The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesMuhammad [Muhammad] - Khmer translation - Rowwad Translation Center
Surah Muhammad [Muhammad] Ayah 38 Location Madanah Number 47
ពួកដែលគ្មានជំនឿ និងបានរារាំង(អ្នកដទៃ)ពីមាគ៌ារបស់អល់ឡោះនោះ ទ្រង់នឹងធ្វើឱ្យទង្វើ(កុសល)របស់ពួកគេក្លាយជាអសារបង់។
រីឯបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ព្រមទាំងមានជំនឿចំពោះអ្វីដែលគេបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់ដែលវាជាការពិតមកពីព្រះជាម្ចាស់របស់ពួកគេនោះ ទ្រង់នឹងលុបលាងនូវអំពើអាក្រក់ទាំងឡាយរបស់ពួកគេ និងកែលម្អនូវកិច្ចការទាំងឡាយរបស់ពួកគេ។
នោះគឺដោយសារតែពួកដែលគ្មានជំនឿ គឺពួកគេដើរតាមប្រការខុសឆ្គង។ ចំណែកឯបណ្តាអ្នកដែលមានជំនឿវិញ គឺពួកគេដើរតាមប្រការត្រឹមត្រូវពីព្រះជាម្ចាស់របស់ពួកគេ។ ក៏ដូច្នោះដែរ អល់ឡោះទ្រង់បានលើកយកគំរូរបស់ពួកគេ(ធ្វើជាឧទាហរណ៍)សម្រាប់មនុស្សលោក។
ហើយនៅពេលដែលពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)បានជួបនឹងពួកគ្មានជំនឿ(នៅក្នុងសមរភូមិ) ចូរពួកអ្នកវាយកញ្ចឹងក(របស់ពួកគេ) រហូតដល់ពួកអ្នកធ្វើឲ្យពួកគេទន់ខ្សោយ។ ពេលនោះ ចូរពួកអ្នកចាប់ពួកគេជាឈ្លើយសឹក។ ក្រោយមក (ពួកអ្នកអាច)ដោះលែងពួកគេដោយគ្មានសំណង ឬដោយការលោះឈ្លើយសឹក រហូតដល់សង្គ្រាមបានបញ្ចប់។ នោះ(គឺជាច្បាប់របស់អល់ឡោះ)។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់ប្រាកដជានឹងឱ្យ(អ្នកមានជំនឿ)យកជ័យជម្នះទៅលើពួកគេ(ដោយមិនចាំបាច់ប្រយុទ្ធគ្នា)ជាមិនខាន ក៏ប៉ុន្តែ គឺដើម្បីទ្រង់សាកល្បងមួយចំនួននៃពួកអ្នកនឹងអ្នកមួយចំនួនទៀត។ ហើយបណ្តាអ្នកមានជំនឿដែលត្រូវបានគេសម្លាប់នៅក្នុងមាគ៌ារបស់អល់ឡោះនោះ ទ្រង់នឹងមិនលុបបំបាត់នូវទង្វើកុសលទាំងឡាយរបស់ពួកគេដាច់ខាត។
ទ្រង់នឹងចង្អុលបង្ហាញពួកគេ និងកែលម្អនូវកិច្ចការទាំងឡាយរបស់ពួកគេ។
ហើយទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលទ្រង់បានពណ៌នាពីវាដល់ពួកគេ។
ឱបណ្តាអ្នកដែលមានជំនឿ! ប្រសិនបើពួកអ្នកជួយ(សាសនា)អល់ឡោះ នោះទ្រង់់នឹងជួយពួកអ្នកវិញ ព្រមទាំងពង្រឹងជំហររបស់ពួកអ្នក។
