The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe Light [An-Noor] - Khmer translation - Rowwad Translation Center
Surah The Light [An-Noor] Ayah 64 Location Maccah Number 24
នេះគឺជាជំពូកមួយដែលយើងបានបញ្ចុះ និងបានដាក់កាតព្វកិច្ច(ឱ្យអនុវត្តន៍តាមក្បួនច្បាប់របស់វា) ហើយយើងបានបញ្ចុះនៅក្នុងជំពូកនោះនូវបណ្តាវាក្យខណ្ឌដ៏ច្បាស់លាស់ដើម្បីឱ្យពួកអ្នកចងចាំ។
ស្ត្រីក្រមុំ និងបុរសកំលោះដែលប្រព្រឹត្តអំពើហ្ស៊ីណា ចូរពួកអ្នកវាយគេទាំងពីរក្នុងម្នាក់ៗចំនួនមួយរយរំពាត់។ ហើយពួកអ្នកមិនត្រូវអាណិតអាសូរចំពោះពួកគេទាំងពីរដោយមិនអនុវត្តទៅតាមច្បាប់សាសនារបស់អល់ឡោះនោះឡើយ ប្រសិនបើពួកអ្នកគឺជាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោកមែននោះ។ ហើយចូរឱ្យក្រុមមួយនៃអ្នកដែលមានជំនឿចូលរួមធ្វើជាសាក្សីដឹងឮក្នុងការដាក់ទណ្ឌកម្មពួកគេទាំងពីរផងដែរ។
បុរសដែលប្រព្រឹត្តហ្ស៊ីណា គឺមិនត្រូវរៀបការនោះឡើយលើកលែងតែជាមួយនឹងស្ត្រីដែលប្រព្រឹត្តហ្ស៊ីណា ឬស្ត្រីដែលធ្វើស្ហ៊ីរិកប៉ុណ្ណោះ។ ហើយស្ត្រីដែលប្រព្រឹត្តហ្ស៊ីណា ក៏គ្មានអ្នករៀបការនឹងនាងនោះដែរ លើកលែងជាមួយនឹងបុរសដែលប្រព្រឹត្តហ្ស៊ីណា ឬបុរសដែលធ្វើស្ហ៊ីរិកប៉ុណ្ណោះ។ ហើយគេហាមឃាត់ដូច្នោះទៅចំពោះបណ្តាអ្នកមានជំនឿទាំងឡាយ។
ហើយពួកដែលចោទប្រកាន់ស្ត្រីដែលបរិសុទ្ធ(ថាបានប្រព្រឹត្តអំពើហ្ស៊ីណា) ក្រោយមក ពួកគេ(អ្នកដែលចោទប្រកាន់គេ)មិនបាននាំមកនូវសាក្សីចំនួនបួនរូបមកទេនោះ ចូរពួកអ្នកវាយពួកគេចំនួនប៉ែតសិបរំពាត់ ហើយពួកអ្នកមិនត្រូវទទួលយកការធ្វើសាក្សីពីពួកទាំងនោះជាដាច់ខាត។ ហើយពួកទាំងនោះ គឺជាពួកដែលប្រព្រឹត្តល្មើស។
លើកលែងតែអ្នកដែលបានសារភាពកំហុសក្រោយពីនោះ ហើយបានកែខ្លួនវិញប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។
ហើយអ្នកដែលបានចោទប្រកាន់ភរិយារបស់ខ្លួន(ថាបានប្រព្រឹត្តហ្ស៊ីណា) តែពួកគេពុំមានសាក្សីណាក្រៅពីខ្លួនឯងទេនោះ ចូរឱ្យពួកគេម្នាក់ៗស្បថចំពោះអល់ឡោះចំនួនបួនដងថា៖ ពិតប្រាកដណាស់ រូបគេ(ស្វាមី)ពិតជាស្ថិតក្នុងចំណោមអ្នកដែលទៀងត្រង់។
ហើយនៅលើកទីប្រាំ(ចូរឲ្យគេបន្ថែមថា)៖ សូមឲ្យបណ្តាសារបស់អល់ឡោះធ្លាក់លើរូបគេ ប្រសិនបើរូបគេស្ថិតក្នុងចំណោមអ្នកដែលភូតកុហក។
ហើយគេ(អ្នកអនុវត្តច្បាប់)ត្រូវការពារនាងពីការដាក់ទណ្ឌកម្ម(គប់នឹងដុំថ្មរហូតស្លាប់) ដោយត្រូវឱ្យនាងស្បថចំពោះអល់ឡោះចំនួនបួនដងថា៖ ពិតប្រាកដណាស់ រូបគេ(ស្វាមី)ស្ថិតក្នុងចំណោមអ្នកដែលភូតកុហក។
ហើយនៅលើកទីប្រាំ(ចូរឲ្យនាងបន្ថែមថា)៖ សូមឲ្យការខឹងសម្បារបស់អល់ឡោះធ្លាក់ទៅលើនាង ប្រសិនបើគេ(ស្វាមី)ស្ថិតក្នុងចំណោមអ្នកដែលទៀងត្រង់។
ហើយប្រសិនបើគ្មានការប្រោសប្រទានពីអល់ឡោះ និងក្តីមេត្តាករុណារបស់ទ្រង់ចំពោះពួកអ្នកទេនោះ (ទ្រង់ពិតជានឹងដាក់ទណ្ឌកម្មពួកអ្នកភ្លាមៗជាមិនខាន)។ ហើយទ្រង់ជាអ្នកដែលទទួលនូវការសារភាពកំហុស មហាគតិបណ្ឌិតបំផុត។
ពិតប្រាកដណាស់ ពួកដែលនាំមកនូវការមួលបង្កាច់(ចោទប្រកាន់អាអ៊ីស្ហះ ថាបានប្រព្រឹត្តហ្ស៊ីណា)នោះ គឺជាក្រុមមួយនៃពួកអ្នក(ឱអ្នកមានជំនឿ)នេះឯង។ ចូរពួកអ្នកកុំគិតថា វារឿងអាក្រក់សម្រាប់ពួកអ្នកឱ្យសោះ។ ផ្ទុយទៅវិញ វាជារឿងល្អសម្រាប់ពួកអ្នកទៅវិញទេ។ សម្រាប់បុគ្គលគ្រប់រូបក្នុងចំណោមពួកគេ(ដែលបានចូលរួមក្នុងការចោទប្រកាន់នោះ) គឺត្រូវទទួលចំណែកនៃបាបកម្ម។ ហើយអ្នកដែលទទួលខុសត្រូវធំជាងគេក្នុងរឿងនេះក្នុងចំណោមពួកគេ សម្រាប់រូបគេនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។
ហេតុអ្វីបានជានៅពេលដែលពួកអ្នកបានឮរឿងនេះ អ្នកមានជំនឿទាំងប្រុសទាំងស្រីមិនព្រមគិតស្មានល្អដោយខ្លួនពួកគេផ្ទាល់ ហើយនិយាយថា នេះគឺជាការចោទប្រកាន់យ៉ាងច្បាស់លាស់នោះ?
