عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

Ya Seen [Ya Seen] - Khmer translation - Rowwad Translation Center

Surah Ya Seen [Ya Seen] Ayah 83 Location Maccah Number 36

យ៉ាស៊ីន (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។

(អល់ឡោះ)ស្បថនឹងគម្ពីរគួរអានដែលប្រកបដោយគតិបណ្ឌិត។

ពិតប្រាកដណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពិតជាស្ថិតក្នុងចំណោមបណ្តាអ្នកនាំសារទាំងឡាយ

ដែលស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ

(គម្ពីរគួរអាននេះ)ត្រូវបានគេបញ្ចុះមកពីព្រះជាម្ចាស់ដ៏មហាខ្លាំងពូកែ មហាអាណិតស្រលាញ់

ដើម្បីឱ្យអ្នកដាស់តឿនព្រមានចំពោះក្រុមមួយដែលជីដូនជីតារបស់ពួកគេពុំធ្លាប់មានដាស់តឿនព្រមាននោះឡើយ។ ដូច្នេះ ពួកគេគឺជាពួកដែលព្រងើយកន្តើយ។

ពិតប្រាកដណាស់ ពាក្យពេចន៍(ទណ្ឌកម្ម)ត្រូវបានកំណត់ទៅលើភាគច្រើននៃពួកគេ។ ពិតប្រាកដណាស់ ពួកគេមិនមានជំនឿឡើយ។

ពិតប្រាកដណាស់ យើងបានដាក់ច្រវាក់កពួកគេ(ភ្ជាប់នឹងដៃទាំងពីរ)ដាក់ក្រោមចង្ការធ្វើឲ្យ(ក្បាល)ពួកគេងើយឡើងលើ(ជាប់ជានិច្ច)។

ហើយយើងបានដាក់របាំងមួយនៅពីមុខពួកគេ និងនៅពីក្រោយពួកគេ រួចយើងបានបំបាំងភ្នែកពួកគេ។ ដូច្នេះ ពួកគេមិនអាចមើលឃើញ(ការពិត)នោះឡើយ។

វាដូចតែគ្នាទេចំពោះពួកទាំងនោះ ទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាស់តឿនព្រមានពួកគេ ឬក៏មិនដាស់តឿនព្រមានពួកគេក៏ដោយ ក៏ពួកគេមិនមានជំនឿនោះដែរ។

តាមពិត អ្នកដាស់តឿនព្រមានតែចំពោះអ្នកដែលដើរតាមការរំលឹក(គម្ពីរគួរអាន) ហើយគេខ្លាចព្រះជាម្ចាស់ដ៏មហាសប្បុរសទាំង(នៅកន្លែង)កំបាំង។ ដូច្នេះ ចូរអ្នក(ព្យាការីមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់រូបគេនូវការអភ័យទោស និងផលបុណ្យដ៏ប្រពៃ(ឋានសួគ៌)។

ពិតប្រាកដណាស់ យើងជាអ្នកធ្វើឱ្យអ្នកស្លាប់រស់ឡើងវិញ ហើយយើងកត់ត្រាទុកនូវអ្វីដែលពួកគេបានសាង និងអ្វីៗដែលពួកគេបន្សល់ទុក។ ហើយពិតប្រាកដណាស់ រាល់អ្វីៗទាំងអស់ គឺយើងបានកត់ត្រាទុកនៅក្នុងគម្ពីរមួយ(ឡាវហ៊ុលម៉ះហ្វ៊ូស)យ៉ាងច្បាស់លាស់។

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកជាឧទាហរណ៍សម្រាប់ពួកគេនូវរឿងរ៉ាវរបស់អ្នកស្រុកភូមិមួយនៅពេលដែលបណ្តាអ្នកនាំសារបានទៅដល់ភូមិស្រុកនោះ។

ខណៈដែលយើងបានបញ្ជូន(អ្នកនាំសារ)ពីរនាក់ទៅកាន់ពួកគេ តែពួកគេបានបដិសេធនឹងគេទាំងពីរ។ ដូច្នេះ យើងក៏បានពង្រឹង(គេទាំងពីរ)ដោយអ្នកទីបីទៀត។ ហើយពួកគាត់(អ្នកនាំសារ)បាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលត្រូវបានគេបញ្ជូនមកកាន់ពួកអ្នក។

