عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

The private apartments [Al-Hujraat] - Khmer translation - Rowwad Translation Center

Surah The private apartments [Al-Hujraat] Ayah 18 Location Madanah Number 49

ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំវិនិច្ឆ័យ(អ្វីមួយ)មុនអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ឲ្យសោះ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាឮ មហាដឹងបំផុត។

ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំដំឡើងសំឡេងរបស់ពួកអ្នកខ្លាំងជាងសំឡេងរបស់ព្យាការី និងកុំហៅគាត់ខ្លាំងៗដូចពួកអ្នកហៅគ្នាឯងនោះឲ្យសោះ ខ្លាចក្រែងទង្វើកុសលរបស់ពួកអ្នកក្លាយជាអសារបង់ទាំងដែលពួកអ្នកមិនដឹងខ្លួន។

ពិតប្រាកដណាស់ បណ្តាអ្នកដែលថ្នមសំឡេងរបស់ពួកគេនៅចំពោះមុខអ្នកនាំសាររបស់អល់ឡោះ អ្នកទាំងនោះហើយជាអ្នកដែលអល់ឡោះទ្រង់សាកល្បងចិត្តរបស់ពួកគេដើម្បីឱ្យពួកគេកោតខ្លាច(ទ្រង់)។ សម្រាប់ពួកគេនឹងទទួលបាននូវការអភ័យទោស និងផលបុណ្យដ៏ធំធេង។

ពិតប្រាកដណាស់ ពួកដែលស្រែកហៅអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពីក្រោយរបាំងនោះ ភាគច្រើននៃពួកគេមិនចេះគិតពិចារណាឡើយ។

ហើយប្រសិនបើពួកទាំងនោះអត់ធ្មត់ រហូតដល់អ្នកចេញមកជួបពួកគេ គឺពិតជាល្អប្រសើរសម្រាប់ពួកគេ។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។

ឱបណ្តាអ្នកដែលមានជំនឿ! ប្រសិនបើមានអ្នកប្រព្រឹត្តល្មើសបាននាំដំណឹងអ្វីមួយមកប្រាប់ពួកអ្នក ចូរពួកអ្នកបញ្ជាក់ឱ្យបានច្បាស់ ខ្លាចក្រែងពួកអ្នកបង្កគ្រោះថ្នាក់ដល់ក្រុមមួយដោយគ្មានចំណេះដឹង ដែលជាហេតុធ្វើឲ្យពួកអ្នកមានវិប្បដិសារីចំពោះអ្វីដែលពួកអ្នកបានប្រព្រឹត្ត។

ហើយចូរពួកអ្នកដឹងចុះថា ជាការពិតណាស់ នៅក្នុងចំណោមពួកអ្នក គឺមានអ្នកនាំសាររបស់អល់ឡោះ។ ប្រសិនបើគាត់ធ្វើតាមពួកអ្នកក្នុងកិច្ចការជាច្រើន(ដែលពួកអ្នកផ្តល់ជាយោបល់) ប្រាកដជាពួកអ្នកនឹងមានការលំបាកជាមិនខាន។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់បានឱ្យសេចក្តីជំនឿជាទីស្រឡាញ់ពេញចិត្តចំពោះពួកអ្នក និងបានតុបតែងលម្អវានៅក្នុងដួងចិត្តរបស់ពួកអ្នក ហើយធ្វើឲ្យភាពគ្មានជំនឿ ការបំពាន និងការប្រព្រឹត្តល្មើសជាទីស្អប់ខ្ពើមចំពោះពួកអ្នក។ អ្នកទាំងនោះហើយជាអ្នកដែលទទួលបានការចង្អុលបង្ហាញ។

ជាការប្រោសប្រទាន និងជាឧបការគុណពីអល់ឡោះ(ចំពោះពួកគេ)។ ហើយអល់ឡោះជាម្ចាស់មហាដឹង មហាគតិបណ្ឌិត។

ប្រសិនបើមានពីរក្រុមក្នុងចំណោមអ្នកមានជំនឿប្រយុទ្ធគ្នា ចូរពួកអ្នកផ្សះផ្សាររវាងពួកគេទាំងពីរ។ ហើយប្រសិនបើភាគីណាមួយក្នុងចំណោមភាគីទាំងពីរបានបំពានលើភាគីម្ខាងទៀត ចូរពួកអ្នកប្រយុទ្ធនឹងភាគីដែលបំពាននោះ រហូតទាល់តែពួកគេត្រឡប់ទៅរកច្បាប់របស់អល់ឡោះ។ នៅពេលដែលពួកគេបានត្រលប់(មករកច្បាប់របស់អល់ឡោះ)ហើយនោះ ចូរពួកអ្នកផ្សះផ្សាររវាងភាគីទាំងពីរដោយយុត្តិធម៌។ ហើយចូរពួកអ្នកមានភាពយុត្តិធម៌។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់បណ្តាអ្នកដែលប្រកាន់នូវភាពយុត្តិធម៌។

តាមពិត បណ្តាអ្នកដែលមានជំនឿ គឺជាបងប្អូននឹងគ្នា(ក្នុងសាសនា)។ ហេតុនេះ ចូរពួកអ្នកផ្សះផ្សាររវាងបងប្អូនពួកអ្នកចុះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ សង្ឃឹមថាពួកអ្នកនឹងត្រូវបានគេអាណិតស្រលាញ់។

