عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

The Iron [Al-Hadid] - Khmer translation - Rowwad Translation Center

Surah The Iron [Al-Hadid] Ayah 29 Location Madanah Number 57

អ្វីៗដែលនៅលើមេឃជាច្រើនជាន់និងផែនដីបានលើកតម្កើងចំពោះអល់ឡោះជាម្ចាស់។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ទ្រង់ផ្តល់ជីវិត និងដកយកជីវិត។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

ទ្រង់ជាអ្នកដំបូងគេបង្អស់ ជាអ្នកចុងក្រោយគេបង្អស់ ជាអ្នកខ្ពស់ជាងគេបង្អស់ ជាអ្នកជិតជាងគេបំផុត។ ហើយទ្រង់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។

ទ្រង់គឺជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក ទ្រង់នៅលើអារ៉ស្ហ។ ទ្រង់ដឹងនូវអ្វីដែលចូលទៅក្នុងដី និងអ្វីដែលចេញពីដី អ្វីដែលចុះមកពីលើមេឃ ហើយនិងអ្វីដែលឡើងទៅលើមេឃ។ ហើយទ្រង់នៅជាមួយពួកអ្នកទោះបីជាពួកអ្នកស្ថិតនៅទីណាក៏ដោយ។ ហើយទ្រង់មហាឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។

ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ ហើយកិច្ចការទាំងឡាយ នឹងត្រូវគេនាំត្រលប់ទៅកាន់ទ្រង់វិញ(តែមួយគត់)។

ទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃទៅក្នុងពេលយប់។ ហើយទ្រង់មហាដឹងបំផុតនូវអ្វីដែលនៅក្នុងដួងចិត្ត។

ចូរពួកអ្នកមានជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយចូរពួកអ្នកបរិច្ចាគអំពីអ្វីដែលអល់ឡោះបានប្រទានឱ្យពួកអ្នកគ្រប់គ្រងវា។ ដូច្នេះ ជនណាដែលមានជំនឿក្នុងចំណោមពួកអ្នក និងបានបរិច្ចាគ(ទ្រព្យសម្បត្តិរបស់ខ្លួន) សម្រាប់ពួកគេនឹងទទួលបាននូវផលបុណ្យដ៏ធំធេង។

តើមានអ្វីដែលរារាំងពួកអ្នកមិនឱ្យមានជំនឿចំពោះអល់ឡោះជាម្ចាស់ ខណៈដែលអ្នកនាំសារ(របស់ទ្រង់)កំពុងតែអំពាវនាវពួកអ្នកដើម្បីឲ្យពួកអ្នកមានជំនឿចំពោះព្រះជាម្ចាស់របស់ពួកអ្នកនោះ? ហើយពិតប្រាកដណាស់ ទ្រង់បានទទួលយកនូវកិច្ចសន្យាពីពួកអ្នករួចទៅហើយ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ។

ទ្រង់ជាអ្នកដែលបានបញ្ចុះមកឱ្យខ្ញុំបម្រើរបស់ទ្រង់(ព្យាការីមូហាំម៉ាត់)នូវសញ្ញាភស្តុតាងជាច្រើនដ៏ច្បាស់លាស់ដើម្បីបញ្ចេញពួកអ្នកពីភាពងងឹតទៅកាន់ពន្លឺ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមេត្តាករុណា មហាអាណិតស្រលាញ់បំផុតចំពោះពួកអ្នក។

ហើយតើមានអ្វីដែលរារាំងពួកអ្នកមិនឱ្យបរិច្ចាគ(ទ្រព្យសម្បត្តិ)ក្នុងមាគ៌ារបស់អល់ឡោះ ខណៈដែលមរតកនៃមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះនោះ? មិនស្មើគ្នាឡើយចំពោះពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ) អ្នកដែលបានបរិច្ចាគនិងបានប្រយុទ្ធមុនពេលរំដោះ(ទឹកដីម៉ាក្កះ) ហើយនិងអ្នកដែលបានបរិច្ចាគ និងបានប្រយុទ្ធបន្ទាប់ពីរំដោះ អ្នកទាំងនោះ មានឋានៈធំធេងជាងអ្នកដែលបានបរិច្ចាគ និងបានប្រយុទ្ធក្រោយពេលរំដោះ។ ហើយរាល់ក្រុមទាំងពីរ អល់ឡោះបានសន្យាផ្តល់នូវប្រការល្អ(ឋានសួគ៌)។ ហើយអល់ឡោះមហាដឹងបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ត។

