The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe Coalition [Al-Ahzab] - Khmer translation - Rowwad Translation Center
Surah The Coalition [Al-Ahzab] Ayah 73 Location Maccah Number 33
ឱព្យាការី(មូហាំម៉ាត់)! ចូរអ្នកកោតខ្លាចអល់ឡោះ(តែមួយគត់) ហើយមិនត្រូវប្រតិបត្តិតាមពួកគ្មានជំនឿ និងពួកពុតត្បុតឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹង មហាគតិបណ្ឌិតបំផុត។
ហើយចូរអ្នកប្រតិបត្តិតាមអ្វីដែលគេបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកពីព្រះជាម្ចាស់របស់អ្នកចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
ហើយចូរអ្នកប្រគល់ការទុកចិត្តលើអល់ឡោះជាម្ចាស់។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកគាំពារ។
អល់ឡោះជាម្ចាស់មិនបង្កើតសម្រាប់បុរសម្នាក់ឱ្យមានបេះដូងពីរនៅក្នុងទ្រូងរបស់គេឡើយ។ ហើយទ្រង់មិនបានចាត់ទុកភរិយាទាំងឡាយរបស់ពួកអ្នកដែលពួកអ្នកនិយាយហ្ស៊ីហើរទៅកាន់នោះជាម្តាយរបស់ពួកអ្នកនោះឡើយ ហើយទ្រង់ក៏មិនចាត់ទុកកូនចិញ្ចឹមរបស់ពួកអ្នកជាកូនបង្កើតរបស់ពួកអ្នកនោះដែរ។ នោះគ្រាន់តែជាពាក្យសម្ដីដែលពួកអ្នកនិយាយនឹងមាត់របស់ពួកអ្នកប៉ុណ្ណោះ។ តែអល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលពាក្យពិត និងចង្អុលបង្ហាញទៅកាន់មាគ៌ា(ត្រឹមត្រូវ)។
ចូរពួកអ្នកដាក់នាមត្រកូលពួកគេ(កូនចិញ្ចឹម)ទៅតាមត្រកូលឪពុកបង្កើតពួកគេចុះ វាជារឿងយុត្តិធម៌បំផុតចំពោះអល់ឡោះ។ តែប្រសិនបើពួកអ្នកមិនស្គាល់(ឈ្មោះ)ឪពុកបង្កើតរបស់ពួកគេទេនោះ ពិតណាស់ (ពួកគេគឺ)ជាបងប្អូនរួមសាសនារបស់ពួកអ្នក និងជាអ្នកដែលពួកអ្នករំដោះចេញពីភាពជាទាសករ។ ហើយគ្មានទោសពៃរ៍អ្វីឡើយលើពួកអ្នកដែលពួកអ្នកហៅនាមត្រកូលរបស់ពួកគេខុស(ដោយអចេតនា) លើកលែងតែអ្វីដែលពួកអ្នកមានចេតនាប៉ុណ្ណោះ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។
ព្យាការី(មូហាំម៉ាត់)មានសិទ្ធិបំផុតចំពោះបណ្តាអ្នកមានជំនឿជាងពួកគេខ្លួនឯងទៅទៀត ហើយភរិយាទាំងឡាយរបស់គាត់ គឺជាមាតារបស់ពួកគេ។ ហើយអ្នកដែលជាសាច់សាលោហិតនឹងគ្នា គឺមានសិទ្ធិក្នុងការទទួលកេរមរតកពីគ្នាទៅវិញទៅមកស្របទៅតាមច្បាប់របស់អល់ឡោះជាងបណ្តាអ្នកដែលមានជំនឿ និងអ្នកដែលបានភៀសខ្លួន(ក្នុងមាគ៌ាអល់ឡោះ)ទៅទៀត លើកលែងតែពួកអ្នកចង់ធ្វើល្អចំពោះមនុស្សដែលស្រឡាញ់គ្នាជិតដិតប៉ុណ្ណោះ។ ពិតណាស់រឿងនោះគឺត្រូវបានគេកត់ត្រាទុកនៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)រួចហើយ។
ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលយើងបានទទួលយកពីបណ្តាព្យាការីទាំងឡាយនូវកិច្ចសន្យាដ៏ម៉ឺងម៉ាត់របស់ពួកគេ និង(បានទទួលយក)អំពីអ្នក ពីព្យាការីនួហ ពីព្យាការីអ៊ីព្រហ៊ីម ពីព្យាការីមូសា និងពីព្យាការីអ៊ីសា កូន ម៉ារីយ៉ាំ។ ហើយយើងបានទទួលយកពីពួកគេនូវកិច្ចសន្យាមួយដ៏មុតមាំបំផុត
ដើម្បីទ្រង់នឹងសួរអ្នកដែលទៀងត្រង់ទាំងឡាយពីភាពសច្ចៈរបស់ពួកគេ។ ហើយទ្រង់បានត្រៀមទុកសម្រាប់ពួកដែលប្រឆាំងនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។
ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់អល់ឡោះជាម្ចាស់ទៅលើពួកអ្នក ខណៈដែលកងទ័ពជាច្រើន(របស់ពួកប្រឆាំង)បានមកដល់ពួកអ្នក។ ពេលនោះ យើងបានបញ្ជូនខ្យល់ និងកងទ័ព(ម៉ាឡាអ៊ីកាត់)ជាច្រើនដែលពួកអ្នកមើលមិនឃើញទៅកាន់ពួកគេ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
(ចូរអ្នកនឹកឃើញ)នៅពេលដែលពួកគេ(ពួកប្រឆាំង)បានមកកាន់ពួកអ្នកពីខាងលើ និងពីខាងក្រោមពួកអ្នក។ នៅខណៈនោះ កែវភ្នែកទាំងឡាយបានស្រឡាំងកាំង ហើយដួងចិត្តពោរពេញទៅដោយក្តីរន្ធត់។ ហើយពួកអ្នកនឹកស្មានចំពោះអល់ឡោះនូវការនឹកស្មានគ្រប់បែបយ៉ាង។
នៅទីនោះ បណ្តាអ្នកមានជំនឿត្រូវបានគេសាកល្បង ហើយពួកគេត្រូវបានគេធ្វើឲ្យ(ភ័យ)ញាប់ញ័រយ៉ាងក្រៃលែង។
នៅថ្ងៃនោះ ពួកពុតត្បុត និងបណ្តាអ្នកដែលនៅក្នុងដួងចិត្តរបស់ពួកគេមានជំងឺបាននិយាយថា៖ អ្វីដែលអល់ឡោះជាម្ចាស់និងអ្នកនាំសាររបស់ទ្រង់បានសន្យាចំពោះពួកយើងនោះ គឺគ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ។
ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលក្រុមមួយក្នុងចំណោមពួកគេ(ពួកពុតត្បុត)បាននិយាយថា៖ ឱអ្នកស្រុកយ៉ាសរិប(ឈ្មោះក្រុងម៉ាទីណះមុនអ៊ីស្លាមមកដល់)! គ្មានទីតាំងឈរជើងសម្រាប់ពួកអ្នកទៀតឡើយ។ ដូច្នេះ ចូរពួកអ្នកត្រឡប់ទៅវិញចុះ។ ហើយមានក្រុមមួយទៀតក្នុងចំណោមពួកគេបានសុំការអនុញ្ញាតពីព្យាការី ដោយពួកគេនិយាយថា៖ “ផ្ទះរបស់ពួកយើង គ្មានអ្នកការពារឡើយ” ខណៈដែល(ការពិត)វាមិនមែនគ្មានអ្នកការពារឡើយ។ ពួកគេគ្មានបំណងអ្វីក្រៅពីរត់គេចប៉ុណ្ណោះ។
ហើយប្រសិនបើគេ(ពួកសត្រូវ)បានចូលលុកលុយទៅលើពួកគេពីគ្រប់ច្រកទាំងអស់ ហើយគេសុំឱ្យពួកគេវិលត្រឡប់ទៅកាន់ភាពគ្មានជំនឿ នោះពួកគេប្រាកដជាទទួលយកជាមិនខាន ហើយគ្មានអ្នកណាដែលបង្អែរបង្អង់ក្នុងការវិលត្រឡប់(ទៅរកភាពគ្មានជំនឿ)នោះឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។
ហើយពិតប្រាកដណាស់ ពួក(ពុតត្បុត)ទាំងនោះធ្លាប់បានសន្យានឹងអល់ឡោះកាលពីមុនថា ពួកគេនឹងមិនរត់បកក្រោយទៀតឡើយ។ ហើយការសន្យាររបស់អល់ឡោះ គឺត្រូវតែទទួលខុសត្រូវ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ការរត់គេចដែលពួកអ្នករត់គេច(ដោយខ្លាច)ពីសេចក្តីស្លាប់ ឬ(ខ្លាច)ការប្រយុទ្ធនោះ គឺគ្មានផលប្រយោជន៍អ្វីដល់ពួកអ្នកឡើយ។ ហើយបើទោះជាបែបនោះក៏ដោយ ក៏គេមិនផ្តល់ឲ្យពួកអ្នកសោយសុខនោះដែរ លើកលែងតែមួយរយៈពេលខ្លីប៉ុណ្ណោះ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តើមានអ្នកណាដែលអាចការពារពួកអ្នកពីអល់ឡោះបាន ប្រសិនបើទ្រង់មានចេតនាចង់ឱ្យពួកអ្នកទទួលនូវប្រការអាក្រក់ ឬមានចេតនាចង់ឱ្យពួកអ្នកទទួលបាននូវក្តីមេត្តាករុណានោះ? ហើយសម្រាប់ពួកគេ គឺគ្មានអ្នកគាំពារ និងគ្មានអ្នកជួយណាក្រៅពីអល់ឡោះឡើយ។
ជាការពិតណាស់ អល់ឡោះទ្រង់ដឹងបំផុតចំពោះពួកដែលរារាំងអ្នកដទៃក្នុងចំណោមពួកអ្នក និងពួកដែលនិយាយទៅកាន់បងប្អូនរបស់ពួកគេថា៖ “ចូរពួកអ្នកមករកពួកយើងវិញមក”។ ហើយពួកទាំងនោះមិនដែលទៅសមរភូមិឡើយ លើកលែងតែដោយកម្របំផុត។
