The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThose who set the ranks [As-Saaffat] - Khmer translation - Rowwad Translation Center
Surah Those who set the ranks [As-Saaffat] Ayah 182 Location Maccah Number 37
(អល់ឡោះ)ស្បថនឹងពួកម៉ាឡាអ៊ីកាត់ដែលរៀបគ្នាជាជួរ។
(ទ្រង់)ស្បថនឹងពួកម៉ាឡាអ៊ីកាត់ដែល(មានតួនាទី)គ្រប់គ្រងពពក។
ហើយ(ស្បថ)នឹងពួកម៉ាឡាអ៊ីកាត់ដែលសូត្របន្ទូលរបស់អល់ឡោះ។
ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែមួយអង្គគត់។
ជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះរវាងមេឃនិងផែនដី។ ហើយទ្រង់ជាព្រះជាម្ចាស់គ្រប់គ្រងព្រះអាទិត្យទាំងកន្លែងនានាដែលវារះ និងកន្លែងនានាដែលវាលិច។
ពិតប្រាកដណាស់ យើងបានតុបតែងលម្អមេឃលោកិយ(មេឃជាន់ទីមួយ)ដោយដួងតារាជាច្រើន។
និងបានការពារ(មេឃ)ពីពពួកស្ហៃតនដែលបំពាន
ដោយមិនឲ្យពួកវាស្តាប់ឮម៉ាឡាអ៊ីកាត់ដែលនៅលើមេឃ(និយាយគ្នា)នោះឡើយ។ ហើយពួកវាត្រូវបានគេគប់(ដោយអាចម៍ផ្កាយ)ពីគ្រប់ទិសទាំងអស់
ដើម្បីបណ្តេញពួកវា(ឱ្យចេញឆ្ងាយ)។ ហើយពួកវានឹងត្រូវទទួលទណ្ឌកម្មជានិរន្តន៍(នៅថ្ងៃបរលោក)។
លើកលែងតែអ្នកដែលបានលួចស្តាប់ប៉ុណ្ណោះ។ នៅពេលនោះ អាចម៍ផ្កាយក៏បានដេញតាមដុតពួកវា។
ដូច្នេះ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)សួរពួកគេ(ពួកគ្មានជំនឿ)ថា៖ តើពួកគេជាភាវៈដែលមានភាពខ្លាំងក្លាជាង ឬមួយអ្នកដែលយើងបានបង្កើត(មានភាពខ្លាំងក្លាជាង)? ពិតប្រាកដណាស់ យើងបានបង្កើតពួកគេ(មនុស្សលោក)ពីដីដែលស្អិតប៉ុណ្ណោះ។
ផ្ទុយទៅវិញ រូបអ្នក(ឱព្យាការីមូហាំម៉ាត់)មានការងឿងឆ្ងល់ ខណៈដែលពួកគេចំអកឡកឡឺយ។
ហើយនៅពេលដែលមានគេដាស់រំលឹកពួកគេ ពួកគេមិនទទួលយកការដាស់រំលឹកនោះឡើយ។
ហើយនៅពេលដែលពួកគេបានឃើញសញ្ញាភស្តុតាងណាមួយ គឺពួកគេនាំគ្នាចំអកឡកឡឺយ។
ហើយពួកគេនិយាយថា៖ នេះគ្មានអ្វីក្រៅពីមន្តអាគមដ៏ច្បាស់លាស់នោះឡើយ។
នៅពេលដែលពួកយើងបានស្លាប់ ហើយពួកយើងក្លាយទៅជាដី និងឆ្អឹង(ដែលពុកផុយ)ហើយនោះ តើពួកយើងនឹងត្រូវគេបង្កើតឲ្យរស់ឡើងវិញឬ?
តើជីដូនជីតារបស់ពួកយើងពីមុន(ក៏ដូចគ្នាដែរ)ឬ?
ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបថា៖ ពិតមែនហើយ។ ហើយពួកអ្នក គឺជាពួកដែលទាបថោកបំផុត។
តាមពិត វាគ្រាន់តែជាការផ្លុំត្រែតែមួយដងប៉ុណ្ណោះ(ផ្លុំត្រែលើកទីពីរ)។ ស្រាប់តែពេលនោះ ពួកគេ(ក៏ក្រោកចេញពីផ្នូរ)សម្លឹងមើល។
ហើយពួកគេនិយាយថា៖ ឱអនិច្ចាពួកយើង! នេះគឺជាថ្ងៃជំនុំជម្រះ។
(មានគេនិយាយទៅកាន់ពួកគេថា៖) នេះហើយជាថ្ងៃកាត់សេចក្តីដែលពួកអ្នកធ្លាប់បានបដិសេធចំពោះវា។
(ហើយមានគេនិយាយទៅកាន់ម៉ាឡាអ៊ីកាត់ថា៖) ចូរពួកអ្នកប្រមូលពួកដែលបំពាន និងគូកនរបស់ពួកគេ ព្រមទាំងអ្វីដែលពួកគេធ្លាប់គោរពសក្ការៈ
ក្រៅពីអល់ឡោះមក រួចចូរណែនាំពួកគេទៅកាន់ផ្លូវទៅនរកចុះ។
ហើយចូរឃាត់ខ្លួនពួកគេ(នៅទីនោះ)។ ពិតប្រាកដណាស់ ពួកគេនឹងត្រូវគេសួរចម្លើយ។
(មានគេនិយាយទៅកាន់ពួកគេថា៖) ហេតុអ្វីបានជាពួកអ្នកមិនព្រមជួយគ្នា?
ផ្ទុយទៅវិញ នៅក្នុងថ្ងៃនេះ ពួកគេគឺជាពួកដែលប្រគល់ខ្លួន។
ហើយពួកគេបែរសំដៅទៅរកគ្នាដោយស្តីបន្ទោសគ្នាទៅវិញទៅមក។
ពួកគេបាននិយាយ(ទៅកាន់ពួកមេដឹកនាំរបស់ខ្លួន)ថា៖ ពិតប្រាកដណាស់ ពួកអ្នកធ្លាប់បានមកកាន់ពួកយើងតាមរយៈផ្លូវសាសនា(ដោយការបោកបញ្ឆោត)។
ពួកទាំងនោះបានតបវិញថា៖ ផ្ទុយទៅវិញ ពួកអ្នកពុំធ្លាប់ជាអ្នកដែលមានជំនឿនោះឡើយ។
ហើយពួកយើងក៏គ្មានអំណាចអ្វី(បង្ខិតបង្ខំ)ពួកអ្នកនោះដែរ។ ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមមួយដែលបំពាន។
ហើយពាក្យបន្ទូល(ដាក់ទណ្ឌកម្ម)របស់ព្រះជាម្ចាស់ពួកយើងចាំបាច់ត្រូវតែកើតឡើងចំពោះពួកយើង។ ពិតប្រាកដណាស់ ពួកយើងគឺជាពួកដែលត្រូវភ្លក់(ទណ្ឌកម្ម)។
ហើយពួកយើងបានពង្វក់ពួកអ្នកឲ្យវង្វេង។ ពិតប្រាកដណាស់ ពួកយើងធ្លាប់ជាពួកដែលវង្វេង។
ដូច្នេះ នៅថ្ងៃនេះ ពួកគេនឹងត្រូវស្ថិតក្នុងទណ្ឌកម្មរួមគ្នា។
ក៏ដូច្នោះដែរ យើងក៏នឹងធ្វើដូចគ្នានេះចំពោះពួកឧក្រិដ្ឋជនទាំងឡាយផងដែរ។
ពិតប្រាកដណាស់ ពួកទាំងនោះ នៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា៖ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ គឺពួកគេក្រអឺតក្រទម(មិនទទួលយក)ឡើយ។
ហើយពួកគេថែមទាំងនិយាយថា៖ តើពួកយើងត្រូវបោះបង់ព្រះនានារបស់ពួកយើងដោយសារតែកវីនិពន្ធដែលវិកលចរិតម្នាក់នេះឬ?
