عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

Taha [Taha] - Khmer translation - Rowwad Translation Center

Surah Taha [Taha] Ayah 135 Location Maccah Number 20

តហា (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។

យើងមិនបានបញ្ចុះគម្ពីរគួរអានទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដើម្បីឱ្យអ្នកលំបាកនោះឡើយ។

តែដើម្បីជាការរំឭកដល់អ្នកដែលកោតខ្លាច(អល់ឡោះ)ប៉ុណ្ណោះ។

ជាការបញ្ចុះមកពីអ្នកដែលបានបង្កើតផែនដី និងមេឃជាច្រើនជាន់ដែលខ្ពស់បំផុត។

ព្រះជាម្ចាស់ដ៏មហាសប្បុរស ទ្រង់គង់នៅលើអារ៉ស្ហ។

អ្វីដែលនៅលើមេឃជាច្រើនជាន់ អ្វីដែលនៅលើផែនដី អ្វីដែលនៅចន្លោះវាទាំងពីរ ហើយនិងអ្វីដែលនៅក្រោមដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។

ហើយទោះបីជាអ្នកបញ្ចេញសំឡេងខ្លាំងៗ (ឬលាក់បាំងក៏ដោយ) ក៏ទ្រង់ដឹងបំផុតនូវការសម្ងាត់ និងអ្វីដែលកំបាំងបំផុត។

អល់ឡោះ(តែមួយគត់)គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់មានព្រះនាមដ៏ល្អប្រពៃជាច្រើន។

តើរឿងរ៉ាវរបស់ព្យាការីមូសាបានមកដល់អ្នក(ព្យាការីមូហាំម៉ាត់)ហើយឬនៅ?

ខណៈពេលដែលគាត់(ព្យាការីមូសា)បានឃើញពន្លឺភ្លើង ពេលនោះគាត់ក៏បានពោលទៅកាន់គ្រួសាររបស់គាត់ថា៖ សូមពួកអ្នក(រង់ចាំ)នៅទីនេះសិនចុះ។ ពិតប្រាកដណាស់ ខ្ញុំបានឃើញពន្លឺភ្លើងមួយ។ សង្ឃឹមថា ខ្ញុំនឹងនាំយកភ្លើងមួយដុំនោះមក(បង្កាត់)ឱ្យពួកអ្នក ឬក៏ខ្ញុំអាចនឹងជួបការចង្អុលបង្ហាញនៅកន្លែងភ្លើងនោះ។

នៅពេលដែលគាត់បានទៅដល់កន្លែងភ្លើងនោះ គេ(អល់ឡោះ)ក៏បានហៅគាត់ថា៖ ឱមូសា!

ពិតប្រាកដណាស់ យើងគឺជាព្រះជាម្ចាស់របស់អ្នក! ហេតុនេះ ចូរអ្នកដោះស្បែកជើងទាំងពីររបស់អ្នកចេញ។ ពិតប្រាកដណាស់ អ្នកកំពុងស្ថិតនៅក្នុងជ្រលងភ្នំទូវ៉ាដ៏ពិសិដ្ឋ។

ហើយយើងបានជ្រើសរើសអ្នក(ដើម្បីផ្សព្វផ្សាយសាររបស់យើង)។ ដូច្នេះ ចូរអ្នកស្ដាប់នូវអ្វីដែលគេនឹងផ្ដល់វ៉ាហ៊ី(ឱ្យអ្នក)ចុះ។

ពិតប្រាកដណាស់ យើងគឺអល់ឡោះដែលគ្មានព្រះជាម្ចាស់ណាត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ។ ដូច្នេះ ចូរអ្នកគោរពសក្ការៈមកចំពោះយើង(តែមួយគត់) ហើយចូរអ្នកប្រតិបត្តិសឡាតដើម្បីជាការរំឭកមកចំពោះយើង។

ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងមកដល់(ដោយចៀសមិនផុតឡើយ)។ យើងស្ទើរតែនឹងលាក់បាំងវាដើម្បីគេ(អល់ឡោះ)នឹងតបស្នងឱ្យរាល់បុគ្គលគ្រប់រូបនូវអ្វីដែលគេបានខិតខំប្រឹងប្រែង។

ដូច្នេះ ចូរអ្នក(ឱព្យាការីមូសា)កុំឱ្យពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក និងដើរតាមទំនើងចិត្តនោះមករារាំងអ្នកមិនឲ្យមានជំនឿចំពោះវា ដែលជាហេតុធ្វើឱ្យអ្នកវិនាសអន្តរាយឱ្យសោះ។

ហើយតើអ្វីទៅដែលនៅនឹងដៃស្ដាំរបស់អ្នកនោះ ឱមូសា?

គាត់បានតបថា៖ វាគឺជាដំបងរបស់ខ្ញុំ ដែលខ្ញុំប្រើវាសម្រាប់ច្រត់ និងសម្រាប់អន្រួនមែកឈើឱ្យសត្វពពែរបស់ខ្ញុំ(ស៊ី) ហើយនិងសម្រាប់ប្រើជាផលប្រយោជន៍ផ្សេងទៀត។

ទ្រង់បានមានបន្ទូលថា៖ ចូរអ្នកបោះវាចុះ ឱមូសា!

ពេលនោះ គាត់ក៏បានបោះដំបង។ រំពេចនោះ វាក៏បានក្លាយទៅជាសត្វពស់មួយក្បាលដែលវារយ៉ាងលឿន។

ទ្រង់បានមានបន្ទូលថា៖ ចូរអ្នកចាប់វាមកវិញ ហើយសូមអ្នកកុំខ្លាចឱ្យសោះ។ យើងនឹងត្រឡប់វាឱ្យទៅជាសភាពដូចដើមវិញ។

ហើយចូរអ្នកយកដៃ(ស្ដាំ)របស់អ្នកដាក់ចូលទៅក្នុងចំហៀងខ្លួនរបស់អ្នក នោះវានឹងចេញពន្លឺសភ្លឺថ្លា ដែលជាអច្ឆរិយភាពមួយទៀត(របស់អ្នក)។

ដើម្បីយើងនឹងបង្ហាញឱ្យអ្នកបានឃើញនូវសញ្ញាភស្តុតាងដ៏ធំធេងរបស់យើង។

ចូរអ្នកទៅកាន់ហ្វៀរអោន។ ជាការពិតណាស់ គេគឺជាអ្នកដែលបំពាន។

ព្យាការីមូសាបានពោលថា៖ បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាបើកទូលាយនូវចិត្តរបស់ខ្ញុំ(ឱ្យមានទំនុកចិត្តលើខ្លួនឯង និងមានភាពក្លាហាន)ផងចុះ។

