The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe Table Spread [Al-Maeda] - Khmer translation - Rowwad Translation Center
Surah The Table Spread [Al-Maeda] Ayah 120 Location Madanah Number 5
ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកអនុវត្តន៍តាមកិច្ចសន្យាទាំងឡាយ(របស់ពួកអ្នក)។ គេបានអនុញ្ញាតដល់ពួកអ្នកអាចបរិភោគសាច់សត្វពាហនៈទាំងឡាយ(សត្វអូដ្ឋ គោ និងពពែ) លើកលែងតែអ្វីដែលគេនឹងសូត្រប្រាប់ដល់ពួកអ្នក ហើយនិងការបរបាញ់សត្វលើគោកក្នុងពេលដែលពួកអ្នកកំពុងតែស្ថិតក្នុងតំណមអៀសរ៉ម។ ពិតប្រាកដណាស់ អល់ឡោះទ្រង់កាត់សេចក្តីទៅតាមអ្វីដែលទ្រង់មានចេតនា។
ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកកុំល្មើសនឹងអត្តសញ្ញាណទាំងឡាយរបស់អល់ឡោះ។ ហើយចូរពួកអ្នកកុំបំពានក្នុងបណ្តាខែពិសិដ្ឋ(ដោយការធ្វើសង្គ្រាម) កុំល្មើសចំពោះសត្វជំនូន និងសត្វដែលមានពាក់ប្រឡៅក ហើយក៏មិនត្រូវបំពានចំពោះអ្នកទាំងឡាយណាដែលមានបំណងមកពៃតុលហារ៉មដើម្បីស្វែងរកការប្រោសប្រទាន និងការពេញចិត្តពីព្រះជាម្ចាស់របស់ពួកគេនោះដែរ។ នៅពេលណាដែលពួកអ្នកបានបញ្ចប់តំណមអៀហរ៉មហើយនោះ គឺពួកអ្នកអាចបរបាញ់សត្វបាន។ ហើយចូរពួកអ្នកកុំបណ្តោយឱ្យការស្អប់ខ្ពើមចំពោះក្រុមមួយដែលរារាំងពួកអ្នកពីម៉ាស្ជិតអាល់ហារ៉មនោះ ធ្វើឱ្យពួកអ្នកបំពានឱ្យសោះ។ ហើយចូរពួកអ្នក(ឱបណ្តាពួកដែលមានជំនឿ)សហការគ្នាក្នុងការធ្វើនូវទង្វើល្អ និងការកោតខ្លាចអល់ឡោះ តែមិនត្រូវសហការគ្នាលើអំពើបាប និងភាពជាសត្រូវនឹងគ្នាឡើយ។ ចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។
គេ(អល់ឡោះ)បានដាក់បម្រាមទៅលើពួកអ្នក(មិនឱ្យបរិភោគ)សត្វស្លាប់ដោយមិនបានសំឡេះ ឈាម សាច់ជ្រូក និងសត្វដែលគេរំឭកនាមអ្នកផ្សេងក្រៅពីព្រះនាមអល់ឡោះ(នៅពេលសំឡេះ) សត្វស្លាប់ដោយត្រូវគេរឹតក សត្វស្លាប់ដោយការវាយ សត្វស្លាប់ដោយធ្លាក់ពីទីខ្ពស់ សត្វស្លាប់ដោយការជល់គ្នា និងសត្វដែលត្រូវសត្វសាហាវខាំ លើកលែងតែពួកអ្នកសំឡេះវាទាន់(មុននឹងវាស្លាប់) ហើយនិងសត្វដែលគេសំឡេះសម្រាប់សែនចំពោះបដិមាករ។ (ហើយគេក៏ហាមឃាត់ផងដែរចំពោះ)ការទស្សន៍ទាយដោយប្រើព្រួញផ្សងសំណាង។ ទាំងនោះ គឺជាអំពើល្មើស(ចំពោះអល់ឡោះ)។ ថ្ងៃនេះ ពួកគ្មានជំនឿបានអស់សង្ឃឹមពីសាសនារបស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកុំខ្លាចពួកគេឱ្យសោះ តែពួកអ្នកត្រូវកោតខ្លាចយើងវិញ។ នៅក្នុងថ្ងៃនេះដែរ យើងបានបំពេញសាសនារបស់ពួកអ្នកឱ្យពួកអ្នក ហើយយើងបានបង្គ្រប់ឧបការគុណរបស់យើងដល់ពួកអ្នក និងបានពេញចិត្តជ្រើសយកអ៊ីស្លាមជាសាសនារបស់ពួកអ្នក។ ចំពោះជនណាដែលកាលៈទេសៈបង្ខំឱ្យបរិភោគសត្វស្លាប់ព្រោះតែភាពស្រេកឃ្លាន ដោយគេគ្មានបំណងប្រព្រឹត្តបាបកម្មទេនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។
ពួកគេ(មិត្តភក្តិរបស់អ្នក)នឹងសួរអ្នកថា៖ តើអ្វីខ្លះដែលគេអនុញ្ញាតឱ្យពួកគេ(អាចបរិភោគបាន)? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបថា៖ អល់ឡោះជាម្ចាស់ទ្រង់អនុញ្ញាតឱ្យពួកអ្នកនូវចំណីអាហារដែលល្អៗ និង(អនុញ្ញាត)ឱ្យបរិភោគសត្វទាំងឡាយដែលទទួលបានពីសត្វប្រមាញ់ដែលពួកអ្នកបង្ហាត់វាឱ្យចេះចាប់សត្វតាមបែបបទដែលអល់ឡោះបានបង្រៀនពួកអ្នក។ ដូចនេះ ចូរពួកអ្នកបរិភោគចុះនូវអ្វីដែលសត្វប្រមាញ់ចាប់បានឱ្យពួកអ្នក ហើយចូរពួកអ្នករំឭកព្រះនាមអល់ឡោះ(សូត្រពិសមិលឡះ)ទៅលើសត្វនោះចុះ។ ចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែលជំនុំជម្រះយ៉ាងឆាប់រហ័សបំផុត។
ថ្ងៃនេះ គេ(អល់ឡោះ)បានអនុញ្ញាតឲ្យពួកអ្នកនូវចំណីអាហារដែលល្អៗ។ ចំណីអាហារពួកអះលីគីតាបត្រូវបានអនុញ្ញាតឲ្យពួកអ្នក ហើយចំណីអាហារពួកអ្នក ក៏ត្រូវបានអនុញ្ញាតឱ្យពួកគេ(ដូចគ្នាដែរ)។ ហើយគេអនុញ្ញាតឲ្យពួកអ្នកអាចរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីដែលមានភាពស្អាតស្អំក្នុងចំណោមបណ្តាស្ត្រីដែលមានជំនឿ និងបណ្តាស្ត្រីដែលមានភាពស្អាតស្អំក្នុងចំណោមបណ្តាស្ត្រីនៃពួកដែលគេផ្តល់គម្ពីរឲ្យមុនពួកអ្នក(ពួកអះលីគីតាប) ប្រសិនបើពួកអ្នកបានផ្តល់ប្រាក់ខាន់ស្លាដល់ពួកនាង ខណៈដែលពួកអ្នកជាមនុស្សស្អាតស្អំ ពុំមែនក្នុងគោលបំណងយកពួកនាងធ្វើជាស្រីកំណាន់នោះទេ។ ហើយជនណាដែលប្រឆាំងនឹងសេចក្តីចំនឿនោះ ពិតប្រាកដណាស់ ទង្វើរបស់គេនឹងត្រូវក្លាយជាអសារបង់ ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតក្នុងចំណោមពួកដែលខាតបង់។
ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ! នៅពេលដែលពួកអ្នកមានបំណងចង់ប្រតិបត្តិសឡាត ចូរពួកអ្នកលាងមុខរបស់ពួកអ្នក និងដៃទាំងពីររបស់ពួកអ្នករហូតដល់កែងដៃ ហើយចូរពួកអ្នកជូតក្បាល និងលាងជើងទាំងពីររហូតដល់ភ្នែកគោល។ តែប្រសិនបើពួកអ្នកមានជូនុបវិញនោះ ពួកអ្នកត្រូវងូតទឹក(ជូនុប)។ ហើយប្រសិនបើពួកអ្នកមានជំងឺ ឬស្ថិតក្នុងការធ្វើដំណើរ ឬនរណាម្នាក់ក្នុងចំណោមពួកអ្នកបានបន្ទោរបង់ ឬប៉ះពាល់(រួមដំណេក)ជាមួយស្ត្រី តែពួកអ្នកគ្មានទឹក(ដើម្បីជម្រះសម្អាត)ទេនោះ ចូរពួកអ្នកតាយ៉ាំមុមនឹងដីស្អាត ដោយពួកអ្នកត្រូវជូតមុខ និងដៃទាំងពីរ(ត្រឹមកដៃ)របស់ពួកអ្នកនឹងដីនោះចុះ។ អល់ឡោះជាម្ចាស់ទ្រង់មិនចង់ធ្វើឱ្យពួកអ្នកមានការលំបាកឡើយ ក៏ប៉ុន្តែទ្រង់ចង់ជម្រះសម្អាតពួកអ្នក និងដើម្បីជាការបំពេញនូវឧបការគុណរបស់ទ្រង់ចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកនឹងដឹងគុណ។
ហើយចូរពួកអ្នកនឹងឃើញនូវឧបការគុណរបស់អល់ឡោះចំពោះពួកអ្នក និង(នឹងឃើញ)កិច្ចសន្យារបស់ទ្រង់ដែលបានសន្យាជាមួយពួកអ្នក ខណៈដែលពួកអ្នកបាននិយាយថា៖ ពួកយើងបានឮហើយ និងបានគោរពប្រតិបត្តិតាមហើយ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវអ្វីដែលមាននៅក្នុងដួងចិត្ត។
ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកតាំងខ្លួនជាអ្នកដែលប្រកាន់ខ្ជាប់នឹងកាតព្វកិច្ចទាំងឡាយរបស់អល់ឡោះ និងតាំងខ្លួនជាសាក្សីដែលប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌។ ហើយចូរកុំបណ្តោយឱ្យការស្អប់ខ្ពើមចំពោះក្រុមមួយធ្វើឱ្យពួកអ្នកបោះបង់នូវភាពយុត្តិធម៌ឱ្យសោះ។ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ វាគឺជិតបំផុតទៅកាន់ការកោតខ្លាច។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
وَعَدَ ٱللَّهُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَهُم مَّغۡفِرَةٞ وَأَجۡرٌ عَظِيمٞ [٩]
អល់ឡោះជាម្ចាស់បានសន្យាចំពោះបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលនូវការអភ័យទោស និងផលបុណ្យដ៏ធំធេងបំផុត។
រីឯពួកដែលគ្មានជំនឿ ព្រមទាំងបានបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយរបស់យើងវិញនោះ ពួកទាំងនោះហើយគឺជាពួកនរកជើហ៊ីម។
ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកនឹងឃើញដល់ឧបការគុណទាំងឡាយរបស់អល់ឡោះ(ដែលទ្រង់បានប្រទាន)ដល់ពួកអ្នក នៅពេលដែលក្រុមមួយមានបំណងវាយប្រហារពួកអ្នកដោយដៃរបស់ពួកគេ តែអល់ឡោះបានរារាំងដៃពួកគេពីពួកអ្នក។ ចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ហើយចូរឱ្យបណ្តាអ្នកដែលមានជំនឿទាំងឡាយប្រគល់ការទុកចិត្តលើអល់ឡោះចុះ។
ហើយជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ទៅលើអម្បូរអ៊ីស្រាអែល ហើយយើងបានចាត់តាំងមនុស្សចំនួនដប់ពីរនាក់ក្នុងចំណោមពួកគេធ្វើជាមេដឹកនាំ។ អល់ឡោះបានមានបន្ទូលថា៖ ពិតប្រាកដណាស់ យើងនៅជាមួយពួកអ្នក(ដោយការជួយនិងការគាំពារ) ប្រសិនបើពួកអ្នកប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយមានជំនឿចំពោះបណ្តាអ្នកនាំសារទាំងឡាយរបស់យើង និងលើកតម្កើងពួកគេ ព្រមទាំងពួកអ្នកបានឲ្យអល់ឡោះខ្ចីនូវកម្ចីមួយដ៏ប្រសើរនោះ យើងពិតជានឹងលុបបំបាត់នូវអំពើអាក្រក់ទាំងឡាយរបស់ពួកអ្នក ហើយយើងប្រាកដជានឹងបញ្ចូលពួកអ្នកទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ ដូច្នេះ ជនណាហើយក្នុងចំណោមពួកអ្នកដែលបានប្រឆាំងបន្ទាប់ពីនោះ ពិតប្រាកដណាស់ រូបគេពិតជាបានវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ។
ជាការពិតណាស់ ដោយសារតែការក្បត់កិច្ចសន្យារបស់ពួកគេនោះហើយ ទើបយើងបានដាក់បណ្តាសាពួកគេ ហើយយើងបានធ្វើឱ្យដួងចិត្តរបស់ពួកគេក្លាយទៅជារឹងរូស។ ពួកគេបានកែប្រែបន្ទូលរបស់អល់ឡោះចេញពីអត្ថន័យដើមរបស់វា ព្រមទាំងបានភ្លេច(បោះបង់)នូវកាតព្វកិច្ចមួយចំនួននៃអ្វីដែលគេបានរំឭកពួកគេអំពីវា។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នៅតែឃើញទង្វើក្បត់កើតចេញពីពួកគេ លើកលែងតែមួយចំនួនតូចក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហេតុនេះ ចូរអ្នកអភ័យទោស និងអធ្យាស្រ័យដល់ពួកគេចុះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ស្រលាញ់បណ្តាអ្នកដែលធ្វើល្អ។
ហើយយើងក៏បានដាក់កិច្ចសន្យាទៅលើពួកដែលនិយាយថា ពិតណាស់ ពួកយើងគឺជាណាស៏រ៉(សាវ័កព្យាការីអ៊ីសា)ផងដែរ តែពួកគេបានភ្លេច(បោះបង់)នូវកាតព្វកិច្ចមួយចំនួននៃអ្វីដែលគេបានរំឭកពួកគេអំពីវា។ ហើយយើងបានធ្វើឱ្យកើតមាននូវភាពជាសត្រូវ និងការស្អប់ខ្ពើមគ្នាយ៉ាងខ្លាំងរវាងពួកគេរហូតដល់ថ្ងៃបរលោក។ ហើយអល់ឡោះជាម្ចាស់នឹងប្រាប់ពួកគេនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។
ឱពួកអះលីគីតាប! ពិតប្រាកដណាស់ អ្នកនាំសាររបស់យើង(ព្យាការីមូហាំម៉ាត់)បានមកដល់ពួកអ្នកដោយគាត់បានបកស្រាយបញ្ជាក់នូវរឿងរ៉ាវជាច្រើនប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានលាក់បាំងពីគម្ពីរ ហើយគាត់ក៏បានអធ្យាស្រ័យយ៉ាងច្រើនផងដែរ។ ពិតប្រាកដណាស់ វា(គម្ពីរគួរអាន)ដែលជាពន្លឺមួយ និងជាគម្ពីរមួយដែលបញ្ជាក់យ៉ាងច្បាស់មកពីអល់ឡោះនោះ គឺបានមកដល់ពួកអ្នកហើយ។
អល់ឡោះទ្រង់ចង្អុលបង្ហាញតាមរយៈវា(គម្ពីរគួរអាន)ចំពោះជនណាដែលដើរតាមអ្វីដែលទ្រង់ពេញចិត្តឆ្ពោះទៅកាន់មាគ៌ាទាំងឡាយណាដែលមានសន្តិភាព ហើយទ្រង់នឹងបញ្ចេញពួកគេពីភាពងងឹតសូន្យសុងទៅកាន់ពន្លឺដោយការអនុញ្ញាតរបស់ទ្រង់ ព្រមទាំងចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។
ជាការពិតណាស់ ពិតជាក្លាយជាពួកគ្មានជំនឿហើយ អ្នកដែលនិយាយថា៖ អល់ឡោះ គឺជាអាល់ម៉ាសៀហ អ៊ីសា កូនប្រុសរបស់ម៉ារីយ៉ាំ នោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើអ្នកណាដែលមានសមត្ថភាពអាចរារាំងអល់ឡោះបាន ប្រសិនបើទ្រង់មានចេតនាចង់បំផ្លាញអាល់ម៉ាសៀហកូនប្រុសរបស់ម៉ារីយ៉ាំ និងម្តាយរបស់គាត់ ព្រមទាំងអ្នកដែលនៅលើផែនដីទាំងអស់នោះ? ហើយការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់បង្កើតអ្វីមួយតាមដែលទ្រង់មានចេតនា។ ហើយអល់ឡោះទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
ទាំងពួកយូដា និងពួកគ្រឹស្ទានសុទ្ធតែបាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងគឺជាបុត្ររបស់អល់ឡោះ និងជាសំណព្វចិត្តរបស់ទ្រង់។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបថា៖ (បើដូច្នោះមែន)ចុះហេតុអ្វីបានជាទ្រង់ដាក់ទណ្ឌកម្មពួកអ្នកព្រោះតែបាបកម្មរបស់ពួកអ្នក? ផ្ទុយទៅវិញ ពួកអ្នកគ្រាន់តែជាមនុស្សលោកធម្មតាដូចគេឯងប៉ុណ្ណោះ។ ទ្រង់អភ័យទោសដល់ជនណាដែលទ្រង់មានចេតនា ហើយដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនា។ ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយចំពោះទ្រង់(តែមួយគត់) ជាកន្លែងដែលត្រូវវិលត្រឡប់។
ឱពួកអះលីគីតាប! ជាការពិតណាស់ អ្នកនាំសាររបស់យើង(ព្យាការីមូហាំម៉ាត់)បានមកដល់ពួកអ្នកដើម្បីបញ្ជាក់ដល់ពួកអ្នក ក្រោយពីបានដាច់មួយរយៈពេលនូវការបញ្ជូនបណ្តាអ្នកនាំសារ ដើម្បីកុំឱ្យពួកអ្នកនិយាយដោះសារថា៖ គ្មានអ្នក(នាំសារដែល)ផ្តល់ដំណឹងរីករាយ និងព្រមានបន្លាចបានមកដល់ពួកយើងនោះទេ។ ជាការពិតណាស់ (ឥឡូវនេះ) អ្នកដែលផ្តល់ដំណឹងរីករាយ និងជាអ្នកព្រមានបន្លាច(ពោលគឺអ្នកនាំសារមូហាំម៉ាត់)នោះបានមកដល់ពួកអ្នកហើយ។ ហើយអល់ឡោះទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
ហើយចូរអ្នកនឹកឃើញ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលព្យាការីមូសាបាននិយាយទៅកាន់ក្រុមរបស់គាត់ថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់អល់ឡោះ(ដែលទ្រង់បានប្រទាន)ដល់ពួកអ្នក ខណៈដែលទ្រង់បានចាត់បញ្ជូននូវបណ្តាព្យាការីជាច្រើនពីក្នុងចំណោមពួកអ្នក និងបានចាត់តាំងពួកអ្នកឲ្យធ្វើជាអ្នកគ្រប់គ្រង ព្រមទាំងបានប្រទានឱ្យពួកអ្នកនូវអ្វីដែលទ្រង់មិនដែលប្រទានឱ្យនរណាម្នាក់នៅលើពិភពលោក(នៅក្នុងសម័យកាល)នេះឡើយ។
ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកចូលទៅកាន់ទឹកដីដ៏ស្អាតស្អំ (ទីក្រុងយេរូសាឡឹម)ដែលអល់ឡោះបានកត់ត្រា(សន្យា)ចំពោះពួកអ្នកចុះ ហើយចូរពួកអ្នកកុំចុះចាញ់នៅចំពោះមុខពួកផ្តាច់ការឱ្យសោះ ជាហេតុធ្វើឱ្យពួកអ្នកក្លាយជាពួកដែលខាតបង់។
ពួកគេបានតបថា៖ ឱមូសា! ជាការពិតណាស់ នៅក្នុងទឹកដីនេះ គឺមានមនុស្សមួយក្រុមដែលខ្លាំងពូកែ(ដែលរារាំងពួកយើងមិនឱ្យចូល)។ ដូច្នេះ ពួកយើងនឹងមិនចូលទៅកាន់ទីនោះជាដាច់ខាត លុះត្រាតែពួកគេចាកចេញពីទីនោះសិន។ ប្រសិនបើពួកគេចាកចេញពីទីនោះ ពួកយើងពិតជានឹងចូលទៅ។
មានបុរសពីរនាក់ក្នុងចំណោមអ្នកដែលកោតខ្លាច(ចំពោះអល់ឡោះ)ដែលអល់ឡោះបានប្រទានឧបការគុណដល់គេទាំងពីរបាននិយាយថា៖ ចូរពួកអ្នកសម្រុកចូលទៅកាន់ពួកគេតាមទ្វារ(ក្រុងចុះ)។ នៅពេលដែលពួកអ្នកបានចូលដល់ក្នុងហើយនោះ ពិតណាស់ពួកអ្នកនឹងទទួលបានជ័យជម្នះជាមិនខាន។ ហើយចូរពួកអ្នកប្រគល់ការទុកចិត្តលើអល់ឡោះចុះ ប្រសិនបើពួកអ្នកគឺជាអ្នកដែលមានជំនឿមែននោះ។
ពួកគេនិយាយថា៖ ឱម៉ូសា!ពិតប្រាកដណាស់ ពួកយើងនឹងមិនចូលក្នុងក្រុងនេះជាដាច់ខាត ដរាបណាពួកគេនៅទីនោះ។ ហេតុនេះ ចូរអ្នក និងព្រះជាម្ចាស់របស់អ្នកចូលទៅ ហើយចូរអ្នកទាំងពីរប្រយុទ្ធ(នឹងពួកទាំងនោះ)ចុះ។ ពិតប្រាកដណាស់ ពួកយើងអង្គុយនៅទីនេះហើយ។
គាត់(ព្យាការីមូសា)បានពោលថា៖ ឱព្រះជាម្ចាស់! រូបខ្ញុំគ្មានអំណាចគ្រប់គ្រងអ្វីក្រៅពីខ្លួនឯង និងបងប្រុសរបស់ខ្ញុំ(ព្យាការីហារូន)នោះឡើយ។ ហេតុនេះ សូមព្រះអង្គមេត្តាបំបែករវាងពួកយើងនិងក្រុមដែលប្រព្រឹត្តល្មើសផងចុះ។
ទ្រង់បានតបថា៖ ពិតប្រាកដណាស់ វា(ទឹកដីដ៏ស្អាតស្អំ)ត្រូវបានហាមឃាត់ចំពោះពួកគេរយៈពេលសែសិបឆ្នាំ។ ពួកគេនឹងវង្វេង(គ្មានគោលដៅ)នៅលើផែនដី។ ហេតុនេះ ចូរអ្នកកុំព្រួយបារម្ភចំពោះក្រុមប្រព្រឹត្តល្មើសឲ្យសោះ។
