The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesSaba [Saba] - Khmer translation - Rowwad Translation Center
Surah Saba [Saba] Ayah 54 Location Maccah Number 34
ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធរបស់ទ្រង់(តែមួយគត់)។ ហើយការសរសើរទាំងឡាយនៅថ្ងៃបរលោកក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ។ ហើយទ្រង់មហាគតិបណ្ឌិត មហាដឹងបំផុត។
ទ្រង់ដឹងនូវអ្វីដែលចូលទៅក្នុងដី និងអ្វីដែលចេញពីដី អ្វីដែលចុះមកពីលើមេឃ ហើយនិងអ្វីដែលឡើងទៅលើមេឃវិញ។ ហើយទ្រង់មហាអាណិតស្រលាញ់ មហាអភ័យទោសបំផុត។
ហើយពួកដែលគ្មានជំនឿបាននិយាយថា៖ ថ្ងៃបរលោកនឹងមិនអាចមកដល់(កើតឡើង)ចំពោះពួកយើងឡើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពុំដូច្នោះឡើយ សូមស្បថនឹងព្រះជាម្ចាស់នៃខ្ញុំ! ថ្ងៃបរលោកប្រាកដជានឹងមកដល់ពួកអ្នកពុំខានឡើយ។ (អល់ឡោះ)ជាអ្នកដែលដឹងបំផុតនូវប្រការអាថ៌កំបាំងទាំងឡាយដោយគ្មានអ្វីមួយអាចលាក់បាំងពីការដឹងរបស់ទ្រង់ឡើយ សូម្បីតែវាមានទម្ងន់តូចប៉ុនសត្វស្រមោចក៏ដោយ មិនថានៅលើមេឃជាច្រើនជាន់ ឬនៅលើផែនដីឡើយ។ ហើយក៏គ្មានអ្វីដែលតូចជាងនេះ ឬធំជាងនេះនោះឡើយ លើកលែងតែត្រូវបានកត់ត្រាទុកនៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ្វ៊ូស)យ៉ាងច្បាស់លាស់។
ដើម្បីទ្រង់នឹងតបស្នងដល់បណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល។ អ្នកទាំងនោះ សម្រាប់ពួកគេនឹងទទួលបាននូវការអភ័យទោស និងលាភសក្ការៈដ៏ប្រពៃ(ឋានសួគ៌)។
ហើយពួកដែលព្យាយាមប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់យើង ដោយគិតស្មានថា ពួកគេអាចយកឈ្នះបាននោះ ពួកទាំងនោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មយ៉ាងអាក្រក់ និងខ្លោចផ្សាបំផុត។
ហើយបណ្តាអ្នកដែលគេផ្តល់ចំណេះដឹងឲ្យបានដឹងថា៖ ពិតប្រាកដណាស់ អ្វី(គម្ពីរគួរអាន)ដែលគេបានបញ្ចុះទៅឱ្យអ្នកពីព្រះជាម្ចាស់របស់អ្នក វាគឺជាការពិត ហើយវាចង្អុលបង្ហាញទៅកាន់មាគ៌ារបស់អ្នកដែលមហាខ្លាំងពូកែ ជាអ្នកដែលត្រូវគេកោតសរសើរបំផុត។
ហើយពួកដែលគ្មានជំនឿបាននិយាយថា៖ តើពួកអ្នកចង់ឱ្យយើងប្រាប់ពួកអ្នកដែរឬទេអំពីបុរសម្នាក់ដែលបានប្រាប់ពួកអ្នកថា នៅពេលពួកអ្នកបាន(ស្លាប់)រលួយខ្ទេចខ្ទីទៅហើយនោះ ពួកអ្នកពិតជានឹងត្រូវបានគេបង្កើតឱ្យរស់សាជាថ្មីនោះ?