ហើយសូមព្រះអង្គមេត្តាសម្រួលដល់ខ្ញុំនូវកិច្ចការរបស់ខ្ញុំផង។

ហើយសូមព្រះអង្គមេត្តាផ្ដល់សមត្ថភាពក្នុងការនិយាយឲ្យបានល្អដល់ខ្ញុំផង

ដើម្បីឱ្យពួកគេងាយយល់សម្ដីរបស់ខ្ញុំ។

ហើយសូមព្រះអង្គមេត្តាតែងតាំងជំនួយការម្នាក់អំពីក្រុមគ្រួសាររបស់ខ្ញុំដល់រូបខ្ញុំផង។

គឺ ហារូន បងប្រុសរបស់ខ្ញុំ។

សូមព្រះអង្គមេត្តាពង្រឹងកម្លាំងខ្ញុំតាមរយៈគាត់ផង។

ហើយសូមឱ្យគាត់ចូលរួមនៅក្នុងកិច្ចការរបស់ខ្ញុំ

ដើម្បីឱ្យពួកយើងលើកតម្កើងព្រះអង្គបានកាន់តែច្រើន

ហើយនិងរំឭកដល់ព្រះអង្គបានកាន់តែច្រើនផងដែរ។

ពិតប្រាកដណាស់ ព្រះអង្គគឺជាអ្នកដែលឃើញបំផុតចំពោះពួកយើង។

ទ្រង់បានតបថា៖ ជាការពិតណាស់ យើងបានប្រទានឱ្យអ្នកតាមសំណើររបស់អ្នកហើយ ឱមូសា!

ហើយជាការពិតណាស់ យើងបានប្រទានឧបការគុណឱ្យអ្នកម្ដងទៀត។

ខណៈដែលយើងបានផ្តល់សារទៅកាន់ម្ដាយរបស់អ្នកនូវអ្វីដែលយើងបានផ្ដល់សារថា៖

ចូរនាងដាក់គេ(មូសា)ទៅក្នុងហឹប ហើយចោលហឹបនោះទៅក្នុងទន្លេចុះ។ ពេលនោះ ទឹកទន្លេនឹងនាំគេទៅកាន់មាត់ច្រាំងវិញ ហើយសត្រូវរបស់យើងនិងសត្រូវរបស់គេ(ហ្វៀរអោន)នឹងយកគេ(ទៅចិញ្ចឹម)ហើយ។ ហើយយើងបានផ្ដល់ឱ្យអ្នក(ឱមូសា)នូវក្តីស្រលាញ់ពីយើង ហើយដើម្បីឲ្យគេចិញ្ចឹមបីបាច់ថែរក្សាអ្នកក្រោមការឃ្លាំមើលរបស់យើង។

នៅពេលដែលបងស្រីរបស់អ្នកបានដើរ(តាមឃ្លាំមើលអ្នក) ហើយនាងបាននិយាយថា៖ តើចង់ឱ្យខ្ញុំចង្អុលប្រាប់ពួកអ្នកនូវអ្នកដែលអាចមើលថែគេ(មូសា)ដែរឬទេ? ពេលនោះ យើងក៏បានបង្វិលអ្នកត្រឡប់ទៅកាន់ម្ដាយរបស់អ្នកវិញ ដើម្បីឱ្យនាងរីករាយចំពោះការវិលត្រឡប់របស់អ្នក និងដើម្បីកុំឱ្យនាងព្រួយបារម្ភ។ ហើយ(ពេលដែលអ្នកធំពេញវ័យ)អ្នកបានសម្លាប់មនុស្សម្នាក់ រួចយើងក៏ជួយសង្គ្រោះអ្នកឱ្យរួចផុតពីភាពភ័យខ្លាច ហើយយើងក៏បានសាកល្បងអ្នកម្តងហើយម្តងទៀត។ ហើយអ្នកបានរស់នៅអស់រយៈកាលជាច្រើនឆ្នាំជាមួយប្រជាជនម៉ាទយ៉ាន់។ ក្រោយមក អ្នកបានមក(ជួបយើង)តាមពេលវេលាដែលបានកំណត់ ឱមូសា!

ហើយយើងបានជ្រើសរើសអ្នកសម្រាប់ខ្លួនយើងផ្ទាល់(ដើម្បីផ្សព្វផ្សាយសារអំពីយើង)។

ចូរអ្នក(ឱមូសា) និងបងប្រុសរបស់អ្នកនាំយកនូវសញ្ញាភស្តុតាងទាំងឡាយរបស់យើង ហើយចូរអ្នកទាំងពីរកុំព្រងើយកន្តើយក្នុងការរំឭកមកចំពោះយើងឱ្យសោះ។

ចូរអ្នកទាំងពីរទៅកាន់ហ្វៀរអោនចុះ។ ពិតប្រាកដណាស់ គេគឺជាអ្នកដែលបំពាន។

ហើយចូរអ្នកទាំងពីរនិយាយទៅកាន់គេ(ហ្វៀរអោន)នូវពាក្យសម្ដីដែលទន់ភ្លន់ សង្ឃឹមថាគេនឹងទទួលការដាស់តឿន ឬកោតខ្លាច(អល់ឡោះ)។

គាត់ទាំងពីរបានតបថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ យើងខ្ញុំខ្លាចគេធ្វើទារុណកម្មយើងខ្ញុំភ្លាមៗ ឬក៏បំពាន(លើយើងខ្ញុំ)។

ទ្រង់បានតបវិញថា៖ ចូរអ្នកទាំងពីរកុំភ័យខ្លាចឱ្យសោះ។ ពិតប្រាកដណាស់ យើងនៅជាមួយអ្នកទាំងពីរដោយយើងឮ ហើយយើងឃើញ។

ដូច្នេះ ចូរអ្នកទាំងពីរទៅជួបគេ(ហ្វៀរអោន)ចុះ ហើយនិយាយទៅកាន់គេថា៖ ពិតប្រាកដណាស់ យើងទាំងពីរគឺជាអ្នកនាំសារនៃព្រះជាម្ចាស់របស់អ្នក(ឱហ្វៀរអោន)។ ដូច្នេះ សូមអ្នកដោះលែងអម្បូរអ៊ីស្រាអែលឱ្យទៅជាមួយពួកយើង ហើយសូមអ្នកឈប់ធ្វើទារុណកម្មពួកគេទៀតទៅ។ ជាការពិតណាស់ យើងបាននាំមកនូវសញ្ញាភស្តុតាងអំពីព្រះជាម្ចាស់របស់អ្នកមកកាន់អ្នក។ ហើយសូមសុខសន្តិភាពកើតមានដល់ជនណាដែលដើរតាមការចង្អុលបង្ហាញ។

ជាការពិតណាស់ គេបានផ្ដល់វ៉ាហ៊ីមកកាន់យើងថា៖ ពិតប្រាកដណាស់ ទណ្ឌកម្មគឺនឹងធ្លាក់ទៅលើជនណាដែលបដិសេធ និងងាកចេញ(ពីអ្វីដែលបណ្តាអ្នកនាំសារបាននាំមក)។

ហ្វៀរអោនបានតបវិញថា៖ ដូច្នេះ តើអ្នកណាជាព្រះជាម្ចាស់របស់អ្នកទាំងពីរនោះ ឱមូសា?

