عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

THE ANT [An-Naml] - Khmer translation - Rowwad Translation Center

Surah THE ANT [An-Naml] Ayah 93 Location Maccah Number 27

ត ស៊ីន (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ ទាំងនេះគឺជាបណ្តាវាក្យខណ្ឌនៃគម្ពីរគួរអាន និងជាគម្ពីរដ៏ច្បាស់លាស់។

ជាការចង្អុលបង្ហាញ និងជាដំណឹងរីករាយដល់បណ្តាអ្នកដែលមានជំនឿ។

គឺបណ្តាអ្នកដែលប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយពួកគេជាអ្នកដែលជឿជាក់យ៉ាងពិតប្រាកដចំពោះថ្ងៃបរលោក។

ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក យើងបានតុបតែងដល់ពួកគេនូវទង្វើរបស់ពួកគេ។ ជាការពិតណាស់ ពួកគេមានភាពស្រពេចស្រពិល។

ពួកទាំងនោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មយ៉ាងអាក្រក់បំផុត(នៅក្នុងលោកិយ)។ ហើយនៅថ្ងៃបរលោក ពួកគេគឺជាពួកដែលខាតបង់។

ហើយពិតប្រាកដណាស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិតជាត្រូវបានគេផ្តល់ឱ្យនូវគម្ពីរគួរអាននេះដែល(ត្រូវបានបញ្ចុះ)មកពីព្រះជាម្ចាស់ដែលមហាគតិបណ្ឌិត មហាដឹងបំផុត។

(ចូរអ្នកនឹកឃើញ)នៅពេលដែលព្យាការីមូសាបាននិយាយទៅកាន់ក្រុមគ្រួសាររបស់គាត់ថា៖ ពិតប្រាកដណាស់ ខ្ញុំបានឃើញពន្លឺភ្លើងមួយ។ ខ្ញុំនឹងនាំដំណឹងខ្លះអំពីវាមកកាន់ពួកអ្នក ឬនាំយកដុំភ្លើងមកបង្កាត់ឱ្យពួកអ្នកដើម្បីឱ្យពួកអ្នកមានភាពកក់ក្តៅ។

ហើយនៅពេលដែលគាត់បានទៅដល់ទីនោះ គេ(អល់ឡោះ)បានស្រែកហៅគាត់ថា៖ ពិតប្រាកដណាស់ គេបានប្រសិទ្ធិពរជ័យដល់អ្នកដែលនៅក្បែរពន្លឺភ្លើង ហើយនិងអ្នកដែលនៅជុំវិញវា។ ហើយអល់ឡោះជាម្ចាស់មហាបរិសុទ្ធ ជាព្រះជាម្ចាស់នៃពិភពទាំងឡាយ។

ឱមូសា! ជាការពិតណាស់ យើងនេះហើយគឺជាអល់ឡោះជាម្ចាស់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

ហើយចូរអ្នកបោះដំបងរបស់អ្នកចុះ។ នៅពេលដែលគាត់បានឃើញដំបងនោះមានចលនាប្រៀបដូចជាសត្វពស់ គាត់ក៏រត់បកក្រោយដោយមិនត្រឡប់មកវិញឡើយ។ (ទ្រង់បានមានបន្ទូលថា៖) ឱមូសា! ចូរអ្នកកុំខ្លាចវាអី។ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារទាំងឡាយ ពួកគេមិនមានភាពភ័យខ្លាចនៅចំពោះមុខយើងឡើយ។

ក៏ប៉ុន្តែ ចំពោះជនណាដែលបានបំពាន ក្រោយមកគេបានប្រព្រឹត្តអំពើល្អក្រោយពីបានប្រព្រឹត្តអំពើអាក្រក់នោះរួច ពិតប្រាកដណាស់ យើងគឺជាអ្នកដែលមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។

ហើយចូរអ្នកដាក់ដៃរបស់អ្នកទៅក្នុងហោប៉ៅអាវរបស់អ្នកចុះ នោះវានឹងបញ្ចេញពន្លឺសភ្លឺថ្លាដោយពុំមែនជាប្រការអាក្រក់ឡើយដែលវាស្ថិតក្នុងចំណោមអច្ឆរិយភាពទាំងប្រាំបួនដែលបញ្ជូនទៅកាន់ហ្វៀរអោន និងក្រុមរបស់គេ។ ជាការពិតណាស់ ពួកគេគឺជាក្រុមដែលប្រព្រឹត្តអំពើល្មើស។

តែនៅពេលដែលសញ្ញាភស្តុតាងរបស់យើងបានមកដល់ពួកគេយ៉ាងជាក់ច្បាស់ ពួកគេបែរជានិយាយថា៖ នេះគឺជាមន្តអាគមយ៉ាងច្បាស់លាស់ទៅវិញ។

ហើយពួកគេបានប្រឆាំងនឹងវា(សញ្ញាភស្តុតាងទាំងនោះ)ទាំងបំពាន និងក្អេងក្អាង ខណៈដែលខ្លួនរបស់ពួកគេផ្ទាល់ដឹងយ៉ាងច្បាស់អំពីវា។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបង្កវិនាសកម្មនោះទៅជាយ៉ាងណា?

