عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

The Believers [Al-Mumenoon] - Khmer translation - Rowwad Translation Center

Surah The Believers [Al-Mumenoon] Ayah 118 Location Maccah Number 23

ពិតប្រាកដណាស់ បណ្តាអ្នកមានជំនឿពិតជាទទួលបានជោគជ័យ។

គឺបណ្តាអ្នកដែលមានភាពស្មឹងស្មាធក្នុងការសឡាតរបស់ខ្លួន។

និងបណ្តាអ្នកដែលងាកចេញ(បោះបង់ចោល)ពីប្រការដែលឥតប្រយោជន៍ទាំងឡាយ។

និងបណ្តាអ្នកដែលបរិច្ចាគហ្សាកាត់។

និងបណ្តាអ្នកដែលថែរក្សាប្រដាប់ភេទរបស់ខ្លួន

លើកលែងតែចំពោះភរិយារបស់ពួកគេ ឬស្រ្តីបម្រើដាច់ថ្លៃដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេប៉ុណ្ណោះ។ ជាការពិតណាស់ ពួកគេមិនត្រូវបានគេស្តីបន្ទោសឡើយ។

តែជនណាដែលស្វែងរកការត្រេកត្រអាលក្រៅពីនោះ ពិតប្រាកដណាស់ ពួកទាំងនោះ ពួកគេគឺជាពួកដែលបំពាន។

និងបណ្តាអ្នកដែលថែរក្សាទំនុកចិត្ត និងបំពេញតាមការសន្យារបស់ខ្លួន។

និងបណ្តាអ្នកដែលថែរក្សាលើការប្រតិបត្តិសឡាតរបស់ខ្លួន។

អ្នកទាំងនោះហើយ ពួកគេគឺជាអ្នកដែលត្រូវទទួលមរតក

ដែលពួកគេនឹងត្រូវទទួលមរតកឋានសួគ៌ហ្វៀរទ័ស(ជាឋានសួគ៌ដែលមានលំដាប់ខ្ពស់ជាងគេបំផុត)ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។

ហើយជាការពិតណាស់ យើងបានបង្កើតមនុស្សលោក(ព្យាការីអាហ្ទាំ)ពីដីឥដ្ឋ។

ក្រោយមក យើងបានបង្កើតគេអំពីទឹកកាមដោយស្ថិតនៅក្នុងស្បូនស្ត្រី(រហូតដល់ពេលប្រសូត)។

ក្រោយមក យើងបានធ្វើឲ្យទឹកកាមនោះក្លាយទៅជាដុំឈាម។ ក្រោយមកទៀត យើងបានធ្វើឱ្យដុំឈាមនោះក្លាយទៅជាដុំសាច់។ បន្ទាប់មក យើងបានធ្វើឲ្យដុំសាច់នោះឱ្យមានជាឆ្អឹង រួចយើងបានគ្របដណ្តប់ឆ្អឹងនោះដោយសាច់។ បន្ទាប់មកទៀត យើងក៏បានបង្កើតវាទៅជារូបរាងមួយផ្សេងទៀត(ដោយការផ្លុំបញ្ចូលព្រលឹងទៅក្នុងវា)។ ហើយអល់ឡោះមហាឧត្តុង្គឧត្តមដែលជាអ្នកបង្កើតដ៏ប្រសើរបំផុត។

ក្រោយមក បន្ទាប់ពីនោះ ពួកអ្នកពិតជានឹងត្រូវស្លាប់ទៅវិញ។

បន្ទាប់មកទៀត នៅថ្ងៃបរលោក ពួកអ្នកពិតជានឹងត្រូវគេបង្កើតឲ្យរស់ឡើងវិញ។

ហើយជាការពិតណាស់ យើងបានបង្កើតនៅខាងលើពួកអ្នក(ឱមនុស្សលោក)នូវមេឃប្រាំពីរជាន់ដែលត្រួតលើគ្នា ហើយយើងមិនបានព្រងើយកន្តើយចំពោះភាវៈទាំងឡាយ(របស់យើង)ឡើយ។

ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃក្នុងបរិមាណកំណត់(ជាក់លាក់)។ ហើយយើងបានឱ្យវា(ទឹកភ្លៀង)ស្ថិតនៅលើផែនដី។ ជាការពិតណាស់ យើងពិតជាអ្នកដែលមានសមត្ថភាពធ្វើឱ្យវាបាត់បង់(រីង)ទៅវិញ។

ហើយតាមរយៈទឹកភ្លៀងនេះ យើងបានបង្កើតនូវច្បារដំណាំជាច្រើនអំពីដើមល្មើ និងទំពាំងបាយជូរសម្រាប់ពួកអ្នក។ នៅក្នុងចម្ការទាំងនោះ មានផ្លែឈើជាច្រើនប្រភេទ។ ហើយក្នុងចំណោមផ្លែឈើទាំងនោះ ពួកអ្នកអាចបរិភោគបាន។

