عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

The Cow [Al-Baqara] - Khmer translation - Rowwad Translation Center

Surah The Cow [Al-Baqara] Ayah 286 Location Madanah Number 2

អាលីហ្វ ឡាម មីម (តួអក្សរទាំងនេះ ក៏ដូចជាតួអក្សរដទៃទៀតដែលមាននៅដើមស៊ូរ៉ោះមួយចំនួននៃគម្ពីរគួរអាន គឺបង្ហាញពីអច្ឆរិយភាពនៃគម្ពីរមួយនេះ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់កំហិតឱ្យពួកមុស្ហរីគីន(ពួកពហុទេពនិយម)ប្រកួតប្រជែងនឹងគម្ពីរគួរអាន តែពួកគេអសមត្ថភាព ខណៈដែលភាសានិយាយរបស់ពួកគេ បង្កើតឡើងចេញអំពីតួអក្សរទាំងនេះដូចគ្នា។ ការអសមត្ថភាពរបស់ពួកអារ៉ាប់ក្នុងការនាំមកនូវគម្ពីរមួយឱ្យដូចនឹងគម្ពីរគួរអាន (ទាំងដែលពួកគេគឺជាអ្នកដែលពូកែខាងវោហារសាស្ត្របំផុត) គឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា គម្ពីរគួរអាន ពិតជាព្រះបន្ទូលមកពីអល់ឡោះជាម្ចាស់យ៉ាងពិតប្រាកដ។ )

នេះគឺជាគម្ពីរ(គួរអាន)ដែលគ្មានការមន្ទិលសង្ស័យឡើយនៅក្នុងវា ជាការចង្អុលបង្ហាញដល់បណ្តាអ្នកដែលកោតខ្លាច(ចំពោះអល់ឡោះ)។

គឺបណ្ដាអ្នកដែលមានជំនឿនឹងប្រការអាថ៌កំបាំង ហើយពួកគេប្រតិបត្ដិសឡាត ហើយមួយចំនួនអំពីអ្វីដែលយើង(អល់ឡោះ)បានប្រទានជាលាភសក្ការៈដល់ពួកគេ គឺពួកគេធ្វើការបរិច្ចាគ។

ហើយនិងបណ្តាអ្នកដែលមានជំនឿនឹងអ្វីដែលគេបញ្ចុះមកឱ្យកាន់អ្នក(ព្យាការីមូហាំម៉ាត់) ហើយនិងអ្វីដែលគេបញ្ចុះទៅឲ្យ(បណ្តាព្យាការី)មុនអ្នក។ ហើយពួកគេក៏មានជំនឿយ៉ាងមុតមំានឹងថ្ងៃបរលោកផងដែរ។

អ្នកទាំងនោះហើយដែលស្ថិតនៅលើការចង្អុលបង្ហាញពីព្រះជាម្ចាស់របស់ពួកគេ ហើយអ្នកទាំងនោះហើយគឺជាអ្នកដែលទទួលជោគជ័យ។

ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនោះ ទោះបីជាអ្នក(ព្យាការីមូហាំម៉ាត់)ដាស់តឿនព្រមានពួកគេ ឬមិនដាស់តឿនព្រមានពួកគេក៏ដោយ ក៏ពួកគេនៅតែគ្មានជំនឿដដែល។

(ដោយសារតែ)អល់ឡោះជាម្ចាស់បានបោះត្រាភ្ជិតលើដួងចិត្ដរបស់ពួកគេ និងទៅលើការស្តាប់ឮរបស់ពួកគេ ថែមទាំងបានដាក់របាំងទៅលើការមើលឃើញរបស់ពួកគេ(មិនឲ្យមើលឃើញការពិត)។ ហើយពួកគេនឹងទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត(នៅថ្ងៃបរលោក)។

ហើយក្នុងចំណោមមនុស្សលោក គឺមានអ្នកដែលនិយាយថា៖ ពួកយើងមានជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោក ខណៈដែល(ធាតុពិត)ពួកគេពុំមែនជាអ្នកដែលមានជំនឿឡើយ។

(ពួកគេគិតស្មានថា) ពួកគេកំពុងតែបោកប្រាស់អល់ឡោះ និងបណ្ដាអ្នកដែលមានជំនឿ ខណៈដែល(ជាក់ស្តែង) ពួកគេកំពុងតែបោកប្រាស់ខ្លួនឯងតែប៉ុណ្ណោះ។ ក៏ប៉ុន្តែពួកគេមិនដឹងខ្លួនឡើយ។

នៅក្នុងចិត្តពួកគេមានជំងឺ(មន្ទិលសង្ស័យ) ហើយអល់ឡោះបានបន្ថែមនូវជំងឺនោះដល់ពួកគេថែមទៀត។ ហើយសម្រាប់ពួកគេនឹងទទួលទណ្ឌកម្មយ៉ាងឈឺចាប់បំផុតដោយសារតែអ្វីដែលពួកគេបានបដិសេធ។

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេ(ពួកពុតត្បុត)ថា៖ ចូរពួកអ្នកកុំឱ្យបង្កវិនាសកម្មនៅលើផែនដី ពួកគេបានតបថា៖ តាមពិត ពួកយើងគ្រាន់តែជាអ្នកសម្របសម្រួលប៉ុណ្ណោះ។

តើពុំមែនទេឬ តាមពិតពួកគេគឺជាពួកដែលបង្កវិនាសកម្មទៅវិញទេ ក៏ប៉ុន្ដែពួកគេមិនបានដឹងខ្លួនឡើយ។

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកមានជំនឿដូចអ្វីដែលមនុស្សលោក(បណ្តាអ្នកមានជំនឿ)បានជឿ ពួកគេបែរជានិយាយថា៖ តើឱ្យពួកយើងមានជំនឿដូចអ្នកដែលខ្សោយបញ្ញាបានជឿយ៉ាងដូចមេ្ដច? តើពុំមែនទេឬ តាមពិតពួកគេទៅវិញទេដែលជាអ្នកខ្សោយបញ្ញានោះ ក៏ប៉ុន្ដែពួកគេមិនបានដឹងឡើយ។

ហើយនៅពេលដែលពួកគេបានជួបនឹងបណ្ដាអ្នកមានជំនឿ ពួកគេនិយាយថា៖ ពួកយើងបានជឿ(ដូចពួកអ្នក)ដែរ។ តែនៅពេលដែលពួកគេបានចាកចេញ(ពីអ្នកមានជំនឿ)ទៅជួបនឹងមេដឹកនាំរបស់ពួកគេវិញ ពួកគេបាននិយាយ(ទៅកាន់មេដឹកនាំរបស់ខ្លួន)ថា៖ ពិតប្រាកដណាស់ ពួកយើងនៅជាមួយពួកអ្នក។ តាមពិត ពួកយើងគ្រាន់តែចំអកឡកឡឺយ(ចំពោះអ្នកមានជំនឿ)ប៉ុណ្ណោះ។

អល់ឡោះជាម្ចាស់ទ្រង់ចំអកឡកឡឺយចំពោះពួកគេវិញ ហើយទ្រង់បណ្ដោយពួកគេឲ្យស្ថិតក្នុងភាពវង្វេងរបស់ពួកគេដោយពួកគេមានភាពស្រពិចស្រពិល(ជារៀងរហូត)។

ពួកទាំងនោះហើយជាពួកដែលយកការចង្អុលបង្ហាញប្តូរយកភាពវង្វេង។ ជាការពិតណាស់ ការធ្វើជំនួញរបស់ពួកគេបែបនេះ គឺគ្មានផលចំណេញអ្វីឡើយ ហើយពួកគេក៏ពុំមែនជាពួកដែលទទួលបានការចង្អុលបង្ហាញ(ទៅកាន់ការពិត)នោះដែរ។

ការប្រៀបធៀបសម្រាប់ពួកគេ(ពួកពុតត្បុត) គឺប្រៀបដូចអ្នកដែលបង្កាត់ភ្លើង(ដើម្បីបំភ្លឺ)។ នៅពេលដែលភ្លើងឆេះបំភ្លឺនូវអ្វីដែលនៅជុំវិញពួកគេ អល់ឡោះក៏បានឲ្យពន្លឺ(ភ្លើង)របស់ពួកគេនោះរលត់បាត់ទៅវិញ ហើយទុកឱ្យពួកគេស្ថិតក្នុងភាពងងឹតសូន្យសុងដោយពួកគេមិនអាចមើលឃើញឡើយ។

(ពួកគេ)ថ្លង់ គរ ខ្វាក់ ហេតុដូចេ្នះ ពួកគេមិនអាចវិលត្រឡប់(ចេញពីភាពវង្វេង)បានឡើយ។

ឬប្រៀបដូចជាភ្លៀងដែលធ្លាក់ពីលើមេឃដែលគ្របដណ្ដប់ដោយភាពងងឹត ផ្គររន្ទះ និងផេ្លកបន្ទោរ។ ពួកគេក៏យកម្រាមដៃញ៉ុកត្រចៀករបស់ពួកគេដើម្បីការពារពីសំឡេងរន្ទះដោយភ័យខ្លាចសេចក្តីស្លាប់។ ហើយអល់ឡោះដឹងជ្រួតជ្រាបបំផុតចំពោះពួកដែលប្រឆាំង។

ផេ្លកបន្ទោរស្ទើតែនឹងឆាបឆក់ក្រសែភ្នែករបស់ពួកគេ។ រាល់ពេលដែលផេ្លកបន្ទោរបានជះពន្លឺដល់ពួកគេ ពួកគេបានបន្ដដំណើរទៅមុខ។ តែនៅពេលដែលគ្មានពន្លឺ ពួកគេនៅឈរទ្រឹង(ដោយពួកគេមិនអាចបន្តដំណើរទៅមុខបានឡើយ)។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់ប្រាកដជានឹងដកយកការស្ដាប់ឮ និងការមើលឃើញរបស់ពួកគេជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានសមត្ថភាពលើអ្វីៗទាំងអស់។

ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកគោរពសក្ការៈចំពោះព្រះជាម្ចាស់របស់ពួកអ្នក ជាអ្នកដែលបានបង្កើតពួកអ្នកនិងមនុស្សជំនាន់មុនពួកអ្នក។ សង្ឃឹមថា ពួកអ្នកនឹងកោតខ្លាច(ចំពោះអល់ឡោះ)។

ទ្រង់ជាអ្នកដែលធ្វើឲ្យផែនដីមានសណ្ឋានលាតសន្ធឹងសម្រាប់ពួកអ្នក និងបានបង្កើតមេឃជាសំណង់មួយ(នៅពីលើផែនដី)។ ហើយទ្រង់បានបញ្ចុះពីលើមេឃនូវទឹកភ្លៀង ដោយតាមរយៈទឹកភ្លៀងនេះ ទ្រង់បានបណ្តុះនូវផលានុផលជាច្រើនជាលាភសក្ការៈសម្រាប់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកុំយកអ្នកផ្សេងមកគោរពសក្ការៈរួមជាមួយនឹងអល់ឡោះឲ្យសោះ ខណៈដែលពួកអ្នកបានដឹងហើយនោះ។

ប្រសិនបើពួកអ្នក(ឱមនុស្សលោក)នៅមានមន្ទិលសង្ស័យចំពោះអ្វី(គម្ពីរគួរអាន)ដែលយើងបានបញ្ចុះមកឱ្យខ្ញុំបម្រើរបស់យើង(ព្យាការីមូហាំម៉ាត់)នោះ ចូរពួកអ្នកនាំមកនូវជំពូកមួយដែលដូចនឹងវា(គម្ពីរគួរអាន) ហើយចូរពួកអ្នកហៅសាក្សីរបស់ពួកអ្នកក្រៅពីអល់ឡោះ(ដែលមានសមត្ថភាពឲ្យមកជួយពួកអ្នកចុះ) ប្រសិនបើពួកអ្នកគឺជាអ្នកដែលត្រឹមត្រូវ(ចំពោះអ្វីដែលពួកអ្នកអះអាង)មែននោះ។

តែប្រសិនបើពួកអ្នកមិនអាចធ្វើវាបាន(ក្នុងពេលនេះ) ហើយក៏នឹងមិនអាចធ្វើវាបាន(នៅពេលខាងមុខ)នោះ ដូចេ្នះ ចូរពួកអ្នកខ្លាចភ្លើងនរកដែលវត្ថុសម្រាប់បង្កាត់វានោះ គឺមនុស្ស និងដុំថ្មដែលគេត្រៀមទុកសម្រាប់ពួកដែលគ្មានជំនឿ។

ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្តាអ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសលថា៖ ពិតណាស់ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា។ រាល់ពេលដែលពួកគេត្រូវបានគេផ្ដល់លាភសក្ការៈជាផ្លែឈើអំពីវា(ឋានសួគ៌)ដល់ពួកគេ ពួកគេបាននិយាយថា៖ នេះគឺដូចជាអ្វីដែលគេធ្លាប់បានប្រទានជាលាភសក្ការៈដល់ពួកយើងកាលពីមុន(ក្នុងលោកិយ)ដែរ។ ហើយពួកគេត្រូវបានគេផ្ដល់ឱ្យនូវផ្លែឈើដែលស្រដៀងគ្នា(នឹងផ្លែឈើនៅក្នុងលោកិយ តែមានរសជាតិខុសគ្នា) ។ ហើយនៅក្នុងឋានសួគ៌នោះ ពួកគេមានភរិយាដ៏ស្អាតស្អំជាច្រើន ហើយពួកគេស្ថិតនៅក្នុងវា(ឋានសួគ៌នោះ)ជាអមតៈ។

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនខ្មាសអៀនក្នុងការលើកជាឧទាហរណ៍ អំពីសត្វមូស ឬអ្វីដែលធំជាងនេះឬតូចជាងនេះនោះឡើយ។ ចំពោះបណ្ដាអ្នកដែលមានជំនឿ ពួកគេដឹងថា ពិតណាស់ វាគឺជាការពិតមកពីព្រះជាម្ចាស់របស់ពួកគេ។ រីឯពួកដែលគ្មានជំនឿវិញ ពួកគេនឹងនិយាយថា៖ តើអល់ឡោះចង់បានអ្វីអំពីឧទាហរណ៍នេះ។ តាមរយៈឧទាហរណ៍នេះ ទ្រង់បានធ្វើឲ្យមនុស្សជាច្រើនវង្វេង ហើយតាមរយៈឧទាហរណ៍នេះផងដែរ ទ្រង់ក៏បានធ្វើឲ្យមនុស្សជាច្រើនទទួលបានការចង្អុលបង្ហាញផងដែរ។ ហើយទ្រង់មិនធ្វើឱ្យនរណាម្នាក់វងេ្វងតាមរយៈវា ក្រៅពីពួកដែលប្រព្រឹត្តល្មើស(ចំពោះទ្រង់)នោះឡើយ។

ពួកដែលក្បត់នឹងកិច្ចសន្យារបស់អល់ឡោះបន្ទាប់ពីពួកគេបានយល់ព្រមទទួលយកកិច្ចសន្យានោះ ហើយពួកគេកាត់ផ្ដាច់នូវអ្វី(ចំណងសាច់សាលោហិត)ដែលអល់ឡោះបានបញ្ជាពួកគេឱ្យផ្សារភ្ជាប់វា ព្រមទាំងបានបង្កវិនាសកម្មនៅលើផែនដីនោះ ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់។

តើពួកអ្នកប្រឆាំងនឹងអល់ឡោះយ៉ាងដូចមេ្ដច ខណៈដែលពួកអ្នកមិនទាន់មានវត្តមានសោះ ហើយទ្រង់បានបង្កើតពួកអ្នកឱ្យមានជីវិត។ ក្រោយមក ទ្រង់ឱ្យពួកអ្នកស្លាប់ទៅវិញ បន្ទាប់មក ទ្រង់បានធ្វើឱ្យពួកអ្នករស់ឡើងវិញ(នៅថ្ងៃបរលោក)។ បន្ទាប់មកទៀត ពួកអ្នកនឹងត្រូវគេបញ្ជូនត្រឡប់ទៅកាន់ទ្រង់វិញ ដើម្បីជុំនុំជម្រះនូវអ្វីដែលពួកគេបានសាងនៅក្នុងលោកិយ។

ទ្រង់គឺជាអ្នកដែលបានបង្កើតអ្វីៗទាំងអស់នៅលើផែនដីនេះសម្រាប់ពួកអ្នក។ បន្ទាប់មក ទ្រង់ឆ្ពោះទៅកាន់មេឃ រួចទ្រង់បានបង្កើតមេឃប្រាំពីរជាន់(នៅបន្តបន្ទាប់ពីលើគ្នា)។ ហើយទ្រង់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។

ហើយ(ចូរអ្នករំឮកដល់មនុស្សលោក)នៅពេលដែលម្ចាស់របស់អ្នកបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថា៖ ពិតប្រាកដណាស់ យើងនឹងបង្កើតនូវអ្នកគ្រប់គ្រងនៅលើផែនដីនេះ។ ពួកគេបានសួរថា៖ តើទ្រង់នឹងបង្កើតនៅលើផែនដីនូវអ្នកដែលនឹងបង្កវិនាសកម្ម និងបង្ហូរឈាមគ្នាលើវា(ផែនដី)ឬ ខណៈដែលពួកយើងវិញជាអ្នកដែលលើកតម្កើងដោយការកោតសរសើរ និងបញ្ជាក់ពីភាពបរិសុទ្ធរបស់ទ្រង់នោះ? ទ្រង់បានតបវិញថា៖ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកអ្នកមិនដឹង។

ហើយទ្រង់បានបង្រៀនព្យាការីអាហ្ទាំនូវឈ្មោះអ្វីៗគ្រប់យ៉ាងទាំងអស់។ ក្រោយមក ទ្រង់បានបង្ហាញអ្វីៗទាំងនោះទៅកាន់ម៉ាឡាអ៊ីកាត់ រួចទ្រង់បានមានបន្ទូលថា៖ ចូរពួកអ្នកប្រាប់យើងនូវឈ្មោះអ្វីៗទាំងអស់នេះមក ប្រសិនបើពួកអ្នកជាអ្នកត្រឹមត្រូវ(ចំពោះអ្វីដែលពួកអ្នកអះអាង)មែននោះ។

ពួកគេបានឆ្លើយថា៖ ទ្រង់មហាស្អាតស្អំ! ពួកយើងគ្មានចំណេះដឹងអ្វីឡើយ លើកលែងតែអ្វីដែលទ្រង់បានបង្រៀនពួកយើងប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលមហាដឹង មហាគតិបណ្ឌិតបំផុត។

ទ្រង់បានមានបន្ទូលថា៖ ឱអាហ្ទាំ! ចូរអ្នកប្រាប់ពួកគេ(ម៉ាឡាអ៊ីកាត់)នូវឈ្មោះអ្វីៗទាំងអស់នោះចុះ។ ហើយនៅពេលដែលគាត់បានប្រាប់ពួកគេនូវឈ្មោះទាំងនេះរួចមក ទ្រង់បានមានបន្ទូល(ទៅកាន់ម៉ាឡាអ៊ីកាត់)ថា៖ តើយើងមិនបានប្រាប់ពួកអ្នកទេឬថា ពិតប្រាកដណាស់ យើងដឹងបំផុតនូវប្រការអាថ៌កំបាំងនៃមេឃជាច្រើនជាន់និងផែនដី ហើយយើងដឹងផងដែរនូវអ្វីៗដែលពួកអ្នកលាតត្រដាង និងអ្វីៗដែលពួកអ្នកបានលាក់បាំងនោះ?

ហើយ(ចូរអ្នករំឮកដល់មនុស្សលោក)នៅពេលដែលយើង(អល់ឡោះ)មានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថា៖ ចូរពួកអ្នកស៊ូជោត(ក្រាបគោរព)ទៅចំពោះអាហ្ទាំ(ជាការស៊ូជោតក្នុងន័យកោតសរសើរ និងគោរព) ពេលនោះ ពួកគេក៏បានស៊ូជោតទាំងអស់គ្នា លើកលែងតែអ៊ីព្លីសប៉ុណ្ណោះដែលបានបដិសេធ និងមានអំនួត។ ហេតុនេះ វាក៏ស្ថិតក្នុងចំណោមពួកដែលប្រឆាំង(នឹងអល់ឡោះជាម្ចាស់)។

ហើយយើង(អល់ឡោះ)បានមានបន្ទូលថា៖ ឱអាហ្ទាំ! ចូរអ្នក និងភរិយារបស់អ្នក(ហាវ៉ា)រស់នៅក្នុងឋានសួគ៌នេះចុះ ហើយចូរអ្នកទាំងពីរទទួលទានចុះនូវអ្វីដែលមាននៅក្នុងវា(ឋានសួគ៌)តាមក្តីប្រាថ្នារបស់អ្នកទាំងពីរ។ តែអ្នកទាំងពីរមិនត្រូវទៅជិតដើមឈើមួយដើមនេះ(ជាដាច់ខាត)។ បើមិនដូច្នោះទេ អ្នកទាំងពីរនឹងស្ថិតក្នុងចំណោមពួកដែលបំពានជាមិនខាន។

ហើយស្ហៃតននៅតែបន្តញុះញង់ពួកគេទាំងពីរ រហូតធ្វើឱ្យពួកគេទាំងពីរត្រូវបានគេបណ្តេញចេញពី(ឋានសួគ៌)កន្លែងដែលពួកគេធ្លាប់រស់នៅ។ ហើយយើងបានមានបន្ទូល(ទៅកាន់ពួកគេទាំងពីរ និងស្ហៃតន)ថា៖ ចូរពួកអ្នកចុះចេញ(ទៅរស់នៅលើផែនដី)ក្នុងភាពជាសត្រូវនឹងគ្នាចុះ។ ហើយផែនដី គឺជាកន្លែងស្នាក់អាស្រ័យរបស់ពួកអ្នក និង(ជាកន្លែង)សោយសុខ រហូតដល់អវសាននៃជីវិត។

បន្ទាប់មក ព្យាការីអាហ្ទាំបានទទួលយកនូវពាក្យណែនាំពីម្ចាស់របស់គាត់ ហើយទ្រង់ក៏បានទទួលយកការសារភាពកំហុសរបស់គាត់។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកទទួលយកការសារភាពកំហុស ជាអ្នកអាណិតស្រលាញ់បំផុត(ចំពោះពួកគេ)។

យើងបានមានបន្ទូល(ទៅកាន់ពួកគេ)ថា៖ ចូរពួកអ្នកចុះចេញពីវា(ឋានសួគ៌)ទាំងអស់គ្នាចុះ។ ហើយប្រសិនបើមានការចង្អុលបង្ហាញអំពីយើងបានមកដល់ពួកអ្នក ដូចនេះជនណាហើយដែលបានដើរតាមការចង្អុលបង្ហាញនោះ ពួកគេគ្មានការភ័យខ្លាចអ្វីឡើយ ហើយពួកគេក៏គ្មានការព្រួយបារម្ភអ្វីនោះដែរ។

រីឯពួកដែលប្រឆាំង និងបានបដិសេធនឹងបណ្តាវាក្យខណ្ឌរបស់យើងនោះ ពួកគេគឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងវាជាអមតៈ។

ឱអម្បូរអ៊ីស្រាអែល! ចូរពួកអ្នកនឹកឃើញនូវឧបការគុណដែលយើងបានប្រោសប្រទានដល់ពួកអ្នក ហើយចូរពួកអ្នកប្រកាន់ខ្ជាប់នូវកិច្ចសន្យារបស់យើង(ដែលបានដាក់ទៅលើពួកអ្នក) នោះយើងនឹងបំពេញតាមកិច្ចសន្យារបស់ពួកអ្នកវិញ។ ហើយចំពោះយើង(តែមួយគត់)ដែលពួកអ្នកត្រូវកោតខ្លាច។

ហើយចូរពួកអ្នកមានជំនឿចំពោះអ្វី(គម្ពីរគួរអាន)ដែលយើងបានបញ្ចុះវាដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃគម្ពីរដែលមាននៅជាមួយពួកអ្នក ហើយពួកអ្នកមិនត្រូវក្លាយខ្លួនជាក្រុមដែលប្រឆាំងនឹងវាមុនគេនោះឡើយ ហើយក៏មិនត្រូវយកបណ្តាវាក្យខណ្ឌរបស់យើងប្តូរនឹងតម្លៃបន្ដិចបន្ដួចនោះដែរ។ ហើយចំពោះយើង(តែមួយគត់)ដែលពួកអ្នកត្រូវកោតខ្លាច។

ហើយចូរពួកអ្នកកុំលាយឡំប្រការពិតជាមួយនឹងប្រការមិនពិតឱ្យសោះ។ ហើយពួកអ្នកមិនត្រូវលាក់បាំងការពិត(ដែលមានក្នុងគម្ពីររបស់ពួកអ្នក)អំពីលក្ខណៈសម្បត្តិរបស់ព្យាការីមូហាំម៉ាត់នោះឡើយ ខណៈដែលពួកអ្នកបានដឹង(អំពីវា)ហើយនោះ។

ហើយចូរពួកអ្នកប្រតិបតិ្ដសឡាត និងបរិច្ចាគហ្សាកាត់ ហើយចូរពួកអ្នកសឡាត(រួមគ្នា)ជាមួយនឹងបណ្ដាអ្នកដែលសឡាតទាំងឡាយ។

តើពួកអ្នកប្រើមនុស្សឲ្យធ្វើអំពើល្អ ហើយពួកអ្នកបែរជាភេ្លចខ្លួនឯងទៅវិញ ខណៈដែលពួកអ្នកកំពុងតែសូត្រគម្ពីរ(តាវរ៉ត)បែបនេះឬ? តើពួកអ្នកមិនចេះគិតពិចារណាទេឬ?

