عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

The Troops [Az-Zumar] - Khmer translation - Rowwad Translation Center

Surah The Troops [Az-Zumar] Ayah 75 Location Maccah Number 39

ការបញ្ចុះគម្ពីរ(គួរអាន) គឺមកពីអល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

ពិតប្រាកដណាស់ យើងបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរ(គួរអាន)យ៉ាងពិតប្រាកដ។ ហេតុនេះ ចូរអ្នកគោរពសក្ការៈចំពោះអល់ឡោះប្រកបដោយភាពស្មោះសចំពោះទ្រង់ក្នុងសាសនា។

តើពុំមែនទេឬ សាសនាដែលបរិសុទ្ធ(សាសនាអ៊ីស្លាម) គឺជាកម្មសិទ្ធិរបស់អល់ឡោះនោះ? ហើយពួកដែលយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារ(ពួកគេនិយាយថា៖) ពួកយើងមិនបានគោរពសក្ការៈចំពោះពួកវានោះឡើយ លើកលែងតែដើម្បីឱ្យពួកវាបញ្ជិតខ្លួនពួកយើងឱ្យមានឋានៈនៅជិតអល់ឡោះប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងកាត់សេចក្តីរវាងពួកគេចំពោះអ្វីដែលពួកគេមានការខ្វែងគំនិតគ្នា។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនចង្អុលបង្ហាញចំពោះជនដែលកុហកបោកប្រាស់ និងប្រឆាំងឡើយ។

ប្រសិនបើអល់ឡោះចង់យកនរណាម្នាក់ធ្វើជាបុត្រនោះ ទ្រង់ប្រាកដជានឹងជ្រើសរើសក្នុងចំណោមអ្វីដែលទ្រង់បានបង្កើតនូវអ្វីដែលទ្រង់មានចេតនាជាមិនខាន។ ទ្រង់មហាស្អាតស្អំ។ អល់ឡោះទ្រង់គឺជាព្រះជាម្ចាស់តែមួយ មហាខ្លាំងក្លាបំផុត។

ទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីយ៉ាងពិតប្រាកដ។ ទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃទៅក្នុងពេលយប់។ ហើយទ្រង់បញ្ជាព្រះអាទិត្យ និងព្រះចន្ទដោយឱ្យវាទាំងពីរធ្វើដំណើរ(តាមគន្លងរៀងៗខ្លួន)រហូតដល់ពេលវេលាដែលត្រូវបានកំណត់។ តើពុំមែនទេឬ ទ្រង់មហាខ្លាំងពូកែ មហាអភ័យទោសបំផុត។

ទ្រង់បានបង្កើតពួកអ្នកពីមនុស្សតែម្នាក់(ព្យាការីអាហ្ទាំ)។ បន្ទាប់មក ទ្រង់បានបង្កើតចេញពីរូបគេនូវភរិយារបស់គេ(ហាវ៉ា)។ ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវសត្វពាហនៈចំនួនប្រាំបីគូ។ ទ្រង់បង្កើតពួកអ្នកនៅក្នុងផ្ទៃម្តាយរបស់ពួកអ្នកជាដំណាក់កាលៗដោយស្ថិតក្នុងទីងងឹតបី(ពោះ ស្បូន និងសុក)។ (អ្នកដែលបង្កើតអ្វីៗទាំងអស់)នោះគឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នក។ ការគ្រប់គ្រងទាំងអស់ គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ដូច្នេះ តើពួកអ្នកត្រូវបានគេបង្វែរចេញយ៉ាងដូចម្តេច?

ប្រសិនបើពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ប្រឆាំងនោះ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាមានលើសលប់មិនត្រូវការពួកអ្នកឡើយ។ តែទ្រង់ក៏មិនពេញចិត្តឱ្យខ្ញុំបម្រើ(របស់ទ្រង់)ប្រឆាំងនោះដែរ។ ហើយប្រសិនបើពួកអ្នកដឹងគុណ គឺទ្រង់ពេញចិត្តចំពោះពួកអ្នក។ ហើយគ្មានបុគ្គលណាម្នាក់រ៉ាប់រងនូវបាបកម្មរបស់អ្នកដទៃឡើយ។ ក្រោយមក កន្លែងវិលត្រឡប់របស់ពួកអ្នក គឺឆ្ពោះទៅកាន់ព្រះជាម្ចាស់របស់ពួកអ្នក(តែមួយគត់)។ ពេលនោះ ទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតនូវអ្វីដែលនៅក្នុងចិត្ត។

