عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

The Women [An-Nisa] - Khmer translation - Rowwad Translation Center

Surah The Women [An-Nisa] Ayah 176 Location Madanah Number 4

ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកកោតខ្លាចព្រះជាម្ចាស់របស់ពួកអ្នកដែលបានបង្កើតពួកអ្នកចេញអំពីខ្លួនមនុស្សតែម្នាក់(ព្យាការីអាហ្ទាំ) ហើយទ្រង់បានបង្កើតចេញអំពីគាត់នូវភរិយារបស់គាត់(ហាវ៉ា) ហើយទ្រង់បានបង្កើតចេញអំពីពួកគាត់ទាំងពីរនោះនូវមនុស្សប្រុស និងមនុស្សស្រីជាច្រើន។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលក្នុងនាមរបស់ទ្រង់ ពួកអ្នកទាមទារសិទ្ធិពីគ្នាទៅវិញទៅមក ហើយត្រូវប្រុងប្រយ័ត្នចំពោះការកាត់ផ្តាច់ចំណងសាច់សាលោហិត។ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកឃ្លាំមើលពួកអ្នក។

ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលទទួលពាក្យបណ្តាំ)ផ្តល់ឲ្យក្មេងកំព្រា នូវទ្រព្យសម្បត្តិរបស់ពួកគេ(ឱ្យបានគ្រប់ចំនួន កាលណាពួកគេពេញវ័យ) ហើយចូរពួកអ្នកកុំប្តូរយកទ្រព្យសម្បត្តិល្អៗ(របស់ក្មេងកំព្រា)ជាមួយនឹងទ្រព្យសម្បត្តិដែលមិនល្អ(របស់ពួកអ្នក)ឱ្យសោះ។ ហើយពួកអ្នកមិនត្រូវស៊ីទ្រព្យសម្បត្តិក្មេងកំព្រាដោយយកវាមកលាយឡំ(ដាក់បញ្ចូលគ្នា)ជាមួយនឹងទ្រព្យសម្បត្តិរបស់ពួកអ្នកឡើយ ជាការពិតណាស់វាគឺជាបាបកម្មដ៏ធំធេងបំផុត។

ហើយប្រសិនបើពួកអ្នកបារម្ភខ្លាចមិនអាចផ្ដល់ភាពយុត្តិធម៌ដល់ក្មេងកំព្រាបាន(ប្រសិនបើពួកអ្នករៀបការជាមួយពួកនាង) ចូរពួកអ្នករៀបការជាមួយនឹងស្ត្រីណាដែលជាទីពេញចិត្តសម្រាប់ពួកអ្នក ចំនួនពីរនាក់ ឬបីនាក់ ឬបួននាក់។ តែប្រសិនបើពួកអ្នកបារម្ភខ្លាចមិនអាចផ្ដល់ភាពយុត្តិធម៌ដល់ពួកនាង(ភរិយាទាំងឡាយ)បានទេនោះ ចូររៀបការជាមួយស្ត្រីតែម្នាក់បានហើយ ឬក៏ជាមួយស្ត្រីបម្រើដាច់ថ្លៃដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកអ្នក។ នោះជាការប្រសើរបំផុតដើម្បីការពារពួកអ្នកកុំឱ្យពួកអ្នកមានភាពលម្អៀង។

ហើយចូរពួកអ្នកផ្ដល់ឱ្យស្ត្រីទាំងឡាយនូវខាន់ស្លារបស់ពួកនាង។ តែប្រសិនបើពួកនាងស្ម័គ្រចិត្តប្រគល់ជូននូវចំណែកណាមួយនៃខាន់ស្លានោះទៅឱ្យពួកអ្នក ចូរពួកអ្នកទទួលយកវាដោយរីករាយចុះ។

ហើយចូរពួកអ្នក(ឱអាណាព្យាបាលទាំងឡាយ)កុំផ្តល់នូវទ្រព្យសម្បត្តិដែលអល់ឡោះបានឱ្យពួកអ្នកគ្រប់គ្រងវាឱ្យទៅអ្នកដែលមានបញ្ញាខ្សោយ(មិនទាន់ចេះចាត់ចែងទ្រព្យសម្បត្តិ)ឱ្យសោះ។ ហើយចូរពួកអ្នកផ្ដល់ការហូបចុក និងការស្លៀកពាក់ដល់ពួកគេអំពីទ្រព្យសម្បត្ដិទាំងនោះចុះ ហើយចូរនិយាយទៅកាន់ពួកគេនូវពាក្យសម្ដីដែលល្អប្រពៃ។

ហើយចូរពួកអ្នក(ឱអាណាព្យាបាលទាំងឡាយ)ធ្វើការសាកល្បងក្មេងកំព្រាទាំងនោះនៅពេលណាដែលពួកគេគ្រប់អាយុរៀបការ(ពេញវ័យ)។ ប្រសិនបើពួកអ្នកឃើញថាពួកគេចេះចាត់ចែងទ្រព្យសម្បត្តិហើយនោះ ចូរពួកអ្នកប្រគល់នូវទ្រព្យសម្បត្តិរបស់ពួកគេឱ្យទៅពួកគេវិញចុះ។ ហើយពួកអ្នកមិនត្រូវយកទ្រព្យសម្បត្តិរបស់ពួកគេចំណាយបំពានហួសពីព្រំដែន(ដែលគេបានអនុញ្ញាត) និងឆ្លៀតឱកាស(យកទ្រព្យសម្បត្តិពួកគេ)មុនពេលពួកគេធំដឹងក្តីឡើយ។ ហើយប្រសិនបើគេ(អាណាព្យាបាលរបស់ក្មេងកំព្រា)ជាអ្នកមាន ចូរឱ្យគេឈប់យកទ្រព្យសម្បត្តិនោះ។ តែប្រសិនបើគេជាអ្នកក្រ ចូរឱ្យគេយកទ្រព្យសម្បត្តិនោះក្នុងចំនួនដែលសមរម្យ។ ហើយនៅពេលដែលពួកអ្នកប្រគល់ទ្រព្យសម្បត្តិរបស់ពួកគេ(ក្មេងកំព្រា)ឱ្យពួកគេវិញនោះ ចូរពួកអ្នករកអ្នកធ្វើសាក្សីលើការប្រគល់ទ្រព្យសម្បត្តិនោះផង។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកជំនុំជម្រះ។

សម្រាប់បុរស គឺទទួលបានចំណែកអំពីកេរមរតកដែលឪពុកម្ដាយ និងសាច់ញាតិបានបន្សល់ទុក(ក្រោយពេលស្លាប់)។ ហើយសម្រាប់ស្ត្រី ក៏ទទួលបានចំណែកអំពីកេរមរតកដែលឪពុកម្តាយ និងសាច់ញាតិបានបន្សល់ទុកដូចគ្នាដែរ ទោះតិច ឬច្រើន។ វាជាចំណែកដែលត្រូវបានកំណត់(យ៉ាងច្បាស់លាស់)។

បើកាលណាសាច់ញាតិ ក្មេងកំព្រា និងជនក្រីក្រ(ដែលគ្មានសិទ្ធិទទួលកេរមរតក)បានមកចូលរួមក្នុងពេលបែងចែកកេរមរតកនោះ ចូរពួកអ្នកផ្តល់ឱ្យពួកគេ(ជាប្រការស៊ូណិត)មួយចំណែកនៃទ្រព្យសម្បត្តិនោះ(មុនពេលបែងចែកកេរមរតក)។ ហើយចូរពួកអ្នកនិយាយទៅកាន់ពួកគេនូវពាក្យសម្ដីដែលល្អ ប្រពៃ។

ហើយចូរឲ្យអ្នកដែលមានក្តីបារម្ភពីកូនចៅរបស់ខ្លួនដែលទន់ខ្សោយដែលពួកគេបានបន្សល់ទុកក្រោយពេលស្លាប់នោះ(បារម្ភខ្លាចពួកគេកំព្រីកំព្រាគ្មានទីពឹង)។ ដូចនេះ ចូរឱ្យពួកគេកោតខ្លាចអល់ឡោះ(ដោយត្រូវធ្វើល្អចំពោះក្មេងកំព្រាដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួន) ហើយចូរឱ្យពួកគេនិយាយនូវពាក្យសម្តីដែលល្អត្រឹមត្រូវ។

ពិតប្រាកដណាស់ ពួកដែលស៊ីទ្រព្យសម្បត្តិក្មេងកំព្រាដោយបំពាននោះ តាមពិត ពួកគេកំពុងតែស៊ីភ្លើងចូលទៅក្នុងពោះរបស់ពួកគេប៉ុណ្ណោះ។ ហើយភ្លើងនរកនឹងឆាបឆេះពួកគេ(នៅថ្ងៃបរលោក)។

អល់ឡោះបានដាក់បង្គាប់លើពួកអ្នកឱ្យធ្វើការបែងចែកកេរមរតកដល់កូនៗរបស់ពួកអ្នក។ សម្រាប់កូនប្រុសម្នាក់ត្រូវទទួលបានចំណែកស្មើនឹងចំណែកកូនស្រីពីរនាក់។ ដូច្នេះ ប្រសិនបើសពមានតែកូនស្រី ហើយមានលើសពីពីរនាក់ គឺពួកនាងត្រូវទទួលបានចំណែកពីរភាគបីនៃចំណែកមរតក(ដែលបានបន្សល់ទុក)នោះ។ តែប្រសិនបើសពមានកូនស្រីតែម្នាក់ សម្រាប់នាងគឺទទួលបានចំណែកពាក់កណ្ដាល(នៃមរតក)។ ហើយសម្រាប់ឪពុកម្ដាយនៃសព គឺម្នាក់ៗនៃពួកគាត់ទាំងពីរត្រូវទទួលបានចំណែកមួយភាគប្រាំមួយនៃចំណែកមរតកនោះ ប្រសិនបើសពនោះមានកូន។ តែប្រសិនបើសពគ្មានកូន ហើយក៏គ្មានអ្នកទទួលមរតកផ្សេងទៀតទេនោះក្រៅពីឪពុកម្តាយទាំងពីររបស់គេទេនោះ គឺសម្រាប់ម្ដាយត្រូវទទួលបានចំណែកមរតកមួយភាគបី។ ហើយប្រសិនបើសពនោះមានបងប្អូនច្រើន(ចាប់ពីពីរនាក់ឡើងទៅ មិនថាប្រុសឬស្រី) សម្រាប់ម្ដាយ គឺទទួលបាន(ចំណែកមរតក)មួយភាគប្រាំមួយ។ (ហើយការបែងចែកកេរមរតកបែបនេះ) គឺក្រោយពីបានបំពេញនូវបណ្តាំ(របស់សព) និងសងបំណុល(ដែលសពបានជំពាក់គេ)រួចរាល់។ ពួកអ្នកមិនដឹងទេថា ក្នុងចំណោមឪពុកម្ដាយរបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នក តើអ្នកណាដែលអាចផ្តល់ផលប្រយោជន៍ដល់ពួកអ្នកជាងគេនោះ។ (ហើយការបែងចែកកេរមតកបែបនេះ)វាជាកាតព្វកិច្ចមកពីអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុត មហាគតិបណ្ឌិតបំផុត។

ហើយសម្រាប់ពួកអ្នក(ឱស្វាមីទាំងឡាយ) គឺទទួលបានចំណែកពាក់កណ្ដាលនៃកេរមរតកដែលភរិយារបស់ពួកអ្នកបានបន្សល់ទុក ប្រសិនបើពួកនាងគ្មានកូន(មិនថាកូនប្រុសឬកូនស្រី)។ តែប្រសិនបើពួកនាងមានកូន គឺពួកអ្នកត្រូវទទួលបានចំណែកមួយភាគបួននៃកេរមរតកដែលពួកនាងបានបន្សល់ទុកក្រោយពីបានបំពេញនូវពាក្យបណ្តាំ(របស់ពួកនាង) និងសងបំណុល(ដែលនាងជំពាក់គេ)រួចអស់។ ហើយសម្រាប់ពួកនាង(ភរិយាទាំងឡាយ) គឺទទួលបានចំណែកមួយភាគបួននៃកេរមរតកដែលពួកអ្នក(ឱស្វាមីទាំងឡាយ)បានបន្សល់ទុក ប្រសិនបើពួកអ្នកគ្មានកូន(មិនថាកូនប្រុសឬកូនស្រី)។ តែប្រសិនបើពួកអ្នកមានកូន គឺសម្រាប់ពួកនាងត្រូវទទួលបានចំណែកមួយភាគប្រាំបីនៃកេរមរតកដែលពួកអ្នកបានបន្សល់ទុកក្រោយពីបានបំពេញនូវពាក្យបណ្តាំ(របស់ពួកអ្នក) និងសងបំណុល(ដែលពួកអ្នកជំពាក់គេ)រួចរាល់។ ហើយប្រសិនបើបុរសម្នាក់ ឬស្រ្តីបានស្លាប់ ហើយគេគ្មានឪពុក ហើយក៏គ្មានកូនទេ តែពួកគេទាំងពីរ(មិនថាប្រុស ឬស្រី)មានបងប្អូនប្រុស(ខាងម្ដាយ)ម្នាក់ ឬបងប្អូនស្រី(ខាងម្ដាយ)ម្នាក់ ដូចនេះ សម្រាប់ពួកគេម្នាក់ៗ គឺទទួលបានចំណែកមួយភាគប្រាំមួយ(នៃមរតកនោះ)។ ហើយប្រសិនបើពួកគេ(បងប្អូនប្រុសខាងម្តាយ ឬបងប្អូនស្រីខាងម្តាយ)មានគ្នាច្រើនលើសពីមួយនាក់ សម្រាប់ពួកគេទាំងអស់គ្នា គឺទទួលចំណែកមរតកមួយភាគបីរួមគ្នាក្រោយពីបានបំពេញនូវពាក្យបណ្ដាំ(របស់សព) និងបានសងបំណុល(ដែលសពជំពាក់គេ)រួចរាល់ដោយមិនត្រូវបង្កផលប៉ះពាល់(ដល់អ្នកដែលទទួលកេរមរតកឡើយ)។ វាជាកាតព្វកិច្ចមកពីអល់ឡោះ។ ហើយអល់ឡោះមហាដឹង មហាអត់ធ្មត់បំផុត។

ទាំងនោះ គឺជាក្បួនច្បាប់របស់អល់ឡោះ។ ហើយជនណាដែលគោរពប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ គេ(អល់ឡោះ)នឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ នោះហើយគឺជាជោគជ័យដ៏ធំធេងបំផុត។

តែជនណាដែលបានប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានបំពានព្រំដែន(ក្បួនច្បាប់)របស់ទ្រង់នោះ គេ(អល់ឡោះ)នឹងបញ្ចូលរូបគេទៅក្នុងឋាននរកដោយរូបគេស្ថិតនៅក្នុងនោះជាអមតៈ ហើយរូបគេនឹងទទួលទណ្ឌកម្មដ៏អាម៉ាស់បំផុត។

ហើយចំពោះស្ត្រីដែលប្រព្រឹត្តអំពើអសីលធម៌ហ្ស៊ីណា(ការរួមភេទរវាងបុរសនិងស្ត្រីដោយមិនបានរៀបអាពាហ៍ពិពាហ៍ស្របតាមច្បាប់អ៊ីស្លាម)ក្នុងចំណោមបណ្ដាស្ត្រីរបស់ពួកអ្នក ចូរពួកអ្នករកមនុស្សប្រុសបួននាក់ក្នុងចំណោមពួកអ្នកធ្វើជាសាក្សីលើពួកនាង។ ប្រសិនបើពួកគេបានធ្វើសាក្សី(បញ្ជាក់ដូច្នោះ)ហើយនោះ ចូរពួកអ្នកឃុំខ្លួនពួកនាងនៅក្នុងផ្ទះ រហូតដល់ពួកនាងបាត់បង់ជីវិត ឬរហូតដល់អល់ឡោះជាម្ចាស់បានផ្តល់ដំណោះស្រាយផ្សេងដល់ពួកនាង(ក្រៅពីការឃុំខ្លួន)។