គាត់បានតបថា៖ ព្រះជាម្ចាស់របស់ពួកយើង ទ្រង់គឺជាអ្នកដែលបានប្រទាននូវអ្វីៗគ្រប់បែបយ៉ាងនូវលក្ខណៈសម្បត្តិ(ដែលសក្តិសម)សម្រាប់វា។ បន្ទាប់មក ទ្រង់បានចង្អុលបង្ហាញ(ដល់ពួកវា)។

គេបានតបវិញថា៖ ហើយចុះរឿងរ៉ាវនៃប្រជាជាតិជំនាន់មុនៗនោះយ៉ាងដូចម្ដេចដែរ?

គាត់បានតបថា៖ ចំណេះដឹងអំពីរឿងនោះ គឺនៅឯព្រះជាម្ចាស់របស់ខ្ញុំដែលមាននៅក្នុងគម្ពីរ(ឡាវហុលម៉ាសហ៊្វូស)។ ព្រះជាម្ចាស់របស់ខ្ញុំមិនភាន់ច្រឡំ និងមិនភ្លេចនោះឡើយ។

ទ្រង់គឺជាអ្នកដែលបានបង្កើតផែនដីដែលមានសណ្ឋានលាតសន្ធឹងសម្រាប់ពួកអ្នក។ ហើយទ្រង់បានបង្កើតនូវផ្លូវជាច្រើននៅលើផែនដីសម្រាប់ពួកអ្នក(ធ្វើដំណើរ)។ ហើយទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ។ បន្ទាប់មក តាមរយៈទឹកភ្លៀងនោះ យើង(អល់ឡោះ)បានបញ្ចេញនូវរុក្ខជាតិជាច្រើនប្រភេទខុសៗគ្នា។

ចូរពួកអ្នកទទួលទាន និងឃ្វាលសត្វពាហនៈរបស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់អ្នកដែលមានប្រាជ្ញាចេះគិតពិចារណា។

អំពីដីនេះហើយដែលយើងបានបង្កើតពួកអ្នក ហើយយើងនឹងឱ្យពួកអ្នកត្រឡប់ទៅក្នុងដីវិញ។ ហើយអំពីដីនេះដែរ យើងនឹងបញ្ចេញពួកអ្នកសាជាថ្មីម្ដងទៀត(នៅថ្ងៃបរលោក)។

ហើយជាការពិតណាស់ យើងបានបង្ហាញដល់គេ(ហ្វៀរអោន)នូវសញ្ញាភស្តុតាងទាំងអស់របស់យើង តែគេបែរជាបដិសេធ និងប្រឆាំងទៅវិញ។

ហ្វៀរអោនបាននិយាយថា៖ តើអ្នកមកជួបយើងនេះ គឺដើម្បីបណ្ដេញយើងចេញពីទឹកដីរបស់យើងតាមរយៈមន្តអាគមរបស់អ្នកឬ ឱមូសា?

ដូច្នេះ យើងប្រាកដជានឹងនាំមកកាន់អ្នក(ឱមូសា)នូវមន្តអាគមដូចនឹងមន្តអាគមនេះជាមិនខាន។ ហេតុនេះ ចូរអ្នកកំណត់ពេលវេលា និងទីកន្លែងដែលស្មើភាពគ្នារវាងយើងនិងអ្នក(ដើម្បីតទល់គ្នា)ដោយយើងនិងអ្នកមិនត្រូវក្បត់កិច្ចសន្យាឡើយ។

គាត់បានតបថា៖ ពេលវេលាកំណត់ជួបគ្នារបស់ពួកអ្នក គឺនៅថ្ងៃបុណ្យដោយគេប្រមូលផ្តុំមនុស្ស(មកជួបជុំគ្នា)នៅពេលថ្ងៃរះ។

ហើយហ្វៀរអោនក៏បានត្រឡប់ទៅវិញ រួចគេក៏បានប្រមូលនូវគ្រូមន្តអាគមរបស់ខ្លួន។ បន្ទាប់មក គេក៏បានមកដល់(តាមការកំណត់)។

ព្យាការីមូសាបាននិយាយទៅកាន់ពួកគេ(គ្រូមន្តអាគម)ថា៖ ចូរពួកអ្នកប្រុងប្រយ័ត្ន។ ចូរពួកអ្នកកុំប្រឌិតភូតកុហកទៅលើអល់ឡោះជាម្ចាស់ឲ្យសោះដែលជាហេតុនាំឱ្យគេដាក់ទណ្ឌកម្មពួកអ្នក។ ពិតជាខាតបង់ហើយពួកដែលប្រឌិតភូតកុហក(ទៅលើអល់ឡោះ)នោះ។

ពេលនោះ ពួកគេ(គ្រូមន្តអាគម)ក៏បានពិភាក្សាគ្នាចំពោះកិច្ចការរបស់ពួកគេ ហើយពួកគេបានជជែកគ្នាដោយសម្ងាត់

ដោយពួកគេនិយាយថា៖ ពិតប្រាកដណាស់ គេទាំងពីរនាក់នេះ គឺជាគ្រូមន្តអាគមដោយគេទាំងពីរមានបំណងចង់បណ្ដេញពួកអ្នកចេញពីទឹកដីរបស់ពួកអ្នកតាមរយៈមន្តអាគមរបស់គេទាំងពីរ។ ហើយពួកគេទាំងពីរចង់បំបាត់នូវមន្តអាគមដ៏អស្ចារ្យរបស់ពួកអ្នក។

ដូច្នេះ ចូរពួកអ្នកប្រមូលល្បិចកលរបស់ពួកអ្នក។ បន្ទាប់មក ចូរពួកអ្នកឈរជាជួរ។ ពិតប្រាកដណាស់ អ្នកណាដែលមានប្រៀបជាងគេ ពិតជានឹងទទួលបានជ័យជម្នះនៅក្នុងថ្ងៃនេះ។

ពួកគេ(គ្រូមន្តអាគម)បាននិយាយថា៖ ឱមូសា! អ្នកអាចបោះ(មន្តអាគមរបស់អ្នក)មុន ឬក៏ពួកយើងជាអ្នកចាប់ផ្ដើមបោះមុនក៏បាន។