ពួកគេកំណាញ់បំផុតទៅលើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)។ ហើយបើកាលណាភាពភ័យខ្លាចបានមកដល់ អ្នកនឹងឃើញពួកគេមើលមកកាន់អ្នកដោយភ្នែកក្រឡាប់ចាក់ដូចអ្នកដែលសេចក្តីស្លាប់គ្របដណ្តប់លើរូបគេ(ជិតស្លាប់)ដូច្នោះដែរ។ ហើយបើកាលណាភាពភ័យខ្លាចបានរសាយបាត់ ពួកគេក៏វាយប្រហារពួកអ្នកដោយប្រើពាក្យបញ្ឈឺដោយភាពកំណាញ់បំផុតចំពោះប្រការល្អ។ ពួកទាំងនោះពុំមែនជាពួកដែលមានជំនឿឡើយ។ ដូចនេះ អល់ឡោះជាម្ចាស់ក៏បានលុបបំបាត់នូវទង្វើ(កុសល)របស់ពួកគេ។ ហើយនោះ គឺជារឿងងាយស្រួលបំផុតសម្រាប់អល់ឡោះ។
ពួកគេ(ពួកពុតត្បុត)នឹកស្មានថា ពួកពហុក្រុមទាំងនោះនឹងមិនដកថយទៅវិញឡើយ។ ហើយប្រសិនបើពួកពហុក្រុមទាំងនោះមកម្តងទៀត ពួកគេប្រាថ្នាថា ពួកគេនឹងទៅជាមួយពួកអារ៉ាប់ជនបទដោយចាំស៊ើបសួរព័ត៌មានរបស់ពួកអ្នក។ ហើយបើទោះបីជាពួកគេស្ថិតនៅជាមួយពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ក៏ដោយ ក៏ពួកគេមិនចូលរួមប្រយុទ្ធនោះដែរ លើកលែងតែមួយចំនួនតូចប៉ុណ្ណោះ។
ពិតប្រាកដណាស់ សម្រាប់ពួកអ្នក ចំពោះអ្នកនាំសាររបស់អល់ឡោះ(ព្យាការីមូហាំម៉ាត់) គឺជាគំរូដ៏ល្អសម្រាប់ជនណាដែលរំពឹង(ផលបុណ្យពី)អល់ឡោះ និងថ្ងៃបរលោក ព្រមទាំងបានរំឭកទៅចំពោះអល់ឡោះយ៉ាងច្រើន។
ហើយនៅពេលដែលអ្នកមានជំនឿបានឃើញពួកពហុក្រុមជាច្រើន ពួកគេបាននិយាយថា៖ នេះហើយជាអ្វីដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានសន្យាចំពោះពួកយើង។ ហើយអ្វីដែលអល់ឡោះនិងអ្នកនាំសារបានសន្យា គឺជាការពិត។ ហើយវាមិនបានបន្ថែមអ្វីដល់ពួកគេក្រៅតែពីការមានជំនឿ និងការប្រគល់ខ្លួននោះឡើយ។
ក្នុងចំណោមបណ្តាអ្នកមានជំនឿ គឺមានបុរសជាច្រើនដែលទៀងត្រង់ចំពោះអ្វីដែលពួកគេបានសន្យាជាមួយនឹងអល់ឡោះ។ ដូច្នេះ ក្នុងចំណោមពួកគេ មានអ្នកខ្លះបានពលីជីវិត ហើយមានអ្នកខ្លះទៀត កំពុងតែរង់ចាំ។ ហើយពួកគេពុំបានផ្លាស់ប្តូរ(នូវអ្វីដែលពួកគេបានសន្យា)នោះឡើយ។
ដើម្បីអល់ឡោះនឹងតបស្នងដល់បណ្តាអ្នកដែលទៀងត្រង់ចំពោះភាពសច្ចៈរបស់ពួកគេ។ ហើយទ្រង់នឹងដាក់ទណ្ឌកម្មពួកពុតត្បុត ប្រសិនបើទ្រង់មានចេតនា ឬទុកឲ្យពួកគេសារភាពកំហុស។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។
ហើយអល់ឡោះបានឱ្យពួកគ្មានជំនឿត្រឡប់ទៅវិញជាមួយនឹងទុក្ខព្រួយរបស់ពួកគេដោយពួកគេមិនទទួលបាននូវប្រការល្អឡើយ។ ហើយអល់ឡោះបានជួយជ្រោមជ្រែងបណ្តាអ្នកមានជំនឿក្នុងការប្រយុទ្ធ(ជាមួយពួកគេ)។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងក្លា មហាខ្លាំងពូកែបំផុត។
ហើយអល់ឡោះបានឱ្យពួកអះលីគីតាបដែលបានជួយពួកទាំងនោះចុះចេញពីបន្ទាយរបស់ពួកគេ។ ហើយទ្រង់បានបញ្ចូលភាពភ័យខ្លាចទៅក្នុងដួងចិត្តរបស់ពួកគេ។ មួយក្រុមនៃពួកគេត្រូវបានពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)សម្លាប់ ហើយមួយក្រុមទៀតត្រូវបានពួកអ្នកចាប់ជាឈ្លើយសឹក។
ហើយទ្រង់បានឱ្យពួកអ្នកទទួលមរតកពីទឹកដី លំនៅឋាន និងទ្រព្យសម្បត្តិរបស់ពួកគេ ព្រមទាំងទឹកដីផ្សេងទៀតដែលពួកគេមិនធ្លាប់បានជាន់(កាន់កាប់)នោះពីមុនមកឡើយ។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