ហើយនៅពេលដែលមនុស្សបានជួបប្រទះនឹងគ្រោះ គឺរូបគេបួងសួងទៅកាន់ព្រះជាម្ចាស់របស់គេដោយវិលត្រឡប់(សារភាពកំហុស)ទៅកាន់ទ្រង់។ បន្ទាប់មក នៅពេលដែលទ្រង់ប្រទានឱ្យគេនូវឧបការគុណ រូបគេបែរជាភ្លេចនូវអ្វីដែលរូបគេបានបួងសួងទៅកាន់ទ្រង់កាលពីមុន ហើយថែមទាំងបានបង្កើតនូវដៃគូជាច្រើនសម្រាប់អល់ឡោះជាម្ចាស់ដើម្បីធ្វើឱ្យអ្នកដទៃវង្វេងពីមាគ៌ារបស់ទ្រង់ទៅវិញ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរអ្នកសោយសុខជាមួយនឹងភាពគ្មានជំនឿរបស់អ្នកមួយរយៈពេលខ្លីសិនចុះ។ ពិតប្រាដកណាស់ អ្នកគឺស្ថិតក្នុងចំណោមពួកឋាននរក។

តើអ្នកដែលគោរពសក្ការៈ(ចំពោះអល់ឡោះ)ដោយចំណាយពេលយប់របស់គេក្រាបស៊ូជូត និងឈរ(សឡាត)ដោយខ្លាច(ទណ្ឌកម្ម)ថ្ងៃបរលោក ហើយរំពឹងក្តីមេត្តាករុណាពីព្រះជាម្ចាស់របស់គេនោះ(ល្អជាង ឬក៏ពួកប្រឆាំងល្អជាង)? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តើស្មើគ្នាដែរឬទេរវាងអ្នកដែលបានដឹង និងអ្នកដែលមិនបានដឹង? តាមពិត មានតែបញ្ញាជនប៉ុណ្ណោះដែលចេះពិចារណា។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ឱបណ្តាខ្ញុំបម្រើ(របស់អល់ឡោះ)ដែលមានជំនឿ! ចូរពួកអ្នកកោតខ្លាចព្រះជាម្ចាស់របស់ពួកអ្នក។ សម្រាប់បណ្តាអ្នកដែលសាងអំពើល្អក្នុងលោកិយនេះនឹងទទួលបានផលល្អ។ ហើយផែនដីរបស់អល់ឡោះ គឺទូលំទូលាយណាស់។ តាមពិត គេនឹងប្រទានឲ្យបណ្តាអ្នកដែលអត់ធ្មត់ទាំងឡាយនូវផលបុណ្យរបស់ពួកគេយ៉ាងពេញលេញដោយឥតគណនា។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពិតប្រាកដណាស់ រូបខ្ញុំត្រូវបានគេបង្គាប់ប្រើឱ្យគោរពសក្ការៈទៅចំពោះអល់ឡោះ(តែមួយគត់)ប្រកបដោយចិត្តស្មោះចំពោះទ្រង់ក្នុងសាសនា។

ហើយគេក៏បានបង្គាប់ប្រើខ្ញុំឱ្យក្លាយជាអ្នកដែលកាន់សាសនាអ៊ីស្លាមដំបូងគេបង្អស់ផងដែរ។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ ខ្ញុំខ្លាចទទួលទណ្ឌកម្មនៅថ្ងៃដ៏ធំធេង(ថ្ងៃបរលោក) ប្រសិនបើខ្ញុំប្រព្រឹត្តល្មើសនឹងព្រះជាម្ចាស់របស់ខ្ញុំ។

ចូរអ្នកពោលទៀតថា៖ ខ្ញុំគោរពសក្ការៈទៅចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)ប្រកបដោយចិត្តស្មោះសចំពោះទ្រង់ក្នុងសាសនារបស់ខ្ញុំ។

ដូច្នេះ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)គោរពសក្ការៈចំពោះអ្វីដែលពួកអ្នកចង់ក្រៅពីទ្រង់ចុះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ ពួកដែលខាតបង់(ពិតប្រាកដ)នោះ គឺពួកដែលខាតបង់ខ្លួនឯងនិងក្រុមគ្រួសាររបស់ខ្លួននៅថ្ងៃបរលោក។ តើមិនមែនទេឬដែលថា នោះគឺជាការខាតបង់យ៉ាងច្បាស់លាស់នោះ?