ហើយជាការពិតណាស់ យើងបានប្រទានឱ្យព្យាការីហ្ទាវូទ និងព្យាការីស៊ូឡៃម៉ាននូវចំណេះដឹងដ៏ខ្ពង់ខ្ពស់។ ហើយគេទាំងពីរបានពោលថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលបានលើកតម្កើងពួកយើង(ទាំងពីរនាក់)លើសពីខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿជាច្រើនផ្សេងទៀត។

ហើយព្យាការីស៊ូឡៃម៉ានបានទទួលមរតកពីព្យាការីហ្ទាវូទ(ដែលជាឪពុក)។ ហើយគាត់បាននិយាយថា៖ ឱមនុស្សលោកទាំងឡាយ! គេ(អល់ឡោះ)បានបង្រៀនយើងឱ្យយល់ពីភាសារបស់បក្សី ហើយគេបានប្រទានដល់យើងនូវអ្វីគ្រប់បែបយ៉ាង។ ពិតប្រាកដណាស់ ប្រការទាំងអស់នេះ គឺជាការប្រោសប្រទានយ៉ាងច្បាស់លាស់(អំពីទ្រង់)។

ហើយគេបានប្រមូលឲ្យព្យាការីស៊ូឡៃម៉ាននូវកងទ័ពរបស់គាត់មានទាំងមនុស្ស ជិន និងសត្វបក្សីទាំងឡាយ។ ជាការពិតណាស់ ពួកវាត្រូវបានដឹកនាំ(ជាក្បួន)ប្រកបដោយសណ្តាប់ធ្នាប់។

លុះពេលដែលពួកគេបានទៅដល់ជ្រលងសត្វស្រមោច មេក្រុមរបស់សត្វស្រមោចបាននិយាយថា៖ ឱសត្វស្រមោចទាំងឡាយ! ចូរពួកឯងនាំគ្នាចូលសំបុករបស់ពួកឯងដើម្បីកុំឲ្យស៊ូឡៃម៉ាននិងកងទ័ពរបស់គេបំផ្លាញពួកឯង ខណៈដែលពួកគេមិនដឹងខ្លួនឡើយ។

ពេលនោះ គាត់ក៏បានញញឺមដោយអស់សំណើចនឹងសម្តីរបស់វា ហើយគាត់បានបួងសួងថា៖ បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាចង្អុលបង្ហាញដល់ខ្ញុំដើម្បីឱ្យខ្ញុំថ្លែងអំណរគុណចំពោះឧបការគុណរបស់ព្រះអង្គដែលបានប្រទានដល់ខ្ញុំ និងដល់មាតាបិតារបស់ខ្ញុំផងចុះ។ ហើយសូមឱ្យខ្ញុំបានសាងនូវទង្វើកុសលដែលព្រះអង្គពេញចិត្ត ព្រមទាំងបញ្ចូលរូបខ្ញុំទៅក្នុងចំណោមខ្ញុំបម្រើរបស់ព្រះអង្គដែលជាអ្នកសាងទង្វើកុសលដោយក្តីមេត្តាករុណារបស់ព្រះអង្គផងចុះ។

ហើយគាត់(ព្យាការីស៊ូឡៃម៉ាន)បានពិនិត្យហ្វូងសត្វបក្សីទាំងឡាយ ហើយគាត់ក៏បានពោលថា៖ ហេតុអ្វីបានជាខ្ញុំមិនឃើញសត្វហ៊ុទហ៊ុទ ឬមួយក៏វាអវត្តមាន(មិនបានមកចូលរួម)?

ខ្ញុំប្រាកដជានឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះវា ឬខ្ញុំនឹងសំឡេះវា ឬមួយក៏វាត្រូវនាំមកនូវហេតុផលដ៏ច្បាស់លាស់(សមហេតុផល)ណាមួយមកឱ្យខ្ញុំ។

តែមិនយូរប៉ុន្មាន (វាក៏បានមកដល់) ហើយវាក៏បាននិយាយថា៖ ខ្ញុំបានដឹងនូវអ្វីដែលអ្នកមិនបានដឹងអំពីវា ហើយខ្ញុំបាននាំមកឱ្យអ្នកនូវដំណឹងដ៏ច្បាស់លាស់មួយពីក្រុងសាហ្ពាក់។

ពិតប្រាកដណាស់ ខ្ញុំបានឃើញស្ត្រីម្នាក់(ជាក្សត្រិយ)ដែលគ្រប់គ្រងលើពួកគេ(អ្នកស្រុកសាហ្ពាក់) ហើយគេបានផ្តល់ឱ្យព្រះនាងនូវអ្វីៗគ្រប់បែបយ៉ាង ហើយព្រះនាងមានរាជបល្ល័ង្គមួយដ៏ធំអស្ចារ្យ។