ឱព្យាការី(មូហាំម៉ាត់)! ចូរអ្នកពោលទៅកាន់ភរិយាទាំងឡាយរបស់អ្នកថា៖ ប្រសិនបើពួកនាងចង់បានតែការរស់នៅក្នុងលោកិយ និងការតុបតែងលម្អរបស់វា ចូរពួកនាងអញ្ជើញមក ខ្ញុំនឹងឲ្យពួកនាងបានសោយសុខ ហើយខ្ញុំនឹងលែងលះពួកនាងនូវការលែងលះមួយដ៏ល្អប្រសើរ។
តែបើសិនជាពួកនាងចង់បាន(ការពេញចិត្តពី)អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងថ្ងៃបរលោកនោះ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានត្រៀមទុកសម្រាប់អ្នកដែលធ្វើល្អក្នុងចំណោមពួកនាងនូវផលបុណ្យដ៏ធំធេង។
ឱបណ្តាភរិយាទាំងឡាយរបស់ព្យាការី! ជនណាក្នុងចំណោមពួកនាងដែលបានប្រព្រឹត្តទង្វើអសីលធម៌ដ៏ច្បាស់លាស់ នោះនាងនឹងត្រូវគេដាក់ទណ្ឌកម្មទ្វេដង ហើយនោះគឺជារឿងដ៏ងាយស្រួលបំផុតសម្រាប់អល់ឡោះជាម្ចាស់។
ហើយជនណាក្នុងចំណោមពួកនាងដែលប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានសាងទង្វើកុសល យើងនឹងប្រទានឱ្យនាងនូវផលបុណ្យទ្វេដង ហើយយើងបានរៀបចំសម្រាប់នាងនូវលាភសក្ការៈដ៏ប្រពៃ(ឋានសួគ៌)។
ឱបណ្តាភរិយាទាំងឡាយរបស់ព្យាការី(មូហាំម៉ាត់)! ជាការពិតណាស់ ពួកនាងមិនដូចស្ត្រីណាម្នាក់ក្នុងចំណោមស្ត្រីដទៃឡើយ ប្រសិនបើពួកនាងកោតខ្លាច(អល់ឡោះ)នោះ។ ដូច្នេះ ចូរពួកនាងកុំប្រើពាក្យសម្ដីម្ញ៉ិកម្ញ៉ក់ដែលជាហេតុធ្វើឱ្យអ្នកដែលនៅក្នុងចិត្តរបស់គេមានជំងឺ(ចំណង់តណ្ហា)ចាប់អារម្មណ៍ឲ្យសោះ។ តែចូរពួកនាងនិយាយដោយប្រើពាក្យសម្តីល្អៗ។
ហើយចូរពួកនាងរក្សាខ្លួននៅក្នុងផ្ទះរបស់ពួកនាង ហើយចូរកុំបង្ហាញភាពឆើតឆាយ(របស់ពួកនាង)ដូចពួកស្ត្រីសម័យកាលអវិជ្ជាពីមុនបង្ហាញភាពឆើតឆាយនោះឱ្យសោះ។ ហើយចូរពួកនាងប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយនិងប្រតិបត្តិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ តាមពិត អល់ឡោះជាម្ចាស់ទ្រង់មានបំណងចង់បំបាត់នូវភាពកខ្វក់ចេញពីពួកអ្នក ឱក្រុមគ្រួសារព្យាការី និងជម្រះសម្អាតពួកអ្នកឲ្យមានភាពជ្រះស្អាត។
ហើយចូរពួកនាងរំឭកនូវអ្វីដែលគេបានសូត្រនៅក្នុងផ្ទះរបស់ពួកនាងនៃបណ្តាវាក្យខណ្ឌរបស់អល់ឡោះ(គម្ពីរគួរអាន) និងគតិបណ្ឌិត(ស៊ុណ្ណះ)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាទន់ភ្លន់ មហាដឹងបំផុត។
ពិតប្រាកដណាស់ បណ្តាជនមូស្លីមទាំងប្រុសទាំងស្រី បណ្តាអ្នកមានជំនឿទាំងប្រុសទាំងស្រី បណ្តាអ្នកដែលគោរពប្រតិបត្តិអល់ឡោះទាំងប្រុសទាំងស្រី បណ្តាអ្នកសច្ចៈទាំងប្រុសទាំងស្រី បណ្តាអ្នកដែលអត់ធ្មត់ទាំងប្រុសទាំងស្រី បណ្តាអ្នកដែលបារម្ភខ្លាច(ចំពោះអល់ឡោះ)ទាំងប្រុសទាំងស្រី បណ្តាអ្នកដែលបរិច្ចាគទានទាំងប្រុសទាំងស្រី បណ្តាអ្នកដែលកាន់អំណត់បួសទាំងប្រុសទាំងស្រី បណ្តាអ្នកដែលថែរក្សាកេរខ្មាសរបស់ខ្លួនទាំងប្រុសទាំងស្រី និងបណ្តាអ្នកដែលរឭកទៅចំពោះអល់ឡោះយ៉ាងច្រើនទាំងប្រុសទាំងស្រី អ្នកទាំងនោះ អល់ឡោះជាម្ចាស់ទ្រង់បានត្រៀមទុកសម្រាប់ពួកគេនូវការអភ័យទោស និងផលបុណ្យដ៏ធំធេង(ឋានសួគ៌)។
ហើយមិនត្រឹមត្រូវឡើយសម្រាប់អ្នកមានជំនឿទាំងប្រុសទាំងស្រី នៅពេលណាដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានកំណត់នូវបទបញ្ជាណាមួយ(ចំពោះពួកគេ)ហើយនោះ ពួកគេបែរជាមានជម្រើសក្នុងកិច្ចការរបស់ពួកគេក្រៅពីនោះទៅវិញ។ ហើយជនណាដែលប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ពិតប្រាកដណាស់ រូបគេពិតជាបានវង្វេងយ៉ាងច្បាស់លាស់។
ហើយនៅពេលដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បាននិយាយទៅកាន់អ្នកដែលអល់ឡោះបានប្រទាននូវឧបការគុណដល់គេ ហើយអ្នកក៏បានផ្តល់នូវឧបការគុណដល់គេផងដែរនោះ(ពោលគឺហ្ស៊េត កូន ហារីសះ)ថា៖ “ចូរអ្នករួមរស់ជាមួយភរិយារបស់អ្នកចុះ ហើយចូរអ្នកកោតខ្លាចអល់ឡោះ” តែអ្នកបានលាក់ទុកក្នុងចិត្តរបស់អ្នកនូវអ្វីដែលអល់ឡោះបានបង្ហាញវាដល់អ្នកដោយសារអ្នកខ្លាច(ខ្មាស)មនុស្សលោក។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទៅវិញទេដែលសក្ដិសមឱ្យអ្នកខ្លាចទ្រង់នោះ។ ហើយនៅពេលដែលហ្ស៊េទបានសម្រេចចិត្ត(លែងលះនាង) យើងក៏បានរៀបការនាងឱ្យទៅអ្នក ដើម្បីកុំឱ្យបណ្តាអ្នកមានជំនឿទាំងឡាយមានទោសពៃរ៍ចំពោះការរៀបការជាមួយនឹងភរិយារបស់កូនចិញ្ចឹមរបស់ខ្លួននៅពេលដែលពួកគេ(កូនចិញ្ចឹម)បានលែងលះពួកនាងហើយនោះ។ ហើយកិច្ចការរបស់អល់ឡោះត្រូវបានគេអនុវត្តន៍។
គ្មានទោសពៃរ៍អ្វីឡើយលើព្យាការី(មូហាំម៉ាត់)ចំពោះអ្វីដែលអល់ឡោះបានអនុញ្ញាតដល់គាត់នោះ ព្រោះវាក៏ជាមាគ៌ា(លំអាន)របស់អល់ឡោះចំពោះបណ្តាអ្នកជំនាន់មុនផងដែរ។ ហើយបទបញ្ជារបស់អល់ឡោះ គឺត្រូវបានកំណត់យ៉ាងដាច់ខាត។
(បណ្តាព្យាការីទាំងនោះ) គឺជាអ្នកដែលបានផ្សព្វផ្សាយសារទាំងឡាយរបស់អល់ឡោះ ហើយពួកគេខ្លាចទ្រង់ ដោយពួកគេមិនខ្លាចនរណាម្នាក់ក្រៅពីអល់ឡោះឡើយ។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកថែរក្សា(នូវរាល់ទង្វើទាំងឡាយ)។
ព្យាការីមូហាំម៉ាត់ពុំមែនជាឪពុករបស់នរណាម្នាក់ក្នុងចំណោមបុរសរបស់ពួកអ្នកឡើយ។ ក៏ប៉ុន្តែ គាត់គឺជាអ្នកនាំសាររបស់អល់ឡោះ និងជាព្យាការីចុងក្រោយបង្អស់។ ហើយអល់ឡោះមហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។
ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នករឭកដល់អល់ឡោះឱ្យបានច្រើនបំផុត។
ហើយចូរពួកអ្នកលើកតម្កើងទ្រង់ ទាំងពេលព្រឹកនិងពេលល្ងាច។
ទ្រង់គឺជាអ្នកប្រសិទ្ធិពរជ័យដល់ពួកអ្នក ហើយបណ្តាម៉ាឡាអ៊ីកាត់របស់ទ្រង់(ក៏សុំពរជ័យឱ្យពួកអ្នកផងដែរ) ដើម្បីទ្រង់បញ្ចេញពួកអ្នកពីភាពងងឹតទៅកាន់ពន្លឺ។ ហើយទ្រង់មហាអាណិតស្រលាញ់បំផុតចំពោះបណ្តាអ្នកមានជំនឿ។
ការស្វាគមន៍របស់ពួកគេ(អ្នកមានជំនឿ)នៅថ្ងៃដែលពួកគេជួបនឹងព្រះជាម្ចាស់របស់ពួកគេនោះ គឺសាឡាម(សន្តិភាព)។ ហើយអល់ឡោះជាម្ចាស់ទ្រង់បានត្រៀមទុកសម្រាប់ពួកគេនូវផលបុណ្យដ៏ប្រពៃ(ឋានសួគ៌)។
ឱព្យាការី(មូហាំម៉ាត់)! ពិតប្រាកដណាស់ យើងបានបញ្ជូនអ្នកជាសាក្សី ជាអ្នកផ្តល់ដំណឹងរីករាយ និងព្រមានបន្លាច
ហើយនិងជាអ្នកអំពាវនាវទៅកាន់(ការគោរពសក្ការៈ)អល់ឡោះជាម្ចាស់ដោយការអនុញ្ញាតពីទ្រង់ និងជាចង្កៀងបំភ្លឺ។
ហើយចូរអ្នកផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលមានជំនឿថា៖ ពិតប្រាកដណាស់ សម្រាប់ពួកគេនឹងទទួលបាននូវការប្រោសប្រទានដ៏ធំធេង។
ហើយចូរអ្នកកុំប្រតិបត្តិតាមពួកគ្មានជំនឿនិងពួកពុតត្បុត និងកុំខ្វល់ពីការធ្វើទុក្ខបុកម្នេញរបស់ពួកគេ។ ហើយចូរអ្នកប្រគល់ការទុកចិត្តលើអល់ឡោះចុះ។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកគាំពារ។
