عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

The Prophets [Al-Anbiya] - Khmer translation - Rowwad Translation Center

Surah The Prophets [Al-Anbiya] Ayah 112 Location Maccah Number 21

ការជំនុំជម្រះចំពោះមនុស្សលោកបានខិតជិតមកដល់ហើយ ខណៈដែលពួកគេស្ថិតនៅក្នុងភាពព្រងើយកន្តើយ និងងាកចេញ(ពីការដាស់ព្រមាននេះ)។

ហើយគ្មានការរំឭក(គម្ពីរគួរអាន)ថ្មីណាមួយមកពីព្រះជាម្ចាស់របស់ពួកគេបានមកដល់ពួកគេនោះឡើយ លើកលែងតែពួកគេស្តាប់វាដោយដោយលេងសើចប៉ុណ្ណោះ

ដោយដួងចិត្តរបស់ពួកគេព្រងើយកន្តើយ(មិនយកចិត្តទុកដាក់)ចំពោះវា។ ហើយពួកដែលបំពានបាននិយាយខ្សឹបខ្សៀវគ្នាដោយស្ងាត់ៗថា៖ តើមនុស្សម្នាក់នេះ(ព្យាការីមូហាំម៉ាត់)គ្មានអ្វីក្រៅតែពីជាមនុស្សធម្មតាដូចពួកអ្នកទេឬ? ហើយពួកអ្នកដើរតាមមន្តអាគមឬ ខណៈដែលពួកអ្នកមើលឃើញច្បាស់(ថាគេក៏ជាមនុស្សលោកធម្មតាដូចពួកអ្នក)ដែរនោះ?

គាត់(ព្យាការីមូហាំម៉ាត់)បាននិយាយថា៖ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់ដឹងបំផុតនូវពាក្យសម្តីដែលនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី។ ហើយទ្រង់មហាឮ មហាដឹងបំផុត។

ផ្ទុយទៅវិញ ពួកគេនិយាយថា៖ វា(គម្ពីរគួរអាន)គ្រាន់តែជាសុបិនដែលច្របូកច្របល់ប៉ុណ្ណោះ។ ផ្ទុយទៅវិញ គេគឺជាអ្នកប្រឌិតកុហកវាឡើង។ ផ្ទុយទៅវិញ គេគឺជាកវីនិពន្ធម្នាក់ប៉ុណ្ណោះ។ ដូច្នេះ ចូរឱ្យគេនាំមកឱ្យពួកយើងនូវអច្ឆរិយភាពណាមួយដូចអ្វីដែលគេបញ្ជូនទៅឲ្យបណ្តាអ្នក(នាំសារ)ជំនាន់មុន។

គ្មានភូមិស្រុកណាមួយមុនពួកគេដែលមានជំនឿនោះឡើយ(ពេលដែលពួកគេទទួលបានតាមការទាមទារ)។ ដូច្នេះ យើងក៏បំផ្លាញវា(ភូមិស្រុកនោះ)ទៅ។ តើពួកទាំងនោះ មានជំនឿឬទេ?

ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែជាបុរសៗដែលយើងផ្តល់វ៉ាហ៊ីទៅកាន់ពួកគេប៉ុណ្ណោះ។ ដូចនេះ ចូរពួកអ្នកសួរអ្នកដែលមានចំណេះដឹង(ពួកអះលីគីតាប)ចុះ ប្រសិនបើពួកអ្នកមិនដឹងនោះ។

ហើយយើងមិនបានបង្កើតពួកគេ(អ្នកនាំសារទាំងនោះ)ជារូបរាងកាយដែលមិនទទួលទានអាហារនោះឡើយ។ ហើយពួកគេក៏មិនមានជីវិតអមតៈនោះដែរ។

ក្រោយមក យើងបានធ្វើឱ្យការសន្យាចំពោះពួកគេក្លាយជាការពិតដោយយើងបានសង្គ្រោះពួកគេ ហើយនិងជនណាដែលយើងមានចេតនា និងបំផ្លាញពួកដែលល្មើសបំពាន។

ជាការពិតណាស់ យើងបានបញ្ចុះគម្ពីរ(គួរអាន)ទៅកាន់ពួកអ្នក ដែលមាននៅក្នុងនោះ គឺភាពខ្ពង់ខ្ពស់របស់ពួកអ្នក ។ តើពួកអ្នកមិនចេះគិតពិចារណាទេឬ?

ហើយស្រុកភូមិជាច្រើនមកហើយដែលយើងបានបំផ្លាញវាដោយសារតែពួកគេបានបំពាន។ ហើយយើងបានបង្កើតក្រុមមួយផ្សេងទៀតបន្ទាប់ពីពួកគេ។

ហើយនៅពេលដែលពួកគេបានឃើញនូវទណ្ឌកម្មរបស់យើង ស្រាប់តែពួកគេរត់ចេញពីទីនោះយ៉ាងលឿន។

(ពេលនោះ មានសំឡេងស្រែកហៅពួកគេថា៖) ចូរពួកអ្នកកុំរត់គេចឱ្យសោះ ហើយចូរពួកអ្នកវិលត្រឡប់ទៅកាន់អ្វីដែលពួកអ្នកធ្លាប់បានសោយសុខ និង(ទៅកាន់)លំនៅឋានរបស់ពួកអ្នកវិញចុះ សង្ឃឹមថាពួកអ្នកនឹងត្រូវបានគេសួរ។

