عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

Originator [Fatir] - Khmer translation - Rowwad Translation Center

Surah Originator [Fatir] Ayah 45 Location Maccah Number 35

ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាអ្នកបង្កើតមេឃជាច្រើនជាន់និងផែនដី។ ទ្រង់ជាអ្នកដែលឲ្យម៉ាឡាអ៊ីកាត់ធ្វើជាអ្នកនាំសារ(ដោយពួកគេ)មានស្លាបពីរ ស្លាបបី និងស្លាបបួន។ ទ្រង់បន្ថែមក្នុងការបង្កើតនូវអ្វីដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

អ្វីដែលទ្រង់បានប្រទានឱ្យមនុស្សលោកនៃក្តីមេត្តាករុណា(របស់ទ្រង់) គឺគ្មាននរណាម្នាក់អាចរារាំងវាបានឡើយ។ ហើយអ្វីដែលទ្រង់រារាំងនោះ ក៏គ្មាននរណាម្នាក់អាចផ្តល់វាដល់គេបន្ទាប់ពីទ្រង់បាននោះដែរ។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នករំឭកនូវឧបការគុណរបស់អល់ឡោះមកលើពួកអ្នក។ តើមានអ្នកបង្កើតណាផ្សេងក្រៅពីអល់ឡោះជាម្ចាស់ដែលផ្តល់លាភសក្ការៈដល់ពួកអ្នកពីលើមេឃនិងផែនដីដែរឬទេ? គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ដូច្នេះ តើពួកអ្នកត្រូវបានគេបង្វែរ(ចេញពីការពិត)យ៉ាងដូចម្តេច?

ហើយប្រសិនបើពួកគេបដិសេធនឹងអ្នក(ព្យាការីមូហាំម៉ាត់)នោះ ពិតណាស់ បណ្តាអ្នកនាំសារជាច្រើនមុនអ្នកក៏ត្រូវបានគេបដិសេធដែរ។ ហើយកិច្ចការទាំងឡាយនឹងត្រូវគេនាំត្រឡប់ទៅកាន់អល់ឡោះ(តែមួយគត់)។

ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ គឺជាការពិត។ ដូច្នេះ ចូរកុំឱ្យឆាកជីវិតលោកិយបោកបញ្ឆោតពួកអ្នក និងចូរកុំឱ្យមេបោកបញ្ឆោតទាំងឡាយ(ស្ហៃតន) បោកបញ្ឆោតពួកអ្នកពីអល់ឡោះឱ្យសោះ។

ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវរបស់ពួកអ្នក(ឱមនុស្សលោក)។ ដូច្នេះ ចូរពួកអ្នកចាត់ទុកវាជាសត្រូវចុះ។ តាមពិត វាអំពាវនាវអ្នកដែលដើរតាមវាដើម្បីឱ្យពួកគេស្ថិតក្នុងចំណោមពួកឋាននរកដែលឆេះឆាប។

ពួកដែលគ្មានជំនឿ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។ រីឯបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលវិញ សម្រាប់ពួកគេនឹងទទួលបាននូវការអភ័យទោស និងផលបុណ្យដ៏ធំធេង(ឋានសួគ៌)។

ដូច្នេះ តើជនដែលត្រូវបានគេតុបតែងលម្អទង្វើអាក្រក់របស់គេឲ្យគេមើលឃើញថាវាជាប្រការល្អ(ដូចគ្នានឹងអ្នកដែលអល់ឡោះចង្អុលបង្ហាញឬ)? ពិតប្រាកដណាស់ អល់ឡោះទ្រង់ធ្វើឱ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនា និងចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនា។ ដូច្នេះ សូមអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំធ្វើឱ្យខ្លួនឯងអន្តរាយដោយទុក្ខព្រួយព្រោះតែ(ការប្រឆាំងរបស់)ពួកគេឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះដឹងបំផុតចំពោះអ្វីដែលពួកគេប្រព្រឹត្ត។