គាត់បានតបថា៖ ទេ! ចូរពួកអ្នកបោះមុនចុះ! (ពេលនោះ ពួកគេក៏បានបោះនូវអ្វីដែលពួកគេមាន) ហើយរំពេចនោះ ខ្សែពួរនិងដំបងរបស់ពួកគេក៏បានបំភ័ន្តភ្នែករបស់ព្យាការីមូសាឲ្យមើលឃើញថាជាសត្វពស់កំពុងតែវារលឿនដោយសារតែមន្តអាគមរបស់ពួកគេ។

ពេលនោះ ព្យាការីមូសាក៏មានអារម្មណ៍ភ័យខ្លាចនៅក្នុងខ្លួនរបស់គាត់។

យើង(អល់ឡោះ)បានមានបន្ទូលថា៖ ចូរអ្នកកុំខ្លាច។ ពិតប្រាកដណាស់ រូបអ្នក គឺជាអ្នកដែលមានប្រៀប(លើពួកគេ)។

ហើយចូរអ្នកបោះអ្វី(ដំបង)ដែលនៅនឹងដៃស្ដាំរបស់អ្នកចុះ នោះវានឹងលេបនូវអ្វីដែលពួកគេបានធ្វើជាមិនខាន។ តាមពិត អ្វីដែលពួកគេបានធ្វើនោះ គឺគ្រាន់តែជាល្បិចកលរបស់គ្រូមន្តអាគមប៉ុណ្ណោះ។ ហើយគ្រូមន្តអាគមមិនទទួលបានជោគជ័យជាដាច់ខាត ទោះបីជាគេមកពីទីណាក៏ដោយ។

ពេលនោះ គ្រូមន្តអាគមទាំងនោះក៏បានក្រាបស៊ូជូត(ចំពោះអល់ឡោះ)។ ពួកគេពោលថា៖ ពួកយើងមានជំនឿនឹងព្រះជាម្ចាស់របស់ព្យាការីហារូន និងព្យាការីមូសាហើយ។

ហ្វៀរអោនក៏និយាយ(គំរាមពួកគេ)ថា៖ តើពួកអ្នកមានជំនឿនឹងគេ(មូសា)មុននឹងយើងអនុញ្ញាតឱ្យពួកអ្នកឬ? ពិតប្រាកដណាស់ គេគឺជាមេរបស់ពួកអ្នកដែលបានបង្រៀនដល់ពួកអ្នកនូវមន្តអាគម។ ដូច្នេះ យើងពិតជានឹងកាត់ដៃកាត់ជើងរបស់ពួកអ្នកឆ្លាស់គ្នា ហើយយើងពិតជានឹងចងឆ្កាងពួកអ្នកទៅនឹងដើមល្មើ ហើយ(ពេលនោះ)ពួកអ្នកពិតជានឹងដឹងថា តើអ្នកណាក្នុងចំណោមពួកយើងដែលដាក់ទណ្ឌកម្មខ្លាំងជាង និងស្ថិតស្ថេរជាង?

ពួកគេបានតបវិញថា៖ ពួកយើងមិនអាចលើកតម្កើងអ្នកជាង(ការដើរតាម)សញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ដែលបានមកដល់ពួកយើង ហើយនិងអ្នកដែលបានបង្កើតពួកយើងនោះឡើយ។ ដូច្នេះ ចូរអ្នកធ្វើនូវអ្វីដែលអ្នកចង់ធ្វើចុះ។ តាមពិត អ្នកអាចធ្វើអ្វីបានតែនៅក្នុងជីវិតលោកិយនេះប៉ុណ្ណោះ។

ពិតប្រាកដណាស់ ពួកយើងមានជំនឿនឹងព្រះជាម្ចាស់របស់ពួកយើងហើយ ដើម្បីទ្រង់នឹងអភ័យទោសដល់ពួកយើងនូវកំហុសឆ្គងទាំងឡាយរបស់ពួកយើង ហើយនិងបាបកម្មនៃមន្តអាគមដែលអ្នកបានបង្ខំពួកយើង(ធ្វើទៅកាន់មូសា)។ ហើយអល់ឡោះគឺជាអ្នកដែលតបស្នងយ៉ាងប្រសើរបំផុត(ចំពោះការតបស្នង) និងស្ថិតស្ថេរជាងគេបំផុត(ចំពោះការដាក់ទណ្ឌកម្ម)។

ជនណាហើយដែលមកជួបនឹងព្រះជាម្ចាស់របស់គេ(នៅថ្ងៃបរលោក)ក្នុងនាមជាឧក្រិដ្ឋជននោះ ពិតណាស់ សម្រាប់រូបគេគឺនរកជើហាន់ណាំ ដោយនៅក្នុងនោះ គេនឹងមិនស្លាប់ ហើយក៏មិនរស់នោះដែរ(វេទនាបំផុតស្ទើរស្លាប់ស្ទើររស់)។

រីឯជនណាដែលមកជួបទ្រង់ក្នុងនាមជាអ្នកដែលមានជំនឿដែលបានសាងទង្វើកុសលនោះ ពិតប្រាកដណាស់អ្នកទាំងនោះ សម្រាប់ពួកគេនឹងទទួលបាននូវឋានៈដ៏ខ្ពង់ខ្ពស់។

គឺឋានសួគ៌អាត់និនដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវាដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ នោះហើយគឺជាការតបស្នងចំពោះអ្នកដែលបានសម្អាតខ្លួន(ពីភាពគ្មានជំនឿ និងអំពើល្មើស)។

ហើយជាការពិតណាស់ យើងបានផ្ដល់វ៉ាហ៊ីទៅកាន់ព្យាការីមូសាថា៖ ចូរអ្នកនាំខ្ញុំបម្រើរបស់យើង(អម្បូរអ៊ីស្រាអែល)ធ្វើដំណើរទាំងយប់(ចេញពីទឹកដីអេហ្ស៊ីប)។ ហើយចូរអ្នកវាយ(ទឹកសមុទ្រនឹងដំបង)ដើម្បីបង្កើតជាផ្លូវស្ងួតមួយសម្រាប់ពួកគេដោយអ្នកមិនត្រូវខ្លាចគេតាមទាន់ ហើយក៏មិនត្រូវខ្លាច(លិចលង់)នោះដែរ។

បន្ទាប់មក ហ្វៀនអោនរួមនឹងទាហានរបស់គេក៏បានដេញតាមពួកគេ តែទឹកសមុទ្របានគ្របដណ្ដប់ពួកគេ(ហ្វៀរអោន រួមនឹងបក្សពួក) រហូតដល់គេលិចលង់។

