عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

The Event, The Inevitable [Al-Waqia] - Khmer translation - Rowwad Translation Center

Surah The Event, The Inevitable [Al-Waqia] Ayah 96 Location Maccah Number 56

នៅពេលដែលថ្ងៃបរលោកកើតឡើង

ចំពោះការកើតឡើងរបស់វា គឺគ្មានអ្នកដែលបដិសេធទៀតឡើយ។

គេទម្លាក់(ពួកគ្មានជំនឿទៅក្នុងឋាននរក) និងលើកឋានៈ(បណ្តាអ្នកដែលមានជំនឿក្នុងឋានសួគ៌)។

នៅពេលដែលផែនដីត្រូវបានគេធ្វើឱ្យរង្គើយ៉ាងខ្លាំងបំផុត

ហើយភ្នំទាំងឡាយត្រូវបានគេបំបែកឱ្យបែកខ្ទេចខ្ទី

ពេលនោះ វាក៏ក្លាយជាធូលីដែលរសាត់តាមខ្យល់។

(នៅថ្ងៃនោះ) ពួកអ្នកត្រូវបានបែងចែកជាបីក្រុម ៖

ក្រុមខាងស្តាំ។ ខ្ពង់ខ្ពស់យ៉ាងណាទៅក្រុមខាងស្តាំនោះ!

និងក្រុមខាងឆ្វេង។ អាក្រក់យ៉ាងណាទៅក្រុមខាងឆ្វេងនោះ!

ហើយនិងក្រុមដែលរួសរាន់ក្នុងការសាងអំពើល្អ។

អ្នកទាំងនោះ គឺជាអ្នកដែល(មានឋានៈ)ជិតនឹងអល់ឡោះជាម្ចាស់

ដោយស្ថិតនៅក្នុងឋានសួគ៌ណាអ៊ីម។

មួយក្រុមធំ គឺមកពីប្រជាជាតិនេះ និងប្រជាជាតិជំនាន់មុនៗ។

ហើយភាគតិច គឺជាមនុស្សសម័យកាលចុងក្រោយ។

(ពួកគេ)នៅលើគ្រែធ្វើអំពីមាស

ដោយទម្រេតខ្លួននៅលើគ្រែទល់មុខគ្នា។

ហើយមានក្មេងៗដែលមានវ័យក្មេងជានិច្ចដើរជុំវិញ(ចាំបម្រើ)ពួកគេ

ដោយមានពែង កំសៀវ ហើយនិងកែវស្រាមកពីទន្លេដែលហូរ(ក្នុងឋានសួគ៌)។

វាមិនធ្វើឲ្យពួកគេឈឺក្បាល និងបាត់បង់សតិដោយសារវានោះឡើយ។

ហើយមានផ្លែឈើជាច្រើនដែលពួកគេអាចជ្រើសរើសបាន

និងសាច់បក្សីជាច្រើនតាមដែលពួកគេត្រូវការ

ព្រមទាំងស្រ្តីសួគ៌

ដែលប្រៀបដូចជាគជ់ខ្យងដែលត្រូវបានថែរក្សា(ទុកយ៉ាងល្អ)

ជាការតបស្នងចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។

ពួកគេមិនឮនូវពាក្យសម្តីដែលអាក្រក់ និងពាក្យសម្តីដែលនាំឱ្យមានបាបកម្មនៅក្នុងវានោះឡើយ។

មានតែពាក្យឲ្យសាឡាមគ្នាប៉ុណ្ណោះ។

ហើយក្រុមខាងស្តាំ។ ខ្ពង់ខ្ពស់យ៉ាងណាទៅក្រុមខាងស្តាំនោះ!

(ពួកគេ)នៅក្រោមដើមពុទ្រាដែលពុំមានបន្លា

ក្រោមដើមចេកដែលមានផ្លែត្រួតលើគ្នា

នៅក្រោមម្លប់ជាប់ជានិច្ច

ហើយមានទឹកហូរជាប់រហូត

និងមានផ្លែឈើជាច្រើន

ដែលមិនចេះអស់ និងមិនអាចរារាំង(ពីពួកគេ)នោះដែរ

ហើយនិងពូកដែលត្រូវបានគេលើក(ដាក់លើគ្រែ)។

ពិតប្រាកដណាស់ យើងបានបង្កើតពួកនាង(ស្រ្តីសួគ៌)នូវការបង្កើតមួយ(ខុសពីការបង្កើតធម្មតា)

ដោយយើងបានឱ្យពួកនាងនៅក្រមុំព្រហ្មចារីយ៍ជានិច្ច

ដែលស្រលាញ់តែស្វាមីរបស់ខ្លួនប៉ុណ្ណោះ និងមានអាយុស្មើៗគ្នា

សម្រាប់ក្រុមខាងស្តាំ។

ពួកគេជាក្រុមជាច្រើននៃប្រជាជាតិជំនាន់មុនៗ។

និងក្រុមជាច្រើននៃប្រជាជាតិជំនាន់ក្រោយផងដែរ។

រីឯក្រុមខាងឆ្វេង។ អាក្រក់យ៉ាងណាទៅក្រុមខាងឆ្វេងនោះ!