ខ្ញុំបានឃើញព្រះនាង និងក្រុមរបស់ព្រះនាងគោរពសក្ការៈចំពោះព្រះអាទិត្យក្រៅពីអល់ឡោះ ហើយស្ហៃតនបានតុបតែងលម្អដល់ពួកគេនូវទង្វើទាំងឡាយរបស់ពួកគេ និងបានរារាំងពួកគេពីមាគ៌ា(ត្រឹមត្រូវ)។ ដូច្នេះ ពួកគេមិនទទួលបានការចង្អុលបង្ហាញនោះឡើយ។

(ស្ហៃតនធ្វើដូច្នោះ)ដើម្បីកុំឱ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ដែលជាអ្នកបញ្ចេញនូវអ្វីដែលលាក់ទុកនៅលើមេឃជាច្រើនជាន់ និងផែនដី។ ហើយទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកលាក់កំបាំង និងអ្វីដែលពួកអ្នកលាតត្រដាង។

អល់ឡោះជាម្ចាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលជាព្រះជាម្ចាស់នៃអារ៉ស្ហដ៏ធំធេងឡើយ។

គាត់(ព្យាការីស៊ូឡៃម៉ាន)បានតបថា៖ យើងនឹងរង់ចាំមើល ថាតើឯងនិយាយពិត ឬក៏ឯងស្ថិតក្នុងចំណោមអ្នកដែលនិយាយកុហក។

ចូរឯងនាំរាជសាររបស់យើងនេះ ហើយទម្លាក់វាទៅឲ្យពួកគេ។ បន្ទាប់មក ចូរឯងងាកចេញពីពួកគេបន្តិច ហើយរង់ចាំមើល ថាតើពួកគេនឹងឆ្លើយតបមកវិញយ៉ាងដូចម្តេច។

(ក្រោយពីទទួលបានរាជសារ) ព្រះនាងក៏បាននិយាយថា៖ ឱពួកមន្ត្រីទាំងឡាយ! ពិតប្រាកដណាស់ គេបានផ្តល់នូវរាជសារដ៏ឧត្តុង្គឧត្តមមួយដល់យើង។

ពិតប្រាកដណាស់ រាជសារនេះគឺមកពីស៊ូឡៃម៉ាន ហើយវាផ្តើមដោយ بسم الله الرحمن الرحيم (ក្នុងនាមអល់ឡោះ មហាសប្បុរស មហាអាណិតស្រលាញ់) ៖

ចូរពួកអ្នកកុំក្រអឺតក្រទមចំពោះយើងឱ្យសោះ ហើយចូរពួកអ្នកមកកាន់យើងក្នុងនាមជាអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)។

ព្រះនាងបាននិយាយថា៖ ឱពួកមន្ត្រីទាំងឡាយ! ចូរពួកអ្នកផ្តល់យោបល់ឲ្យយើងនៅក្នុងកិច្ចការរបស់យើងនេះ។ យើងមិនអាចសម្រេចកិច្ចការណាមួយឡើយ លុះត្រាតែពួកអ្នកមានវត្តមានជាមួយយើង។

ពួកគេបានតបថា៖ ពួកយើងសុទ្ធសឹងតែជាអ្នកខ្លាំងពូកែ និងជាអ្នកដែលក្លាហានបំផុត។ ហើយការសម្រេចចិត្ត គឺនៅលើព្រះនាង។ ហេតុនេះ សូមព្រះនាងពិចារណាមើលចុះ ថាតើព្រះនាងដាក់បទបញ្ជាបែបណា(មកលើពួកយើង)។

ព្រះនាងក៏បានតបថា៖ ជាការពិតណាស់ ក្សត្រទាំងឡាយ កាលណាពួកគេចូលទៅក្នុងភូមិស្រុកណាមួយ ពួកគេច្បាស់ជាបំផ្លិចបំផ្លាញវា និងធ្វើឱ្យអ្នកមានកិត្តិយសខ្ពង់ខ្ពស់នៃភូមិស្រុកនោះក្លាយជាជនទាបថោកជាមិនខាន។ ដូច្នោះឯងដែលពួកគេតែងតែធ្វើ។

ពិតប្រាកដណាស់ យើងនឹងបញ្ជូនជំនូនមួយទៅកាន់ពួកគេ ហើយរង់ចាំមើល ថាតើអ្នកនាំសារទាំងឡាយ(ដែលយើងបញ្ជូនទៅ)នឹងនាំអ្វីត្រឡប់មកវិញ។

ហើយនៅពេលដែលគេ(អ្នកនាំសាររបស់ក្សត្រីយ៍)បានទៅដល់ព្យាការីស៊ូឡៃម៉ាន គាត់ក៏បាននិយាយថា៖ តើពួកអ្នកផ្តល់ទ្រព្យសម្បត្តិ(ជំនូន)ទាំងនេះដល់យើងឬ? ជាការពិតណាស់ អ្វីដែលអល់ឡោះបានប្រទានដល់ខ្ញុំ គឺល្អប្រសើរជាងអ្វីដែលទ្រង់បានប្រទានដល់ពួកអ្នកទៅទៀត។ ផ្ទុយទៅវិញ ពួកអ្នកវិញទេដែលសប្បាយរីករាយនឹងជំនូនរបស់ពួកអ្នកនោះ។