ហើយចូរពួកអ្នកសុំជំនួយ(ពីអល់ឡោះ)តាមរយៈការអត់ធ្មត់ និងការប្រតិបត្ដិសឡាត។ ហើយពិតប្រាកដណាស់ វា(សឡាត)ពិតជាមានការលំបាកជាខ្លាំង លើកលែងតែចំពោះបណ្ដាអ្នកដែលឱនលំទោនប៉ុណ្ណោះ។

គឺបណ្តាអ្នកដែលគិតថា ពិតប្រាកដណាស់ ពួកគេនឹងជួបព្រះជាម្ចាស់របស់ពួកគេវិញ(នៅថ្ងៃបរលោក) ហើយពិតប្រាកដណាស់ ពួកគេនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់វិញ។

ឱអម្បូរអ៊ីស្រាអែល! ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើងដែលយើងបានប្រោសប្រទានដល់ពួកអ្នក ហើយពិតប្រាកដណាស់ យើងបានលើកតម្កើងពួកអ្នកឱ្យល្អប្រសើរជាងគេលើលោកនេះ(នៅសម័យកាលនោះ)។

ហើយចូរពួកអ្នកខ្លាចថ្ងៃមួយ(ថ្ងៃបរលោក)ដែលបុគ្គលម្នាក់ៗមិនអាចជួយអ្វីដល់គ្នាបាន ហើយគេក៏មិនទទួលយកការអន្ដរាគមន៍ និងមិនទទួលយកការលោះពីនរណាម្នាក់ឡើយ ហើយពួកគេក៏មិនត្រូវបានគេជួយនោះដែរ(នៅក្នុងថ្ងៃនោះ)។

ហើយ(ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើង)ខណៈដែលយើងបានសង្គ្រោះពួកអ្នកឱ្យរួចផុតពីបក្សពួកហ្វៀរអោន(ផារ៉ាអុង)ដែលពួកគេបានឱ្យពួកអ្នកភ្លក់នូវទារុណកម្មយ៉ាងព្រៃផ្សៃបំផុតដោយពួកគេសម្លាប់កូនប្រុស ហើយទុកជីវិតកូនស្រីរបស់ពួកអ្នក(ដើម្បីទុកធ្វើជាទាសករ)។ ហើយនៅក្នុងរឿងនោះ គឺជាការសាកល្បងយ៉ាងធំធេងពីព្រះជាម្ចាស់របស់ពួកអ្នក។

ហើយ(ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើង)ខណៈដែលយើងបានញែកសមុទ្រសម្រាប់ពួកអ្នក ដោយយើងបានសង្គ្រោះពួកអ្នក និងបានពន្លិចបក្សពួកហ្វៀរអោន ខណៈដែលពួកអ្នកមើលឃើញ(ផ្ទាល់នឹងភ្នែក)។

ហើយ(ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើង)នៅពេលដែលយើងបានសន្យា(កំណត់ពេល)ជាមួយព្យាការីមូសារយៈពេលសែសិបយប់។ ក្រោយមក ពួកអ្នកបែរជាយករូបសំណាកកូនគោ(មកគោរពសក្ការៈ)បន្ទាប់ពីគាត់(អវត្តមាន) ខណៈដែលពួកអ្នកគឺជាពួកដែលបំពាន។

ក្រោយមក យើងបានអធ្យាស្រ័យឱ្យពួកអ្នកបន្ទាប់ពីនោះ។ សង្ឃឹមថា ពួកអ្នកនឹងដឹងគុណ(ចំពោះយើង)។

ហើយ(ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើង)ខណៈដែលយើងបានប្រទានឱ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត) និងជាការវិនិច្ឆ័យ(រវាងខុសនិងត្រូវ)។ សង្ឃឹមថាពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញ។

ហើយ(ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើង)នៅពេលដែលព្យាការីមូសាបានពោលទៅកាន់ក្រុមរបស់គាត់ថា៖ ឱក្រុមរបស់ខ្ញុំ! ពួកអ្នកពិតជាបានបំពានលើខ្លួនឯងដោយយករូបសំណាក់កូនគោ(មកគោរពសក្ការៈ)។ ហេតុនេះ ចូរពួកអ្នកសារភាពកំហុសទៅកាន់ព្រះជាម្ចាស់ដែលបង្កើតពួកអ្នកដោយពួកអ្នកត្រូវសម្លាប់ខ្លួនឯង(សម្លាប់គ្នាទៅវិញទៅមក)។ នោះជាការប្រសើរសម្រាប់ពួកអ្នកនៅចំពោះមុខព្រះជាម្ចាស់របស់ពួកអ្នក ហើយទ្រង់នឹងទទួលយកការសារភាពកំហុសរបស់ពួកអ្នក។ ជាការពិតណាស់ ទ្រង់ជាអ្នកដែលទទួលយកការសារភាពកំហុស មហាអាណិតស្រលាញ់បំផុត។

ហើយចូរពួកអ្នក(អម្បូរអ៊ីស្រាអែល)នឹកឃើញឡើងវិញ នៅពេលដែលពួកអ្នកបាននិយាយថា៖ ឱមូសា! ពួកយើងនឹងមិនជឿលើអ្នកជាដាច់ខាត លុះត្រាតែពួកយើងបានឃើញអល់ឡោះផ្ទាល់នឹងភ្នែក។ ពេលនោះ រន្ទះបានឆក់យកជីវិតពួកអ្នកភ្លាមៗ ខណៈដែលពួកអ្នកមើលឃើញ(ផ្ទាល់នឹងភ្នែក)។

ក្រោយមក យើងបានប្រោសពួកអ្នកឱ្យរស់ឡើងវិញបន្ទាប់ពីការស្លាប់របស់ពួកអ្នក សង្ឃឹមថាពួកអ្នកនឹងដឹងគុណ។

ហើយយើងបានបញ្ជូនពពកឱ្យបាំងជាម្លប់ដល់ពួកអ្នក(ពីកម្តៅថ្ងៃ) ហើយយើងបានបញ្ចុះមកឱ្យពួកអ្នកនូវអាល់ម៉ាន់(ភេសជ្ជៈដែលមានរសជាតិផ្អែមដូចទឹកឃ្មុំ) និងអាស់សាល់វ៉ា(បក្សីមួយប្រភេទដែលស្រដៀងនឹងសត្វក្រួច)។ (យើងបានមានបន្ទូលទៅកាន់ពួកអ្នកថា៖) ចូរពួកអ្នកបរិភោគចំណីអាហារល្អៗដែលយើងបានប្រទានឱ្យពួកអ្នកចុះ។ ហើយពួកគេមិនបានបំពានលើយើង(ធ្វើឱ្យយើងខាតបង់)អ្វីឡើយ។ ក៏ប៉ុន្តែ ពួកគេទៅវិញទេដែលបំពានលើខ្លួនឯង។

ហើយ(ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើង)នៅពេលដែលយើងមានបន្ទូល(ទៅកាន់ពួកអ្នក)ថា៖ ចូរពួកអ្នកចូលក្នុងស្រុកភូមិនេះ(ក្រុងយេរ៉ូសាឡឹម) ហើយចូរពួកអ្នកបរិភោគនូវអ្វីៗដែលមាននៅទីនោះដោយក្តីរីករាយតាមតែពួកអ្នកត្រូវការចុះ។ ហើយចូរពួកអ្នកចូលតាមទ្វារដោយឱនលំទោន និងបួងសួងសុំការអភ័យទោស(ពីយើង) នោះយើងនឹងអភ័យទោសដល់ពួកអ្នកចំពោះកំហុសឆ្គងរបស់ពួកអ្នក។ ហើយយើងនឹងបន្ថែម(ផលបុណ្យ)ដល់បណ្ដាអ្នកដែលសាងអំពើល្អ។

តែពួកដែលបំពានវិញបែរជាផ្លាស់ប្តូរពាក្យពេចន៍ខុសពីពាក្យពេចន៍ដែលគេបាននិយាយទៅកាន់ពួកគេ។ ដូចនេះ យើងក៏បានបញ្ចុះទណ្ឌកម្មពីលើមេឃទៅលើពួកដែលបំពានដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្តល្មើស។

ហើយ(ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើង)ខណៈដែលព្យាការីមូសាបានសុំទ្រង់ឱ្យប្រទានទឹកដល់ក្រុមរបស់គាត់។ ពេលនោះ យើងបានមានបន្ទូលថា៖ ចូរអ្នកវាយដុំថ្មនឹងដំបងរបស់អ្នកចុះ។ ខណៈនោះ វាក៏បាញ់ទឹកចេញជាដប់ពីររន្ធ(ទៅតាមចំនួនកុលសម្ព័ន្ធរបស់ពួកគេ)។ ពិតណាស់ រាល់ក្រុមនីមួយៗ គឺគេដឹងនូវកន្លែងដែលខ្លួនត្រូវផឹក។ (យើងបានមានបន្ទូលទៅកាន់ពួកគេថា)៖ ចូរពួកអ្នកបរិភោគ និងផឹកអំពីលាភសក្ការៈរបស់អល់ឡោះចុះ ហើយចូរពួកអ្នកកុំបំពាននៅលើផែនដីដោយការបង្កវិនាសកម្មឱ្យសោះ។

ហើយ(ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើង)ខណៈដែលពួកអ្នកបាននិយាយទៅកាន់ព្យាការីមូសាថា៖ ឱមូសា! ពួកយើងពិតជាមិនអាចអត់ទ្រាំលើ(ការបរិភោគ)ចំណីអាហារតែមួយមុខ(ដដែលៗ)បែបនេះបានឡើយ។ ហេតុនេះ ចូរអ្នកបួងសួងសុំពីព្រះជាម្ចាស់របស់អ្នកឱ្យទ្រង់បញ្ចេញឱ្យពួកយើងនូវអ្វីដែលគេបណ្ដុះចេញពីដី ដូចជាជី ត្រសក់ ខ្ទឹមស សណ្ដែក និងខ្ទឹមក្រហមជាដើម។ គាត់បានតបថា៖ តើពួកអ្នកសុំប្ដូររបស់ដែលល្អយករបស់ដែលអន់ជាងឬ? ចូរពួកអ្នកចាកចេញទៅរស់នៅទីក្រុងណាមួយផ្សេងចុះ នោះពួកអ្នកនឹងទទួលបាននូវអ្វីដែលពួកអ្នកបានស្នើសុំជាមិនខាន។ (ដោយសារតែការប្រឆាំងរបស់ពួកគេជាបន្តបន្ទាប់)ពួកគេបានទទួលរងនូវភាពអាប់ឱន ភាពក្រខ្សត់ ហើយពួកគេបានវិលត្រឡប់មកវិញដោយការខឹងសម្បាពីអល់ឡោះជាម្ចាស់។ នោះក៏ដោយសារតែពួកគេបានប្រឆាំងនឹងបណ្ដាភស្តុតាងរបស់ទ្រង់ ព្រមទាំងបានសម្លាប់ព្យាការីជាច្រើនដោយបំពាន។ ទាំងនោះគឺដោយសារតែពួកគេបានប្រព្រឹត្តល្មើស ព្រមទាំងបានបំពាន(លើព្រំដែនរបស់ទ្រង់)។

ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ(នៃប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់) និង(ប្រជាជាតិមុនៗដូចជា)ពួកយូដា និងពួកគ្រឹស្ទាន ហើយនិងពួកសពីអ៊ីន(ជាអ្នកដែលដើរតាមបណ្តាព្យាការីមួយចំនួន) ជនណាហើយដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោក ហើយនិងបានសាងទង្វើកុសលនោះ សម្រាប់ពួកគេនឹងទទួលបានផលបុណ្យពីព្រះជាម្ចាស់របស់ពួកគេ។ ហើយចំពោះពួកគេ គឺគ្មានការភ័យខ្លាចអ្វីឡើយ ហើយក៏គ្មានការព្រួយបារម្ភអ្វីនោះដែរ។

ហើយ(ចូរពួកអ្នកនឹកឃើញ)នៅពេលដែលយើងបានដាក់កិច្ចសន្យាទៅលើពួកអ្នក ហើយយើងបានលើកភ្នំ“តួរ”ដាក់ពីលើពួកអ្នក។ (យើងបានបញ្ជាថា៖) ចូរពួកអ្នកទទួលយកឱ្យប្រាកដប្រជា(អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន)នូវអ្វី(គម្ពីរតាវរ៉ត)ដែលយើងបានផ្តល់ឲ្យពួកអ្នក ហើយពួកអ្នកត្រូវចងចាំនូវអ្វីដែលមាននៅក្នុងវា សង្ឃឹមថា ពួកអ្នកនឹងកោតខ្លាច។

ក្រោយមក ពួកអ្នកបែរជាងាកចេញបន្ទាប់ពីនោះទៅវិញ។ ហើយប្រសិនបើគ្មានការប្រោសប្រទានពីអល់ឡោះ និងក្តីមេត្តាករុណារបស់ទ្រង់ទេនោះ ពួកអ្នកប្រាកដជានឹងស្ថិតនៅក្នុងចំណោមពួកដែលខាតបង់ជាមិនខាន។

ហើយជាការពិតណាស់ ពួកអ្នក(អម្បូរអ៊ីស្រាអែល)បានដឹងពីរឿងរ៉ាវពួកដែលបំពានក្នុងចំណោមពួកអ្នក(ដោយការល្មើសនឹងបម្រាមចេញទៅនេសាទ)នៅថ្ងៃសៅរ៍។ ពេលនោះ យើងបានមានបន្ទូលទៅកាន់ពួកគេថា ចូរពួកឯងក្លាយទៅជាសត្វស្វាដ៏ថោកទាបចុះ។

ដូចេ្នះ យើងបានទុករឿងរ៉ាវនេះ ជាមេរៀនមួយដើម្បីព្រមានដល់អ្នកជំនាន់នោះ និងអ្នកជំនាន់ក្រោយ ហើយក៏ជាការប្រៀនប្រដៅ(ក្រើនរំឭក)មួយសម្រាប់បណ្ដាអ្នកដែលកោតខ្លាចផងដែរ។

ហើយ(ចូរពួកអ្នកចងចាំនូវរឿងរ៉ាវបុព្វបុរសរបស់ពួកអ្នក) នៅពេលដែលព្យាការីមូសាបាននិយាយទៅកាន់ក្រុមរបស់គាត់ថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានប្រើពួកអ្នកឲ្យសំឡេះគោញីមួយក្បាល។ ពួកគេបានតបថា៖ តើអ្នកយកពួកយើងធ្វើជាការលេងសើចឬ? គាត់បានឆ្លើយតបវិញថា៖ ខ្ញុំសុំពីអល់ឡោះឲ្យបញ្ចៀសខ្ញុំកុំឱ្យស្ថិតក្នុងចំណោមពួកដែលល្ងង់ខ្លៅ។

ពួកគេបាននិយាយថា៖ សូមអ្នកសុំពីព្រះជាម្ចាស់របស់អ្នកឱ្យទ្រង់បញ្ជាក់ប្រាប់ពួកយើងពីលក្ខណៈរបស់គោញីនោះផង។ គាត់បានប្រាប់ពួកគេថា៖ ពិតប្រាកដណាស់ ទ្រង់បានមានបន្ទូលថា៖ គោញីនោះមិនចាស់ពេក ហើយក៏មិនកេ្មងពេក ពោលគឺស្ថិតនៅក្នុងវ័យកណ្ដាល។ ដូចេ្នះ ចូរពួកអ្នកអនុវត្តន៍តាមអ្វីដែលគេបានបញ្ជាពួកអ្នកចុះ។

ពួកគេបាននិយាយទៀតថា៖ សូមអ្នកសុំពីព្រះជាម្ចាស់របស់អ្នកឱ្យបញ្ជាក់ប្រាប់ពួកយើងផងពីពណ៌សម្បុររបស់គោញីនោះ។ គាត់បានប្រាប់ពួកគេថា៖ ពិតប្រាកដណាស់ ទ្រង់បានមានបន្ទូលថា៖ គោញីនោះមានពណ៌លឿងចាស់ដែលធ្វើឱ្យអ្នកទាំងឡាយដែលបានឃើញពេញចិត្ត។

ពួកគេបាននិយាយទៀតថា៖ សូមអ្នកសុំពីព្រះជាម្ចាស់របស់អ្នកឱ្យបញ្ជាក់ប្រាប់ពួកយើងបន្ថែមទៀតពីលក្ខណៈរបស់គោញីនោះ ព្រោះលក្ខណៈរបស់គោញីដែលបានរៀបរាប់ គឺធ្វើឲ្យពួកយើងមិនមានភាពច្បាស់លាស់នោះទេ។ ហើយពិតប្រាកដណាស់ ប្រសិនបើអល់ឡោះមានចេតនា នោះពួកយើងនឹងទទួលបានការចង្អុលបង្ហាញ(អាចរកគោញីនោះឃើញ)ជាមិនខាន។

គាត់បានប្រាប់ពួកគេថា៖ ពិតប្រាកដណាស់ ទ្រង់បានមានបន្ទូលថា៖ ការពិតគោញីនោះ គេមិនដែលយកទៅប្រើប្រាស់ភ្ជួររាស់ដី និងមិនដែលដឹកទឹកស្រោចស្រពដំណាំនោះទេ ព្រមទាំងមានលក្ខណៈពេញលេញ ហើយក៏គ្មានពណ៌ចម្រុះ(ក្រៅពីពណ៌លឿង)នោះដែរ។ (ខណៈនោះ)ពួកគេក៏បាននិយាយថា៖ ឥឡូវនេះ អ្នកបានផ្តល់នូវការពិត(លក្ខណៈពេញលេញរបស់គោញី)នោះហើយ។ ពេលនោះ ពួកគេក៏សំឡេះគោញីនោះ ខណៈដែលពួកគេស្ទើរតែមិនអាចធ្វើបាន(ព្រោះតែពិបាករក)។

ហើយ(ចូរពួកអ្នកនឹកឃើញ)នៅពេលដែលពួកអ្នកបានសម្លាប់មនុស្សម្នាក់ រួចពួកអ្នកបានទម្លាក់កំហុសឱ្យអ្នកដទៃក្នុងរឿងនោះ។ តែអល់ឡោះជាអ្នកលាតត្រដាងនូវអ្វីដែលពួកអ្នកបានលាក់បាំង(ពីអំពើឃាតកម្មនោះ)។

ពេលនោះ យើងបានមានបន្ទូលថា៖ ចូរពួកអ្នកយកផ្នែកណាមួយនៃគោញីនោះវាយទៅលើសាកសពនោះទៅ (នោះអល់ឡោះជាម្ចាស់នឹងធ្វើឱ្យអ្នកស្លាប់រស់ឡើងវិញដើម្បីប្រាប់ពីឃាតករពិត)។ ក៏ដូចគ្នាដែរ អល់ឡោះនឹងធ្វើឱ្យអ្នកស្លាប់រស់ឡើងវិញ(នៅថ្ងៃបរលោក) ហើយទ្រង់បង្ហាញឱ្យពួកអ្នកបានឃើញនូវសញ្ញាភស្តុតាងរបស់ទ្រង់ សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។

ក្រោយមក ដួងចិត្ដរបស់ពួកអ្នកនៅតែរឹងរូសដដែលក្រោយពីហេតុការណ៍នោះ ដែលវាប្រៀបដូចជាដុំថ្ម ឬរឹងជាងដុំថ្មទៅទៀត។ ជាការពិតណាស់ ផ្ទាំងថ្មខ្លះ អាចផុសទឹកចេញ ក្លាយជាទនេ្លជាច្រើន។ មានផ្ទាំងថ្មខ្លះ អាចប្រេះបែកធ្វើឱ្យទឹកហូរចេញក្រៅ ហើយមានផ្ទាំងថ្មខ្លះទៀតធ្លាក់ពីលើភ្នំដោយសារតែការខ្លាចអល់ឡោះ។ ហើយអល់ឡោះមិនព្រងើយកន្ដើយនូវអ្វីដែលពួកអ្នកកំពុងតែប្រព្រឹត្ដនោះឡើយ។

តើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នៅតែប្រាថ្នាចង់ឱ្យពួកគេ(ពួកយូដា)មានជំនឿចំពោះ(សាសនា)ពួកអ្នកទៀតឬ ខណៈដែលមួយក្រុមក្នុងចំណោមពួកគេបានស្ដាប់ឮនូវបន្ទូលរបស់អល់ឡោះ ក្រោយមកពួកគេបានកែប្រែវា បន្ទាប់ពីពួកគេបានយល់ដឹងអំពីវា ខណៈដែលពួកគេក៏បានដឹងយ៉ាងច្បាស់(ពីបទល្មើសនៃការកែប្រែបន្ទូលអល់ឡោះ)ហើយនោះ។

ហើយនៅពេលដែលពួកគេបានជួបបណ្ដាអ្នកមានជំនឿ ពួកគេនិយាយថា៖ ពួកយើងមានជំនឿហើយ។ តែនៅពេលដែលពួកគេនៅជាមួយក្រុមរបស់ពួកគេវិញ ពួកគេនិយាយថា៖ តើពួកអ្នកនិយាយប្រាប់ពួកគេ(អ្នកមានជំនឿ)នូវអ្វីដែលអល់ឡោះបានបើកបង្ហាញប្រាប់ពួកអ្នកដើម្បីឲ្យពួកគេយកជាអំណះអំណាងប្រឆាំងនឹងពួកអ្នកនៅចំពោះមុខព្រះជាម្ចាស់របស់ពួកអ្នកឬ? តើពួកអ្នកមិនចេះគិតពិចារណាទេឬ?

តើពួកគេមិនដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងនូវអ្វីៗដែលពួកគេលាក់បាំង និងអ្វីៗដែលពួកគេលាតត្រដាងនោះ។

ហើយក្នុងចំណោមពួកគេនោះ មានក្រុមមួយដែលមិនមានចំណេះដឹងអ្វីពីគម្ពីរ(តាវរ៉ត)នោះទេក្រៅតែពីចេះសូត្រប៉ុណ្ណោះ ហើយពួកគេគ្មានអ្វីក្រៅតែពីការស្មាននោះឡើយ។

ដូចនេះ ភាពវិនាសអន្ដរាយ គឺសម្រាប់ពួកដែលបានសរសេរគម្ពីរដោយដៃពួកគេផ្ទាល់ រួចនិយាយ(បោកប្រាស់)ថា៖ (គម្ពីរ)នេះ គឺមកពីអល់ឡោះ ដើម្បីប្ដូរវាជាមួយនឹងកម្រៃបន្ដិចបន្ដួច។ ដូចនេះ ភាពវិនាសអន្ដរាយគឺសម្រាប់ពួកគេដោយសារតែអ្វីដែលពួកគេបានសរសេរដោយផ្ទាល់ដៃពួកគេ ហើយភាពវិនាសអន្ដរាយក៏កើតមានចំពោះពួកគេផងដែរ ដោយសារតែកម្រៃដែលពួកគេទទួលបាន។

ហើយពួកគេបាននិយាយថា៖ ភ្លើងនរកនឹងមិនប៉ះពាល់ពួកយើងជាដាច់ខាត លើកលែងតែប៉ុន្មានថ្ងៃ(ដ៏ខ្លី)ដែលត្រូវបានគេកំណត់ប៉ុណ្ណោះ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ តើពួកអ្នកបានទទួលការសន្យានេះពីអល់ឡោះឬយ៉ាងណា? (ប្រសិនបើអល់ឡោះពិតជាបានសន្យាបែបនេះមែននោះ) ពិតប្រាកដណាស់ អល់ឡោះនឹងមិនក្បត់ការសន្យារបស់ទ្រង់ឡើយ។ ឬមួយក៏ពួកអ្នកចេះតែនិយាយប្រឌិតភូតកុហកទៅលើអល់ឡោះនូវអ្វីដែលពួកអ្នកមិនបានដឹង?

តាមពិត ជនណាហើយដែលបានប្រព្រឹត្តអំពើអាក្រក់ ហើយបាបកម្មរបស់គេបានហ៊ុមព័ទ្ធជុំវិញខ្លួនគេនោះ ពិតប្រាកដណាស់ ពួកគេគឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

រីឯបណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលវិញនោះ ពួកគេគឺជាអ្នកឋានសួគ៌ ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

ហើយចូរពួកអ្នកនឹកឃើញពីកិច្ចសន្យាដែលយើងបានដាក់វាទៅលើអម្បូរអ៊ីស្រាអែលថា៖ ពួកអ្នកមិនត្រូវគោរពសក្ការៈ(ចំពោះអ្វីផ្សេង)ឡើយ លើកលែងតែចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ហើយត្រូវធ្វើល្អចំពោះមាតាបិតា ញាតិសន្ដាន កេ្មងកំព្រា និងអ្នកក្រីក្រ ហើយត្រូវនិយាយទៅកាន់មនុស្សលោកនូវពាក្យសម្តីដែលល្អ និងត្រូវប្រតិបត្ដិសឡាត(ថ្វាយបង្គំ) និងបរិច្ចាគហ្សាកាត់។ ក្រោយមក ពួកអ្នកបែរជាងាកចេញទៅវិញ លើកលែងតែមួយចំនួនតូចក្នុងចំណោមពួកអ្នកប៉ុណ្ណោះ ខណៈដែលពួកអ្នកជាអ្នកដែលបដិសេធ។

ហើយចូរពួកអ្នក(ឱអម្បូរអ៊ីស្រាអែលនឹកឃើញ)ខណៈដែលយើងបានដាក់កិច្ចសន្យាលើពួកអ្នកថា៖ ពួកអ្នកមិនត្រូវបង្ហូរឈាមគ្នា និងមិនត្រូវបណ្តេញគ្នាឯងចេញពីលំនៅឋានរបស់ពួកអ្នកនោះឡើយ។ បន្ទាប់មក ពួកអ្នកបានយល់ព្រម(ឯកភាពតាមកិច្ចសន្យានោះ) ខណៈដែលពួកអ្នកក៏បានធ្វើជាសាក្សីផងដែរ។

ក្រោយមក ពួកអ្នកបែរជាកាប់សម្លាប់គ្នាទៅវិញទៅមក និងបានបណ្តេញក្រុមមួយក្នុងចំណោមពួកអ្នកចេញពីលំនៅឋានរបស់ពួកគេដោយទៅពឹងសត្រូវមកបង្កការជិះជាន់ធ្វើបាប និងរំលោភបំពានគ្នាឯងទៅវិញ ។ ហើយប្រសិនបើមានគ្នាឯងត្រូវគេចាប់ជាឈ្លើយសឹក(ក្នុងដៃសត្រូវ)បានមកកាន់ពួកអ្នក ពួកអ្នកលោះពួកគេ(ឱ្យរួចផុតពីឈ្លើយសឹក) ខណៈដែលការបណ្តេញពួកគេ(ចេញពីលំនៅឋាន) គឺត្រូវបានហាមឃាត់ចំពោះពួកអ្នក។ តើពួកអ្នកមានជំនឿនឹងប្រការមួយចំនួនដែលមាននៅក្នុងគម្ពីរ(តាវរ៉ត) ហើយបដិសេធចំពោះប្រការមួយចំនួនទៀតឬ? ហើយការតបស្នងចំពោះអ្នកដែលធ្វើដូច្នោះក្នុងចំណោមពួកអ្នក គឺគ្មានអ្វីក្រៅពីភាពអាប់ឱននៅក្នុងជីវិតលោកិយនោះឡើយ។ ហើយនៅថ្ងៃបរលោក រូបគេនឹងត្រូវគេនាំត្រលប់ទៅកាន់ទណ្ឌកម្មយ៉ាងខ្លោចផ្សាបំផុត។ ហើយអល់ឡោះមិនព្រងើយកន្តើយចំពោះអ្វីដែលពួកអ្នកកំពុងតែប្រព្រឹត្តនោះឡើយ។

ពួកទាំងនោះហើយ គឺជាពួកដែលប្តូរយកជីវិតនៅលោកិយនឹងថ្ងៃបរលោក។ ដូចនេះ គេនឹងមិនបន្ធូរបន្ថយទណ្ឌកម្មចំពោះពួកគេឡើយ ហើយពួកគេក៏មិនត្រូវបានគេជួយនោះដែរ។

ហើយជាការពិតណាស់ យើងបានប្រទានឲ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត) ហើយយើងបានបញ្ជូនអ្នកនាំសារជាច្រើនបន្ទាប់ពីគេ។ ហើយយើងបានប្រទានឲ្យព្យាការីអ៊ីសា កូនប្រុសរបស់ ម៉ារយ៉ាំ(យេស៊ូគ្រឹស្តបុត្ររបស់នាងម៉ារី)នូវសញ្ញាភស្តុតាងជាច្រើន ហើយយើងបានពង្រឹងរូបគេតាមរយៈ(ម៉ាឡាអ៊ីកាត់)ជីព្រីល។ តើគ្រប់ពេលដែលអ្នកនាំសារបានមកដល់ពួកអ្នក(ឱអម្បូរអ៊ីស្រាអែល)ដោយនាំមកឲ្យពួកអ្នកនូវអ្វីដែលមិនស្របនឹងចំណង់តណ្ហារបស់ពួកអ្នក ពួកអ្នកនាំគ្នាក្រអឺតក្រទម(មិនទទួលយក)ឬ? អ្នកខ្លះក្នុងចំណោមពួកគេ(អ្នកនាំសារ) ពួកអ្នកបានបដិសេធ ហើយអ្នកខ្លះទៀត គឺពួកអ្នកបានសម្លាប់។

ហើយពួកគេបាននិយាយថា៖ ដួងចិត្តរបស់ពួកយើងត្រូវបានគេបិទជិត។ ផ្ទុយទៅវិញ ពួកគេត្រូវបានអល់ឡោះដាក់បណ្តាសាដោយសារតែការប្រឆាំងរបស់ពួកគេ។ ពិតណាស់ អ្វីដែលពួកគេជឿនោះ គឺតិចតួចបំផុត។

ហើយនៅពេលដែលគម្ពីរមួយមកពីអល់ឡោះ(គម្ពីរគួរអាន)បានមកដល់ពួកគេដែលបញ្ជាក់នូវអ្វី(គម្ពីរតាវរ៉ត និងគម្ពីរអ៊ិនជីល)ដែលមាននៅជាមួយពួកគេ ខណៈដែលពីមុនមក ពួកគេតែងនិយាយថា ពួកគេនឹងទទួលបានជ័យជម្នះលើពួកគ្មានជំនឿ(នៅពេលដែលព្យាការីចុងក្រោយបានមកដល់ពួកគេ)។ តែនៅពេលដែលអ្វីដែលពួកគេបានស្គាល់(គម្ពីរគួរអាន និងព្យាការីមូហាំម៉ាត់)បានមកដល់ពួកគេ ពួកគេបែរជាប្រឆាំងនឹងវាទៅវិញ។ ដូច្នេះ បណ្តាសារបស់អល់ឡោះគឺធ្លាក់ទៅលើពួកដែលប្រឆាំង។

អាក្រក់បំផុតអ្វីដែលពួកគេបានប្តូរនឹងខ្លួនរបស់ពួកគេដោយពួកគេបានប្រឆាំងចំពោះអ្វីដែលអល់ឡោះបានបញ្ចុះដោយការច្រណែនឈ្មានីស ដោយសារតែទ្រង់បានផ្តល់នូវការប្រោសប្រទានរបស់ទ្រង់(ភាពជាព្យាការីនិងការបញ្ចុះគម្ពីរគួរអាន)ឲ្យជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់(ព្យាការីមូហាំម៉ាត់)។ ដូចនេះ ពួកគេទទួលនូវការខឹងសម្បាទ្វេដង។ ហើយសម្រាប់ពួកដែលប្រឆាំងនឹងទទួលនូវទណ្ឌកម្មយ៉ាងអាម៉ាស់បំផុត។

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេ(ពួកយូដា)ថា៖ ចូរពួកអ្នកមានជំនឿចំពោះអ្វីដែលអល់ឡោះបានបញ្ចុះមក(ឲ្យព្យាការីមូហាំម៉ាត់) ពួកគេបែរជានិយាយថា៖ ពួកយើងមានជំនឿចំពោះតែអ្វីដែលគេបានបញ្ចុះមកឱ្យ(បណ្តាព្យាការី)ពួកយើងប៉ុណ្ណោះ។ ហើយពួកគេបានប្រឆាំងនឹងអ្វីដែលមកក្រោយពីនោះ ដ្បិតថាវា(គម្ពីរគួរអាន)គឺជាការពិតដែលបញ្ជាក់នូវអ្វីដែលមាននៅជាមួយពួកគេ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបទៅកាន់ពួកគេថា៖ ចុះហេតុអ្វីបានកាលពីមុនពួកអ្នកសម្លាប់បណ្តាព្យាការីរបស់អល់ឡោះបែបនេះ ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿ(ចំពោះអ្វីដែលបានបញ្ចុះមកឲ្យពួកអ្នក)មែននោះ?

