عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

She that disputes [Al-Mujadila] - Khmer translation - Rowwad Translation Center

Surah She that disputes [Al-Mujadila] Ayah 22 Location Madanah Number 58

អល់ឡោះជាម្ចាស់ពិតបានស្តាប់ឮនូវសម្ដីរបស់ស្ត្រីម្នាក់ដែលបានជជែកដេញដោលជាមួយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្នុងរឿងស្វាមីរបស់នាង ហើយនាងបានត្អូញត្អែរទៅកាន់អល់ឡោះ។ ហើយអល់ឡោះទ្រង់ឮបំផុតនូវការជជែកគ្នារវាងអ្នកទាំងពីរ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាឮ មហាឃើញបំផុត។

អ្នកដែលនិយាយ”ហ្ស៊ីហ៊ើរ”ចំពោះភរិយារបស់ខ្លួនក្នុងចំណោមពួកអ្នក គឺពួកនាង(ភរិយា) មិនមែនជាម្ដាយរបស់ពួកគេឡើយ។ តាមពិត ម្ដាយរបស់ពួកគេ គឺអ្នកដែលបានប្រសូតពួកគេមក។ ពិតប្រាកដណាស់ ពួកគេពិតជានិយាយនូវពាក្យសម្ដីដ៏អាក្រក់ និងភូតកុហកបំផុត។ ហើយពិតប្រាកដណាស់ អល់ឡោះទ្រង់ពិតជាអ្នកដែលមហាអធ្យាស្រ័យ មហាអភ័យទោសបំផុត។

អ្នកដែលនិយាយ”ហ្ស៊ីហ៊ើរ”ចំពោះភរិយារបស់ខ្លួន ក្រោយមក ពួកគេចង់លានូវពាក្យសម្តីដែលពួកគេបាននិយាយវិញ គឺគេត្រូវដោះលែងទាសីម្នាក់ឱ្យមានសេរីភាពមុនពេលដែលពួកគេចង់រួមដំណេកជាមួយគ្នា។ នោះជាអ្វីដែលគេផ្តល់ដំបូន្មានដល់ពួកអ្នក។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

ហើយជនណាដែលគ្មាន(ទាសីដោះលែង) គឺគេត្រូវបួសចំនួនពីរខែបន្តបន្ទាប់គ្នាមុនពេលដែលពួកគេចង់រួមដំណេកជាមួយគ្នា។ តែជនណាដែលគ្មានសមត្ថភាព គឺគេត្រូវផ្តល់អាហារដល់ជនក្រីក្រចំនួនហុកសិបនាក់។ នោះគឺដើម្បីឱ្យពួកអ្នកមានជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ នោះហើយជាព្រំដែនច្បាប់របស់អល់ឡោះ។ ហើយសម្រាប់ពួកដែលប្រឆាំងនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។

ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ពួកគេនឹងត្រូវគេធ្វើឱ្យអាប់ឱន ដូចដែលអ្នកជំនាន់មុនពួកគេត្រូវបានគេធ្វើឲ្យអាប់ឱនដូច្នោះដែរ។ ហើយជាការពិតណាស់ យើងបានបញ្ចុះនូវសញ្ញាភស្ដុតាងយ៉ាងច្បាស់លាស់ជាច្រើន។ ហើយសម្រាប់ពួកដែលប្រឆាំងនឹងទទួលនូវទណ្ឌកម្មដ៏អាម៉ាស់បំផុត។

គឺនៅថ្ងៃដែលអល់ឡោះទ្រង់ឲ្យពួកគេរស់ឡើងវិញទាំងអស់គ្នា។ ពេលនោះ ទ្រង់នឹងប្រាប់ពួកគេពីអ្វីដែលពួកគេបានប្រព្រឹត្ត។ អល់ឡោះទ្រង់បានកត់ត្រាវាទុក តែពួកគេបានភ្លេចវា។ ហើយអល់ឡោះជាសាក្សីលើរាល់អ្វីៗទាំងអស់។