ចូរអ្នកត្រឡប់ទៅកាន់ពួកគេវិញចុះ។ ជាការពិតណាស់ យើងពិតជានឹងនាំកងទ័ពឆ្ពោះទៅកាន់ពួកគេដែលពួកគេគ្មានសមត្ថភាពទប់ទល់នឹងវាបានឡើយ ហើយយើងប្រាកដជានឹងបណ្តេញពួកគេចេញពីវា(ទឹកដីសាហ្ពាក់)យ៉ាងអាម៉ាស់។ ហើយពួកគេជាជនដែលតូចទាបបំផុត។

គាត់(ព្យាការីស៊ូឡៃម៉ាន)បាននិយាយថា៖ ឱមន្ត្រីទាំងឡាយ! តើនរណាម្នាក់ក្នុងចំណោមពួកអ្នកអាចនាំរាជបល្ល័ង្គរបស់ព្រះនាងមកឱ្យយើងមុននឹងពួកគេមកកាន់យើងក្នុងនាមជាអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)?

អ៊ីហ្វរីតដែលស្ថិតក្នុងចំណោមពួកជិនបានឆ្លើយថា៖ ខ្ញុំអាចនាំវាមកប្រគល់ឱ្យអ្នកបានមុននឹងអ្នកក្រោកចេញពីកន្លែងរបស់អ្នក។ ហើយពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកដែលខ្លាំងពូកែ និងជាអ្នកដែលស្មោះត្រង់បំផុត។

អ្នកដែលមានចំណេះដឹងជ្រៅជ្រះខាងគម្ពីរម្នាក់បាននិយាយថា៖ ខ្ញុំអាចនាំវាមកប្រគល់ឱ្យអ្នកមុននឹងអ្នកព្រិចភ្នែករបស់អ្នកទៅទៀត(ក្នុងមួយប៉ប្រិចភ្នែកប៉ុណ្ណោះ)។ នៅពេលដែលគាត់បានឃើញបល្ល័ង្គនោះស្ថិតនៅចំពោះមុខរបស់គាត់ គាត់ក៏ពោលថា៖ នេះគឺជាការប្រោសប្រទានពីព្រះជាម្ចាស់របស់ខ្ញុំ ដើម្បីទ្រង់នឹងសាកល្បងខ្ញុំ ថាតើខ្ញុំដឹងគុណ ឬក៏រមិលគុណ? ហើយជនណាដែលដឹងគុណ តាមពិត គឺគេដឹងគុណសម្រាប់ខ្លួនឯងប៉ុណ្ណោះ។ រីឯជនណាដែលរមិលគុណវិញ ពិតប្រាកណាស់ ព្រះជាម្ចាស់របស់ខ្ញុំមហាមានលើសលប់ មហាសប្បុរសបំផុត។

គាត់បាននិយាយថា៖ ចូរពួកអ្នកផ្លាស់ប្តូររូបរាងបល្ល័ង្គរបស់ព្រះនាងដល់ព្រះនាង យើងនឹងចាំមើលថាតើព្រះនាងទទួលការចង្អុលបង្ហាញ(ឱ្យស្គាល់វា) ឬក៏ព្រះនាងស្ថិតក្នុងចំណោមអ្នកដែលមិនទទួលបានការចង្អុលបង្ហាញ។

នៅពេលដែលព្រះនាងមកដល់ មានគេសួរទៅកាន់ព្រះនាងថា៖ តើនេះជាបល្ល័ង្គរបស់ព្រះនាងឬ? ព្រះនាងក៏តបថា៖ ដូចជាវាហ្នឺងហើយ។ (ព្យាការីស៊ូឡៃម៉ានក៏បានពោលថា៖) ហើយគេបានប្រទានដល់យើងនូវចំណេះដឹងមុនព្រះនាង ហើយពួកយើងគឺជាអ្នកប្រគល់ខ្លួន(ជាជនមូស្លីម)។

ហើយអ្វីដែលព្រះនាងធ្លាប់បានគោរពសក្ការៈផ្សេងពីអល់ឡោះនោះបានរារាំងព្រះនាង(ពីការគោរពសក្ការៈចំពោះអល់ឡោះតែមួយ)។ ហើយពិតប្រាកដណាស់ ព្រះនាងគឺធ្លាប់ស្ថិតក្នុងចំណោមក្រុមដែលគ្មានជំនឿ។

មានគេនិយាយទៅកាន់ព្រះនាងថា៖ សូមព្រះនាងអញ្ជើញចូលទៅក្នុងវិមាននេះចុះ។ ហើយនៅពេលដែលព្រះនាងបានឃើញវា ទ្រង់គិតស្មានថាវាជាទឹក រួចទ្រង់ក៏បានសើយសំពត់របស់ទ្រង់ត្រឹមស្មងជើងរបស់ទ្រង់(ដើម្បីកុំឲ្យទទឹក)។ គាត់(ព្យាការីស៊ូឡៃម៉ាន)ក៏បាននិយាយថា៖ តាមពិត វាជាវិមានមួយដែលក្រាលដោយកញ្ចក់ដែលមានទឹកនៅពីក្រោម។ ពេលនោះ ព្រះនាងក៏បានមានបន្ទូលថា៖ បរពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំបានបំពានលើខ្លួនឯង ហើយខ្ញុំសូមប្រគល់ខ្លួន(ចូលសាសនាអ៊ីស្លាម)ជាមួយព្យាការីស៊ូឡៃម៉ានទៅចំពោះអល់ឡោះដែលជាម្ចាស់នៃពិភពទាំងអស់។

