عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

The Story [Al-Qasas] - Khmer translation - Rowwad Translation Center

Surah The Story [Al-Qasas] Ayah 88 Location Maccah Number 28

ត ស៊ីន មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។

ទាំងនេះគឺជាបណ្តាវាក្យខណ្ឌនៃគម្ពីរ(គួរអាន)ដ៏ច្បាស់លាស់។

យើងនឹងនិទានឱ្យអ្នកស្តាប់(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងរ៉ាវយ៉ាងពិតប្រាកដរបស់ព្យាការីមូសា និងហ្វៀរអោនសម្រាប់ក្រុមដែលមានជំនឿ។

ជាការពិតណាស់ ហ្វៀរអោនគឺជាអ្នកដែលក្រអឺតក្រទមនៅលើទឹកដី(អេហ្ស៊ីប) ហើយគេបានធ្វើឱ្យអ្នកដែលនៅទីនោះបែកបាក់ជាក្រុមៗ។ គេជិះជាន់ធ្វើបាបក្រុមមួយក្នុងចំណោមពួកគេ(អម្បូរអ៊ីស្រាអែល)ដោយសម្លាប់កូនប្រុសៗរបស់ពួកគេ ហើយទុកជីវិតឱ្យកូនស្រីៗរបស់ពួកគេ។ ពិតប្រាកដណាស់ រូបគេស្ថិតនៅក្នុងចំណោមពួកដែលបង្កវិនាសកម្ម។

ហើយយើងមានបំណងចង់ផ្តល់នូវការប្រោសប្រទានទៅដល់អ្នកដែលត្រូវគេជិះជាន់ធ្វើបាបនៅលើទឹកដី(អេហ្ស៊ីប) និងធ្វើឱ្យពួកគេក្លាយទៅជាមេដឹកនាំ ព្រមទាំងធ្វើឱ្យពួកគេក្លាយជាអ្នកដែលទទួលមរតក(បន្ទាប់ពីហ្វៀរអោន)។

ហើយយើងនឹងប្រទានឱ្យពួកគេ(អម្បូរអ៊ីស្រាអែល)នូវការគ្រប់គ្រងនៅលើផែដី។ ហើយយើងនឹងឱ្យហ្វៀរអោន និងហាម៉ាន ព្រមទាំងពលទាហានរបស់គេទាំងពីរបានឃើញនូវអ្វីដែលពួកគេធ្លាប់ព្រួយបារម្ភអំពីពួកគេ(អម្បូរអ៊ីស្រាអែល)។

ហើយយើងបានផ្តល់សារទៅកាន់ម្តាយរបស់ព្យាការីមូសាថា៖ ចូរនាងបំបៅគេចុះ។ តែប្រសិនបើនាងមានការព្រួយបារម្ភចំពោះរូបគេ ចូរបណ្តែតគេតាមទន្លេ(នីល)ចុះ។ ហើយចូរនាងកុំព្រួយបារម្ភ និងកុំកើតទុក្ខ។ ពិតប្រាកដណាស់ យើងនឹងត្រឡប់រូបគេមកកាន់នាងវិញ ហើយនឹងធ្វើឲ្យរូបគេស្ថិតក្នុងចំណោមអ្នកនាំសារទាំងឡាយ។

ពេលនោះ ក្រុមរបស់ហ្វៀនអោនក៏បានរើសយកគេ(ទៅចិញ្ចឹម)ដែលរូបគេនឹងក្លាយទៅជាសត្រូវ និងជាក្តីកង្វល់ចំពោះពួកគេ។ ពិតប្រាកដណាស់ ហ្វៀរអោន និងហាម៉ាន ព្រមទាំងពលទាហានរបស់គេទាំងពីរ គឺជាពួកដែលប្រព្រឹត្តបាបកម្ម។

ហើយភរិយារបស់ហ្វៀនអោនបាននិយាយថា៖ (ក្មេងប្រុសម្នាក់នេះ)ជាប្រភពនៃក្តីរីករាយសម្រាប់ខ្ញុំនិងសម្រាប់អ្នក។ ចូរអ្នកកុំសម្លាប់គេអី សង្ឃឹមថាគេអាចនឹងមានប្រយោជន៍ដល់យើង ឬក៏យកគេធ្វើជាកូនចិញ្ចឹមតែម្តងក៏បាន។ តែពួកគេពុំបានដឹងនោះឡើយ។

ហើយដួងចិត្តម្តាយរបស់ព្យាការីមូសា ក្លាយទៅជាទទេស្អាត។ នាងស្ទើរតែបង្ហាញឱ្យគេបានដឹងទៅហើយ(ថានោះជាកូនរបស់នាង) ប្រសិនបើយើងមិនផ្តល់លំនឹងដល់ដួងចិត្តរបស់នាងដើម្បីឱ្យនាងស្ថិតក្នុងចំណោមដែលអ្នកមានជំនឿទេនោះ។

ហើយគាត់បាននិយាយទៅកាន់បងស្រីរបស់ព្យាការីមូសាថា៖ ចូរឯងតាមឃ្លាំមើលគេចុះ។ ពេលនោះ នាងក៏បានឈរមើលគេពីចម្ងាយ ខណៈដែលពួកគេមិនបានដឹងឡើយ។

ហើយយើងបានដាក់បម្រាមលើរូបគេ(មិនឲ្យបៅដោះ)ពីគ្រប់ស្ត្រីទាំងអស់តាំងពីមុន។ ពេលនោះ បងស្រីរបស់ព្យាការីមូសាបាននិយាយថា៖ តើចង់ឱ្យខ្ញុំចង្អុលបង្ហាញពួកអ្នកពីគ្រួសារមួយដែលអាចចិញ្ចឹមបីបាច់គេឲ្យពួកអ្នក ហើយពួកគេអាចថ្នាក់ថ្នមមើលថែគេបានយ៉ាងល្អដែរឬទេ?