ហើយ(តាមរយៈទឹកភ្លៀងនេះដែរ យើងបានបង្កើតសម្រាប់ពួកអ្នកនូវ)ដើមហ្សៃទូន ដែលដុះនៅតំបន់ភ្នំតួរសៃណាកដែលអាចចម្រាញ់ចេញជាប្រេង និងជាចំណីអាហារសម្រាប់បរិភោគ។

ហើយពិតប្រាកដណាស់ ចំពោះសត្វពាហនៈទាំងឡាយ គឺជាមេរៀនមួយសម្រាប់ពួកអ្នក។ យើងបានផ្តល់ឱ្យពួកអ្នកទទួលទាននូវអ្វី(ទឹកដោះ)ដែលមាននៅក្នុងពោះរបស់វា។ ហើយពួកវាក៏បានផ្តល់នូវផលប្រយោជន៍ជាច្រើនផ្សេងទៀតសម្រាប់ពួកអ្នក ហើយក្នុងចំណោមពួកវា ពួកអ្នកក៏អាចទទួលទានបានផងដែរ។

ហើយពួកអ្នកអាចដឹកជញ្ជូនទំនិញនៅលើវា(សត្វអូដ្ឋ) និងនៅលើសំពៅផងដែរ។

ហើយជាការពិតណាស់ យើងបានបញ្ជូនព្យាការីនួហទៅកាន់ក្រុមរបស់គាត់ ដោយគាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គឺគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ដូច្នេះ តើពួកអ្នកមិនកោតខ្លាចទ្រង់ទេឬ?

ពួកអ្នកដែលមានឋានៈសក្តិដែលជាពួកប្រឆាំងក្នុងចំណោមក្រុមរបស់គាត់បាននិយាយថា៖ រូបគេនេះ គឺគ្មានអ្វីក្រៅតែពីជាមនុស្សលោកធម្មតាដូចពួកអ្នកដែលចង់ធ្វើជាចៅហ្វាយនាយ(គ្រប់គ្រង)ទៅលើពួកអ្នកប៉ុណ្ណោះ។ ប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់ប្រាកដជានឹងបញ្ជូនម៉ាឡាអ៊ីកាត់(មកកាន់ពួកយើងជាមិនខាន)។ ពួកយើងមិនដែលបានឮរឿងនេះពីបុព្វបុរសរបស់ពួកយើងជំនាន់មុននោះឡើយ។

រូបគេគ្មានអ្វីក្រៅពីជាបុរសដែលកើតរោគវិកលចរិតនោះឡើយ។ ហេតុនេះ ចូរពួកអ្នករង់ចាំមើលគេសិនចុះ រហូតដល់ពេលកំណត់(គេភ្ញាក់ខ្លួនវិញ)។

ព្យាការីនួហបានបួងសួងថា៖ បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាជួយដល់ខ្ញុំចំពោះអ្វីដែលពួកគេបានបដិសេធផងចុះ។

ពេលនោះ យើងក៏បានផ្តល់វ៉ាហ៊ីទៅកាន់គេ(ព្យាការីនួហ)ថា៖ ចូរអ្នកធ្វើសំពៅមួយដោយការឃ្លាំមើលពីយើង និងដោយការបង្រៀនពីយើង។ ក្រោយមក នៅពេលដែលបទបញ្ជារបស់យើងបានមកដល់ ហើយទឹកបានផុសចេញពីក្នុងដីយ៉ាងច្រើននោះ ចូរអ្នកនាំយកចូលទៅក្នុងសំពៅនោះនូវរាល់សត្វដែលមានជីវិតទាំងអស់មួយគូៗ(ញីឈ្មោល) ព្រមទាំងក្រុមគ្រួសាររបស់អ្នកផងដែរ លើកលែងតែជនណាដែលគេបានកំណត់ជាមុនក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហើយចូរអ្នកកុំបួងសួងសុំពីយើងឱ្យជួយសង្រ្គោះពួកដែលបានបំពានឱ្យសោះ។ ពិតប្រាកដណាស់ ពួកគេ គឺជាពួកដែលត្រូវគេពន្លិច(ក្នុងទឹកជំនន់)។

ហើយនៅពេលដែលអ្នក និងអ្នកដែលនៅជាមួយអ្នកបានឡើងលើសំពៅហើយនោះ ចូរអ្នកពោលថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលបានសង្គ្រោះពួកយើងពីក្រុមដែលបំពាន។

ហើយចូរអ្នកពោលថា៖ បរពិតព្រះជាម្ចាស់! សូមព្រះអង្គមេត្តាឱ្យខ្ញុំបានចុះចតនៅកន្លែងមួយដែលមានពរជ័យផងចុះ។ ហើយទ្រង់ជាអ្នកប្រទានកន្លែង(ចុះចត)ដ៏ប្រសើរបំផុត។

ជាការពិតណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាង(ដ៏ច្បាស់លាស់)។ ហើយយើងគឺជាអ្នកដែលសាកល្បង(ប្រជាជាតិទាំងឡាយ)។

ក្រោយមក យើងបានបង្កើតប្រជាជាតិមួយផ្សេងទៀតបន្ទាប់ពីពួកគេ(គឺក្រុមអាទ)។

ហើយយើងបានបញ្ជូនអ្នកនាំសារម្នាក់ក្នុងចំណោមពួកគេ(ព្យាការីហ៊ូទ)ទៅកាន់ពួកគេ (ដោយគាត់បាននិយាយថា៖) ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ដូច្នេះ តើពួកអ្នកមិនកោតខ្លាចទ្រង់ទេឬ?