ផ្ទុយទៅវិញ គាត់(ព្យាការីមូហាំម៉ាត់)បាននាំមកនូវសេចក្តីពិត ហើយនិងបញ្ជាក់ទៅលើបណ្តាអ្នកនាំសារទាំងឡាយ(ចំពោះអ្វីដែលពួកគាត់បាននាំមក)។
ពិតប្រាកដណាស់ ពួកអ្នក(ឱពួកមុស្ហរីគីន)ប្រាកដជានឹងត្រូវភ្លក់នូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។
ហើយពួកអ្នកក៏មិនត្រូវបានគេតបស្នងក្រៅតែពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តនោះដែរ។
លើកលែងខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះដែលមានភាពស្មោះស(ចំពោះទ្រង់)ប៉ុណ្ណោះ។
អ្នកទាំងនោះ សម្រាប់ពួកគេនឹងទទួលបានលាភសក្ការៈជានិរន្តន៍
គឺផ្លែឈើជាច្រើនប្រភេទ។ ហើយពួកគេ គឺជាអ្នកដែលត្រូវបានលើកតម្កើង
ក្នុងឋានសួគ៌ណាអ៊ីម។
ពួកគេផ្អែកខ្លួននៅលើគ្រែដោយបែរមុខរកគ្នា។
មានគេចាំបម្រើកែវស្រាជុំវិញពួកគេពីប្រភពទន្លេស្រា។
វាមានពណ៌សដែលមានរសជាតិឆ្ងាញ់បំផុតសម្រាប់អ្នកដែលទទួលទាន។
វាគ្មានផលប៉ះពាល់ដល់រាងកាយឡើយ ហើយក៏មិនធ្វើឲ្យពួកគេបាត់បង់សតិបញ្ញានោះដែរ។
ហើយពួកគេនឹងទទួលបានស្ត្រីដែលល្អបរិសុទ្ធដែលកែវភ្នែករបស់ពួកនាងមិនសម្លឹងមើលទៅកាន់អ្នកដទៃឡើយ។
ពួកនាងប្រៀបដូចជាពងសត្វដែលត្រូវបានគេថែរក្សាយ៉ាងល្អ។
ហើយពួកគេបែរសំដៅទៅរកគ្នាដោយសួរនាំគ្នាទៅវិញទៅមក។
មានម្នាក់ក្នុងចំណោមពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ខ្ញុំធ្លាប់មានមិត្តភក្តិម្នាក់។
គេបាននិយាយ(មកកាន់ខ្ញុំ)ថា៖ តើឯងស្ថិតក្នុងចំណោមអ្នកដែលជឿជាក់(លើការបង្កើតឱ្យរស់ឡើងវិញ)ឬ?
នៅពេលដែលពួកយើងស្លាប់ ហើយបានក្លាយទៅជាដី និងឆ្អឹង(ដែលពុកផុយ)ហើយនោះ តើពួកយើងពិតជានឹងត្រូវគេបង្កើតឱ្យរស់ឡើងវិញឬ?
គេក៏សួរថា៖ តើពួកអ្នកបានឃើញ(ម្នាក់នោះ)ដែរឬទេ?
នៅពេលនោះ គេក៏បានរកមើល(ជននោះ) ហើយគេក៏បានឃើញជននោះស្ថិតនៅកណ្តាលឋាននរក។
គេក៏និយាយថា៖ សូមស្បថនឹងអល់ឡោះ! ពិតណាស់ អ្នកស្ទើរតែបំផ្លាញខ្ញុំទៅហើយ។
ហើយប្រសិនបើគ្មានការប្រោសប្រទានពីព្រះជាម្ចាស់របស់ខ្ញុំទេនោះ ប្រាកដជាខ្ញុំនឹងត្រូវស្ថិតក្នុងចំណោមពួកដែលត្រូវគេនាំមក(ឲ្យទទួលទណ្ឌកម្ម)ជាមិនខាន។
ពិតប្រាកដណាស់ ពួកយើង(បណ្តាអ្នកចូលឋានសួគ៌)នឹងមិនស្លាប់ទៀតឡើយ
លើកលែងការស្លាប់លើកទីមួយរបស់ពួកយើងប៉ុណ្ណោះ។ ហើយពួកយើងក៏មិនត្រូវបានគេដាក់ទណ្ឌកម្មនោះដែរ។
ពិតប្រាកដណាស់ នេះគឺពិតជាជោគជ័យដ៏ធំធេងបំផុត។
ដើម្បីទទួលបានបែបនេះ ចូរអ្នកដែលសាងអំពើល្អទាំងឡាយ ខិតខំសាងនូវអំពើល្អ។
តើអ្វីទាំងនោះជាការប្រទានដ៏ល្អ ឬក៏ដើមហ្សឹកគូមល្អជាង?