ហេតុអ្វីបានជាពួកគេ(អ្នកដែលចោទប្រកាន់)មិននាំមកនូវសាក្សីចំនួនបួននាក់ដើម្បីបញ្ជាក់? ប្រសិនបើពួកគេមិនបាននាំសាក្សីមកទេនោះ ពិតប្រាកដណាស់ ចំពោះអល់ឡោះ ពួកគេ គឺជាពួកដែលភូតកុហក។
ហើយប្រសិនបើគ្មានការប្រោសប្រទានរបស់អល់ឡោះ និងក្តីមេត្តាករុណារបស់ទ្រង់ចំពោះពួកអ្នកទាំងក្នុងលោកិយ និងនៅថ្ងៃបរលោកទេនោះ ច្បាស់ជាទណ្ឌកម្មដ៏ធំធេងបំផុតនឹងធ្លាក់ទៅលើពួកអ្នកដោយសារតែការមួលបង្កាច់របស់ពួកអ្នកជាមិនខាន។
នៅពេលដែលពួកអ្នកពាំនាំរឿងនោះ(រឿងមួលបង្កាច់)ដោយអណ្តាតរបស់ពួកអ្នក ហើយពួកអ្នកបាននិយាយដោយមាត់របស់ពួកអ្នកនូវអ្វីដែលពួកអ្នកមិនបានដឹង ដោយពួកអ្នកគិតស្មានថា វាគឺជារឿងតូចតាច ខណៈដែលវាគឺជារឿងធំបំផុតចំពោះអល់ឡោះជាម្ចាស់។
ហើយតើហេតុអ្វីបានជានៅពេលដែលពួកអ្នកបានឮរឿងនេះ ពួកអ្នកមិនព្រមនិយាយថា៖ មិនត្រឹមត្រូវនោះទេដែលយើងនាំគ្នាមកនិយាយរឿងនេះ? អល់ឡោះមហាស្អាតស្អំ។ នេះគឺជាការមួលបង្កាច់មួយដ៏ធំធេង។
អល់ឡោះទ្រង់ទូន្មានពួកអ្នកកុំឱ្យត្រឡប់មកធ្វើដូចនេះម្តងទៀត ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿ។
ហើយអល់ឡោះជាម្ចាស់ទ្រង់បញ្ជាក់យ៉ាងច្បាស់ដល់ពួកអ្នកនូវបណ្តាវាក្យខណ្ឌទាំងឡាយ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
ពិតប្រាកដណាស់ ពួកដែលចូលចិត្តចង់ឲ្យរឿងអាស្រូវលេចឮសុះសាយក្នុងចំណោមអ្នកដែលមានជំនឿនោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មយ៉ាងឈឺចាប់បំផុតទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ ហើយអល់ឡោះទ្រង់ដឹងបំផុត។ តែពួកអ្នកវិញមិនដឹងឡើយ។
ហើយប្រសិនបើគ្មានការប្រោសប្រទានរបស់អល់ឡោះ ហើយនិងក្តីមេត្តាករុណារបស់ទ្រង់ចំពោះពួកអ្នកទេនោះ (ទ្រង់ពិតជានឹងដាក់ទណ្ឌកម្មពួកអ្នកភ្លាមៗជាមិនខាន)។ ហើយពិតប្រាកដណាស់ អល់ឡោះមហាអាណិតអាសូរ និងមហាអាណិតស្រលាញ់។
ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំដើរតាមជំហានទាំងឡាយរបស់ស្ហៃតន។ ជនណាហើយដែលដើរតាមជំហានទាំងឡាយរបស់ស្ហៃតននោះ ជាការពិតណាស់ វានឹងប្រើឲ្យប្រព្រឹត្តនូវទង្វើអសីលធម៌ និងអំពើអាក្រក់។ ហើយប្រសិនបើគ្មានការប្រោសប្រទានពីអល់ឡោះ និងក្តីមេត្តាករុណារបស់ទ្រង់ចំពោះពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ទេនោះ គ្មាននរណាម្នាក់ក្នុងចំណោមពួកអ្នកអាចជ្រះស្អាត(ពីបាបកម្ម)ជាដាច់ខាត ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់ធ្វើឲ្យជ្រះស្អាត(ពីបាបកម្ម)ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះជាម្ចាស់មហាឮ មហាដឹងបំផុត។
ហើយចូរកុំឱ្យអ្នកដែលមានកិត្តិយសថ្លៃថ្នូរក្នុងចំណោមពួកអ្នក និងអ្នកដែលមានទ្រព្យសម្បត្តិធូរធារស្បថថានឹងឈប់បរិច្ចាគឱ្យទៅសាច់ញាតិ ជនក្រីក្រ និងអ្នកដែលភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះឱ្យសោះ។ ហើយចូរឱ្យពួកគេ(អ្នកមានទ្រព្យ)អភ័យទោស និងអធ្យាស្រ័យ(ដល់អ្នកទាំងនោះ)។ តើពួកអ្នកមិនចូលចិត្តចង់ឱ្យអល់ឡោះអភ័យទោសដល់ពួកអ្នកទេឬ? ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។
