عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

The Smoke [Ad-Dukhan] - Khmer translation - Rowwad Translation Center

Surah The Smoke [Ad-Dukhan] Ayah 59 Location Maccah Number 44

ហា មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។

(អល់ឡោះ)ស្បថនឹងគម្ពីរគួរអានដ៏ច្បាស់លាស់។

ពិតប្រាកដណាស់ យើង(អល់ឡោះ)បានបញ្ចុះគម្ពីរគួរអាននៅយប់ដ៏មានពរជ័យ(យប់ឡៃឡាទុលក៏ទើរ)។ ពិតប្រាកដណាស់ យើងគឺជាអ្នកដាស់តឿនព្រមាន។

នៅក្នុងយប់នោះ គេបែងចែកនូវរាល់កិច្ចការទាំងឡាយប្រកបដោយគតិបណ្ឌិត។

ជាកិច្ចការមកពីយើងផ្ទាល់។ ពិតប្រាកដណាស់ យើងគឺជាអ្នកដែលបញ្ជូន(បណ្តាអ្នកនាំសារទាំងឡាយ)

ជាក្តីមេត្តាករុណាពីព្រះជាម្ចាស់របស់អ្នក។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹងបំផុត។

(ទ្រង់)ជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ ប្រសិនបើពួកអ្នកជាអ្នកជឿជាក់មែននោះ។

គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ជាអ្នកផ្តល់ជីវិត និងជាអ្នកដកយកជីវិត ជាព្រះជាម្ចាស់របស់ពួកអ្នក និងជាព្រះជាម្ចាស់នៃជីដូនជីតារបស់ពួកអ្នកជំនាន់មុនៗ។

ផ្ទុយទៅវិញ ពួកគេស្ថិតនៅក្នុងភាពមន្ទិលសង្ស័យដោយពួកគេលេងសើច។

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រង់ចាំមើលចុះនៅថ្ងៃដែលមេឃនឹងនាំមកនូវផ្សែងយ៉ាងច្បាស់លាស់

ដោយវានឹងគ្របដណ្ដប់លើមនុស្សលោក។ (ហើយមានគេនិយាយថា៖) នេះគឺជាទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។

(ពេលនោះ ពួកគេក៏បួងសួងថា៖) បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាដកយកទណ្ឌកម្មពីយើងខ្ញុំផងចុះ។ យើងខ្ញុំពិតជាអ្នកដែលមានជំនឿ។

តើពួកគេអាចភ្ញាក់រលឹកយ៉ាងដូចម្តេច(នៅពេលនេះ) ខណៈដែលអ្នកនាំសារដ៏ច្បាស់លាស់ម្នាក់(ព្យាការីមូហាំម៉ាត់)បានមកដល់ពួកគេ

បន្ទាប់មក ពួកគេបែរជាបែរចេញពីគាត់ ថែមទាំងនិយាយថា៖ (គាត់ជា)មនុស្សដែលត្រូវគេពង្វក់ ជាមនុស្សវិកលចរិតថែមទៀតនោះ?

ពិតប្រាកដណាស់ យើងជាអ្នកដកយកទណ្ឌកម្មបន្តិចបន្តួច(ពីពួកអ្នក)។ ពិតណាស់ ពួកអ្នកនឹងវិលត្រឡប់(ទៅកាន់ការប្រព្រឹត្តដូចមុនដដែល)។

នៅថ្ងៃដែលយើងដាក់ទណ្ឌកម្ម(ពួកគេ)នូវទណ្ឌកម្មដ៏ធំធេង។ ពិតប្រាកដណាស់ យើងជាអ្នកផ្តន្ទាទោស(ពួកគេ)។

ហើយពិតប្រាកដណាស់ យើងបានសាកល្បងក្រុមរបស់ហ្វៀរអោនមុនពួកទាំងនោះទៅទៀត ខណៈដែលអ្នកនាំសារដ៏ឧត្តុង្គឧត្តមម្នាក់(ព្យាការីមូសា)បានមកដល់ពួកគេ។

(គាត់បាននិយាយថា៖) ចូរពួកអ្នកប្រគល់ខ្ញុំបម្រើរបស់អល់ឡោះ(អម្បូរអ៊ីស្រាអែល)ឱ្យមកខ្ញុំវិញមក។ ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសារដ៏ស្មោះត្រង់ម្នាក់សម្រាប់ពួកអ្នក។