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)និទានប្រាប់ពួកគេ(ពួកយូដា)ពីរឿងរ៉ាវកូនប្រុសទាំងពីររបស់ព្យាការីអាហ្ទាំ(គឺក៏ពេល និងហាពេល)ដោយពិតប្រាកដ ខណៈដែលគេទាំងពីរបានធ្វើគួរហ្ពាន(តង្វាយទៅកាន់អល់ឡោះ) តែគេទទួលយក(ការធ្វើគួរហ្ពាន)ពីមនុស្សម្នាក់ក្នុងចំណោមគេទាំងពីរ(ហាពេល) តែគេមិនទទួលយកពីម្នាក់ទៀត(កពេល)ឡើយ។ គេ(កពេល)បាននិយាយថា៖ ខ្ញុំប្រាកដជានឹងសម្លាប់ឯង។ គាត់(ហាពេល)ក៏បានតបវិញថា៖ តាមពិតអល់ឡោះជាម្ចាស់ទ្រង់ទទួលយកតែពីអ្នកដែលកោតខ្លាចប៉ុណ្ណោះ។
ប្រសិនបើអ្នកលើកដៃរបស់អ្នកមកចំពោះខ្ញុំដើម្បីសម្លាប់ខ្ញុំនោះ ខ្ញុំនឹងមិនលើកដៃរបស់ខ្ញុំចំពោះអ្នកដើម្បីសម្លាប់អ្នកវិញនោះឡើយ។ ពិតប្រាកដណាស់ ខ្ញុំកោតខ្លាចអល់ឡោះជាព្រះជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។
(គាត់បន្តថា៖) ពិតណាស់ ខ្ញុំចង់ឱ្យបាបកម្មរបស់ខ្ញុំនិងបាបកម្មរបស់អ្នកធ្លាក់ទៅលើអ្នកដែលជាហេតុធ្វើឲ្យអ្នកស្ថិតក្នុងចំណោមពួកឋាននរក។ ហើយនោះគឺជាការតបស្នងចំពោះពួកដែលបំពាន។
ពេលនោះ តណ្ហារបស់គេ(កពេល)បានអូសទាញរូបគេឱ្យសម្លាប់ប្អូនប្រុសរបស់ខ្លួន(ហាពេល)។ ពេលនោះ គេក៏បានសម្លាប់គាត់ ហើយគេក៏ក្លាយទៅជាអ្នកដែលស្ថិតក្នុងចំណោមពួកដែលខាតបង់។
ក្រោយមក អល់ឡោះជាម្ចាស់ក៏បានបញ្ជូនសត្វក្អែកមួយក្បាលឱ្យមកកកាយដី(នៅនឹងមុខកពេល)ដើម្បីឱ្យគេឃើញពីរបៀបបិទបាំងខ្លួនប្រាណ(បញ្ចុះសព)ប្អូនប្រុសរបស់គេ។ គេក៏និយាយថា៖ ឱអនិច្ចារូបខ្ញុំ! ហេតុអ្វីបានជាខ្ញុំអសមត្ថភាពមិនអាចធ្វើដូចសត្វក្អែកនេះដើម្បីបិទបាំងខ្លួនប្រាណ(បញ្ចុះសព)ប្អូនប្រុសរបស់ខ្ញុំ? ពេលនោះរូបគេក៏ក្លាយទៅជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលមានវិប្បដិសារី។
ដោយមូលហេតុនោះហើយទើបយើងបានប្រាប់ដល់អម្បូរអ៊ីស្រាអែលឱ្យបានដឹងថា៖ ជាការពិតណាស់ ជនណាហើយដែលបានសម្លាប់បុគ្គលណាម្នាក់ដោយខុសច្បាប់ ឬបានបង្កវិនាសកម្មនៅលើផែនដី គឺរូបគេហាក់បីដូចជាបានសម្លាប់មនុស្សលោកទាំងអស់ ហើយជនណាដែលសង្គ្រោះជីវិតបុគ្គលម្នាក់ ហាក់បីដូចជាគេបានសង្គ្រោះជីវិតមនុស្សលោកទាំងអស់ដូច្នោះដែរ។ ហើយជាការពិតណាស់ បណ្តាអ្នកនាំសាររបស់យើងបានមកដល់ពួកគេ(អម្បូរអ៊ីស្រាអែល)ដោយនាំមកនូវភស្តុតាងដ៏ច្បាស់លាស់ជាច្រើន។ តែទោះជាយ៉ាងនេះក្តី ក៏ភាគច្រើននៃពួកគេ គឺជាពួកដែលបំពាននៅលើផែនដីបន្ទាប់ពីនោះដដែល។
តាមពិត ការតបស្នងចំពោះពួកដែលធ្វើសង្គ្រាមប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ និងព្យាយាមបង្កវិនាសកម្មនៅលើផែនដីនោះ គឺត្រូវប្រហារជីវិត ឬចងឆ្កាង ឬកាត់ដៃកាត់ជើងរបស់ពួកគេឆ្លាស់គ្នា(កាត់ដៃខាងស្តាំនិងជើងខាងឆ្វេង) ឬក៏និរទេសពួកគេចេញពីស្រុកភូមិ។ នោះគឺជាភាពអាម៉ាស់សម្រាប់ពួកគេនៅក្នុងលោកិយ។ ហើយនៅថ្ងៃបរលោក ពួកគេនឹងទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។
លើកលែងតែបណ្តាអ្នកដែលបានសារភាពកំហុសមុនពេលដែលពួកអ្នក(មេដឹកនាំ)ចាប់ខ្លួនពួកគេបានប៉ុណ្ណោះ។ ដូច្នេះ ចូរពួកអ្នកដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោស មហាអាណិតស្រលាញ់។
ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ និងត្រូវស្វែងរកផ្លូវទៅកាន់ទ្រង់ ព្រមទាំងតស៊ូ(ប្រយុទ្ធ)ក្នុងមាគ៌ារបស់ទ្រង់ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។
ជាការពិតណាស់ ពួកដែលគ្មានជំនឿ ប្រសិនបើពួកគេមានកម្មសិទ្ធិលើអ្វីៗទាំងអស់នៅលើផែនដីនេះ និងមានអ្វីដូចនឹងផែនដីនេះ(មកបន្ថែម)ទៀត ដើម្បីពួកគេយកវាទាំងនោះទៅលោះខ្លួនរបស់ពួកគេពីទណ្ឌកម្មរបស់អល់ឡោះនៅថ្ងៃបរលោកក៏ដោយ ក៏គេមិនទទួលយក(ការលោះនោះ)ពីពួកគេដែរ ហើយពួកគេនឹងត្រូវទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។
ពួកគេមានបំណងចង់ចេញពីឋាននរក តែពួកគេមិនអាចចេញពីវាបានឡើយ ហើយពួកគេនឹងត្រូវទទួលទណ្ឌកម្មជារៀងរហូត។
ចំពោះចោរប្រុស និងចោរស្រី ចូរពួកអ្នក(ឱអ្នកកាត់ក្តីទាំងឡាយ)កាត់ដៃស្តាំទាំងពីររបស់ពួកគេចុះ ជាការតបស្នងចំពោះគេទាំងពីរដោយសារតែអ្វីដែលគេទាំងពីរបានប្រព្រឹត្ត ជាទណ្ឌកម្មពីអល់ឡោះ។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
ក៏ប៉ុន្តែចំពោះជនណាដែលបានសារភាពកំហុស ហើយបានកែខ្លួនវិញនោះ ជាការពិតណាស់ អល់ឡោះជាម្ចាស់នឹងទទួលយកការសារភាពកំហុសរបស់គេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនដឹងទេឬថា៖ ជាការពិតណាស់ អំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់នោះ? ទ្រង់ដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនា និងអភ័យទោសចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះជាម្ចាស់មានអានុភាពលើអ្វីៗទាំងអស់។
ឱអ្នកនាំសារ(មូហាំម៉ាត់)! ចូរអ្នកកុំព្រួយបារម្ភចំពោះពួក(ពុតត្បុត)ដែលប្រញាប់ប្រញាល់ក្នុងការប្រឆាំងនៃពួកដែលនិយាយថា៖ “ពួកយើងមានជំនឿនៅលើបបូរមាត់របស់ពួកគេ ប៉ុន្តែចិត្តរបស់ពួកគេគ្មានជំនឿឡើយ និង(កុំព្រួយបារម្ភ)ចំពោះពួកយូដាដែលពួកគេស្តាប់តែពាក្យភូតកុហក(ពីថ្នាក់ដឹកនាំកំពូលៗរបស់ពួកគេ) និងស្តាប់តែពីក្រុមផ្សេងដោយពួកគេមិនបានមករកអ្នកឡើយ។ ពួកគេកែប្រែពាក្យបន្ទូលរបស់អល់ឡោះ(នៅក្នុងគម្ពីរតាវរ៉ត)ខុសពីកន្លែងដើមរបស់វា។ ពួកគេនិយាយថា៖ ប្រសិនបើគេ(ព្យាការីមូហាំម៉ាត់)នាំប្រការនេះមក(ប្រការដែលស្របនឹងចំណង់ចំណូលចិត្ពពួកគេ) ចូរពួកអ្នកទទួលយកចុះ។ តែប្រសិនបើគេមិននាំប្រការនោះមកទេនោះ ចូរពួកអ្នកប្រុងប្រយ័ត្ន។ ហើយជនណាដែលអល់ឡោះមានចេតនាធ្វើឱ្យគេវង្វេងនោះ គឺអ្នកនឹងមិនឃើញមានអ្នកការពារពួកគេពីភាពវង្វេងឡើយ។ អ្នកទាំងនោះហើយជាពួកដែលអល់ឡោះមិនចង់ជម្រះសម្អាតចិត្តពួកគេ(ពីភាពគ្មានជំនឿ)។ ពួកគេនឹងទទួលនូវភាពអាម៉ាស់ជាទីបំផុតនៅក្នុងលោកិយ។ ហើយនៅថ្ងៃបរលោក ពួកគេនឹងទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។
(ពួកយូដាទាំងនោះ) គឺពួកដែលចូលចិត្តស្តាប់នូវពាក្យភូតកុហកបំផុត និងចូលចិត្តស៊ីទ្រព្យសម្បត្តិដែលគេហាមឃាត់។ ដូចនេះ ប្រសិនបើពួកគេមករកអ្នក(ដើម្បីឱ្យអ្នកកាត់ក្តីដល់ពួកគេ) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កាត់ក្តីរវាងពួកគេ ឬងាកចេញពីពួកគេចុះ។ ប្រសិនបើអ្នកងាក់ចេញ(មិនកាត់ក្តីឱ្យពួកគេទេ)នោះ ក៏ពួកគេមិនអាចបង្កគ្រោះថ្នាក់អ្វីមួយដល់អ្នកបានដែរ។ តែប្រសិនបើអ្នកកាត់ក្តី ចូរអ្នកកាត់ក្តីរវាងពួកគេដោយយុត្តិធម៌ចុះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ស្រលាញ់បណ្តាអ្នកដែលប្រកាន់នូវភាពយុត្តិធម៌។
តើពួកគេស្វែងរកការកាត់ក្តីពីអ្នកយ៉ាងដូចម្តេច ខណៈដែលពួកគេមានគម្ពីរតាវរ៉តនៅជាមួយពួកគេ ដែលនៅក្នុងនោះគឺមានច្បាប់បញ្ញតិ្តរបស់អល់ឡោះ។ ក្រោយមក ពួកគេបានបែរចេញ(មិនទទួលយកការកាត់ក្តីរបស់អ្នក)បន្ទាប់ពីនោះទៅវិញ។ ពួកទាំងនោះ មិនមែនជាអ្នកដែលមានជំនឿឡើយ។
ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរតាវរ៉ត(ទៅឱ្យព្យាការីមូសា) ដែលក្នុងនោះ គឺមាននូវការចង្អុលបង្ហាញ និងពន្លឺ។ បណ្តាព្យាការីទាំងឡាយ(នៃអម្បូរអ៊ីស្រាអែល)ដែលពួកគាត់ជាអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះបានកាត់ក្តីតាមរយៈគម្ពីរនេះដល់ពួកយូដា ហើយពួកអ្នកប្រាជ្ញសាសនា និងពួកមេដឹកនាំ(របស់ពួកគេក៏កាត់ក្តីតាមគម្ពីរនេះដែរ) ដោយសារគេ(អល់ឡោះ)ប្រើឱ្យពួកគេថែរក្សាគម្ពីររបស់អល់ឡោះ និងចាត់ពួកគេធ្វើជាសាក្សីលើគម្ពីរនេះ។ ហេតុនេះ ចូរពួកអ្នក(ឱពួកយូដា)កុំខ្លាចមនុស្សលោកឱ្យសោះ តែពួកអ្នកត្រូវខ្លាចយើងវិញ។ ហើយចូរពួកអ្នកកុំយកបណ្តាវាក្យខណ្ឌរបស់យើងប្តូរយកកម្រៃបន្តិចបន្តួចឱ្យសោះ។ ហើយជនណាដែលមិនកាត់ក្តីតាមអ្វីដែលអល់ឡោះបានបញ្ចុះមកទេនោះ ពិតណាស់ពួកគេ គឺជាពួកដែលប្រឆាំង ។
ហើយយើងបានដាក់កាតព្វកិច្ចទៅលើពួកគេនៅក្នុងវា(គម្ពីរតាវរ៉ត)ថា៖ ពិតប្រាកដណាស់ ជីវិតត្រូវសងដោយជីវិត ភ្នែកត្រូវសងដោយភ្នែក ច្រមុះត្រូវសងដោយត្រចុះ ត្រចៀកត្រូវសងដោយត្រចៀក ធ្មេញត្រូវសងដោយធ្មេញ ហើយការបង្ករបួសស្នាម គឺត្រូវដាក់ទោសដូចឱ្យអ្វីដែលជនរងគ្រោះទទួលរង។ តែជនណាដែលអធ្យាស្រ័យដល់ជនល្មើស គឺរូបគាត់ត្រូវបានគេ(អល់ឡោះ)លុបលាងបាបកម្មរបស់គាត់។ ហើយជនណាដែលមិនកាត់ក្តីតាមអ្វីដែលអល់ឡោះបានបញ្ចុះមកទេនោះ ពិតណាស់ពួកគេ គឺជាពួកដែលបំពាន។
ហើយយើងបានឱ្យព្យាការីអ៊ីសាកូនប្រុសម៉ារីយ៉ាំដើរតាមលំអានរបស់ពួកគាត់(បណ្តាព្យាការីនៃអម្បូរអ៊ីស្រាអែល)ដោយគាត់ជាអ្នកដែលមានជំនឿនឹងអ្វីដែលមាននូវជាមួយគាត់នៃគម្ពីរតាវរ៉ត។ ហើយយើងបានប្រទានឱ្យគាត់នូវគម្ពីរអ៊ិញជីលដែលផ្ទុកទៅដោយការចង្អុលបង្ហាញ និងពន្លឺ ហើយនិងដើម្បីបញ្ជាក់នូវអ្វីដែលមាននូវជាមួយគាត់នៃគម្ពីរតាវរ៉ត ព្រមទាំងជាមគ្គទេសក៍ និងជាដំបូន្មានសម្រាប់បណ្តាអ្នកដែលកោតខ្លាច។
ហើយចូរឱ្យអ្នកដែលកាន់តាមគម្ពីរអ៊ិញជីល(ពួកគ្រឹស្ទាន)កាត់ក្តីតាមអ្វីដែលអល់ឡោះបានបញ្ចុះនៅក្នុងវា។ ជនណាហើយដែលមិនកាត់ក្តីតាមអ្វីដែលអល់ឡោះបានបញ្ចុះមកទេនោះ ជាការពិតណាស់ ពួកទាំងនោះ គឺជាពួកដែលប្រព្រឹត្តល្មើស។
ហើយយើងបានបញ្ចុះគម្ពីរ(គួរអាន)ទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)យ៉ាងពិតប្រាកដ ដើម្បីបញ្ជាក់ទៅលើបណ្តាគម្ពីរមុនៗ និង(ដើម្បី)បញ្ជាក់ពីភាពត្រឹមត្រូវនៃបណ្តាគម្ពីរទាំងនោះ។ ហេតុនេះ ចូរអ្នកកាត់សេចក្តីរវាងពួកគេទៅតាមអ្វីដែលអល់ឡោះបានបញ្ចុះមកចុះ ហើយចូរអ្នកកុំធ្វើតាមទំនើងចិត្តរបស់ពួកគេដោយបោះបង់ចោលនូវអ្វីដែលគេបានបញ្ចុះទៅឱ្យអ្នកអំពីការពិតនោះឱ្យសោះ។ រាល់ប្រជាជាតិនីមួយៗ គឺយើងបានបង្កើតច្បាប់បញ្ញត្តិ និងមាគ៌ា(សម្រាប់ពួកគេប្រតិបត្តិ)។ ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងបង្កើតពួកអ្នកជាប្រជាជាតិតែមួយមិនខាន ក៏ប៉ុន្តែដើម្បីទ្រង់សាកល្បងពួកអ្នកចំពោះអ្វីដែលទ្រង់បានផ្តល់ឲ្យពួកអ្នក។ ហេតុនេះ ចូរពួកអ្នករួសរាន់ទៅកាន់ការសាងអំពើល្អ។ ហើយកន្លែងវិលត្រឡប់របស់ពួកអ្នកទាំងអស់គ្នាគឺទៅកាន់អល់ឡោះជាម្ចាស់(នៅថ្ងៃបរលោក)។ ពេលនោះ ទ្រង់នឹងប្រាប់ពួកអ្នកពីអ្វីដែលពួកអ្នកធ្លាប់ខ្វែងគំនិតគ្នានៅក្នុងវា។
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កាត់សេចក្តីរវាងពួកគេទៅតាមអ្វីដែលអល់ឡោះបានបញ្ចុះមក ហើយចូរអ្នកកុំធ្វើតាមទំនើងចិត្តរបស់ពួកគេ និងត្រូវប្រុងប្រយ័ត្នកុំឱ្យពួកគេធ្វើឱ្យអ្នកវង្វេងចេញពីប្រការមួយចំនួនដែលអល់ឡោះបានបញ្ចុះទៅកាន់អ្នកឱ្យសោះ។ តែប្រសិនបើពួកគេងាកចេញវិញនោះ អ្នកត្រូវដឹងថា តាមពិតអល់ឡោះទ្រង់មានបំណងដាក់ទណ្ឌកម្មពួកគេចំពោះបាបកម្មមួយចំនួនរបស់ពួកគេ។ ហើយពិតណាស់ មនុស្សលោកភាគច្រើន គឺជាពួកដែលប្រព្រឹត្តល្មើស។
أَفَحُكۡمَ ٱلۡجَٰهِلِيَّةِ يَبۡغُونَۚ وَمَنۡ أَحۡسَنُ مِنَ ٱللَّهِ حُكۡمٗا لِّقَوۡمٖ يُوقِنُونَ [٥٠]
តើពួកគេស្វែងរកច្បាប់របស់ពួកអវិជ្ជាឬ? ហើយគ្មានច្បាប់ណាដែលប្រសើរជាងច្បាប់ដែលមកពីអល់ឡោះជាម្ចាស់នោះទេចំពោះក្រុមដែលជឿជាក់។
ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំយកពួកយូដានិងពួកគ្រឺស្ទានធ្វើជាអ្នកគាំពារឱ្យសោះ។ ពួកគេគឺជាអ្នកគាំពារគ្នាទៅវិញទៅមក។ ហើយជនណាក្នុងចំណោមពួកអ្នកដែលយកពួកគេធ្វើជាអ្នកគាំពារនោះ ពិតណាស់ រូបគេស្ថិតក្នុងក្រុមពួកគេហើយ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។
ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងឃើញពួក(ពុតត្បុត)ដែលក្នុងចិត្តរបស់ពួកគេមានជំងឺ ប្រញាប់រួសរាន់ក្នុងការចងសម្ព័ន្ធភាពជាមួយនឹងពួកគេ(ពួកយូដានិងពួកគ្រឹស្ទាន)ដោយពួកគេនិយាយថា៖ ពួកយើងខ្លាចទទួលរងប្រការអាក្រក់(ពីបណ្តាអ្នកមានជំនឿ)។ ជួនកាល អល់ឡោះអាចនាំមកនូវជ័យជម្នះ ឬបទបញ្ជាណាមួយមកពីទ្រង់ក៏ថាបាន។ ពេលនោះ ពួកគេនឹងក្លាយទៅជាអ្នកដែលមានវិប្បដិសារីចំពោះអ្វីដែលពួកគេបានលាក់បាំងក្នុងខ្លួនរបស់ពួកគេ(នៃភាពពុតត្បត)ជាមិនខាន ។
ហើយបណ្តាអ្នកដែលមានជំនឿបាននិយាយថា៖ តើពួកទាំងនោះឬដែលបានស្បថនឹងអល់ឡោះយ៉ាងម៉ឺងម៉ាត់ថា ពិតណាស់ពួកគេនឹងនៅជាមួយពួកអ្នកនោះ? ទង្វើ(កុសល)ទាំងឡាយរបស់ពួកគេបានក្លាយជាអសារបង់ ហើយពួកគេក៏ក្លាយទៅជាពួកដែលខាតបង់។
ឱបណ្តាអ្នកដែលមានជំនឿ! ជនណាក្នុងចំណោមពួកអ្នកដែលបោះបង់សាសនារបស់ខ្លួន(ត្រឡប់ទៅរកភាពគ្មានជំនឿវិញ)នោះ ពិតណាស់អល់ឡោះនឹងនាំមកនូវក្រុមមួយផ្សេងទៀតដែលទ្រង់ស្រលាញ់ពួកគេ ហើយពួកគេក៏ស្រលាញ់ទ្រង់វិញដែរ។ ពួកគេមានភាពទន់ភ្លន់ចំពោះបណ្តាអ្នកដែលមានជំនឿ ហើយតឹងរឹងចំពោះពួកដែលគ្មានជំនឿ។ ពួកគេតស៊ូក្នុងមាគ៌ារបស់អល់ឡោះ ហើយពួកគេមិនខ្លាចការស្តីបន្ទោសពីនរណាម្នាក់ឡើយ។ ទាំងនោះ គឺជាការប្រោសប្រទានរបស់អល់ឡោះដែលទ្រង់ប្រទានវាដល់ជនណាដែលទ្រង់មានចេតនា ។ ហើយអល់ឡោះមហាវិសេសវិសាល មហាដឹងបំផុត។
តាមពិតអ្នកគាំពាររបស់ពួកអ្នក គឺអល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងបណ្តាអ្នកមានជំនឿដែលប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយពួកគេជាអ្នកឱនលំទោន(ចំពោះអល់ឡោះ)។
ហើយជនណាដែលយកអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងបណ្តាអ្នកដែលមានជំនឿទាំងឡាយធ្វើជាអ្នកគាំពារ ជាការពិតណាស់ ក្រុមរបស់អល់ឡោះនោះ ពួកគេគឺជាអ្នកដែលទទួលជោគជ័យ។
ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំយកពួកដែលយកសាសនារបស់ពួកអ្នក(សាសនាអ៊ីស្លាម)ជាការសើចចំអកនិងលេងសើចក្នុងចំណោមពួកដែលគេបានផ្តល់គម្ពីរឱ្យមុនពួកអ្នក(ពួកយូដា និងពួកគ្រឹស្ទាន) និងពួកគ្មានជំនឿទាំងនោះធ្វើជាអ្នកគាំពារឱ្យសោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ ប្រសិនបើពួកអ្នក គឺជាអ្នកដែលមានជំនឿមែននោះ។
ហើយនៅពេលដែលពួកអ្នកអំពាវនាវទៅកាន់ការសឡាត ពួកគេក៏យកវាជាការសើចចំអក និងលេងសើចដែរ។ នោះគឺដោយសារតែពួកគេជាពួកដែលមិនចេះគិតពិចារណា។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ឱពួកអះលីគីតាប! តើពួកអ្នកចងគំនុំនឹងពួកយើងនេះ គឺគ្មានអ្វីក្រៅពី(ដោយសារតែ)ពួកយើងមានជំនឿចំពោះអល់ឡោះ (មានជំនឿ)ចំពោះអ្វីដែលទ្រង់បានបញ្ចុះមកឱ្យពួកយើង និងអ្វីដែលទ្រង់បានបញ្ចុះទៅឱ្យអ្នកជំនាន់មុន ហើយនិង(ការដែលពួកយើងជំនឿថា)ភាគច្រើននៃពួកអ្នក គឺជាពួកដែលប្រព្រឹត្តល្មើសនោះឬ?
