The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe Poets [Ash-Shuara] - Khmer translation - Rowwad Translation Center
Surah The Poets [Ash-Shuara] Ayah 227 Location Maccah Number 26
ត ស៊ីន មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។
ទាំងនេះជាបណ្តាវាក្យខណ្ឌនៃគម្ពីរ(គួរអាន)ដ៏ច្បាស់លាស់។
ប្រហែលជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្វើឲ្យខ្លួនឯងអន្តរាយទៅហើយព្រោះតែពួកគេមិនមានជំនឿ។
ប្រសិនបើយើងមានចេតនា យើងនឹងបញ្ចុះនូវសញ្ញាភស្តុតាងណាមួយពីលើមេឃទៅកាន់ពួកគេ(ពួកដែលបដិសេធ)ជាមិនខាន។ នៅពេលនោះ ច្បាស់ជាក្បាលរបស់ពួកគេនឹងឱនលំទោនមករកវា(សញ្ញាភស្តុតាងនោះ)ជាដរាបមិនខានឡើយ។
ហើយគ្មានការរំឭកថ្មីណាមួយពីព្រះជាម្ចាស់ដ៏មហាសប្បុរសមកដល់ពួកគេ(ពួកមុស្ហរីគីន)នោះឡើយ លើកលែងតែពួកគេបានងាកចេញអំពីវា។
ជាការពិតណាស់ ពួកគេបានបដិសេធ(នឹងគម្ពីរគួរអាន)។ ដូច្នេះ ដំណឹងដែលពួកគេធ្លាប់បានសើចចំអកចំពោះវានោះ ប្រាកដជានឹងមកដល់ពួកគេជាមិនខាន។
តើពួកទាំងនោះមិនបានមើលទៅកាន់ផែនដីទេឬ ថាតើយើងបានបណ្តុះនៅលើវានូវរាល់រុក្ខជាតិដ៏ល្អស្រស់បំព្រងប៉ុន្មានប្រភេទ?
ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាង(ដ៏ច្បាស់លាស់)។ ក៏ប៉ុន្តែ ពួកគេភាគច្រើនគ្មានជំនឿឡើយ។
ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។
ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលព្រះជាម្ចាស់របស់អ្នកបានហៅព្យាការីមូសាថា៖ ចូរអ្នកធ្វើដំណើរទៅកាន់ក្រុមដែលបំពាន។
គឺក្រុមរបស់ហ្វៀរអោន។ (ហើយអ្នកត្រូវនិយាយទៅកាន់ពួកគេថា) តើពួកគេមិនកោតខ្លាច(អល់ឡោះ)ទេឬ?
គាត់(ព្យាការីមូសា)បានតបថា៖ បរពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំបារម្ភខ្លាចពួកគេបដិសេធ(ចំពោះខ្ញុំ)។
ហើយទ្រូងរបស់ខ្ញុំមានភាពចង្អៀត ហើយអណ្តាតរបស់ខ្ញុំក៏និយាយមិនសូវច្បាស់ទៀត។ ដូច្នេះ សូមព្រះអង្គមេត្តាបញ្ជូន(ម៉ាឡាអ៊ីកាត់ជីព្រីល)ទៅកាន់ហារូន(ដើម្បីឱ្យគាត់ធ្វើជាជំនួយខ្ញុំ)ផងចុះ។
ហើយខ្ញុំធ្លាប់មានទោសឧក្រិដ្ឋមួយជាមួយពួកគេ។ ដូច្នេះ ខ្ញុំខ្លាចពួកគេសម្លាប់ខ្ញុំវិញ។
ទ្រង់បានមានបន្ទូលថា៖ មិនដូច្នោះឡើយ។ ហេតុនេះ ចូរអ្នកទាំងពីរនាំយកសញ្ញាភស្តុតាងរបស់យើង(ទៅកាន់ពួកគេ)ចុះ។ ពិតប្រាកដណាស់ យើងនៅជាមួយពួកអ្នក ជាអ្នកដឹងឮ។
ដូច្នេះ ចូរអ្នកទាំងពីរទៅជួបហ្វៀរអោនចុះ ហើយនិយាយទៅកាន់គេថា៖ ពិតប្រាកដណាស់ ពួកយើង គឺជាអ្នកនាំសាររបស់ព្រះជាម្ចាស់ដែលគ្រប់គ្រងពិភពទាំងអស់។
សូមអ្នកដោះលែងអម្បូរអ៊ីស្រាអែលឱ្យទៅជាមួយពួកយើង។
គេ(ហ្វៀរអោន)បានតបថា៖ តើយើងមិនបានចិញ្ចឹមបីបាច់អ្នកនៅក្នុងគ្រួសាររបស់យើងកាលអ្នកនៅតូច ហើយបានឱ្យអ្នករស់នៅជាមួយយើងជាច្រើនឆ្នាំនៃជីវិតរបស់អ្នកទេឬ?
ហើយអ្នកបានប្រព្រឹត្តបទឧក្រិដ្ឋមួយ(ដោយបានសម្លាប់បុរសម្នាក់)។ ហើយអ្នកគឺស្ថិតក្នុងចំណោមអ្នកដែលរមិលគុណ។
គាត់បានតបថា៖ ខ្ញុំពិតជាបានប្រព្រឹត្តបែបនោះមែនខណៈដែល(កាលនោះ)ខ្ញុំស្ថិតក្នុងចំណោមអ្នកដែលវង្វេង។
ហើយខ្ញុំក៏បានគេចចេញពីពួកអ្នកដោយសារតែខ្ញុំខ្លាចពួកអ្នក(សម្លាប់ខ្ញុំវិញ)។ ក្រោយមក ព្រះជាម្ចាស់របស់ខ្ញុំបានផ្តល់ឲ្យខ្ញុំនូវចំណេះដឹង និងបានឲ្យខ្ញុំស្ថិតក្នុងចំណោមអ្នកនាំសារទាំងឡាយ។
តើនោះឬដែលអ្នកចាត់ទុកជាគុណបំណាច់របស់អ្នកមានចំពោះខ្ញុំ ខណៈដែលអ្នកបានយកអម្បូរអ៊ីស្រាអែលធ្វើជាទាសករនោះ?
