណោមពួកគេនូវលាភសក្ការៈពីព្រះជាម្ចាស់របស់អ្នក(ក្នុងលោកិយ)។ ហើយលាភសក្ការៈនៃព្រះជាម្ចាស់របស់អ្នក គឺមិនត្រូវបានគេរារាំង(ពីនរណាម្នាក់)ឡើយ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះ ថាតើយើងបានលើកតម្កើងពួកគេឱ្យមានភាពប្រសើរជាងគ្នាយ៉ាងដូចម្ដេច(ក្នុងលោកិយនេះ)? ហើយនៅថ្ងៃបរលោកវិញ ពួកគេរឹតតែមានភាពខុសគ្នាខ្លាំងបំផុតទាំងឋានៈ និងភាពល្អប្រសើរ។
ចូរអ្នក(ឱខ្ញុំបម្រើរបស់អល់ឡោះ)កុំបង្កើតព្រះផ្សេង(មកគោរពសក្ការៈ)រួមជាមួយនឹងអល់ឡោះជាម្ចាស់ឱ្យសោះ ដែលជាហេតុនាំឱ្យអ្នកទទួលរងនូវការស្ដីបន្ទោស និងភាពបរាជ័យ។
ហើយព្រះជាម្ចាស់របស់អ្នក(ឱខ្ញុំបម្រើរបស់អល់ឡោះ)បានដាក់បទបញ្ជាមិនឲ្យពួកអ្នកគោរពសក្ការៈឡើយ លើកលែងតែចំពោះទ្រង់(តែមួយគត់) និងត្រូវធ្វើល្អចំពោះឪពុកម្ដាយ។ ប្រសិនបើម្នាក់ក្នុងចំណោមពួកគាត់ទាំងពីរ ឬគាត់ទាំងពីរមានវ័យចាស់ជរារស់នៅជាមួយអ្នក គឺអ្នកមិនត្រូវនិយាយពាក្យសម្តីមិនសមរម្យដាក់គាត់ទាំងពីរឡើយ ហើយក៏មិនត្រូវប្រើសម្ដីធ្ងន់ដាក់គាត់ទាំងពីរនោះដែរ។ តែអ្នកត្រូវនិយាយទៅកាន់គាត់ទាំងពីរនូវពាក្យសម្ដីដែលល្អប្រពៃ(ទន់ភ្លន់)។
ហើយចូរអ្នកបន្ទាបខ្លួនចំពោះគាត់ទាំងពីរដោយការឱនលំទោនប្រកបដោយក្ដីមេត្តាករុណា។ ហើយចូរអ្នកបួងសួងថា៖ បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាអាណិតស្រលាញ់ដល់លោកទាំងពីរដូចដែលលោកទាំងពីរបានចិញ្ចឹមបីបាច់ខ្ញុំកាលខ្ញុំនៅតូចផងចុះ។
ព្រះជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)ដឹងបំផុតនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកអ្នក។ ប្រសិនបើពួកអ្នកជាមនុស្សល្អ គឺទ្រង់មហាអភ័យទោសបំផុតចំពោះអ្នកដែលវិលត្រឡប់(សារភាពកំហុស)ទៅកាន់ទ្រង់។
ហើយចូរអ្នក(ឱអ្នកដែលមានជំនឿ)ផ្ដល់ឱ្យញាតិសន្ដាន ជនក្រីក្រ និងអ្នកដំណើរដែលដាច់ស្បៀងនូវសិទ្ធិរបស់គេ។ ហើយចូរអ្នកកុំខ្ជះខ្ជាយឱ្យសោះ។
ពិតប្រាកដណាស់ អ្នកដែលខ្ជះខ្ជាយនោះ ពួកគេជាបងប្អូនរបស់ពួកស្ហៃតន។ ហើយស្ហៃតន គឺជាអ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់របស់វា។
ហើយប្រសិនបើអ្នក(ព្យាការីមូហាំម៉ាត់)បែរចេញអំពីពួកគេ(មិនផ្តល់ការបរិច្ចាគ)ដោយរង់ចាំក្តីមេត្តា(លាភសក្ការៈ)ពីព្រះជាម្ចាស់របស់អ្នកដែលអ្នករំពឹងចំពោះវានោះ ដូច្នេះ ចូរអ្នកពោលទៅកាន់ពួកគេនូវសម្ដីដែលទន់ភ្លន់បំផុត។
ហើយចូរអ្នកកុំក្តាប់ដៃរបស់អ្នកពាក់ទៅនឹងក(កំណាញ់ក្នុងការចំណាយលើផ្លូវល្អ) ហើយក៏មិនត្រូវលាដៃហួសហេតុ(ចំណាយខ្ជះខ្ជាយ)នោះដែរ ដែលជាហេតុធ្វើឱ្យអ្នកទទួលនូវការស្ដីបន្ទោស និងអស់អ្វីពីខ្លួន(សម្រាប់ចំណាយ)។
ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកទ្រង់បើកទូលាយនូវលាភសក្ការៈចំពោះជនណាដែលទ្រង់មានចេតនា និងត្បិតត្បៀតវា(ចំពោះជនណាដែលទ្រង់មានចេតនា)។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដឹង និងឃើញបំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។
ហើយពួកអ្នកមិនត្រូវសម្លាប់កូនចៅរបស់ខ្លួនព្រោះតែខ្លាចក្រនោះឡើយ។ យើងទេដែលជាអ្នកប្រទានលាភសក្ការៈដល់ពួកគេ និងដល់ពួកអ្នកនោះ។ ពិតប្រាកដណាស់ ការសម្លាប់ពួកគេ គឺជាបាបកម្មមួយដ៏ធំបំផុត។