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះដឹងនូវអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដីនោះ? គ្មានការខ្សឹបខ្សៀវគ្នាស្ងាត់ៗណាមួយរបស់បុគ្គលបីនាក់ឡើយ លើកលែងតែមានទ្រង់ជាអ្នកទីបួននៃពួកគេ។ ហើយក៏គ្មានការខ្សឹបខ្សៀវគ្នាស្ងាត់ៗណាមួយរបស់បុគ្គលប្រាំនាក់នោះដែរ លើកលែងតែមានទ្រង់ជាអ្នកទីប្រាំមួយនៃពួកគេ។ ហើយទោះជា(ពួកគេ)មានគ្នាតិចជាងនេះ ឬច្រើនជាងនេះក៏ដោយ ក៏មានទ្រង់នៅជាមួយពួកគេជានិច្ច ទោះបីជាពួកគេស្ថិតនៅទីណាក៏ដោយ។ បន្ទាប់មក នៅថ្ងៃបរលោក ទ្រង់នឹងប្រាប់ពួកគេនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬចំពោះពួក(យូដា)ដែលត្រូវបានគេហាមឃាត់មិនឲ្យខ្សឹបខ្សៀវគ្នា ក្រោយមក ពួកគេបែរជាត្រឡប់ទៅរកអ្វីដែលគេបានហាមឃាត់នោះទៅវិញ ហើយពួកគេបានខ្សឹបខ្សៀវគ្នាពីប្រការដែលនាំឲ្យមានបាប ភាពជាសត្រូវ និងការប្រឆាំងនឹងអ្នកនាំសារ។ ហើយនៅពេលពួកគេមកជួបអ្នក ពួកគេស្វាគមន៍អ្នកនឹងពាក្យដែលអល់ឡោះមិនបានស្វាគមន៍អ្នកនឹងវាឡើយ។ ហើយពួកគេបាននិយាយគ្នាថា៖ ហេតុអ្វីបានជាអល់ឡោះទ្រង់មិនដាក់ទណ្ឌកម្មពួកយើងចំពោះអ្វីដែលពួកយើងនិយាយ? គ្រប់គ្រាន់ហើយសម្រាប់ពួកគេនូវនរកជើហាន់ណាំដែលពួកគេត្រូវចូលនោះ។ ពិតណាស់ វាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។

ឱបណ្ដាអ្នកដែលមានជំនឿ! នៅពេលដែលពួកអ្នកខ្សឹបខ្សៀវគ្នា ចូរពួកអ្នកកុំខ្សឹបខ្សៀវគ្នាពីប្រការដែលនាំឲ្យមានបាប ភាពជាសត្រូវ និងការប្រឆាំងនឹងអ្នកនាំសារឱ្យសោះ។ តែពួកអ្នកត្រូវខ្សឹបខ្សៀវគ្នាពីប្រការល្អ និងការកោតខ្លាច។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលពួកអ្នកនឹងត្រូវគេប្រមូលផ្តុំទៅកាន់ទ្រង់(នៅថ្ងៃបរលោក)។

តាមពិត ការខ្សឹបខ្សៀវគ្នាស្ងាត់ៗ គឺមកពីស្ហៃតនដើម្បីឱ្យអ្នកមានជំនឿទាំងឡាយមានទុក្ខព្រួយ។ តែវាមិនអាចបង្កគ្រោះថ្នាក់អ្វីបន្តិចដល់ពួកគេ(បណ្តាអ្នកដែលមានជំនឿ)បានឡើយ លើកលែងតែអ្វីដែលអល់ឡោះទ្រង់អនុញ្ញាតប៉ុណ្ណោះ។ ហើយចូរឱ្យបណ្ដាអ្នកមានជំនឿទាំងឡាយប្រគល់ការទុកចិត្ដលើអល់ឡោះ(តែមួយគត់)។

ឱបណ្ដាអ្នកដែលមានជំនឿ! កាលណាមានគេនិយាយទៅកាន់ពួកអ្នកថា៖ “សូមពួកអ្នកសម្រួលកន្លែងអង្គុយឱ្យទូលាយ” ចូរពួកអ្នកសម្រួល(ឲ្យពួកគេ)ចុះ នោះអល់ឡោះជាម្ចាស់នឹងសម្រួលឱ្យទូលាយដល់ពួកអ្នកវិញ។ ហើយបើសិនជាមានគេនិយាយ(មកកាន់ពួកអ្នក)ថា៖ “សូមពួកអ្នកងើបចេញ” ចូរពួកអ្នកងើបចេញ(ពីកន្លែងនោះ)ចុះ។ អល់ឡោះទ្រង់លើកឋានៈបណ្តាអ្នកដែលមានជំនឿក្នុងចំណោមពួកអ្នក និងបណ្តាអ្នកដែលត្រូវបានគេផ្តល់ចំណេះដឹងឱ្យនូវឋានៈ(ដ៏ខ្ពង់ខ្ពស់)ជាច្រើន។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

ឱបណ្តាអ្នកដែលមានជំនឿ! នៅពេលណាដែលពួកអ្នកចង់ពិភាក្សារឿងសម្ងាត់ជាមួយអ្នកនាំសារ(មូហាំម៉ាត់)នោះ ចូរពួកអ្នកបរិច្ចាគទានជាមុនសិនមុននឹងពួកអ្នកពិភាក្សារឿងសម្ងាត់នោះ។ នោះគឺជាការប្រសើរ និងស្អាតស្អំបំផុតសម្រាប់ពួកអ្នក។ តែប្រសិនបើពួកអ្នកគ្មាន(អ្វីនឹងបរិច្ចាគ)ទេនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។