ហើយជាការពិតណាស់ យើងបានបញ្ជូនទៅកាន់ក្រុមសាមូទនូវព្យាការីសឡេះដែលជាបងប្អូនរបស់ពួកគេ(ដោយគាត់បង្គាប់ថា៖) ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ពេលនោះ ស្រាប់តែពួកគេបានបែកជាពីរក្រុមដោយបានឈ្លោះប្រកែកគ្នាទៅវិញ។

គាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ហេតុអ្វីបានជាពួកអ្នកប្រញាប់សុំឱ្យទទួលនូវប្រការអាក្រក់មុននឹងប្រការល្អយ៉ាងដូច្នេះ? ហេតុអ្វីបានជាពួកអ្នកមិនសុំការអភ័យទោសពីអល់ឡោះ? សង្ឃឹមថាពួកអ្នកនឹងត្រូវបានគេអាណិតស្រឡាញ់។

ពួកគេបានតបថា៖ ពួកយើងមានប្រផ្នូលអាក្រក់ដោយសារតែអ្នក និងអ្នកដែលនៅជាមួយអ្នកនេះឯង។ គាត់បានតបថា៖ ប្រផ្នូលអាក្រក់របស់ពួកអ្នក គឺនៅឯអល់ឡោះប៉ុណ្ណោះ។ ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមដែលត្រូវគេសាកល្បង។

ហើយនៅក្នុងទីក្រុងនោះមានបុរសប្រាំបួននាក់ដែលតែងបង្កវិនាសកម្មនៅលើផែនដី ហើយពួកគេមិនព្រមធ្វើឲ្យមានភាពប្រសើរនោះឡើយ។

ពួកគេបាននិយាយថា៖ ពួកអ្នកត្រូវស្បថនឹងអល់ឡោះថា ពួកយើងនឹងទៅរកគេ(ព្យាការីសឡេះ) និងក្រុមគ្រួសាររបស់គេនៅយប់នេះ(ដើម្បីសម្លាប់ពួកគេចោល)។ បន្ទាប់មក ពួកយើងប្រាកដជានឹងប្រាប់អាណាព្យាបាលរបស់គេថា៖ ពួកយើងមិនបានចូលរួមក្នុងការសម្លាប់ក្រុមគ្រួសាររបស់គេនោះឡើយ។ ហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលទៀងត្រង់។

ហើយពួកគេបានរៀបចំឧបាយកល តែយើងក៏បានរៀបចំគម្រោងការ(តបត)វិញផងដែរ ខណៈពួកគេមិនដឹងខ្លួនឡើយ។

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះថា តើលទ្ធផលចុងក្រោយនៃឧបាយកលរបស់ពួកគេទៅជាយ៉ាងណា? ពិតប្រាកដណាស់ យើងបានកម្ទេចពួកគេ និងក្រុមរបស់ពួកគេទាំងអស់គ្នា(ដោយគ្មានសេសសល់ម្នាក់ឡើយ)។

ហើយលំនៅឋានរបស់ពួកទាំងនោះបានក្លាយទៅជាទទេស្អាត(គ្មានមនុស្សរស់នៅ)ដោយសារតែការបំពានរបស់ពួកគេ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយសម្រាប់ក្រុមដែលយល់ដឹង។

ហើយយើងបានសង្គ្រោះបណ្តាអ្នកមានជំនឿដែលពួកគេធ្លាប់បានកោតខ្លាច(អល់ឡោះ)។

ហើយ(ចូរអ្នករំលឹកនូវរឿងរ៉ាវរបស់)ព្យាការីលូត នៅពេលដែលគាត់បាននិយាយទៅកាន់ក្រុមរបស់គាត់ថា៖ តើពួកអ្នកប្រព្រឹត្តនូវទង្វើអសីលធម៌(ស្រឡាញ់ភេទដូចគ្នា)បែបនេះឬ ខណៈដែលពួកអ្នកបានដឹង(ថាវាទង្វើស្មោគគ្រោក)ហើយនោះ?

តើពួកអ្នកពិតជាយកបុរសៗ(ដូចគ្នា)មកបំពេញចំណង់តណ្ហាក្រៅពីស្ត្រីបែបនេះឬ? ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមមួយដែលល្ងង់ខ្លៅបំផុត។

ហើយការឆ្លើយតបនៃក្រុមរបស់គាត់ គឺគ្មានអ្វីក្រៅពីពួកគេនិយាយថា៖ ចូរពួកអ្នកបណ្តេញក្រុមគ្រួសាររបស់លូតចេញពីភូមិស្រុករបស់ពួកអ្នកចុះ។ ជាការពិតណាស់ ពួកគេជាមនុស្សស្អាតស្អំ។