ហើយបុរសនិងស្ត្រីដែលប្រព្រឹត្តអំពើអសីលធម៌ហ្ស៊ីណាក្នុងចំណោមពួកអ្នក ចូរពួកអ្នកដាក់ទោសពួកគេទាំងពីរដោយការបញ្ឈឺ។ តែប្រសិនបើពួកគេទាំងពីរបានសារភាពកំហុស និងបានកែខ្លួនវិញនោះ ចូរពួកអ្នកបញ្ឈប់ការបញ្ឈឺពួកគេចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ជាអ្នកទទួលការសារភាព ជាអ្នកដែលមហាអាណិតស្រលាញ់បំផុត។

តាមពិត អល់ឡោះជាម្ចាស់ទ្រង់ទទួលយកការសារភាពកំហុសតែចំពោះបុគ្គលណាដែលបានប្រព្រឹត្តអំពើអាក្រក់ដោយភាពល្ងង់ខ្លៅ ក្រោយមក ពួកគេបានសារភាពកំហុសភ្លាម(មុនពេលសេចក្តីស្លាប់មកដល់)។ ពិតណាស់ អ្នកទាំងនោះហើយដែលអល់ឡោះទទួលយកការសារភាពកំហុសរបស់ពួកគេ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិតបំផុត។

ហើយទ្រង់នឹងមិនទទួលយកការសារភាពកំហុសនោះឡើយ ចំពោះជនណាដែលប្រព្រឹត្តអំពើអាក្រក់រហូតដល់សេចក្តីស្លាប់មកដល់ម្នាក់ៗនៃពួកគេទើបគេនិយាយថា៖ “ពិតណាស់ ពេលនេះ ខ្ញុំសូមសារភាពកំហុសហើយ” ហើយ(ក៏ដូចគ្នាដែរ)ពួកដែលស្លាប់ក្នុងខណៈពេលដែលពួកគេស្ថិតក្នុងភាពគ្មានជំនឿនោះ។ ពួកទាំងនោះហើយដែលយើងបានរៀបចំសម្រាប់ពួកគេនូវទណ្ឌកម្មដ៏សែនខ្លោចផ្សាបំផុត។

ឱបណ្ដាអ្នកដែលមានជំនឿ! គេមិនអនុញ្ញាតឱ្យពួកអ្នកយកប្រពន្ធឪពុករបស់ពួកអ្នកធ្វើជាកេរមរតកទាំងបង្ខំឡើយ។ ហើយពួកអ្នកមិនត្រូវរក្សាទុក(មិនព្រមលែងលះ)ភរិយារបស់ពួកអ្នកក្នុងគោលបំណងឲ្យពួកនាងលះបង់ឱ្យពួកអ្នកនូវខាន់ស្លាមួយចំនួនដែលពួកអ្នកបានផ្តល់ឱ្យពួកនាងនោះឡើយ លើកលែងតែពួកនាងប្រព្រឹត្ដអំពើអសីលធម៌(ហ្ស៊ីណា)ជាក់ស្តែង។ ហើយចូរពួកអ្នករួមរស់ជាមួយនឹងពួកនាង(ភរិយារបស់ពួកអ្នក)ប្រកបដោយគុណធម៌។ ហើយប្រសិនបើពួកអ្នកមិនពេញចិត្ដពួកនាងដោយប្រការណាមួយ(ចូរអត់ធ្មត់) ជួនកាល អ្វីដែលពួកអ្នកមិនពេញចិត្ដនោះ អល់ឡោះនឹងធ្វើឱ្យវាល្អប្រសើរលើសលប់វិញ(ក៏អាចថាបាន)។

ប្រសិនបើពួកអ្នក(ឱប្តីទាំងឡាយ)មានបំណងលែងលះភរិយា(របស់ពួកអ្នក)ដោយយកភរិយាផេ្សងទៀត ហើយពួកអ្នកបានផ្ដល់ទ្រព្យសម្បត្ដិជាច្រើន(ជាខាន់ស្លា)ដល់ពួកនាងហើយនោះ គឺពួកអ្នកមិនត្រូវយកអ្វីមួយអំពីវា(ទ្រព្យសម្បត្តិទាំងនោះ)មកវិញឡើយ។ តើពួកអ្នកយកវា(ប្រាក់ខាន់ស្លា)វិញទាំងបំពាន និងជាអំពើបាបយ៉ាងច្បាស់លាស់បែបនេះឬ?

តើពួកអ្នកយកវា(ខាន់ស្លា)មកវិញយ៉ាងដូចមេ្ដច ខណៈដែលពួកអ្នកធ្លាប់រួមរស់ជាមួយគ្នា ហើយពួកនាងក៏បានទទួលយកនូវកិច្ចសន្យាដ៏ម៉ឺងម៉ាត់អំពីពួកអ្នកហើយនោះ?

ហើយចូរពួកអ្នកកុំរៀបការជាមួយនឹងស្ដ្រីដែលឪពុករបស់ពួកអ្នកបានរៀបការជាមួយនាងរួចហើយនោះឱ្យសោះ លើកលែងតែអ្វីដែលបានកន្លងផុតទៅ(មុនអ៊ីស្លាមបានមកដល់)។ ពិតណាស់ការធ្វើដូចនេះ វាគឺជារឿងស្មោកគ្រោក ជាមូលហេតុដែលធ្វើឱ្យអល់ឡោះខឹងសម្បា និងជាមាគ៌ាដ៏អាក្រក់បំផុត។

គេ(អល់ឡោះ)បានហាមឃាត់ពួកអ្នកមិនឱ្យរៀបការជាមួយម្ដាយរបស់ពួកអ្នក កូនស្រីរបស់ពួកអ្នក បងប្អូនស្រីបង្កើតរបស់ពួកអ្នក ម្តាយមីងខាងឪពុករបស់ពួកអ្នក ម្តាយមីងខាងម្ដាយរបស់ពួកអ្នក ក្មួយស្រីពីបងប្អូនប្រុសរបស់ពួកអ្នក ក្មួយស្រីពីបងប្អូនស្រីរបស់ពួកអ្នក ម៉ែដោះរបស់ពួកអ្នកដែលបានបំបៅពួកអ្នក និងបងប្អូនស្រីតាមរយៈការបំបៅដោះតែមួយ(ជាមួយពួកអ្នក) ម្ដាយក្មេករបស់ពួកអ្នក កូនស្រីប្រពន្ធរបស់ពួកអ្នក(កូនចុង)ដែលបានធំធាត់នៅក្នុងផ្ទះរបស់ពួកអ្នកប្រសិនបើពួកអ្នកបានរួមដំណេកជាមួយម្តាយរបស់ពួកនាង(កូនចុង)រួចហើយនោះ។ តែប្រសិនបើពួកអ្នកមិនទាន់បានរួមដំណេកជាមួយម្តាយរបស់ពួកនាងទេនោះ គឺគ្មានទោសពៃរ៍អ្វីឡើយលើពួកអ្នកក្នុងការរៀបការជាមួយពួកនាង(កូនស្រីចុង)នោះ ហើយ(ទ្រង់ក៏បានហាមឃាត់ផងដែរមិនឱ្យរៀបការជាមួយ)នឹងប្រពន្ធរបស់កូនប្រុសបង្កើតរបស់ពួកអ្នក(កូនប្រសារ) ហើយនិង(ហាមឃាត់មិនឱ្យរៀបការជាមួយ)ស្ត្រីពីរនាក់ដែលជាបងប្អូនបង្កើតនឹងគ្នា លើកលែងតែអ្វីដែលបានកន្លងផុតទៅ(មុនឥស្លាមមកដល់)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុតចំពោះពួកគេ។

ហើយ(ទ្រង់ក៏បានហាមឃាត់មិនឱ្យរៀបការនឹង)ស្ត្រីដែលមានប្ដី លើកលែងតែទាសីដែលនៅក្រោមការគ្រប់គ្រងរបស់ពួកអ្នក។ (ទាំងនោះ)ជាការកំណត់របស់អល់ឡោះចំពោះពួកអ្នក។ ហើយទ្រង់បានអនុញ្ញាតឱ្យពួកអ្នក(អាចរៀបការ)នឹងស្ដ្រីផ្សេងក្រៅពីនោះ ដោយពួកអ្នកអាចស្វែងរកដោយទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ពួកអ្នកដើម្បីរៀបការស្របច្បាប់ ពុំមែនក្នុងបំណងប្រព្រឹត្តហ្ស៊ីណា(នឹងពួកនាង)នោះឡើយ។ តាមរយៈការររៀបការស្របច្បាប់ជាមួយពួកនាង ចូរពួកអ្នកផ្ដល់ឱ្យពួកនាងនូវខាន់ស្លារបស់ពួកនាងដែលជាកាតព្វកិច្ចលើពួកអ្នក។ ហើយគ្មានទោសពៃរ៍ចំពោះពួកអ្នកឡើយនូវអ្វីដែលពួកអ្នកបានឯកភាពគ្នានឹងវា(ខាន់ស្លា)បន្ទាប់ពីពួកអ្នកបានកំណត់វារួច។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹង មហាគតិបណ្ឌិតបំផុត។

ហើយជនណាមួយក្នុងចំណោមពួកអ្នកដែលគ្មានលទ្ធភាពរៀបការជាមួយនឹងស្ត្រីល្អបរិសុទ្ធដែលមានជំនឿទេនោះ ដូច្នេះគេអាចរៀបការជាមួយនឹងទាសីជាអ្នកមានជំនឿដែលនៅក្រោមការគ្រប់គ្រងរបស់ពួកអ្នក។ ហើយអល់ឡោះទ្រង់ដឹងបំផុតពីសេចក្តីជំនឿរបស់ពួកអ្នក។ ពួកអ្នក គឺមានភាពស្មើគ្នាទៅវិញទៅមក។ ដូច្នេះ ចូរពួកអ្នករៀបការជាមួយពួកនាង(ទាសី)ដោយមានការអនុញ្ញាតពីម្ចាស់របស់ពួកនាង ហើយចូរពួកអ្នកផ្ដល់ឱ្យពួកនាងនូវខាន់ស្លារបស់ពួកនាងដោយសមរម្យ ប្រសិនបើពួកនាងជាស្ត្រីសា្អតស្អំ ពុំមែនជាស្ត្រីពេស្យាចារ និងពុំមែនជាស្ត្រីដែលពួកអ្នកយកធ្វើជាស្រីកំណាន់នោះឡើយ។ ហើយប្រសិនបើពួកនាង(ទាសី)បានរៀបការរួច ក្រោយមកពួកនាងបានប្រព្រឹត្តអំពើអសីលធម៌ហ្ស៊ីណា ពួកនាងត្រូវទទួលពាក់កណ្ដាលនៃទណ្ឌកម្មដែលដាក់លើស្រី្ដមានសេរីភាព។ នោះគឺចំពោះអ្នកដែលខ្លាចធ្លាក់ខ្លួនក្នុងប្រការហ្ស៊ីណាក្នុងចំណោមពួកអ្នក។ តែការអត់ធ្មត់(មិនរៀបការជាមួយទាសី) គឺជាការប្រសើរសម្រាប់ពួកអ្នក។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។

អល់ឡោះជាម្ចាស់មានបំណងបញ្ជាក់ប្រាប់ដល់ពួកអ្នក និងចង្អុលបង្ហាញពួកអ្នកនូវបណ្តាមាគ៌ារបស់អ្នកជំនាន់មុនពួកអ្នក និងទទួលយកការសារភាពកំហុសរបស់ពួកអ្នក។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

ហើយអល់ឡោះទ្រង់មានបំណងទទួលយកការសារភាពកំហុសរបស់ពួកអ្នក តែពួកដែលដើរតាមទំនើងចិត្តរបស់ខ្លួនវិញ ពួកគេចង់ឱ្យពួកអ្នក(អ្នកមានជំនឿ)ងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវយ៉ាងឆ្ងាយបំផុត។

អល់ឡោះទ្រង់មានបំណងបន្ធូរបន្ថយដល់ពួកអ្នក។ ហើយមនុស្សលោកត្រូវបានគេបង្កើតមកដោយមានភាពទន់ខ្សោយ។

ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំយកទ្រព្យសម្បត្តិគ្នាទៅវិញទៅមកដោយខុសច្បាប់ឱ្យសោះ លើកលែងតែតាមរយៈការធ្វើជំនួញដែលមានការឯកភាពគ្នារវាងពួកអ្នកប៉ុណ្ណោះ។ ហើយចូរពួកអ្នកកុំសម្លាប់ខ្លួនឯង។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាអាណិតស្រលាញ់បំផុតចំពោះពួកអ្នក។

ហើយជនណាបានធ្វើដូច្នោះដោយភាពជាសត្រូវ និងការបំពាននោះ ពិតណាស់ យើងនឹងបញ្ចូលរូបគេទៅក្នុងភ្លើងនរក ហើយរឿងនោះ គឺងាយស្រួលបំផុតចំពោះអល់ឡោះជាម្ចាស់។

ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ជៀសវាងពីបាបកម្មធំៗនូវអ្វីដែលគេបានហាមឃាត់ពួកអ្នកនោះ យើងនឹងលុបលាងនូវអំពើអាក្រក់របស់ពួកអ្នក ហើយយើងនឹងបញ្ចូលពួកអ្នកទៅកាន់កន្លែងមួយដ៏ឧត្តុង្គឧត្តម(ឋានសួគ៌)។

ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)កុំប្រាថ្នាចង់បានដូចអ្វីដែលអល់ឡោះបានប្រទានឱ្យអ្នកខ្លះក្នុងចំណោមពួកអ្នកឲ្យសោះ។ សម្រាប់បុរស គឺទទួលបាននូវចំណែកនៃអ្វីដែលពួកគេបានប្រព្រឹត្ត ហើយសម្រាប់ស្ត្រី ក៏ទទួលបាននូវចំណែកនៃអ្វីដែលពួកនាងបានប្រព្រឹត្ត(ដូចគ្នា)។ ហើយចូរពួកអ្នកសុំពីអល់ឡោះនូវក្តីសប្បុរសរបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។

ហើយសម្រាប់បុគ្គលគ្រប់រូប យើងបានបង្កើតសម្រាប់គេឱ្យមាននូវអ្នកស្នងមរតកពីឪពុកម្ដាយនិងសាច់សាលោហិតដែលបានបន្សល់ទុក។ ហើយអ្នកដែលពួកអ្នកបានស្បថសច្ចាជាមួយពួកគេថានឹងជួយដល់ពួកគេនោះ ចូរផ្ដល់ឱ្យពួកគេនូវចំណែករបស់ពួកគេ(ពីមរតកនោះ)។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាសាក្សីលើអ្វីៗទាំងអស់។