ហើយពួកអ្នកមិនត្រូវទៅក្បែរប្រការហ្ស៊ីណាឡើយ។ ពិតប្រាកដណាស់ វាជាទង្វើអសីលធម៌ និងជាមាគ៌ាដ៏អាក្រក់បំផុត។
ហើយពួកអ្នកមិនត្រូវសម្លាប់ជីវិតដែលអល់ឡោះដាក់បម្រាមនោះឡើយ លើកលែងតែមានមូលហេតុត្រឹមត្រូវប៉ុណ្ណោះ។ ហើយជនណាដែលត្រូវបានគេសម្លាប់ដោយបំពាននោះ ជាការពិតណាស់ យើងប្រគល់ឱ្យអ្នកដែលគ្រប់គ្រងចំពោះកិច្ចការរបស់គេ(ជនរងគ្រោះ)នូវសិទ្ធិចាត់ចែង(ចំពោះឃាតករ)។ ដូចនេះ គេ(ភាគីជនរងគ្រោះ)មិនត្រូវបំពានព្រំដែនលើអំពើឃាតកម្មនោះឡើយ។ ពិតប្រាកដណាស់ ភាគីជនរងគ្រោះ គឺត្រូវបានគេជួយការពារ។
ហើយពួកអ្នកមិនត្រូវចាត់ចែងទ្រព្យសម្បត្តិក្មេងកំព្រា(កំព្រាឪពុក)នោះឡើយ លើកលែងតែទៅលើប្រការដែលល្អ(ជាផលប្រយោជន៍ដល់ក្មេងកំព្រានោះ)ប៉ុណ្ណោះ រហូតដល់គេធំដឹងក្តី។ ហើយពួកអ្នកត្រូវគោរពតាមកិច្ចសន្យា។ ពិតប្រាកដណាស់ កិច្ចសន្យានោះនឹងត្រូវគេសួរនាំ(នៅថ្ងៃបរលោក)។
ហើយចូរពួកអ្នកបំពេញនូវការវាល់ឱ្យបានគ្រប់នៅពេលដែលពួកអ្នកវាល់ឱ្យអ្នកដទៃ ហើយត្រូវថ្លឹងនឹងជញ្ជីងដែលមានភាពសុក្រឹតត្រឹមត្រូវ។ នោះគឺជាការល្អ និងប្រសើរបំផុតសម្រាប់លទ្ធផលចុងក្រោយ(នាថ្ងៃបរលោក)។
ហើយអ្នក(ឱមនុស្សលោក)កុំប្រតិបត្តិតាមអ្វីដែលអ្នកគ្មានចំណេះដឹងអំពីវាឲ្យសោះ។ ពិតប្រាកដណាស់ ការស្តាប់ឮ ការមើលឃើញ និងដួងចិត្ត ទាំងអស់នោះ នឹងត្រូវបានគេសួរ(ចំពោះការប្រើប្រាស់វា)។
ហើយអ្នកមិនត្រូវដើរនៅលើផែនដីនេះដោយក្រអឺតក្រទមឡើយ។ ពិតប្រាកដណាស់ អ្នកមិនអាចពុះបំបែកផែនដី(នឹងដំណើរដើរបស់អ្នក)នោះឡើយ ហើយអ្នកក៏មិនខ្ពស់ដល់ភ្នំនោះដែរ។
រាល់ប្រការទាំងនោះ សុទ្ធតែជាប្រការអាក្រក់ចំពោះព្រះជាម្ចាស់របស់អ្នក(ឱមនុស្សលោក)ដែលត្រូវបានទ្រង់ស្អប់ខ្ពើម។
ទាំងអស់នោះ គឺជាគតិបណ្ឌិតដែលព្រះជាម្ចាស់របស់អ្នកបានផ្ដល់វ៉ាហ៊ីមកឱ្យអ្នក។ ហើយអ្នក(ឱមនុស្សលោក)កុំយកព្រះផ្សេងមកគោរពសក្ការៈរួមជាមួយនឹងអល់ឡោះជាម្ចាស់ឱ្យសោះ ដែលជាហេតុនាំឱ្យខ្លួនអ្នកត្រូវគេបោះចូលទៅក្នុងនរកជើហាន់ណាំដោយត្រូវគេស្ដីបន្ទោស និងត្រូវបានគេបណ្តេញ(ឱ្យឃ្លាតឆ្ងាយពីប្រការល្អទាំងឡាយ)។
តើសក្តិសមដែរឬទេដែលថា ព្រះជាម្ចាស់របស់ពួកអ្នក(ឱពួកមុស្ហរីគីន)បានជ្រើសរើសកូនប្រុសសម្រាប់ពួកអ្នក ហើយទ្រង់ជ្រើសយកម៉ាឡាអ៊ីកាត់ធ្វើជាបុត្រី(សម្រាប់ទ្រង់)នោះ? ពិតប្រាកដណាស់ ពួកអ្នកកំពុងតែនិយាយនូវពាក្យចោទប្រកាន់យ៉ាងធ្ងន់ធ្ងរបំផុត។
ហើយជាការពិតណាស់ យើងបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងគម្ពីរគួរអាននេះ(នូវក្បួនច្បាប់ ដំបូន្មាន និងឧទាហរណ៍ជាច្រើន)ដើម្បីឱ្យពួកគេ(មនុស្សលោក)នឹករលឹក។ តែវាមិនបានបន្ថែមអ្វីដល់ពួកគេ ក្រៅពីការឃ្លាតឆ្ងាយ(ពីការពិត)នោះឡើយ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ប្រសិនបើមានព្រះនានារួមជាមួយនឹងអល់ឡោះដូចដែលពួកគេបាននិយាយមែននោះ ច្បាស់ជាព្រះទាំងនោះនឹងស្វែងរកផ្លូវទៅកាន់ព្រះជាម្ចាស់នៃអារ៉ស្ហ(ដើម្បីដណ្តើមអំណាចពីទ្រង់)ជាមិនខាន។
ទ្រង់មហាស្អាតស្អំ មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេ(ពួកមុស្ហរីគីន)និយាយ។
មេឃទាំងប្រាំពីរជាន់និងផែនដី ព្រមទាំងអ្វីដែលមាននៅក្នុងវាសុទ្ធតែលើកតម្កើងចំពោះទ្រង់ទាំងអស់។ ហើយគ្មានអ្វីមួយដែលមិនលើកតម្កើងដោយការកោតសរសើរចំពោះទ្រង់នោះឡើយ ក៏ប៉ុន្តែពួកអ្នកមិនយល់ពីរបៀបនៃការលើកតម្កើងរបស់ពួកវាឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាខន្តី មហាអភ័យទោសបំផុត។
ហើយនៅពេលដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រគម្ពីរគួរអាន យើងបានដាក់នៅចន្លោះរវាងអ្នកនិងពួកដែលគ្មានជំនឿនឹងថ្ងៃបរលោកនូវរបាំងបិទជិតមួយ។
ហើយយើងបានដាក់គំរបគ្របលើចិត្តរបស់ពួកគេដើម្បីកុំឱ្យពួកគេយល់ពីវា(គម្ពីរគួរអាន) និងបានដាក់ឆ្នុកក្នុងត្រចៀករបស់ពួកគេ។ ហើយនៅពេលដែលអ្នករំឭកនៅក្នុងគម្ពីរគួរអានពីព្រះជាម្ចាស់របស់អ្នកតែមួយគត់ ពួកគេក៏បែរខ្នងរបស់ពួកគេចេញឆ្ងាយ។
យើងដឹងបំផុតពីរបៀបដែលអ្នកដឹកនាំរបស់ពួកគេស្ដាប់វា(គម្ពីរគួរអាន)នៅពេលដែលពួកគេស្តាប់អ្នក(ព្យាការីមូហាំម៉ាត់)សូត្រនោះ។ ហើយ(យើងក៏ដឹងបំផុតផងដែរ)នៅពេលដែលពួកគេខ្សឹបខ្សៀវគ្នា ខណៈដែលពួកបំពានទាំងនោះបាននិយាយថា៖ ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)មិនបានដើរតាមអ្នកណាក្រៅពីបុរសម្នាក់ដែលត្រូវមន្តអាគមគេនោះឡើយ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះ ថាតើពួកគេលើកឧទាហរណ៍(ប្រៀបធៀប)ចំពោះអ្នកយ៉ាងដូចម្តេច? ដូច្នេះហើយទើបពួកគេវង្វេងដោយពួកគេមិនអាចទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ា(ត្រឹមត្រូវ)ឡើយ។
ហើយពួកគេ(ពួកមុស្ហរីគីន)បាននិយាយថា៖ នៅពេលដែលពួកយើងបាន(ស្លាប់)ក្លាយទៅជាឆ្អឹង ហើយរាងកាយរបស់ពួកយើងរលួយ(ទៅជាដី)ហើយនោះ តើពួកយើងពិតជានឹងត្រូវគេបង្កើតឱ្យរស់ឡើងវិញជាថ្មីឬ?
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)ក្លាយទៅជាថ្ម ឬក្លាយទៅជាដែកចុះ។
ឬក្លាយទៅជាភាវៈអ្វីផ្សេងទៀតដែលមានភាពធំធេងក្នុងដួងចិត្តរបស់ពួកអ្នកចុះ។ ពេលនោះ ពួកគេនឹងនិយាយថា៖ តើនរណាជាអ្នកត្រឡប់ពួកយើង(ឲ្យរស់ឡើងវិញ)? ចូរអ្នក(ព្យាការីមូហាំម៉ាត់)ពោលថា៖ គឺអ្នកដែលបានបង្កើតពួកអ្នកកាលពីដំបូងនោះឯង។ នៅពេលនោះ ពួកគេនឹងងក់ក្បាល(ចំអក)ដាក់អ្នក ហើយពួកគេនិយាយ(ផ្គើន)ថា៖ តើវានឹងកើតឡើងនៅពេលណា? ចូរអ្នកតបថា៖ សង្ឃឹមថា វានឹងកើតឡើងឆាប់ៗនេះឯង។
គឺនៅថ្ងៃដែលទ្រង់នឹងហៅពួកអ្នក(ឱ្យក្រោកចេញពីផ្នូរ)។ ពេលនោះ ពួកអ្នកនឹងឆ្លើយតបដោយការកោតសរសើរចំពោះទ្រង់ ហើយពួកអ្នកគិតថា៖ ពិតប្រាកដណាស់ ពួកអ្នកមិនបានរស់នៅ(ក្នុងលោកិយ)នេះឡើយ លើកលែងតែមួយរយៈពេលខ្លីប៉ុណ្ណោះ។
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់បណ្ដាខ្ញុំបម្រើរបស់យើងឱ្យពួកគេនិយាយពាក្យសម្ដីល្អៗ ព្រោះថាស្ហៃតនវានឹងញុះញង់រវាងពួកគេ។ ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវយ៉ាងច្បាស់លាស់ចំពោះមនុស្សលោក។
ព្រះជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)ទ្រង់ដឹងបំផុតចំពោះពួកអ្នក។ ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងអាណិតស្រលាញ់ពួកអ្នក ឬប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងដាក់ទណ្ឌកម្មពួកអ្នក។ ហើយយើងមិនបានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្វើជាអ្នកទទួលខុសត្រូវលើ(ទង្វើរបស់)ពួកគេនោះឡើយ។
ហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ដឹងបំផុតពីអ្នកដែលនៅលើមេឃជាច្រើនជាន់និងនៅលើផែនដី។ ហើយជាការពិតណាស់ យើងបានលើកតម្កើងបណ្ដាព្យាការីមួយចំនួនឱ្យមានភាពល្អប្រសើរជាងគ្នា។ ហើយយើងបានប្រទានឱ្យព្យាការីហ្ទាវូទនូវគម្ពីរហ្សាពួរ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)បួងសួងចុះពីអ្នកដែលពួកអ្នកបានអះអាង(ថាជាព្រះ)ផ្សេងពីអល់ឡោះ។ ជាការពិតណាស់ ពួកវាមិនអាចបញ្ចៀសគ្រោះចេញពីពួកអ្នកបានឡើយ ហើយក៏មិនអាចបង្វែរវា(ទៅកាន់អ្នកផ្សេង)បាននោះដែរ។
ពួកដែលពួកមុស្ហរីគីននៅបួងសួងសុំនោះ ពួកគេខ្លួនឯងក៏កំពុងតែស្វែងរកផ្លូវទៅកាន់ព្រះជាម្ចាស់របស់ពួកគេ(អល់ឡោះ)ដូចគ្នាដែរ ថាតើនរណាក្នុងចំណោមពួកគេដែលជិត(នឹងអល់ឡោះ)ជាងគេ ហើយពួកគេរំពឹងក្តីមេត្តាករុណាពីទ្រង់ និងខ្លាចទណ្ឌកម្មរបស់ទ្រង់។ ពិតប្រាកដណាស់ ទណ្ឌកម្មនៃព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាអ្វីដែលគ្រប់គ្នាត្រូវប្រុងប្រយ័ត្ន។
ហើយគ្មានភូមិស្រុកណាមួយ(ដែលគ្មានជំនឿ)នោះទេ លើកលែងតែយើងជាអ្នកបំផ្លាញវា(ភូមិស្រុកនោះ) ឬដាក់ទណ្ឌកម្មវានូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតមុននឹងថ្ងៃបរលោកមកដល់។ ទាំងនោះ គឺត្រូវបានកត់ត្រារួចជាស្រេចនៅក្នុងគម្ពីរកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)។
ហើយគ្មានអ្វីដែលរារាំងយើងមិនឲ្យបញ្ជូនសញ្ញាភស្តុតាង(អច្ឆរិយភាព)ទាំងឡាយនោះទេ លើកលែងតែដោយសារតែប្រជាជាតិជំនាន់មុនបានបដិសេធចំពោះវារួចមកហើយ។ ហើយយើងបានប្រទានឱ្យពួកសាមូដ(ក្រុមរបស់ព្យាការីសឡេះ)នូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ គឺសត្វអូដ្ឋញីមួយក្បាល តែពួកគេបែរជាបំពានចំពោះវាទៅវិញ។ ហើយយើងមិនបានបញ្ចុះនូវសញ្ញាភស្តុតាង(អច្ឆរិយភាព)ទាំងឡាយនោះឡើយ លើកលែងតែដើម្បីជាការបន្លាច(ដល់ពួកគេ)ប៉ុណ្ណោះ។
ហើយ(ចូរអ្នកនឹកឃើញ) នៅពេលដែលយើងមានបន្ទូលទៅកាន់អ្នកថា៖ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកដឹងជ្រួតជ្រាបពីមនុស្សទាំងអស់។ ហើយយើងមិនបានបង្កើតអ្វីដែលយើងបានបង្ហាញអ្នកឱ្យបានឃើញ(នៅយប់អ៊ីសរ៉ក)នោះឡើយ លើកលែងតែដើម្បីជាការសាកល្បងសម្រាប់មនុស្សលោកប៉ុណ្ណោះ។ ហើយ(យើងក៏មិនបានបង្កើត)ដើមឈើដែលគេបានដាក់បណ្តាសានៅក្នុងគម្ពីរគួរអាន(ដើមហ្សឹកគូម)នោះដែរ (លើកលែងតែដើម្បីជាការសាកល្បងដល់ពួកគេដូចគ្នា)។ ហើយយើងបានបន្លាចពួកគេ(តាមរយៈទណ្ឌកម្ម និងសញ្ញាភស្តុតាងជាច្រើន) តែវាមិនបានបន្ថែមអ្វីដល់ពួកគេក្រៅតែពីភាពវង្វេងដ៏សែនឆ្ងាយនោះឡើយ។
ហើយ(ចូរអ្នករំលឹក) នៅពេលដែលយើងបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថា៖ ចូរពួកអ្នកស៊ូជូតចំពោះព្យាការីអាហ្ទាំ។ ពេលនោះ ពួកគេក៏បានស៊ូជូត(ទាំងអស់គ្នា) លើកលែងតែអ៊ីព្លីសប៉ុណ្ណោះ ដោយវាបាននិយាយថា៖ តើខ្ញុំត្រូវស៊ូជូតចំពោះអ្នកដែលព្រះអង្គបានបង្កើតពីដីឥដ្ឋឬ?
វាបាននិយាយ(បន្ត)ថា៖ តើព្រះអង្គយល់ឃើញថា ភាវៈមួយនេះឬដែលព្រះអង្គលើកតម្កើងឲ្យប្រសើរជាងខ្ញុំនោះ? ប្រសិនបើព្រះអង្គទុកជីវិតឱ្យខ្ញុំ រហូតដល់ថ្ងៃបរលោកនោះ ខ្ញុំពិតជានឹងអូសទាញកូនចៅរបស់គេឲ្យវង្វេងជាមិនខាន លើកលែងតែមួយចំនួនតូចប៉ុណ្ណោះ។
ទ្រង់បានមានបន្ទូលថា៖ ចូរឯង ហើយនិងអ្នកដែលដើរតាមឯងក្នុងចំណោមពួកគេចាកចេញទៅ។ ពិតប្រាកដណាស់ នរកជើហាន់ណាំនោះ គឺជាការតបស្នងសម្រាប់ពួកឯង ដែលជាការតបស្នងមួយយ៉ាងពេញលេញ។