ហ្វៀរអោនបាននិយាយថា៖ តើព្រះជាម្ចាស់នៃពិភពទាំងឡាយ ជាអ្វីទៅ?
គាត់(ព្យាការីមូសា)បានតបថា៖ គឺជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះវាទាំងពីរ ប្រសិនបើពួកអ្នកជាអ្នកដែលជឿជាក់មែននោះ។
គេ(ហ្វៀរអោន)ក៏និយាយទៅកាន់ពួក(មន្ត្រី)ដែលនៅជុំវិញគេថា៖ តើពួកអ្នកមិនបានឮ(សម្តីរបស់មូសា)ទេឬ?
គាត់បានបន្តទៀតថា៖ ទ្រង់ជាព្រះជាម្ចាស់របស់ពួកអ្នក ហើយក៏ជាព្រះជាម្ចាស់ជីដូនជីតារបស់ពួកអ្នកពីមុនៗផងដែរ។
ហ្វៀរអោនបាននិយាយថា៖ ជាការពិតណាស់ អ្នកនាំសាររបស់ពួកអ្នកដែលគេបញ្ជូនមកកាន់ពួកអ្នក គឺពិតជាមនុស្សវិកលចរិត។
ព្យាការីមូសាបានតបថា៖ ទ្រង់ជាព្រះជាម្ចាស់នៃទិសខាងកើត និងទិសខាងលិច ហើយនិងអ្វីៗដែលមាននៅចន្លោះវាទាំងពីរផងដែរ ប្រសិនបើពួកអ្នកចេះគិតពិចារណាមែននោះ។
ហ្វៀនអោនបាននិយាយថា៖ ប្រសិនបើអ្នកយកផ្សេងក្រៅពីយើងធ្វើជាព្រះនោះ យើងប្រាកដជានឹងឱ្យអ្នកស្ថិតក្នុងចំណោមអ្នកដែលជាប់ឃុំឃាំងជាមិនខាន។
គាត់បានតបថា៖ បើទោះជាខ្ញុំនាំមកកាន់អ្នកនូវអំណះអំណាងយ៉ាងច្បាស់លាស់ក៏ដោយឬ?
ហ្វៀនអោនបានតបថា៖ បើដូច្នោះមែន ចូរអ្នកនាំយកវាមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលទៀងត្រង់មែននោះ។
ពេលនោះ ព្យាការីមូសាក៏បានបោះដំបងរបស់គាត់។ រំពេចនោះ វាក៏បានក្លាយទៅជាសត្វពស់យ៉ាងពិតប្រាកដ។
ហើយគាត់បានដកដៃរបស់គាត់ចេញ(ពីហោប៉ៅ)។ រំពេចនោះ វាក៏មានពន្លឺសភ្លឺសម្រាប់អ្នកទស្សនាទាំងឡាយ(បានឃើញ)។
ហ្វៀរអោនក៏និយាយទៅកាន់ពួក(មន្ត្រី)ដែលនៅជុំវិញគេថា៖ ពិតប្រាកដណាស់ (បុរសម្នាក់)នេះ គឺជាគ្រូមន្តអាគមដ៏ប៉ិនប្រសប់បំផុតម្នាក់។
គេចង់បណ្តេញពួកអ្នកចេញពីទឹកដីរបស់ពួកអ្នកតាមរយៈមន្តអាគមរបស់គេ។ ដូច្នេះ តើពួកអ្នកឲ្យយើងធ្វើបែបណា?
ពួកគេបានឆ្លើយថា៖ ចូរអ្នកពន្យារពេលឱ្យគេ និងបងប្រុសរបស់គេសិនចុះ។ ហើយចូរអ្នកបញ្ជូន(ទាហាន)ទៅគ្រប់ទីក្រុងទាំងអស់ដើម្បីប្រមូល(គ្រូមន្តអាគម)មក។
ពួកគេនឹងនាំមកឱ្យអ្នកនូវគ្រូមន្តអាគមដែលស្ទាត់ជំនាញបំផុតជាមិនខាន។
ក្រោយមក គេក៏បានប្រមូលគ្រូមន្តអាគមដើម្បីមកជួបជុំគ្នានៅថ្ងៃដែលត្រូវបានកំណត់(យ៉ាងច្បាស់លាស់)។
ហើយមានគេនិយាយទៅកាន់មនុស្ស(ដែលមកចូលរួមទស្សនា)ថា៖ តើពួកអ្នកមកជួបជុំគ្នាអស់ហើយឬនៅ?
សង្ឃឹមថា ពួកយើងនឹងតាមគ្រូមន្តអាគមទាំងនោះប្រសិនបើពួកគេជាអ្នកដែលទទួលជ័យជម្នះ។
ហើយនៅពេលដែលគ្រូមន្តអាគមទាំងនោះបានមកដល់ ពួកគេបាននិយាយទៅកាន់ហ្វៀរអោនថា៖ តើពួកយើងនឹងទទួលបានការតបស្នងដែរឬទេ ប្រសិនបើពួកយើងជាអ្នកឈ្នះ(លើមូសា)នោះ?