ចូរអ្នកពោលថា៖ តើចង់ឱ្យខ្ញុំប្រាប់ពួកអ្នកពីអ្នកដែលអាក្រក់ជាងនោះទៅទៀតនៅចំពោះអល់ឡោះដែរឬទេ? គឺអ្នកដែលអល់ឡោះបានដាក់បណ្តាសាដល់រូបគេ និងខឹងសម្បាចំពោះរូបគេ ព្រមទាំងធ្វើឱ្យរូបរាងរបស់ពួកគេក្លាយទៅជាសត្វស្វា សត្វជ្រូក និងជាអ្នកគោរពសក្ការៈចំពោះតហ្គូត។ ពួកទាំងនោះហើយ គឺជាពួកដែលស្ថិតនៅកន្លែងដ៏អាក្រក់បំផុត និងវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ។
ហើយនៅពេលដែលពួកគេ(ពួកអះលីគីតាប)បានមកជួបពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ) ពួកគេនិយាយថា៖ ពួកយើងមានជំនឿហើយ។ តែធាតុពិតនៅពេលដែលពួកគេចូលមកគឺស្តិតក្នុងភាពគ្មានជំនឿ និងនៅពេលដែលពួកគេចេញទៅវិញ ក៏ដូចគ្នាដែរ។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេលាក់បាំង។
ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងឃើញភាគច្រើននៃពួកគេ គឺរួសរាន់ក្នុងការប្រព្រឹត្តបាបកម្ម ការបង្កភាពជាសត្រូវ និងសុីទ្រព្យសម្បត្តិដែលគេហាមឃាត់។ អ្វីដែលពួកគេបានប្រព្រឹត្តគឺអាក្រក់បំផុត។
ហេតុអ្វីបានជាពួកមេដឹកនាំ និងពួកដែលមានចំណេះដឹងជ្រៅជ្រះរបស់ពួកគេមិនហាមឃាត់ពួកគេអំពីពាក្យសម្តីដែលមានបាបកម្ម (ភូតកុហក ធ្វើសាក្សីបោកប្រាស់) និងសុីទ្រព្យសម្បត្តិដែលគេហាមឃាត់? អ្វីដែលពួកគេបានធ្វើ គឺពិតជាអាក្រក់បំផុត។
ហើយពួកយូដាបាននិយាយថា៖ ព្រះហស្តរបស់អល់ឡោះ គឺក្តាប់ជិត(កំណាញ់)។ (តាមពិត)ដៃរបស់ពួកគេទៅវិញទេដែលក្តាប់ជិតនោះ ហើយពួកគេត្រូវបានគេដាក់បណ្កាសាដោយសារតែពាក្យសម្តីបែបនេះ។ ផ្ទុយទៅវិញ ព្រះហស្តទាំងពីររបស់អល់ឡោះ គឺលា(បើកទូលាយ)។ ទ្រង់ប្រទាន(អ្វីមួយ)តាមតែទ្រង់មានចេតនា។ ហើយអ្វីដែលគេបញ្ចុះទៅឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះ គ្មានបានបន្ថែមអ្វីដល់ពួកគេក្រៅតែពីធ្វើឱ្យពួកគេរឹតតែបំពាន និងប្រឆាំងថែមទៀតនោះឡើយ។ ហើយយើងបានដាក់នូវភាពជាសត្រូវនឹងគ្នា និងការស្អប់ខ្ពើមគ្នារវាងពួកគេរហូតដល់ថ្ងៃបរលោក។ រាល់ពេលដែលពួកគេបញ្ឆេះភ្លើងសង្គ្រាម គឺអល់ឡោះទ្រង់ពន្លត់វាវិញ។ ហើយពួកគេព្យាយាមបង្កវិនាសកម្មនៅលើផែនដី។ ហើយអល់ឡោះទ្រង់មិនស្រលាញ់ពួកដែលបង្កវិនាសកម្មឡើយ។
ហើយប្រសិនបើពួកអះលីគីតាបមានជំនឿ និងកោតខ្លាចអល់ឡោះនោះ យើងប្រាកដជានឹងលុបបំបាត់នូវកំហុសឆ្គងទាំងឡាយរបស់ពួកគេចេញពីពួកគេ ហើយយើងនឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ណាអ៊ីមជាមិនខាន។
ហើយប្រសិនបើពួកគេប្រតិបត្តិតាមគម្ពីរតាវរ៉ត និងគម្ពីរអ៊ិញជីល ហើយនិងអ្វី(គម្ពីរគួរអាន)ដែលគេបានបញ្ចុះទៅឱ្យពួកគេពីព្រះជាម្ចាស់របស់ពួកគេនោះ យើងនឹងប្រទានដល់ពួកគេនូវលាភសក្ការៈ ពីខាងលើពួកគេ(តាមរយៈការបញ្ចុះទឹកភ្លៀង) និងពីខាងក្រោមពួកគេ(ធ្វើឱ្យរុក្ខជាតិនានាដុះនៅលើផែនដី)។ ក្នុងចំណោមពួកគេ មានអ្នកដែលប្រកាន់ជំហរកណ្តាល(ស្ថិតនៅលើការពិត)។ តែភាគច្រើននៃពួកគេ គឺអាក្រក់បំផុតនូវអ្វីពួកគេបានប្រព្រឹត្ត។
ឱអ្នកនាំសារ(មូហាំម៉ាត់)! ចូរអ្នកផ្សព្វផ្សាយ(ដល់មនុស្សលោក)នូវអ្វីដែលគេបានបញ្ចុះទៅកាន់អ្នកពីព្រះជាម្ចាស់របស់អ្នក។ ប្រសិនបើអ្នកមិនធ្វើទេនោះ គឺអ្នកមិនបានផ្សព្វផ្សាយសាររបស់ទ្រង់ឡើយ។ ហើយអល់ឡោះនឹងការពារអ្នកពីមនុស្សលោក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនចង្អុលបង្ហាញចំពោះក្រុមដែលគ្មានជំនឿឡើយ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱពួកអះលីគីតាប! ពួកអ្នកពុំមែនស្ថិតនៅលើអ្វីមួយ(សាសនាត្រឹមត្រូវ)ឡើយ លុះត្រាតែពួកអ្នកប្រតិបត្តិតាមគម្ពីរតាវរ៉ត និងគម្ពីរអ៊ិញជីល ហើយនិងអ្វី(គម្ពីរគួរអាន)ដែលគេបានបញ្ចុះទៅឱ្យពួកអ្នកពីព្រះជាម្ចាស់របស់ពួកអ្នក។ ហើយអ្វីដែលគេបញ្ចុះទៅឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះ គ្មានបានបន្ថែមអ្វីដល់ពួកគេក្រៅតែពីធ្វើឱ្យពួកគេរឹតតែបំពាន និងប្រឆាំងថែមទៀតនោះឡើយ។ ហេតុនេះ ចូរអ្នកកុំអស់សង្ឃឹមទៅលើក្រុមដែលប្រឆាំង។
ពិតប្រាកដណាស់ បណ្តាអ្នកដែលមានជំនឿ ពួកយូដា ពួកសពីអ៊ីន(ពួកគេគឺជាក្រុមមួយនៃអ្នកដែលដើរតាមបណ្តាព្យាការីមួយចំនួន) និងពួកគ្រឹស្ទាន ជនណាហើយដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ព្រមទាំងបានសាងទង្វើកុសលនោះ ពិតប្រាកដណាស់ ពួកគេមិនមានការភ័យខ្លាចអ្វីឡើយ ហើយពួកគេក៏មិនមានការព្រួយបារម្ភនោះដែរ។
ជាការពិតណាស់ យើងបានដាក់កិច្ចសន្យាទៅលើអម្បូរអ៊ីស្រាអែល ហើយយើងបានបញ្ជូនអ្នកនាំសារជាច្រើនទៅកាន់ពួកគេ។ រាល់ពេលដែលអ្នកនាំសារម្នាក់បានទៅដល់ពួកគេដោយនាំមកនូវអ្វីដែលមិនស្របតាមទំនើងចិត្តពួកគេ មួយចំនួននៃពួកគាត់(បណ្តាអ្នកនាំសារ)ត្រូវបានពួកគេបដិសេធ ហើយមួយចំនួនទៀត ត្រូវបានពួកគេសម្លាប់ចោល។
ហើយពួកគេ(ពួកអះលីគីតាប)គិតស្មានថា (អំពើល្មើសរបស់ពួកគេ) គ្មានផ្តល់គ្រោះថ្នាក់អ្វីដល់ពួកគេនោះឡើយ។ ដូចនេះ ពួកគេក៏ធ្វើខ្វាក់ ធ្វើថ្លង់(មិនទទួលយកការពិត)។ បន្ទាប់មក អល់ឡោះបានអភ័យទោសដល់ពួកគេ។ ក្រោយមក ភាគច្រើននៃពួកគេនៅតែធ្វើខ្វាក់ ធ្វើថ្លង់ដដែល។ ហើយអល់ឡោះមហាឃើញបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។
ពិតជាក្លាយជាពួកគ្មានជំនឿហើយអ្នកដែលនិយាយថា៖ អល់ឡោះជាម្ចាស់ គឺអាល់ម៉ាសៀហអ៊ីសា កូនប្រុសរបស់ម៉ារីយ៉ាំនោះ ខណៈដែលអាល់ម៉ាសៀហ(ខ្លួនឯង)បាននិយាយថា៖ ឱអម្បូរអ៊ីស្រាអែល! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះដែលជាព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់ពួកអ្នក។ ជាការពិត ជនណាហើយដែលបានធ្វើស្ហ៊ីរិក(ពហុទេពនិយម)នឹងអល់ឡោះនោះ អល់ឡោះជាម្វាស់ពិតជាបានដាក់បម្រាមលើរូបគេមិនឱ្យចូលឋានសួគ៌ ហើយកន្លែងស្នាក់អាស្រ័យរបស់គេ គឺនរកជើហាន់ណាំ។ ហើយសម្រាប់ពួកដែលបំពាន គឺគ្មានអ្នកជួយឡើយ។
ពិតជាក្លាយជាពួកគ្មានជំនឿហើយអ្នកដែលនិយាយថា៖ អល់ឡោះជាម្ចាស់ គឺជាព្រះត្រៃឯក។ តាមពិត គ្មានព្រះជាម្ចាស់ឯណាដែលគេត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីព្រះជាម្ចាស់តែមួយអង្គគត់នោះឡើយ។ ហើយប្រសិនបើពួកគេមិនព្រមបញ្ឈប់នូវអ្វីដែលពួកគេនិយាយទេនោះ អ្នកដែលប្រឆាំងក្នុងចំណោមពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុតជាមិនខាន។
តើពួកគេមិនព្រមសារភាពកំហុសចំពោះអល់ឡោះ និងសុំការអភ័យទោសពីទ្រង់ទៀតឬ? ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។
អាល់ម៉ាសៀហ កូនប្រុសរបស់ម៉ារីយ៉ាំ (យេស៊ូគ្រឹស្ទ បុត្រនាងម៉ារី) ពុំមែនជាអ្វីក្រៅពីជាអ្នកនាំសារម្នាក់ដូចដែលអ្នកនាំសារជាច្រើនបានកន្លងផុតទៅមុនគាត់នោះឡើយ ហើយម្តាយរបស់គាត់ គឺជាស្ត្រីដែលសច្ចៈត្រឹមត្រូវបំផុត។ អ្នកទាំងពីរចេះទទួលទានអាហារ(ដូចគេឯងដែរ)។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះថា តើយើងបានបង្ហាញភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើនដល់ពួកគេយ៉ាងដូចម្តេច? បន្ទាប់មក ចូរអ្នកពិនិត្យមើលទៀតចុះថា តើពួកគេងាកចេញពីការពិតយ៉ាងដូចម្តេច?