ឱបណ្តាអ្នកដែលមានជំនឿ! នៅពេលដែលពួកអ្នករៀបអាពាហ៍ពិពាហ៍ជាមួយបណ្តាស្រ្តីដែលមានជំនឿ ក្រោយមក ពួកអ្នកបានលែងលះពួកនាងវិញមុនពេលដែលពួកអ្នកបានរួមដំណេកជាមួយនឹងពួកនាង ជាការពិតណាស់ ពួកនាងពុំមានរយៈពេលរង់ចាំ(អ៊ិទហ្ទះ)ដែលត្រូវរាប់នោះឡើយ។ តែសូមពួកអ្នកផ្តល់ឱ្យពួកនាងនូវទ្រព្យសម្បត្តិ(ជាការប៉ះប៉ូវដល់ពួកនាង) ហើយចូរបើកផ្លូវឱ្យពួកនាងដោយល្អប្រពៃ។
ឱព្យាការី(មូហាំម៉ាត់)! ពិតប្រាកដណាស់ យើងបានអនុញ្ញាតឱ្យអ្នកនូវភរិយាទាំងឡាយរបស់អ្នកដែលអ្នកបានប្រគល់(ឱ្យពួកនាង)នូវប្រាក់ខាន់ស្លារបស់ពួកនាងរួច ហើយនិងខ្ញុំបម្រើដាច់ថ្លៃដែលអល់ឡោះបានប្រទានឱ្យអ្នកពីឈ្លើយសឹក(ជាជ័យភណ្ឌ)នោះ។ ហើយ(យើងក៏បានអនុញ្ញាតឱ្យអ្នករៀបការផងដែរជាមួយនឹង)កូនស្រីរបស់ពូមីងខាងឪពុករបស់អ្នក(ក្មួយស្រីបង្កើតខាងឪពុក) និងកូនស្រីរបស់ពូមីងខាងម្តាយរបស់អ្នក(ក្មួយស្រីបង្កើតខាងម្តាយ)ដែលពួកនាងបានភៀសខ្លួនជាមួយអ្នក ព្រមទាំងស្ត្រីដែលជាអ្នកមានជំនឿ ប្រសិនបើនាងព្រមប្រគល់ខ្លួនរបស់នាងឲ្យព្យាការី(ដោយគ្មានខាន់ស្លា) ប្រសិនបើព្យាការីចង់រៀបការជាមួយនាងដែលជាករណីពិសេសសម្រាប់តែអ្នក(ព្យាការីមូហាំម៉ាត់)ប៉ុណ្ណោះខុសពីបណ្តាអ្នកមានជំនឿទាំងឡាយ។ ពិតប្រាកដណាស់ យើងដឹងនូវអ្វីដែលយើងបានដាក់ជាកាតព្វកិច្ចទៅលើពួកគេ(បណ្តាអ្នកមានជំនឿ)ចំពោះរឿងភរិយារបស់ពួកគេ ហើយនិងស្រ្តីបម្រើដាច់ថ្លៃ ដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេ ដើម្បីកុំឱ្យអ្នកមានការចង្អៀតចង្អល់អ្វីឡើយ។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។
ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អាចមិនរួមមេត្រីជាមួយភរិយារូបណាដែលអ្នកប្រាថ្នាក្នុងចំណោមពួកនាង និងអាចរួមមេត្រីជាមួយភរិយាណាដែលអ្នកប្រាថ្នា។ ហើយចំពោះភរិយាណាដែលអ្នកមានបំណងត្រឡប់(ទៅរួមមេត្រីជាមួយ)ក្នុងចំណោមភរិយាដែលអ្នកបានដកខ្លួនចេញ(មិនរួមមេត្រីជាមួយ) គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះអ្នក(ក្នុងការធ្វើដូច្នេះ)។ នោះគឺកៀកបំផុតក្នុងការដែលធ្វើឲ្យពួកនាងមានភាពរីករាយ និងមិនមានទុក្ខព្រួយ ព្រមទាំងធ្វើឱ្យពួកនាងពេញចិត្តនូវអ្វីដែលអ្នកបានផ្តល់ឱ្យពួកនាងគ្រប់គ្នា។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកអ្នក។ ហើយអល់ឡោះមហាដឹង មហាខន្តីបំផុត។
គេមិនអនុញ្ញាតឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រៀបការជាមួយស្ត្រីផ្សេងបន្ទាប់ពីនេះឡើយ ហើយគេក៏មិនអនុញ្ញាតឱ្យអ្នកលែងលះពួកនាងដើម្បីរៀបការជាមួយនឹងស្ត្រីផ្សេងទៀតនោះដែរ ទោះបីជាសម្រស់ស្រស់ស្អាតរបស់ពួកនាងធ្វើឱ្យអ្នកចាប់អារម្មណ៍ក៏ដោយ លើកលែងតែខ្ញុំបម្រើដាច់ថ្លៃដែលនៅក្រោមការគ្រប់គ្រងរបស់អ្នកប៉ុណ្ណោះ។ ហើយអល់ឡោះជាអ្នកឃ្លាំមើលលើរាល់អ្វីៗទាំងអស់។
ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំចូលគេហដ្ឋានរបស់ព្យាការី លើកលែងតែគេអនុញ្ញាតឱ្យពួកអ្នកដើម្បីទៅទទួលទានអាហារប៉ុណ្ណោះដោយមិនត្រូវទៅអង្គុយរង់ចាំមុននោះឡើយ។ ក៏ប៉ុន្តែ នៅពេលដែលគេអញ្ជើញពួកអ្នក សូមពួកអ្នកចូលទៅចុះ។ ហើយបើកាលណាពួកអ្នកទទួលទានអាហាររួចរាល់ហើយនោះ សូមពួកអ្នកចាកចេញទៅ ហើយសូមកុំនៅបន្តនិយាយគ្នាលេង(បន្ទាប់ពីនោះ)ឱ្យសោះ។ ពិតប្រាកដណាស់ ការធ្វើដូច្នោះ គឺធ្វើឱ្យមានភាពទើសទាល់ដល់ព្យាការី ហើយគាត់មានការអៀនខ្មាសចំពោះពួកអ្នក។ ប៉ុន្តែអល់ឡោះទ្រង់មិនអៀនខ្មាសចំពោះរឿងត្រឹមត្រូវឡើយ។ ហើយនៅពេលដែលពួកអ្នកសុំរបស់របរណាមួយពីពួកនាង(ភរិយាព្យាការី) ចូរពួកអ្នកសុំពួកនាងពីក្រោយរបាំង។ នោះគឺជាការស្អាតស្អំបំផុតចំពោះចិត្តរបស់ពួកអ្នក និងចិត្តរបស់ពួកនាង។ ហើយមិនគប្បីឡើយចំពោះពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ក្នុងការដែលពួកអ្នកធ្វើឱ្យមានការប៉ះពាល់ដល់អ្នកនាំសាររបស់អល់ឡោះ ហើយក៏មិនត្រូវរៀបការជាមួយនឹងភរិយាទាំងឡាយរបស់គាត់ក្រោយពីគាត់(បានស្លាប់)ជាដាច់ខាត។ ពិតប្រាកដណាស់ ការធ្វើដូច្នោះ គឺជារឿងមួយដ៏ធំធេងបំផុតចំពោះអល់ឡោះជាម្ចាស់។
ទោះបីជាពួកអ្នកលាតត្រដាងអ្វីមួយ ឬក៏ពួកអ្នកលាក់បាំងវាក៏ដោយ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។
គ្មានទោសពៃរ៍អ្វីឡើយចំពោះពួកនាង(ក្នុងការមិនពាក់ហ៊ីហ្ជាន)ជាមួយនឹងឪពុករបស់ពួកនាង កូនប្រុសរបស់ពួកនាង បងប្អូនប្រុសរបស់ពួកនាង ក្មួយប្រុសរបស់ពួកនាងទាំងខាងបងប្អូនប្រុសនិងខាងបងប្អូនស្រី ស្ត្រីដែលមានជំនឿ និងស្ត្រីបម្រើដាច់ថ្លៃដែលនៅក្រោមការគ្រប់គ្រងរបស់ពួកនាង។ ហើយចូរពួកនាងកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកធ្វើសាក្សីលើរាល់អ្វីៗទាំងអស់។
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ និងម៉ាឡាអ៊ីកាត់ទាំងឡាយរបស់ទ្រង់សឡាវ៉ាតលើព្យាការី(មូហាំម៉ាត់)។ ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកសឡាវ៉ាត និងឲ្យសាឡាមទៅលើគាត់ចុះ។
ពិតប្រាកដណាស់ ពួកដែលធ្វើឲ្យប៉ះពាល់ដល់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់នោះ អល់ឡោះជាម្ចាស់នឹងដាក់បណ្តាសាពួកគេទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ ហើយទ្រង់បានត្រៀមទុកសម្រាប់ពួកគេនូវទណ្ឌកម្មដ៏អាម៉ាស់បំផុត។
ហើយពួកដែលធ្វើឲ្យប៉ះពាល់ដល់បណ្តាអ្នកមានជំនឿទាំងប្រុសទាំងស្រី ទាំងដែលពួកគេគ្មានកំហុស ពួកទាំងនោះពិតជាប្រព្រឹត្តនូវការចោទប្រកាន់ភូតកុហក និងបាបកម្មយ៉ាងច្បាស់លាស់។
ឱព្យាការី(មូហាំម៉ាត់)! ចូរអ្នកពោលទៅកាន់ភរិយាទាំងឡាយរបស់អ្នក កូនស្រីទាំងឡាយរបស់អ្នក និងទៅកាន់បណ្តាស្ត្រីដែលជាអ្នកមានជំនឿទាំងឡាយឱ្យបិទបាំងរាងកាយរបស់ពួកនាង(ដោយគ្រប)ដោយស្បៃរបស់ពួកនាង(ពីលើក្បាលដល់ក្រោមទ្រូង)។ ការធ្វើដូច្នោះ គឺងាយស្រួលបំផុតនឹងឱ្យគេស្គាល់(ថាជាស្ត្រីដែលមានសិទ្ធិសេរីភាព) ហើយក៏មិនត្រូវគេបៀតបៀនពួកនាងនោះដែរ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។
ប្រសិនបើពួកពុតត្បុត និងពួកដែលក្នុងចិត្តរបស់ពួកគេមានជំងឺ ហើយនិងពួកដែលនាំព័ត៌មានប្រឌិតក្នុងក្រុងម៉ាទីណះមិនព្រមបញ្ឈប់(ទង្វើរបស់ពួកគេ)ទេនោះ យើងប្រាកដជានឹងឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ត្រួតត្រាលើពួកគេជាមិនខាន។ ក្រោយមក ពួកគេនឹងមិនអាចរស់នៅក្បែអ្នកនៅទីនោះទៀតឡើយ លើកលែងតែមួយរយៈពេលខ្លីប៉ុណ្ណោះ។