ជាការពិតណាស់ ពួកដែលចោទប្រកាន់បណ្តាស្ត្រីបរិសុទ្ធដែលមិនធ្លាប់គិតផ្តេសផ្តាសព្រមទាំងជាស្ត្រីដែលមានជំនឿទៀតនោះ (ថាបានប្រព្រឹត្តអំពើហ្ស៊ីណា) គេនឹងដាក់បណ្តាសាពួកគេទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ ហើយសម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។
គឺនៅថ្ងៃដែលអណ្តាតរបស់ពួកគេធ្វើសាក្សីប្រឆាំងនឹងពួកគេ(ចំពោះអ្វីដែលពួកគេនិយាយ) ហើយដៃជើងរបស់ពួកគេធ្វើសាក្សីប្រឆាំងនឹងពួកគេចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។
នៅក្នុងថ្ងៃនោះ អល់ឡោះជាម្ចាស់នឹងប្រទានដល់ពួកគេនូវការតបស្នងរបស់ពួកគេប្រកបដោយភាពយុត្តិធម៌បំផុត ហើយពួកគេនឹងដឹងថា ពិតណាស់អល់ឡោះទ្រង់គឺជាព្រះជាម្ចាស់ដ៏ពិតប្រាកដ។
ស្ត្រីដែលអាក្រក់ គឺសម្រាប់បុរសដែលអាក្រក់ ហើយបុរសដែលអាក្រក់ គឺសម្រាប់ស្ត្រីដែលអាក្រក់។ ចំណែកស្ត្រីដែលល្អ គឺសម្រាប់បុរសដែលល្អ ហើយបុរសដែលល្អ គឺសម្រាប់ស្ត្រីដែលល្អ។ អ្នក(ដែលល្អៗ)ទាំងនោះ គឺពួកគេចាកផុតពីអ្វីដែលពួក(ដែលអាក្រក់ៗ)ទាំងនោះបាននិយាយ(ចោទប្រកាន់)។ សម្រាប់ពួកគេនឹងទទួលបាននូវការអភ័យទោស និងលាភសក្ការៈដ៏ប្រពៃ(ឋានសួគ៌)។
ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំចូលគេហដ្ឋានណាមួយក្រៅពីគេហដ្ឋានរបស់ពួកអ្នកឱ្យសោះ ទាល់តែពួកអ្នកសុំការអនុញ្ញាត និងឱ្យសាឡាម(គារវកិច្ច)ទៅកាន់ម្ចាស់ផ្ទះជាមុនសិន។ នោះគឺជាការល្អប្រសើរសម្រាប់ពួកអ្នក សង្ឃឹមថាពួកអ្នកនឹងចងចាំ។
តែប្រសិនបើពួកអ្នកមិនបានឃើញនរណាម្នាក់នៅក្នុងគេហដ្ឋាននោះទេ ចូរពួកអ្នកកុំចូលក្នុងគេហដ្ឋាននោះ រហូតទាល់តែមានគេអនុញ្ញាតឱ្យពួកអ្នក។ ហើយប្រសិនបើគេនិយាយទៅកាន់ពួកអ្នកថា៖ “សូមពួកអ្នកត្រឡប់ទៅវិញចុះ” នោះពួកអ្នកត្រូវតែត្រឡប់ទៅវិញ។ នោះគឺជាការស្អាតស្អំបំផុតសម្រាប់ពួកអ្នក។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
គ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នក ប្រសិនបើពួកអ្នកចូលក្នុងគេហដ្ឋានណាមួយដែលមិនមែនសម្រាប់រស់នៅដែលនៅក្នុងនោះ មានទ្រព្យសម្បត្តិរបស់ពួកអ្នក។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកលាតត្រដាង និងអ្វីដែលពួកអ្នកលាក់បាំង។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់អ្នកមានជំនឿជាបុរសឱ្យទម្លាក់ក្រសែភ្នែករបស់ពួកគេចុះ(ពីការសម្លឹងមើលទៅកាន់អ្វីដែលច្បាប់មិនអនុញ្ញាត) ហើយចូរឱ្យពួកគេថែរក្សាប្រដាប់ភេទរបស់ខ្លួន(ពីអំពើហ្ស៊ីណា)។ នោះគឺជាការស្អាតស្អំបំផុតសម្រាប់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់បណ្តាអ្នកមានជំនឿជាស្ត្រីឲ្យពួកនាងទម្លាក់ក្រសែភ្នែកចុះ(ពីការសម្លឹងមើលទៅកាន់ប្រការដែលច្បាប់ហាមឃាត់) ហើយចូរឲ្យពួកនាងថែរក្សាប្រដាប់ភេទរបស់ខ្លួន(ពីអំពើហ្ស៊ីណា)។ ហើយចូរកុំឲ្យពួកនាងបង្ហាញការតុបតែង(សម្រស់)របស់ខ្លួន លើកលែងតែអ្វី(សម្លៀកបំពាក់)ដែលស្តែងចេញជាធម្មតា។ ហើយចូរឲ្យពួកនាងយកស្បៃគ្របឲ្យបានជិតនៅបរិវេណដើមទ្រូង និងករបស់ពួកនាង។ ហើយពួកនាងមិនត្រូវបង្ហាញសម្រស់របស់ពួកនាងនោះឡើយ លើកលែងតែចំពោះប្តីរបស់ពួកនាង ឪពុករបស់ពួកនាង ឪពុកក្មេករបស់ពួកនាង កូនប្រុសទាំងឡាយរបស់ពួកនាង កូនប្រុសប្តីរបស់ពួកនាង(កូនចុង) បងប្អូនប្រុសបង្កើតរបស់ពួកនាង កូនប្រុសៗនៃបងប្អូនប្រុសបង្កើតរបស់ពួកនាង កូនប្រុសៗនៃបងប្អូនស្រីបង្កើតរបស់ពួកនាង(ក្មួយប្រុសបង្កើត) ស្ត្រីគ្នាឯង ឬក៏ខ្ញុំបម្រើដាច់ថ្លៃរបស់ពួកនាង និងអ្នកបម្រើប្រុសៗដែលគ្មានតណ្ហាចំពោះស្ត្រី ព្រមទាំងក្មេងតូចៗដែលពុំទាន់ដឹងពីកេរខ្មាសរបស់ស្ត្រី។ ហើយចូរកុំឲ្យពួកនាងដើរទន្រ្ទាំជើងរបស់ពួកនាងក្នុងគោលបំណងឲ្យគេដឹងនូវអ្វីដែលពួកនាងលាក់បាំងអំពីការតុបតែងរបស់ពួកនាង។ ហើយចូរពួកអ្នកសារភាពកំហុសចំពោះអល់ឡោះទាំងអស់គ្នាចុះ ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។
ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)រៀបការឱ្យអ្នកដែលនៅលីវក្នុងចំណោមពួកអ្នក(ដែលជាអ្នកមានសេរីភាព) និងខ្ញុំបម្រៃដាច់ថ្លៃរបស់ពួកអ្នកទាំងប្រុស ទាំងស្រីដែលជាមនុស្សល្អ។ ប្រសិនបើពួកគេជាអ្នកក្រខ្សត់នោះ អល់ឡោះជាម្ចាស់នឹងផ្តល់ភាពមានបានដល់ពួកគេដោយក្តីសប្បុរសរបស់ទ្រង់។ ហើយអល់ឡោះជាម្ចាស់មហាវិសេសវិសាល និងដឹងបំផុត។
ហើយចូរឱ្យអ្នកដែលគ្មានលទ្ធភាពរៀបការរក្សាខ្លួនឲ្យបរិសុទ្ធ រហូតទាល់តែអល់ឡោះទ្រង់ផ្តល់ភាពមានបានដល់ពួកគេដោយការប្រោសប្រទានរបស់ទ្រង់។ ហើយចំពោះខ្ញុំបម្រើដាច់ថ្លៃរបស់ពួកអ្នកដែលស្វែងរកកិច្ចសន្យាលោះខ្លួន(ឱ្យមានសិទ្ធិសេរីភាព) ចូរពួកអ្នក(ចៅហ្វាយនាយ)ទទួលយកនូវការស្នើសុំរបស់ពួកគេ ប្រសិនបើពួកអ្នកបានដឹងថា ពួកគេមានភាពល្អប្រសើរ។ ហើយចូរពួកអ្នកផ្តល់ឲ្យពួកគេនូវទ្រព្យសម្បត្តិខ្លះដែលអល់ឡោះបានប្រទានដល់ពួកអ្នក។ ហើយពួកអ្នកមិនត្រូវបង្ខំស្រីបម្រើដាច់ថ្លៃរបស់ពួកអ្នកឱ្យប្រព្រឹត្តពេស្យាដើម្បីស្វែងរកទ្រព្យសម្បត្តិលោកិយ(ឲ្យពួកអ្នក)នោះឡើយ ប្រសិនបើពួកនាងមានបំណងចង់រក្សាខ្លួនឲ្យបរិសុទ្ធនោះ។ ហើយជនណាដែលបង្ខិតបង្ខំពួកនាង ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុតចំពោះពួកនាងបន្ទាប់ពីពួកនាងត្រូវបានគេបង្ខិតបង្ខំ។
ហើយជាការពិតណាស់ យើងបានបញ្ចុះទៅកាន់ពួកអ្នក(ឱមនុស្សលោក)នូវបណ្តាវាក្យខណ្ឌជាច្រើនដ៏ច្បាស់លាស់ និងរឿងរ៉ាវនៃអ្នកជំនាន់មុនពួកអ្នកដែលបានកន្លងផុត ព្រមទាំងជាដំបូន្មានសម្រាប់បណ្តាអ្នកដែលកោតខ្លាច។
អល់ឡោះជាម្ចាស់ ទ្រង់ជាពន្លឺនៃមេឃជាច្រើនជាន់និងផែនដី។ ពន្លឺរបស់ទ្រង់ ប្រៀបដូចជាប្រឡោះនៅនឹងជញ្ជាំងមួយ ហើយនៅក្នុងនោះ គឺមានចង្កៀង។ ចង្កៀងនោះស្ថិតក្នុងកញ្ចក់។ កញ្ចក់នោះប្រៀបដូចជាដួងតារាដែលបញ្ចេញពន្លឺចែងចាំងដូចគុជខ្យងដែលត្រូវបានអុជបញ្ឆេះដោយប្រេងនៃដើមឈើដ៏មានពរជ័យ ពោលគឺដើមអូលីវ ជាដើមឈើមួយដែលគ្មានអ្វីបាំងវាពីពន្លឺថ្ងៃឡើយ មិនថាពេលថ្ងៃរះ ឬពេលថ្ងៃលិចនោះទេ។ ប្រេងរបស់វាស្ទើរតែមានពន្លឺទៅហើយ បើទោះជាគេពុំទាន់អុជភ្លើងវាក៏ដោយ។ ពន្លឺត្រួតលើពន្លឺ។ អល់ឡោះជាម្ចាស់ទ្រង់ចង្អុលបង្ហាញទៅកាន់ពន្លឺរបស់ទ្រង់(គម្ពីរគួរអាន)ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះទ្រង់លើកជាឧទាហរណ៍ជាច្រើនសម្រាប់មនុស្សលោក។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវរាល់អ្វីៗទាំងអស់។
