The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe wind-curved sandhills [Al-Ahqaf] - Khmer translation - Rowwad Translation Center
Surah The wind-curved sandhills [Al-Ahqaf] Ayah 35 Location Maccah Number 46
ហា មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។
ការបញ្ចុះគម្ពីរ(គួរអាន) គឺមកពីអល់ឡោះជាម្ចាស់ដ៏មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
យើង(អល់ឡោះ)មិនបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅរវាងវាទាំងពីរនោះឡើយ លើកលែងតែដោយការពិត និងពេលកំណត់យ៉ាងច្បាស់លាស់។ ចំណែកឯពួកគ្មានជំនឿ គឺជាពួកដែលងាកចេញពីអ្វីដែលគេបានដាស់តឿនព្រមានពួកគេ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើពួកអ្នកឃើញដែរឬទេ អ្វីដែលពួកអ្នកកំពុងតែគោរពសក្ការៈក្រៅពីអល់ឡោះនោះ ចូរពួកអ្នកបង្ហាញខ្ញុំមក ថាតើអ្វីមួយនៃផែនដីដែលពួកវាបានបង្កើតនោះ? ឬមួយពួកវារួមចំណែកក្នុង(ការបង្កើត)មេឃជាច្រើនជាន់(ជាមួយអល់ឡោះ)? ចូរពួកអ្នកនាំគម្ពីរមួយមុននឹងគម្ពីរនេះ(គម្ពីរគួរអាន)មកឱ្យខ្ញុំ ឬក៏ចំណេះដឹងដែលគេបានបន្សល់ទុកមក ប្រសិនបើពួកអ្នកជាអ្នកដែលទៀងត្រង់មែននោះ។
ហើយគ្មានអ្នកណាដែលវង្វេងជាងពួកដែលបួងសួងអ្វីផ្សេងក្រៅពីអល់ឡោះដែលវាមិនអាចឆ្លើយតបចំពោះគេបាន រហូតដល់ថ្ងៃបរលោកនោះឡើយ។ ហើយពួកវាជាពួកដែលមិនដឹងអ្វីចំពោះការបួងសួងរបស់ពួកគេឡើយ។
ហើយនៅពេលដែលគេប្រមូលផ្តុំមនុស្សលោក ពួកវានឹងក្លាយជាសត្រូវរបស់ពួកគេ។ ហើយពួកវាបដិសេធចំពោះការគោរពសក្ការៈរបស់ពួកគេ។
ហើយនៅពេលដែលមានគេសូត្រវាក្យខណ្ឌទាំងឡាយរបស់យើងដ៏ច្បាស់លាស់ឱ្យពួកគេស្តាប់ ពួកដែលប្រឆាំងបាននិយាយចំពោះសេចក្តីពិត(គម្ពីរគួរអាន)នៅពេលដែលវាបានមកដល់ពួកគេថា៖ នេះគឺជាមន្តអាគមយ៉ាងច្បាស់លាស់។
ឬមួយពួកទាំងនោះនិយាយថា៖ គាត់(ព្យាការីមូហាំម៉ាត់)បានប្រឌិតវា(គម្ពីរគួរអាន)នេះឡើង? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបថា៖ ប្រសិនបើខ្ញុំប្រឌិតវាឡើង(ដោយខ្លួនឯង)មែននោះ ពួកអ្នកមិនអាចការពាររូបខ្ញុំពី(ទណ្ឌកម្ម)អល់ឡោះអ្វីបន្តិចនោះឡើយ។ ទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកចោទប្រកាន់ចំពោះវា។ គ្រប់គ្រាន់ហើយដែលទ្រង់ជាសាក្សីរវាងខ្ញុំនិងពួកអ្នក។ ហើយទ្រង់មហាអភ័យទោស មហាអាណិតស្រលាញ់។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំមិនមែនជាអ្នកនាំសារដំបូងគេបង្អស់នោះឡើយ ហើយខ្ញុំក៏មិនដឹងថា គេ(អល់ឡោះ)នឹងធ្វើអ្វីចំពោះរូបខ្ញុំ និងចំពោះពួកអ្នកនោះដែរ។ ខ្ញុំមិនធ្វើតាមអ្វីក្រៅតែពីវ៉ាហ៊ីដែលគេបានផ្តល់មកកាន់ខ្ញុំឡើយ។ ហើយរូបខ្ញុំក៏គ្មានអ្វីក្រៅតែពីជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់នោះដែរ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើវា(គម្ពីរគួរអាន)មកពីអល់ឡោះពិតមែន តែពួកអ្នកបែរជាបានប្រឆាំងនឹងវា ហើយក៏មានសាក្សីម្នាក់ក្នុងចំណោមអម្បូរអ៊ីស្រាអែលបានធ្វើសាក្សីទទួលស្គាល់ដូចនេះ ហើយរូបគេក៏មានជំនឿ(ចំពោះវា)ដែរ តែពួកអ្នក បែរជាក្រអឺតក្រទមទៅវិញនោះ (តើនេះពុំមែនជាការបំពានដ៏ធ្ងន់ធ្ងរទេឬ)? ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញចំពោះក្រុមដែលបំពានឡើយ។
ហើយពួកដែលគ្មានជំនឿបាននិយាយទៅកាន់បណ្តាអ្នកដែលមានជំនឿថា៖ ប្រសិនបើវាជាប្រការល្អមែននោះ មិនមែនពួកគេរួសរាន់ទៅកាន់(ការជឿជាក់ចំពោះ)វាមុនពួកយើងនោះឡើយ។ ហើយនៅពេលដែលពួកគេមិនទទួលបានការចង្អុលបង្ហាញនឹងវា នោះពួកគេនឹងនិយាយថា៖ នេះជារឿងភូតកុហកតាំងពីយូរលង់ណាស់មកហើយ។
ហើយមុននឹងវា(គម្ពីរគួរអាន) គឺមានគម្ពីររបស់ព្យាការីមូសា(គម្ពីរតាវរ៉ត) ដែលជាការដឹកនាំ និងជាក្តីមេត្តាករុណា។ ហើយគម្ពីរ(គួរអាន)នេះជាអ្នកបញ្ជាក់(ទៅលើគម្ពីរទាំងឡាយដែលបានបញ្ចុះពីមុន)ជាភាសាអារ៉ាប់ ដើម្បីដាស់តឿនព្រមានដល់ពួកដែលបំពាន និងជាដំណឹងរីករាយសម្រាប់បណ្តាអ្នកដែលសាងអំពើល្អ។
ពិតប្រាកដណាស់ បណ្តាអ្នកដែលនិយាយថា៖ “ព្រះជាម្ចាស់របស់ពួកយើង គឺអល់ឡោះ” ក្រោយមក ពួកគេបានប្រកាន់ខ្ជាប់(ក្បួនច្បាប់របស់ទ្រង់) ពិតណាស់ គ្មានការភ័យខ្លាចអ្វីឡើយចំពោះពួកគេ ហើយពួកគេក៏គ្មានទុក្ខព្រួយអ្វីនោះដែរ។
អ្នកទាំងនោះ គឺជាអ្នកឋានសួគ៌។ ពួកគេស្ថិតនៅក្នុងនោះជាអមតៈ ជាការតបស្នងចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។
ហើយយើង(អល់ឡោះ)បានផ្តែផ្តាំមនុស្សលោកឱ្យធ្វើល្អចំពោះឪពុកម្តាយរបស់ខ្លួន។ ម្តាយរបស់គេបានពពោះគេយ៉ាងលំបាក និងបានប្រសូត្រគេមកយ៉ាងលំបាកបំផុត។ ហើយការពពោះ និងផ្តាច់ដោះរបស់គេ គឺមានរយៈពេលសាមសិបខែ។ លុះដល់ពេលដែលគេធំពេញវ័យ និងបានឈានដល់អាយុសែសិបឆ្នាំ គេក៏បួងសួងថា៖ បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាឱ្យខ្ញុំចេះដឹងគុណចំពោះឧបការគុណរបស់ព្រះអង្គដែលបានប្រទានមកឱ្យខ្ញុំ និងប្រទានឱ្យឪពុកម្តាយរបស់ខ្ញុំផងចុះ ហើយសូមមេត្តាឱ្យខ្ញុំសាងនូវទង្វើកុសលដែលព្រះអង្គពេញចិត្ត និងសូមព្រះអង្គមេត្តាកែលម្អកូនចៅរបស់ខ្ញុំឲ្យខ្ញុំផង។ ពិតប្រាកដណាស់ ខ្ញុំសូមសារភាពកំហុសចំពោះព្រះអង្គ ហើយពិតប្រាកដណាស់ រូបខ្ញុំស្ថិតក្នុងចំណោមអ្នកដែលប្រគល់ខ្លួន។