នៅពីលើពួកគេនិងនៅពីក្រោមពួកគេ គឺមានពពកនៃភ្លើងនរក។ នោះជាអ្វីដែលអល់ឡោះបន្លាចវាដល់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ឱបណ្តាខ្ញុំបម្រើទាំងឡាយ(របស់យើង)! ចូរពួកអ្នកកោតខ្លាចមកចំពោះយើងចុះ។

រីឯបណ្តាអ្នកដែលបានចៀសឆ្ងាយពីតហ្គូតដោយមិនគោរពសក្ការៈចំពោះវា ព្រមទាំងសារភាពកំហុសចំពោះអល់ឡោះនោះ សម្រាប់ពួកគេនឹងទទួលបាននូវដំណឹងរីករាយ។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយនេះដល់បណ្តាខ្ញុំបម្រើទាំងឡាយ(របស់យើង)ចុះ។

គឺបណ្តាអ្នកដែលស្តាប់នូវពាក្យសម្ដីទាំងឡាយ ហើយពួកគេធ្វើតាមពាក្យសម្តីដែលល្អបំផុត(បន្ទូលរបស់អល់ឡោះ និងប្រសាសន៍អ្នកនាំសាររបស់ទ្រង់) អ្នកទាំងនោះហើយ គឺជាអ្នកដែលអល់ឡោះទ្រង់ចង្អុលបង្ហាញដល់ពួកគេ ហើយអ្នកទាំងនោះហើយ គឺជាអ្នកដែលមានសតិបញ្ញាល្អប្រពៃ។

ចំពោះអ្នកដែលពាក្យពេចន៍ទណ្ឌកម្មត្រូវបានកំណត់ទៅលើរូបគេហើយនោះ ដូច្នេះ តើរូបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អាចសង្គ្រោះអ្នកដែលស្ថិតក្នុងឋាននរកបានឬ?

ផ្ទុយទៅវិញ បណ្តាអ្នកដែលកោតខ្លាចព្រះជាម្ចាស់របស់ពួកគេ សម្រាប់ពួកគេនឹងទទួលបានវិមានជាច្រើនសង់ពីលើគ្នាដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវាផងដែរ។ ជាការសន្យារបស់អល់ឡោះ។ អល់ឡោះជាម្ចាស់ទ្រង់មិនក្បត់ពាក្យសន្យាឡើយ។

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយទ្រង់បានបញ្ចូលវាទៅក្នុងដីកើតជាប្រភពទឹក។ បន្ទាប់មក តាមរយៈវា ទ្រង់បានបញ្ចេញនូវដំណាំដាំដុះដែលមានពណ៌ខុសៗគ្នា។ ក្រោយមក ទ្រង់បានធ្វើឱ្យដំណាំនោះប្រែទៅជាស្ងួតដោយអ្នកបានឃើញវាមានពណ៌លឿង។ រួចមក ទ្រង់ក៏បានឱ្យវាខ្ទេចខ្ទី។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាការដាស់រំឮកសម្រាប់បញ្ញាជនទាំងឡាយ។

តើអ្នកដែលអល់ឡោះបើកចិត្តរបស់គេឱ្យទទួលយកអ៊ីស្លាម ហើយរូបគេស្ថិតនៅលើពន្លឺពីព្រះជាម្ចាស់របស់គេនោះ(ដូចគ្នានឹងអ្នកដែលមិនមានលក្ខណៈបែបនេះឬ)? ពិតប្រាកដណាស់ ភាពអន្តរាយ គឺសម្រាប់ពួកដែលចិត្តរបស់ពួកគេរឹងរូសពីការរំឭកចំពោះអល់ឡោះ។ ពួកទាំងនោះគឺស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។

អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះនូវបន្ទូលដ៏ល្អប្រពៃជាទីបំផុត(គម្ពីរគួរអាន)ជាគម្ពីរមួយដែលមានលក្ខណៈស្រដៀងគ្នាដោយមានរៀបរាប់នូវបញ្ហាផ្សេងៗ។ ស្បែករបស់បណ្តាអ្នកដែលខ្លាចព្រះជាម្ចាស់របស់ពួកគេ ព្រឺញាប់ញ័រនៅពេលដែលបានឮវា។ ក្រោយមក ស្បែក និងចិត្តរបស់ពួកគេប្រែទន់ទៅកាន់ការរំលឹកចំពោះអល់ឡោះ។ នោះគឺជាការចង្អុលបង្ហាញរបស់អល់ឡោះដែលទ្រង់ចង្អុលបង្ហាញនឹងវាចំពោះជនណាដែលទ្រង់មានចេតនា។ ហើយជនណាដែលអល់ឡោះធ្វើឱ្យវង្វេង ពិតណាស់ រូបគេគឺគ្មានអ្នកដែលចង្អុលបង្ហាញឡើយ។

តើអ្នកដែលត្រូវគេបោះផ្កាប់មុខទៅក្នុងទណ្ឌកម្មដ៏អាក្រក់នៅថ្ងៃបរលោក(ល្អជាង ឬអ្នកដែលសោយសុខក្នុងឋានសួគ៌ល្អជាង)? ហើយមានគេនិយាយទៅកាន់ពួកដែលបំពានថា៖ ចូរពួកអ្នកភ្លក់ចុះនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។

អ្នកជំនាន់មុនពួកគេ(ពួកមុស្ហរីគីន)បានបដិសេធ(នឹងអ្នកនាំសារ) ពេលនោះ ទណ្ឌកម្មក៏បានមកដល់ពួកគេ(ភ្លាមៗ)ដោយពួកគេមិនដឹងខ្លួនឡើយ។