ដូចនេះ យើងក៏បានសង្គ្រោះរូបគេ(ព្យាការីលូត) និងក្រុមគ្រួសាររបស់គេ លើកលែងតែភរិយារបស់គេប៉ុណ្ណោះដែលយើងបានកំណត់ឱ្យនាងស្ថិតក្នុងចំណោមអ្នកដែលត្រូវទទួលទណ្ឌកម្ម។

ហើយយើងបានបញ្ចុះភ្លៀង(ដុំថ្ម)ទៅកាន់ពួកគេ។ ភ្លៀងដែលធ្លាក់លើពួកដែលត្រូវគេព្រមាននោះ គឺពិតជាអាក្រក់បំផុត។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ ហើយសូមសុខសន្តិភាពកើតមានដល់បណ្តាខ្ញុំបម្រើរបស់ទ្រង់ដែលទ្រង់បានជ្រើសរើស(ជាអ្នកនាំសារ)។ តើអល់ឡោះជាម្ចាស់ប្រសើរជាង ឬក៏អ្វីដែលពួកគេធ្វើស្ហ៊ីរិកនោះ(ល្អប្រសើរជាង)?

ឬមួយអ្នកដែលបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយទ្រង់បានបញ្ចុះទៅកាន់ពួកអ្នកនូវទឹកភ្លៀងពីលើមេឃ ហើយតាមរយៈទឹកភ្លៀងនេះ យើងបានបណ្តុះចេញមកនូវសួនឧទ្យានជាច្រើនដែលមានភាពស្រស់បំព្រង(ល្អប្រសើរជាង)ដោយពួកអ្នកមិនអាចបណ្តុះនូវដើមឈើទាំងនោះបានឡើយ? តើមានព្រះឯណា(ដែលអាចធ្វើដូច្នោះ)រួមជាមួយនឹងអល់ឡោះជាម្ចាស់ដែរឬទេ? ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែលងាកចេញ(ពីការពិត)។

ឬមួយអ្នកដែលបានធ្វើឱ្យផែនដីមានលំនឹង ហើយបានបង្កើតឲ្យមានទន្លេជាច្រើននៅចន្លោះវា ហើយនិងបានបង្កើតឱ្យមានភ្នំជាច្រើននៅលើវា ព្រមទាំងបង្កើតឱ្យមានរបាំងនៅចន្លោះរវាងសមុទ្រពីរ(ល្អប្រសើរជាង)? តើមានព្រះឯណា(ដែលអាចធ្វើដូច្នោះ)រួមជាមួយនឹងអល់ឡោះជាម្ចាស់ដែរឬទេ? ផ្ទុយទៅវិញ ភាគច្រើននៃពួកគេ គឺមិនដឹងឡើយ។

ឬមួយអ្នកដែលឆ្លើយតបចំពោះអ្នកដែលជួបទុក្ខលំបាកនៅពេលដែលគេបួងសួងសុំពីទ្រង់ និងដកយកនូវរឿងអាក្រក់(ចេញពីរូបគេ) ព្រមទាំងបង្កើតពួកអ្នកឲ្យស្នងការគ្រប់គ្រងនៅលើផែនដី(ល្អប្រសើរជាង)? តើមានព្រះឯណា(ដែលអាចប្រោសប្រទានដូច្នោះ)រួមជាមួយនឹងអល់ឡោះជាម្ចាស់ដែរឬទេ? អ្វីដែលពួកអ្នកយកធ្វើជាមេរៀន គឺតិចតួចបំផុត។

ឬក៏អ្នកដែលចង្អុលបង្ហាញពួកអ្នកនៅក្នុងភាពងងឹតទាំងនៅលើដីគោក និងនៅលើផ្ទៃសមុទ្រ និងជាអ្នកដែលបញ្ជូនខ្យល់ជាដំណឹងល្អបញ្ជាក់ពីក្តីមេត្តាករុណារបស់ទ្រង់(ទឹកភ្លៀង)ដែលនៅខាងមុខ(ល្អប្រសើរជាង)? តើមានព្រះឯណា(ដែលអាចធ្វើដូច្នោះ)រួមជាមួយនឹងអល់ឡោះជាម្ចាស់ដែរឬទេ? អល់ឡោះទ្រង់មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេបានធ្វើស្ហ៊ីរិក។

ឬមួយក៏អ្នកដែលផ្តើមបង្កើតពីដំបូង បន្ទាប់មក ទ្រង់ធ្វើឱ្យគេរស់ឡើងវិញ(ក្រោយពេលស្លាប់) និងជាអ្នកដែលប្រទានលាភសក្ការៈដល់ពួកអ្នកពីលើមេឃ និងផែនដី(ល្អប្រសើរជាង)? តើមានព្រះឯណា(ដែលអាចធ្វើដូច្នោះ)រួមជាមួយនឹងអល់ឡោះជាម្ចាស់ដែរឬទេ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកនាំយកនូវអំណះអំណាងរបស់ពួកអ្នកមក ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ គ្មាននរណាម្នាក់ដែលនៅលើមេឃជាច្រើនជាន់ និងផែនដីអាចដឹងពីប្រការអាថ៌កំបាំងនោះឡើយ លើកលែងតែអល់ឡោះជាម្ចាស់(តែមួយគត់) ហើយពួកគេក៏មិនដឹងដែរថា តើពេលណាដែលពួកគេត្រូវបានគេបង្កើតឱ្យរស់ឡើងវិញនោះ។