ពេលនោះ យើងក៏បានត្រឡប់រូបគេទៅកាន់ម្តាយរបស់គេវិញដើម្បីឱ្យនាងមានក្តីរីករាយ ហើយឈប់កើតទុក្ខ និងដើម្បីឱ្យនាងដឹងថា ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ គឺជាការពិត។ ក៏ប៉ុន្តែភាគច្រើននៃពួកគេមិនបានដឹងឡើយ។

ហើយនៅពេលដែលគេមានកម្លាំងមាំមួន និងធំពេញវ័យ យើងបានប្រទានដល់គេនូវគតិបណ្ឌិត និងចំណេះដឹង។ ក៏ដូច្នោះដែរ យើងនឹងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អ។

ហើយគាត់បានចូលទៅក្នុងទីក្រុងក្នុងពេលដែលមនុស្សទាំងឡាយសម្រាក។ ពេលនោះ គាត់បានប្រទះឃើញបុរសពីរនាក់កំពុងតែវាយតប់គ្នា ដោយម្នាក់មកពីក្រុមរបស់គាត់(អម្បូរអ៊ីស្រាអែល) ហើយម្នាក់ទៀត មកពីក្រុមសត្រូវរបស់គាត់(ក្រុមរបស់ហ្វៀរអោន)។ នៅពេលនោះ បុរសម្នាក់ដែលមកពីក្រុមរបស់គាត់ក៏បានសុំឱ្យគាត់ជួយតទល់នឹងសត្រូវរបស់ខ្លួន។ ព្យាការីមូសាក៏បានដាល់បុរសនោះ។ ភ្លាមនោះ គេក៏បានបាត់បង់ជីវិត។ គាត់ក៏និយាយថា៖ នេះគឺស្ថិតក្នុងចំណោមទង្វើរបស់ស្ហៃតន។ ពិតប្រាកដណាស់ ស្ហៃតន គឺជាសត្រូវ និងជាអ្នកធ្វើឱ្យវង្វេងយ៉ាងច្បាស់លាស់។

គាត់បានបួងសួងថា៖ បរពិត្រព្រះជាម្ចាស់! ខ្ញុំពិតជាបានបំពានលើខ្លួនឯង។ ហេតុនេះ សូមព្រះអង្គមេត្តាអភ័យទោសដល់ខ្ញុំផង។ ពេលនោះ ទ្រង់ក៏បានអភ័យទោសដល់គាត់។ ពិតប្រាកដណាស់ ទ្រង់គឺជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។

គាត់បានបួងសួងទៀតថា៖ បរពិត្រព្រះជាម្ចាស់! តាមរយៈអ្វីដែលព្រះអង្គបានប្រោសប្រទានដល់ខ្ញុំ ខ្ញុំនឹងមិនធ្វើខ្លួនជាអ្នកដែលជួយដល់ពួកឧក្រិដ្ឋជនជាដាច់ខាត។

ក្រោយមក វាក៏បានធ្វើឱ្យគាត់ស្ថិតនៅក្នុងទីក្រុងដោយភាពភ័យខ្លាច និងចាំឃ្លាំមើល។ ពេលនោះ អ្នកដែលសុំឱ្យគាត់ជួយកាលពីម្សិលមិញ ក៏បានស្រែកឲ្យគាត់ជួយម្តងទៀត។ ព្យាការីមូសាក៏បាននិយាយទៅកាន់បុរសនោះថា៖ ពិតប្រាកដណាស់ អ្នកពិតជាអ្នកដែលវង្វេងយ៉ាងច្បាស់លាស់។

ហើយនៅពេលដែលគាត់មានបំណងចង់ចាប់អ្នកដែលជាសត្រូវរបស់ពួកគាត់ទាំងពីរ បុរសនោះក៏បាននិយាយថា៖ ឱមូសា! តើអ្នកចង់សម្លាប់ខ្ញុំ ដូចដែលអ្នកបានសម្លាប់មនុស្សម្នាក់កាលពីម្សិលមិញឬ? អ្នកគ្មានបំណងអ្វីក្រៅពីចង់ធ្វើជាអ្នកដែលក្អេងក្អាងនៅលើផែនដីនេះនោះឡើយ ហើយអ្នកក៏មិនចង់ធ្វើជាអ្នកដែលផ្សះផ្សារ(រវាងមនុស្សលោក)នោះដែរ។

ហើយមានបុរសម្នាក់ធ្វើដំណើរយ៉ាងប្រញាប់ប្រញាល់មកពីជាយក្រុងបានមកដល់(ព្យាការីមូសា)។ គាត់បាននិយាយថា៖ ឱមូសា! ពិតប្រាកដណាស់ ពួកមន្ត្រីទាំងឡាយកំពុងតែពិគ្រោះពិភាក្សាគ្នាអំពីរឿងអ្នកដើម្បីសម្លាប់អ្នក។ ដូច្នេះ ចូរអ្នកចាកចេញ(ពីទឹកដីនេះ)ចុះ។ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកណែនាំដ៏ល្អម្នាក់សម្រាប់អ្នក។

ពេលនោះ គាត់ក៏បានចាកចេញពីទីនោះទាំងភ័យខ្លាច និងចាំឃ្លាំមើល។ គាត់បានបួងសួងថា៖ បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាសង្គ្រោះរូបខ្ញុំពីក្រុមដែលបំពានផង។

ហើយនៅពេលដែលគាត់ធ្វើដំណើរតម្រង់ឆ្ពោះទៅកាន់ទឹកដីម៉ាទយ៉ាន់ គាត់បានពោលថា៖ សង្ឃឹមថាព្រះជាម្ចាស់របស់ខ្ញុំនឹងចង្អុលបង្ហាញខ្ញុំទៅកាន់មាគ៌ាដែលល្អ។

ហើយនៅពេលដែលគាត់បានទៅដល់(អណ្តូង)ទឹកនៃតំបន់ម៉ាទយ៉ាន់ គាត់បានឃើញមនុស្សមួយក្រុមកំពុងដងទឹកឱ្យសត្វផឹក ហើយគាត់ក៏បានឃើញស្ត្រីពីរនាក់ផ្សេងទៀតក្រៅពីពួកគេដែលកំពុងតែរារាំងសត្វរបស់ខ្លួន(ពីទឹកនោះ)។ គាត់បានសួរថា៖ តើអ្នកទាំងពីរមានបញ្ហាអ្វី? គេទាំងពីរបានតបថា៖ ពួកខ្ញុំមិនអាចឱ្យទឹកផឹក(ដល់សត្វរបស់ពួកយើង)ឡើយ ទាល់តែពួកគង្វាលទាំងនោះចាកចេញ។ ហើយឪពុករបស់ពួកខ្ញុំ ជាមនុស្សចាស់ជរា។

