The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe cattle [Al-Anaam] - Khmer translation - Rowwad Translation Center
Surah The cattle [Al-Anaam] Ayah 165 Location Maccah Number 6
សេចក្តីសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ព្រមទាំងបានបង្កើតភាពងងឹត(ពេលយប់) និងពន្លឺ(ពេលថ្ងៃ)។ ទោះជាបែបនេះក៏ដោយ ក៏ពួកគ្មានជំនឿនៅតែចាត់ទុកអ្នកផ្សេងប្រៀបស្មើនឹងទ្រង់(គោរពសក្ការៈអ្នកផ្សេងរួមជាមួយនឹងទ្រង់)ដដែល។
ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នក(ឱមនុស្សលោកទាំឡាយ)អំពីដីឥដ្ឋ។ បន្ទាប់មក ទ្រង់បានកំណត់អាយុកាល(របស់ពួកអ្នក) និងបានកំណត់ពេលវេលាមួយផ្សេងទៀត(ថ្ងៃបរលោក)នៅនឹងទ្រង់។ ក្រោយមក ពួកអ្នកនៅតែមានមន្ទិលសង្ស័យដដែល។
ហើយអល់ឡោះ(ជាព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ)ទាំងនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី។ ទ្រង់ដឹងបំផុតនូវអ្វីពួកអ្នកលាក់បាំង និងអ្វីដែលពួកអ្នកលាតត្រដាង។ ហើយទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
ហើយគ្មានភស្តុតាងណាមួយក្នុងចំណោមភស្តុតាងនៃព្រះជាម្ចាស់របស់ពួកគេ(ពួកមុស្ហរីគីន)បានមកដល់ពួកគេឡើយ លើកលែងតែពួកគេបែរចេញអំពីវា។
ជាការពិតណាស់ ពួកគេបានបដិសេធនឹងសេចក្តីពិតនៅពេលដែលវាបានមកដល់ពួកគេ។ ដូច្នេះពួកគេនឹងដឹងថា អ្វីដែលពួកគេធ្លាប់បានសើចចំអកចំពោះអ្វីដែលបានមកដល់ពួកគេនោះ វាគឺជាការពិតជាមិនខាន។
តើពួកគេ(ពួកគ្មានជំនឿ)មិនបានឃើញទេឬតើមានប្រជាជាតិប៉ុន្មានហើយមុនពួកគេដែលយើងបានបំផ្លាញនោះ? យើងបានផ្តលអំណាចដល់ពួកគេលើផែនដី នូវអ្វីដែលយើងពុំធ្លាប់បានប្រទានឱ្យពួកអ្នកនោះឡើយ។ ហើយយើងបានបញ្ចុះទឹកភ្លៀងយ៉ាងច្រើនទៅលើពួកគេ និងបានធ្វើឱ្យមានទន្លេជាច្រើនហូរពីក្រោម(លំនៅដ្ឋាន)របស់ពួកគេ ពេលនោះយើងក៏បានបំផ្លាញពួកគេដោយសារតែបាបកម្មរបស់ពួកគេ ហើយអល់ឡោះបានបង្កើតប្រជាជាតិមួយផ្សេងទៀតបន្ទាប់ពីពួកគេ។
ហើយបើទោះបីជាយើងបានបញ្ចុះទៅឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរមួយដែលត្រូវបានសរសេរនៅក្នុងក្រដាស ដោយពួកគេបានប៉ះគម្ពីរនោះដោយដៃរបស់ពួកគេក៏ដោយ ក៏ពួកគ្មានជំនឿនៅតែនិយាយថា៖ នេះគឺគ្មានអ្វីក្រៅពីមន្តអាគមយ៉ាងច្បាស់នោះឡើយ។
ហើយពួកគេបាននិយាយថា៖ ប្រសិនបើគេ(អល់ឡោះ)បញ្ចុះម៉ាឡាអ៊ីកាត់ម្នាក់មកជាមួយគាត់(ព្យាការីមូហាំម៉ាត់)នោះ(ពួកយើងប្រាកដជានឹងមានជំនឿមិនខាន)។ ហើយប្រសិនបើយើង(អល់ឡោះ)បញ្ចុះម៉ាឡាអ៊ីកាត់មួយរូប(តាមការទាមទារបស់ពួកគេនោះ) ច្បាស់ជាកិច្ចការនោះនឹងត្រូវបញ្ចប់ ក្រោយមកពួកគេនឹងមិនត្រូវបានគេពន្យារពេលឱ្យនោះឡើយ។
ហើយប្រសិនបើយើងបានបញ្ជូនអ្នកនាំសារជាម៉ាឡាអ៊ីកាត់វិញនោះ ប្រាកដជាយើងបង្កើតម៉ាឡាអ៊ីកាត់នោះក្នុងរូបភាពជាបុរស ហើយយើងនឹងធ្វើឲ្យពួកគេភាន់ច្រឡំដូចដែលពួកគេភាន់ច្រឡំមិនខាន។
ហើយជាការពិតណាស់ មានបណ្តាអ្នកនាំសារជាច្រើនមុនអ្នកក៏ត្រូវបានគេចំអកឡកឡឺយដែរ។ ពេលនោះ ពួកដែលចំអកឡកឡឺយក្នុងចំណោមពួកគេត្រូវបានហ៊ុមព័ទ្ធទៅដោយអ្វី(ទណ្ឌកម្ម)ដែលពួកគេធ្លាប់បានចំអកឡកឡឺយចំពោះវា។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកធ្វើដំណើរនៅលើផែនដីនេះចុះ បន្ទាប់មក ចូរពួកអ្នកពិចារណាមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធនោះទៅជាយ៉ាងណា?
ចូរអ្នកពោលថា៖ តើអ្វីដែលមាននៅលើមេឃជាច្រើនជាន់និងផែនដីជាកម្មសិទ្ធិរបស់អ្នកណា? ចូរអ្នកឆ្លើយ(ប្រាប់ពួកគេ)ថា៖ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់បានកំណត់នូវក្ដីមេត្ដាករុណាលើខ្លួនទ្រង់ផ្ទាល់។ ទ្រង់ពិតជានឹងប្រមូលផ្ដុំពួកអ្នកនៅថ្ងៃបរលោកដែលគ្មានការមន្ទិលសង្ស័យចំពោះវាឡើយ។ ពួកដែលខាតបង់ខ្លួនឯងនោះ ជាការពិតណាស់ ពួកគេគ្មានជំនឿឡើយ។
ការគ្រប់គ្រងអ្វីៗទាំងអស់ មិនថាស្ថិតនៅពេលយប់ឬពេលថ្ងៃ គឺជាកម្មសិទិ្ធរបស់ទ្រង់។ ហើយទ្រង់មហាឮ មហាដឹងបំផុត។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តើឲ្យខ្ញុំយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារឬ ខណៈដែលទ្រង់គឺជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយទ្រង់ជាអ្នកដែលប្រទានលាភសក្ការៈដល់គេ ពុំមែនគេប្រទានលាភសក្ការៈដល់ទ្រង់ឡើយនោះ? ចូរអ្នកពោលទៀតថា៖ ពិតប្រាកដណាស់ ខ្ញុំត្រូវបានគេបញ្ជាឱ្យក្លាយទៅជាអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)ដំបូងគេបង្អស់(ក្នុងចំណោមប្រជាជាតិនេះ)។ ហើយអ្នក(ព្យាការីមូហាំម៉ាត់)មិនត្រូវក្លាយខ្លួនស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកឡើយ។
ចូរអ្នកពោលថា៖ ពិតប្រាកដណាស់ ខ្ញុំខ្លាចទណ្ឌកម្មនៅថ្ងៃដ៏ធ្ងន់ធ្ងរបំផុត(ថ្ងៃបរលោក)ប្រសិនបើខ្ញុំប្រព្រឹត្តល្មើសនឹងព្រះជាម្ចាស់របស់ខ្ញុំ។
ជនណាដែលត្រូវបានគេ(អល់ឡោះ)បញ្ចៀសរូបគេពីទណ្ឌកម្មនៅថ្ងៃនោះ គឺទ្រង់ពិតជាមានក្តីមេត្តាចំពោះគេ។ ហើយនោះ គឺជាជោគជ័យមួយដ៏ច្បាស់លាស់។
ហើយប្រសិនបើអល់ឡោះឱ្យគ្រោះថ្នាក់អ្វីមួយប៉ះទង្គិចអ្នក(ឱកូនចៅអាហ្ទាំ)នោះ គឺគ្មានអ្នកដែលអាចការពាររូបគេក្រៅពីទ្រង់ឡើយ។ ហើយប្រសិនបើទ្រង់ឱ្យអ្នកទទួលបាននូវប្រការល្អវិញនោះ ពិតប្រាកដណាស់ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
ហើយទ្រង់ជាអ្នកមានអានុភាពលើសលប់ទៅលើបណ្ដាខ្ញុំបម្រើរបស់ទ្រង់។ ហើយទ្រង់មហាគតិបណ្ឌិត មហាដឹងបំផុត។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើមានអ្វីដែលជាសាក្សីធំធេងបំផុត(ដែលបញ្ជាក់ពីភាពស្មោះត្រង់របស់ខ្ញុំ)? ចូរអ្នកឆ្លើយថា៖ គឺអល់ឡោះជាម្ចាស់។ ទ្រង់នោះហើយជាសាក្សីរវាងខ្ញុំនិងរវាងពួកអ្នក។ ហើយគេបានវ៉ាហ៊ីដល់ខ្ញុំនូវគម្ពីរគួរអាននេះដើម្បីឱ្យខ្ញុំព្រមានបន្លាចពួកអ្នកតាមរយៈវា ហើយនិងជនណាដែលគម្ពីរនេះបានទៅដល់រូបគេ។ តើពួកអ្នកហ៊ានធ្វើសាក្សីថា ពិតប្រាកដណាស់ មានព្រះផ្សេង(ដែលត្រូវគោរពសក្ការៈ)រួមជាមួយនឹងអល់ឡោះដែរឬទេ? ចូរអ្នកតបថា៖ ខ្ញុំមិនធ្វើសាក្សីនោះឡើយ។ ចូរអ្នកពោលទៀតថា៖ តាមពិត ទ្រង់គឺជាព្រះជាម្ចាស់(ដែលត្រូវគោរពសក្ការៈ)តែមួយគត់ ហើយពិតប្រាកដណាស់ ខ្ញុំមិនជាប់ពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកកំពុងតែធ្វើស្ហ៊ីរិកនោះឡើយ។
ពួកដែលយើងបានប្រទានគម្ពីរដល់ពួកគេ(ពួកយូដានិងគ្រឹស្ទាន) ពួកទាំងនោះស្គាល់គាត់(ព្យាការីមូហាំម៉ាត់)ច្បាស់ ប្រៀបដូចជាពួកគេស្គាល់កូនចៅរបស់ពួកគេដូច្នោះដែរ។ ពួកដែលខាតបង់ខ្លួនឯងនោះ ជាការពិតណាស់ ពួកគេគ្មានជំនឿឡើយ។
ហើយគ្មានអ្នកណាដែលបំពានជាងអ្នកដែលចោទប្រកាន់ភូតកុហកទៅលើអល់ឡោះជាម្ចាស់ ឬបដិសេធនឹងភស្តុតាងទាំងឡាយរបស់ទ្រង់នោះឡើយ។ ជាការពិតណាស់ ពួកដែលបំពាននោះ ពួកគេគឺមិនទទួលជោគជ័យឡើយ។
ហើយនៅថ្ងៃដែលយើងនឹងប្រមូលផ្ដុំពួកគេទាំងអស់គ្នា ក្រោយមក យើងមានបន្ទូលទៅកាន់ពួកដែលធ្វើស្ហ៊ីរិកថា៖ តើព្រះនានាដែលពួកអ្នកធ្លាប់បានអះអាង(ថាជាដៃគូរបស់អល់ឡោះ)នោះនៅឯណាទៅ?
