The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe Forgiver [Ghafir] - Khmer translation - Rowwad Translation Center
Surah The Forgiver [Ghafir] Ayah 85 Location Maccah Number 40
ហា មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។
ការបញ្ចុះគម្ពីរ(គួរអាន) គឺមកពីអល់ឡោះជាម្ចាស់ដែលមហាខ្លាំងពូកែ មហាដឹងបំផុត។
(ទ្រង់)ជាអ្នកអភ័យទោសបំផុតចំពោះបាបកម្ម ជាអ្នកទទួលយកការសារភាពកំហុស ជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត ជាអ្នកដែលមានការប្រោសប្រទានបំផុត។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ កន្លែងវិលត្រឡប់(នៃខ្ញុំបម្រើទាំងរបស់ទ្រង់) គឺឆ្ពោះទៅកាន់ទ្រង់(តែមួយគត់)។
គ្មាននរណាដែលជជែកដេញដោលចំពោះវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះនោះឡើយ លើកលែងតែពួកដែលគ្មានជំនឿប៉ុណ្ណោះ។ ដូច្នេះ ចូរកុំឱ្យការផ្លាស់ប្តូរទីកន្លែងរបស់ពួកគេ(ពួកគ្មានជំនឿ)ក្នុងស្រុកទេសនោះបោកប្រាស់អ្នកឱ្យសោះ។
ក្រុមរបស់ព្យាការីនួហ និងក្រុមជាច្រើនទៀតបន្ទាប់ពីពួកគេបានបដិសេធមុនពួកទាំងនោះ(ពួកមុស្ហរីគីន)ទៅទៀត។ ហើយរាល់ប្រជាជាតិនីមួយៗសុទ្ធតែមានបំណងអាក្រក់ចំពោះអ្នកនាំសាររបស់ពួកគេដើម្បីសម្លាប់គេចោល។ ហើយពួកគេបានជជែកដេញដោលទាំងខុសឆ្គងដើម្បីលុបបំបាត់ការពិតនឹងភាពខុសឆ្គងនោះ។ ហេតុនេះ យើងក៏បានដាក់ទណ្ឌកម្មពួកគេ។ ដូច្នេះ តើទណ្ឌកម្មនោះយ៉ាងដូចម្តេចដែរ?
ក៏ដូច្នោះដែរ ពាក្យបន្ទូលនៃព្រះជាម្ចាស់របស់អ្នកគឺត្រូវបានកំណត់ទៅលើពួកគ្មានជំនឿថា ជាការពិតណាស់ ពួកគេគឺជាពួកឋាននរក។
បណ្តាអ្នកដែលទ្រអារ៉ស្ហ(ម៉ាឡាអ៊ីកាត់) ហើយនិងអ្នកដែលនៅជុំវិញវា គឺពួកគេកំពុងតែលើកតម្កើងដោយការកោតសរសើរដល់ព្រះជាម្ចាស់របស់ពួកគេ និងមានជំនឿចំពោះទ្រង់ ព្រមទាំងសុំការអភ័យទោស(ពីអល់ឡោះ)ដល់បណ្តាអ្នកដែលមានជំនឿ(ដោយពួកគេបួងសួងថា៖) បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ក្តីមេត្តាករុណា និងចំណេះដឹងរបស់ព្រះអង្គ គឺគ្របដណ្តប់លើអ្វីៗទាំងអស់។ ហេតុនេះ សូមព្រះអង្គមេត្តាអភ័យទោសដល់បណ្តាអ្នកដែលសារភាពកំហុស និងបានដើរតាមមាគ៌ារបស់ព្រះអង្គ ហើយសូមព្រះអង្គមេត្តាការពារពួកគេពីទណ្ឌកម្មនៃនរកជើហ៊ីមផងចុះ។
បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាបញ្ចូលពួកគេទៅក្នុងឋានសួគ៌អាត់និនដែលព្រះអង្គបានសន្យាចំពោះពួកគេ ហើយនិង(បញ្ចូលក្នុងឋានសួគ៌ជាមួយពួកគេផងដែរនូវ)ជីដូនជីតារបស់ពួកគេ ភរិយារបស់ពួកគេ និងកូនចៅរបស់ពួកគេដែលជាអ្នកបានសាងអំពើល្អនោះផង។ ពិតប្រាកដណាស់ ព្រះអង្គមហាខ្លាំងពូកែ មហាគតិបណ្ឌិត។
ហើយសូមព្រះអង្គមេត្តាការពារពួកគេពីទង្វើអាក្រក់ទាំងឡាយផង។ ជនណាហើយដែលព្រះអង្គការពារនៅថ្ងៃនោះ(ថ្ងៃបរលោក) គឺព្រះអង្គពិតជាបានផ្តល់ក្តីមេត្តាករុណាដល់គេ។ នោះហើយ គឺជាជោគជ័យដ៏ធំធេង។
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ ពួកគេត្រូវបានគេស្រែក(ប្រាប់)ថា៖ ពិតប្រាកដណាស់ ការខឹងសម្បារបស់អល់ឡោះ(ចំពោះពួកអ្នក) គឺធំធេងជាងការខឹងសម្បារបស់ពួកអ្នកចំពោះខ្លួនឯងទៅទៀត ខណៈដែលពួកអ្នក(កាលនៅលោកិយ)ត្រូវបានគេអំពាវនាវទៅកាន់ការមានជំនឿ ប៉ុន្តែពួកអ្នកបែរជាប្រឆាំង។
ពួកគេបានពោលថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ព្រះអង្គបានឱ្យយើងខ្ញុំស្លាប់ពីរដង និងបានឱ្យយើងខ្ញុំមានជីវិតពីរដង។ ពេលនេះ ពួកយើងទទួលស្គាល់ហើយចំពោះបាបកម្មរបស់យើងខ្ញុំ។ ដូចនេះ តើមានមធ្យោបាយអ្វីដែលអាចឱ្យពួកយើងចេញ(ពីឋាននរក)ដែរឬទេ?