ពួកគេបាននិយាយថា៖ ឱអនិច្ចាពួកយើង! ពិតប្រាកដណាស់ ពួកយើងធ្លាប់ជាពួកដែលបំពាន។

ហើយពួកគេនៅតែទទួលស្គាល់ចំពោះការអះអាងរបស់ខ្លួន រហូតទាល់តែយើងធ្វើឱ្យពួកគេប្រៀបដូចជាដំណាំដែលគេច្រូតកាត់ដែលងាប់អស់។

ហើយយើងមិនបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ព្រមទាំងអ្វីៗដែលមាននៅក្នុងវាទាំងពីរជាការលេងសើចនោះឡើយ។

ប្រសិនបើយើងមានបំណងចង់យកមហេសីឬបុត្រនោះ ប្រាកដជាយើងនឹងយកអ្នកដែលនៅក្បែរយើងជាមិនខាន ប្រសិនបើយើងចង់ធ្វើ(ដូច្នោះ)មែននោះ។

ផ្ទុយទៅវិញ យើងនឹងបំភ្លឺភាពពិតទៅលើភាពខុសឆ្គង វាក៏រលាយសាបសូន្យ។ ពេលនោះ ភាពខុសឆ្គងក៏ត្រូវបាត់បង់។ ហើយភាពវិនាសអន្តរាយ គឺសម្រាប់ពួកអ្នកដោយសារតែអ្វីដែលពួកអ្នកបានចោទប្រកាន់(ទៅលើអល់ឡោះ)។

ហើយអ្នកដែលនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយអ្នកដែលនៅក្បែរទ្រង់(ម៉ាឡាអ៊ីកាត់) ពួកគេមិនក្រអឺតក្រទមក្នុងការគោរពសក្ការៈចំពោះទ្រង់ឡើយ ហើយពួកគេក៏មិនមានការនឿយណាយនោះដែរ។

ពួកគេលើកតម្កើងដល់ទ្រង់ទាំងយប់ទាំងថ្ងៃដោយគ្មានការនឿយហត់នោះឡើយ។

ឬមួយគេ(ពួកមុស្ហរីគីន)បានយកព្រះនានានៅលើផែនដីធ្វើជាម្ចាស់ ដែលពួកវាមិនអាចប្រោសជីវិតដែលស្លាប់ឱ្យរស់ឡើងវិញផងនោះ?

ប្រសិនបើនៅលើមេឃជាច្រើនជាន់និងនៅលើផែនដីមានព្រះច្រើនក្រៅពីអល់ឡោះនោះ វាទាំងពីរ(មេឃនិងផែនដី)ច្បាស់ជាអន្តរាយជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នៃអារ៉ស្ហនោះ ទ្រង់មហាស្អាតស្អំអំពីអ្វីដែលពួកគេចោទប្រកាន់។

ទ្រង់មិនត្រូវបានគេសួរអំពីអ្វីដែលទ្រង់ធ្វើនោះទេ តែពួកគេទៅវិញទេដែលត្រូវបានគេសួរនោះ។

ឬមួយពួកគេយកព្រះនានាក្រៅពីអល់ឡោះធ្វើជាម្ចាស់? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកនាំយកនូវអំណះអំណាងរបស់ពួកអ្នកមក។ គម្ពីរគួរអានដែលនៅជាមួយខ្ញុំនេះ និងគម្ពីររបស់អ្នកជំនាន់មុនខ្ញុំ(គឺមិនមានបញ្ជាក់ពីរឿងនេះឡើយ)។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេ គឺមិនដឹងពីការពិតនោះឡើយ។ ដូច្នេះ ពួកគេគឺជាពួកដែលងាកចេញ(ពីការពិត)។

ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែយើងបានផ្តល់វ៉ាហ៊ីទៅកាន់គេថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះយើង(តែមួយគត់)។

ហើយពួកគេនិយាយថា៖ ព្រះជាម្ចាស់ដ៏មហាសប្បុរសទ្រង់មានបុត្រ។ ទ្រង់មហាស្អាតស្អំ។ ផ្ទុយទៅវិញ ពួកគេ(ម៉ាឡាអ៊ីកាត់) គឺជាខ្ញុំបម្រើ(របស់អល់ឡោះ)ដែលត្រូវបានគេលើកតម្កើងប៉ុណ្ណោះ។

ពួកគេ(ម៉ាឡាអ៊ីកាត់)មិនហ៊ានផ្តើមសម្តី(របស់ពួកគេ)មុនទ្រង់នោះឡើយ។ ហើយពួកគេប្រតិបត្តិតាមបទបញ្ជារបស់ទ្រង់។

ទ្រង់ដឹងនូវអ្វីដែលនៅខាងមុខពួកគេ(ទង្វើកាលពីមុន) និងអ្វីដែលនៅខាងក្រោយពួកគេ(ទង្វើដែលពួកគេនឹងសាង)។ ហើយពួកគេមិនធ្វើអន្តរាគមន៍ដល់នរណានោះឡើយ លើកលែងតែជនណាដែលទ្រង់ពេញចិត្តប៉ុណ្ណោះ។ ហើយដោយការខ្លាចចំពោះទ្រង់ ពួកគេប្រុងប្រយ័ត្ន(ជានិច្ច)។

