The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesExplained in detail [Fussilat] - Khmer translation - Rowwad Translation Center
Surah Explained in detail [Fussilat] Ayah 54 Location Maccah Number 41
ហា មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។
(គម្ពីរគួរអាននេះ)ជាការបញ្ចុះមកពីព្រះជាម្ចាស់ដ៏មហាសប្បុរស មហាអាណិតស្រលាញ់។
ជាគម្ពីរមួយដែលវាក្យខណ្ឌទាំងឡាយរបស់វាត្រូវបានបកស្រាយយ៉ាងច្បាស់លាស់។ ហើយគម្ពីរគួរអាននេះជាភាសាអារ៉ាប់សម្រាប់ក្រុមដែលចេះដឹង។
ជាអ្នកផ្តល់ដំណឹងរីករាយ និងដាស់តឿនព្រមាន។ ក៏ប៉ុន្តែភាគច្រើននៃពួកគេបែរជាងាកចេញទៅវិញដោយពួកគេមិនព្រមស្តាប់(វា)នោះឡើយ។
ហើយពួកគេនិយាយថា៖ ដួងចិត្តរបស់ពួកយើងមានគម្របបិទជិតចំពោះអ្វីដែលអ្នក(ព្យាការីមូហាំម៉ាត់)អំពាវនាវពួកយើងទៅកាន់វា ក្នុងត្រចៀករបស់ពួកយើងមានឆ្នុកចុក ហើយនៅរវាងពួកយើងនិងអ្នក គឺមានរនាំងបាំង។ ដូច្នេះ ចូរអ្នកអនុវត្តន៍(តាមមាគ៌ារបស់អ្នកចុះ) ពិតប្រាកដណាស់ ពួកយើងក៏ជាអ្នកអនុវត្តន៍(តាមមាគ៌ារបស់ពួកយើង)ដែរ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត ខ្ញុំជាមនុស្សលោកធម្មតាដូចពួកអ្នកដែរ គ្រាន់តែគេបានផ្ដល់វ៉ាហ៊ីមកកាន់ខ្ញុំថា៖ តាមពិត ព្រះជាម្ចាស់របស់ពួកអ្នកដែលត្រូវគោរពសក្ការៈ គឺជាព្រះជាម្ចាស់តែមួយគត់។ ដូច្នេះ ចូរពួកអ្នកប្រកាន់ខ្ជាប់តាមមាគ៌ាដែលនាំ(ពួកអ្នក)ទៅកាន់ទ្រង់ និងសុំការអភ័យទោសពីទ្រង់ចុះ។ ហើយភាពវិនាសអន្តរាយ គឺសម្រាប់ពួកដែលធ្វើស្ហ៊ីរិក។
ពួកដែលមិនព្រមបរិច្ចាគហ្សាកាត់ ពួកគេគឺជាពួកដែលគ្មានជំនឿនឹងថ្ងៃបរលោកឡើយ។
ពិតប្រាកដណាស់ បណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល សម្រាប់ពួកគេនឹងទទួលបាននូវផលបុណ្យដែលគ្មានទីបញ្ចប់ឡើយ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ហេតុអ្វីបានជាពួកអ្នកគ្មានជំនឿនឹងអ្នកដែលបានបង្កើតផែនដីក្នុងរយៈពេលពីរថ្ងៃ ហើយពួកអ្នកបែរជាបង្កើត(ព្រះនានា)ជាដៃគូសម្រាប់ទ្រង់ទៅវិញ? (ទ្រង់)នោះហើយ គឺជាព្រះជាម្ចាស់នៃពិភពទាំងអស់។