ហើយជាការពិតណាស់ ព្យាការីមូសាបានមកដល់ពួកអ្នកដោយនាំមកនូវសញ្ញាភស្តុតាងជាច្រើន(ដែលបញ្ជាក់ពីសច្ចភាពរបស់គាត់)។ ក្រោយមក ពួកអ្នកបែរជាយករូបសំណាក់កូនគោមកគោរពសក្ការៈក្រោយពីគាត់(អវត្តមានពីពួកអ្នក)ទៅវិញ។ ខណៈដែលពួកអ្នក គឺជាពួកដែលបំពាន។

ហើយ(ចូរពួកអ្នកនឹកឃើញឡើងវិញ)ខណៈដែលយើងបានដាក់កិច្ចសន្យាលើពួកអ្នក ហើយយើងបានលើកភ្នំតួរដាក់ពីលើពួកអ្នក។ (យើងបានមានបន្ទូលថា)៖ ចូរពួកអ្នកទទួលយក(ប្រកាន់ខ្ជាប់)ចុះនូវអ្វី(គម្ពីរតាវរ៉ត)ដែលយើងបានផ្តល់ឱ្យពួកអ្នកដោយម៉ឺងម៉ាត់ ហើយចូរពួកអ្នកស្តាប់តាម។ ពួកគេបានតបថា៖ ពួកយើងបានឮហើយ តែពួកយើងមិនអនុវត្តតាមឡើយ។ ព្រោះតែភាពគ្មានជំនឿរបស់ពួកគេ ទើបធ្វើឱ្យ(ការគោរពសក្ការៈចំពោះ)រូបសំណាក់កូនគោ នៅតែដក់ជាប់ក្នុងដួងចិត្តរបស់ពួកគេ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ ពិតជាអាក្រក់បំផុតជំនឿដែលបានប្រើពួកអ្នក(ឱ្យប្រឆាំងនឹងអល់ឡោះ)បែបនេះ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ។

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ ប្រសិនបើឋានសួគ៌នៅថ្ងៃបរលោកគឺសម្រាប់តែពួកអ្នក(ពួកយូដា)ដោយគ្មានអ្នកណាផ្សេងក្រៅពីពួកអ្នកអាចចូលបានមែននោះ ចូរពួកអ្នកប្រាថ្នាចង់ស្លាប់ចុះ ប្រសិនបើពួកអ្នកគឺជាអ្នកដែលត្រឹមត្រូវ(ចំពោះអ្វីដែលពួកអ្នកអះអាង)មែននោះ។

ពួកគេនឹងមិនប្រាថ្នាចង់ស្លាប់ជាដាច់ខាតដោយសារតែអ្វី(បាបកម្ម)ដែលពួកគេបានប្រព្រឹត្តដោយដៃពួកគេផ្ទាល់។ ហើយអល់ឡោះដឹងបំផុតចំពោះពួកដែលបំពាន។

ហើយអ្នក(ឱព្យាការីមូហាំម៉ាត់)ពិតជានឹងឃើញថា ពួកគេជាមនុស្សដែលយកចិត្តទុកដាក់បំផុតក្នុងជីវិតរស់នៅរបស់ពួកគេ និងជាមនុស្សដែលលោភលន់ជាងពួកមុស្ហរីគីន(ពួកពហុទេពនិយម)ទៅទៀត។ ពួកគេម្នាក់ៗពេញចិត្តចង់បានអាយុវែងរហូតដល់មួយពាន់ឆ្នាំ។ ប៉ុន្តែទោះបីជាអាយុរបស់គេវែងយ៉ាងណាក៏ដោយ ក៏គេមិនអាចគេចផុតពីទណ្ឌកម្មរបស់អល់ឡោះបានដែរ។ ហើយអល់ឡោះឃើញបំផុតចំពោះអ្វីដែលពួកគេបានសាង។

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ ជនណាដែលចាត់ទុកម៉ាឡាអ៊ីកាត់ជីព្រីលជាសត្រូវនោះ តាមពិត គាត់គ្រាន់តែជាអ្នកនាំយកគម្ពីរគួរអានចុះមកក្នុងដួងចិត្តរបស់អ្នក ដោយមានការអនុញ្ញាតពីអល់ឡោះដើម្បីបញ្ជាក់ទៅលើអ្វី(គម្ពីរទាំងឡាយ)ដែលមាននៅជាមួយគេ ព្រមទាំងជាការចង្អុលបង្ហាញ និងជាការផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលមានជំនឿប៉ុណ្ណោះ។

ជនណាហើយដែលបានចាត់ទុកអល់ឡោះ បណ្តាម៉ាឡាអីកាត់របស់ទ្រង់ បណ្តាអ្នកនាំសាររបស់ទ្រង់ ម៉ាឡាអ៊ីកាត់ជីព្រីល និងម៉ាឡាអ៊ីកាត់មីកាអេលជាសត្រូវនោះ ពិតប្រាកដណាស់ អល់ឡោះ គឺជាសត្រូវនឹងពួកដែលប្រឆាំង។

ហើយពិតប្រាកដណាស់ យើងបានបញ្ចុះឱ្យអ្នក(ឱព្យាការីមូហាំម៉ាត់)នូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើន។ ហើយគ្មានអ្នកណាដែលប្រឆាំងនឹងសញ្ញាភស្តុតាងដ៏ច្បាស់លាស់ទាំងនោះឡើយ លើកលែងតែពួកដែលប្រព្រឹត្តល្មើសប៉ុណ្ណោះ។

ជាការពិតណាស់ រាល់ពេលដែលគេដាក់កិច្ចសន្យាណាមួយទៅលើពួកគេ(ពួកយូដា) ក្រុមមួយក្នុងចំណោមពួកគេបែរជានាំគ្នាបដិសេធនឹងវាទៅវិញ។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេ គឺគ្មានជំនឿឡើយ។

ហើយនៅពេលដែលអ្នកនាំសារម្នាក់(ព្យាការីមូហាំម៉ាត់)មកពីអល់ឡោះបានមកដល់ពួកគេដើម្បីបញ្ជាក់នូវអ្វីដែលមាននៅជាមួយពួកគេនោះ ស្រាប់តែក្រុមមួយក្នុងចំណោមពួកដែលគេផ្តល់គម្ពីរឲ្យ(ពួកអះលីគីតាប)បែរជាបានបដិសេធដោយបោះគម្ពីររបស់អល់ឡោះ(គម្ពីរតាវរ៉ត)ទៅខាងក្រោយខ្នងរបស់ពួកគេទៅវិញ ហាក់ដូចជាពួកគេមិនដឹងអ្វីសោះឡើយ។

ហើយពួកគេបែរជាបានធ្វើតាមពាក្យភូតកុហករបស់ស្ហៃតន(ដែលចោទប្រកាន់)ទៅលើរជ្ជកាលរបស់ព្យាការីស៊ូឡៃម៉ានទៅវិញ។ ហើយព្យាការីស៊ូឡៃម៉ានមិនបានប្រឆាំង(នឹងអល់ឡោះ)នោះទេ ក៏ប៉ុន្តែពួកស្ហៃតនទេដែលបានប្រឆាំងនោះ ដោយពួកវាបានបង្រៀនមន្តអាគមដល់មនុស្សលោក ហើយនិងអ្វីដែលគេបញ្ចុះទៅចំពោះម៉ាឡាអីកាត់ទាំងពីរគឺ ម៉ាឡាអ៊ីកាត់ហារូត និងម៉ារូត ដែលនៅទីក្រុងបាប៊ីឡូន។ ហើយម៉ាឡាអីកាត់ទាំងពីរនេះមិនបានបង្រៀនមន្តអាគមដល់នរណាម្នាក់នោះទេ លុះត្រាតែគេទាំងពីរបានព្រមានថា៖ តាមពិត ពួកយើងគ្រាន់តែជាអ្នកសាកល្បងចំពោះមនុស្សលោកប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកកុំប្រឆាំង(នឹងអល់ឡោះតាមរយៈការរៀនមន្តអាគមនេះ)ឱ្យសោះ។ ពេលនោះ ពួកគេក៏បានរៀនមន្តអាគមនោះពីអ្នកទាំងពីរនូវអ្វីដែលធ្វើឱ្យប្តីប្រពន្ធបែកបាក់គ្នា។ ប៉ុន្តែអ្នកដែលចេះមន្តអាគមទាំងនោះមិនអាចធ្វើឱ្យនរណាម្នាក់មានគ្រោះថ្នាក់បានឡើយ លើកលែងតែមានការអនុញ្ញាតពីអល់ឡោះប៉ុណ្ណោះ។ ហើយពួកគេ(មនុស្សលោក)ក៏បានរៀននូវអ្វីដែលផ្តល់នូវគ្រោះថ្នាក់ដល់ពួកគេ និងគ្មានបានផលប្រយោជន៍ដល់អ្វីពួកគេទាល់តែសោះ។ ជាការពិតណាស់ ពួកគេ(ពួកយូដាទាំងនោះ)ពិតជាបានដឹងហើយថា ជនណាហើយដែលបានប្តូរយកមន្តអាគមនឹងគម្ពីររបស់អល់ឡោះនោះ រូបគេនឹងមិនទទួលបានចំណែកអ្វីឡើយនៅថ្ងៃបរលោក។ វាជាអំពើដ៏អាក្រក់បំផុតដែលពួកគេយកខ្លួនរបស់គេប្តូរយកមន្តអាគមបែបនេះ ប្រសិនបើពួកគេបានដឹង។

ហើយប្រសិនបើពួកគេមានជំនឿ ហើយនិងកោតខ្លាច(អល់ឡោះ)នោះ ផលបុណ្យដែលមាននៅឯអល់ឡោះ គឺល្អប្រសើរបំផុត ប្រសិនបើពួកគេបានដឹង។

ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំប្រើពាក្យថា “រ៉អ៊ីណា” (មានន័យថា៖ សូមអ្នកថែរក្សាយើងផង) ដោយសារតែពួកគេបានកែប្រែអត្ថន័យនៃពាក្យនេះទៅជាន័យអាក្រក់វិញ តែពួកអ្នកត្រូវប្រើពាក្យ “អ៊ុនហ្សុរណា”វិញ (មានន័យថា៖ សូមរង់ចាំពួកយើងយល់សម្តីរបស់អ្នកសិន) ហើយចូរពួកអ្នកស្តាប់តាម។ ហើយសម្រាប់ពួកដែលប្រឆាំងនោះ ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។

ពួកដែលប្រឆាំងក្នុងចំណោមពួកអះលីគីតាប និងពួកមុស្ហរីគីន គឺពួកគេមិនពេញចិត្តចំពោះប្រការល្អដែលព្រះជាម្ចាស់របស់ពួកអ្នកបានបញ្ចុះមកឱ្យពួកអ្នកឡើយ។ ហើយអល់ឡោះជាអ្នកកំណត់ក្តីករុណារបស់ទ្រង់ចំពោះតែជនណាដែលទ្រង់មានចេតនាប៉ុណ្ណោះ។ ហើយអល់ឡោះជាម្ចាស់គឺមាននូវការប្រោសប្រទានដ៏ធំធេងបំផុត។

វាក្យខណ្ឌ(អាយ៉ាត់)ណាមួយដែលយើងបានផ្លាស់ប្តូរ ឬក៏ធ្វើឲ្យភ្លេចវានោះ គឺយើងបានជំនួសមកវិញនូវអ្វីដែលល្អជាងវា ឬប្រហាក់ប្រហែលនឹងវា។ តើអ្នក(ឱព្យាការីមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

តើអ្នក(ឱព្យាការីមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់នោះ? ហើយសម្រាប់ពួកអ្នក គឺគ្មានអ្នកគាំពារ និងអ្នកជួយក្រៅពីអល់ឡោះឡើយ។

តើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ចង់សួរដេញដោលអ្នកនាំសាររបស់ពួកអ្នក(ព្យាការីមូហាំម៉ាត់) ដូចដែលគេបានសួរព្យាការីមូសាកាលពីមុននោះឬ? ហើយជនណាដែលបានយកសេចក្តីជំនឿប្តូរយកភាពគ្មានជំនឿនោះ ពិតប្រាកដណាស់ រូបគេពិតជាបានវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវជាមិនខាន។

ភាគច្រើននៃពួកអះលីគីតាបមានបំណងចង់ត្រលប់ពួកអ្នកទៅរកភាពគ្មានជំនឿវិញបន្ទាប់ពីពួកអ្នកមានជំនឿរួច ដោយសារតែការប្រឆាំង និងការច្រណែនឈ្នានីសដែលមាននៅក្នុងខ្លួនរបស់ពួកគេ ក្រោយពីការពិតបានបញ្ជាក់យ៉ាងច្បាស់ដល់ពួកគេហើយនោះ។ ហេតុនេះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)អភ័យទោស និងអធ្យាស្រ័យ(ដល់ពួកគេ) រហូតដល់បទបញ្ជារបស់អល់ឡោះបានមកដល់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

ហើយចូរពួកអ្នកប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់។ ហើយអ្វីក៏ដោយដែលពួកអ្នកបានសាងវាសម្រាប់ខ្លួនឯងនៃប្រការល្អនោះ ពួកអ្នកនឹងទទួលបានវាពីអល់ឡោះ(នៅថ្ងៃបរលោក)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាឃើញបំផុតនូវអ្វីដែលពួកអ្នកបានប្រព្រឹត្ត។

ហើយពួកគេ(យូដា និងគ្រឹស្ទាន)បាននិយាយថា៖ គ្មានអ្នកណាអាចចូលឋានសួគ៌ជាដាច់ខាត លើកលែងតែអ្នកដែលកាន់សាសនាយូដា ឬកាន់តាមសាសនាគ្រឹស្ទានប៉ុណ្ណោះ។ ទាំងនេះគ្រាន់តែជាការស្រមើស្រមៃរបស់ពួកគេប៉ុណ្ណោះ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកបង្ហាញភស្តុតាងរបស់ពួកអ្នកមក ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវ(ចំពោះអ្វីដែលពួកអ្នកបានអះអាង)មែននោះ។

តាមពិត(អ្នកដែលអាចចូលបានឋានសួគ៌)នោះ គឺរាល់អ្នកដែលប្រគល់ខ្លួនរបស់គេដោយស្មោះសចំពោះអល់ឡោះ និងជាមនុស្សល្អ ដោយរូបគេនឹងទទួលបានផលបុណ្យពីព្រះជាម្ចាស់របស់គេ។ ហើយពួកគេគ្មានការភ័យខ្លាច ហើយក៏គ្មានទុក្ខព្រួយអ្វីនោះដែរ។

ពួកយូដាបាននិយាយថា៖ ពួកគ្រឹស្ទានពុំស្ថិតនៅលើ(សាសនាដែលត្រឹមត្រូវ)អ្វីនោះទេ ហើយពួកគ្រឹស្ទានវិញក៏បាននិយាយដែរថា៖ ពួកយូដាក៏ពុំស្ថិតនៅលើ(សាសនាដែលត្រឹមត្រូវ)អ្វីនោះដែរ ខណៈដែលពួកគេ(ទាំងពីរក្រុម)សូត្រគម្ពីរ(របស់ពួកគេរៀងៗខ្លួន)។ ក៏ដូចគ្នាដែរ ពួក(មុស្ហរីគីន)ដែលមិនបានយល់ដឹងអ្វីសោះនោះ ក៏បាននិយាយដូចពាក្យសម្តីរបស់ពួកគេដែរ។ ហេតុនេះ អល់ឡោះជាម្ចាស់ទ្រង់នឹងកាត់ក្តីរវាងពួកគេនៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេបានខ្វែងគំនិតគ្នា។

ហើយគ្មានជនណាម្នាក់ដែលជាអ្នកបំពានខ្លាំងជាងអ្នកដែលបានរារាំងអ្នកដទៃមិនឱ្យរំឭកព្រះនាមអល់ឡោះនៅក្នុងម៉ាស្ជិតរបស់ទ្រង់ ហើយថែមទាំងព្យាយាមបំផ្លិចបំផ្លាញវា(ម៉ាស្ជិត)នោះឡើយ។ ពួកទាំងនោះ ពួកគេមិនហ៊ានចូលម៉ាស្ជិតនោះទេ លើកលែងតែក្នុងលក្ខណៈភ័យខ្លាចប៉ុណ្ណោះ។ ពួកគេនឹងទទួលបានភាពអាម៉ាស់នៅក្នុងលោកិយនេះ ហើយនៅថ្ងៃបរលោក ពួកគេនឹងត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។

ហើយទិសខាងកើតនិងទិសខាងលិច គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហេតុនេះ ទោះបីជាពួកអ្នកតម្រង់ទៅរកទិសណាក៏ដោយ ក៏ពួកអ្នកបានតម្រង់ទៅកាន់អល់ឡោះដែរ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់វិសេសវិសាល មហាដឹងបំផុត។

ហើយពួកគេ(ពួកយូដា ពួកណាសរ៉នី និងពួកមុស្ហរីគីន)បាននិយាយថា៖ អល់ឡោះជាម្ចាស់ទ្រង់មានបុត្រ។ ទ្រង់មហាស្អាតស្អំបំផុត(អំពីរឿងនេះ)។ ផ្ទុយទៅវិញ អ្វីៗដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ រាល់អ្វីៗទាំងអស់ គឺឱនលំទោនទៅចំពោះទ្រង់។

អល់ឡោះជាអ្នកបង្កើតមេឃជាច្រើនជាន់និងផែនដីដោយគ្មានគំរូពីមុនឡើយ។ ហើយនៅពេលដែលទ្រង់មានចេតនាចង់សម្រេចកិច្ចការអ្វីមួយ ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថា៖ “ចូរកើតចុះ” នោះវានឹងកើតឡើងភ្លាម។

ហើយពួកដែលគ្មានចំណេះដឹង(ក្នុងចំណោមពួកអះលីគីតាប និងពួកមុស្ហរីគីន)បាននិយាយថា៖ ហេតុអ្វីបានជាអល់ឡោះមិនមានបន្ទូលមកកាន់ពួកយើងដោយផ្ទាល់ ឬផ្តល់ជាសញ្ញាភស្តុតាងណាមួយឲ្យពួកយើងតែម្តងទៅ? ក៏ដូចគ្នាដែរ អ្នកជំនាន់មុនៗពួកគេក៏បាននិយាយដូចសម្តីរបស់ពួកគេនេះដែរ ព្រោះដួងចិត្តរបស់ពួកគេ គឺស្រដៀងៗគ្នា។ ពិតប្រាកដណាស់ យើង(អល់ឡោះ)ពិតជាបានបញ្ជាក់យ៉ាងច្បាស់នូវភស្តុតាងជាច្រើនសម្រាប់ក្រុមដែលមានជំនឿជឿជាក់យ៉ាងពិតប្រាកដ។

ជាការពិតណាស់ យើងបានបញ្ជូនអ្នក(ព្យាការីមូហាំម៉ាត់)មកយ៉ាងពិតប្រាកដដើម្បីផ្តល់ដំណឹងរីករាយ និងដាស់តឿនព្រមាន។ ហើយអ្នកនឹងមិនត្រូវបានសួរអំពីពួកនរកជើហ៊ីមឡើយ។

ហើយពួកយូដា និងពួកគ្រឹស្ទាននឹងមិនពេញចិត្តចំពោះអ្នក(ព្យាការីមូហាំម៉ាត់)ជាដាច់ខាត លុះត្រាតែអ្នកដើរតាមសាសនាពួកគេ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ ការចង្អុលបង្ហាញរបស់អល់ឡោះ ទើបជាការចង្អុលបង្ហាញដ៏ត្រឹមត្រូវ។ ហើយប្រសិនបើអ្នកដើរតាមចំណង់តណ្ហារបស់ពួកគេ ក្រោយពីចំណេះដឹងបានមកដល់អ្នកហើយនោះ ពិតប្រាកដណាស់ អ្នកពិតជាគ្មានអ្នកគាំពារ និងអ្នកជួយមកពីអល់ឡោះឡើយ។

អ្នកដែលយើង(អល់ឡោះ)បានប្រទានគម្ពីរទៅឱ្យពួកគេដោយពួកគេបានសូត្រវានូវការសូត្រយ៉ាងត្រឹមត្រូវនោះ អ្នកទាំងនោះហើយគឺជាអ្នកដែលមានជំនឿចំពោះវា។ ហើយជនណាដែលប្រឆាំងចំពោះវា ពិតណាស់ពួកទាំងនោះគឺជាពួកដែលខាតបង់។

ឱអម្បូរអ៊ីស្រាអែល! ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើងដែលយើងបានប្រោសប្រទានដល់ពួកអ្នក ហើយពិតប្រាកដណាស់ យើងបានលើកតម្កើងពួកអ្នកឱ្យល្អប្រសើរជាងគេលើលោកនេះ(នៅសម័យកាលនោះ)។

ហើយចូរពួកអ្នកខ្លាចថ្ងៃមួយ(ថ្ងៃបរលោក)ដែលបុគ្គលម្នាក់មិនអាចជួយអ្វីដល់គ្នាបាន ហើយគេមិនទទួលយកការលោះពីនរណាម្នាក់នោះទេ ហើយការអន្តរាគមន៍គ្មានផ្តល់ជាប្រយោជន៍ដល់នរណាម្នាក់ឡើយ ហើយពួកគេក៏មិនត្រូវបានគេជួយនោះដែរ។

ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលអល់ឡោះបានសាកល្បងព្យាការីអ៊ីព្រហ៊ីមនូវពាក្យពេចន៍(បទបញ្ជានិងក្បួនច្បាប់)ជាច្រើន ហើយគាត់ក៏បានអនុវត្តវាយ៉ាងពេញលេញ។ ទ្រង់បានមានបន្ទូលថា៖ ពិតប្រាកដណាស់ យើងនឹងចាត់តាំងអ្នកធ្វើជាមេដឹកនាំសម្រាប់មនុស្សលោក។ គាត់បានតបវិញថា៖ សូមទ្រង់មេត្តាយកពីក្នុងចំណោមពូជអម្បូររបស់ខ្ញុំ(ធ្វើជាមេដឹកនាំ)ផង។ ទ្រង់បានមានបន្ទូលថា៖ ការសន្យារបស់យើង គឺមិនកើតមានចំពោះពួកដែលបំពានឡើយ។

ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលយើងបានបង្កើតពៃទុលឡោះ ជាទីជ្រកកោនសម្រាប់មនុស្សលោក និងជាកន្លែងដែលមានសុខសន្ដិភាព។ (ទ្រង់បានមានបន្ទូលថា)៖ ចូរពួកអ្នកយកម៉ាកមអ៊ីព្រហ៊ីមធ្វើជាកន្លែងសឡាត(ថ្វាយបង្គំ)ចុះ។ ហើយយើងបានផ្តែផ្តាំទៅចំពោះព្យាការីអ៊ីព្រហ៊ីម និងព្យាការីអ៊ីស្មាឯលឱ្យសម្អាតពៃទុលឡោះអំពីភាពកខ្វក់សម្រាប់អ្នកតវ៉ាហ្វ(ដើរប្រទក្សិណ) អ្នកអៀកទីកាហ្វ និងអ្នកសឡាតទាំងឡាយ។

ហើយ(ចូរអ្នកនឹកឃើញ) នៅពេលដែលព្យាការីអ៊ីព្រហ៊ីមបានបួងសួងថា៖ ឱព្រះជាម្ចាស់! សូមទ្រង់មេត្តាធ្វើឱ្យទឹកដី(ម៉ាក្កះ)នេះជាទឹកដីដែលមានសុខសន្តិភាព ហើយសូមទ្រង់មេត្តាប្រទានលាភសក្ការៈដល់អ្នកដែលនៅទីនេះនូវផលានុផលគ្រប់ប្រភេទចំពោះជនណាដែលមានជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោកក្នុងចំណោមពួកគេផងចុះ។ ទ្រង់បានមានបន្ទូលថា៖ ហើយចំពោះជនណាដែលប្រឆាំងនោះ យើងនឹងផ្តល់ឱ្យគេនូវការសោយសុខមួយរយៈពេលខ្លី(នៅក្នុងលោកិយ)។ បន្ទាប់មកនៅថ្ងៃបរលោក គេនឹងចាប់ទាញពួកគេទាំងបង្ខំទៅកាន់ទណ្ឌកម្មភ្លើងនរក ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។

ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលព្យាការីអ៊ីព្រហ៊ីម និងព្យាការីអ៊ីស្មាឯលបានដំឡើងគ្រឹះកាក់ហ្ពះ។ (គាត់ទាំងពីបានបួងសួងថា៖) ឱព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាទទួលយក(ទង្វើកុសល)អំពីពួកយើងផង។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹងបំផុត។

ឱព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាធ្វើឱ្យយើងទាំងពីរក្លាយជាអ្នកប្រគល់ខ្លួន(ជាជនមូស្លីម) ហើយសូមទ្រង់មេត្តាបង្កើតឱ្យមានក្នុងចំណោមពូជពង្សរបស់ពួកយើងនូវប្រជាជាតិដែលប្រគល់ខ្លួន(ជាជនមូស្លីម)ចំពោះទ្រង់ផង។ ហើយសូមទ្រង់មេត្តាផ្តល់ឱ្យពួកយើងបានយល់ដឹងពីរបៀបនៃការគោរពសក្ការៈចំពោះទ្រង់ និងទទួលយកនូវការសារភាពកំហុសរបស់ពួកយើងផង។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលទទួលយកនូវការសារភាពកំហុស មហាអាណិតស្រលាញ់បំផុត។

