The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe Star [An-Najm] - Khmer translation - Rowwad Translation Center
Surah The Star [An-Najm] Ayah 62 Location Maccah Number 53
(អល់ឡោះ)ស្បថនឹងផ្កាយនៅពេលដែលវាលិចបាត់។
មិត្តភក្តិរបស់ពួកអ្នក(ព្យាការីមូហាំម៉ាត់)មិនបានវង្វេង និងមិនបានភ័ន្តច្រឡំឡើយ។
ហើយគាត់ក៏មិននិយាយអ្វីតាមទំនើងចិត្តនោះដែរ។
វា(គម្ពីរគួរអាន និងស៊ុណ្ណះ)គ្មានអ្វីក្រៅពីវ៉ាហ៊ីដែលគេបានវ៉ាហ៊ីទៅកាន់គាត់នោះឡើយ។
អ្នកដែលមានកម្លាំងខ្លាំងក្លា(ម៉ាឡាអ៊ីកាត់ជីព្រីល)បានបង្រៀនដល់គាត់។
ជាអ្នកដែលមានរូបរាងស្រស់ស្អាត ហើយគេបានបង្ហាញ(រូបរាងពិតរបស់ខ្លួន)
ខណៈដែលគេនៅឯជើងមេឃដ៏ខ្ពស់។
បន្ទាប់មក គេបានខិតទៅជិតគាត់ ហើយកាន់តែខិតជិតទៅៗ
ដែល(គម្លាតនេះ)មានប្រវែងរវាងចុងធ្នូទាំងពីរ ឬជិតជាងនេះ។
ហើយទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់ខ្ញុំបម្រើរបស់ទ្រង់នូវអ្វីដែលទ្រង់បានផ្តល់ជាវ៉ាហ៊ី(តាមរយៈជីព្រីល)។
ចិត្តរបស់គាត់(ព្យាការីមូហាំម៉ាត់)មិនបានភូតកុហកចំពោះអ្វីដែលគាត់បានឃើញនោះឡើយ។
តើពួកអ្នក(ឱពួកមុស្ហរីគីន)បដិសេធចំពោះគាត់នូវអ្វីដែលគាត់បានឃើញឬ?
ហើយពិតប្រាកដណាស់ គាត់បានឃើញគេ(ជីព្រីល)ម្តងទៀត
នៅឯ “ស៊ិទរ៉តុលមុនតាហា”។
នៅទីនោះ គឺមានឋានសួគ៌ម៉ាក់វ៉ា។
នៅពេលដែល(កិច្ចការរបស់អល់ឡោះ)បានគ្របដណ្តប់ទៅលើស៊ិទរ៉តុលមុនតាហានូវអ្វីដែលបានគ្របដណ្តប់។
កែវភ្នែករបស់គាត់មិនបានងាករេ ហើយក៏មិនបានបំពាននោះដែរ។
ពិតប្រាកដណាស់ គាត់បានឃើញនូវសញ្ញាភស្តុតាងដ៏ធំធេងជាច្រើននៃព្រះជាម្ចាស់របស់គាត់។
តើពួកអ្នក(ឱពួកមុស្ហរីគីន)យល់យ៉ាងណាចំពោះបដិមា ឡាត និង អ៊ុហ្សា
ព្រមទាំងបដិមា ម៉ាណាត មួយទៀតដែលជាបដិមាទីបី?
តើកូនប្រុស គឺសម្រាប់ពួកអ្នក(ឱពួកមុស្ហរីគីន) រីឯកូនស្រី គឺសម្រាប់អល់ឡោះជាម្ចាស់ឬ?
នោះគឺជាការបែងចែកដ៏អយុត្តិធម៌បំផុត។
ពួកបដិមាទាំងនោះ គឺគ្រាន់តែជាឈ្មោះដែលពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឱ្យវាប៉ុណ្ណោះ ដោយអល់ឡោះជាម្ចាស់មិនបានបញ្ចុះភស្តុតាងណាមួយបញ្ជាក់ពីវាឡើយ។ ពួកគេគ្មានធ្វើតាមអ្វីក្រៅតែពីការស្មាន និងទំនើងចិត្ត(របស់ខ្លួន)ប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ការចង្អុលបង្ហាញពីព្រះជាម្ចាស់របស់ពួកគេបានមកដល់ពួកគេហើយ។
ឬមួយក៏មនុស្សលោកអាចទទួលបាននូវអ្វីដែលពួកគេប្រាថ្នា?
