The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe Pilgrimage [Al-Hajj] - Khmer translation - Rowwad Translation Center
Surah The Pilgrimage [Al-Hajj] Ayah 78 Location Maccah Number 22
ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកកោតខ្លាចព្រះជាម្ចាស់របស់ពួកអ្នក។ ជាការពិតណាស់ ការញ័ររញ្ជួយដីនាថ្ងៃបរលោក គឺជារឿងមួយដ៏ធំធេងបំផុត។
នាថ្ងៃដែលពួកអ្នកនឹងឃើញថា រាល់ស្ត្រីដែលបំបៅកូនទាំងអស់ នឹងភ្លេចភ្លាំងស្មារតីពីកូនដែលខ្លួនបំបៅ។ ហើយរាល់ស្ត្រីដែលមានផ្ទៃពោះ នឹងត្រូវរលូតកូនក្នុងផ្ទៃ។ ហើយអ្នកនឹងឃើញមនុស្សលោកស្រវឹង(បាត់បង់ស្មារតី) តែពួកគេមិនមែនស្រវឹងនោះឡើយ។ ក៏ប៉ុន្តែ(ដោយសារតែ)ទណ្ឌកម្មរបស់អល់ឡោះ គឺធ្ងន់ធ្ងរបំផុត។
ហើយក្នុងចំណោមមនុស្សលោក មានអ្នកខ្លះដែលជជែកដេញដោយពី(សមត្ថភាព)អល់ឡោះដោយគ្មានចំណេះដឹង ហើយគេដើរតាមរាល់ស្ហៃតនដែលរឹងរូស។
គេបានចារទៅលើវា(ស្ហៃតន)ថា៖ ជនណាហើយដែលយកវាធ្វើជាអ្នកគាំពារ ពិតប្រាកដណាស់ វានឹងធ្វើឱ្យរូបគេវង្វេង ហើយនាំរូបគេទៅរកទណ្ឌកម្មនៃភ្លើងនរកជាមិនខាន។
ឱមនុស្សលោកទាំងឡាយ! ប្រសិនបើពួកអ្នកមានការមន្ទិលសង្ស័យចំពោះការបង្កើតឱ្យរស់ឡើងវិញ(បន្ទាប់ពីស្លាប់)នោះ ពិតប្រាកដណាស់ យើងបានបង្កើតពួកអ្នកអំពីដី។ ក្រោយមក គឺអំពីទឹកកាម។ ក្រោយមកទៀត វាក៏ក្លាយទៅជាដុំឈាម។ បន្ទាប់មក វាក៏ក្លាយទៅជាដុំសាច់ដែលមានលក្ខណៈពេញលេញ ឬមិនមានលក្ខណៈពេញលេញ(ដោយត្រូវរលូត)ដើម្បីយើងបញ្ជាក់ដល់ពួកអ្នក(ពីសមត្ថភាពរបស់យើង)។ ហើយយើងឱ្យគភ៌នោះស្ថិតនៅក្នុងស្បូនតាមអ្វីដែលយើងមានចេតនា រហូតដល់ពេលដែលពេលកំណត់។ បន្ទាប់មកទៀត យើងបានបញ្ចេញពួកអ្នក(ពីផ្ទៃម្តាយ)ជាទារក។ ក្រោយមក ពួកអ្នកក៏បានធំពេញវ័យ។ ហើយក្នុងចំណោមពួកអ្នក មានអ្នកខ្លះបានស្លាប់ទៅវិញ(មុនពេលពេញវ័យ) ហើយមានអ្នកខ្លះទៀត អាចរស់នៅរហូតដល់វ័យចាស់ជរា ដើម្បីឲ្យរូបគេលែងដឹងនូវអ្វីដែលគេធ្លាប់បានដឹង(វង្វេងវង្វាន់)។ ហើយអ្នកនឹងឃើញដីដែលស្ងួតហួតហែង(គ្មានរុក្ខជាតិសោះ) តែនៅពេលដែលយើងបញ្ចុះទឹកភ្លៀងទៅលើវារួចមក វាក៏កម្រើក និងរីកឡើងវិញ ហើយក៏បានដុះចេញនូវរាល់រុក្ខជាតិគ្រប់បែបយ៉ាងដ៏ស្រស់បំព្រង។
នោះគឺដោយសារតែអល់ឡោះ គឺជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ហើយទ្រង់ជាអ្នកធ្វើឲ្យអ្នកស្លាប់រស់ឡើងវិញ។ ហើយពិតប្រាកដណាស់ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
ហើយពិតប្រាកដណាស់ ថ្ងៃបរលោកនឹងមកដល់ដោយគ្មានការមន្ទិលសង្ស័យចំពោះវាឡើយ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងធ្វើឲ្យអ្នកដែលនៅក្នុងផ្នូររស់ឡើងវិញ។