ហើយជនណាក្នុងចំណោមពួកគេ(ម៉ាឡាអ៊ីកាត់)ដែលនិយាយថា៖ “ពិតណាស់ ខ្ញុំគឺជាម្ចាស់ដែលត្រូវបានគេគោរពសក្ការៈក្រៅពីទ្រង់”នោះ យើងពិតជានឹងតបស្នងនូវនរកជើហាន់ណាំដល់គេ។ ក៏ដូច្នោះដែរ យើងនឹងតបស្នងដល់ពួកដែលបំពាន។

តើពួកដែលគ្មានជំនឿមិនបានដឹងទេឬថា ជាការពិតណាស់ មេឃជាច្រើនជាន់និងផែនដី វាទាំងពីរគឺធ្លាប់ស្ថិតនៅជាប់គ្នា។ ក្រោយមក យើងក៏បានបំបែកវាចេញពីគ្នា។ ហើយយើងបានបង្កើតរាល់អ្វីៗទាំងអស់ដែលមានជីវិតតាមរយៈទឹក។ ដូច្នេះ តើពួកគេមិនមានជំនឿទេឬ?

ហើយយើងបានបង្កើតនៅលើផែនដីនោះនូវភ្នំជាច្រើន(សម្រាប់ទប់លំនឹង)ដើម្បីកុំឱ្យវាញ័ររញ្ជួយដល់ពួកគេ។ ហើយយើងបានបង្កើតឱ្យមានផ្លូវធំទូលាយជាច្រើននៅលើផែនដី។ សង្ឃឹមថាពួកគេទទួលបានការចង្អុលបង្ហាញ(ទៅកាន់គោលដៅ)។

ហើយយើងបានបង្កើតមេឃជាដំបូលដែលត្រូវបានការពារ។ តែពួកគេ(ពួកមុស្ហរីគីន) បែរជាងាកចេញពីសញ្ញាភស្តុតាងនានារបស់វាដដែល។

ហើយទ្រង់ជាអ្នកដែលបានបង្កើតពេលយប់ ពេលថ្ងៃ ព្រះអាទិត្យ និងព្រះចន្ទ។ អ្វីៗទាំងនោះ គឺសុទ្ធតែធ្វើដំណើរតាមគន្លងរបស់វា(រៀងៗខ្លួន)។

ហើយយើងមិនបានបង្កើតមនុស្សណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យមានជីវិតអមតៈនោះឡើយ។ ប្រសិនបើអ្នកក៏នឹងត្រូវស្លាប់ដែរនោះ ដូច្នេះ តើពួកគេអាចមានជីវិតអមតៈឬ?

រាល់ជីវិតទាំងអស់ គឺនឹងត្រូវភ្លក់រសជាតិនៃសេចក្តីស្លាប់។ ហើយយើងនឹងសាកល្បងពួកអ្នក(ឱមនុស្សលោក)ដោយប្រការអាក្រក់ និងប្រការល្អ។ ហើយពួកអ្នកនឹងត្រូវគេនាំត្រឡប់មកកាន់យើង(តែមួយគត់)។

ហើយនៅពេលដែលពួកប្រឆាំងបានឃើញអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពួកគេបានយកអ្នកធ្វើជាការលេងសើច(ដោយនិយាយថា៖) តើគេនេះឬដែលមើលងាយព្រះនានារបស់ពួកអ្នកនោះ? ហើយពួកគេក៏ជាពួកដែលប្រឆាំងនឹងការរំឭករបស់ព្រះជាម្ចាស់ដ៏មហាសប្បុរស។

មនុស្សលោកត្រូវបានគេបង្កើតមកដោយមានចរិតអន្ទះសា។ យើងនឹងបង្ហាញឱ្យពួកអ្នកបានឃើញនូវសញ្ញាភស្តុតាងរបស់យើង។ ហេតុនេះ ចូរពួកអ្នកកុំសុំឲ្យ(ទណ្ឌកម្ម)ឆាប់មកដល់។

ហើយពួកគេបាននិយាយថា៖ តើការសន្យានេះនឹងមកដល់នៅពេលណា ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ?

ប្រសិនបើពួកប្រឆាំងបានដឹងនៅពេលដែលពួកគេមិនអាចការពារភ្លើងនរកចេញពីមុខរបស់ពួកគេ និងពីខ្នងរបស់ពួកគេបាន ហើយក៏គ្មានអ្នកណាដែលអាចជួយពួកគេបានដែរនោះ(ម្ល៉ោះពួកគេក៏នឹងមិនសុំឱ្យទណ្ឌកម្មនោះឆាប់មកដល់នោះដែរ)។

ផ្ទុយទៅវិញ វា(ទណ្ឌកម្ម)នឹងមកដល់ពួកគេភ្លាមៗដែលធ្វើឲ្យពួកគេស្រឡាំងកាំង។ ពេលនោះ ពួកគេគ្មានសមត្ថភាពរុញច្រានវានោះទេ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេលឲ្យនោះដែរ។

ហើយជាការពិតណាស់ មានបណ្តាអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក៏ត្រូវបានគេចំអកឡកឡឺយដែរ។ ពេលនោះ ពួកដែលចំអកឡកឡឺយក្នុងចំណោមពួកគេត្រូវបានហ៊ុមព័ទ្ធទៅដោយអ្វី(ទណ្ឌកម្ម)ដែលពួកគេធ្លាប់បានចំអកឡកឡឺយចំពោះវានោះ។

ចូរអ្នកសួរទៅកាន់ពួកពោលថា៖ តើមានអ្នកណាដែលអាចការពារពួកអ្នកនៅពេលយប់និងនៅពេលថ្ងៃអំពីព្រះជាម្ចាស់ដ៏មហាសប្បុរស? ផ្ទុយទៅវិញ ពួកគេគឺជាពួកដែលងាកចេញពីការំឭករបស់ព្រះជាម្ចាស់របស់ពួកអ្នក។