ក្រោយមក ពួកគេគ្មានពាក្យដោះសារអ្វីឡើយ ក្រៅតែពីពួកគេនិយាយថា៖ ពួកយើងសូមស្បថនឹងអល់ឡោះជាព្រះជាម្ចាស់របស់យើងខ្ញុំ! ពួកយើងពុំធ្លាប់ជាអ្នកដែលធ្វើស្ហ៊ីរិក(គោរពសក្ការៈអ្នកផ្សេងរួមជាមួយទ្រង់)នោះឡើយ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មើលចុះ ថាតើពួកគេភូតកុហកចំពោះខ្លួនឯងយ៉ាងដូចម្តេច? ហើយអ្វីដែលពួកគេធ្លាប់បានប្រឌិតឡើង(ធ្វើជាព្រះ)នោះ បានបាត់ចេញពីពួកគេ។
ហើយក្នុងចំណោមពួកគេ(ពួកមុស្ហរីគីន) គឺមានជនដែលស្តាប់អ្នក(សូត្រគម្ពីរគួរអាន)។ តែយើងបានដាក់គម្របនៅលើដួងចិត្តរបស់ពួកគេមិនឲ្យពួកគេយល់ពីវា(គម្ពីរគួរអាន) ព្រមទាំងបានដាក់ឆ្នុកនៅក្នុងត្រចៀករបស់ពួកគេផងដែរ។ ហើយបើទោះបីជាពួកគេបានឃើញរាល់សញ្ញាភស្តុតាងទាំងអស់ក៏ដោយ ក៏ពួកគេគ្មានជំនឿចំពោះវាដែរ។ លុះដល់ពេលពួកគេបានទៅជួបអ្នក ពួកគេបានប្រកែកដេញដោលនឹងអ្នកដោយពួកដែលគ្មានជំនឿបាននិយាយថា៖ ពិតប្រាកដណាស់ នេះគឺគ្មានអ្វីក្រៅពីរឿងនិទានរបស់អ្នកជំនាន់មុននោះឡើយ។
ពួកគេហាមឃាត់អ្នកដទៃមិនឱ្យមានជំនឿ(ចំពោះអ្នកនាំសារ) ហើយពួកគេផ្ទាល់ក៏គ្មានជំនឿដែរ។ ហើយពួកគេមិនបានបំផ្លាញអ្វីនោះឡើយ ក្រៅតែពីខ្លួនឯងប៉ុណ្ណោះ។ ប៉ុន្តែពួកគេមិនដឹងខ្លួនឡើយ។
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញពេលដែលពួកគេត្រូវបានគេយកទៅបង្ហាញខ្លួននៅមុខឋាននរក។ ពេលនោះ ពួកគេនិយាយថា៖ ឱអនិច្ចាពួកយើង! ប្រសិនបើពួកយើងត្រូវគេឱ្យវិលត្រឡប់(ទៅកាន់ជីវិតលោកិយម្តងទៀត) ពួកយើងពិតជានឹងមិនបដិសេធបណ្តាភស្តុតាងរបស់ព្រះជាម្ចាស់នៃយើងនោះទេ ហើយពួកយើងនឹងស្ថិតក្នុងចំណោមបណ្ដាអ្នកដែលមានជំនឿជាមិនខាន។
ផ្ទុយទៅវិញ អ្វីដែលពួកគេបានលាក់បាំងកាលពីមុននោះបានលាតត្រដាងដល់ពួកគេ។ ហើយបើទោះជាពួកគេត្រូវបានគេឲ្យវិលត្រឡប់(ទៅកាន់ជីវិតលោកិយវិញ)ក៏ដោយ ក៏ពួកគេពិតជានឹងប្រព្រឹត្តនូវអ្វីដែលគេបានហាមឃាត់ពួកគេដដែល។ ហើយពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក។
ហើយពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ វាគ្មានអ្វីក្រៅពីជីវិតលោកិយរបស់ពួកយើងប៉ុណ្ណោះ ហើយពួកយើងក៏មិនត្រូវបានគេបង្កើតឱ្យរស់ឡើងវិញនោះដែរ។
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញពេលដែលពួកគេ(ពួកគ្មានជំនឿ)ត្រូវបានគេឱ្យឈរនៅចំពោះមុខព្រះជាម្ចាស់របស់ពួកគេ។ ទ្រង់បានមានបន្ទូលថា៖ តើពុំមែនទេឬ នេះគឺជាការពិតនោះ? ពួកគេឆ្លើយថា៖ វាជាការពិតមែនហើយ សូមស្បថនឹងព្រះជាម្ចាស់របស់ពួកយើង។ ទ្រង់បានតបថា៖ ដូចេ្នះ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រឆាំង។
ពិតប្រាកដណាស់ ពិតជាខាតបង់ហើយពួកដែលបដិសេធនឹងការជួបអល់ឡោះជាម្ចាស់(នៅថ្ងៃបរលោក)នោះ។ លុះនៅពេលដែលថ្ងៃបរលោកបានមកដល់ពួកគេភ្លាមៗ(មួយរំពេច) ពួកគេក៏និយាយថា៖ គួរឱ្យសោកស្ដាយបំផុតសម្រាប់ពួកយើងចំពោះការធេ្វសប្រហែសរបស់ពួកយើងនៅក្នុងវា(លោកិយ) ខណៈដែលពួកគេរែកពន់បាបកម្មរបស់ខ្លួននៅលើខ្នងរបស់ពួកគេ។ តើពុំមែនទេឬ អ្វីដែលពួកគេរែកពន់នោះ គឺអាក្រក់ជាទីបំផុត។
ហើយជីវិតលោកិយ គ្មានអ្វីក្រៅពីជាល្បែងកំសាន្ត និងជាការបោកបញ្ឆោតប៉ុណ្ណោះ។ រីឯឋានបរលោកវិញ គឺល្អប្រសើរបំផុតសម្រាប់បណ្ដាអ្នកដែលកោតខ្លាច(អល់ឡោះ)។ តើពួកអ្នក(ឱពួកមុស្ហរីគីន)មិនចេះពិចារណាទេឬ?
យើង(អល់ឡោះ)ពិតជាបានដឹងថា ពាក្យសម្តី(បដិសេធ)របស់ពួកគេ ធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានទុក្ខព្រួយ។ តាមពិត ពួកគេមិនបានបដិសេធនឹងអ្នកនោះឡើយ ក៏ប៉ុន្ដែពួកដែលបំពាន គឺពួកគេប្រឆាំងនឹងបណ្តាភស្តុតារបស់អល់ឡោះ។
ជាការពិតណាស់ បណ្ដាអ្នកនាំសារជាច្រើនមុនអ្នក ក៏ត្រូវបានគេបដិសេធដូចគ្នាដែរ ប៉ុន្តែពួកគេបានអត់ធ្មត់ចំពោះការបដិសេធ និងការធ្វើទុក្ខបុកម្នេញ រហូតដល់ជំនួយរបស់យើងបានមកដល់ពួកគាត់។ ហើយគ្មានការកែប្រែនូវពាក្យបន្ទូលរបស់អល់ឡោះឡើយ។ ហើយពិតប្រាកដណាស់ ដំណឹង(រឿងរ៉ាវ)របស់បណ្តាអ្នកនាំសារ(ជំនាន់មុន) គឺបានមកដល់អ្នកហើយ។
ប្រសិនបើការងាកចេញរបស់ពួកគេបង្កការលំបាកខ្លាំងដល់អ្នក ដូច្នេះប្រសិនបើអ្នកមានលទ្ធភាពស្វែងរករូងមួយចូលទៅក្នុងដី ឬជណ្ដើរមួយឡើងទៅលើមេឃ ហើយអ្នកអាចនាំយកភស្ដុតាងណាមួយមកឱ្យពួកគេ(ចូរអ្នកធ្វើចុះ)។ ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ប្រាកដជានឹងប្រមូលផ្ដុំពួកគេឱ្យស្ថិតលើការចង្អុលបង្ហាញជាមិនខាន។ ដូចនេះ អ្នកមិនត្រូវស្ថិតក្នុងចំណោមអ្នកដែលមិនដឹងរឿងនោះឡើយ។
តាមពិត មានតែអ្នកដែលស្តាប់(ពាក្យសម្តីរបស់ព្យាការីមូហាំម៉ាត់)ទេដែលឆ្លើយតប(ទទួលយកអ្វីដែលគាត់បាននាំមក)នោះ។ ហើយចំពោះអ្នកដែលស្លាប់វិញ អល់ឡោះជាម្ចាស់នឹងបង្កើតពួកគេឱ្យរស់ឡើងវិញ(នៅថ្ងៃបរលោក)។ បន្ទាប់មក ពួកគេនឹងត្រូវគេនាំត្រលប់ទៅកាន់ទ្រង់(តែមួយគត់)។
ហើយពួកគេ(ពួកមុស្ហរីគីន)បាននិយាយថា៖ ហេតុអ្វីបានជាគេមិនបញ្ចុះសញ្ញាភស្តុតាងមួយពីព្រះជាម្ចាស់របស់គាត់(ព្យាការីមូហាំម៉ាត់)មកឲ្យគាត់តែម្តងទៅ? ចូរអ្នកឆ្លើយថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានសមត្ថភាពក្នុងការបញ្ចុះសញ្ញាភស្តុតាងណាមួយ។ ក៏ប៉ុន្ដែភាគច្រើននៃពួកគេ គឺមិនដឹងឡើយ។
ហើយសត្វគ្រប់ប្រភេទដែលមាននៅលើផែនដី និងបក្សីដែល(ហើរ)ត្រដាងស្លាបរបស់វា គឺមានអម្បូរជាច្រើនផ្សេងៗដូចពួកអ្នក(មនុស្សលោក)ដែរ។ យើងមិនបានទុកចោលអ្វីមួយក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)ឡើយ។ បន្ទាប់មក ពួកគេនឹងត្រូវគេប្រមូលផ្តុំទៅកាន់ព្រះជាម្ចាស់របស់ពួកគេវិញ។
ហើយពួកដែលបានបដិសេធនឹងបណ្តាភស្តុតាងរបស់យើង ប្រៀបដូចជាមនុស្សថ្លង់និងមនុស្សគ ដែលស្ថិតក្នុងភាពងងឹតសូន្យសុងដូច្នោះដែរ។ ជនណាហើយដែលអល់ឡោះមានចេតនា ទ្រង់នឹងឱ្យរូបគេវងេ្វង ហើយជនណាហើយដែលទ្រង់មានចេតនា ទ្រង់នឹងធ្វើឱ្យរូបគេស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទណ្ឌកម្មរបស់អល់ឡោះបានមកដល់ពួកអ្នក ឬថ្ងៃបរលោកបានមកដល់ពួកអ្នក តើពួកអ្នកនឹងបួងសួងសុំពីអ្នកផ្សេងក្រៅពីអល់ឡោះឬ(ក្នុងខណៈពេលនោះ) ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវ(ចំពោះការអះអាងរបស់ពួកអ្នក)មែននោះ?
ផ្ទុយទៅវិញ ចំពោះទ្រង់(តែមួយគត់)ដែលពួកអ្នកនឹងបួងសួងសុំ។ ពេលនោះ ទ្រង់នឹងបញ្ចៀសពួកអ្នកពីអ្វីដែលពួកអ្នកបួងសួងសុំ ប្រសិនបើទ្រង់មានចេតនា ហើយពួកអ្នកនឹងបំភ្លេចនូវអ្វីដែលពួកអ្នកបានធ្វើស្ហ៊ីរិកជាមិនខាន។
ជាការពិតណាស់ យើងបានបញ្ជូន(អ្នកនាំសារ)ទៅកាន់ប្រជាជាតិជាច្រើនមុនអ្នក(តែពួកគេបានបដិសេធ)។ ពេលនោះ យើងបានឱ្យពួកគេទទួលរងនូវភាពក្រខ្សត់ និងជំងឺឈឺថ្កាត់ សង្ឃឹមថាពួកគេនឹងបន្ទាបខ្លួន។
ប្រសិនបើពួកគេបន្ទាបខ្លួននៅពេលដែលពួកគេទទួលនូវគ្រោះរបស់យើងនោះ(ច្បាស់ជាយើងនឹងអាណិតអាសូរដល់ពួកគេជាមិនខាន)។ ក៏ប៉ុន្តែដួងចិត្តរបស់ពួកគេមានភាពរឹងរូស ហើយស្ហៃតនបានតុបតែងលម្អដល់ពួកគេនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។
ហើយនៅពេលដែលពួកគេបានបោះបង់ចោលនូវអ្វីដែលគេបានរំលឹកពួកគេតាមរយៈវា(ភាពក្រខ្សត់ ជំងឺឈឺថ្កាត់) យើងក៏បានបើកនូវបណ្តាទ្វារ(នៃសេចក្តីល្អ)ទាំងឡាយដល់ពួកគេ។ លុះនៅពេលដែលពួកគេសប្បាយរីករាយនឹងអ្វីដែលគេបានផ្តល់ឲ្យពួកគេនោះ យើងក៏បានដាក់ទណ្ឌកម្មភ្លាមៗ។ ហើយនៅពេលនោះ ពួកគេក៏បាត់បង់អស់នូវក្តីសង្ឃឹម។
ពេលនោះ ក្រុមដែលបំពានត្រូវបានគេបំផ្លាញផ្តាច់ពូជ។ ហើយសេចក្តីសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងអស់។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់បានដកយកសោតវិញ្ញាណ(ការឮ)របស់ពួកអ្នក និងចក្ខុវិញ្ញាណ(ការមើលឃើញ)របស់ពួកអ្នក ព្រមទាំងបោះត្រាភ្ជិតទៅលើចិត្តរបស់ពួកអ្នកនោះ តើមានព្រះផ្សេងឯណាក្រៅពីអល់ឡោះដែលនឹងនាំវាមកឱ្យពួកអ្នកវិញ? ចូរអ្នកពិចារណាចុះ ថាតើយើងបានបង្ហាញភស្តុតាងជាច្រើនប្រភេទដល់ពួកគេយ៉ាងដូចម្តេច? បន្ទាប់មក ពួកគេនៅតែងាកចេញដដែល។
ចូរអ្នកពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទណ្ឌកម្មរបស់អល់ឡោះបានមកដល់ពួកអ្នកភ្លាមៗ ឬមកដល់ស្ដែងៗ(ឃើញផ្ទាល់នឹងភ្នែក) តើមានអ្នកណាដែលត្រូវគេបំផ្លាញ ក្រៅតែពីក្រុមដែលបំពាននោះ?
ហើយយើងមិនបានបញ្ជូនអ្នកនាំសារទាំងឡាយនោះឡើយ លើកលែងតែដើម្បីធ្វើជាអ្នកផ្តល់ដំណឹងរីករាយ(ដល់អ្នកមានជំនឿ) និងជាអ្នកព្រមានបន្លាច(ដល់ពួកគ្មានជំនឿ)។ ដូច្នេះ ជនណាហើយដែលមានជំនឿ និងបានកែប្រែ(ទង្វើរបស់ខ្លួន)នោះ គឺពួកគេគ្មានការភ័យខ្លាចនោះឡើយ ហើយក៏គ្មានទុក្ខព្រួយនោះដែរ។
រីឯពួកដែលបានបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយរបស់យើង គឺពួកគេនឹងទទួលនូវទណ្ឌកម្មជាមិនខានដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តល្មើស។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំមិនដែលប្រាប់ពួកអ្នកថា ខ្ញុំមានឃ្លាំង(នៃលាភសក្ការៈ)របស់អល់ឡោះនោះឡើយ ហើយខ្ញុំក៏មិនដឹងនូវប្រការអាថ៌កំបាំងនោះដែរ។ ហើយខ្ញុំក៏មិនដែលប្រាប់ពួកអ្នកដែរថា ពិតប្រាកដណាស់ រូបខ្ញុំគឺជាម៉ាឡាអ៊ីកាត់នោះទេ។ តាមពិត ខ្ញុំគ្រាន់តែដើរតាមអ្វីដែលគេ(អល់ឡោះ)បានផ្តល់ជាវ៉ាហ៊ីមកឱ្យខ្ញុំប៉ុណ្ណោះ។ ចូរអ្នកពោលថា៖ តើស្មើគ្នាដែរឬទេរវាងមនុស្សខ្វាក់(គ្មានជំនឿ) និងអ្នកដែលអាចមើលឃើញ(មានជំនឿ)? តើពួកអ្នក(ឱពួកមុស្ហរីគីន)មិនចេះពិចារណាទេឬ?