ជនណាហើយដែលបានឲ្យអល់ឡោះខ្ចីនូវកម្ចីមួយដ៏ប្រសើរ ទ្រង់នឹងប្រទានទ្វេដងដល់រូបគេ ហើយសម្រាប់រូបគេនឹងទទួលបានផលបុណ្យដ៏ប្រពៃ(ឋានសួគ៌)។

នៅថ្ងៃដែលអ្នកនឹងឃើញបណ្តាអ្នកមានជំនឿប្រុសស្រី ពន្លឺរបស់ពួកគេភ្លឺចែងចាំងនៅខាងមុខពួកគេ និងនៅខាងស្តាំដៃពួកគេ។ (ហើយមានគេនិយាយទៅកាន់ពួកគេថា៖) ដំណឹងរីករាយរបស់ពួកអ្នកក្នុងថ្ងៃនេះ គឺ(ការចូល)ឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវាដោយពួកអ្នកស្ថិតនៅក្នុងវាជាអមតៈ។ នោះហើយ គឺជាជោគជ័យដ៏ធំធេង។

នៅថ្ងៃដែលពួកពុតត្បុតប្រុសស្រីបាននិយាយទៅកាន់បណ្តាអ្នកមានជំនឿថា៖ សូមពួកអ្នករង់ចាំពួកយើងផង ដើម្បីពួកយើងអាចទទួលបានពន្លឺខ្លះពីពួកអ្នក។ មានគេនិយាយ(ចំអក)ថា៖ ចូរពួកអ្នកត្រលប់ក្រោយវិញ ហើយស្វែងរកពន្លឺ(ដោយខ្លួនឯង)ចុះ។ ហើយនៅពេលនោះ គេបានញែករវាងពួកគេ(និងបណ្តាអ្នកមានជំនឿ)ដោយរបងមួយដែលមានទ្វារ។ នៅខាងក្នុងវា(ប៉ែកខាងអ្នកមានជំនឿ) គឺមានក្តីមេត្តាករុណា។ ចំណែកឯផ្នែកខាងក្រៅវាដែលនៅខាងពួកពុតត្បុត គឺមានទណ្ឌកម្ម។

ពួកទាំងនោះបានស្រែកហៅពួកគេ(បណ្តាអ្នកមានជំនឿ)ថា៖ តើពួកយើងមិនធ្លាប់ស្ថិតនៅជាមួយពួកអ្នកទេឬ? ពួកគេបានតបវិញថា៖ ពិតមែនហើយ ក៏ប៉ុន្តែពួកអ្នកបានបំផ្លាញខ្លួនឯង ហើយពួកអ្នករង់ចាំ(ឱ្យបណ្តាអ្នកមានជំនឿទទួលបរាជ័យ) ព្រមទាំងពួកអ្នកមានការសង្ស័យ ហើយក្តីស្រមៃរបស់ពួកអ្នកបានបោកប្រាស់ពួកអ្នក រហូតដល់កិច្ចការរបស់អល់ឡោះបានមកដល់។ ហើយ(ស្ហៃតន)បានបោកប្រាស់ពួកអ្នក(ឱ្យប្រាសចាកពី)អល់ឡោះ។

ដូច្នេះ នៅក្នុងថ្ងៃនេះ គេមិនទទួលយកការលោះពីពួកអ្នក និងពីពួកដែលប្រឆាំងនោះឡើយ។ ហើយកន្លែងស្នាក់អាស្រ័យរបស់ពួកអ្នក គឺឋាននរក។ វាគឺសក្ដិសមបំផុតសម្រាប់ពួកអ្នក។ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។

តើមិនទាន់ដល់ពេលទៀតឬសម្រាប់បណ្តាអ្នកដែលមានជំនឿដែលចិត្តរបស់ពួកគេទន់ភ្លន់ចំពោះការរំឭកទៅចំពោះអល់ឡោះ និងចំពោះសេចក្តីពិត(គម្ពីរគួរអាន)ដែលគេបានបញ្ចុះមក? ហើយកុំឱ្យពួកគេដូចទៅនឹងពួកដែលគេបានប្រទានគម្ពីរឲ្យកាលពីមុន(ពួកយូដានិងគ្រឹស្ទាន)ដោយពេលវេលាដ៏យូរអង្វែងបានអូសបន្លាយលើពួកគេធ្វើឱ្យចិត្តរបស់ពួកគេប្រែជារឹងរូស។ ហើយភាគច្រើននៃពួកគេ គឺជាពួកដែលប្រព្រឹត្តល្មើស។