តើគេម្នាក់នេះប្រឌិតពាក្យភូតកុហកទៅលើអល់ឡោះ ឬក៏គេជាមនុស្សវិកលចរិត? ផ្ទុយទៅវិញ ពួកដែលគ្មានជំនឿចំពោះថ្ងៃបរលោកនឹងស្ថិតនៅក្នុងទណ្ឌកម្ម និងភាពវង្វេងដ៏សែនឆ្ងាយ។
តើពួកទាំងនោះមិនបានឃើញទេឬនូវមេឃជាច្រើនជាន់ និងផែនដីដែលនៅពីមុខពួកគេ និងនៅពីក្រោយពួកគេនោះ? ប្រសិនបើយើងមានចេតនា យើងប្រាកដជានឹងឱ្យដីស្រូបយកពួកគេ ឬយើងឱ្យមួយចំណែកនៃមេឃធ្លាក់ទៅលើពួកគេជាមិនខាន។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយសម្រាប់រាល់ខ្ញុំបម្រើ(របស់អល់ឡោះ)ដែលតែងវិលត្រឡប់(សារភាពកំហុស)។
ហើយពិតប្រាកដណាស់ យើងបានផ្តល់ឱ្យព្យាការីហ្ទាវូទនូវការប្រោសប្រទានអំពីយើង។ (យើងបានមានបន្ទូលថា៖) ឱភ្នំ និងបក្សាបក្សីទាំងឡាយ! ចូរពួកឯងទាំងអស់គ្នាលើកតម្កើងមកចំពោះយើងជាមួយព្យាការីហ្ទាវូទចុះ។ ហើយយើងបានឱ្យដែកក្លាយទៅជាទន់សម្រាប់រូបគេ(ព្យាការីហ្ទាវូទ)។
ចូរអ្នក(ឱព្យាការីហ្ទាវូទ)ធ្វើអាវក្រោះឲ្យមានភាពទូលាយ និងកំណត់ទំហំរបស់វាឱ្យបានសមរម្យ ហើយចូរពួកអ្នកសាងទង្វើកុសល។ ពិតប្រាកដណាស់ យើងឃើញបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ត។
ហើយយើងបានសម្រួលដល់ព្យាការីសូឡៃម៉ាន(ក្នុងការបញ្ជា)ខ្យល់ដោយវាធ្វើដំណើរមួយព្រឹកស្មើនឹងរយៈពេលធ្វើដំណើរ(ធម្មតា)មួយខែ ហើយវាធ្វើដំណើរមួយល្ងាច ស្មើនឹងរយៈពេលធ្វើដំណើរមួយខែ។ ហើយយើងបានធ្វើឱ្យស្ពាន់ក្លាយទៅជាទន់សម្រាប់គេ។ ហើយក្នុងចំណោមពួកជិន គឺមានអ្នកធ្វើការឱ្យគេ(ព្យាការីស៊ូឡៃម៉ាន)ទៅតាមបទបញ្ជានៃព្រះជាម្ចាស់របស់គេ។ ហើយអ្នកណាក្នុងចំណោមពួកវាដែលងាកចេញ(មិនធ្វើ)តាមបទបញ្ជារបស់យើងទេនោះ យើងនឹងឱ្យវាភ្លក់នូវទណ្ឌកម្មនៃភ្លើងនរកដែលឆាបឆេះ។
ពួកវាធ្វើការឱ្យគាត់តាមអ្វីដែលគាត់ចង់បាន ដូចជាសង់វិហារ រូបចម្លាក់ ចានធំដូចជាស្រះទឹក និងឆ្នាំងធំដែលនៅនឹងមួយកន្លែង។ (យើងបានមានបន្ទូលថា៖) ចូរពួកអ្នក ឱក្រុមគ្រួសារហ្ទាវូទ សម្ដែងនូវការដឹងគុណ(ចំពោះយើង)។ តែខ្ញុំបម្រើរបស់យើងដែលដឹងគុណ គឺតិចតួចបំផុត។
ហើយនៅពេលដែលយើងបានកំណត់ឱ្យគាត់(ព្យាការីសូឡៃម៉ាន)ស្លាប់ គឺគ្មានអ្វីដែលបង្ហាញឱ្យពួក(ជិន)ទាំងនោះដឹងថាគាត់បានស្លាប់នោះឡើយ រហូតទាល់តែសត្វកណ្តៀរបានស៊ីឈើច្រត់របស់គាត់។ នៅពេលដែលគាត់ដួល ពួកជិនទាំងនោះក៏បានដឹងថា៖ ប្រសិនបើពួកវាដឹងពីប្រការអាថ៌កំបាំងមែននោះ ពួកវាក៏មិនស្ថិតនៅក្នុងទណ្ឌកម្មដ៏អាម៉ាស់នោះដែរ។