ពេលនោះ គាត់ក៏បានឲ្យទឹកដល់សត្វរបស់អ្នកទាំងពីរនោះផឹក។ បន្ទាប់មក គាត់បានត្រឡប់ទៅរកម្លប់វិញ(ដើម្បីសម្រាក) ហើយគាត់បានបួងសួងថា៖ បរពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំពិតត្រូវការនូវអ្វីដែលល្អដែលព្រះអង្គប្រទានដល់ខ្ញុំ។

ពេលនោះ ស្រ្តីម្នាក់ក្នុងចំណោមអ្នកទាំងពីរក៏បានដើរមកជួបនឹងព្យាការីមូសាដោយភាពអៀនខ្មាស។ នាងនិយាយថា៖ ពិតប្រាកដណាស់ ឪពុករបស់ខ្ញុំគាត់អញ្ជើញអ្នក(ទៅជួបគាត់)ដើម្បីផ្តល់ថ្លៃឈ្នួលដល់អ្នកចំពោះការដែលអ្នកបានឱ្យទឹកដល់សត្វរបស់ពួកយើងផឹក។ នៅពេលដែលព្យាការីមូសាបានទៅជួបគាត់ ហើយបានរៀបរាប់ពីដំណើររឿងប្រាប់ដល់គាត់ គាត់ក៏ពោលថា៖ សូមអ្នកកុំខ្លាច! អ្នកបានរួចផុតពីក្រុមដែលបំពានហើយ។

ស្ត្រីម្នាក់ក្នុងចំណោមអ្នកទាំងពីរបាននិយាយថា៖ ឱលោកឪពុកជាទីស្រលាញ់! សូមលោកឪពុកជួលគាត់តែម្តងទៅ។ ពិតប្រាកដណាស់ មនុស្សដ៏ប្រសើរដែលលោកឪពុកជួលនោះ គឺមានទាំងកម្លាំងខ្លាំងក្លា និងភាពស្មោះត្រង់។

ឪពុករបស់នាងបាននិយាយថា៖ ពិតប្រាកដណាស់ ខ្ញុំមានបំណងរៀបការម្នាក់ក្នុងចំណោមកូនស្រីទាំងពីររបស់ខ្ញុំឱ្យទៅអ្នក ដោយអ្នកត្រូវធ្វើការឱ្យខ្ញុំរយៈពេលប្រាំបីឆ្នាំ។ ប្រសិនបើអ្នកចង់បង្គ្រប់រយៈពេលដប់ឆ្នាំ វាគឺស្ថិតនៅលើអ្នក។ ហើយខ្ញុំគ្មានបំណងធ្វើឱ្យអ្នកមានការលំបាកឡើយ។ អ្នកនឹងឃើញថា ខ្ញុំស្ថិតក្នុងចំណោមមនុស្សល្អត្រឹមត្រូវម្នាក់ ប្រសិនបើអល់ឡោះមានចេតនា។

គាត់បានតបថា៖ នេះជាកិច្ចព្រមព្រៀងរវាងខ្ញុំនិងអ្នក។ អំឡុងពេលណាមួយក៏ដោយក្នុងអំឡុងពេលទាំងពីរ(ប្រាំបីឆ្នាំ ឬដប់ឆ្នាំ)ដែលខ្ញុំបានបំពេញ គឺគ្មានការបំពានមកលើខ្ញុំនោះឡើយ។ ហើយអល់ឡោះជាអ្នកឃ្លាំមើលចំពោះអ្វីដែលពួកយើងនិយាយ។

នៅពេលដែលព្យាការីមូសាបានបំពេញតាមកាលកំណត់រួចរាល់ ហើយគាត់បានធ្វើដំណើរជាមួយនឹងក្រុមគ្រួសាររបស់គាត់ គាត់ក៏បានឃើញពន្លឺភ្លើងមួយនៅក្បែរភ្នំតួរ។ គាត់ក៏បានពោលទៅកាន់ក្រុមគ្រួសាររបស់គាត់ថា៖ សូមពួកអ្នកនៅទីនេះសិនចុះ។ ពិតប្រាកដណាស់ ខ្ញុំបានឃើញពន្លឺភ្លើងមួយ។ សង្ឃឹមថាខ្ញុំនឹងនាំដំណឹងខ្លះៗពីវាមកកាន់ពួកអ្នក ឬក៏នាំយកដុំភ្លើងមកបង្កាត់ឱ្យពួកអ្នកដើម្បីឱ្យពួកអ្នកមានភាពកក់ក្តៅ។

ហើយនៅពេលដែលគាត់បានទៅដល់ទីនោះ គេ(អល់ឡោះ)បានស្រែកហៅគាត់ចេញពីដើមឈើមួយដើមនៅក្បែរជ្រលងភ្នំខាងស្តាំនៅទីកន្លែងដែលប្រកបដោយពរជ័យថា៖ ឱមូសា! ពិតប្រាកដណាស់ យើងគឺអល់ឡោះ ជាព្រះជាម្ចាស់នៃពិភពទាំងអស់។

ហើយចូរអ្នកបោះដំបងរបស់អ្នកចុះ។ នៅពេលដែលគាត់បានឃើញដំបងនោះមានចលនាប្រៀបដូចជាសត្វពស់ គាត់ក៏រត់បកក្រោយដោយមិនត្រឡប់មកវិញឡើយ។ (ទ្រង់បានមានបន្ទូលថា៖) ឱមូសា! ចូរអ្នកចូលមក ហើយកុំខ្លាច។ ពិតប្រាកដណាស់ រូបអ្នកស្ថិតក្នុងចំណោមអ្នកដែលមានសុវត្ថិភាពហើយ។