ហើយតាមរយៈវា(គម្ពីរគួរអាន) ចូរអ្នកព្រមានបន្លាចបណ្តាអ្នកដែលខ្លាចគេប្រមូលផ្ដុំទៅកាន់ព្រះជាម្ចាស់របស់ពួកគេ(នាថ្ងៃបរលោក)ថា៖ សម្រាប់ពួកគេ គ្មានអ្នកគាំពារ និងអ្នកដែលអាចជួយអន្តរាគមន៍ណាផ្សេងពីទ្រង់ឡើយ។ សង្ឃឹមថាពួកគេនឹងកោតខ្លាច(អល់ឡោះ)។
ហើយចូរអ្នកកុំបណ្ដេញបណ្តាអ្នកដែលបួងសួង(គោរពសក្ការៈ)ចំពោះព្រះជាម្ចាស់របស់ពួកគេ ទាំងពេលព្រឹកនិងពេលល្ងាចដោយពួកគេមានចិត្តស្មោះត្រង់ចំពោះទ្រង់ឱ្យសោះ។ អ្នកគ្មានតួនាទីអ្វីបន្តិចសោះឡើយក្នុងការកាត់សេចក្តីលើពួកគេ ហើយពួកគេក៏គ្មានតួនាទីអ្វីបន្តិចណាដែរក្នុងការកាត់សេចក្តីលើអ្នក។ ជាការពិតណាស់ ប្រសិនបើអ្នកបណ្ដេញពួកគេ នោះរូបអ្នកនឹងស្ថិតនៅក្នុងចំណោមពួកដែលបំពានជាមិនខាន។
ហើយដូច្នោះដែរ យើងបានសាកល្បងចំពោះពួកគេមួយចំនួន(អ្នកមានដែលគ្មានជំនឿ)នឹងពួកគេមួយចំនួនទៀត(អ្នកក្រដែលមានជំនឿ) ដើម្បីឱ្យពួកគេ(អ្នកមាន)និយាយថា៖ តើពួកទាំងនោះឬដែលអល់ឡោះជាម្ចាស់បានប្រោសប្រទានដល់ពួកគេក្នុងចំណោមពួកយើងនោះ? តើពុំមែនទេឬ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតចំពោះបណ្តាអ្នកដែលដឹងគុណ។
ហើយនៅពេលដែលបណ្តាអ្នកដែលមានជំនឿនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើងបានមកជួបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ចូរអ្នកនិយាយថា៖ سَلَامٌ عَلَيْكُمْ (សូមសន្តិភាពកើតមានដល់ពួកអ្នក)។ ព្រះជាម្ចាស់របស់ពួកអ្នកបានដាក់កំណត់ក្តីមេត្តាករុណាលើខ្លួនទ្រង់ផ្ទាល់ថា៖ ជាការពិតណាស់ ជនណាដែលបានប្រព្រឹត្តអំពើអាក្រក់ដោយល្ងង់ខ្លៅក្នុងចំណោមពួកអ្នក ក្រោយមកគេបានសារភាពកំហុសបន្ទាប់ពីនោះ និងបានកែប្រែ(ទង្វើរបស់ខ្លួន)វិញនោះ ជាការពិតណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រលាញ់។
ហើយដូច្នោះដែរ យើងបានបញ្ជាក់នូវសញ្ញាភស្តុតាងទាំងឡាយ(របស់យើង) ដើម្បីបង្ហាញឱ្យឃើញច្បាស់ពីផ្លូវរបស់ពួកដែលប្រព្រឹត្តអំពើអាក្រក់។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ជាការពិតណាស់ គេបានហាមឃាត់ខ្ញុំមិនឱ្យគោរពសក្ការៈចំពោះអ្វីដែលពួកអ្នកកំពុងគោរពសក្ការៈ(ចំពោះពួកវា)ក្រៅពីអល់ឡោះឡើយ។ ចូរអ្នកពោលទៀតថា៖ ខ្ញុំមិនធ្វើតាមទំនើងចិត្តរបស់ពួកអ្នកឡើយ។ ជាការពិតណាស់ ខ្ញុំប្រាកដជាវង្វេងជាមិនខានប្រសិនបើខ្ញុំធ្វើដូច្នោះ ហើយខ្ញុំក៏នឹងមិនស្ថិតក្នុងចំណោមអ្នកដែលទទួលបានការចង្អុលបង្ហាញនោះដែរ។
ចូរអ្នកពោលថា៖ ពិតប្រាកដណាស់ ខ្ញុំស្ថិតនៅលើភស្តុតាងដ៏ច្បាស់លាស់ពីព្រះជាម្ចាស់របស់ខ្ញុំ តែពួកអ្នកបែរជាបដិសេធនឹងវាទៅវិញ។ ខ្ញុំគ្មានអ្វី(ទណ្ឌកម្ម)ដែលពួកអ្នកទទូចសុំឱ្យឆាប់មកដល់នោះទេ។ តាមពិត ការកាត់សេចក្តី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់នឹងកាត់សេចក្តីប្រកបដោយការពិត។ ហើយទ្រង់ជាអ្នកកាត់សេចក្តីដ៏ប្រសើរបំផុត។
ចូរអ្នកពោលចុះថា៖ ប្រសិនបើខ្ញុំមានអ្វី(ទណ្ឌកម្ម)ដែលពួកអ្នកទទូចសុំឱ្យឆាប់មកដល់មែននោះ កិច្ចការរវាងខ្ញុំនិងពួកអ្នកនឹងត្រូវបញ្ចប់ជាមិនខាន។ ហើយអល់ឡោះទ្រង់ដឹងបំផុតចំពោះពួកដែលបំពាន។
ហើយកូនសោរទាំងឡាយនៃប្រការអាថ៌កំបាំង គឺស្ថិតនៅជាមួយទ្រង់(តែមួយគត់)។ គ្មាននរណាម្នាក់ដឹងអំពីវាក្រៅពីទ្រង់ឡើយ។ ហើយទ្រង់ដឹងនូវរាល់អ្វីដែលមាននៅលើគោក និងអ្វីដែលមាននៅក្នុងសមុទ្រ។ គ្មានស្លឹកឈើមួយសន្លឹកណាដែលជ្រុះនោះឡើយ លើកលែងតែទ្រង់ដឹងអំពីវា ហើយក៏គ្មានគ្រាប់ធញ្ញជាតិណាមួយដែលកប់ក្នុងដីងងឹត ឬមានសំណើម ឬក្រៀមស្វិតនោះឡើយ លើកលែងតែមានចារទុកជាស្រេចនៅក្នុងលិខិតកំណត់ត្រាដ៏ច្បាស់លាស់(ឡាវហ៊ុលម៉ះហ៊្វូស)។
ហើយទ្រង់ជាអ្នកដែលធ្វើឲ្យពួកអ្នកស្លាប់នៅពេលយប់(គេងលក់) ហើយទ្រង់ដឹងនូវអ្វីដែលអ្នកធ្វើនៅពេលថ្ងៃ។ បន្ទាប់មក ទ្រង់ធ្វើឱ្យពួកអ្នករស់ឡើងវិញ(ក្រោកពីគេង)ដើម្បីបំពេញនូវអាយុកាល(របស់ពួកអ្នក)ដែលត្រូវបានកំណត់។ ហើយបន្ទាប់មក កន្លែងវិលត្រឡប់របស់ពួកអ្នក គឺទៅកាន់ទ្រង់(តែមួយគត់)។ បន្ទាប់មកទៀត ទ្រង់នឹងប្រាប់ពួកអ្នកពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។
ហើយទ្រង់ជាអ្នកមានអានុភាពលើបណ្តាខ្ញុំបម្រើទាំងឡាយរបស់ទ្រង់់។ ហើយគេបានបញ្ជូនម៉ាឡាអ៊ីកាត់ដ៏ឧត្តមទៅកាន់ពួកអ្នក(ដើម្បីកត់ត្រាទង្វើទាំងអស់របស់ពួកអ្នក)។ លុះដល់សេចក្ដីស្លាប់បានមកដល់នរណាម្នាក់ក្នុងចំណោមពួកអ្នក ម៉ាឡាអ៊ីកាត់របស់យើងក៏បានដកយកជីវិតរបស់គេ ហើយពួកគេមិនធេ្វសប្រហែសឡើយ។
ក្រោយមក ពួកគេក៏ត្រូវបានគេនាំត្រលប់ទៅកាន់អល់ឡោះដែលជាព្រះជាម្ចាស់គ្រប់គ្រងពួកគេដ៏ពិតប្រាកដ។ តើពុំមែនទេឬ ការកាត់សេចក្តី គឺជាកម្មសិទ្ធិរបស់ទ្រង់ ហើយទ្រង់ជាអ្នកជំនុំជម្រះយ៉ាងឆាប់រហ័សបំផុត។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើអ្នកណាជាអ្នកជួយសង្គ្រោះពួកអ្នកពីភាពងងឹតសូន្យសុង ទាំងនៅលើគោក និងនៅក្នុងសមុទ្រនោះ? ពួកអ្នកបួងសួងសុំពីទ្រង់(តែមួយគត់)ដោយឱនលំទោន និងដោយសម្ងាត់ថា៖ ប្រសិនបើព្រះអង្គសង្គ្រោះយើងខ្ញុំពីគ្រោះនេះ យើងខ្ញុំពិតជានឹងស្ថិតក្នុងចំណោមអ្នកដែលដឹងគុណជាមិនខាន។
ចូរអ្នកពោលថា៖ អល់ឡោះជាអ្នកជួយសង្គ្រោះពួកអ្នកអំពីវា និងអំពីគ្រោះអាសន្នទាំងឡាយ។ តែក្រោយមក ពួកអ្នកបែរជាធ្វើស្ហ៊ីរិក(នឹងទ្រង់)ទៅវិញ។
ចូរអ្នកពោលចុះថា៖ អល់ឡោះគឺជាអ្នកដែលមានសមត្ថភាពបំផុតលើការបញ្ជូនទណ្ឌកម្មទៅកាន់ពួកអ្នកពីខាងលើពួកអ្នក ឬពីខាងក្រោមជើងពួកអ្នក ឬអាចធ្វើឱ្យចិត្តរបស់ពួកអ្នកច្របូកច្របល់ ហើយពួកអ្នកកាប់សម្លាប់គ្នាទៅវិញទៅមក។ ចូរអ្នកពិចារណាមើលចុះថា តើយើងបង្ហាញភស្តុតាងជាច្រើនប្រភេទ(ដល់ពួកគេ)យ៉ាងដូចម្ដេចខ្លះ? សង្ឃឹមថាពួកគេនឹងឈ្វេងយល់។
ហើយក្រុមរបស់អ្នកបានបដិសេធនឹងវា(គម្ពីរគួរអាន) ខណៈដែលវា គឺជាការពិត ។ ចូរអ្នកពោលទៅកាន់ពួកគេចុះថា៖ ខ្ញុំពុំមែនជាអ្នកទទួលខុសត្រូវលើពួកអ្នកនោះទេ។
រាល់ព័ត៌មាន(រឿងរ៉ាវ)ទាំងអស់សុទ្ធតែមានការកំណត់។ ដូចនេះ ពួកអ្នកនឹងដឹងជាមិនខាន។
ហើយនៅពេលដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញពួកដែលនិយាយលេងសើចចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើង ចូរអ្នកដកខ្លួនចេញពីពួកគេចុះ រហូតដល់ពួកគេនិយាយលេងសើចពីរឿងផ្សេង។ ហើយនៅពេលដែលស្ហៃតនបានធ្វើឱ្យអ្នកភ្លេច ចូរអ្នកកុំអង្គុយជាមួយក្រុមដែលបំពានទាំងនោះ(តទៅទៀត)ក្រោយពីអ្នកបាននឹកឃើញហើយនោះ។
ហើយពុំមែនជាតួនាទីរបស់បណ្តាអ្នកដែលកោតខ្លាចអល់ឡោះក្នុងការជំនុំជម្រះពួកគេ(ពួកបំពាន)បន្តិចណាឡើយ។ ក៏ប៉ុន្តែគ្រាន់តែជាការរំលឹក(ដល់ពួកគេប៉ុណ្ណោះ) សង្ឃឹមថាពួកគេកោតខ្លាច។
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយពួកដែលយកសាសនារបស់ពួកគេធ្វើជាការកំសាន្ត និងជាការលេងសើចទាំងនោះចុះ។ ពួកគេត្រូវបានជីវិតលោកិយបោកបញ្ឆោតពួកគេ។ ហើយចូរអ្នកដាស់តឿន(មនុស្សលោក)តាមរយៈវា(គម្ពីរគួរអាន)ចុះ ដើម្បីកុំឱ្យមានបុគ្គលណាម្នាក់ត្រូវទទួលរងភាពមហន្តរាយ ដោយសារតែទង្វើដែលខ្លួនបានប្រព្រឹត្ត។ សម្រាប់បុគ្គលម្នាក់ៗ គឺគ្មានអ្នកគាំពារ និងអ្នកជួយអន្តរាគមន៍ណាក្រៅពីអល់ឡោះនោះឡើយ។ ហើយបើទោះបីជាគេចង់លោះខ្លួន(ពីទណ្ឌកម្ម))ដោយថ្នូរណាមួយក៏ដោយ ក៏គេមិនទទួលយកការលោះនោះដែរ។ ពួកទាំងនោះហើយ គឺជាពួកដែលត្រូវបានគេបញ្ជូនទៅកាន់ភាពអន្តរាយ ដោយសារតែទង្វើដែលខ្លួនបានប្រព្រឹត្ត។ គ្រឿងផឹករបស់ពួកគេ គឺទឹកក្តៅពុះកញ្ជ្រោល និងទណ្ឌកម្មដ៏ឈឺចាប់បំផុត ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រឆាំង។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើឱ្យយើងគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះដែលពួកវាមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចបង្កគ្រោះថ្នាក់ដល់យើងផងនោះឬ? ហើយពួកយើងត្រូវចេញពីភាពមានជំនឿបន្ទាប់ពីអល់ឡោះបានចង្អុលបង្ហាញផ្លូវដល់យើងហើយនោះ ប្រៀបដូចជាអ្នកដែលពពួកស្ហៃតនបានពង្វក់រូបគេនៅលើផែនដីនេះ ខណៈដែលរូបគេមានមិត្តភក្តិជាច្រើនដែលអំពាវនាវគេទៅរកការចង្អុលបង្ហាញ(ដោយនិយាយថា៖) ចូរអ្នកមកកាន់ពួកយើងមក (តែគេបែរជាបដិសេធ)។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថា៖ ការចង្អុលបង្ហាញរបស់អល់ឡោះ គឺជាការចង្អុលបង្ហាញដ៏ពិតប្រាកដ។ ហើយគេបានប្រើពួកយើងឱ្យប្រគល់ខ្លួន(ជាជនមូស្លីម)ចំពោះព្រះជាម្ចាស់នៃពិភពទាំងអស់។