ហើយអល់ឡោះជាអ្នកដែលបញ្ជូនខ្យល់ ហើយវាក៏បានធ្វើឱ្យពពករសាត់។ ពេលនោះ យើងបានស្រោចស្រពទឹកភ្លៀងនោះទៅកាន់ទឹកដីដែលរាំងស្ងួត។ ហើយតាមរយៈទឹកភ្លៀងនោះ យើងក៏បានឱ្យដីនោះមានជីជាតិឡើងវិញក្រោយពីវាបានស្ងួតហួតហែង។ ការបង្កើតឱ្យរស់ឡើងវិញ(នៅថ្ងៃបរលោក) ក៏ដូច្នោះដែរ។

ជនណាហើយដែលចង់បានភាពខ្លាំងក្លា ពិតណាស់ ភាពខ្លាំងក្លាទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ហើយពាក្យពេចន៍ដែលល្អ(ការរំឭកចំពោះអល់ឡោះ) គឺឡើងទៅកាន់ទ្រង់ ហើយទង្វើកុសល ត្រូវគេលើកឡើងទៅកាន់ទ្រង់។ ហើយពួកដែលរៀបឧបាយកលអាក្រក់ សម្រាប់ពួកគេនឹងត្រូវទទួលទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។ ហើយឧបាយកលរបស់ពួកទាំងនោះនឹងត្រូវទទួលអន្តរាយ។

ហើយអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតពួកអ្នកអំពីដី បន្ទាប់មកពីទឹកកាម។ បន្ទាប់មកទៀត ទ្រង់បានបង្កើតពួកអ្នកឱ្យមានជាគូៗ។ គ្មានស្រ្តីណាម្នាក់ដែលពពោះ ហើយក៏គ្មានស្ត្រីណាម្នាក់ដែលប្រសូត្របុត្រនោះដែរ លើកលែងតែទ្រង់ដឹងទាំងអស់។ ហើយគ្មានការបន្ថែម ឬកាត់បន្ថយអាយុនរណាម្នាក់នោះឡើយ លើកលែងតែត្រូវបានកត់ត្រាទុកក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ្វ៊ូស)ទាំងអស់។ ពិតប្រាកដណាស់ នោះគឺជារឿងងាយស្រួលបំផុតសម្រាប់អល់ឡោះជាម្ចាស់។

ហើយសមុទ្រពីរមិនអាចស្មើគ្នាឡើយ គឺមួយមានរសជាតិសាប ងាយស្រួលទទួលទាន ហើយមួយទៀតមានរសជាតិប្រៃល្វីង។ ហើយរាល់សមុទ្រទាំងពីរនេះ ពួកអ្នកអាចបរិភោគនូវសាច់ស្រស់(ត្រី) ហើយពួកអ្នកក៏អាចយកចេញ(ពីសមុទ្រនោះ)នូវគ្រឿងអលង្ការដែលពួកអ្នកពាក់វាផងដែរ។ ហើយអ្នកឃើញសំពៅទាំងឡាយពុះជ្រែកផ្ទៃសមុទ្រដើម្បីស្វែងរកការប្រោសប្រទានរបស់ទ្រង់។ ហើយសង្ឃឹមថា ពួកអ្នកនឹងដឹងគុណ(អល់ឡោះ)។

ទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃទៅក្នុងពេលយប់។ ហើយទ្រង់បានកំណត់គន្លងគោចររបស់ព្រះអាទិត្យនិងព្រះចន្ទ ដោយវាទាំងពីរធ្វើដំណើររហូតដល់ពេលវេលាដែលត្រូវបានកំណត់។ នោះគឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នក។ អំណាចគ្រប់គ្រងទាំងឡាយ គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ រីឯពួកដែលពួកអ្នកគោរពសក្ការៈក្រៅពីទ្រង់នោះ ពួកវាគ្មានសមត្ថភាពអ្វីនោះឡើយ សូម្បីតែប៉ុនស្រទាប់គ្រាប់ល្មើក៏ដោយ។