ដូច្នេះ អល់ឡោះក៏បានឱ្យពួកគេភ្លក់នូវភាពអាម៉ាស់បំផុតនៅក្នុងជីវិតលោកិយ។ ហើយទណ្ឌកម្មនៅថ្ងៃបរលោក គឺធ្ងន់ធ្ងរជាងនេះទៅទៀត ប្រសិនបើពួកគេបានដឹង។

ហើយពិតប្រាកដណាស់ យើងបានលើកជាឧទាហរណ៍សម្រាប់មនុស្សលោកនៅក្នុងគម្ពីរគួរអាននូវឧទាហរណ៍ជាច្រើនប្រភេទ សង្ឃឹមថាពួកគេនឹងនឹករលឹក។

(យើងបានបញ្ចុះ)គម្ពីរគួរអានជាភាសាអារ៉ាប់ដែលគ្មានភាពវៀចវេរ(ក្នុងវា)ឡើយ សង្ឃឹមថាពួកគេកោតខ្លាច(អល់ឡោះ)។

អល់ឡោះទ្រង់បានលើកជាឧទាហរណ៍នូវបុរសម្នាក់(ជាខ្ញុំបម្រើគេ)ដែលមានចៅហ្វាយច្រើននាក់(គ្រប់គ្រង)ដែលតែងឈ្លោះប្រកែកគ្នា(ក្នុងរឿងខ្ញុំបម្រើនោះ) ហើយនិងបុរសម្នាក់ទៀត(ខ្ញុំបម្រើម្នាក់ទៀត)ដែលមានចៅហ្វាយ(គ្រប់គ្រង)តែម្នាក់។ តើស្មើគ្នាឬទេរវាងឧទាហរណ៍ទាំងពីរនេះ? ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេ គឺមិនដឹងឡើយ។

ពិតប្រាកដណាស់ រូបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងត្រូវស្លាប់ ហើយពិតប្រាកដណាស់ ពួកគេក៏នឹងត្រូវស្លាប់ដែរ។

ក្រោយមក នៅថ្ងៃបរលោក ពិតណាស់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នឹងឈ្លោះប្រកែកគ្នានៅចំពោះមុខព្រះជាម្ចាស់របស់ពួកអ្នកជាមិនខាន។

ហើយគ្មានអ្នកណាដែលបំពានជាងអ្នកដែលប្រឌិតកុហកទៅលើអល់ឡោះ និងបដិសេធនឹងភាពសច្ចៈ(សេចក្តីពិត)នៅពេលដែលវាបានមកដល់រូបគេនោះឡើយ។ តើពុំមែនទេឬដែលឋាននរក គឺជាកន្លែងស្នាក់អាស្រ័យសម្រាប់ពួកប្រឆាំងនោះ?

រីឯអ្នកដែលនាំមកនូវភាពសច្ចៈ ហើយបានជឿជាក់ចំពោះវា អ្នកទាំងនោះហើយគឺជាអ្នកដែលកោតខ្លាច(អល់ឡោះ)។

សម្រាប់ពួកគេនឹងទទួលបាននូវអ្វីដែលពួកគេប្រាថ្នានៅឯព្រះជាម្ចាស់របស់ពួកគេ។ នោះហើយជាការតបស្នងរបស់បណ្តាអ្នកដែលសាងអំពើល្អ។

ដើម្បីអល់ឡោះនឹងលុបបំបាត់ពីពួកគេនូវទង្វើអាក្រក់ទាំងឡាយដែលពួកគេធ្លាប់បានសាង។ ហើយទ្រង់នឹងតបស្នងឱ្យពួកគេនូវផលបុណ្យរបស់ពួកគេល្អប្រសើរជាងអ្វីដែលពួកគេធ្លាប់បានសាងនោះទៅទៀត។

តើមិនគ្រប់គ្រាន់ទេឬដែលអល់ឡោះជាអ្នកការពារខ្ញុំបម្រើរបស់ទ្រង់(ព្យាការីមូហាំម៉ាត់)នោះ? ហើយពួកគេបានបន្លាចអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដោយព្រះនានារបស់ពួកគេក្រៅពីទ្រង់។ ហើយជនណាដែលអល់ឡោះធ្វើឱ្យវង្វេង ពិតប្រាកដណាស់ សម្រាប់រូបគេគឺគ្មានអ្នកចង្អុលបង្ហាញឡើយ។

រីឯជនណាដែលអល់ឡោះចង្អុលបង្ហាញ ក៏គ្មានអ្នកណាអាចធ្វើឱ្យគេវង្វេងនោះដែរ។ តើពុំមែនទេឬដែលអល់ឡោះជាម្ចាស់មហាខ្លាំងពូកែ ជាអ្នកដែលផ្តន្ទាទោស(ពួកដែលប្រព្រឹត្តល្មើសនឹងទ្រង់)នោះ?

ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកទាំងនោះថា៖ តើអ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ពួកគេប្រាកដជាឆ្លើយថា៖ គឺអល់ឡោះ។ ចូរអ្នកពោលទៀតថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក អ្វីដែលពួកអ្នកគោរពសក្ការៈផ្សេងពីអល់ឡោះ ប្រសិនបើអល់ឡោះទ្រង់មានចេតនាចង់ឱ្យខ្ញុំទទួលនូវគ្រោះអ្វីមួយ តើពួកវាអាចការពារគ្រោះនោះបានដែរឬទេ? ឬក៏ ប្រសិនបើទ្រង់មានចេតនាចង់ឲ្យខ្ញុំទទួលបាននូវក្តីមេត្តាករុណា តើពួកវាអាចរារាំងក្តីមេត្តាករុណារបស់ទ្រង់បានដែរឬទេ? ចូរអ្នកពោលចុះថា៖ អល់ឡោះជាម្ចាស់តែមួយគត់ គឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ។ ហើយចំពោះទ្រង់តែមួយគត់ដែលបណ្តាអ្នកដែលទុកចិត្តទាំងឡាយ ប្រគល់ការទុកចិត្ត(ទៅលើទ្រង់)។

ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកប្រកាន់ខ្ជាប់មាគ៌ារបស់ពួកអ្នកចុះ។ ចំណែកខ្ញុំក៏ប្រកាន់ខ្ជាប់(តាមមាគ៌ារបស់ខ្ញុំ)ដែរ។ ពិតណាស់ ពួកអ្នកគង់តែនឹងដឹងជាមិនខានថា៖

តើអ្នកណាដែលទណ្ឌកម្ម(ក្នុងលោកិយ)នឹងធ្លាក់លើរូបគេដែលនឹងធ្វើឱ្យគេអាម៉ាស់ ហើយនិងទណ្ឌកម្មដ៏អមតៈ(នាថ្ងៃបរលោក)ធ្លាក់ទៅលើរូបគេនោះ។

ពិតប្រាកដណាស់ យើងបានបញ្ចុះឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរគួរអាន សម្រាប់មនុស្សលោកយ៉ាងពិតប្រាកដ។ ដូច្នេះ ជនណាហើយដែលទទួលបានការចង្អុលបង្ហាញ វាគឺសម្រាប់ខ្លួនគេផ្ទាល់។ ហើយជនណាដែលវង្វេង តាមពិតការវង្វេងនោះ គឺធ្លាក់ទៅលើរូបគេ(ដូចគ្នា)។ ហើយអ្នក(ព្យាការីមូហាំម៉ាត់)មិនមែនជាអ្នកទទួលខុសត្រូវលើពួកគេនោះឡើយ។

អល់ឡោះជាម្ចាស់ជាអ្នកដកយកជីវិតទាំងឡាយនៅពេលដែលគេស្លាប់ ហើយ(ជាអ្នកដកយកជីវិត)អ្នកដែលមិនទាន់ស្លាប់នៅពេលដែលគេគេងលង់លក់ផងដែរ ដោយទ្រង់ឃាត់ទុកព្រលឹងទាំងឡាយណាដែលទ្រង់បានកំណត់ឱ្យគេស្លាប់ ហើយទ្រង់បញ្ជូន(ព្រលែង)ព្រលឹងផ្សេងទៀត(ដែលមិនទាន់កំណត់ឱ្យស្លាប់) រហូតដល់ពេលវេលាដែលបានកំណត់។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្តុតាងសម្រាប់អ្នកដែលចេះគិតពិចារណា។

ឬមួយពួកគេ(ពួកមុស្ហរីគីន)យកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកជួយអន្តរាគមន៍? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តើសូម្បីតែពួកវាគ្មានលទ្ធភាពគ្រប់គ្រងអ្វីបន្តិច ហើយក៏គ្មានប្រាជ្ញាចេះគិតផងនោះឬ?

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ការជួយអន្តរាគមន៍ទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ។ ក្រោយមក ពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់(តែមួយគត់)។

ហើយនៅពេលមានគេរំលឹកពីអល់ឡោះជាម្ចាស់តែមួយគត់ ចិត្តរបស់ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោកមានការស្អប់ខ្ពើម។ តែនៅពេលដែលមានគេរំលឹកពីអ្វីផ្សេងក្រៅពីទ្រង់ ស្រាប់តែពួកគេសប្បាយរីករាយ។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ បរពិត្រអល់ឡោះជាម្ចាស់ ជាអ្នកដែលបង្កើតមេឃជាច្រើនជាន់និងផែនដី ជាអ្នកដែលដឹងបំផុតចំពោះប្រការអាថ៌កំបាំង និងប្រការដែលលាតត្រដាង! ព្រះអង្គ(តែមួយគត់)ដែលកាត់សេចក្តីរវាងខ្ញុំបម្រើទាំងឡាយរបស់ព្រះអង្គ(នៅថ្ងៃបរលោក)ចំពោះអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នា។