(ចង្កៀងនេះត្រូវបានគេអុជបំភ្លឺ)នៅក្នុងបណ្តាគេហដ្ឋាន(ម៉ាស្ជិត)ដែលអល់ឡោះបង្គាប់ប្រើឲ្យលើកតម្កើង និងរំឭកព្រះនាមរបស់ទ្រង់នៅក្នុងវាដោយគេប្រតិបត្តិសឡាតនៅក្នុងវាទាំងពេលព្រឹក និងពេលល្ងាច។
បុរសៗ(ដែលលើកតម្កើងទ្រង់ទាំងនោះ)ការធ្វើជំនួញ និងការលក់ដូរមិនអាចធ្វើឱ្យពួកគេភ្លេចពីការរំឭកចំពោះអល់ឡោះ និងប្រតិបត្តិសឡាត ហើយនិងបរិច្ចាគហ្សាកាត់នោះឡើយ។ ពួកគេភ័យខ្លាចថ្ងៃមួយដែលដួងចិត្ត និងកែវភ្នែកត្រូវក្រឡាប់ចាក់(ថ្ងៃបរលោក)។
ដើម្បីអល់ឡោះទ្រង់តបស្នងដល់ពួកគេយ៉ាងល្អបំផុតនូវអ្វីដែលពួកគេបានសាង ហើយទ្រង់នឹងបន្ថែមឱ្យពួកគេ(លើសពីនេះទៀត)ដោយការប្រោសប្រទានរបស់ទ្រង់។ ហើយអល់ឡោះទ្រង់ប្រទានលាភសក្ការៈដល់ជនណាដែលទ្រង់មានចេតនាដោយឥតគណនាឡើយ។
រីឯពួកដែលគ្មានជំនឿវិញ ទង្វើរបស់ពួកគេ ប្រៀបដូចជាការបំភាន់ភ្នែកនៅទីវាលមួយដែលអ្នកស្រេកទឹកគិតថា វាជាទឹក។ លុះនៅពេលដែលគេទៅដល់កន្លែងនោះ គឺគេពុំឃើញមានអ្វីនៅទីនោះឡើយ។ ហើយ(ពួកគ្មានជំនឿវិញ)គេនឹងប្រទះឃើញអល់ឡោះជាម្ចាស់នៅនឹងមុខគេ(នៅថ្ងៃបរលោក)។ ពេលនោះ ទ្រង់នឹងផ្តល់ឱ្យគេនូវការជំនុំជម្រះរបស់គេយ៉ាងពេញលេញ។ ហើយអល់ឡោះទ្រង់ជាអ្នកកាត់សេចក្តីយ៉ាងឆាប់រហ័សបំផុត។
ឬក៏(ទង្វើរបស់ពួកគេ)ប្រៀបបានទៅនឹងភាពងងឹតនៅក្នុងបាតសមុទ្រដ៏ជ្រៅមួយដែលមានរលកធំៗគ្របដណ្តប់ពីលើវាផ្ទួនៗ ព្រមទាំងមានពពកខ្មៅ(ដ៏ធំមួយ)គ្របលើរលកនោះទៀត។ គឺភាពងងឹតត្រូវត្រួតពីលើគ្នាទៅវិញទៅមក។ នៅពេលដែលគេដកដៃរបស់គេចេញ គេស្ទើរតែមិនអាចមើលវាឃើញ។ ហើយជនណាដែលអល់ឡោះមិនផ្តល់ឲ្យគេនូវពន្លឺទេនោះ ជាការពិតណាស់ គឺគ្មានពន្លឺសម្រាប់គេនោះឡើយ។
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ត្រូវបានអ្នកដែលនៅលើមេឃជាច្រើនជាន់និងផែនដី ព្រមទាំងពពួកបក្សីដែលត្រដាងស្លាបទាំងគូរបស់វា សុទ្ធតែលើកតម្កើងចំពោះទ្រង់នោះ? រាល់ភាវៈទាំងនោះ គឺទ្រង់បានដឹងនូវការសឡាត និងការលើកតម្កើងរបស់វា(ចំពោះទ្រង់)។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។
ហើយការគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយកន្លែងវិលត្រឡប់(នៅថ្ងៃបរលោក) គឺឆ្ពោះទៅកាន់អល់ឡោះ(តែមួយគត់)។
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ធ្វើឱ្យពពករសាត់។ ក្រោយមក ទ្រង់បានប្រមូលផ្តុំវា រួចមក ទ្រង់បានធ្វើឱ្យវាគរលើគ្នា។ ពេលនោះ អ្នកនឹងឃើញទឹកភ្លៀងចេញពីចន្លោះដុំពពកនោះ។ ហើយទ្រង់បានបញ្ចុះពីលើមេឃចេញពីដុំពពកដ៏ក្រាស់ឃ្មឹកដែលប្រៀបដូចជាភ្នំនោះនូវព្រិលដោយវាត្រូវទៅលើជនណាដែលទ្រង់មានចេតនា និងបញ្ចៀសវាចេញអំពីជនណាដែលទ្រង់មានចេតនា។ ពន្លឺនៃផ្លេកបន្ទោរស្ទើរតែឆក់យកក្រសែភ្នែកទៅហើយ។