បុរសទាំងឡាយ គឺជាអ្នកគ្រប់គ្រងលើស្ត្រីដោយសារតែអល់ឡោះទ្រង់លើកតម្កើងពួកគេឲ្យមានភាពប្រសើរលើសគ្នា និងដោយសារតែអ្វីដែលពួកគេបានចំណាយអំពីទ្រព្យសម្បត្តិរបស់ពួកគេ(លើការផ្គត់ផ្គងពួកនាង)។ ហើយស្ត្រីគ្រប់លក្ខណ៍នោះ គឺជាស្ត្រីដែលគោរពប្រតិបត្តិ(ចំពោះអល់ឡោះ) ជាស្ត្រីដែលថែរក្សាខ្លួននៅពេលអវត្តមានស្វាមីដោយការថែរក្សាពីអល់ឡោះ(ដល់ពួកនាង)។ ដោយឡែកស្ត្រីទាំងឡាយដែលពួកអ្នក(ស្វាមីទាំងឡាយ)បារម្ភនូវការមិនគោរពរបស់ពួកនាង(ចំពោះពួកអ្នក)នោះ ចូរពួកអ្នកដាស់តឿនពួកនាង បំបែកកន្លែងគេងពីពួកនាង និងវាយអប់រំពួកនាង(ស្រាលៗដែលមិនបង្ករបួសស្នាម)។ ហើយប្រសិនបើពួកនាងស្តាប់បង្គាប់ពួកអ្នកវិញហើយនោះ ចូរពួកអ្នកកុំស្វែងរកផ្លូវបំពានលើពួកនាងឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់ មហាធំធេងបំផុត។

ហើយប្រសិនបើពួកអ្នក(ឱអាណាព្យាបាល)បារម្ភខ្លាចមានការប្រេះឆារវាងគេទាំងពីរ(ប្ដីប្រពន្ធ) ចូរពួកអ្នកបញ្ជូនបុគ្គលដែលយុត្តិធម៌ម្នាក់ពីសាច់ញាតិខាងប្ដី និងបុគ្គលដែលយុត្តិធម៌ម្នាក់ទៀតពីសាច់ញាតិខាងប្រពន្ធ។ ប្រសិនបើគេទាំងពីរចង់បានការផ្សះផ្សា នោះអល់ឡោះជាម្ចាស់នឹងឱ្យពួកគេទាំងពីរត្រូវរ៉ូវគ្នាវិញ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹង មហាជ្រួតជ្រាបបំផុត។

ហើយចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់) និងមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ។ ហើយចូរពួកអ្នកធ្វើល្អចំពោះឪពុកម្ដាយ ញាតិសណ្តាន ក្មេងកំព្រា ជនក្រីក្រ អ្នកជិតខាងដែលជាសាច់ញាតិ អ្នកជិតខាងដែលមិនមែនជាសាច់ញាតិ អ្នករួមដំណើរជាមួយគ្នា អ្នកដំណើរដាច់ស្បៀង និងទាសករដែលនៅក្រោមការគ្រប់គ្រងរបស់ពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រលាញ់អ្នកដែលអួតក្អេងក្អាងឡើយ។

(ហើយទ្រង់ក៏មិនស្រលាញ់ដែរ)ពួកដែលកំណាញ់ ហើយថែមទាំងប្រើមនុស្សលោកឱ្យកំណាញ់(ដូចពួកគេ) ព្រមទាំងលាក់បាំងនូវអ្វីដែលអល់ឡោះបានប្រទានដល់ពួកគេនៃភាពសប្បុរសរបស់ទ្រង់។ ហើយយើងបានរៀបចំសម្រាប់ពួកដែលប្រឆាំងនូវទណ្ឌកម្មដ៏អាម៉ាស់បំផុត។

ហើយ(ក៏ដូចគ្នាដែរ)ពួកដែលបរិច្ចាគទ្រព្យសម្បត្តិរបស់ខ្លួនដើម្បីចង់ឱ្យមនុស្សលោកឃើញ ខណៈដែលពួកគេគ្មានជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោកឡើយ។ ហើយជនណាដែលយកស្ហៃតនធ្វើជាគូកនរបស់ខ្លួននោះ ពិតប្រាកដណាស់ ស្ហៃតននោះគឺជាគូកនដ៏អាក្រក់បំផុត។

តើមានអ្វីកើតឡើងលើពួកគេប្រសិនបើពួកគេមានជំនឿលើអល់ឡោះនិងថ្ងៃបរលោក ហើយបរិច្ចាគ(មួយចំណែក)អំពីអ្វីដែលអល់ឡោះទ្រង់បានប្រទានជាលាភសក្ការៈដល់ពួកគេនោះ? ហើយអល់ឡោះមហាដឹងបំផុតចំពោះពួកគេ។

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនបំពាន(លើនរណាម្នាក់)ប៉ុនលំអងធូលីឡើយ។ ហើយប្រសិនបើជាទង្វើល្អ គឺទ្រង់នឹងបង្កើនផលបុណ្យរបស់វាទ្វេដង ព្រមទាំងបន្ថែមទៅលើផលបុណ្យទ្វេដងនោះនូវផលបុណ្យដ៏ធំធេងពីលើនោះទៀត។

តើ(ស្ថានភាពពួកគេ)យ៉ាងដូចម្ដេចទៅនៅពេលដែលយើងនាំមកពីគ្រប់ប្រជាជាតិទាំងអស់នូវសាក្សីម្នាក់(ព្យាការីរបស់ពួកគេ) ហើយយើងក៏បាននាំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មកធ្វើជាសាក្សីលើពួកគេ(ប្រជាជាតិរបស់អ្នក)ដែរនោះ?

នាថ្ងៃនោះ(ថ្ងៃបរលោក) ពួកដែលគ្មានជំនឿ និងបានប្រឆាំងនឹងអ្នកនាំសារ ពួកគេមានបំណងចង់ឱ្យខ្លួនឯងក្លាយជាធូលីដី។ ហើយពួកគេមិនអាចលាក់បាំងរឿងអ្វីមួយពីអល់ឡោះឡើយ។

ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំប្រតិបត្តិសឡាតខណៈពេលដែលពួកអ្នកស្រវឹង រហូតទាល់តែពួកអ្នកដឹងនូវអ្វីដែលពួកអ្នកកំពុងនិយាយ ហើយកុំសឡាត(និងកុំចូលម៉ាស្ចិត)ក្នុងពេលដែលពួកអ្នកមានជូនុប លើកលែងតែការដើរកាត់ប៉ុណ្ណោះ រហូតទាល់តែពួកអ្នកងូតទឹកសម្អាតខ្លួនសិន ។ ហើយប្រសិនបើពួកអ្នកមានជំងឺ ឬជាអ្នកដំណើរ ឬក៏នរណាម្នាក់ក្នុងចំណោមពួកអ្នកបានបន្ទោរបង់ ឬក៏ពួកអ្នកបានរួមដំណេកជាមួយភរិយា ហើយពួកអ្នកគ្មានទឹក(ឬមិនអាចប្រើប្រាស់ទឹកបាន)ទេនោះ ចូរពួកអ្នកតាយ៉ាំមុំដោយប្រើដីស្អាត ដោយពួកអ្នកត្រូវជូតមុខ និងដៃរបស់ពួកអ្នក(នឹងដីនោះ)ចុះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាអធ្យាស្រ័យ មហាអភ័យទោសបំផុត។

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬចំពោះរឿងរ៉ាវរបស់ពួក(យូដា)ដែលគេប្រទានឱ្យពួកគេនូវចំណេះដឹងមួយចំណែកអំពីគម្ពីរ(តាវរ៉ត) តែពួកគេបែរជាប្តូរយកភាពវង្វេង ហើយពួកគេមានបំណងធ្វើឱ្យពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)វង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ?

ហើយអល់ឡោះទ្រង់ដឹងបំផុតពីសត្រូវរបស់ពួកអ្នក។ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាអ្នកគាំពារ ហើយក៏គ្រប់គ្រាន់ដែរដែលមានអល់ឡោះជាអ្នកជួយ។

ក្នុងចំណោមពួកយូដា មានអ្នកដែលកែប្រែបន្ទូលរបស់អល់ឡោះជាម្ចាស់ខុសពីកន្លែងដើមរបស់វា(ដែលទ្រង់បានបញ្ចុះមក) ហើយពួកគេនិយាយថា៖ ពួកយើងបានឮហើយ តែពួកយើងមិនគោរពតាមឡើយ (ហើយពួកគេនិយាយទៀតថា)៖ ចូរអ្នកស្ដាប់(សម្តីពួកយើង) ប៉ុន្តែអ្នកបែរជាមិនព្រមស្តាប់ និងប្រើពាក្យ “រ៉អ៊ីណា” ដោយនិយាយបន្លំក្នុងចេតនាប្រមាថមាក់ងាយ(ចំពោះព្យាការី) និងចង់បង្ខូចសាសនាអ៊ីស្លាម។ តែប្រសិនបើពួកគេនិយាយថា៖ “ពួកយើងបានឮហើយ និងបានគោរពតាមហើយ (និងនិយាយថា)៖ សូមអ្នកស្តាប់(សម្តីពួកយើង) ហើយប្រើពាក្យ “អ៊ុនហ្ស៊ុរណា”(ជំនួសវិញ) វាគឺជាការប្រសើរបំផុតសម្រាប់ពួកគេ និងជាពាក្យដែលត្រឹមត្រូវជាង។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់បានដាក់បណ្ដាសាពួកគេដោយសារតែការប្រឆាំងរបស់ពួកគេ។ ហេតុនេះ ពួកគេមិនមានជំនឿឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។

ឱបណ្ដាអ្នកដែលត្រូវបានគេប្រទានគម្ពីរឱ្យ! ចូរពួកអ្នកមានជំនឿលើអ្វីដែលយើងបានបញ្ចុះមក(ឱ្យព្យាការីមូហាំម៉ាត់)ដើម្បីបញ្ជាក់នូវអ្វីដែលមាននៅជាមួយពួកអ្នក(នៃគម្ពីរតាវរ៉តនិងគម្ពីរអ៊ិញជីល) មុនពេលដែលយើងនឹងបំផ្លាញឥន្ទ្រីយារម្មណ៍ដែលមាននៅលើផ្ទៃមុខ និងបង្វិលវាដាក់ទៅផ្នែកខាងក្រោយវិញ ឬយើងដាក់បណ្ដាសាពួកគេ ដូចដែលយើងបានដាក់បណ្តាសាក្រុមដែលបំពានថ្ងៃសៅរ៍។ ហើយបទបញ្ជារបស់អល់ឡោះ គឺពិតជាត្រូវបានអនុវត្ត។

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនអភ័យទោសឱ្យអ្នកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ឡើយ តែទ្រង់នឹងអភ័យទោសឱ្យចំពោះបាបកម្មផ្សេងពីនេះ ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់នោះ ពិតប្រាកដណាស់ រូបគេពិតជាបានប្រព្រឹត្តបាបកម្មមួយដ៏ធ្ងន់ធ្ងរបំផុត។

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬអំពីរឿងរ៉ាវរបស់ពួកដែលលើកសរសើរខ្លួនឯងជាអ្នកស្អាតស្អំនោះ? ផ្ទុយទៅវិញ មានតែអល់ឡោះតែមួយគត់ដែលជាអ្នកធ្វើឱ្យស្អាតស្អំ(ពីបាបកម្ម)ចំពោះជនណាដែលទ្រង់មានចេតនា ហើយពួកគេមិនត្រូវបានគេបំពានបន្តិចណាឡើយ សូម្បីប៉ុនសសៃឆ្មារក៏ដោយ។

ចូរអ្នកមើលចុះ(ឱអ្នកនាំសារមូហាំម៉ាត់) តើពួកគេបានប្រឌិតរឿងភូតកុហកទៅលើអល់ឡោះជាម្ចាស់(ដោយការលើកសរសើរខ្លួនឯង)យ៉ាងដូចម្ដេច? គ្រប់គ្រាន់ហើយដែលទង្វើទាំងនោះជាបាបកម្មដ៏ច្បាស់លាស់។

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬនូវពួក(យូដា)ដែលគេបានប្រទានចំណេះដឹងមួយផ្នែកនៃគម្ពីរឲ្យពួកគេ តែពួកគេបែរជាមានជំនឿលើព្រះនានាដែលពួកគេយកមកគោរពសក្ការៈផ្សេងពីអល់ឡោះទៅវិញ ហើយពួកគេនិយាយចំពោះពួកគ្មានជំនឿថា៖ ពិតប្រាកដណាស់ ពួកទាំងនេះស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវជាងបណ្ដាអ្នកមានជំនឿទៅទៀត?

ពួកទាំងនោះហើយជាពួកដែលត្រូវបានអល់ឡោះដាក់បណ្តាសាពួកគេ។ ជនណាហើយដែលអល់ឡោះទ្រង់បានដាក់បណ្តាសានោះ គឺអ្នក(ព្យាការីមូហាំម៉ាត់)នឹងមិនឃើញមានអ្នកដែលជួយគាំពារគេនោះឡើយ។

ឬមួយពួកគេមានចំណែកនៅក្នុងការគ្រប់គ្រងអ្វីមួយ? បើដូច្នោះមែននោះ ពួកគេនឹងមិនផ្ដល់ឱ្យនរណាម្នាក់បន្តិចណាឡើយ។

ឬមួយពួកគេច្រណែននឹងមនុស្សលោក(ព្យាការីមូហាំម៉ាត់ និងបណ្តាមិត្តភក្តិរបស់លោក)ចំពោះអ្វីដែលអល់ឡោះបានប្រទានឱ្យពួកគេនៃក្តីសប្បុរសរបស់ទ្រង់? ហើយជាការពិតណាស់ យើងក៏បានប្រទានឱ្យពូជពង្សព្យាការីអ៊ីព្រហ៊ីមនូវគម្ពីរ និងគតិបណ្ឌិត ហើយយើងក៏បានប្រទានឲ្យពួកគេនូវអំណាចដ៏ធំធេងផងដែរ។

ជាការពិតណាស់ ក្នុងចំណោមពួកគេ(ពួកអះលីគីតាប)មានអ្នកដែលមានជំនឿ ហើយក្នុងចំណោមពួកគេ ក៏មានអ្នកដែលប្រឆាំងនឹងវាផងដែរ។ គ្រប់គ្រាន់ហើយ(សម្រាប់ពួកគេ)នូវនរកជើហាន់ណាំដែលឆេះយ៉ាងសន្ធោសន្ធៅ។

ពិតប្រាកដណាស់ ពួកដែលបានប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់យើងនោះ យើងនឹងបញ្ចូលពួកគេទៅក្នុងភ្លើងនរក។ រាល់ពេលដែលស្បែករបស់ពួកគេបានឆេះខ្លោចអស់ យើងនឹងផ្លាស់ប្ដូរស្បែកផ្សេងទៀតឱ្យពួកគេដើម្បីឱ្យពួកគេភ្លក់នូវទណ្ឌកម្ម(ជាបន្តទៀត)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

ហើយបណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល យើងនឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ ពួកគេនឹងស្ថិតនៅទីនោះជាអមតៈ។ នៅក្នុងនោះ ពួកគេមានភរិយាដ៏ស្អាតស្អំជាច្រើន ហើយយើងនឹងបញ្ចូលពួកគេទៅក្នុងម្លប់ដ៏ត្រឈឹងត្រឈៃ។

ពិតប្រាកដណាស់ អល់ឡោះទ្រង់បានបង្គាប់ប្រើពួកអ្នកឱ្យប្រគល់បញ្ញើទាំងឡាយ(ដែលគេផ្ញើ)ឱ្យទៅម្ចាស់ដើមរបស់គេវិញ។ ហើយនៅពេលដែលពួកអ្នកកាត់ក្ដីរវាងមនុស្សលោក ចូរពួកអ្នកកាត់ក្ដី(ឱ្យពួកគេ)ដោយយុត្តិធម៌។ ពិតប្រាកណាស់ ជាការប្រសើរបំផុតដែលអល់ឡោះទ្រង់ផ្ដល់ដំបូន្មានដល់ពួកអ្នកចំពោះរឿងនេះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាឮ មហាឃើញបំផុត។

ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះ និងចូរពួកអ្នកប្រតិបត្តិតាមអ្នកនាំសារ ហើយនិងមេដឹកនាំរបស់ពួកអ្នក។ ហើយប្រសិនបើពួកអ្នកខ្វែងគំនិតគ្នាពីបញ្ហាអ្វីមួយ ចូរពួកអ្នកត្រឡប់បញ្ហានោះទៅកាន់អល់ឡោះ(គម្ពីរគួរអាន) និងអ្នកនាំសារ(ស៊ុណ្ណះ) ប្រសិនបើពួកអ្នកពិតជាមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោកមែននោះ។ នោះជាការប្រសើរ និងទទួលបានលទ្ធផលចុងក្រោយដ៏ល្អផងដែរ។

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬពួកដែលអះអាងថា ជាការពិតណាស់ ពួកគេពិតជាមានជំនឿចំពោះអ្វីដែលគេបានបញ្ចុះមកឱ្យអ្នក និង(មានជំនឿ)ចំពោះអ្វីដែលគេបានបញ្ចុះឱ្យអ្នក(នាំសារ)ជំនាន់មុនអ្នក ដោយពួកគេមានបំណងចង់ប្រគល់ការកាត់ក្ដីទៅឲ្យតហ្គូត ខណៈដែលពួកគេត្រូវបានគេ(អល់ឡោះ)បង្គាប់ប្រើឱ្យប្រឆាំងនឹងវា។ ហើយស្ហៃតនមានបំណងចង់ឱ្យពួកគេវង្វេងយ៉ាងសែនឆ្ងាយ។

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកមករកអ្វីដែលអល់ឡោះបានបញ្ចុះមក និងមករកអ្នកនាំសារ នោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងឃើញពួកគេបែរចេញពីអ្នកទាំងស្អប់ខ្ពើម។

តើ(ស្ថានភាពពួកពុតត្បុត)យ៉ាងដូចម្ដេច នៅពេលដែលមានគ្រោះអាក្រក់បានកើតឡើងចំពោះពួកគេដោយសារតែអ្វីដែលពួកគេបានសាងនោះ? បន្ទាប់មក ពួកគេនឹងមករកអ្នកដោយពួកគេស្បថនឹងអល់ឡោះជាម្ចាស់ថា៖ ពួកយើងគ្មានបំណងអ្វីក្រៅពីភាពល្អប្រសើរ និងការត្រូវរ៉ូវគ្នាវិញតែប៉ុណ្ណោះ។

ពួកទាំងនោះហើយដែលអល់ឡោះដឹងនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេ។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ងាកចេញពីពួកគេចុះ និងត្រូវដាស់រំឭកពួកគេ ហើយចូរអ្នកនិយាយទៅកាន់ពួកគេនូវពាក្យសម្ដីណាដែលមានប្រសិទ្ធិភាពបំផុត។

ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់ឡើយ លើកលែងតែដើម្បីឱ្យគេ(មនុស្សលោក)ប្រតិបត្តិតាមគាត់ដោយការអនុញ្ញាតពីអល់ឡោះ។ ហើយបើនៅពេលដែលពួកគេបានបំពានលើខ្លួនឯង ហើយពួកគេបានមកជួបអ្នកខណៈដែលអ្នកនៅមានជីវិត ដោយពួកគេសុំការអភ័យទោសពីអល់ឡោះ ហើយអ្នកនាំសារក៏បានជួយសុំអភ័យទោសឱ្យពួកគេដែរនោះ ពិតណាស់ពួកគេពិតជានឹងឃើញថា អល់ឡោះជាម្ចាស់គឺជាអ្នកទទួលនូវការសារភាពកំហុស និងមហាអាណិតស្រលាញ់បំផុត។

មិនដូច្នោះឡើយ សូមស្បថនឹងព្រះជាម្ចាស់របស់អ្នក! ពួកគេមិនមានជំនឿ(ពិតប្រាកដ)ឡើយ លុះត្រាតែពួកគេប្រគល់ឲ្យអ្នកកាត់ក្ដីនូវរាល់ការខ្វែងគំនិតគ្នារវាងពួកគេ ក្រោយមក ពួកគេគ្មានការចង្អៀតចង្អល់នៅក្នុងចិត្តចំពោះអ្វីដែលអ្នកបានវិនិច្ឆ័យ ហើយពួកគេទទួលយកដោយការពេញចិត្ត។

ហើយជាការពិតណាស់ ប្រសិនបើយើងដាក់បទបញ្ជាលើពួកគេ(ពួកពុតត្បុត)ថា៖ ចូរពួកអ្នកសម្លាប់ខ្លួនឯង ឬចាកចេញពីលំនៅដ្ឋានរបស់ពួកអ្នក នោះពួកគេនឹងមិនធ្វើតាមបទបញ្ជា(របស់យើង)នោះឡើយ លើកលែងតែមួយចំនួនតូចនៃពួកគេប៉ុណ្ណោះ។ ហើយប្រសិនបើពួកគេធ្វើតាមអ្វីដែលគេបានដាស់រំឭកពួកគេនោះ គឺល្អប្រសើរសម្រាប់ពួកគេ និងធ្វើឱ្យជំនឿរបស់ពួកគេកាន់តែរឹងមាំថែមទៀត។

បើដូច្នោះ យើងពិតជានឹងប្រទានឱ្យពួកគេនូវផលបុណ្យដ៏ធំធេងបំផុតអំពីយើង។

ហើយយើងពិតជានឹងចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។

ហើយជនណាដែលប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសារ ជាការពិតណាស់ អ្នកទាំងនោះពួកគេនឹងស្ថិតនៅជាមួយបណ្តាអ្នកដែលអល់ឡោះបានប្រទានឧបការគុណឱ្យពួកគេ ដូចជាបណ្ដាព្យាការី បណ្ដាអ្នកជឿតាមព្យាការី បណ្ដាអ្នកពលី និងបណ្ដាអ្នកសាងកុសលទាំងឡាយ។ អ្នកទាំងនោះហើយគឺជាកល្យាណមិត្តដ៏ល្អបំផុត។

ទាំងនោះ គឺជាការប្រោសប្រទានពីអល់ឡោះជាម្ចាស់។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកមហាដឹងបំផុត។

ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នករៀបចំខ្លួនដោយប្រុងប្រយ័ត្ន(ពីសត្រូវ) ហើយចូរពួកអ្នកចេញទៅប្រយុទ្ធម្ដងមួយក្រុមៗ ឬក៏ចេញទៅប្រយុទ្ធទាំងអស់គ្នាតែម្ដង។

ហើយពិតប្រាកដណាស់ ក្នុងចំណោមពួកអ្នក(ឱបណ្តាជនមូស្លីមទាំងឡាយ) គឺមានអ្នកដែលអល់អែល(ក្នុងការចេញច្បាំ)។ ហើយប្រសិនបើពួកអ្នកទទួលរងគ្រោះថ្នាក់ណាមួយ គេនឹងនិយាយថា៖ ជាការពិតណាស់ អល់ឡោះជាម្ចាស់បានប្រោសប្រទានដល់ខ្ញុំ ខណៈដែលខ្ញុំមិនបានទៅចូលរួមជាមួយពួកគេ។

តែប្រសិនបើពួកអ្នក(ឱជនមូស្លីមទាំងឡាយ)ទទួលបានការប្រោសប្រទានពីអល់ឡោះវិញនោះ គេពិតជានឹងនិយាយចេញមក ហាក់ដូចជារវាងពួកអ្នកនឹងរូបគេគ្មានមនោសញ្ចេតនាអ្វីនឹងគ្នាសោះថា៖ ខ្ញុំសោកស្ដាយណាស់! ប្រសិនបើខ្ញុំស្ថិតនៅជាមួយពួកគេនោះ ខ្ញុំពិតជានឹងទទួលបានជោគជ័យដ៏ធំធេង(ដូចពួកគេ)ជាមិនខាន។

ដូច្នេះ ចូរឱ្យបណ្ដាអ្នកដែលយកជីវិតលោកិយប្ដូរយកថ្ងៃបរលោកនោះធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះចុះ។ ហើយជនណាដែលធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះ ហើយត្រូវបានគេសម្លាប់ ឬទទួលបរាជ័យនោះ ពិតណាស់ យើងនឹងប្រទានឱ្យគេនូវផលបុណ្យដ៏ធំធេងបំផុត(ឋានសួគ៌)។

តើហេតុអ្វីបានជាពួកអ្នក(អ្នកមានជំនឿ)មិនធ្វើសង្គ្រាម ក្នុងមាគ៌ារបស់អល់ឡោះ និង(ជួយសង្គ្រោះ)ពួកដែលទន់ខ្សោយ ក្នុងចំណោមបុរសនិងស្ដ្រី ហើយនិងកេ្មងៗដែលពួកគេកំពុងតែបួងសួងថាៈ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ. សូមព្រះអង្គមេត្ដា ជួយសង្គ្រោះយើងខ្ញុំចេញពីភូមិស្រុក(ម៉ាក្កះ)នេះ ដែលអ្នករស់នៅទីនេះជាពួកបំពានផងចុះ ហើយសូមព្រះអង្គមេត្ដាប្រទានដល់យើងខ្ញុំនូវអ្នកគាំពារកិច្ចការរបស់យើងខ្ញុំពីព្រះអង្គ ហើយនិង(ប្រទាន)អ្នកជួយដល់យើងខ្ញុំពីព្រះអង្គផងចុះ។

បណ្ដាអ្នកដែលមានជំនឿ គឺពួកគេប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ។ រីឯពួកគ្មានជំនឿវិញ ពួកគេប្រយុទ្ធក្នុងមាគ៌ាតហ្គូត។ ហេតុនេះ ចូរពួកអ្នកប្រយុទ្ធប្រឆាំងនឹងបក្សពួករបស់ស្ហៃតនចុះ។ ជាការពិតណាស់ ល្បិចកលរបស់ស្ហៃតនគឺទន់ខ្សោយបំផុត។

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬពីរឿងរ៉ាវរបស់អ្នកដែលគេនិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកហាមឃាត់ដៃរបស់ពួកអ្នក(ពីការធ្វើសង្គ្រាម) ហើយចូរពួកអ្នកប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់(មុនពេលដែលគេបានដាក់កាតព្វកិច្ចឱ្យធ្វើសង្គ្រាម)។ តែនៅពេលដែលគេបានដាក់កាតព្វកិច្ចលើពួកគេឱ្យធ្វើសង្គ្រាម ស្រាប់តែមួយក្រុមក្នុងចំណោមពួកគេមានការភ័យខ្លាចចំពោះមនុស្សលោកបីដូចជាពួកគេខ្លាចអល់ឡោះ ឬខ្លាំងជាងខ្លាចអល់ឡោះទៅទៀត ហើយពួកគេបាននិយាយថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ហេតុអ្វីបានជាព្រះអង្គដាក់កាតព្វកិច្ចសង្គ្រាមមកលើយើងខ្ញុំ? ហេតុអ្វីបានជាព្រះអង្គមិនពន្យារពេលបន្តិចទៀតដល់យើងខ្ញុំ(ដើម្បីបានរីករាយនឹងជីវិតលោកិយសិន)? ចូរអ្នកពោលទៅកាន់ពួកគេថា៖ ការត្រេកត្រអាលក្នុងលោកិយនេះ គឺតិចតួចបំផុត។ រីឯថ្ងៃបរលោកវិញ គឺប្រសើរបំផុតសម្រាប់អ្នកដែលកោតខ្លាច(អល់ឡោះជាម្ចាស់) ហើយពួកអ្នកមិនត្រូវបានគេបំពានឡើយ សូម្បីតែបន្តិច។

ទោះបីជាពួកអ្នកនៅទីកន្លែងណាក៏ដោយ ក៏សេចក្ដីស្លាប់នឹងទៅដល់ពួកអ្នកដែរ សូម្បីតែពួកអ្នកស្ថិតនៅក្នុងវិមានដែលត្រូវបានស្ថាបនាយ៉ាងរឹងមាំក៏ដោយ។ ហើយប្រសិនបើពួកគេ(ពួកពុតត្បុត)ទទួលបានប្រការល្អ ពួកគេនិយាយថា៖ នេះគឺមកពីអល់ឡោះ។ តែប្រសិនបើពួកគេទទួលបានប្រការអាក្រក់វិញ ពួកគេនិយាយថា៖ នេះគឺមកពីអ្នក។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ប្រការទាំងនោះ គឺមកពីអល់ឡោះជាម្ចាស់ទាំងអស់។ តើហេតុអ្វីបានជាក្រុមទាំងនោះ ហាក់ដូចជាពួកគេមិនយល់ពីពាក្យសម្ដី(ដែលអ្នកនិយាយ)បែបនេះ?

អ្វីដែលអ្នក(ឱកូនចៅអាហ្ទាំ)ទទួលបាននៃប្រការល្អ គឺមកពីអល់ឡោះជាម្ចាស់។ ហើយអ្វីដែលអ្នកទទួលបាននៃប្រការអាក្រក់ គឺមកពីខ្លួនអ្នកផ្ទាល់។ ហើយជាការពិតណាស់ យើងបានតែងតាំងអ្នក(ឱព្យាការីមូហាំម៉ាត់)ជាអ្នកនាំសារម្នាក់សម្រាប់មនុស្សលោក។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាសាក្សី។

ជនណាដែលប្រតិបត្តិតាមអ្នកនាំសារ(មូហាំម៉ាត់) គឺរូបគេពិតជាបានគោរពប្រតិបត្តិតាមអល់ឡោះ។ ជនណាហើយដែលងាកចេញ(ពីការប្រតិបត្តិតាមអ្នក) ជាការពិតណាស់ យើងមិនបានតែងតាំងអ្នកជាអ្នកឃ្លាំមើល(ពួកគេ)ឡើយ។

ហើយពួកគេ(ពួកពុតត្បុត)និយាយថា៖ ពួកយើងប្រតិបត្តិតាម(អ្នក)។ តែនៅពេលដែលពួកគេបានចាកចេញពីអ្នកវិញ ក្រុមមួយក្នុងចំណោមពួកគេបានរៀបចំផែនការយ៉ាងសម្ងាត់ផ្ទុយពីអ្វីដែលគេនិយាយទៅវិញ។ ហើយអល់ឡោះទ្រង់នឹងកត់ត្រានូវអ្វី(ផែនការអាក្រក់)ដែលពួកគេរៀបចំ។ ហេតុនេះ ចូរអ្នកងាកចេញពីពួកគេ ហើយប្រគល់ការទុកចិត្តចំពោះអល់ឡោះចុះ។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកត្រូវបានគេផ្ដល់ទំនុកចិត្ត។

ហេតុអ្វីបានជាពួកគេមិនត្រិះរិះពិចារណាពីគម្ពីរគួរអាន? ហើយប្រសិនបើវាមកពីអ្នកផ្សេងក្រៅពីអល់ឡោះវិញនោះ ពួកគេប្រាកដជានឹងឃើញមានការខ្វែងគំនិតគ្នាជាច្រើននៅក្នុងវាជាមិនខាន។

ហើយនៅពេលដែលព័ត៌មានស្ដីពីសុវត្ថិភាព(របស់អ្នកមូស្លីម) ឬព័ត៌មានពីការភ័យខ្លាចបានមកដល់ពួកគេ(ពួកពុតត្បុត) ពួកគេផ្សព្វផ្សាយវាភ្លាម(ទាំងដែលមិនទាន់ដឹងថា តើព័ត៌មាននោះពិតឬមិនពិត)។ តែប្រសិនបើពួកគេផ្តល់ព័ត៌មាននោះទៅកាន់អ្នកនាំសារ និងទៅកាន់មេដឹកវិញនោះ អ្នកដែលមានការយល់ដឹងពីបញ្ហានោះក្នុងចំណោមពួកគេប្រាកដជានឹងដឹងជាមិនខាន(ថាតើត្រូវធ្វើដូចម្តេចចំពោះព័ត៌មាននោះ)។ ហើយប្រសិនបើគ្មានការប្រោសប្រទានពីអល់ឡោះមកលើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ) និងក្ដីមេត្តាករុណារបស់ទ្រង់ទេនោះ ពួកអ្នកប្រាកដជានឹងដើរតាមស្ហៃតនជាមិនខាន លើកលែងតែមួយចំនួនតូចបុណ្ណោះ។

ដូចនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះចុះ។ អ្នកមិនត្រូវបានគេដាក់បន្ទុកលើអ្នកដទៃក្រៅពីខ្លួនឯងឡើយ។ ហើយចូរអ្នកជំរុញបណ្តាអ្នកដែលមានជំនឿ(ឱ្យប្រយុទ្ធក្នុងមាគ៌ាអល់ឡោះ)។ សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងទប់ស្កាត់អំណាចរបស់ពួកគ្មានជំនឿ។ ហើយអល់ឡោះជាអ្នកមានអានុភាពខ្លាំងក្លា និងជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។

ជនណាហើយដែលធ្វើអន្តរាគមន៍នូវប្រការល្អណាមួយ គេនឹងទទួលបានចំណែក(ផលបុណ្យ)អំពីវា។ ហើយជនណាដែលធ្វើអន្តរាគមន៍នូវប្រការអាក្រក់ណាមួយ គេក៏នឹងទទួលបានចំណែក(បាបកម្ម)អំពីវាដូចគ្នា។ ហើយអល់ឡោះជាសាក្សីលើរាល់អ្វីៗទាំងអស់។

ហើយនៅពេលដែលមាននរណាម្នាក់ស្វាគមន៍(ឱ្យសាឡាម)លើពួកអ្នក ចូរពួកអ្នកស្វាគមន៍(តបសាឡាម)វិញឱ្យល្អជាងនោះ ឬដូចអ្វីដែលគេបានស្វាគមន៍។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកជំនុំជម្រះនូវរាល់អ្វីៗទាំងអស់។

អល់ឡោះ(តែមួយគត់) គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ពិតជានឹងប្រមូលផ្ដុំពួកអ្នក(ទាំងអស់គ្នា)នៅថ្ងៃបរលោកដោយគ្មានការសង្ស័យចំពោះវាឡើយ។ ហើយគ្មានពាក្យសម្ដីនរណាម្នាក់ដែលពិតជាងបន្ទូលរបស់អល់ឡោះនោះឡើយ។

តើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មានបញ្ហាអ្វីទើបធ្វើឱ្យពួកអ្នកបែកបាក់ជាពីរក្រុមនៅក្នុងរឿងរបស់ពួកពុតត្បុតនោះ? អល់ឡោះជាម្ចាស់បានត្រឡប់ពួកគេ(ទៅរកភាពគ្មានជំនឿ និងភាពវង្វេង)ដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្ត។ តើពួកអ្នកចង់ផ្តល់ការចង្អុលបង្ហាញដល់អ្នកដែលអល់ឡោះធ្វើឲ្យវង្វេងឬ? ជនណាដែលអល់ឡោះធ្វើឱ្យវង្វេងហើយនោះ អ្នក(ព្យាការីមូហាំម៉ាត់)នឹងមិនឃើញមានផ្លូវណាមួយសម្រាប់គេឡើយ។

ពួកគេ(ពួកពុតត្បុត)ប្រាថ្នាថា ប្រសិនបើពួកអ្នកប្រឆាំងដូចដែលពួកគេបានប្រឆាំងដែរនោះ ពួកអ្នកនឹងមានភាពស្មើគ្នានឹងពួកគេដែរ។ ដូចនេះ ចូរពួកអ្នកកុំយកនរណាម្នាក់ក្នុងចំណោមពួកគេធ្វើជាអ្នកគាំពារឱ្យសោះ លុះត្រាតែពួកគេភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ។ តែប្រសិនបើពួកគេងាកចេញ ចូរពួកអ្នកចាប់ពួកគេ និងសម្លាប់ពួកគេនៅទីណាក៏ដោយដែលពួកអ្នកជួបពួកគេ។ ហើយចូរពួកអ្នកកុំយកនរណាម្នាក់ក្នុងចំណោមពួកគេធ្វើជាអ្នកគាំពារ និងជាអ្នកជួយ(ពួកអ្នក)ឱ្យសោះ។

លើកលែងតែអ្នកដែលភ្ជាប់ខ្លួនជាមួយនឹងក្រុមមួយដែលរវាងពួកអ្នក(អ្នកមានជំនឿ)និងពួកគេមានកិច្ចព្រមព្រៀងជាមួយគ្នា ឬក៏ពួកដែលបានមកជួបពួកអ្នក ខណៈដែលចិត្តរបស់ពួកគេមានការធុញថប់ដោយពួកគេមិនចង់ធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នក ហើយក៏មិនចង់ធ្វើសង្គ្រាមប្រឆាំងនឹងក្រុមរបស់ពួកគេដែរ។ ហើយប្រសិនបើអល់ឡោះជាម្ចាស់មានចេតនា ទ្រង់ពិតជានឹងធ្វើឱ្យពួកគេត្រួតត្រាលើពួកអ្នក ពេលនោះពួកគេនឹងធ្វើសង្គ្រាមឈ្នះពួកអ្នកជាមិនខាន។ តែប្រសិនបើពួកគេបានដកថយ ដោយមិនធ្វើសង្គ្រាមជាមួយពួកអ្នក និងធ្វើការចរចាសន្តិភាពជាមួយពួកអ្នក ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនបើកផ្លូវ(មិនអនុញ្ញាត)ឱ្យពួកអ្នកធ្វើអ្វីទៅលើពួកគេឡើយ។

ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នឹងជួបប្រទះមួយក្រុមផ្សេងទៀត(នៃពួកគេ)មានបំណងចង់បានសុវត្ថិភាពពីពួកអ្នក និងចង់បានសុវត្ថិភាពពីក្រុមរបស់ពួកគេដែរ។ រាល់ពេលដែលពួកគេត្រូវបានគេអំពាវនាវទៅរកភាពវិកវរ(ប្រឆាំងនឹងអល់ឡោះ និងធ្វើស្ហ៊ីរិកចំពោះទ្រង់) ពួកគេទទួលវាយ៉ាងលឿន។ ពិតប្រាកដណាស់ ប្រសិនបើពួកគេមិនព្រមដកថយ មិនព្រមចរចារសន្តិភាពជាមួយពួកអ្នក និងមិនបញ្ឈប់ការធ្វើសង្គ្រាមប្រឆាំងជាមួយពួកអ្នកទេនោះ ចូរពួកអ្នកចាប់ខ្លួនពួកគេ និងសម្លាប់ពួកគេចុះនៅគ្រប់ទីកន្លែងណាក៏ដោយដែលពួកអ្នកជួបពួកគេ។ ពួកទាំងនោះហើយ យើងបានផ្ដល់ហេតុផលយ៉ាងច្បាស់លាស់ឱ្យពួកអ្នកទៅលើពួកគេ(អាចចាប់ខ្លួន ឬសម្លាប់ពួកគេ)។

អ្នកមានជំនឿមិនត្រូវសម្លាប់អ្នកមានជំនឿដូចគ្នាឡើយ លើកលែងតែដោយអចេតនាប៉ុណ្ណោះ។ ហើយជនណាសម្លាប់អ្នកមានជំនឿដោយអចេតនា គេត្រូវដោះលែងទាសីដែលមានជំនឿម្នាក់ឱ្យមានសេរីភាព និងត្រូវបង់ពិន័យឱ្យទៅគ្រួសារជនរងគ្រោះ លើកលែងតែពួកគេ(គ្រួសារជនរងគ្រោះ)មានការអធ្យាស្រ័យ។ ហើយប្រសិនបើជនរងគ្រោះស្ថិតក្នុងក្រុមសត្រូវរបស់ពួកអ្នក តែរូបគេជាអ្នកមានជំនឿ ចាំបាច់ទៅលើឃាតករត្រូវដោះលែងទាសីដែលមានជំនឿម្នាក់ឱ្យមានសេរីភាព។ ហើយប្រសិនបើជនរងគ្រោះ ស្ថិតក្នុងក្រុមមួយដែលរវាងពួកអ្នកនិងពួកគេមានកិច្ចព្រមព្រៀងសន្តិភាពនឹងគ្នា(តែមិនមែនជាអ្នកមានជំនឿ) គឺត្រូវបង់ពិន័យទៅឱ្យគ្រួសារជនរងគ្រោះ និងត្រូវដោះលែងទាសីដែលមានជំនឿម្នាក់ឱ្យមានសេរីភាព។ តែប្រសិនបើគេគ្មានលទ្ធភាព គឺគេត្រូវបួសពីរខែជាប់គ្នា ជាការទទួលសារភាពកំហុសពីអល់ឡោះ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិតបំផុត។

ជនណាហើយដែលបានសម្លាប់អ្នកមានជំនឿម្នាក់ដោយចេតនា ការតបស្នងចំពោះជននោះ គឺនរកជើហាន់ណាំដោយគេត្រូវស្ថិតនៅក្នុងនោះជាអមតៈ ព្រមទាំងទទួលនូវការខឹងសម្បាពីអល់ឡោះ និងបណ្តាសាពីទ្រង់។ ហើយទ្រង់បានរៀបចំសម្រាប់គេនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។

ឱបណ្ដាអ្នកដែលមានជំនឿ! កាលណាពួកអ្នកចេញដំណើរទៅធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះ ចូរពួកអ្នកពិនិត្យឱ្យបានច្បាស់លាស់។ ហើយចូរពួកអ្នកកុំនិយាយទៅកាន់អ្នកដែលបានបង្ហាញដល់ពួកអ្នកពីភាពជាអ៊ីស្លាមរបស់គេថា៖ “អ្នកពុំមែនជាអ្នកដែលមានជំនឿនោះទេ” ដោយស្វែងរកផលប្រយោជន៍លោកិយឲ្យសោះ ពីព្រោះនៅជាមួយអល់ឡោះជាម្ចាស់ គឺមានទ្រព្យជ័យភណ្ឌដ៏ច្រើនលើសលប់។ ក៏ដូចនោះដែរ កាលពីមុន ពួកអ្នកក៏ធ្លាប់(លាក់បាំងសេចក្តីជំនឿរបស់ខ្លួន)បែបនោះដែរ។ ពេលនោះអល់ឡោះជាម្ចាស់ក៏បានប្រោសប្រទានដល់ពួកអ្នក(នូវសាសនាអ៊ីស្លាម)។ ហេតុនេះ ចូរពួកអ្នកពិនិត្យឱ្យបានច្បាស់លាស់(មុនសម្រេចចិត្តធ្វើកិច្ចការអ្វីមួយ)។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាដឹងបំផុតនូវអ្វីដែលដែលពួកអ្នកប្រព្រឹត្ត។

មិនស្មើគ្មានោះទេរវាងបណ្តាអ្នកមានជំនឿដែលមិនបានចេញទៅប្រយុទ្ធ ហើយនិងបណ្តាអ្នក(មានជំនឿ)ដែលបានចេញទៅប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះដោយ(លះបង់ទាំង)ទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេនោះ លើកលែងតែអ្នកដែលច្បាប់អនុគ្រោះឱ្យប៉ុណ្ណោះ។ អល់ឡោះបានប្រទានឱ្យបណ្ដាអ្នកដែលតស៊ូដោយ(លះបង់)ទ្រព្យសម្បត្តិនិងខ្លួនបា្រណរបស់ពួកគេនូវឋានៈខ្ពង់ខ្ពស់ជាងបណ្ដាអ្នកដែលមិនបានចេញទៅប្រយុទ្ធ។ ហើយគេទាំងពីរ(ទាំងអ្នកដែលបានចេញទៅប្រយុទ្ធ និងអ្នកដែលច្បាប់អនុគ្រោះឲ្យ) អល់ឡោះបានសន្យានូវប្រការល្អ(ដល់ពួកគេ)។ តែអល់ឡោះទ្រង់ប្រទានឱ្យបណ្ដាអ្នកដែលចេញទៅប្រយុទ្ធដោយទ្រង់ផ្ដល់ឱ្យពួកគេនូវផលបុណ្យដ៏ធំធេងលើសពីបណ្ដាអ្នកដែលមិនបានចេញទៅប្រយុទ្ធ។

ផលបុណ្យនេះ មានកម្រិតខ្ពស់ទាប(ជាងគ្នា) និងការអភ័យទោស ព្រមទាំងក្តីមេត្តាករុណាអំពីទ្រង់ដល់ពួកគេ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។

ពិតប្រាកដណាស់ បណ្តាអ្នកដែលម៉ាឡាអ៊ីកាត់បានដកយកជីវិតពួកគេខណៈដែលពួកគេជាអ្នកបំពានលើខ្លួនឯង ពួកគេ(ម៉ាឡាអ៊ីកាត់)នឹងសួរថា៖ តើពួកអ្នកធ្លាប់ស្ថិតក្នុងស្ថានភាពដូចម្តេច? ពួកគេឆ្លើយថា៖ ពួកយើងធ្លាប់ជាអ្នកទន់ខ្សោយនៅលើផែនដី។ ពួកគេសួរទៀតថា៖ តើផែនដីរបស់អល់ឡោះមិនមានភាពធំទូលាយសម្រាប់ឱ្យពួកអ្នកភៀសខ្លួនចេញទេឬ? ពួកទាំងនោះ ទីជម្រករបស់ពួកគេ គឺនរកជើហាន់ណាំ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។

លើកលែងតែអ្នកដែលទន់ខ្សោយក្នុងចំណោមបុរស ឬស្រ្តី ឬក្មេងតូចៗដែលគ្មានលទ្ធភាពការពារខ្លួន(ពីការបំពាននិងការគៀបសង្កត់) និងមិនស្គាល់ផ្លូវ(ដើម្បីគេចពីការគៀបសង្កត់)ប៉ុណ្ណោះ។

ជាការពិតណាស់ អ្នកទាំងនោះ សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងអធ្យាស្រ័យដល់ពួកគេ។ ហើយអល់ឡោះមហាអធ្យាស្រ័យ មហាអភ័យទោសបំផុត។

ហើយជនណាដែលបានភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះជាម្ចាស់នោះ គេនឹងជួបប្រទះនៅលើទឹកដីដែលគេបានភៀសខ្លួនទៅកាន់នោះនូវការផ្លាស់ប្តូរជាច្រើន និងលាភសក្ការៈដ៏សម្បូរបែប។ ហើយជនណាដែលចាកចេញពីលំនៅដ្ឋានរបស់ខ្លួនក្នុងនាមជាអ្នកភៀសខ្លួនដើម្បីអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ក្រោយមក គេក៏ទទួលមរណៈភាព(ក្នុងពេលធ្វើដំណើរ)នោះ ពិតប្រាកដណាស់ ផលបុណ្យរបស់គេ គឺស្ថិតនៅលើអល់ឡោះ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។

ហើយនៅពេលដែលពួកអ្នក(បណ្តាអ្នកមានជំនឿ)ធ្វើដំណើរនៅលើផែនដីនេះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នកក្នុងការបង្រួមសឡាត(ដែលមានបួនរ៉ក្អាត់ មកត្រឹមពីររ៉ក្អាត់)នោះ ប្រសិនបើពួកអ្នកខ្លាចពួកដែលប្រឆាំងវាយប្រហារមកលើពួកអ្នក។ ពិតប្រាកដណាស់ ពួកដែលប្រឆាំងនោះ ពួកគេគឺជាសត្រូវយ៉ាងច្បាស់លាស់ចំពោះពួកអ្នក។

ហើយកាលណាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ស្ថិតក្នុងចំណោមពួកគេ(ក្នុងពេលកំពុងប្រយុទ្ធនឹងសត្រូវ) ហើយអ្នកចង់ដឹកនាំពួកគេសឡាតនោះ ចូរឲ្យមួយក្រុមក្នុងចំណោមពួកគេឈរសឡាតជាមួយអ្នក ហើយចូរឱ្យពួកគេកាន់អាវុធរបស់ពួកគេ(ជាប់នឹងខ្លួន)។ នៅពេលដែលពួកគេ(ក្រុមទីមួយ)បានស៊ូជោតហើយនោះ ចូរឱ្យពួកគេនៅពីក្រោយខ្នងពួកអ្នក ហើយឱ្យមួយក្រុមទៀតដែលមិនទាន់បានសឡាតនោះ ឱ្យពួកគេចូលមកសឡាតជាមួយអ្នក ហើយចូរឱ្យពួកគេប្រុងប្រយ័ត្ន(ចំពោះសត្រូវ) ព្រមទាំងកាន់អាវុធជាប់នឹងខ្លួនពួកគេ(ជានិច្ច)។ ពួកសត្រូវមានបំណងចង់ឱ្យពួកអ្នកធ្វេសប្រហែសពីសព្វាវុធ និងសម្ភារៈសឹកផ្សេងៗរបស់ពួកអ្នក (ខណៈពេលដែលពួកអ្នកកំពុងសឡាត) ដើម្បីពួកគេវាយសង្រ្គប់មកលើពួកអ្នកតែម្តង។ ហើយគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នកដែលមិនកាន់អាវុធជាប់ខ្លួនប្រសិនបើពួកអ្នកជួបនឹងភ្លៀង ឬក៏ពួកអ្នកមានជំងឺនោះ តែពួកអ្នកត្រូវប្រកាន់ការប្រុងប្រយ័ត្ន(ជានិច្ច)។ ពិតប្រាកដណាស់ អល់ឡោះទ្រង់បានរៀបចំសម្រាប់ពួកដែលប្រឆាំងនោះនូវទណ្ឌកម្មដ៏អាម៉ាស់បំផុត។

ហើយនៅពេលដែលពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)បំពេញកាតព្វកិច្ចសឡាតរួចរាល់ហើយនោះ ចូរពួកអ្នករំឭកទៅចំពោះអល់ឡោះទាំងពេលឈរ ពេលអង្គុយ និងនៅពេលដែលពួកអ្នកទម្រេតខ្លួន។ ហើយនៅពេលដែលពួកអ្នកមានភាពនឹងនរឡើងវិញហើយនោះ ចូរពួកអ្នកប្រតិបត្តិសឡាត(ឱ្យបានពេញលេញដូចធម្មតា)។ ពិតប្រាកដណាស់ការសឡាត គឺជាកាតព្វកិច្ចមួយដែលគេបានដាក់ទៅលើបណ្ដាអ្នកមានជំនឿដោយមានពេលវេលាកំណត់ច្បាស់លាស់។

ហើយចូរពួកអ្នក(អ្នកមានជំនឿ)កុំទន់ខ្សោយក្នុងការប្រឈមមុខជាមួយនឹងក្រុម(ដែលប្រឆាំង)ឱ្យសោះ។ ប្រសិនបើពួកអ្នកទទួលរងការឈឺចាប់ ពិតប្រាកដណាស់ ពួកគេក៏ទទួលការឈឺចាប់ដូចដែលពួកអ្នកឈឺចាប់ដែរ។ តែពួកអ្នកមានសង្ឃឹមចំពោះអល់ឡោះនូវអ្វីដែលពួកគេមិនមានសង្ឃឹមឡើយ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែលពោរពេញទៅដោយសេចក្តីពិតដើម្បីឱ្យអ្នកកាត់សេចក្ដីរវាងមនុស្សលោកទៅតាមអ្វីដែលអល់ឡោះបានបង្រៀនអ្នក។ ហើយចំពោះពួកដែលក្បត់នឹងទំនុកចិត្តនោះ ចូរអ្នកកុំការពារពួកគេឱ្យសោះ។

ហើយចូរអ្នកសុំការអភ័យទោសពីអល់ឡោះជាម្ចាស់។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាអភ័យទោស មហាអាណិតស្រលាញ់។

ហើយចូរអ្នកកុំការពារបុគ្គលដែលក្បត់ខ្លួនឯងឱ្យសោះ។ ហើយអល់ឡោះមិនស្រលាញ់ពួកដែលតែងតែក្បត់ និងសាងបាបកម្មនោះឡើយ។

ពួកគេអាចលាក់បាំងពីមនុស្សលោកបាន តែពួកគេមិនអាចលាក់បាំងពីអល់ឡោះជាម្ចាស់បានឡើយ ព្រោះទ្រង់នៅជាមួយពួកគេ(ជានិច្ច) ខណៈពេលដែលពួកគេរៀបចំគម្រោងសម្ងាត់នៃពាក្យសម្តីដែលទ្រង់មិនពេញចិត្ត។ ហើយអល់ឡោះទ្រង់ដឹងជ្រួតជ្រាបបំផុតចំពោះអ្វីដែលពួកគេប្រព្រឹត្ត។

ពួកអ្នកជាពួកដែលបានជួយការពារពួកគេ(ពួកក្បត់)នៅក្នុងជីវិតលោកិយនេះ។ ដូចនេះ តើអ្នកណាដែលអាចការពារពួកគេនៅចំពោះអល់ឡោះជាម្ចាស់នាថ្ងៃបរលោក? ឬមួយមានអ្នកដែលអាចគាំពារពួកគេនាថ្ងៃនោះបាន?!

ហើយជនណាដែលបានប្រព្រឹត្តអំពើអាក្រក់អ្វីមួយ ឬបំពានលើខ្លួនឯង ក្រោយមក គេបានសុំការអភ័យទោសពីអល់ឡោះជាម្ចាស់នោះ គេនឹងឃើញថា អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។

ហើយជនណាដែលបានប្រព្រឹត្តទង្វើបាបកម្ម តាមពិតទណ្ឌកម្មរបស់គេនឹងធ្លាក់ទៅលើខ្លួនឯងប៉ុណ្ណោះ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិតបំផុត។

ហើយជនណាដែលបានប្រព្រឹត្តកំហុសឆ្គង(ដោយអចេតនា) ឬសាងបាបកម្មអ្វីមួយដោយចេតនា ក្រោយមក គេទម្លាក់កំហុសនោះទៅលើអ្នកដែលគ្មានកំហុស ពិតប្រាកដណាស់ គេនឹងស្ពាយនូវការមួលបង្កាច់ និងបាបកម្មយ៉ាងជាក់ច្បាស់។

ហើយប្រសិនបើគ្មានការប្រោសប្រទានរបស់អល់ឡោះមកលើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) និងក្តីមេត្តាករុណារបស់ទ្រង់ទេនោះ ប្រាកដជាក្រុមមួយក្នុងចំណោមពួកគេនឹងធ្វើឱ្យអ្នកវង្វេងពីការពិតជាមិនខាន។ ប៉ុន្តែពួកគេមិនបានធ្វើឱ្យ(នរណាម្នាក់)វង្វេង ក្រៅតែពីខ្លួនឯងប៉ុណ្ណោះ។ ហើយពួកគេមិនអាចបង្កគ្រោះថ្នាក់ដល់អ្នកអ្វីបន្តិចណាឡើយ។ ហើយអល់ឡោះបានបញ្ចុះមកឱ្យអ្នកនូវគម្ពីរ(គួរអាន) និងគតិបណ្ឌិត(ស៊ុណ្ណះ) ព្រមទាំងបានបង្រៀនអ្នកនូវអ្វីដែលអ្នកមិនធ្លាប់បានដឹង។ ហើយការប្រោសប្រទានរបស់អល់ឡោះមកចំពោះអ្នក គឺធំធេងបំផុត។

ការខ្សឹបខ្សៀវគ្នាច្រើនរវាងពួកគេនោះ គឺមិនមានភាពល្អប្រសើរឡើយ លើកលែងតែអ្នកដែលប្រើឱ្យបរិច្ចាគទាន ឬប្រើគេឱ្យធ្វើអំពើល្អ ឬប្រើឲ្យផ្សះផ្សាគ្នារវាងមនុស្សលោកប៉ុណ្ណោះ។ ហើយជនណាដែលធ្វើដូច្នោះដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះនោះ យើងនឹងប្រទានឱ្យគេនូវផលបុណ្យដ៏ធំធេង។

ហើយជនណាដែលបដិសេធនឹងអ្នកនាំសារក្រោយពីការចង្អុលបង្ហាញបានបញ្ជាក់ច្បាស់ដល់គេ ហើយគេនៅតែដើរតាមមាគ៌ាផ្សេងពីមាគ៌ារបស់អ្នកមានជំនឿទៀតនោះ យើងនឹងទុកគេចោលជាមួយអ្វីដែលគេបានជ្រើសរើសនោះ ហើយយើងនឹងបញ្ចូលគេទៅក្នុងឋាននរកជើហាន់ណាំ ។ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។

ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនអភ័យទោសឱ្យអ្នកដែលធ្វើស្ហ៊ីរិក(ពហុទេពនិយម)នឹងទ្រង់ឡើយ តែទ្រង់នឹងអភ័យទោសឲ្យចំពោះបាបកម្មផ្សេងពីនេះចំពោះជនណាដែលទ្រង់មានចេតនា។ ហើយជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះនោះ គេពិតជាបានវង្វេងដ៏សែនឆ្ងាយ(ពីមាគ៌ាដ៏ត្រឹមត្រូវ)។

ពួកគេមិនបួងសួងសុំពីអ្នកណាផ្សេងក្រៅអល់ឡោះជាម្ចាស់ឡើយ លើកលែងតែរូបបដិមាករប៉ុណ្ណោះ។ ហើយពួកគេក៏មិនបួងសួងសុំពីនរណាក្រៅពីស្ហៃតនដែលប្រឆាំងនោះដែរ។

អល់ឡោះបានដាក់បណ្តាសាវា(ស្ហៃតន)។ ហើយវាបាននិយាយថា៖ ខ្ញុំពិតជានឹងយកមួយចំណែកជាក់លាក់នៃបណ្តាខ្ញុំបម្រើរបស់ទ្រង់(ឱ្យងាកចេញពីការពិត)ជាមិនខាន។

ខ្ញុំប្រាកដជានឹងធ្វើឲ្យពួកគេវង្វេង និងបោកបញ្ឆោតពួកគេ ហើយខ្ញុំប្រាកដជានឹងប្រើពួកគេឱ្យកាត់ស្លឹកត្រចៀកសត្វពាហនៈមិនខានឡើយ ហើយខ្ញុំក៏ប្រាកដជានឹងប្រើឱ្យពួកគេផ្លាស់ប្ដូរការបង្កើតរបស់អល់ឡោះផងដែរ។ ជនណាដែលយកស្ហៃតនធ្វើជាអ្នកគាំពារក្រៅពីអល់ឡោះនោះ ពិតប្រាកដណាស់ គេពិតជានឹងទទួលនូវការខាតបង់មួយយ៉ាងច្បាស់លាស់។

វាបានសន្យាជាមួយពួកគេ(ពួកដែលដើរតាមវា) និងបញ្ឆោតពួកគេឱ្យរវើរវាយ។ ហើយស្ហៃតនមិនបានសន្យាអ្វីជាមួយពួកគេក្រៅពីការបោកបញ្ឆោតនោះឡើយ។

ពួកទាំងនោះហើយដែលទីជម្រករបស់ពួកគេ គឺនរកជើហាន់ណាំ ហើយពួកគេគ្មានផ្លូវណាដែលអាចគេចចេញពីវាបានឡើយ។

ហើយបណ្ដាអ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសល យើងនឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ ការសន្យារបស់អល់ឡោះគឺជាការពិត ហើយក៏គ្មាននរណាម្នាក់ដែលនិយាយពាក្យពិតជាងអល់ឡោះនោះដែរ។

កិច្ចការនោះមិនអាស្រ័យលើការស្រមើស្រមៃរបស់ពួកអ្នក(អ្នកមានជំនឿ)ឡើយ ហើយក៏មិនមែនអាស្រ័យលើការស្រមើស្រមៃរបស់ពួកអះលីគីតាបនោះដែរ។ ជនណាដែលសាងនូវទង្វើអាក្រក់ គេនឹងតបស្នងផលអាក្រក់ដល់រូបគេ ហើយគេនឹងមិនឃើញមានអ្នកគាំពារ និងអ្នកជួយដល់រូបគេក្រៅពីអល់ឡោះឡើយ។

ហើយជនណាដែលបានសាងទង្វើកុសល មិនថាបុរសឬស្ត្រី ហើយគេជាអ្នកមានជំនឿទៀតនោះ ពិតប្រាកដណាស់ ពួកគេនឹងបានចូលឋានសួគ៌ ហើយពួកគេនឹងមិនត្រូវបានគេបំពានសូម្បីតែបន្តិចនោះឡើយ។

ហើយគ្មាននរណាម្នាក់ដែលល្អក្នុងសាសនាជាងអ្នកដែលបានប្រគល់ខ្លួនរបស់គេទៅចំពោះអល់ឡោះ ហើយរូបគេជាមនុស្សល្អ ព្រមទាំងដើរតាមសាសនារបស់ព្យាការីអ៊ីព្រហ៊ីម(សាសនាឥស្លាម)ដោយចិត្តស្មោះសនោះឡើយ។ ហើយអល់ឡោះទ្រង់បានជ្រើសយកព្យាការីអ៊ីព្រហ៊ីមធ្វើជាអ្នកជំនិត(របស់ទ្រង់)។

ហើយអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងអ្វីៗដែលមាននៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយអល់ឡោះទ្រង់ជ្រួតជ្រាបលើអ្វីៗទាំងអស់។

ហើយពួកគេនឹងសុំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យបកស្រាយអំពីច្បាប់ទាក់ទងទៅនឹងស្ត្រី។ ចូរអ្នកពោលថា: អល់ឡោះនឹងបំភ្លឺដល់ពួកអ្នកអំពីរឿងរបស់ពួកនាង ហើយនិងអ្វីដែលគេបានសូត្រប្រាប់ពួកអ្នកនៅក្នុងគម្ពីរគួរអានពាក់ព័ន្ធនឹងក្មេងស្រីកំព្រាទាំងឡាយ ដែលពួកអ្នកមិនបានផ្ដល់ឲ្យពួកនាងនូវអ្វីដែលគេបានកំណត់ឲ្យពួកនាង ហើយពួកអ្នកក៏គ្មានបំណងរៀបការជាមួយពួកនាងនោះដែរ។ (ហើយទ្រង់នឹងបំភ្លឺដល់ពួកអ្នកផងដែរ)ពាក់ព័ន្ធនឹងកុមារដែលមានភាពទន់ខ្សោយ និងការដែលពួកអ្នកត្រូវបំពេញកាតព្វកិច្ចចំពោះក្មេងកំព្រាដោយភាពយុត្តិធម៌។ ហើយអ្វីក៏ដោយដែលពួកអ្នកបានធ្វើអំពីប្រការល្អនោះ ពិតប្រាកដណាស់អល់ឡោះទ្រង់ដឹងបំផុតចំពោះវា។

ហើយប្រសិនបើស្ត្រី(ជាភរិយា)មានការបារម្ភខ្លាច(កើតមាន)នូវការស្អប់ខ្ពើម ឬការមិនពេញចិត្តចំពោះនាងពីសំណាក់ស្វាមីរបស់នាងនោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះគេទាំងពីរក្នុងការផ្សះផ្សា ហើយការផ្សះផ្សានោះ វាល្អប្រសើរសម្រាប់គេទាំងពីរ(ជាងការលែងលះ)។ ជាការពិតណាស់ ចិត្តរបស់មនុស្សតែងតែមានភាពកំណាញ់ តែប្រសិនបើពួកអ្នកធ្វើល្អ និងកោតខ្លាចអល់ឡោះនោះ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។