ហើយចូរឯង(អ៊ីព្លីស)អូសទាញអ្នកទាំងឡាយណាដែលឯងអាចអូសទាញបានក្នុងចំណោមពួកគេ(មនុស្សលោក)ដោយសំឡេងរបស់ឯងចុះ។ ហើយចូរឯងប្រមូលទ័ពសេះ និងទ័ពថ្មើរជើងរបស់ឯង(ឱ្យពួកគេគោរពតាមឯង)។ ហើយចូរឯងចូលរួមជាមួយពួកគេនៅក្នុងទ្រព្យសម្បត្តិ និងកូនចៅរបស់ពួកគេ ព្រមទាំងសន្យាចំពោះពួកគេចុះ។ ហើយស្ហៃតនមិនបានសន្យាអ្វីនឹងពួកគេក្រៅពីការបោកប្រាស់នោះឡើយ។
ពិតប្រាកដណាស់ បណ្ដាខ្ញុំបម្រើរបស់យើង(ដែលជាអ្នកមានជំនឿ) គឺឯងគ្មានអំណាចអ្វីគ្រប់គ្រងលើពួកគេនោះឡើយ។ គ្រប់គ្រាន់ហើយដែលព្រះជាម្ចាស់របស់អ្នក គឺជាអ្នកគាំពារ។
ព្រះជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក) គឺជាអ្នកដែលធ្វើឱ្យសំពៅធ្វើដំណើរលើផ្ទៃសមុទ្រសម្រាប់ពួកអ្នក ដើម្បីពួកអ្នកស្វែងរកលាភសក្ការៈរបស់ទ្រង់។ ពិតប្រាកដណាស់ ទ្រង់មហាអាណិតស្រលាញ់បំផុតចំពោះពួកអ្នក។
ហើយនៅពេលដែលពួកអ្នក(ពួកមុស្ហរីគីន)បានជួបគ្រោះនៅលើផ្ទៃសមុទ្រនោះ អ្នកដែលពួកអ្នកធ្លាប់គោរពសក្ការៈបានបាត់បង់(ពីចិត្តរបស់ពួកអ្នក)អស់ លើកលែងតែទ្រង់ប៉ុណ្ណោះ(ដែលពួកអ្នកនឹកឃើញ)។ តែនៅពេលដែលយើងបានសង្គ្រោះពួកអ្នកដល់ត្រើយ ពួកអ្នកបែរជាងាកចេញទៅវិញ។ ហើយមនុស្សលោក គឺជាអ្នកដែលរមិលគុណបំផុត។
តើពួកអ្នក(ឱពួកមុស្ហរីគីន)គិតថាមានសុវត្ថិភាពឬ ប្រសិនបើទ្រង់ធ្វើឲ្យដីស្រូបយកពួកអ្នក ឬក៏ទ្រង់បញ្ចុះភ្លៀងដុំថ្ម(ពីលើមេឃ)ទៅលើពួកអ្នកនោះ? បន្ទាប់មក គឺពួកអ្នកគ្មានអ្នកគាំពារសម្រាប់ពួកអ្នកនោះឡើយ។
ឬក៏ពួកអ្នកគិតថាមានសុវត្ថិភាពឬ ប្រសិនបើទ្រង់ត្រឡប់ពួកអ្នកទៅកាន់សមុទ្រម្ដងទៀត ហើយទ្រង់បញ្ជូនព្យុះសង្ឃរាទៅលើពួកអ្នក រួចគេធ្វើឱ្យពួកអ្នកលិចលង់ដោយសារតែការរមិលគុណរបស់ពួកអ្នកនោះ? បន្ទាប់មក គឺពួកអ្នកគ្មានអ្នកដែលជួយស្នើសុំពីយើងឲ្យជួយពួកអ្នកទៀតនោះឡើយ។
ហើយជាការពិតណាស់ យើងបានលើកតម្កើងកូនចៅអាហ្ទាំ(មនុស្សលោក)។ ហើយយើងបានសម្រួលនូវយានជំនិះដល់ពួកគេទាំងនៅលើដីគោក និងនៅលើផ្ទៃសមុទ្រ។ ហើយយើងបានប្រទាននូវលាភសក្ការៈដល់ពួកគេអំពីប្រការល្អៗ ព្រមទាំងបានលើកតម្កើងពួកគេប្រសើរជាងភាវៈជាច្រើនផ្សេងទៀតដែលយើងបានបង្កើតមក។
(ហើយចូរអ្នកនឹកឃើញ) នៅថ្ងៃដែលយើងនឹងហៅរាល់ក្រុមនីមួយៗរួមជាមួយនឹងមេដឹកនាំរបស់ពួកគេ។ ដូច្នេះ ជនណាដែលត្រូវបានគេផ្ដល់សៀវភៅកំណត់ត្រាទង្វើរបស់គេនៅដៃខាងស្ដាំនោះ អ្នកទាំងនោះនឹងអានសៀវភៅកំណត់ត្រារបស់ខ្លួន(ដោយរីករាយ) ហើយពួកគេមិនត្រូវបានគេបំពានសូម្បីប៉ុនសសៃឆ្មារនោះឡើយ។
ជនណាហើយដែលនៅក្នុង(ជីវិតលោកិយ)នេះ ពួកគេងងឹតភ្នែក(មិនទទួលយកការពិត) នៅថ្ងៃបរលោក អ្នកនោះកាន់តែងងឹត និងវង្វេងចេញពីមាគ៌ា(នៃការចង្អុលបង្ហាញ)ថែមទៀត។
ហើយពួកគេ(ពួកមុស្ហរីគីន)ស្ទើរតែធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បែរចេញពីអ្វី(គម្ពីរគួរអាន)ដែលយើងបានផ្ដល់វ៉ាហ៊ីទៅកាន់អ្នកទៅហើយដើម្បីឱ្យអ្នកប្រឌិតមកលើយើងនូវអ្វីផ្សេងពីវា(គម្ពីរគួរអាន)។ ប្រសិនបើអ្នកធ្វើដូច្នោះមែននោះ ពួកគេពិតជានឹងយកអ្នកធ្វើជាមិត្តសម្លាញ់ជាមិនខាន។
ហើយប្រសិនបើយើងមិនពង្រឹងរូបអ្នក(ឱ្យស្ថិតនៅលើសេចក្តីពិត)ទេនោះ ប្រាកដណាស់ អ្នកស្ទើរតែទោរទន់ទៅរកពួកគេបន្តិចបន្តួចទៅហើយ។
