The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe Romans [Ar-Room] - Khmer translation - Rowwad Translation Center
Surah The Romans [Ar-Room] Ayah 60 Location Maccah Number 30
អាលីហ្វ ឡាម មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។
គេ(ពួកហ្វារីស៊ី)បានយកឈ្នះទៅលើពួករ៉ូម។
នៅត្រង់កន្លែងទាបបំផុតនៃផែនដី។ ហើយពួកគេ(ពួករ៉ូម)នឹងយកជ័យជម្នះលើពួកគេវិញជាមិនខានឡើយ ក្រោយពីពួកគេបានបរាជ័យ
ក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។ កិច្ចការទាំងមុន ទាំងក្រោយ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយនៅថ្ងៃនោះ(ថ្ងៃដែលពួករ៉ូមទទួលជ័យជម្នះ) បណ្តាអ្នកមានជំនឿនឹងសប្បាយរីករាយ
ដោយសារតែជំនួយរបស់អល់ឡោះ។ អល់ឡោះជាម្ចាស់ទ្រង់ជួយដល់ជនណាដែលទ្រង់មានចេតនា។ ហើយទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។
ជាការសន្យាមកពីអល់ឡោះជាម្ចាស់។ អល់ឡោះទ្រង់មិនធ្វើឲ្យខុសនូវការសន្យាររបស់ទ្រង់ឡើយ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនដឹងឡើយ។
ពួកគេដឹងតែរឿងជាក់ស្តែងនៃការរស់នៅក្នុងលោកិយប៉ុណ្ណោះ។ តែចំពោះថ្ងៃបរលោកវិញ ពួកគេបែរជាមិនខ្វាយខ្វល់ទៅវិញ។
តើពួកគេមិនគិតពិចារណាចំពោះខ្លួនពួកគេផ្ទាល់ទេឬ? អល់ឡោះមិនបានបង្កើតមេឃជាច្រើននិងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះវាទាំងពីរឡើយ លើកលែងតែដោយសេចក្តីពិត និងមានអាយុកាលកំណត់យ៉ាងច្បាស់លាស់។ ក៏ប៉ុន្តែភាគច្រើននៃមនុស្សលោក គឺគ្មានជំនឿចំពោះការជួបនឹងព្រះជាម្ចាស់របស់ពួកគេឡើយ។
តើពួកទាំងនោះមិនបានធ្វើដំណើរលើផែនដី ហើយពិនិត្យពិចារណាមើលទេឬ ថាតើលទ្ធផលចុងក្រោយនៃមនុស្សជំនាន់មុនពួកគេទៅជាយ៉ាងណា? ពួកទាំងនោះ គឺខ្លាំងក្លាជាងពួកគេ ហើយពួកគេបានដាំដុះ(ធ្វើកសិកម្ម)លើផ្ទៃដី និងសាងសង់(សំណង់ផ្សេងៗ)លើផែនដីច្រើនជាងអ្វីដែលពួកគេបានសាងសង់ទៅទៀត។ ហើយអ្នកនាំសារទាំងឡាយរបស់ពួកគេបាននាំមកឱ្យពួកគេនូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើន(តែពួកគេបានបដិសេធ)។ ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនបានបំពានលើពួកគេឡើយ ក៏ប៉ុន្តែពួកគេទៅវិញទេដែលបំពានលើខ្លួនឯង។
បន្ទាប់មក លទ្ធផលចុងក្រោយនៃពួកដែលសាងទង្វើអាក្រក់នោះ គឺអាក្រក់ជាទីបំផុតព្រោះតែពួកគេបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះ ហើយពួកគេថែមទាំងចំអកឡកឡឺយចំពោះវាថែមទៀត។
អល់ឡោះជាម្ចាស់ទ្រង់ផ្តើមបង្កើតសត្វលោក។ បន្ទាប់មក ទ្រង់បានបង្កើតវាឡើងវិញ។ ក្រោយមក ពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់វិញ។
ហើយនៅពេលដែលថ្ងៃបរលោកមកដល់ ពួកឧក្រិដ្ឋជនទាំងឡាយ នឹងមានការអស់សង្ឃឹមជាខ្លាំង។