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើពួកអ្នកគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីអល់ឡោះដែលមិនអាចការពារពួកអ្នកពីគ្រោះថ្នាក់ និងមិនអាចផ្តល់ផលប្រយោជន៍នោះឬ? ហើយអល់ឡោះមហាឮ មហាដឹង។
ចូរអ្នកពោលថា៖ ចូរពួកអះលីគីតាប(ពួកគ្រឹស្ទាន)កុំជ្រុលនិយមក្នុងសាសនារបស់ពួកអ្នកខុសពីការពិតឲ្យសោះ ហើយចូរពួកអ្នកកុំដើរតាមទំនើងចិត្តរបស់ក្រុមមួយដែលបានវង្វេងកាលពីមុន ហើយពួកគេបានធ្វើឱ្យមនុស្សជាច្រើនវង្វេង និងពួកគេខ្លួនឯងក៏បានវង្វេងចេញពីមាគ៌ាត្រឹមត្រូវដែរ។
គេ(អល់ឡោះ)បានដាក់បណ្តាសាពួកដែលគ្មានជំនឿក្នុងចំណោមអម្បូរអ៊ីស្រាអែលនៅក្នុងគម្ពីរហ្សាពួររបស់ព្យាការីហ្ទាវូទ និងនៅក្នុងគម្ពីរអ៊ិញជីលរបស់ព្យាការីអុីសាកូនប្រុសម៉ារយ៉ាំ។ នោះគឺដោយសារតែអ្វីដែលពួកគេបានប្រឆាំង ហើយពួកគេបានបំពាន(លើបម្រាមរបស់អល់ឡោះ)។
ពួកគេមិនធ្លាប់បានហាមឃាត់គ្នាពីអំពើល្មើសដែលពួកគេបានប្រព្រឹត្តវានោះឡើយ។ អ្វីដែលពួកគេបានប្រព្រឹត្ត ពិតជាអាក្រក់បំផុត។
អ្នកនឹងឃើញភាគច្រើននៃពួកគេ(ពួកយូដា)យកពួកគ្មានជំនឿធ្វើជាអ្នកគាំពារ។ អ្វីដែលពួកគេបានធ្វើសម្រាប់ខ្លួនឯង ពិតជាអាក្រក់បំផុត ជាមូលហេតុដែលនាំឱ្យអល់ឡោះជាម្ចាស់ទ្រង់ខឹងសម្បាចំពោះពួកគេ ព្រមទាំងស្ថិតនៅក្នុងទណ្ឌកម្ម(ឋាននរក)ជារៀងរហូត។
ហើយប្រសិនបើពួកគេ(ពួកយូដា)មានជំនឿចំពោះអល់ឡោះ និងព្យាការីរបស់ទ្រង់ ព្រមទាំងមានជំនឿចំពោះអ្វីដែលទ្រង់បញ្ចុះទៅកាន់គាត់មែននោះ ពួកគេនឹងមិនយកពួកទាំងនោះធ្វើជាអ្នកគាំពារឡើយ។ ក៏ប៉ុន្តែ ភាគច្រើននៃពួកគេ គឺជាពួកដែលប្រព្រឹត្តល្មើស។
អ្នកពិតជានឹងជួបប្រទះមនុស្សដែលជាសត្រូវធំបំផុតចំពោះបណ្តាអ្នកដែលមានជំនឿ គឺពួកយូដា និងពួកដែលធ្វើស្ហ៊ីរិក(ពហុទេពនិយម)។ ហើយអ្នកក៏ពិតជានឹងជួបប្រទះផងដែរមនុស្សជំនិតនៃពួកគេមានចិត្តស្រលាញ់ចំពោះបណ្តាអ្នកដែលមានជំនឿ គឺបណ្តាអ្នកដែលនិយាយថា៖ “ជាការពិតណាស់ ពួកយើងគឺជាណាស៏រ៉”។ នោះគឺដោយសារតែក្នុងចំណោមពួកគេមានអ្នកដែលមានចំណេះដឹងជ្រៅជ្រះ(ផ្នែកសាសនា) និងជាអ្នកដែលគោរពសក្ការៈ(ចំពោះអល់ឡោះជាម្ចាស់តែមួយ)។ ហើយពិតប្រាកដណាស់ ពួកគេមិនក្រអឺតក្រទមឡើយ។
ហើយនៅពេលដែលពួកគេស្តាប់ឮនូវអ្វីដែលគេបានបញ្ចុះទៅកាន់អ្នកនាំសារ(មូហាំម៉ាត់) គឺអ្នកនឹងឃើញពួកគេយំសម្រក់ទឹកភ្នែកដោយសារតែអ្វីដែលពួកគេបានដឹងអំពីសេចក្តីពិត។ ពួកគេបានពោលថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! យើងខ្ញុំមានជំនឿហើយ។ ហេតុនេះ សូមព្រះអង្គមេត្តាកត់ត្រាពួកយើងបញ្ចួលជាមួយនឹងបណ្តាអ្នកដែលធ្វើសាក្សីផងចុះ ។
តើមានមូលហេតុអ្វីដែលរារាំងពួកយើងមិនឱ្យមានជំនឿលើអល់ឡោះនិងអ្វីដែលទ្រង់បានបញ្ចុះមកនៃសេចក្តីពិតនោះ? ហើយពួកយើងសង្ឃឹមថា ព្រះជាម្ចាស់របស់ពួកយើងនឹងបញ្ចូលពួកយើង(ទៅក្នុងឋានសួគ៌)ជាមួយនឹងបណ្តាអ្នកសាងកុសលទាំងឡាយ។
ដូចនេះ អល់ឡោះជាម្ចាស់ក៏បានតបស្នងផលបុណ្យដល់ពួកគេចំពោះអ្វីដែលពួកគេបាននិយាយនោះ នូវឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា ពួកគេស្ថិតនៅក្នុងវាជាអមតៈ។ នោះហើយគឺជាការតបស្នងចំពោះបណ្ដាអ្នកដែលសាងអំពើល្អ។
រីឯពួកដែលគ្មានជំនឿ និងបានបដិសេធចំពោះបណ្តាវាក្យខណ្ឌរបស់យើងវិញ ពួកទាំងនោះគឺជាពួកនរកជើហ៊ីម។
ឱបណ្ដាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកកុំដាក់បម្រាមនូវរបស់ល្អៗដែលអល់ឡោះបានអនុញ្ញាតដល់ពួកអ្នក និងមិនត្រូវបំពាន(ព្រំដែនរបស់អល់ឡោះ)ឡើយ។ ពិតប្រាកដណាស់ អល់ឡោះមិនស្រលាញ់ពួកដែលបំពានឡើយ។
ហើយចូរពួកអ្នកទទួលទាននូវអ្វីដែលអល់ឡោះបានប្រទានជាលាភសក្ការៈដល់ពួកអ្នកដែលគេអនុញ្ញាត(ហាឡាល់) និងស្អាតស្អំ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ ដែលទ្រង់នោះហើយជាអ្នកដែលពួកអ្នកត្រូវមានជំនឿ។
អល់ឡោះជាម្ចាស់ទ្រង់មិនយកទោសពៃរ៍ពួកអ្នកចំពោះពាក្យសម្បថដែលពួកអ្នកស្បថដោយអចេតនានោះឡើយ ប៉ុន្តែទ្រង់យកទោសពៃរ៍ពួកអ្នកចំពោះពាក្យសម្បថដែលកើតឡើងចេញពីការប្តេជ្ញាចិត្តរបស់ពួកអ្នក។ ដូចនេះ ការពិន័យចំពោះវា គឺត្រូវផ្តល់អាហារដល់អ្នកក្រីក្រចំនួនដប់នាក់នៃអាហារជាមធ្យមដែលពួកអ្នកផ្តល់ឲ្យក្រុមគ្រួសាររបស់ពួកអ្នកទទួលទាន ឬផ្តល់ជាសម្លៀកបំពាក់ដល់ពួកគេ ឬក៏ដោះលែងទាសីម្នាក់(ដែលមានជំនឿ)ឱ្យមានសេរីភាព។ តែប្រសិនបើគេគ្មានទេនោះ គឺត្រូវបួសចំនួនបីថ្ងៃ។ នោះគឺជាការដាក់ពិន័យជម្រុះសម្បថរបស់ពួកអ្នក(បណ្តាអ្នកដែលមានជំនឿ)នៅពេលដែលពួកអ្នកបានស្បថស្បែ(តែពួកអ្នកមិនបានធ្វើតាមពាក្យសម្បថនោះ)។ ហើយចូរពួកអ្នកការពារសម្បថរបស់ពួកអ្នក(មិនត្រូវសម្បថផ្តេសផ្តាស)។ ក៏ដូច្នោះដែរ អល់ឡោះទ្រង់បញ្ជាក់ប្រាប់ពួកអ្នកនូវបណ្តាច្បាប់បញ្ញាត្តិរបស់ទ្រង់ សង្ឃឹមថាពួកអ្នកនឹងដឹងគុណ។
ឱបណ្ដាអ្នកមានជំនឿ! ពិតប្រាកដណាស់ គ្រឿងស្រវឹង ល្បែងស៊ីសង រូបបដិមា និងព្រួញទស្សន៍ទាយ គឺជាអំពើកខ្វក់ដែលស្ថិតក្នុងទង្វើរបស់ស្ហៃតន។ ហេតុនេះ ចូរពួកអ្នកចៀសវាងឱ្យឆ្ងាយពីវា សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។
តាមពិតស្ហៃតនមានបំណងចង់បង្កនូវភាពជាសត្រូវ និងការស្អប់ខ្ពើមគ្នារវាងពួកអ្នកតាមរយៈ គ្រឿងស្រវឹងនិងល្បែងស៊ីសងនេះ ហើយរារាំងពួកអ្នកពីការរំឭកអល់ឡោះ និងការប្រតិបត្តិសឡាត។ ដូច្នេះ តើពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ជាអ្នកបោះបង់(អំពើអបាយមុខទាំងនេះ)ដែរឬទេ?