ហើយចូរពួកអ្នកកុំក្រអឺតក្រទមចំពោះអល់ឡោះជាម្ចាស់ឱ្យសោះ។ ពិតប្រាកដណាស់ ខ្ញុំជាអ្នកនាំមកកាន់ពួកអ្នកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់។

ហើយពិតណាស់ ខ្ញុំសុំពីព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់ពួកអ្នកឱ្យការពារខ្ញុំកុំឱ្យពួកអ្នកគប់សម្លាប់ខ្ញុំ(នឹងដុំថ្ម)។

តែប្រសិនបើពួកអ្នកមិនជឿជាក់ចំពោះខ្ញុំទេនោះ សូមពួកអ្នកបណ្តោយខ្ញុំ(ឲ្យស្ថិតលើមាគ៌ារបស់ខ្ញុំ)ចុះ។

ពេលនោះ ព្យាការីមូសាបានពោលទៅកាន់ព្រះជាម្ចាស់របស់គាត់ថា៖ ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាក្រុមដែលប្រឆាំង។

(អល់ឡោះបានបញ្ជាថា៖) ចូរអ្នកនាំខ្ញុំបម្រើរបស់យើង(អម្បូរអ៊ីស្រាអែល)ចេញដំណើរទាំងយប់ទៅ។ ពិតប្រាកដណាស់ ពួកអ្នកត្រូវបានគេដេញតាមហើយ។

ហើយចូរអ្នកទុកទឹកសមុទ្រឱ្យនៅបែបនេះចុះ។ ពិតប្រាកដណាស់ ពួកគេ(ហ្វៀរអោននិងបក្សពួក) គឺជាកងទ័ពដែលត្រូវគេពន្លិច(ទៅក្នុងសមុទ្រ)។

តើពួកគេបានបន្សល់ទុកចំនួនប៉ុន្មាននៃសួនឧទ្យាន និងប្រភពទឹកនានា

និងចម្ការ ហើយនិងភូមិគ្រឹះដ៏ប្រណីត

ព្រមទាំងការស់នៅដែលពួកគេធ្លាប់បានសោយសុខនោះ?

ក៏ដូច្នោះដែរ យើងបានប្រទានវាជាមរតកសម្រាប់ក្រុមផ្សេងទៀត។

ហើយមេឃ និងផែនដីមិនបានយំស្រណោះពួកគេឡើយ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេលឱ្យនោះដែរ។

ហើយជាការពិតណាស់ យើងបានសង្គ្រោះអម្បូរអ៊ីស្រាអែលពីទណ្ឌកម្មដ៏អាម៉ាស់

ពីសំណាក់ហ្វៀរអោន។ ពិតប្រាកដណាស់ រូបគេគឺជាអ្នកដែលក្រអឺតក្រទមម្នាក់ក្នុងចំណោមពួកដែលបំពាន។

ហើយជាការពិតណាស់ យើងបានជ្រើសរើសពួកគេ(អម្បូរអ៊ីស្រាអែល)ឱ្យមានភាពខ្ពង់ខ្ពស់លើពិភពលោក(នាសម័យកាលនោះ)ដោយចំណេះដឹងពីយើង។

ហើយយើងបានប្រទានឱ្យពួកគេនូវសញ្ញាភស្តុតាងជាច្រើនដែលក្នុងនោះមានការសាកល្បងដ៏ច្បាស់លាស់។

ពិតប្រាកដណាស់ ពួកទាំងនោះ(ពួកមុស្ហរីគីន)ប្រាកដជានឹងនិយាយថា៖

វាគ្មានអ្វីក្រៅពីការស្លាប់លើកទីមួយរបស់ពួកយើងនោះឡើយ ហើយពួកយើងក៏មិនត្រូវបានគេបង្កើតឱ្យរស់ឡើងវិញនោះដែរ។

ដូច្នេះ ចូរអ្នក(ឱមូហាំម៉ាត់)នាំជីដូនជីតារបស់ពួកយើង(ដែលបានស្លាប់ទៅហើយនោះ)មកកាន់ពួកយើងមក ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ។