ហើយចូរអ្នកដាក់ដៃរបស់អ្នកទៅក្នុងហោប៉ៅអាវរបស់អ្នកចុះ នោះវានឹងបញ្ចេញពន្លឺសភ្លឺថ្លាដោយពុំមែនជាប្រការអាក្រក់ឡើយ។ ហើយចូរអ្នកឱបដៃរបស់អ្នកដើម្បីបំបាត់ភាពភ័យខ្លាច។ ពិតណាស់ ទាំងពីរ គឺជាសញ្ញាភស្តុតាងពីរពីព្រះជាម្ចាស់របស់អ្នកទៅកាន់ហ្វៀរអោន និងពួកមន្ត្រីរបស់គេ។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមដែលប្រព្រឹត្តល្មើស។

គាត់បានតបថា៖ បរពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំបានសម្លាប់ជីវិតម្នាក់នៃពួកគេ ហើយខ្ញុំខ្លាចពួកគេនឹងសម្លាប់ខ្ញុំវិញ។

ហើយបងប្រុសរបស់ខ្ញុំ ហារូន គាត់និយាយច្បាស់ជាងខ្ញុំ។ ហេតុនេះ សូមព្រះអង្គមេត្តាបញ្ជូនគាត់ឱ្យទៅជាមួយខ្ញុំជាអ្នកជួយបញ្ជាក់ពីសច្ចភាពរបស់ខ្ញុំ។ ពិតប្រាកដណាស់ ខ្ញុំបាម្ភខ្លាចពួកគេបដិសេធនឹងខ្ញុំ។

ទ្រង់បានតបថា៖ យើងនឹងជួយពង្រឹងដល់អ្នកតាមរយៈបងប្រុសរបស់អ្នក ហើយយើងនឹងប្រទានឱ្យអ្នកទាំងពីរនូវសញ្ញាភស្តុតាង។ ដូចនេះ ពួកគេមិនអាចធ្វើឱ្យប្រការអាក្រក់ណាមួយប៉ះពាល់ដល់អ្នកទាំងពីរបានឡើយ។ តាមរយៈបណ្តាភស្តុតាងទាំងឡាយរបស់យើង អ្នកទាំងពីរ ហើយនិងអ្នកដែលដើរតាមអ្នកទាំងពីរ គឺជាអ្នកដែលទទួលបានជោគជ័យ។

ហើយនៅពេលដែលព្យាការីមូសាបាននាំមកកាន់ពួកគេនូវសញ្ញាភស្តុតាងទាំងឡាយរបស់យើងដ៏ច្បាស់លាស់ ពួកគេបែរជានិយាយថា៖ នេះគ្មានអ្វីក្រៅពីមន្តអាគមដែលគេប្រឌិតវាឡើងប៉ុណ្ណោះ ហើយពួកយើងមិនដែលបានឮរឿងបែបនេះពីជីដូនជីតារបស់ពួកយើងជំនាន់មុនៗនោះឡើយ។

ហើយព្យាការីមូសាបាននិយាយថា៖ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់ដឹងបំផុតចំពោះជនណាដែលបាននាំមកនូវការចង្អុលបង្ហាញអំពីទ្រង់ ហើយនិងជនណាដែលទទួលបាននូវលទ្ធផលចុងក្រោយដ៏គួរឱ្យកោតសរសើរ។ ពិតប្រាកដណាស់ ពួកដែលបំពាននឹងមិនបានទទួលជោគជ័យនោះឡើយ។

ហើយហ្វៀរអោនបាននិយាយថា៖ ឱមន្ត្រីទាំងឡាយ! យើងមិនដែលដឹងសោះថា ពួកអ្នកមានព្រះផ្សេងដែលត្រូវគោរពសក្ការៈក្រៅពីយើងនោះ។ ដូច្នេះ ឱហាម៉ាន! ចូរអ្នកដុតដីធ្វើជាដុំឥដ្ឋឱ្យយើង រួចសង់វិមានយ៉ាងខ្ពស់មួយឱ្យយើង ដើម្បីឲ្យយើងឡើងទៅមើលព្រះជាម្ចាស់របស់មូសា។ ពិតប្រាកដណាស់ យើងគិតថា រូបគេគឺស្ថិតក្នុងចំណោមអ្នកដែលភូតកុហក។

ហើយគេ(ហ្វៀរអោន) និងពលទាហានរបស់គេបានក្រអឺតក្រទមនៅលើទឹកដី(អេហ្ស៊ីប)ដោយមិនត្រឹមត្រូវ។ ហើយពួកគេគិតថា ពិតណាស់ ពួកគេនឹងមិនត្រូវគេនាំត្រឡប់មកកាន់យើងវិញឡើយ។

ដូច្នេះ យើងក៏បានក្របួចគេ និងពលទាហានទាំងឡាយរបស់គេ រួចក៏បោះពួកគេចូលទៅក្នុងសមុទ្រ។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះថា តើលទ្ធផលចុងក្រោយរបស់ពួកដែលបំពានទៅជាយ៉ាងណា?

ហើយយើងបានធ្វើឱ្យពួកគេក្លាយជាមេដឹកនាំដែលអំពាវនាវទៅកាន់ឋាននរក។ ហើយនៅថ្ងៃបរលោក ពួកគេនឹងមិនត្រូវបានគេជួយឡើយ។

ហើយយើងនឹងឲ្យបណ្តាសានៅជាប់ជាមួយនឹងពួកគេនៅក្នុងលោកិយនេះ។ ហើយនៅថ្ងៃបរលោក ពួកគេគឺស្ថិតក្នុងចំណោមពួកដែលត្រូវគេស្អប់ខ្ពើម។

ហើយពិតប្រាកដណាស់ យើងបានប្រទានឱ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត)ក្រោយពីយើងបានបំផ្លាញប្រជាជាតិជំនាន់មុនៗដើម្បីជាការបំភ្លឺដល់មនុស្សលោក ជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណា។ សង្ឃឹមថាពួកគេនឹងនឹកឃើញ។

ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានមានវត្តមាននៅក្បែរភ្នំខាងលិចនោះទេនៅពេលដែលយើងបានដាក់បទបញ្ជាទៅកាន់ព្យាការីមូសា ហើយអ្នកក៏មិនបានស្ថិតនៅក្នុងចំណោមអ្នកធ្វើសាក្សីនោះដែរ។