ហើយក្នុងចំណោមមនុស្សលោក គឺមានអ្នកដែលជជែកដេញដោល(ពីភាពជាម្ចាស់តែមួយគត់របស់)អល់ឡោះដោយគ្មានចំណេះដឹង គ្មានការចង្អុលបង្ហាញ ហើយក៏គ្មានគម្ពីរណាមួយបញ្ជាក់នោះឡើយ។
គេបង្វិលករបស់ខ្លួន(ចេញពីការពិតដោយភាពក្រអឺតក្រទម)ដើម្បីធ្វើឲ្យអ្នកដទៃវង្វេងពីមាគ៌ាររបស់អល់ឡោះ។ សម្រាប់រូបគេនឹងទទួលនូវភាពអាម៉ាស់នៅក្នុងលោកិយនេះ ហើយយើងនឹងឱ្យគេភ្លក់ទណ្ឌកម្មនៃភ្លើងនរកដែលឆាបឆេះនៅថ្ងែបរលោក។
(មានគេនិយាយទៅកាន់ជននោះថា៖) នោះគឺដោយសារតែអ្វីដែលអ្នកបានប្រព្រឹត្តកាលពីមុន(ក្នុងលោកិយ)។ ហើយពិតប្រាកដណាស់ អល់ឡោះទ្រង់មិនបំពានលើខ្ញុំបម្រើ(របស់ទ្រង់)ឡើយ។
ហើយក្នុងចំណោមមនុស្សលោក មានអ្នកដែលគោរពសក្ការៈចំពោះអល់ឡោះដោយភាពមន្ទិលសង្ស័យ។ ប្រសិនបើគេទទួលបានប្រការល្អ គេមានភាពនឹងនរចំពោះវា។ តែប្រសិនបើគេជួបប្រទះការសាកល្បង គេនឹងត្រឡប់ទៅដូចដើមវិញដោយរូបគេបានខាតបង់ទាំងលោកិយ និងបរលោក។ នោះគឺជាការខាតបង់យ៉ាងច្បាស់លាស់។
គេគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីអល់ឡោះដែលវាមិនអាចបង្កគ្រោះថ្នាក់ ហើយក៏មិនអាចផ្តល់ជាប្រយោជន៍អ្វីដល់គេសោះ។ នោះហើយជាការវង្វេងដ៏សែនឆ្ងាយបំផុត។
គេបួងសួងសុំពីអ្នកដែលផ្តល់គ្រោះថ្នាក់ដល់គេជាងផ្តល់ផលប្រយោជន៍។ ជាអ្នកជួយដែលអាក្រក់បំផុត និងជាគូកនដែលអាក្រក់បំផុត។
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងបញ្ចូលបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ធ្វើនូវអ្វីដែលទ្រង់មានបំណង។
ជនណាហើយដែលគិតថា ពិតប្រាកដណាស់ អល់ឡោះទ្រង់នឹងមិនជួយដល់គាត់(ព្យាការីមូហាំម៉ាត់)ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោកទេនោះ ចូរឱ្យគេចងខ្សែទៅនឹងដំបូលផ្ទះរបស់ខ្លួន(ដើម្បីព្យូរកខ្លួនឯង) រួចចូរឲ្យគេកាត់ខ្សែនោះ។ បន្ទាប់មក ចូរឱ្យគេមើលចុះ ថាតើការធ្វើដូចនោះធ្វើឱ្យកំហឹងដែលមាននៅក្នុងខ្លួនរបស់គេបាត់បង់ដែរឬទេ?
ហើយក៏ដូច្នោះដែរ យើងបានបញ្ចុះវា(គម្ពីរគួរអាន)ដែលមានវាក្យខណ្ឌជាច្រើនដ៏ច្បាស់លាស់។ ហើយពិតប្រាកដណាស់ អល់ឡោះទ្រង់ចង្អុលបង្ហាញជនណាដែលទ្រង់មានបំណង។
ពិតប្រាកដណាស់ បណ្តាអ្នកដែលមានជំនឿ ពួកយូដា ពួកសពីអ៊ីន(ក្រុមមួយនៃអ្នកដែលដើរតាមបណ្តាព្យាការីមួយចំនួន) ពួកគ្រឹស្ទាន ពួកដែលគោរពភ្លើង និងពួកដែលធ្វើស្ហ៊ីរិក ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងកាត់សេចក្តីរវាងពួកគេនៅថ្ងៃបរលោក។ ជាការពិតណាស់ អល់ឡោះទ្រង់ជាសាក្សីលើរាល់អ្វីៗទាំងអស់។
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ត្រូវបានអ្នកដែលនៅលើមេឃជាច្រើនជាន់ និងអ្នកដែលនៅលើផែនដី ព្រះអាទិត្យ ព្រះចន្ទ ហ្វូងតារា ភ្នំទាំងឡាយ ដើមឈើនានា សត្វ រួមទាំងមនុស្សលោកជាច្រើនបានក្រាបស៊ូជោតចំពោះទ្រង់។ ហើយក៏មានមនុស្សលោកជាច្រើនផងដែរដែលទណ្ឌកម្មនឹងធ្លាក់លើពួកគេ។ ហើយជនណាដែលអល់ឡោះទ្រង់ធ្វើឱ្យរូបគេអាប់ឱននោះ ជាការពិតណាស់ គឺគ្មាននរណាម្នាក់លើកតម្កើងរូបគេនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ធ្វើនូវអ្វីដែលទ្រង់មានចេតនា។