ហើយចូរពួកអ្នកគោរពប្រតិបត្តិតាមអល់ឡោះនិងគោរពប្រតិបត្តិតាមអ្នកនាំសារ ហើយត្រូវប្រុងប្រយ័ត្ន(ពីការប្រព្រឹត្តល្មើស)។ តែប្រសិនបើពួកអ្នកងាក់ចេញ ពួកអ្នកត្រូវដឹងថា តាមពិត កាតព្វកិច្ចលើអ្នកនាំសាររបស់យើងនោះ គឺការផ្សព្វផ្សាយដ៏ច្បាស់លាស់ប៉ុណ្ណោះ។
គ្មានទោសពៃរ៍នោះទេចំពោះបណ្ដាអ្នកដែលមានជំនឿនិងបានសាងទង្វើកុសលចំពោះអ្វី(ស្រា)ដែលពួកគេបានទទួលទាន(មុនពេលដែលវាត្រូវបានដាក់បម្រាម) កាលណាពួកគេបានកោតខ្លាចអល់ឡោះ និងមានជំនឿ ព្រមទាំងបានសាងទង្វើកុសលនោះ។ បន្ទាប់មក ពួកគេកោតខ្លាចអល់ឡោះ និងមានជំនឿ។ ក្រោយមកទៀត ពួកគេកោតខ្លាចអល់ឡោះ និងសាងអំពើល្អ។ ហើយអល់ឡោះទ្រង់ស្រលាញ់បណ្តាអ្នកដែលសាងអំពើល្អ។
ឱបណ្ដាអ្នកដែលមានជំនឿ! អល់ឡោះទ្រង់ពិតជានឹងសាកល្បងពួកអ្នកនឹងប្រការទាំងឡាយដែលជំរុញពួកអ្នកឱ្យធ្វើការបរបាញ់សត្វព្រៃ(ខណៈដែលពួកអ្នកស្ថិតក្នុងតំណមអៀហរ៉ម) ដោយពួកអ្នកចាប់វាដោយដៃរបស់ពួកអ្នក និងដោយប្រើលំពែង ដើម្បីអល់ឡោះទ្រង់ដឹងថា ជនណាដែលកោតខ្លាចទ្រង់ក្នុងពេលអាថ៌កំបាំង។ ដូចេ្នះ ជនណាដែលបានបំពានព្រំដែន(ច្បាប់)បន្ទាប់ពីនោះ សម្រាប់រូបគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។
ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំសម្លាប់សត្វប្រមាញ់ខណៈដែលពួកអ្នកស្ថិតក្នុងតំណមអៀហរ៉ម។ ជនណាហើយក្នុងចំណោមពួកអ្នកបានសម្លាប់វាដោយចេតនា ការពិន័យចំពោះទង្វើនោះ គឺត្រូវសំឡេះសត្វ(មួយផ្សេងទៀត)ដូចទៅនឹង(ប្រភេទ)សត្វដែលគេបានសម្លាប់នោះវិញ។ អ្នកដែលវិនិច្ឆ័យ(កាត់សេចក្តី)ក្នុងរឿងនេះ គឺបុរសពីរនាក់ដែលប្រកបដោយភាពយុត្ដិធម៌ក្នុងចំណោមពួកអ្នក។ ហើយអ្វីដែលបុរសទាំងពីរនាក់នេះបានវិនិច្ឆ័យ គឺគេត្រូវធ្វើដូចអ្វីដែលគេបានធ្វើចំពោះសត្វជំនូនដែរ ដោយត្រូវបញ្ជូនសត្វនោះទៅសំឡេះនៅឯកាក់ហ្ពះ(ទឹកដីម៉ាក្គះ) ឬទទួលការពិន័យជាអាហារចែកជូនដល់ជនក្រីក្រ ឬត្រូវបួសជំនួសឱ្យការផ្តល់អាហារ ដើម្បីឱ្យគេភ្លក់លទ្ធផលនៃការបំពានបម្រាមរបស់ខ្លួន។ អល់ឡោះជាម្ចាស់បានអធ្យាស្រ័យចំពោះអ្វីដែលបានកន្លងផុតទៅ(មុនពេលដែលបម្រាមនេះបានដាក់ចុះមក)។ ហើយជនណាដែលត្រឡប់ទៅប្រព្រឹត្តទង្វើនោះ(ក្រោយពីបម្រាមបានដាក់មកហើយនោះ) អល់ឡោះជាម្ចាស់នឹងផ្តន្ទាទោសចំពោះគេ។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងក្លា មហាខ្លាំងពូកែ។
គេបានអនុញ្ញាតដល់យពួកអ្នកអាចនេសាទសត្វក្នុងទឹក និងអ្វីដែលមាននៅក្នុងសមុទ្រ សម្រាប់ជាប្រយោជន៍ដល់ពួកអ្នក និងអ្នកដំណើរទាំងឡាយ។ ហើយគេហាមឃាត់ពួកអ្នកចំពោះការប្រមាញ់សត្វលើគោកដរាបណាពួកអ្នកកំពុងស្ថិតក្នុងតំណមអៀហរ៉ម។ ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដែលគេនឹងប្រមូលផ្តុំពួកអ្នកទៅកាន់ទ្រង់(នៅថ្ងៃបរលោក)។
អល់ឡោះជាម្ចាស់បានចាត់ទុកកាក់ហ្ពះដែលជាវិហារដ៏ពិសិដ្ឋ ខែបម្រាម សត្វជំនូន និងសត្វដែលគេបំពាក់ប្រឡៅក ជាការទ្រទ្រង់មួយសម្រាប់មនុស្សលោក នោះគឺដើម្បីឱ្យពួកអ្នកដឹងថា ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាដឹងបំផុតនូវអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីដែលមាននៅលើផែនដី។ ហើយពិតប្រាកដណាស់ អល់ឡោះទ្រង់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។
ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះជាអ្នកដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាបំផុត។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។
ពុំមានកាតព្វកិច្ចអ្វីទៅលើអ្នកនាំសារ ក្រៅពីការផ្សព្វផ្សាយ(សាររបស់អល់ឡោះ)នោះឡើយ។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកលាតត្រដាង និងអ្វីដែលពួកអ្នកលាក់បាំង។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រការអាក្រក់ និងប្រការល្អ គឺមិនស្មើគ្នាឡើយ សូម្បីតែប្រការអាក្រក់នោះមានច្រើនធ្វើឱ្យអ្នកចាប់អារម្មណ៍ក៏ដោយ។ ដូចេ្នះ ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះជាម្ចាស់ ឱបណ្តាអ្នកដែលមានវិចារណញ្ញាណទាំងឡាយ សង្ឃឹមថាពួកអ្នកនឹងទទួលជោគជ័យ។
ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំសួរដេញដោល(អ្នកនាំសារ)ពីរឿងរ៉ាវជាច្រើន(ដែលមិនចាំបាច់) ព្រោះថា ប្រសិនបើរឿងនោះត្រូវបានគេលាតត្រដាងឱ្យពួកអ្នកបានដឹងវិញនោះ វានឹងធ្វើឱ្យមានផលអាក្រក់ចំពោះពួកអ្នកជាមិនខាន។ តែប្រសិនបើពួកអ្នក(នៅតែ)សួរពីប្រការនោះ ខណៈដែលគម្ពីរគួរអានកំពុងត្រូវបានបញ្ចុះមក គេនឹងបញ្ជាក់ប្រាប់ពួកអ្នកជាមិនខាន។ អល់ឡោះបានអធ្យាស្រ័យដល់ពួកអ្នកចំពោះបញ្ហានោះ(បញ្ហាដែលគម្ពីរគួរអានមិនបានលើកឡើង)។ ហើយអល់ឡោះមហាអភ័យទោស មហាខន្តីបំផុត។
ជាការពិតណាស់ មានក្រុមមួយនៅជំនាន់មុនពួកអ្នក ពួកគេបានសួរដេញដោលបែបនេះដែរ។ ក្រោយមក ពួកគេក៏ក្លាយទៅជាពួកប្រឆាំងដោយសារតែមូលហេតុនោះ។
អល់ឡោះជាម្ចាស់មិនបានចាត់ទុកសត្វប៉ាហ៊ីរ៉ោះ សាអ៊ីហ្ពះ វ៉ាស៊ីឡះ និងហាមី(ថាជាសត្វដែលទ្រង់ហាមឃាត់ដូចដែលពួកមុស្ហរីគីនបានហាមឃាត់លើខ្លួនឯង)នោះឡើយ ក៏ប៉ុន្ដែពួកដែលគ្មានជំនឿទេដែលប្រឌិតរឿងភូតកុហកទៅលើអល់ឡោះជាម្ចាស់នោះ។ ហើយភាគច្រើននៃពួកគេ គឺមិនពិចារណាឡើយ។
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកមករកអ្វីដែលអល់ឡោះបានបញ្ចុះមក(គម្ពីរគួរអាន) និងមកកាន់អ្នកនាំសារ(ស៊ុណ្ណះ) ពួកគេឆ្លើយថា៖ គ្រប់គ្រាន់ហើយសម្រាប់ពួកយើងចំពោះអ្វីដែលពួកយើងបានឃើញដូនតារបស់ពួកយើង(បន្យល់ទុក)។ តើសូម្បីតែដូនតារបស់ពួកគេមិនចេះដឹងអ្វីទាល់តែសោះ ហើយក៏មិនទទួលបានការចង្អុលបង្ហាញ(ក៏ពួកគេនៅតែធ្វើតាមដែរឬ?)។
ឱបណ្ដាអ្នកដែលមានជំនឿ! ពួកអ្នកត្រូវទទួលខុសត្រូវចំពោះខ្លួនឯង។ ជនដែលវងេ្វងមិនអាចបង្កគ្រោះថ្នាក់ដល់ពួកអ្នកនោះឡើយនៅពេលដែលពួកអ្នកទទួលបានការចង្អុលបង្ហាញហើយនោះ។ កន្លែងវិលត្រលប់របស់ពួកអ្នកទាំងអស់គ្នា គឺទៅកាន់អល់ឡោះជាម្ចាស់(តែមួយគត់នៅថ្ងៃបរលោក)។ ពេលនោះ ទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។
ឱបណ្ដាអ្នកដែលមានជំនឿ! កាលណាសេចក្តីស្លាប់បានខិតជិតមកដល់នរណាម្នាក់ក្នុងចំណោមពួកអ្នក ចូរឱ្យគេរកមនុស្សពីរនាក់ដែលយុត្តិធម៌ក្នុងចំណោមពួកអ្នក(អ្នកមូស្លីម) ឬអ្នកផ្សេងក្រៅពីពួកអ្នក(អ្នកមិនមែនមូស្លីម)ឱ្យធ្វើសាក្សីនៅពេលធ្វើពាក្យបណ្តាំ ប្រសិនបើពួកអ្នកស្ថិតក្នុងការធ្វើដំណើរ ហើយគ្រោះមរណៈបានមកដល់ពួកអ្នក។ ចូរពួកអ្នកឃាត់គេទាំងពីរទុកសិនបន្ទាប់ពីសឡាតណាមួយ ប្រសិនបើពួកអ្នកមានការសង្ស័យ(ចំពោះការធ្វើសាក្សីរបស់គេទាំងពីរ) រួចឱ្យពួកគេទាំងពីរស្បថចំពោះអល់ឡោះជាម្ចាស់ថា៖ ពួកយើងមិនយកពាក្យសម្បថនេះទៅដោះដូរនឹងកម្រៃណាមួយឡើយ ទោះបីជាសាច់ញាតិក៏ដោយ ហើយពួកយើងក៏មិនលាក់បាំងការធ្វើសាក្សីរបស់អល់ឡោះនោះដែរ។ ពិតណាស់ ប្រសិនបើពួកយើងធ្វើដូចេ្នះ នោះពួកយើងនឹងស្ថិតក្នុងចំណោមអ្នកដែលសាងបាបកម្មជាមិនខាន។