ជាការពិតណាស់ បរលោក និងលោកិយ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។
ហើយមានម៉ាឡាអ៊ីកាត់ជាច្រើននៅលើមេឃជាច្រើនជាន់ដែលការជួយអន្តរាគមន៍របស់ពួកគេ គឺគ្មានផ្តល់ជាប្រយោជន៍អ្វីបន្តិចណាឡើយ លើកលែងតែក្រោយពីទ្រង់បានអនុញ្ញាតសម្រាប់ជនណាដែលទ្រង់មានចេតនា ហើយទ្រង់យល់ព្រមប៉ុណ្ណោះ។
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក ពួកគេបានដាក់ឈ្មោះ(កំណត់ភេទ)ឱ្យពួកម៉ាឡាអ៊ីកាត់ថាជាភេទស្រី។
ហើយពួកគេគ្មានចំណេះដឹងអ្វីអំពីវានោះឡើយ។ ពួកគេគ្មានតាមអ្វីក្រៅតែពីការស្មានប៉ុណ្ណោះ ហើយពិតប្រាកដណាស់ ការស្មានមិនអាចផ្តល់ជាប្រយោជន៍ក្នុងការបញ្ជាក់ពីការពិតអ្វីបន្តិចបានឡើយ។
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ងាកចេញពីអ្នកដែលបែរចេញពីការរំឭករបស់យើង(គម្ពីរគួរអាន) ហើយគ្មានចង់បានអ្វីក្រៅតែពីជីវិតលោកិយប៉ុណ្ណោះនោះចុះ។
នោះគឺជាកម្រិតនៃចំណេះដឹងរបស់ពួកគេ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ដឹងបំផុតចំពោះជនណាដែលវង្វេងចេញពីមាគ៌ារបស់ទ្រង់ ហើយទ្រង់ក៏ដឹងបំផុតផងដែរចំពោះជនណាដែលទទួលបានការចង្អុលបង្ហាញ។
ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់) ដើម្បីទ្រង់នឹងតបស្នងដល់ពួកដែលសាងអំពើអាក្រក់នូវអ្វីដែលពួកគេបានប្រព្រឹត្ត និងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អនូវប្រការល្អ(ឋានសួគ៌)។
គឺបណ្តាអ្នកដែលចៀសឆ្ងាយពីបាបកម្មធំៗ និងអំពើអាក្រក់ លើកលែងតែបាបកម្មតូចតាចប៉ុណ្ណោះ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកជាអ្នកដែលអភ័យទោសដ៏ទូលំទូលាយបំផុត។ ទ្រង់ដឹងបំផុតចំពោះពួកអ្នក ខណៈដែលទ្រង់បានបង្កើតពួកអ្នកអំពីដី និងក្នុងខណៈដែលពួកអ្នកនៅជាគភ៌ក្នុងផ្ទៃម្តាយរបស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកុំលើកសរសើរខ្លួនឯងថាជាអ្នកស្អាតស្អំឱ្យសោះ។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតចំពោះជនណាដែលកោតខ្លាច(ចំពោះទ្រង់ពិតប្រាកដ)។
តើអ្នកឃើញដែរឬទេ អ្នកដែលបែរចេញ(ពីការគោរពប្រតិបត្តិអល់ឡោះ)
ហើយគេបានបរិច្ចាគ(ទ្រព្យ)បន្តិចបន្តួច ក្រោយមក គេក៏ឈប់វិញនោះ?
តើគេមានចំណេះដឹងពីប្រការអាថ៌កំបាំង ដោយគេបានឃើញ(ដោយផ្ទាល់ភ្នែក)ឬ?