តើពួកគេល្អជាង ឬក៏ក្រុមទុបហ្ពាក់ និងអ្នកជំនាន់មុនពួកគេដែលយើងបានបំផ្លាញនោះ(ល្អជាង)? ពិតប្រាកដណាស់ ពួកគេធ្លាប់ជាពួកឧក្រិដ្ឋជន។

ហើយយើងមិនបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរជាការលេងសើចនោះឡើយ។

យើងមិនបានបង្កើតវាទាំងពីរនោះ លើកលែងតែមានបុព្វហេតុច្បាស់លាស់។ ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនបានដឹងឡើយ។

ពិតប្រាកដណាស់ ថ្ងៃកាត់សេចក្តី គឺជាពេលកំណត់របស់ពួកគេទាំងអស់គ្នា។

ជាថ្ងៃដែលមិត្តភក្តិមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់គ្នាបន្តិចណាឡើយ ហើយពួកគេក៏មិនត្រូវបានគេជួយនោះដែរ។

លើកលែងតែជនណាដែលអល់ឡោះមានក្តីមេត្តាករុណា(ចំពោះរូបគេ)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។

ពិតប្រាកដណាស់ ដើមហ្ស៊ឹកគូម

គឺជាអាហារសម្រាប់អ្នកដែលមានបាបកម្មដ៏ធំធេង

ដែលវាប្រៀបបីដូចជាលោហៈធាតុដែលកំពុងពុះនៅក្នុងពោះ

ប្រៀបដូចជាទឹកពុះដ៏សែនក្តៅបំផុត។

(មានគេនិយាយទៅកាន់ឆ្មាំនរកថា៖) ចូរចាប់ជននោះ រួចទាញរូបគេបោះទៅកណ្តាលនរកជើហ៊ីមចុះ។

បន្ទាប់មក ចូរពួកអ្នកចាក់ពីលើក្បាលជននោះនូវទណ្ឌកម្មអំពីទឹកដ៏សែនក្តៅបំផុត។

(មានគេនិយាយចំអកទៅកាន់ជននោះថា៖) ចូរអ្នកភ្លក់ចុះ។ ពិតប្រាកដណាស់ អ្នកគឺជាជនដែលខ្លាំងពូកែ និងថ្លៃថ្នូរ។

ជាការពិតណាស់ នេះគឺជាអ្វីដែលពួកអ្នកធ្លាប់មានការសង្ស័យចំពោះវា។

ពិតប្រាកដណាស់ បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) គឺស្ថិតនៅកន្លែងដែលមានសុវត្ថិភាពបំផុត។

គឺស្ថិតនៅក្នុងឋានសួគ៌ និងមានប្រភពទឹកជាច្រើន។

ពួកគេស្លៀកសម្លៀកបំពាក់ដែលធ្វើពីក្រណាត់សូត្រម៉ដ្ឋខៃ និងគ្រើម ដោយអង្គុយទល់មុខគ្នា។

ក៏ដូច្នោះដែរ យើងរៀបអាពាហ៍ពិពាហ៍ឱ្យពួកគេនឹងស្រ្តីទេពអប្សរ។

នៅក្នុងឋានសួគ៌នោះ ពួកគេហៅឱ្យគេយកផ្លែឈើគ្រប់ប្រភេទដោយសុវត្ថិភាព។

នៅក្នុងនោះដែរ ពួកគេមិនភ្លក់រសជាតិស្លាប់ទៀតឡើយ ក្រៅតែពីការស្លាប់លើកដំបូង(ក្នុងលោកិយ)ប៉ុណ្ណោះ។ ហើយទ្រង់បានការពារពួកគេពីទណ្ឌកម្មនៃនរកជើហ៊ីម។

ជាការប្រោសប្រទានពីព្រះជាម្ចាស់របស់អ្នក(ចំពោះពួកគេ)។ នោះហើយជាជោគជ័យដ៏ធំធេងបំផុត។

ជាការពិតណាស់ យើងបានធ្វើឱ្យវា(គម្ពីរគួរអាន)មានភាពងាយស្រួល(ដោយបញ្ចុះវា)ជាភាសារបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) សង្ឃឹមថាពួកគេនឹងយកជាមេរៀន។

ដូច្នេះ ចូរអ្នករង់ចាំមើលចុះ។ ពិតប្រាកដណាស់ ពួកគេក៏ជាអ្នកដែលរង់ចាំមើលដែរ។