ឱព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាតែងតាំងទៅកាន់ពួកគេនូវអ្នកនាំសារម្នាក់ដែលចេញអំពីពួកគេផង ដើម្បីឱ្យគេ(អ្នកនាំសារ)សូត្រនូវបណ្តាវាក្យខណ្ឌរបស់ទ្រង់ឱ្យពួកគេស្តាប់ ហើយបង្រៀននូវគម្ពីរ(គួរអាន) និងគតិបណ្ឌិត(ស៊ុណ្ណះ)ដល់ពួកគេ ព្រមទាំងជម្រះសម្អាតពួកគេ(ពីប្រការស្ហ៊ីរិកនិងអំពើបាប)ផងចុះ។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

ហើយគ្មានជនណាដែលមិនពេញចិត្តសាសនារបស់ព្យាការីអ៊ីព្រហ៊ីមឡើយ លើកលែងតែអ្នកដែលល្ងង់ខ្លៅខ្លួនឯងប៉ុណ្ណោះ។ ពិតប្រាកដណាស់ យើងបានជ្រើសរើសគេនៅក្នុងលោកិយនេះ(ជាអ្នកនាំសារ និងជាអ្នកជំនិតរបស់យើង)។ ហើយពិតណាស់នៅថ្ងៃបរលោក រូបគេគឺស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសល។

ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលព្រះជាម្ចាស់របស់គាត់បានមានបន្ទូលទៅកាន់គាត់ថា៖ ចូរអ្នកប្រគល់ខ្លួន(ក្លាយជាអ្នកមូស្លីម)។ គាត់បានតបថា៖ ខ្ញុំសូមប្រគល់ខ្លួន(ក្លាយជាអ្នកមូស្លីម)ចំពោះព្រះជាម្ចាស់នៃពិភពទាំងអស់។

ហើយព្យាការីអ៊ីព្រហ៊ីមបានផ្តាំផ្ញើទៅចំពោះកូនចៅរបស់គាត់នឹងពាក្យពេចន៍ទាំងនេះ ហើយព្យាការីយ៉ាក់កូបក៏ដូចគ្នាដែរ។ (គាត់ទាំងពីរផ្តែផ្តាំថា)៖ ឱកូនៗរបស់យើង! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជ្រើសរើសសាសនា(អ៊ីស្លាម)សម្រាប់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកុំទាន់ស្លាប់ លើកលែងតែពួកអ្នកស្ថិតក្នុងភាពជាអ្នកមូស្លីម។

ឬមួយពួកអ្នកមានវត្តមាន នៅពេលដែលព្យាការីយ៉ាក់កូបហៀបនឹងស្លាប់ខណៈដែលគាត់បានសួរទៅកាន់កូនចៅរបស់គាត់ថា៖ តើពួកអ្នកនឹងគោរពសក្ការៈអ្វីបន្ទាប់ពីយើង(ស្លាប់)ទៅ? ពួកគេបានឆ្លើយតបថា៖ គឺពួកយើងគោរពសក្ការៈចំពោះ(អល់ឡោះ)ព្រះជាម្ចាស់របស់អ្នក និងជាព្រះជាម្ចាស់របស់ជីដូនជីតាអ្នក ព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្មាអែល និងព្យាការីអ៊ីស្ហាក (ដែលទ្រង់)គឺជាម្ចាស់តែមួយគត់។ ហើយពួកយើងជាអ្នកប្រគល់ខ្លួនចំពោះទ្រង់(កាន់សាសនាឥស្លាម)។

ពួកគេទាំងនោះ គឺជាប្រជាជាតិដែលបានកន្លងផុតទៅហើយ។ ពួកគេទទួលបាននូវអ្វីដែលពួកគេបានសាង ហើយពួកអ្នកក៏នឹងទទួលបាននូវអ្វីដែលពួកអ្នកបានសាង(ដូចគ្នា)។ ហើយគេនឹងមិនសួរពួកអ្នកពីអ្វីដែលពួកគេបានសាងនោះឡើយ។

ហើយពួកគេ(ពួកយូដា និងពួកគ្រឹស្ទាន)បាននិយាយថា៖ ចូរពួកអ្នកកាន់តាមសាសនាយូដា ឬសាសនាគ្រឹស្ទាន នោះពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបថា៖ ផ្ទុយទៅវិញ ពួកយើងគឺកាន់តាមសាសនារបស់ព្យាការីអ៊ីព្រហ៊ីម(សាសនាអ៊ីស្លាម)ដ៏ស្អាតស្អំ ហើយគាត់ពុំស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិក(ពហុទេពនិយម)នឹងអល់ឡោះឡើយ។

ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ពោល(ទៅកាន់ពួកយូដានិងពួកគ្រឹស្ទានទាំងនោះ)ថា៖ ពួកយើងមានជំនឿចំពោះអល់ឡោះ និងអ្វី(គម្ពីរគួរអាន)ដែលគេបានបញ្ចុះមកឱ្យពួកយើង ហើយនិងអ្វីដែលគេបានបញ្ចុះទៅឲ្យព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្មាឯល ព្យាការីអ៊ីស្ហាក ព្យាការីយ៉ាក់កូប និងកូនចៅរបស់ព្យាការីយ៉ាក់កូប(ដែលជាព្យាការី) ហើយនិងអ្វីដែលគេបានប្រទានឱ្យព្យាការីមូសា និងព្យាការីអ៊ីសា ព្រមទាំងអ្វី(គម្ពីរទាំងអស់)ដែលគេបានប្រទានឱ្យបណ្តាព្យាការីទាំងឡាយមកពីព្រះជាម្ចាស់របស់ពួកគេ។ ពួកយើងមិនបែងចែករវាងនរណាម្នាក់ក្នុងចំណោមពួកគេ(ព្យាការីទាំងឡាយ)ឡើយ ហើយចំពោះអល់ឡោះ(តែមួយគត់)ដែលពួកយើងប្រគល់ខ្លួន។

ដូច្នេះ ប្រសិនបើពួកគេមានជំនឿដូចអ្វីដែលពួកអ្នក(បណ្តាអ្នកមានជំនឿ)បានជឿនោះ ពួកគេពិតជានឹងទទួលបានការចង្អុលបង្ហាញ។ តែប្រសិនបើពួកគេងាកចេញ ពិតណាស់ ពួកគេនឹងស្ថិតនៅក្នុងការបែកបាក់គ្នាជាមិនខាន។ ពិតប្រាកដណាស់ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាម្ចាស់ការពារអ្នកពីពួកគេ។ ហើយទ្រង់មហាឮ មហាដឹងបំផុត។

ចូរពួកអ្នកប្រកាន់ខ្ជាប់នឹងសាសនារបស់អល់ឡោះ។ តើមានសាសនាណាដែលល្អជាងសាសនារបស់អល់ឡោះទៀតនោះ? ហើយ(ចូរពួកអ្នកពោលចុះថា៖)ពួកយើងជាអ្នកដែលគោរពសក្ការៈទៅចំពោះទ្រង់(តែមួយគត់)។

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ តើពួកអ្នក(ពួកអះលីគីតាប)កំពុងតែប្រកែកជាមួយពួកយើងក្នុងរឿងរបស់អល់ឡោះឬ ខណៈដែលទ្រង់ គឺជាព្រះជាម្ចាស់របស់ពួកយើង ហើយក៏ជាព្រះជាម្ចាស់របស់ពួកអ្នកផងដែរនោះ? សម្រាប់ពួកយើង គឺទង្វើរបស់ពួកយើង ហើយសម្រាប់ពួកអ្នក គឺទង្វើរបស់ពួកអ្នក(ដូចគ្នា)។ ហើយពួកយើង គឺជាអ្នកដែលគោរពសក្ការៈដ៏ស្មោះសចំពោះទ្រង់។

ឬក៏ពួកអ្នកនិយាយថា៖ ជាការពិតណាស់ ព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្មាឯល ព្យាការីអ៊ីស្ហាក ព្យាការីយ៉ាក់កូប និងកូនចៅរបស់ព្យាការីយ៉ាក់កូបនោះ ពួកគេស្ថិតនៅលើសាសនាយូដា ឬក៏សាសនាគ្រឹស្ទានឬ? ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបវិញថា៖ តើពួកអ្នកដឹងច្បាស់ជាង ឬមួយអល់ឡោះជាម្ចាស់ដឹងច្បាស់ជាង? ហើយគ្មាននរណាម្នាក់ជាអ្នកបំពានខ្លាំងជាងអ្នកដែលលាក់បាំងការពិតមកពីអល់ឡោះដែលមាននៅជាមួយគេឡើយ។ ហើយអល់ឡោះជាម្ចាស់ទ្រង់មិនព្រងើយកន្តើយចំពោះអ្វីដែលពួកអ្នកបានសាងនោះឡើយ។

ពួកគេទាំងនោះ គឺជាប្រជាជាតិដែលបានកន្លងផុតទៅហើយ។ ពួកគេទទួលបាននូវអ្វីដែលពួកគេបានសាង ហើយពួកអ្នកក៏នឹងទទួលបាននូវអ្វីដែលពួកអ្នកបានសាង(ដូចគ្នា)។ ហើយគេនឹងមិនសួរពួកអ្នកពីអ្វីដែលពួកគេបានសាងនោះឡើយ។

ពួកដែលខ្សោយបញ្ហាក្នុងចំណោមមនុស្សលោក(ពួកយូដា និងពួកពុតត្បុត)នឹងនិយាយថា៖ តើអ្វីទៅដែលធ្វើឱ្យពួកគេ(អ្នកមូស្លីម)ងាកបែរចេញពីទិសគិបឡាត់(ពៃទុលមឹកទីស)របស់ពួកគេដែលពួកគេធ្លាប់តម្រង់ទៅកាន់(កាលពីមុន)? ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបវិញថា៖ ទិសខាងកើត និងទិសខាងលិច គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់ចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនាទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។

ក៏ដូចគ្នាដែរ យើងបានបង្កើតពួកអ្នកជាប្រជាជាតិមួយដែលឈរនៅកណ្តាលដើម្បីឲ្យពួកអ្នកធ្វើជាសាក្សីចំពោះមនុស្សលោក និងដើម្បីឱ្យអ្នកនាំសារ(មូហាំម៉ាត់)ធ្វើជាសាក្សីលើពួកអ្នកវិញផងដែរ។ ហើយយើងមិនបានធ្វើការបង្វែរទិសគិបឡាត់ដែលអ្នកធ្លាប់បានតម្រង់ទៅកាន់នោះឡើយ លើកលែងតែដើម្បីយើងដឹងថា តើអ្នកណាដែលដើរតាមអ្នកនាំសារពីក្នុងចំណោមអ្នកដែលងាកចេញ(ប្រឆាំង)ប៉ុណ្ណោះ។ ហើយជាការពិតណាស់ វា(ការបង្វែរទិសគិបឡាត់) ជាកិច្ចការដ៏ធំធេងបំផុត លើកលែងតែជនណាដែលអល់ឡោះទ្រង់បានចង្អុលបង្ហាញប៉ុណ្ណោះ។ ហើយអល់ឡោះមិនធ្វើឲ្យសេចក្តីជំនឿរបស់ពួកអ្នក(ចំពោះទ្រង់)ក្លាយជាឥតប្រយោជន៍នោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់បំផុតចំពោះមនុស្សលោក។

ពិតប្រាកដណាស់ យើង(អល់ឡោះ)ពិតជាបានឃើញអ្នក(ឱព្យាការីមូហាំម៉ាត់)បែរមុខរបស់អ្នកសម្លឹងមើលទៅលើមេឃ(រង់ចាំវ៉ាហ៊ី)។ ដូចនេះ យើងពិតជានឹងបង្វែរអ្នកទៅកាន់ទិសគិបឡាត់មួយដែលអ្នកពេញចិត្ត។ ដូច្នេះ ចូរអ្នកបែរមុខរបស់អ្នកតម្រង់ទៅកាន់ទិសម៉ាស្ជិតអាល់ហារ៉មចុះ។ ហើយទោះបីជាពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ស្ថិតនៅទីកន្លែងណាក៏ដោយ ចូរពួកអ្នកតម្រង់មុខរបស់ពួកអ្នកទៅកាន់ទិសនោះចុះ(នៅពេលប្រតិបត្តិសឡាត)។ ហើយជាការពិតណាស់ បណ្តាអ្នកដែលត្រូវបានគេផ្ដល់គម្ពីរឱ្យ(ពួកយូដានិងពួកគ្រឹស្ទាន) ពួកគេដឹងយ៉ាងច្បាស់ថា ពិតប្រាកដណាស់ វា(ការផ្លាស់ប្ដូរទិសគិបឡាត់) គឺជាការពិតមកពីព្រះជាម្ចាស់របស់ពួកគេ។ ហើយអល់ឡោះមិនព្រងើយកន្ដើយចំពោះអ្វីដែលពួកគេកំពុងតែប្រព្រឹត្ដឡើយ។

ហើយបើទោះបីជាអ្នក(ឱព្យាការីមូហាំម៉ាត់)នាំមកឱ្យពួកដែលត្រូវបានគេផ្ដល់គម្ពីរឱ្យនូវរាល់ភស្តុតាងនានាក៏ដោយ ក៏ពួកគេនៅតែមិន(បែរតម្រង់)តាមទិសគិបឡាត់របស់អ្នក(ទិសពៃទុលឡោះអាល់ហារ៉ម)ដដែល ហើយអ្នកក៏ពុំមែនជាអ្នកដែលបែរ(តម្រង់)តាមទិសគិបឡាត់របស់ពួកគេ(ទិសពៃទុលមឹកទីស)ដូចគ្នាដែរ។ ហើយប្រសិនបើអ្នកដើរតាមចំណង់តណ្ហារបស់ពួកគេ ក្រោយពីចំណេះដឹង(ដ៏ត្រឹមត្រូវ)បានមកដល់អ្នកហើយនោះ ពិតប្រាកដណាស់ នៅខណៈនោះ រូបអ្នកពិតជាស្ថិតនៅក្នុងចំណោមពួកដែលបំពានជាមិនខាន។

ពួកដែលយើងបានប្រទានគម្ពីរឱ្យពួកគេ(ពួកអ្នកប្រាជ្ញនៃពួកយូដានិងពួកគ្រឹស្ទាន) ពួកគេបានស្គាល់វា(ភាពជាព្យាការីរបស់ព្យាការីមូហាំម៉ាត់) ប្រៀបដូចជាពួកគេស្គាល់កូនចៅរបស់ពួកគេដូច្នោះដែរ។ ហើយពិតប្រាកដណាស់ ក្រុមមួយក្នុងចំណោមពួកគេបានលាក់បាំងការពិត ខណៈដែលពួកគេបានដឹងហើយនោះ។

នេះជាការពិតមកពីព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ ហេតុនេះ ចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែលមានការមន្ទិលសង្ស័យឱ្យសោះ។

ហើយរាល់ប្រជាជាតិនីមួយៗ គឺមានទិស(គិបឡាត់)ដែលពួកគេតម្រង់ទៅកាន់។ ហេតុនេះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ប្រជែងគ្នាធ្វើអំពើល្អ។ ទោះបីជាពួកអ្នកស្ថិតនៅទីកន្លែងណាក៏ដោយ ក៏អល់ឡោះជាម្ចាស់នឹងនាំពួកអ្នកត្រឡប់មកវិញទាំងអស់គ្នា(នៅថ្ងៃបរលោក)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

ហើយទោះបីជាអ្នក(ឱព្យាការីមូហាំម៉ាត់)ចេញពីទីកន្លែងណាក៏ដោយ ចូរអ្នកតម្រង់មុខរបស់អ្នកទៅកាន់ទិសម៉ាស្ជិតអាល់ហារ៉មចុះ(ប្រសិនបើអ្នកចង់ប្រតិបត្តិសឡាត)។ ពិតណាស់ វាជាសេចក្តីពិតមកពីព្រះជាម្ចាស់របស់អ្នក។ ហើយអល់ឡោះជាម្ចាស់មិនព្រងើយកន្តើយចំពោះអ្វីដែលពួកអ្នកកំពុងប្រព្រឹត្តនោះឡើយ។

ហើយទោះបីជាអ្នកចេញពីទីកន្លែងណាក៏ដោយ ចូរអ្នកតម្រង់មុខរបស់អ្នកទៅកាន់ទិសម៉ាស្ជិតអាល់ហារ៉មចុះ(នៅពេលអ្នកចង់ប្រតិបត្តិសឡាត)។ ហើយទោះបីជាពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ស្ថិតនៅទីកន្លែងណាក៏ដោយ ចូរពួកអ្នកតម្រង់មុខរបស់ពួកអ្នកទៅកាន់ទិស(ម៉ាស្ជិតអាល់ហារ៉ម)ចុះ(នៅពេលដែលពួកអ្នកចង់ប្រតិបត្តិសឡាត) ដើម្បីកុំឱ្យមនុស្សលោកមានលេសប្រឆាំងនឹងពួកអ្នក លើកលែងតែពួកដែលបំពានក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកកុំខ្លាចពួកគេឲ្យសោះ តែពួកអ្នកត្រូវខ្លាចយើងវិញ ដើម្បីយើងនឹងបំពេញនូវឧបការគុណរបស់យើងដល់ពួកអ្នក ហើយសង្ឃឹមថាពួកអ្នកទទួលបានការចង្អុលបង្ហាញ។

ក៏ដូចគ្នាដែរ យើងបានបញ្ជូនអ្នកនាំសារម្នាក់(គឺព្យាការីមូហាំម៉ាត់)ពីក្នុងចំណោមពួកអ្នកទៅកាន់ពួកអ្នក ដើម្បីឱ្យគាត់សូត្របណ្តាវាក្យខណ្ឌរបស់យើងឱ្យពួកអ្នកស្តាប់ និងជម្រះសម្អាតពួកអ្នក ហើយនិងបង្រៀនគម្ពីរ(គួរអាន) និងគតិបណ្ឌិត(ស៊ុណ្ណះ)ដល់ពួកអ្នក ព្រមទាំងបង្រៀនពួកអ្នកនូវអ្វីដែលពួកអ្នកមិនធ្លាប់បានដឹង។

ដូច្នេះ ចូរពួកអ្នករំឭកមកចំពោះយើង នោះយើងពិតជានឹងនឹកឃើញដល់ពួកអ្នកវិញ។ ហើយចូរពួកអ្នកដឹងគុណមកចំពោះយើង ហើយមិនត្រូវរមិលគុណឡើយ។

ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកសុំជំនួយ(ពីអល់ឡោះ)ដោយការអត់ធ្មត់ និងការប្រតិបត្តិសឡាត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្ថិតនៅជាមួយបណ្តាអ្នកដែលអត់ធ្មត់។

ហើយពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនត្រូវនិយាយចំពោះអ្នកដែលត្រូវបានគេសម្លាប់(ពលីជីវិត)ក្នុងមាគ៌ារបស់អល់ឡោះនោះថា៖ ពួកគេបានស្លាប់(ដូចអ្នកដទៃបានស្លាប់)នោះឡើយ។ ផ្ទុយទៅវិញ ពួកគេនៅមានជីវិត(នៅឯព្រះជាម្ចាស់របស់ពួកគេ) ប៉ុន្តែពួកអ្នកមិនមានអារម្មណ៍ដឹងឡើយ។

ហើយយើងពិតជានឹងសាកល្បងពួកអ្នកដោយប្រការផ្សេងៗដូចជា ការភ័យខ្លាច គ្រោះអត់ឃ្លាន កង្វះខាតទ្រព្យសម្បត្តិ បាត់បង់ជីវិត និងកង្វះខាតផលានុផលជាដើម។ ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលមានភាពអត់ធ្មត់(លើការសាកល្បងទាំងនោះ)ចុះ។

គឺបណ្តាអ្នកដែលនៅពេលណាពួកគេជួបប្រទះគ្រោះថ្នាក់ណាមួយ ពួកគេនិយាយថា៖ ពិតប្រាកដណាស់ ពួកយើងជាកម្មសិទ្ធិរបស់អល់ឡោះ ហើយពិតប្រាកដណាស់ ពួកយើងនឹងវិលត្រលប់ទៅកាន់ទ្រង់វិញ(នៅថ្ងៃបរលោក)។

អ្នកទាំងនោះហើយជាអ្នកដែលទទួលបាននូវការកោតសសើរ និងក្តីមេត្តាករុណាពីព្រះជាម្ចាស់របស់ពួកគេ។ ហើយអ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានការចង្អុលបង្ហាញ។

ជាការពិតណាស់ ភ្នំសហ្វា និងភ្នំម៉ារវ៉ាស់ គឺជាអត្តសញ្ញាណមួយក្នុងចំណោមអត្តសញ្ញាណរបស់អល់ឡោះជាម្ចាស់។ ដូចនេះ ជនណាដែលមានបំណងទៅកាន់ពៃទុលឡោះដើម្បីធ្វើធម្មយាត្រាហាជ្ជី ឬអ៊ុមរ៉ោះនោះ គឺគ្មានទោសពៃរ៍អ្វីឡើយលើរូបគេក្នុងការដែលគេសាអ៊ី(ដើរទៅមក)រវាងភ្នំទាំងពីរនេះ។ ជនណាដែលបានធ្វើប្រការល្អដោយស្ម័គ្រចិត្ត(ប្រការស៊ូណិត)នោះ ពិតណាស់អល់ឡោះជាម្ចាស់ គឺជាអ្នកថ្លែងអំណរគុណ និងមហាដឹងបំផុត។

ជាការពិតណាស់ ពួកដែលបានលាក់បាំងនូវអ្វីដែលយើងបានបញ្ចុះមកនៃសញ្ញាភស្តុតាង និងការចង្អុលបង្ហាញ ក្រោយពីយើងបានបញ្ជាក់វា(ភាពជាព្យាការីរបស់មូហាំម៉ាត់)ដល់មនុស្សលោកនៅក្នុងគម្ពីរ(របស់ពួកគេ)ហើយនោះ ពួកទាំងនោះហើយជាពួកដែលត្រូវបានអល់ឡោះដាក់បណ្តាសា និងបណ្តាអ្នកដែលដាក់បណ្តាសាទាំងឡាយ(ម៉ាឡាអ៊ីកាត់ ព្យាការី និងមនុស្សលោក)ក៏បានដាក់បណ្តាសាពួកគេផងដែរ។

លើកលែងតែបណ្តាអ្នកដែលបានសារភាពកំហុស ហើយបានកែលម្អ(ទង្វើរបស់ពួកគេ) ព្រមទាំងបានបញ្ជាក់(អំពីការលាក់បាំងរបស់ពួកគេ)ប៉ុណ្ណោះ។ ពិតណាស់ អ្នកទាំងនោះ គឺយើង(អល់ឡោះ)នឹងទទួលយកការសារភាពកំហុសរបស់ពួកគេ ហើយយើងគឺជាអ្នកដែលទទួលយកការសារភាពកំហុស ជាអ្នកអាណិតស្រលាញ់បំផុត។

ជាការពិតណាស់ ពួកដែលគ្មានជំនឿ ហើយពួកគេបានស្លាប់ក្នុងភាពជាអ្នកគ្មានជំនឿនោះ ពួកទាំងនោះហើយជាពួកដែលត្រូវបានអល់ឡោះ ម៉ាឡាអ៊ីកាត់ និងមនុស្សលោកទាំងអស់ដាក់បណ្តាសាចំពោះពួកគេ។

ពួកគេនឹងស្ថិតនៅជាក្នុងវា(បណ្តាសា និងឋាននរក)ជានិច្ច ហើយទណ្ឌកម្មនឹងមិនត្រូវបានគេបន្ធូរបន្ថយចំពោះពួកគេឡើយ ហើយពួកគេក៏មិនត្រូវបានពន្យារពេលនោះដែរ។

ហើយព្រះជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺមានតែមួយអង្គគត់។ គ្មានទេព្រះជាម្ចាស់ដែលត្រូវគេគោរសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមហាសប្បុរស មហាអាណិតស្រលាញ់នោះឡើយ។

ពិតប្រាកដណាស់ នៅក្នុងការបង្កើតមេឃជាច្រើនជាន់និងផែនដី ការផ្លាស់ប្តូរវេនគ្នារវាងពេលយប់និងពេលថ្ងៃ សំពៅដែលធ្វើដំណើរនៅលើផ្ទៃសមុទ្រដែលផ្តល់ជាប្រយោជន៍ដល់មនុស្សលោក ទឹកភ្លៀងដែលអល់ឡោះបានបញ្ចុះពីលើមេឃដែលតាមរយៈទឹកភ្លៀងនេះ ទ្រង់ធ្វើឲ្យដីរស់ឡើងវិញ(មានជីជាតិ)បន្ទាប់ពីវាបានស្លាប់(គ្មានជីជាតិ) ហើយទ្រង់បានពង្រាយសត្វគ្រប់ប្រភេទនៅលើផែនដី ការផ្លាស់ប្តូរ(ទិស)ខ្យល់ ហើយនិងដុំពពកដែលរសាត់អណ្តែតនៅរវាងមេឃនិងផែនដី ទាំងនោះគឺជាភស្តុតាងយ៉ាងច្បាស់លាស់សម្រាប់ក្រុមដែលចេះគិតពិចារណា។

ហើយក្នុងចំណោមមនុស្សលោក គឺមានអ្នកដែលយកអ្វីផ្សេងពីអល់ឡោះធ្វើជាព្រះជាម្ចាស់ ដោយពួកគេស្រឡាញ់ពួកវាប្រៀបដូចជាស្រឡាញ់អល់ឡោះដែរ។ ចំណែកឯបណ្តាអ្នកមានជំនឿវិញ ពួកគេស្រឡាញ់អល់ឡោះខ្លាំងបំផុត(លើសអ្វីៗទាំងអស់)។ ហើយប្រសិនបើពួកបំពានបានដឹង(ពីស្ថានភាពរបស់ពួកគេ) ខណៈដែលពួកគេបានឃើញទណ្ឌកម្ម(ផ្ទាល់នឹងភ្នែកនៅថ្ងៃបរលោក)នោះ (ពួកគេនឹងដឹងថា) ភាពខ្លាំងក្លាទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុត។

(នោះគឺ)នៅពេលដែលពួក(មេដឹកនាំ)ដែលត្រូវបានគេដើរតាម គឺពួកគេបានយករួចខ្លួនពីពួក(ទន់ខ្សោយ)ដែលបានដើរតាម(ពួកគេ) ខណៈដែលពួកគេបានឃើញទណ្ឌកម្ម(ផ្ទាល់នឹងភ្នែក)។ ហើយរាល់បុព្វហេតុទាំងឡាយត្រូវបានកាត់ផ្តាច់ពីពួកគេ។

ហើយពួក(ទន់ខ្សោយ)ដែលដើរតាម(មេដឹកនាំទាំងនោះ)បាននិយាយថា៖ ប្រសិនបើពួកយើងមានឱកាសត្រលប់ទៅកាន់លោកិយវិញ ពួកយើងប្រាកដជានឹងយករួចខ្លួនពីពួកគេ(មេដឹកនាំ) ដូចដែលពួកគេបានយករួចខ្លួនពីពួកយើង(នៅពេលនេះ)ដែរមិនខាន។ ដូច្នោះដែរ ទ្រង់បង្ហាញឱ្យពួកគេឃើញនូវទង្វើរបស់ពួកគេដើម្បីឱ្យពួកគេមានវិប្បដិសារី ហើយពួកគេមិនអាចចេញពីឋាននរកបានជាដាច់ខាត។

ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកបរិភោគអំពីអ្វីដែលហាឡាល់(ត្រូវបានអនុញ្ញាត) និងល្អៗដែលមាននៅលើផែនដី ហើយចូរពួកអ្នកកុំដើរតាមមាគ៌ាទាំងឡាយរបស់ស្ហៃតនឱ្យសោះ។ ពិតប្រាកដណាស់ វាគឺជាសត្រូវយ៉ាងច្បាស់លាស់ចំពោះពួកអ្នក។

តាមពិតវា(ស្ហៃតន)ប្រើពួកអ្នកឱ្យប្រព្រឹត្តិអំពើអាក្រក់ និងបាបកម្ម និងឲ្យពួកអ្នកនិយាយបំផ្លើសទៅលើអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹង។

ហើយនៅពេលមានគេនិយាយទៅកាន់ពួកគេ(ពួកគ្មានជំនឿទាំងនោះ)ថា៖ ចូរពួកអ្នកដើរតាមអ្វីដែលអល់ឡោះបានបញ្ចុះមក ពួកគេតបវិញថា៖ ផ្ទុយទៅវិញ ពួកយើងដើរតាមតែអ្វីដែលយើងមានមកពីដូនតារបស់ពួកយើងប៉ុណ្ណោះ។ តើសូម្បីតែដូនតារបស់ពួកគេមិនមានការយល់ដឹង ហើយក៏មិនទទួលបានការចង្អុលបង្ហាញអ្វីសោះ(ក៏ពួកគេដើរតាមដែរឬ)?