ពួកគេបានតបថា៖ ពួកអ្នកគ្មានអ្វីក្រៅតែជាមនុស្សលោកដូចពួកយើងប៉ុណ្ណោះ។ ហើយព្រះជាម្ចាស់ដ៏មហាសប្បុរសក៏មិនបានបញ្ចុះអ្វីមួយមកនោះដែរ។ តាមពិត ពួកអ្នកគ្រាន់តែជាមនុស្សភូតកុហកប៉ុណ្ណោះ។

ពួកគាត់បានតបវិញថា៖ ព្រះជាម្ចាស់របស់ពួកយើងទ្រង់ដឹងថា ពិតប្រាកដណាស់ ពួកយើងពិតជាអ្នកដែលត្រូវបានគេបញ្ជូនមកកាន់ពួកអ្នកប្រាកដមែន។

ហើយពួកយើងគ្មានកាតព្វកិច្ចអ្វីក្រៅពីការផ្សព្វផ្សាយ(សារ)ដ៏ច្បាស់លាស់ប៉ុណ្ណោះ។

ពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងមានប្រផ្នូលអាក្រក់ដោយសារពួកអ្នក។ ប្រសិនបើពួកអ្នកមិនព្រមបញ្ឈប់(ការអំពាវនាវ)ទេនោះ ពួកយើងប្រាកដជានឹងគប់សម្លាប់ពួកអ្នក ហើយពួកអ្នកនឹងទទួលរងនូវទារុណកម្មដ៏សែនឈឺចាប់ពីពួកយើងជាមិនខាន។

ពួកគាត់ក៏តបវិញថា៖ ប្រផ្នូលអាក្រក់របស់ពួកអ្នក គឺនៅជាមួយនឹងពួកអ្នក។ តើការដែលគេទូន្មានពួកអ្នកនោះ(ជាប្រផ្នូលអាក្រក់)ឬ? ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមដែលបំពាន។

ហើយមានបុរសម្នាក់មកពីជាយក្រុងបានមកដល់យ៉ាងប្រញាប់ប្រញាល់។ គេបាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកដើរតាមអ្នកនាំសារទាំងនោះចុះ។

ចូរពួកអ្នកដើរតាមអ្នកដែលមិនបានទាមទារកម្រៃអ្វីសោះពីពួកអ្នកចុះ ព្រោះពួកគេជាអ្នកដែលទទួលបានការចង្អុលបង្ហាញ។

ហើយតើមានអ្វីដែលរារាំងខ្ញុំមិនឱ្យគោរពសក្ការៈចំពោះអ្នកដែលបានបង្កើតខ្ញុំ ហើយពួកអ្នកត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់(តែមួយគត់)នោះ?

តើឱ្យខ្ញុំយកអ្នកផ្សេងក្រៅពីទ្រង់ធ្វើជាព្រះឬ? ប្រសិនបើព្រះជាម្ចាស់ដ៏មហាសប្បុរសមានចេតនាឱ្យខ្ញុំទទួលនូវគ្រោះណាមួយនោះ ការអន្តរាគមន៍របស់ពួកវាមិនអាចផ្តល់ជាប្រយោជន៍អ្វីបន្តិចដល់ខ្ញុំឡើយ ហើយក៏មិនអាចសង្គ្រោះ(រូបខ្ញុំ)បាននោះដែរ។

ពិតប្រាកដណាស់ ប្រសិនបើដូច្នោះ រូបខ្ញុំប្រាកដជាស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់ជាមិនខាន។

ពិតប្រាកដណាស់ ខ្ញុំមានជំនឿហើយលើព្រះជាម្ចាស់របស់ពួកអ្នក(អល់ឡោះ)។ ហេតុនេះ ចូរពួកអ្នកស្តាប់ខ្ញុំ។

(ក្រោយពីបុរសនោះត្រូវបានគេសម្លាប់) មានគេនិយាយទៅកាន់គាត់ថា៖ ចូរអ្នកចូលឋានសួគ៌ចុះ។ គាត់ក៏បានពោលថា៖ ឱអនិច្ចាក្រុមរបស់ខ្ញុំ! គួរណាតែពួកគេបានដឹង

នូវអ្វីដែលព្រះជាម្ចាស់របស់ខ្ញុំបានអភ័យទោសដល់រូបខ្ញុំ និងបានឲ្យរូបខ្ញុំស្ថិតក្នុងចំណោមអ្នកដែលត្រូវគេលើកតម្កើង។