ហើយពួកអ្នកដែលមានឋានៈសក្តិក្នុងចំណោមក្រុមរបស់គាត់ដែលជាពួកប្រឆាំង និងបដិសេធនឹងជំនួបនាថ្ងៃបរលោក ព្រមទាំងយើងបានផ្តល់ការសោយសុខក្នុងជីវិតលោកិយដល់ពួកគេបាននិយាយថា៖ រូបគេនេះ គ្មានអ្វីក្រៅពីជាមនុស្សលោកធម្មតាដូចពួកអ្នកដែលគេទទួលទាននូវអ្វីដែលពួកអ្នកទទួលទាន ហើយផឹកនូវអ្វីដែលពួកអ្នកផឹកប៉ុណ្ណោះ។

ហើយប្រសិនបើពួកអ្នកប្រតិបត្តិតាមមនុស្សលោកធម្មតាម្នាក់ដូចពួកអ្នកដែរ ពិតប្រាកដណាស់ បើដូច្នេះមែននោះ ពួកអ្នកពិតជាពួកដែលខាតបង់ជាមិនខាន។

តើគេបានសន្យានឹងពួកអ្នកថា ពិតប្រាកដណាស់ នៅពេលដែលពួកអ្នកស្លាប់ ហើយបានក្លាយទៅជាដី និងឆ្អឹង(ដែលពុកផុយ)ហើយនោះ ពួកអ្នកពិតជានឹងត្រូវបានគេបញ្ចេញ(ពីផ្នូររបស់ពួកអ្នកម្តងទៀត)ឬ?

អ្វីដែលគេបានសន្យានឹងពួកអ្នកនោះ គឺនៅឆ្ងាយសែនឆ្ងាយ(មិនអាចកើតឡើងទៅរួចឡើយ)។

ពិតណាស់ គ្មានជីវិតរស់នៅណាក្រៅតែពីជីវិតរស់នៅក្នុងលោកិយរបស់យើងនេះឡើយ។ ពួកយើងស្លាប់ ហើយពួកយើងរស់(កើតស្លាប់បន្តបន្ទាប់គ្នា)។ ហើយពួកយើងក៏មិនត្រូវបានគេបង្កើតឲ្យរស់ឡើងវិញម្តងទៀតនោះដែរ។

រូបគេ គ្មានអ្វីក្រៅពីជាបុរសម្នាក់ដែលប្រឌិតរឿងភូតកុហកទៅលើអល់ឡោះនោះឡើយ ហើយពួកយើងក៏មិនមានជំនឿលើគេដែរ។

គាត់(ព្យាការីហ៊ូទ)បានពោលថា៖ បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាជួយដល់ខ្ញុំចំពោះអ្វីដែលពួកគេបានបដិសេធផងចុះ។

ទ្រង់បានតបថា៖ ក្រោយពីរយៈពេលបន្តិចទៀតនេះ ពួកគេប្រាកដជានឹងក្លាយជាអ្នកដែលមានវិប្បដិសារីជាមិនខាន។

ពេលនោះ សម្រែកដ៏ខ្លាំងក្លាបានឆក់យកជីវិតពួកគេយ៉ាងពិតប្រាកដ។ ហើយយើងបានធ្វើឱ្យពួកគេ(វិនាសអន្តរាយ)ប្រៀបដូចជាសំរាម។ ដូច្នេះ ភាពវិនាសអន្តរាយ គឺសម្រាប់ក្រុមដែលបំពាន។

ក្រោយមក យើងបានបង្កើតប្រជាជាតិជាច្រើនផ្សេងទៀតបន្ទាប់ពីពួកគេ។

គ្មានប្រជាជាតិណាមួយអាចធ្វើឱ្យពេលវេលាកំណត់(នៃការបំផ្លាញពួកគេ)មកដល់មុនពេលកំណត់នោះឡើយ ហើយក៏មិនអាចពន្យារពេលបាននោះដែរ។

ក្រោយមក យើងបានបញ្ជូនអ្នកនាំសាររបស់យើងជាច្រើនទៀតជាបន្តបន្ទាប់។ រាល់ពេលដែលអ្នកនាំសារនោះបានទៅដល់ប្រជាជាតិរបស់ខ្លួន គឺពួកគេតែងតែបដិសេធចំពោះគាត់។ ហើយយើងបានធ្វើឱ្យពួកគេវិនាសអន្តរាយជាបន្តបន្ទាប់ផងដែរ និងបានធ្វើឲ្យពួកគេក្លាយជារឿងរ៉ាវមួយ(សម្រាប់អ្នកជំនាន់ក្រោយ)។ ដូច្នេះ ភាពវិនាសអន្តរាយ គឺសម្រាប់ក្រុមដែលគ្មានជំនឿ។