ផ្ទុយទៅវិញ ពួកគេនឹងដឹងយ៉ាងច្បាស់នៅថ្ងៃបរលោក? ផ្ទុយទៅវិញ (នៅក្នុងលោកិយ)ពួកគេមានការមន្ទិលសង្ស័យចំពោះវា។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងងងឹត(មិនដឹងអ្វីសោះ)ពីវាទៀតផង។

ហើយពួកដែលគ្មានជំនឿបាននិយាយថា៖ តើនៅពេលដែលពួកយើងនិងជីដូនជីតារបស់ពួកយើងបាន(ស្លាប់)ក្លាយទៅជាដីហើយនោះ តើពួកយើងពិតជាត្រូវគេបង្កើតឱ្យរស់ឡើងវិញឬ?

ជាការពិតណាស់ ពួកយើងនិងជីដូនជីតារបស់ពួកយើងធ្លាប់ត្រូវបានគេសន្យាបែបនេះតាំងពីមុនមកម្ល៉េះ។ នេះគ្មានអ្វីក្រៅពីរឿងព្រេងនិទានរបស់អ្នកជំនាន់មុនប៉ុណ្ណោះ។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកធ្វើដំណើរនៅលើផែនដី ហើយពិចារណាមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកឧក្រិដ្ឋជននោះទៅជាយ៉ាងណា?

ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)កុំកើតទុក្ខចំពោះពួកគេ និងកុំពិបាកចិត្តដោយសារអ្វីដែលពួកគេបានប្រើឧបាយកល។

ហើយពួកគេបាននិយាយថា៖ តើការសន្យានេះនឹងកើតឡើងនៅពេលណា ប្រសិនបើពួកអ្នកជាអ្នកដែលទៀងត្រង់មែននោះ?

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបថា៖ ជួនកាលអ្វី(ទណ្ឌកម្ម)មួយចំនួនដែលពួកអ្នកបានសុំឱ្យវាឆាប់មកដល់នោះ បានខិតមកជិតពួកអ្នករួចទៅហើយ។

ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់មានក្តីសប្បុរសបំផុតចំពោះមនុស្សលោក។ ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនដឹងគុណឡើយ។

ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកទ្រង់ដឹងនូវអ្វីដែលចិត្តរបស់ពួកគេលាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។

ហើយគ្មានអាថ៌កំបាំងណាមួយនៅលើមេឃនិងនៅលើផែនដីនោះឡើយ លើកលែងតែវាត្រូវបានកត់ត្រាទុកនៅក្នុងគម្ពីរដ៏ច្បាស់លាស់(ឡាវហ៊ុលម៉ះហ៊្វូស)។

ពិតប្រាកដណាស់ គម្ពីរគួរអាននេះ គឺនិទានប្រាប់ដល់អម្បូរអ៊ីស្រាអែលនូវរឿងរ៉ាវជាច្រើនដែលពួកគេបានខ្វែងគំនិតគ្នាចំពោះវា។

ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន) គឺជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណាសម្រាប់បណ្តាអ្នកដែលមានជំនឿ។

ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងកាត់សេចក្តីរវាងពួកគេដោយច្បាប់របស់ទ្រង់។ ហើយទ្រង់មហាខ្លាំងពូកែ មហាដឹងបំផុត។

ដូច្នេះ ចូរអ្នកប្រគល់ការទុកចិត្តលើអល់ឡោះចុះ។ ពិតប្រាកដណាស់ អ្នកស្ថិតនៅលើភាពត្រឹមត្រូវយ៉ាងច្បាស់លាស់។

ពិតប្រាកដណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនអាចធ្វើឱ្យអ្នកដែលស្លាប់អាចស្តាប់ឮបានឡើយ ហើយក៏មិនអាចធ្វើឱ្យអ្នកដែលថ្លង់អាចស្តាប់ឮការអំពាវនាវ(របស់អ្នក)នោះដែរ នៅពេលណាដែលពួកគេត្រឡប់ក្រោយ(បែរចេញពីអ្នក)ហើយនោះ។

ហើយអ្នកក៏មិនមែនជាអ្នកផ្តល់ការចង្អុលបង្ហាញដល់អ្នកងងឹតភ្នែកឲ្យចេញពីភាពវង្វេងរបស់ពួកគេនោះដែរ។ អ្នកអាចធ្វើឲ្យស្តាប់ឮតែចំពោះអ្នកដែលមានជំនឿចំពោះវាក្យខណ្ឌរបស់យើងប៉ុណ្ណោះ ព្រោះពួកគេ គឺជាអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)។

ហើយនៅពេលដែលពាក្យសម្តី(ដាក់ទណ្ឌកម្ម)បានធ្លាក់ទៅលើពួកគេហើយនោះ យើងនឹងបញ្ចេញទៅកាន់ពួកគេនូវសត្វមួយប្រភេទចេញពីក្នុងដីដោយវានិយាយទៅកាន់ពួកគេថា ជាការពិតណាស់ មនុស្សលោកមិនបានជឿជាក់ចំពោះសញ្ញាភស្តុតាងរបស់យើងឡើយ។