(ទណ្ឌកម្មលើ)ពួកអ្នកនោះ គឺដោយសារតែនៅពេលណាដែលគេអំពាវនាវទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ ពួកអ្នកបែរជាប្រឆាំងនឹងទ្រង់។ តែប្រសិនបើគេធ្វើស្ហ៊ីរិកចំពោះទ្រង់ ពួកអ្នកបែរជាមានជំនឿទៅវិញ។ ដូច្នេះ ការកាត់សេចក្តី គឺជាកម្មសិទ្ធិរបស់អល់ឡោះដែលមហាខ្ពង់ខ្ពស់ មហាធំធេង។
ទ្រង់គឺជាអ្នកដែលបង្ហាញឱ្យពួកអ្នកបានឃើញនូវសញ្ញាភស្តុតាងទាំងឡាយរបស់ទ្រង់។ ហើយទ្រង់បានបញ្ចុះសម្រាប់ពួកអ្នកនូវទឹកភ្លៀងពីលើមេឃជាលាភសក្ការៈមួយ។ ហើយគ្មានអ្នកណាដែលនឹករលឹកឡើយ លើកលែងតែអ្នកដែលវិលត្រឡប់(ទៅកាន់ទ្រង់)ប៉ុណ្ណោះ។
ដូច្នេះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿទាំងឡាយ)គោរពសក្ការៈចំពោះអល់ឡោះដោយចិត្តស្មោះសចំពោះទ្រង់ក្នុងសាសនា បើទោះជាពួកគ្មានជំនឿមិនពេញចិត្តក៏ដោយ។
ទ្រង់មានឋានៈខ្ពស់បំផុត ជាម្ចាស់នៃអារ៉ស្ហ។ ទ្រង់ផ្តល់វ៉ាហ៊ីពីបទបញ្ជារបស់ទ្រង់ទៅឲ្យជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដើម្បីឱ្យពួកគេព្រមានបន្លាចអំពីថ្ងៃជួបជុំ(ថ្ងៃបរលោក)។
នៅថ្ងៃដែលពួកគេបានបង្ហាញខ្លួន(ចំពោះមុខអល់ឡោះ)។ គ្មានអ្វីមួយអំពីពួកគេអាចលាក់បាំងពីអល់ឡោះបានឡើយ។ (ទ្រង់សួរថា៖) តើអំណាចគ្រប់គ្រងនៅថ្ងៃនេះជាកម្មសិទ្ធិរបស់អ្នកណា? (ទ្រង់បានឆ្លើយដោយអង្គឯងថា៖) ជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយអង្គគត់ ជាអ្នកមហាខ្លាំងក្លាបំផុត។
នៅថ្ងៃនេះ បុគ្គលគ្រប់រូបនឹងត្រូវគេតបស្នងឲ្យចំពោះអ្វីដែលរូបគេបានប្រព្រឹត្ត។ គ្មានភាពអយុត្តិធម៌នោះឡើយក្នុងថ្ងៃនេះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកជំនុំជម្រះយ៉ាងឆាប់រហ័សបំផុត។
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាស់តឿនព្រមានពួកគេពីថ្ងៃបរលោកដែលជិតមកដល់ ខណៈដែលបេះដូង(របស់ពួកគេ)លោតមកនៅដើមក(ភ័យរន្ធត់)ដោយពួកគេពោរពេញទៅដោយទុក្ខព្រួយ។ ហើយសម្រាប់ពួកដែលបំពាន គឺគ្មានមិត្តភក្តិ ហើយក៏គ្មានអ្នកជួយអន្តរាគមន៍ណាដែលទទួលយកគេនោះដែរ។
អល់ឡោះដឹងនូវភាពក្បត់នៃកែវភ្នែក(លួចមើលដោយស្ងាត់ៗ) ហើយនិងអ្វីដែលលាក់បាំងនៅក្នុងដួងចិត្ត។
ហើយអល់ឡោះទ្រង់កាត់សេចក្តីដោយភាពយុត្តិធម៌បំផុត។ ហើយអ្វី(ព្រះនានា)ដែលពួកគេគោរពសក្ការៈក្រៅពីទ្រង់នោះ ពួកវាមិនបានកាត់សេចក្តីអ្វីបន្តិចនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាឮ មហាឃើញបំផុត។
តើពួកគេ(ពួកមុស្ហរីគីន)មិនបានធ្វើដំណើរនៅលើផែនដី ហើយពិចារណាមើលទេឬ ថាតើលទ្ធផលចុងក្រោយរបស់ពួក(បដិសេធ)ជំនាន់មុនពួកគេនោះយ៉ាងដូចម្តេច? ពួកទាំងនោះមានភាពខ្លាំងក្លាជាងពួកគេ ថែមបានបន្សល់ទុកនូវកេរដំណែលនានានៅលើផែនដីច្រើនជាងពួកគេទៅទៀត។ តែអល់ឡោះទ្រង់បានបំផ្លាញពួកគេដោយសារតែបាបកម្មរបស់ពួកគេ។ ហើយសម្រាប់ពួកគេ គឺគ្មានអ្នកដែលការពារពួកគេពី(ទណ្ឌកម្ម)អល់ឡោះបានឡើយ។