ឱបណ្តាអ្នកដែលមានជំនឿ! ចូរកុំឱ្យក្រុមមួយមើលងាយក្រុមមួយទៀតឱ្យសោះ។ ជួនកាល ក្រុមដែលត្រូវគេមើលងាយនោះល្អជាងក្រុមដែលមើលងាយគេទៅទៀត។ ហើយចូរកុំឱ្យស្ត្រីមើលងាយស្ត្រីដូចគ្នា។ ជួនកាល ស្ត្រីដែលត្រូវគេមើលងាយនោះល្អជាងស្ត្រីដែលមើលងាយគេទៅទៀត។ ហើយចូរពួកអ្នកកុំបង្អាប់គ្នា និងកុំដាក់ងារឱ្យគ្នាឱ្យសោះ។ ការប្រព្រឹត្តល្មើសក្រោយពីមានជំនឿរួចហើយនោះ គឺជាលក្ខណៈដ៏អាក្រក់បំផុត។ ហើយជនណាដែលមិនបានសារភាពកំហុសទេនោះ ពួកទាំងនោះហើយ គឺជាពួកដែលបំពាន។

ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកចៀសវាងពីការសង្ស័យច្រើន។ ពិតប្រាកដណាស់ ការសង្ស័យមួយចំនួន គឺជាបាបកម្ម។ ហើយចូរពួកអ្នកកុំស៊ើប(រឿងសម្ងាត់អ្នកដទៃ) និងកុំនិយាយដើមគ្នាទៅវិញទៅមកឱ្យសោះ។ តើនរណាម្នាក់នៃពួកអ្នកពេញចិត្តនឹងស៊ីសាច់បងប្អូនរបស់ខ្លួនដែលស្លាប់ទៅហើយនោះ? ពិតណាស់ ពួកអ្នកពិតជាស្អប់ខ្ពើមវា។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកទទួលនូវការសារភាពកំហុស មហាអាណិតស្រលាញ់បំផុត។

ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ យើងបានបង្កើតពួកអ្នកពីបុរសម្នាក់(ព្យាការីអាហ្ទាំ) និងស្ត្រីម្នាក់(ហាវ៉ា)។ ហើយយើងបានធ្វើឱ្យពួកអ្នកមានជាជនជាតិនិងកុលសម្ព័ន្ធជាច្រើនដើម្បីឱ្យពួកអ្នកស្គាល់គ្នាទៅវិញទៅមក។ ពិតប្រាកដណាស់ អ្នកដែលថ្កុំថ្កើងជាងគេនៅចំពោះអល់ឡោះក្នុងចំណោមពួកអ្នក គឺអ្នកដែលកោតខ្លាច(អល់ឡោះ)ជាងគេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹង មហាជ្រួតជ្រាបបំផុត។

ពួកអារ៉ាប់ជនបទបាននិយាយថា៖ ពួកយើងមានជំនឿហើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពួកអ្នកមិនទាន់មានជំនឿឡើយ ប៉ុន្តែ ចូរពួកអ្នកនិយាយថា៖ ពួកយើងបានប្រគល់ខ្លួន(ជាជនមូស្លីម)ហើយ ខណៈដែលសេចក្តីជំនឿមិនទាន់ចូលទៅក្នុងដួងចិត្តរបស់ពួកអ្នកទេនោះ។ ហើយប្រសិនបើពួកអ្នកប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ នោះទ្រង់នឹងមិនធ្វើឱ្យ(ផលបុណ្យនៃ)ទង្វើកុសលរបស់ពួកអ្នកបាត់បង់បន្តិចណាឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។

តាមពិត បណ្តាអ្នកដែលមានជំនឿ គឺអ្នកដែលមានជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ បន្ទាប់មក ពួកគេគ្មានការមន្ទិលសង្ស័យឡើយ ហើយពួកគេបានតស៊ូដោយទ្រព្យសម្បត្តិរបស់ពួកគេ និងខ្លួនប្រាណរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះ។ អ្នកទាំងនោះហើយ គឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើពួកអ្នកកំពុងប្រាប់អល់ឡោះឱ្យទ្រង់ដឹងពីសាសនារបស់ពួកអ្នកឬ ខណៈដែលអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីដែលនៅលើផែនដីនោះ? ហើយអល់ឡោះមហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។

ពួក(អារ៉ាប់ជនបទ)ទាំងនោះគិតថា ពួកគេមានគុណបំណាច់មកលើអ្នកចំពោះការចូលអ៊ីស្លាមរបស់ពួកគេ។ ចូរអ្នកតបវិញចុះថា៖ ពួកអ្នកពុំមានគុណបំណាច់អ្វីមកលើខ្ញុំចំពោះការចូលអ៊ីស្លាមរបស់ពួកអ្នកនោះឡើយ។ ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់ទៅវិញទេដែលមានគុណបំណាច់លើពួកអ្នក ដោយទ្រង់បានចង្អុលបង្ហាញពួកអ្នកឱ្យមានជំនឿ ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ។

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអាថ៌កំបាំងនៃមេឃជាច្រើនជាន់និងផែនដី។ ហើយអល់ឡោះមហាឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។