ក្រុមទាំងពីរនេះ(ក្រុមអ្នកដែលមានជំនឿ និងក្រុមដែលគ្មានជំនឿ)បានឈ្លោះប្រកែកគ្នាពីរឿងព្រះជាម្ចាស់របស់ពួកគេ។ ជាការពិតណាស់ ពួកដែលគ្មានជំនឿនោះ គេនឹងកាត់សម្លៀកបំពាក់ពីភ្លើងនរកឲ្យពួកគេ ហើយគេនឹងចាក់ទឹកពុះដែលក្តៅបំផុតពីលើក្បាលពួកគេ។
អ្វីដែលនៅក្នុងពោះរបស់ពួកគេនោះ និងស្បែក(របស់ពួកគេ)នឹងត្រូវរលេះរលួយដោយសារតែទឹកនោះ។
ហើយសម្រាប់ពួកគេ គឺមានញញួរដែក(សម្រាប់វាយក្បាលពួកគេ)។
រាល់ពេលដែលពួកគេចង់ចេញពីឋាននរកដោយសារតែទុក្ខលំបាក(ដែលពួកគេទទួលរង) ពួកគេនឹងត្រូវបានគេ(ម៉ាឡាអ៊ីកាត់)រុញត្រឡប់ទៅក្នុងនរកវិញ។ ហើយ(មានគេនិយាយថា៖)ចូរពួកអ្នកភ្លក់នូវទណ្ឌកម្មដែលឆាបឆេះនេះចុះ។
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងបញ្ចូលបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ នៅក្នុងឋានសួគ៌នោះ ពួកគេត្រូវបានគេតុបតែងដោយកងដៃធ្វើអំពីមាស និងគុជខ្យង។ ហើយសម្លៀកបំពាក់របស់ពួកគេនៅក្នុងឋានសួគ៌នោះ គឺក្រណាត់សូត្រ។
ហើយពួកគេត្រូវបានគេចង្អុលបង្ហាញទៅរកពាក្យសម្តីដែលល្អ(កាលីម៉ះតាវហេវទ ការកោតសរសើរអល់ឡោះ...) ហើយពួកគេត្រូវបានគេចង្អុលបង្ហាញទៅរកមាគ៌ាដែលត្រូវបានគេកោតសរសើរ(សាសនាអ៊ីស្លាម)។
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ ហើយបានរារាំងអ្នកដទៃពីមាគ៌ាអល់ឡោះ និងពីម៉ាស្ជិតអាល់ហារ៉មដែលយើងចាត់ទុកវាជាកន្លែងដែលមានភាពស្មើគ្នាទាំងអ្នកដែលរស់នៅទីនោះ(ក្រុងម៉ាក្កះ) និងអ្នកដែលមកពីខាងក្រៅ (ពួកគេនឹងទទួលនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ)។ ហើយជនណាដែលមានបំណងងាករេ(ចេញពីសេចក្តីពិត)ដោយបំពាននៅទីនោះ យើងនឹងឲ្យរូបគេភ្លក្សនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។
ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលយើងបានបញ្ជាក់ដល់ព្យាការីអ៊ីព្រហ៊ីមនូវទីតាំងកាក់ហ្ពះ។ (ហើយយើងបានបញ្ជាថា៖) ចូរអ្នកកុំធ្វើស្ហ៊ីរិកមកចំពោះយើងនូវអ្វីមួយឱ្យសោះ។ ហើយចូរអ្នកសម្អាតគេហដ្ឋានរបស់យើង(កាក់ហ្ពះ)សម្រាប់អ្នកដែលតវ៉ាហ្វ និងអ្នកដែលបញ្ឈរសឡាតទាំងឡាយ។
ហើយចូរអ្នកប្រកាសហៅមនុស្សលោកឱ្យពួកគេមកធ្វើធម្មយាត្រាហាជ្ជី នោះពួកគេនឹងមកកាន់អ្នក(តាមការអំពាវនាវ)ដោយដើរថ្មើរជើង ឬដោយជិះសត្វអូដ្ឋដែលមកពីគ្រប់ច្រកល្ហកដ៏សែនឆ្ងាយ។