ហើយនៅលើផែនដីនោះទ្រង់បានបង្កើតភ្នំជាច្រើននៅពីលើវា និងបានប្រទានពរជ័យចំពោះវា ព្រមទាំងបានកំណត់នៅលើវានូវស្បៀងអាហាររបស់វាក្នុងរយៈពេលបួនថ្ងៃ សម្រាប់អ្នកដែលចង់សួរ(អំពីវា)។
បន្ទាប់មក ទ្រង់បានសំដៅទៅកាន់មេឃ ខណៈដែលវានៅជាផ្សែងនៅឡើយ ហើយទ្រង់បានមានបន្ទូលទៅកាន់មេឃនិងផែនដីថា៖ ចូរឯងទាំងពីរគោរពតាមបទបញ្ជាយើង ទោះដោយស្ម័គ្រចិត្ត ឬមិនស្ម័គ្រចិត្តក៏ដោយ។ ពួកវាទាំងពីរបានឆ្លើយថា៖ យើងខ្ញុំធ្វើតាមដោយស្ម័គ្រចិត្ត។
ហើយទ្រង់បានបង្កើតមេឃប្រាំពីរជាន់ក្នុងរយៈពេលពីរថ្ងៃ។ ហើយទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់មេឃរាល់ជាន់នីមួយៗនូវកិច្ចការរបស់វា។ ហើយយើង(អល់ឡោះ)បានតុបតែងលម្អមេឃផែនដីដោយហ្វូងតារាជាច្រើន ហើយបានការពារ(ពីពួកស្ហៃតន)។ នោះគឺជាការកំណត់របស់ព្រះជាម្ចាស់ដ៏មហាខ្លាំងពូកែ មហាដឹងបំផុត។
តែប្រសិនបើពួកទាំងនោះងាកចេញ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំសូមដាស់តឿនព្រមានពួកអ្នកនូវទណ្ឌកម្ម ដូចទណ្ឌកម្មរបស់ក្រុមអាទ និងក្រុមសាមូទ។
ខណៈដែលអ្នកនាំសារជាច្រើនបានមកដល់ពួកគេជាបន្តបន្ទាប់ (ដោយប្រើពួកគេថា៖) ពួកអ្នកមិនត្រូវគោរពសក្ការៈ(អ្នកផ្សេង)ក្រៅពីអល់ឡោះឡើយ ពួកគេបានតបវិញថា៖ ប្រសិនបើព្រះជាម្ចាស់របស់ពួកយើងមានចេតនា ទ្រង់ប្រាកដជានឹងបញ្ចុះម៉ាឡាអ៊ីកាត់(មកកាន់ពួកយើង)ជាមិនខាន។ ពិតណាស់ ពួកយើងគឺជាពួកដែលប្រឆាំងចំពោះអ្វីដែលគេបានបញ្ជូនវាមកកាន់ពួកអ្នក។
ចំណែកឯក្រុមអាទ ពួកគេបានក្រអឺតក្រទមនៅលើផែនដីដោយមិនត្រឹមត្រូវ។ ហើយពួកគេនិយាយថា៖ តើមានអ្នកណាដែលខ្លាំងជាងពួកយើងទៀតនោះ? តើពួកគេមិនឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដែលបានបង្កើតពួកគេ ទ្រង់គឺជាអ្នកដែលខ្លាំងក្លាជាងពួកគេទៅទៀតនោះ? ហើយពួកគេធ្លាប់បានប្រឆាំងនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង។
ហើយយើងបានបញ្ជូនព្យុះត្រជាក់ខ្លាំងបំផុតទៅកាន់ពួកគេក្នុងរយៈពេលជាច្រើនថ្ងៃដ៏អាក្រក់ ដើម្បីឱ្យពួកគេភ្លក់នូវទណ្ឌកម្មដ៏អាម៉ាស់បំផុតនៅក្នុងជីវិតលោកិយ។ ហើយទណ្ឌកម្មនៅថ្ងៃបរលោក គឺកាន់តែធ្វើឱ្យពួកគេអាម៉ាស់ជាងនេះទៅទៀត។ ហើយពួកគេនឹងមិនត្រូវបានគេជួយឡើយ។