ហើយពិតប្រាកដណាស់ ប្រសិនបើពួកបំពានមានអ្វីគ្រប់យ៉ាងទាំងអស់នៅលើផែនដី និងមានដូចនេះបន្ថែមពីលើនោះទៀត ប្រាកដជាពួកគេនឹងយកវាមកលោះខ្លួនពីទណ្ឌកម្មដ៏អាក្រក់នាថ្ងៃបរលោកជាមិនខាន។ ហើយអ្វី(ទណ្ឌកម្ម)ដែលពួកគេមិនធ្លាប់គិតស្មានដល់បានបង្ហាញឡើងចំពោះពួកគេតាមបទបញ្ជារបស់អល់ឡោះ។

ហើយអំពើអាក្រក់ទាំងឡាយដែលពួកគេធ្លាប់បានប្រព្រឹត្តក៏បានបង្ហាញឡើងចំពោះ(មុខ)ពួកគេផងដែរ។ ហើយអ្វី(ទណ្ឌកម្ម)ដែលពួកគេធ្លាប់បានសើចចំអកចំពោះវាក៏បានហ៊ុមព័ទ្ធពួកគេ។

នៅពេលដែលមនុស្សជួបនឹងគ្រោះ គឺរូបគេបានបួងសួងមកចំពោះយើង។ ក្រោយមក នៅពេលដែលយើងប្រទាននូវឧបការគុណអំពីយើងដល់រូបគេ គេបែរជានិយាយថា៖ ពិតណាស់ គេប្រទានវាឱ្យខ្ញុំដោយសារតែគេដឹង(ថាខ្ញុំសក្ដិសមនឹងទទួលបាន)។ ផ្ទុយទៅវិញ វាគឺជាការសាកល្បង(ចំពោះគេ)ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនបានដឹងឡើយ។

ពិតប្រាកដណាស់ ពួក(ប្រឆាំង)ជំនាន់មុនពួកគេក៏ធ្លាប់បាននិយាយពាក្យនេះដែរ។ ដូច្នេះ អ្វីដែលពួកគេបានប្រឹងប្រែងនោះ មិនអាចផ្តល់ជាប្រយោជន៍អ្វីដល់ពួកគេឡើយ។

ហេតុនេះ ពួកគេក៏ទទួលនូវការតបស្នងចំពោះអំពើអាក្រក់ដែលពួកគេធ្លាប់បានប្រព្រឹត្ត។ ហើយពួកដែលបំពានក្នុងចំណោមពួកទាំងនោះ(ពួកមុស្ហរីគីន) ពួកគេគង់តែនឹងទទួលនូវការតបស្នងចំពោះអំពើអាក្រក់ដែលពួកគេធ្លាប់បានប្រព្រឹត្ត(ដូចពួកជំនាន់មុន)ជាមិនខាន។ ហើយពួកគេមិនអាចគេចផុត(ពីអល់ឡោះ)ឡើយ។

តើពួកគេមិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បើកទូលាយ និងត្បិតត្បៀតលាភសក្ការៈចំពោះជនណាដែលទ្រង់មានចេតនានោះ? ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្តុតាងសម្រាប់ក្រុមដែលមានជំនឿ។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ខ្ញុំបម្រើរបស់យើងដែលបានបំពានលើខ្លួនឯងថា៖ ចូរពួកអ្នកកុំអស់សង្ឃឹមចំពោះក្តីមេត្តាករុណារបស់អល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នឹងអភ័យទោសចំពោះបាបកម្មទាំងអស់។ ពិតប្រាកដណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រលាញ់។

ហើយចូរពួកអ្នកវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ពួកអ្នក ព្រមទាំងប្រគល់ខ្លួនចំពោះទ្រង់ មុនពេលដែលទណ្ឌកម្មបានមកដល់ពួកអ្នក។ ក្រោយមក ពួកអ្នកនឹងមិនត្រូវបានគេជួយឡើយ។

ហើយចូរពួកអ្នកប្រតិបត្តិតាមអ្វីដែលប្រសើរជាងគេបំផុត(គម្ពីរគួរអាន)ដែលគេបានបញ្ចុះទៅកាន់ពួកអ្នកពីព្រះជាម្ចាស់របស់ពួកអ្នកមុនពេលដែលទណ្ឌកម្មបានមកដល់ពួកអ្នកភ្លាមៗខណៈដែលពួកអ្នកមិនដឹងខ្លួនឡើយ។