ហើយហ្វៀរអោនបានធ្វើឱ្យក្រុមរបស់គេវង្វេង ហើយគេ(ហ្វៀនអោន)មិនបានចង្អុលបង្ហាញ(ពួកគេ)នោះឡើយ។

ឱអម្បូរអ៊ីស្រាអែល! ជាការពិតណាស់ យើងបានសង្គ្រោះពួកអ្នកពីសត្រូវរបស់ពួកអ្នក ហើយយើងបានសន្យានឹងពួកអ្នកនៅឯផ្នែកខាងស្ដាំនៃភ្នំតួរ(ដើម្បីបញ្ចុះគម្ពីរតាវរ៉ត)។ ហើយយើងបានបញ្ចុះមកឱ្យពួកអ្នកនូវអាល់ម៉ាន់(ភេសជ្ជៈដែលមានរសជាតិផ្អែមដូចទឹកឃ្មុំ) និងអាស់សាល់វ៉ា(បក្សីមួយប្រភេទដែលស្រដៀងនឹងសត្វក្រួច)។

ចូរពួកអ្នកទទួលទានអំពីចំណីអាហារល្អៗដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកអ្នក ហើយចូរពួកអ្នកកុំបំពានចំពោះរឿងនេះដែលជាហេតុធ្វើឱ្យការខឹងសម្បារបស់យើងធ្លាក់ទៅលើពួកអ្នក។ ជនណាហើយដែលការខឹងសម្បារបស់យើងធ្លាក់ទៅលើរូបគេនោះ ពិតណាស់រូបគេប្រាកដជាអន្តរាយជាមិនខាន។

ហើយពិតប្រាកដណាស់ យើងគឺជាអ្នកដែលមហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុស និងបានសាងទង្វើកុសល។ បន្ទាប់មក គេបានប្រកាន់ខ្ជាប់លើមាគ៌ាដែលត្រឹមត្រូវ(រហូតដល់ស្លាប់)។

ហើយតើអ្វីដែលធ្វើឱ្យអ្នកប្រញាប់ប្រញាល់ចាកចោលក្រុមរបស់អ្នក ឱមូសា?

គាត់បានតបថា៖ ពួកគេទាំងនោះនៅខាងក្រោយខ្ញុំដែលនឹងតាមទាន់ខ្ញុំ ហើយខ្ញុំរួសរាន់មកជួបព្រះអង្គ ឱព្រះជាម្ចាស់ ដើម្បីឱ្យព្រះអង្គពេញចិត្តមកចំពោះខ្ញុំ ។

ទ្រង់បានមានបន្ទូលថា៖ ដូច្នេះ ពិតណាស់យើងបានសាកល្បងក្រុមរបស់អ្នកបន្ទាប់ពីអ្នក(ចាកចេញពីពួកគេ) ហើយសាមីរីបានធ្វើឱ្យពួកគេវង្វេង។

ក្រោយមក ព្យាការីមូសាបានត្រឡប់ទៅកាន់ក្រុមរបស់គាត់វិញដោយការខឹងសម្បា និងមានទុក្ខព្រួយជាខ្លាំង(ចំពោះពួកគេ)។ គាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! តើព្រះជាម្ចាស់របស់ពួកអ្នកមិនបានសន្យានឹងពួកអ្នកនូវការសន្យាមួយដ៏ល្អប្រពៃទេឬ? តើការសន្យានោះយូរពេកសម្រាប់ពួកអ្នក ឬមួយពួកអ្នកចង់ឱ្យការខឹងសម្បាពីព្រះជាម្ចាស់របស់ពួកអ្នកធ្លាក់ទៅលើពួកអ្នក ទើបបានជាពួកអ្នកល្មើសនឹងកិច្ចសន្យារបស់ខ្ញុំបែបនេះ?

ពួកគេបានតបវិញថា៖ ពួកយើងមិនបានល្មើសនឹងកិច្ចសន្យារបស់អ្នកដោយចិត្តឯងនោះឡើយ។ ក៏ប៉ុន្តែ (ដោយសារ)ពួកយើងត្រូវទទួលបន្ទុកលីសែងយ៉ាងធ្ងន់នូវគ្រឿងអលង្ការរបស់ក្រុម(ហ្វៀររអោន)។ ក្រោយមក ពួកយើងក៏បានបោះវាចូល(ទៅក្នុងរណ្ដៅភ្លើងមួយ)។ ពេលនោះ សាមីរីក៏បានបោះចោល(អាចម៍ដីពីដានជើងសេះរបស់ជីព្រីល)ដែរ។

បន្ទាប់មក សាមីរីក៏បានយកចេញនូវរូបសំណាកកូនគោមួយក្បាលដែលមានសំឡេង(ចេញពីគ្រឿងអលង្ការទាំងនោះ)មកឲ្យពួកគេ។ ពេលនោះ ពួកគេក៏និយាយថា៖ នេះហើយជាព្រះជាម្ចាស់របស់ពួកអ្នក និងជាព្រះជាម្ចាស់របស់មូសា តែគាត់បានភ្លេចវា(នៅទីនេះ)។

តើពួកទាំងនោះមិនឃើញទេឬថា ពិតប្រាកដណាស់ រូបសំណាក់កូនគោនោះមិនអាចឆ្លើយតបជាមួយពួកគេ ហើយវាគ្មានក៏លទ្ធភាពបង្កគ្រោះថ្នាក់ដល់ពួកគេ ហើយក៏មិនអាចផ្តល់ផលប្រយោជន៍អ្វីដែរនោះ?

ហើយជាការពិតណាស់ ព្យាការីហារូនក៏បាននិយាយទៅកាន់ពួកគេកាលពីមុនផងដែរថា៖ ឱក្រុមរបស់ខ្ញុំ! តាមពិត ពួកអ្នកគ្រាន់តែត្រូវបានគេសាកល្បងនឹងវា(រូបសំណាក់កូនគោ)ប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកអ្នក ទ្រង់គឺព្រះជាម្ចាស់ដ៏មហាសប្បុរសបំផុត។ ដូច្នេះ ចូរពួកអ្នកតាមខ្ញុំ និងគោរពតាមបទបញ្ជារបស់ខ្ញុំ។

ពួកគេបានតបថា៖ ពួកយើងនៅតែគោរពសក្ការៈចំពោះវា(រូបសំណាក់កូនគោ)ដដែល រហូតទាល់តែព្យាការីមូសាវិលត្រឡប់មកកាន់ពួកយើងវិញ។

ព្យាការីមូសាបានពោលថា៖ ឱហារូន! តើអ្វីទៅដែលរារាំងអ្នក(មិនឲ្យហាមឃាត់ពួកគេ)នៅពេលដែលអ្នកបានឃើញពួកគេវង្វេង

ដោយមិនធ្វើតាមខ្ញុំបែបនេះ?! តើអ្នកប្រឆាំងនឹងបទបញ្ជារបស់ខ្ញុំឬ?!