ពិតប្រាកដណាស់ យើងបានបង្កើតដើមឈើនេះជាការសាកល្បងមួយសម្រាប់ពួកដែលបំពាន។
ជាការពិតណាស់ វាជាដើមឈើមួយដែលដុះចេញពីបាតនរក។
ផ្លែរបស់វាប្រៀបដូចជាក្បាលរបស់ពួកស្ហៃតន។
ពិតប្រាកដណាស់ ពួកគេ(ពួកមុស្ហរីគីន)ប្រាកដជានឹងទទួលទានអំពីវា។ ហើយពោះរបស់ពួកគេ គឺពេញទៅដោយផ្លែនោះ។
បន្ទាប់មក ពួកគេនឹងបានផឹកទឹកដ៏ក្តៅបំផុតលាយជាមួយវា។
បន្ទាប់មកទៀត កន្លែងវិលត្រឡប់របស់ពួកគេ គឺឆ្ពោះទៅកាន់ឋាននរក។
ពិតប្រាកដណាស់ ពួកទាំងនោះបានឃើញជីដូនជីតារបស់ពួកគេស្ថិតក្នុងភាពវង្វេង។
ហេតុនេះ ពួកគេក៏ធ្វើតាមលំអានជីដូនជីតាពួកគេយ៉ាងឆាប់រហ័ស។
ហើយជាការពិតណាស់ ភាគច្រើននៃអ្នកជំនាន់មុនពួកគេបានវង្វេងមុនពួកគេទៅទៀត។
ហើយពិតប្រាកដណាស់ យើងបានបញ្ជូនអ្នកដាស់តឿនព្រមានជាច្រើនទៅកាន់ពួកគេ (តែពួកគេបែរជាប្រឆាំង)។
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិចារណាមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលត្រូវគេដាស់តឿនព្រមាននោះទៅជាយ៉ាងណា?
លើកលែងតែខ្ញុំបម្រើរបស់អល់ឡោះដែលមានភាពស្មោះស(ចំពោះទ្រង់)ប៉ុណ្ណោះ។
ហើយជាការពិតណាស់ ព្យាការីនួហបានបួងសួងសុំមកកាន់យើង(ឲ្យជួយ)។ ពិតប្រាកដណាស់ យើងជាអ្នកឆ្លើយតប(ចំពោះការបួងសួង)ដ៏ប្រសើរបំផុត។
ហើយយើងបានសង្គ្រោះគេ និងក្រុមគ្រួសាររបស់គេពីគ្រោះដ៏ធំធេង។
ហើយយើងបានធ្វើឲ្យពូជពង្សរបស់គេ គឺជាអ្នកដែលនៅសេសសល់(ក្រោយពីទឹកជំនាន់)។
ហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះរបស់គេដល់អ្នកជំនាន់ក្រោយ។
សូមសន្តិភាពក្នុងសាកលលោកកើតមានដល់ព្យាការីនួហ។
ក៏ដូច្នោះដែរ ពិតប្រាកដណាស់ យើងនឹងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អ។
ពិតប្រាកដណាស់ រូបគេស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលមានជំនឿ។
ក្រោយមក យើងបានធ្វើឲ្យអ្នកដទៃទៀតលិចលង់។
ហើយពិតប្រាកដណាស់ ក្នុងចំណោមអ្នកដែលស្ថិតនៅលើមាគ៌ារបស់គាត់(ព្យាការីនួហ) គឺព្យាការីអ៊ីព្រហ៊ីម។
ខណៈដែលគាត់បានមកជួបព្រះជាម្ចាស់របស់គាត់ដោយដួងចិត្តស្អាតស្អំ។
នៅពេលដែលគាត់បាននិយាយទៅកាន់ឪពុករបស់គាត់ និងក្រុមរបស់គាត់ថា៖ តើអ្វីទៅដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះ?
តើព្រះដែលគេប្រឌិតឡើងទាំងនេះឬដែលពួកអ្នកនាំគ្នាគោរពសក្ការៈក្រៅពីអល់ឡោះនោះ?
ដូច្នេះ តើពួកអ្នកគិតដូចម្តេចចំពោះព្រះជាម្ចាស់នៃពិភពទាំងអស់?
ក្រោយមក គាត់បានសម្លឹងមើលទៅកាន់ហ្វូងតារា
រួចគាត់និយាយថា៖ ជាការពិតណាស់ ខ្ញុំឈឺ(មិនអាចទៅចូលរួមបុណ្យជាមួយពួកអ្នកបានទេ)។
ដូច្នេះ ពួកគេក៏ទុកគាត់ចោល ហើយចាកចេញទៅ។
ពេលនោះ គាត់ក៏បានងាកទៅរកព្រះទាំងឡាយរបស់ពួកគេ ហើយគាត់ក៏បាននិយាយថា៖ តើពួកឯងមិនទទួលទានអាហារទេឬ?