រីឯក្រុមសាមូទវិញ ពិតណាស់ យើងបានចង្អុលបង្ហាញពួកគេ។ ប៉ុន្តែពួកគេបែរជាពេញចិត្តភាពងងឹតជាងការចង្អុលបង្ហាញទៅវិញ។ ពេលនោះ រន្ទះនៃទណ្ឌកម្មដ៏អាម៉ាស់បំផុតក៏បានឆក់យកជីវិតពួកគេដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។
ហើយយើងបានសង្រ្គោះបណ្តាអ្នកដែលមានជំនឿដែលពួកគេធ្លាប់បានកោតខ្លាច(អល់ឡោះ)។
ហើយនៅថ្ងៃដែលគេប្រមូលផ្តុំសត្រូវទាំងឡាយរបស់អល់ឡោះទៅកាន់ឋាននរកដោយពួកគេត្រូវបានគេរុញបញ្ចូល(ទៅក្នុងឋាននរក)។
លុះនៅពេលដែលពួកគេទៅដល់ឋាននរក (ហើយពួកគេមិនទទួលស្គាល់អំពើល្មើសរបស់ខ្លួន) ពេលនោះ ត្រចៀក ភ្នែក ហើយនិងស្បែករបស់ពួកគេក៏បានធ្វើសាក្សីប្រឆាំងនឹងពួកគេចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។
ហើយពួកគេបាននិយាយទៅកាន់ស្បែករបស់ពួកគេថា៖ ហេតុអ្វីបានជាពួកឯងធ្វើសាក្សីប្រឆាំងនឹងយើង? ពួកវាបានតបថា៖ អល់ឡោះជាអ្នកដែលឲ្យពួកយើង(អវៈយវៈ)អាចនិយាយបាន ជាអ្នកឱ្យអ្វីៗទាំងអស់ចេះនិយាយ។ ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកតាំងពីដំបូង។ ហើយពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់វិញ។
ហើយពួកអ្នកមិនអាចលាក់បាំងមិនឱ្យត្រចៀករបស់ពួកអ្នក ភ្នែករបស់ពួកអ្នក និងស្បែករបស់ពួកអ្នកធ្វើសាក្សីប្រឆាំងនឹងពួកអ្នកបានឡើយ។ ក៏ប៉ុន្តែពួកអ្នកគិតស្មានថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនដឹងច្រើនទេនូវអ្វីដែលពួកអ្នកបានប្រព្រឹត្តនោះ។
ការគិតស្មាន(ដ៏អាក្រក់)របស់ពួកអ្នកដែលបានគិតស្មានទៅលើព្រះជាម្ចាស់របស់ពួកអ្នកនោះហើយដែលធ្វើឱ្យពួកអ្នកអន្តរាយ។ ហេតុនេះ ពួកអ្នកក៏ក្លាយទៅជាអ្នកដែលស្ថិតក្នុងចំណោមពួកដែលខាតបង់។
ទោះបីជាពួកគេទ្រាំអត់ធ្មត់ក៏ដោយ ក៏ឋាននរកនៅតែជាកន្លែងស្នាក់នៅសម្រាប់ពួកគេដដែល។ ហើយបើទោះជាពួកគេសុំត្រឡប់(ទៅកាន់លោកិយវិញ)ក៏ដោយ ក៏ពួកគេមិនត្រូវបានគេឆ្លើយតបនោះដែរ។
ហើយយើងបានរៀបចំសម្រាប់ពួកទាំងនោះឱ្យមានគូកន(អំពីពួកស្ហៃតន)ដោយពួកវាតុបតែងលម្អឱ្យពួកគេទាំងពីខាងមុខ និងពីខាងក្រោយពួកគេ។ ហើយពាក្យ(ទណ្ឌកម្ម)ក៏បានធ្លាក់ទៅលើពួកគេដូចប្រជាជាតិជំនាន់មុនជាច្រើននៃពពួកជិន និងមនុស្សលោកដែរ។ ពិតប្រាកដណាស់ ពួកគេធ្លាប់ជាពួកដែលខាតបង់បំផុត។