ហើយយើងមិនបានបញ្ចុះកងទ័ព(ម៉ាឡាអ៊ីកាត់)ពីលើមេឃទៅបំផ្លាញក្រុមរបស់គេបន្ទាប់ពីរូបគេ(ត្រូវបានគេសម្លាប់)នោះឡើយ ហើយយើងក៏មិនមែនជាអ្នកបញ្ចុះ(ម៉ាឡាអ៊ីកាត់)នោះដែរ។

វាគ្រាន់តែសម្រែកយ៉ាងខ្លាំងមួយប៉ុណ្ណោះ។ នៅពេលនោះ ពួកគេក៏ស្លាប់អស់គ្មានសល់។

គួរឱ្យសោកស្តាយបំផុតចំពោះខ្ញុំបម្រើទាំងឡាយ! គ្មានអ្នកនាំសារណាម្នាក់បានមកដល់ពួកគេឡើយ លើកលែងតែពួកគេសើចចំអកចំពោះគាត់ទៅវិញ។

តើពួកគេមិនបានឃើញទេឬ តើមានប្រជាជាតិជំនាន់មុនពួកគេប៉ុន្មានហើយដែលយើងបានបំផ្លាញនោះ? ជាការពិតណាស់ ពួកទាំងនោះមិនបានវិលត្រឡប់មកកាន់ពួកគេវិញឡើយ។

ហើយរាល់ប្រជាជាតិទាំងអស់ ពួកគេនឹងត្រូវគេនាំមកឲ្យមានវត្តមាននៅចំពោះមុខយើងទាំងអស់គ្នា(នៅថ្ងៃបរលោក)។

ហើយជាសញ្ញាភស្តុតាងមួយសម្រាប់ពួកគេ គឺដីដែលស្លាប់(ស្ងួតហួតហែង) យើងបានឲ្យវារស់ឡើងវិញ(មានរុក្ខជាតិដុះតាមរយៈទឹកភ្លៀង) ហើយយើងបានបញ្ចេញពីដីនោះនូវគ្រាប់ធញ្ញជាតិ(ជាច្រើនប្រភេទ)ដោយពួកគេអាចទទួលទានអំពីវាបាន។

ហើយយើងបានឱ្យដីនោះមាននូវចម្ការជាច្រើនអំពីដើមល្មើ និងទំពាំងបាយជូរ។ ហើយយើងបានធ្វើឱ្យមានប្រភពទឹកបាញ់ចេញពីក្នុងវាផងដែរ

ដើម្បីឱ្យមនុស្សលោកទទួលទានអំពីផលានុផលរបស់វា ខណៈដែលពួកគេមិនបានប្រឹងប្រែងដោយដៃរបស់ពួកគេឡើយ។ ដូច្នេះ តើពួកគេមិនដឹងគុណ(អល់ឡោះ)ទេឬ?

ទ្រង់មហាស្អាតស្អំដែលបានបង្កើតឲ្យមានជាគូៗនូវរាល់អ្វីៗទាំងអស់ ទាំងអំពីអ្វីដែលដុះចេញពីក្នុងដី និងអំពីខ្លួនរបស់គេផ្ទាល់ ហើយនិងអំពីអ្វីផ្សេងទៀតដែលពួកគេមិនបានដឹង។

ហើយជាសញ្ញាភស្តុតាងសម្រាប់ពួកគេផងដែរ គឺយើងបានធ្វើឱ្យពេលយប់ដកយក(ពន្លឺ)ពេលថ្ងៃ។ ពេលនោះ ស្រាប់តែពួកគេស្ថិតនៅក្នុងភាពងងឹតសូន្យសុង។

ហើយចំពោះព្រះអាទិត្យ គឺវាធ្វើចលនាទៅតាមគន្លងរបស់វា(យ៉ាងជាក់លាក់)។ នោះគឺជាការកំណត់របស់ព្រះជាម្ចាស់ដ៏មហាខ្លាំងពូកែ មហាដឹងបំផុត។

រីឯព្រះចន្ទ យើងបានកំណត់វាជាដំណាក់ៗ(ជារៀងរាល់យប់) រហូតដល់វាត្រឡប់ទៅវិញ ប្រៀបដូចជាធាងល្មើដែលស្ងួត។

ព្រះអាទិត្យមិនអាចធ្វើដំណើរទៅទាន់ព្រះចន្ទនោះឡើយ ហើយពេលយប់ក៏មិនអាចមកដល់មុនពេលថ្ងៃនោះដែរ។ ហើយរាល់អ្វីៗទាំងនោះ គឺសុទ្ធតែធ្វើចលនាតាមគន្លងរបស់វារៀងៗខ្លួន។