ហើយទ្រង់បានបង្គាប់ប្រើឱ្យប្រតិបត្តិសឡាត និងកោតខ្លាចចំពោះទ្រង់។ ហើយពួកអ្នកនឹងត្រូវគេប្រមូលផ្តុំទៅកាន់ទ្រង់(តែមួយគត់)។
ហើយទ្រង់ជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីយ៉ាងពិតប្រាកដ។ នៅថ្ងៃដែលទ្រង់មានបន្ទូល(ចំពោះអ្វីមួយ)ថា៖ “ចូរកើតចុះ” វាក៏កើតឡើងភ្លាមមួយរំពេច។ បន្ទូលរបស់ទ្រង់ គឺជាការពិត។ ហើយអំណាចគ្រប់គ្រងនៅថ្ងៃដែលគេផ្លុំត្រែ(ថ្ងៃបរលោក) គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ទ្រង់ជាអ្នកដឹងបំផុតចំពោះប្រការអាថ៌កំបាំង និងប្រការដែលលាតត្រដាង។ ហើយទ្រង់មហាគតិបណ្ឌិត មហាដឹងបំផុត។
ចូរអ្នកនឹកឃើញ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលព្យាការីអ៊ីព្រហ៊ីមបានពោលទៅកាន់ឪពុករបស់គាត់“អាហ្សើរ”ថា៖ តើអ្នកយករូបបដិមាទាំងនេះធ្វើជាព្រះឬ? ជាការពិតណាស់ ខ្ញុំឃើញអ្នកនិងក្រុមរបស់អ្នកស្ថិតនៅក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។
ក៏ដូច្នោះដែរ យើងបានឱ្យព្យាការីអ៊ីព្រហ៊ីមបានឃើញនូវអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី និងដើម្បីឱ្យរូបគាត់ស្ថិតក្នុងចំណោមអ្នកដែលមានជំនឿជឿជាក់យ៉ាងពិតប្រាកដ។
ហើយនៅពេលដែលពេលរាត្រីបានគ្របដណ្តប់ទៅលើគាត់ គាត់ក៏បានឃើញផ្កាយ។ ពេលនោះ គាត់បាននិយាយថា៖ នេះជាព្រះជាម្ចាស់របស់ខ្ញុំ។ ហើយនៅពេលដែលវាលិចបាត់ទៅវិញ គាត់ក៏និយាយថា៖ ខ្ញុំមិនចូលចិត្តអ្វីដែលលិចបាត់ទៅវិញនោះទេ។
ហើយនៅពេលដែលគាត់ឃើញដួងចន្ទរះឡើង គាត់ក៏បាននិយាយថា៖ នេះជាព្រះជាម្ចាស់របស់ខ្ញុំ។ តែនៅពេលដែលវាលិចបាត់ទៅវិញ គាត់ក៏និយាយថា៖ ប្រសិនបើព្រះជាម្ចាស់របស់ខ្ញុំ(អល់ឡោះ)មិនចង្អុលបង្ហាញរូបខ្ញុំទេនោះ ច្បាស់ជាខ្ញុំនឹងស្ថិតក្នុងចំណោមក្រុមដែលវង្វេងជាមិនខាន។
នៅពេលដែលគាត់បានឃើញព្រះអាទិត្យរះឡើង គាត់ក៏និយាយថា៖ នេះជាព្រះជាម្ចាស់របស់ខ្ញុំ ព្រោះមួយនេះធំជាងគេ។ តែនៅពេលដែលវាលិចបាត់ទៅវិញ គាត់ក៏បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ពិតណាស់ ខ្ញុំមិនពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកកំពុងតែធ្វើស្ហ៊ីរិកនោះឡើយ។
ជាការពិតណាស់ ខ្ញុំតម្រង់មុខរបស់ខ្ញុំទៅកាន់(អល់ឡោះ)អ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីដោយមានភាពស្មោះស(ចំពោះទ្រង់តែមួយគត់)។ ហើយខ្ញុំមិនស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកនោះឡើយ។
ហើយក្រុមរបស់គាត់បានប្រកែកដេញដោលជាមួយនឹងគាត់។ គាត់ក៏បាននិយាយ៖ តើពួកអ្នកមកប្រកែកដេញដោលជាមួយខ្ញុំនៅក្នុងការមានជំនឿចំពោះអល់ឡោះ(តែមួយគត់)ឬ ខណៈដែលទ្រង់ពិតជាបានចង្អុលបង្ហាញខ្ញុំហើយនោះឬ? ហើយខ្ញុំមិនខ្លាចញញើតចំពោះអ្វី(រូបបដិមាទាំងឡាយ)ដែលពួកអ្នកកំពុងតែធ្វើស្ហ៊ីរិកនឹងវានោះឡើយ លើកលែងតែអ្វីមួយដែលព្រះជាម្ចាស់របស់ខ្ញុំមានចេតនាប៉ុណ្ណោះ។ ការដឹងរបស់ព្រះជាម្ចាស់របស់ខ្ញុំទូលំទូលាយគ្របដណ្តប់លើអ្វីៗទាំងអស់។ តើពួកអ្នកមិននឹកឃើញទេឬ?
តើឱ្យខ្ញុំខ្លាចញញើតចំពោះអ្វី(រូបដិមានានា)ដែលពួកអ្នកកំពុងតែធ្វើស្ហ៊ីរិកនោះយ៉ាងដូចម្តេចទៅ បើពួកអ្នកមិនទាំងខ្លាចញញើតចំពោះការដែលពួកអ្នកធ្វើស្ហ៊ីរិកចំពោះអល់ឡោះនូវអ្វីដែលទ្រង់មិនបានបញ្ចុះភស្តុតាងបញ្ជាក់ដល់ពួកអ្នកអំពីវាផងនោះ? តើក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរនេះដែលសក្ដិសមនឹងទទួលបាននូវសុវត្ថិភាពជាង ប្រសិនបើពួកអ្នកបានដឹង។
បណ្តាអ្នកដែលមានជំនឿ ហើយគេមិនលាយឡំជំនឿរបស់ពួកគេជាមួយនឹងប្រការស្ហ៊ីរិក អ្នកទាំងនោះហើយសម្រាប់ពួកគេនឹងទទួលបាននូវសុវត្ថិភាព ហើយពួកគេគឺជាអ្នកដែលទទួលបានការចង្អុលបង្ហាញ។
ហើយទាំងនោះជាភស្តុតាងរបស់យើងដែលយើងបានប្រទានវាដល់ព្យាការីអ៊ីព្រហ៊ីមដើម្បីតទល់ជាមួយនឹងក្រុមរបស់គាត់។ យើងលើកឋានៈសក្តិចំពោះជនណាដែលយើងមានចេតនា។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) មហាគតិបណ្ឌិត មហាដឹងបំផុត។
ហើយយើងបានប្រទានដល់គាត់នូវព្យាការីអ៊ីស្ហាក(ជាកូន) និងព្យាការីយ៉ាក់កូប(ជាចៅ)។ ម្នាក់ៗក្នុងចំណោមអ្នកទាំងពីរ យើងបានចង្អុលបង្ហាញ(ដល់ពួកគេ)។ ហើយព្យាការីនួហ យើងបានចង្អុលបង្ហាញ(ដល់គាត់)កាលពីមុនផងដែរ។ ហើយក្នុងចំណោមពូជអម្បូររបស់គាត់(ព្យាការីនួហ)គឺព្យាការីហ្ទាវូទ ព្យាការីសូឡៃម៉ាន ព្យាការីអៃយ៉ូប ព្យាការីយូសុហ្វ ព្យាការីមូសា និងព្យាការីហារូន(ក៏យើងបានចង្អុលបង្ហាញដល់ពួកគេផងដែរ)។ ក៏ដូច្នោះដែរ យើងនឹងតបស្នងចំពោះបណ្តាអ្នកសាងអំពើល្អ។
ហើយ(ក៏ដូចគ្នាដែរ) ព្យាការីហ្សាការីយ៉ា ព្យាការីយ៉ះយ៉ា ព្យាការីអ៊ីសា និងព្យាការីអ៊ិលយ៉ាស់។ ហើយអ្នកទាំងអស់នោះ គឺស្ថិតក្នុងចំណោមបណ្តាអ្នកដែលសាងទង្វើកុសល។
ហើយ(ក៏ដូចគ្នាផងដែរ) ព្យាការីអ៊ីស្មាអេល ព្យាការីអិលយ៉ាសាក់ ព្យាការីយូនុស និងព្យាការីលូត។ ហើយយើងបានលើកតម្កើងពួកគេម្នាក់ៗ ឱ្យខ្ពង់ខ្ពស់ជាងគេទាំងអស់លើពិភពលោក។
ហើយក្នុងចំណោមជីដូនជីតា កូនចៅ និងបងប្អូនរបស់ពួកគេ(ក៏យើងបានចង្អុលបង្ហាញពួកគេផងដែរ)។ យើងបានជ្រើសរើសពួកគេ និងបានចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។
នោះគឺជាការចង្អុលបង្ហាញរបស់អល់ឡោះដោយទ្រង់ចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ តែប្រសិនបើពួកគេ(បណ្តាព្យាការី)បានធ្វើស្ហ៊ីរិកវិញនោះ ទង្វើ(កុសល)ទាំងឡាយដែលពួកគេធ្លាប់បានសាងនឹងត្រូវចាត់ទុកជាអសារបង់ជាមិនខាន។
អ្នកទាំងនោះហើយដែលយើងបានប្រទានឱ្យពួកគេនូវគម្ពីរ គតិបណ្ឌិត និងភាពជាព្យាការី។ តែប្រសិនបើអ្នកទាំងនោះ(អ្នកស្រុកម៉ាក្កះ)បដិសេធចំពោះវា(អ្វីដែលយើងបានប្រទានដល់ព្យាការី) ជាការពិតណាស់ យើងនឹងប្រគល់វាទៅឲ្យក្រុមផ្សេងទៀតដែលមិនមែនជាពួកដែលបដិសេធចំពោះវា(ជំនួសវិញ)។
អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានការចង្អុលបង្ហាញពីអល់ឡោះ។ ដូចនេះ តាមរយៈការចង្អុលបង្ហាញរបស់ពួកគេ ចូរអ្នកដើរតាមវាចុះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំមិនទាមទារកម្រៃពីពួកអ្នកលើការផ្សព្វផ្សាយ(គម្ពីរគួរអាន)នោះទេ។ ពិតណាស់ វា(គម្ពីរគួរអាន) គ្មានអ្វីក្រៅពីការដាស់រំឭកដល់ពិភពទាំងឡាយនោះឡើយ។
ហើយពួកគេ(ពួកមុស្ហរីគីន)មិនបានលើកតម្កើងអល់ឡោះឱ្យសក្ដិសមនឹងឋានៈរបស់ទ្រង់នោះឡើយ ខណៈដែលពួកគេនិយាយថា៖ អល់ឡោះជាម្ចាស់មិនបានបញ្ចុះអ្វីមួយទៅកាន់មនុស្សលោកនោះឡើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបថា៖ តើអ្នកណាជាអ្នកដែលបានបញ្ចុះគម្ពីរ(តាវរ៉ត)ដែលព្យាការីមូសាបាននាំមកជាពន្លឺ និងជាការចង្អុលបង្ហាញដល់មនុស្សលោកនោះ? ពួកអ្នក(ពួកយូដា)បានសរសេរវាដាក់ទៅក្នុងសៀវភៅផ្សេងៗ ដោយពួកអ្នកបង្ហាញនូវផ្នែកខ្លះអំពីវា ហើយលាក់បាំងនូវផ្នែកជាច្រើនទៀតអំពីវា។ ហើយគេបានបង្រៀនពួកអ្នក(ឱជនជាតិអារ៉ាប់)នូវអ្វី(គម្ពីរគួរអាន)ដែលពួកអ្នកនិងជីដូនជីតារបស់ពួកអ្នកមិនធ្លាប់បានដឹងពីមុនមក។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ គឺអល់ឡោះជាម្ចាស់ (ជាអ្នកបញ្ចុះវាមក)។ បន្ទាប់មក ចូរអ្នកបណ្តោយពួកគេឱ្យលេងសើចក្នុងភាពវង្វេងរបស់ពួកគេនោះចុះ។