អល់ឡោះទ្រង់ផ្លាស់ប្តូររវាងពេលយប់និងពេលថ្ងៃ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាមេរៀនមួយសម្រាប់អ្នកដែលមានការឈ្វេងយល់។
ហើយអល់ឡោះទ្រង់បង្កើតរាល់សត្វលោកទាំងអស់អំពីទឹក។ ក្នុងចំណោមពួកវា មានសត្វខ្លះលូននឹងពោះរបស់វា ខ្លះទៀតដើរដោយជើងពីរ ហើយខ្លះទៀត ដើរដោយជើងបួន។ អល់ឡោះទ្រង់បង្កើតនូវអ្វីដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
ជាការពិតណាស់ យើងបានបញ្ចុះនូវសញ្ញាភស្តុតាងជាច្រើនដ៏ច្បាស់លាស់។ ហើយអល់ឡោះទ្រង់ចង្អុលបង្ហាញជនណាដែលទ្រង់មានចេតនាទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។
ហើយពួកគេ(ពួកពុតត្បុត)បាននិយាយថា៖ ពួកយើងមានជំនឿលើអល់ឡោះនិងអ្នកនាំសារ(របស់ទ្រង់) ហើយពួកយើងប្រតិបត្តិតាមហើយ។ បន្ទាប់មក មួយក្រុមក្នុងចំណោមពួកគេបែរងាកចេញក្រោយពីនោះទៅវិញ។ ហើយពួកទាំងនោះ គឺពុំមែនជាអ្នកដែលមានជំនឿឡើយ។
ហើយនៅពេលដែលមានគេអំពាវនាវពួកទាំងនោះទៅកាន់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដើម្បីកាត់សេចក្តីរវាងពួកគេ ស្រាប់តែមួយក្រុមក្នុងចំណោមពួកគេបែរជាងាកចេញទៅវិញ។
តែប្រសិនបើ(ពួកគេបានដឹងថា) ភាពត្រឹមត្រូវ គឺសម្រាប់ពួកគេ នោះពួកគេពិតជានាំគ្នាមកកាន់គាត់(ព្យាការីមូហាំម៉ាត់)ដោយការគោរពជាមិនខាន។
តើក្នុងចិត្តរបស់ពួកគេមានជំងឺ ឬក៏ពួកគេមានការសង្ស័យ ឬក៏ពួកគេមានការបារម្ភខ្លាចអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់មានភាពអយុត្តិធម៌ចំពោះពួកគេ? ផ្ទុយទៅវិញ ពួកទាំងនោះ ពួកគេជាពួកដែលបំពាន។
តាមពិត ពាក្យសម្តីរបស់បណ្តាអ្នកមានជំនឿនៅពេលដែលគេអំពាវនាវពួកគេទៅកាន់អល់ឡោះ និងទៅកាន់អ្នកនាំសាររបស់ទ្រង់ដើម្បីកាត់សេចក្តីរវាងពួកគេនោះ គឺពួកគេឆ្លើយថា៖ ពួកយើងបានឮហើយ និងបានគោរពប្រតិបត្តិតាមហើយ។ អ្នកទាំងនោះ ពួកគេគឺជាអ្នកដែលទទួលជោគជ័យ។
ហើយជនណាដែលប្រតិបត្តិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយខ្លាចអល់ឡោះ ព្រមទាំងកោតខ្លាចទ្រង់ ជាការពិតណាស់ អ្នកទាំងនោះហើយ ពួកគេគឺជាអ្នកដែលទទួលជោគជ័យ។
ហើយពួកគេ(ពួកពុតត្បុត)បានស្បថនឹងអល់ឡោះនូវការស្បថយ៉ាងម៉ឺងម៉ាត់ថា៖ ប្រសិនបើអ្នក(ព្យាការីមូហាំម៉ាត់)បញ្ជាពួកគេ(ឱ្យចេញប្រយុទ្ធ) ពួកគេប្រាកដជានឹងចេញ(ទៅប្រយុទ្ធ)ជាមិនខាន ។ ចូរអ្នកពោលថា៖ ពួកអ្នកពុំចាំបាច់ស្បថនោះទេ។ ការគោរពប្រតិបត្តិរបស់ពួកអ្នក ត្រូវគេបានដឹងហើយ។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសារ(របស់ទ្រង់)។ តែប្រសិនបើពួកអ្នកបែរចេញ តាមពិត គាត់(អ្នកនាំសារ)ទទួលខុសត្រូវនូវអ្វីដែលជាបន្ទុក(តួនាទី)របស់គាត់ ហើយពួកអ្នកវិញ គឺត្រូវទទួលខុសត្រូវនូវអ្វីដែលជាបន្ទុក(តួនាទី)របស់ពួកអ្នក។ ហើយប្រសិនបើពួកអ្នកគោរពប្រតិបត្តិតាមគាត់(ព្យាការីមូហាំម៉ាត់) នោះពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញ។ ហើយកាតព្វកិច្ចរបស់អ្នកនាំសារ គឺគ្មានអ្វីក្រៅពីការផ្សព្វផ្សាយ(សារ)ដ៏ច្បាស់លាស់នោះឡើយ។