ចូរពួកអ្នកជា្របចុះថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ធ្វើឱ្យដីមានជីជាតិឡើងវិញ ក្រោយពីវាស្ងួតហួតហែង។ ប្រាកដណាស់ យើងបានបញ្ជាក់ដល់ពួកអ្នកនូវសញ្ញាភស្តុតាងជាច្រើន សង្ឃឹមថា ពួកអ្នកចេះគិតពិចារណា។

ប្រាកដណាស់ បណ្តាអ្នកដែលបរិច្ចាគទាន ទាំងប្រុសទាំងស្រី និងបានឲ្យអល់ឡោះខ្ចីនូវកម្ចីមួយដ៏ប្រសើរ ទ្រង់នឹងប្រទានទ្វេដងដល់ពួកគេ ហើយសម្រាប់ពួកគេនឹងទទួលបានផលបុណ្យដ៏ប្រពៃ(ឋានសួគ៌)។

ហើយបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសារទាំងឡាយរបស់ទ្រង់ អ្នកទាំងនោះហើយគឺអ្នកសច្ចៈបំផុត។ ហើយបណ្តាអ្នកដែលពលីជីវិត(ក្នុងមាគ៌ាអល់ឡោះ) សម្រាប់ពួកគេនឹងទទួលបាននូវផលបុណ្យរបស់ពួកគេនៅឯព្រះជាម្ចាស់របស់ពួកគេ និងទទួលបានពន្លឺ(នៅថ្ងៃបរលោក)។ ហើយចំពោះពួកដែលគ្មានជំនឿ និងបានបដិសេធចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើង ពួកទាំងនោះ គឺជាពួកនរកជើហ៊ីម។

ចូរពួកអ្នកជ្រាបចុះថា តាមពិត ឆាកជីវិតលោកិយ គ្រាន់តែជាលេងសើច ជាការកំសាន្ត និងជាការតុបតែងលម្អ ហើយនិងជាការអួតអាងគ្នារវាងពួកអ្នក ព្រមទាំងជាការបង្កើននូវទ្រព្យសម្បត្តិ និងកូនចៅប៉ុណ្ណោះ ប្រៀបដូចជាទឹកភ្លៀងដែលធ្វើឱ្យអ្នកដាំដុះទាំងឡាយមានក្តីរំភើបចំពោះដំណាំរបស់ខ្លួន។ ក្រោយមក វាក៏ប្រែទៅជាស្វិតស្រពោន ហើយអ្នកនឹងឃើញវាប្រែជាពណ៌លឿង។ រួចមក វាក៏ក្លាយជាកម្ទេចកម្ទីទៅវិញ។ ហើយនៅថ្ងៃបរលោក គឺមានទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត ហើយនិងមានការអភ័យទោស និងការពេញចិត្តពីអល់ឡោះ។ ហើយឆាកជីវិតលោកិយ គ្មានអ្វីក្រៅពីភាពត្រេកត្រអាល បោកបញ្ឆោតនោះឡើយ។

ចូរពួកអ្នកប្រណាំងប្រជែងគ្នាទៅកាន់ការអភ័យទោសពីព្រោះជាម្ចាស់របស់ពួកអ្នក និងទៅកាន់ឋានសួគ៌ ដែលទទឹងរបស់វា ប្រៀបដូចជាទទឹងមេឃនិងផែនដីដែលគេបានត្រៀមទុកសម្រាប់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសារទាំងឡាយរបស់ទ្រង់។ នោះគឺជាការប្រោសប្រទានរបស់អល់ឡោះដែលទ្រង់ប្រទានវាចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះជាអ្នកដែលមានការប្រោសប្រទានដ៏ធំធេងបំផុត។

គ្មានគ្រោះណាមួយកើតមាននៅលើផែនដី ហើយក៏គ្មានគ្រោះណាមួយកើតមានក្នុងខ្លួនពួកអ្នកនោះឡើយ លើកលែងតែវាសុទ្ធតែ(ត្រូវបានគេកត់ត្រាទុក)នៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)មុនពេលដែលយើងបង្កើតវា។ ពិតប្រាកដណាស់ នោះគឺជារឿងងាយស្រួលបំផុតចំពោះអល់ឡោះ។

(ធ្វើដូច្នោះ) គឺដើម្បីកុំឱ្យពួកអ្នកមានទុក្ខព្រួយចំពោះអ្វីដែលបានបាត់បង់ពីពួកអ្នក និងដើម្បីកុំឱ្យពួកអ្នកសប្បាយហួសហេតុចំពោះអ្វីដែលទ្រង់បានប្រទានដល់ពួកអ្នក។ ហើយអល់ឡោះទ្រង់មិនស្រលាញ់រាល់ពួកដែលក្រអឺតក្រទម មានអំនួតក្អេងក្អាងឡើយ។