រីឯពួកដែលគ្មានជំនឿវិញ ភាពវិនាសអន្តរាយគឺសម្រាប់ពួកគេ ហើយទ្រង់នឹងលុបបំបាត់នូវទង្វើ(កុសល)ទាំងឡាយរបស់ពួកគេ។
នោះគឺដោយសារតែពួកគេស្អប់អ្វី(គម្ពីរគួរអាន)ដែលអល់ឡោះបានបញ្ចុះមក។ ដូច្នេះ ទ្រង់ក៏បានធ្វើឲ្យទង្វើកុសលទាំងឡាយរបស់ពួកគេក្លាយជាអសារបង់។
តើពួកគេមិនបានធ្វើដំណើរលើផែនដី ហើយពិចារណាមើលទេឬថា តើលទ្ធផលចុងក្រោយរបស់ពួក(បដិសេធ)ជំនាន់មុនពួកគេទៅជាយ៉ាងណា? អល់ឡោះទ្រង់បានបំផ្លាញពួកគេ។ ហើយសម្រាប់ពួកដែលគ្មានជំនឿក៏នឹងទទួល(លទ្ធផលចុងក្រោយ)ដូចគ្នានេះដែរ។
នោះគឺដោយសារតែអល់ឡោះជាម្ចាស់ គឺជាអ្នកគាំពារបណ្តាអ្នកដែលមានជំនឿ។ រីឯពួកដែលគ្មានជំនឿវិញ សម្រាប់ពួកគេគឺគ្មានអ្នកគាំពារឡើយ។
ពិតបា្រកដណាស់ អល់ឡោះជាម្ចាស់នឹងបញ្ចូលបណ្តាអ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសលទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ ហើយពួកដែលគ្មានជំនឿវិញ ពួកគេសោយសុខ និងបរិភោគអាហារប្រៀបដូចសត្វពាហនៈស៊ី(ចំណី)ដូច្នោះដែរ។ ហើយឋាននរក គឺជាកន្លែងស្នាក់នៅសម្រាប់ពួកគេ។
ហើយមានភូមិស្រុកជាច្រើនដែលមានភាពខ្លាំងក្លាជាងភូមិស្រុករបស់អ្នក(ក្រុងម៉ាក្កះ)ដែលគេបានបណ្ដេញអ្នក(ព្យាការីមូហាំម៉ាត់)ចេញទៅទៀត តែយើងបានបំផ្លាញពួកគេដោយពួកគេគ្មានអ្នកជួយឡើយ។
ដូច្នេះ តើអ្នកដែលស្ថិតនៅលើភស្តុតាងយ៉ាងច្បាស់លាស់ពីព្រះជាម្ចាស់របស់គេ ដូចគ្នានឹងអ្នកដែលត្រូវបានគេតុបតែងលម្អនូវអំពើអាក្រក់របស់គេ និងដើរតាមទំនើងចិត្តរបស់ពួកគេឬ?
លក្ខណៈរបស់ឋានសួគ៌ដែលគេបានសន្យាចំពោះបណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)នោះ គឺមានទន្លេជាច្រើនអំពីទឹកដែលមិនប្រែប្រួល និងមានទន្លេជាច្រើនអំពីទឹកដោះគោដែលមិនប្រែប្រួលរសជាតិរបស់វា ហើយនិងទន្លេជាច្រើនអំពីសុរាដែលមានរសជាតិឆ្ងាញ់ពិសារសម្រាប់អ្នកដែលទទួលទាន ព្រមទាំងមានទន្លេជាច្រើនអំពីទឹកឃ្មុំដ៏បរិសុទ្ធ។ ហើយនៅក្នុងឋានសួគ៌នោះផងដែរ ពួកគេនឹងទទួលបានផ្លែឈើគ្រប់ប្រភេទ និងការអភ័យទោសពីព្រះជាម្ចាស់របស់ពួកគេ។ តើ(អ្នកដែលទទួលបានបែបនេះ)ដូចគ្នាទៅនឹងអ្នកស្ថិតនៅជាអមតៈក្នុងឋាននរក ហើយពួកគេត្រូវបានគេឱ្យផឹកទឹកដ៏សែនក្តៅបំផុតដែលធ្វើឱ្យពោះវៀនរបស់ពួកគេដាច់ដោចឬ?