អល់ឡោះជាម្ចាស់ទ្រង់បានសន្យាចំពោះបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលក្នុងចំណោមពួកអ្នកថា ទ្រង់ប្រាកដជានឹងឲ្យពួកគេក្លាយជាអ្នកគ្រប់គ្រងនៅលើផែនដី ដូចដែលទ្រង់ធ្លាប់បានផ្តល់ឱ្យអ្នក(មានជំនឿ)ជំនាន់មុនពួកគេគ្រប់គ្រង។ ហើយទ្រង់នឹងធ្វើឱ្យសាសនារបស់ពួកគេដែលទ្រង់ពេញចិត្ត(ឱ្យពួកគេទទួលយកធ្វើជាសាសនា)នោះមានភាពរឹងមាំ។ ហើយទ្រង់ប្រាកដជានឹងជំនួសឱ្យពួកគេវិញនូវសុខសន្តិភាពបន្ទាប់ពី(ពួកគេទទួលនូវ)ការភ័យខ្លាច (នៅពេលដែល)ពួកគេគោរពសក្ការៈមកចំពោះយើង(តែមួយគត់)ដោយពួកគេមិនធ្វើស្ហ៊ីរិកមកចំពោះយើងនូវប្រការណាមួយ។ ជនណាហើយដែលបានប្រឆាំងបន្ទាប់ពីនោះ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលប្រព្រឹត្តល្មើស។
وَأَقِيمُواْ ٱلصَّلَوٰةَ وَءَاتُواْ ٱلزَّكَوٰةَ وَأَطِيعُواْ ٱلرَّسُولَ لَعَلَّكُمۡ تُرۡحَمُونَ [٥٦]
ហើយចូរពួកអ្នកប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយចូរប្រតិបត្តិតាមអ្នកនាំសារ(មូហាំម៉ាត់) សង្ឃឹមថាពួកអ្នកនឹងត្រូវបានគេអាណិតស្រឡាញ់។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំគិតស្មានថា៖ ពួកដែលគ្មានជំនឿអាចរត់គេច(ពីទណ្ឌកម្មរបស់អល់ឡោះ)នៅលើផែនដីបានឱ្យសោះ។ ហើយកន្លែងជ្រកកោនរបស់ពួកគេ គឺឋាននរកហើយវាពិតជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។
ឱបណ្តាអ្នកដែលមានជំនឿ! ចូរឱ្យខ្ញុំបម្រើដាច់ថ្លៃដែលនៅក្រោមការគ្រប់គ្រងរបស់ពួកអ្នក និងកូនក្មេងដែលមិនទាន់ពេញវ័យក្នុងចំណោមពួកអ្នកសុំការអនុញ្ញាតពីពួកអ្នកនៅក្នុងពេលវេលាទាំងបីនេះ(មុននឹងពួកគេចូលទៅរកពួកអ្នក)គឺ មុនពេលសឡាតស៊ូពុស នៅពេលថ្ងៃត្រង់ខណៈដែលពួកអ្នកដោះសម្លៀកបំពាក់របស់ពួកអ្នក និងក្រោយពេលសឡាតអ៊ីស្ហា។ (ពេលវេលា)ទាំងបីនេះ គឺជាកេរខ្មាសរបស់ពួកអ្នក។ គ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នកនិងចំពោះពួកគេចំពោះពេលវេលាផ្សេងក្រៅពីនេះ ដែលពួកអ្នកតែងចេញចូលរកគ្នាទៅវិញទៅមក។ ក៏ដូច្នោះដែរ អល់ឡោះទ្រង់បានបញ្ជាក់ដល់ពួកអ្នកនូវក្បួនច្បាប់ទាំងឡាយ(របស់ទ្រង់)។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិតបំផុត។
ហើយនៅពេលដែលក្មេងតូចៗនៃពួកអ្នកធំពេញវ័យហើយនោះ ចូរឱ្យពួកគេសុំការអនុញ្ញាត ដូចអ្នក(ដែលធំពេញវ័យ)មុនពួកគេសុំការអនុញ្ញាតដែរ។ ដូច្នោះដែរ អល់ឡោះជាម្ចាស់ទ្រង់បញ្ជាក់នូវបណ្តាវា្យខណ្ឌរបស់ទ្រង់ដល់ពួកអ្នក។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិតបំផុត។
ហើយចំពោះស្ត្រីវ័យចំណាស់ដែលអស់ចំណង់ក្នុងការរៀបការនោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកនាងក្នុងការដោះសម្លៀកបំពាក់ខាងក្រៅរបស់ពួកនាងដោយមិនបង្ហាញឱ្យឃើញនូវការតុបតែង(សម្រស់របស់ពួកនាង)។ តែការរក្សាភាពបរិសុទ្ធ(បិទបាំងរាងកាយឲ្យបានជិត) គឺជាការប្រសើរសម្រាប់ពួកនាង។ ហើយអល់ឡោះជាម្ចាស់មហាឮ មហាដឹងបំផុត។