គេបានតបថា៖ ពិតមែនហើយ។ បើដូច្នោះមែននោះ ពិតណាស់ ពួកអ្នកនឹងបានស្ថិតក្នុងចំណោមមនុស្សជំនិត(របស់យើង)។
ព្យាការីមូសាបាននិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកបោះអ្វីដែលចង់បោះនោះ(មុន)ចុះ។
ពេលនោះ ពួកគេក៏បានបោះខ្សែនិងដំបងរបស់ពួកគេ ហើយពួកគេបានស្បថនឹងអំណាចរបស់ហ្វៀរអោនថា៖ ជាការពិតណាស់ ពួកយើង ប្រាកដជាអ្នកដែលទទួលជ័យជម្នះ។
បន្ទាប់មក ព្យាការីមូសាក៏បានបោះដំបងរបស់គាត់។ រំពេចនោះ (វាក៏បានក្លាយទៅជាសត្វពស់ដ៏ធំមួយ) និងលេបនូវអ្វីដែលពួកគេកំពុងបំភ័ន្តភ្នែកនោះ។
ពេលនោះ គ្រូមន្តអាគមទាំងនោះ ក៏បានលំឱនកាយស៊ូជោត
ដោយពួកគេនិយាយថា៖ ពួកយើងមានជំនឿហើយនឹងព្រះជាម្ចាស់នៃពិភពទាំងឡាយ
ដែលជាព្រះជាម្ចាស់របស់ព្យាការីមូសា និងព្យាការីហារូន។
ហ្វៀរអោនក៏និយាយថា៖ តើពួកឯងមានជំនឿលើរូបគេមុននឹងយើងអនុញ្ញាតឱ្យពួកឯងឬ? ជាការពិតណាស់ រូបគេគឺជាមេរបស់ពួកឯងដែលបានបង្រៀនមន្តអាគមដល់ពួកឯង។ ដូច្នេះ ពួកឯងគង់តែនឹងដឹងជាមិនខាន។ យើងប្រាកដជានឹងកាត់ដៃជើងរបស់ពួកឯងឆ្លាស់គ្នា ហើយយើងពិតជានឹងចងឆ្កាងពួកឯងទាំងអស់គ្នាមិនខានឡើយ។
ពួកគេ(គ្រូមន្តអាគម)បានតបថា៖ គ្មានបញ្ហាអ្វីឡើយ(ចំពោះពាក្យគំរាមទាំងនេះ)។ ពិតប្រាកដណាស់ ពួកយើងនឹងវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ពួកយើងវិញជាមិនខាន។
ពិតប្រាកដណាស់ ពួកយើងសង្ឃឹមថា ព្រះជាម្ចាស់របស់យើងនឹងអភ័យទោសចំពោះកំហុសឆ្គងទាំងឡាយរបស់ពួកយើង ព្រោះពួកយើងគឺជាអ្នកដែលមានជំនឿមុនគេ។
ហើយយើង(អល់ឡោះ)បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីមូសាថា៖ ចូរអ្នកនាំខ្ញុំបម្រើរបស់យើង(អម្បូរអ៊ីស្រាអែល)ភៀសខ្លួនចេញទាំងយប់។ ពិតប្រាកដណាស់ ពួកអ្នកត្រូវបានគេដេញតាមហើយ។
ពេលនោះ ហ្វៀរអោនក៏បានបញ្ជូន(មេទ័ព)ឱ្យប្រមូល(កងទ័ព)តាមបណ្តាក្រុងនានា។
(ហ្វៀរអោនបាននិយាយថា៖) ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាពួកតូចទាប និងមានចំនួនតិចតួចប៉ុណ្ណោះ។
ហើយពួកគេពិតជាបានធ្វើឱ្យយើងខឹងសម្បាយ៉ាងខ្លាំង។
ហើយពិតណាស់ ពួកយើងទាំងអស់គ្នាបានត្រៀមលក្ខណៈរួចជាស្រេច(ដើម្បីតាមចាប់ពួកគេ)។
ដូច្នេះ យើង(អល់ឡោះ)ក៏បានបណ្តេញពួកគេ(ហ្វៀរអោននិងបក្សពួក)ចេញពីទឹកដីដែលពោរពេញទៅដោយសួនឧទ្យាន និងប្រភពទឹកហូរជាច្រើន
ព្រមទាំងឃ្លាំងទ្រព្យ និងលំនៅឋានដ៏ប្រពៃ។
ក៏ដូច្នោះដែរ យើងបានប្រទាន(របស់ទាំងនោះ)ឱ្យអម្បូរអ៊ីស្រាអែល។
ក្រោយមក ពួកទាំងនោះ(ហ្វៀរអោននិងបក្សពួក)ក៏បានតាមទាន់ពួកគេនៅពេលថ្ងៃរះ។
ហើយនៅពេលដែលក្រុមទាំងពីរបានឃើញគ្នា ក្រុមរបស់ព្យាការីមូសាបាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងត្រូវគេតាមទាន់ហើយ។
ព្យាការីមូសាបានតបថា៖ មិនដូច្នោះឡើយ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់នៅជាមួយខ្ញុំ។ ទ្រង់នឹងបង្ហាញ(ផ្លូវដល់ខ្ញុំ)ជាមិនខាន។
នៅពេលនោះ យើង(អល់ឡោះ)បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីមូសាថា៖ ចូរអ្នកវាយសមុទ្រនឹងដំបងរបស់អ្នកចុះ។ រំពេចនោះ ទឹកសមុទ្រក៏បានញែកចេញពីគ្នា(ជាដប់ពីរផ្លូវ)។ ហើយរាល់បំណែកនីមួយៗ ប្រៀបបាននឹងភ្នំដ៏ធំ។
ហើយយើងបានឱ្យក្រុមផ្សេងទៀត(ក្រុមហ្វៀរអោន)កាន់តែខិតទៅជិតទីនោះ(រហូតបានចូលក្នុងសមុទ្រងនោះ)។
ហើយយើងក៏បានសង្គ្រោះព្យាការីមូសា និងអ្នកទាំងអស់ដែលនៅជាមួយគេ។
បន្ទាប់មក យើងបានពន្លិចក្រុមផ្សេងទៀត(ក្រុមហ្វៀរអោន)។
ជាការពិតណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយ។ តែភាគច្រើននៃពួកគេ គឺគ្មានជំនឿឡើយ។
ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រឱ្យពួកគេស្តាប់នូវរឿងរ៉ាវរបស់ព្យាការីអ៊ីព្រហ៊ីម។
ខណៈដែលគាត់បាននិយាយទៅកាន់ឪពុករបស់គាត់ និងក្រុមរបស់គាត់ថា៖ តើអ្វីទៅដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះ?
ពួកគេតបថា៖ ពួកយើងកំពុងតែគោរពសក្ការៈចំពោះរូបបដិមា ហើយពួកយើងនឹងបន្តគោរពសក្ការៈចំពោះវា(ជារៀងរហូត)។
គាត់បានសួរថា៖ តើពួកវាស្តាប់ឮពួកអ្នកដែរឬទេនៅពេលដែលពួកអ្នកបួងសួងនោះ?