តើពួកអ្នកខ្លាចក្រព្រោះតែការបរិច្ចាគទានមុននឹងពួកអ្នកពិភាក្សារឿងសម្ងាត់(ជាមួយអ្នកនាំសារ)នោះឬ? ពិតប្រាកដណាស់ ប្រសិនបើពួកអ្នកមិនធ្វើ(ដូចនោះ) ហើយអល់ឡោះទ្រង់ទទួលយកការសារភាពកំហុសរបស់ពួកអ្នក ដូច្នេះ ចូរពួកអ្នកប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយនិងគោរពប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ចុះ។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ដ។

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬ ពួក(ពុតត្បុត)ដែលបានចងសម្ព័ន្ធមិត្តជាមួយនឹងក្រុមមួយ(ពួកយូដា)ដែលអល់ឡោះខឹងសម្បាចំពោះពួកគេ? ពួកទាំងនោះ មិនស្ថិតក្នុងចំណោមពួកអ្នកឡើយ ហើយក៏មិនស្ថិតក្នុងចំណោមពួកគេ(ពួកយូដា)នោះដែរ។ ហើយពួកគេបានស្បថទាំងភូតកុហក ខណៈដែលពួកគេបានដឹង។

អល់ឡោះជាម្ចាស់ទ្រង់បានត្រៀមទុកសម្រាប់ពួកគេនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។ ជាការពិតណាស់ ទង្វើដែលពួកគេធ្លាប់បានប្រព្រឹត្ត គឺអាក្រក់បំផុត។

ពួកគេបានយកការស្បថកុហករបស់ពួកគេធ្វើជាខែលការពារ ហើយពួកគេបានរារាំងពីមាគ៌ារបស់អល់ឡោះ។ ដូចនេះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏អាម៉ាស់បំផុត។

ទ្រព្យសម្បត្ដិនិងកូនចៅរបស់ពួកគេមិនអាចការពារពួកគេពី(ទណ្ឌកម្ម)អល់ឡោះបន្តិចណាឡើយ។ ពួកទាំងនោះ គឺជាពួកឋាននរក។ ពួកគេស្ថិតនៅក្នុងវាជាអមតៈ។

នៅថ្ងៃដែលអល់ឡោះបង្កើតពួកគេឱ្យរស់ឡើងវិញទាំងអស់គ្នា ពេលនោះ ពួកគេស្បថចំពោះទ្រង់ ដូចដែលពួកគេបានស្បថ(កុហក)ចំពោះពួកអ្នកដូច្នោះដែរ។ ហើយពួកគេគិតស្មានថា ពិតប្រាកដណាស់ ពួកគេអាចនឹងទទួលបានផលប្រយោជន៍(ពីការស្បថនោះ)។ តើពុំមែនទេឬ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក។

ស្ហៃតនបានគ្របដណ្ដប់លើពួកគេដែលជាហេតុធ្វើឱ្យពួកគេភេ្លចពីការរំឭកចំពោះអល់ឡោះ។ ពួកទាំងនោះហើយ គឺជាក្រុមរបស់ស្ហៃតន។ តើពុំមែនទេឬ ក្រុមរបស់ស្ហៃតននោះ គឺជាពួកដែលខាតបង់បំផុត។

ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ពួកទាំងនោះ គឺស្ថិតក្នុងភាពអាប់ឱនបំផុត។

អល់ឡោះបានកត់ត្រារួចទៅហើយថា៖ យើង និងបណ្តាអ្នកនាំសាររបស់យើង ពិតជានឹងទទួលបានជ័យជម្នះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងក្លា មហាខ្លាំងពូកែ។

អ្នកនឹងមិនជួបប្រទះនោះឡើយនូវក្រុមមួយដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោកដែលស្រឡាញ់ពេញចិត្តពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ ទោះបីជាអ្នកទាំងនោះជាឪពុករបស់ពួកគេ ឬជាកូនរបស់ពួកគេ ឬជាបងប្អូនរបស់ពួកគេ ឬជាសាច់ញាតិរបស់ពួកគេក៏ដោយ។ អ្នកទាំងនោះហើយជាអ្នកដែលអល់ឡោះបានពង្រឹងនូវសេចក្តីជំនឿនៅក្នុងដួងចិត្ដរបស់ពួកគេ និងធ្វើឱ្យពួកគេកាន់តែមានភាពរឹងមាំថែមទៀតតាមរយៈជំនួយពីទ្រង់។ ហើយទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវាដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ អល់ឡោះទ្រង់ពេញចិត្តចំពោះពួកគេ ហើយពួកគេក៏ពេញចិត្តទ្រង់វិញដែរ។ អ្នកទាំងនោះហើយ គឺជាក្រុមរបស់អល់ឡោះ។ តើពុំមែនទេឬ ពិតប្រាកដណាស់ ក្រុមរបស់អល់ឡោះនោះ ពួកគេគឺជាអ្នកដែលទទួលជោគជ័យ។