ហើយគម្ពីរនេះ(គម្ពីរគួរអាន)យើងបានបញ្ចុះវាមកប្រកបដោយពរជ័យ និងជាអ្នកបញ្ជាក់ទៅលើបណ្តាគម្ពីរដែលបានបញ្ចុះមកកាលពីមុន និងដើម្បីឱ្យអ្នកដាស់តឿនព្រមានពួកអ្នកស្រុកម៉ាក្កះ និងអ្នកដែលនៅជុំវិញវា(មនុស្សលោកទាំងអស់)។ ហើយបណ្តាអ្នកដែលមានជំនឿចំពោះថ្ងៃបរលោក គឺពួកគេមានជំនឿចំពោះវា(គម្ពីរគួរអាន) ហើយពួកគេជាអ្នកដែលថែរក្សាលើការប្រតិបត្តិសឡាតរបស់ពួកគេ។
គ្មានអ្នកណាម្នាក់ដែលបំពានជាងអ្នកដែលបានប្រឌិតកុហកទៅលើអល់ឡោះជាម្ចាស់ ឬនិយាយថា៖ អល់ឡោះបានផ្តល់វ៉ាហ៊ីដល់ខ្ញុំ ខណៈដែលទ្រង់មិនបានផ្តល់វ៉ាហ៊ីដល់ជននោះបន្តិចណាឡើយ ឬក៏និយាយថា៖ ខ្ញុំនឹងបញ្ចុះ(គម្ពីរមួយ)ដូចអ្វី(គម្ពីរគួរអាន)ដែលអល់ឡោះបានបញ្ចុះមកនោះដែរ។ ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញពួកបំពានទាំងនោះក្នុងពេលដែលពួកគេជិតស្លាប់ ខណៈម៉ាឡាអ៊ីកាត់លូកដៃរបស់ពួកគេទៅកាន់ពួកនោះ(ដើម្បីដកហូតព្រលឹង)។ (ម៉ាឡាអ៊ីកាត់បាននិយាយថា៖) ចូរពួកឯង(ព្រលឹង)ចេញពីខ្លួនមក! នៅថ្ងៃនេះ គេនឹងតបស្នងដល់ពួកអ្នកនូវទណ្ឌកម្មដ៏អាម៉ាស់បំផុតដោយសារតែអ្វីដែលពួកអ្នកធ្លាប់បាននិយាយ(ប្រឌិតកុហក)ទៅលើអល់ឡោះខុសពីការពិត ហើយពួកអ្នកធ្លាប់បានក្អេងក្អាង(មិនជឿ)ចំពោះបណ្តាភស្តុតាងទាំងឡាយរបស់ទ្រង់។
ហើយជាការពិតណាស់ ពួកអ្នកមកកាន់យើងនៅថ្ងៃនេះដោយខ្លួនទទេដូចដែលយើងបានបង្កើតពួកអ្នកកាលពីដំបូងដូច្នោះដែរ ហើយពួកអ្នកបានបោះបង់ចោលនូវអ្វីដែលយើងបានប្រទានឱ្យពួកអ្នកនៅពីក្រោយខ្នងពួកអ្នក។ ហើយយើងក៏មិនឃើញអ្នកជួយអន្តរាគមន៍ដែលពួកអ្នកធ្លាប់បានអះអាងថា ពួកវាជាដៃគូ(របស់អល់ឡោះ)នោះនៅជាមួយពួកអ្នកនោះដែរ។ ជាការពិតណាស់ ទំនាក់ទំនងរវាងពួកអ្នកត្រូវបានកាត់ផ្តាច់។ ហើយអ្វីដែលពួកអ្នកធ្លាប់បានអះអាងនោះ ក៏បានរសាត់បាត់អស់ពីពួកអ្នក។
ជាការពិតណាស់ អល់ឡោះជាអ្នកធ្វើឱ្យគ្រាប់ធញ្ញជាតិប្រេះបែក និងធ្វើឲ្យរុក្ខជាតិដុះចេញពីគ្រាប់នោះ។ ទ្រង់បញ្ចេញរបស់មានជីវិតពីរបស់ស្លាប់ និងជាអ្នកបពោ្ចញរបស់ស្លាប់ពីរបស់មានជីវិត។ (អ្នកបង្កើតអ្វីទាំងអស់)នោះគឺអល់ឡោះជាម្ចាស់។ ដូចនេះ តើពួកអ្នក(ឱពួកមុស្ហរីគីន)ងាកចេញ(ពីការពិត)យ៉ាងដូចម្តេច?
ហើយទ្រង់គឺជាអ្នកញែកពន្លឺពេលព្រឹក(ចេញពីភាពងងឹតនៅពេលយប់) ហើយទ្រង់ធ្វើឱ្យពេលយប់ក្លាយពេលសម្រាក និងធ្វើឱ្យព្រះអាទិត្យនិងព្រះចន្ទធ្វើចលនាតាមការកំណត់។ នោះគឺជាការកំណត់របស់ព្រះជាម្ចាស់ដែលមហាខ្លាំងពូកែ មហាដឹងបំផុត។
ហើយទ្រង់ជាអ្នកដែលបានបង្កើតផ្កាយជាច្រើនសម្រាប់ពួកអ្នក(ឱកូនចៅអាហ្ទាំ)ដើម្បីឲ្យពួកអ្នកយកវា(ធ្វើជាត្រីវិស័យ)បង្ហាញផ្លូវពួកអ្នកនៅក្នុងពេលយប់ងងឹតទាំងនៅលើគោកនិងនៅលើផ្ទៃសមុទ្រ។ ជាការពិតណាស់ យើងបានបកស្រាយបញ្ជាក់នូវសញ្ញាភស្តុតាងជាច្រើនសម្រាប់ក្រុមដែលចេះដឹង។
ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកមកពីមនុស្សតែម្នាក់(ព្យាការីអាហ្ទាំ)។ ហើយជាការពិតណាស់ ទ្រង់បានចាប់ផ្ដើមបង្កើតពួកអ្នកដោយការបង្កើតឪពុករបស់ពួកអ្នកអំពីដី។ បន្ទាប់មក ទ្រង់បានបង្កើតពួកអ្នកពីគេ(អាហ្ទាំ)។ ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវកន្លែងចាប់កំណើត(ក្នុងស្បូនម្ដាយ) និងកន្លែងផ្ទុក(ក្នុងឆ្អឹងខ្នងឪពុក)។ ជាការពិតណាស់ យើងបានបកស្រាយបញ្ជាក់នូវសញ្ញាភស្តុតាងជាច្រើនសម្រាប់ក្រុមដែលឈ្វេងយល់។
ហើយទ្រង់ជាអ្នកដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃ។ ហើយតាមរយៈទឹកភ្លៀងនេះ យើងបានបណ្ដុះនូវរុក្ខជាតិគ្រប់ប្រភេទ។ ហើយយើងបានបណ្តុះចេញពីរុក្ខជាតិនោះនូវដំណាំបៃតង។ យើងបានបង្កើតចេញពីដំណាំបៃតងនោះនូវគ្រាប់ធញ្ញជាតិជាច្រើន។ ហើយពីលំអងផ្កាល្មើ យើងបានបញ្ចេញជាចង្កោមផ្លែដែលនៅជិត(ងាយស្រួលបេះ)។ ហើយយើងបានបញ្ចេញចម្ការជាច្រើនអំពីទំពាំងបាយជូរ ដើមអូលីវ និងដើមទទឹមដែល(ស្លឹករបស់វា)ស្រដៀងគ្នា តែ(ផ្លែរបស់វា)ខុសគ្នា។ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)សម្លឹងមើលទៅកាន់ផ្លែរបស់វានៅពេលដែលវាចាប់ផ្តើមចេញក្តិប និងនៅពេលដែលវាទុំចុះ។ ជាការពិតណាស់ នៅក្នុងរឿងទាំងអស់នោះ គឺជាភស្តុតាងដ៏ច្បាស់លាស់សម្រាប់ក្រុមដែលមានជំនឿ។
ហើយពួកគេ(ពួកមុស្ហរីគីន)បានចាត់ទុកជិនជាដៃគូរបស់របស់អល់ឡោះ ខណៈដែលទ្រង់ជាអ្នកដែលបានបង្កើតពួកគេ។ ហើយពួកគេបានប្រឌិតកុហកថាទ្រង់មានបុត្រា និងបុត្រីជាច្រើននាក់ដោយគ្មានចំណេះដឹង។ ទ្រង់មហាបរិសុទ្ធ និងមហាខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេបានពិពណ៌នា។
ទ្រង់ជាអ្នកដែលបង្កើតមេឃជាច្រើនជាន់និងផែនដីដោយគ្មានគំរូពីមុនឡើយ។ តើទ្រង់មានបុត្រាយ៉ាងដូចម្តេច បើទ្រង់គ្មានភរិយាផងនោះ? ហើយទ្រង់បានបង្កើតគ្រប់អ្វីៗទាំងអស់។ ហើយទ្រង់ដឹងបំផុតនូវរាល់អ្វីៗទាំងអស់។
នោះហើយគឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)។ គ្មានព្រះឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ជាអ្នកបង្កើតអ្វីៗទាំងអស់។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះទ្រង់(តែមួយគត់)។ ហើយទ្រង់ជាអ្នកថែរក្សាលើអ្វីៗទាំងអស់។
គ្មាននរណាម្នាក់អាចមើលឃើញទ្រង់បានឡើយ(នៅក្នុងលោកិយនេះ) តែទ្រង់ទេដែលជាអ្នកមើលឃើញអ្វីទាំងអស់។ ទ្រង់មហាទន់ភ្លន់ មហាដឹងបំផុត។
ជាការពិតណាស់ ភស្ដុតាងជាច្រើនពីព្រះជាម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកហើយ(ឱមនុស្សលោកទាំងឡាយ)។ ដូច្នេះ បុគ្គលណាហើយដែលបានឃើញ(អនុវត្ដតាម) វាគឺសម្រាប់ខ្លួនគេផ្ទាល់។ រីឯបុគ្គលណាដែលមើលមិនឃើញ(មិនអនុវត្ដតាម) គ្រោះថ្នាក់នៃទង្វើនោះ វាក៏ធ្លាក់ទៅលើរូបគេដូចគ្នា។ ហើយខ្ញុំ(ព្យាការីមូហាំម៉ាត់)មិនមែនជាអ្នកទទួលខុសត្រូវលើពួកអ្នកនោះឡើយ។
وَكَذَٰلِكَ نُصَرِّفُ ٱلۡأٓيَٰتِ وَلِيَقُولُواْ دَرَسۡتَ وَلِنُبَيِّنَهُۥ لِقَوۡمٖ يَعۡلَمُونَ [١٠٥]
ក៏ដូច្នោះដែរ យើងបានបកស្រាយបញ្ជាក់នូវបណ្តាវាក្យខណ្ឌជាច្រើន(នៃគម្ពីរគួរអាន)។ ហើយពួកគេ(ពួកមុស្ហរីគីន)នឹងនិយាយថា៖ អ្នក(ព្យាការីមូហាំម៉ាត់)បានសិក្សាវា(ពីពួកអះលីគីតាប)ប៉ុណ្ណោះ។ ហើយយើងនឹងបកស្រាយបញ្ជាក់វាសម្រាប់ក្រុមដែលចេះដឹង និងទទួលយកការពិត។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អនុវត្តន៍តាមអ្វីដែលគេបានផ្តល់វ៉ាហ៊ីដល់អ្នកពីព្រះជាម្ចាស់របស់អ្នកចុះ។ គ្មានព្រះឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ហើយចូរអ្នកងាកចេញពីពួកដែលធ្វើស្ហ៊ីរិក។
ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនា គឺពួកគេមិនធ្វើស្ហ៊ីរិកនោះឡើយ។ ហើយយើងមិនបានចាត់តាំងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្វើជាអ្នកទទួលខុសត្រូវលើពួកគេឡើយ ហើយអ្នកក៏មិនមែនជាអ្នកគ្រប់គ្រងលើពួកគេដែរ។
ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)កុំជេរប្រមាថពួកដែលគោរពសក្ការៈផ្សេងពីអល់ឡោះឱ្យសោះដែលជាហេតុធ្វើឲ្យពួកគេជេរប្រមាថអល់ឡោះដោយបំពានទាំងល្ងង់ខ្លៅវិញ។ ដូច្នោះដែរ យើងបានតុបតែងលម្អសម្រាប់រាល់ប្រជាជាតិនីមួយៗនូវទង្វើរបស់ពួកគេ(ទាំងល្អ ទាំងអាក្រក់)។ ក្រោយមក កន្លែងវិលត្រឡប់របស់ពួកគេ(នៅថ្ងៃបរលោក) គឺទៅកាន់(អល់ឡោះ)ព្រះជាម្ចាស់របស់ពួកគេវិញ។ ពេលនោះ ទ្រង់នឹងប្រាប់ពួកគេពីអ្វីដែលពួកគេបានប្រព្រឹត្ត។
ហើយពួកគេ(ពួកមុស្ហរីគីន)បានស្បថនឹងអល់ឡោះយ៉ាងម៉ឺងម៉ាត់ថា៖ ប្រសិនបើសញ្ញាភស្តុតាងណាមួយ(ដែលពួកគេបានស្នើសុំនោះ)បានមកដល់ពួកគេ នោះពួកគេប្រាកដជានឹងមានជំនឿលើវាជាមិនខាន។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត សញ្ញាភស្តុតាងទាំងឡាយ គឺស្ថិតនៅឯអល់ឡោះជាម្ចាស់។ តើអ្វីទៅដែលធ្វើឱ្យពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ដឹងថា ទោះជាសញ្ញាភស្តុតាងនោះមកដល់ ក៏ពួកគេនៅតែមិនមានជំនឿដដែលនោះ?