ឬមួយពួកគេមានព្រះនានាផ្សេងពីយើងដែលអាចការពារពួកគេ(ពីទណ្ឌកម្ម)? ពិតប្រាកដណាស់ ពួកវាគ្មានសមត្ថភាពសូម្បីតែជួយខ្លួនឯង ហើយពួកវាក៏មិនរួចផុតពីទណ្ឌកម្មរបស់យើងបាននោះដែរ។

ផ្ទុយទៅវិញ យើងបានផ្តល់ការសោយសុខដល់ពួកទាំងនោះ និងជីដូនជីតារបស់ពួកគេ រហូតដល់ពួកគេមានអាយុវែង។ តើពួកគេ(ប្រឆាំង)មិនឃើញទេឬថា ជាការពិតណាស់ យើងបានរំដោះយកទឹកដីរបស់ពួកគេដោយយើងបានកាត់បន្ថយវាបន្តិចម្តងៗនៅគ្រប់ទិសទីទាំងអស់។ ដូច្នេះ តើពួកគេជាអ្នកឈ្នះឬ?

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តាមពិត ខ្ញុំគ្រាន់តែដាស់តឿនព្រមានពួកអ្នកតាមរយៈវ៉ាហ៊ីប៉ុណ្ណោះ។ ហើយអ្នកដែលថ្លង់នោះ គឺស្តាប់មិនឮការអំពាវនាវនោះឡើយនៅពេលដែលមានគេដាស់តឿនព្រមានពួកគេនោះ។

ហើយប្រសិនបើមួយចំណែកនៃទណ្ឌកម្មព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្លាក់ទៅលើពួកគេ នោះពួកគេប្រាកដជានឹងនិយាយថា៖ ឱអនិច្ចាពួកយើង! ពិតប្រាកដណាស់ ពួកយើងធ្លាប់ជាពួកដែលបំពាន។

ហើយយើងនឹងដាក់ជញ្ជីងយុត្តិធម៌នៅថ្ងៃបរលោក(ដើម្បីថ្លឹងទង្វើពួកគេ)។ ដូចនេះ គ្មានជីវិតណាម្នាក់ត្រូវបានគេបំពានបន្តិចណាឡើយ សូម្បីតែវា(ទង្វើដែលត្រូវថ្លឹង)មានទំហំតូចប៉ុនគ្រាប់ស្ពៃក៏ដោយ ក៏យើងនាំវាមក(ថ្លឹង)ដែរ។ គ្រប់គ្រាន់ហើយដែលយើងជាអ្នកជំនុំជម្រះ។

ហើយជាការពិតណាស់ យើងបានប្រទានឱ្យព្យាការីមូសា និងព្យាការីហារូននូវគម្ពីរតាវរ៉ត ដែលជាពន្លឺ និងជាការរំឭកដល់បណ្តាអ្នកដែលកោតខ្លាច។

គឺបណ្តាអ្នកដែលខ្លាចព្រះជាម្ចាស់របស់ពួកគេទាំងអាថ៌កំបាំង ហើយពួកគេជាពួកដែលខ្លាចថ្ងៃបរលោក។

ហើយ(គម្ពីរគួរអាន)ដែលយើងបានបញ្ចុះមកនេះ គឺជាការរំឭកដ៏មានពរជ័យ។ ដូច្នេះ តើពួកអ្នកនៅតែបដិសេធចំពោះវាទៀតឬ?

ហើយជាការពិតណាស់ យើងបានប្រទានឱ្យព្យាការីអ៊ីព្រហ៊ីមនូវការចង្អុលបង្ហាញដល់គេកាលពីមុន។ ហើយយើងជាអ្នកដែលដឹងបំផុតចំពោះគេ។

នៅពេលដែលគាត់បាននិយាយទៅកាន់ឪពុករបស់គាត់ និងក្រុមរបស់គាត់ថា៖ តើរូបបដិមាដែលពួកអ្នកនាំគ្នាគោរពសក្ការៈចំពោះពួកវាទាំងនេះ គឺជាអ្វី?

ពួកគេតបថា៖ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងគោរពសក្ការៈចំពោះពួកវា។

គាត់ក៏តបថា៖ ពិតប្រាកដណាស់ ពួកអ្នក និងជីដូនជីតារបស់ពួកអ្នក គឺស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។

ពួកគេក៏បានតបវិញថា៖ តើអ្នកនាំមកឱ្យពួកយើងនូវការពិត ឬមួយក៏អ្នកស្ថិតក្នុងចំណោមអ្នកដែលលេងសើច?

