The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesShe that is to be examined [Al-Mumtahina] - Khmer translation - Rowwad Translation Center
Surah She that is to be examined [Al-Mumtahina] Ayah 13 Location Madanah Number 60
ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំយកសត្រូវរបស់យើងនិងសត្រូវរបស់ពួកអ្នក ធ្វើជាអ្នកគាំពារដោយពួកអ្នកផ្តល់ការស្រលាញ់ទៅកាន់ពួកគេឱ្យសោះ ខណៈដែលពួកគេបានប្រឆាំងនឹងសេចក្តីពិតដែលបានមកដល់ពួកអ្នក។ ពួកគេបានបណ្តេញអ្នកនាំសារ(មូហាំម៉ាត់) និងពួកអ្នក(ពីទឹកដីម៉ាក្កះ) ដោយសារតែពួកអ្នកមានជំនឿចំពោះអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នក ប្រសិនបើពួកអ្នកចាកចេញដើម្បីតស៊ូក្នុងមាគ៌ារបស់យើង និងស្វែងរកការពេញចិត្តពីយើងនោះ។ ពួកអ្នកបានផ្តល់ការស្រឡាញ់ទៅកាន់ពួកគេដោយលាក់បាំង ខណៈដែលយើងដឹងបំផុតនូវអ្វីដែលពួកអ្នកលាក់បាំង និងអ្វីដែលពួអ្នកលាតត្រដាង។ ជនណាហើយដែលបានធ្វើដូច្នោះក្នុងចំណោមពួកអ្នក ពិតប្រាកដណាស់ រូបគេពិតជាបានវង្វេងចេញពីមាគ៌ាដែលត្រឹមត្រូវហើយ។
ប្រសិនបើពួកគេមានអំណាចលើពួកអ្នកវិញ ពួកគេនឹងក្លាយជាសត្រូវសម្រាប់ពួកអ្នក ហើយពួកគេនឹងលើកដៃរបស់ពួកគេនិងអណ្តាតរបស់ពួកគេមករកពួកអ្នកដោយប្រការអាក្រក់ ហើយពួកគេប្រាថ្នាចង់ឲ្យពួកអ្នកប្រឆាំង(ដូចពួកគេដែរ)។
ញាតិសណ្តានរបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នក មិនអាចជួយជាប្រយោជន៍អ្វីដល់ពួកអ្នកឡើយ។ នៅថ្ងៃបរលោក ទ្រង់នឹងបំបែករវាងពួកអ្នក។ ហើយអល់ឡោះមហាឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
ជាការពិតណាស់ ព្យាការីអ៊ីព្រហ៊ីម និងអ្នកដែលនៅជាមួយគាត់ គឺជាគំរូដ៏ល្អសម្រាប់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ) ខណៈពេលដែលពួកគេបានពោលទៅកាន់ក្រុមរបស់ពួកគេថា៖ ពិតប្រាកដណាស់ ពួកយើងមិនពាក់ព័ន្ធនឹងពួកអ្នក និងអ្វីដែលពួកអ្នកគោរពសក្ការៈផេ្សងពីអល់ឡោះឡើយ ដោយពួកយើងប្រឆាំងនឹងពួកអ្នក។ ហើយវាបង្ហាញឱ្យឃើញថា រវាងពួកយើងនិងពួកអ្នក គឺជាសត្រូវនឹងគ្នា និងស្អប់ខ្ពើមគ្នាជាដរាប រហូតទាល់តែពួកអ្នកមានជំនឿលើអល់ឡោះជាម្ចាស់តែមួយគត់ លើកលែងតែពាក្យសម្ដីរបស់ព្យាការីអ៊ីព្រហ៊ីមប៉ុណ្ណោះដែលគាត់បាននិយាយទៅកាន់ឪពុករបស់គាត់ថា៖ ខ្ញុំនឹងសុំការអភ័យទោស(ពីអល់ឡោះ)ដល់អ្នក។ ហើយខ្ញុំមិនមានអំណាចអ្វីអាចការពារអ្នកពី(ទណ្ឌកម្ម)អល់ឡោះបន្តិចណាឡើយ។ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ចំពោះព្រះអង្គ(តែមួយគត់)ដែលយើងខ្ញុំប្រគល់ការទុកចិត្ដ ទៅកាន់ព្រះអង្គដែលយើងខ្ញុំសារភាពកំហុស ហើយកន្លែងវិលត្រឡប់(របស់យើងខ្ញុំ) គឺទៅកាន់ព្រះអង្គ(តែមួយគត់)។
បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្ដាកុំធ្វើឱ្យយើងខ្ញុំក្លាយជាការសាកល្បងចំពោះពួកគ្មានជំនឿ។ ហើយសូមព្រះអង្គមេត្ដាអភ័យទោសដល់យើងខ្ញុំផងចុះ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ ព្រះអង្គមហាខ្លាំងពូកែ មហាគតិបណ្ឌិត។
ពិតប្រាកដណាស់ នៅក្នុងរឿងរបស់ពួកគេ គឺជាគំរូដ៏ល្អមួយសម្រាប់ពួកអ្នក ចំពោះជនណាដែលរំពឹង(ផលបុណ្យពី)អល់ឡោះ និងថ្ងៃបរលោក។ រីឯជនណាហើយបែរចេញ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់ ជាទីកោតសរសើរបំផុត។
សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងធ្វើឲ្យពួកអ្នក(បណ្តាអ្នកមានជំនឿ) ហើយនិងពួកដែលពួកអ្នកចងសត្រូវជាមួយក្នុងចំណោមពួកគេមានក្តីស្រលាញ់(ចំពោះគ្នាវិញ)។ ហើយអល់ឡោះមហាមានអានុភាពបំផុត។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។
អល់ឡោះជាម្ចាស់មិនបានហាមឃាត់ពួកអ្នកនោះទេក្នុងការធ្វើល្អ និងផ្តល់ភាពយុត្តិធម៌ដល់ពួកដែលមិនបានធ្វើសង្រ្គាមប្រឆាំងនឹងពួកអ្នកក្នុងសាសនា និងមិនបានបណ្តេញពួកអ្នកចេញពីលំនៅឋានរបស់ពួកអ្នកទេនោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់បណ្តាអ្នកដែលប្រកាន់នូវភាពយុត្តិធម៌។
តាមពិត អល់ឡោះទ្រង់ហាមឃាត់ពួកអ្នកមិនឱ្យចងសម្ព័ន្ធភាពតែជាមួយពួកដែលបានធ្វើសង្រ្គាមប្រឆាំងនឹងពួកអ្នកក្នុងសាសនា និងបានបណ្តេញពួកអ្នកចេញពីលំនៅឋានរបស់ពួកអ្នក ហើយនិងគាំទ្រក្នុងការបណ្តេញពួកអ្នកប៉ុណ្ណោះ។ ជនណាហើយដែលបានចងសម្ព័ន្ធភាពជាមួយពួកទាំងនោះ ពិតប្រាកដណាស់ ពួកទាំងនោះហើយ គឺជាពួកដែលបំពាន។
ឱបណ្ដាអ្នកដែលមានជំនឿ! នៅពេលដែលមានបណ្តាស្ដ្រីមានជំនឿដែលជាអ្នកភៀសខ្លួនបានមកដល់ពួកអ្នក ចូរពួកអ្នកសាកល្បងពួកនាងចុះ។ អល់ឡោះទ្រង់ដឹងបំផុតចំពោះសេចក្តីជំនឿរបស់ពួកនាង។ ប្រសិនបើពួកអ្នកបានដឹងថា ពួកនាងគឺជាអ្នកដែលមានជំនឿ ចូរពួកអ្នកកុំបញ្ជូនពួកនាងត្រឡប់ទៅកាន់(ស្វាមីពួកនាងដែលជា)ពួកគ្មានជំនឿវិញឱ្យសោះ។ ពួកនាងមិនត្រូវបានអនុញ្ញាតសម្រាប់ពួកគេនោះឡើយ ហើយពួកគេក៏មិនត្រូវបានអនុញ្ញាតសម្រាប់ពួកនាងនោះដែរ។ ហើយចូរពួកអ្នកផ្តល់ឱ្យពួកគេ(ស្វាមីរបស់ពួកនាងដែលគ្មានជំនឿ)នូវអ្វីដែលពួកគេបានចំណាយ(អំពីប្រាក់ខាន់ស្លា)។ ហើយគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ដែលពួកអ្នករៀបការជាមួយនឹងពួកនាង នៅពេលណាដែលពួកអ្នកបានផ្តល់ប្រាក់ខាន់ស្លាដល់ពួកនាងហើយនោះ។ ហើយពួកអ្នកមិនត្រូវបន្តរួមរស់ជាមួយភរិយាដែលគ្មានជំនឿនោះឡើយ។ ហើយចូរពួកអ្នកទាមទារមកវិញនូវអ្វីដែលពួកអ្នកបានចំណាយ(ជាខាន់ស្លាចំពោះពួកនាង)។ ហើយចូរឲ្យពួកគេ(ពួកគ្មានជំនឿ)ទាមទារមកវិញដូចគ្នានូវអ្វីដែលពួកគេបានចំណាយ(អំពីខាន់ស្លា)។ នោះគឺជាក្បួនច្បាប់របស់អល់ឡោះដែលទ្រង់កាត់សេចក្ដីរវាងពួកអ្នក។ ហើយអល់ឡោះជាម្ចាស់មហាដឹង មហាគតិបណ្ឌិត។
ហើយប្រសិនបើពួកអ្នកមិនទទួលបានអ្វីមួយ(ខាន់ស្លា)ពីភរិយារបស់ពួកអ្នកមួយចំនួនដែលបានវិលត្រលប់ទៅកាន់ភាពគ្មានជំនឿវិញ ដូច្នេះ នៅពេលដែលពួកអ្នកទទួលជ័យជម្នះ គឺពួកអ្នកត្រូវផ្ដល់ឱ្យអ្នកដែលភរិយារបស់គេវិលទៅរកភាពគ្មានជំនឿនោះ(ពីទ្រព្យជ័យភណ្ឌ) ដូចទៅនឹងអ្វីដែលពួកគេបានចំណាយ(ជាខាន់ស្លាលើពួកនាង)។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ ក្នុងនាមជាអ្នកដែលមានជំនឿលើទ្រង់។
ឱព្យាការី(មូហាំម៉ាត់)! នៅពេលដែលបណ្ដាស្ដ្រីដែលមានជំនឿបានមកកាន់អ្នកដោយពួកនាងសច្ចាប្រណិធាននឹងអ្នកថា ពួកនាងនឹងមិនធ្វើស្ហ៊ីរិកនឹងអល់ឡោះនូវអ្វីមួយជាដាច់ខាត ហើយពួកនាងនឹងមិនលួច មិនប្រព្រឹត្តអំពើហ្ស៊ីណា មិនសម្លាប់កូនៗខ្លួនឯង និងមិនក្លែងបន្លំកូនអ្នកដទៃ(ដែលកើតពីអំពើសហាយស្មន់របស់ខ្លួន) ថាជាកូន(ជាមួយ)ប្តី ហើយនិងមិនប្រព្រឹត្តល្មើសនឹងអ្នកចំពោះប្រការល្អទាំងឡាយ(ដែលអ្នកបង្គាប់ប្រើ) ចូរអ្នកទទួលយកការធ្វើសច្ចាប្រណិធានរបស់ពួកនាង ព្រមទាំងសុំការអភ័យទោសពីអល់ឡោះឱ្យពួកនាងចុះ បន្ទាប់ពីពួកនាងបានសច្ចាប្រណិធាននឹងអ្នករួចហើយនោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។
ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំយកក្រុមមួយដែលអល់ឡោះទ្រង់ខឹងសម្បាចំពោះពួកគេធ្វើជាអ្នកគាំពារឱ្យសោះ។ ជាការពិតណាស់ ពួកគេអស់សង្ឃឹមចំពោះ(ផលបុណ្យ)ថ្ងៃបរលោក ដូចជាពួកគ្មានជំនឿអស់សង្ឃឹមចំពោះ(ការឲ្យ)អ្នកដែលនៅក្នុងផ្នូរ(រស់ឡើងវិញ)ដូច្នោះដែរ (ដោយសារតែពួកគេមិនជឿឡើយ)។