ហើយពួកគ្មានជំនឿបាននិយាយថា៖ ចូរពួកអ្នកកុំស្តាប់គម្ពីរគួរអាននេះឱ្យសោះ តែពួកអ្នកត្រូវដំឡើងសំឡេងរំខានវិញ សង្ឃឹមថាពួកអ្នកនឹងទទួលបានជ័យជម្នះ។
ដូច្នេះ យើងប្រាកដជានឹងឱ្យពួកប្រឆាំងនោះភ្លក់នូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត(នៅថ្ងៃបរលោក)។ ហើយយើងពិតជានឹងតបស្នងដល់ពួកគេនូវអ្វីដែលអាក្រក់ជាងអ្វីដែលពួកគេធ្លាប់បានសាងទៅទៀត។
ការតបស្នងចំពោះសត្រូវទាំងឡាយរបស់អល់ឡោះនោះ គឺឋាននរក។ នៅក្នុងនោះ សម្រាប់ពួកគេនឹងទទួលបានកន្លែងស្នាក់នៅដែលអមតៈជាការតបស្នងចំពោះការប្រឆាំងរបស់ពួកគេនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង។
ហើយពួកប្រឆាំងបាននិយាយថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាឱ្យយើងខ្ញុំបានឃើញពួកជិន និងពួកមនុស្សដែលបានធ្វើឱ្យយើងខ្ញុំវង្វេងផង។ យើងខ្ញុំនឹងដាក់គេទាំងពីរក្រោមបាតជើងរបស់យើងខ្ញុំនៅក្នុងឋាននរក ដើម្បីឱ្យគេទាំងពីរស្ថិតក្នុងចំណោមពួកដែលស្ថិតក្នុងបាតនរក។
ពិតប្រាកដណាស់ បណ្តាអ្នកដែលនិយាយថា៖ “ព្រះជាម្ចាស់របស់ពួកយើង គឺអល់ឡោះ” ក្រោយមកគេបានប្រកាន់ខ្ជាប់(ក្បួនច្បាប់របស់ទ្រង់) ម៉ាឡាអ៊ីកាត់នឹងចុះមកកាន់ពួកគេ(នៅពេលជិតស្លាប់ ដោយនិយាយថា៖) សូមពួកអ្នកកុំខ្លាច និងកុំមានទុក្ខព្រួយ ហើយសូមពួកអ្នករីករាយនឹងឋានសួគ៌ដែលពួកអ្នកធ្លាប់បានគេសន្យា។
ពួកយើងគឺជាអ្នកគាំពារពួកអ្នកទាំងនៅក្នុងជីវិតលោកិយ និងនៅថ្ងៃបរលោក។ ហើយនៅក្នុងឋានសួគ៌នោះ ពួកអ្នកនឹងបានទទួលបាននូវអ្វីដែលពួកអ្នកប៉ងប្រាថ្នា ហើយនៅក្នុងនោះដែរ ពួកអ្នកនឹងទទួលបាននូវអ្វីដែលពួកអ្នកស្នើសុំ។
ជាការទទួលស្វាគមន៍អំពីព្រះជាម្ចាស់ដ៏មហាអភ័យទោស មហាអាណិតស្រលាញ់។
ហើយគ្មាននរណាម្នាក់ដែលមានពាក្យសម្តីល្អប្រសើរជាងអ្នកដែលអំពាវនាវទៅកាន់អល់ឡោះ និងបានសាងទង្វើកុសល ព្រមទាំងបាននិយាយថា៖ ពិតប្រាកដណាស់ រូបខ្ញុំគឺស្ថិតក្នុងចំណោមអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)នោះឡើយ។