គាត់បានតបថា៖ ផ្ទុយទៅវិញ ព្រះជាម្ចាស់របស់អ្នក គឺជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដីដែលទ្រង់បានបង្កើតពួកវាមក។ ហើយខ្ញុំគឺស្ថិតក្នុងចំណោមអ្នកដែលធ្វើសាក្សីលើរឿងនោះ។

សូមស្បថនឹងអល់ឡោះ! ខ្ញុំពិតជានឹងរៀបចំគម្រោងការកម្ទេចបដិមារបស់ពួកអ្នក ក្រោយពីពួកអ្នកចាកចោលពួកវា(ទៅចូលរួមពិធីបុណ្យ)។

ពេលនោះ គាត់ក៏បានវាយកម្ទេចរូបបដិមាទាំងនោះជាបំណែកៗ លើកលែងតែបដិមាមួយដែលធំជាងគេ ដើម្បីឱ្យពួកគេត្រឡប់ទៅកាន់វា(ហើយសួរវា)។

(ពេលដែលពួកគេត្រឡប់មកវិញ) ពួកគេសួរថា៖ តើអ្នកណាជាអ្នកធ្វើទង្វើនេះដាក់ព្រះនានារបស់ពួកយើង? ពិតប្រាកដណាស់ អ្នកនោះពិតជាស្ថិតក្នុងចំណោមពួកដែលបំពាន។

ពួកគេមួយចំនួនបាននិយាយថា៖ ពួកយើងបានឮយុវជនម្នាក់និយាយអាក្រក់ពីវា(បដិមា) ដែលគេហៅ(យុវជនម្នាក់នោះ)ថា អ៊ីព្រហ៊ីម។

ពួកគេ(ពួកមេដឹកនាំ)បាននិយាយថា៖ ចូរពួកអ្នកនាំគេមកបង្ហាញនៅចំពោះមុខមហាជនទាំងឡាយ ដើម្បីឱ្យពួកគេធ្វើជាសាក្សី។

ពួកគេក៏បានសួរគាត់ថា៖ តើអ្នកឬដែលបានធ្វើនូវទង្វើបែបនេះដាក់ព្រះនានារបស់ពួកយើង ឱអ៊ីព្រហ៊ីម?

គាត់បានតបថា៖ ផ្ទុយទៅវិញ គឺរូបបដិមាដែលធំជាងគេនេះឯងដែលជាធ្វើ។ ហេតុនេះ ចូរពួកអ្នកសួរពួកវាចុះ ប្រសិនបើពួកវាអាចនិយាយបានមែននោះ។

ពេលនោះ ពួកគេក៏បានបែរមកធ្វើការពិចារណាលើខ្លួនឯង។ ពេលនោះ ពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលបំពាន។

ក្រោយមក ភាពចចេសរឹងរូសរបស់ពួកគេក៏បានត្រឡប់មកវិញ(ហើយពួកគេបាននិយាយថា៖) ជាការពិតណាស់ អ្នកដឹងច្បាស់ហើយថា រូបបដិមាទាំងនោះមិនអាចនិយាយអ្វីបាននោះទេ។

គាត់ក៏បានតបថា៖ ដូច្នេះ តើពួកអ្នកគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីអល់ឡោះដែលពួកវាមិនអាចផ្តល់ផលប្រយោជន៍អ្វី ហើយក៏មិនអាចផ្តល់គ្រោះថ្នាក់ដល់ពួកអ្នកសោះនោះឬ?

គួរឱ្យអាម៉ាស់បំផុតចំពោះពួកអ្នក និងចំពោះអ្វីដែលពួកអ្នកគោរពសក្ការៈផ្សេងពីអល់ឡោះនោះ។ ដូច្នេះ តើពួកអ្នកមិនចេះគិតពិចារណាទេឬ?

ពួកគេក៏និយាយថា៖ ចូរពួកអ្នកដុតគេ ហើយសង្គ្រោះព្រះនានារបស់ពួកអ្នកចុះ ប្រសិនបើពួកអ្នកចង់ធ្វើ។

យើង(អល់ឡោះ)បានមានបន្ទូលថា៖ ឱភ្លើង! ចូរឯងប្រែទៅជាត្រជាក់ ហើយផ្តល់សុវត្ថិភាពដល់អ៊ីព្រហ៊ីមចុះ។

ហើយគេមានបំណងរៀបចំផែនការអាក្រក់ចំពោះគាត់ តែយើងបានធ្វើឱ្យពួកគេខាតបង់។

ហើយយើងបានជួយសង្គ្រោះគាត់ និងព្យាការីលូតទៅកាន់ទឹកដីដែលយើងបានប្រទានពរជ័យចំពោះទឹកដីនេះសម្រាប់ពិភពទាំងអស់។

ហើយយើងបានប្រទានបន្ថែមដល់គាត់នូវព្យាការីអ៊ីស្ហាក(ជាកូន) និងព្យាការីយ៉ាក់កូប(ជាចៅ)។ ហើយយើងបានធ្វើឱ្យពួកគេពួកគេទាំងអស់ក្លាយជាអ្នកដែលសាងកុសល។

ហើយយើងបានឱ្យពួកគេក្លាយទៅជាអ្នកដឹកនាំដែលចង្អុលបង្ហាញ(មនុស្សទៅកាន់ប្រការល្អ)ទៅតាមបទបញ្ជារបស់យើង។ ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់ពួកគេឲ្យសាងអំពើល្អ និងប្រតិបតិ្តសឡាត ហើយនិងបរិច្ចាគហ្សាកាត់។ ហើយពួកគេ គឺជាអ្នកដែលប្រគល់ខ្លួនចំពោះយើង។

ហើយចំពោះព្យាការីលូត យើងបានប្រទានឱ្យគេនូវការ(ចេះ)វិនិច្ឆ័យ និងចំណេះដឹង។ ហើយយើងបានសង្គ្រោះគេពីភូមិស្រុកដែលអ្នកភូមិនោះបានប្រព្រឹត្តនូវទង្វើស្មោកគ្រោក(ស្រលាញ់ភេទដូចគ្នា)។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមអាក្រក់ និងល្មើសច្បាប់។