ហេតុអ្វីបានជាពួកឯងមិនព្រមនិយាយបែបនេះ?
ហើយគាត់ក៏បានដើរទៅជិតពួកវាដោយបានវាយពួកវានឹងដៃស្តាំ(របស់គាត់)។
ពេលនោះ ពួកគេក៏បានដើរសំដៅមកកាន់គាត់យ៉ាងលឿន។
គាត់ក៏បាននិយាយថា៖ តើពួកអ្នកគោរពសក្ការៈចំពោះអ្វីដែលពួកអ្នកឆ្លាក់វា(ដោយផ្ទាល់ដៃពួកអ្នក)នោះឬ
ខណៈដែលអល់ឡោះជាអ្នកដែលបានបង្កើតពួកអ្នក និងអ្វីដែលពួកអ្នកកំពុងធ្វើនោះ?
ពួកគេបាននិយាយថា៖ ចូរពួកអ្នកសង់សំណង់មួយសម្រាប់គេ ហើយបោះគេចូលទៅក្នុងភ្លើងដែលឆាបឆេះនោះចុះ។
ហើយពួកគេមានបំណងរៀបចំឧបាយកល(អាក្រក់)ចំពោះគេ តែយើងបានធ្វើឱ្យពួកគេបរាជ័យ។
ហើយគាត់ក៏បាននិយាយថា៖ ពិតប្រាកដណាស់ ខ្ញុំនឹងធ្វើដំណើរទៅកាន់ព្រះជាម្ចាស់របស់ខ្ញុំ។ ទ្រង់នឹងចង្អុលបង្ហាញខ្ញុំជាមិនខាន។
បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាប្រទាននូវកូនប្រុសដ៏កតញ្ញូម្នាក់ឱ្យខ្ញុំផង។
ពេលនោះ យើងក៏បានផ្តល់ដំណឹងរីករាយដល់គេនូវកូនប្រុសម្នាក់ដែលអត់ធ្មត់(គឺព្យាការីអ៊ីស្មាអែល)។
នៅពេលដែលគេធំអាចដើរជាមួយគាត់បាន គាត់បាននិយាយថា៖ ឱកូនសម្លាញ់! ជាការពិតណាស់ ពុកបានឃើញក្នុងសុបិនថា ពិតប្រាកដណាស់ ពុកត្រូវសំឡេះកូន។ ហេតុនេះ សូមកូនគិតមើលចុះ តើកូនយល់យ៉ាងណា? គេក៏តបវិញថា៖ ឱលោកឪពុកជាទីស្រឡាញ់! សូមពុកធ្វើតាមអ្វីដែលគេបានបញ្ជាប្រើពុកចុះ។ ប្រសិនបើអល់ឡោះមានចេតនា ពុកនឹងឃើញថា រូបកូនស្ថិតក្នុងចំណោមអ្នកដែលអត់ធ្មត់។
ហើយនៅពេលដែលគេទាំងពីរបានប្រគល់ខ្លួន(អនុវត្តតាមបទបញ្ជា) គាត់ក៏បានផ្កាប់មុខគេ(ព្យាការីអ៊ីស្មាអែល)ទៅនឹងដី។
ពេលនោះ យើងបានហៅគេថា៖ ឱអ៊ីព្រហ៊ីម!