ក៏ប៉ុន្តែ យើងបានបង្កើតនូវប្រជាជាតិជាច្រើនដោយពួកគេបានរស់នៅអស់រយៈពេលដ៏យូរ។ ហើយអ្នក(ព្យាការីមូហាំម៉ាត់)ក៏មិនបានរស់នៅជាមួយអ្នកស្រុកម៉ាទយ៉ាន់ដោយអ្នកសូត្របណ្តាវាក្យខណ្ឌរបស់យើងឱ្យពួកគេស្តាប់នោះដែរ។ ក៏ប៉ុន្តែ យើងទៅវិញទេដែលជាអ្នកបញ្ជូនសារ(ទៅកាន់អ្នក)។

ហើយអ្នកក៏មិនបាននៅក្បែរភ្នំតួរនោះដែរ នៅពេលដែលយើងស្រែកហៅ(ព្យាការីមូសា)នោះ។ ក៏ប៉ុន្តែ (យើងបញ្ជូនអ្នកធ្វើជាអ្នកនាំសារ)ដើម្បីជាក្តីមេត្តាករុណាពីព្រះជាម្ចាស់របស់អ្នក ដើម្បីឱ្យអ្នកដាស់តឿនព្រមានដល់ក្រុមមួយដែលគ្មានអ្នកដាស់តឿនព្រមានណាម្នាក់មុនអ្នកបានទៅដល់ពួកគេនោះឡើយ។ សង្ឃឹមថាពួកគេនឹងនឹកឃើញ។

ហើយប្រសិនបើ(យើងមិនបានបញ្ជូនអ្នកទៅកាន់ពួកគេ) ហើយពួកគេទទួលរងគ្រោះដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្ត នោះពួកគេនឹងនិយាយថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ហេតុអ្វីបានជាព្រះអង្គមិនបញ្ជូនអ្នកនាំសារណាម្នាក់មកកាន់យើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំដើរតាម(ប្រតិបត្តិ)វាក្យខណ្ឌទាំងឡាយរបស់ទ្រង់ និងដើម្បីឱ្យយើងខ្ញុំក្លាយទៅជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលមានជំនឿ?

ហើយនៅពេលដែលសេចក្តីពិត(ព្យាការីមូហាំម៉ាត់)បានទៅដល់ពួកគេ ពួកគេបែរជានិយាយថា៖ ហេតុអ្វីបានជាគេ(អល់ឡោះ)មិនផ្ដល់ឱ្យគាត់ដូចអ្វីដែលគេបានផ្ដល់ឱ្យព្យាការីមូសា? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើពុំមែនទេឬដែលពួកគេ(ពួកយូដា)ក៏បានប្រឆាំងនឹងអ្វីដែលគេបានផ្ដល់ឲ្យព្យាការីមូសាកាលពីមុនដែរនោះ? ពួកគេបាននិយាយថា៖ វាទាំងពីរនេះ(គម្ពីរតាវរ៉តនិងគម្ពីរគួរអាន) គឺជាមន្តអាគមដែលវាជួយជ្រោមជ្រែងគ្នាទៅវិញទៅមកប៉ុណ្ណោះ ហើយពួកគេនិយាយទៀតថា៖ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកប្រឆាំងរាល់អ្វីៗ(ដែលមាននៅក្នុងវា)។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ដូច្នេះ ចូរពួកអ្នកនាំមកនូវគម្ពីរណាមួយមកពីអល់ឡោះដែលមានការចង្អុលបង្ហាញល្អប្រសើរជាងវាទាំងពីរមកចុះ នោះខ្ញុំនឹងប្រតិបត្តិតាមវាជាមិនខាន ប្រសិនបើពួកអ្នកជាអ្នកដែលទៀងត្រង់មែននោះ។

តែប្រសិនបើពួកគេមិនឆ្លើយតបនឹងអ្នកទេនោះ អ្នកត្រូវដឹងចុះថា៖ តាមពិត ពួកគេដើរតាមតែទំនើងចិត្តរបស់ខ្លួនប៉ុណ្ណោះ។ ហើយគ្មាននរណាម្នាក់វង្វេងជាងអ្នកដែលដើរតាមទំនើងចិត្តខ្លួនឯងដោយមិនទទួលការចង្អុលបង្ហាញពីអល់ឡោះនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។

ហើយជាការពិតណាស់ យើងបានបញ្ជាក់ដល់ពួកគេនូវពាក្យបន្ទូល(គម្ពីរគួរអាន) សង្ឃឹមថាពួកគេនឹងនឹករលឹក។

បណ្តាអ្នកដែលយើងបានប្រទានឲ្យពួកគេនូវគម្ពីរមុននឹងគម្ពីរគួរអាន ពួកគេក៏ជាអ្នកដែលមានជំនឿនឹងវា(គម្ពីរគួរអាន)ផងដែរ។

ហើយនៅពេលដែលមានគេសូត្រ(គម្ពីរគួរអាន)ឱ្យពួកគេស្តាប់ ពួកគេនិយាយថា៖ ពួកយើងមានជំនឿនឹងវាហើយ។ ពិតប្រាកដណាស់ វាជាសេចក្តីពិតមកពីព្រះជាម្ចាស់របស់ពួកយើង។ ពិតប្រាកដណាស់ ពួកយើងក៏ជាអ្នកមូស្លីមផងដែរមុននឹងវា(គម្ពីរគួរអាន)បានមកដល់។

បណ្តាអ្នកទាំងនោះ គេនឹងប្រទានឲ្យពួកគេនូវផលបុណ្យរបស់ពួកគេចំនួនពីរដងដោយសារតែអ្វីដែលពួកគេបានអត់ធ្មត់។ ហើយពួកគេរុញច្រានអំពើអាក្រក់ដោយអំពើល្អ ព្រមទាំងបរិច្ចាគនូវអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេទៀតផង។