ដើម្បីឲ្យពួកគេចូលរួមទទួលនូវផលប្រយោជន៍សម្រាប់ពួកគេ និងដើម្បីឲ្យពួកគេរំឭកព្រះនាមរបស់អល់ឡោះជាម្ចាស់(ទៅលើសត្វជំនូនដែលពួកគេសំឡេះ)នៅក្នុងបណ្តាថ្ងៃដែលត្រូវបានគេកំណត់ចំពោះអ្វីដែលទ្រង់ប្រទានជាលាភសក្ការៈដល់ពួកគេនៃសត្វពាហនៈ។ ដូច្នេះ ចូរពួកអ្នកបរិភោគអំពីវា(សត្វដែលបានសំឡេះ)ទាំងនេះ ហើយចូរបរិច្ចាគទៅដល់អ្នកដែលក្រលំបាក។
បន្ទាប់មក ចូរឲ្យពួកគេបំពេញនូវកិច្ចការហាជ្ជីរបស់ពួកគេ(ដែលនៅសេលសល់) ហើយចូរឲ្យពួកគេបំពេញនូវពាក្យសច្ចារបស់ខ្លួន និងចូរឲ្យពួកគេតវ៉ាហ្វជុំវិញពៃតុលឡោះ។
ទាំងនោះ(គឺជាបទបញ្ជារបស់អល់ឡោះ)។ ហេតុនេះ ជនណាដែលលើកតម្កើងបទបញ្ជារបស់អល់ឡោះ វាគឺជាការប្រសើរសម្រាប់រូបគេនៅឯព្រះជាម្ចាស់របស់គេ។ ហើយគេអនុញ្ញាតឱ្យពួកអ្នកនូវសត្វពាហនៈទាំងឡាយ លើកលែងតែអ្វីដែលគេបានសូត្រប្រាប់ពួកគេ។ ហេតុនេះ ចូរពួកអ្នកចៀសវាងពីប្រការកខ្វក់នៃ(ការគោរព)រូបបដិមានានា និងចូរពួកអ្នកចៀសវាងពីពាក្យសម្តីដែលមិនត្រឹមត្រូវ។
(ចូរអ្នកចៀសវាងពីប្រការទាំងនោះ)ដោយចិត្តស្មោះសចំពោះអល់ឡោះ(តែមួយគត់)ដោយមិនធ្វើស្ហ៊ីរិកនឹងទ្រង់ឡើយ។ ហើយជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់នោះ ហាក់បីដូចជារូបគេធ្លាក់ពីលើមេឃ ដោយអាចត្រូវសត្វស្លាបចឹកស៊ី ឬក៏អាចត្រូវខ្យល់បក់កួចយកគេទៅកាន់កន្លែងមួយដ៏ឆ្ងាយ។
ទាំងនោះ(ជាបទបញ្ជារបស់អល់ឡោះ)។ ហើយជនណាដែលលើកតម្កើងអត្តសញ្ញាណរបស់អល់ឡោះនោះ ជាការពិតណាស់ វាគឺបញ្ជាក់ពីចិត្តដែលកោតខ្លាច(ចំពោះអល់ឡោះ)។
សម្រាប់ពួកអ្នក ចំពោះសត្វជំនូនដែលពួកអ្នកសំឡេះ គឺផ្តល់ផលប្រយោជន៍ជាច្រើន រហូតពេលកំណត់(ដែលត្រូវសំឡេះ)។ បន្ទាប់មក កន្លែងដែលត្រូវសំឡេះវា គឺនៅពៃតុលឡោះ(ក្នុងទឹកដីហារ៉ម)។
ហើយរាល់ប្រជាជាតិនីមួយៗ យើងបានកំណត់ឱ្យមានពិធីសំឡេះសត្វដើម្បីឲ្យពួកគេរំឭកព្រះនាមរបស់អល់ឡោះ(ទៅលើសត្វសំឡេះនោះ)ចំពោះអ្វីដែលទ្រង់បានប្រទានជាលាភសក្ការៈដល់ពួកគេនៃសត្វពាហនៈ។ ជាការពិតណាស់ ព្រះជាម្ចាស់របស់ពួកអ្នកដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺព្រះជាម្ចាស់តែមួយគត់។ ហេតុនេះ ចូរពួកអ្នកប្រគល់ខ្លួនចំពោះទ្រង់។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលបន្ទាបខ្លួន(ចំពោះអល់ឡោះ)ចុះ។
គឺបណ្តាអ្នកដែលនៅពេលណាដែលមានគេរំឭកពីអល់ឡោះ ដួងចិត្តរបស់ពួកគេមានការភ័យខ្លាច(ពីទណ្ឌកម្មរបស់ទ្រង់) ហើយពួកគេអត់ធ្មត់ចំពោះអ្វីដែលពួកគេជួបប្រទះ។ ពួកគេប្រតិបត្តិសឡាតយ៉ាងពេញលេញ និងបរិច្ចាគ(ទ្រព្យសម្បត្តិ)មួយចំនួនអំពីអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេ។
ហើយចំពោះសត្វអូដ្ឋនិងសត្វគោ យើងបានបង្កើតវាសម្រាប់ពួកអ្នកជានិមិត្តសញ្ញាមួយក្នុងចំណោមនិមិត្តសញ្ញាជាច្រើនរបស់អល់ឡោះ។ ចំពោះវាគឺមានផលប្រយោជន៍យ៉ាងច្រើនសម្រាប់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នករំឭកព្រះនាមអល់ឡោះ(សូត្រ باسم الله)ទៅលើសត្វអូដ្ឋដែលសំឡេះក្នុងពេលដែលវានៅឈរ។ ហើយនៅពេលដែលវាបានដួលទៅលើដីហើយនោះ ចូរពួកអ្នកទទួលទានអំពីវា ហើយផ្តល់វាឱ្យទៅអ្នកក្រដែលមិនហ៊ានសុំ និងអ្នកក្រដែលដាច់ចិត្តសុំ។ ដូច្នោះដែរ យើងបានបង្កើតវាសម្រាប់ពួកអ្នក សង្ឃឹមថាពួកអ្នកនឹងដឹងគុណ។