ហើយការប្រៀបធៀបពួកគ្មានជំនឿ(ទាំងនោះ) គឺប្រៀបដូចជាអ្នកគង្វាលសត្វ(ដែលស្រែកហៅសត្វរបស់ខ្លួន)ដែលវាមិនយល់អ្វីបានត្រឹមតែឮសំឡេងហៅរបស់ម្ចាស់វាបុណ្ណោះ។ (ពួកគេ)ថ្លង់ គ ខ្វាក់ ហេតុនេះ ពួកគេមិនយល់អ្វីឡើយ។

ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកបរិភោគពីចំណីអាហារល្អៗដែលយើង(អល់ឡោះ)បានប្រទានជាលាភសក្ការៈដល់ពួកអ្នក។ ហើយចូរពួកអ្នកដឹងគុណចំពោះអល់ឡោះ ប្រសិនបើពួកអ្នកពិតជាគោរពសក្ការៈចំពោះទ្រង់(តែមួយគត់)មែននោះ។

តាមពិត ទ្រង់បានដាក់បម្រាមទៅលើពួកអ្នកមិនឱ្យទទួលទានសត្វស្លាប់(ដែលពុំបានសំឡេះត្រឹមត្រូវតាមច្បាប់អ៊ីស្លាម) ឈាម សាច់ជ្រូក ហើយនិងអ្វីដែលគេសំឡេះ(ជាតង្វាយ)សម្រាប់អ្នកផ្សេងក្រៅពីអល់ឡោះ។ តែប្រសិនបើជនណាត្រូវបានគេបង្ខំ(ឱ្យទទួលទានអាហារទាំងនេះ) ដោយគេពុំមែនជាអ្នកដែលបំពាន ហើយក៏ពុំមែនជាអ្នករំលងព្រំដែន(នៃតម្រូវការចាំបាច់របស់ខ្លួន)ដែរនោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះរូបគេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។

ពិតប្រាកដណាស់ ពួកដែលលាក់បាំងអំពីគម្ពីរដែលអល់ឡោះបានបញ្ចុះមក ហើយពួកគេបានប្តូរវាជាមួយនឹងកម្រៃបន្តិចបន្តួច ពួកទាំងនោះ អ្វីដែលពួកគេទទួលទានចូលទៅក្នុងពោះរបស់ពួកគេ គឺគ្មានអ្វីក្រៅពីភ្លើងនោះឡើយ។ ហើយអល់ឡោះនឹងមិនមានបន្ទូលទៅកាន់ពួកគេឡើយនៅថ្ងៃបរលោក ហើយទ្រង់ក៏មិនជម្រះសម្អាតពួកគេនោះដែរ ហើយពួកគេនឹងត្រូវទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត។

ពួកទាំងនោះហើយ ជាពួកដែលយកការចង្អុលបង្ហាញប្តូរយកភាពវង្វេង និងយកការអភ័យទោស(ពីអល់ឡោះ)ប្តូរយកទណ្ឌកម្ម។ ពិតណាស់ ពួកគេពិតជាអាចអត់ទ្រាំពី(ទណ្ឌកម្ម)ភ្លើងនរកបានមែន(ឬយ៉ាងណា)!

នោះគឺដោយសារតែអល់ឡោះជាម្ចាស់បានបញ្ចុះនូវគម្ពីរយ៉ាងពិតប្រាកដ។ ជាការពិតណាស់ ពួកដែលបានខ្វែងគំនិតគ្នាចំពោះគម្ពីរនោះ ពួកគេពិតជាធ្លាក់ក្នុងការបែកបាក់ និងឃ្លាតឆ្ងាយ(ពីការពិត)ជាមិនខាន។

មិនទាន់ចាត់ទុកថាជាអំពើល្អឡើយ ការដែលពួកអ្នកគ្រាន់តែតម្រង់មុខរបស់ពួកអ្នកទៅកាន់ទិសខាងកើត ឬទិសខាងលិចនោះ ក៏ប៉ុន្តែ(ចាត់ទុកថាជា)អំពើល្អនោះ គឺជនណាដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោក បណ្តាម៉ាឡាអ៊ីកាត់ បណ្តាគម្ពីរ និងបណ្តាព្យាការីទាំងឡាយ ហើយបានបរិច្ចាគទ្រព្យសម្បត្តិដែលគេស្រឡាញ់ចង់បានទៅឲ្យសាច់ញាតិ ក្មេងកំព្រា អ្នកក្រីក្រ អ្នកដំណើរដាច់ស្បៀង និងអ្នកសុំទាន ព្រមទាំង(ចំណាយវា)ក្នុងការដោះលែងទាសករ និងដោះលែងចំណាប់ខ្មាំង ហើយគេបានប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយនិងអ្នកទាំងឡាយដែលបំពេញនូវកិច្ចសន្យារបស់ខ្លួន នៅពេលណាដែលពួកគេបានសន្យា ព្រមទាំងបណ្តាអ្នកដែលមានភាពអត់ធ្មត់ទៅលើភាពក្រីក្រ ភាពលំបាកវេទនា និងនៅក្នុងសមរភូមិដែលមានភាពតានតឹង។ អ្នកទាំងនោះហើយគឺជាអ្នកដែលមានការជឿជាក់យ៉ាងពិតប្រាកដ ហើយអ្នកទាំងនោះហើយ គឺជាអ្នកដែលកោតខ្លាច(អល់ឡោះ)។

ឱបណ្តាអ្នកដែលមានជំនឿ! គេបានដាក់កាតព្វកិច្ចលើពួកអ្នកឲ្យមានសមភាពក្នុងការវិនិច្ឆ័យទោសក្នុងរឿងឃាតកម្ម ដោយអ្នកដែលមានសិទ្ធិសេរីភាព(ត្រូវសម្លាប់)ដោយអ្នកមានសិទ្ធិសេរីភាព ទាសករ(ត្រូវសម្លាប់)ដោយទាសករ ហើយស្ត្រី(ត្រូវសម្លាប់)ដោយស្ត្រី។ តែប្រសិនបើអាណាព្យាបាលជនរងគ្រោះបានអនុគ្រោះ(ឲ្យឃាតករ)ដោយការសងជំងឺចិត្តនោះ គឺត្រូវទារសំណងឱ្យបានសមរម្យ ហើយ(ឃាតករ)ក៏ត្រូវផ្តល់សំណងឱ្យបានសមរម្យ(តាមការទាមទារ)ដូចគ្នាដែរ។ នោះគឺជាការបន្ធូរបន្ថយពីព្រះជាម្ចាស់របស់ពួកអ្នក និងជាក្តីមេត្តាករុណា(អំពីទ្រង់ចំពោះពួកអ្នក)។ ដូចនេះ ជនណាដែលបានបំពានបន្ទាប់ពីនោះ ពិតប្រាកដណាស់ គេនឹងទទួលទណ្ឌកម្មយ៉ាងខ្លោចផ្សាបំផុត។

ហើយនៅក្នុងការកំណត់សមភាពក្នុងការវិនិច្ឆ័យទោសដែលទ្រង់បានដាក់បញ្ញត្តិសម្រាប់ពួកអ្នកនោះ គឺដើម្បីឲ្យជីវិតរស់នៅរបស់ពួកអ្នកប្រកបទៅដោយសុខសន្តិភាព ឱបញ្ញាជនទាំងឡាយ សង្ឃឹមថាពួកអ្នកនឹងកោតខ្លាច។

គេបានដាក់កាតព្វកិច្ចលើពួកអ្នក នៅពេលដែលសេចក្តីស្លាប់ជិតមកដល់នរណាម្នាក់ក្នុងចំណោមពួកអ្នក ប្រសិនបើគេបានបន្សល់ទុកទ្រព្យសម្បត្តិច្រើននោះ គឺត្រូវធ្វើបណ្តាំមរតកសម្រាប់មាតាបិតា និងញាតិសណ្តានដោយល្អប្រសើរ(តាមច្បាប់កំណត់)។ (ការអនុវត្តបែបនេះ) គឺជាកាតព្វកិច្ចដ៏ម៉ឺងម៉ាត់ទៅលើបណ្តាអ្នកដែលកោតខ្លាច(អល់ឡោះជាម្ចាស់)។

ហេតុនេះ ជនណាហើយដែលបានផ្លាស់ប្តូរវា(កែប្រែខ្លឹមសារពាក្យបណ្តាំ) បន្ទាប់ពីគេបានដឹងអំពីវាហើយនោះ ជាការពិតណាស់ បាបកម្មនឹងធ្លាក់ទៅលើអ្នកដែលផ្លាស់ប្តូរ(កែប្រែ)បណ្តាំនោះ។ ពិតប្រាកដណាស់ អល់ឡោះមហាឮ មហាដឹងបំផុត។

តែចំពោះជនណាដែលបារម្ភខ្លាចអ្នកធ្វើបណ្តាំមរតកមានភាពលម្អៀង ឬមានបាបកម្ម(ភាពខុសឆ្គងនៅក្នុងពាក្យបណ្តាំ) រួចគេផ្សះផ្សារវាងពួកគេ(ភាគីទំនាស់ទាំងពីរ)នោះ គឺគ្មានទោសពៃរ៍អ្វីចំពោះគេឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រឡាញ់។

ឱបណ្តាអ្នកដែលមានជំនឿ! គេបានដាក់កាតព្វកិច្ចលើពួកអ្នកឱ្យកាន់អំណត់បួស ដូចដែលគេបានដាក់កាតព្វកិច្ច(បួសនេះ)ទៅលើអ្នកជំនាន់មុនពួកអ្នកដែរ សង្ឃឹមថាពួកអ្នកនឹងកោតខ្លាច(អល់ឡោះ)។

(ការបួសដែលជាកាតព្វកិច្ចនោះ) គឺក្នុងបណ្តាថ្ងៃដែលគេបានកំណត់។ ដូចនេះក្នុងចំណោមពួកអ្នក ជនណាដែលមានជំងឺ ឬជាអ្នកធ្វើដំណើរ (គេអាចផ្អាកបួសបាន) តែត្រូវបួសសងវិញនៅបណ្តាថ្ងៃផ្សេង(តាមចំនួនថ្ងៃដែលគេបានផ្អាកបួស)។ ហើយចំពោះអ្នកដែលគ្មានលទ្ធភាពបួស គឺត្រូវទទួលការផាកពិន័យដោយត្រូវផ្តល់អាហារដល់ជនក្រីក្រ(តាមចំនួនថ្ងៃដែលគេមិនបានបួស)។ ហើយជនណាដែលធ្វើប្រការល្អដោយស្ម័គ្រចិត្ត វាគឺជាការប្រសើរសម្រាប់រូបគេ។ តែប្រសិនបើពួកអ្នកបួស វាជាការប្រសើរសម្រាប់ពួកអ្នកជាង ប្រសិនបើពួកអ្នកបានដឹង។

ខែរ៉ម៉ាហ្ទន គឺជាខែដែលគេ(អល់ឡោះ)បានបញ្ចុះគម្ពីរគួរអានដើម្បីជាការចង្អុលបង្ហាញដល់មនុស្សលោក ព្រមទាំងបញ្ជាក់ច្បាស់នូវការចង្អុលបង្ហាញ និងការវែកញែក(រវាងខុសនិងត្រូវ)។ ដូច្នេះ ជនណាដែលមានវត្តមាននៅក្នុងខែនេះ ចូរឲ្យគេបួស(ជាចាំបាច់)។ ហើយជនណាដែលមានជំងឺ ឬជាអ្នកធ្វើដំណើរ (គេអាចផ្អាកបួសបាន) តែត្រូវបួសសងវិញនៅបណ្តាថ្ងៃផ្សេង(តាមចំនួនថ្ងៃដែលគេបានផ្អាកបួស)។ អល់ឡោះជាម្ចាស់ចង់ឲ្យពួកអ្នកមានភាពងាយស្រួល ហើយទ្រង់មិនចង់ឲ្យពួកអ្នកលំបាកឡើយ។ ហើយចូរពួកអ្នកបង្គ្រប់ចំនួនថ្ងៃ(នៃការបួសខែរ៉ម៉ាហ្ទន) ហើយចូរពួកអ្នកលើកតម្កើងអល់ឡោះ(តឹកពៀរនៅថ្ងៃរ៉យ៉ា)ទៅលើអ្វីដែលទ្រង់បានចង្អុលបង្ហាញដល់ពួកអ្នក សង្ឃឹមថាពួកអ្នកចេះថ្លែងអំណរគុណ។

ហើយនៅពេលដែលបណ្តាខ្ញុំបម្រើរបស់យើងបានសួរអ្នក(ឱព្យាការីមូហាំម៉ាត់)អំពីយើង ពិតប្រាកដណាស់ យើងស្ថិតនៅជិតបង្កើយពួកគេ។ យើងឆ្លើយតបចំពោះអ្នកដែលធ្វើការបួងសួងនៅពេលណាដែលគេបួងសួងមកកាន់យើង។ ហេតុនេះ ចូរឱ្យពួកគេស្តាប់បង្គាប់យើង និងមានជំនឿចំពោះយើង សង្ឃឹមថាពួកគេនឹងទទួលបានការចង្អុលបង្ហាញ។

គេបានអនុញ្ញាតឲ្យពួកអ្នកអាចរួមដំណេកជាមួយនឹងភរិយារបស់ពួកអ្នកក្នុងពេលរាត្រីនៃខែបួស។ ពួកនាងគឺជាសម្លៀកបំពាក់សម្រាប់ពួកអ្នក ហើយពួកអ្នកក៏ជាសម្លៀកបំពាក់សម្រាប់ពួកនាងវិញដែរ។ អល់ឡោះបានដឹងថា ពួកអ្នកបានក្បត់នឹងខ្លួនឯង(ដោយធ្វើប្រការដែលទ្រង់បានហាមឃាត់)។ ហេតុនេះ ទ្រង់បានទទួលយកការសារភាពកំហុសរបស់ពួកអ្នក និងបានអធ្យាស្រ័យដល់ពួកអ្នក។ ដូច្នេះ ចាប់ពីពេលនេះទៅ ចូរពួកអ្នករួមដំណេកជាមួយពួកនាង ហើយស្វែករកអ្វី(កូនចៅ)ដែលទ្រង់បានកំណត់សម្រាប់ពួកអ្នក។ ហើយចូរពួកអ្នកបរិភោគនិងផឹក រហូតដល់ពន្លឺពណ៌សនៃហ្វាជើរ(សេតារុណ)ដាច់ចេញពីផ្ទៃពណ៌ខ្មៅនៃស្បៃរាត្រីបានបង្ហាញច្បាស់ចំពោះពួកអ្នក។ បន្ទាប់មក ចូរពួកអ្នកបំពេញនូវការបួស រហូតដល់យប់(ថ្ងៃលិច)។ ហើយពួកអ្នកមិនត្រូវរួមដំណេកជាមួយពួកនាង ខណៈពេលដែលពួកអ្នកកំពុងតែអៀកទីកាហ្វនៅក្នុងម៉ាស្ជិតឡើយ។ ទាំងនោះគឺជាព្រំដែនរបស់អល់ឡោះ។ ហេតុនេះ ចូរពួកអ្នកកុំទៅក្បែរវាឱ្យសោះ។ ក៏ដូចគ្នាដែរ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់នូវបណ្តាវាក្យខណ្ឌរបស់ទ្រង់ដល់មនុស្សលោក សង្ឃឹមថាពួកគេនឹងកោតខ្លាច(ចំពោះទ្រង់)។

ហើយចូរពួកអ្នកកុំយកទ្រព្យសម្បត្តិគ្នាទៅវិញទៅមកដោយមិនត្រឹមត្រូវ(ខុសច្បាប់)ឲ្យសោះ និងមិនត្រូវនាំរឿងនោះប្ដឹងដល់តុលាការ ដើម្បីពួកអ្នកបានស៊ីទ្រព្យសម្បត្តិរបស់មនុស្សមួយក្រុមដោយខុសច្បាប់នោះឡើយ ទាំងដែលពួកអ្នកដឹង(ថាអល់ឡោះបានហាមឃាត់អំពីរឿងនេះ)ហើយនោះ។

ពួកគេនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីខ្នើតខែ។ ចូរអ្នកតបថា៖ វាជាការកំណត់ពេលវេលាជាច្រើនសម្រាប់មនុស្ស និង(ជាការកំណត់ពេលវេលា)សម្រាប់ធ្វើហាជ្ជី។ ហើយពុំមែនជាទង្វើល្អឡើយដែលពួកអ្នកចូលលំនៅឋានតាមផ្លូវក្រោយនោះ។ ក៏ប៉ុន្តែទង្វើល្អ(ពិតប្រាកដ) គឺអ្នកដែលកោតខ្លាចអល់ឡោះជាម្ចាស់ទៅវិញទេ។ ហើយចូរពួកអ្នកចូលលំនៅឋានតាមបណ្តាទ្វាររបស់វា(ទ្វារខាងមុខ)ចុះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។

ហើយចូរពួកអ្នក(អ្នកមានជំនឿ)ប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះជាមួយពួកដែលបង្កសង្គ្រាមនឹងពួកអ្នក ហើយចូរពួកអ្នកកុំបំពានព្រំដែនរបស់អល់ឡោះ(នៅពេលប្រយុទ្ធជាមួយពួកគេ)ឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់ពួកដែលបំពានព្រំដែន(របស់ទ្រង់)ឡើយ។

ហើយចូរពួកអ្នកសម្លាប់ពួកគេ(ពួកប្រឆាំង)ចុះនៅពេលដែលពួកអ្នកបានជួបពួកគេ ហើយចូរពួកអ្នកបណ្តេញពួកគេឱ្យចាកចេញពីទីកន្លែងដែលពួកគេធ្លាប់បានបណ្តេញពួកអ្នក(ក្រុងម៉ាក្កះ)វិញចុះ។ ហើយភាពវឹកវរ គឺធ្ងន់ធ្ងរជាងការកាប់សម្លាប់គ្នាទៅទៀត។ ហើយចូរពួកអ្នកកុំ(ផ្តើម)ប្រយុទ្ធជាមួយពួកគេនៅឯម៉ាស្ជិតអាល់ហារ៉មឱ្យសោះ លុះត្រាតែពួកគេ(ផ្តើម)ប្រយុទ្ធជាមួយនឹងពួកអ្នកនៅទីនោះមុន។ ហើយប្រសិនបើពួកគេ(ផ្តើម)ប្រយុទ្ធនឹងពួកអ្នក ចូរប្រយុទុ្ធ(តបត)នឹងពួកគេវិញចុះ។ ក៏ដូចគ្នាដែរ វាគឺជាការតបស្នងចំពោះពួកដែលប្រឆាំង។

តែប្រសិនបើពួកគេបានបញ្ឈប់(ការប្រយុទ្ធជាមួយពួកអ្នក)ហើយនោះ (ចូរពួកអ្នកបញ្ឈប់ការប្រយុទ្ធចុះ)។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់។

ហើយចូរពួកអ្នកប្រយុទ្ធនឹងពួកគេរហូតដល់គ្មានភាពវឹកវរ(អំពើស្ហ៊ីរិក និងភាពគ្មានជំនឿ)តទៅទៀត ហើយសាសនារបស់អល់ឡោះបានក្លាយជាសាសនាដ៏លេចធ្លោឡើង។ តែប្រសិនបើពួកគេបានបញ្ឈប់(ការប្រយុទ្ធ)ហើយនោះ (ចូរពួកបញ្ឈប់ការប្រយុទ្ធចុះ) ព្រោះគ្មានភាពជាសត្រូវនោះទេ លើកលែងតែចំពោះពួកដែលបំពានប៉ុណ្ណោះ។

ខែបម្រាមគឺជំនួសដោយខែបម្រាម ហើយប្រការបម្រាមទាំងឡាយ គឺត្រូវកំណត់ច្បាប់វិនិច្ឆ័យទោស(ទៅលើពួកដែលបំពាន)ឲ្យដូចគ្នា។ ដូច្នេះ ជនណាហើយដែលបានបំពានលើពួកអ្នក ចូរពួកអ្នកតបតទៅពួកគេវិញឱ្យដូចអ្វីដែលពួកគេបានធ្វើដាក់ពួកអ្នក។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ និងត្រូវដឹងថា ពិតប្រាកដណាស់ អល់ឡោះទ្រង់នៅជាមួយបណ្តាអ្នកដែលកោតខ្លាច។

ហើយចូរពួកអ្នកចំណាយ(ទ្រព្យសម្បត្តិ)ក្នុងមាគ៌ាអល់ឡោះ ហើយមិនត្រូវបណ្តោយខ្លួនពួកអ្នកឲ្យធ្លាក់ទៅក្នុងភាពវិនាសអន្តរាយនោះឡើយ និងចូរពួកអ្នកប្រព្រឹត្តអំពើល្អចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់បណ្តាអ្នកដែលប្រព្រឹត្តអំពើល្អ។

ហើយចូរពួកអ្នកបំពេញនូវកាតព្វកិច្ចហាជ្ជី និងអ៊ុមរ៉ោះសម្រាប់អល់ឡោះ។ តែប្រសិនបើពួកអ្នកត្រូវបានគេរារាំង(មិនឱ្យបំពេញហាជ្ជីឬអ៊ុមរ៉ោះបាន) គឺតម្រូវលើពួកអ្នកត្រូវសំឡេះសត្វជំនូនណាមួយដែលងាយនឹងរកបាន។ ហើយចូរពួកអ្នកកុំទាន់កោរសក់(ឬកាត់សក់)របស់ពួកអ្នក លុះត្រាតែសត្វជំនូនទាំងនោះបានទៅដល់កន្លែង(សំឡេះ)របស់វាសិន។ ហើយប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកអ្នកមានជំងឺ ឬមានបញ្ហាស្បែកក្បាលរបស់គេ គឺត្រូវបង់ផាកពិន័យដោយត្រូវបួស(ចំនួនបីថ្ងៃ) ឬបរិច្ចាគទាន(ផ្តល់អាហារដល់អ្នកក្រីក្រនៅទឹកដីម៉ាក្កះចំនួនប្រាំមួយនាក់) ឬសំឡេះសត្វ(ពពែមួយក្បាលចែកជូនអ្នកក្រដែលរស់នៅទីនោះ)។ ហើយប្រសិនបើពួកអ្នកមានសុវត្ថិភាព ដូចនេះជនណាដែលធ្វើហាជ្ជី”អាត់តាម៉ាត់តួក” ដោយធ្វើអ៊ុមរ៉ោះភ្ជាប់ជាមួយនឹងហាជ្ជី គឺត្រូវសំឡេះសត្វជំនូនណាមួយដែលគេងាយរកបាន។ តែប្រសិនបើគេគ្មានលទ្ធភាព(សំឡេះសត្វ)ទេនោះ គឺត្រូវបួសចំនួនបីថ្ងៃក្នុងពេលធ្វើហាជ្ជី និងប្រាំពីរថ្ងៃទៀតនៅពេលដែលពួកអ្នកវិលត្រលប់ទៅ(កាន់គ្រួសារ)វិញ។ នោះគឺគ្រប់ចំនួនដប់ថ្ងៃពេញ។ វាគឺសម្រាប់អ្នកដែលមិនមែនជាអ្នករស់នៅក្នុងតំបន់ម៉ាស្ជិតអាល់ហារ៉ម។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវដឹងថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។

(ពេលវេលានៃ)ការធ្វើធម្មយាត្រាហាជ្ជី គឺស្ថិតក្នុងបណ្តាខែដែលត្រូវបានគេដឹងយ៉ាងច្បាស់ ។ ដូចនេះ ចំពោះអ្នកដែលមានកាតព្វកិច្ចធ្វើហាជ្ជីនៅអំឡុងខែទាំងនេះ (ក្រោយពេលកាន់តំណមអៀហរ៉មរួចហើយ) គឺមិនត្រូវរួមដំណេក មិនត្រូវប្រព្រឹត្តអំពើល្មើស(ចំពោះអល់ឡោះ) ហើយក៏មិនត្រូវឈ្លោះប្រកែកគ្នាក្នុងអំឡុងពេលនៃការធ្វើហាជ្ជីនោះដែរ។ ហើយអំពើល្អណាក៏ដោយដែលពួកអ្នកបានសាងនោះ គឺអល់ឡោះទ្រង់ពិតជាជ្រាបដឹងអំពីវា។ ហើយចូរពួកអ្នកត្រៀមស្បៀង។ ជាការពិតណាស់ ស្បៀងដែលប្រសើរបំផុតនោះ គឺការកោតខ្លាចអល់ឡោះ។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចមកចំពោះយើងឱបញ្ញាជនទាំងឡាយ។

គ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នក ដោយគ្រាន់តែពួកអ្នកស្វែងរកការប្រោសប្រទាន(លាភសក្ការៈ)ពីព្រះជាម្ចាស់របស់ពួកអ្នក(ក្នុងអំឡុងពេលធ្វើហាជ្ជីនោះ)។ ហើយនៅពេលដែលពួកអ្នកបានបំពេញកិច្ចការ(ហាជ្ជី)នៅឯតំបន់អារ៉ហ្វះរួចរាល់ហើយនោះ ចូរពួកអ្នករំឭកចំពោះអល់ឡោះនៅឯម៉ាស្ហអារិលហារ៉ម(ដែលស្ថិតនៅទឹកដីមុហ្សហ្ទាលីហ្វះ)ចុះ។ ហើយចូរពួកអ្នករំឭកចំពោះទ្រង់ដូចដែលទ្រង់បានចង្អុលបង្ហាញដល់ពួកអ្នក ខណៈដែលកាលពីមុន ពួកអ្នកស្ថិតក្នុងចំណោមពួកដែលវង្វេង។

បន្ទាប់មក ចូរពួកអ្នកចាកចេញពីអារ៉ហ្វះវិញដូចដែលមនុស្សលោកទាំងឡាយបានចាកចេញ(ដោយត្រាប់តាមព្យាការីអ៊ីព្រហ៊ីម) ហើយចូរពួកអ្នកសុំការអភ័យទោសពីអល់ឡោះចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។

