عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

Council, Consultation [Ash-Shura] - Khmer translation - Rowwad Translation Center

Surah Council, Consultation [Ash-Shura] Ayah 53 Location Maccah Number 42

ហា មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។

អ៊ីន ស៊ីន កហ្វ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។

វាហ៊ីដែលគេបានផ្តល់ទៅកាន់អ្នក(ព្យាការីមូហាំម៉ាត់)គឺដូចគ្នានឹងវ៉ាហ៊ីដែលគេបានផ្តល់ឱ្យបណ្តាព្យាការីជំនាន់មុនអ្នកដែរ។ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

អ្វីដែលនៅលើមេឃជាច្រើនជាន់ និងអ្វីដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ហើយទ្រង់មហាខ្ពង់ខ្ពស់ មហាធំធេង។

មេឃជាច្រើនជាន់ស្ទើរតែប្រេះបែកពីផ្នែកខាងលើរបស់វា ហើយម៉ាឡាអ៊ីកាត់ទាំងឡាយបានលើកតម្កើងដោយការកោតសរសើរចំពោះព្រះជាម្ចាស់របស់ពួកគេ និងសុំអភ័យទោសឲ្យអ្នកដែលនៅលើផែនដី។ តើពុំមែនទេឬ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។

ហើយពួកដែលយកអ្នកផ្សេងក្រៅទ្រង់ធ្វើជាអ្នកគាំពារនោះ អល់ឡោះទ្រង់ជាអ្នកឃ្លាំមើលពួកគេ។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនមែនជាអ្នកទទួលខុសត្រូវលើពួកគេនោះឡើយ។

ក៏ដូច្នោះដែរ យើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ព្យាការីមូហាំម៉ាត់)នូវគម្ពីរគួរអានជាភាសាអារ៉ាប់ដើម្បីឱ្យអ្នកដាស់តឿនព្រមានដល់អ្នកស្រុកម៉ាក្កះ និងអ្នកដែលនៅជុំវិញវា ព្រមទាំងដាស់តឿនព្រមាន(ពួកគេ)ពីថ្ងៃប្រមូលផ្តុំ(ថ្ងៃបរលោក)ដែលគ្មានការសង្ស័យឡើយចំពោះវា។ (នៅថ្ងៃនោះ) មួយក្រុមស្ថិតក្នុងឋានសួគ៌ ហើយមួយក្រុមទៀតស្ថិតក្នុងនរកដែលឆេះសន្ធោសន្ធៅ។

ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ប្រាកដជានឹងធ្វើឱ្យពួកគេក្លាយជាប្រជាជាតិតែមួយជាមិនខាន។ ក៏ប៉ុន្តែ ទ្រង់បញ្ចូលជនណាដែលទ្រង់មានចេតនាទៅក្នុងក្តីមេត្តាករុណារបស់ទ្រង់។ រីឯពួកដែលបំពាន សម្រាប់ពួកគេ គឺគ្មានអ្នកគាំពារ ហើយក៏គ្មានអ្នកជួយនោះដែរ។

ផ្ទុយទៅវិញ ពួកគេ(ពួកមុស្ហរីគីន)បានយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកគាំពារ ហើយទ្រង់ជាអ្នកធ្វើឲ្យអ្នកស្លាប់រស់ឡើងវិញ(នៅថ្ងៃបរលោក)។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

ហើយប្រការអ្វីមួយដែលពួកអ្នកបានខ្វែងគំនិតគ្នាចំពោះវា ពិតប្រាកដណាស់ ការកាត់សេចក្តីចំពោះវា គឺទៅកាន់អល់ឡោះ(គម្ពីរគួរអាន និងស៊ុណ្ណះ)។ នោះហើយគឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ខ្ញុំ។ ចំពោះទ្រង់(តែមួយគត់)ដែលខ្ញុំប្រគល់ការទុកចិត្ត ហើយចំពោះទ្រង់(តែមួយគត់)ដែលខ្ញុំវិលត្រឡប់។