សាច់ និងឈាមរបស់វា(សត្វដែលសំឡេះ)មិនបានទៅដល់អល់ឡោះនោះឡើយ ក៏ប៉ុន្តែការគោរពកោតខ្លាចរបស់ពួកអ្នកទៅវិញទេដែលទៅដល់ទ្រង់នោះ។ ក៏ដូច្នោះដែរ ទ្រង់បានបង្កើតវា(ជាប្រយោជន៍)សម្រាប់ពួកអ្នកដើម្បីឱ្យពួកអ្នកលើកតម្កើងអល់ឡោះទៅលើអ្វីដែលទ្រង់បានចង្អុលបង្ហាញពួកអ្នក។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលសាងអំពើល្អ។
ពិតប្រាកដណាស់ អល់ឡោះការពារបណ្តាអ្នកដែលមានជំនឿ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនស្រលាញ់រាល់អ្នកដែលក្បត់ និងរមិលគុណឡើយ។
គេ(អល់ឡោះ)បានអនុញ្ញាតឲ្យបណ្តាអ្នក(មានជំនឿ)ដែលត្រូវបានគេប្រយុទ្ធប្រឆាំងនោះ(ធ្វើការប្រយុទ្ធតបតវិញ)ដោយសារតែពួកគេត្រូវបានគេបំពាន។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពបំផុតក្នុងការជួយដល់ពួកគេ។
គឺបណ្តាអ្នកដែលត្រូវបានគេបណ្តេញចេញពីលំនៅឋានរបស់ខ្លួនដោយបំពាន(ដោយពួកគេមិនបានប្រព្រឹត្តបទល្មើសណាមួយ)ក្រៅតែពីពួកគេពោលថា៖ “អល់ឡោះគឺជាព្រះជាម្ចាស់របស់ពួកយើង”នោះឡើយ។ ហើយប្រសិនបើអល់ឡោះមិនទប់ស្កាត់មនុស្សលោក(មិនឲ្យបំពានគ្នា)ទៅវិញទៅមកទេនោះ ច្បាស់ជាពួកគេនឹងបំផ្លិចបំផ្លាញអាស្រមរបស់ពួកឥសី វិហាររបស់ពួកគ្រឹស្ទាន ទីគោរពបូជារបស់ពួកយូដា ហើយនិងបណ្តាម៉ាស្ជិត(របស់អ្នកអ៊ីស្លាម)ដែលគេរំឭកព្រះនាមអល់ឡោះយ៉ាងច្រើននៅក្នុងវាជាមិនខាន។ ហើយអល់ឡោះទ្រង់ពិតជានឹងជួយដល់បណ្តាអ្នកដែលជួយ(សាសនារបស់)ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះពិតជាមហាខ្លាំងក្លា មហាខ្លាំងពូកែបំផុត។
គឺបណ្តាអ្នកទាំងឡាយណាដែលប្រសិនបើយើងផ្តល់អំណាចគ្រប់គ្រងឱ្យពួកគេនៅលើផែនដីនោះ ពួកគេនឹងប្រតិបត្តិសឡាត ហើយបរិច្ចាគហ្សាកាត់ ព្រមទាំងប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់។ ហើយលទ្ធផលចុងក្រោយនៃកិច្ចការទាំងឡាយ គឺត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់(តែមួយគត់)។
តែប្រសិនបើពួកគេបដិសេធនឹងអ្នក(ព្យាការីមូហាំម៉ាត់)វិញ ជាការពិតណាស់ ពួកជំនាន់មុនពួកគេ ក៏ធ្លាប់បានបដិសេធដូចគ្នាដែរ ដូចជាក្រុមរបស់ព្យាការីនួហ ក្រុមអាទ ក្រុមសាមូទ
ក្រុមរបស់ព្យាការីអ៊ីព្រហ៊ីម និងក្រុមរបស់ព្យាការីលូត
ហើយនិងក្រុមម៉ាទយ៉ាន់។ ហើយព្យាការីមូសាក៏ត្រូវបានគេបដិសេធផងដែរ។ ពេលនោះ យើងបានពន្យារពេលដល់ពួកដែលគ្មានជំនឿ។ ក្រោយមក យើងក៏បានដាក់ទណ្ឌកម្មពួកគេ។ ដូច្នេះ តើការបំផ្លាញរបស់យើងចំពោះពួកគេយ៉ាងដូចម្តេចដែរ?