ហើយនៅពេលដែលពួកអ្នកបានបំពេញកិច្ចការធម្មយាត្រាហាជ្ជីរបស់ពួកអ្នកចប់សព្វគ្រប់ហើយនោះ ចូរពួកអ្នករំឭកទៅចំពោះអល់ឡោះជាម្ចាស់(ឲ្យបានច្រើន)ដូចដែលពួកអ្នករំឭកដល់ជីដូនជីតារបស់ពួកអ្នក ឬរំឭកឱ្យច្រើនជាងនេះ។ ហើយក្នុងចំណោមមនុស្សលោក គឺមានអ្នកដែលបួងសួងថា៖ ឱព្រះជាម្ចាស់របស់យើងខ្ញុំ! សូមទ្រង់មេត្តាប្រទានដល់យើងខ្ញុំនូវប្រការល្អក្នុងលោកិយផងចុះ។ ដូចនេះ សម្រាប់រូបគេគ្មានទទួលបានផលអ្វីឡើយនៅថ្ងៃបរលោក។

ហើយក្នុងចំណោមពួកគេផងដែរ គឺមានអ្នកដែលបួងសួងថា៖ ឱព្រះជាម្ចាស់របស់យើងខ្ញុំ! សូមទ្រង់មេត្តាប្រទានដល់យើងខ្ញុំនូវប្រការល្អក្នុងលោកិយ និងប្រការល្អនៅថ្ងៃបរលោក ព្រមទាំងការពារយើងខ្ញុំពីទណ្ឌកម្មនៃភ្លើងនរកផង។

អ្នកទាំងនោះហើយ គឺជាអ្នកដែលនឹងទទួលបានចំណែកអំពីអ្វី(ផលបុណ្យ)ដែលពួកគេបានសាង(ក្នុងលោកិយ)។ ហើយអល់ឡោះទ្រង់ជាអ្នកជំនុំជម្រះ(ចំពោះទង្វើទាំងឡាយ)យ៉ាងឆាប់រហ័សបំផុត។

ហើយចូរពួកអ្នករំឭកទៅចំពោះអល់ឡោះក្នុងបណ្តាថ្ងៃដែលត្រូវបានកំណត់ ។ ដូច្នេះ ជនណាដែលមានការប្រញាប់(ចង់ចាកចេញពីតំបន់មីណា)ក្នុងថ្ងៃទីពីរ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះគេ ហើយជនណាដែលចង់ពន្យារ(ដោយបន្តស្នាក់នៅរហូតដល់ថ្ងៃទីបី) ក៏គ្មានទោសពៃរ៍អ្វីចំពោះគេដែរសម្រាប់អ្នកដែលកោតខ្លាច(អល់ឡោះ)។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវដឹងថា ជាការពិតណាស់ ពួកអ្នកនឹងត្រូវគេប្រមូលផ្តុំទៅកាន់ទ្រង់វិញ(នៅថ្ងៃបរលោក)។

ហើយក្នុងចំណោមមនុស្សលោក គឺមានពួក(ពុតត្បុត)ដែលពាក្យសម្តីរបស់គេធ្វើឱ្យអ្នក(ឱព្យាការីមូហំាម៉ាត់)មានការចាប់អារម្មណ៍ចំពោះឆាកជីវិតលោកិយនេះ ហើយគេយកអល់ឡោះជាម្ចាស់ធ្វើជាសាក្សីចំពោះអ្វីដែលមាននៅក្នុងដួងចិត្តរបស់គេ ខណៈដែលរូបគេ គឺជាអ្នកដែលបង្ករឿងឈ្លោះប្រកែកបំផុត។

ហើយនៅពេលដែលគេបានចាកចេញ(ពីអ្នក) គឺគេព្យាយាមនៅលើផែនដីនេះក្នុងគោលបំណងបង្កវិនាសកម្មនៅលើវា ហើយបំផ្លិចបំផ្លាញកសិផល និងសត្វពាហនៈនានា។ ហើយអល់ឡោះទ្រង់មិនស្រលាញ់អំពើវិនាសកម្មឡើយ។

ហើយនៅពេលដែលមានគេនិយាយទៅកាន់ជននោះថា៖ ចូរអ្នកកោតខ្លាចអល់ឡោះ បែរជាភាពក្អេងក្អាងបានអូសទាញរូបគេឲ្យប្រព្រឹត្តអំពើបាបកម្មទៅវិញ។ ដូចនេះ នរកជើហាន់ណាំ គឺគ្រប់គ្រាន់ហើយសម្រាប់រូបគេ ហើយវាជាកន្លែងស្នាក់នៅដ៏អាក្រក់បំផុត។

ហើយក្នុងចំណោមមនុស្សលោក គឺមានអ្នកដែលបានលក់ខ្លួនរបស់គេស្វែងរកការពេញចិត្តពីអល់ឡោះ។ ហើយអល់ឡោះជាអ្នកដែលមានក្តីមេត្តាករុណាបំផុតចំពោះបណ្តាខ្ញុំបម្រើ(របស់ទ្រង់)។

ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកចូលកាន់សាសនាអ៊ីស្លាមឱ្យបានពេញលេញ(ពិតប្រាកដ) ហើយចូរពួកអ្នកកុំដើរតាមមាគ៌ាទាំងឡាយរបស់ស្ហៃតនឱ្យសោះ។ ពិតប្រាកដណាស់ វាជាសត្រូវរបស់ពួកអ្នកយ៉ាងច្បាស់លាស់បំផុត។

តែប្រសិនបើពួកអ្នកបានងាកចេញបន្ទាប់ពីបណ្តាភស្តុតាងយ៉ាងច្បាស់លាស់បានមកដល់ពួកអ្នកហើយនោះ ដូច្នេះពួកអ្នកត្រូវដឹងថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

ពួកគេមិនរង់ចាំអ្វីក្រៅតែពីការយាងរបស់អល់ឡោះមកដល់ពួកគេតាមម្លប់នៃពពក(ដើម្បីកាត់សេចក្តីរវាងពួកគេ) ហើយនិងការមកដល់របស់បណ្តាម៉ាឡាអ៊ីកាត់នោះឡើយ។ នៅពេលនោះ ការកាត់សេចក្តី(របស់អល់ឡោះ)បានចប់សព្វគ្រប់។ ហើយកិច្ចការទាំងឡាយ គឺត្រូវវិលត្រឡប់ទៅកាន់អល់ឡោះ(តែមួយគត់)។

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)សួរទៅកាន់អម្បូរអ៊ីស្រាអែលថា៖ តើមានសញ្ញាភស្តុតាងដ៏ច្បាស់លាស់ប៉ុន្មានហើយដែលយើងបានប្រទានដល់ពួកគេ? ហើយជនណាហើយដែលផ្លាស់ប្តូរឧបការគុណរបស់អល់ឡោះ(ជាមួយនឹងការប្រឆាំងនិងការបដិសេធ)ក្រោយពីវា(សញ្ញាភស្តុតាង)បានមកដល់រូបគេហើយនោះ ពិតណាស់ អល់ឡោះជាម្ចាស់គឺជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។

គេបានលម្អជីវិតរស់នៅក្នុងលោកិយសម្រាប់ពួកដែលគ្មានជំនឿ ហើយពួកគេតែងតែសើចចំអកឱ្យបណ្តាអ្នកដែលមានជំនឿ។ ហើយបណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) នៅថ្ងៃបរលោកពួកគេខ្ពង់ខ្ពស់ជាងពួកគ្មានជំនឿទាំងនោះ។ ហើយអល់ឡោះទ្រង់ប្រទានលាភសក្ការៈឱ្យជនណាដែលទ្រង់មានចេតនាដោយមិនអាចគណនាបានឡើយ។

ដើមឡើយ មនុស្សលោកជាប្រជាជាតិតែមួយ(ស្ថិតនៅលើសាសនាអ៊ីស្លាម)។ (លុះដល់ពេលស្ហៃតនធ្វើឱ្យពួកគេវង្វេង) ពេលនោះ អល់ឡោះក៏បានចាត់បញ្ជូននូវបណ្តាព្យាការីជាច្រើន ដើម្បីធ្វើជាអ្នកផ្តល់ដំណឹងរីករាយ(ដល់បណ្តាអ្នកមានជំនឿ) និងជាអ្នកដាស់តឿនព្រមាន(ដល់ពួកគ្មានជំនឿ) ហើយទ្រង់បានបញ្ចុះមកជាមួយពួកគេ(ព្យាការី)នូវគម្ពីរដ៏ពិតប្រាកដ ដើម្បីឱ្យគេវិនិច្ឆ័យរវាងមនុស្សលោកចំពោះអ្វីដែលពួកគេបានខ្វែងគំនិតគ្នានៅក្នុងវា។ ហើយគ្មានការខ្វែងគំនិតគ្នានៅក្នុងវា(គម្ពីរតាវរ៉ត)ឡើយ លើកលែងតែអ្នកដែលគេបានផ្តល់គម្ពីរឲ្យប៉ុណ្ណោះ ក្រោយពីភស្តុតាងជាច្រើនបានមកដល់ពួកគេ ដោយសារតែភាពឈ្នានីសរវាងពួកគេ។ ពិតណាស់ អល់ឡោះជាម្ចាស់នឹងប្រទានការចង្អុលបង្ហាញនូវការពិតដល់បណ្តាអ្នកមានជំនឿចំពោះអ្វីដែលពួកគេបានខ្វែងគំនិតគ្នានៅក្នុងវាដោយការអនុញ្ញាតរបស់ទ្រង់។ ហើយអល់ឡោះជាម្ចាស់ទ្រង់ចង្អុលបង្ហាញជនណាដែលទ្រង់មានចេតនាទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។

ឬមួយពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)គិតស្មានថា ពួកអ្នកអាចចូលឋានសួគ៌បានទាំងដែលមិនទាន់បានមកដល់ពួកអ្នក(នូវការសាកល្បងណាមួយ) ដូចអ្វីដែលបានកើតឡើងចំពោះអ្នកជំនាន់មុនពួកអ្នកឬ? ពួកគេ(អ្នកមានជំនឿជំនាន់មុន)បានជួបប្រទះនូវគ្រោះទុរ្ភភិក្ស ជំងឺ និងការភ័យញាប់ញ័រ រហូតសូម្បីតែអ្នកនាំសារនិងបណ្តាអ្នកមានជំនឿដែលនៅជាមួយគាត់ក៏បាននិយាយដែរថា៖ តើពេលណាទៅទើបជំនួយរបស់អល់ឡោះមកដល់នោះ? តើពុំមែនទេឬ ជាការពិតណាស់ជំនួយរបស់អល់ឡោះ គឺនៅជិតបំផុត។

ពួកគេ(មិត្តភក្តិរបស់អ្នក)នឹងសួរអ្នក(ព្យាការីមូហាំម៉ាត់)ថា៖ តើពួកគេត្រូវបរិច្ចាគទៅលើអ្វី? ចូរអ្នកតបថា៖ អ្វីដែលពួកអ្នកបានបរិច្ចាគអំពីប្រការល្អនោះ គឺត្រូវផ្តល់ជូនទៅឪពុកម្តាយ ញាតិសណ្តាន ក្មេងកំព្រា ជនក្រីក្រ និងអ្នកដំណើរដាច់ស្បៀង។ ហើយអ្វីដែលពួកអ្នកបានសាងអំពីប្រការល្អនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតចំពោះវា។

គេបានដាក់កាតព្វកិច្ចលើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ឱ្យធ្វើសង្គ្រាមប្រយុទ្ធ(ក្នុងមាគ៌ាអល់ឡោះ) ខណៈដែលពួកអ្នកមិនពេញចិត្តនោះឡើយ។ តែជួនកាល ប្រការអ្វីមួយដែលពួកអ្នកមិនពេញចិត្ត វាជាប្រការល្អសម្រាប់ពួកអ្នក ហើយជួនកាលទៀត ប្រការអ្វីមួយដែលពួកអ្នកពេញចិត្តនោះ វាជាប្រការអាក្រក់សម្រាប់ពួកអ្នកទៅវិញទេ។ ហើយអល់ឡោះទ្រង់មហាដឹងបំផុត តែពួកអ្នកមិនដឹងឡើយ។

មនុស្សលោកនឹងសួរអ្នក(ឱព្យាការីមូហាំម៉ាត់)អំពី(ច្បាប់)ការធ្វើសង្គ្រាមក្នុងខែបម្រាម ។ ចូរអ្នកតបថា៖ ការធ្វើសង្គ្រាមនៅក្នុងខែទាំងនោះ គឺជារឿងធំធេងបំផុត។ តែការរារាំងមនុស្សលោកពីមាគ៌ាអល់ឡោះ ការប្រឆាំងនឹងទ្រង់ ការរារាំងបណ្តាអ្នកមានជំនឿពីម៉ាស្ជិតអាល់ហារ៉ម និងការបណ្តេញអ្នកដែលរស់នៅទីនោះ(ដោយបង្ខំ)ចេញអំពីវា គឺជារឿងធំធេងបំផុតចំពោះអល់ឡោះ(ជាងការធ្វើសង្គ្រាមនៅក្នុងបណ្តាខែបម្រាមទៅទៀត)។ ហើយការបង្កភាពវឹកវរ(អំពើស្ហ៊ីរិក) វាជារឿងធំធេងជាងការកាប់សម្លាប់ទៅទៀត។ ហើយពួកគេ(ពួកមុស្ហរីគីន)នៅតែបន្តធ្វើសង្គ្រាមប្រយុទ្ធនឹងពួកអ្នក រហូតទាល់តែពួកគេអាចបង្វែរពួកអ្នកឱ្យចេញពីសាសនារបស់ពួកអ្នក បើសិនជាពួកគេមានលទ្ធភាពធ្វើដូច្នោះ។ ហើយជនណាមួយក្នុងចំណោមពួកអ្នកដែលបានចេញពីសាសនារបស់គេ(សាសនាអ៊ីស្លាម)វិញ ហើយគេបានស្លាប់ទាំងដែលគេជាអ្នកគ្មានជំនឿនោះ ពិតប្រាកដណាស់ ពួកទាំងនោះ អំពើល្អទាំងឡាយរបស់ពួកគេត្រូវរលាយសាបសូន្យទាំងអស់ ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ ហើយពួកទាំងនោះ គឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

ជាការពិតណាស់ បណ្តាអ្នកដែលមានជំនឿ និងបណ្តាអ្នកដែលចំណាកស្រុក ហើយពួកគេបានតស៊ូ(ប្រយុទ្ធ)ក្នុងមាគ៌ារបស់អល់ឡោះនោះ អ្នកទាំងនោះហើយដែលពួកគេមានសង្ឃឹមចំពោះក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។

ពួកគេ(មិត្តភក្តិរបស់អ្នក)នឹងសួរអ្នក(ព្យាការីមូហាំម៉ាត់)អំពីស្រា និងល្បែងស៊ីសង។ ចូរអ្នកតបថា៖ វាទាំងពីរនេះ គឺផ្តល់នូវគ្រោះថ្នាក់យ៉ាងធំធេង តែក៏មានផលប្រយោជន៍(តិចតួច)ដល់មនុស្សខ្លះដែរ។ ប៉ុន្តែគ្រោះថ្នាក់របស់វាទាំងពីរ គឺធំធេងជាងផលប្រយោជន៍ដែលទទួលបានអំពីវា។ ហើយពួកគេនឹងសួរអ្នកផងដែរអំពីអ្វីទៅដែលពួកគេត្រូវបរិច្ចាគ? ចូរអ្នកតបថា៖ គឺអ្វីដែលលើសពីតម្រូវការ(របស់ពួកអ្នក)។ ក៏ដូចគ្នាដែរ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់នូវបណ្តាច្បាប់បញ្ញត្តិ(របស់ទ្រង់)ដល់ពួកអ្នក សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។

ទាំងក្នុងលោកិយនិងថ្ងៃបរលោក។ ហើយពួកគេនឹងសួរអ្នកអំពីក្មេងកំព្រា។ ចូរអ្នកតបថា៖ ការថែរក្សាទ្រព្យសម្បត្តិរបស់ពួកគេឲ្យបានល្អនោះ គឺជាការប្រសើរបំផុត(ទាំងសម្រាប់ពួកអ្នក និងសម្រាប់ក្មេងកំព្រា)។ តែប្រសិនបើពួកអ្នករស់នៅលាយឡំជាមួយពួកគេនោះ ពិតណាស់ពួកគេ គឺជាបងប្អូនរបស់ពួកអ្នក។ ហើយអល់ឡោះដឹងបំផុតចំពោះអ្នកដែលបំពាន និងអ្នកដែលធ្វើបានល្អ(ក្នុងការគ្រប់គ្រងក្មេងកំព្រា)។ ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ប្រាកដជានឹងធ្វើឱ្យពួកអ្នកលំបាកជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿដែលជាបុរស)កុំរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្ត្រីដែលធ្វើស្ហ៊ីរិក(ពហុទេពនិយម)ឱ្យសោះ លុះត្រាតែពួកនាងមានជំនឿ(ចំពោះអល់ឡោះតែមួយគត់)។ ហើយពិតប្រាកដណាស់ ទាសីដែលមានជំនឿនោះ គឺប្រសើរជាងស្ត្រីដែលធ្វើស្ហ៊ីរិកទៅទៀត បើទោះបីជានាងធ្វើឱ្យពួកអ្នកចាប់អារម្មណ៍ក៏ដោយ។ ហើយចូរពួកអ្នកកុំរៀបអាពាហ៍ពិពាហ៍ស្ត្រីមូស្លីមឱ្យទៅបុរសដែលធ្វើស្ហ៊ីរិកឱ្យសោះ។ ហើយទាសាដែលមានជំនឿ គឺប្រសើរជាងបុរសដែលធ្វើស្ហ៊ីរិកទៅទៀត ទោះបីជាគេធ្វើឱ្យពួកអ្នកចាប់អារម្មណ៍ក៏ដោយ។ ពួកទាំងនោះ គឺអំពាវនាវ(ពួកអ្នក)ទៅកាន់ឋាននរក តែអល់ឡោះជាម្ចាស់ទ្រង់អំពាវនាវទៅកាន់ឋានសួគ៌ និងការអភ័យទោសដោយការអនុញ្ញាតពីទ្រង់។ ហើយទ្រង់បានបកស្រាយបញ្ជាក់នូវបណ្តាវាក្យខណ្ឌទាំងឡាយរបស់ទ្រង់ដល់មនុស្សលោក សង្ឃឹមថាពួកគេនឹងយកវាជាមេរៀន។

ហើយពួកគេនឹងសួរអ្នកអំពីឈាមរដូវ។ ចូរអ្នកតបថា៖ វាគឺជាភាពកខ្វក់មួយ។ ហេតុនេះ ចូរពួកអ្នកចៀសវាងការរួមដំណេកជាមួយភរិយានៅពេលនាងមករដូវ ហើយចូរពួកអ្នកកុំទៅក្បែរពួកនាង(រួមដំណេក) រហូតទាល់តែពួកនាងជ្រះស្អាត(ពីឈាមរដូវ និងបានងូតទឹកសម្អាតកាយរួច)។ នៅពេលណាដែលពួកនាងជ្រះស្អាតហើយនោះ ពួកអ្នកអាចរួមដំណេកជាមួយពួកនាងនៅត្រង់កន្លែងដែលគេបានអនុញ្ញាតដល់ពួកអ្នក(តាមទ្វារមាស)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់បណ្តាអ្នកដែលសារភាពកំហុស និងបណ្តាអ្នកដែលជ្រះស្អាត។

ភរិយារបស់ពួកអ្នក គឺជាថ្នាលសម្រាប់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកមករកថ្នាលរបស់ពួកអ្នក(ពោលគឺទ្វារមាស)តាមដែលពួកអ្នកពេញចិត្តចុះ។ ហើយចូរពួកអ្នកសាងអំពើល្អសម្រាប់ខ្លួនឯង។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ និងត្រូវដឹងថា ជាការពិតណាស់ ពួកអ្នកនឹងជួបទ្រង់(នៅថ្ងៃបរលោក)ជាមិនខាន។ ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលមានជំនឿ។

ចូរពួកអ្នកកុំយកការស្បថស្បែនឹងអល់ឡោះជាលេសដែលរារាំង(ពួកអ្នក)ពីការធ្វើអំពើល្អ ការគោរពកោតខ្លាច និងការផ្សះផ្សារវាងមនុស្សលោកឱ្យសោះ។ ហើយអល់ឡោះជាម្ចាស់មហាឮ មហាដឹងបំផុត។

អល់ឡោះជាម្ចាស់មិនយកទោសពៃរ៍ពួកអ្នកចំពោះពាក្យសម្បថដែលពួកអ្នកស្បថដោយអចេតនានោះឡើយ ប៉ុន្តែទ្រង់យកទោសពៃរ៍ពួកអ្នកចំពោះអ្វីដែលកើតឡើងពីចិត្តរបស់ពួកអ្នក(មានចេតនា)។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោស មហាទន់ភ្លន់បំផុត។

ចំពោះអ្នកដែលស្បថលើការបោះបង់ការរួមដំណេកជាមួយនឹងភរិយារបស់ខ្លួន គឺត្រូវរង់ចាំមិនឱ្យលើសរយៈពេលបួនខែឡើយ។ តែប្រសិនបើពួកគេត្រឡប់ទៅរួមដំណេកជាមួយភរិយារបស់ពួកគេវិញ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។

ហើយប្រសិនបើពួកគេមានបំណងចង់លែងលះ(ដោយបន្តបោះបង់ការរួមដំណេក និងមិនវិលត្រលប់ទៅរកពួកនាងវិញនោះ) ពិតប្រាកដណាស់ អល់ឡោះមហាឮ មហាជ្រាបដឹងបំផុត។

ហើយស្ត្រីដែលត្រូវបានស្វាមីលែងលះ ពួកនាងត្រូវរង់ចាំរហូតដល់ខ្លួនពួកនាងជ្រះស្អាតពីឈាមរដូវចំនួនបីដងសិន(ទើបអាចរៀបការបាន)។ ហើយគេមិនអនុញ្ញាតឱ្យពួកនាងលាក់បាំងនូវអ្វីដែលអល់ឡោះបានបង្កើតនៅក្នុងស្បូនរបស់ពួកនាង(មានផ្ទៃពោះ)នោះឡើយ ប្រសិនបើពួកនាងជាអ្នកមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោកមែននោះ។ ហើយស្វាមីរបស់ពួកនាង ពួកគេមានសិទ្ធិវិលត្រលប់មករួមរស់ជាមួយនឹងពួកនាងវិញក្នុងពេលដែលពួកនាងស្ថិតក្នុងអំឡុងពេលនោះ(រង់ចាំអ៊ិទហ្ទះ) ប្រសិនបើពួកគេមានបំណងចង់សម្រុះសម្រួល(វិលត្រឡប់មកជានានឹងគ្នាវិញ)។ ហើយចំពោះភរិយាវិញ ពួកនាងក៏មានសិទ្ធិដូចសិទ្ធិស្វាមីមានលើពួកនាងដោយសមរម្យដែរ។ តែសម្រាប់ស្វាមី គឺមានឋានៈខ្ពស់ជាងភរិយា(ក្នុងការដឹកនាំ និងបញ្ហាលែងលះគ្នា)។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

ការលែងលះ(ដែលប្តីមានសិទ្ធិអាចវិលត្រលប់ទៅរួមរស់នឹងប្រពន្ធវិញ) គឺមានចំនួនពីរដង។ (ក្រោយពីការលែងលះចំនួនពីរដងរួច) ពួកគេទាំងពីរអាចរួមរស់ជាមួយគ្នាដោយសមរម្យ ឬអាចលែងលះគ្នា(ឲ្យដាច់ស្រេច)ដោយល្អប្រពៃ។ ហើយគេមិនអនុញ្ញាតឱ្យពួកអ្នក(ស្វាមីទាំងឡាយ)យកអ្វី(ខាន់ស្លា)ដែលពួកអ្នកបានប្រគល់ជូនពួកនាង(ភរិយា)វិញនោះទេ លើកលែងតែពួកគេទាំងពីរបារម្ភខ្លាចមិនអាចអនុវត្តបាននូវច្បាប់បញ្ញាត្តិរបស់អល់ឡោះប៉ុណ្ណោះ។ ដូចនេះ ប្រសិនបើពួកគេទាំងពីរបារម្ភខ្លាចមិនអាចអនុវត្តបាននូវច្បាប់បញ្ញាត្តិរបស់អល់ឡោះនោះ គឺគ្មានទោសពៃរ៍អ្វីឡើយទៅលើពួកគេទាំងពីរ ចំពោះអ្វី(ប្រគល់ខាន់ស្លាជូនប្តី)ដែលនាងយកវាជាថ្នូរនឹងការសុំលែងលះរបស់នាងវិញ។ ទាំងនោះ គឺជាច្បាប់បញ្ញាត្តិរបស់អល់ឡោះ។ ហេតុនេះ ចូរពួកអ្នកកុំបំពានចំពោះវាឱ្យសោះ។ ហើយជនណាដែលបានបំពានលើច្បាប់បញ្ញាត្តិរបស់អល់ឡោះនោះ ជាការពិតណាស់ ពួកទាំងនោះហើយ គឺជាពួកដែលបំពាន។

ប្រសិនបើស្វាមីបានលែងលះនាង(ជាលើកទីបី)ហើយនោះ គឺមិនអនុញ្ញាតឱ្យគេត្រឡប់ទៅរួមរស់ជាមួយនាងបន្ទាប់ពីនោះឡើយ លុះត្រាតែនាងបានរៀបការជាមួយបុរសផ្សេងសិន។ ហើយប្រសិនបើប្តីក្រោយរបស់នាងបានលែងលះនាង(ឬបាត់បង់ជីវិត)នោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះគេទាំងពីរ(ប្រពន្ធនិងប្តីដើម)ក្នុងការវិលត្រលប់មករួមរស់នឹងគ្នាវិញ ប្រសិនបើគេទាំងពីរគិតថា ពួកគេទាំងពីរអាចអនុវត្តនូវច្បាប់បញ្ញាត្តិរបស់អល់ឡោះបាន។ បណ្តាច្បាប់បញ្ញាត្តិរបស់អល់ឡោះទាំងនោះហើយ ដែលទ្រង់បានបកស្រាយបញ្ជាក់វាដល់ក្រុមដែលចេះដឹង។

ហើយបើកាលណាពួកអ្នកបានលែងលះភរិយារបស់ពួកអ្នក ហើយពួកនាងជិតផុតកំណត់អ៊ិទហ្ទះ(រយៈពេលរង់ចាំ)របស់ពួកនាងហើយនោះ គឺពួកអ្នកអាចវិលត្រលប់មករួមរស់ជាមួយនឹងពួកនាងវិញដោយសមរម្យ ឬក៏លែងលះពួកនាង(បណ្តោយឱ្យផុតអ៊ិទហ្ទះ)ដោយល្អប្រពៃ។ ហើយពួកអ្នកមិនត្រូវវិលត្រលប់ទៅរួមរស់ជាមួយនឹងពួកនាងវិញក្នុងគោលបំណងអាក្រក់ដើម្បីបំពានលើពួកនាងនោះឡើយ។ ជនណាដែលធ្វើបែបនេះ ជាការពិតណាស់ គេពិតជាបានបំពានលើខ្លួនឯង។ ហើយចូរពួកអ្នកកុំយកវាក្យខណ្ឌរបស់អល់ឡោះមកធ្វើជាការលេងសើចឱ្យសោះ។ ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានឱ្យពួកអ្នក ហើយនិងអ្វីដែលទ្រង់បានបញ្ចុះមកឱ្យពួកអ្នកនៃគម្ពីរគួរអាន និងស៊ុណ្ណះ(មាគ៌ារបស់ព្យាការីមូហាំម៉ាត់)ដើម្បីទ្រង់រំឭកពួកអ្នកតាមរយៈវា។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវដឹងថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។