ហើយក្នុងចំណោមពួកគេ(ពួកពុតត្បុត) គឺមានអ្នកដែលស្តាប់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ លុះនៅពេលដែលពួកគេបានចាកចេញអំពីអ្នក ពួកគេបាននិយាយទៅកាន់បណ្តាអ្នកដែលគេបានផ្តល់ចំណេះដឹងឲ្យថា៖ តើគេបាននិយាយអ្វីអម្បាញ់មិញ? ពួកទាំងនោះហើយដែលអល់ឡោះទ្រង់បានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេ ហើយពួកគេក៏ធ្វើតាមទំនើងចិត្តរបស់ខ្លួន។
ចំណែកឯបណ្តាអ្នកដែលទទួលបានការចង្អុលបង្ហាញ ទ្រង់បានបន្ថែមនូវការចង្អុលបង្ហាញដល់ពួកគេថែមទៀត និងពង្រឹងដល់ពួកគេនូវការកោតខ្លាចរបស់ពួកគេ។
ដូច្នេះ តើពួកគេមិនរង់ចាំអ្វីក្រៅពីថ្ងៃបរលោកដែលនឹងមកដល់ពួកគេភ្លាមៗនោះឬ? ពិតប្រាកដណាស់ សញ្ញាទាំងឡាយរបស់វាបានមកដល់រួចទៅហើយ។ ដូច្នេះ តើពួកគេមានការភ្ញាក់រលឹកយ៉ាងដូចម្តេច នៅពេលដែលវា(ថ្ងៃបរលោក)បានមកដល់ពួកគេហើយនោះ?
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងចុះថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ហើយចូរអ្នកសុំការអភ័យទោសចំពោះបាបកម្មរបស់អ្នក និង(សុំការអភ័យទោស)ដល់បណ្តាអ្នកមានជំនឿ ទាំងប្រុសទាំងស្រី។ ហើយអល់ឡោះទ្រង់ដឹងបំផុតពីសកម្មភាពរបស់ពួកអ្នក និងកន្លែងស្នាក់នៅរបស់ពួកអ្នក។
ហើយបណ្តាអ្នកដែលមានជំនឿបាននិយាយថា៖ ហេតុអ្វីបានជាគេមិនបញ្ចុះជំពូកមួយ(ដែលប្រើឲ្យធ្វើសង្រ្គាម)? តែនៅពេលដែលគេបានបញ្ចុះនូវជំពូកមួយដែលបកស្រាយបញ្ជាក់យ៉ាងច្បាស់លាស់ ហើយគេបានលើកឡើងនៅក្នុងនោះពីការធ្វើសង្គ្រាម អ្នកនឹងឃើញពួកដែលចិត្តរបស់ពួកគេមានជំងឺ(ពួកពុតត្បុត)សម្លឹងមើលទៅកាន់អ្នក ដូចជាខ្សែភ្នែករបស់អ្នកដែលសេចក្តីស្លាប់គ្របដណ្តប់លើរូបគេដូច្នោះដែរ។ ដូច្នេះ ជារឿងដែលល្អសម្រាប់ពួកគេ
គឺការគោរពប្រតិបត្តិអល់ឡោះ និង(និយាយនូវ)ពាក្យសម្តីដែលល្អ។ ហើយនៅពេលដែលបទបញ្ជា(ធ្វើសង្គ្រាម)ត្រូវបានសម្រេច ប្រសិនបើពួកគេមានភាពស្មោះត្រង់ចំពោះអល់ឡោះ វាគឺជាការប្រសើរសម្រាប់ពួកគេ។
فَهَلۡ عَسَيۡتُمۡ إِن تَوَلَّيۡتُمۡ أَن تُفۡسِدُواْ فِي ٱلۡأَرۡضِ وَتُقَطِّعُوٓاْ أَرۡحَامَكُمۡ [٢٢]
តើពួកអ្នកសង្ឃឹមយ៉ាងណា ប្រសិនបើពួកអ្នកងាកចេញ(ពីគម្ពីរគួរអាននិងស៊ុណ្ណះ) គឺពួកអ្នកនឹងបង្កវិនាសកម្មនៅលើផែនដី ព្រមទាំងកាត់ផ្តាច់ចំណងសាច់សាលោហិតរបស់ពួកអ្នកជាមិនខាន។
ពួកទាំងនោះហើយដែលអល់ឡោះទ្រង់ដាក់បណ្តាសាពួកគេ ហើយទ្រង់បានធ្វើឱ្យពួកគេថ្លង់ និងបានធ្វើឱ្យភ្នែករបស់ពួកគេខ្វាក់(មើលមិនឃើញការពិត)ផងដែរ។
ដូច្នេះ តើពួកគេមិនត្រឹះរិះពិចារណាចំពោះគម្ពីរគួរអានទេឬ ឬមួយក៏ដួងចិត្តរបស់ពួកគេត្រូវបានចាក់សោជិត?