ហើយពួកអ្នក(ឱស្វាមីទាំងឡាយ)មិនអាចផ្ដល់ភាពយុត្តិធម៌រវាងបណ្ដាភរិយាទាំងឡាយនោះឡើយ បើទោះបីជាពួកអ្នកព្យាយាមយ៉ាងណាក៏ដោយ។ តែពួកអ្នកកុំលម្អៀងម្ខាងៗ(ស្រលាញ់ភរិយាណាម្នាក់)ហួសហេតុពេក ដោយពួកអ្នកទុកពួកនាងដូចវត្ថុដែលគេព្យួរចោល។ ហើយប្រសិនបើពួកអ្នកផ្សះផ្សាគ្នា និងកោតខ្លាចអល់ឡោះនោះ ពិតប្រាកណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។

តែប្រសិនបើគេទាំងពីរបែកបាក់គ្នា(លែងលះ)នោះ អល់ឡោះជាម្ចាស់នឹងផ្តល់ឱ្យម្នាក់ៗក្នុងចំណោមគេទាំងពីរមានភាពគ្រប់គ្រាន់ដោយការប្រោសប្រទានរបស់ទ្រង់។ ហើយអល់ឡោះជាម្ចាស់មហាវិសេសវិសាល មហាគតិបណ្ឌិតបំផុត។

ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយពិតប្រាកដណាស់ យើងបានដាក់បទបញ្ជាចំពោះពួកដែលគេផ្តល់គម្ពីរឲ្យមុនពួកអ្នក និងចំពោះពួកអ្នកឲ្យកោតខ្លាចអល់ឡោះ។ តែប្រសិនបើពួកអ្នកប្រឆាំងវិញនោះ ជាការពិតណាស់ អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយទ្រង់មហាមានលើសលប់ ជាអ្នកដែលត្រូវគេកោតសរសើរបំផុត។

ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកដែលត្រូវគេផ្ដល់ទំនុកចិត្ត។

ប្រសិនបើទ្រង់មានចេតនានោះ ទ្រង់នឹងបំផ្លាញពួកអ្នកជាមិនខាន ឱមនុស្សលោកទាំងឡាយ ហើយទ្រង់នឹងបង្កើតក្រុមផ្សេងទៀត(មកជំនួសវិញ)។ ហើយអល់ឡោះទ្រង់មានអានុភាពបំផុតលើរឿងនោះ។

ជនណាដែលចង់បានតែផលបុណ្យក្នុងលោកិយនោះ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានផលបុណ្យទាំងក្នុងលោកិយ និងបរលោក។ ហើយអល់ឡោះមហាឮ មហាឃើញបំផុត។

ឱបណ្ដាអ្នកដែលមានជំនឿ! ចូរតាំងខ្លួនជាអ្នកដែលប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ក្នុងនាមជាអ្នកធ្វើសាក្សីសម្រាប់អល់ឡោះ សូម្បីតែចំពោះខ្លួនឯង ឬឪពុកម្ដាយរបស់ពួកអ្នក ឬសាច់ញាតិពួកអ្នកខ្លួនឯងក៏ដោយ។ បើទោះគេជាអ្នកក្រីក្រ ឬជាអ្នកមានក៏ដោយ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអាទិភាពជាងគេទាំងពីរទៅទៀត។ ដូច្នេះ ចូរពួកអ្នកកុំដើរតាមទំនើងចិត្តដែលធ្វើឲ្យពួកអ្នកឃ្លាតឆ្ងាយពីភាពយុត្តិធម៌។ ហើយប្រសិនបើពួកអ្នកកែប្រែ(ការពិតក្នុងការធ្វើសាក្សី) ឬពួកអ្នកបដិសេធ(មិនព្រមធ្វើសាក្សី)វិញនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ត។

ឱបណ្ដាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកមានជំនឿលើអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងគម្ពីរ(គួរអាន)ដែលទ្រង់បានបញ្ចុះទៅលើអ្នកនាំសាររបស់ទ្រង់ ព្រមទាំងគម្ពីរដែលទ្រង់បានបញ្ចុះកាលពីមុន។ ហើយជនណាដែលគ្មានជំនឿលើអល់ឡោះ បណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្ដាគម្ពីររបស់ទ្រង់ បណ្ដាអ្នកនាំសាររបស់ទ្រង់ ហើយនិងថ្ងៃបរលោកនោះ ជាការពិតណាស់ រូបគេពិតជាបានចាកឆ្ងាយបំផុត(ពីមាគ៌ាដែលត្រឹមត្រូវ)។

ពិតប្រាកដណាស់ ពួកដែលមានជំនឿ ក្រោយមកពួកគេគ្មានជំនឿ ក្រោយមកពួកគេមានជំនឿវិញ ក្រោយមកទៀត ពួកគេបែរជាគ្មានជំនឿវិញទៀត បន្ទាប់មកពួកគេកាន់តែបន្ថែមនូវភាពគ្មានជំនឿនោះ អល់ឡោះជាម្ចាស់នឹងមិនអភ័យទោសដល់ពួកគេឡើយ ហើយទ្រង់ក៏មិនចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ា(ដ៏ត្រឹមត្រូវ)នោះដែរ។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្ដល់ដំណឹងដល់ពួកពុតត្បុតថាៈ ពិតប្រាកដណាស់ ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។

គឺពួកគេដែលយកពួកគ្មានជំនឿធ្វើជាអ្នកគាំពារផ្សេងពីបណ្ដាអ្នកដែលមានជំនឿ។ តើពួកគេស្វែងរកភាពខ្លាំងក្លាពីពួកទាំងនោះ(ពួកគ្មានជំនឿ)ឬ? ពិតប្រាកដណាស់ ភាពខ្លាំងក្លាទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។

ហើយពិតប្រាកដណាស់ ទ្រង់បានបញ្ចុះទៅលើពួកអ្នក(ឱបណ្ដាអ្នកមានជំនឿ)នៅក្នុងគម្ពីរ(គួរអាន)ថា៖ ពិតប្រាកដណាស់ នៅពេលដែលពួកអ្នកស្តាប់ឮបណ្តាវាក្យខណ្ឌរបស់អល់ឡោះត្រូវបានគេបដិសេធនិងសើចចំអកចំពោះវានោះ ចូរពួកអ្នកកុំអង្គុយជាមួយពួកគេ លុះត្រាតែពួកគេលើកទៅនិយាយរឿងផ្សេងក្រៅពីរឿងនោះ។ ពិតប្រាកដណាស់ ប្រសិនបើពួកអ្នកបន្តការអង្គុយជាមួយពួកគេ ពួកអ្នកក៏ដូចពួកគេដែរ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងប្រមូលផ្ដុំពួកពុតត្បុត និងពួកគ្មានជំនឿដាក់ក្នុងឋាននរកជើហាន់ណាំទាំងអស់គ្នា។

គឺពួក(ពុតត្បុត)ដែលកំពុងរង់ចាំមើលនូវអ្វីដែលនឹងកើតឡើងចំពោះពួកអ្នក។ ប្រសិនបើពួកអ្នកទទួលបានជ័យជម្នះពីអល់ឡោះ ពួកគេនិយាយថា៖ “តើពួកយើងមិនបានស្ថិតក្នុងចំណោមពួកអ្នកទេឬ?” តែនៅពេលដែលពួកគ្មានជំនឿទទួលបានជ័យជម្នះវិញ ពួកគេនិយាយថា៖ “តើពួកយើងមិនបានជួយរៀបចំកិច្ចការរបស់ពួកអ្នក និងការពារពួកអ្នកពីបណ្តាអ្នកដែលមានជំនឿទេឬ?” ពិតណាស់ អល់ឡោះជាម្ចាស់នឹងកាត់សេចក្ដីរវាងពួកអ្នកនៅថ្ងៃបរលោក។ ហើយទ្រង់នឹងមិនឱ្យពួកដែលគ្មានជំនឿមានភស្តុតាងណាមួយមកដាក់បន្ទុកលើអ្នកមានជំនឿជាដាច់ខាត។

ពិតប្រាកដណាស់ ពួកពុតត្បុតទាំងនោះកំពុងតែបោកបញ្ឆោតអល់ឡោះជាម្ចាស់ ប៉ុន្តែទ្រង់ទៅវិញទេដែលជាអ្នកបោកបញ្ឆោតពួកគេនោះ។ ហើយនៅពេលដែលពួកគេក្រោកឈរសឡាត គឺពួកគេក្រោកឈរទាំងខ្ជិលច្រអូសក្នុងគោលបំណងចង់ឲ្យមនុស្សលោកឃើញប៉ុណ្ណោះ។ ហើយពួកគេមិនរំឭកចំពោះអល់ឡោះជាម្ចាស់ឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។

ពួកគេ មានការស្ទាក់ស្ទើររវាងក្រុមទាំងពីរនោះ ដោយពួកគេមិនស្ថិតក្នុងចំណោមក្រុមនេះ(ក្រុមអ្នកមានជំនឿ) ហើយក៏មិនស្ថិតក្នុងចំណោមក្រុមនោះ(ក្រុមពួកគ្មានជំនឿ)នោះដែរ។ ជនណាហើយដែលអល់ឡោះធ្វើឱ្យគេវង្វេងហើយនោះ គឺអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងមិនឃើញមានផ្លូវណាមួយសម្រាប់គេនោះឡើយ។

ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំយកពួកគ្មានជំនឿនឹងអល់ឡោះធ្វើជាអ្នកគាំពារផ្សេងពីបណ្ដាអ្នកមានជំនឿឱ្យសោះ។ តើពួកអ្នកចង់បង្កើតភស្តុតាងដ៏ច្បាស់លាស់មួយសម្រាប់ឱ្យអល់ឡោះដាក់បន្ទុកលើពួកអ្នកឬ?

ពិតប្រាកដណាស់ពួកពុតត្បុត គឺស្ថិតនៅបាតក្រោមបង្អស់នៃឋាននរក។ ហើយអ្នក(ព្យាការីមូហាំម៉ាត់)នឹងមិនឃើញមានអ្នកជួយពួកគេនោះឡើយ។

លើកលែងតែអ្នកដែលបានសារភាពកំហុស និងកែប្រែ(ទង្វើរបស់ពួកគេ) ហើយប្រកាន់ខ្ជាប់នឹងកិច្ចសន្យា(បទបញ្ជា)របស់អល់ឡោះ ព្រមទាំងមានចិត្តស្មោះសនឹងសាសនារបស់ពួកគេចំពោះអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ពិតណាស់ អ្នកទាំងនោះហើយដែលស្ថិតនៅជាមួយបណ្ដាអ្នកមានជំនឿ។ ហើយអល់ឡោះនឹងប្រទានឱ្យបណ្ដាអ្នកដែលមានជំនឿនូវផលបុណ្យដ៏ធំធេង។

អល់ឡោះជាម្ចាស់មិនត្រូវការដាក់ទណ្ឌកម្មពួកអ្នកនោះទេប្រសិនបើពួកអ្នកបានដឹងគុណ និងមានជំនឿ(ចំពោះទ្រង់)នោះ។ ហើយអល់ឡោះមហាដឹងគុណ មហាជ្រួតជ្រាបបំផុត។

អល់ឡោះជាម្ចាស់ទ្រង់មិនពេញចិត្តចំពោះការលាតត្រដាងនូវពាក្យសម្តីអាក្រក់ឡើយ លើកលែងតែអ្នកដែលត្រូវបានគេបំពានប៉ុណ្ណោះ។ ហើយអល់ឡោះជាម្ចាស់មហាឮ មហាដឹងបំផុត។

ប្រសិនបើពួកអ្នកបង្ហាញនូវប្រការល្អ ឬលាក់បាំងវា(មិនចង់ឱ្យអ្នកដទៃដឹង) ឬក៏អត់ឱនឱ្យអ្នកដែលបានធ្វើអាក្រក់មកលើខ្លួននោះ ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាអធ្យាស្រ័យ និងមានអានុភាពបំផុត។

ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងអល់ឡោះ និងបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយពួកគេចង់បែងចែករវាងអល់ឡោះនិងអ្នកនាំសារទាំងឡាយរបស់ទ្រង់ ហើយពួកគេនិយាយថា៖ “ពួកយើងជឿលើអ្នកនាំសារខ្លះ ហើយបដិសេធអ្នកនាំសារខ្លះទៀត” ព្រមទាំងចង់ប្រកាន់យកផ្លូវមួយរវាងប្រការនោះ។

ពួកទាំងនោះ គឺជាពួកដែលគ្មានជំនឿយ៉ាងពិតប្រាកដ។ ហើយយើងបានរៀបចំសម្រាប់ពួកដែលគ្មានជំនឿនូវទណ្ឌកម្មយ៉ាងអាម៉ាស់បំផុត។

រីឯបណ្តាអ្នកដែលមានជំនឿលើអល់ឡោះ និងបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយពួកគេមិនបែងចែករវាងនរណាម្នាក់ក្នុងចំណោមពួកគាត់ទេនោះ អ្នកទាំងនោះទ្រង់នឹងប្រទានដល់ពួកគេនូវផលបុណ្យរបស់ពួកគេ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។

ពួកអះលីគីតាបនឹងសុំឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បញ្ចុះគម្ពីរមួយក្បាលពីលើមេឃឲ្យពួកគេ។ ជាការពិតណាស់ ពួកគេបានសុំពីព្យាការីមូសានូវរឿងដែលធំធេងជាងនេះទៅទៀត ដោយពួកគេនិយាយថា៖ សូមអល់ឡោះជាម្ចាស់បង្ហាញខ្លួនឱ្យពួកយើងបានឃើញទ្រង់ផ្ទាល់នឹងភ្នែកផង។ ពេលនោះ រន្ទះក៏បានបាញ់ពួកគេព្រោះតែការបំពានរបស់ពួកគេ។ បន្ទាប់មក ពួកគេបានយករូបសំណាក់កូនគោ(មកគោរពសក្ការៈ)ក្រោយពីភស្តុតាងដ៏ច្បាស់លាស់ជាច្រើនបានមកដល់ពួកគេហើយនោះ។ ក្រោយមក យើងក៏បានអធ្យាស្រ័យ(ដល់ពួកគេ)ចំពោះរឿងនោះទៀត។ ហើយយើងបានប្រទានដល់ព្យាការីមូសានូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់។

ហើយយើង(អល់ឡោះ)បានលើកភ្នំតួរដាក់ពីលើពួកគេដោយការដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ទៅលើពួកគេ។ ហើយយើងបានមានបន្ទូលទៅកាន់ពួកគេថា៖ ចូរពួកអ្នកចូលតាមទ្វារ(ទីក្រុងយេរូសាឡឹម)ដោយឱនក្បាលចុះ។ ហើយយើងក៏បានមានបន្ទូលទៅកាន់ពួកគេទៀតថា៖ ចូរពួកអ្នកកុំបំពាន(ដោយចេញទៅនេសាទ)នៅថ្ងៃសៅរ៍ឱ្យសោះ។ ហើយយើងបានដាក់កិច្ចសន្យាដ៏ម៉ឺងម៉ាត់បំផុតទៅលើពួកគេ។