ពិតប្រាកដណាស់ សម្រាប់កុលសម្ព័ន្ធសាហ្ពាក់ ចំពោះលំនៅឋានរបស់ពួកគេ គឺជាសញ្ញាភស្តុតាងមួយ គឺចម្ការពីរ ដោយមួយនៅខាងស្តាំ ហើយមួយទៀតនៅខាងឆ្វេង(នៃភូមិស្រុករបស់ពួកគេ)។ (យើងបានមានបន្ទូលថា៖) ចូរពួកអ្នកទទួលទានចុះអំពីលាភសក្ការៈនៃព្រះជាម្ចាស់របស់ពួកអ្នក ហើយចូរពួកអ្នកដឹងគុណចំពោះវា។ (វា)ជាទឹកដីដ៏ល្អប្រសើរ ហើយ(ទ្រង់)ជាម្ចាស់ដ៏មហាអភ័យទោសបំផុត។
ក៏ប៉ុន្តែពួកគេបានងាកចេញ។ ដូចនេះ យើងក៏បានបញ្ជូនទឹកជំនន់ដែលហូរបក់បោកយ៉ាងខ្លាំងទៅលើពួកគេ។ ហើយយើងបានផ្លាស់ប្តូរចម្ការទាំងពីររបស់ពួកគេនូវចម្ការពីរផ្សេងពីនោះដែលផ្លែរបស់វាមានរសជាតិល្វីង និងដើមឈើដែលមិនផ្តល់ផ្លែផ្កា ហើយនិងមានតែដើមពុទ្រាតិចតួចប៉ុណ្ណោះ។
នោះគឺជាការតបស្នងដល់ពួកគេចំពោះអ្វីដែលពួកគេរមិលគុណ។ ហើយយើងមិនបានតបស្នង(បែបនេះ)ក្រៅតែចំពោះពួកដែលរមិលគុណប៉ុណ្ណោះ។
ហើយយើងបានធ្វើឱ្យរវាងពួកគេ(ក្រុមសាហ្ពាក់) និងរវាងភូមិស្រុកដែលយើងបានប្រទានពរជ័យនៅក្នុងវា(ទឺកដីស្ហាម)នោះក្លាយជាភូមិដ្ឋានដែលស្ថិតនៅជាប់គ្នា។ ហើយយើងបានកំណត់ឱ្យការធ្វើដំណើរ(រវាងភូមិស្រុកទាំងពីរ)មានភាពងាយស្រួល។ (យើងបានមានបន្ទូលថា៖) ចូរពួកអ្នកធ្វើដំណើរនៅក្នុងទឹកដីនោះ មិនថាពេលយប់ឬពេលថ្ងៃ ប្រកបដោយសុវត្ថិភាពចុះ។
ក៏ប៉ុន្តែពួកគេបែរជានិយាយថា៖ “បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាធ្វើឱ្យការធ្វើដំណើររវាងពួកយើងមានរយៈចម្ងាយឆ្ងាយវិញចុះ”។ ហើយពួកគេបានបំពានលើខ្លួនឯង។ ដូច្នេះ យើងក៏បានធ្វើឱ្យ(រឿង)ពួកគេក្លាយជារឿងរ៉ាវដែលអ្នកជំនាន់ក្រោយ(លើកមកនិយាយ) ហើយយើងបានបំបែកពួកគេឱ្យបែកបាក់ខ្ចាត់ខ្ចាយ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាមេរៀនមួយសម្រាប់រាល់អ្នកដែលអត់ធ្មត់ និងដឹងគុណ។
ហើយប្រាកដណាស់ អ៊ីព្លីសបានសម្រេចនូវអ្វីដែលវាគិតស្មាន។ ដូច្នេះ ពួកគេក៏បានដើរតាមវា លើកលែងតែមួយក្រុមក្នុងចំណោមបណ្តាអ្នកដែលមានជំនឿប៉ុណ្ណោះ។