នោះគឺដោយសារតែមានអ្នកនាំសារជាច្រើនរបស់ពួកគេបានមកដល់ពួកគេដោយនាំមកនូវភស្តុតាងជាច្រើនយ៉ាងច្បាស់លាស់ តែពួកគេបែរជាប្រឆាំងទៅវិញ។ ហេតុនេះ អល់ឡោះជាម្ចាស់ក៏បានបំផ្លាញពួកគេ។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងក្លា ជាអ្នកដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុត។
ហើយពិតប្រាកដណាស់ យើងបានបញ្ជូនព្យាការីមូសាជាមួយនឹងសញ្ញាភស្តុតាងជាច្រើនរបស់យើង និងអំណះអំណាងជាច្រើនយ៉ាងច្បាស់លាស់
ទៅកាន់ហ្វៀរអោន និងហាម៉ាន ហើយនិងករូន តែពួកគេបែរជានិយាយថា៖ (ព្យាការីមូសាគឺជា)គ្រូមន្តអាគម ជាអ្នកដែលភូតកុហកបំផុតទៅវិញ។
ហើយនៅពេលដែលគេ(ព្យាការីមូសា)បាននាំមកឱ្យពួកគេនូវការពិតអំពីយើង ពួកគេនិយាយថា៖ ចូរពួកអ្នកសម្លាប់កូនប្រុសទាំងឡាយរបស់បណ្តាអ្នកដែលមានជំនឿជាមួយគេ ហើយទុកជីវិតកូនស្រីទាំងឡាយរបស់ពួកគេចុះ។ ហើយឧបាយកលរបស់ពួកប្រឆាំង គ្មានអ្វីក្រៅពីភាពវង្វេងនោះឡើយ។
ហើយហ្វៀរអោនបាននិយាយថា៖ ចូរពួកអ្នកទុកឱ្យយើងសម្លាប់មូសា ហើយឱ្យគេបួងសួងសុំពីព្រះជាម្ចាស់របស់គេ(ឱ្យការពារគេពីយើង)ចុះ។ ពិតណាស់ យើងខ្លាចគេផ្លាស់ប្តូរសាសនារបស់ពួកអ្នក ឬក៏គេបង្កវិនាសកម្មលើផែនដី។
ហើយព្យាការីមូសាបាននិយាយថា៖ ពិតប្រាកដណាស់ ខ្ញុំសុំការការពារពីព្រះជាម្ចាស់របស់ខ្ញុំ និងព្រះជាម្ចាស់របស់ពួកអ្នកឱ្យរួចផុតពីរាល់ពួកក្រអឺតក្រទមដែលគ្មានជំនឿចំពោះថ្ងៃជំនុំជម្រះ។
ហើយមានបុរសម្នាក់ដែលជាអ្នកមានជំនឿក្នុងចំណោមពូជពង្សរបស់ហ្វៀរអោនដែលបានលាក់បាំងសេចក្តីជំនឿរបស់ខ្លួនបាននិយាយថា៖ តើពួកអ្នកចង់សម្លាប់បុរសម្នាក់ដែលគ្រាន់តែគេនិយាយថា៖ “ព្រះជាម្ចាស់របស់ខ្ញុំ គឺអល់ឡោះ”នោះឬ ខណៈដែលរូបគេបាននាំមកឲ្យពួកអ្នកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ជាច្រើនពីព្រះជាម្ចាស់របស់ពួកអ្នកនោះ? ប្រសិនបើគេជាអ្នកភូតកុហក នោះការភូតកុហករបស់គេ គឺធ្លាក់ទៅកាន់គេវិញប៉ុណ្ណោះ។ តែប្រសិនបើគេជាអ្នកដែលនិយាយពិតវិញ នោះអ្វី(ទណ្ឌកម្ម)មួយចំនួនដែលគេសន្យាចំពោះពួកអ្នក នឹងធ្លាក់ទៅលើពួកអ្នកជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញដល់ពួកបំពាន និងពួកដែលកុហកភូតភរនោះឡើយ។
ឱក្រុមរបស់ខ្ញុំ! អំណាចនៅថ្ងៃនេះ គឺជាកម្មសិទ្ធិរបស់ពួកអ្នកដោយពួកអ្នកជាអ្នកឈ្នះនៅលើទឹកដី(អេហ្ស៊ីប)នេះ។ ក៏ប៉ុន្តែ តើអ្នកណាដែលជួយការពារពួកយើងឱ្យរួចផុតពីទណ្ឌកម្មរបស់អល់ឡោះ ប្រសិនបើវាមកដល់ពួកយើងនោះ? ហ្វៀរអោនបានតបថា៖ អ្វីដែលខ្ញុំបង្ហាញដល់ពួកអ្នក គឺគ្មានអ្វីក្រៅពីការយល់ឃើញរបស់ខ្ញុំនោះឡើយ ហើយអ្វីដែលខ្ញុំចង្អុលបង្ហាញពួកអ្នកនេះ ក៏គ្មានអ្វីក្រៅពីជាមាគ៌ាដ៏ត្រឹមត្រូវនោះដែរ។
ហើយបុរសដែលមានជំនឿនោះបាននិយាយទៀតថា៖ ឱក្រុមរបស់ខ្ញុំ! (ប្រសិនបើពួកអ្នកសម្លាប់ព្យាការីមូសា) ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកអ្នកទទួលនូវទណ្ឌកម្ម ដូចថ្ងៃរបស់ក្រុមនានា(ដែលទទួលទណ្ឌកម្ម)។