ឬមួយក៏មិនមានគេប្រាប់រូបគេពីអ្វីដែលមាននៅក្នុងគម្ពីរស៊ូហ៊ុហ្វមូសា
និង(គម្ពីរស៊ូហ៊ុហ្វ)អ៊ីព្រហ៊ីមដែលគាត់បានបំពេញ(គ្រប់កាតព្វកិច្ច)ទេឬ?
ពិតណាស់ គ្មានបុគ្គលណាម្នាក់រ៉ាប់រងនូវបាបកម្មរបស់អ្នកដទៃឡើយ។
ហើយពិតប្រាកដណាស់ មនុស្សលោកក៏មិនបានទទួលបានអ្វីក្រៅតែពីអ្វីដែលខ្លួនបានខិតខំប្រឹងប្រែងនោះដែរ។
ហើយពិតប្រាកដណាស់ ការខិតខំប្រឹងប្រែងរបស់គេ ច្បាស់ជានឹងត្រូវបានគេបង្ហាញឱ្យឃើញ។
បន្ទាប់មក គេនឹងតបស្នងដល់រូបគេនូវការតបស្នងមួយយ៉ាងពេញលេញ។
ហើយជាការពិតណាស់ ទីបញ្ចប់ គឺឆ្ពោះទៅកាន់ព្រះជាម្ចាស់របស់អ្នក។
ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកធ្វើឱ្យសើចសប្បាយ និងធ្វើឱ្យយំសោក។
ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកដកជីវិត និងផ្តល់ជីវិត។
ហើយពិតណាស់ ទ្រង់បានបង្កើតឱ្យមានជាគូៗ ភេទប្រុស ភេទស្រី
ពីទឹកកាមមួយតំណក់កាលណាគេបញ្ចូលទៅក្នុងស្បូន។
ហើយពិតប្រាកដណាស់ ការបង្កើត(ពួកគេ)ម្តងទៀត គឺស្ថិតនៅលើទ្រង់។
ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកប្រទាននូវភាពមានបាន និងធ្វើឱ្យ(ពួកគេ)មានភាពស្កប់ស្កល់។
ហើយទ្រង់ជាព្រះជាម្ចាស់នៃផ្កាយ “អាស់ស្សៀករ៉”។
ហើយពិតប្រាកដណាស់ ទ្រង់បានបំផ្លាញក្រុមអាទដំបូង
ហើយនិងពួកសាមូទដោយទ្រង់មិនបានបន្សល់ទុក(នរណាម្នាក់)នោះឡើយ
ព្រមទាំង(បានបំផ្លាញ)ក្រុមរបស់ព្យាការីនួហកាលពីមុនផងដែរ។ ពិតប្រាកដណាស់ ពួកគេធ្លាប់ជាពួកដែលបំពាន និងរឹងរូសបំផុត។
ហើយចំពោះភូមិស្រុកក្រុមព្យាការីលូត ទ្រង់ក៏បានឲ្យវាវិនាសផងដែរ។
ហើយទ្រង់បានគ្របដណ្តប់ភូមិឋាននោះ(ដោយដុំថ្ម)នូវអ្វីដែលបានគ្របដណ្តប់។
ដូចនេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកដែលអ្នកមន្ទិលសង្ស័យនោះ?
នេះ(ព្យការីមូហាំម៉ាត់)គឺជាអ្នកដាស់តឿនព្រមានម្នាក់ក្នុងចំណោមអ្នកដាស់តឿនព្រមានមុនៗ។
ថ្ងៃបរលោកកាន់តែខិតជិតមកដល់ហើយ។
គ្មានអ្នកណាដែលអាចរារាំងវាបានក្រៅពីអល់ឡោះជាម្ចាស់នោះឡើយ។
ដូច្នេះ តើពួកអ្នកមានការងឿងឆ្ងល់ចំពោះគម្ពីរគួរអាននេះ
ហើយពួកអ្នកនាំគ្នាសើចចំអក(ចំពោះវា) និងមិនបានយំ
ខណៈដែលពួកអ្នកព្រងើយកន្តើយ(ងាកចេញអំពីវា)ឬ?
ហេតុនេះ ចូរពួកអ្នកស៊ូជោតចំពោះអល់ឡោះ និងគោរពសក្ការៈ(ចំពោះទ្រង់)។