ហើយមានភូមិស្រុកជាច្រើនមកហើយដែលយើងបានបំផ្លាញវា ខណៈដែលអ្នកស្រុកភូមិនោះជាពួកដែលបំពាន។ ពេលនោះ ផ្ទះរបស់ពួកគេក៏ត្រូវបានបំផ្លាញខ្ទេចខ្ទីអស់ អណ្តូងទឹកត្រូវបានខូចខាត ហើយវិមានដ៏ធំស្កឹមស្កៃ(ក៏ត្រូវបានវិនាសផងដែរ)។
ដូច្នេះ តើពួកគេ(ពួកដែលបដិសេធ)មិនបានធ្វើដំណើរនៅលើផែនដី(ដើម្បីពិនិត្យមើល) ដោយយកប្រាជ្ញា(របស់ពួកគេ)មកត្រិះរិះពិចារណា ហើយយកត្រចៀក(របស់ពួកគេ)មកស្តាប់(រឿងរ៉ាវទាំងនោះ)ទេឬ? ជាការពិតណាស់ ការពិការភ្នែកនោះ មិនមែនជាការងងឹតភ្នែក(មើលមិនឃើញ)នោះឡើយ។ ផ្ទុយទៅវិញ វាជាការពិការដួងចិត្តដែលនៅក្នុងទ្រូងទៅវិញទេ។
ហើយពួកគេនឹងសុំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យដាក់ទណ្ឌកម្មលើពួកគេភ្លាមៗ(ក្នុងលោកិយ)។ ហើយអល់ឡោះទ្រង់មិនធ្វើខុសពីការសន្យារបស់ទ្រង់ឡើយ។ ជាការពិតណាស់ មួយថ្ងៃនៅឯព្រះជាម្ចាស់របស់អ្នក(ថ្ងៃបរលោក)នោះ គឺប្រៀបដូចជាមួយពាន់ឆ្នាំ(តាមពេលវេលា)ដែលពួកអ្នករាប់(ក្នុងលោកិយនេះ)។
ហើយមានភូមិស្រុកជាច្រើនដែលយើងបានពន្យារពេល(ដាក់ទណ្ឌកម្ម)ចំពោះវា ខណៈដែលវា(អ្នកភូមិស្រុក)ជាអ្នកដែលបំពាន។ ក្រោយមក យើងក៏បានដាក់ទណ្ឌកម្មចំពោះវា។ ហើយមកកាន់យើង(តែមួយគត់)ដែលជាទីវិលត្រឡប់(របស់ពួកគេ)។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱមនុស្សលោកទាំងឡាយ! តាមពិតសម្រាប់ពួកអ្នក ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់ប៉ុណ្ណោះ។
ដូច្នេះ បណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល សម្រាប់ពួកគេនឹងទទួលបាននូវការអភ័យទោស និងលាភសក្ការៈដ៏ប្រពៃ(ឋានសួគ៌)។
ហើយពួកដែលព្យាយាមប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់យើង ដោយគិតស្មានថា ពួកគេអាចយកឈ្នះបាននោះ ពួកទាំងនោះគឺជាពួកនរកជើហ៊ីម។
ហើយរាល់អ្នកនាំសារ និងព្យាការីមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែលយើងបានបញ្ជូនទៅ នៅពេលណាដែលគេសូត្រ(វាក្យខណ្ឌរបស់អល់ឡោះ) គឺសុទ្ធតែមានស្ហៃតនមកឆាឆៅបន្លំនៅក្នុងការសូត្ររបស់គេ។ ពេលនោះ អល់ឡោះជាម្ចាស់បានធ្វើឱ្យអ្វីដែលស្ហៃតនបន្លំនោះក្លាយជាអសារបង់។ បន្ទាប់មក ទ្រង់ពង្រឹងនូវវាក្យខណ្ឌរបស់ទ្រង់។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
(វាធ្វើដូច្នោះ)ដើម្បីទ្រង់ធ្វើឱ្យអ្វីដែលស្ហៃតនបន្លំនោះក្លាយជាការសាកល្បងមួយសម្រាប់ពួកដែលដួងចិត្តរបស់ពួកគេមានជំងឺ) និងពួកដែលមានចិត្តរឹងរូស។ ហើយពិតប្រាកដណាស់ ពួកដែលបំពាន គឺស្ថិតក្នុងភាពជាសត្រូវ និងឃ្លាតឆ្ងាយ(ពីការពិត)។
និងដើម្បីឱ្យបណ្តាអ្នកដែលគេបានផ្តល់ចំណេះដឹងឲ្យបានដឹងថា៖ ពិតប្រាកដណាស់ វា(គម្ពីរគួរអាន) គឺជាការពិតមកពីព្រះជាម្ចាស់របស់អ្នក។ ដូច្នេះ ពួកគេកាន់តែមានជំនឿចំពោះវា ហើយដួងចិត្តរបស់ពួកគេក៏ឱនលំទោនចំពោះវា។ ហើយពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកចង្អុលបង្ហាញបណ្តាអ្នកដែលមានជំនឿទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។
ហើយពួកដែលគ្មានជំនឿនៅតែមានការសង្ស័យចំពោះវា(គម្ពីរគួរអាន) រហូតទាល់តែថ្ងៃបរលោកមកដល់ពួកគេភ្លាមៗ ឬ(រហូតដល់)ទណ្ឌកម្មនៅថ្ងៃមួយដែលគ្មានសេចក្តីល្អឡើយ(សម្រាប់ពួកគេ)មកដល់ពួកគេ។
សិទ្ធិអំណាចនៅថ្ងៃនោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)ដោយទ្រង់នឹងកាត់សេចក្តីរវាងពួកគេ។ ដូចនេះ បណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល នឹងស្ថិតនៅក្នុងឋានសួគ៌ណាអ៊ីម។
