عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

The congregation, Friday [Al-Jumua] - Khmer translation - Rowwad Translation Center

Surah The congregation, Friday [Al-Jumua] Ayah 11 Location Madanah Number 62

អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដីបានលើកតម្កើងចំពោះអល់ឡោះ ជាសេ្ដចគ្រប់គ្រង ជាអ្នកមហាបរិសុទ្ធ មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

ទ្រង់ជាអ្នកដែលបានបញ្ជូនទៅកាន់ក្រុមដែលមិនចេះអក្សរ(ពួកអារ៉ាប់)នូវអ្នកនាំសារម្នាក់ពីក្នុងចំណោមពួកគេ ដោយសូត្រនូវវាក្យខណ្ឌទាំងឡាយរបស់ទ្រង់ឲ្យពួកគេស្តាប់ និងជម្រះសម្អាតពួកគេ ព្រមទាំងបង្រៀនដល់ពួកគេនូវគម្ពីរ(គួរអាន) និងគតិបណ្ឌិត(ស៊ុណ្ណះ) ខណៈដែលកាលពីមុន ពួកគេពិតជាស្ថិតនៅក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់។

ហើយ(បញ្ជូនទៅកាន់)ក្រុមផ្សេងទៀតក្នុងចំណោមពួកគេដែលអ្នកទាំងនោះមិនទាន់មកដល់នៅឡើយ។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

នោះគឺជាការប្រោសប្រទានរបស់អល់ឡោះដែលទ្រង់ប្រទានវាទៅឱ្យជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះទ្រង់មានការប្រោសប្រទានដ៏ធំធេងបំផុត។

ការប្រៀបធៀបពួក(យូដា)ដែលគេដាក់កាតព្វកិច្ចឱ្យអនុវត្ដន៍តាមគម្ពីរតាវរ៉ត ក្រោយមក ពួកគេបែរជាមិនអនុវត្ដន៍តាមវាទៅវិញ គឺប្រៀបដូចជាសត្វលាដែលដឹកគម្ពីរជាច្រើន។ ការប្រៀបធៀបពួកដែលបដិសេធនឹងបណ្តាវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះ គឺអាក្រក់បំផុត។ ហើយអល់ឡោះទ្រង់មិនចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱពួកយូដាទាំងឡាយ! ប្រសិនបើពួកអ្នកអះអាងថា ពួកអ្នកពិតជាសំណព្វចិត្តរបស់អល់ឡោះជាម្ចាស់ក្រៅពីមនុស្សដទៃមែននោះ ចូរពួកអ្នកប្រាថ្នាចង់ស្លាប់មើល៍ ប្រសិនបើពួកអ្នក គឺជាអ្នកទៀងត្រង់មែននោះ។

ពួកគេនឹងមិនប្រាថ្នាចង់ស្លាប់ជាដាច់ខាតព្រោះតែអ្វីដែលពួកគេបានប្រព្រឹត្ត(កន្លងមក)។ ហើយអល់ឡោះមហាដឹងបំផុតចំពោះពួកដែលបំពាន។

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពិតប្រាកដណាស់ សេចក្ដីស្លាប់ដែលពួកអ្នកខំរត់គេចពីវានោះ គឺពិតជានឹងទៅជួបពួកអ្នកជាមិនខាន។ បន្ទាប់មក គេនឹងនាំពួកអ្នកត្រលប់ទៅកាន់អ្នកដែលមហាដឹងបំផុតពីប្រការអាថ៌កំបាំង និងប្រការលាតត្រដាង។ ពេលនោះ ទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។

ឱបណ្ដាអ្នកដែលមានជំនឿ! នៅពេលដែលគេ(អាហ្សាន)ប្រកាសហៅទៅកាន់ការប្រតិបត្តិសឡាតនៅថ្ងៃសុក្រ ចូរពួកអ្នករួសរាន់ទៅកាន់ការរំលឹកអល់ឡោះ(ស្តាប់ខុតហ្ពះ និងសឡាតជុមអាត់) ហើយចូរពួកអ្នកបោះបង់នូវការលក់ដូរ។ នោះគឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបានដឹង។

ហើយនៅពេលដែលគេបានបញ្ចប់ការសឡាត(ជុមអាត់) ចូរពួកអ្នកបំបែកគ្នានៅលើផែនដី ហើយស្វែងរកការប្រោសប្រទានពីអល់ឡោះ។ ហើយចូរពួកអ្នករំឭកចំពោះអល់ឡោះឲ្យបានច្រើន សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។

តែប្រសិនបើពួកគេឃើញការជួញដូរ ឬការកម្សាន្តសប្បាយ ពួកគេបំបែកគ្នាទៅរកវា ហើយបោះបង់អ្នកឱ្យនៅឈរ(សូត្រខុតហ្ពះតែឯង) ចូរអ្នកពោលថា៖ អ្វីដែលនៅឯអល់ឡោះ គឺល្អប្រសើរជាងការកម្សាន្តសប្បាយ និងការជួញដូរនោះទៅទៀត។ ហើយអល់ឡោះជាអ្នកប្រទានលាភសក្ការៈដ៏ប្រសើរបំផុត។