عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

The Pen [Al-Qalam] - Khmer translation - Rowwad Translation Center

Surah The Pen [Al-Qalam] Ayah 52 Location Maccah Number 68

នូន (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ (អល់ឡោះ)ស្បថនឹងស្លាបប៉ាកកា និងអ្វីដែលពួកគេកត់ត្រា។

ដោយឧបការគុណនៃព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺអ្នកមិនមែនជាមនុស្សវិកលចរិតនោះឡើយ។

ពិតប្រាកដណាស់ សម្រាប់អ្នក គឺនឹងទទួលបានផលបុណ្យដោយគ្មានទីបញ្ចប់នោះឡើយ។

ហើយពិតប្រាកដណាស់ រូបអ្នកស្ថិតនៅលើសីលធម៌ដ៏ឧត្តុង្គឧត្តមបំផុត។

ពិតណាស់ អ្នកនឹងបានឃើញ ហើយពួកគេក៏នឹងបានឃើញដូចគ្នាដែរ

ថាតើនរណាក្នុងចំណោមពួកអ្នកជាមនុស្សវិកលចរិតនោះ?

ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកទ្រង់ដឹងបំផុតចំពោះជនដែលវង្វេងចេញពីមាគ៌ារបស់ទ្រង់ ហើយទ្រង់ក៏ដឹងបំផុតផងដែរចំពោះជនដែលទទួលបានការចង្អុលបង្ហាញទាំងឡាយ។

ដូចេ្នះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំធ្វើតាមពួកដែលបដិសេធឱ្យសោះ។

ពួកគេប្រាថ្នាថា ប្រសិនបើអ្នកបន្ទន់ឥរិយាបថ(ចំពោះពួកគេ) នោះពួកគេនឹងបន្ទន់ឥរិយាបថ(ចំពោះអ្នកវិញ)។

ហើយចូរអ្នកកុំធ្វើតាមរាល់ពួកដែលចូលចិត្តស្បថបំពានដែលទាបថោកនោះឱ្យសោះ។

គឺអ្នកដែលចូលចិត្ដនិយាយដើមគេ និងដើរនិយាយចាក់រុកគេ។

ជាអ្នកដែលចូលចិត្តកំណាញ់ក្នុងផ្លូវល្អ បំពានលើអ្នកដទៃ និងប្រព្រឹត្ដអំពើបាបច្រើន។

ជាមនុស្សដែលអសីលធម៌ ថែមទាំងជាកូនឥតខាន់ស្លា។

នោះដោយសារតែគេជាអ្នកមានទ្រព្យសម្បត្ដិនិងកូនចៅច្រើន។

នៅពេលដែលមានគេសូត្រវាក្យខណ្ឌទាំងឡាយរបស់យើងឱ្យគេស្ដាប់ គេបែរជានិយាយថា៖ នេះជារឿងព្រេងនិទានរបស់អ្នកជំនាន់មុនប៉ុណ្ណោះ។

យើងនឹងដាក់សញ្ញាចំណាំនៅលើច្រមុះ(របស់គេ)។

ពិតប្រាកដណាស់ យើងបានសាកល្បងពួកគេ(ពួកមុស្ហរីគីន) ដូចដែលយើងបានសាកល្បងចំពោះពួកម្ចាស់ចម្ការនោះដែរ ខណៈដែលពួកគេបានស្បថថា ពួកគេពិតជានឹងទៅប្រមូលផលវាទាំងព្រឹកព្រលឹម។

តែពួកគេមិនបាននិយាយថា អិនស្ហាអល់ឡោះ(ប្រសិនបើអល់ឡោះមានចេតនា)នោះឡើយ។

ដូច្នេះ ព្រះជាម្ចាស់របស់អ្នកក៏បានបញ្ជូនភ្លើងទៅកាន់ចម្ការនោះ(ទាំងយប់) ខណៈដែលពួកគេកំពុងតែគេងលង់លក់។

ពេលនោះ វា(បានឆេះខ្ទេច)ប្រៀបដូចជាពេលយប់ដែលងងឹតសូន្យសុង។

ហើយពួកគេបានស្រែកហៅគ្នានៅពេលព្រឹកព្រលឹមថា៖

ចូរនាំគ្នាចេញដំណើរពីព្រលឹមទៅកាន់ចម្ការរបស់ពួកអ្នក ប្រសិនបើពួកអ្នកចង់ប្រមូលផល(អំពីវា)មែននោះ។

ពេលនោះ ពួកគេក៏នាំគ្នាធ្វើដំណើរ(ឆ្ពោះទៅកាន់ចម្ការ) ហើយពួកគេនិយាយគ្នាតិចៗថា៖

ថ្ងៃនេះ មិនត្រូវឱ្យអ្នកក្រចូលមកក្នុងចម្ការរបស់ពួកអ្នកជាដាច់ខាត។

ហើយពួកគេស្រូតដំណើរទាំងព្រលឹមក្នុងបំណងរារាំងអ្នកក្រ ដោយគិតថា ខ្លួនមានលទ្ធភាពអាចធ្វើបាន។

នៅពេលដែលពួកគេបានឃើញចម្ការនោះ(ត្រូវភ្លើងឆេះខ្ទេច) ពួកគេនិយាយថា៖ ពួកយើងពិតជាវង្វេងផ្លូវហើយ។

(ទេ) ផ្ទុយទៅវិញ ពួកយើងត្រូវបានគេរារាំង(ពីការប្រមូលផលចម្ការ)នោះ។

អ្នកដែលល្អជាងគេក្នុងចំណោមពួកគេបាននិយាយថា៖ តើខ្ញុំមិនបានប្រាប់ពួកអ្នកទេឬថា៖ ហេតុអ្វីបានជាពួកអ្នកមិនពោលថា អិនស្ហាអល់ឡោះ?