ហើយនៅថ្ងៃដែលយើងនឹងប្រមូលផ្តុំរាល់ប្រជាជាតិទាំងអស់នូវក្រុមមួយក្នុងចំណោមពួកដែលបានបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង ដោយពួកគេត្រូវបានបែងចែកជាក្រុមៗ។

លុះនៅពេលដែលពួកគេបានមកដល់(កន្លែងជំនុំជម្រះ) ទ្រង់បានមានបន្ទូលថា៖ តើពួកអ្នកបដិសេធនឹងបណ្តាវាក្យខណ្ឌរបស់យើងឬ ខណៈដែលពួកអ្នកមិនបានដឹងច្បាស់ផងនោះ? ឬពួកអ្នកបានធ្វើអ្វីខ្លះ?

ហើយពាក្យសម្តី(ទណ្ឌកម្ម)បានធ្លាក់ទៅលើពួកគេដោយសារតែពួកគេបានបំពាន។ ដូច្នេះ ពួកគេមិនអាចនិយាយ(ដោះសារ)បានឡើយ។

តើពួកគេមិនបានឃើញទេឬថា ពិតប្រាកដណាស់ យើងបានបង្កើតពេលយប់ដើម្បីឱ្យពួកគេសម្រាកនៅក្នុងវា និង(បានបង្កើត)ពេលថ្ងៃដើម្បីឱ្យពួកគេអាចមើលឃើញ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលមានជំនឿ។

ហើយ(ចូរអ្នករំលឹក)នៅថ្ងៃដែលគេ(ម៉ាឡាអ៊ីកាត់)ផ្លុំត្រែ។ ពេលនោះ អ្នកដែលនៅលើមេឃជាច្រើនជាន់និងអ្នកដែលនៅលើផែនដីទាំងអស់មានការភ័យរន្ធត់ លើកលែងតែជនណាដែលទ្រង់មានចេតនាប៉ុណ្ណោះ។ ហើយរាល់ភាវៈទាំងអស់នៅថ្ងៃនោះ នឹងមកជួបទ្រង់ដោយការគោរពតាម។

ហើយអ្នកនឹងឃើញភ្នំទាំងឡាយដែលអ្នកគិតថាវានៅនឹងថ្កល់(មួយកន្លែង)នឹងរសាត់យ៉ាងលឿនដូចពពក។ ជាការបង្កើតរបស់អល់ឡោះដែលធ្វើឲ្យរាល់អ្វីៗទាំងអស់មានភាពឥតខ្ចោះ។ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។

ជនណាដែលបាននាំមកនូវប្រការល្អ សម្រាប់រូបគេនឹងទទួលបាននូវអ្វីដែលប្រសើរជាងនោះ។ ហើយពួកគេជាអ្នកដែលមានសុវត្ថិភាពបំផុតពីការភ័យរន្ធត់នៅថ្ងៃនោះ។

តែជនណាដែលបាននាំមកនូវប្រការអាក្រក់វិញ គេនឹងគ្រវែងរូបគេទៅក្នុងឋាននរកដោយផ្កាប់មុខ។ (ហើយមានគេនិយាយទៅកាន់ពួកគេថា៖) តើគេមិនតបស្នងដល់ពួកអ្នកក្រៅតែពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តទេឬ?

(ចូរអ្នកពោលថា៖) តាមពិត គេបានបង្គាប់ខ្ញុំឲ្យគោរពសក្ការៈចំពោះព្រះជាម្ចាស់នៃទឹកដីនេះ(ទឹកដីម៉ាក្កះ)ដែលទ្រង់ចាត់ទុកវាជាទឹកដីពិសិដ្ឋ។ ហើយអ្វីៗទាំងអស់ គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ហើយរូបខ្ញុំត្រូវបានគេបង្គាប់ឲ្យស្ថិតក្នុងចំណោមអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)។

ហើយ(គេក៏បង្គាប់)ឱ្យខ្ញុំសូត្រគម្ពីរគួរអាន(ឱ្យមនុស្សលោកស្តាប់)ផងដែរ។ ដូច្នេះ ជនណាដែលទទួលបានការចង្អុលបង្ហាញ តាមពិតគេទទួលបានការចង្អុលបង្ហាញសម្រាប់ខ្លួនឯង។ រីឯជនណាដែលវង្វេងវិញនោះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិតរូបខ្ញុំគ្រាន់តែស្ថិតក្នុងចំណោមអ្នកដាស់តឿនព្រមានប៉ុណ្ណោះ។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ។ ទ្រង់នឹងបង្ហាញឲ្យពួកអ្នកបានឃើញនូវសញ្ញាភស្តុតាងទាំងឡាយរបស់ទ្រង់ ហើយពួកអ្នកនឹងស្គាល់វា។ ហើយព្រះជាម្ចាស់របស់អ្នកមិនព្រងើយកន្តើយពីអ្វីដែលពួកអ្នកប្រព្រឹត្តនោះឡើយ។