គ្មានទោសពៃរ៍អ្វីឡើយចំពោះអ្នកដែលពិការភ្នែក អ្នកដែលពិការជើង ហើយនិងអ្នកជំងឺ (ចំពោះការបោះបង់នូវកាតព្វកិច្ចមួយចំនួនដែលពួកគេគ្មានលទ្ធភាពធ្វើ)។ ហើយក៏គ្មានទោសពៃរ៍អ្វីដែរចំពោះពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ក្នុងការទទួលទានអាហារពីក្នុងផ្ទះរបស់ពួកអ្នកផ្ទាល់ ឬផ្ទះឪពុករបស់ពួកអ្នក ឬផ្ទះម្ដាយរបស់ពួកអ្នក ឬផ្ទះបងប្អូនប្រុសរបស់ពួកអ្នក ឬផ្ទះបងប្អូនស្រីរបស់ពួកអ្នក ឬផ្ទះឪពុកមាខាងឪពុករបស់ពួកអ្នក ឬផ្ទះម្តាយមីងខាងឪពុករបស់ពួកអ្នក ឬផ្ទះឪពុកមាខាងម្តាយរបស់ពួកអ្នក ឬផ្ទះម្តាយមីងខាងម្តាយរបស់ពួកអ្នក ឬផ្ទះទាំងឡាយដែលពួកអ្នកមានតួនាទីគ្រប់គ្រង ឬក៏ផ្ទះមិត្តភក្តិ(ជិតស្និទ្ធ)របស់ពួកអ្នក។ គ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នកក្នុងការទទួលទានអាហារ(ពីក្នុងផ្ទះទាំងនោះ)ជាលក្ខណៈជុំគ្នា ឬរៀងៗខ្លួន។ នៅពេលដែលពួកអ្នកចូលក្នុងផ្ទះណាមួយ (ចូរពួកអ្នកឲ្យសាឡាមចំពោះគ្នាទៅវិញទៅមក។ តែប្រសិនបើពុំមាននរណាម្នាក់នៅក្នុងផ្ទះទេនោះ) ចូរពួកអ្នកឱ្យសាឡាមចំពោះខ្លួនឯង ជាការស្វាគមន៍ដែលមានពរជ័យដ៏ប្រសើរពីអល់ឡោះជាម្ចាស់។ ក៏ដូច្នោះដែរ អល់ឡោះជាម្ចាស់ទ្រង់បញ្ជាក់នូវបណ្តាវាក្យខណ្ឌទាំងឡាយ(របស់ទ្រង់) សង្ឃឹមថាពួកអ្នកនឹងចេះគិតពិចារណា។
តាមពិត អ្នកដែលមានជំនឿ(យ៉ាងពិតប្រាកដ) គឺបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ហើយនៅពេលដែលពួកគេស្ថិតនៅជាមួយគាត់(អ្នកនាំសារ) នៅក្នុងកិច្ចប្រជុំណាមួយ គឺពួកគេមិនចាកចេញ(ពីអង្គប្រជុំ)ឡើយ លុះត្រាតែពួកគេសុំការអនុញ្ញាតពីគាត់(ជាមុនសិន)។ ពិតប្រាកដណាស់ បណ្តាអ្នកដែលសុំការអនុញ្ញាតពីអ្នក អ្នកទាំងនោះហើយគឺជាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់(ដ៏ពិតប្រាកដ)។ ដូច្នេះ ប្រសិនបើពួកគេសុំការអនុញ្ញាតពីអ្នកចំពោះកិច្ចការមួយចំនួនរបស់ពួកគេ ចូរអ្នកអនុញ្ញាតឱ្យ(ចាកចេញ)ចំពោះជនណាដែលអ្នកចង់ក្នុងចំណោមពួកគេ ហើយចូរអ្នកសុំការអភ័យទោសពីអល់ឡោះដល់ពួកគេផង។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។
ចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)កុំហៅអ្នកនាំសាររវាងពួកអ្នក(ចំៗឈ្មោះ) ដូចដែលពួកអ្នកហៅគ្នាទៅវិញទៅមកឱ្យសោះ។ ជាការពិតណាស់ អល់ឡោះទ្រង់ដឹងចំពោះពួកដែលលួចចេញ(ពីការប្រជុំរបស់អ្នកនាំសារ)ដោយស្ងាត់ៗនៅក្នុងចំណោមពួកអ្នក(ដោយគ្មានការអនុញ្ញាត)។ ដូច្នេះ ចូរឱ្យពួកដែលធ្វើផ្ទុយនឹងបទបញ្ជារបស់គាត់ប្រុងប្រយ័ត្នចំពោះគ្រោះអាសន្នដែលនឹងធ្លាក់លើពួកគេ ឬក៏ទណ្ឌកម្មដ៏ឈឺចាប់ធ្លាក់លើពួកគេ។
តើពុំមែនទេឬ ពិតប្រាកដណាស់ អ្វីៗដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)នោះ? ទ្រង់ពិតជាដឹងពីស្ថានភាពរបស់ពួកអ្នក។ ហើយនៅថ្ងៃដែលពួកគេត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់វិញ ពេលនោះ ទ្រង់នឹងប្រាប់ពួកគេពីអ្វីដែលពួកគេបានប្រព្រឹត្ត(ក្នុងលោកិយ)។ ហើយអល់ឡោះមហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។