ហើយយើងបានបញ្ចូលរូបគេ(ព្យាការីលូត)ទៅក្នុងក្តីមេត្តាករុណារបស់យើង។ ពិតប្រាកដណាស់ រូបគេស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសល។

ហើយ(ចូរអ្នករំឭក)រឿងរ៉ាវរបស់ព្យាការីនួហ ខណៈដែលគេបានបួងសួងកាលពីមុន។ ពេលនោះ យើងបានទទួលយកការបួងសួងរបស់គេ។ ហើយយើងបានសង្គ្រោះរូបគេ និងក្រុមគ្រួសាររបស់គេ(អ្នកមានជំនឿ)ពីគ្រោះដ៏ធំធេង។

ហើយយើងបានសង្គ្រោះរូបគេពីក្រុមដែលបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមដែលអាក្រក់។ ដូច្នេះ យើងក៏បានពន្លិចពួកគេទាំងអស់គ្នា(ក្នុងទឹកជំនន់)។

ហើយ(ចូរអ្នករំឭក)រឿងរ៉ាវរបស់ព្យាការីហ្ទាវូទ និងព្យាការីស៊ូឡៃម៉ាន ខណៈដែលគេទាំងពីរបានកាត់ក្តីចំពោះរឿងចម្ការដែលហ្វូងចៀមរបស់ក្រុមមួយបានចូលទៅចម្ការនោះខ្ទេចខ្ទី។ ហើយពិតណាស់ យើងគឺជាសាក្សីចំពោះការកាត់ក្តីរបស់ពួកគេ។

ក្រោយមក យើងបានឱ្យព្យាការីស៊ូឡៃម៉ានយល់ពីរឿងក្តីនេះ។ ហើយចំពោះគេទាំងពីរ យើងប្រទាននូវការវិនិច្ឆ័យ និងចំណេះដឹង។ ហើយយើងបានឱ្យភ្នំ និងសត្វស្លាបទាំងឡាយលើកតម្កើងសរសើរចំពោះយើងជាមួយព្យាការីហ្ទាវូទ។ ហើយយើងជាអ្នកដែលធ្វើរឿងទាំងនេះ។

ហើយយើងបានបង្រៀនដល់គេ(ព្យាការីហ្ទាវូទ)ឱ្យចេះធ្វើអាវក្រោះសម្រាប់ពួកអ្នកដើម្បីការពារពួកអ្នកពីការរងគ្រោះ(ក្នុងសមរភូមិ)។ ដូច្នេះ តើពួកអ្នក(ឱមនុស្សលោក)ជាអ្នកដែលដឹងគុណដែរឬទេ?

ហើយចំពោះព្យាការីស៊ូឡៃម៉ាន យើងបានផ្តល់ឱ្យគេអាចបញ្ជាខ្យល់ដែលបោកបក់យ៉ាងខ្លាំងទៅតាមបទបញ្ជារបស់គេទៅកាន់ទឹកដី(ស្ហាម)ដែលយើងបានប្រទានពរជ័យចំពោះវា។ ហើយយើងជាអ្នកដឹងបំផុតនូវរាល់អ្វីៗទាំងអស់។

ហើយក្នុងចំណោមពពួកស្ហៃតន គឺមានអ្នកដែលជ្រមុជទឹកសមុទ្រ(រុករកអ្វីៗ)ឲ្យគេ(ព្យាការីស៊ូឡៃម៉ាន) និងធ្វើកិច្ចការផ្សេងពីនេះទៀត។ ហើយយើងគឺជាអ្នកថែរក្សាចំពោះពួកគេ។

ហើយ(ចូរអ្នករំឭក)រឿងរ៉ាវរបស់ព្យាការីអៃយ៉ូប ខណៈដែលគេបានបួងសួងពីព្រះជាម្ចាស់របស់គេថា៖ ពិតប្រាកដណាស់ ខ្ញុំបានទទួលរងនូវគ្រោះ(ជំងឺឈឺថ្កាត់ និងបាត់បង់គ្រួសារ) ហើយព្រះអង្គគឺជាអ្នកដែលអាណិតស្រលាញ់ជាងគេបំផុត។

ពេលនោះ យើងក៏បានឆ្លើយតបចំពោះគេ ហើយយើងបានដកយកគ្រោះនោះចេញពីរូបគេ និងបានប្រទានឱ្យគេនូវក្រុមគ្រួសារ(ដែលគេបានបាត់បង់)នោះមកវិញ ព្រមទាំងប្រទានឱ្យគេដូចអ្វីដែលធ្លាប់មាននៅជាមួយពួកគេ(កាលពីមុន) ជាក្តីមេត្តាករុណាពីយើង និងជាការរំឭកដល់អ្នកដែលគោរពសក្ការៈ(ចំពោះយើង)ទាំងឡាយ។

ហើយ(ចូរអ្នករំលឹក)រឿងរ៉ាវរបស់ព្យាការីអ៊ីស្មាអែល ព្យាការីអ៊ីទ្រីស និងព្យាការីហ្ស៊ុលគីហ្វល៍។ ពួកគេទាំងអស់នោះ សុទ្ធតែស្ថិតក្នុងចំណោមអ្នកដែលអត់ធ្មត់។

ហើយយើងបានបញ្ចូលពួកគេទៅក្នុងក្តីមេត្តាករុណារបស់យើង ដោយយើងបានឱ្យពួកគេក្លាយជាព្យាការី ព្រមទាំងបញ្ចូលពួកគេទៅក្នុងឋានសួគ៌(នៅថ្ងៃបរលោក)។ ពិតប្រាកដណាស់ ពួកគេស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសល។