ទ្រង់ជាអ្នកបង្កើតមេឃជាច្រើនជាន់និងផែនដី។ ទ្រង់បានបង្កើតសម្រាប់ពួកអ្នកអំពីខ្លួនរបស់ពួកអ្នកផ្ទាល់ឲ្យមានជាគូ ហើយក្នុងចំណោមសត្វពាហនៈក៏មានជាគូដែរ។ ទ្រង់ឲ្យពួកអ្នកមានចំនួនកាន់តែច្រើនឡើង(តាមរយៈការរៀបអាពាហ៍ពិពាហ៍)។ គ្មានអ្វីមួយអាចប្រដូចនឹងទ្រង់បានឡើយ។ ហើយទ្រង់មហាឮ មហាឃើញបំផុត។

កូនសោ(ឃ្លាំង)នៃមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ទ្រង់បើកទូលាយ និងត្បិតត្បៀតលាភសក្ការៈ(របស់ទ្រង់)ចំពោះជនណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។

ទ្រង់បានដាក់ចេញនូវច្បាប់បញ្ញត្តិសាសនា(អ៊ីស្លាម)សម្រាប់ពួកអ្នក ដូចអ្វីដែលទ្រង់បានផ្តែផ្តាំវាចំពោះព្យាការីនួហនោះដែរ។ ហើយអ្វីដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺដូចអ្វីដែលយើងបានផ្តែផ្តាំចំពោះព្យាការីអ៊ីព្រហ៊ីម ព្យាការីមូសា និងព្យាការីអ៊ីសាដែរ គឺ់ពួកអ្នកត្រូវបញ្ឈរសាសនា និងមិនត្រូវបែកបាក់គ្នានៅក្នុងវានោះឡើយ។ អ្វីដែលពួកអ្នកកំពុងតែអំពាវនាវពួកគេទៅកាន់នោះ គឺធ្ងន់ធ្ងរបំផុតចំពោះពួកមុស្ហរីគីន។ អល់ឡោះជ្រើសរើសទៅកាន់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនា និងចង្អុលបង្ហាញទៅកាន់ទ្រង់ចំពោះជនណាដែលវិលត្រឡប់(សារភាពកំហុស)។

ហើយពួកគេ(ពួកមុស្ហរីគីន)មិនបានបែកបាក់គ្នាឡើយ លើកលែងតែក្រោយពីចំណេះដឹងបានមកដល់ពួកគេដោយសារតែការបំពានរវាងពួកគេប៉ុណ្ណោះ។ ហើយប្រសិនបើគ្មានការកំណត់ជាមុនពីព្រះជាម្ចាស់របស់អ្នករហូតដល់ពេលកំណត់ទេនោះ ប្រាកដជាគេនឹងកាត់ក្តីរវាងពួកគេ(ភ្លាមៗ)ជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកដែលទទួលមរតកគម្ពីរ(តាវរ៉ត និងអ៊ិញជីល)ក្រោយពីពួកគេ គឺស្ថិតក្នុងភាពមន្ទិលសង្ស័យយ៉ាងច្បាស់ចំពោះវា(គម្ពីរគួរអាន)។

ដូច្នេះ ចំពោះសាសនាដ៏ត្រឹមត្រូវនេះ ចូរអ្នកអំពាវនាវ(មនុស្ស) ហើយចូរអ្នកប្រកាន់ឱ្យបានខ្ជាប់ខ្ជួនដូចអ្វីដែលគេបានបង្គាប់ប្រើចំពោះអ្នក និងមិនត្រូវដើរតាមទំនើងចិត្តរបស់ពួកគេឡើយ។ ហើយចូរអ្នកពោលថា៖ ខ្ញុំមានជំនឿចំពោះគម្ពីរដែលអល់ឡោះបានបញ្ចុះមក។ ហើយគេបានបង្គាប់ប្រើខ្ញុំឱ្យកាត់សេចក្តីរវាងពួកអ្នកដោយយុត្តិធម៌។ អល់ឡោះ គឺជាព្រះជាម្ចាស់របស់ពួកយើង និងជាព្រះជាម្ចាស់របស់ពួកអ្នក។ ទង្វើរបស់ពួកយើង គឺសម្រាប់ពួកយើង ហើយទង្វើរបស់ពួកអ្នក គឺសម្រាប់ពួកអ្នក។ គ្មានការប្រកែកគ្នានោះទេរវាងពួកយើងនិងពួកអ្នក។ អល់ឡោះទ្រង់នឹងប្រមូលផ្តុំរវាងពួកយើងទាំងអស់គ្នា។ ហើយកន្លែងវិលត្រឡប់(នៅថ្ងៃបរលោក) គឺឆ្ពោះទៅកាន់ទ្រង់(តែមួយគត់)។