ហើយព្រះនានារបស់ពួកគេ(ដែលពួកគេធ្លាប់គោរពសក្ការៈ)មិនអាចជួយអន្តរាគមន៍អ្វីដល់ពួកគេឡើយ។ ហើយ(នៅថ្ងៃនោះ)ពួកគេ គឺជាអ្នកដែលប្រឆាំងនឹងព្រះនានារបស់ពួកគេវិញ។
ហើយនៅពេលដែលថ្ងៃបរលោកបានមកដល់ នៅក្នុងថ្ងៃនោះ ពួកគេនឹងត្រូវបែកខ្ញែកគ្នា។
រីឯបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ពួកគេនឹងស្ថិតនៅក្នុងសួនឧទ្យាន(ឋានសួគ៌)ប្រកបដោយភាពសប្បាយរីករាយ។
រីឯពួកដែលគ្មានជំនឿ និងបដិសេធនឹងបណ្តាវាក្យខណ្ឌទាំងឡាយរបស់យើង ព្រមទាំងជំនួបនាថ្ងៃបរលោក ពួកទាំងនោះហើយគឺជាពួកដែលត្រូវបានគេនាំទៅកាន់ទណ្ឌកម្ម។
ដូច្នេះ ចូរពួកអ្នកលើកតម្កើងអល់ឡោះជាម្ចាស់នៅពេលល្ងាច និងនៅពេលព្រឹកព្រលឹម។
ហើយការកោតសរសើរទាំងឡាយ គឺសម្រាប់ទ្រង់(តែមួយគត់)ទាំងនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី ទាំងពេលរសៀល និងពេលថ្ងៃត្រង់។
ទ្រង់បញ្ចេញរបស់មានជីវិតពីរបស់ស្លាប់ ហើយបពោ្ចញរបស់ស្លាប់ពីរបស់មានជីវិត។ ហើយទ្រង់ធ្វើឱ្យដីរស់(មានជីជាតិ)ឡើងវិញ ក្រោយពីវាបានងាប់(ស្ងួតហួតហែង)។ ហើយក៏ដូច្នោះដែរ ពួកអ្នកនឹងត្រូវគេបញ្ចេញ(ពីផ្នូរ)មកវិញ។
ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺទ្រង់បានបង្កើតពួកអ្នក(ឱមនុស្សលោកទាំងឡាយ)អំពីដី។ បន្ទាប់មក ពួកអ្នកក៏បានក្លាយជាមនុស្សដែលបានពង្រាយគ្នា(រស់នៅពាសពេញផែនដី)។
ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺទ្រង់បានបង្កើតសម្រាប់ពួកអ្នក(ឱបុរសទាំងឡាយ)នូវភរិយាចេញពីខ្លួនរបស់ពួកអ្នកដើម្បីឱ្យពួកអ្នករួមរស់ជាមួយនាង និងបានបង្កើតឱ្យមានក្តីស្រលាញ់ និងក្តីមេត្តាករុណារវាងពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលចេះពិចារណា។
ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងភាពខុសគ្នានៃភាសា និងពណ៌សម្បុររវាងពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្តុតាងសម្រាប់អ្នកដែលមានចំណេះដឹង។
ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺការគេងរបស់ពួកអ្នកនៅពេលយប់និងពេលថ្ងៃ និងការដែលពួកអ្នកស្វែងរកការប្រោសប្រទាន(លាភសក្ការៈ)របស់ទ្រង់។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលស្តាប់(ដោយពិចារណា)។
ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺទ្រង់ឱ្យពួកអ្នកបានឃើញផ្លេកបន្ទោរដោយពួកអ្នកមានការភ័យខ្លាច(ពីផ្លេកបន្ទោរ) និងប្រាថ្នាចង់បាន(ទឹកភ្លៀង)។ ហើយទ្រង់បានបញ្ចុះឱ្យពួកអ្នកនូវទឹកភ្លៀងពីលើមេឃ។ ពេលនោះ ទ្រង់ក៏បានធ្វើឱ្យដីរស់(មានជីជាតិ)ឡើងវិញ ក្រោយពីវាបានងាប់(ស្ងួតហួតហែង)តាមរយៈទឹកភ្លៀងនោះ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលចេះគិតពិចារណា។
ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ដែរនោះ គឺមេឃនិងផែនដីឈរឡើងទៅតាមបទបញ្ជារបស់ទ្រង់។ ក្រោយមក នៅពេលដែលទ្រង់បានហៅពួកអ្នកនូវការហៅមួយឲ្យចេញពីដី ពេលនោះ ពួកអ្នកក៏ចេញ(ពីផ្នូរមក)។