ប្រសិនបើអ្នកធ្វើដូច្នោះមែននោះ យើងប្រាកដជានឹងឱ្យអ្នកភ្លក់រសជាតិ(ទណ្ឌកម្ម)ទ្វេដងនៅក្នុងលោកិយ និង(ទណ្ឌកម្ម)ទ្វេដងក្រោយពេលស្លាប់។ បន្ទាប់មក គឺអ្នកគ្មានអ្នកដែលជួយការពារអ្នកពី(ទណ្ឌកម្ម)យើងឡើយ។
ពួកគេ(ពួកគ្មានជំនឿ)ស្ទើរតែធ្វើឲ្យអ្នកចាកចេញពីទឹកដី(ម៉ាក្កះ)ទៅហើយដោយសារតែការរំខានរបស់ពួកគេចំពោះអ្នក។ ប្រសិនបើដូច្នោះមែននោះ ពួកគេក៏នឹងមិនអាចរស់នៅទីនោះបន្ទាប់ពីអ្នកបានដែរ លើកលែងតែមួយរយៈពេលខ្លីប៉ុណ្ណោះ។
(នោះ)គឺជាក្រឹតក្រម(របស់អល់ឡោះ)ចំពោះបណ្តាអ្នកនាំសារទាំងឡាយរបស់យើងដែលយើងបានបញ្ជូនទៅមុនអ្នក។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងមិនឃើញថា ក្រឹតក្រមរបស់យើងមានការកែប្រែឡើយ។
ចូរអ្នកប្រតិបត្តិសឡាតចាប់ពីថ្ងៃជ្រេ(សឡាតហ្ស៊ូហូរ និងសឡាតអាសើរ) រហូតដល់ពេលយប់(សឡាតម៉ាហ្គ្រិប និងសឡាតអ៊ីសា) ហើយនិងសឡាតស៊ូពុស(ដោយត្រូវសូត្រវែង)។ ជាការពិតណាស់ ការសឡាតស៊ូពុស គឺត្រូវបានគេធ្វើជាសាក្សី។
ហើយមួយផ្នែកនៃពេលយប់ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្រោកសឡាតដើម្បីជាសឡាតបន្ថែមសម្រាប់អ្នក សង្ឃឹមថា ព្រះជាម្ចាស់របស់អ្នកនឹងតែងតាំងរូបអ្នកឲ្យស្ថិតនៅក្នុងឋានៈមួយដែលត្រូវបានគេកោតសរសើរ។
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បួងសួងថា៖ បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាបញ្ចូលខ្ញុំតាមច្រកនៃភាពទៀងត្រង់ និងបញ្ចេញរូបខ្ញុំតាមច្រកនៃភាពទៀងត្រង់ផង។ ហើយសូមព្រះអង្គមេត្តាប្រទានឱ្យខ្ញុំនូវភស្តុតាងអំពីទ្រង់ដែលនឹងជួយ(ដល់ខ្ញុំ)ផង។
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពេលណាដែលការពិតបានមកដល់ នោះប្រការមិនពិតនឹងត្រូវរលាយបាត់បង់។ ពិតប្រាកដណាស់ ប្រការមិនពិតនឹងត្រូវរលាយសាបសូន្យ។
ហើយយើងបានបញ្ចុះ(ឱ្យអ្នក)អំពីគម្ពីរគួរអាននូវអ្វីដែលជាឱសថព្យាបាល និងជាក្តីមេត្តាករុណាសម្រាប់បណ្ដាអ្នកដែលមានជំនឿ។ ហើយវា(គម្ពីរគួរអាន)មិនបានបន្ថែមអ្វីដល់ពួកបំពានក្រៅតែពីភាពខាតបង់នោះឡើយ។
ហើយនៅពេលដែលយើងបានប្រទានឧបការគុណដល់មនុស្សលោក គេបែរជាងាកចេញ និងចេញឆ្ងាយពីការគោរពប្រតិបត្តិចំពោះទ្រង់។ តែនៅពេលដែលគេទទួលរងនូវប្រការអាក្រក់ គឺគេមានការអស់សង្ឃឹម(ពីក្តីមេត្តាករុណារបស់អល់ឡោះ)។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ បុគ្គលគ្រប់រូបតែងតែប្រព្រឹត្តទៅតាមរបៀបដែលស្រដៀងទៅនឹងស្ថានភាពរបស់ខ្លួន។ ដូច្នេះ ព្រះជាម្ចាស់របស់ពួកអ្នកទ្រង់ដឹងបំផុតចំពោះជនណាដែលទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ា(ត្រឹមត្រូវ)ជាងគេ។
ហើយពួកគេនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីវិញ្ញាណ។ ចូរអ្នកពោលថា៖ វិញ្ញាណ គឺស្ថិតក្នុងចំណោមកិច្ចការនៃព្រះជាម្ចាស់របស់ខ្ញុំ ហើយពួកអ្នកមិនត្រូវបានគេផ្តល់ឱ្យនូវចំណេះដឹងនោះឡើយ លើកលែងតែបន្តិចន្តូចប៉ុណ្ណោះ។
ហើយប្រសិនបើយើងមានចេតនា យើងពិតជានឹងលុបបំបាត់នូវវ៉ាហ៊ីដែលយើងបានបញ្ចុះមកឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាមិនខាន។ បន្ទាប់មក អ្នកនឹងគ្មានអ្នកណាដែលជួយគាំពារអ្នកប្រឆាំងនឹងយើងក្នុងរឿងនោះបានឡើយ។