ក្រោយមកទៀត យើងបានបញ្ជូនព្យាការីមូសា និងបងប្រុសរបស់គេ ព្យាការីហារូន ដោយនាំមកនូវសញ្ញាភស្តុតាងជាច្រើនរបស់យើង ហើយនិងអំណះអំណាងយ៉ាងច្បាស់លាស់

ទៅកាន់ហ្វៀរអោន និងក្រុមមន្ត្រីរបស់គេ តែពួកគេបែរជាក្រអឺតក្រទមទៅវិញ។ ហើយពួកគេធ្លាប់ជាក្រុមដែលព្រហើនក្អេងក្អាង។

ហើយពួកគេបាននិយាយថា៖ តើឱ្យពួកយើងមានជំនឿលើបុគ្គលពីរនាក់ដែលជាមនុស្សធម្មតាដូចពួកយើង ហើយក្រុមរបស់គេទាំងពីរ(អម្បូរអ៊ីស្រាអែល)ទៀតសោត គឺជាពួកដែលស្ថិតនៅក្រោយបង្គាប់យើងហ្នឹងឬ?

ហើយពួកគេបានបដិសេធចំពោះគេទាំងពីរ(ព្យាការីមូសានិងព្យាការីហារូន)។ ហេតុនេះ ពួកគេក៏ស្ថិតក្នុងចំណោមពួកដែលត្រូវបានគេបំផ្លាញ។

ហើយជាការពិតណាស់ យើងបានប្រទានឱ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត)។ សង្ឃឹមថា ពួកគេនឹងទទួលបានការចង្អុលបង្ហាញ។

ហើយយើងបានធ្វើឱ្យកូនប្រុសរបស់ម៉ារយ៉ាំ(ព្យាការីអ៊ីសា) និងម្តាយរបស់គេ ក្លាយជាសញ្ញាភស្តុតាងមួយ(បញ្ជាក់ពីសមត្ថភាពរបស់យើង)។ ហើយយើងបានផ្តល់ឱ្យគេទាំងពីរនូវកន្លែងមួយខ្ពស់ផុតពីដីដែលអាចស្នាក់នៅបាន និងមានប្រភពទឹក(នៅទីនោះ)ផងដែរ។

ឱបណ្តាអ្នកនាំសារទាំងឡាយ! ចូរពួកអ្នកទទួលទានអំពីចំណីអាហារល្អៗ ហើយចូរពួកអ្នកសាងនូវទង្វើកុសល។ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។

ហើយពិតប្រាកដណាស់ សាសនារបស់ពួកអ្នកនេះ គឺជាសាសនាតែមួយគត់(សាសនាអ៊ីស្លាម) ហើយយើងគឺជាព្រះជាម្ចាស់របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកោតខ្លាច(មកចំពោះយើង)។

តែពួកគេ(អ្នកដែលដើរតាមអ្នកនាំសារ)បានបែកបាក់គ្នារវាងពួកគេនៅក្នុងកិច្ចការ(សាសនា)របស់ពួកគេជាក្រុមៗ។ រាល់ក្រុមនីមួយៗ គឺមានមោទនភាពនឹងអ្វីដែលខ្លួនមាន។

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បោះបង់ពួកគេឱ្យស្ថិតក្នុងភាពវង្វេងរបស់ខ្លួន រហូតដល់ពេលកំណត់ចុះ។

តើពួកគេគិតស្មានថា អ្វីដែលយើងបានប្រទានឲ្យពួកគេអំពីទ្រព្យសម្បត្តិ និងកូនចៅនោះ

គឺយើងរួសរាន់ប្រទានដល់ពួកគេនូវប្រការល្អឬ? (មិនដូច្នោះឡើយ)។ ផ្ទុយទៅវិញ ពួកគេមិនដឹងខ្លួនឡើយ។

ពិតប្រាកដណាស់ បណ្តាអ្នកដែលមានការប្រុងប្រយ័ត្នដោយកោតខ្លាចព្រះជាម្ចាស់របស់ខ្លួន

និងបណ្តាអ្នកដែលមានជំនឿនឹងបណ្តាវាក្យខណ្ឌនៃព្រះជាម្ចាស់របស់ពួកគេ

និងបណ្តាអ្នកដែលមិនធ្វើស្ហ៊ីរិកចំពោះព្រះជាម្ចាស់របស់ពួកគេ

ហើយនិងបណ្តាអ្នកដែលព្យាយាមក្នុងកិច្ចការសប្បុរស ហើយចិត្តរបស់ពួកគេបារម្ភខ្លាច(គេមិនទទួលយក)នៅពេលដែលពួកគេវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ពួកគេ