ហើយទាំងអ្នកដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ រាល់អ្វីទាំងអស់នោះ សុទ្ធតែប្រគល់ខ្លួនគោរពតាមទ្រង់។
ហើយទ្រង់គឺជាអ្នកផ្តើមបង្កើតសត្វលោក។ បន្ទាប់មក ទ្រង់បានបង្កើតវាឡើងវិញម្តងទៀតហើយវាជារឿងងាយស្រួលបំផុតសម្រាប់ទ្រង់។ ហើយទ្រង់មានលក្ខណៈខ្ពង់ខ្ពស់បំផុតទាំងនៅលើមេឃជាច្រើនជាន់និងផែនដី។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
ទ្រង់បានលើកជាឧទាហរណ៍មួយសម្រាប់ពួកអ្នកចេញពីខ្លួនរបស់ពួកអ្នកផ្ទាល់គឺ តើពួកអ្នកមានទាសករដាច់ថ្លៃដែលជាដៃគូរួមចំណែក(ជាមួយពួកអ្នក)ចំពោះអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកអ្នកដោយស្មើភាពគ្នាដែរឬទេ? ពួកអ្នកបារម្ភខ្លាចចំពោះពួកគេ ដូចដែលអ្នកបារម្ភខ្លាចអ្នកមួយចំនួននៃពួកអ្នកដែលមានសិទ្ធិដូចពួកអ្នកដែរ។ ក៏ដូច្នោះដែរ យើងបានបកស្រាយបញ្ជាក់នូវសញ្ញាភស្តុតាងជាច្រើនសម្រាប់ក្រុមដែលចេះគិតពិចារណា។
ផ្ទុយទៅវិញ ពួកដែលបំពានបានដើរតាមចំណង់តណ្ហារបស់ខ្លួនដោយគ្មានចំណេះដឹង។ ដូច្នេះ តើមានអ្នកណាដែលអាចចង្អុលបង្ហាញដល់ជនដែលអល់ឡោះធ្វើឱ្យវង្វេងនោះ? ហើយសម្រាប់ពួកគេ ក៏គ្មានអ្នកជួយដែរ។
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តម្រង់មុខរបស់អ្នកទៅកាន់សាសនាដ៏ត្រឹមត្រូវ(សាសនាអ៊ីស្លាម) ជាសាសនាកំណើតដែលអល់ឡោះបានបង្កើតមនុស្សលោកឱ្យស្ថិតនៅលើវា។ គ្មានការផ្លាស់ប្តូរឡើយចំពោះការបង្កើតរបស់អល់ឡោះ។ នោះហើយជាសាសនាដ៏ត្រឹមត្រូវ។ ក៏ប៉ុន្តែមនុស្សលោកភាគច្រើនមិនបានដឹងឡើយ។
۞ مُنِيبِينَ إِلَيۡهِ وَٱتَّقُوهُ وَأَقِيمُواْ ٱلصَّلَوٰةَ وَلَا تَكُونُواْ مِنَ ٱلۡمُشۡرِكِينَ [٣١]
ហើយចូរពួកអ្នកវិលត្រឡប់ទៅកាន់ទ្រង់(ដោយការសារភាពកំហុស) និងកោតខ្លាចចំពោះទ្រង់ ព្រមទាំងប្រតិបត្តិសឡាត។ ហើយចូរពួកអ្នកកុំស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិក។
គឺពួកដែលបំបែកបំបាក់សាសនារបស់ខ្លួនដោយពួកគេបែកបាក់ជាក្រុម។ រាល់ក្រុមនីមួយ គឺគេរីករាយជាមួយនឹងអ្វីដែលខ្លួនមាន។
ហើយនៅពេលដែលមនុស្សលោកទទួលនូវគ្រោះនានា គឺពួកគេបួងសួងសុំពីព្រះជាម្ចាស់របស់ពួកគេ(អល់ឡោះ)ដោយវិលត្រឡប់ទៅកាន់ទ្រង់(តែមួយគត់)។ ក្រោយមក នៅពេលដែលទ្រង់ឲ្យពួកគេទទួលនូវក្តីមេត្តាករុណាអំពីទ្រង់ ស្រាប់តែមួយក្រុមក្នុងចំណោមពួកគេ(ត្រឡប់ទៅ)ធ្វើស្ហ៊ីរិកនឹងព្រះជាម្ចាស់របស់ពួកគេទៅវិញ។
ដើម្បីពួកគេរមិលគុណចំពោះអ្វី(ឧបការគុណ)ដែលយើងបានប្រទានឲ្យពួកគេ។ ហេតុនេះ ចូរពួកអ្នកសោយសុខចុះ។ ពិតណាស់ ពួកអ្នកគង់តែនឹងដឹងជាមិនខាន។
ឬមួយយើងបានបញ្ចុះទៅកាន់ពួកទាំងនោះនូវភស្តុតាងមួយដោយបានរៀបរាប់នូវអ្វីដែលពួកគេកំពុងតែធ្វើស្ហ៊ីរិកនឹងទ្រង់ឬ?