ដើម្បីកុំឱ្យបុគ្គលណាម្នាក់និយាយថា៖ គួរឱ្យសោកស្តាយខ្លាំងណាស់ចំពោះអ្វីដែលខ្ញុំបានធ្វេសប្រហែសក្នុងការគោរពប្រតិបត្តិចំពោះអល់ឡោះ ហើយរូបខ្ញុំធ្លាប់ស្ថិតក្នុងចំណោមពួកដែលសើចចំអក។

ឬក៏និយាយថា៖ ប្រសិនបើអល់ឡោះទ្រង់ចង្អុលបង្ហាញដល់ខ្ញុំនោះ ប្រាកដជាខ្ញុំនឹងស្ថិតក្នុងចំណោមអ្នកដែលកោតខ្លាច(ចំពោះទ្រង់)ជាមិនខាន។

ឬក៏និយាយនៅពេលដែលគេបានឃើញទណ្ឌកម្មថា៖ ប្រសិនបើខ្ញុំអាចត្រឡប់ទៅលោកិយវិញ(ម្តងទៀត) នោះរូបខ្ញុំនឹងស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អជាមិនខាន។

មិនដូច្នោះឡើយ។ ជាការពិតណាស់ សញ្ញាភស្តុតាងជាច្រើនរបស់យើងបានមកដល់អ្នក តែអ្នកបែរជាបដិសេធចំពោះវា និងបានក្រអឺតក្រទមទៅវិញ ហើយអ្នកថែមទាំងបានស្ថិតក្នុងចំណោមពួកដែលប្រឆាំងនឹងអល់ឡោះថែមទៀត។

ហើយនៅថ្ងៃបរលោក អ្នកនឹងឃើញថា ពួកដែលប្រឌិតកុហកទៅលើអល់ឡោះនោះ មុខរបស់ពួកគេខ្មៅងងឹត។ តើពុំមែនទេឬ នៅក្នុងនរកជើហាន់ណាំ គឺជាកន្លែងស្នាក់នៅសម្រាប់ពួកដែលក្រអឺតក្រទម។

ហើយអល់ឡោះជាម្ចាស់នឹងសង្គ្រោះបណ្តាអ្នកដែលកោតខ្លាច(ទ្រង់)ដោយភាពជោគជ័យរបស់ពួកគេ។ ប្រការអាក្រក់(ទណ្ឌកម្ម)នឹងមិនបៀតបៀនពួកគេឡើយ ហើយពួកគេក៏ពុំមានទុក្ខព្រួយនោះដែរ។

អល់ឡោះជាម្ចាស់ជាអ្នកដែលបង្កើតរាល់អ្វីៗទាំងអស់។ ហើយទ្រង់ជាអ្នកថែរក្សានូវរាល់អ្វីៗទាំងអស់។

កូនសោ(ឃ្លាំង)នៃមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ហើយពួកដែលប្រឆាំងនឹងវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះ ពួកទាំងនោះហើយគឺជាពួកដែលខាតបង់។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តើចំពោះអ្នកផ្សេងក្រៅអល់ឡោះឬដែលពួកអ្នកប្រើខ្ញុំឱ្យគោរពសក្ការៈនោះ ឱពួកល្ងង់ខ្លៅទាំងឡាយ!

ហើយជាការពិតណាស់ គេបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) និងទៅកាន់អ្នក(នាំសារ)ជំនាន់មុនអ្នកថា៖ ប្រសិនបើអ្នកធ្វើស្ហ៊ីរិក(មកចំពោះយើង) នោះទង្វើ(កុសល)របស់អ្នកពិតជានឹងរលាយសាបសូន្យ ហើយអ្នកប្រាកដជានឹងស្ថិតក្នុងចំណោមពួកដែលខាតបង់ជាមិនខាន។

ផ្ទុយទៅវិញ ចំពោះអល់ឡោះ(តែមួយគត់) ចូរអ្នកគោរពសក្ការៈ ហើយចូរអ្នកស្ថិតក្នុងចំណោមបណ្តាអ្នកដែលដឹងគុណ។

ហើយពួកគេ(ពួកមុស្ហរីគីន)មិនបានលើកតម្កើងអល់ឡោះឱ្យសក្ដិសមនឹងឋានៈរបស់ទ្រង់ឡើយ ខណៈដែលផែនដីទាំងមូល គឺស្ថិតក្នុងកណ្តាប់ដៃរបស់ទ្រង់នៅថ្ងៃបរលោក ហើយមេឃទាំងប្រាំពីរជាន់ គឺត្រូវបានមូរដោយដៃស្តាំរបស់ទ្រង់។ ទ្រង់មហាស្អាតស្អំ មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេបានធ្វើស្ហ៊ីរិក។