ពួកគេត្រូវបានគេដាក់បណ្តាសា។ នៅទីកន្លែងណាក៏ដោយដែលគេប្រទះឃើញពួកគេ ពួកគេនឹងត្រូវគេចាប់ជាឈ្លើយសឹក ហើយនិងត្រូវគេសម្លាប់រង្គាលជាមិនខាន។
នេះគឺជាមាគ៌ារបស់អល់ឡោះចំពោះពួកដែលបានកន្លងផុតទៅកាលពីមុន។ ហើយអ្នកនឹងមិនឃើញមាគ៌ារបស់អល់ឡោះមានការផ្លាស់ប្តូរឡើយ។
គេនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីថ្ងៃបរលោក។ ចូរអ្នកឆ្លើយថា៖ ចំណេះដឹងអំពីវា គឺស្ថិតនៅឯអល់ឡោះជាម្ចាស់(តែមួយគត់)។ ហើយតើអ្វីដែលធ្វើឱ្យអ្នកដឹងថា ថ្ងៃបរលោកនឹងមកដល់ឆាប់ៗនោះ?
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដាក់បណ្តាសាពួកគ្មានជំនឿ និងបានត្រៀមទុកសម្រាប់ពួកគេនូវភ្លើងនរកដែលឆេះឆាប។
ពួកគេស្ថិតនៅក្នុងវាជាអមតៈដោយពួកគេគ្មានអ្នកគាំពារ ហើយក៏គ្មានអ្នកជួយនោះដែរ។
គឺនៅថ្ងៃដែលមុខរបស់ពួកគេត្រូវបានគេផ្កាប់ទៅក្នុងនរក។ ពួកគេនិយាយថា៖ ឱអនិច្ចាពួកយើង! គួរណាស់តែពួកយើងគោរពប្រតិបត្តិតាមអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសារ(របស់ទ្រង់)។
ហើយពួកគេបានពោលថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ យើងខ្ញុំបានគោរពប្រតិបត្តិតាមពួកមេដឹកនាំ និងពួកដែលមានឋានៈខ្ពង់ខ្ពស់នៃយើងខ្ញុំ ហើយពួកគេក៏បានធ្វើឱ្យយើងខ្ញុំវង្វេងចេញពីមាគ៌ា(ដែលត្រឹមត្រូវ)។
បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គដាក់ទណ្ឌកម្មទ្វេដងលើពួកទាំងនោះ ហើយសូមព្រះអង្គដាក់បណ្តាសាដ៏ធ្ងន់ធ្ងរចំពោះពួកគេផងចុះ។
ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំធ្វើខ្លួនដូចពួកដែលធ្វើទុក្ខបុកម្នេញព្យាការីមូសាឲ្យសោះ។ ពេលនោះ អល់ឡោះក៏បានឱ្យគាត់ចាកផុតពីអ្វីដែលពួកគេបាននិយាយ(ចោទប្រកាន់)។ ហើយពិតប្រាកដណាស់ គាត់(ព្យាការីមូសា)ជាអ្នកដែលមានឋានៈដ៏ឧត្តុង្គឧត្តមបំផុតចំពោះអល់ឡោះជាម្ចាស់។
ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ និងត្រូវនិយាយនូវពាក្យសម្តីដែលត្រឹមត្រូវ
នោះទ្រង់នឹងកែលម្អឲ្យពួកអ្នកនូវទង្វើទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងអភ័យទោសដល់ពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក។ ហើយជនណាដែលប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ពិតប្រាកដណាស់ រូបគេពិតជាទទួលបាននូវជោគជ័យដ៏ធំធេង។
ពិតប្រាកដណាស់ យើងបានបង្ហាញទំនួលខុសត្រូវ(បទបញ្ជា និងការហាមឃាត់)ទៅកាន់មេឃជាច្រើនជាន់ និងផែនដី ព្រមទាំងភ្នំទាំងឡាយ ប៉ុន្តែពួកវាបានបដិសេធមិនហ៊ានទទួលយកវា និងខ្លាចមិនអាចអនុវត្តន៍បាន។ តែមនុស្សលោកបានទទួលយកវា។ ពិតប្រាកដណាស់ គេ(មនុស្សលោក) គឺជាអ្នកបំពាន និងជាអ្នកដែលល្ងង់ខ្លៅបំផុត(ចំពោះខ្លួនឯង)។
ដើម្បីអល់ឡោះនឹងដាក់ទណ្ឌកម្មលើពួកពុតត្បុតទាំងប្រុសទាំងស្រី និងពួកមុស្ហរីគីនទាំងប្រុសទាំងស្រី ហើយទទួលយកការសារភាពកំហុសរបស់បណ្តាអ្នកមានជំនឿទាំងប្រុសទាំងស្រី។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។