ហើយនៅពេលដែលយើងឱ្យមនុស្សលោកភ្លក់នូវក្តីមេត្តាករុណា គឺពួកគេសប្បាយរីករាយនឹងវា។ តែប្រសិនបើប្រការអាក្រក់កើតឡើងចំពោះពួកគេដោយសារតែអ្វី(បាបកម្ម)ដែលពួកគេបានប្រព្រឹត្តដោយដៃរបស់ពួកគេនោះ បែរជាពួកគេអស់សង្ឃឹមទៅវិញ។
តើពួកគេមិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បើកទូលាយ និងត្បិតត្បៀតនូវលាភសក្ការៈ(របស់ទ្រង់)ចំពោះជនណាដែលទ្រង់មានចេតនា? ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្តុតាងសម្រាប់ក្រុមដែលមានជំនឿ។
ដូច្នេះ ចូរអ្នក(ឱជនមូស្លីម)ផ្តល់ជូនសាច់ញាតិ ជនក្រីក្រ និងអ្នកដំណើរដាច់ស្បៀងនូវសិទ្ធិរបស់គេ។ នោះគឺជាការប្រសើរបំផុតសម្រាប់អ្នកដែលចង់បានការពេញចិត្តពីអល់ឡោះ។ អ្នកទាំងនោះហើយ ពួកគេគឺជាអ្នកដែលទទួលបានជោគជ័យ។
ហើយអ្វីដែលពួកអ្នកបានផ្តល់ឲ្យអ្នកដទៃក្នុងគោលបំណងទទួលបានការប្រាក់ដើម្បីឲ្យទ្រព្យសម្បត្តិរបស់មនុស្សមានការកើនឡើងនោះ គឺវាមិនមានការកើនឡើងអ្វីឡើយចំពោះអល់ឡោះជាម្ចាស់។ ចំណែកឯអ្វីដែលពួកអ្នកបានផ្តល់ឲ្យអ្នកដទៃអំពីទ្រព្យហ្សាកាត់ក្នុងបំណងចង់បានការពេញចិត្តពីអល់ឡោះនោះ ពិតប្រាកដណាស់ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានការបង្កើន(ផលបុណ្យ)ទ្វេដង។
អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែលបង្កើតពួកអ្នក។ បន្ទាប់មក ទ្រង់ប្រទានលាភសក្ការៈឱ្យពួកអ្នក។ បន្ទាប់មកទៀត ទ្រង់បានដកយកជីវិតពួកអ្នក។ រួចមក ទ្រង់ឱ្យពួកអ្នករស់ឡើងវិញ។ តើក្នុងចំណោមព្រះនានារបស់ពួកអ្នក មានអ្នកដែលអាចធ្វើអ្វីមួយអំពីរឿងទាំងនោះបានដែរឬទេ? ទ្រង់មហាស្អាតស្អំ មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេបានធ្វើស្ហ៊ីរិក។
គ្រោះមហន្តរាយនានាដែលលេចឡើងនៅលើដីគោក និងនៅផ្ទៃទឹក គឺដោយសារតែអ្វីដែលមនុស្សលោកបានប្រព្រឹត្តដោយដៃរបស់ពួកគេផ្ទាល់នោះឯង ដើម្បីទ្រង់ឱ្យពួកគេភ្លក្ស(នូវផលតបស្នងចំពោះ)ទង្វើខ្លះៗដែលពួកគេបានប្រព្រឹត្ត។ សង្ឃឹមថា ពួកគេនឹងវិលត្រឡប់(កែខ្លួន)។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកធ្វើដំណើរនៅលើផែនដី ហើយពិនិត្យមើលថា តើលទ្ធផលចុងក្រោយរបស់ពួកជំនាន់មុនយ៉ាងដូចម្តេច? ភាគច្រើននៃពួកគេ គឺជាពួកដែលធ្វើស្ហ៊ីរិក។
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តម្រង់មុខរបស់អ្នកទៅកាន់សាសនាដ៏ត្រឹមត្រូវមុននឹងថ្ងៃមួយបានមកដល់ដែលគ្មានអ្នកណាអាចទប់ស្កាត់វាពីអល់ឡោះបានឡើយ។ នៅថ្ងៃនោះ ពួកគេត្រូវបានបែងចែកជាក្រុមៗ។