ដូចជាស្ថានភាពរបស់ក្រុមព្យាការីនួហ ក្រុមអាទ ក្រុមសាមូទ និងពួកទាំងឡាយបន្ទាប់ពីពួកគេ។ ហើយអល់ឡោះទ្រង់គ្មានបំណងបំពានលើខ្ញុំបម្រើទាំងឡាយ(របស់ទ្រង់)ឡើយ។
ឱក្រុមរបស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកអ្នកទទួលទណ្ឌកម្មនៅថ្ងៃដែលមនុស្សស្រែកហៅគ្នាទៅវិញទៅមក(ថ្ងៃបរលោក)។
គឺនៅថ្ងៃដែលពួកអ្នកបែរខ្នងរត់គេច។ សម្រាប់ពួកអ្នក គឺគ្មានអ្នកជួយការពារពី(ទណ្ឌកម្ម)អល់ឡោះឡើយ។ ជនណាហើយដែលអល់ឡោះធ្វើឲ្យវង្វេង ពិតប្រាកដណាស់ សម្រាប់រូបគេគឺគ្មានអ្នកដែលចង្អុលបង្ហាញនោះឡើយ។
ហើយជាការពិតណាស់ ព្យាការីយូសុះបាននាំមកឱ្យពួកអ្នកកាលពីមុននូវសញ្ញាភស្តុតាងជាច្រើនដ៏ច្បាស់លាស់ ក៏ប៉ុន្តែពួកអ្នកនៅតែមានការមន្ទិលសង្ស័យចំពោះអ្វីដែលគាត់នាំមកឱ្យពួកអ្នក។ លុះនៅពេលដែលគាត់ស្លាប់ ពួកអ្នកនិយាយថា៖ អល់ឡោះជាម្ចាស់នឹងមិនតែងតាំងអ្នកនាំសារណាម្នាក់បន្ទាប់ពីគាត់ទៀតឡើយ។ ក៏ដូច្នោះដែរ អល់ឡោះទ្រង់ធ្វើឱ្យវង្វេងរាល់ជនដែលបំពានដែលមានភាពមន្ទិលសង្ស័យ។
ពួកដែលជជែកដេញដោលចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះដោយគ្មានអំណះអំណាងណាមួយបានមកដល់ដៃពួកគេទេនោះ វាជារឿងគួរឲ្យខឹងសម្បាបំផុតចំពោះអល់ឡោះ និងចំពោះបណ្តាអ្នកដែលមានជំនឿ។ ក៏ដូច្នោះដែរ អល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតទៅលើរាល់ដួងចិត្តពួកដែលក្រអឺតក្រទម និងផ្តាច់ការ។
ហើយហ្វៀរអោនបាននិយាយថា៖ ឱហាម៉ាន! ចូរអ្នកសាងសង់សំណង់មួយឱ្យយើង សង្ឃឹមថាយើងអាចទៅដល់ទ្វារទាំងឡាយបាន។
គឺទ្វារមេឃាទាំងឡាយដើម្បីឲ្យយើង(ឡើង)ទៅមើលព្រះជាម្ចាស់របស់មូសា។ ហើយពិតប្រាកដណាស់ យើងគិតថា រូបគេគឺជាអ្នកដែលភូតកុហក។ ដូច្នោះដែរ គេបានតុបតែងលម្អដល់ហ្វៀរអោននូវទង្វើអាក្រក់របស់គេ និងរារាំងរូបគេពីមាគ៌ា(ត្រឹមត្រូវ)។ ហើយឧបាយកលរបស់ហ្វៀរអោននោះ គឺគ្មានអ្វីក្រៅពីស្ថិតនៅក្នុងភាពខាតបង់នោះឡើយ។
ហើយបុរសដែលមានជំនឿនោះបាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកដើរតាមខ្ញុំចុះ នោះខ្ញុំនឹងចង្អុលបង្ហាញពួកអ្នកទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។
ឱក្រុមរបស់ខ្ញុំ! តាមពិតឆាកជីវិតលោកិយនេះ គ្រាន់តែជាការសោយសុខ(មួយរយៈពេលខ្លី)ប៉ុណ្ណោះ។ រីឯបរលោកទៅវិញទេ ទើបជាទីកន្លែងដែលអមតៈ។
ជនណាដែលបានសាងអំពើអាក្រក់ រូបគេនឹងត្រូវបានគេតបស្នងដូចអ្វីដែលរូបគេបានសាងនោះ។ រីឯជនណាដែលបានសាងទង្វើកុសលមិនថាបុរសឬស្ត្រី ហើយរូបគេជាអ្នកដែលមានជំនឿទៀតនោះ អ្នកទាំងនោះហើយដែលនឹងត្រូវចូលឋានសួគ៌ដោយពួកគេនឹងត្រូវគេប្រទានលាភសក្ការៈឲ្យក្នុងឋានសួគ៌នោះដោយឥតគណនាឡើយ។
ឱក្រុមរបស់ខ្ញុំ! ហេតុអ្វីបានជាខ្ញុំអំពាវនាវពួកអ្នកទៅរកភាពជោគជ័យ តែពួកអ្នកបែរជាអំពាវនាវខ្ញុំទៅកាន់ឋាននរកទៅវិញបែបនេះ?