(ពួកគេ)ស្ថិតនៅក្រោមខ្យល់ដ៏សែនក្តៅបំផុត និងក្រោមទឹកដ៏សែនក្តៅបំផុត។

និងនៅក្រោមម្លប់នៃផ្សែងដ៏ខ្មៅងងឹត

ដែលវាមិនត្រជាក់ ហើយក៏មិនសុខស្រួលនោះដែរ។

ប្រាកដណាស់ កាលពីមុននេះ ពួកគេធ្លាប់ជាពួកដែលសោយសុខ(ក្នុងលោកិយ)។

ហើយពួកគេធ្លាប់ស្ថិតនៅលើការប្រព្រឹត្តអំពើបាបដ៏ធំធេង។

ហើយពួកគេធ្លាប់បាននិយាយថា៖ នៅពេលដែលពួកយើងស្លាប់ ហើយបានក្លាយជាដី និងឆ្អឹងហើយនោះ ពួកយើងនឹងត្រូវបានគេបង្កើតឱ្យរស់ឡើងវិញឬ?

ចុះជីដូនជីតារបស់ពួកយើងជំនាន់មុនៗនោះ?

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ ទាំងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយ

ពិតជានឹងត្រូវបានគេប្រមូលផ្តុំទៅកាន់ទីណាត់មួយនាថ្ងៃដែលត្រូវបានកំណត់។

បន្ទាប់មក ប្រាកដណាស់ពួកអ្នក ឱពួកវង្វេងដែលបដិសេធ

ប្រាកដជានឹងបានទទួលទានអំពីដើមហ្ស៊ឹកគូម

ហើយពួកអ្នកនឹងបំពេញពោះ(របស់ពួកអ្នក)នឹងផ្លែនោះ។

រួចមក ពួកអ្នកនឹងផឹកទឹកដ៏សែនក្តៅបំផុត

ដោយពួកអ្នកផឹក(យ៉ាងច្រើន)ដូចសត្វអូដ្ឋដែលស្រេកទឹក។

នេះហើយជាអ្វីដែលគេត្រៀមទទួលពួកគេនៅថ្ងៃបរលោក។

យើងបានបង្កើតពួកអ្នក។ ដូចនេះ ហេតុអ្វីបានជាពួកអ្នកមិនជឿជាក់?

តើពួកអ្នកឃើញដែរឬទេនូវទឹកកាមដែលពួកអ្នកបញ្ចូលទៅក្នុងស្បូនស្ត្រី

តើពួកអ្នកជាអ្នកដែលបានបង្កើតវា ឬមួយយើងជាអ្នកបង្កើតវា?

យើងបានកំណត់សេចក្តីស្លាប់រវាងពួកអ្នក។ ហើយយើងមិនមែនជាអ្នកដែលអសមត្ថភាពនោះទេ

លើការផ្លាស់ប្តូរក្រុមមួយផ្សេងទៀតដែលដូចពួកអ្នក ហើយបង្កើតពួកអ្នកក្នុងលក្ខណៈមួយដែលពួកអ្នកមិនបានដឹងនោះ។

ហើយពិតប្រាកដណាស់ ពួកអ្នកបានដឹងពីការបង្កើត(ពួកអ្នក)លើកដំបូងហើយ។ ដូច្នេះ ហេតុអ្វីបានជាពួកអ្នកមិនយកជាមេរៀន?

តើពួកអ្នកបានឃើញដែរឬទេនូវអ្វីដែលពួកអ្នកបានសាបព្រួសនោះ?

តើពួកអ្នកជាអ្នកបណ្តុះវា ឬមួយយើងជាអ្នកដែលបណ្តុះវា(ឱ្យដុះឡើង)?

ប្រសិនបើយើងមានចេតនា យើងពិតជានឹងធ្វើឱ្យវាក្រៀមស្វិត ហើយពួកអ្នកនឹងមានការភ្ញាក់ផ្អើល(ចំពោះអ្វីដែលបានកើតឡើង)ជាមិនខាន។

(ពួកអ្នកនឹងនិយាយថា៖) ប្រាកដណាស់ ពួកយើងត្រូវបានគេដាក់ទណ្ឌកម្ម។

ផ្ទុយទៅវិញ ពួកយើងត្រូវបានគេរារាំង(ពីលាភសក្ការៈ)។

តើពួកអ្នកបានឃើញដែរឬទេចំពោះទឹកដែលពួកអ្នកផឹកនោះ

តើពួកអ្នកជាអ្នកបញ្ចុះវា(ទឹកភ្លៀង)ពីដុំពពក ឬមួយក៏យើងជាអ្នកដែលបញ្ចុះវា?