ហើយយើងនឹងបង្វែរដួងចិត្ត និងចក្ខុរបស់ពួកគេ(ពួកគ្មានជំនឿ)ដូចដែលពួកគេមិនមានជំនឿនឹងវា(គម្ពីរគួរអាន)តាំងពីដំបូង ហើយយើងបានបណ្ដោយពួកគេឱ្យស្ថិតនៅក្នុងភាពវង្វេងរបស់ពួកគេដោយពួកគេមានភាពស្រពិចស្រពិល(ជារៀងរហូត)។
ហើយពិតប្រាកដណាស់ បើទោះបីជាយើងបញ្ជូនម៉ាឡាអ៊ីកាត់ទៅកាន់ពួកគេ ហើយមនុស្សស្លាប់អាចនិយាយប្រាប់ពួកគេ(ពីការពិត) ព្រមទាំងយើងប្រមូលផ្តុំឱ្យពួកគេ(រាល់អ្វីដែលពួកគេទាមទារ)ដាក់ពីមុខពួកគេក៏ដោយ ក៏ពួកគេមិនមានជំនឿនោះដែរ លើកលែងតែ(ជនណាដែល)អល់ឡោះមានចេតនាប៉ុណ្ណោះ។ ក៏ប៉ុន្តែ ភាពច្រើននៃពួកគេមិនដឹងនោះឡើយ។
ក៏ដូច្នោះដែរ យើងបានធ្វើឲ្យមាន(សាកល្បង)សម្រាប់គ្រប់ព្យាការីនូវសត្រូវជាស្ហៃតនជិន និងស្ហៃតនមនុស្សដែលពួកវាទាំងនោះបានពង្វក់អូសទាញគ្នាទៅវិញទៅមកដោយការតុបតែងលម្អប្រការដែលអាក្រក់(ឱ្យមើលឃើញថាជាប្រការល្អ)ដើម្បីជាការបោកប្រាស់(ពួកគេ)។ ហើយប្រសិនបើព្រះជាម្ចាស់របស់អ្នកមានចេតនា ពួកគេក៏មិនអាចធ្វើដូច្នោះបាននោះដែរ។ ហេតុនេះ ចូរអ្នកបណ្តោយពួកគេ និងអ្វីដែលពួកគេបានប្រឌិតកុហកនោះចុះ។
និងដើម្បីឱ្យដួងចិត្តរបស់ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោកទោរទន់ទៅរកវា(អ្វីដែលពួកវាពង្វក់គ្នាទៅវិញទៅមកនោះ) និងពួកគេពេញចិត្ត ព្រមទាំងដើម្បីឱ្យពួកគេទទួលនូវផលកម្មនៃអ្វីដែលពួកគេបានសាង។
តើសមហេតុផលដែរឬទេដែលខ្ញុំទទួលយកការកាត់សេចក្តីផ្សេងពីអល់ឡោះនោះ ខណៈដែលទ្រង់ជាអ្នកដែលបញ្ចុះគម្ពីរ(គួរអាន)ដែលបកស្រាយបញ្ជាក់យ៉ាងច្បាស់លាស់(នូវរាល់ប្រការទាំងអស់)ទៅកាន់ពួកអ្នកនោះ? ហើយចំពោះពួកដែលយើងបានប្រទានគម្ពីរដល់ពួកគេ(ពួកយូដា និងគ្រឹស្ទាន)នោះ ពួកគេដឹងយ៉ាងច្បាស់ថា ពិតណាស់ វា(គម្ពីរគួរអាន) គឺត្រូវបានបញ្ចុះមកពីព្រះជាម្ចាស់របស់អ្នកយ៉ាងពិតប្រាកដ។ ហេតុនេះ ចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែលមានការមន្ទិលសង្ស័យឱ្យសោះ។
ហើយបន្ទូលនៃព្រះជាម្ចាស់របស់អ្នក(គម្ពីរគួរអាន) គឺបានបញ្ចប់យ៉ាងពេញលេញដោយត្រឹមត្រូវនិងយុត្តិធម៌បំផុត។ គ្មាននរណាអាចផ្លាស់ប្តូរបន្ទូលរបស់ទ្រង់ឡើយ។ ហើយទ្រង់មហាឮ មហាដឹងបំផុត។
ប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្វើតាមមនុស្សភាគច្រើននៅលើផែនដីនោះ ពួកគេនឹងធ្វើឱ្យអ្នកវង្វេងចេញពីមាគ៌ារបស់អល់ឡោះជាមិនខាន។ ពិតណាស់ ពួកគេមិនដើរតាមអ្វីក្រៅពីការគិតស្មាននោះឡើយ ហើយពួកគេគ្មានអ្វីក្រៅពីការភូតកុហកប៉ុណ្ណោះ។
ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ដឹងបំផុតចំពោះអ្នកដែលវង្វេងចេញពីមាគ៌ារបស់ទ្រង់ ហើយទ្រង់ដឹងបំផុតចំពោះអ្នកដែលទទួលបានការចង្អុលបង្ហាញ។
ហើយចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បរិភោគចុះនូវសត្វដែលគេរំឭកព្រះនាមរបស់អល់ឡោះទៅលើវា(នៅពេលសំឡេះ) ប្រសិនបើពួកអ្នកពិតជាអ្នកមានជំនឿចំពោះសញ្ញាភស្តុតាងរបស់ទ្រង់មែននោះ។
តើមានអ្វីដែលរារាំងពួកអ្នក(ឱបណ្តាអ្នកមានជំនឿទាំងឡាយ)មិនឱ្យទទួលទាននូវអ្វី(សត្វដែលគេសំឡេះ)ដែលគេបានរំឭកព្រះនាមអល់ឡោះទៅលើវានោះ ខណៈដែលទ្រង់ពិតជាបានបញ្ជាក់ដល់ពួកអ្នករួចនូវអ្វីដែលគេហាមឃាត់ទៅលើពួកអ្នក លើកលែងតែពួកអ្នកមានតម្រូវការចាំបាច់បំផុតចំពោះវាប៉ុណ្ណោះ។ ហើយជាការពិតណាស់ មនុស្សភាគច្រើនបានធ្វើឱ្យគេវង្វេងដោយសារចំណង់តណ្ហារបស់ពួកគេដោយគ្មានចំណេះដឹង។ ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ដឹងបំផុតចំពោះពួកដែលបំពាន។
ហើយចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បោះបង់ចោលនូវអំពើបាបទាំងឡាយ ទាំងលាតត្រដាង និងលាក់កំបាំង។ ជាការពិតណាស់ ពួកដែលប្រព្រឹត្តអំពើបាប គេ(អល់ឡោះ)នឹងតបស្នងដល់ពួកគេចំពោះអ្វីដែលពួកគេបានសាង។
ហើយចូរពួកអ្នក(ឱជនមូស្លីមទាំងឡាយ)កុំបរិភោគឱ្យសោះនូវអ្វី(សត្វ)ដែលគេមិនបានរំឭកព្រះនាមរបស់អល់ឡោះទៅលើវា(នៅពេលសំឡេះ)។ ជាការពិត វា(ការបរិភោគសត្វដែលគេមិនបានរំឭកឈ្មោះអល់ឡោះនៅពេលសំឡេះ)នោះ គឺជាអំពើល្មើស(ចំពោះអល់ឡោះ)។ ហើយជាការពិតណាស់ ស្ហៃតនពួកវាកំពុងតែពង្វក់អូសទាញអ្នកគាំពាររបស់ពួកវាដើម្បីឱ្យពួកគេជជែកដេញដោលជាមួយនឹងពួកអ្នក។ ហើយប្រសិនបើពួកអ្នកធ្វើតាមពួកគេ នោះពួកអ្នកនឹងក្លាយជាពួកដែលធ្វើស្ហ៊ីរិកជាមិនខាន។
តើមនុស្សដែលស្លាប់(ស្ថិតនៅក្នុងភាពគ្មានជំនឿ អវិជ្ជា និងអំពើល្មើស) ក្រោយមក យើងបានធ្វើឱ្យគេរស់ឡើងវិញ(មានជំនឿ ចំណេះដឹង និងការគោរពប្រតិបត្តិអល់ឡោះ) ហើយយើងបានផ្តល់ឲ្យគេនូវពន្លឺមួយដោយគេដើរក្នុងចំណោមមនុស្សលោកនឹងពន្លឺនោះ ដូចគ្នាទៅនឹងអ្នកដែលស្ថិតក្នុងភាពងងឹតសូន្យសុងដែលមិនអាចចេញពីវារួចដែរឬទេ? ក៏ដូច្នោះដែរ គេបានតុបតែងលម្អដល់ពួកគ្មានជំនឿនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។
ហើយក៏ដូចច្នោះដែរ យើងបានបង្កើតឱ្យមាននៅគ្រប់ភូមិស្រុកទាំងអស់នូវពួកមេកន្ទ្រាញដែលអាក្រក់ដើម្បីឲ្យពួកគេប្រើល្បិចកលក្នុងភូមិស្រុកនោះ។ តាមពិត ពួកគេមិនបានប្រើល្បិចកល(ទៅលើនរណាម្នាក់)ឡើយ លើកលែងតែទៅលើខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែពួកគេមិនដឹងខ្លួនឡើយ។
ហើយនៅពេលដែលសញ្ញាភស្តុតាងណាមួយបានមកដល់ពួកគេ ពួកគេនិយាយថា៖ ពួកយើងមិនមានជំនឿជាដាច់ខាត លុះត្រាតែគេនាំមកឱ្យពួកយើងដូចអ្វីដែលគេបានប្រទានទៅឱ្យបណ្តាអ្នកនាំសាររបស់អល់ឡោះ។ អល់ឡោះដឹងបំផុតចំពោះជនណាដែលសក្ដិសមនឹងទទួលសាររបស់ទ្រង់។ ពួកជនដែលក្រអឺតក្រទមទាំងនោះនឹងទទួលនូវភាពថោកទាបបំផុតនៅឯអល់ឡោះ និងទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតដោយសារតែកលល្បិចដែលពួកគេធ្លាប់បានរៀបចំ។
ជាការពិតណាស់ ជនណាហើយដែលអល់ឡោះទ្រង់មានចេតនាចង្អុលបង្ហាញដល់រូបគេ ទ្រង់នឹងបើកចិត្តគេទៅកាន់សាសនាអ៊ីស្លាម។ រីឯជនណាហើយដែលទ្រង់មានចេតនាឱ្យរូបគេវង្វេង ទ្រង់នឹងធ្វើឲ្យចិត្តរបស់គេចង្អៀតចង្អល់ ប្រៀបដូចជារូបគេឡើងទៅលើមេឃដូច្នោះដែរ។ ក៏ដូច្នោះដែរ អល់ឡោះទ្រង់ដាក់ទណ្ឌកម្មចំពោះពួកដែលគ្មានជំនឿ។
ហើយនេះគឺជាមាគ៌ានៃព្រះជាម្ចាស់របស់អ្នកដ៏ត្រឹមត្រូវ។ ពិតណាស់ យើងបានបញ្ជាក់នូវបណ្តាភស្តុតាងជាច្រើនសម្រាប់ក្រុមដែលចេះគិតពិចារណា។
សម្រាប់ពួកគេ គឺទទួលបាននូវលំនៅឋានដែលមានសន្តិភាព(ឋានសួគ៌)នៅឯព្រះជាម្ចាស់របស់ពួកគេ។ ហើយទ្រង់ជាអ្នកដែលគាំពារពួកគេដោយសារតែអ្វី(ទង្វើកុសល)ដែលពួកគេធ្លាប់បានសាង។
ហើយនៅថ្ងៃដែលទ្រង់នឹងប្រមូលផ្តុំពួកគេទាំងអស់គ្នា។ (ទ្រង់បានមានបន្ទូលថា៖) ឱក្រុមជិនទាំងឡាយ! ជាការពិតណាស់ ពួកឯងបានធ្វើឱ្យមនុស្សជាច្រើនវងេ្វង។ ហើយអ្នកដែលដើរតាមពួកគេក្នុងចំណោមមនុស្សបានតបថា៖ បរពិតព្រះជាម្ចាស់នៃយើងខ្ញុំ! យើងខ្ញុំសុទ្ធតែបានទទួលផលប្រយោជន៍ពីគ្នាទៅវិញទៅមក។ ហើយ(ឥឡូវនេះ)ពួកយើងបានដល់ពេលវេលាដែលទ្រង់បានកំណត់ចំពោះយើងខ្ញុំហើយ។ ទ្រង់បានមានបន្ទូលថា៖ ឋាននរក គឺជាទីស្នាក់អាស្រ័យរបស់ពួកអ្នកដោយពួកអ្នកស្ថិតក្នុងវាជាអមតៈ លើកលែងតែអ្វីដែលអល់ឡោះមានចេតនាប៉ុណ្ណោះ។ ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មហាគតិបណ្ឌិត មហាដឹងបំផុត។
ហើយក៏ដូច្នោះដែរ យើងបានឲ្យពួកដែលបំពានគ្រប់គ្រងលើគ្នាទៅវិញទៅមកដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។
(ទ្រង់បានមានបន្ទូលទៅកាន់ពួកគេនៅថ្ងៃបរលោកថា៖) ឱក្រុមជិន និងមនុស្សលោកទាំងឡាយ! តើមិនបានមកដល់ពួកអ្នកទេឬ បណ្តាអ្នកនាំសារក្នុងចំណោមពួកអ្នកដែលពួកគេសូត្រឲ្យពួកអ្នកស្តាប់នូវបណ្តាវាក្យខណ្ឌរបស់យើង ព្រមទាំងព្រមានបន្លាចពួកអ្នកពីការជួបជុំគ្នានៅថ្ងៃរបស់ពួកអ្នក(ថ្ងៃបរលោក)នោះ? ពួកគេបានឆ្លើយថា៖ ពួកយើងសូមធ្វើសាក្សីប្រឆាំងនឹងខ្លួនឯង(ថាពិតជាដូច្នោះមែន)។ ហើយឆាកជីវិតលោកិយបានបោកប្រាស់ពួកគេ ហើយពួកគេបានធ្វើសាក្សីប្រឆាំងនឹងខ្លួនឯងទៀតថា ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលធ្លាប់បានប្រឆាំង។