ព្យាការីហារូនបានតបថា៖ ឱប្អូនប្រុសរបស់ខ្ញុំ! សូមអ្នកកុំចាប់ពុកចង្កា និងសក់ក្បាលរបស់ខ្ញុំ។ ពិតប្រាកដណាស់ ព្រោះតែខ្ញុំខ្លាចអ្នកនិយាយថា៖ “អ្នកបានបំបែកបំបាក់រវាងអម្បូរអ៊ីស្រាអែល និងមិនធ្វើតាមពាក្យផ្តែផ្ដាំរបស់ខ្ញុំ”។

ព្យាការីមូសាបានពោលថា៖ តើមានរឿងអ្វីដែលនាំឱ្យអ្នកធ្វើដូច្នោះ ឱសាមីរី?

គេបានតបថា៖ ខ្ញុំបានឃើញនូវអ្វីដែលពួកគេមិនបានឃើញវា។ ពេលនោះ ខ្ញុំក៏បានយកដីមួយក្ដាប់ពីដានជើងសេះរបស់ម៉ាឡាអ៊ីកាត់ជីព្រីល។ ក្រោយមក ខ្ញុំក៏បានបោះវា។ ដូច្នោះហើយវាក៏បានបំផុសខ្ញុំឱ្យមានគំនិតធ្វើដូច្នោះ។

ព្យាការីមូសាតបថា៖ សូមអ្នកចាកចេញទៅ! ពិតប្រាកដណាស់ សម្រាប់អ្នកនៅក្នុងជីវិត(លោកិយនេះ) គឺអ្នកមានតែពាក្យថា៖ គ្មានទំនាក់ទំនងគ្នាឡើយ។ ហើយពិតប្រាកដណាស់ សម្រាប់អ្នក គឺមានការសន្យាមួយ(នៅថ្ងៃបរលោក)ដោយគេនឹងមិនធ្វើខុសពីកិច្ចសន្យានេះជាដាច់ខាត។ ហើយចូរអ្នកមើលទៅកាន់ព្រះរបស់អ្នក(រូបសំណាក់កូនគោ)ដែលអ្នកនៅតែបន្តគោរពសក្ការៈចំពោះវានោះចុះ។ យើងពិតជានឹងដុតវា បន្ទាប់មក យើងពិតជានឹងបាចវាចូលទៅក្នុងសមុទ្រ(ដើម្បីកុំឲ្យមានសល់ស្លាកស្នាមអ្វីទាំងអស់)។

តាមពិត ព្រះជាម្ចាស់របស់ពួកអ្នក គឺអល់ឡោះដែលគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ដឹងជ្រួតជ្រាបនូវរាល់អ្វីៗទាំងអស់។

ក៏ដូច្នោះដែរ យើងបាននិទានប្រាប់អ្នកពីរឿងរ៉ាវ(របស់អ្នកជំនាន់មុន)ដែលបានកន្លងផុតទៅ។ ហើយជាការពិតណាស់ យើងបានប្រទានដល់អ្នកនូវការក្រើនរំឭកមួយ(គម្ពីរគួរអាន)អំពីយើង។

ជនណាដែលបានងាកចេញពីវា(គម្ពីរគួរអាន) ពិតប្រាកដណាស់នៅថ្ងៃបរលោក គេនឹងត្រូវរែកពុននូវបាបកម្មដ៏ធំធេងបំផុត។

ពួកគេស្ថិតនៅក្នុងវា(ទណ្ឌកម្ម)ជាអមតៈ។ បន្ទុកដែលពួកគេរែកពុននៅថ្ងៃបរលោកនោះ គឺអាក្រក់បំផុតសម្រាប់ពួកគេ។

គឺនៅថ្ងៃដែលគេ(ម៉ាឡាអ៊ីកាត់)ផ្លុំត្រែ(ជាលើកទីពីរ)។ ហើយនៅថ្ងៃនោះ យើងនឹងប្រមូលផ្តុំពួកឧក្រិដ្ឋជនទាំងឡាយដោយភ្នែករបស់ពួកគេឡើងជាំខៀវ។

ពួកគេនិយាយខ្សឹបខ្សៀវគ្នាថា៖ ពួកអ្នកមិនបានរស់នៅ(ក្នុងលោកិយ)ឡើយ លើកលែងតែដប់ថ្ងៃប៉ុណ្ណោះ។

យើង(អល់ឡោះ)ដឹងបំផុតនូវអ្វីដែលពួកគេនិយាយ ខណៈដែលអ្នកមានបញ្ញាចេះដឹងជាងគេក្នុងចំណោមពួកគេនិយាយថា៖ ពួកអ្នកមិនបានរស់នៅ(ក្នុងលោកិយ)ឡើយ លើកលែងតែមួយថ្ងៃប៉ុណ្ណោះ។

ហើយពួកគេនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីភ្នំទាំងឡាយ(នៅថ្ងៃបរលោក)។ ដូចនេះ ចូរអ្នកតបថា៖ វានឹងត្រូវព្រះជាម្ចាស់របស់ខ្ញុំបំប៉ើងវាឲ្យខ្ទេចខ្ទី(ទៅជាធូលី)។

ហើយទ្រង់នឹងទុកផែនដីឱ្យទៅជារាបស្មើធេងដោយគ្មានអ្វីសោះ(នៅពីលើវា)។

អ្នកនឹងមិនឃើញមានភាពវៀចវេរនៅលើវានោះឡើយ ហើយក៏មិនឃើញមានកន្លែងខ្ពស់ទាបនោះដែរ។

នៅថ្ងៃនោះ ពួកគេនឹងដើរតាម(សំឡេង)អ្នកដែលស្រែកដោយមិនងាកចេញពីសំឡេងនោះឡើយ។ ហើយសំឡេងទាំងឡាយគឺនៅស្ងៀមស្ងាត់ចំពោះព្រះជាម្ចាស់ដ៏មហាសប្បុរសដោយភាពកោតខ្លាចដោយអ្នកនឹងមិនឮសំឡេងអ្វីក្រៅពីសំឡេងតិចៗនោះឡើយ។

នៅថ្ងៃនោះ ការអន្តរាគមន៍ គឺគ្មានផលប្រយោជន៍អ្វីឡើយ លើកលែងតែជនណាដែលព្រះជាម្ចាស់ដ៏មហាសប្បុរសបានអនុញ្ញាតដល់គេ និងយល់ព្រមឱ្យគេនិយាយ(អន្តរាគមន៍)ប៉ុណ្ណោះ។