ជាការពិតណាស់ អ្នកពិតជាបានអនុវត្តតាមសុបិនមែន។ ពិតប្រាកដណាស់ យើងក៏នឹងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អដូច្នោះដែរ។
ពិតប្រាកដណាស់ នេះគឺជាការសាកល្បងមួយយ៉ាងច្បាស់លាស់។
ហើយយើងបានលោះរូបគេ(ព្យាការីអ៊ីស្មាអែល)ដោយការសំឡេះ(សត្វចៀម)ដ៏ធំមួយ។
ហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះរបស់គេ(ព្យាការីអ៊ីព្រហ៊ីម)ដល់អ្នកជំនាន់ក្រោយ។
សូមសន្តិភាពកើតមានដល់ព្យាការីអ៊ីព្រហ៊ីម។
ពិតប្រាកដណាស់ យើងក៏នឹងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អដូច្នោះដែរ។
ពិតប្រាកដណាស់ រូបគេស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលមានជំនឿ។
ហើយយើងបានប្រទានដំណឹងរីករាយមួយដល់គេនូវ(កូនប្រុសម្នាក់ទៀតឈ្មោះ)អ៊ីស្ហាក ជាព្យាការីម្នាក់ក្នុងចំណោមអ្នកសាងទង្វើកុសលទាំងឡាយ។
ហើយយើងបានប្រទាននូវពរជ័យដល់គេ(ព្យាការីអ៊ីព្រហ៊ីម) និងព្យាការីអ៊ីស្ហាក។ ក្នុងចំណោមកូនចៅរបស់គេទាំងពីរ គឺមានអ្នកដែលសាងអំពើល្អ ហើយនិងអ្នកដែលបំពានលើខ្លួនឯងយ៉ាងច្បាស់លាស់។
ហើយពិតប្រាកដណាស់ យើងបានប្រោសប្រទាន(នូវភាពជាព្យាការី)ដល់ព្យាការីមូសា និងព្យាការីហារូន។
ហើយយើងបានសង្គ្រោះគេទាំងពីរ និងក្រុមរបស់គេទាំងពីរ(អម្បូរអ៊ីស្រាអែល)ឱ្យរួចផុតពីគ្រោះដ៏ធំ។
ហើយយើងបានជួយដល់ពួកគេ។ ដូច្នេះ ពួកគេ គឺជាអ្នកដែលទទួលជោគជ័យ។
ហើយយើងបានប្រទានដល់គេទាំងពីរនូវគម្ពីរ(តាវរ៉ត)ដ៏ច្បាស់លាស់។
ហើយយើងបានចង្អុលបង្ហាញគេទាំងពីរនូវមាគ៌ាដ៏ត្រឹមត្រូវ។
ហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះគេទាំងពីរដល់អ្នកជំនាន់ក្រោយ។
សូមសន្តិភាពកើតមានដល់ព្យាការីមូសា និងព្យាការីហារូន។
ពិតប្រាកដណាស់ យើងក៏នឹងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អដូច្នោះដែរ។
ពិតប្រាកដណាស់ គេទាំងពីរស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលមានជំនឿ។
ហើយពិតប្រាកដណាស់ ព្យាការីអ៊ិលយ៉ាស គឺពិតជាស្ថិតក្នុងចំណោមអ្នកនាំសារទាំងឡាយ(របស់អល់ឡោះ)។
ខណៈដែលគេបាននិយាយទៅកាន់ក្រុមរបស់គេថា៖ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ?
តើពួកអ្នកគោរពសក្ការៈចំពោះបដិមាហ្ពាក់ឡាន់ ហើយបែរជាបោះបង់ចោល(មិនគោរពសក្ការៈ)អ្នកដែលបង្កើតដ៏ប្រសើរជាងគេនោះឬ?
គឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួក និងជាព្រះជាម្ចាស់នៃជីដូនជីតារបស់ពួកអ្នកជំនាន់មុន។
តែពួកគេបានបដិសេធ(មិនជឿ)ចំពោះគាត់។ ដូចនេះ ពួកគេគឺជាពួកដែលត្រូវបានគេនាំ(ទៅកាន់ទណ្ឌកម្ម)។
លើកលែងតែខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះដែលមានចិត្តស្មោះសប៉ុណ្ណោះ។
ហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះរបស់គេដល់អ្នកជំនាន់ក្រោយ។
សូមសន្តិភាពកើតមានដល់ព្យាការីអ៊ិលយ៉ាស។
ពិតប្រាកដណាស់ យើងក៏នឹងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អដូច្នោះដែរ។
ពិតប្រាកដណាស់ រូបគេស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលមានជំនឿ។
ហើយជាការពិតណាស់ ព្យាការីលូត គឺពិតជាស្ថិតក្នុងចំណោមអ្នកនាំសារទាំងឡាយ(របស់អល់ឡោះ)។
ខណៈពេលដែលយើងបានសង្គ្រោះរូបគេ និងក្រុមគ្រួសាររបស់គេទាំងអស់គ្នា
លើកលែងតែស្ត្រីចំណាស់ម្នាក់(ភរិយារបស់គេ)ប៉ុណ្ណោះដែលត្រូវគេបំផ្លាញ។
ក្រោយមក យើងបានបំផ្លាញអ្នកផ្សេងទៀត(ដែលនៅសល់)។
ហើយពិតប្រាកដណាស់ ពួកអ្នក(ឱអ្នកស្រុកម៉ាក្កះ)ពិតជាបានឆ្លងកាត់លំនៅឋានរបស់ពួកគេ(ក្រុមរបស់ព្យាការីលូត)ទាំងពេលព្រឹក
និងពេលយប់។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាទេឬ?