ឬពួកវាអាចផ្តល់ផលប្រយោជន៍ដល់ពួកអ្នក ឬក៏អាចបង្កគ្រោះថ្នាក់ដល់ពួកអ្នកដែរឬទេ?
ពួកគេបានឆ្លើយថា៖ ផ្ទុយទៅវិញ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងធ្វើដូច្នេះ។ (ហើយពួកយើងក៏ធ្វើតាមពួកគាត់ទៅ)។
គាត់បានពោលថា៖ តើពួកអ្នកបានឃើញដែរឬទេថា អ្វីដែលពួកអ្នកកំពុងតែគោរពសក្ការៈ
ទាំងពួកអ្នក និងជីដូនជីតារបស់ពួកអ្នកជំនាន់មុននោះ
ពិតណាស់ ពួកវា គឺជាសត្រូវរបស់ខ្ញុំ លើកលែងតែ(អល់ឡោះ)ព្រះជាម្ចាស់នៃពិភពទាំងឡាយប៉ុណ្ណោះ
ដែលទ្រង់ជាអ្នកដែលបានបង្កើតខ្ញុំ និងចង្អុលបង្ហាញរូបខ្ញុំ។
ហើយទ្រង់(តែមួយគត់)ដែលជាអ្នកផ្តល់ចំណីអាហារ និងទឹកផឹកដល់ខ្ញុំ។
ហើយនៅពេលដែលខ្ញុំឈឺ គឺទ្រង់(តែមួយគត់)ដែលធ្វើឱ្យខ្ញុំជាសះស្បើយ។
ហើយទ្រង់ជាអ្នកដែលដកយកជីវិតរបស់ខ្ញុំ បន្ទាប់មក ទ្រង់បង្កើតខ្ញុំឲ្យរស់ឡើង(នាថ្ងៃបរលោក)។
ហើយទ្រង់(តែមួយគត់)ជាអ្នកដែលខ្ញុំសង្ឃឹមថានឹងអភ័យទោសដល់ខ្ញុំនូវកំហុសឆ្គងទាំងឡាយរបស់ខ្ញុំនៅថ្ងៃបរលោក។
(គាត់បានបួងសួងថា៖) បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាប្រទានដល់រូបខ្ញុំនូវគតិបណ្ឌិត និងបញ្ចូលរូបខ្ញុំទៅក្នុងចំណោមអ្នកដែលសាងទង្វើកុសលផងចុះ។
ហើយសូមព្រះអង្គមេត្តាផ្តល់ឱ្យខ្ញុំនូវការកោតសរសើរនិងការរំលឹកដ៏ល្អប្រពៃពីបណ្តាអ្នកជំនាន់ក្រោយផងចុះ។
ហើយសូមព្រះអង្គមេត្តាឱ្យខ្ញុំស្ថិតក្នុងចំណោមអ្នកដែលទទួលមរតកឋានសួគ៌ណាអ៊ីមផង។
ហើយសូមព្រះអង្គមេត្តាអភ័យទោសដល់ឪពុករបស់ខ្ញុំផងចុះ។ ពិតប្រាកដណាស់ រូបគាត់បានស្ថិតក្នុងចំណោមពួកដែលវង្វេង។
ហើយសូមព្រះអង្គមេត្តាកុំធ្វើឱ្យខ្ញុំអាម៉ាស់នៅថ្ងៃដែលពួកគេត្រូវបានគេបង្កើតឲ្យរស់ឡើងវិញ(ថ្ងៃបរលោក)ផងចុះ។
គឺនៅថ្ងៃដែលទ្រព្យសម្បត្តិ និងកូនចៅមិនអាចផ្តល់ជាប្រយោជន៍អ្វីនោះឡើយ។
លើកលែងតែជនណាដែលបានត្រឡប់ទៅជួបអល់ឡោះដោយដួងចិត្តបរិសុទ្ធប៉ុណ្ណោះ។
ហើយឋានសួគ៌ត្រូវបានគេបង្ខិតឱ្យទៅជិតបណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)។
ចំណែកឯឋាននរកត្រូវបានគេបង្ហាញឲ្យពួកដែលវង្វេងបានឃើញ។
ហើយមានគេនិយាយទៅកាន់ពួកទាំងនោះថា៖ តើនៅឯណាទៅអ្វីដែលពួកអ្នកធ្លាប់គោរពសក្ការៈ
ក្រៅពីអល់ឡោះនោះ? តើពួកវាអាចជួយពួកអ្នក ឬក៏ពួកវាអាចជួយខ្លួនឯងបានដែរឬទេ?
ហើយពួកវា(រូបបដិមា) និងអ្នកដែលពួកវាធ្វើឱ្យវង្វេងនោះ ត្រូវបានគេបោះចូលទៅក្នុងនរក
រួមទាំងបក្សពួករបស់អ៊ីព្លិសទាំងអស់ផងដែរ។
ពួកវាបាននិយាយឈ្លោះប្រកែកគ្នា ខណៈដែលពួកវាស្ថិតនៅក្នុងឋាននរកនោះថា៖
សូមស្បថនឹងអល់ឡោះ! ពិតប្រាកដណាស់ ពួកយើងពិតជាធ្លាប់ស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់
ខណៈដែលពួកយើងបានឱ្យតម្លៃពួកឯងស្មើនឹងព្រះជាម្ចាស់នៃពិភពទាំងឡាយ។
ហើយគ្មានរណាធ្វើឱ្យពួកយើងវង្វេង ក្រៅពីពួកឧក្រិដ្ឋជននោះឡើយ។
ដូច្នេះ សម្រាប់ពួកយើង គឺគ្មានអ្នកជួយអន្តរាគមន៍ណានោះឡើយ។
ហើយក៏គ្មានមិត្តជិតស្និទ្ធណា(ដែលអាចជួយពួកយើងបាន)នោះដែរ។
ពិតប្រាកដណាស់ ប្រសិនបើពួកយើងមានឱកាសម្តងទៀត ពួកយើងប្រាកដជានឹងស្ថិតក្នុងចំណោមអ្នកដែលមានជំនឿជាមិនខាន។
ជាការពិតណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយ។ តែភាគច្រើននៃពួកគេ គឺគ្មានជំនឿឡើយ។
ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។
ក្រុមរបស់ព្យាការីនួហបានបដិសេធនឹងបណ្តាអ្នកនាំសារទាំងឡាយ។
នៅពេលដែលព្យាការីនួហដែលជាបងប្អូនរបស់ពួកគេបាននិយាយទៅកាន់ពួកគេថា៖ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ?