ប៉ុន្តែ(យើងមិនបានលុបបំបាត់វានោះទេ)ជាក្ដីមេត្តាករុណាពីព្រះជាម្ចាស់របស់អ្នក។ ពិតប្រាកដណាស់ ការប្រោសប្រទានរបស់ទ្រង់ចំពោះអ្នក គឺធំធេងបំផុត។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រសិនបើមនុស្សលោកនិងជិនប្រមូលផ្ដុំគ្នាដើម្បីនាំមកនូវគម្ពីរមួយដែលដូចទៅនឹងគម្ពីរគួរអាននេះ គឺពួកគេមិនអាចនាំមកឱ្យដូចនឹងវា(គម្ពីរគួរអាន)បាននោះឡើយ បើទោះបីជាពួកគេប្រឹងប្រែងជួយគ្នាទៅវិញទៅមកយ៉ាងណាក៏ដោយ។
ហើយជាការពិតណាស់ យើងបានបកស្រាយបញ្ជាក់ចំពោះមនុស្សលោកនៅក្នុងគម្ពីរគួរអាននេះនូវគ្រប់ឧទាហរណ៍ទាំងអស់។ ក៏ប៉ុន្តែមនុស្សលោកភាគច្រើនបែរជាបដិសេធ និងប្រឆាំងចំពោះវា(គម្ពីរគួរអាន)ទៅវិញ។
ហើយពួកគេ(ពួកមុស្ហរីគីន)បាននិយាយថា៖ ពួកយើងនឹងមិនមានជំនឿចំពោះអ្នកជាដាច់ខាត លុះត្រាតែអ្នកធ្វើឱ្យប្រភពទឹកផុសចេញពីទឹកដី(ម៉ាក្កះ)សម្រាប់ពួកយើងសិន។
أَوۡ تَكُونَ لَكَ جَنَّةٞ مِّن نَّخِيلٖ وَعِنَبٖ فَتُفَجِّرَ ٱلۡأَنۡهَٰرَ خِلَٰلَهَا تَفۡجِيرًا [٩١]
ឬក៏អ្នកមានចម្ការល្មើ និងទំពាំងបាយជូរ ហើយអ្នកអាចធ្វើឲ្យមានទន្លេជាច្រើនហូរតាមចន្លោះរបស់ចម្ការនោះ។
ឬក៏អ្នកធ្វើឱ្យមេឃធ្លាក់ជាបន្ទះៗមកលើពួកយើងដូចដែលអ្នកបានអះអាង ឬក៏អ្នកនាំអល់ឡោះជាម្ចាស់ និងម៉ាឡាអ៊ីកាត់(របស់ទ្រង់)មកជួបនឹងពួកយើងសិន។
ឬក៏អ្នកមានផ្ទះ(ដែលត្រូវបានតុបតែង)អំពីមាស ឬក៏អ្នកអាចឡើងទៅលើមេឃបានសិន។ ហើយពួកយើងក៏មិនមានជំនឿថា អ្នកបានឡើងទៅនោះដែរ លុះត្រាតែអ្នក(ចុះមកវិញដោយ)នាំមកនូវគម្ពីរមួយដើម្បីពួកយើងអានវា។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ព្រះជាម្ចាស់របស់ខ្ញុំមហាបរិសុទ្ធបំផុត! តើខ្ញុំមិនមែនជាអ្វីក្រៅតែពីជាមនុស្សលោក និងជាអ្នកនាំសារម្នាក់ទេឬ?!
ហើយគ្មានអ្វីដែលរារាំងមនុស្សមិនឱ្យមានជំនឿនោះឡើយនៅពេលដែលការចង្អុលបង្ហាញបានមកដល់ពួកគេហើយនោះ ក្រៅតែពីពួកគេនិយាយថា៖ តើអល់ឡោះតែងតាំងមនុស្សលោកធ្វើជាអ្នកនាំសារឬ?
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រសិនបើនៅលើផែនដីមានបណ្ដាម៉ាឡាអ៊ីកាត់ដែលរស់នៅ និងដើរដោយសុខសាន្តនោះ យើងប្រាកដជានឹងបញ្ចុះអ្នកនាំសារម្នាក់ជាម៉ាឡាអ៊ីកាត់ពីលើមេឃទៅកាន់ពួកគេជាមិនខាន។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ គ្រប់គ្រាន់ហើយដែលអល់ឡោះជាសាក្សីរវាងខ្ញុំនិងពួកអ្នក។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាឃើញបំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។
ហើយជនណាដែលអល់ឡោះទ្រង់ចង្អុលបង្ហាញ ពិតណាស់ រូបគេជាអ្នកដែលទទួលបានការចង្អុលបង្ហាញ(យ៉ាងពិតប្រាកដ)។ រីឯជនណាដែលទ្រង់ធ្វើឱ្យវង្វេងនោះ ពិតណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងមិនឃើញមានអ្នកគាំពារណាសម្រាប់ពួកគេក្រៅពីទ្រង់ឡើយ។ ហើយយើងនឹងប្រមូលផ្ដុំពួកគេនៅថ្ងៃបរលោកដោយអូសពួកគេផ្កាប់មុខដែលពួកគេមិនអាចមើលឃើញ មិនអាចនិយាយចេញ ហើយក៏មិនអាចស្ដាប់ឮនោះដែរ។ ហើយកន្លែងស្នាក់អាស្រ័យរបស់ពួកគេ គឺនរកជើហាន់ណាំ។ រាល់ពេលដែលរងើកភ្លើងរបស់វាជិតរលត់ យើងនឹងបន្ថែមអណ្ដាតភ្លើងលើពួកគេថែមទៀត។
នោះគឺជាការតបស្នងដល់ពួកគេដោយសារតែពួកគេបានប្រឆាំងនឹងបណ្តាសញ្ញាភស្តុតាងទាំងឡាយរបស់យើង ហើយពួកគេបាននិយាយថា៖ នៅពេលដែលពួកយើងបាន(ស្លាប់)ក្លាយទៅជាឆ្អឹង និងបានបែកជាបំណែកតូចៗអស់ទៅហើយនោះ តើពួកយើងពិតជានឹងត្រូវគេបង្កើតឱ្យរស់ឡើងវិញសាជាថ្មីឬ?