ហើយអំពើល្អ និងអំពើអាក្រក់មិនស្មើគា្ននោះទេ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបត(ចំពោះអំពើអាក្រក់)ដោយអ្វីដែលប្រសើរជាង។ ពេលនោះ អ្នកដែលរវាងរូបអ្នក និងរូបគេមានភាពជាសត្រូវនោះ នឹងក្លាយទៅជាមិត្តជិតស្និទ្ធដ៏ល្អជាមិនខាន។
ហើយគ្មាននរណាដែលទទួលបានបែបនេះឡើយ លើកលែងតែអ្នកដែលអត់ធ្មត់។ ហើយក៏គ្មាននរណាម្នាក់ដែលទទួលបានបែបនេះនោះដែរ លើកលែងតែអ្នកដែលមានភ័ព្វសំណាងដ៏ធំធេងប៉ុណ្ណោះ។
ហើយប្រសិនបើស្ហៃតនបានមកញុះញង់អ្នកដោយប្រការណាមួយ ចូរអ្នកសុំការបញ្ចៀសពីអល់ឡោះចុះ។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹងបំផុត។
ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺពេលយប់ ពេលថ្ងៃ ព្រះអាទិត្យ និងព្រះចន្ទ។ ចូរពួកអ្នកកុំស៊ូជោតចំពោះព្រះអាទិត្យ និងកុំស៊ូជោតចំពោះព្រះចន្ទឱ្យសោះ តែពួកអ្នកត្រូវស៊ូជោតចំពោះអល់ឡោះ(តែមួយគត់)ដែលបានបង្កើតពួកវាវិញ ប្រសិនបើពួកអ្នកជាអ្នកដែលគោរពសក្ការៈចំពោះទ្រង់(យ៉ាងពិតប្រាកដ)មែននោះ។
តែប្រសិនបើពួកអ្នកក្រអឺតក្រទម ក៏បណ្តាអ្នកដែលនៅឯព្រះជាម្ចាស់របស់អ្នក(ម៉ាឡាអ៊ីកាត់) ពួកគេលើកតម្កើងទ្រង់ទាំងយប់ ទាំងថ្ងៃដែរ ហើយពួកគេមិនមានការធុញទ្រាន់ឡើយ។
ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ផងដែរ គឺពិតណាស់អ្នកបានឃើញផែនដីរាំងស្ងួត។ តែនៅពេលដែលយើងបានបញ្ចុះទឹកភ្លៀងទៅលើវា វាក៏រស់រានមានជីវិត និងមានរុក្ខជាតិដុះឡើង។ ពិតប្រាកដណាស់ អ្នកដែលអាចធ្វើឱ្យវា(ដី)មានជីវិតឡើងវិញ(មានរុក្ខជាតិដុះ) គឺពិតជាអ្នកដែលអាចធ្វើឱ្យអ្នកដែលស្លាប់រស់ឡើងវិញផងដែរ។ ពិតប្រាកដណាស់ ទ្រង់មហាមានអានុភាពលើអ្វីៗទាំងអស់។
ពិតប្រាកដណាស់ ពួកដែលងាកចេញពីបណ្តាវាក្យខណ្ឌរបស់យើង ពួកគេមិនអាចលាក់បាំងពីយើងបានឡើយ។ ដូច្នេះ តើអ្នកដែលត្រូវបានគេបោះចូលទៅក្នុងភ្លើងនរកនោះប្រសើរជាង ឬក៏អ្នកដែលបានមកដល់នៅថ្ងៃបរលោកដោយមានសុវត្ថិភាព(រួចផុតពីទណ្ឌកម្ម)នោះប្រសើរជាង? ចូរពួកអ្នកធ្វើនូវអ្វីដែលពួកអ្នកចង់ចុះ។ ពិតប្រាកដណាស់ ទ្រង់ឃើញបំផុតចំពោះអ្វីដែលពួកអុ្នកប្រព្រឹត្ត។
ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងគម្ពីរគួរអាននៅពេលដែលវាបានមកដល់ពួកគេហើយនោះ (ពួកគេពិតជានឹងត្រូវទទួលទណ្ឌកម្ម)។ ហើយពិតប្រាកដណាស់ វាគឺជាគម្ពីរដ៏ឧត្តុង្គឧត្តម។