រីឯពួកដែលគ្មានជំនឿ និងបានបដិសេធនូវបណ្តាវាក្យខណ្ឌរបស់យើងវិញ ជាការពិតណាស់ ពួកទាំងនោះសម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មយ៉ាងអាម៉ាស់បំផុត។
ហើយបណ្តាអ្នកដែលបានធ្វើចំណាកស្រុកក្នុងមាគ៌ារបស់អល់ឡោះ ក្រោយមក ពួកគេត្រូវបានគេសម្លាប់(ក្នុងសង្គ្រាម) ឬបានស្លាប់(ដោយប្រការណាមួយ)នោះ អល់ឡោះជាម្ចាស់ប្រាកដជានឹងប្រទាននូវលាភសក្ការៈដ៏ល្អប្រពៃ(ឋានសួគ៌)ដល់ពួកគេ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ គឺជាអ្នកដែលប្រទានលាភសក្ការៈដ៏ប្រសើរបំផុត។
ទ្រង់ពិតជានឹងបញ្ចូលពួកគេទៅកាន់កន្លែងមួយដែលពួកគេពេញចិត្តនឹងវា។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹង មហាខន្តីបំផុត។
ដូច្នោះឯង។ ហើយជនណាដែលតបតដូចអ្វីដែលគេបានបំពានមកលើខ្លួន(គឺគ្មានបាបកម្មនោះឡើយ)។ បន្ទាប់មក ប្រសិនបើរូបគេត្រូវបានគេបំពានម្តងទៀត ពិតប្រាកដណាស់ អល់ឡោះទ្រង់ពិតជាជួយដល់រូបគេជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអធ្យាស្រ័យ មហាអភ័យទោសបំផុត។
នោះគឺដោយសារតែអល់ឡោះជាម្ចាស់ទ្រង់(មានសមត្ថភាព)បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃទៅក្នុងពេលយប់។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាឮ មហាឃើញបំផុត។
នោះក៏ព្រោះតែអល់ឡោះ ទ្រង់គឺជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ហើយអ្វីដែលពួកគេគោរពសក្ការៈក្រៅពីទ្រង់នោះ គឺជាប្រការមិនត្រឹមត្រូវ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់ មហាធំធេង។
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ រួចមក ដីក៏បានប្រែក្លាយទៅជាខៀវស្រងាត់(មានរុក្ខជាតិដុះ)នោះ? ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាទន់ភ្លន់ មហាដឹងបំផុត។
អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់ ជាអ្នកដែលត្រូវបានគេកោតសរសើរបំផុត។
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវអ្វីៗដែលមាននៅលើផែនដី ហើយនិងសំពៅដែលធ្វើដំណើរលើផ្ទៃសមុទ្រទៅតាមបទបញ្ជារបស់ទ្រង់ ហើយទ្រង់ទប់មេឃមិនឱ្យធ្លាក់មកលើផែនដី លើកលែងតែដោយការអនុញ្ញាតពីទ្រង់នោះ? ជាការពិតណាស់ អល់ឡោះមហាសប្បុរស មហាអាណិតស្រលាញ់បំផុត។
ហើយទ្រង់ជាអ្នកផ្តល់ជីវិតដល់ពួកអ្នក។ ក្រោយមក ទ្រង់បានដកយកជីវិតពីពួកអ្នកវិញ។ ក្រោយមកទៀត ទ្រង់បានធ្វើឱ្យពួកអ្នកមានជីវិតឡើងវិញ(ដើម្បីជំនុំជម្រះ)។ ពិតប្រាកដណាស់ មនុស្សលោកពិតជារមិលគុណបំផុត។
រាល់ប្រជាជាតិនីមួយៗ យើងបានបង្កើតនូវច្បាប់បញ្ញត្តិដល់ពួកគេដោយពួកគេត្រូវអនុវត្តន៍តាមច្បាប់បញ្ញត្តិនោះ។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំឱ្យពួកគេ(ពួកមុស្ហរីគីន)ប្រកែកដេញដោលនៅក្នុងក្បួនច្បាប់សាសនា(របស់អ្នក)ឱ្យសោះ។ ហើយចូរអ្នកអំពាវនាវទៅកាន់ព្រះជាម្ចាស់របស់អ្នក។ ពិតប្រាកដណាស់ អ្នកពិតជាស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ។
តែប្រសិនបើពួកគេជជែកដេញដោលជាមួយអ្នក ដូច្នេះ ចូរអ្នកពោលថា៖ អល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
អល់ឡោះទ្រង់នឹងកាត់សេចក្តីរវាងពួកអ្នកនៅថ្ងៃបរលោកចំពោះអ្វីដែលពួកអ្នកធ្លាប់បានខ្វែងគំនិតគ្នាចំពោះវា។