អ្នកទាំងនោះហើយដែលយើងទទួលយកពីពួកគេនូវអំពើល្អទាំងឡាយដែលពួកគេបានសាង ហើយយើងនឹងអធ្យាស្រ័យចំពោះអំពើអាក្រក់ទាំងឡាយរបស់ពួកគេដោយស្ថិតក្នុងចំណោមអ្នកឋានសួគ៌ ជាការសន្យាដ៏ពិតប្រាកដដែលគេធ្លាប់បានសន្យាចំពោះពួកគេ។
ហើយអ្នកដែលបាននិយាយទៅកាន់ឪពុកម្តាយរបស់ខ្លួនថា៖ ថ្វឺយអ្នកទាំងពីរ! តើអ្នកទាំងពីរសន្យានឹងខ្ញុំថា គេនឹងបញ្ចេញរូបខ្ញុំ(ពីផ្នូរមកវិញ) ខណៈដែលជាច្រើនសតវត្សមកហើយបានកន្លងផុតទៅមុនខ្ញុំ (តែគ្មានអ្នកណាម្នាក់រស់ឡើងវិញ)ផងនោះឬ? ហើយគាត់ទាំងពីរបានបួងសួងសុំពីអល់ឡោះ(ឲ្យកូនរបស់ខ្លួន) និងបាននិយាយថា៖ វិនាសអន្តរាយហើយកូន! ចូរកូនមានជំនឿចុះ។ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ គឺជាការពិត។ តែគេបានតបថា៖ នេះគ្មានអ្វីក្រៅពីជារឿងព្រេងនិទានរបស់អ្នកជំនាន់មុននោះឡើយ។
ពួកទាំងនោះហើយជាពួកដែលពាក្យពេចន៍(ទណ្ឌកម្ម)ត្រូវធ្លាក់លើពួកគេក្នុងចំណោមប្រជាជាតិដែលបានកន្លងផុតទៅមុនពួកគេនៃពួកជិន និងមនុសុ្សលោក។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលខាតបង់។
ហើយរាល់ៗពួកគេ(មនុស្សល្អ និងមនុស្សអាក្រក់) គឺមានឋានៈជាច្រើនអាស្រ័យទៅតាមអ្វីដែលពួកគេបានប្រព្រឹត្ត និងដើម្បីទ្រង់តបស្នងយ៉ាងពេញលេញចំពោះទង្វើរបស់ពួកគេ។ ហើយពួកគេមិនត្រូវបានគេបំពានឡើយ។
ហើយនៅថ្ងៃដែលពួកគ្មានជំនឿត្រូវបានគេបង្ហាញទៅកាន់ឋាននរក (មានគេនិយាយទៅកាន់ពួកគេថា៖) ពួកអ្នកបានធ្វើឱ្យបាត់បង់នូវប្រការល្អរបស់ពួកអ្នកនៅក្នុងជីវិតលោកិយ ហើយពួកអ្នកបានសោយសុខជាមួយវារួចហើយ។ ដូច្នេះ នៅថ្ងៃនេះ គេនឹងតបស្នងដល់ពួកអ្នកនូវទណ្ឌកម្មដ៏អាម៉ាស់បំផុត ដោយសារតែពួកអ្នកធ្លាប់បានក្រអឺតក្រទមនៅលើផែនដីដោយមិនត្រឹមត្រូវ និងដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តល្មើស។
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រំលឹកពី(ព្យាការីហ៊ូទ)បងប្អូនរបស់ក្រុមអាទ នៅពេលដែលគាត់បានព្រមានក្រុមរបស់គាត់នៅឯតំបន់“អះក៏ហ្វ”។ ហើយពិតប្រាកដណាស់ មានអ្នកដាស់តឿនព្រមានជាច្រើនដែលបានកន្លងផុតទៅមុនគាត់ និងបន្ទាប់ពីគាត់(ដោយពួកគាត់បាននិយាយថា៖) ចូរពួកអ្នកកុំគោរពសក្ការៈ លើកលែងតែចំពោះអល់ឡោះប៉ុណ្ណោះ។ ពិតប្រាកដណាស់ ខ្ញុំបារម្ភខ្លាចពួកអ្នកទទួលនូវទណ្ឌកម្មនៅថ្ងៃដ៏ធំធេង(ថ្ងៃបរលោក)។