ហើយពួកដែលជជែកដេញដោលពីរឿង(សាសនា)អល់ឡោះក្រោយពីមានគេទទួលយកវាហើយនោះ ការជជែកដេញដោលរបស់ពួកគេ គឺត្រូវសាបសូន្យនៅចំពោះមុខព្រះជាម្ចាស់របស់ពួកគេ។ ហើយពួកគេនឹងទទួលនូវការខឹងសម្បា(ពីអល់ឡោះ)។ ហើយសម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។

អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែលបានបញ្ចុះគម្ពីរទាំងឡាយដោយពិតប្រាកដ ហើយនិងជញ្ជីងនៃភាពយុត្តិធម៌។ ហើយតើអ្វីដែលធ្វើឲ្យអ្នកដឹងថា ថ្ងៃបរលោក ជិតនឹងមកដល់នោះ?

ពួកដែលគ្មានជំនឿសុំឱ្យវា(ថ្ងៃបរលោក)ឆាប់មកដល់។ រីឯបណ្តាអ្នកដែលមានជំនឿវិញ ពួកគេខ្លាចថ្ងៃនោះ ហើយពួកគេដឹងច្បាស់ថា វាគឺជាការពិត។ តើពុំមែនទេឬដែលថា ពិតប្រាកដណាស់ ពួកដែលមន្ទិលសង្ស័យចំពោះថ្ងៃបរលោកនោះ គឺពិតជាស្ថិតក្នុងភាពវង្វេងដ៏សែនឆ្ងាយ។

អល់ឡោះទ្រង់មានភាពទន់ភ្លន់បំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ទ្រង់ប្រទានលាភសក្ការៈដល់ជនណាដែលទ្រង់មានចេតនា។ ហើយទ្រង់មហាខ្លាំងក្លា មហាខ្លាំងពូកែ។

ជនណាដែលចង់បានផលបុណ្យថ្ងៃបរលោក យើងនឹងបន្ថែមដល់គេចំពោះផលបុណ្យរបស់គេ។ រីឯជនណាដែលចង់បានតែផលបុណ្យលោកិយ យើងនឹងប្រទានឱ្យគេអំពីវា។ ហើយនៅថ្ងៃបរលោក សម្រាប់រូបគេ គឺគ្មានទទួលបានចំណែកអ្វីឡើយ។

ឬមួយពួកគេមានព្រះនានាផ្សេងពីអល់ឡោះដែលបានដាក់ច្បាប់បញ្ញត្តិសាសនាសម្រាប់ពួកគេនូវអ្វីដែលអល់ឡោះមិនបានអនុញ្ញាត? ហើយប្រសិនបើគ្មានការកំណត់(ពីអល់ឡោះ)ទេនោះ ប្រាកដជាគេនឹងកាត់សេចក្តីរវាងពួកគេ(ភ្លាមៗ)ជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកដែលបំពាន សម្រាប់ពួកគេនឹងទទួលទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។

អ្នកនឹងឃើញពួកដែលបំពានមានការភ័យខ្លាចចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត ខណៈដែលវា(ទណ្ឌកម្ម)ធ្លាក់លើពួកគេ។ រីឯបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលវិញនោះ ពួកគេស្ថិតនៅក្នុងសួនឧទ្យានទាំងឡាយនៃឋានសួគ៌។ ពួកគេទទួលបាននូវអ្វីដែលពួកគេប្រាថ្នានៅឯព្រះជាម្ចាស់របស់ពួកគេ។ នោះហើយគឺជាការប្រោសប្រទានដ៏ធំធេងបំផុត។

នោះហើយជាអ្វីដែលអល់ឡោះផ្តល់ជាដំណឹងរីករាយដល់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលមានជំនឿ និងសាងទង្វើកុសល។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំមិនទាមទារពីពួកអ្នកនូវការតបស្នងអ្វីចំពោះវាឡើយ លើកលែងតែក្តីស្រលាញ់ក្នុងភាពជាសាច់ញាតិប៉ុណ្ណោះ។ ហើយជនណាដែលបានសាងអំពើល្អមួយ យើងនឹងបន្ថែមប្រការល្អដល់គេថែមទៀត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាដឹងគុណបំផុត។

ឬមួយពួកគេនិយាយថា៖ រូបគេ(ព្យាការីមូហាំម៉ាត់)ប្រឌិតកុហកទៅលើអល់ឡោះ។ ពិតណាស់ ប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងបោះត្រាភ្ជិតលើដួងចិត្តរបស់អ្នក ហើយទ្រង់នឹងលុបបំបាត់ប្រការខុសឆ្គង និងពង្រឹងភាពត្រឹមត្រូវដោយបន្ទូលរបស់ទ្រង់ជាមិនខាន។ ប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅក្នុងដួងចិត្ត។

ហើយទ្រង់ជាអ្នកទទួលយកនូវការសារភាពកំហុសពីខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ និងអធ្យាស្រ័យ(លើកលែងទោស)ចំពោះអំពើអាក្រក់ទាំងឡាយ(របស់ពួកគេ)។ ហើយទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។

ហើយទ្រង់ទទួលយកនូវការបួងសួងរបស់បណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ព្រមទាំងបន្ថែមដល់ពួកគេនូវការប្រោសប្រទានរបស់ទ្រង់ថែមទៀត។ រីឯពួកដែលគ្មានជំនឿ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។

ហើយប្រសិនបើអល់ឡោះទ្រង់បើកទូលាយនូវលាភសក្ការៈចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ប្រាកដជាពួកគេនឹងបំពាននៅលើផែនដីជាមិនខាន។ ក៏ប៉ុន្តែទ្រង់បញ្ចុះទៅតាមកម្រិត(បរិមាណ)ដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាឃើញបំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។

ហើយទ្រង់ជាអ្នកដែលបញ្ចុះទឹកភ្លៀងក្រោយពីពួកគេបានអស់សង្ឃឹម(ថានឹងមិនមានភ្លៀងធ្លាក់) ហើយទ្រង់ស្រោចស្រពក្តីមេត្តាករុណារបស់ទ្រង់។ ហើយទ្រង់ជាអ្នកគាំពារ ជាអ្នកដែលត្រូវគេកោតសរសើរ។

ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺការបង្កើតមេឃជាច្រើនជាន់និងផែនដី ព្រមទាំងបានពង្រាយនូវសត្វលោកជាច្រើននៅលើវាទាំងពីរ(មេឃនិងផែនដី)។ ហើយនៅពេលណាដែលទ្រង់មានចេតនា ទ្រង់មានសមត្ថភាពបំផុតក្នុងការប្រមូលផ្តុំពួកគេ។

ហើយគ្រោះថ្នាក់ណាមួយដែលពួកអ្នក(មនុស្សលោក)ទទួលរង គឺដោយសារតែអ្វីដែលបានប្រព្រឹត្តដោយផ្ទាល់ដៃពួកអ្នក ហើយទ្រង់បានអធ្យាស្រ័យយ៉ាងច្រើន(ចំពោះពួកអ្នក)។

ហើយពួកអ្នកពុំមានសមត្ថភាព(ក្នុងការរត់គេចពីទណ្ឌកម្មអល់ឡោះ)នៅលើផែនដីនោះឡើយ។ ហើយពួកអ្នកក៏គ្មានអ្នកគាំពារ និងអ្នកជួយណាក្រៅពីអល់ឡោះនោះដែរ។

ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺសំពៅ(ដ៏ធំដែលធ្វើដំណើរ)លើផ្ទៃសមុទ្រ ប្រៀបដូចជាភ្នំ។

ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងធ្វើឱ្យខ្យល់ឈប់បោកបក់ ហើយសំពៅនោះនឹងនៅនឹងថ្កល់លើផ្ទៃសមុទ្រជាមិនខាន។ ប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់រាល់អ្នកដែលអត់ធ្មត់ និងអ្នកដែលចេះដឹងគុណ។

ឬទ្រង់នឹងបំផ្លាញវាដោយសារតែអ្វី(បាបកម្ម)ដែលពួកគេបានប្រព្រឹត្ត។ ហើយទ្រង់បានអធ្យាស្រ័យ(ឱ្យពួកគេ)យ៉ាងច្រើនទៅហើយ។

ហើយពួកដែលជជែកដេញដោលចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើង ពួកគេបានដឹងថា សម្រាប់ពួកគេ គឺពុំមានកន្លែងជ្រកកោន(ពីទណ្ឌកម្មយើង)ឡើយ។