ពួកអ្នកអំពាវនាវខ្ញុំដើម្បីឲ្យខ្ញុំប្រឆាំងនឹងអល់ឡោះ និងធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីដែលខ្ញុំគ្មានចំណេះដឹងសោះអំពីវា ខណៈខ្ញុំវិញ គឺអំពាវនាវពួកអ្នកទៅកាន់ព្រះជាម្ចាស់ដ៏មហាខ្លាំងពូកែ មហាអភ័យទោសបំផុត។
គ្មានការសង្ស័យឡើយ តាមពិតអ្វីដែលពួកអ្នកអំពាវនាវខ្ញុំទៅកាន់វានោះ គឺមិនសក្តិសមក្នុងការអំពាវនាវទៅកាន់វានោះឡើយ ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ ហើយពិតណាស់ កន្លែងវិលត្រឡប់របស់ពួកយើង គឺទៅកាន់អល់ឡោះជាម្ចាស់(តែមួយគត់)។ ហើយពិតប្រាកដណាស់ ពួកដែលបំពាន ពួកគេគឺជាពួកឋាននរក។
ពិតណាស់ ពួកអ្នកនឹងនឹកឃើញនូវអ្វីដែលខ្ញុំបាននិយាយ(ដាស់តឿន)ទៅកាន់ពួកអ្នក។ ហើយខ្ញុំសូមប្រគល់កិច្ចការរបស់ខ្ញុំទៅកាន់អល់ឡោះ(តែមួយគត់)។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ឃើញបំផុតចំពោះខ្ញុំបម្រើទាំងឡាយ(របស់ទ្រង់)។
ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានការពាររូបគេពីឧបាយកលអាក្រក់ដែលពួកគេបានរៀបចំ។ ហើយពូជពង្សរបស់ហ្វៀរអោនក៏ត្រូវបានហ៊ុមព័ទ្ធទៅដោយទណ្ឌកម្មដ៏អាក្រក់(លិចលង់ក្នុងទឹកសមុទ្រ)។
(ក្រោយពេលពួកគេស្លាប់)ឋាននរកត្រូវបានគេយកមកបង្ហាញពួកគេទាំងព្រឹកទាំងល្ងាច។ ហើយនៅថ្ងៃបរលោក (មានគេនិយាយថា៖) ចូរពួកអ្នកបញ្ចូលបក្សពួកហ្វៀរអោនទៅក្នុងទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចុះ។
ហើយនៅពេលដែលពួកគេឈ្លោះប្រកែកគ្នានៅក្នុងឋាននរក ពួកដែលទន់ខ្សោយ(ដែលដើរតាមគេ)បាននិយាយទៅកាន់ពួកក្រអឺតក្រទម(ពួកមេដឹកនាំ)ថា៖ ពិតប្រាកដណាស់ ពួកយើងធ្លាប់ជាអ្នកដែលដើរតាមពួកអ្នក។ ហេតុនេះ តើពួកអ្នកអាចទទួលជំនួសពួកយើងមួយផ្នែកនៃ(ទណ្ឌកម្ម)ភ្លើងនរកបានដែរឬទេ?