ក្រោយមកប្រសិនបើគេរកឃើញថា គេទាំងពីរសាកសម្យនឹងទទួលបាបកម្ម(ភូតកុហកនៅក្នុងការធ្វើសាក្សី និងការស្បថ) ដូចេ្នះ ចូរឱ្យគេរកសាក្សីពីរនាក់ទៀតមកជំនួសវិញ ដែលជាសាច់ញាតិជិតបំផុតរបស់អ្នកស្លាប់ រួចឱ្យគេទាំងពីរស្បថនឹងអល់ឡោះជាម្ចាស់ថា៖ ការធ្វើសាក្សីរបស់ពួកយើង គឺត្រឹមត្រូវជាងការធ្វើសាក្សីរបស់គេទាំងពីរ(សាក្សីមុន) ហើយពួកយើងមិនបំពានសម្បថនោះទេ។ ពិតណាស់ ប្រសិនបើពួកយើងធ្វើដូចេ្នះ នោះពួកយើងនឹងស្ថិតក្នុងចំណោមអ្នកដែលបំពានជាមិនខាន។
ការធ្វើដូច្នោះគឺកៀកបំផុតក្នុងការធ្វើឱ្យពួកគេធ្វើសាក្សីឱ្យបានត្រឹមត្រូវ ឬធ្វើឱ្យពួកគេខ្លាចគេច្រានចោលពាក្យសម្បថ(របស់ខ្លួន)នេះ បន្ទាប់ពីពួកគេបានស្បថរួច។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ និងស្តាប់បង្គាប់ទ្រង់។ ហើយអល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលប្រព្រឹត្តល្មើសឡើយ។
នៅថ្ងៃដែលអល់ឡោះជាម្ចាស់នឹងប្រមូលផ្តុំអ្នកនាំសារទាំងឡាយ រួចទ្រង់បានមានបន្ទូលថា៖ តើពួកអ្នកត្រូវបានពួកគេ(ប្រជាជាតិរបស់ពួកអ្នក)ឆ្លើយតបយ៉ាងដូចម្តេចខ្លះ? ពួកគាត់បានឆ្លើយថា៖ ពួកយើងមិនបានដឹងអ្វីឡើយ។ ជាការពិតណាស់ ព្រះអង្គតែមួយគត់ដែលជាអ្នកដឹងនូវប្រការអាថ៌កំបាំងទាំងឡាយ។
ហើយចូរអ្នកនឹកឃើញ នៅពេលដែលអល់ឡោះបានមានបន្ទូលថា៖ ឱអ៊ីសា កូនប្រុសរបស់ម៉ារីយ៉ាំ! ចូរអ្នកនឹកឃើញនូវឧបការគុណរបស់យើងដែលបានប្រទានដល់អ្នក និងម្តាយរបស់អ្នក ខណៈដែលយើងបានពង្រឹងអ្នកតាមរយៈម៉ាឡាអ៊ីកាត់ជីព្រីល ដោយឱ្យអ្នកអាចនិយាយទៅកាន់មនុស្សតាំងពី(នៅជាទារក)នៅក្នុងអង្រឹង និងទាំងពេលដែលអ្នកមានវ័យចំណាស់។ ហើយ(ចូរអ្នកនឹកឃើញ)ខណៈដែលយើងបានបង្រៀនអក្សរ គតិបណ្ឌិត គម្ពីរតាវរ៉ត និងគម្ពីរអ៊ិញជីលដល់អ្នក។ ហើយ(ចូរអ្នកនឹកឃើញ) ខណៈដែលអ្នកសូនដីឥដ្ឋធ្វើដូចជារូបបក្សី ដោយការអនុញ្ញាតពីយើង រួចមកអ្នកក៏ផ្លុំទៅក្នុងវា ហើយវាក៏ក្លាយទៅជាបក្សីមួយក្បាលដោយការអនុញ្ញាតពីយើង។ ហើយអ្នកអាចព្យាបាលជនពិការភ្នែកពីកំណើត និងអ្នកមានជំងឺឃ្លង់(ឱ្យជាសះស្បើយ)ដោយការអនុញ្ញាតពីយើង។ ហើយអ្នកអាចប្រោសអ្នកស្លាប់ឱ្យរស់ឡើងវិញដោយការអនុញ្ញាតពីយើង។ ហើយ(ចូរអ្នកនឹកឃើញ)ខណៈដែលយើងបានរារាំងអម្បូរអ៊ីស្រាអែលពី(ការប៉ុនប៉ងសម្លាប់)អ្នក នៅពេលដែលអ្នកបាននាំមកឱ្យពួកគេនូវសញ្ញាភស្តុតាងជាច្រើនដ៏ច្បាស់លាស់។ ប៉ុន្តែពួកគ្មានជំនឿក្នុងចំណោមពួកគេបែរជានិយាយថា៖ នេះគ្មានអ្វីក្រៅពីជាមន្តអាគមយ៉ាងច្បាស់លាស់ទៅវិញ។
ហើយ(ចូរអ្នកនឹកឃើញ) ខណៈដែលយើងបានបញ្ជូនសារទៅកាន់ពួកហាវ៉ារីយូន(សាវ័កព្យាការីអ៊ីសា)ថា៖ ចូរពួកអ្នកមានជំនឿចំពោះយើង និង(មានជំនឿ)ចំពោះអ្នកនាំសាររបស់យើង ពួកគេក៏បានពោលថា៖ ពួកយើងមានជំនឿហើយ ហើយសូមព្រះអង្គមេត្ដាធ្វើសាក្សីថា ជាការពិតណាស់ ពួកយើងគឺជាអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)។
(ចូរអ្នកនឹកឃើញ)នៅពេលដែលពួកហាវ៉ារីយូនបាននិយាយថា៖ ឱអីសា កូនប្រុសរបស់ម៉ារយ៉ាំ! តើព្រះជាម្ចាស់របស់អ្នកអាចបញ្ចុះមកឱ្យពួកយើងនូវតុអាហារមួយពីលើមេឃបានដែរឬទេ? គាត់បានតបថា៖ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿមែននោះ។
ពួកគេបានតបថា៖ ពួកយើងចង់ទទួលទានអំពីអាហារនោះ និងដើម្បីឱ្យចិត្ដរបស់ពួកយើងមានភាពនឹងនរ ហើយនិងដើម្បីឱ្យពួកយើងដឹងថា អ្នកពិតជាអ្នកស្មោះត្រង់ចំពោះពួកយើងពិតមែន។ ហើយពួកយើងនឹងស្ថិតក្នុងចំណោមអ្នកធ្វើសាក្សីលើរឿងនេះ។
ព្យាការីអ៊ីសា កូនប្រុសរបស់ម៉ារយ៉ាំក៏បានបួងសួងថា៖ បរពិត្រអល់ឡោះជាព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្ដាបញ្ចុះតុអាហារមួយពីលើមេឃមកឱ្យយើងខ្ញុំ ដើម្បីធ្វើជាថ្ងៃបុណ្យរបស់យើងខ្ញុំ និងសម្រាប់ជំនាន់យើងខ្ញុំ ក៏ដូចជាអ្នកជំនាន់ក្រោយ ព្រមទាំងដើម្បីជាសញ្ញាភស្តុតាងមួយពីព្រះអង្គ។ សូមព្រះអង្គមេត្តាប្រទានលាភសក្ការៈដល់យើងខ្ញុំផង។ ហើយព្រះអង្គ ជាអ្នកប្រទានលាភសក្ការៈដ៏ប្រសើរបំផុត។
អល់ឡោះទ្រង់បានមានបន្ទូលថា៖ ពិតប្រាកដណាស់ យើងជាអ្នកបញ្ចុះវា(តុអាហារ)ទៅឱ្យពួកអ្នក។ ដូច្នេះ ជនណាហើយក្នុងចំណោមពួកអ្នកដែលគ្មានជំនឿបន្ទាប់ពីនោះ ជាការពិតណាស់ យើងនឹងដាក់ទណ្ឌកម្មរូបគេនូវទណ្ឌកម្មមួយ(ដ៏ធ្ងន់ធ្ងរបំផុត)ដែលយើងមិនធ្លាប់បានដាក់វាទៅលើនរណាម្នាក់នៃពិភពទាំងឡាយឡើយ។
ហើយ(ចូរអ្នកនឹកឃើញ) ខណៈដែលអល់ឡោះជាម្ចាស់ទ្រង់សួរថា៖ ឱអ៊ីសា កូនប្រុសរបស់ម៉ារយ៉ាំ! តើអ្នកឬដែលបាននិយាយទៅកាន់មនុស្សលោកថា៖ ចូរពួកអ្នកយកខ្ញុំ និងម្ដាយរបស់ខ្ញុំធ្វើជាព្រះជាម្ចាស់ក្រៅពីអល់ឡោះនោះ? គាត់បានឆ្លើយថា៖ ព្រះអង្គមហាស្អាតស្អំ! មិនគប្បីឡើយសម្រាប់ខ្ញុំក្នុងការនិយាយនូវអ្វីដែលពុំមែនជាការពិតសោះនោះ។ ប្រសិនបើខ្ញុំបាននិយាយបែបនេះមែន ប្រាកដជាព្រះអង្គបានដឹងជាមិនខាន។ ព្រះអង្គដឹង(ទាំងអស់)នូវអ្វីដែលមាននៅក្នុងខ្លួនរបស់ខ្ញុំ តែខ្ញុំមិនដឹងនូវអ្វីដែលមាននៅក្នុងខ្លួនព្រះអង្គឡើយ។ ជាការពិតណាស់ ព្រះអង្គតែមួយគត់ដែលជាអ្នកដឹងនូវប្រការអាថ៌កំបាំងទាំងឡាយ។
ខ្ញុំមិនបាននិយាយទៅកាន់ពួកគេក្រៅតែពីអ្វីដែលទ្រង់បានប្រើខ្ញុំនោះទេ គឺចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)ដែលជាព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់ពួកអ្នក។ ហើយខ្ញុំជាអ្នកធ្វើសាក្សីលើពួកគេ ដរាបណាខ្ញុំមានវត្តមាននៅក្នុងចំណោមពួកគេ។ តែនៅពេលដែលព្រះអង្គបានឲ្យខ្ញុំស្លាប់(លើកខ្ញុំយកទៅលើមេឃ) គឺព្រះអង្គជាអ្នកឃ្លាំមើលទៅលើពួកគេ។ ហើយព្រះអង្គទ្រង់ជាសាក្សីលើអ្វីៗទាំងអស់។
ប្រសិនបើព្រះអង្គដាក់ទណ្ឌកម្មពួកគេ ពិតប្រាកដណាស់ ពួកគេគឺជាខ្ញុំបម្រើរបស់ព្រះអង្គ។ តែប្រសិនបើព្រះអង្គអភ័យទោសឱ្យពួកគេ ពិតប្រាកដណាស់ ព្រះអង្គគឺជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
អល់ឡោះបានមានបន្ទូលថា៖ នេះគឺជាថ្ងៃដែលបណ្តាអ្នកដែលសច្ចៈទាំងឡាយទទួលបានប្រយោជន៍ពីភាពសច្ចៈរបស់ពួកគេ សម្រាប់ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ អល់ឡោះបានពេញចិត្តចំពោះពួកគេ ហើយពួកគេក៏បានពេញចិត្តចំពោះទ្រង់វិញដែរ។ នោះហើយ គឺជាជោគជ័យដ៏ធំធេងបំផុត។
ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី និងអ្វីដែលមាននៅក្នុងវា គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។