ប្រការមិនពិតមិនអាចមកដល់វា(គម្ពីរគួរអាន)បានឡើយ ទាំងនៅពីមុខ និងទាំងនៅពីក្រោយវា។ ជាការបញ្ចុះមកពីព្រះជាម្ចាស់ដ៏មហាគតិបណ្ឌិត ជាអ្នកដែលត្រូវបានគេកោតសរសើរបំផុត។
អ្វីដែលគេនិយាយទៅកាន់អ្នក(ព្យាការីមូហាំម៉ាត់) ក៏ដូចតែអ្វីដែលគេបាននិយាយទៅកាន់បណ្តាអ្នកនាំសារជំនាន់មុនអ្នកដូចគ្នាដែរ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកទ្រង់មានការអភ័យទោស និងមានទណ្ឌកម្មដ៏ឈឺចាប់បំផុត។
ហើយប្រសិនបើយើងបញ្ចុះគម្ពីរគួរអាននេះជាភាសាផ្សេងពីភាសាអារ៉ាប់នោះ ប្រាកដជាពួកគេនឹងនិយាយថា៖ ហេតុអ្វីបានជាគេមិនបកស្រាយបញ្ជាក់នូវវាក្យខណ្ឌទាំងឡាយរបស់វា? តើអាចទេដែលគម្ពីរគួរអាននេះជាភាសាផ្សេង ខណៈដែលគាត់(ព្យាការីមូហាំម៉ាត់)ជាជនជាតិអារ៉ាប់នោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ វា(គម្ពីរគួរអាន)ជាការចង្អុលបង្ហាញ និងជាឱសថព្យាបាលសម្រាប់បណ្តាអ្នកដែលមានជំនឿ។ រីឯពួកដែលគ្មានជំនឿវិញ នៅក្នុងត្រចៀករបស់ពួកគេ គឺមានឆ្នុក ហើយវាគឺជាភាពងងឹតចំពោះពួកគេ។ ពួកទាំងនោះ(ហាក់បីដូចជា)ត្រូវបានគេស្រែកហៅពីទីកន្លែងដ៏ឆ្ងាយដូច្នោះដែរ។
ហើយពិតប្រាកដណាស់ យើងបានប្រទានឱ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត)។ ក្រោយមក គេបានខ្វែងគំនិតគ្នាចំពោះវា។ ហើយប្រសិនបើគ្មានការកំណត់កាលពីមុនពីព្រះជាម្ចាស់របស់អ្នកទេនោះ ប្រាកដជាទ្រង់នឹងកាត់សេចក្តីរវាងពួកគេ(ភ្លាមៗ)ជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកគេ(ពួកគ្មានជំនឿ) គឺស្ថិតនៅក្នុងភាពមន្ទិលសង្ស័យយ៉ាងខ្លាំងពីវា(គម្ពីរគួរអាន)។
ជនណាដែលបានសាងទង្វើកុសល វាគឺសម្រាប់ខ្លួនគេផ្ទាល់។ ហើយជនណាដែលបានសាងអំពើអាក្រក់ វាក៏នឹងធ្លាក់លើរូបគេដូចគ្នា។ ហើយព្រះជាម្ចាស់របស់អ្នកមិនមែនជាអ្នកបំពានលើខ្ញុំបម្រើទាំងឡាយ(របស់ទ្រង់)ឡើយ។
ចំណេះដឹងនៃថ្ងៃបរលោក គឺត្រឡប់ទៅកាន់ទ្រង់(តែមួយគត់)។ គ្មានផ្លែឈើអ្វីមួយដែលចេញពីស្រទាប់របស់វា ហើយក៏គ្មានសត្វញីណាមួយពរពោះ និងកើតកូននោះដែរ លើកលែងតែដោយការដឹងរបស់ទ្រង់ទាំងអស់។ ហើយនៅថ្ងៃដែលទ្រង់ហៅពួកគេ(ពួកដែលធ្វើស្ហ៊ីរិក)ថា៖ តើដៃគូទាំងឡាយរបស់យើង(ដែលពួកអ្នកធ្លាប់អះអាង)នោះនៅឯណា? ពួកគេឆ្លើយថា៖ យើងខ្ញុំសូមទទួលស្គាល់នៅចំពោះមុខព្រះអង្គថា គ្មាននរណាម្នាក់នៃយើងខ្ញុំធ្វើសាក្សីថា ព្រះអង្គមានដៃគូឡើយ។