ហើយបើកាលណាពួកអ្នកបានលែងលះភរិយារបស់ពួកអ្នក(តិចជាងបីដង) ហើយបានផុតកំណត់រយៈពេលរង់ចាំ(អ៊ិតហ្ទះ)របស់នាងហើយនោះ ចូរពួកអ្នក(អាណាព្យាបាល)កុំរារាំងពួកនាងមិនឱ្យរៀបការជាមួយស្វាមីរបស់ពួកនាងវិញឲ្យសោះ ប្រសិនបើពួកគេទាំងពីរពេញចិត្តនឹងរួមរស់ជាមួយគ្នាវិញដោយល្អប្រសើរ។ នោះគឺជាការដាស់រំឭកដល់អ្នកដែលមានជំនឿនឹងអល់ឡោះនិងថ្ងៃបរលោក។ ទាំងនោះជាប្រការដែលល្អប្រសើរ និងស្អាតស្អំបំផុតសម្រាប់ពួកអ្នក។ ហើយអល់ឡោះទ្រង់ជ្រាបដឹងបំផុត ខណៈដែលពួកអ្នកមិនដឹងឡើយ។

ហើយមាតាទាំងឡាយគប្បីបំបៅកូនៗរបស់ពួកនាងរយៈពេលពីរឆ្នាំពេញសម្រាប់ជនណាដែលមានបំណងចង់បំពេញឱ្យគ្រប់នូវការបំបៅ(កូនរបស់ខ្លួន)។ ហើយចាំបាច់លើឪពុកទារក ត្រូវផ្គត់ផ្គង់ជីវភាព និងសម្លៀកបំពាក់ដល់ពួកនាង(ទៅតាមលទ្ធភាព)ដោយសមរម្យ។ អល់ឡោះមិនដាក់បន្ទុកទៅលើនរណាម្នាក់ឱ្យហួសពីលទ្ធភាពរបស់គេឡើយ។ ហើយចំពោះឪពុកម្តាយមិនត្រូវបានអនុញ្ញាតឱ្យយកកូនរបស់ខ្លួនធ្វើជាមធ្យោបាយដើម្បីធ្វើឱ្យប៉ះពាល់ដល់ភាគីម្ខាងទៀតឡើយ។ ហើយចំពោះអ្នកដែលទទួលមរតកទារក(អាណាព្យាបាល) គឺត្រូវទទួលបន្ទុកបំពេញកាតព្វកិច្ចដូចឪពុកទារកនោះផងដែរ។ ប្រសិនបើគេទាំងពីរ(ឪពុកម្តាយ)ចង់ផ្តាច់ដោះកូនមុនពេលគ្រប់រយៈពេលពីរឆ្នាំ ហើយគេទាំងពីរបានពិភាក្សាព្រមព្រៀងគ្នានោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះគេទាំងពីរ(ក្នុងការធ្វើដូច្នោះ)។ ហើយប្រសិនបើពួកអ្នកចង់ស្វែងរកអ្នកបំបៅ(ម៉ែដោះ)ឱ្យកូនៗរបស់ពួកអ្នក ក៏គ្មានទោសពៃរ៍អ្វីឡើយទៅលើពួកអ្នក ប្រសិនបើពួកអ្នកប្រគល់ឲ្យពួកគេនូវអ្វីដែលពួកអ្នកបាននាំមក(ជាថ្លៃឈ្នួល)ដោយសមរម្យ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវដឹងថា ជាការពិតណាស់ អល់ឡោះទ្រង់ឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។

អ្នកដែលបានស្លាប់ក្នុងចំណោមពួកអ្នក ហើយគេបានបន្សល់ទុកនូវភរិយា គឺចាំបាច់លើពួកនាងត្រូវតែរង់ចាំអ៊ិទហ្ទះរយៈពេលបួនខែដប់ថ្ងៃសិន។ ប្រសិនបើផុតរយៈពេលកំណត់របស់ពួកនាងហើយនោះ គឺគ្មានទោសពៃរ៍អ្វីឡើយលើពួកអ្នក(អាណាព្យាបាល)ចំពោះអ្វីដែលពួកនាងបានធ្វើសម្រាប់ខ្លួនពួកនាង(តុបតែងរាងកាយ)ដោយសមរម្យនោះ។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។

ហើយក៏គ្មានទោសពៃរ៍អ្វីដែរលើពួកអ្នកចំពោះអ្វីដែលពួកអ្នកបានបង្ហាញចេញ(ពីបំណង)នៃការស្តីដណ្តឹងស្ត្រី(ដែលស្ថិតនៅក្នុងរយៈពេលរង់ចាំអ៊ិទហ្ទះ) ឬក៏ពួកអ្នកលាក់ទុកក្នុងចិត្តរបស់ពួកអ្នកនោះ។ អល់ឡោះទ្រង់ដឹងថា ពួកអ្នកនឹងនឹកគិតដល់ពួកនាង ក៏ប៉ុន្តែពួកអ្នកមិនត្រូវសន្យាស្ងាត់ៗ(ថានឹងរៀបការ)ជាមួយពួកនាងឡើយ លើកលែងតែពួកអ្នកនិយាយនូវពាក្យសម្តីដែលសមរម្យប៉ុណ្ណោះ។ ហើយចូរពួកអ្នកកុំរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្ត្រីដែលស្ថិតនៅក្នុងរយៈពេលរង់ចាំអ៊ិទហ្ទះឱ្យសោះ លុះត្រាតែផុតរយៈពេលកំណត់សិន។ ហើយចូរពួកអ្នកដឹងថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះអ្វីដែលមាននៅក្នុងខ្លួនពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចទ្រង់ ហើយត្រូវដឹងចុះថា ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាទន់ភ្លន់បំផុត។

គ្មានទោសពៃរ៍អ្វីឡើយទៅលើពួកអ្នក ប្រសិនបើពួកអ្នកលែងលះភរិយារបស់ពួកអ្នក ដរាបណាពួកអ្នកមិនទាន់បានរួមដំណេក(លើកដំបូង)ជាមួយពួកនាង ឬមិនទាន់ដាក់កំណត់ខាន់ស្លាជូនពួកនាងទេនោះ ប៉ុន្តែពួកអ្នកត្រូវផ្តល់ឱ្យពួកនាងនូវអ្វីមួយដែលធ្វើឱ្យពួកនាងរីករាយទៅតាមលទ្ធភាពដោយសមរម្យ ទោះបីគេជាអ្នកមានជីវភាពធូធារ ឬជាអ្នកមានជីវភាពខ្វះខាតក៏ដោយ។ នេះគឺជាកាតព្វកិច្ចលើបណ្តាអ្នកដែលសាងអំពើល្អ។

ហើយប្រសិនបើពួកអ្នកលែងលះភរិយារបស់ពួកអ្នកមុននឹងពួកអ្នករួមដំណេក(លើកដំបូង)ជាមួយពួកនាង តែពួកអ្នកបានកំណត់នូវខាន់ស្លាជូនពួកនាងហើយនោះ គឺពួកអ្នកត្រូវផ្តល់ឱ្យពួកនាងពាក់កណ្តាលនៃខាន់ស្លាដែលពួកអ្នកបានកំណត់ លើកលែងតែពួកនាងអធ្យាស្រ័យ(ដោយមិនយកខាន់ស្លា) ឬមួយពួកគេ(ប្តី)អធ្យាស្រ័យដោយ(សុខចិត្ត)លះបង់ខាន់ស្លា(ដែលបានកំណត់)នោះឱ្យពួកនាងទាំងអស់។ ហើយការអធ្យាស្រ័យរបស់ពួកអ្នកចំពោះគ្នាទៅវិញទៅមក គឺធ្វើឱ្យពួកអ្នកកាន់តែខិតជិតទៅរកការកោតខ្លាចអល់ឡោះ។ ហើយចូរពួកអ្នកកុំភ្លេចនូវអំពើសប្បុរសដែលពួកអ្នកធ្លាប់បានធ្វើចំពោះគ្នាទៅវិញទៅមក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។

ចូរពួកអ្នកថែរក្សាការសឡាត(ទាំងប្រាំពេល) ជាពិសេសសឡាតមួយដែលស្ថិតនៅកណ្តាលគេ(សឡាតអាសើរ)។ ហើយចូរពួកអ្នកឈរសឡាតចំពោះអល់ឡោះដោយការគោរពតាមប្រកបដោយភាពនឹងនរ។

ហើយប្រសិនបើពួកអ្នកមានការបារម្ភខ្លាច(សត្រូវឬអ្វីផ្សេងទៀត) ចូរពួកអ្នកសឡាតដោយដើរ ឬជិះលើយានជំនិះ។ នៅពេលដែលពួកអ្នកមានសុវត្ថិភាពវិញហើយនោះ ចូរពួកអ្នករំឭកចំពោះអល់ឡោះដូចអ្វីដែលទ្រង់បានបង្រៀនដល់ពួកអ្នកនូវអ្វីដែលពួកអ្នកមិនធ្លាប់ដឹងពីមុន។

អ្នកដែលបានស្លាប់ក្នុងចំណោមពួកអ្នក(ស្វាមី) ហើយគេបានបន្សល់ទុកនូវភរិយា ចាំបាច់លើពួកគេត្រូវធ្វើបណ្តាំសម្រាប់ភរិយារបស់ខ្លួននូវការផ្គត់ផ្គង់ចំពោះលំនៅដ្ឋាននិងជីវភាពរយៈពេលមួយឆ្នាំពេញ ដោយមិនត្រូវបណ្តេញពួកនាងឱ្យចេញពីលំនៅដ្ឋាន(ដោយបង្ខំ)នោះឡើយ។ តែប្រសិនបើពួកនាងចាកចេញពីលំនៅដ្ឋាន(ដោយខ្លួនឯង) គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នក(និងពួកនាង)នូវអ្វីដែលពួកនាងបានធ្វើសម្រាប់ខ្លួនពួកនាង(នៃការតុបតែងកាយ)ដោយសមរម្យនោះ។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

ហើយសម្រាប់ស្ត្រី(ជាភរិយា)ដែលត្រូវគេលែងលះនោះ គឺទទួលបាននូវការផ្គត់ផ្គង់ជីវភាពដោយសមរម្យ។ វាជាកាតព្វកិច្ចលើបណ្តាអ្នកដែលកោតខ្លាចអល់ឡោះ។

ក៏ដូចគ្នាដែរ អល់ឡោះជាម្ចាស់ទ្រង់បកស្រាយបញ្ជាក់ដល់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នូវបណ្តាវាក្យខណ្ឌជាច្រើនរបស់ទ្រង់ សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។

តើអ្នក(ព្យាការីមូហាំម៉ាត់)មិនទាន់ទទួលបានដំណឹងអំពីរឿងរ៉ាវរបស់ពួកដែលបានចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ខណៈដែលពួកគេមានគ្នាច្រើនរាប់ពាន់នាក់ដោយការភ័យខ្លាចពីសេចក្តីស្លាប់ទេឬ? ពេលនោះ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់ពួកគេថា៖ ចូរពួកអ្នកស្លាប់ចុះ។ ក្រោយមក ទ្រង់ក៏បានប្រោសពួកគេឱ្យរស់ឡើងវិញ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែលមានការប្រោសប្រទានបំផុតចំពោះមនុស្សលោក។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនដឹងគុណឡើយ។

ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ និងត្រូវដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាឮ មហាដឹងបំផុត។

ជនណាហើយដែលបានឱ្យអល់ឡោះខ្ចីនូវកម្ចីមួយដ៏ល្អប្រពៃនោះ ទ្រង់នឹងបង្កើន(តបស្នង)ដល់គេវិញនូវកាបង្កើនមួយដ៏ច្រើនលើសលប់ទ្វេដង។ ហើយអល់ឡោះទ្រង់ត្បិតត្បៀត និងបើកទូលាយ។ ហើយពួកអ្នកនឹងត្រូវគេនាំត្រលប់ទៅកាន់ទ្រង់(នៅថ្ងៃបរលោក)។

តើអ្នក(ឱព្យាការីមូហាំម៉ាត់)មិនទាន់ទទួលបានដំណឹងស្តីពីរឿងរ៉ាវរបស់ពួកមេដឹកនាំក្នុងចំណោមអម្បូរអ៊ីស្រាអែលក្រោយសម័យកាលព្យាការីមូសាទេឬ? ខណៈដែលពួកគេបាននិយាយទៅកាន់ព្យាការីរបស់ពួកគេថា៖ ចូរអ្នកតែងតាំងឱ្យពួកយើងនូវមហាក្សត្រមួយអង្គដើម្បីពួកយើងនឹងប្រយុទ្ធតស៊ូក្នុងមាគ៌ារបស់អល់ឡោះ។ គាត់បានតបថា៖ តើពួកអ្នកបានគិតទេថា ប្រសិនបើអល់ឡោះដាក់កាតព្វកិច្ចសង្គ្រាមលើពួកអ្នក រួចមកពួកអ្នកបែរជាមិនចូលរួមប្រយុទ្ធវិញនោះ? ពួកគេបានឆ្លើយថា៖ តើមានអ្វីដែលរារាំងពួកយើងមិនឱ្យធ្វើសង្គ្រាមប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះនោះ ខណៈដែលគេ(សត្រូវ)បានបណ្តេញពួកយើងចេញពីលំនៅឋានរបស់ពួកយើង និងកូនចៅរបស់ពួកយើងនោះ។ ប៉ុន្តែនៅពេលដែលគេ(អល់ឡោះ)បានដាក់កាតព្វកិច្ចលើពួកគេឱ្យធ្វើសង្គ្រាម ពួកគេបែរជាងាកចេញទៅវិញ លើកលែងតែមួយចំនួនតូចក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះពួកដែលបំពាន។

ហើយព្យាការីរបស់ពួកគេបាននិយាយទៅកាន់ពួកគេថា៖ ជាការពិតណាស់ អល់ឡោះទ្រង់បានតែងតាំង តលូត ឱ្យធ្វើជាមហាក្សត្រគ្រប់គ្រងលើពួកអ្នក។ ពួកគេ(ពួកមេដឹកនាំ)បានតបវិញថា៖ តើឱ្យគេធ្វើជាមហាក្សត្រគ្រប់គ្រងលើពួកយើងយ៉ាងដូចម្តេចទៅ ខណៈដែលពួកយើងសក្ដិសមធ្វើជាស្តេចជាងរូបគេ ហើយគេក៏ពុំមែនជាអ្នកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភផងនោះ? គាត់បានតបថា៖ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជ្រើសតាំងរូបគេឱ្យគ្រប់គ្រងលើពួកអ្នក ហើយទ្រង់បានបន្ថែមនូវចំណេះដឹងដ៏ទូលំទូលាយ និងកម្លាំងកាយដ៏ខ្លាំងក្លាដល់រូបគេ។ អល់ឡោះទ្រង់ប្រទានអំណាចរបស់ទ្រង់ដល់ជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាវិសេសវិសាល មហាដឹងបំផុត។

ហើយព្យាការីរបស់ពួកគេបាននិយាយទៅកាន់ពួកគេទៀតថា៖ ជាការពិតណាស់ និមិត្តសញ្ញានៃភាពជាមហាក្សត្ររបស់គេនោះ គឺទ្រង់នឹងត្រឡប់ហឹបមកឱ្យពួកអ្នកវិញ ដែលនៅក្នុងវា(ហឹប) គឺមានភាពនឹងនរពីព្រះជាម្ចាស់របស់ពួកអ្នក និងកេរដំណែលមួយចំនួនដែលក្រុមគ្រួសាររបស់ព្យាការីមូសា និងក្រុមគ្រួសាររបស់ព្យាការីហារូនបានបន្សល់ទុក ដែលម៉ាឡាអ៊ីកាត់ជាអ្នកនាំហឹបនោះមក។ ពិតប្រាកដណាស់នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ។

ហើយនៅពេលដែលតលូតបានដឹកនាំទាហានចាកចេញពីមាតុភូមិ(របស់ពួកគេ) គាត់បាននិយាយ(ទៅកាន់ពួកគេ)ថា៖ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានយកទន្លេមួយមកសាកល្បងពួកអ្នក។ ដូចនេះ ជនណាដែលបានផឹកទឹកទន្លេ គឺគេមិនមែនស្ថិតក្នុងចំណោមក្រុមរបស់ខ្ញុំឡើយ។ តែជនណាដែលមិនបានផឹកទឹកទន្លេនោះ គឺគេស្ថិតនៅក្នុងក្រុមរបស់ខ្ញុំ លើកលែងតែអ្នកដែល(ត្រូវបង្ខំចិត្ត)ផឹកទឹកមួយកំបង់ដៃប៉ុណ្ណោះ(គឺគ្មានបញ្ហាអ្វីឡើយ)។ ពេលនោះ ពួកគេបានផឹកទឹកទន្លេនោះទាំងអស់គ្នា លើកលែងតែមួយចំនួនតូចក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហើយនៅពេលដែលគាត់(តលូត) និងអ្នករួមដំណើរជាមួយគាត់ដែលជាអ្នកមានជំនឿបានឆ្លងផុតទន្លេនោះ ពួកគេ(មួយចំនួន)បាននិយាយថា៖ ថ្ងៃនេះពួកយើងគ្មានលទ្ធភាពប្រយុទ្ធនឹងជើលូត និងទាហានរបស់គេទេ។ នៅពេលនោះ បណ្តាអ្នកដែលជឿជាក់ក្នុងចិត្តថា ពួកគេនឹងបានជួបអល់ឡោះ(នៅថ្ងៃបរលោក) បាននិយាយថា៖ តើមានប៉ុន្មានដងហើយដែលក្រុម(អ្នកមានជំនឿ)មានគ្នាតិចបានយកឈ្នះក្រុម(ពួកគ្មានជំនឿ)ដែលមានគ្នាច្រើនដោយការអនុញ្ញាតពីអល់ឡោះជាម្ចាស់នោះ? ហើយអល់ឡោះទ្រង់ស្ថិតនៅជាមួយបណ្តាអ្នកដែលអត់ធ្មត់។

ហើយនៅពេលដែលពួកគេបានចេញទៅប្រឈមមុខជាមួយជើលូត និងទាហានរបស់គេ ពួកគេបានបួងសួងថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាស្រោចស្រពនូវភាពអត់ធ្មត់មកលើពួកយើង ហើយសូមទ្រង់មេត្តាពង្រឹងជំហររបស់ពួកយើង និងសូមទ្រង់មេត្តាជួយពួកយើងឲ្យយកឈ្នះលើក្រុមដែលគ្មានជំនឿផងចុះ។

ពេលនោះពួកគេបានធ្វើឱ្យសត្រូវរបស់ពួកគេទទួលបរាជ័យដោយការអនុញ្ញាតពីអល់ឡោះ ហើយព្យាការីហ្ទាវូទក៏បានសម្លាប់ជើលូត។ ហើយអល់ឡោះបានប្រទាននូវអំណាចជាស្តេចផែនដីនិងគតិបណ្ឌិត(ភាពជាព្យាការី) ព្រមទាំងបានបង្រៀនដល់គាត់នូវអ្វីដែលទ្រង់មានចេតនា។ ហើយប្រសិនបើអល់ឡោះមិនទប់ទល់នឹងមនុស្សមួយចំនួន(ដែលបង្កវិនាសកម្ម)ដោយមនុស្សមួយចំនួនទៀតទេនោះ ច្បាស់ជាផែនដីនឹងត្រូវវិនាសអន្តរាយជាមិនខាន។ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់ទ្រង់មានក្តីសប្បុរសចំពោះពិភពទាំងអស់។

ទាំងនោះគឺជាបណ្តាវាក្យខណ្ឌរបស់អល់ឡោះជាម្ចាស់ដែលយើងបានសូត្រវាឱ្យអ្នក(ព្យាការីមូហាំម៉ាត់)ស្តាប់។ ហើយជាការពិតណាស់ រូបអ្នកគឺពិតជាស្ថិតក្នុងចំណោមអ្នកនាំសារម្នាក់(របស់អល់ឡោះ)។

បណ្តាអ្នកនាំសារទាំងនោះ យើងបានលើកតម្កើងពួកគេមួយចំនួនឱ្យមានភាពប្រសើរជាងគ្នា។ ក្នុងចំណោមពួកគេ មានអ្នកខ្លះ អល់ឡោះមានបន្ទូលទៅកាន់គេផ្ទាល់។ ហើយទ្រង់បានលើកតម្កើងអ្នកមួយចំនួនក្នុងចំណោមពួកគេឱ្យមានឋានៈខ្ពង់ខ្ពស់(ជាងអ្នកនាំសារផ្សេងទៀត)។ ហើយយើងបានប្រទានឱ្យអ៊ីសាកូនរបស់ម៉ារយ៉ាំ(យេស៊ូគ្រឹស្ត) នូវអច្ឆរិយភាពជាច្រើនដ៏ច្បាស់លាស់ ហើយយើងបានពង្រឹងរូបគេតាមរយៈម៉ាឡាអ៊ីកាត់ជីព្រីល។ ហើយប្រសិនបើអល់ឡោះមានចេតនា នោះអ្នកជំនាន់ក្រោយពួកគេនឹងមិនកាប់សម្លាប់គ្នាឡើយ បន្ទាប់ពីភស្ដុតាងនានាដ៏ច្បាស់លាស់បានមកដល់ពួកគេហើយនោះ។ ក៏ប៉ុន្តែពួកគេបានខ្វែងគំនិតគ្នា។ ដូច្នេះ មួយចំនួននៃពួកគេ បានជឿ(ចំពោះអល់ឡោះ) ហើយមួយចំនួនទៀតនៃពួកគេ គឺគ្មានជំនឿ(ចំពោះទ្រង់)។ ហើយប្រសិនបើអល់ឡោះមានចេតនា ប្រាកដជាពួកគេនឹងមិនកាប់សម្លាប់គ្នាឡើយ។ ក៏ប៉ុន្ដែ អល់ឡោះទ្រង់ធ្វើនូវអ្វីដែលទ្រង់មានចេតនា។

ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកបរិច្ចាគមួយចំនួនអំពីអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកអ្នកមុននឹងថ្ងៃមួយ(ថ្ងៃបរលោក)បានមកដល់ដែលគ្មានឡើយការលក់ដូរ គ្មានទេមិត្ដភាព ហើយក៏គ្មានដែរការជួយអន្ដរាគមន៍នោះ។ ហើយពួកគ្មានជំនឿ ពួកគេគឺជាពួកដែលបំពាន។

អល់ឡោះគឺជាព្រះជាម្ចាស់តែមួយគត់ ដែលគ្មានព្រះជាម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមានជីវិតអមតៈ ជាអ្នកគ្រប់គ្រងនោះឡើយ។ ទ្រង់ឥតងងុយគេង ហើយឥតសម្រាន្តឡើយ។ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ គ្មានបុគ្គលណាម្នាក់ហ៊ានធ្វើអន្ដរាគមន៍នៅចំពោះមុខទ្រង់ឡើយ លើកលែងតែដោយមានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ ទ្រង់ដឹងនូវអ្វីដែលបានកន្លងផុត និងអ្វីដែលនឹងកើតឡើង។ ហើយពួកគេមិនដឹងអ្វីមួយក្នុងចំណោមការដឹងរបស់ទ្រង់ឡើយ លើកលែងតែអ្វីដែលទ្រង់មានចេតនា(ឱ្យគេដឹង)ប៉ុណ្ណោះ។ ហើយគួរស៊ីយ៍(កន្លែងដាក់ព្រះបាទ)របស់ទ្រង់ទូលំទូលាយគ្រប់ដណ្តប់លើមេឃជាច្រើនជាន់ និងផែនដី។ ការថែរក្សាវាទាំងពីរ(មេឃនិងផែនដី)មិនមានភាពលំបាកចំពោះទ្រង់ឡើយ។ ហើយទ្រង់មហាខ្ពង់ខ្ពស់ មហាធំធេង។

គ្មានការបង្ខិតបង្ខំឡើយនៅក្នុងសាសនា(អ៊ីស្លាម)។ ពិតប្រាកដណាស់ ការពិតបានបង្ហាញច្បាស់ពីប្រការមិនពិត(ការវង្វេង)។ ហេតុនេះ ជនណាហើយដែលបដិសេធចំពោះអ្វីដែលគេគោរពសក្ការៈផ្សេងពីអល់ឡោះ ហើយគេមានជំនឿលើអល់ឡោះជាម្ចាស់តែមួយគត់នោះ ពិតប្រាកដណាស់ គេពិតជាបានប្រកាន់ខ្ជាប់នូវខ្សែដ៏រឹងមាំ(សាសនាអ៊ីស្លាម)ដោយមិនងាយនឹងដាច់ឡើយ។ ហើយអល់ឡោះមហាឮ មហាដឹងបំផុត។

អល់ឡោះជាអ្នកគាំពារបណ្ដាអ្នកមានជំនឿ ដោយបពោ្ចញពួកគេពីភាពងងឹត(នៃភាពគ្មានជំនឿនិងភាពល្ងង់ខ្លៅ) ទៅកាន់ពន្លឺ(នៃសេចក្តីជំនឿនិងចំណេះដឹង)។ រីឯពួកគ្មានជំនឿវិញ អ្នកគាំពាររបស់ពួកគេ គឺតហ្គូត (ព្រះនានានិងរូបបដិមាទាំងឡាយ) ដោយពួកវាបញ្ចេញពួកគេអំពីពន្លឺទៅកាន់ភាពងងឹតសូន្យសុង។ ពួកទាំងនោះហើយ គឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

តើអ្នកមិនបានឃើញទេឬ(ឱព្យាការីមូហាំម៉ាត់) អំពីជនម្នាក់ដែលអល់ឡោះបានប្រទានឱ្យគេនូវអំណាចជាសេ្ដចផែនដីបានជជែកដេញដោលនឹងព្យាការីអ៊ីព្រហ៊ីមអំពីព្រះជាម្ចាស់របស់គាត់នោះ? ពេលនោះ ព្យាការីអ៊ីព្រហ៊ីមបាននិយាយថា៖ ព្រះជាម្ចាស់របស់ខ្ញុំ គឺជាអ្នកប្រទានជីវិត និងជាអ្នកដកហូតជីវិត។ ជននោះបានតបវិញថា៖ យើងក៏ជាអ្នកប្រទានជីវិត និងដកហូតយកជីវិតដែរ។ ពេលនោះ ព្យាការីអ៊ីព្រហ៊ីមក៏បានតបទៅកាន់គេវិញថា៖ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកដែលធ្វើឱ្យព្រះអាទិត្យរះចេញពីទិសខាងកើត។ ដូចនេះ ចូរអ្នកឱ្យព្រះអាទិត្យរះចេញពីទិសខាងលិចមកវិញម្តងមើល៍។ ពេលនោះ ជនដែលប្រឆាំងនោះក៏បានទាល់តម្រិះ។ ហើយអល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។

ឬប្រៀបជាដូចអ្នកដែលបានឆ្លងកាត់ភូមិមួយដែលត្រូវបានបំផ្លាញខ្ទេចខ្ទីអស់(ទាំងមនុស្ស ទាំងលំនៅឋាន)។ ជននោះបានសួរថា៖ តើអល់ឡោះធ្វើឲ្យអ្នកភូមិនេះរស់ឡើងវិញយ៉ាងដូចមេ្ដចទៅ ក្រោយពីពួកគេបានស្លាប់ហើយនោះ? ពេលនោះ អល់ឡោះក៏បានធ្វើឱ្យគេស្លាប់រយៈពេលមួយរយឆ្នាំ។ ក្រោយមក ទ្រង់បានប្រោសគេឱ្យរស់ឡើងវិញ។ ទ្រង់បានសួរថា៖ តើអ្នកស្នាក់នៅទីនេះរយៈពេលប៉ុន្មានហើយ? គេបានឆ្លើយថា៖ ខ្ញុំនៅទីនេះរយៈពេលមួយថ្ងៃ ឬតិចជាងមួយថ្ងៃ។ ទ្រង់ក៏បានតបវិញថា៖ ផ្ទុយទៅវិញ អ្នកនៅទីនេះរយៈពេលមួយរយឆ្នាំហើយ។ ចូរអ្នកមើលទៅកាន់ម្ហូបអាហារ និងភេសជ្ជៈរបស់អ្នក តើវាឥតមានប្រែប្រួលទេឬ? ហើយចូរអ្នកមើលទៅកាន់សត្វលារបស់អ្នក។ (យើងធ្វើដូច្នេះ)គឺដើម្បីយើងយកអ្នកធ្វើជាភស្ដុតាងសម្រាប់មនុស្សលោក។ ហើយចូរអ្នកមើលទៅឆ្អឹងទាំងនោះ តើយើងផ្គុំវាចូលគ្នា បន្ទាប់មក ស្រោបវាដោយសាច់វិញយ៉ាងដូចម្តេច? នៅពេលដែលការពិតបានបញ្ជាក់យ៉ាងច្បាស់ដល់គេបែបនេះ គេក៏និយាយថា៖ (ពេលនេះ)ខ្ញុំដឹងហើយថា ពិតប្រាកដណាស់ អល់ឡោះទ្រង់មានអានុភាពលើអី្វៗទាំងអស់។