ហើយគេបានផ្លុំត្រែ ពេលនោះអ្នកដែលនៅលើមេឃជាច្រើនជាន់ និងអ្នកដែលនៅលើផែនដីនឹងត្រូវស្លាប់ទាំងអស់ លើកលែងតែជនណាដែលអល់ឡោះមានចេតនាប៉ុណ្ណោះ។ បន្ទាប់មក គេបានផ្លុំត្រែម្តងទៀត ពេលនោះស្រាប់តែពួកគេក្រោកឈររង់ចាំមើល។

ហើយផែនដីត្រូវបានបំភ្លឺដោយពន្លឺនៃព្រះជាម្ចាស់របស់វា សៀវភៅកំណត់ត្រា(ទង្វើរបស់មនុស្ស)ត្រូវបានគេចែក(ឱ្យមនុស្សគ្រប់គ្នា) ហើយបណ្តាព្យាការីនិងអ្នកធ្វើសាក្សីទាំងឡាយត្រូវបានគេនាំមក។ ហើយគេនឹងកាត់សេចក្តីរវាងពួកគេដោយយុត្តិធម៌បំផុតដោយពួកគេមិនត្រូវបានគេបំពានឡើយ។

ហើយគេនឹងតបស្នងយ៉ាងពេញលេញដល់បុគ្គលគ្រប់រូបចំពោះអ្វីដែលពួកគេប្រព្រឹត្ត។ ហើយទ្រង់ដឹងបំផុតចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត។

ហើយពួកគ្មានជំនឿត្រូវបានគេកៀងទៅកាន់នរកជើហាន់ណាំទាំងហ្វូងៗ។ លុះនៅពេលដែលពួកគេបានទៅដល់វា គេបានបើកទ្វារទាំងឡាយរបស់វា ហើយឆ្នាំនរកបាននិយាយទៅកាន់ពួកគេថា៖ តើបណ្តាអ្នកនាំសារទាំងឡាយក្នុងចំណោមពួកអ្នកមិនបានមកដល់ពួកអ្នកដោយសូត្រឱ្យពួកអ្នកស្តាប់នូវវាក្យខណ្ឌទាំងឡាយរបស់ព្រះជាម្ចាស់ពួកអ្នក និងបានព្រមានបន្លាចពួកអ្នកពីជំនួបនៅថ្ងៃនេះទេឬ? ពួកគេឆ្លើយថា៖ ពិតមែនហើយ។ ក៏ប៉ុន្តែពាក្យទណ្ឌកម្ម គឺត្រូវបានកំណត់ឲ្យធ្លាក់ទៅលើពួកគ្មានជំនឿ។

មានគេនិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកចូលទៅតាមទ្វារនានារបស់នរកជើហាន់ណាំចុះដោយពួកអ្នកនឹងស្ថិតនៅក្នុងនោះជាអមតៈ។ ហើយកន្លែងស្នាក់នៅរបស់ពួកក្រអឺតក្រទម គឺអាក្រក់បំផុត។

រីឯបណ្តាអ្នកដែលកោតខ្លាចព្រះជាម្ចាស់របស់ពួកគេត្រូវបានគេនាំទៅកាន់ឋានសួគ៌ទាំងក្រុមៗ។ លុះនៅពេលដែលពួកគេបានមកដល់ឋានសួគ៌ហើយនោះ គេក៏បើកទ្វារនានារបស់វាឱ្យពួកគេ ហើយឆ្មាំឋានសួគ៌បាននិយាយទៅកាន់ពួកគេថា៖ សូមសន្តិភាពកើតមានដល់ពួកអ្នក។ ពួកអ្នកស្អាតស្អំហើយ។ ដូច្នេះ ចូរពួកអ្នកចូលទៅក្នុងឋានសួគ៌ដោយស្ថិតនៅក្នុងនោះជាអមតៈចុះ។

ហើយពួកគេនិយាយថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលបានបំពេញនូវការសន្យារបស់ទ្រង់ចំពោះពួកយើង និងបានប្រទានឱ្យពួកយើងនូវមរតកនៃទឹកដី(ឋានសួគ៌)ដោយពួកយើងអាចរស់នៅទីកន្លែងណាក៏បានក្នុងឋានសួគ៌នេះតាមតែពួកយើងប្រាថ្នា។ ដូច្នេះ ផលបុណ្យ(ការតបស្នង)របស់បណ្តាអ្នកដែលសាងទង្វើ(កុសល) គឺល្អប្រសើរបំផុត។

ហើយអ្នកនឹងឃើញម៉ាឡាអ៊ីកាត់ទាំងឡាយនៅព័ទ្ធជុំវិញអារ៉ស្ហដោយពួកគេលើកតម្កើងដោយការកោតសរសើរដល់ព្រះជាម្ចាស់របស់ពួកគេ។ ហើយគេនឹងកាត់សេចក្តីរវាងពួកគេដោយយុត្តិធម៌។ ហើយមានគេនិយាយថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងអស់។