អ្នកទាំងនោះហើយ គឺជាអ្នកដែលរួសរាន់ក្នុងការសាងអំពើល្អ ហើយពួកគេជាអ្នកដែលឈានមុខគេ(ក្នុងការសាងអំពើល្អ)។

ហើយយើងមិនដាក់បន្ទុកលើបុគ្គលណាម្នាក់ហួសពីសមត្ថភាពរបស់គេនោះឡើយ។ ហើយនៅជាមួយយើង គឺមានសៀវភៅកំណត់ត្រាមួយដែលរៀបរាប់នូវការពិត(ប្រាប់ពួកគេ)។ ហើយពួកគេមិនត្រូវបានគេបំពានឡើយ។

ផ្ទុយទៅវិញ ដួងចិត្តរបស់ពួកគេ(ពួកប្រឆាំង) គឺស្ថិតក្នុងភាពធ្វេសប្រហែសអំពី(គម្ពីរគួរអាន)នេះ។ ហើយសម្រាប់ពួកគេ គឺមានទង្វើ(អាក្រក់)ជាច្រើនផ្សេងទៀតក្រៅពីនោះដែលពួកគេប្រព្រឹត្តវា។

លុះដល់ពេលដែលយើងបានឆក់យកជីវិតពួកដែលមានទ្រព្យស្តុកស្តម្ភនៃពួកគេដោយទណ្ឌកម្ម ស្រាប់តែពួកគេស្រែកសុំឲ្យជួយ។

(មានគេនិយាយទៅកាន់ពួកគេថា៖) ពួកអ្នកមិនត្រូវស្រែកសុំឲ្យគេជួយនៅក្នុងថ្ងៃនេះនោះទេ។ ជាការពិតណាស់ ពួកអ្នកមិនត្រូវបានគេជួយឲ្យរួចផុតពី(ទណ្ឌកម្មរបស់)យើងនោះឡើយ។

ជាការពិតណាស់ បណ្តាវាក្យខណ្ឌរបស់យើងធ្លាប់ត្រូវបានគេសូត្រឱ្យពួកអ្នកស្តាប់ហើយ តែពួកអ្នកបែរជានាំគ្នាត្រឡប់ក្រោយ(មិនព្រមស្តាប់វា)ទៅវិញ

ដោយសារភាពក្រអឺតក្រទមព្រោះតែពួកអ្នកអះអាងថា ពួកអ្នកគឺជាម្ចាស់នៃទឹកដីពិសិដ្ឋ។ ហើយពួកអ្នកថែមទាំងបាននិយាយអាក្រក់អំពីវានៅពេលយប់ទៀតផង។

តើពួកគេ(ពួកមុស្ហរីគីន)មិនបានគិតពិចារណាចំពោះគម្ពីរគួរអានទេឬ? ឬមួយក៏បានមកដល់ពួកគេនូវអ្វីដែលមិនធ្លាប់ទៅដល់ជីដូនជីតារបស់ពួកគេកាលពីមុនឬ(ទើបពួកគេប្រឆាំងបែបនេះ)?

ឬមួយក៏ពួកគេមិនស្គាល់អ្នកនាំសាររបស់ពួកគេ(ព្យាការីមូហាំម៉ាត់) ទើបពួកគេបដិសេធនឹងគាត់បែបនេះ?

ឬមួយពួកគេចាត់ទុកគាត់(ព្យាការីមូហាំម៉ាត់)ជាមនុស្សវិកលចរិតឬ? ផ្ទុយទៅវិញ គាត់បាននាំមកកាន់ពួកគេនូវសេចក្តីពិត។ តែភាគច្រើននៃពួកគេ គឺមិនពេញចិត្តនឹងសេចក្តីពិតឡើយ។

ហើយប្រសិនបើសេចក្តីពិតនោះស្របទៅតាមទំនើងចិត្តរបស់ពួកគេវិញ មេឃជាច្រើនជាន់ និងផែនដី ព្រមទាំងអ្វីដែលមាននៅក្នុងវានឹងវិនាសអន្តរាយជាមិនខាន។ ផ្ទុយទៅវិញ យើងបានផ្តល់ឱ្យពួកគេនូវភាពខ្ពង់ខ្ពស់របស់ពួកគេ(គម្ពីរគួរអាន)។ តែពួកគេបែរជាងាកចេញពីភាពខ្ពង់ខ្ពស់នោះទៅវិញ។

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានទាមទារកម្រៃពីពួកគេឬ(ទើបបានជាពួកគេបដិសេធបែបនេះ)? ជាការពិតណាស់ ការតបស្នងនៃព្រះជាម្ចាស់របស់អ្នក គឺល្អប្រសើរ(ជាងនោះទៅទៀត)។ ហើយទ្រង់គឺជាអ្នកប្រទានលាភសក្ការៈដ៏ប្រសើរបំផុត។