ទ្រង់ដឹងបំផុតនូវអ្វីដែលនៅខាងមុខពួកគេ(ថ្ងៃបរលោក) និងអ្វីដែលនៅខាងក្រោយពួកគេ(លោកិយ)។ តែពួកគេវិញ គឺមិនដឹងអ្វីអំពីទ្រង់នោះឡើយ។

ហើយមុខទាំងឡាយ(របស់ពួកគេ)បានឱនឈ្ងោកចុះទៅចំពោះព្រះជាម្ចាស់ដែលមានជីវិតអមតៈ និងជាអ្នកដែលគ្រប់គ្រង។ ពិតជាខាតបង់ហើយអ្នកដែលបាននាំទៅជាមួយនូវអំពើស្ហ៊ីរិកជាប់ខ្លួននោះ។

ហើយជនណាដែលបានសាងទង្វើកុសល ហើយរូបគេជាអ្នកដែលមានជំនឿនោះ ពិតប្រាកដណាស់ គេមិនភ័យខ្លាចរងនូវភាពអយុត្តិធម៌ និងការបំពាននោះឡើយ។

ក៏ដូច្នោះដែរ យើងបានបញ្ចុះគម្ពីរគួរអាននេះជាភាសាអារ៉ាប់ ហើយយើងបានបកស្រាយបញ្ជាក់នៅក្នុងវានូវការព្រមានជាច្រើនប្រភេទ សង្ឃឹមថាពួកគេនឹងកោតខ្លាច ឬនាំមកឱ្យពួកគេនូវការដាស់រំឭក។

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់ ជាស្ដេចដែលមានអំណាចគ្រប់គ្រងយ៉ាងពិតប្រាកដ។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំប្រញាប់ប្រញាល់សូត្រគម្ពីរគួរអានមុននឹងគេផ្ដល់(វ៉ាហ៊ី)មកឱ្យអ្នកចប់សព្វគ្រប់ឱ្យសោះ។ ហើយចូរអ្នកពោលថា៖ “បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាបន្ថែមចំណេះដឹងដល់ខ្ញុំផងចុះ”។

ហើយជាការពិតណាស់ យើងបានផ្ដាំផ្ញើចំពោះព្យាការីអាហ្ទាំកាលពីមុន តែគេបែរជាភ្លេចទៅវិញ។ ហើយយើងមិនបានឃើញគេមានការប្ដេជ្ញាចិត្ត(ចំពោះពាក្យផ្ដាំផ្ញើនោះឡើយ)។

ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលយើងបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថា៖ ចូរពួកអ្នកឱនស៊ូជូតទៅចំពោះអាហ្ទាំ។ ពេលនោះ ពួកគេក៏បានស៊ូជូតទាំងអស់គ្នា លើកលែងតែអ៊ីព្លិសប៉ុណ្ណោះដែលបដិសេធ។

ហើយយើងបានមានបន្ទូលថា៖ ឱអាហ្ទាំ! ពិតប្រាកដណាស់ នេះគឺជាសត្រូវរបស់អ្នក និងភរិយារបស់អ្នក។ ហេតុនេះ ចូរអ្នកទាំងពីរកុំឱ្យវាធ្វើឲ្យអ្នកទាំងពីរចេញពីឋានសួគ៌ឱ្យសោះដែលជាហេតុធ្វើឱ្យអ្នកទទួលនូវភាពអពមង្គល។

ពិតប្រាកដណាស់ សម្រាប់អ្នកនៅក្នុងឋានសួគ៌នេះ គឺគ្មានភាពអត់ឃ្លាននោះទេ ហើយក៏មិនអាក្រាតកាយនោះដែរ។

ហើយពិតប្រាកដណាស់ សម្រាប់អ្នកនៅក្នុងឋានសួគ៌នេះ នឹងមិនស្រេកទឹក ហើយក៏មិនត្រូវកំដៅថ្ងៃនោះឡើយ។

ក្រោយមក ស្ហៃតនបានញុះញង់គេ(ព្យាការីអាហ្ទាំ) ដោយវានិយាយថា៖ ឱអាហ្ទាំ! តើអ្នកចង់ឱ្យខ្ញុំបង្ហាញអ្នកពីដើមឈើមួយដែលធ្វើឲ្យអ្នកមានជីវិតអមតៈ(ពេលទទួលទានវា) និងមានអំណាចគ្រប់គ្រងដែលគ្មានទីបញ្ចប់ដែរឬទេ?

ពេលនោះ គេទាំងពីរក៏បានទទួលទាន(ផ្លែឈើ)អំពីដើមឈើនោះ។ ខណៈនោះ ស្រាប់តែកេរខ្មាសរបស់គេទាំងពីរក៏បានលាតត្រដាងឡើងចំពោះគេទាំងពីរ ហើយគេទាំងពីរក៏បានបេះស្លឹកឈើពីឋានសួគ៌យកមកបិទបាំង(កេរខ្មាសរបស់ខ្លួន)។ ហើយព្យាការីអាហ្ទាំបានប្រព្រឹត្តល្មើសនឹងព្រះជាម្ចាស់របស់គាត់ដោយបានបំពាន(នូវអ្វីដែលទ្រង់ហាមឃាត់)។

ក្រោយមក ព្រះជាម្ចាស់របស់គាត់ក៏បានជ្រើសរើសគាត់ និងបានទទួលយកការសារភាពកំហុសរបស់គាត់ ព្រមទាំងបានចង្អុលបង្ហាញដល់គាត់។

ទ្រង់បានមានបន្ទូលថា៖ ចូរអ្នកទាំងពីរ(ព្រមទាំងអ៊ីព្លិស)ចុះចេញពីឋានសួគ៌ទាំងអស់គ្នាចុះ។ ពួកអ្នកគឺជាសត្រូវនឹងគ្នាទៅវិញទៅមក។ ហើយប្រសិនបើការចង្អុលបង្ហាញអំពីយើងបានមកដល់ពួកអ្នក ដូច្នេះ ជនណាហើយដែលដើរតាមការចង្អុលបង្ហាញរបស់យើង ពិតប្រាកដណាស់ គេនឹងមិនវង្វេង និងមិនទទួលនូវភាពអពមង្គលឡើយ។

តែជនណាហើយដែលបានងាកចេញពីការដាស់រំឭករបស់យើង ពិតប្រាកដណាស់ រូបគេនឹងរស់នៅប្រកបដោយភាពចង្អៀតចង្អល់។ ហើយនៅថ្ងៃបរលោក យើងនឹងប្រមូលផ្តុំគេក្នុងនាមជាអ្នកពិការភ្នែក។

គេបាននិយាយថា៖ បរពិត្រព្រះជាម្ចាស់! ហេតុអ្វីបានជាព្រះអង្គប្រមូលផ្ដុំខ្ញុំមកវិញក្នុងនាមជាអ្នកដែលពិការភ្នែកបែបនេះ ខណៈដែលខ្ញុំធ្លាប់ជាអ្នកភ្នែកភ្លឺទេតើ(កាលនៅលោកិយ)?