ហើយវាគ្មានអំណាចអ្វីទៅលើពួកគេនោះឡើយ។ ក៏ប៉ុន្តែដើម្បីឲ្យយើងដឹងថា តើជនណាដែលមានជំនឿចំពោះថ្ងៃបរលោកក្នុងចំណោមអ្នកដែលមានការមន្ទិលសង្ស័យចំពោះវា។ ហើយព្រះជាម្ចាស់របស់អ្នកជាអ្នកថែរក្សាលើអ្វីៗទាំងអស់។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកហៅពួកដែលពួកអ្នកអះអាង(ថាជាព្រះ)ក្រៅពីអល់ឡោះមក។ ពួកវាគ្មានកម្មសិទ្ធិគ្រប់គ្រងអ្វីបន្តិចឡើយ សូម្បីតែវត្ថុដែលតូចប៉ុនគ្រាប់ស្ពៃក៏ដោយ មិនថានៅលើមេឃ នៅលើផែនដីនោះឡើយ ហើយពួកវាក៏គ្មានហ៊ុនចំណែកអ្វី(ជាមួយអល់ឡោះ)នៅក្នុងវាទាំងពីរនោះដែរ។ ហើយសម្រាប់ទ្រង់ក៏ពុំមានអ្នកដែលជួយ(ដល់ទ្រង់)ក្នុងចំណោមពួកទាំងនោះដែរ។
ហើយការជួយអន្តរាគមន៍នោះ គឺគ្មានប្រយោជន៍អ្វីនៅចំពោះទ្រង់នោះឡើយ លើកលែងតែចំពោះជនណាដែលទ្រង់អនុញ្ញាតដល់គេប៉ុណ្ណោះ។ លុះដល់ពេលដែលភាពភ័យខ្លាចបានបាត់ចេញពីដួងចិត្តរបស់ពួកគេ(ម៉ាឡាអ៊ីកាត់) ពួកគេក៏សួរថា៖ តើព្រះជាម្ចាស់របស់ពួកអ្នកមានបន្ទូលម្តេចខ្លះ? ពួកគេបានឆ្លើយថា៖ (ទ្រង់បានមានបន្ទូល)ពិត។ ហើយទ្រង់មហាខ្ពង់ខ្ពស់ មហាឧត្តុង្គឧត្តម។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើនរណាជាអ្នកដែលប្រទានលាភសក្ការៈដល់ពួកអ្នកពីលើមេឃជាច្រើនជាន់និងផែនដី? ចូរអ្នកពោលថា៖ គឺអល់ឡោះជាម្ចាស់។ ហើយពិតប្រាកដណាស់ ពួកយើង ឬពួកអ្នកដែលនឹងស្ថិតនៅលើការចង្អុលបង្ហាញ ឬស្ថិតនៅលើភាពវង្វេងយ៉ាងច្បាស់លាស់នោះ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពួកអ្នកនឹងមិនត្រូវគេសួរពីបាបកម្មដែលពួកយើងបានប្រព្រឹត្តនោះឡើយ ហើយពួកយើងក៏មិនត្រូវគេសួរពីអ្វីដែលពួកអ្នកបានប្រព្រឹត្តនោះដែរ។
ចូរអ្នកពោលថា៖ ព្រះជាម្ចាស់របស់ពួកយើង ទ្រង់នឹងប្រមូលផ្តុំរវាងពួកយើង(ទាំងអស់គ្នា)។ ក្រោយមក ទ្រង់នឹងកាត់សេចក្តីរវាងពួកយើងប្រកបដោយភាពយុត្តិធម៌បំផុត។ ហើយទ្រង់គឺជាអ្នកវិនិច្ឆ័យដ៏មហាដឹងបំផុត។
ចូរអ្នកពោលថា៖ ចូរពួកអ្នកបង្ហាញខ្ញុំមកនូវពួកទាំងឡាយដែលពួកអ្នកយកវាមកធ្វើជាដៃគូ(គោរពសក្ការៈ)រួមនឹងអល់ឡោះជាម្ចាស់នោះ។ មិនដូច្នោះឡើយ។ ផ្ទុយទៅវិញ អល់ឡោះទ្រង់គឺជាព្រះជាម្ចាស់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិត។
ហើយយើងមិនបានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែទៅកាន់មនុស្សលោកទូទៅដើម្បីផ្តល់ដំណឹងរីករាយ និងដាស់តឿនព្រមាន។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនបានដឹងនោះឡើយ។
ហើយពួកគេនិយាយថា៖ តើការសន្យានេះនឹងមកដល់នៅពេលណា ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ?