ហើយពិតប្រាកដណាស់ រូបអ្នកពិតជាបានអំពាវនាវពួកគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ(សាសនាអ៊ីស្លាម)។

ហើយពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក គឺពួកគេងាកចេញពីមាគ៌ា(ដ៏ត្រឹមត្រូវនេះ)។

ហើយប្រសិនបើយើងមានក្តីមេត្តាករុណាចំពោះពួកគេ និងដកយកចេញពីពួកគេនូវគ្រោះ(រាំងស្ងួត និងគ្រោះទុរ្ភិក្ស)ដែលពួកគេជួបប្រទះនោះ ក៏ពួកគេនឹងនៅតែស្ថិតក្នុងភាពវង្វេងរបស់ពួកគេដោយមានភាពស្រពេចស្រពិលដដែល។

ហើយពិតប្រាកដណាស់ យើងបានសាកល្បងពួកគេដោយគ្រោះផ្សេងៗ តែពួកគេនៅតែមិនព្រមឱនលំទោនចំពោះព្រះជាម្ចាស់របស់ពួកគេ និងមិនព្រមទទូចអង្វរករ(ចំពោះទ្រង់)ដដែល។

លុះនៅពេលដែលយើងបើកទ្វារនៃទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះពួកគេ(នាថ្ងៃបរលោក) ស្រាប់តែពួកគេមានការអស់សង្ឃឹម។

ហើយទ្រង់ជាអ្នកដែលបង្កើតសម្រាប់ពួកអ្នកនូវសោតវិញ្ញាណ ចក្ខុវិញ្ញាណ និងដួងចិត្ត។ អ្វីដែលពួកអ្នកដឹងគុណ គឺតិចតួចបំផុត។

ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក(ឱមនុស្សលោក)ឱ្យមានជីវិតនៅលើផែនដី។ ហើយពួកអ្នកនឹងត្រូវគេប្រមូលផ្តុំទៅកាន់ទ្រង់វិញ(នៅថ្ងៃបរលោក)។

ហើយទ្រង់ជាអ្នកដែលផ្តល់ជីវិត និងដកយកជីវិត។ ហើយ(ការកំណត់)ភាពខុសគ្នារវាងពេលយប់និងពេលថ្ងៃ គឺជាកម្មសិទ្ធិរបស់ទ្រង់។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាទេឬ?

ផ្ទុយទៅវិញ ពួកគេបាននិយាយដូចអ្វីដែលបុព្វបុរស(របស់ពួកគេ)ជំនាន់មុនបាននិយាយ

ដោយពួកគេនិយាយថា៖ នៅពេលដែលពួកយើងបានស្លាប់ ហើយបានក្លាយទៅជាដី និងឆ្អឹង(ដែលពុកផុយ)ហើយនោះ តើពួកយើងពិតជានឹងត្រូវបានគេបង្កើតឱ្យរស់ឡើងវិញម្តងទៀតឬ?

ជាការពិតណាស់ ពួកយើង និងជីដូនជីតារបស់ពួកយើងក៏ត្រូវបានគេសន្យាចំពោះរឿងនេះកាលពីមុនដូចគ្នាដែរ។ រឿងនេះគ្មានអ្វីក្រៅពីជារឿងនិទានរបស់អ្នកជំនាន់មុននោះឡើយ។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើផែនដី និងអ្វីដែលមាននៅក្នុងវាជាកម្មសិទ្ធិរបស់អ្នកណា ប្រសិនបើពួកអ្នកបានដឹងមែននោះ?

ពួកគេនឹងឆ្លើយថា៖ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ចូរអ្នកតបថា៖ បើដូច្នេះ តើពួកអ្នកមិនភ្ញាក់រលឹកទេឬ?

ចូរអ្នកពោលថា៖ តើអ្នកណាជាព្រះជាម្ចាស់នៃមេឃទាំងប្រាំពីរជាន់ និងជាព្រះជាម្ចាស់នៃអារ៉ស្ហដ៏ធំធេងនោះ?

ពួកគេនឹងឆ្លើយថា៖ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ចូរអ្នកតបថា៖ បើដូច្នោះ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ?

ចូរអ្នកពោលទៀតថា៖ តើអ្នកណាដែលអំណាចគ្រប់គ្រងអ្វីៗទាំងអស់ស្ថិតក្នុងកណ្តាប់ដៃ ហើយជាអ្នកជួយសង្រ្គោះ និងគ្មាននរណាម្នាក់អាចជួយសង្គ្រោះអ្នកដែលទ្រង់ចង់បំផ្លាញនោះឡើយ ប្រសិនបើពួកអ្នកបានដឹងមែននោះ?

ពួកគេនឹងឆ្លើយថា៖ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ចូរអ្នកតបថា៖ ដូច្នេះ តើពួកអ្នកត្រូវបានគេបោកបញ្ឆោតយ៉ាងដូចម្តេច?