ទ្រង់បានតបថា៖ គឺដូច្នេះឯង (គឺដោយសារតែ)សញ្ញាភស្តុតាងជាច្រើនរបស់យើងបានមកដល់អ្នក តែអ្នកបែរជាងាកចេញអំពីវា។ ដូច្នេះ នៅក្នុងថ្ងៃនេះ អ្នកក៏ត្រូវគេបោះបង់ចោលដូចគ្នា។

ក៏ដូច្នោះដែរ យើងនឹងតបស្នងចំពោះជនណាដែលព្រងើយកន្តើយ និងមិនមានជំនឿនឹងសញ្ញាភស្តុតាងនៃព្រះជាម្ចាស់របស់គេ។ ហើយទណ្ឌកម្មនៅថ្ងៃបរលោក គឺធ្ងន់ធ្ងរជាង និងស្ថិតស្ថេរជាង។

តើវាមិនបានបង្ហាញដល់ពួកគេ(មុស្ហរីគីនទេ)ឬថា តើមានប្រជាជាតិប៉ុន្មានហើយមុនពួកគេដែលយើងបានបំផ្លាញពួកទាំងនោះ ខណៈដែលពួកគេ(ពួកមុស្ហរីគីន)ក៏បានធ្វើដំណើរឆ្លងកាត់លំនៅឋានរបស់ពួកទាំងនោះផងដែរ? ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់អ្នកដែលមានប្រាជ្ញាចេះគិតពិចារណា។

ហើយប្រសិនបើគ្មានការកំណត់ជាមុនពីព្រះជាម្ចាស់របស់អ្នក(ក្នុងការពន្យារពេលដាក់ទណ្ឌកម្មពួកគេ) និងការកំណត់អាយុជីវិតជាក់លាក់ទេនោះ ទ្រង់ពិតជានឹងដាក់ទណ្ឌកម្មពួកគេភ្លាមៗជាមិនខាន។

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះអ្វីដែលពួកគេនិយាយ ហើយត្រូវលើកតម្កើងដោយការសរសើរចំពោះព្រះជាម្ចាស់របស់អ្នកនៅមុនពេលថ្ងៃរះ(សឡាតហ្វាជើរ) និងមុនពេលថ្ងៃលិច(សឡាតអាសើរ) ហើយនិងមួយផ្នែកនៃពេលយប់(សឡាតអ៊ីស្ហា)។ ហើយចូរអ្នកលើកតម្កើងទ្រង់នៅពេលថ្ងៃជ្រេ(សឡាតហ្ស៊ូហោរ) និងបន្ទាប់ពីថ្ងៃលិច(សឡាតម៉ាហ្គ្រឹប)។ សង្ឃឹមថាអ្នកនឹង(ទទួលបានផលបុណ្យដែល)អ្នកពេញចិត្ត។

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំសម្លឹងដោយភ្នែកទាំងគូរបស់អ្នកទៅកាន់អ្វី(លាភសក្ការៈលោកិយ)ដែលយើងបានប្រទានវាទៅឱ្យក្រុមមួយក្នុងចំណោមពួកគេ(ពួកប្រឆាំង)ដែលគ្រាន់តែជាការលម្អនៃជីវិតលោកិយដើម្បីយើងសាកល្បងពួកគេចំពោះរឿងនោះឱ្យសោះ។ ហើយលាភសក្ការៈនៃព្រះជាម្ចាស់របស់អ្នក គឺល្អប្រសើរជាង និងស្ថិតស្ថេរជាងនោះទៅទៀត។

ហើយចូរអ្នកបង្គាប់ឱ្យក្រុមគ្រួសាររបស់អ្នកប្រតិបត្តិសឡាត និងចូរអ្នកអត់ធ្មត់លើការប្រតិបត្តិវា។ យើងមិនទាមទារលាភសក្ការៈពីអ្នកឡើយ។ យើងទៅវិញទេដែលជាអ្នកប្រទានលាភសក្ការៈដល់អ្នកនោះ។ ហើយលទ្ធផលចុងក្រោយ គឺសម្រាប់អ្នកដែលកោតខ្លាច(អល់ឡោះ)។

ហើយពួកគេ(ពួកប្រឆាំង)បាននិយាយថា៖ ហេតុអ្វីបានជាគេ(ព្យាការីមូហាំម៉ាត់)មិននាំមកនូវសញ្ញាភស្តុតាងណាមួយពីព្រះជាម្ចាស់របស់គេមកកាន់ពួកយើង? តើគម្ពីរគួរអានដែលជាការបញ្ជាក់ទៅលើបណ្តាគម្ពីរដែលបានបញ្ចុះកាលពីមុននោះមិនបានមកដល់ពួកគេទេឬ?

ហើយពិតប្រាកដណាស់ ប្រសិនបើយើងបំផ្លាញពួកគេ(ពួកប្រឆាំង)ដោយទណ្ឌកម្មមុននឹងយើងបញ្ជូនអ្នកនាំសារនិងគម្ពីរទៅកាន់ពួកគេនោះ ពួកគេប្រាកដជានឹងនិយាយថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ហេតុអ្វីបានជាទ្រង់មិនបញ្ជូនអ្នកនាំសារម្នាក់មកកាន់ពួកយើងដើម្បីឱ្យពួកយើងដើរតាមសញ្ញាភស្តុតាងរបស់ព្រះអង្គ(ដែលអ្នកនាំសារបាននាំមក)មុនពេលដែលភាពអាប់ឱននិងភាពអាម៉ាស់ធ្លាក់មកលើពួកយើង?

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ រាល់ៗបុគ្គល គឺសុទ្ធតែរង់ចាំមើល(នូវអ្វីដែលអល់ឡោះវិនិច្ឆ័យ)។ ដូច្នេះ ចូរពួកអ្នករង់ចាំមើលចុះ! ពួកអ្នកនឹងដឹងថា តើអ្នកណាដែលស្ថិតនៅមាគ៌ាត្រឹមត្រូវ និងអ្នកណាដែលទទួលបានការចង្អុលបង្ហាញ(ពីអល់ឡោះ)នោះ?