ហើយជាសញ្ញាភស្តុតាងសម្រាប់ពួកគេផងដែរនោះ គឺយើងបានដឹកកូនចៅរបស់ពួកគេក្នុងសំពៅដែលពោរពេញ(ទៅដោយភាវៈគ្រប់ប្រភេទ)។

ហើយយើងបានបង្កើតសម្រាប់ពួកគេនូវអ្វីដែលពួកគេជិះ(យានជំនិះផ្សេងៗ)ដូចទៅនឹងសំពៅនោះដែរ។

ហើយប្រសិនបើយើងមានចេតនា យើងនឹងពន្លិចពួកគេជាមិនខាន។ នៅពេលនោះ ពួកគេគ្មានអ្នកជួយ ហើយក៏មិនត្រូវបានគេសង្គ្រោះនោះដែរ។

លើកលែងតែដោយក្តីមេត្តាករុណាអំពីយើង និងឱ្យ(ពួកគេ)សោយសុខរហូតដល់ពេលកំណត់ប៉ុណ្ណោះ។

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេ(ពួកមុស្ហរីគីន)ថា៖ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះអ្វីដែលនៅខាងមុខពួកអ្នក(ថ្ងៃបរលោក) និងអ្វីដែលនៅខាងក្រោយពួកអ្នក(លោកិយ) សង្ឃឹមថាពួកអ្នកនឹងត្រូវបានគេអាណិតស្រឡាញ់ (គឺពួកគេមិនធ្វើតាមឡើយ)។

ហើយគ្មានសញ្ញាភស្តុតាងណាមួយក្នុងចំណោមសញ្ញាភស្តុតាងទាំងឡាយរបស់ព្រះជាម្ចាស់ពួកគេបានមកដល់ពួកគេឡើយ លើកលែងតែពួកគេងាកចេញអំពីវា។

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកទាំងនោះថា៖ ចូរពួកអ្នកបរិច្ចាគអំពីអ្វីដែលអល់ឡោះបានប្រទានជាលាភសក្ការៈដល់ពួកអ្នក ពួកដែលគ្មានជំនឿនោះបានតបទៅកាន់បណ្តាអ្នកមានជំនឿវិញថា៖ តើឱ្យពួកយើងផ្តល់អាហារឱ្យអ្នកដែលប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់ប្រាកដជានឹងប្រទានអាហារដល់គេនោះឬ? ពិតណាស់ ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)គ្មានអ្វីក្រៅពីស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់នោះឡើយ។

ហើយពួកគេនិយាយថា៖ តើការសន្យានេះនឹងមកដល់នៅពេលណា ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ?

ពួកទាំងនោះគ្មានរង់ចាំអ្វីក្រៅពីសម្រែកមួយ(សំឡេងត្រែលើកទីមួយ)ដែលឆក់យកជីវិតពួកគេ ខណៈដែលពួកគេកំពុងតែឈ្លោះប្រកែកគ្នានោះឡើយ។

នៅពេលនោះ ពួកគេមិនអាចធ្វើការផ្តែផ្តាំ ហើយក៏មិនអាចវិលត្រឡប់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេបាននោះដែរ។

ហើយគេបានផ្លុំត្រែ(ជាលើកទីពីរ)។ ស្រាប់តែពេលនោះ ពួកគេក្រោកចេញពីផ្នូរយ៉ាងលឿនឆ្ពោះទៅកាន់ព្រះជាម្ចាស់របស់ពួកគេ។

ពួកគេនិយាយថា៖ អន្តរាយហើយពួកយើង! តើនរណាជាអ្នកឲ្យពួកយើងក្រោកចេញពីផ្នូររបស់ពួកយើងនេះ? (មានគេឆ្លើយថា៖) នេះហើយជាអ្វីដែលព្រះជាម្ចាស់ដ៏មហាសប្បុរសទ្រង់បានសន្យា ហើយបណ្តាអ្នកនាំសារទាំងឡាយក៏បានប្រាប់នូវដំណឹងពិតនេះដែរ។

វាគ្មានអ្វីក្រៅពីសម្រែក(ផ្លុំត្រែ)តែមួយប៉ុណ្ណោះ។ ស្រាប់តែពេលនោះ ពួកគេត្រូវគេនាំមកឲ្យមានវត្តមាននៅចំពោះមុខយើងទាំងអស់គ្នា។