ផ្ទុយទៅវិញ យើងបាននាំមកឱ្យពួកគេនូវការពិត។ ហើយពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក។

អល់ឡោះទ្រង់គ្មានបុត្រនោះឡើយ ហើយក៏គ្មានព្រះឯណាដែលត្រូវគោពសក្ការៈដ៏ពិតប្រាកដរួមជាមួយនឹងទ្រង់នោះដែរ។ ប្រសិនបើមានមែននោះ ព្រះនីមួយៗប្រាកដជានឹងនាំយកនូវអ្វីដែលខ្លួនបានបង្កើត(ទៅគ្រប់គ្រង) ហើយពួកវានឹងយកប្រៀបលើគ្នាទៅវិញទៅមកជាមិនខាន។ អល់ឡោះជាម្ចាស់មហាស្អាតស្អំពីអ្វីដែលពួកគេបានពណ៌នា។

ទ្រង់ជាអ្នកដឹងនូវប្រការដែលអាថ៌កំបាំង និងប្រការដែលលាតត្រដាង។ ហើយទ្រង់មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេធ្វើស្ហ៊ីរិក។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ បរពិត្រព្រះជាម្ចាស់! ប្រសិនបើព្រះអង្គពិតជាបង្ហាញឱ្យខ្ញុំបានឃើញនូវអ្វី(ទណ្ឌកម្ម)ដែលទ្រង់បានសន្យានឹងពួកគេ

បរពិត្រព្រះជាម្ចាស់! ដូចនេះ សូមព្រះអង្គមេត្តាកុំឱ្យខ្ញុំស្ថិតក្នុងចំណោមក្រុមដែលបំពាន។

ហើយពិតប្រាកដណាស់ យើងពិតជាអ្នកដែលមានសមត្ថភាពក្នុងការធ្វើឱ្យអ្នក(ព្យាការីមូហាំម៉ាត់)បានឃើញនូវអ្វី(ទណ្ឌកម្ម)ដែលយើងបានសន្យាចំពោះពួកគេនោះ។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រុញច្រានប្រការអាក្រក់ដោយអ្វីដែលល្អប្រសើរជាង។ ហើយយើងដឹងបំផុតនូវអ្វីដែលពួកគេបានពណ៌នា។

ហើយចូរអ្នកពោលចុះថា៖ បរពិត្រព្រះជាម្ចាស់! ខ្ញុំសុំការបញ្ចៀសពីព្រះអង្គអំពីការពង្វក់របស់ពពួកស្ហៃតនផង។

ហើយខ្ញុំសុំការបញ្ចៀសពីព្រះអង្គ ឱព្រះជាម្ចាស់របស់ខ្ញុំ សូមបញ្ចៀសរូបខ្ញុំពីវត្តមានរបស់ពួកវាផង។

លុះនៅពេលដែលសេចក្តីស្លាប់បានមកដល់នរណាម្នាក់ក្នុងចំណោមពួកគេ(ពួកមុស្ហរីគីន) គេនឹងនិយាយថា៖ បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាឲ្យខ្ញុំបានវិលត្រឡប់(ទៅកាន់លោកិយម្តងទៀត)ផង

ដើម្បីឲ្យខ្ញុំបានសាងទង្វើកុសលវិញចំពោះអ្វីដែលខ្ញុំបានបោះបង់(កាលពីមុន)។ មិនដូច្នោះឡើយ! តាមពិត វាគ្រាន់តែជាពាក្យសម្តីដែលគេនិយាយ(ទទេៗ)ប៉ុណ្ណោះ។ ហើយនៅពីក្រោយពួកគេ គឺមានជញ្ជាំងខណ្ឌចែក(រវាងលោកិយ និងបរលោក) រហូតដល់ថ្ងៃដែលពួកគេត្រូវបានគេបង្កើតឲ្យរស់ឡើងវិញ។

ហើយនៅពេលដែលគេ(ម៉ាឡាអ៊ីកាត់)បានផ្លុំត្រែ ពេលនោះ គ្មានសាច់សាលោហិតអ្វីទៀតឡើយរវាងពួកគេនៅថ្ងៃនោះ ហើយពួកគេក៏មិនសួរគ្នាទៅវិញទៅមកនោះដែរ។

ដូច្នេះ ជនណាហើយដែលភ្នែកជញ្ជីង(នៃអំពើល្អ)របស់គេមានទម្ងន់ធ្ងន់ជាង ពិតណាស់ អ្នកទាំងនោះហើយគឺជាអ្នកដែលទទួលបានជោគជ័យ។

តែជនណាហើយដែលភ្នែកជញ្ជីង(នៃអំពើល្អ)របស់គេមានទម្ងន់ស្រាលជាងនោះ ពិតណាស់ ពួកទាំងនោះហើយគឺជាពួកដែលខាតបង់ខ្លួនឯងដោយត្រូវស្ថិតនៅក្នុងនរកជើហាន់ណាំជាអមតៈ។

ភ្លើងនរកឆាបឆេះមុខរបស់ពួកគេ ហើយពួកគេរួញក្រញង់នៅក្នុងឋាននរកនោះ។

(មានគេនិយាយទៅកាន់ពួកគេថា៖) តើបណ្តាវាក្យខណ្ឌរបស់យើងមិនធ្លាប់ត្រូវបានសូត្រឱ្យពួកអ្នកស្តាប់ ហើយពួកអ្នកធ្លាប់បានបដិសេធចំពោះវាទេឬ?

ពួកគេបានតបថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ទំនើងចិត្តរបស់យើងខ្ញុំបានគ្របដណ្តប់លើយើងខ្ញុំ ហើយយើងខ្ញុំធ្លាប់ជាក្រុមមួយដែលវង្វេង។

បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាបញ្ចេញយើងខ្ញុំពីវា(ឋាននរក)ផងចុះ។ ពេលនោះ ប្រសិនបើយើងខ្ញុំត្រឡប់ទៅ(រកភាពវង្វេងទៀតនោះ) ជាការពិតណាស់ យើងខ្ញុំគឺជាពួកដែលបំពាន។

ទ្រង់បានតបវិញថា៖ ចូរពួកឯងស្ថិតនៅក្នុងឋាននរកនេះចុះ ហើយចូរពួកឯងកុំនិយាយនឹងយើងទៀត។

ពិតប្រាកដណាស់ មានក្រុមមួយក្នុងចំណោមខ្ញុំបម្រើរបស់យើង(អ្នកមានជំនឿ) ពួកគេបានបួងសួងថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! យើងខ្ញុំមានជំនឿហើយ។ ដូចនេះ សូមព្រះអង្គមេត្តាអភ័យទោសដល់យើងខ្ញុំ និងអាណិតស្រលាញ់ចំពោះយើងខ្ញុំផង។ ជាការពិតណាស់ ទ្រង់គឺជាអ្នកដែលអាណិតស្រលាញ់ដ៏ប្រសើរបំផុត។

តែពួកអ្នកបែរជាយកពួកគេជាការចំអកឡកឡឺយទៅវិញ រហូតធ្វើឲ្យពួកអ្នកភ្លេចនូវការរំឭកមកចំពោះយើង ខណៈដែលពួកអ្នកបានសើចចំអកចំពោះពួកគេ។

ពិតប្រាកដណាស់ នៅថ្ងៃនេះ យើងនឹងតបស្នងដល់ពួកគេ(អ្នកមានជំនឿ)ចំពោះអ្វីដែលពួកគេបានអត់ធ្មត់។ ពិតប្រាកដណាស់ ពួកគេជាពួកដែលទទួលបានជោគជ័យ។

ទ្រង់បានមានបន្ទូលថា៖ តើពួកអ្នកបានរស់នៅក្នុងលោកិយរយៈកាលប៉ុន្មានឆ្នាំដែរ?

ពួកគេបានឆ្លើយថា៖ ពួកយើងបានរស់នៅ(ក្នុងលោកិយ)ចំនួនមួយថ្ងៃ ឬកន្លះថ្ងៃតែប៉ុណ្ណោះ។ ដូច្នេះ សូមព្រះអង្គសួរអ្នកដែលចេះគណនាចុះ។

ទ្រង់បានតបថា៖ ពួកអ្នកមិនបានរស់នៅ(ក្នុងលោកិយ)នេះឡើយ លើកលែងតែមួយរយៈពេលដ៏ខ្លីប៉ុណ្ណោះ ប្រសិនបើពួកអ្នកបានដឹង។

តើពួកអ្នក(ឱមនុស្សលោក)គិតថា៖ ពិតណាស់ យើងបានបង្កើតពួកអ្នកទទេរៗ((គ្មានហេតុផល) ហើយពួកអ្នកពិតជាមិនត្រូវបានគេនាំត្រឡប់មកកាន់យើងវិញ(ដើម្បីជំនុំជម្រះ)នោះឬ?

ពិតប្រាកដណាស់ អល់ឡោះមហាខ្ពង់ខ្ពស់ ជាស្តេចដែលគ្រប់គ្រងដ៏ពិតប្រាកដ។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលជាព្រះជាម្ចាស់នៃអារ៉ស្ហដ៏ឧត្តុង្គឧត្តមនោះឡើយ។

ហើយជនណាដែលគោរពសក្ការៈព្រះផ្សេងរួមនឹងអល់ឡោះដែលគ្មានភស្តុតាងបញ្ជាក់ចំពោះវាផងនោះ ជាការពិតណាស់ ការជំនុំជម្រះរបស់គេ គឺស្ថិតនៅលើព្រះជាម្ចាស់របស់គេ។ ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ គឺមិនទទួលជោគជ័យជាដាច់ខាត។

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាអភ័យទោស និងអាណិតស្រលាញ់(ចំពោះរូបខ្ញុំ)ផង។ ហើយទ្រង់គឺជាអ្នកអាណិតស្រលាញ់ដ៏ប្រសើរបំផុត។