គឺពួកដែលកំណាញ់ និងបានប្រើមនុស្សលោកឱ្យកំណាញ់(ដូចខ្លួនដែរ)។ ជនណាហើយដែលងាកចេញ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ គឺជាអ្នកមហាមានលើសលប់ ជាទីកោតសរសើរបំផុត។

ពិតប្រាកដណាស់ យើងបានបញ្ជូនអ្នកនាំសារទាំងឡាយរបស់យើងដោយនាំមកនូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់។ ហើយយើងបានបញ្ចុះមកជាមួយពួកគេនូវគម្ពីរ និងជញ្ជីងយុត្តិធម៌ដើម្បីឱ្យមនុស្សលោកមានទំនាក់ទំនងគ្នាដោយយុត្តិធម៌។ ហើយយើងបានបញ្ចុះដែកដែលវាមានភាពរឹងមាំបំផុត និងផ្តល់ជាប្រយោជន៍ជាច្រើនផងដែរសម្រាប់មនុស្ស។ ហើយនិងដើម្បីឱ្យអល់ឡោះដឹងថា តើជនណាដែលជួយដល់ទ្រង់ និងអ្នកនាំសារទាំងឡាយរបស់ទ្រង់ដោយកំបាំង។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងក្លា មហាខ្លាំងពូកែ។

ហើយពិតប្រាកដណាស់ យើងបានបញ្ជូនព្យាការីនួហ និងព្យាការីអ៊ីព្រហ៊ីម ហើយយើងបានប្រទាននូវភាពជាព្យាការីនិងគម្ពីរដល់ពូជពង្សរបស់គេទាំងពីរ។ ក្នុងចំណោមពួកគេ គឺមានអ្នកដែលទទួលបានការចង្អុលបង្ហាញ។ តែភាគច្រើននៃពួកគេ ជាអ្នកដែលប្រព្រឹត្តល្មើស។

ក្រោយមក យើងបានបញ្ជូនអ្នកនាំសារជាច្រើនរបស់យើងជាបន្តបន្ទាប់នៅលើលំអានរបស់ពួកគេ។ ហើយយើងបានបញ្ជូនព្យាការីអ៊ីសា កូនប្រុសរបស់ម៉ារីយ៉ាំ និងបានប្រទានដល់គេនូវគម្ពីរអ៊ិញជីល។ ហើយយើងបានដាក់ទៅក្នុងដួងចិត្តរបស់អ្នកដែលដើរតាមគេនូវក្តីអាណិតស្រលាញ់ និងក្តីមេត្តាករុណា។ តែពួកបុព្វជិត(របស់ពួកគេ)បានបង្កើតថ្មី(នូវភាពជ្រុលនិយមក្នុងការគោរពសក្ការៈ)នូវអ្វីដែលយើងមិនបានដាក់ជាកាតព្វកិច្ចលើពួកគេឡើយ ក្រៅតែពី(ពួកគេធ្វើដូច្នោះ)ដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ។ ប៉ុន្តែពួកគេមិនបានអនុវត្តវាបានត្រឹមត្រូវនោះឡើយ។ ដូច្នេះ យើងក៏បានប្រទានឱ្យបណ្តាអ្នកដែលមានជំនឿក្នុងចំណោមពួកគេនូវផលបុណ្យរបស់ពួកគេ។ តែភាគច្រើននៃពួកគេ គឺជាពួកដែលប្រព្រឹត្តល្មើស។​

ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ ហើយចូរពួកអ្នកមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ចុះ នោះទ្រង់នឹងប្រទានឱ្យពួកអ្នកទ្វេងដងអំពីក្តីមេត្តាករុណារបស់ទ្រង់ និងប្រទានឱ្យពួកអ្នកនូវពន្លឺដោយពួកអ្នកទទួលបានការចង្អុលបង្ហាញតាមរយៈវា ហើយទ្រង់នឹងអភ័យទោសដល់ពួកអ្នក។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។

(ធ្វើដូច្នោះ) គឺដើម្បីឱ្យពួកអះលីគីតាបបានដឹងថា ពិតប្រាកដណាស់ ពួកគេគ្មានសមត្ថភាពអ្វីបន្តិចណាឡើយទៅលើអ្វីមួយនៃការប្រោសប្រទានរបស់អល់ឡោះនោះ ហើយពិតប្រាកដណាស់ ការប្រោសប្រទាននោះ គឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់អល់ឡោះជាម្ចាស់(តែមួយគត់)ដោយទ្រង់ប្រទានវាដល់ជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះជាអ្នកដែលមានការប្រោសប្រទានដ៏ធំធេងបំផុត។