ប្រសិនបើយើងមានចេតនា យើងប្រាកដជានឹងធ្វើឱ្យវាមានរសជាតិប្រៃខ្លាំងជាមិនខាន។ ដូច្នេះ ហេតុអ្វីបានជាពួកអ្នកមិនដឹងគុណ?

តើពួកអ្នកឃើញដែរឬទេចំពោះភ្លើងដែលពួកអ្នកបង្កាត់នោះ

តើពួកអ្នកជាអ្នកបង្កើតដើមឈើ(ដែលអាចយកមកបង្កាត់)វាបាន ឬមួយក៏យើងជាអ្នកដែលបង្កើតវា?

យើងបានបង្កើតវា(ភ្លើង)ជាការដាស់រំឭក និងជាប្រយោជន៍ដល់អ្នកដំណើរទាំងឡាយ។

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកតម្កើងនូវព្រះនាមនៃព្រះជាម្ចាស់របស់អ្នកដ៏មហាធំធេងចុះ។

(អល់ឡោះទ្រង់)ស្បថនឹងទីគោចររបស់ហ្វូងតារាទាំងឡាយ។

ហើយពិតប្រាកដណាស់ វាជាការស្បថដ៏ធំធេងមួយ ប្រសិនបើពួកអ្នកបានដឹង។

ពិតប្រាកដណាស់ វាជាគម្ពីរគួរអានដ៏ឧត្តុង្គឧត្តម

ដែលត្រូវបានរក្សាទុកនៅក្នុងគម្ពីរកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)។

គ្មានអ្នកណាអាចប៉ះពាល់វាបានឡើយ លើកលែងតែអ្នកដែលស្អាតស្អំប៉ុណ្ណោះ។

ជាការបញ្ចុះមកពីព្រះជាម្ចាស់នៃពិភពទាំងឡាយ ។

តើពួកអ្នក(ឱពួកមុស្ហរីគីន)បដិសេធនឹងគម្ពីរគួរអាននេះ

ហើយពួកអ្នកចាត់ទុក(ការដឹងគុណ)លាភសក្ការៈរបស់ពួកអ្នកដោយពួកអ្នកប្រឆាំងបែបនេះឬ?

ដូច្នេះ ហេតុអ្វីបានជានៅពេលដែល(ព្រលឹង)បានទៅដល់បំពង់ក

ខណៈដែលពេលនោះ ពួកអ្នកកំពុងតែសម្លឹងមើល(អ្នកជិតស្លាប់)

ហើយយើង គឺនៅជិតរូបគេជាងពួកអ្នកទៅទៀត ប៉ុន្តែពួកអ្នកមិនបានឃើញនោះឡើយ

ដូច្នេះ តើពួកអ្នកមានសមត្ថភាពដែរឬទេ ប្រសិនបើពួកអ្នកមិនត្រូវបានគេជំនុំជម្រះទេនោះ

ចូរពួកអ្នកឱ្យព្រលឹងនោះត្រលប់មកវិញមក ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ។

រីឯប្រសិនបើរូបគេស្ថិតក្នុងចំណោមអ្នកដែលមានឋានៈជិត(ចំពោះអល់ឡោះ)

គេនឹងទទួលបានក្តីមេត្តាករុណា និងភាពរីករាយ ហើយនិងឋានសួគ៌ណាអ៊ីម។

រីឯប្រសិនបើរូបគេស្ថិតក្នុងចំណោមក្រុមខាងស្តាំវិញ

(មានគេនិយាយទៅកាន់រូបគេថា៖) សូមសន្តិភាពកើតមានដល់អ្នកដោយបានស្ថិតក្នុងចំណោមក្រុមខាងស្តាំ។

ចំណែកឯប្រសិនបើរូបគេស្ថិតក្នុងចំណោមពួកបដិសេធដែលវង្វេងវិញនោះ

ពិតណាស់ គេត្រៀមទទួលរូបគេដោយទឹកដ៏សែនក្តៅបំផុត

ហើយនិងត្រូវបានគេដុតដោយភ្លើងនរកជើហ៊ីម។

ពិតប្រាកដណាស់ នេះគឺជាការពិតយ៉ាងជាក់ច្បាស់។

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកតម្កើងនូវព្រះនាមនៃព្រះជាម្ចាស់របស់អ្នកដ៏មហាធំធេងចុះ។