ពិតប្រាកដណាស់ រូបខ្ញុំគឺជាអ្នកនាំសារដ៏ស្មោះត្រង់ម្នាក់សម្រាប់ពួកអ្នក។
ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្តិតាមខ្ញុំ។
ហើយខ្ញុំមិនសុំពីពួកអ្នកនូវការតបស្នងណាមួយចំពោះវា(ការផ្សព្វផ្សាយសារ)នោះឡើយ។ ការតបស្នងរបស់ខ្ញុំ គឺស្ថិតនៅលើព្រះជាម្ចាស់នៃពិភពទាំងឡាយ(តែមួយគត់)។
ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្តិតាមខ្ញុំ។
ពួកគេបានតបវិញថា៖ តើឱ្យពួកយើងមានជំនឿលើអ្នកឬ ខណៈអ្នកដែលដើរតាមអ្នក គឺសុទ្ធតែជាពួកដែលមានឋានៈតូចទាបនោះ?
គាត់បានពោលថា៖ ខ្ញុំគ្មានកាតព្វកិច្ចត្រូវដឹងពីអ្វីដែលពួកគេបានប្រព្រឹត្តនោះឡើយ។
តាមពិត ការជំនុំជម្រះរបស់ពួកគេ គឺស្ថិតនៅលើព្រះជាម្ចាស់របស់ខ្ញុំប៉ុណ្ណោះ ប្រសិនបើពួកអ្នកបានដឹងនោះ។
ហើយខ្ញុំមិនមែនជាអ្នកដែលបណ្តេញបណ្តាអ្នកដែលមានជំនឿនោះដែរ។
តាមពិត ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានយ៉ាងច្បាស់លាស់ប៉ុណ្ណោះ។
ពួកគេបានតបថា៖ ឱនួហ! ប្រសិនបើអ្នកមិនព្រមបញ្ឈប់ទេនោះ អ្នកប្រាកដជានឹងស្ថិតក្នុងចំណោមអ្នកដែលត្រូវគេគប់សម្លាប់ជាមិនខាន។
គាត់ក៏បានបួងសួងថា៖ បរពិត្រព្រះជាម្ចាស់! ជាការពិតណាស់ ក្រុមរបស់ខ្ញុំបានបដិសេធ(នឹងខ្ញុំ)។
ហេតុនេះ សូមព្រះអង្គមេត្តាវិនិច្ឆ័យរវាងខ្ញុំនិងពួកគេនូវការវិនិច្ឆ័យមួយ(ដ៏យុត្តិធម៌)ផង ហើយសូមព្រះអង្គមេត្តាសង្គ្រោះរូបខ្ញុំ និងបណ្តាអ្នកមានជំនឿដែលនៅជាមួយខ្ញុំផងចុះ។
ពេលនោះ យើង(អល់ឡោះ)ក៏បានសង្គ្រោះរូបគេ និងបណ្តាអ្នកមានជំនឿដែលនៅជាមួយគេ(ដោយផ្ទុកពួកគេ)ទៅក្នុងសំពៅមួយដែលពេញទៅដោយបន្ទុក។
បន្ទាប់មក យើងបានពន្លិចពួកដែលនៅសេសសល់ក្រោយពីពួកគេ។
ជាការពិតណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយ។ តែភាគច្រើននៃពួកគេ គឺគ្មានជំនឿឡើយ។
ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។
ពួកអាទបានបដិសេធនឹងបណ្តាអ្នកនាំសារទាំងឡាយ។
ខណៈពេលដែលព្យាការីហ៊ូទដែលជាបងប្អូនរបស់ពួកគេបាននិយាយទៅកាន់ពួកគេថា៖ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ?
ពិតប្រាកដណាស់ រូបខ្ញុំគឺជាអ្នកនាំសារដ៏ស្មោះត្រង់ម្នាក់សម្រាប់ពួកអ្នក។
ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្តិតាមខ្ញុំ។
ហើយខ្ញុំមិនសុំពីពួកអ្នកនូវការតបស្នងណាមួយចំពោះវា(ការផ្សព្វផ្សាយសារ)នោះឡើយ។ ការតបស្នងរបស់ខ្ញុំ គឺស្ថិតនៅលើព្រះជាម្ចាស់នៃពិភពទាំងឡាយ(តែមួយគត់)។
តើពួកអ្នកសាងសង់សំណង់ដ៏ស្កឹមស្កៃនៅគ្រប់កន្លែងខ្ពស់ៗបែបនេះគ្រាន់តែជាការលេងសើច
និងចាត់ទុកវិមានទាំងឡាយហាក់បីដូចជាពួកអ្នកនឹងរស់នៅជាអមតៈនោះឬ?