ហើយអ្វីក៏ដោយដែលគេបានប្រទានឱ្យពួកអ្នក(ឱមនុស្សលោក) វាគ្រាន់តែជាភាពត្រេកត្រអាលនៃជីវិតលោកិយប៉ុណ្ណោះ។ ក៏ប៉ុន្តែ អ្វីដែលនៅឯអល់ឡោះជាម្ចាស់ គឺល្អប្រសើរ និងឋិតឋេរជាងនោះទៅទៀតសម្រាប់បណ្តាអ្នកដែលមានជំនឿ ហើយពួកគេប្រគល់ការទុកចិត្តចំពោះព្រះជាម្ចាស់របស់ពួកគេ។

និងបណ្តាអ្នកដែលចៀសឆ្ងាយពីបាបកម្មធំៗ និងប្រការអាក្រក់ផ្សេងៗ។ ហើយនៅពេលដែលពួកគេខឹងសម្បា(ចំពោះនរណាម្នាក់) គឺពួកគេអភ័យទោសឲ្យ។

និងបណ្តាអ្នកដែលឆ្លើយតបចំពោះព្រះជាម្ចាស់របស់ពួកគេ ហើយពួកគេប្រតិបត្តិសឡាត ហើយពួកគេចេះពិភាក្សារវាងគ្នាក្នុងកិច្ចទាំងឡាយរបស់ពួកគេ ព្រមទាំងបរិច្ចាគមួយចំនួននៃអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេ។

និងបណ្តាអ្នកដែលនៅពេលពួកគេទទួលរងការបំពាន គឺពួកគេយកឈ្នះវិញ(ដោយមិនមានការបំពាន)។

ហើយការតបស្នងចំពោះអំពើអាក្រក់ គឺដូចទៅនឹងអំពើអាក្រក់នោះវិញ។ តែជនណាដែលអធ្យាស្រ័យ ហើយបានផ្សះផ្សារវិញនោះ ជាការពិតណាស់ ផលបុណ្យរបស់គេ គឺនៅឯអល់ឡោះជាម្ចាស់។ ពិតប្រាកដណាស់ ទ្រង់មិនស្រលាញ់ពួកដែលបំពានឡើយ។

ហើយជនណាដែលតបតក្រោយពីរងនូវការបំពាន ពិតប្រាកដណាស់ អ្នកទាំងនោះ គឺគ្មានទោសពៃរ៍អ្វីទៅលើពួកគេឡើយ។

តាមពិត ទោសពៃរ៍នោះ គឺសម្រាប់តែពួកដែលបំពានលើមនុស្ស និងប្រព្រឹត្តល្មើសនៅលើផែនដីដោយមិនត្រឹមត្រូវប៉ុណ្ណោះ។ ពួកទាំងនោះ សម្រាប់ពួកគេនឹងត្រូវទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត។

រីឯជនណាដែលអត់ធ្មត់ ហើយអភ័យទោសឱ្យគេ ពិតប្រាកដណាស់ នោះគឺជាកិច្ចការមួយដែលត្រូវបានគេកោតសរសើរ។

ហើយជនណាដែលអល់ឡោះធ្វើឱ្យវង្វេងហើយនោះ ពិតប្រាកដណាស់ សម្រាប់រូបគេ គឺគ្មានអ្នកគាំពារណាបន្ទាប់ពីទ្រង់ឡើយ។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងបានឃើញពួកដែលបំពាន នៅពេលដែលពួកគេបានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែក(នៅថ្ងៃបរលោក) ពួកគេនឹងនិយាយថា៖ តើពួកយើងមានផ្លូវណា(ដែលអាចត្រឡប់ទៅកាន់លោកិយវិញម្តងទៀត)ដែរឬទេ?

ហើយអ្នកនឹងឃើញពួកគេត្រូវបានគេបង្ហាញទៅកាន់ឋាននរក គឺពួកគេឱនលំទោនដោយភាពអាម៉ាស់ ព្រមទាំងលួចសម្លឹងមើលទៅកាន់ឋាននរកដោយ(ក្រសែភ្នែកភ័យខ្លាច)។ ហើយបណ្តាអ្នកដែលមានជំនឿបាននិយាយថា៖ ពិតប្រាកដណាស់ ពួកដែលខាតបង់(ពិតប្រាកដនោះ) គឺពួកដែលបានខាតបង់ខ្លួនឯង និងក្រុមគ្រួសាររបស់ខ្លួននៅថ្ងៃបរលោក។ តើពុំមែនទេឬដែលថា ពិតប្រាកដណាស់ ពួកដែលបំពាន នឹងស្ថិតនៅក្នុងទណ្ឌកម្មជាអមតៈ។