ពួកក្រអឺតក្រទម(ពួកមេដឹកនាំ)បានតបថា៖ ពិតណាស់ ពួកយើងស្ថិតនៅក្នុងឋាននរកទាំងអស់គ្នា។ ពិតប្រាកដណាស់ អល់ឡោះទ្រង់បានកាត់សេចក្តីរវាងខ្ញុំបម្រើទាំងឡាយ(របស់ទ្រង់)រួចទៅហើយ។
ហើយពួកដែលស្ថិតនៅក្នុងឋាននរកបាននិយាយទៅកាន់ឆ្មាំនរកជើហាន់ណាំថា៖ សូមពួកអ្នកមេត្តាបួងសួងសុំពីព្រះជាម្ចាស់របស់ពួកអ្នកឱ្យទ្រង់សម្រាលទណ្ឌកម្មពីពួកយើងមួយថ្ងៃផង។
ពួកគេបានតបវិញថា៖ តើបណ្តាអ្នកនាំសាររបស់ពួកអ្នកមិនធ្លាប់បាននាំមកកាន់ពួកអ្នកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ទេឬ? ពួកគេឆ្លើយថា៖ ពិតមែនហើយ។ ឆ្មាំនរកក៏តបវិញ៖ ដូច្នេះ ចូរពួកអ្នកបួងសួងសុំ(ដោយខ្លួនឯង)ចុះ។ ហើយការបួងសួងរបស់ពួកប្រឆាំង គឺគ្មានអ្វីក្រៅពីស្ថិតក្នុងភាពវង្វេងនោះឡើយ។
ពិតប្រាកដណាស់ យើង(អល់ឡោះ)ប្រាកដជានឹងជួយដល់បណ្តាអ្នកនាំសាររបស់យើង និងបណ្តាអ្នកដែលមានជំនឿនៅក្នុងជីវិតលោកិយនេះ និងនៅថ្ងៃដែលសាក្សីទាំងឡាយបានមកធ្វើសាក្សី(ថ្ងៃបរលោក)។
គឺនៅថ្ងៃដែលការដោះសាររបស់ពួកបំពានមិនអាចជួយជាប្រយោជន៍អ្វីដល់ពួកគេបានឡើយ។ ហើយសម្រាប់ពួកគេនឹងទទួលនូវបណ្តាសា និងទទួលបានកន្លែងស្នាក់នៅដ៏អាក្រក់បំផុត។
ហើយជាការពិតណាស់ យើងបានប្រទានឱ្យព្យាការីមូសានូវការចង្អុលបង្ហាញ និងបានឲ្យអម្បូរអ៊ីស្រាអែលទទួលមរតកគម្ពីរ(តាវរ៉ត)។
ជាការចង្អុលបង្ហាញ និងជាការដាស់រំឭកសម្រាប់បញ្ញាជនទាំងឡាយ។
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចុះ។ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ គឺជាការពិត។ ហើយចូរអ្នកសុំការអភ័យទោសចំពោះបាបកម្មរបស់អ្នក និងត្រូវលើកតម្កើងដោយការកោតសរសើរចំពោះព្រះជាម្ចាស់របស់អ្នកទាំងព្រឹក និងល្ងាច។
ពួកដែលជជែកដេញដោលចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះដោយគ្មានអំណះអំណាងណាមួយបានមកដល់ពួកគេទេនោះ តាមពិតនៅក្នុងដួងចិត្តរបស់ពួកគេ គឺគ្មានអ្វីក្រៅពីភាពក្រអឺតក្រទម។ ពួកគេនឹងមិនទទួលបាន(ដូចអ្វីដែលពួកគេចង់បាន)ជាដាច់ខាត។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សុំការការពារពីអល់ឡោះចុះ។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាឃើញបំផុត ។
ការបង្កើតមេឃជាច្រើនជាន់និងផែនដី គឺពិតជាធំធេង(អស្ចារ្យ)ជាងការបង្កើតមនុស្សលោកទៅទៀត។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនបានដឹងឡើយ។
មនុស្សខ្វាក់ និងអ្នកដែលមើលឃើញ គឺមិនស្មើគ្នាឡើយ។ ហើយបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ក៏មិនស្មើគ្នានឹងពួកដែលសាងអំពើអាក្រក់នោះដែរ។ អ្វីដែលពួកអ្នកនឹករលឹក គឺតិចតួចបំផុត។
ជាការពិតណាស់ ថ្ងៃបរលោកប្រាកដជានឹងមកដល់ដោយគ្មានការសង្ស័យចំពោះវាឡើយ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនជឿឡើយ។
ហើយព្រះជាម្ចាស់របស់ពួកអ្នកបានមានបន្ទូលថា៖ ចូរពួកអ្នកបួងសួងមកកាន់យើងចុះ នោះយើងនឹងឆ្លើយតបចំពោះពួកអ្នក។ ពិតប្រាកដណាស់ ពួកដែលក្រអឺតក្រទមមិនព្រមគោរពសក្ការៈមកចំពោះយើង ពួកគេនឹងត្រូវចូលក្នុងនរកជើហាន់ណាំដោយភាពទាបថោកបំផុត។
អល់ឡោះគឺជាអ្នកដែលបង្កើតពេលយប់សម្រាប់ពួកអ្នកដើម្បីឱ្យពួកអ្នកបានសម្រាកនៅក្នុងវា និង(បានបង្កើត)ពេលថ្ងៃឲ្យមានពន្លឺ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មានការប្រោសប្រទានបំផុតចំពោះមនុស្សលោក។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនដឹងគុណឡើយ។
(អ្នកដែលប្រទានឧបការគុណទាំងនោះដល់ពួកអ្នក)នោះគឺអល់ឡោះជាព្រះជាម្ចាស់របស់ពួកអ្នក ជាអ្នកដែលបង្កើតអ្វីៗទាំងអស់។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ដូច្នេះ តើពួកអ្នកត្រូវបានគេបង្វែរចេញយ៉ាងដូចម្តេច?