នោះគឺដោយសារតែព្រះជាម្ចាស់របស់អ្នកមិនបំផ្លាញភូមិស្រុកណាមួយដោយបំពាន ខណៈដែលអ្នកភូមិស្រុកនោះមិនដឹងខ្លួននោះឡើយ(ព្រោះតែការអំពាវនាវមិនបានទៅដល់ពួកគេ)។
ហើយសម្រាប់ពួកគេម្នាក់ៗមានឋានៈរៀងៗខ្លួនអាស្រ័យទៅតាមទង្វើរបស់ពួកគេ។ ហើយព្រះជាម្ចាស់របស់អ្នកទ្រង់មិនធ្វេសប្រហែសចំពោះអ្វីដែលពួកគេបានប្រព្រឹត្តនោះឡើយ។
ហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់មហាមានលើសលប់ ប្រកបដោយក្តីមេត្តាករុណា។ ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងបំផ្លាញពួកអ្នក ហើយទ្រង់នឹងជំនួសដោយក្រុមផ្សេងបន្ទាប់ពីពួកអ្នកតាមអ្វីដែលទ្រង់មានចេតនា ដូចដែលទ្រង់បានបង្កើតពួកអ្នកចេញពីពូជអម្បូរនៃក្រុមផ្សេងទៀតនោះដែរ។
ពិតប្រាកដណាស់ អ្វីដែលគេបានសន្យាចំពោះពួកអ្នក(ឱពួកគ្មានជំនឿទាំងឡាយ) គឺពិតជានឹងមកដល់(យ៉ាងពិតប្រាកដ) ហើយពួកអ្នកគ្មានសមត្ថភាព(ក្នុងការរត់គេច)នោះឡើយ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកប្រកាន់ខ្ជាប់តាមមាគ៌ា(វង្វេង)របស់ពួកអ្នកចុះ ខ្ញុំក៏នឹងប្រកាន់ខ្ជាប់តាមមាគ៌ា(ត្រឹមត្រូវ)របស់ខ្ញុំដែរ។ ហើយពួកអ្នកគង់តែនឹងដឹងថា តើនរណាដែលជាអ្នកទទួលបានលទ្ធផលចុងក្រោយដ៏ល្អប្រសើរនោះ។ ពិតប្រាកដណាស់ ពួកដែលបំពាននឹងមិនទទួលបានជោគជ័យនោះឡើយ។
ហើយពួកគេ(ពួកមុស្ហរីគីន)បានបង្កើតមួយចំណែកនៃផលានុផល(ដែលបានមកពីការដាំដុះ) និងសត្វពាហនៈសម្រាប់អល់ឡោះដោយពួកគេនិយាយអះអាងថា៖ (មួយចំណែក)នេះគឺសម្រាប់អល់ឡោះ ហើយ(មួយចំណែក)នេះគឺសម្រាប់ព្រះនានារបស់ពួកយើង។ ជាការពិតណាស់ អ្វីដែល(ពួកគេរៀបចំ)សម្រាប់ព្រះនានារបស់ពួកគេនោះ គឺមិនបានទៅដល់អល់ឡោះឡើយ។ តែអ្វីដែលពួកគេ(បានរៀបចំ)សម្រាប់អល់ឡោះនោះ គឺបានទៅដល់ព្រះនានារបស់ពួកគេ។ អ្វីដែលពួកគេបានវិនិច្ឆ័យនេះ គឺអាក្រក់ជាទីបំផុត។
ហើយក៏ដូច្នោះដែរ ព្រះនានារបស់ពួកគេ(ដែលជាស្ហៃតន)បានតុបតែងលម្អដល់ពួកមុស្ហរីគីនយ៉ាងច្រើងផងដែរ ដោយឱ្យពួកគេសម្លាប់កូនៗខ្លួនឯងដើម្បីបំផ្លាញពួកគេ និងដើម្បីបំភ័ន្តទៅលើពួកគេនូវសាសនារបស់ពួកគេ។ ហើយប្រសិនបើអល់ឡោះមានចេតនា ពួកគេនឹងមិនធ្វើដូច្នោះឡើយ។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយពួកគេ និងអ្វីដែលពួកគេប្រឌិតកុហកនោះចុះ។
ហើយពួកគេបានអះអាងថា៖ សត្វពាហនៈ និងផលានុផលទាំងនេះ គឺត្រូវបានហាមឃាត់មិនឱ្យបរិភោគឡើយ លើកលែងតែជនណាដែលពួកយើងចង់(ឱ្យបរិភោគ)ប៉ុណ្ណោះ។ ហើយចំពោះសត្វពាហនៈទាំងនោះដែរ ខ្នងរបស់វា គឺត្រូវបានហាមឃាត់(មិនឱ្យជិះនិងដឹកជញ្ជូនឥវ៉ាន់)ឡើយ។ ហើយសត្វពាហនៈទាំងនោះផងដែរ ពួកគេមិនរំឭកព្រះនាមអល់ឡោះទៅលើវា(នៅពេលសំឡេះនោះទេ)ដោយពួកគេមួលបង្កាច់ទៅលើទ្រង់។ ទ្រង់នឹងតបស្នងដល់ពួកគេចំពោះតែអ្វីដែលពួកគេធ្លាប់បានមួលបង្កាច់នោះ។
ហើយពួកគេនិយាយទៀតថា៖ គភ៌ដែលមានក្នុងពោះសត្វពាហនៈទាំងនេះ នៅពេលដែលកើតមករស់ គឺវាសម្រាប់តែបុរសៗរបស់ពួកយើងប៉ុណ្ណោះ(ទទួលទាន) ហើយវាត្រូវបានហាមឃាត់ចំពោះស្ត្រីៗរបស់ពួកយើង(មិនឲ្យទទួលទានឡើយ)។ តែប្រសិនបើសត្វនោះកើតមកហើយស្លាប់ គឺពួកគេមានចំណែកដូចគ្នា(អាចបរិភោគបានដូចគ្នា)។ ទ្រង់នឹងតបស្នងដល់ពួកគេចំពោះអ្វីដែលពួកគេពណ៌នា។ ពិតប្រាកដណាស់ ទ្រង់មហាគតិបណ្ឌិត មហាដឹងបំផុត។
ពិតប្រាដកណាស់ ពិតជាខាតបង់ហើយពួកដែលបានសម្លាប់កូនៗរបស់ខ្លួនដោយល្ងង់ខ្លៅ និងអវិជ្ជា និងបានហាមឃាត់ខ្លួនឯងនូវអ្វី(សត្វពាហនៈ)ដែលអល់ឡោះបានប្រទានជាលាភសក្ការៈដល់ពួកគេ ដោយប្រឌិតមួលបង្កាច់ទៅលើអល់ឡោះ។ ជាការពិតណាស់ ពួកគេបានវង្វេង(ពីមាគ៌ាដ៏ត្រឹមត្រូវ) ហើយពួកគេក៏មិនមែនជាអ្នកដែលទទួលបានការចង្អុលបង្ហាញនោះដែរ។
ហើយទ្រង់ជាអ្នកដែលបានបង្កើតនូវចម្ការដំណាំជាច្រើន ដោយ(ដំណាំខ្លះ)ឡើងទ្រើង និង(ដំណាំខ្លះទៀត)មិនឡើងទ្រើង ហើយដើមល្មើ និងដំណាំផ្សេងៗជាច្រើនទៀតដែលមានផ្លែនិងរសជាតិខុសៗគ្នា ព្រមទាំងដើមអូលីវ និងដើមទទឹមដែលស្លឹករបស់វាមានលក្ខណៈស្រដៀងគ្នា ប៉ុន្តែ(ផ្លែរបស់វា)មានរសជាតិខុសគ្នា។ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បរិភោគផ្លែរបស់វាចុះនៅពេលដែលវាចេញផ្លែ ហើយចូរពួកអ្នកបរិច្ចាគហ្សាកាត់របស់វានៅថ្ងៃប្រមូលផល។ ហើយពួកអ្នកមិនត្រូវខ្ជះខ្ជាយឡើយ។ ជាការពិតណាស់ ទ្រង់មិនស្រលាញ់ពួកដែលខ្ជះខ្ជាយនោះទេ។
ហើយក្នុងចំណោមសត្វពាហនៈនោះដែរ គឺ(ទ្រង់បានបង្កើតឲ្យមាន)សត្វដែលអាចដឹកជញ្ជូនបាន និង(សត្វដែល)មិនអាចដឹកជញ្ជូនបាន។ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បរិភោគចុះនូវអ្វីដែលអល់ឡោះបានប្រទានជាលាភសក្ការៈដល់ពួកអ្នក ហើយមិនត្រូវដើរតាមជំហានរបស់ស្ហៃតនឡើយ។ ជាការពិតណាស់ វាគឺជាសត្រូវយ៉ាងច្បាស់លាស់ចំពោះពួកអ្នក។
(ទ្រង់បានបង្កើតនូវសត្វពាហនៈចំនួន)ប្រាំបីប្រភេទ គឺសត្វចៀមមួយគូ និងសត្វពពែមួយគូ(ញីនិងឈ្មោល)។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើទ្រង់បានហាមឃាត់សត្វឈ្មោលទាំងពីរប្រភេទនេះ ឬសត្វញីទាំងពីរប្រភេទនេះ ឬក៏អ្វីដែលមាននៅក្នុងផ្ទៃពោះសត្វញីទាំងពីរប្រភេទនោះ? ចូរពួកអ្នក(ឱពួកមុស្ហរីគីន)ប្រាប់ខ្ញុំដោយផ្អែកលើចំណេះដឹងមក ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវ(ចំពោះអ្វីដែលពួកអ្នកបានអះអាង)មែននោះ។
ហើយនិងសត្វអូដ្ឋមួយគូ និងសត្វគោមួយគូ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើទ្រង់បានហាមឃាត់សត្វឈ្មោលទាំងពីរប្រភេទនេះ ឬសត្វញីទាំងពីរប្រភេទនេះ ឬក៏អ្វីដែលមាននៅក្នុងផ្ទៃពោះសត្វញីទាំងពីរប្រភេទនោះ?? ឬមួយក៏ពួកអ្នក(ឱពួកមុស្ហរីគីន)មានវត្តមានក្នុងពេលដែលអល់ឡោះបានផ្តាំផ្ញើពួកអ្នកចំពោះការហាមឃាត់នេះ? ពិតណាស់ គ្មាននរណាម្នាក់ដែលបំពានជាងអ្នកដែលប្រឌិតភូតកុហកទៅលើអល់ឡោះដើម្បីធ្វើឱ្យមនុស្សវង្វេងដោយគ្មានចំណេះដឹងនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំមិនបានប្រទះឃើញនៅក្នុងអ្វីដែលគេបានផ្តល់ជាវ៉ាហ៊ីមកកាន់ខ្ញុំនូវការដាក់បម្រាមទៅលើអាហារណាមួយមិនឲ្យបរិភោគនោះឡើយ លើកលែងតែសត្វដែលបានស្លាប់(ដោយមិនបានសំឡេះត្រឹមត្រូវតាមច្បាប់អ៊ីស្លាម) ឬឈាមដែលហូរ ឬសាច់ជ្រូកនោះទេ ពីព្រោះវាជារបស់កខ្វក់ ឬក៏វាត្រូវបានគេសំឡេះជាតង្វាយចំពោះអ្នកផ្សេងក្រៅពីអល់ឡោះ។ តែចំពោះជនណាដែលមានភាពចាំបាច់ខ្លាំង(ឱ្យទទួលទានអាហារទាំងនេះ) ដោយគេពុំមែនជាអ្នកដែលបំពាន ហើយក៏ពុំមែនជាអ្នករំលងព្រំដែន(នៃតម្រូវការចាំបាច់របស់ខ្លួន)ដែរនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រឡាញ់បំផុត។
ហើយចំពោះពួកយូដា យើងបានដាក់បម្រាមទៅលើពួកគេ(មិនឱ្យទទួលទាន)រាល់សត្វដែលមានក្រចកជាប់គ្នា។ ហើយចំពោះសត្វគោ និងសត្វពពែ យើងបានហាមឃាត់ពួកគេ(មិនឲ្យបរិភោគ)នូវខ្លាញ់របស់វា លើកលែងតែខ្លាញ់ជាប់ឆ្អឹងខ្នង ឬខ្លាញ់ជាប់ពោះវៀន ឬក៏ខ្លាញ់ជាប់ឆ្អឹងរបស់វាប៉ុណ្ណោះ។ នោះគឺជាការតបស្នងរបស់យើងចំពោះពួកគេដោយសារតែការបំពានរបស់ពួកគេ។ ហើយពិតណាស់ យើងគឺជាអ្នកសច្ចៈបំផុត(ចំពោះរាល់អ្វីដែលយើងបានប្រាប់)។
តែប្រសិនបើពួកគេបដិសេធចំពោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ចូរអ្នកពោលចុះថា៖ ព្រះជាម្ចាស់របស់ពួកអ្នកទ្រង់មានក្តីមេត្តាករុណាដ៏ទូលំទូលាយបំផុត។ ហើយគ្មាននរណាដែលអាចរុញច្រានទណ្ឌកម្មរបស់ទ្រង់ចេញពីក្រុមដែលប្រព្រឹត្តល្មើសបានឡើយ។