ហើយនៅពេលដែលពួកគេ(អ្នកមានជំនឿទាំងនោះ)បានឮនូវពាក្យសម្តីដែលគ្មានប្រយោជន៍ គឺពួកគេងាកចេញពីវា ហើយពួកគេនិយាយថា៖ សម្រាប់ពួកយើង គឺទង្វើរបស់ពួកយើង ហើយសម្រាប់ពួកអ្នក គឺទង្វើរបស់ពួកអ្នកនោះ។ សូមសុខសន្តិភាពមានដល់ពួកអ្នក។ ពួកយើងមិនត្រូវការពួកល្ងង់ខ្លៅឡើយ។

ពិតប្រាកដណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនអាចផ្តល់ការចង្អុលបង្ហាញដល់ជនដែលអ្នកស្រលាញ់បានឡើយ។ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់ទៅវិញទេដែលផ្តល់ការចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនា។ ហើយទ្រង់ដឹងបំផុតចំពោះជនណាដែលទទួលបានការចង្អុលបង្ហាញ។

ហើយពួកគេ(ពួកមុស្ហរីគីន)បាននិយាយថា៖ ប្រសិនបើពួកយើងដើរតាមការចង្អុលបង្ហាញដែលនៅជាមួយអ្នក គេ(សត្រូវ)នឹងបណ្តេញពួកយើងចេញពីទឹកដីរបស់ពួកយើងជាមិនខាន។ តើយើង(អល់ឡោះ)មិនបានផ្តល់ឱ្យពួកទាំងនោះនូវទឹកដីពិសិដ្ឋ(ទឹកដីម៉ាក្កះ)ដែលមានសុខសុវត្ថិភាព ហើយគេនាំទៅកាន់ទីនោះនូវផលានុផលគ្រប់ប្រភេទជាលាភសក្ការៈអំពីយើងទេឬ? ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនដឹងឡើយ។

ហើយមានភូមិស្រុកជាច្រើនមកហើយដែលយើងបានបំផ្លាញដោយសារតែការរមិលគុណ(របស់ពួកគេ)ចំពោះការប្រទានជីវភាពរស់នៅ(ដ៏ប្រសើរដល់ពួកគេ)។ ហើយលំនៅឋានរបស់ពួកគេ គឺគ្មានអ្នករស់នៅបន្ទាប់ពីពួកគេឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។ ហើយយើងគឺជាអ្នកដែលត្រូវទទួលមរតក។

ហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនមែនជាអ្នកដែលបំផ្លាញភូមិស្រុកណាមួយនោះឡើយ លុះត្រាតែទ្រង់បញ្ជូនទៅកាន់ភូមិស្រុកនោះនូវអ្នកនាំសារម្នាក់ដើម្បីឲ្យគេសូត្រនូវបណ្តាវាក្យខណ្ឌរបស់យើងឲ្យពួកគេស្តាប់។ ហើយយើងក៏មិនមែនជាអ្នកដែលបំផ្លាញភូមិស្រុកណាមួយនោះដែរ លើកលែងតែអ្នកស្រុកភូមិនោះជាពួកដែលបំពាន។

ហើយអ្វីក៏ដោយដែលគេបានប្រទានឲ្យពួកអ្នក វាគ្រាន់តែជាការសោយសុខ និងជាគ្រឿងតុបតែងលម្អនៃជីវិតលោកិយប៉ុណ្ណោះ។ តែអ្វីដែលនៅជាមួយអល់ឡោះ គឺល្អប្រសើរនិងគង់វង្សជាង។ ដូច្នេះ តើពួកអ្នកមិនចេះគិតពិចារណាទេឬ?

តើអ្នកដែលយើងបានសន្យាចំពោះគេនូវការសន្យាដ៏ប្រសើរមួយ(ឋានសួគ៌) ហើយរូបគេទទួលវាពិតប្រាកដនោះ ដូចគ្នានឹងអ្នកដែលយើងបានប្រទានដល់គេនូវការសោយសុខនៃជីវិតលោកិយនេះ រួចមកនៅថ្ងៃបរលោក រូបគេស្ថិតក្នុងចំណោមអ្នកដែលត្រូវគេនាំទៅកាន់(ការជំនុំជម្រះ)ដែរឬទេ?

ហើយនៅថ្ងៃដែលទ្រង់នឹងហៅពួកគេដោយទ្រង់សួរថា៖ តើដៃគូទាំងឡាយរបស់យើងដែលពួកអ្នកធ្លាប់បានអះអាងនោះនៅឯណា?

ពួកដែលពាក្យសម្តី(ទណ្ឌកម្ម)ត្រូវធ្លាក់ទៅលើពួកគេបាននិយាយថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ពួកទាំងនោះហើយដែលយើងខ្ញុំបានធ្វើឱ្យវង្វេង។ យើងខ្ញុំបានធ្វើឱ្យពួកគេវង្វេង ដូចដែលយើងខ្ញុំបានវង្វេង(ខ្លួនឯង)ដែរ។ យើងខ្ញុំសូមដកខ្លួនចេញ(ពីពួកគេ)ទៅកាន់ព្រះអង្គវិញហើយ។ ពួកគេមិនបានគោរពសក្ការៈចំពោះយើងខ្ញុំឡើយ។

ហើយមានគេនិយាយ(ទៅកាន់ពួកគេ)ថា៖ ចូរពួកអ្នកស្រែកហៅព្រះនានារបស់ពួកអ្នកមក។ ពេលនោះ ពួកគេក៏បានស្រែកហៅពួកវា ក៏ប៉ុន្តែពួកវាមិនបានឆ្លើយតបនឹងពួកគេនោះទេ ហើយពួកគេក៏បានឃើញទណ្ឌកម្ម(ផ្ទាល់នឹងភ្នែក)។ ប្រសិនបើពួកគេជាអ្នកដែលទទួលបានការចង្អុលបង្ហាញនោះ (ពួកគេនឹងមិនទទួលទណ្ឌកម្មឡើយ)។

ហើយនៅថ្ងៃដែលទ្រង់នឹងហៅពួកគេដោយទ្រង់សួរថា៖ តើពួកអ្នកបានឆ្លើយតបអ្វីខ្លះចំពោះអ្នកនាំសារទាំងឡាយ(របស់យើង)?