(ហើយយើងបានដាក់បណ្តាសាពួកគេ)ដោយសារតែពួកគេបានក្បត់កិច្ចសន្យារបស់ពួកគេ និងដោយសារតែភាពគ្មានជំនឿរបស់ពួកគេចំពោះបណ្តាភស្តុតាងទាំងឡាយរបស់អល់ឡោះ ព្រមទាំងការដែលពួកគេសម្លាប់ព្យាការីជាច្រើនដោយមិនត្រឹមត្រូវ ហើយនិងដោយសារតែពាក្យសម្តីរបស់ពួកគេដែលនិយាយថា៖ ដួងចិត្តរបស់ពួកយើងមានគម្រប(បិទជិត)។ ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់បានបោះត្រាភ្ជិតទៅលើដួងចិត្ត(របស់ពួកគេ)ដោយសារតែការប្រឆាំងរបស់ពួកគេ។ ដូច្នេះ ពួកគេគ្មានជំនឿឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។

ហើយ(យើងបានដាក់បណ្តាសាពួកគេផងដែរ)ដោយសារតែភាពគ្មានជំនឿរបស់ពួកគេ និងការនិយាយចោទប្រកាន់របស់ពួកគេទៅលើម៉ារីយ៉ាំ(នាងម៉ារី)នូវការមួលបង្កាច់យ៉ាងធំធេង(ចោទនាងថាបានប្រព្រឹត្តហ្ស៊ីណា)។

ហើយ(យើងក៏បានដាក់បណ្តាសាពួកគេផងដែរ)ដោយសារតែពាក្យសម្តីរបស់ពួកគេដែលនិយាយថា៖ ពិតប្រាកដណាស់ ពួកយើងបានសម្លាប់ម៉ាសៀហ អ៊ីសា កូនប្រុសរបស់ម៉ារយ៉ាំ (យេស៊ូគ្រឹស្ទ បុត្ររបស់នាងម៉ារី)ដែលជាអ្នកនាំសាររបស់អល់ឡោះ។ តាមពិត ពួកគេមិនបានសម្លាប់គាត់ ហើយក៏មិនបានចងឆ្កាងគាត់នោះដែរ។ ក៏ប៉ុន្តែ គេ(អល់ឡោះ)បានធ្វើឱ្យបុរសម្នាក់ដូចទៅនឹងព្យាការីអ៊ីសាដល់ពួកគេ ហើយពួកគេក៏ចងឆ្កាងបុរសនោះទៅ។ ពិតប្រាកដណាស់ ពួក(យូដា និងពួកគ្រឹស្ទាន)ដែលបានខ្វែងគំនិតគ្នាក្នុងរឿងនោះ ពិតជាស្ថិតក្នុងភាពមន្ទិលសង្ស័យអំពីវា។ ពួកគេមិនបានដឹងច្បាស់អំពីរឿងនេះឡើយ ក្រៅតែពីតាមការស្មានប៉ុណ្ណោះ ហើយពួកគេក៏មិនបានសម្លាប់គាត់(ព្យាការីអ៊ីសា)យ៉ាងច្បាស់ប្រាកដនោះដែរ។

ផ្ទុយទៅវិញ អល់ឡោះបានលើកគាត់ទៅកាន់ទ្រង់។ ហើយអល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

ហើយពួកអះលីគីតាប(ទាំងអស់)នឹងមានជំនឿចំពោះគាត់មុនពេលគាត់ទទួលមរណភាព(ក្រោយពីគាត់ត្រឡប់មកផែនដីវិញ)។ ហើយនៅថ្ងៃបរលោក គាត់នឹងធ្វើជាសាក្សីចំពោះពួកគេ។

ពិតប្រាកដណាស់ដោយសារតែការបំពានរបស់ពួកយូដានោះ យើងបានដាក់បម្រាមទៅលើពួកគេ(មិនឱ្យទទួលទាន)នូវចំណីអាហារដែលល្អៗមួយចំនួនដែលគេធ្លាប់បានអនុញ្ញាតឱ្យពួកគេ។ ហើយ(ការហាមឃាត់បែបនេះ)ក៏ដោយសារតែការរារាំងរបស់ពួកគេយ៉ាងច្រើនពីមាគ៌ារបស់អល់ឡោះ។

ហើយក៏ដោយសារតែការពាក់ព័ន្ធរបស់ពួកគេជាមួយនឹងការប្រាក់ ខណៈដែលគេបានហាមឃាត់ពួកគេមិនឱ្យពាក់ព័ន្ធនឹងវា និងដោយសារតែពួកគេស៊ីទ្រព្យសម្បត្តិអ្នកដទៃដោយខុសច្បាប់។ ហើយយើងបានរៀបចំសម្រាប់ពួកដែលគ្មានជំនឿក្នុងចំណោមពួកគេនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។

ក៏ប៉ុន្តែបណ្តាអ្នកដែលមានចំណេះដឹងជ្រៅជ្រះក្នុងចំណោមពួកគេ(ពួកយូដា) និងបណ្តាអ្នកមានជំនឿដែលពួកគេមានជំនឿចំពោះអ្វី(គម្ពីរគួរអាន)ដែលគេបានបញ្ចុះទៅឱ្យអ្នក(ព្យាការីមូហាំម៉ាត់) ហើយនិងអ្វី(គម្ពីរទាំងឡាយ)ដែលគេបញ្ចុះ(ទៅឱ្យបណ្តាអ្នកនាំសារទាំងឡាយ)មុនអ្នក ហើយពួកគេប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ព្រមទាំងមានជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោកទៀតនោះ អ្នកទាំងនោះ យើងនឹងប្រទានឲ្យពួកគេនូវផលបុណ្យដ៏ធំធេង។

ពិតប្រាកដណាស់ យើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដូចដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីនួហ ហើយនិងបណ្តាព្យាការីជាច្រើនទៀតបន្ទាប់ពីគាត់ផងដែរ។ ហើយយើងក៏បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្មាអែល ព្យាការីអ៊ីស្ហាក ព្យាការីយ៉ាក់កូប ព្រមទាំងបណ្តាកូនចៅរបស់ព្យាការីយ៉ាក់កូប (ដែលជាព្យាការី) ហើយនិងព្យាការីអ៊ីសា ព្យការីអៃយ៉ូប ព្យាការីយូនុស ព្យាការីហារូន និងព្យាការីស៊ូឡៃម៉ានផងដែរ។ ហើយយើងបានប្រទានឲ្យព្យាការីហ្ទាវូតនូវគម្ពីរហ្សាពួរ។

ហើយ(យើងបានបញ្ជូន)បណ្តាអ្នកនាំសារជាច្រើនដោយយើងបាននិទានពីប្រវត្តិរបស់ពួកគាត់ប្រាប់ដល់អ្នក(នៅក្នុងគម្ពីរគួរអាន)កាលពីមុន ហើយ(យើងក៏បានបញ្ជូន)បណ្តាអ្នកនាំសារជាច្រើនទៀតផងដែរដោយយើងមិនបាននិទានពីប្រវត្តិរបស់ពួកគាត់ប្រាប់ដល់អ្នកឡើយ។ ហើយអល់ឡោះបានមានបន្ទូលទៅកាន់ព្យាការីមូសាដោយផ្ទាល់។

(យើងបានបញ្ជូន)បណ្តាអ្នកនាំសារជាច្រើនដើម្បីធ្វើជាអ្នកផ្តល់ដំណឹងរីករាយ និងជាអ្នកព្រមានបន្លាច ដើម្បីកុំឱ្យមនុស្សលោកមានលេសតវ៉ាចំពោះអល់ឡោះបន្ទាប់ពី(ទ្រង់បានបញ្ជូន)បណ្តាអ្នកនាំសារហើយនោះ។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

ទោះជាពួកយូដាមិនព្រមមានជំនឿលើអ្នកក៏ដោយ ក៏អល់ឡោះទ្រង់ធ្វើសាក្សីចំពោះភាពត្រឹមត្រូវនៃអ្វី(គម្ពីរគួរអាន)ដែលបានបញ្ចុះទៅឱ្យអ្នកដែរ។ ទ្រង់បានបញ្ចុះវាដោយចំណេះដឹងរបស់ទ្រង់។ ហើយបណ្តាម៉ាឡាអ៊ីកាត់ទាំងឡាយក៏បានធ្វើសាក្សីដូចនេះផងដែរ។ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាសាក្សី។

ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ និងបានរារាំង(អ្នកដទៃ)ពីមាគ៌ារបស់អល់ឡោះនោះ ជាការពិតណាស់ ពួកគេគឺជាពួកដែលវង្វេងដ៏សែនឆ្ងាយបំផុត។

ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ និងបានបំពាននោះ អល់ឡោះជាម្ចាស់ទ្រង់មិនអភ័យទោសឲ្យពួកគេឡើយ ហើយទ្រង់ក៏មិនចង្អុលបង្ហាញផ្លូវ(ដែលអាចរំដោះពួកគេពីទណ្ឌកម្ម)នោះដែរ។

លើកលែងតែផ្លូវ(ដែលនាំទៅកាន់)ឋាននរកជើហាន់ណាំប៉ុណ្ណោះដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ ហើយកិច្ចការទាំងនោះ គឺមានភាពងាយស្រួលបំផុតចំពោះអល់ឡោះជាម្ចាស់។

ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ អ្នកនាំសារ(មូហាំម៉ាត់)ដែលនាំមកនូវសេចក្តីពិតពីព្រះជាម្ចាស់របស់ពួកអ្នកនោះបានមកដល់ពួកអ្នកហើយ។ ហេតុនេះ ចូរពួកអ្នកមានជំនឿ(ចំពោះអ្វីដែលគាត់បាននាំមកចុះ) វាជាការប្រសើរបំផុតសម្រាប់ពួកអ្នក។ តែប្រសិនបើពួកអ្នកប្រឆាំងវិញនោះ ពិតប្រាកដណាស់ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយអល់ឡោះទ្រង់មហាដឹង មហាគតិបណ្ឌិត។

ឱពួកអះលីគីតាប! ចូរពួកអ្នកកុំជ្រុលនិយម(បំពានព្រំដែនកំណត់)ក្នុងសាសនារបស់ពួកអ្នក ហើយចូរពួកអ្នកកុំនិយាយចោទប្រកាន់ទៅលើអល់ឡោះ ក្រៅពីការពិតឱ្យសោះ។ តាមពិត ម៉ាសៀហ អ៊ីសាកូនប្រុសរបស់ម៉ារីយ៉ាំ គឺជាអ្នកនាំសារម្នាក់របស់អល់ឡោះ និងជាពាក្យបន្ទូលរបស់ទ្រង់ដែលបានបញ្ជូនទៅកាន់ម៉ារីយ៉ាំ(នាងម៉ារី) ព្រមទាំងជាវិញ្ញាណមួយពីទ្រង់(ដែលម៉ាឡាអ៊ីកាត់ជីព្រីលបានផ្លុំទៅតាមបទបញ្ជារបស់ទ្រង់)។ ហេតុនេះ ចូរពួកអ្នកមានជំនឿចំពោះអល់ឡោះ និងបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយពួកអ្នកមិនត្រូវនិយាយថា “ព្រះមានបី”(ព្រះត្រីឯក)នោះឡើយ។ ចូរពួកអ្នកបញ្ឈប់(ការនិយាយពាក្យនេះ) វាជាការប្រសើរសម្រាប់ពួកអ្នក។ តាមពិត អល់ឡោះគឺជាព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈតែមួយគត់។ ទ្រង់មហាបរិសុទ្ធពីការមានបុត្រ។ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងអ្វីៗដែលមាននៅលើផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាអ្នកគាំពារ។

អាល់ម៉ាសៀហ(ព្យាការីអ៊ីសា)មិនដែលបដិសេធថា រូបគាត់ជាខ្ញុំបម្រើរបស់អល់ឡោះជាម្ចាស់នោះឡើយ ហើយបណ្តាម៉ាឡាអ៊ីកាត់ដែលជាអ្នកជំនិត(របស់អល់ឡោះ)ក៏ដូចគ្នាដែរ។ ជនណាហើយដែលបដិសេធនឹងការគោរពសក្ការៈចំពោះទ្រង់ និងមានភាពក្អេងក្អាង(មិនព្រមគោរពសក្ការៈចំពោះទ្រង់)នោះ ពិតប្រាកដណាស់ ទ្រង់នឹងប្រមូលផ្តុំពួកគេទៅកាន់ទ្រង់ទាំងអស់គ្នា។

រីឯបណ្តាអ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសលវិញនោះ ទ្រង់នឹងប្រទានដល់ពួកគេនូវផលបុណ្យ(ចំពោះទង្វើ)របស់ពួកគេ ហើយទ្រង់នឹងបន្ថែមដល់ពួកគេថែមទៀតដោយក្តីសប្បុរសរបស់ទ្រង់។ រីឯពួកដែលបានបដិសេធ និងមានភាពក្អេងក្អាង(មិនព្រមគោរពសក្ការៈចំពោះទ្រង់)នោះ ជាការពិតណាស់ ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេយ៉ាងឈឺចាប់បំផុត។ ហើយពួកគេនឹងមិនឃើញមានអ្នកគាំពារ និងអ្នកជួយណាសម្រាប់ពួកគេក្រៅពីអល់ឡោះឡើយ។

ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ ភស្តុតាងដ៏ច្បាស់លាស់ពីព្រះជាម្ចាស់របស់ពួកអ្នក(ព្យាការីមូហាំម៉ាត់)បានមកដល់ពួកអ្នកហើយ។ ហើយយើងបានបញ្ចុះទៅកាន់ពួកអ្នកនូវពន្លឺដ៏ច្បាស់លាស់បំផុត(គម្ពីរគួរអាន)។

រីឯបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ ហើយពួកគេប្រកាន់ខ្ជាប់នឹងវា(គម្ពីរគួរអាន) ពិតប្រាកដណាស់ ទ្រង់នឹងបញ្ចូលពួកគេទៅក្នុងក្តីមេត្តាករុណា(ឋានសួគ៌) និងការប្រោសប្រទានពីទ្រង់។ ហើយទ្រង់នឹងចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។

ពួកគេនឹងសុំឱ្យអ្នកបកស្រាយច្បាប់(ក្នុងរឿងមរតក “សពគ្មានញាតិជួរខ្សែផ្ទាល់”)។ ចូរអ្នកពោលចុះថា៖ អល់ឡោះនឹងបកស្រាយច្បាប់ស្តីពីបញ្ហាមរតកសពគ្មានញាតិជួរខ្សែផ្ទាល់នេះដល់ពួកអ្នកគឺ៖ ប្រសិនបើបុគ្គលម្នាក់បានស្លាប់ដោយគេគ្មានកូន តែគេមានបងប្អូនស្រីម្នាក់ ដូច្នេះ នាងត្រូវទទួលបានមរតកពាក់កណ្តាលនៃទ្រព្យសម្បត្តិដែលសពបានបន្សល់ទុក។ ចំណែកឯបងប្អូនប្រុសរបស់សពម្នាក់ត្រូវទទួលមរតកពីទ្រព្យសម្បត្តិនោះក្នុងលក្ខណៈមិនកំណត់ចំនួននោះឡើយប្រសិនបើសពគ្មានកូន។ ហើយប្រសិនបើសពនោះមានបងប្អូនស្រីលើសពីពីរនាក់ឡើងទៅ គឺសម្រាប់ពួកនាងត្រូវទទួលបានពីរភាគបីនៃមរតក(រួមគ្នា)ដែលសពបានបន្សល់ទុក។ តែប្រសិនបើសពនោះមានបងប្អូនច្រើននាក់ មានទាំងប្រុសទាំងស្រី ដូចនេះសម្រាប់បុរសម្នាក់គឺទទួលបានចំណែកស្មើនឹងចំណែកស្ត្រីពីរនាក់។ អល់ឡោះទ្រង់បញ្ជាក់ដល់ពួកអ្នកដើម្បីកុំឱ្យពួកអ្នកវង្វេង។ ហើយអល់ឡោះទ្រង់មហាដឹងនូវរាល់អ្វីៗទាំងអស់។