ជនណាដែលប្រឆាំង ពិតណាស់ការប្រឆាំងរបស់គេ គឺនឹងធ្លាក់ទៅលើខ្លួនគេផ្ទាល់។ រីឯជនណាដែលបានសាងទង្វើកុសល គឺពួកគេបានរៀបចំសម្រាប់ខ្លួនឯង(នូវផ្លូវទៅកាន់ឋានសួគ៌)។
ដើម្បីទ្រង់នឹងតបស្នងដល់បណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលនូវការប្រោសប្រទានរបស់ទ្រង់។ ពិតប្រាកដណាស់ ទ្រង់មិនស្រលាញ់ពួកដែលប្រឆាំងឡើយ។
ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺទ្រង់បានបញ្ជូនខ្យល់ជាការផ្តល់ដំណឹងល្អ(ថានឹងមានភ្លៀងធ្លាក់) និងដើម្បីឱ្យពួកអ្នកភ្លក់នូវក្តីមេត្តាករុណារបស់ទ្រង់ ហើយនិងដើម្បីឱ្យសំពៅធ្វើដំណើរទៅតាមបទបញ្ជារបស់ទ្រង់ ព្រមទាំងដើម្បីឱ្យពួកអ្នកស្វែងរកនូវការប្រោសប្រទានអំពីទ្រង់ ដើម្បីពួកអ្នកថ្លែងអំណរគុណ(ចំពោះទ្រង់)។
ហើយជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទៅកាន់ក្រុមរបស់ពួកគេដោយនាំមកឲ្យពួកគេនូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់។ (ប៉ុន្តែពួកទាំងនោះបានបដិសេធ)។ ហេតុនេះ យើងក៏បានផ្តន្ទាទោសពួកដែលប្រព្រឹត្តអំពើអាក្រក់ទាំងឡាយ។ ហើយការសង្រ្គោះបណ្តាអ្នកមានជំនឿ គឺជាសិទ្ធិ(របស់ពួកគេ)មកលើយើង។
អល់ឡោះទ្រង់ជាអ្នកដែលបញ្ជូនខ្យល់ដោយវាបានបក់ផាត់ពពក។ ហើយទ្រង់បានពង្រាយវា(ពពក)នៅលើផ្ទៃមេឃតាមដែលទ្រង់មានចេតនា រួចទ្រង់បានធ្វើឱ្យវាក្លាយជាដុំៗ។ ពេលនោះ អ្នកនឹងឃើញទឹកភ្លៀងចេញពីចន្លោះដុំពពកទាំងនោះ។ ហើយនៅពេលដែលទ្រង់បានឱ្យទឹកភ្លៀងនោះធ្លាក់ត្រូវជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ពេលនោះពួកគេមានភាពសប្បាយរីករាយ។
ហើយប្រាកដណាស់ មុនពេលដែលគេបញ្ចុះទឹកភ្លៀងទៅកាន់ពួកគេនោះ ពួកគេគឺជាពួកដែលពុំមានសង្ឃឹម(ថានឹងមានភ្លៀងធ្លាក់)ឡើយ។
ដូច្នេះ ចូរអ្នកពិនិត្យមើលចុះទៅកាន់ឥទ្ធិពលនៃក្តីមេត្តាករុណារបស់អល់ឡោះ(ទឹកភ្លៀង)នោះ ថាតើទ្រង់ធ្វើឱ្យដីដែលស្ងួតហួតហែងមានជីវិតឡើងវិញយ៉ាងដូចម្តេច? ពិតប្រាកដណាស់ អ្នកដែលអាចធ្វើដូចនោះបាន ក៏ជាអ្នកដែលអាចធ្វើឱ្យអ្នកស្លាប់រស់ឡើងវិញ(នៅថ្ងៃបរលោក)ផងដែរ។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
ហើយប្រសិនបើយើងបញ្ជូនខ្យល់(ដែលបំផ្លិចបំផ្លាញដំណាំពួកគេ) ហើយពួកគេបានឃើញវាប្រែទៅជាពណ៌លឿង(ក្រោយពីវាមានពណ៌ខៀវស្រងាត់) ពួកគេប្រាកដជានឹងនៅតែប្រឆាំង(នឹងអល់ឡោះ)បន្ទាប់ពីនោះដដែល។