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបថា៖ ការសន្យាសម្រាប់ពួកអ្នកនោះ គឺនៅថ្ងៃមួយដែលពួកអ្នកមិនអាចសុំពន្យារពេល ហើយក៏មិនអាចសុំឱ្យវាមកដល់មុននោះដែរ សូម្បីមួយវិនាទីក៏ដោយ។
ហើយពួកដែលគ្មានជំនឿបាននិយាយថា៖ ពួកយើងមិនជឿនឹងគម្ពីរគួរអាននេះជាដាច់ខាត ហើយក៏មិនជឿនឹងគម្ពីរដែលត្រូវបានបញ្ចុះពីមុនមកនោះដែរ។ ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញ ខណៈដែលពួកបំពានទាំងនោះត្រូវបានគេឱ្យឈរនៅចំពោះមុខព្រះជាម្ចាស់របស់ពួកគេ ពួកគេនឹងស្តីបន្ទោសគ្នាទៅវិញទៅមក ដោយពួកដែលទន់ខ្សោយនឹងនិយាយទៅកាន់មេដឹកនាំ(របស់ពួកគេ)ថា៖ ប្រសិនបើគ្មានពួកអ្នក(នាំពួកយើងឱ្យវង្វេង)ទេនោះ ប្រាកដជាពួកយើងនឹងក្លាយជាអ្នកដែលមានជំនឿជាមិនខាន។
ពួកមេដឹកនាំបាននិយាយទៅកាន់ពួកទន់ខ្សោយវិញថា៖ តើពួកយើងបានរារាំងពួកអ្នកពីការចង្អុលបង្ហាញបន្ទាប់ពីវាបានមកដល់ពួកអ្នកឬ? ផ្ទុយទៅវិញ ពួកអ្នកគឺជាពួកឧក្រិដ្ឋជន។
ហើយពួកទន់ខ្សោយក៏បានតបទៅកាន់ពួកមេដឹកនាំវិញថា៖ ផ្ទុយទៅវិញ ពួកអ្នកបានប្រើឧបាយកលទាំងយប់ទាំងថ្ងៃ ខណៈដែលពួកអ្នកប្រើពួកយើងឱ្យប្រឆាំងនឹងអល់ឡោះ និងឱ្យពួកយើងបង្កើតដៃគូសម្រាប់ទ្រង់។ ហើយពួកគេបានលាក់បាំងនូវវិប្បដិសារីនៅពេលដែលពួកគេបានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែក។ ហើយយើងបានដាក់ច្រវាក់នៅនឹងករបស់ពួកប្រឆាំង។ តើពួកគេត្រូវបានគេតបស្នងក្រៅតែពីអ្វីដែលពួកគេបានប្រព្រឹត្តឬទេ?
ហើយយើងមិនបានបញ្ជូនអ្នកដាស់តឿនព្រមានទៅកាន់ភូមិស្រុកមួយឡើយ លើកលែងតែពួកដែលមានឋានៈសក្តិនៃស្រុកភូមិនោះនិយាយថា៖ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលប្រឆាំងចំពោះអ្វីដែលពួកអ្នកត្រូវបានគេបញ្ជូនមក។
ហើយពួកគេបាននិយាយទៀតថា៖ ពួកយើងជាអ្នកដែលមានទ្រព្យសម្បត្តិ និងកូនចៅច្រើនជាងគេ។ ហើយពួកយើងក៏នឹងមិនត្រូវគេដាក់ទណ្ឌកម្មនោះដែរ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់បើកទូលាយ និងត្បិតត្បៀតលាភសក្ការៈ(របស់ទ្រង់)ចំពោះជនណាដែលទ្រង់មានចេតនា។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនបានដឹងឡើយ។
ហើយទ្រព្យសម្បត្តិ និងកូនចៅរបស់ពួកអ្នកមិនអាចនាំពួកអ្នកឲ្យខិតមកជិតការពេញចិត្តពីយើងនោះឡើយ ក៏ប៉ុន្តែមានតែអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលទៅវិញទេ។ អ្នកទាំងនោះ សម្រាប់ពួកគេនឹងទទួលបានការតបស្នងទ្វេដងចំពោះអ្វីដែលពួកគេបានសាង ហើយពួកគេជាអ្នកដែលមានសុវត្ថិភាពស្ថិតនៅឯកន្លែងដ៏ខ្ពង់ខ្ពស់បំផុត(នៃឋានសួគ៌)។