ទោះបីជាពួកអ្នកបួងសួងសុំពីពួកវាក៏ដោយ ក៏ពួកវាមិនឮការបួងសួងរបស់ពួកអ្នកដែរ។ ហើយបើទោះបីជាពួកវាឮ ក៏ពួកវាមិនអាចឆ្លើយតបនឹងពួកអ្នកបានដែរ។ ហើយនៅថ្ងៃបរលោក ពួកវានឹងបដិសេធចំពោះការធ្វើស្ហ៊ីរិករបស់ពួកអ្នក។ ហើយគ្មាននរណាម្នាក់អាចប្រាប់ដំណឹងពិតអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាងអ្នកដែលមហាដឹងបំផុត(អល់ឡោះ)ឡើយ។

ឱមនុស្សលោកទាំងឡាយ! ពួកអ្នកគឺជាអ្នកដែលត្រូវការបំផុតទៅកាន់អល់ឡោះជាម្ចាស់។ ចំណែកឯអល់ឡោះជាម្ចាស់វិញ ទ្រង់មហាមានលើសលប់ ជាអ្នកដែលត្រូវគេកោតសរសើរបំផុត។

ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងបំផ្លាញពួកអ្នក ហើយនាំមកនូវភាវៈថ្មី(មកជំនួសពួកអ្នក)ជាមិនខាន។

ហើយនោះពុំមែនជារឿងដែលលំបាកសម្រាប់អល់ឡោះជាម្ចាស់ឡើយ។

ហើយគ្មានបុគ្គលណាម្នាក់រ៉ាប់រងនូវបាបកម្មរបស់អ្នកដទៃឡើយ។ ហើយប្រសិនបើបុគ្គលដែលមានអំពើបាបធ្ងន់ធ្ងរសុំឱ្យអ្នកដទៃរែកពុនបាបកម្មនោះ(ជំនួសខ្លួន) ក៏គ្មានគេរែកពុនអ្វីមួយអំពីវាបន្តិចនោះដែរ ទោះបីជាម្នាក់នោះ ជាសាច់ញាតិរបស់គេក៏ដោយ។ តាមពិត អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គ្រាន់តែដាស់តឿនព្រមានចំពោះអ្នកដែលខ្លាចព្រះជាម្ចាស់របស់ពួកគេដោយអាថ៌កំបាំង ហើយពួកគេប្រតិបត្តិសឡាតប៉ុណ្ណោះ។ ហើយជនណាដែលសម្អាតខ្លួន(ពីអំពើល្មើស) តាមពិត គឺគេសម្អាតសម្រាប់ខ្លួនឯងប៉ុណ្ណោះ។ ហើយកន្លែងវិលត្រឡប់(នៅថ្ងៃបរលោក) គឺឆ្ពោះទៅកាន់អល់ឡោះ(តែមួយគត់)។

ហើយមិនស្មើគ្នានោះទេរវាងមនុស្សខ្វាក់ និងអ្នកដែលមើលឃើញ

ហើយភាពងងឹត និងពន្លឺ

ហើយនិងម្លប់ និងកន្លែងក្តៅ(គ្មានម្លប់)នោះ។

ហើយក៏មិនស្មើគ្នានោះដែររវាងមនុស្សរស់ និងមនុស្សស្លាប់នោះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ធ្វើឱ្យស្តាប់ឮ(ការចង្អុលបង្ហាញ)ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពុំមែនជាអ្នកដែលអាចធ្វើឱ្យអ្នកដែលនៅក្នុងផ្នូរស្តាប់ឮនោះឡើយ។

អ្នកគ្រាន់តែជាអ្នកដាស់តឿនព្រមានម្នាក់ប៉ុណ្ណោះ។

ពិតប្រាកដណាស់ យើងបានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាមួយនឹងការពិតដើម្បីឱ្យអ្នកធ្វើជាអ្នកផ្តល់ដំណឹងរីករាយ និងដាស់តឿនព្រមាន។ ហើយរាល់ប្រជាជាតិទាំងអស់ គឺតែងតែមានអ្នកដាស់តឿនព្រមាន(ទៅកាន់ពួកគេ)។