ហើយនៅពេលដែលពួកអ្នកវាយធ្វើបាបឬសម្លាប់(នរណាម្នាក់) ពួកអ្នកវាយធ្វើបាបដោយភាពឃោរឃៅបំផុត។
ហេតុនេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្តិតាមខ្ញុំ។
ហើយចូរពួកអ្នកខ្លាចអ្នកដែលបានប្រទាន(ឧបការគុណទាំងឡាយ)ដល់ពួកអ្នកនូវអ្វីដែលពួកអ្នកបានដឹង។
ទ្រង់បានប្រទាននូវសត្វពាហនៈ និងកូនចៅជាច្រើនដល់ពួកអ្នក
ព្រមទាំងសួនឧទ្យាន និងប្រភពទឹកជាច្រើនទៀតផង។
ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកអ្នកទទួលរងនូវទណ្ឌកម្មនៅថ្ងៃដ៏មហិមា(ថ្ងៃបរលោក)។
ពួកគេបានតបវិញថា៖ វាដូចតែគ្នាទេសម្រាប់ពួកយើង ទោះបីជាអ្នកទូន្មាន(ដល់ពួកយើង) ឬមិនស្ថិតក្នុងចំណោមអ្នកដែលទូន្មានក៏ដោយ (ក៏ពួកយើងគ្មានជំនឿដែរ)។
(សាសនារបស់ពួកយើង)នេះគឺគ្មានអ្វីក្រៅពីសាសនារបស់អ្នកជំនាន់មុននោះឡើយ។
ហើយពួកយើងក៏មិនមែនជាអ្នកដែលត្រូវគេដាក់ទណ្ឌកម្មនោះដែរ។
ជាការពិតណាស់ ពួកគេបានបដិសេធចំពោះគាត់។ ដូច្នេះ យើងក៏បានបំផ្លាញពួកគេ។ ជាការពិតណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយ។ តែភាគច្រើននៃពួកគេ គឺគ្មានជំនឿឡើយ។
ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។
ពួកសាមូទបានបដិសេធនឹងអ្នកនាំសារទាំងឡាយ។
ខណៈពេលដែលព្យាការីសឡេះដែលជាបងប្អូនរបស់ពួកគេបាននិយាយទៅកាន់ពួកគេថា៖ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ?
ពិតប្រាកដណាស់ រូបខ្ញុំគឺជាអ្នកនាំសារដ៏ស្មោះត្រង់ម្នាក់សម្រាប់ពួកអ្នក។
ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្តិតាមខ្ញុំ។
ហើយខ្ញុំមិនសុំពីពួកអ្នកនូវការតបស្នងណាមួយចំពោះវា(ការផ្សព្វផ្សាយសារ)នោះឡើយ។ ការតបស្នងរបស់ខ្ញុំ គឺស្ថិតនៅលើព្រះជាម្ចាស់នៃពិភពទាំងឡាយ(តែមួយគត់)។
តើពួកអ្នកត្រូវគេទុកឲ្យនៅទីនេះដោយសុវត្ថិភាពឬ?
គឺនៅក្នុងសួនឧទ្យាន និងប្រភពទឹកនានា
ព្រមទាំងដំណាំដាំដុះ ហើយនិងដើមល្មើដែលផ្លែរបស់វាទន់ផ្អែមឆ្ងាញ់។
ហើយពួកអ្នកបានចោះភ្នំទាំងឡាយធ្វើជាផ្ទះយ៉ាងស្ទាត់ជំនាញ។
ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្តិតាមខ្ញុំ។
ហើយចូរពួកអ្នកកុំគោរពតាមបទបញ្ជារបស់ពួកបំពានឱ្យសោះ។
គឺពួកដែលបង្កវិនាសកម្មនៅលើផែនដី និងមិនធ្វើឲ្យវាមានភាពល្អប្រសើរឡើយ។
ពួកគេបានតបថា៖ តាមពិត រូបអ្នកស្ថិតក្នុងចំណោមអ្នកដែលត្រូវមន្តអាគមច្រើន។
អ្នកគ្មានអ្វីក្រៅតែជាមនុស្សលោកធម្មតាដូចពួកយើងប៉ុណ្ណោះ។ ហេតុនេះ ចូរអ្នកនាំមកនូវសញ្ញាភស្តុតាងណាមួយមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលទៀងត្រង់មែននោះ។
គាត់បានពោលថា៖ នេះគឺជាសត្វអូដ្ឋញីមួយក្បាល។ សម្រាប់វា គឺមានចំណែកផឹកទឹក ហើយសម្រាប់ពួកអ្នក ក៏មានចំណែកផឹកទឹកផងដែរទៅតាមថ្ងៃដែលគេបានកំណត់។
ហើយពួកអ្នកមិនត្រូវប៉ះពាល់វាដោយប្រការអាក្រក់ណាមួយនោះឡើយ ដែលជាហេតុនាំឱ្យពួកអ្នកទទួលនូវទណ្ឌកម្មនៅថ្ងៃដ៏មហិមា។
តែពួកគេបានសំឡេះវា។ ដូច្នេះ ពួកគេក៏បានក្លាយជាអ្នកដែលមានវិប្បដិសារី។
នៅពេលនោះ ទណ្ឌកម្មក៏បានឆក់យកជីវិតពួកគេ។ ជាការពិតណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយ។ តែភាគច្រើននៃពួកគេ គឺគ្មានជំនឿឡើយ។
ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។
ក្រុមរបស់ព្យាការីលូតបានបដិសេធនឹងបណ្តាអ្នកនាំសារទាំងឡាយ។
ខណៈពេលដែលព្យាការីលូតដែលជាបងប្អូនរបស់ពួកគេបាននិយាយទៅកាន់ពួកគេថា៖ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ?