ហើយ(ចូរអ្នករំឭក)រឿងរ៉ាវរបស់អ្នកដែលស្ថិតនៅក្នុងពោះត្រី(ព្យាការីយូនូស) ខណៈដែលគេបានចាកចេញទាំងកំហឹង ដោយគេគិតស្មានថា យើងមិនយកទោសពៃរលើរូបគេឡើយ។ នៅពេលនោះ គេក៏បានបួងសួងទាំងដែលគេស្ថិតនៅក្នុងភាពងងឹត(នៅក្នុងពោះត្រី)ថា៖ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីព្រះអង្គឡើយ។ ព្រះអង្គមហាស្អាតស្អំ។ ពិតប្រាកដណាស់ ខ្ញុំទេដែលស្ថិតក្នុងចំណោមអ្នកដែលបំពាននោះ។

ពេលនោះ យើងក៏បានឆ្លើយតបចំពោះគេ ហើយយើងបានសង្គ្រោះរូបគេពីទុក្ខព្រួយនោះ។ ក៏ដូច្នោះដែរ យើងនឹងសង្គ្រោះបណ្តាអ្នកដែលមានជំនឿទាំងឡាយ។

ហើយ(ចូរអ្នករំលឹក)រឿងរ៉ាវរបស់ហ្សាការីយ៉ា ខណៈដែលគេបានបួងសួងសុំពីព្រះជាម្ចាស់របស់គេថា៖ បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាកុំទុកខ្ញុំឲ្យនៅម្នាក់ឯង(ដោយគ្មានកូនស្នងត្រកូល)ឲ្យសោះ ខណៈដែលព្រះអង្គជាអ្នកដែលផ្តល់នូវអ្នកស្នងត្រកូលដែលល្អបំផុត។

ពេលនោះ យើងក៏បានឆ្លើយតបចំពោះគេ ហើយយើងបានប្រទាននូវព្យាការីយ៉ះយ៉ា(ជាកូន)ដល់រូបគេ ហើយយើងបានព្យាបាលភរិយារបស់គេ(ពីជំងឺអារ)។ ពិតប្រាកដណាស់ ពួកគេរួសរាន់ក្នុងការសាងអំពើល្អ ហើយពួកគេបួងសួងមកកាន់យើងដោយក្តីសង្ឃឹម និងកោតខ្លាច។ ហើយពួកគេ គឺជាអ្នកដែលឱនលំទោនបំផុតមកចំពោះយើង។

ហើយ(ចូរអ្នករំឭក)រឿងរ៉ាវអ្នកដែលបានរក្សាភាពបរិសុទ្ធរបស់ខ្លួន(ម៉ារយ៉ាំ) ហើយយើងបានឲ្យជីព្រីលផ្លុំវិញ្ញាណទៅក្នុងខ្លួននាង។(ពេលនោះ នាងក៏មានផ្ទៃពោះ)។ ហើយនាង និងកូនប្រុសរបស់នាង(ព្យាការីអ៊ីសា)ក្លាយជាសញ្ញាភស្តុតាងមួយសម្រាប់មនុស្សលោក។

ជាការពិតណាស់ សាសនារបស់ពួកអ្នកនេះ(ឱមនុស្សលោក) គឺជាសាសនាតែមួយគត់(សាសនាអ៊ីស្លាម) ហើយយើងគឺជាព្រះជាម្ចាស់របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈមកចំពោះយើង(តែមួយគត់)។

ក៏ប៉ុន្តែ ពួកគេបានបែកបាក់គ្នាចំពោះកិច្ចការ(សាសនា)របស់ពួកគេ។ ហើយអ្នកទាំងអស់នោះ គឺនឹងវិលត្រឡប់មកកាន់យើង(តែមួយគត់)។

ដូច្នេះ ជនណាដែលសាងទង្វើកុសល ហើយរូបគេជាអ្នកដែលមានជំនឿទៀតនោះ គឺគេមិនបដិសេធ(បំបាត់)នូវការខំប្រឹងប្រែងរបស់គេឡើយ។ ហើយពិតប្រាកដណាស់ យើងគឺជាអ្នកកត់ត្រាសម្រាប់រូបគេ។

វាមិនអាចទៅរួចឡើយចំពោះស្រុកភូមិដែលយើងបានបំផ្លាញអាចវិលត្រឡប់(ទៅកាន់លោកិយវិញម្តងទៀត)នោះ។

រហូតដល់ពេលដែលគេបើក(រនាំងរបស់)យ៉ាក់ជូច និងម៉ាក់ជូច។ ហើយពួកវានឹងចេញមកយ៉ាងលឿនពីតាមតំបន់ខ្ពស់ៗទាំងឡាយ។

ហើយការសន្យាយ៉ាងពិតប្រាកដ(ថ្ងៃបរលោក)បានខិតជិតមកដល់។ ពេលនោះ ពួកគ្មានជំនឿបានបើកភ្នែកធំៗ(ដោយពួកគេនិយាយថា៖) វិនាសអន្តរាយហើយពួកយើង! ពិតប្រាកដណាស់ ពួកយើងធ្លាប់ស្ថិតក្នុងភាពព្រងើយកន្តើយចំពោះថ្ងៃនេះ។ ផ្ទុយទៅវិញ ពួកយើងធ្លាប់ជាពួកដែលបំពាន។