ហើយចូរអ្នកនឹកឃើញឡើងវិញ(ឱព្យាការីមូហាំម៉ាត់)នៅពេលដែលព្យាការីអ៊ីព្រហ៊ីមបាននិយាយថា៖ ឱព្រះជាម្ចាស់! សូមទ្រង់មេត្ដាបង្ហាញឱ្យខ្ញុំបានឃើញផង ថាតើទ្រង់ប្រោសអ្នកស្លាប់ឱ្យរស់ឡើងវិញដោយរបៀបណា? ទ្រង់បានមានបន្ទូលថា៖ តើអ្នកមិនទាន់ជឿ(លើរឿងនេះ)ទេឬ? គាត់ឆ្លើយថា៖ មិនដូច្នោះឡើយ ប៉ុន្តែ គឺដើម្បីឱ្យចិត្ដរបស់ខ្ញុំកាន់តែមានភាពនឹងនរ(ជឿជាក់)ថែមទៀតប៉ុណ្ណោះ។ ទ្រង់ក៏បានមានបន្ទូលថា៖ ដូច្នេះ ចូរអ្នកយកសត្វបក្សីចំនួនបួនក្បាល ហើយចិញ្ច្រាំវាបញ្ចូលគ្នា រួចមក ចូរអ្នកយកបំណែកនីមួយៗអំពីសាច់នោះទៅដាក់តាមភ្នំនីមួយៗ(ផ្សេងៗគ្នា)។ បន្ទាប់មក ចូរអ្នកស្រែកហៅពួកវាចុះ នោះពួកវានឹងហើរមកកាន់អ្នកវិញជាមិនខាន។ ហើយចូរអ្នក(ឱអ៊ីព្រហ៊ីម)ដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

ការប្រៀបធៀបបណ្ដាអ្នកដែលបានបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះ ប្រៀបដូចជាគ្រាប់ធញ្ញជាតិមួយគ្រាប់ដែលបានដុះចេញជាប្រាំពីរកួរ ហើយនៅក្នុងកួរនីមួយៗមានចំនួនមួយរយគ្រាប់។ អល់ឡោះទ្រង់បង្កើន(ផលបុណ្យ)ទ្វេដងចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាវិសេសវិសាល មហាដឹងបំផុត។

បណ្ដាអ្នកដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះ ក្រោយមក ពួកគេមិនបាននាំមកជាមួយអ្វីដែលពួកគេបានបរិច្ចាគនូវការរំលើកគុណ និងការបញ្ឈឺចិត្ដ(ដល់អ្នកទទួល)ទេនោះ ពួកគេនឹងទទួលបានផលបុណ្យពីព្រះជាម្ចាស់របស់ពួកគេ។ ហើយពួកគេគ្មានការភ័យខ្លាចនោះឡើយ ហើយពួកគេក៏គ្មានការព្រួយបារម្ភអ្វីនោះដែរ។

ពាក្យសម្តីដែលល្អ ហើយនិងការចេះអភ័យទោស(ដល់អ្នកដទៃ) គឺប្រសើរជាងការបរិច្ចាគដែលភ្ជាប់ជាមួយនូវការបញ្ឈឺចិត្ដ។ ហើយអល់ឡោះមហាមានលើសលប់ មហាទន់ភ្លន់បំផុត។

ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំបំផ្លាញផលបុណ្យនៃការបរិច្ចាគរបស់ពួកអ្នកដោយការរំលើកគុណ និងការបញ្ឈឺចិត្ដ(ដល់អ្នកទទួល)ឱ្យសោះ ប្រៀបដូចជាអ្នកដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់គេដើម្បីបង្ហាញឱ្យមនុស្សបានឃើញ ខណៈដែលគេមិនមានជំនឿលើអល់ឡោះ និងថ្ងៃបរលោកសោះឡើយ។ ការប្រៀបធៀបរូបគេ គឺប្រៀបដូចជាថ្មរលោងមួយដុំដែលមានធូលីដីជាប់ពីលើវា រួចភ្លៀងបានធ្លាក់យ៉ាងខ្លាំងមកលើដុំថ្មនោះ ធ្វើឱ្យថ្មនោះរលោងវិញដោយគ្មានអ្វីនៅជាប់លើវាសោះ។ ពួកគេមិនទទួលបានផលបុណ្យពីអ្វីដែលពួកគេបានសាងបន្តិចណាឡើយ។ ហើយអល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលគ្មានជំនឿឡើយ។

ហើយការប្រៀបធៀបបណ្ដាអ្នកដែលបានបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកគេដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ និងមានភាពនឹងនរចំពោះខ្លួនពួកគេផ្ទាល់ គឺប្រៀបដូចជាចម្ការមួយនៅតំបន់ខ្ពង់រាបដែលបានស្រោចស្រពដោយទឹកភ្លៀងយ៉ាងច្រើន។ ពេលនោះ វាក៏ផ្ដល់នូវផលានុផលទេ្វដង។ តែប្រសិនបើគ្មានភ្លៀងធ្លាក់ខ្លាំងទេនោះ (សូម្បីតែភ្លៀងតិចតួច)ក៏គ្រប់គ្រាន់ដែរ។ ហើយអល់ឡោះទ្រង់ឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។

តើជនណាក្នុងចំណោមពួកអ្នកពេញចិត្តចង់បានចម្ការលើ្ម និងចម្ការទំពាំងបាយជូរដែលមានទន្លេហូរកាត់ពីក្រោមវា ដោយនៅក្នុងចម្ការនោះ ពោរពេញដោយផលានុផលល្អៗជាច្រើនប្រភេទ។ លុះដល់ពេលដែលជននោះមានវ័យចាស់ជរា ព្រមទាំងមានកូនចៅតូចៗទន់ខ្សោយជាច្រើន ស្រាប់តែចម្ការនោះត្រូវទទួលរងនូវព្យុះភ្លើងបក់បោកឆេះខេ្ទចខ្ទីអស់។ (តើមានអ្នកចង់បានបែបនេះដែរឬទេ?) ក៏ដូចគ្នាដែរ អល់ឡោះជាម្ចាស់ទ្រង់បញ្ជាក់ប្រាប់ដល់ពួកអ្នកនូវបណ្តាភស្តុតាងជាច្រើន សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។

ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកបរិច្ចាគទ្រព្យសម្បត្ដិល្អៗមួយចំនួនដែលពួកអ្នករកបាន និងមួយចំណែកនៃភោគផលដែលយើងបានបពោ្ចញពីដីសម្រាប់ពួកអ្នក។ ហើយពួកអ្នកមិនត្រូវជ្រើសរើសអ្វីដែលអាក្រក់អំពីទ្រព្យសម្បត្តិដើម្បីបរិច្ចាគឡើយ ខណៈដែលពួកអ្នកខ្លួនឯងក៏មិនពេញចិត្តនឹងទទួលយកវានោះដែរ លើកលែងតែទទួលយកវាទាំងបិទភ្នែក(មិនពេញចិត្ត)ប៉ុណ្ណោះ។ ហើយចូរពួកអ្នកដឹងចុះថា៖ ពិតប្រាកដណាស់ អល់ឡោះមហាមានលើសលប់ ជាអ្នកដែលត្រូវគេកោតសរសើរបំផុត។

ស្ហៃតនបំភ័យពួកអ្នកពីភាពក្រីក្រ និងប្រើពួកអ្នកឱ្យប្រព្រឹត្ដអំពើអាក្រក់។ តែអល់ឡោះវិញ ទ្រង់សន្យានឹងពួកអ្នកនូវការអភ័យទោស និងក្តីសប្បុរសអំពីទ្រង់។ ហើយអល់ឡោះមហាវិសេសវិសាល មហាដឹងបំផុត។

ទ្រង់ប្រទាននូវគតិបណ្ឌិតដល់ជនណាដែលទ្រង់មានចេតនា។ ហើយជនណាដែលត្រូវបានគេប្រទានឲ្យនូវគតិបណ្ឌិតនោះ ជននោះប្រាកដជាត្រូវបានគេប្រទានឱ្យនូវប្រការល្អដ៏ច្រើនលើសលប់។ ហើយគ្មានអ្នកដែលនឹកឃើញ(ពីរឿងនេះ)ឡើយ លើកលែងតែបញ្ញាជនប៉ុណ្ណោះ។

ហើយអី្វក៏ដោយដែលពួកអ្នកបានបរិច្ចាគ ឬពួកអ្នកបានសច្ចា(ណាហ្សើរ)នៃការសច្ចាណាមួយនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតអំពីវា។ ហើយសម្រាប់ពួកដែលបំពាន គឺគ្មានអ្នកដែលជួយ(ពួកគេ)នោះឡើយ។

ប្រសិនបើពួកអ្នកលាតត្រដាងការបរិច្ចាគ(របស់ពួកអ្នក) វាគឺជាការបរិច្ចាគទានមួយដ៏ល្អ។ តែប្រសិនបើពួកអ្នកលាក់បាំងវា ហើយផ្ដល់វាដល់ជនក្រីក្រនោះ វាគឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក(ជាងការលាតត្រដាងឱ្យគេឃើញ) ហើយគេនឹងជម្រុះចោលនូវបាបកម្មរបស់ពួកអ្នកចេញអំពីពួកអ្នក។ ហើយអល់ឡោះមហាដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។

ពុំមែនជាកាតព្វកិច្ចរបស់អ្នកនោះទេ(ឱព្យាការីមូហាំម៉ាត់)ក្នុងការផ្តល់ការចង្អុលបង្ហាញដល់ពួកគេនោះ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទៅវិញទេដែលទ្រង់ប្រទានការចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអ្វីដែលពួកអ្នកបានបរិច្ចាគអំពីប្រការល្អនោះ គឺសម្រាប់ខ្លួនពួកអ្នក។ ពួកអ្នកមិនត្រូវបរិច្ចាគឡើយ លើកលែងតែដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ហើយអ្វីដែលពួកអ្នកបរិច្ចាគអំពីប្រការល្អនោះ គេនឹងតបស្នងដល់ពួកអ្នកវិញ ហើយពួកអ្នកមិនត្រូវបានគេបំពានឡើយ។

(ចូរពួកអ្នកបរិច្ចាគទាន)ដល់ជនក្រីក្រដែលពួកគេជាប់រវល់តស៊ូក្នុងមាគ៌ារបស់អល់ឡោះ មិនអាចឱ្យពួកគេធ្វើដំណើរស្វែងរកលាភសក្ការៈនៅលើផែនដីបាន ធ្វើឱ្យអ្នកដែលមិនដឹង(ពីស្ថានភាពរបស់ពួកគេ)នឹកស្មានថា ពួកគេគឺជាអ្នកមាន ដោយសារតែពួកគេមិនបានសុំទានអ្នកដទៃ។ អ្នកអាចស្គាល់ពួកគេបានតាមរយៈសញ្ញាសម្គាល់របស់ពួកគេដោយពួកគេមិនសុំពីមនុស្សលោកដដែលៗនោះទេ។ ហើយអ្វីដែលពួកអ្នកបរិច្ចាគអំពីប្រការល្អនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតអំពីវា។

បណ្ដាអ្នកដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកគេទាំងពេលយប់និងពេលថ្ងៃ ទាំងដោយលាក់កំបាំង និងទាំងបើកចំហនោះ ពួកគេពិតជានឹងទទួលបានផលបុណ្យពីព្រះជាម្ចាស់របស់ពួកគេ(នៅថ្ងៃបរលោក) ហើយពួកគេគ្មានការភ័យខ្លាចនោះឡើយ ហើយក៏មិនមានការព្រួយបារម្ភនោះដែរ។

ពួកដែលស៊ីការប្រាក់(និងមានទំនាក់ទំនងនឹងការប្រាក់)នោះ ពួកគេមិនអាចក្រោកឈរបានឡើយ(នៅថ្ងៃបរលោក) លើកលែងតែគេក្រោកឈរដូចអ្នកដែលស្ហៃតន(អារក្សសាតាំង)ចូលដែលធ្វើឱ្យគេលីលាដូច្នោះដែរ។ នោះគឺដោយសារតែពួកគេនិយាយថា៖ តាមពិត ការលក់ដូរ គឺដូចទៅនឹងការសុីការប្រាក់ដែរ។ ប៉ុន្តែអល់ឡោះទ្រង់បានអនុញ្ញាតចំពោះការលក់ដូរ ហើយបានហាមឃាត់ចំពោះការប្រាក់។ ដូច្នេះ ជនណាដែលការទូន្មានពីព្រះជាម្ចាស់របស់គេបានមកដល់គេ ហើយគេបានបញ្ឈប់(ការសុីការប្រាក់) ដូចេ្នះ អ្វីដែលមានពីមុននៃការសុីការប្រាក់នោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះគេ ហើយកិច្ចការរបស់គេ គឺត្រឡប់ទៅរកអល់ឡោះ។ រីឯជនណាដែលបានត្រឡប់ទៅ(ស៊ីការប្រាក់)វិញ ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

អល់ឡោះដកយកពរជ័យចំពោះការប្រាក់ ហើយទ្រង់បង្កើនផលបុណ្យចំពោះទ្រព្យបរិច្ចាគនានា។ ហើយអល់ឡោះទ្រង់មិនស្រលាញ់រាល់ពួកប្រឆាំងដែលសាងបាបកម្មឡើយ។

ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ហើយបានប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ពិតប្រាកដណាស់ ពួកគេនឹងទទួលបានផលបុណ្យពីព្រះជាម្ចាស់របស់ពួកគេ ហើយពួកគេគ្មានការភ័យខ្លាច និងក៏គ្មានការព្រួយបារម្ភនោះដែរ។

ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកោតខ្លាចអល់ឡោះ ហើយចូរបោះបង់នូវអ្វីដែលនៅសេសសល់អំពីការប្រាក់(ដែលគេនៅជំពាក់ពួកអ្នក) ប្រសិនបើពួកអ្នកជាអ្នកមានជំនឿពិតប្រាកដមែននោះ។

តែប្រសិនបើពួកអ្នកមិនធ្វើ(ដូច្នោះ)ទេនោះ ពួកអ្នកត្រូវដឹងថា នឹងមានសង្គ្រាមពីអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់(មកលើពួកអ្នក)ជាមិនខាន។ តែប្រសិនបើពួកអ្នកសារភាពកំហុស(បោះបង់ការប្រាក់) សម្រាប់ពួកអ្នក គឺទទួលបានប្រាក់ដើមរបស់ពួកអ្នកវិញ។ (ការធ្វើដូច្នេះ)ពួកអ្នកមិនបំពានលើគេ ហើយគេក៏មិនបំពានលើពួកអ្នកដែរ។

ហើយប្រសិនបើពួកគេគ្មានលទ្ធភាពសងទេនោះ ចូរពួកអ្នកពន្យារពេលដល់ពួកគេ រហូតដល់ពួកគេមានលទ្ធភាព។ តែប្រសិនបើពួកអ្នកបរិច្ចាគ(ដល់ពួកគេ) វាគឺល្អប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបានដឹង(ពីផលបុណ្យរបស់វា)។

ហើយចូរពួកអ្នកខ្លាចថ្ងៃមួយដែលគេនឹងនាំពួកអ្នកត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់វិញ។ បន្ទាប់មក គេនឹងតបស្នងដល់បុគ្គលគ្រប់រូបនូវអ្វីដែលរូបគេបានប្រព្រឹត្ដ ហើយពួកគេមិនត្រូវបានគេបំពានឡើយ។

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا تَدَايَنتُم بِدَيۡنٍ إِلَىٰٓ أَجَلٖ مُّسَمّٗى فَٱكۡتُبُوهُۚ وَلۡيَكۡتُب بَّيۡنَكُمۡ كَاتِبُۢ بِٱلۡعَدۡلِۚ وَلَا يَأۡبَ كَاتِبٌ أَن يَكۡتُبَ كَمَا عَلَّمَهُ ٱللَّهُۚ فَلۡيَكۡتُبۡ وَلۡيُمۡلِلِ ٱلَّذِي عَلَيۡهِ ٱلۡحَقُّ وَلۡيَتَّقِ ٱللَّهَ رَبَّهُۥ وَلَا يَبۡخَسۡ مِنۡهُ شَيۡـٔٗاۚ فَإِن كَانَ ٱلَّذِي عَلَيۡهِ ٱلۡحَقُّ سَفِيهًا أَوۡ ضَعِيفًا أَوۡ لَا يَسۡتَطِيعُ أَن يُمِلَّ هُوَ فَلۡيُمۡلِلۡ وَلِيُّهُۥ بِٱلۡعَدۡلِۚ وَٱسۡتَشۡهِدُواْ شَهِيدَيۡنِ مِن رِّجَالِكُمۡۖ فَإِن لَّمۡ يَكُونَا رَجُلَيۡنِ فَرَجُلٞ وَٱمۡرَأَتَانِ مِمَّن تَرۡضَوۡنَ مِنَ ٱلشُّهَدَآءِ أَن تَضِلَّ إِحۡدَىٰهُمَا فَتُذَكِّرَ إِحۡدَىٰهُمَا ٱلۡأُخۡرَىٰۚ وَلَا يَأۡبَ ٱلشُّهَدَآءُ إِذَا مَا دُعُواْۚ وَلَا تَسۡـَٔمُوٓاْ أَن تَكۡتُبُوهُ صَغِيرًا أَوۡ كَبِيرًا إِلَىٰٓ أَجَلِهِۦۚ ذَٰلِكُمۡ أَقۡسَطُ عِندَ ٱللَّهِ وَأَقۡوَمُ لِلشَّهَٰدَةِ وَأَدۡنَىٰٓ أَلَّا تَرۡتَابُوٓاْ إِلَّآ أَن تَكُونَ تِجَٰرَةً حَاضِرَةٗ تُدِيرُونَهَا بَيۡنَكُمۡ فَلَيۡسَ عَلَيۡكُمۡ جُنَاحٌ أَلَّا تَكۡتُبُوهَاۗ وَأَشۡهِدُوٓاْ إِذَا تَبَايَعۡتُمۡۚ وَلَا يُضَآرَّ كَاتِبٞ وَلَا شَهِيدٞۚ وَإِن تَفۡعَلُواْ فَإِنَّهُۥ فُسُوقُۢ بِكُمۡۗ وَٱتَّقُواْ ٱللَّهَۖ وَيُعَلِّمُكُمُ ٱللَّهُۗ وَٱللَّهُ بِكُلِّ شَيۡءٍ عَلِيمٞ [٢٨٢]

ឱបណ្ដាអ្នកដែលមានជំនឿ! នៅពេលដែលពួកអ្នកខ្ចីបុលគ្នាទៅវិញទៅមករហូតដល់ពេលកំណត់ណាមួយនោះ ចូរពួកអ្នកកត់ត្រាបំណុលនោះចុះ។ ចូរឱ្យអ្នកកត់ត្រានោះ កត់ត្រាដោយយុត្ដិធម៌រវាងពួកអ្នក។ ហើយអ្នកកត់ត្រាមិនត្រូវបដិសេធនូវការកត់ត្រា(បំណុល)ដូចអ្វីដែលអល់ឡោះបានបង្រៀនដល់គេឡើយ។ ដូចេ្នះ ចូរឱ្យគេកត់ត្រា ហើយចូរឱ្យអ្នកខ្ចីបញ្ជាក់ប្រាប់ពីបំណុលដែលបានខ្ចី និងចូរឱ្យគេ(អ្នកខ្ចី)កោតខ្លាចព្រះជាម្ចាស់របស់គេ។ ហើយគេមិនត្រូវគៃបំបាត់អ្វីមួយពីបំណុលឡើយ។ តែប្រសិនបើអ្នកខ្ចីនោះជាមនុស្សដែលខ្សោយបញ្ញា ឬជាមនុស្សទន់ខ្សោយ ឬអសមត្ថភាពក្នុងការបញ្ជាក់ប្រាប់ជាដើមនោះ ចូរឱ្យអាណាព្យាបាលរបស់គេជាអ្នកបញ្ជាក់ប្រាប់ដោយយុត្ដិធម៌(ដល់អ្នកកត់ត្រា)។ ហើយចូរពួកអ្នកស្វែងរកសាក្សីជាបុរសពីរនាក់ក្នុងចំណោមពួកអ្នក។ តែបើគ្មានបុរសពីរនាក់ទេនោះ គឺត្រូវយកបុរសម្នាក់ និងស្ដ្រីពីរនាក់ក្នុងចំណោមអ្នកដែលពួកអ្នកទទួលស្គាល់ឲ្យធ្វើជាសាក្សី។ ប្រសិនបើម្នាក់ក្នុងចំណោមគេទាំងពីរភេ្លច គឺមានម្នាក់ទៀតជួយរំឭក។ ហើយសាក្សីទាំងឡាយមិនត្រូវបដិសេធនៅពេលដែលគេសុំ(ឲ្យខ្លួនធ្វើជាសាក្សី)នោះឡើយ។ ចូរពួកអ្នកកុំធុញទ្រាន់ក្នុងការកត់ត្រាបំណុលដែលមានកំណត់ពេលជាក់លាក់ ទោះតិចឬច្រើនក៏ដោយ។ ការធ្វើបែបនេះ គឺយុត្ដិធម៌បំផុតចំពោះអល់ឡោះ និងជាជំនួយដ៏សំខាន់ក្នុងការធ្វើសាក្សី ហើយជាកត្ដាដែលនាំឱ្យពួកអ្នកចៀសផុតពីការមន្ទិលសង្ស័យផងដែរ លើកលែងតែពួកអ្នកលក់របស់របរឱ្យគ្នាទៅវិញទៅមក ដោយការប្រគល់របស់ និងប្រគល់ប្រាក់ភ្លាមៗបុណ្ណោះ គឺគ្មានទោសពៃរ៍អ្វីឡើយទៅលើពួកអ្នកចំពោះការដែលពួកអ្នកមិនកត់ត្រាវាទេនោះ។ ចូរពួកអ្នកធ្វើសាក្សីនៅពេលដែលពួកអ្នកលក់ដូរឲ្យគ្នាទៅវិញទៅមក។ ហើយគេមិនត្រូវបង្កការលំបាកដល់អ្នកកត់ត្រា និងសាក្សីឡើយ។ តែប្រសិនបើពួកអ្នកធ្វើដូច្នោះ ពិតប្រាកដណាស់ វាគឺជាអំពើល្មើសមកពីពួកអ្នក។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ អល់ឡោះទ្រង់បង្រៀនពួកអ្នក ហើយអល់ឡោះមហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។

តែប្រសិនបើពួកអ្នកស្ថិតនៅក្នុងការធ្វើដំណើរ ហើយពួកអ្នកគ្មានអ្នកកត់ត្រា(កិច្ចសន្យាបំណុលឱ្យពួកអ្នក)ទេនោះ គ្រប់គ្រាន់ហើយចំពោះភាគីដែលជាអ្នកខ្ចីដាក់បញ្ចាំទ្រព្យអ្វីមួយដល់ម្ចាស់បំណុល។ តែបើពួកអ្នកទុកចិត្ដគ្នាទៅវិញទៅមក ចូរឲ្យអ្នកដែលគេទុកចិត្តបំពេញនូវទំនុកចិត្តរបស់គេ(សងបំណុលដល់គេវិញ)។ ហើយចូរឱ្យគេកោតខ្លាចអល់ឡោះដែលជាព្រះជាម្ចាស់របស់គេ។ ហើយពួកអ្នកមិនត្រូវលាក់បាំងការធ្វើសាក្សីឡើយ។ ជនណាហើយដែលលាក់បាំងវានោះ ពិតណាស់ ដួងចិត្តរបស់គេ គឺជាដួងចិត្តរបស់មនុស្សមានបាប។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។

អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយទោះបីជាពួកអ្នកលាតត្រដាងអ្វីដែលមាននៅក្នុងចិត្តរបស់ពួកអ្នក ឬពួកអ្នកលាក់បាំងវាក៏ដោយ ក៏អល់ឡោះជាម្ចាស់នឹងជំនុំជម្រះពួកអ្នកចំពោះទង្វើនោះដែរ។ បន្ទាប់ពីនោះ ទ្រង់នឹងអភ័យទោសចំពោះជនណាដែលទ្រង់មានចេតនា ហើយដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះជាម្ចាស់មានអានុភាពលើអ្វីៗទាំងអស់។

អ្នកនាំសារ(មូហាំម៉ាត់)មានជំនឿលើរាល់អ្វីទាំងអស់ដែលគេបានបញ្ចុះមកឱ្យគាត់ពីព្រះជាម្ចាស់របស់គាត់ ហើយបណ្ដាអ្នកមានជំនឿទាំងអស់ក៏មានជំនឿដូចគ្នាដែរ។ ពួកគេទាំងអស់មានជំនឿលើអល់ឡោះ បណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្ដាគម្ពីររបស់ទ្រង់ និងបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់។ (ពួកគេនិយាយថា៖) ពួកយើងមិនបែងចែកនរណាម្នាក់ក្នុងចំណោមអ្នកនាំសាររបស់ទ្រង់(ដោយជឿអ្នកខ្លះ ហើយបដិសេធអ្នកខ្លះទៀត)ឡើយ។ ហើយពួកគេបាននិយាយទៀតថា៖ ពួកយើងបានឮ និងបានប្រតិបត្តិតាមហើយ។ សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផងចុះ ឱព្រះជាម្ចាស់របស់ពួកយើង! ហើយកន្លែងវិលត្រឡប់(របស់ពួកយើង) គឺឆ្ពោះទៅកាន់ទ្រង់(តែមួយគត់)។

អល់ឡោះជាម្ចាស់ទ្រង់មិនដាក់បន្ទុកលើនរណាម្នាក់ហួសពីលទ្ធភាពរបស់គេឡើយ។ ជនណាដែលបានសាងអំពើល្អ គឺទទួលបានផលបុណ្យនៃទង្វើនោះ ហើយជនណាដែលបានសាងអំពើអាក្រក់ គឺនឹងទទួលបានផលអាក្រក់នៃបាបកម្មនោះ។ (ពួកគេបានបួងសួងថា៖) ឱព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំយកទោសពៃរ៍ពួកយើងនូវអ្វីដែលពួកយើងបានភេ្លចភ្លាំង ឬប្រព្រឹត្តខុសឆ្គង។ ឱព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំដាក់កាតព្វកិច្ចធ្ងន់ធ្ងរពេកមកលើពួកយើង ដូចដែលទ្រង់បានដាក់ទៅលើពួកអ្នកជំនាន់មុនពួកយើង។ ឱព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំដាក់បន្ទុកលើពួកយើងនូវអ្វីដែលពួកយើងគ្មានលទ្ធភាពនឹងធ្វើវា ហើយសូមទ្រង់មេត្ដាអធ្យាស្រ័យ និងអភ័យទោស ព្រមទាំងអាណិតស្រឡាញ់ដល់ពួកយើងផង។ ទ្រង់គឺជាអ្នកគាំពាររបស់ពួកយើង។ ហេតុនេះ សូមទ្រង់មេត្ដាជួយពួកយើងឱ្យយកឈ្នះលើក្រុមដែលគ្មានជំនឿផងចុះ។