ពិតប្រាកដណាស់ រូបខ្ញុំគឺជាអ្នកនាំសារដ៏ស្មោះត្រង់ម្នាក់សម្រាប់ពួកអ្នក។
ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្តិតាមខ្ញុំ។
ហើយខ្ញុំមិនសុំពីពួកអ្នកនូវការតបស្នងណាមួយចំពោះវា(ការផ្សព្វផ្សាយសារ)នោះឡើយ។ ការតបស្នងរបស់ខ្ញុំ គឺស្ថិតនៅលើព្រះជាម្ចាស់នៃពិភពទាំងឡាយ(តែមួយគត់)។
ហេតុអ្វីបានជាពួកអ្នករួមមេត្រីជាមួយនឹងបុរសដូចគ្នានៅលើផែនដី
ហើយពួកអ្នកបែរជាបោះបង់ការរួមមេត្រីជាមួយភរិយារបស់ខ្លួនដែលព្រះជាម្ចាស់បានបង្កើតសម្រាប់ពួកអ្នកទៅវិញ? ផ្ទុយទៅវិញ ពួកអ្នក គឺជាក្រុមដែលបំពាន។
ពួកគេបានតបថា៖ ឱលូត! ប្រសិនបើអ្នកមិនព្រមបញ្ឈប់ទេនោះ ពិតណាស់ រូបអ្នកប្រាកដជានឹងស្ថិតក្នុងចំណោមអ្នកដែលត្រូវគេបណ្តេញចេញ(ពីភូមិស្រុក)ជាមិនខាន។
គាត់បានតបវិញថា៖ ពិតប្រាកដណាស់ រូបខ្ញុំគឺស្ថិតក្នុងចំណោមអ្នកដែលស្អប់ខ្ពើមបំផុតចំពោះទង្វើរបស់ពួកអ្នក។
(គាត់បានបួងសួងថា៖) បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាសង្គ្រោះរូបខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំអំពីអ្វីដែលពួកគេបានប្រព្រឹត្តផងចុះ។
ពេលនោះ យើង(អល់ឡោះ)ក៏បានសង្គ្រោះរូបគេ និងក្រុមគ្រួសាររបស់គេទាំងអស់គ្នា។
លើកលែងតែស្ត្រីចំណាស់ម្នាក់(ប្រពន្ធរបស់គាត់)ប៉ុណ្ណោះដែលស្ថិតក្នុងចំណោមអ្នកដែលអន្តរាយ។
ក្រោយមក យើងក៏បានបំផ្លាញអ្នកដទៃទៀត(ពួកដែលគ្មានជំនឿ)។
ហើយយើងបានបញ្ចុះភ្លៀង(ដុំថ្ម)ទៅលើពួកគេ។ ភ្លៀងដែលធ្លាក់លើពួកដែលត្រូវគេព្រមាននោះ គឺពិតជាអាក្រក់បំផុត។
ជាការពិតណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយ។ តែភាគច្រើននៃពួកគេ គឺគ្មានជំនឿឡើយ។
ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។
ក្រុមអៃកាសបានបដិសេធនឹងបណ្តាអ្នកនាំសារទាំងឡាយ។
ខណៈពេលដែលព្យាការីស្ហ៊ូអែបបាននិយាយទៅកាន់ពួកគេថា៖ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ?
ពិតប្រាកដណាស់ រូបខ្ញុំគឺជាអ្នកនាំសារដ៏ស្មោះត្រង់ម្នាក់សម្រាប់ពួកអ្នក។
ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្តិតាមខ្ញុំ។
ហើយខ្ញុំមិនសុំពីពួកអ្នកនូវការតបស្នងណាមួយចំពោះវា(ការផ្សព្វផ្សាយសារ)នោះឡើយ។ ការតបស្នងរបស់ខ្ញុំ គឺស្ថិតនៅលើព្រះជាម្ចាស់នៃពិភពទាំងឡាយ(តែមួយគត់)។
ចូរពួកអ្នកបំពេញនូវការវាល់ឱ្យបានគ្រប់ ហើយពួកអ្នកមិនត្រូវស្ថិតក្នុងចំណោមអ្នកដែលគៃបំបាត់នោះឡើយ។
ហើយចូរពួកអ្នកថ្លឹងនឹងជញ្ជឺងដែលត្រឹមត្រូវ។
ហើយពួកអ្នកមិនត្រូវកេងប្រវ័ញ្ចមនុស្សលោកចំពោះកម្មសិទ្ធិរបស់ពួកគេ និងមិនត្រូវបង្កើននូវការបង្កវិនាសកម្មនៅលើផែនដីនោះឡើយ។
ហើយចូរពួកអ្នកកោតខ្លាចអ្នកដែលបានបង្កើតពួកអ្នក និងអ្នកជំនាន់មុនៗជាច្រើន។
ពួកគេបានតបថា៖ តាមពិត រូបអ្នកស្ថិតក្នុងចំណោមអ្នកដែលត្រូវមន្តអាគមច្រើន។
អ្នកគ្មានអ្វីក្រៅតែជាមនុស្សលោកធម្មតាដូចពួកយើងប៉ុណ្ណោះ។ ហើយពួកយើងជឿជាក់ថា រូបអ្នកពិតជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលភូតកុហកប៉ុណ្ណោះ។
ដូច្នេះ ចូរអ្នកទម្លាក់មួយបំណែកនៃទណ្ឌកម្មពីលើមេឃមកកាន់ពួកយើងមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលទៀងត្រង់មែននោះ។
គាត់បានតបថា៖ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
តែពួកគេបានបដិសេធចំពោះគាត់។ ដូច្នេះ ទណ្ឌកម្មនៃថ្ងៃដែលភ្លើងចេញពីម្លប់ពពកបានឆក់យកជីវិតពួកគេ។ ពិតប្រាកដណាស់ វាជាទណ្ឌកម្មនាថ្ងៃដ៏មហិមា។
ជាការពិតណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយ។ តែភាគច្រើននៃពួកគេ គឺគ្មានជំនឿឡើយ។
ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។
ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺពិតជាត្រូវបានបញ្ចុះមកពីព្រះជាម្ចាស់នៃពិភពទាំងឡាយ
ដែលម៉ាឡាអ៊ីកាត់ជីព្រីលជាអ្នកស្មោះត្រង់បំផុតបាននាំវាមក
(ដោយបានសូត្រវា)ទៅលើដួងចិត្តរបស់អ្នក(ព្យាការីមូហាំម៉ាត់)ដើម្បីឱ្យអ្នកក្លាយជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដាស់តឿនព្រមាន
ដោយ(គេបានបញ្ចុះវា)ជាភាសាអារ៉ាប់យ៉ាងច្បាស់លាស់។
ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន)ក៏មានបញ្ជាក់ប្រាប់នៅក្នុងបណ្តាគម្ពីរមុនៗផងដែរ។
តើវាមិនមែនជាសញ្ញាភស្តុតាងមួយសម្រាប់ពួកគេ(ពួកដែលបដិសេធ)ទៀតឬដែលមានពួកអ្នកប្រាជ្ញនៃអម្បូរអ៊ីស្រាអែលបានដឹងអំពីវានោះ?