ពួកគេបានតបវិញថា៖ តើអ្នកមកកាន់ពួកយើងដើម្បីបង្វែរពួកយើងចេញពីព្រះទាំងឡាយរបស់ពួកយើងឬ? ដូចនេះ ចូរអ្នកនាំមកកាន់ពួកយើងនូវអ្វី(ទណ្ឌកម្ម)ដែលអ្នកបានសន្យានឹងពួកយើងនោះមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកទៀងត្រង់មែននោះ។
គាត់(ព្យាការីហ៊ូទ)បានតបវិញថា៖ តាមពិត ចំណេះដឹង(ពីរឿងនោះ) គឺនៅឯអល់ឡោះ ហើយខ្ញុំគ្រាន់តែផ្សព្វផ្សាយប្រាប់ពួកអ្នកនូវអ្វីដែលគេបានបញ្ជូនខ្ញុំឱ្យពាំនាំវាមកប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំយល់ឃើញថា ពួកអ្នកគឺជាក្រុមដែលល្ងង់ខ្លៅ។
ហើយនៅពេលដែលពួកគេបានឃើញវា(ទណ្ឌកម្ម)លាតសន្ធឹង(នៅលើមេឃ)តម្រង់ឆ្ពោះមកកាន់ជ្រលងភ្នំរបស់ពួកគេ ពួកគេក៏និយាយថា៖ ពពកដ៏ធំនេះនឹងនាំទឹកភ្លៀងមកកាន់ពួកយើង។ ព្យាការីហ៊ូទបានតបថា៖ (មិនដូច្នោះឡើយ។) ផ្ទុយទៅវិញ វាគឺជាអ្វីដែលពួកអ្នកសុំឱ្យវាឆាប់មកដល់នោះហើយ។ ជាខ្យល់ដែលផ្ទុកទៅដោយទណ្ឌកម្មដ៏ឈឺចាប់បំផុត។
វាបានបំផ្លាញអ្វីៗទាំងអស់ទៅតាមបទបញ្ជានៃព្រះជាម្ចាស់របស់វា។ ពេលនោះ ពួកគេក៏ត្រូវបានស្លាប់អស់ដោយគ្មានអ្វីនៅសេសសល់ក្រៅតែពីផ្ទះសម្បែងរបស់ពួកគេប៉ុណ្ណោះ។ ក៏ដូច្នោះដែរ យើងនឹងតបស្នងដល់ក្រុមឧក្រិដ្ឋជនទាំងឡាយ។
ហើយជាការពិតណាស់ យើងបានប្រទាននូវអំណាចគ្រប់គ្រងដល់ពួកគេ(ក្រុមអាទ)នូវអ្វីដែលយើងមិនបានប្រទានវាឱ្យពួកអ្នកឡើយ។ ហើយយើងបានបង្កើតឲ្យពួកគេនូវការស្តាប់ឮ ការមើលឃើញ និងប្រាជ្ញា។ ក៏ប៉ុន្តែការស្តាប់ឮ ការមើលឃើញ និងប្រាជ្ញារបស់ពួកគេមិនបានផ្តល់ប្រយោជន៍អ្វីបន្តិចដល់ពួកគេឡើយ ខណៈដែលពួកគេបានប្រឆាំងនឹងសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះ។ ហើយអ្វី(ទណ្ឌកម្ម)ដែលពួកគេធ្លាប់បានសើចចំអកចំពោះវានោះ បានហ៊ុមព័ទ្ធពួកគេ។
ហើយពិតប្រាកដណាស់ យើងបានបំផ្លាញភូមិឋានជាច្រើននៅជុំវិញពួកអ្នក(ឱអ្នកស្រុកម៉ាក្កះ) ហើយយើងបានបកស្រាយបញ្ជាក់នូវសញ្ញាភស្តុតាងជាច្រើន សង្ឃឹមថាពួកគេនឹងវិលត្រលប់។
ហេតុអ្វីបានជាអ្នកដែលពួកគេយកមកគោរពសក្ការៈក្រៅពីអល់ឡោះដើម្បីបញ្ជិតខ្លួនទៅកាន់ព្រះជាម្ចាស់នោះ មិនជួយដល់ពួកគេ? ផ្ទុយទៅវិញ ពួកវាបានវង្វេងចេញពីពួកគេ។ នោះហើយជាការកុហករបស់ពួកគេ និងអ្វីដែលពួកគេបានប្រឌិតឡើង។