ដូច្នេះនៅថ្ងៃនេះ គ្មានជីវិតណាមួយត្រូវបានគេបំពានបន្តិចនោះឡើយ។ ហើយពួកអ្នកក៏មិនត្រូវបានតបស្នងក្រៅតែពីអ្វីដែលពួកអ្នកបានប្រព្រឹត្តនោះដែរ។

ពិតប្រាកដណាស់ បណ្តាអ្នកឋានសួគ៌ នៅក្នុងថ្ងៃនោះ គឺពួកគេរវល់នឹងភាពសោយសុខ។

ពួកគេ និងភរិយារបស់ពួកគេផ្អែកខ្លួនលើគ្រែដ៏ល្អប្រណីតក្រោមម្លប់(ដ៏ត្រជាក់ត្រជុំ)។

នៅក្នុងឋានសួគ៌នោះ ពួកគេនឹងទទួលបានផ្លែឈើគ្រប់ប្រភេទ ហើយពួកគេនឹងទទួលបាននូវអ្វីដែលពួកគេស្នើសុំ។

(ពួកគេទទួលបាន)សាឡាមដែលជាបន្ទូលពីព្រះជាម្ចាស់ដ៏មហាអាណិតស្រលាញ់បំផុត។

(មានគេនិយាយទៅកាន់ពួកគ្មានជំនឿថា៖) នៅថ្ងៃនេះ ឱពួកឧក្រិដ្ឋជនទាំងឡាយ ចូរពួកអ្នកញែកខ្លួនចេញ(ពីបណ្តាអ្នកមានជំនឿ)ចុះ។

(អល់ឡោះបានមានបន្ទូលថា៖) តើយើងមិនបានផ្តែផ្តាំអ្នកទេឬ ឱកូនចៅអាហ្ទាំថា៖ ចូរពួកអ្នកកុំគោរពសក្ការៈចំពោះស្ហៃតនឱ្យសោះ។ ពិតប្រាកដណាស់ វាជាសត្រូវយ៉ាងច្បាស់លាស់ចំពោះពួកអ្នក។

តែពួកអ្នកត្រូវគោរពសក្ការៈមកចំពោះយើងវិញ។ នេះហើយជាមាគ៌ាដ៏ត្រឹមត្រូវ។

ហើយជាការពិតណាស់ ស្ហៃតនបានធ្វើឱ្យមនុស្សយ៉ាងច្រើនក្នុងចំណោមពួកអ្នកវង្វេង។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាទេឬ?

នេះហើយជាឋាននរកជើហាន់ណាំដែលពួកអ្នកធ្លាប់ត្រូវបានគេសន្យា។

នៅថ្ងៃនេះ ចូរពួកអ្នកចូលទៅក្នុងវាចុះដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រឆាំង។

នៅថ្ងៃនេះ យើងនឹងបោះត្រាភ្ជិតទៅលើមាត់របស់ពួកគេ ហើយដៃទាំងពីររបស់ពួកគេនឹងនិយាយមកកាន់យើង។ ចំណែកឯជើងរបស់ពួកគេធ្វើជាសាក្សីចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។

ហើយប្រសិនបើយើងមានចេតនា យើងប្រាកដជានឹងបិទភ្នែករបស់ពួកគេជាមិនខាន។ ពេលនោះ ពួកគេនឹងប្រជែងគ្នានៅលើស្ពានស៊ីរ៉ត។ ដូចនេះ តើពួកគេអាចមើលឃើញយ៉ាងដូចម្តេច?

ហើយប្រសិនបើយើងមានចេតនា យើងប្រាកដជានឹងផ្លាស់ប្តូររូបរាងរបស់ពួកគេដោយឱ្យពួកគេ(ខ្វិន)នៅមួយកន្លែងជាមិនខាន។ ពេលនោះ ពួកគេនឹងមិនអាច(ផ្លាស់ទី)ទៅមុខ ទៅក្រោយបាននោះឡើយ។

ហើយជនណាដែលយើងប្រទានឱ្យគេមានអាយុវែង យើងនឹងឱ្យគេត្រឡប់ទៅសភាពដើមវិញ(ទន់ខ្សោយដូចមុន)។ ដូច្នេះ តើពួកគេមិនគិតពិចារណាទេឬ?