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅលើមេឃ និងផែនដីនោះ? ពិតប្រាកដណាស់ ទាំងអស់នោះ គឺមាននៅក្នុងគម្ពីរកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)។ ពិតប្រាកដណាស់ រឿងទាំងអស់នោះ គឺជារឿងងាយស្រួលបំផុតសម្រាប់អល់ឡោះ។
ហើយពួកគេបានគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះដែលទ្រង់មិនបានបញ្ចុះនូវភស្តុតាងណាមួយបញ្ជាក់ពីវាឡើយ ហើយពួកគេក៏គ្មានចំណេះដឹង(អំពីរឿងនោះ)ដែរ។ ហើយសម្រាប់ពួកដែលបំពាន គឺគ្មានអ្នកជួយឡើយ។
ហើយនៅពេលដែលមានគេសូត្របណ្តាវាក្យខណ្ឌរបស់យើងដ៏ច្បាស់លាស់ឱ្យពួកគេស្តាប់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អាចដឹងពីការមិនពេញចិត្តនៅលើផ្ទៃមុខរបស់ពួកដែលប្រឆាំង។ ពួកគេស្ទើរតែហក់ទៅវាយអ្នកដែលសូត្រវាក្យខណ្ឌរបស់យើងឱ្យពួកគេស្តាប់នោះទៅហើយ។ ចូរអ្នកពោលចុះថា៖ តើចង់ឱ្យខ្ញុំប្រាប់ពួកអ្នកពីអ្វីដែលអាក្រក់ជាងនេះទៅទៀតឬទេ? នោះគឺភ្លើងនរកដែលអល់ឡោះទ្រង់បានសន្យាចំពោះពួកដែលប្រឆាំង ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។
ឱមនុស្សលោកទាំងឡាយ! គេបានលើកជាឧទាហរណ៍មួយ(សម្រាប់ពួកអ្នក)។ ហេតុនេះ ចូរពួកអ្នកត្រងត្រាប់ស្តាប់។ ជាការពិតណាស់ ពួកដែលពួកអ្នកកំពុងតែគោរពសក្ការៈផ្សេងពីអល់ឡោះនោះ ពួកវាមិនអាចបង្កើតសូម្បីតែសត្វរុយមួយក្បាលនោះឡើយ បើទោះបីជាពួកវារួមគ្នាដើម្បីបង្កើតវាក៏ដោយ។ ហើយប្រសិនបើសត្វរុយយកអ្វីមួយ(អំពីសំណែនដែលគេសែន) ក៏ពួកវាមិនអាចដេញវាចេញបាននោះដែរ។ ទាំងអ្នកដែលបួងសួងសុំ និងអ្នកដែលត្រូវគេបួងសួងសុំ(រូបបដិមា) គឺទន់ខ្សោយដូចគ្នា។
ពួកគេមិនបានលើកតម្កើងអល់ឡោះជាម្ចាស់ឱ្យសក្ដិសមនឹងឋានៈរបស់ទ្រង់នោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងក្លា មហាខ្លាំងពូកែបំផុត។
អល់ឡោះទ្រង់បានជ្រើសរើសមួយចំនួនពីម៉ាឡាអ៊ីកាត់ និងមួយចំនួនពីមនុស្សលោកឲ្យធ្វើជាអ្នកនាំសារ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាឮ មហាឃើញបំផុត។
ទ្រង់ដឹងបំផុតនូវអ្វីដែលនៅពីមុខពួកគេ(មុនពេលទ្រង់បង្កើតពួកគេ) និងអ្វីដែលនៅពីក្រោយពួកគេ(បន្ទាប់ពីពួកគេស្លាប់)។ ហើយកិច្ចការទាំងអស់នឹងត្រូវគេនាំត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់(តែមួយគត់)។
ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកឱនរូកុ និងក្រាបស៊ូជោត ហើយនិងគោរពសក្ការៈចំពោះព្រះជាម្ចាស់របស់ពួកអ្នក ព្រមទាំងសាងអំពើល្អ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។
ហើយចូរពួកអ្នកតស៊ូប្រយុទ្ធក្នុងនាមអល់ឡោះនូវការតស៊ូមួយដ៏ពិតប្រាកដ។ ទ្រង់បានជ្រើសរើសពួកអ្នក ហើយទ្រង់មិនបានធ្វើឲ្យមានការលំបាកលើពួកអ្នកនៅក្នុងសាសនា(របស់ពួកអ្នក)នោះឡើយ គឺសាសនាឪពុករបស់ពួកអ្នក ព្យាការីអ៊ីព្រហ៊ីម។ ទ្រង់បានដាក់ឈ្មោះឱ្យពួកអ្នក ថាជាជនមូស្លីមតាំងពីមុន(ក្នុងបណ្តាគម្ពីរមុនៗ) និងនៅក្នុង(គម្ពីរគួរអាន)នេះ ដើម្បីឱ្យអ្នកនាំសារ(មូហាំម៉ាត់)ធ្វើជាសាក្សីទៅលើពួកអ្នក និងដើម្បីឱ្យពួកអ្នកធ្វើជាសាក្សីទៅលើមនុស្សលោក(ប្រជាជាតិជំនាន់មុនៗ)ផងដែរ។ ហេតុនេះ ចូរពួកអ្នកប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ព្រមទាំងប្រកាន់ខ្ជាប់នឹងអល់ឡោះជាម្ចាស់ ព្រោះទ្រង់ធ្វើជាអ្នកគាំពាររបស់ពួកអ្នក។ ទ្រង់ជាអ្នកគាំពារ និងជាអ្នកជួយដ៏ល្អប្រសើរបំផុត។