ហើយពួកដែលព្យាយាមប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់យើង ដោយគិតស្មានថា ពួកគេអាចយកឈ្នះបាននោះ ពួកទាំងនោះហើយគឺជាពួកដែលត្រូវបានគេនាំទៅកាន់ទណ្ឌកម្ម។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់បើកទូលាយ និងត្បិតត្បៀតលាភសក្ការៈ(របស់ទ្រង់)ចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ហើយអ្វីមួយដែលពួកអ្នកបានបរិច្ចាគនោះ ពិតប្រាកដណាស់ ទ្រង់នឹងជំនួសវាឱ្យពួកអ្នកវិញ។ ហើយទ្រង់ជាអ្នកប្រទានលាភសក្ការៈដ៏ប្រសើរបំផុត។
ហើយ(ចូរអ្នករំលឹក)នៅថ្ងៃដែលអល់ឡោះទ្រង់ប្រមូលផ្តុំពួកគេទាំងអស់គ្នា។ បន្ទាប់មក ទ្រង់មានបន្ទូលទៅកាន់ពួកម៉ាឡាអ៊ីកាត់ថា៖ តើពួកទាំងនោះឬដែលពួកគេធ្លាប់គោរពសក្ការៈមកចំពោះពួកអ្នកនោះ?
ពួកគេបានឆ្លើយតបថា៖ ព្រះអង្គមហាស្អាតស្អំ! ព្រះអង្គគឺជាអ្នកគាំពារយើងខ្ញុំ មិនមែនពួកគេឡើយ។ ផ្ទុយទៅវិញ ពួកទាំងនោះបានគោរពសក្ការៈទៅចំពោះជិនដោយភាគច្រើននៃពួកគេ គឺមានជំនឿចំពោះពួកវា។
ដូច្នេះនៅថ្ងៃនេះ ពួកអ្នកមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចបង្កគ្រោះថ្នាក់អ្វីដល់គ្នាទៅវិញទៅមកនោះឡើយ។ ហើយយើងបានមានបន្ទូលទៅកាន់ពួកដែលបំពានថា៖ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មភ្លើងនរកដែលពួកអ្នកធ្លាប់បានបដិសេធ(មិនជឿ)ចំពោះវា។
ហើយនៅពេលដែលមានគេសូត្រវាក្យខណ្ឌទាំងឡាយរបស់យើងដ៏ច្បាស់លាស់ឱ្យពួកគេស្តាប់ ពួកគេនិយាយថា៖ ម្នាក់នេះ(ព្យាការីមូហាំម៉ាត់)គឺគ្មានអ្វីក្រៅតែពីចង់រារាំងពួកអ្នកពីអ្វីដែលជីដូនជីតារបស់ពួកអ្នកធ្លាប់បានគោរពសក្ការៈប៉ុណ្ណោះ។ ហើយពួកគេនិយាយទៀតថា៖ (គម្ពីរគួរអាន)នេះ គ្មានអ្វីក្រៅពីការប្រឌិត ភូតកុហកនោះឡើយ។ ហើយពួកដែលប្រឆាំងបាននិយាយចំពោះសេចក្តីពិត(គម្ពីរគួរអាន)នៅពេលដែលវាបានមកដល់ពួកគេថា៖ នេះគ្មានអ្វីក្រៅពីមន្តអាគមយ៉ាងច្បាស់លាស់នោះឡើយ។
ហើយយើងមិនបានផ្តល់ឲ្យពួកគេនូវគម្ពីរណាមួយដល់ពួកគេដែលពួកគេសិក្សាវានោះឡើយ ហើយយើងក៏មិនបានបញ្ជូនអ្នកដាស់តឿនព្រមានណាម្នាក់ទៅកាន់ពួកគេមុនអ្នកនោះដែរ។
ហើយពួកជំនាន់មុនពួកគេបានបដិសេធ(ចំពោះអ្នកនាំសាររបស់ពួកគេ)។ ហើយពួកគេ(ពួកមុស្ហរីគីនម៉ាក្កះ) មិនទាន់បានទទួល សូម្បីតែមួយភាគដប់នៃអ្វីដែលយើងបានប្រទានឲ្យពួកទាំងនោះផង។ ក៏ប៉ុន្តែពួកគេបានបដិសេធនឹងបណ្តាអ្នកនាំសាររបស់យើង។ ដូច្នេះ តើទណ្ឌកម្ម(របស់យើងចំពោះពួកគេ)យ៉ាងដូចម្តេចដែរ?