ហើយយើងមិនបានបង្រៀនកំណាព្យដល់គេ(ព្យាការីមូហាំម៉ាត់)ឡើយ ហើយក៏មិនគប្បីសម្រាប់គេ(ក្នុងការរៀនវា)នោះដែរ។ តាមពិតវាគឺគ្មានអ្វីក្រៅពីការដាស់រំឭក និងគម្ពីរគួរអានដ៏ច្បាស់លាស់នោះឡើយ។

ដើម្បីឱ្យគេ(ព្យាការីមូហាំម៉ាត់)ដាស់តឿនព្រមានចំពោះអ្នកដែល(ដួងចិត្តរបស់គេ)នៅរស់។ ហើយពាក្យពេចន៍(ទណ្ឌកម្ម)ត្រូវបានកំណត់ទៅលើពួកដែលប្រឆាំង។

តើពួកគេមិនបានឃើញទេ ពិតប្រាកដណាស់ ក្នុងចំណោមអ្វីដែលយើងបានបង្កើតដោយដៃយើងផ្ទាល់ គឺយើងបានបង្កើតសម្រាប់ពួកគេនូវសត្វពាហនៈជាច្រើន។ ហើយពួកគេជាអ្នកគ្រប់គ្រង(លើវា)។

ហើយយើងបានសម្រួលវាដល់ពួកគេ ដោយក្នុងចំណោមពួកវា គឺមានខ្លះជាជំនិះរបស់ពួកគេ ហើយខ្លះទៀត ពួកគេអាចបរិភោគវាបាន។

ហើយសម្រាប់ពួកគេ ចំពោះសត្វពាហនៈទាំងនោះ គឺផ្តល់ជាប្រយោជន៍នានា និងផ្តល់ជាភេសជ្ជៈ(ទឹកដោះ)ផងដែរ។ ដូច្នេះ តើពួកគេមិនដឹងគុណ(អល់ឡោះ)ទេឬ?

តែពួកគេបែរជាយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាព្រះ ដោយពួកគេសង្ឃឹមថា ពួកវានឹងជួយដល់ពួកគេទៅវិញ។

ពួកវាគ្មានលទ្ធភាពជួយពួកគេនោះឡើយ។ ហើយពួកគេទាំងអស់គ្នានឹងត្រូវគេនាំ(ទៅកាន់ទណ្ឌកម្ម)។

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំឱ្យពាក្យសម្ដីរបស់ពួកគេធ្វើឱ្យអ្នកមានទុក្ខព្រួយឱ្យសោះ។ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកគេលាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។

តើមនុស្សលោកមិនបានឃើញទេឬ ពិតប្រាកដណាស់ យើងបានបង្កើតរូបគេអំពីទឹកកាម។ បន្ទាប់មក រូបគេបែរជាក្លាយជាអ្នកពូកែដេញដោលច្រើនទៅវិញ។

ហើយគេបានលើកឧទាករណ៍មកកាន់យើង តែគេបែរជាភ្លេចកំណើតខ្លួនឯងទៅវិញដោយគេនិយាយថា៖ តើអ្នកណាដែលអាចឲ្យឆ្អឹងរស់ឡើងវិញបាន ខណៈដែលវាពួកផុយទៅហើយនោះ?

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបថា៖ អ្នកដែលអាចឱ្យវារស់ឡើងវិញនោះ គឺអ្នកដែលបានបង្កើតវាពីដំបូងនោះឯង។ ហើយទ្រង់មហាដឹងបំផុតនូវរាល់ភាវៈទាំងអស់។

ទ្រង់គឺជាអ្នកដែលបានបង្កើតភ្លើងចេញពីដើមឈើបៃតងស្រស់សម្រាប់ពួកអ្នក។ ហើយពេលនោះ ពួកអ្នកក៏បង្កាត់ភ្លើងអំពីវា។

តើអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ពុំមែនជាអ្នកដែលមានសមត្ថភាពអាចបង្កើតឲ្យដូចពួកគេ(ម្តងទៀត)ទេឬ? ពិតមែនហើយ ទ្រង់គឺជាអ្នកបង្កើត(ភាវៈទាំងអស់) មហាដឹងបំផុត។

តាមពិត កិច្ចការរបស់ទ្រង់ នៅពេលណាដែលទ្រង់មានចេតនាចង់ឱ្យអ្វីមួយកើតឡើងនោះ ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថា៖ “ចូរកើតចុះ” វានឹងកើតឡើងភ្លាម។

ពិតប្រាកដណាស់ ទ្រង់មហាស្អាតស្អំដែលអំណាចគ្រប់គ្រងអ្វីៗទាំងអស់ គឺស្ថិតក្នុងកណ្តាប់ដៃទ្រង់(តែមួយគត់)។ ហើយពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់វិញ។