ហើយប្រសិនបើពួកគេបដិសេធនឹងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ជាការពិតណាស់ អ្នកជំនាន់មុនពួកគេក៏បានបដិសេធ(នឹងអ្នកនាំសារពួកគេ)ដូចគ្នាដែរ។ បណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកឱ្យពួកគេនូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ ព្រមទាំងគម្ពីរ(នៃក្បួនច្បាប់) និងគម្ពីរដែលបំភ្លឺ។

ដូចនេះ យើងក៏បានបំផ្លាញពួកដែលប្រឆាំង។ ដូច្នេះ តើទណ្ឌកម្ម(របស់យើងទៅលើពួកគេ)យ៉ាងដូចម្តេច?

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយតាមរយៈទឹកភ្លៀងនោះ យើងបានបញ្ចេញនូវផលានុផលយ៉ាងច្រើនដែលមានពណ៌ខុសៗគ្នា។ ហើយភ្នំមួយចំនួន គឺមានឆ្នូតដែលមានពណ៌ខុសៗគ្នា គឺពណ៌ស ក្រហម និងឆ្នូតពណ៌ខ្មៅងងឹត។

ហើយក្នុងចំណោមមនុស្សលោក សត្វល្មូន និងសត្វពាហនៈក៏មានពណ៌ខុសៗគ្នាដូច្នោះដែរ។ តាមពិត មានតែអ្នកដែលមានចំណេះដឹងទេដែលខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាអភ័យទោសបំផុត។

ពិតប្រាកដណាស់ បណ្តាអ្នកដែលសូត្រគម្ពីររបស់អល់ឡោះ និងបានប្រតិបត្តិសឡាត ហើយនិងបរិច្ចាគមួយចំនួនអំពីអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេទាំងលាក់បាំង ទាំងបើកចំហដោយពួកគេរំពឹងនូវជំនួញមួយដែលគ្មានការខាតបង់។

ដើម្បីទ្រង់នឹងបំពេញឱ្យពួកគេនូវផលបុណ្យរបស់ពួកគេយ៉ាងពេញលេញ ព្រមទាំងបន្ថែមដល់ពួកគេនូវការប្រោសប្រទានអំពីទ្រង់។ ពិតប្រាកដណាស់ ទ្រង់មហាអភ័យទោស មហាដឹងគុណបំផុត។

ហើយគម្ពីរ(គួរអាន)ដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) វាគឺជាការពិតដើម្បីបញ្ជាក់ទៅលើបណ្តាគម្ពីរទាំងឡាយពីមុនមក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹង មហាឃើញបំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។

ក្រោយមក យើងបានប្រទានគម្ពីរ(គួរអាន)ដល់អ្នកដែលយើងបានជ្រើសរើសក្នុងចំណោមខ្ញុំបម្រើរបស់យើង(ប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់)។ ក្នុងចំណោមពួកគេ មានអ្នកបំពានលើខ្លួនឯង។ ហើយក្នុងចំណោមពួកគេ គឺមានអ្នកដែលបំពេញត្រឹមតែកាតព្វកិច្ច ហើយក្នុងចំណោមពួកគេទៀត គឺមានអ្នកដែលរួសរាន់ក្នុងការសាងអំពើល្អដោយការអនុញ្ញាតពីអល់ឡោះ។ នោះគឺជាការប្រោសប្រទានដ៏ធំធេង។

គឺឋានសួគ៌អាត់និនដែលពួកគេនឹងចូលទៅក្នុងវាដោយពួកគេត្រូវបានគេតុបតែងនៅក្នុងនោះដោយខ្សែដៃធ្វើអំពីមាស និងគុជខ្យង។ ហើយសម្លៀកបំពាក់របស់ពួកគេនៅក្នុងនោះ គឺក្រណាត់សូត្រ។

ហើយពួកគេបានពោលថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានបំបាត់នូវទុក្ខព្រួយចេញពីពួកយើង។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកយើង គឺពិតជាមហាអភ័យទោស មហាដឹងគុណបំផុត។

ទ្រង់គឺជាអ្នកដែលបានប្រទានឱ្យពួកយើងនូវលំនៅឋានដែលអមតៈ(ឋានសួគ៌)ដោយការប្រោសប្រទានអំពីទ្រង់។ នៅក្នុង(ឋានសួគ៌)នោះ ពួកយើងមិនទទួលនូវភាពហត់នឿយ និងក៏មិនទទួលនូវការលំបាកអ្វីឡើយ។

រីឯពួកដែលគ្មានជំនឿវិញ សម្រាប់ពួកគេគឺនរកជើហាន់ណាំ។ គេមិនកំណត់ឱ្យពួកគេស្លាប់ ហើយក៏មិនបន្ធូរបន្ថយនូវទណ្ឌកម្មដល់ពួកគេនោះដែរ។ ដូច្នោះដែរ យើងនឹងតបស្នងរាល់ជនដែលប្រឆាំងទាំងឡាយ។

ហើយពួកគេស្រែកយ៉ាងខ្លាំងនៅក្នុងឋាននរកនោះថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាបញ្ចេញយើងខ្ញុំ(ពីឋាននរកវិញ)ផងចុះ ដើម្បីពួកយើងនឹងសាងទង្វើកុសលជំនួសទង្វើ(អាក្រក់)ដែលពួកយើងធ្លាប់បានសាង។ (ទ្រង់បានតបថា៖) តើពុំមែនទេឬដែលយើងបានទុកអាយុជីវិតឱ្យពួកអ្នក(ក្នុងលោកិយ)ដើម្បីធ្វើការពិចារណាចំពោះជនណាដែលចង់ពិចារណា ថែមទាំងអ្នកដាស់តឿនព្រមានក៏បានមកដល់ពួកអ្នកទៀតនោះ? ហេតុនេះ ចូរពួកអ្នកភ្លក់ចុះ(នូវទណ្ឌកម្មភ្លើងនរក)។ ពិតណាស់ សម្រាប់ពួកដែលបំពាន គឺគ្មានអ្នកជួយនោះឡើយ។

ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកដឹងបំផុតនូវអាថ៌កំបាំងនៃមេឃជាច្រើនជាន់និងផែនដី។ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតនូវអ្វីដែលនៅក្នុងដួងចិត្ត។

ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នក(ឱបណ្តាមនុស្សលោក)ជាអ្នកស្នងការគ្រប់គ្រងនៅលើផែនដី។ ដូច្នេះ ជនណាដែលប្រឆាំង ពិតណាស់ ការប្រឆាំងរបស់គេ គឺធ្លាក់ទៅលើខ្លួនគេផ្ទាល់ប៉ុណ្ណោះ។ ហើយការប្រឆាំងរបស់ពួកគេ គឺគ្មានបានបន្ថែមអ្វីដល់ពួកប្រឆាំងនៅចំពោះអល់ឡោះជាម្ចាស់ឡើយ ក្រៅតែពីការខឹងក្រោធប៉ុណ្ណោះ។ ហើយការប្រឆាំងរបស់ពួកគេ ក៏គ្មានបានបន្ថែមអ្វីដល់ពួកប្រឆាំងក្រៅតែពីការខាតបង់នោះដែរ។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំអំពីព្រះនានារបស់ពួកអ្នកដែលពួកអ្នកគោរពសក្ការៈក្រៅពីអល់ឡោះ តើមានអ្វីខ្លះនៃផែនដីដែលពួកវាបានបង្កើតនោះ? ឬមួយក៏ពួកវាបានចូលរួម(ជាមួយអល់ឡោះ)ក្នុងការបង្កើតមេឃជាច្រើនជាន់? ឬមួយក៏យើងបានប្រទានឱ្យពួកគេនូវគម្ពីរមួយដែលពួកគេយកវាជាអំណះអំណាង? ផ្ទុយទៅវិញ ពួកដែលបំពានមិនបានសន្យាអ្វីចំពោះគ្នាទៅវិញទៅមកក្រៅតែពីការបោកប្រាស់នោះឡើយ។