ហើយសម្រាប់ពួកគេគឺគ្មានអ្នកគាំពារណាដែលអាចជួយពួកគេក្រៅពីអល់ឡោះឡើយ។ ជនណាហើយដែលអល់ឡោះធ្វើឱ្យវង្វេង ពិតណាស់ សម្រាប់រូបគេគឺគ្មានផ្លូវណា(ដែលអាចនាំរូបគេទៅកាន់ការពិត)ឡើយ។

ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ឆ្លើយតបនឹងព្រះជាម្ចាស់របស់ពួកអ្នកមុននឹងថ្ងៃមួយ(ថ្ងៃបរលោក)ដែលគ្មានអ្នកណាអាចរារាំងវាពីអល់ឡោះបានមកដល់។ នៅថ្ងៃនោះ ពួកអ្នកគ្មានកន្លែងជ្រកកោននោះឡើយ ហើយពួកអ្នកក៏គ្មានការបដិសេធនោះដែរ។

តែប្រសិនបើពួកគេងាកចេញ ពិតប្រាកដណាស់ យើងមិនបានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាអ្នកថែរក្សាពួកគេឡើយ។ អ្នកគ្មានតួនាទីអ្វីក្រៅពីការផ្សព្វផ្សាយប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ នៅពេលដែលយើងបានឱ្យមនុស្សលោកភ្លក់នូវក្តីមេត្តាករុណាអំពីយើង គឺរូបគេរីករាយនឹងវា។ តែប្រសិនបើពួកគេទទួលនូវប្រការអាក្រក់ដោយសារតែអ្វី(បាបកម្ម)ដែលពួកគេបានប្រព្រឹត្ត ជាការពិតណាស់ មនុស្សលោកគឺរមិលគុណបំផុត។

ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់បង្កើតអ្វីតាមដែលទ្រង់មានចេតនា។ ទ្រង់ប្រទានឱ្យមានតែកូនស្រីចំពោះជនណាដែលទ្រង់មានចេតនា និងប្រទានឱ្យមានតែកូនប្រុសចំពោះជនណាដែលទ្រង់មានចេតនា។

ឬក៏ទ្រង់ប្រទានឱ្យពួកគេទាំងកូនប្រុស ទាំងកូនស្រី។ ហើយទ្រង់ក៏អាចឱ្យជនណាដែលទ្រង់មានចេតនាជាមនុស្សគ្មានកូន(អារ)ផងដែរ។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាមានអានុភាពបំផុត។

ហើយគ្មានមនុស្សលោកណាម្នាក់ដែលអល់ឡោះទ្រង់មានបន្ទូលទៅកាន់គេនោះឡើយ លើកលែងតែតាមរយៈវ៉ាហ៊ី ឬ(ទ្រង់មានបន្ទូល)ពីក្រោយរបាំង ឬក៏ទ្រង់បញ្ជូនអ្នកនាំសារ(ជាម៉ាឡាអ៊ីកាត់) រួចគេផ្តល់វ៉ាហ៊ីនោះដោយការអនុញ្ញាតពីទ្រង់នូវអ្វីដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ ទ្រង់មហាខ្ពង់ខ្ពស់ មហាគតិបណ្ឌិត។

ក៏ដូច្នោះដែរ យើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរគួរអានអំពីយើងផ្ទាល់។ អ្នកមិនធ្លាប់បានដឹងទេថា អ្វីទៅជាគម្ពីរ និងអ្វីទៅជាជំនឿនោះ។ ប៉ុន្តែយើងបានឲ្យវា(គម្ពីរគួរអាន)ជាពន្លឺបំភ្លឺដែលយើងចង្អុលបង្ហាញតាមរយៈវាចំពោះជនណាដែលយើងមានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់យើង។ ហើយប្រាកដណាស់ រូបអ្នកពិតជាបានចង្អុលបង្ហាញ(មនុស្សលោក)ទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។

គឺជាមាគ៌ារបស់អល់ឡោះជាម្ចាស់ដែលអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ តើពុំមែទេឬ កិច្ចការទាំងឡាយ គឺវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់(តែមួយគត់)។