ហើយពិតប្រាកដណាស់ ព្យាការីយូនុស គឺពិតជាស្ថិតក្នុងចំណោមអ្នកនាំសារទាំងឡាយ(របស់អល់ឡោះ)។
ខណៈដែលគេបានរត់គេចទៅកាន់សំពៅមួយដែលពោរពេញដោយបន្ទុក។
នៅពេលនោះ ពួកគេក៏បានធ្វើការចាប់ឆ្នោត ហើយរូបគេក៏ស្ថិតក្នុងចំណោមអ្នកដែលទទួលបរាជ័យ(រួចក៏ត្រូវគេបោះចូលក្នុងសមុទ្រ)។
ពេលនោះ ត្រីដ៏ធំមួយក៏បានលេបគាត់(ចូលទៅក្នុងពោះ) ខណៈដែលគាត់ជាអ្នកដែលត្រូវបានគេស្តីបន្ទោស។
ពិតប្រាកដណាស់ ប្រសិនបើរូបគេមិនមែនជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលលើកតម្កើង(ចំពោះអល់ឡោះ)យ៉ាងច្រើនទេនោះ
ប្រាកដជារូបគេនឹងត្រូវស្ថិតក្នុងពោះត្រីនោះរហូតដល់ថ្ងៃដែលគេបង្កើតឲ្យរស់ឡើងវិញមិនខានឡើយ។
ហើយយើងបានបញ្ចេញគេពីពោះត្រីមកវិញនៅឯវាលរហោស្ថានមួយ ខណៈដែលរូបគេទន់ខ្សោយ។
ហើយយើងបានបណ្តុះនូវរុក្ខជាតិមួយដើមជាប្រភេទដើមល្ពៅដល់គេ(ដើម្បីជ្រកម្លប់)។
ហើយយើងបានបញ្ជូនគេទៅកាន់ក្រុមដែលមានគ្នាមួយរយពាន់នាក់ ឬច្រើនជាងនោះទៅទៀត។
ពេលនោះ ពួកគេក៏មានជំនឿ។ ដូច្នេះ យើងក៏បានឱ្យពួកគេសោយសុខ(ក្នុងជីវិតលោកិយ) រហូតដល់ពេលកំណត់(ស្លាប់)។
ដូច្នេះ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)សួរពួកគេ(ពួកមុស្ហរីគីន)ថា៖ តើកូនស្រី គឺសម្រាប់ព្រះជាម្ចាស់របស់អ្នក រីឯកូនប្រុសវិញ គឺសម្រាប់ពួកគេឬ?
ឬមួយយើងបានបង្កើតម៉ាឡាអ៊ីកាត់ទាំងនោះជាភេទស្រី ខណៈដែលពួកគេមានវត្តមានឬ?
តើពុំមែនទេឬ ពិតប្រាកដណាស់ ដោយសារតែការប្រឌិតភូតកុហករបស់ពួកគេ ពួកគេបានចោទប្រកាន់ថា៖
អល់ឡោះជាម្ចាស់ទ្រង់ប្រសូត្របុត្រ។ ហើយពិតប្រាកដណាស់ ពួកគេពិតជាពួកដែលភូតកុហក។
តើទ្រង់ជ្រើសយកកូនស្រីដោយមិនជ្រើសយកកូនប្រុសឬ?
តើមានអ្វីកើតឡើងចំពោះពួកអ្នក(ឱពួកមុស្ហរីគីន)ទើបបានជាពួកអ្នកហ៊ានកាត់សេចក្តីបែបនេះ?
តើពួកអ្នកមិនគិតពិចារណាទេឬ?
ឬមួយក៏ពួកអ្នកមានភស្តុតាងច្បាស់លាស់ណាមួយ?