ក៏ដូច្នោះដែរ គេក៏បង្វែរពួកដែលប្រឆាំងនឹងបណ្តាភស្តុតាងទាំងឡាយរបស់អល់ឡោះ(ដូចគ្នាដែរ)។
អល់ឡោះទ្រង់ជាអ្នកដែលបានបង្កើតផែនដីសម្រាប់ពួកអ្នក(ឱមនុស្សលោក)ជាកន្លែងរស់នៅ និងបានបង្កើតមេឃជាសំណង់មួយ(នៅពីលើផែនដី)។ ហើយទ្រង់បានបង្កើតពួកអ្នកឱ្យមានរូបរាងល្អសមសួន ព្រមទាំងបានប្រទាននូវលាភសក្ការៈដល់ពួកអ្នកអំពីប្រការល្អៗជាច្រើន។ (អ្នកដែលប្រទានឧបការគុណទាំងនោះដល់ពួកអ្នក)នោះគឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នក។ អល់ឡោះមហាឧត្តុង្គឧត្តម ជាព្រះជាម្ចាស់នៃពិភពទាំងឡាយ។
ទ្រង់គឺជាអ្នកដែលមានជីវិត(ជាអមតៈ)។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ដូច្នេះ ចូរពួកអ្នកបួងសួងសុំពីទ្រង់ដោយភាពស្មោះសចំពោះទ្រង់ក្នុងសាសនា។ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងអស់។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ គេបានហាមឃាត់ខ្ញុំមិនឱ្យគោរពសក្ការៈទៅចំពោះអ្នកដែលពួកអ្នកគោរពសក្ការៈ(ចំពោះពួកវា)ក្រៅពីអល់ឡោះនោះឡើយនៅពេលដែលភស្តុតាងដ៏ច្បាស់លាស់ជាច្រើនពីព្រះជាម្ចាស់របស់ខ្ញុំបានមកដល់ខ្ញុំហើយនោះ។ ហើយគេបានបង្គាប់ប្រើខ្ញុំឱ្យប្រគល់ខ្លួនចំពោះព្រះជាម្ចាស់នៃពិភពទាំងអស់។
ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកអំពីដី។ ក្រោយមក អំពីទឹកកាម រួចមក ក្លាយទៅជាដុំឈាម។ បន្ទាប់មក ទ្រង់បានបញ្ចេញពួកអ្នក(ពីផ្ទៃម្តាយ)ជាទារក។ បន្ទាប់មកទៀត ពួកអ្នកបានធំពេញវ័យ។ ក្រោយមក ពួកអ្នកក៏បានក្លាយទៅជាចាស់ជរា។ ហើយក្នុងចំណោមពួកអ្នក មានអ្នកខ្លះបានស្លាប់មុននោះ(មុនចាស់ជរា)។ ហើយ(ទ្រង់ធ្វើដូច្នោះ)ដើម្បីឱ្យពួកអ្នករស់រានមានជីវិតរហូតដល់ពេលកំណត់។ សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។
ទ្រង់ជាអ្នកផ្តល់ជីវិត និងជាអ្នកដកយកជីវិត។ នៅពេលដែលទ្រង់សម្រេចកិច្ចការអ្វីមួយ ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថា៖ “ចូរកើតចុះ” វានឹងកើតឡើងភ្លាម។
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬ ពួកដែលជជែកដេញដោលចំពោះវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះនោះ ថាតើពួកគេត្រូវបានគេបង្វែរចេញយ៉ាងដូចម្តេច?
ពួកដែលបានបដិសេធនឹងគម្ពីរ(គួរអាន) ហើយនិងអ្វីដែលយើងបានបញ្ជូនមកតាមរយៈបណ្តាអ្នកនាំសាររបស់យើងនោះ ពួកទាំងនោះគង់តែនឹងដឹងជាមិនខាន។
នៅពេលដែលខ្នោះត្រូវបានដាក់ជាប់នឹងករបស់ពួកគេ និងច្រវាក់(ត្រូវបានគេចងជាប់នឹងជើង)ដោយពួកគេត្រូវបានគេអូស
ចូលទៅក្នុងទឹកដ៏ក្តៅបំផុត។ បន្ទាប់មក ពួកគេត្រូវបានគេដុត(នៅក្នុងភ្លើងនរក)។
ក្រោយមក មានគេនិយាយទៅកាន់ពួកគេថា៖ តើឯណាទៅ អ្វីដែលពួកអ្នកធ្លាប់យកមកគោរពសក្ការៈ
ផ្សេងពីអល់ឡោះនោះ? ពួកគេបានឆ្លើយថា៖ ពួកវាបានបាត់ចេញពីពួកយើងទៅហើយ។ ផ្ទុយទៅវិញ ពួកយើងមិនធ្លាប់គោរពសក្ការៈទៅចំពោះអ្វីមួយ(ដែលសក្តិសម)កាលពីមុននោះឡើយ។ ក៏ដូច្នោះដែរ អល់ឡោះនឹងធ្វើឱ្យពួកដែលគ្មានជំនឿវង្វេង។
(ទណ្ឌកម្មដែលធ្លាក់លើពួកអ្នក)នោះគឺដោយសារតែអ្វីដែលពួកអ្នកធ្លាប់សប្បាយរីករាយនៅលើផែនដីដោយមិនត្រឹមត្រូវ និងដោយសារតែពួកអ្នកក្រអឺតក្រទម។