ពិតប្រាកដណាស់ ពួកអ្នក(ពួកគ្មានជំនឿ) និងអ្វីដែលពួកអ្នកគោរពសក្ការៈផ្សេងពីអល់ឡោះ គឺជាអុសសម្រាប់ដុតបញ្ឆេះនរកជើហាន់ណាំដែលពួកអ្នកនឹងចូលទៅក្នុងវា(ជាអមតៈ)។

ប្រសិនបើព្រះទាំងនេះ គឺជាព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដមែននោះ ច្បាស់ជាពួកវានឹងមិនចូលនរក(ជាមួយពួកគេឡើយ)។ ហើយពួកគេទាំងអស់ គឺស្ថិតនៅទីនោះជាអមតៈ។

នៅក្នុងឋាននរកនោះ ពួកគេស្រែកថ្ងូរយ៉ាងខ្លាំង។ ហើយនៅក្នុងឋាននរកនោះ ពួកគេមិនឮអ្វីឡើយ។

ជាការពិតណាស់ បណ្តាអ្នកដែលគេបានកំណត់អំពីយើងនូវភ័ព្វសំណាងល្អសម្រាប់ពួកគេនោះ ពួកគេគឺជាអ្នកដែលត្រូវបានគេបញ្ចៀសឱ្យឆ្ងាយ(ពីភ្លើងនរក)។

ពួកគេមិនឮសំឡេងអណ្តាតភ្លើងនៃនរកឡើយ។ ហើយពួកគេនៅសោយសុខជាអមតៈតាមអ្វីដែលពួកគេប្រាថ្នា។

ភាពរន្ធត់យ៉ាងក្រៃលែង(នាថ្ងៃបរលោក)មិនបានធ្វើឲ្យពួកគេភ័យខ្លាចនោះឡើយ។ ហើយម៉ាឡាអ៊ីកាត់បានទទួលរាក់ទាក់ចំពោះពួកគេ(ដោយពោលថា៖) នេះគឺជាថ្ងៃរបស់ពួកអ្នកដែលពួកអ្នកធ្លាប់ត្រូវបានគេសន្យា(នៅក្នុងលោកិយ)។

នៅថ្ងៃដែលយើងនឹងមូរមេឃដូចជាការមូរក្រដាសដែលបានសរសេរ។ ដូចដែលយើងបានផ្តើមបង្កើតពួកគេកាលពីដំបូងនោះដែរ យើងនឹងបង្កើតពួកគេម្តងទៀត។ ជាការសន្យារបស់យើងដ៏ពិតប្រាកដ។ ជាការពិតណាស់ យើងគឺជាអ្នកដែលធ្វើ(តាមការសន្យា)។

ហើយជាការពិតណាស់ យើងបានចារនៅក្នុងបណ្តាគម្ពីរទាំងឡាយក្រោយពីយើងបានចារនៅក្នុងគម្ពីរកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)រួចថា៖ ពិតប្រាកដណាស់ ផែនដី គឺខ្ញុំបម្រើរបស់យើងដែលសាងទង្វើកុសលជាអ្នកដែលទទួលមរតករបស់វា។

ជាការពិតណាស់ នៅក្នុង(ការទូន្មាន)នេះ គឺជាមេរៀនដែលគ្រប់គ្រាន់ហើយសម្រាប់ក្រុមដែលគោរពសក្ការៈ(ចំពោះអល់ឡោះតែមួយ)។

ហើយយើងមិនបានបញ្ជូនអ្នក(ព្យាការីមូហាំម៉ាត់)មកនោះឡើយ លើកលែងតែដើម្បីជាក្តីមេត្តាករុណាចំពោះពិភពលោកប៉ុណ្ណោះ។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តាមពិត គេគ្រាន់តែផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំថា៖ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកអ្នកដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺជាព្រះជាម្ចាស់តែមួយគត់។ ដូច្នេះ ចូរពួកអ្នកប្រគល់ខ្លួនចំពោះទ្រង់(ក្លាយជាជនមូស្លីម)។

តែប្រសិនបើពួកគេងាកចេញវិញ ដូច្នេះចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំបានប្រកាសប្រាប់ពួកអ្នកឲ្យបានដឹងដូចគ្នាហើយ។ ហើយខ្ញុំមិនដឹងទេថា អ្វី(ទណ្ឌកម្ម)ដែលគេសន្យាចំពោះពួកអ្នកនោះ តើវានៅជិតឬនៅឆ្ងាយនោះឡើយ។

ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវពាក្យសម្តីដែល(ពួកអ្នក)លាតត្រដាង និងដឹងបំផុតនូវអ្វីដែលពួកអ្នកលាក់បាំង។

ហើយខ្ញុំក៏មិនដឹងដែរ ប្រហែលវាជាការសាកល្បងមួយសម្រាប់ពួកអ្នក និងជាការសប្បាយរីករាយមួយ(សម្រាប់ពួកអ្នក)រហូតដល់ពេលកំណត់។

គាត់(ព្យាការីមូហាំម៉ាត់)បានបួងសួងថា៖ បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាវិនិច្ឆ័យដោយសច្ចធម៌ផងចុះ។ ហើយចំពោះព្រះជាម្ចាស់របស់យើងដ៏មហាសប្បុរស(តែមួយគត់)ដែលពួកយើងសុំឱ្យជួយប្រឆាំងនឹងអ្វីដែលពួកអ្នកបាននិយាយចោទប្រកាន់។