ហើយ(ចូរអ្នករំលឹក) នៅពេលដែលយើងបានបញ្ជូនក្រុមមួយនៃពួកជិនទៅកាន់អ្នក ដើម្បីពួកគេស្តាប់គម្ពីរគួរអាន។ ហើយនៅពេលដែលពួកគេ(ពួកជិន)បានទៅដល់ ពួកគេបាននិយាយថា៖ ចូរពួកអ្នកនៅស្ងៀម។ ហើយនៅពេលដែលគេ(ព្យាការីមូហាំម៉ាត់)សូត្រចប់ ពួកគេបានត្រលប់ទៅកាន់ក្រុមរបស់ខ្លួនវិញក្នុងនាមជាដាស់តឿនព្រមាន។
ពួកគេ(ពួកជិន)បាននិយាយថា៖ ឱក្រុមរបស់ពួកយើង! ពិតប្រាកដណាស់ ពួកយើងបានស្តាប់ឮគម្ពីរមួយ(គម្ពីរគួរអាន)ដែលគេបានបញ្ចុះក្រោយពីព្យាការីមូសាជាការបញ្ជាក់ទៅលើគម្ពីរទាំងឡាយដែលបានបញ្ចុះមុនវា ហើយវាចង្អុលបង្ហាញទៅកាន់សេចក្តីពិត និងទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។
ឱក្រុមរបស់ពួកយើង! ចូរពួកអ្នកឆ្លើយតបចំពោះអ្នកអំពាវនាវរបស់អល់ឡោះ(ព្យាការីមូហាំម៉ាត់) និងមានជំនឿចំពោះគាត់ នោះទ្រង់នឹងអភ័យទោសដល់ពួកអ្នកចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នក ព្រមទាំងសង្គ្រោះពួកអ្នកពីទណ្ឌកម្មដ៏ឈឺចាប់បំផុត។
ជនណាហើយដែលមិនឆ្លើយតបចំពោះអ្នកអំពាវនាវរបស់អល់ឡោះទេនោះ ពិតណាស់ រូបគេមិនអាចរួចផុត(ពីទណ្ឌកម្មអល់ឡោះ)នៅលើផែនដីនោះឡើយ ហើយរូបគេក៏គ្មានអ្នកគាំពារណាក្រៅពីទ្រង់នោះដែរ។ ពួកទាំងនោះហើយដែលស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។
តើពួកគេមិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី និងមិនអសមត្ថភាពក្នុងការបង្កើតពួកវានោះ គឺទ្រង់ពិតជាអ្នកដែលមានសមត្ថភាពក្នុងការធ្វើឲ្យអ្នកស្លាប់រស់ឡើងវិញ? ពិតមែនហើយ ជាការពិតណាស់ ទ្រង់ពិតជាមានអានុភាពលើរាល់អ្វីៗទាំងអស់។
ហើយនៅថ្ងៃដែលពួកគ្មានជំនឿត្រូវបានគេបង្ហាញទៅកាន់ឋាននរក (ហើយមានគេនិយាយថា៖) តើនេះមិនមែនជាការពិតទេឬ? ពួកគេឆ្លើយថា៖ ពិតមែនហើយ សូមស្បថនឹងព្រះជាម្ចាស់របស់ពួកយើង! គេបានបន្តថា៖ ដូច្នេះ ចូរពួកអ្នកភ្លក់ទណ្ឌកម្មចុះ ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រឆាំង។
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ ដូចដែលបណ្តាអ្នកដែលមានឆន្ទៈមោះមុតក្នុងចំណោមអ្នកនាំសារទាំងឡាយបានអត់ធ្មត់ចុះ ហើយចូរអ្នកកុំសុំឱ្យទណ្ឌកម្មឆាប់មកដល់ពួកគេឱ្យសោះ។ នៅថ្ងៃដែលពួកគេ(ពួកបដិសេធ)បានឃើញអ្វី(ទណ្ឌកម្ម)ដែលគេបានសន្យាចំពោះពួកគេ (ពួកគេមានអារម្មណ៍ថា) ហាក់បីដូចជាពួកគេមិនបានរស់នៅ(លើលោកិយ)នេះឡើយ លើកលែងតែមួយរយៈពេល(ដ៏ខ្លី)នៃពេលថ្ងៃប៉ុណ្ណោះ។ (នេះជា)សេចក្តីប្រកាស(សម្រាប់ពួកគេ)។ ដូចនេះ គេមិនបំផ្លាញឡើយ លើកលែងតែក្រុមដែលប្រព្រឹត្តល្មើសប៉ុណ្ណោះ។