ហើយអ្វីដែលពួកគេធ្លាប់គោរពសក្ការៈកាលពីមុននោះ បានបាត់បង់អំពីពួកគេ។ ហើយពួកគេបានដឹងយ៉ាងច្បាស់ថា គ្មានកន្លែងជ្រកកោនសម្រាប់ពួកគេ(ពីទណ្ឌកម្ម)នោះឡើយ។
មនុស្សលោកមិនធុញទ្រាន់នឹងការសុំចង់បានប្រការល្អនោះឡើយ។ តែប្រសិនបើគេជួបប្រទះប្រការអាក្រក់វិញ ពេលនោះពួកគេនឹងមានការអស់សង្ឃឹមយ៉ាងខ្លាំង។
ហើយប្រសិនបើយើងបានឱ្យគេភ្លក់នូវក្តីមេត្តាករុណាអំពីយើងក្រោយពីគេទទួលនូវគ្រោះ ប្រាកដជាគេនឹងនិយាយថា៖ នេះគឺដោយសារខ្ញុំស័ក្ដិសមនឹងទទួលបានវា។ ហើយខ្ញុំមិនគិតថា ថ្ងៃបរលោកនឹងកើតឡើងនោះឡើយ។ តែប្រសិនបើខ្ញុំត្រូវគេនាំត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ខ្ញុំវិញ ប្រាកដជាខ្ញុំនឹងទទួលបាននូវប្រការល្អនៅឯទ្រង់ជាមិនខាន។ ដូច្នេះ យើង(អល់ឡោះ)ប្រាកដជានឹងប្រាប់ពួកដែលគ្មានជំនឿនូវអ្វីដែលពួកគេបានប្រព្រឹត្ត ហើយយើងប្រាកដជានឹងឱ្យពួកគេភ្លក់នូវទណ្ឌកម្មដ៏ខ្លាំងក្លាជាទីបំផុត។
ហើយនៅពេលដែលយើងបានប្រទានឧបការគុណដល់មនុស្ស គេបានបែរចេញពីការដឹងគុណ។ តែនៅពេលដែលគេជួបប្រទះនឹងប្រការអាក្រក់វិញនោះ គឺគេបួងសួងសុំយ៉ាងច្រើន។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើវា(គម្ពីរគួរអាន)ពិតជាមកពីអល់ឡោះមែន ក្រោយមក ពួកអ្នកបែរជាប្រឆាំងនឹងវាទៅវិញ ថាតើអ្នកណាដែលវង្វេងជាងអ្នកដែលខ្វែងគំនិតគ្នាដ៏សែនឆ្ងាយ(អំពីការពិត)នោះ?
យើងនឹងឱ្យពួកគេបានឃើញនូវសញ្ញាភស្តុតាងទាំងឡាយរបស់យើងគ្រប់ទិសទីនៃផែនដី និងនៅក្នុងខ្លួនរបស់ពួកគេផ្ទាល់ រហូតដល់វាបានបញ្ជាក់យ៉ាងច្បាស់សម្រាប់ពួកគេថា៖ ជាការពិតណាស់ វា(គម្ពីរគួរអាន) គឺជាការពិត។ តើមិនគ្រប់គ្រាន់ទៀតឬដែលព្រះជាម្ចាស់របស់អ្នកទ្រង់ជាសាក្សីលើរាល់អ្វីៗទាំងអស់។
តើពុំមែនទេឬដែលថា ពិតណាស់ ពួកគេស្ថិតនៅក្នុងភាពមន្ទិលសង្ស័យអំពីការជួបនឹងព្រះជាម្ចាស់របស់ពួកគេ(នៅថ្ងៃបរលោក)។ តើពុំមែនទេឬដែលថា ពិតប្រាកដណាស់ ទ្រង់មហាជ្រួតជ្រាបនូវរាល់អ្វីៗទាំងអស់។