ដំណឹងទាំងឡាយ(ដែលពួកគេយកធ្វើជាអំណះអំណាង)បានលាក់បាំងពីពួកគេនៅថ្ងៃនោះ ហើយពួកគេក៏មិនសួរគ្នាទៅវិញទៅមកនោះដែរ។

រីឯជនណាដែលបានសារភាពកំហុស ហើយមានជំនឿ និងបានសាងទង្វើកុសលវិញនោះ សង្ឃឹមថា ពួកគេនឹងស្ថិតក្នុងចំណោមអ្នកដែលទទួលបានជោគជ័យ។

ហើយព្រះជាម្ចាស់របស់អ្នកទ្រង់បង្កើត និងជ្រើសរើសនូវអ្វីដែលទ្រង់មានចេតនា។ សម្រាប់ពួកគេ គឺគ្មានជម្រើសនោះឡើយ។ អល់ឡោះទ្រង់មហាស្អាតស្អំ និងខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេបានធ្វើស្ហ៊ីរិក។

ហើយព្រះជាម្ចាស់របស់អ្នកទ្រង់ដឹងបំផុតនូវអ្វីដែលដួងចិត្តរបស់ពួកគេលាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។

ហើយទ្រង់គឺអល់ឡោះជាម្ចាស់ដែលគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ រាល់ការសរសើរទាំងឡាយ ទាំងលើកដំបូង(ក្នុងលោកិយ) និងចុងក្រោយ(ថ្ងៃបរលោក) គឺជាកម្មសិទ្ធិរបស់ទ្រង់។ ហើយការកាត់សេចក្តី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់) ហើយពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់វិញ។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះទ្រង់ធ្វើឱ្យពេលយប់កើតមានទៅលើពួកអ្នកជារៀងរហូត(ដោយគ្មានពេលថ្ងៃ) រហូតដល់ថ្ងៃបរលោកនោះ តើមានព្រះឯណាក្រៅពីអល់ឡោះជាម្ចាស់ដែលអាចនាំនូវពន្លឺមកឱ្យពួកអ្នកបាន? ដូច្នេះ តើពួកអ្នកមិនស្តាប់ឮទេឬ?

ចូរអ្នកពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះទ្រង់ធ្វើឱ្យពេលថ្ងៃកើតមានទៅលើពួកអ្នកជារៀងរហូត(ដោយគ្មានពេលយប់) រហូតដល់ថ្ងៃបរលោកនោះ តើមានព្រះឯណាក្រៅពីអល់ឡោះជាម្ចាស់ដែលអាចនាំពេលយប់មកឱ្យពួកអ្នកដែលអាចឱ្យពួកអ្នកសម្រាកបាននោះ? ដូច្នេះ តើពួកអ្នកមិនមើលឃើញទេឬ?

ហើយក្នុងចំណោមក្តីមេត្តាករុណារបស់ទ្រង់ គឺទ្រង់បានបង្កើតពេលយប់ និងពេលថ្ងៃសម្រាប់ពួកអ្នកដើម្បីឲ្យពួកអ្នកសម្រាក(នាពេលយប់) និងដើម្បីឱ្យពួកអ្នកស្វែងរកការប្រោសប្រទានរបស់ទ្រង់(នៅពេលថ្ងៃ) ហើយសង្ឃឹមថា ពួកអ្នកនឹងដឹងគុណ។

ហើយនៅថ្ងៃដែលទ្រង់នឹងហៅពួកគេដោយទ្រង់សួរថា៖ តើដៃគូទាំងឡាយរបស់យើងដែលពួកអ្នកធ្លាប់បានអះអាងនោះនៅឯណា?

ហើយយើង(អល់ឡោះ)នឹងដកយកពីគ្រប់ប្រជាជាតិទាំងអស់នូវសាក្សីម្នាក់(ជាព្យាការីរបស់ពួកគេ) ហើយយើងបានមានបន្ទូលថា៖ ចូរពួកអ្នកនាំមកនូវភស្តុតាងរបស់ពួកអ្នកមក។ ពេលនោះ ពួកគេបានដឹងច្បាស់យ៉ាងថា៖ ពិតប្រាកដណាស់ សេចក្តីពិត គឺសម្រាប់អល់ឡោះ។ ហើយអ្វី(ព្រះនានា)ដែលពួកគេធ្លាប់បានប្រឌិតឡើងនោះបានបាត់បង់ពីពួកគេ។

ពិតប្រាកដណាស់ ករូនគឺស្ថិតក្នុងចំណោមក្រុមរបស់ព្យាការីមូសា តែគេបានក្អេងក្អាងចំពោះពួកគេ។ ហើយយើងបានប្រទានឱ្យគេនូវកំណប់ទ្រព្យមួយចំនួនដែលកូនសោទាំងឡាយរបស់វា ពិតជា(មានទម្ងន់)ធ្ងន់បំផុតដែលត្រូវការអ្នកលីដែលមានកម្លាំងជាច្រើន ខណៈដែលក្រុមរបស់គេបាននិយាយទៅកាន់គេថា៖ ចូរអ្នកកុំសប្បាយហួសហេតុពេក។ ជាការពិតណាស់ អល់ឡោះទ្រង់មិនស្រលាញ់ពួកដែលសប្បាយហួសហេតុពេកនោះឡើយ។

ហើយចូរអ្នកស្វែងរកផលបុណ្យសម្រាប់ថ្ងៃបរលោកតាមរយៈអ្វី(ទ្រព្យសម្បត្តិ)ដែលអល់ឡោះបានប្រទានដល់អ្នក។ ហើយចូរអ្នកកុំភ្លេចចំណែករបស់អ្នកនៅក្នុងលោកិយ។ ហើយចូរអ្នកធ្វើល្អ(ដាក់មនុស្ស) ដូចដែលអល់ឡោះបានធ្វើល្អដាក់អ្នក។ ហើយចូរអ្នកកុំស្វែងរកការបង្កវិនាសកម្មនៅលើផែនដីឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រលាញ់ពួកដែលបង្កវិនាសកម្មឡើយ។