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត ខ្ញុំសូមទូន្មានពួកអ្នកនូវរឿងមួយ។ ចូរពួកអ្នកក្រោកឈរឡើងពីរនាក់ក៏បាន ម្នាក់ឯងក៏បាន ដោយស្មោះសចំពោះអល់ឡោះ។ បន្ទាប់មក ចូរពួកអ្នកគិតពិចារណាចុះ។ មិត្តភក្តិរបស់ពួកអ្នក(ព្យាការីមូហាំម៉ាត់)មិនមែនជាមនុស្សវិកលចរិតឡើយ។ រូបគាត់គ្មានអ្វីក្រៅពីជាអ្នកដាស់តឿនព្រមានពួកអ្នកពីទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំមិនទាមទារពីពួកអ្នកនូវផលបុណ្យនោះឡើយ។ វាគឺសម្រាប់ពួកអ្នកប៉ុណ្ណោះ។ ចំណែកឯផលបុណ្យរបស់ខ្ញុំ គឺស្ថិតនៅលើអល់ឡោះជាម្ចាស់។ ហើយទ្រង់ជាសាក្សីលើរាល់អ្វីៗទាំងអស់។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់បំបាត់(ប្រការខុសឆ្គង)ដោយការពិត។ ហើយទ្រង់ជាអ្នកដឹងបំផុតនូវប្រការអាថ៌កំបាំងទាំងឡាយ។
ចូរអ្នកពោលថា៖ ការពិតបានមកដល់ ហើយប្រការមិនពិតបានបាត់បង់ ហើយវាក៏មិនត្រឡប់មកវិញនោះដែរ។
ចូរអ្នកពោលថា៖ ប្រសិនបើខ្ញុំវង្វេង តាមពិត ការវង្វេងនោះ គឺធ្លាក់មកលើខ្ញុំខ្លួនឯង។ តែប្រសិនបើខ្ញុំទទួលបានការចង្អុលបង្ហាញវិញនោះ គឺដោយសារតែអ្វីដែលព្រះជាម្ចាស់របស់ខ្ញុំបានផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំ។ ពិតប្រាកដណាស់ ទ្រង់មហាឮ និងនៅជិតបំផុត។
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញ នៅពេលដែលពួកគេមានការភ័យខ្លាច។ ពេលនោះ ពួកគេគ្មានកន្លែងរត់គេចនោះឡើយ។ ហើយពួកគេត្រូវបានគេនាំខ្លួនមកពីកន្លែងដ៏ជិតបំផុត។
ហើយពួកគេនិយាយថា៖ ពួកយើងមានជំនឿនឹងវាហើយ។ តើពួកគេមានជំនឿយ៉ាងដូចម្តេច ខណៈដែលកន្លែងដែលគេទទួលយកជំនឿបានឃ្លាតឆ្ងាយពីពួកគេហើយនោះ?
ហើយជាការពិតណាស់ ពួកគេបានប្រឆាំងនឹងវាកាលពីមុន ហើយពួកគេបានចោទប្រកាន់ដោយការប៉ាន់ស្មានខុសយ៉ាងសែនឆ្ងាយ។
ហើយគេបានរារាំងរវាងពួកគេ និងរវាងអ្វីដែលពួកគេប្រាថ្នាចង់បាន ដូចដែលគេបានធ្វើចំពោះពួកដែល(មានលក្ខណៈ)ដូចពួកគេនោះដែរ។ ពិតប្រាកដណាស់ ពួកគេធ្លាប់មានភាពមន្ទិលសង្ស័យបំផុត។