ពិតប្រាកដណាស់ ពួកដែលបែរត្រឡប់ក្រោយ(ចាកចេញពីភាពមានជំនឿ)ក្រោយពីការចង្អុលបង្ហាញបានបញ្ជាក់ដល់ពួកគេហើយនោះ គឺស្ហៃតនជាអ្នកតុបតែងលម្អដល់ពួកគេ និងឱ្យពួកគេមានក្តីស្រមៃវែងឆ្ងាយ។
នោះគឺដោយសារតែពួកគេបាននិយាយទៅកាន់ពួក(យូដា)ដែលមិនពេញចិត្តចំពោះអ្វីដែលអល់ឡោះបានបញ្ចុះមកថា៖ ពួកយើងនឹងធ្វើតាមពួកអ្នកចំពោះកិច្ចការមួយចំនួន។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវរឿងសម្ងាត់របស់ពួកគេ។
ដូច្នេះ តើ(ស្ថានភាពពួកគេ)យ៉ាងណាទៅវិញ នៅពេលដែលម៉ាឡាអ៊ីកាត់ដកយកជីវិតរបស់ពួកគេដោយបានវាយទៅលើមុខ និងខ្នងរបស់ពួកគេនោះ?
នោះគឺដោយសារតែពួកគេដើរតាមអ្វីដែលធ្វើឱ្យអល់ឡោះខឹងសម្បាចំពោះពួកគេ ហើយពួកគេមិនពេញចិត្តចំពោះអ្វីដែលទ្រង់ពេញចិត្ត។ ហេតុនេះ ទ្រង់ក៏បានឱ្យទង្វើកុសលទាំងឡាយរបស់ពួកគេក្លាយជាអសារបង់។
ឬមួយពួកដែលក្នុងចិត្តរបស់ពួកគេមានជំងឺ(ពួកពុតត្បុត)នឹកស្មានថា អល់ឡោះទ្រង់នឹងមិនបញ្ចេញភាពឈ្នានីសរបស់ពួកគេមកខាងក្រៅទេឬ?
ហើយប្រសិនបើយើងមានចេតនា យើងប្រាកដជាបង្ហាញឱ្យអ្នកបានឃើញពួកគេ(ពួកពុតត្បុត)។ ពេលនោះអ្នកពិតជានឹងស្គាល់ពួកគេតាមរយៈសញ្ញាសម្គាល់របស់ពួកគេជាមិនខាន។ ហើយអ្នកក៏នឹងស្គាល់ពួកគេតាមរយៈរបៀបនៃការនិយាយស្តីរបស់ពួកគេផងដែរ។ ហើយអល់ឡោះទ្រង់ដឹងបំផុតពីទង្វើរបស់ពួកអ្នក។
ហើយយើងប្រាកដជានឹងសាកល្បងពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ) រហូតទាល់តែយើងដឹងនូវអ្នកដែលតស៊ូ(ប្រយុទ្ធ) និងអ្នកដែលអត់ធ្មត់ក្នុងចំណោមពួកអ្នក។ ហើយយើងនឹងសាកល្បងចំពោះសកម្មភាពរបស់ពួកអ្នក។
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ និងបានរារាំង(អ្នកដទៃ)ពីមាគ៌ារបស់អល់ឡោះ ព្រមទាំងបានប្រព្រឹត្តផ្ទុយពីអ្នកនាំសារ(របស់ទ្រង់)ក្រោយពីការចង្អុលបង្ហាញបានបញ្ជាក់ច្បាស់ដល់ពួកគេហើយនោះ ពួកទាំងនោះមិនអាចបង្កគ្រោះថ្នាក់អ្វីបន្តិចដល់អល់ឡោះនោះឡើយ។ ហើយទ្រង់នឹងធ្វើឱ្យទង្វើកុសលទាំងឡាយរបស់ពួកគេក្លាយជាអសារបង់។
ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសារ(របស់ទ្រង់) ហើយចូរកុំធ្វើឱ្យខូចនូវទង្វើកុសលទាំងឡាយរបស់ពួកអ្នកឱ្យសោះ។
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ និងបានរារាំង(អ្នកដទៃ)ពីមាគ៌ារបស់អល់ឡោះ ក្រោយមក ពួកគេបានស្លាប់ទាំងដែលពួកគេជាអ្នកគ្មានជំនឿនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងមិនអភ័យទោសដល់ពួកគេជាដាច់ខាត។
ដូច្នេះ ចូរពួកអ្នក(ឱបណ្តាពួកអ្នកមានជំនឿ)កុំទន់ខ្សោយ ហើយអំពាវនាវទៅកាន់សន្តិភាព ខណៈដែលពួកអ្នកជាអ្នកដែលមានភាពខ្លាំងក្លា(មានប្រៀបជាងពួកគេ)ឲ្យសោះ។ អល់ឡោះទ្រង់នៅជាមួយពួកអ្នក ហើយទ្រង់នឹងមិនកាត់បន្ថយ(ផលបុណ្យនៃ)ទង្វើកុសលរបស់ពួកអ្នកជាដាច់ខាត។
តាមការពិត ឆាកជីវិតលោកិយ គ្រាន់តែជាលេងសើច និងជាការបោកប្រាស់ប៉ុណ្ណោះ។ ហើយប្រសិនបើពួកអ្នកមានជំនឿ និងកោតខ្លាច(អល់ឡោះ) ទ្រង់នឹងប្រទានឱ្យពួកអ្នកនូវផលបុណ្យរបស់ពួកអ្នក។ ហើយទ្រង់មិនទាមទារយកពីពួកអ្នកនូវទ្រព្យសម្បត្តិទាំងអស់របស់ពួកអ្នកនោះឡើយ។
ប្រសិនបើទ្រង់ទាមទារវាពីពួកអ្នក រួចទ្រង់ទទូចទាមទារពីពួកអ្នក(ឱ្យបរិច្ចាគទាំងអស់) នោះពួកអ្នកនឹងកំណាញ់ ហើយទ្រង់នឹងលាតត្រដាងនូវការមិនពេញចិត្តរបស់ពួកអ្នកជាមិនខាន។
ឱអ្នកទាំងអស់គ្នា(ដែលជាអ្នកមានជំនឿ)! ពិតប្រាកដណាស់ ពួកអ្នកត្រូវបានគេអំពាវនាវឱ្យបរិច្ចាគ(ទ្រព្យសម្បត្តិ)ក្នុងមាគ៌ារបស់អល់ឡោះ។ ប៉ុន្តែក្នុងចំណោមពួកអ្នក គឺមានអ្នកដែលកំណាញ់។ ហើយជនណាដែលកំណាញ់ តាមពិត រូបគេកំពុងតែកំណាញ់ចំពោះខ្លួនឯងប៉ុណ្ណោះ។ អល់ឡោះមហាមានលើសលប់។ ចំណែកឯពួកអ្នក គឺដែលជាអ្នកខ្វះខាត។ ហើយប្រសិនបើពួកអ្នកងាកចេញ(ពីការមានជំនឿ) ទ្រង់នឹងជំនួសដោយក្រុមមួយទៀតក្រៅពីពួកអ្នក។ ក្រោយមក ពួកគេនឹងមិនមានលក្ខណៈ(អាក្រក់)ដូចពួកអ្នកឡើយ។