ករូនបាននិយាយថា៖ តាមពិតគេប្រទានវាដល់ខ្ញុំ គឺដោយសារតែចំណេះវិជ្ជាដែលខ្ញុំមានប៉ុណ្ណោះ។ តើរូបគេមិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់បានបំផ្លាញប្រជាជាតិជំនាន់មុនជាច្រើនមុនរូបគេដែលពួកគេ គឺជាក្រុមដែលខ្លាំងក្លា និងមានទ្រព្យសម្បត្តិច្រើនជាងរូបគេទៅទៀត? ហើយគេមិនសួរពីបាបកម្មរបស់ពួកឧក្រិដ្ឋជនទាំងឡាយឡើយ។

ក្រោយមក ករូនបានចាកចេញទៅកាន់ក្រុមរបស់គេក្នុងលក្ខណៈតុបតែង(ស្តែងពីភាពអំនួតរបស់ខ្លួន)។ (ឃើញដូចនេះ) ពួកដែលប្រាថ្នាចង់បានតែជីវិតលោកិយបាននិយាយថា៖ អភ័ព្វណាស់យើង! ប្រសិនបើពួកយើងមានដូចអ្វីដែលគេប្រទានឱ្យករូនដែរ(ពិតជាប្រសើរខ្លាំងណាស់)។ ពិតប្រាកដណាស់ រូបគេពិតជាមានសំណាងធំធេងណាស់។

រីឯបណ្តាអ្នកដែលត្រូវបានគេផ្តល់ចំណេះដឹងឱ្យវិញបាននិយាយថា៖ អន្តរាយហើយពួកអ្នក! ផលបុណ្យរបស់អល់ឡោះនោះ គឺល្អប្រសើរជាងសម្រាប់អ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសល។ ហើយគ្មាននរណាដែលទទួលយក(ការទូន្មាននេះ)ឡើយ លើកលែងតែបណ្តាអ្នកដែលអត់ធ្មត់ប៉ុណ្ណោះ។

ពេលនោះ យើងក៏បានឱ្យដីស្រូបយករូបគេ(ករូន) និងលំនៅឋានរបស់គេ។ ហើយសម្រាប់រូបគេ គឺគ្មានក្រុមណាមួយដែលអាចជួយរូបគេក្រៅពីអល់ឡោះឡើយ ហើយពួកគេក៏មិនអាចជួយខ្លួនឯងបាននោះដែរ។

ហើយពួកដែលប្រាថ្នាចង់បានដូចអ្វីដែលករូនមានកាលពីម្សិលបាននិយាយ(ដោយភាពសោកស្តាយ)ថា៖ តើអ្នកមិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បើកទូលាយនូវលាភសក្ការៈ(របស់ទ្រង់) និងត្បិតត្បៀតវាចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់? ប្រសិនបើអល់ឡោះមិនផ្តល់ក្តីមេត្តាដល់ពួកយើងទេនោះ ប្រាកដជាទ្រង់នឹងពន្លិចពួកយើង(ចូលទៅក្នុងដី)ដែរជាមិនខាន។ តើអ្នកមិនបានដឹងទេឬថា ពួកដែលប្រឆាំងនឹងមិនទទួលបានជោគជ័យឡើយ។

លំនៅឋាននៅថ្ងៃបរលោកនោះ គឺយើងបានបង្កើតវាសម្រាប់បណ្តាអ្នកដែលគ្មានបំណងក្រអឺតក្រទម និងបង្កវិនាសកម្មនៅលើផែនដីឡើយ។ ហើយលទ្ធផលចុងក្រោយ គឺសម្រាប់បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)។

ជនណាដែលបាននាំមកនូវប្រការល្អ សម្រាប់រូបគេនឹងទទួលបាននូវអ្វីដែលប្រសើរជាងនោះ។ រីឯជនណាដែលបាននាំមកនូវប្រការអាក្រក់វិញ គឺគេមិនតបស្នងដល់ពួកដែលសាងអំពើអាក្រក់ក្រៅតែពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តនោះឡើយ។

ពិតប្រាកដណាស់ អ្នកដែលដាក់កាតព្វកិច្ចលើអ្នក(ឲ្យផ្សព្វផ្សាយ)នូវគម្ពីរគួរអាន គឺជាអ្នកដែលត្រឡប់អ្នកទៅកាន់កន្លែងដើម(ទឹកដីម៉ាក្កះ)វិញ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់ដឹងបំផុតចំពោះជនណាដែលនាំមកនូវការចង្អុលបង្ហាញ ហើយនិងជនណាដែលស្ថិតនៅក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។

ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនធ្លាប់រំពឹងថា គេនឹងបញ្ចុះគម្ពីរ(គួរអាន)ទៅកាន់អ្នកនោះឡើយ។ ក៏ប៉ុន្តែនោះដោយសារក្តីមេត្តាករុណាពីព្រះជាម្ចាស់របស់អ្នក(ចំពោះអ្នក)ប៉ុណ្ណោះ។ ដូច្នេះ ចូរអ្នកកុំធ្វើជាអ្នកជួយជ្រោមជ្រែងដល់ពួកប្រឆាំងឱ្យសោះ។

ហើយចូរកុំឱ្យពួកទាំងនោះរារាំងអ្នកពីវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះក្រោយពីគេបានបញ្ចុះវាទៅកាន់អ្នកហើយនោះឱ្យសោះ។ ហើយចូរអ្នកអំពាវនាវ(មនុស្ស)ទៅកាន់ព្រះជាម្ចាស់របស់អ្នក។ ហើយចូរអ្នកកុំធ្វើខ្លួនឲ្យស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកឱ្យសោះ។

ហើយចូរអ្នកកុំគោរពសក្ការៈព្រះផ្សេងរួមជាមួយនឹងអល់ឡោះជាម្ចាស់ឱ្យសោះ ព្រោះគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ រាល់អ្វីៗទាំងអស់នឹងត្រូវវិនាស លើកលែងតែវង់ភក្ត្ររបស់ទ្រង់ប៉ុណ្ណោះ។ ហើយការកាត់សេចក្តី គឺជាកម្មសិទ្ធិរបស់ទ្រង់។ ហើយពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់(តែមួយគត់)។