ពិតប្រាកដណាស់ អល់ឡោះទ្រង់ទប់មេឃជាច្រើនជាន់និងផែនដីកុំឱ្យវាទាំងពីរញ័ររញ្ជួយ។ ហើយប្រសិនបើវាទាំងពីរញ័ររញ្ជួយនោះ ក៏គ្មាននរណាម្នាក់អាចទប់វាទាំងពីរក្រៅពីទ្រង់នោះដែរ។ ពិតប្រាកដណាស់ ទ្រង់មហាខន្តី មហាអភ័យទោសបំផុត។

ហើយពួកគេ(ពួកមុស្ហរីគីន)បានស្បថយ៉ាងម៉ឺងម៉ាត់នឹងអល់ឡោះថា៖ ប្រសិនបើមានអ្នកដាស់តឿនព្រមានបានមកដល់ពួកគេ ប្រាកដជាពួកគេនឹងទទួលបានការចង្អុលបង្ហាញជាងប្រជាជាតិទាំងឡាយជាមិនខាន។ ប៉ុន្តែនៅពេលដែលអ្នកដាស់តឿនព្រមាន(ព្យាការីមូហាំម៉ាត់)បានមកដល់ពួកគេ វាមិនបានបន្ថែមអ្វីដល់ពួកគេ ក្រៅតែពីការឃ្លាតកាន់តែឆ្ងាយ(ពីការពិត)នោះឡើយ។

(ពួកគេស្បថបែបនោះ)ដោយភាពក្រអឺតក្រទមនៅលើផែនដី និងគម្រោងការអាក្រក់ប៉ុណ្ណោះ។ ហើយគម្រោងដ៏អាក្រក់(របស់ពួកគេ) គឺមិនធ្លាក់លើអ្នកណាក្រៅតែពីពួកដែលរៀបគម្រោងការនោះឡើយ។ ដូច្នេះ តើពួកទាំងនោះមិនរង់ចាំអ្វីក្រៅពីមាគ៌ារបស់ពួកជំនាន់មុននោះឬ? ជាការពិតណាស់ អ្នកនឹងមិនឃើញមាគ៌ារបស់អល់ឡោះមានការផ្លាស់ប្តូរឡើយ ហើយអ្នកក៏មិនឃើញមាគ៌ារបស់អល់ឡោះមានការប្រែប្រួលនោះដែរ។

តើពួកគេ(ពួកមុស្ហរីគីន)មិនបានធ្វើដំណើរលើផែនដី ហើយពិចារណាមើលទេឬ ថាតើលទ្ធផលចុងក្រោយនៃប្រជាជាតិជំនាន់មុនពួកគេទៅជាយ៉ាងណា ខណៈដែលពួកទាំងនោះខ្លាំងក្លាជាងពួកគេទៅទៀត? ហើយគ្មានអ្វីមួយដែលនៅលើមេឃជាច្រើនជាន់និងផែនដីអាចធ្វើឲ្យទ្រង់អសមត្ថភាពនោះឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាមានអានុភាពបំផុត។

ហើយប្រសិនបើអល់ឡោះយកទោសពៃរ៍មនុស្សលោកចំពោះអ្វីដែលពួកគេបានសាងនោះ ច្បាស់ជាទ្រង់មិនបន្សល់ទុកសត្វលោកណាមួយនៅលើផែនដីនោះឡើយ។ ក៏ប៉ុន្តែទ្រង់ពន្យារឱ្យពួកគេរហូតដល់ពេលកំណត់។ ហើយនៅពេលដែលកាលកំណត់របស់ពួកគេបានមកដល់ហើយនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាឃើញបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់។