ចូរពួកអ្នកចូលតាមទ្វារនានារបស់នរកជើហាន់ណាំដោយស្ថិតនៅទីនោះជាអមតៈចុះ។ ពិតប្រាកដណាស់ កន្លែងរស់នៅរបស់ពួកដែលក្រអឺតក្រទម គឺអាក្រក់បំផុត។
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចុះ។ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ គឺជាការពិត។ ហើយទោះបីជាយើងឱ្យអ្នកបានឃើញនូវប្រការខ្លះៗ(ទណ្ឌកម្ម)ដែលយើងបានសន្យាចំពោះពួកគេ ឬក៏យើងអាចឱ្យអ្នកស្លាប់(មុននោះ)ក៏ដោយ ក៏ពួកគេនឹងត្រូវគេនាំត្រឡប់មកកាន់យើង(តែមួយគត់)។
ហើយជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ ក្នុងចំណោមពួកគេ មានអ្នកខ្លះយើងបាននិទានប្រាប់អ្នក(នូវរឿងរ៉ាវរបស់ពួកគេ) ហើយមានអ្នកខ្លះទៀត យើងមិនបាននិទានប្រាប់អ្នក(នូវរឿងរ៉ាវរបស់ពួកគេ)ឡើយ។ ហើយគ្មានអ្នកនាំសារណាម្នាក់អាចនាំមកនូវសញ្ញាភស្តុតាងណាមួយឡើយ លើកលែងតែដោយការអនុញ្ញាតពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ហើយនៅពេលដែលបទបញ្ជារបស់អល់ឡោះបានមកដល់ ទ្រង់នឹងកាត់សេចក្តី(រវាងពួកគេ)ដោយយុត្តិធម៌បំផុត។ ហើយនៅទីនោះ ពួកដែលប្រព្រឹត្តខុសនឹងទទួលនូវការខាតបង់។
អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែលបានបង្កើតសត្វពាហនៈសម្រាប់ពួកអ្នក ដោយមួយចំនួនអំពីពួកវាសម្រាប់ឱ្យពួកអ្នកជិះ ហើយមួយចំនួនទៀត ពួកអ្នកអាចទទួលទានបាន។
ហើយចំពោះពួកវាទាំងនោះ គឺមានផលប្រយោជន៍ជាច្រើន(ផ្សេងទៀត)សម្រាប់ពួកអ្នក ។ តាមរយៈវា ពួកអ្នកអាចបំពេញតម្រូវការផ្សេងៗដោយការដឹកជញ្ជូនទៅដល់គោលដៅដែលពួកអ្នកត្រូវការ ហើយគេអាចដឹកជញ្ជូនពួកអ្នកតាមរយៈវា និងតាមរយៈសំពៅផងដែរ។
ហើយទ្រង់បានបង្ហាញឱ្យពួកអ្នកបានឃើញនូវសញ្ញាភស្តុតាងទាំងឡាយរបស់ទ្រង់។ ដូច្នេះ តើមានសញ្ញាភស្តុតាងណាមួយរបស់អល់ឡោះដែលពួកអ្នកមិនទទួលស្គាល់នោះ?
តើពួកគេមិនធ្វើដំណើរនៅលើផែនដី ហើយពិចារណាមើលទេឬ ថាតើលទ្ធផលចុងក្រោយរបស់ពួក(បដិសេធ)ជំនាន់មុនពួកគេយ៉ាងដូចម្តេច? ពួកទាំងនោះមានចំនួនច្រើនជាងពួកគេ និងមានកម្លាំងខ្លាំងក្លាជាងពួកគេ ព្រមទាំងបន្សល់ទុកនូវកេរដំណែលនៅលើផែនដីច្រើនជាងពួកគេទៅទៀត។ ក៏ប៉ុន្តែអ្វីដែលពួកគេខិតខំប្រឹងប្រែងនោះ គឺគ្មានផ្តល់ផលប្រយោជន៍អ្វីចំពោះពួកគេឡើយ។
ហើយនៅពេលដែលបណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកនូវសញ្ញាភស្តុតាងជាច្រើនដ៏ច្បាស់លាស់មកកាន់ពួកគេ ពួកគេបែរជារីករាយនឹងចំណេះដឹងដែលពួកគេមានទៅវិញ។ ហើយអ្វី(ទណ្ឌកម្ម)ដែលពួកគេធ្លាប់បានសើចចំអកចំពោះវានោះ ក៏បានហ៊ុមព័ទ្ធពួកគេ។
នៅពេលដែលពួកគេបានឃើញទណ្ឌកម្មរបស់យើង ពួកគេក៏និយាយថា៖ ពួកយើងមានជំនឿលើអល់ឡោះជាម្ចាស់តែមួយគត់ហើយ ហើយពួកយើងប្រឆាំងចំពោះអ្វីដែលពួកយើងធ្លាប់បានធ្វើស្ហ៊ីរិក។
ក៏ប៉ុន្តែការមានជំនឿរបស់ពួកគេ គឺគ្មានប្រយោជន៍អ្វីឡើយនៅពេលដែលពួកគេបានឃើញទណ្ឌកម្មរបស់យើង(ផ្ទាល់នឹងភ្នែក)ហើយនោះ។ វាជាមាគ៌ារបស់អល់ឡោះដែលបានកំណត់រួចទៅហើយចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ហើយនៅទីនោះ ពួកប្រឆាំងក៏ត្រូវទទួលនូវការខាតបង់។