ពួកដែលធ្វើស្ហ៊ីរិកនឹងនិយាយថា៖ ប្រសិនបើអល់ឡោះមានចេតនា ពួកយើង និងជីដូនជីតារបស់ពួកយើងនឹងមិនធ្វើស្ហ៊ីរិកឡើយ ហើយពួកយើងក៏មិនដាក់បម្រាមចំពោះអ្វីមួយ(ដែលទ្រង់បានអនុញ្ញាត)នោះដែរ។ ក៏ដូច្នោះដែរ អ្នកជំនាន់មុនពួកគេក៏បានបដិសេធ(នឹងបណ្តាអ្នកនាំសារ)ដូចគ្នាដែរ រហូតដល់ពួកគេបានភ្លក់នូវទណ្ឌកម្មរបស់យើង។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពោលថា៖ តើពួកអ្នកមានចំណេះដឹង(ភស្តុតាងដែលបញ្ជាក់លើសម្តីរបស់ពួកអ្នក)ដែរឬទេ? សូមពួកអ្នកបញ្ចេញវាឲ្យពួកយើងមក? ជាការពិតណាស់ ពួកអ្នកគ្មានតាមអ្វីក្រៅពីការស្មាននោះឡើយ ហើយពួកអ្នកក៏គ្មានអ្វីក្រៅពីការភូតកុហកនោះដែរ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានភស្តុតាងយ៉ាងច្បាស់លាស់។ ហើយប្រសិនបើទ្រង់មានចេតនា ទ្រង់ប្រាកដជានឹងចង្អុលបង្ហាញពួកអ្នកទាំងអស់គ្នាមិនខានឡើយ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកនាំមកនូវសាក្សីទាំងឡាយរបស់ពួកអ្នកដែលពួកគេបានធ្វើសាក្សីថា៖ ពិតប្រាកដណាស់ អល់ឡោះទ្រង់បានដាក់បម្រាមចំពោះប្រការនេះមក។ ប្រសិនបើពួកគេធ្វើសាក្សី(ដោយគ្មានចំណេះដឹង)នោះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំធ្វើសាក្សីជាមួយពួកគេ។ ហើយចូរអ្នកកុំដើរតាមទំនើងចិត្តរបស់ពួកដែលបដិសេធនឹងបណ្តាភស្តុតាងរបស់យើង ហើយនិងពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក ខណៈដែលពួកគេចាត់ទុកអ្នកផ្សេងប្រៀបស្មើនឹងទ្រង់(គោរពសក្ការៈអ្នកផ្សេងរួមជាមួយនឹងទ្រង់)នោះ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ សូមពួកអ្នកមកទីនេះ ខ្ញុំនឹងសូត្រឱ្យពួកអ្នកស្តាប់នូវអ្វីដែលព្រះជាម្ចាស់របស់ពួកអ្នកទ្រង់បានដាក់បម្រាមលើពួកអ្នកគឺ៖ ពួកអ្នកមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយជាដាច់ខាត ហើយត្រូវធ្វើល្អចំពោះឪពុកម្តាយ។ ពួកអ្នកមិនត្រូវសម្លាប់កូនខ្លួនឯងដោយសារ(ខ្លាច)ក្រនោះឡើយ។ យើង(អល់ឡោះ)ជាអ្នកដែលផ្តល់លាភសក្ការៈដល់ពួកអ្នកនិងដល់ពួកគេ(កូនចៅ)។ ហើយពួកអ្នកមិនត្រូវទៅជិត(បៀតបៀន)អំពើអសីលធម៌(ហ្ស៊ីណា)នោះឡើយ ទោះដោយបើកចំហ ឬលាក់បាំង។ ហើយពួកអ្នកក៏មិនត្រូវសម្លាប់ជីវិតដែលអល់ឡោះបានហាមឃាត់នោះដែរ លើកលែងតែដោយការពិត(មានហេតុផលត្រឹមត្រូវស្របច្បាប់)។ ទាំងនោះ គឺជាអ្វីដែលទ្រង់បានផ្តែផ្តាំវាចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។
ហើយពួកអ្នកមិនត្រូវបៀតបៀនទ្រព្យសម្បត្តិក្មេងកំព្រាឡើយ លើកលែងតែតាមវិធីសាស្ត្រដែលល្អ(ផ្តល់ផលប្រយោជន៍ដល់ក្មេងកំព្រានោះ) រហូតដល់គេធំពេញវ័យ។ ហើយចូរពួកអ្នកបំពេញនូវការវាល់ និងការថ្លឹងដោយសុក្រឹត។ យើងមិនដាក់បន្ទុកលើនរណាម្នាក់ហួសពីសមត្ថភាពរបស់គេឡើយ។ ហើយនៅពេលដែលពួកអ្នកនិយាយស្តី ចូរពួកអ្នកនិយាយពាក្យពិត សូម្បីតែចំពោះសាច់ញាតិក៏ដោយ។ ហើយចូរពួកអ្នកអនុវត្តនូវកិច្ចសន្យារបស់អល់ឡោះ។ ទាំងនោះ គឺជាអ្វីដែលទ្រង់បានផ្តែផ្តាំវាចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកនឹងចងចាំ។
ហើយនេះជាមាគ៌ារបស់យើងដ៏ត្រឹមត្រូវ។ ហេតុនេះ ចូរពួកអ្នកដើរតាមវាចុះ។ តែពួកអ្នកមិនត្រូវដើរតាមមាគ៌ាទាំងឡាយផ្សេងឡើយដែលជាហេតុធ្វើឲ្យពួកអ្នកបែកបាក់(ប្រាស់ចាក)ពីមាគ៌ារបស់ទ្រង់។ ទាំងនោះ គឺជាអ្វីដែលទ្រង់បានផ្តែផ្តាំវាចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកនឹងកោតខ្លាច(អល់ឡោះ)។
បន្ទាប់មក យើងបានប្រទានឱ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត)ដើម្បីជាការបំពេញនូវឧបការគុណទៅលើអ្នកដែលសាងកុសល និងដើម្បីជាការបកស្រាយបញ្ជាក់(យ៉ាងលម្អិត)នូវរាល់កិច្ចការទាំងឡាយ ព្រមទាំងជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណា(របស់ទ្រង់)។ សង្ឃឹមថា ពួកគេនឹងមានជំនឿចំពោះការជួបព្រះជាម្ចាស់របស់ពួកគេ(នៅថ្ងៃបរលោក)។
ហើយនេះគឺជាគម្ពីរ(គួរអាន)ដែលយើងបានបញ្ចុះវាប្រកបដោយពរជ័យ។ ហេតុនេះ ចូរពួកអ្នកដើរតាមវា និងកោតខ្លាច(ប្រុងប្រយ័ត្នពីការធ្វើផ្ទុយនឹងវា)។ សង្ឃឹមថាពួកអ្នកនឹងត្រូវបានគេអាណិតស្រលាញ់។
ដើម្បីកុំឱ្យពួកអ្នក(មុស្ហរីគីនអារ៉ាប់)និយាយថា៖ តាមពិត គេបានបញ្ចុះនូវគម្ពីរទៅឲ្យតែមនុស្សពីរក្រុមមុនពួកយើង(ពួកយូដា និងពួកគ្រឹស្ទាន)ប៉ុណ្ណោះ។ ហើយពួកយើងមិនចេះសូត្រគម្ពីររបស់ពួកគេនោះទេ។
និងដើម្បីកុំឱ្យពួកអ្នកនិយាយថា៖ ប្រសិនបើគេបញ្ចុះគម្ពីរណាមួយមកកាន់ពួកយើងនោះ ប្រាកដជាពួកយើងនឹងទទួលបានការចង្អុលបង្ហាញជាងពួកគេជាមិនខាន។ ពិតប្រាកដណាស់ (នៅពេលនេះ)ភស្តុតាងដ៏ច្បាស់លាស់ពីព្រះជាម្ចាស់របស់ពួកអ្នក(គឺគម្ពីរគួរអាន)ដែលជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណានោះ បានមកដល់ពួកអ្នកហើយ។ ជាការពិតណាស់ គ្មាននរណាដែលបំពានខ្លាំងជាងអ្នកដែលបដិសេធនឹងបណ្តាភស្តុតាងរបស់អល់ឡោះ និងបែរចេញពីវានោះឡើយ។ យើងនឹងតបស្នងដល់ពួកដែលបែរចេញពីភស្តុតាងទាំងឡាយរបស់យើងនូវទណ្ឌកម្មដ៏អាក្រក់បំផុតដោយសារតែអ្វីដែលពួកគេធ្លាប់បានបែរចេញ។
ពួកគេមិនរង់ចាំអ្វីក្រៅពីការមកដល់របស់ម៉ាឡាអ៊ីកាត់(ដើម្បីដកហូតព្រលឹងពួកគេ) ឬក៏ការមកដល់នៃព្រះជាម្ចាស់របស់អ្នក ឬក៏ការមកដល់នៃសញ្ញាមួយចំនួននៃព្រះជាម្ចាស់របស់អ្នក(សញ្ញាថ្ងៃបរលោក)នោះឡើយ។ នៅថ្ងៃដែលសញ្ញាមួយចំនួននៃព្រះជាម្ចាស់របស់អ្នកបានមកដល់(ពេលដែលថ្ងៃរះពីទិសខាងលិច) ការមានជំនឿ គឺមិនផ្តល់ប្រយោជន៍អ្វីដល់បុគ្គលណាឡើយ ប្រសិនបើគេមិនមានជំនឿពីមុនមក ឬមានជំនឿហើយតែមិនបានសាងទង្វើកុសល(ពីមុនមក)ទេនោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នករង់ចាំ(ប្រការទាំងនេះ)ចុះ។ ពិតណាស់ ពួកយើងក៏ជាអ្នករង់ចាំដែរ។
ពិតប្រាកដណាស់ ពួកដែលធ្វើឱ្យសាសនារបស់ពួកគេបែកបាក់ ហើយពួកគេបែងចែកជាក្រុមៗនោះ គឺអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គ្មានអ្វីពាក់ព័ន្ធនឹងពួកគេបន្តិចណាឡើយ។ តាមពិត កិច្ចការរបស់ពួកគេ គឺទៅកាន់អល់ឡោះជាម្ចាស់។ បន្ទាប់មក (នៅថ្ងៃបរលោក) ទ្រង់នឹងប្រាប់ពួកគេពីអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។
ជនណាដែលនាំមកនូវទង្វើល្អមួយ នោះគេនឹងទទួលបានការតបស្នងវិញទ្វេជាដប់។ តែជនណាដែលបាននាំមកនូវទង្វើអាក្រក់មួយវិញ គឺគេមិនតបស្នងអ្វី(ដល់រូបគេ)លើសពីវានោះឡើយ ហើយពួកគេក៏មិនត្រូវបានគេបំពាននោះដែរ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ខ្ញុំត្រូវបានព្រះជាម្ចាស់របស់ខ្ញុំចង្អុលបង្ហាញរូបខ្ញុំទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ ជាសាសនាដ៏ពិតដែលជាសាសនារបស់ព្យាការីអ៊ីព្រហ៊ីមដ៏ស្អាតស្អំ(សាសនាឥស្លាម)។ ហើយគាត់ពុំមែនស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកឡើយ។
ចូរអ្នកពោលចុះថា៖ ជាការពិតណាស់ ការសឡាតរបស់ខ្ញុំ ការសំឡេះសត្វរបស់ខ្ញុំ ការរស់នៅរបស់ខ្ញុំ និងការស្លាប់របស់ខ្ញុំ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងអស់។
គ្មានដៃគូរួមជាមួយនឹងទ្រង់ឡើយ។ ប្រការទាំងនេះហើយគេ(អល់ឡោះ)ដាក់បទបញ្ជាលើខ្ញុំ។ ហើយខ្ញុំគឺជាអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)ដំបូងគេបង្អស់។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តើឱ្យខ្ញុំយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាព្រះឬ ខណៈដែលទ្រង់គឺជាព្រះជាម្ចាស់នៃអ្វីៗទាំងអស់នោះ? បុគ្គលគ្រប់រូបដែលសាងអំពើបាប គឺមិនធ្លាក់ទៅលើអ្នកផ្សេងក្រៅពីខ្លួនឯងនោះឡើយ ហើយបុគ្គលគ្រប់រូបក៏មិនទទួលខុសត្រូវចំពោះអំពើបាបរបស់អ្នកផ្សេងនោះដែរ។ បន្ទាប់មក កន្លែងវិលត្រឡប់របស់ពួកអ្នក គឺទៅកាន់ព្រះជាម្ចាស់របស់ពួកអ្នក(តែមួយគត់)។ ពេលនោះ ទ្រង់នឹងប្រាប់ពួកអ្នកពីអ្វីដែលពួកអ្នកធ្លាប់បានខ្វែងគំនិតគ្នាចំពោះវា។
ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកឱ្យធ្វើជាអ្នកគ្រប់គ្រងនៅលើផែនដី(ពីមួយជំនាន់ទៅមួយជំនាន់) ហើយទ្រង់បានលើកឋានៈបុគ្គលមួយចំនួននៃពួកអ្នកឱ្យប្រសើរលើសគ្នាដើម្បីសាកល្បងពួកអ្នកចំពោះអ្វីដែលទ្រង់បានប្រទានដល់ពួកអ្នក។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់រហ័សបំផុតក្នុងការដាក់ទណ្ឌកម្ម ហើយពិតប្រាកដណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រលាញ់។