ហើយប្រសិនបើយើងបញ្ចុះវាទៅលើជនមួយចំនួនដែលមិនមែនជាអ្នកនិយាយភាសាអារ៉ាប់
រួចជននោះសូត្រវាឱ្យពួកគេស្តាប់ ក៏ពួកគេមិនមានជំនឿចំពោះវាដដែល។
ក៏ដូច្នោះដែរ យើងបានបញ្ចូលការបដិសេធ(ចំពោះគម្ពីរគួរអាន)ទៅក្នុងដួងចិត្តរបស់ពួកប្រព្រឹត្តល្មើស។
ពួកគេគ្មានជំនឿចំពោះវានោះឡើយ លុះត្រាតែពួកគេបានឃើញទណ្ឌកម្មដ៏ឈឺចាប់(ផ្ទាល់នឹងភ្នែក)។
រួចមកទណ្ឌកម្មក៏មកដល់ពួកគេភ្លាមៗ ខណៈពួកគេមិនដឹងខ្លួនឡើយ។
ពេលនោះ ពួកគេនឹងនិយាយថា៖ តើពួកយើងជាអ្នកដែលត្រូវគេពន្យារពេលឲ្យដែរឬទេ?
តើពួកគេសុំឱ្យទណ្ឌកម្មរបស់យើងធ្លាក់មកលើពួកគេភ្លាមៗឬ?
ដូច្នេះ តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងទេថា ប្រសិនបើយើងឲ្យពួកគេសោយសុខក្នុងរយៈពេលជាច្រើនឆ្នាំ
ក្រោយមក អ្វី(ទណ្ឌកម្ម)ដែលគេបានសន្យាចំពោះពួកគេបានមកដល់ពួកគេ
អ្វីដែលគេផ្តល់ឲ្យពួកគេបានសោយសុខនោះ គឺមិនបានផ្តល់ផលប្រយោជន៍អ្វីដល់ពួកគេឡើយ។
ហើយយើងមិនបានបំផ្លាញភូមិស្រុកណាមួយនោះឡើយ លើកលែងតែមានអ្នកដាស់តឿនព្រមានភូមិស្រុកនោះ(ជាមុន)
ដើម្បីជាការក្រើនរំឭក(ដល់ពួកគេ)។ ហើយយើងពុំមែនជាអ្នកដែលបំពាននោះឡើយ។
ហើយពួកស្ហៃតនមិនបានបញ្ចុះវា(គម្ពីរគួរអាន)នោះឡើយ។
មិនត្រឹមត្រូវនោះឡើយចំពោះពួកវា(ក្នុងការធ្វើដូច្នោះ) ហើយពួកវាក៏គ្មានសមត្ថភាពនោះដែរ
(ព្រោះ)ពិតណាស់ ពួកវាត្រូវបានគេបណ្តេញចេញមិនឲ្យស្តាប់(គម្ពីរគួរអាន)ឡើយ។
ហេតុនេះ ចូរអ្នកកុំគោរពសក្ការៈចំពោះព្រះផ្សេងរួមនឹងអល់ឡោះឱ្យសោះ ដែលជាហេតុធ្វើឱ្យអ្នកស្ថិតក្នុងចំណោមអ្នកដែលត្រូវទទួលទណ្ឌកម្ម។
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាស់តឿនព្រមានសាច់ញាតិរបស់អ្នកដែលជិតបំផុត។
ហើយចូរអ្នកបន្ទាបខ្លួនរបស់អ្នកចំពោះអ្នកដែលដើរតាមអ្នកក្នុងចំណោមបណ្តាអ្នកដែលមានជំនឿទាំងឡាយ។
តែប្រសិនបើពួកគេប្រឆាំងនឹងអ្នក ចូរអ្នកពោលថា៖ ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកប្រព្រឹត្តនោះឡើយ។
ហើយចូរអ្នកប្រគល់ការទុកចិត្តលើអ្នកដែលមហាខ្លាំងពូកែ មហាអាណិតស្រលាញ់បំផុតចុះ
ដែលទ្រង់ជាអ្នកមើលឃើញអ្នកនៅពេលដែលអ្នកក្រោកឈរប្រតិបត្តិសឡាត(តែម្នាក់ឯង)
និងការផ្លាស់ប្តូរ(កាយវិការរបស់អ្នក)ជាមួយបណ្តាអ្នកដែលប្រតិបត្តិសឡាតទាំងឡាយ។
ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹងបំផុត។
តើចង់ឱ្យយើង(អល់ឡោះ)ប្រាប់ពួកអ្នកទេថា តើពួកស្ហៃតននោះ វាចុះទៅលើអ្នកណា?
គឺវាចុះទៅលើរាល់ពួកដែលភូតកុហក មានបាបកម្មច្រើន(ពួកគ្រូទាយ)។
ពួកវាផ្តល់អ្វីដែលវាស្តាប់ឮ(ទៅកាន់គ្រូទាយទាំងឡាយ)។ ហើយភាគច្រើននៃពួកគេ គឺជាពួកដែលភូតកុហក។
ហើយពួកកវីទាំងឡាយ អ្នកដែលដើរតាមពួកគេ គឺជាពួកដែលវង្វេង។
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬថា ពិតប្រាកដណាស់ រាល់ការនិពន្ធ(របស់ពួកគេ)មានភាពមិនច្បាស់លាស់ឡើយ។
ហើយពិតប្រាកដណាស់ ពួកគេនិយាយនូវអ្វីដែលពួកគេមិនបានធ្វើ។
លើកលែងតែកវីទាំងឡាយណាដែលមានជំនឿ និងបានសាងនូវទង្វើកុសល ព្រមទាំងរឭកដល់អល់ឡោះយ៉ាងច្រើន និងបានទទួលជ័យជម្នះ(លើសត្រូវ)ក្រោយពីពួកគេត្រូវបានគេបំពានប៉ុណ្ណោះ។ ហើយពួកដែលបំពាននឹងដឹងថា តើកន្លែងវិលត្រឡប់ណាមួយដែលពួកគេត្រូវវិលត្រឡប់ទៅកាន់(នៅថ្ងៃបរលោក)នោះ។