តើពួកគេមិនបានឃើញទេឬថា ពិតប្រាកដណស់ អល់ឡោះជាម្ចាស់ដែលជាអ្នកបានបង្កើតមេឃជាច្រើនជាន់និងផែនដីនោះ គឺជាអ្នកដែលមានសមត្ថភាពបំផុតក្នុងការបង្កើតពួកគេឱ្យដូចដើមវិញនោះ។ ហើយទ្រង់បានកំណត់នូវអាយុកាលជាក់លាក់សម្រាប់ពួកគេដែលគ្មានការសង្ស័យឡើយចំពោះវា។ ក៏ប៉ុន្តែពួកបំពានបែរជាបដិសេធ និងប្រឆាំងចំពោះរឿងនោះទៅវិញ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ប្រសិនបើពួកអ្នកជាអ្នកគ្រប់គ្រងឃ្លាំងទាំងឡាយនៃក្តីមេត្តាករុណារបស់ព្រះជាម្ចាស់របស់ខ្ញុំមែននោះ ពួកអ្នកនឹងមិនព្រមបរិច្ចាគវានោះឡើយ ព្រោះតែខ្លាចបាត់បង់។ ហើយមនុស្សលោក គឺមានភាពកំណាញ់បំផុត។
ហើយជាការពិតណស់ យើងបានប្រទានឱ្យព្យាការីមូសានូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ចំនួនប្រាំបួន ។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់អម្បូរអ៊ីស្រាអែលចុះ នៅពេលដែលគាត់(ព្យាការីមូសា)បានមកដល់ពួកគេ ពេលនោះ ហ្វៀរអោនបាននិយាយទៅកាន់គាត់ថា៖ ឱមូសា! ពិតប្រាកដណាស់ ខ្ញុំយល់ថារូបអ្នក គឺជាអ្នកដែលត្រូវមន្តអាគមគេ។
គាត់បានតបវិញថា៖ ជាការពិតណាស់ រូបអ្នក(ឱហ្វៀរអោន)ពិតជាបានដឹងច្បាស់ថា គ្មាននរណាម្នាក់ដែលអាចបញ្ចុះនូវសញ្ញាភស្តុតាងទាំងនេះក្រៅពីព្រះជាម្ចាស់នៃមេឃានិងផែនដីនោះឡើយ។ ហើយពិតប្រាកដណាស់ ខ្ញុំដឹងច្បាស់ថាអ្នក ឱហ្វៀរអោន គឺជាអ្នកដែលត្រូវវិនាសអន្តរាយ។
ពេលនោះ ហ្វៀរអោនមានបំណងចង់បណ្តេញពួកគាត់(ព្យាការីមូសា និងក្រុមរបស់គាត់)ចេញពីទឹកដី(អេហ្ស៊ីប) តែយើងបានធ្វើឱ្យគេ និងអ្នកដែលនៅជាមួយគេលិចលង់(ទៅក្នុងសមុទ្រ)។
ហើយក្រោយពីនោះមក យើងបានមានបន្ទូលទៅកាន់អម្បូរអ៊ីស្រាអែលថា៖ ចូរពួកអ្នករស់នៅលើទឹកដី(ស្ហាម)នេះចុះ។ ពិតប្រាកដណាស់ នៅពេលដែលការសន្យាចុងក្រោយ(ថ្ងៃបរលោក)បានមកដល់ យើងនឹងនាំពួកអ្នកមកទាំងអស់គ្នា(ដើម្បីជំនុំជម្រះ)។
តាមរយៈការពិត យើងបានបញ្ចុះវា(គម្ពីរគួរអាន) ហើយតាមរយៈការពិតនេះដែរ ទ្រង់បានបញ្ចុះវាមក(ដោយគ្មានការកែប្រែ)។ ហើយយើងបានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មក គឺដើម្បីធ្វើជាអ្នកផ្ដល់ដំណឹងរីករាយ និងព្រមានបន្លាច។
ហើយ(យើងបានបញ្ចុះ)គម្ពីរគួរអានដោយបានបកស្រាយបញ្ជាក់វាដើម្បីឲ្យអ្នកសូត្រឱ្យមនុស្សលោកស្ដាប់(ដោយសូត្រ)មួយៗ ច្បាស់ៗ។ ហើយយើងបានបញ្ចុះវាបន្តិចម្តងៗ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកមានជំនឿលើវា(គម្ពីរគួរអាន) ឬក៏មិនមានជំនឿលើវា។ ពិតប្រាកដណាស់ បណ្តាអ្នកដែលគេបានផ្តល់ចំណេះដឹងឲ្យកាលពីមុន នៅពេលដែលមានគេសូត្រ(គម្ពីរគួរអាន)ឱ្យពួកគេស្ដាប់ គឺពួកគេលំឱនកាយក្រាបស៊ូជូត(ចំពោះអល់ឡោះ)។
ហើយពួកគេបួងសួងថា៖ ព្រះជាម្ចាស់របស់យើងមហាបរិសុទ្ធបំផុត។ ពិតប្រាកដណាស់ កិច្ចសន្យានៃព្រះជាម្ចាស់របស់ពួកយើង ពិតជានឹងកើតឡើងយ៉ាងពិតប្រាកដ។
ហើយពួកគេបានឱនមុខរបស់ពួកគេ(ក្រាបស៊ូជូត) ហើយពួកគេយំ។ ហើយវាបានបន្ថែមឱ្យពួកគេនូវការឱនលំទោន(ចំពោះអល់ឡោះ)។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកបួងសួងសុំពីអល់ឡោះ ឬបួងសួងសុំពីអាល់រ៉ោះម៉ាន(ម្ចាស់ដ៏មហាសប្បុរស)។ ព្រះនាមណាមួយក្នុងចំណោមព្រះនាមទាំងពីរនេះដែលពួកអ្នកបួងសួង គឺសុទ្ធតែជាព្រះនាមរបស់ទ្រង់ដ៏ល្អប្រពៃ។ ហើយចូរអ្នកកុំបញ្ចេញសំឡេងខ្លាំងពេកនៅពេលអ្នកសូត្រ(គម្ពីរគួរអាន)ក្នុងសឡាតរបស់អ្នក ហើយក៏មិនត្រូវសូត្របញ្ចេញសំឡេងតិចពេកនោះដែរ។ ប៉ុន្តែអ្នកត្រូវជ្រើសរើសយកផ្លូវកណ្ដាលក្នុងចំណោមទាំងពីរនេះ(មិនសូត្រឮតិចពេក និងមិនសូត្រឮខ្លាំងពេក)។
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលទ្រង់ពុំមានបុត្រ ពុំមានដៃគូក្នុងការគ្រប់គ្រង ហើយទ្រង់ក៏មិនទន់ខ្សោយដែលត្រូវការអ្នកគាំពារនោះដែរ។ ហើយចូរអ្នកលើកតម្កើងទ្រង់ឱ្យបានថ្កុំថ្កើងបំផុត។