ហើយពិតប្រាកដណាស់ អ្នក(ព្យាការីមូហាំម៉ាត់)មិនអាចធ្វើឱ្យអ្នកស្លាប់អាចស្តាប់ឮ ហើយក៏មិនអាចធ្វើឱ្យអ្នកថ្លង់ស្តាប់ឮការអំពាវនាវនោះដែរ ប្រសិនបើពួកគេបែរខ្នងងាកចេញហើយនោះ។
ហើយអ្នកក៏មិនអាចចង្អុលបង្ហាញមនុស្សខ្វាក់ឲ្យចេញពីភាពវង្វេងរបស់ពួកគេនោះដែរ។ តាមពិត អ្នកអាចធ្វើឲ្យស្តាប់ឮតែចំពោះអ្នកដែលមានជំនឿចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើង ដោយពួកគេគឺជាអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)។
អល់ឡោះគឺជាអ្នកដែលបានបង្កើតពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ពីភាពទន់ខ្សោយ។ ក្រោយមក បន្ទាប់ពីភាពទន់ខ្សោយ ទ្រង់បានធ្វើឱ្យពួកអ្នកមានភាពរឹងមាំ។ បន្ទាប់មកទៀត ក្រោយពីពួកអ្នកមានភាពរឹងមាំ ទ្រង់បានឱ្យពួកអ្នកមានភាពទន់ខ្សោយ និងចាស់ជរាវិញ។ ទ្រង់បង្កើតអ្វីតាមតែទ្រង់មានចេតនា។ ហើយទ្រង់មហាដឹង មហាមានអានុភាពបំផុត។
ហើយនៅថ្ងៃដែលថ្ងៃបរលោកកើតឡើង ពួកដែលប្រព្រឹត្តអាក្រក់នឹងស្បថថា ពួកគេមិនបានរស់នៅក្នុងលោកិយឡើយ លើកលែងតែរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ ក៏ដូចគ្នាដែរ ពួកគេធ្លាប់ត្រូវបានបង្វែរចេញ(ពីសេចក្តីពិត)។
ហើយបណ្តាអ្នកដែលគេបានប្រទានចំណេះដឹង និងជំនឿដល់ពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ពួកអ្នកបានរស់នៅ(ក្នុងលោកិយ)តាមរយៈពេលដែលអល់ឡោះបានកត់ត្រារួច រហូតដល់ថ្ងៃដែលគេបង្កើតឱ្យរស់ឡើងវិញ។ ជាការពិតណាស់ នេះគឺជាថ្ងៃដែលគេបង្កើតឱ្យរស់ឡើងវិញ។ ក៏ប៉ុន្តែពួកអ្នកមិនបានដឹងឡើយ។
ដូច្នេះ នៅថ្ងៃនោះ លេសដោះសារទាំងឡាយរបស់ពួកបំពាន គឺគ្មានផលប្រយោជន៍អ្វីដល់ពួកគេឡើយ ហើយពួកគេក៏មិនត្រូវបានគេទាមទារឱ្យធ្វើការសារភាពកំហុស(ពីអល់ឡោះ)នោះដែរ។
ហើយពិតប្រាកដណាស់ យើងបានលើកគ្រប់ឧទាហរណ៍នៅក្នុងគម្ពីរគួរអាននេះដល់មនុស្សលោក។ ហើយបើទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នាំមកឱ្យពួកគេនូវសញ្ញាភស្តុតាង(ដែលបញ្ជាក់ពីសច្ចភាពរបស់អ្នក)ក៏ដោយ ក៏ពួកដែលប្រឆាំងប្រាកដជានឹងនិយាយថា៖ ពួកអ្នកគ្មានអ្វីក្រៅពីជាពួកដែលបោកប្រាស់នោះឡើយ។
ក៏ដូច្នោះដែរ អល់ឡោះនឹងបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកដែលមិនដឹង(ពីការពិត)។
ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចុះ។ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ គឺជាការពិត។ ហើយចូរកុំឱ្យពួកដែលគ្មានការជឿជាក់(ចំពោះការបង្កើតឲ្យរស់ឡើងវិញ)ធ្វើឱ្យអ្នកទន់ខ្សោយ(បោះបង់ការអត់ធ្មត់)ឱ្យសោះ។