បើដូច្នោះមែននោះ ចូរពួកអ្នកនាំយកគម្ពីររបស់ពួកអ្នកនោះមក ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ។
ហើយពួកគេ(ពួកមុស្ហរីគីន)បានចាត់ទុករវាងទ្រង់(អល់ឡោះ)និងពួកម៉ាឡាអ៊ីកាត់ ថាជាសាច់សាលោហិតនឹងគ្នា។ ហើយពិតប្រាកដណាស់ ម៉ាឡាអ៊ីកាត់បានដឹងថា ពួកទាំងនោះពិតជានឹងត្រូវគេនាំទៅកាន់ទណ្ឌកម្ម។
អល់ឡោះជាម្ចាស់មហាស្អាតស្អំបំផុតពីអ្វីដែលពួកគេពិពណ៌នា(ចំពោះទ្រង់)។
លើកលែងតែខ្ញុំបម្រើរបស់អល់ឡោះដែលមានភាពស្មោះស(ចំពោះទ្រង់)ប៉ុណ្ណោះ។
ពិតប្រាកដណាស់ ពួកអ្នក(ឱពួកមុស្ហរីគីន) និងអ្វីដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះ
គឺពួកអ្នកពុំមែនជាអ្នកដែលអាចធ្វើឱ្យនរណាម្នាក់វង្វេងនោះឡើយ
លើកលែងតែជនណាដែលត្រូវបានកំណត់ឱ្យស្ថិតក្នុងនរកជើហ៊ីមប៉ុណ្ណោះ។
(ម៉ាឡាអ៊ីកាត់បាននិយាយថា៖) ម្នាក់ៗក្នុងចំណោមពួកយើង គឺសុទ្ធតែមានកន្លែងដែលត្រូវបានកំណត់យ៉ាងច្បាស់លាស់(នៅលើមេឃ)។
ហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលឈរជាជួរៗ។
ហើយពិតណាស់ ពួកយើងគឺជាអ្នកដែលលើកតម្កើងដល់អល់ឡោះជាម្ចាស់។
ហើយពិតប្រាកដណាស់ ពួកគេ(ពួកមុស្ហរីគីន)ធ្លាប់បាននិយាយថា៖
ប្រសិនបើពួកយើងមានគម្ពីរមួយដូចអ្នកជំនាន់មុន
ប្រាកដជាពួកយើងនឹងក្លាយជាខ្ញុំបម្រើរបស់អល់ឡោះដែលមានចិត្តស្មោះស(ចំពោះទ្រង់)ជាមិនខាន។
តែ(ជាក់ស្តែង)ពួកគេបែរជាប្រឆាំងនឹងវាទៅវិញ។ ដូច្នេះ ពួកគេគង់តែនឹងដឹងមិនខានឡើយ។
ហើយពិតប្រាកដណាស់ ពាក្យបន្ទូលរបស់យើងបានកំណត់ចំពោះបណ្តាអ្នកនាំសារទាំងឡាយ(របស់យើង)រួចទៅហើយថា៖
ជាការពិតណាស់ ពួកគេជាអ្នកដែលត្រូវបានគេជួយ។
ហើយពិតប្រាកដណាស់ កងទ័ពរបស់យើង គឺជាអ្នកដែលទទួលបានជ័យជម្នះ។
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ងាកចេញពីពួកគេ រហូតដល់ពេលកំណត់មួយចុះ។
ហើយចូរអ្នកមើលទៅពួកគេចុះ។ ពួកគេក៏គង់តែនឹងឃើញ(ទណ្ឌកម្ម)ជាមិនខាន។
តើពួកទាំងនោះសុំឱ្យទណ្ឌកម្មរបស់យើងឆាប់កើតឡើងចំពោះពួកគេឬ?
ហើយនៅពេលដែលទណ្ឌកម្មរបស់ពួកគេបានធ្លាក់លើពួកគេ វាគឺជាពេលព្រឹកដ៏អាក្រក់បំផុតសម្រាប់ពួកដែលត្រូវគេដាស់តឿនព្រមាន។
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ងាកចេញពីពួកគេ រហូតដល់ពេលកំណត់មួយចុះ។
ហើយចូរអ្នកមើលទៅពួកគេចុះ។ ពួកគេក៏គង់តែនឹងឃើញ(ទណ្ឌកម្ម)ជាមិនខាន។
ព្រះជាម្ចាស់របស់អ្នក ជាព្រះជាម្ចាស់ដ៏មហាខ្លាំងពូកែ ទ្រង់ស្អាតស្អំបំផុតពីអ្វីដែលពួកគេពិពណ៌នា(ចំពោះទ្រង់)។
ហើយសូមសន្តិភាពកើតមានដល់បណ្តាអ្នកនាំសារទាំងឡាយ។
ហើយសេចក្តីសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងអស់។