ពួកគេបានពោលថា៖ ព្រះជាម្ចាស់របស់ពួកយើងដ៏មហាស្អាតស្អំ! ពិតប្រាកដណាស់ ពួកយើងធ្លាប់ជាពួកដែលបំពាន។

បន្ទាប់មក ពួកគេបានសំដៅទៅរកគ្នាដោយស្ដីបន្ទោសគ្នាទៅវិញទៅមក។

ពួកគេនិយាយថា៖ អនិច្ចាពួកយើង! ពិតប្រាកដណាស់ ពួកយើងធ្លាប់ជាពួកដែលបំពាន។

សង្ឃឹមថាព្រះជាម្ចាស់របស់ពួកយើងនឹងជំនួសឱ្យពួកយើងវិញនូវអ្វីដែលល្អប្រសើរជាងនោះទៅទៀត។ ពិតប្រាកដណាស់ ទៅកាន់ទ្រង់(តែមួយគត់)ដែលពួកយើងប្រាថ្នា(នូវប្រការល្អ)។

នោះហើយជាទណ្ឌកម្ម(ក្នុងលោកិយ)។ ហើយទណ្ឌកម្មនៅថ្ងៃបរលោក គឺធំធេងជាងនោះទៅទៀត ប្រសិនបើពួកគេបានដឹង។

ពិតប្រាកដណាស់ សម្រាប់បណ្ដាអ្នកដែលកោតខ្លាច(អល់ឡោះ) គឺទទួលបានឋានសួគ៌ណាអ៊ីមនៅឯព្រះជាម្ចាស់របស់ពួកគេ។

តើយើង(អល់ឡោះ)ចាត់ទុកជនមូស្លីមទាំងឡាយដូចគ្នានឹងពួកឧក្រិដ្ឋជនឬ?

តើមានអ្វីកើតឡើងចំពោះពួកអ្នក(ឱពួកមុស្ហរីគីន)ទើបបានជាពួកអ្នកហ៊ានកាត់សេចក្តីបែបនេះ?

ឬក៏ពួកអ្នកមានគម្ពីរមួយដែលពួកអ្នកសិក្សាអំពីវា?

(បើដូច្នោះមែននោះ) នៅក្នុងគម្ពីរនោះពិតជាបានចែងថា សម្រាប់ពួកអ្នក គឺអាចជ្រើសរើសបាន។

ឬមួយពួកអ្នកមានកិច្ចព្រមព្រៀងដ៏ច្បាស់លាស់មួយអំពីយើងរហូតដល់ថ្ងៃបរលោកដែលថា ពិតប្រាកដណាស់ ពួកអ្នកនឹងទទួលបានតាមអ្វីដែលពួកអ្នកចង់?

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកគេថា៖ តើនរណាក្នុងចំណោមពួកគេជាអ្នកទទួលខុសត្រូវចំពោះរឿងនោះ?

ឬមួយពួកគេមានព្រះផ្សេងៗជាច្រើន? បើដូចេ្នះមែន ចូរឱ្យពួកគេនាំព្រះទាំងឡាយរបស់ពួកគេមក ប្រសិនបើពួកគេជាអ្នកទៀងត្រង់មែននោះ។

នៅថ្ងៃដែលទ្រង់បញ្ចេញកំភួនជើង ហើយពួកគេត្រូវបានគេអំពាវនាវឱ្យស៊ូជោត តែពួកគេ(ពួកគ្មានជំនឿ)មិនអាចស៊ូជោតបាននោះឡើយ។

កែវភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលភាពអាម៉ាស់បានគ្របដណ្ដប់លើពួកគេ។ ជាការពិតណាស់ ពួកគេធ្លាប់ត្រូវបានគេអំពាវនាវឱ្យស៊ូជោត ខណៈដែលពួកគេមានសុខភាពល្អ (តែពួកគេមិនស៊ូជោតឡើយ)។

ដូចេ្នះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទុកឲ្យយើង និងអ្នកដែលបដិសេធនឹងពាក្យសម្តី(គម្ពីរគួរអាន)នេះ។ យើងនឹងល្បួងពួកគេ ដោយពួកគេមិនដឹងខ្លួនឡើយ។

ហើយយើងពន្យារពេលដល់ពួកគេ។ ជាពិតណាស់ គម្រោងការរបស់យើង គឺខ្លាំងក្លាបំផុត។

ឬមួយក៏អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទាមទារកម្រៃពីពួកគេ ដែលការបង់កម្រៃនោះជាបន្ទុកដ៏ធ្ងន់ធ្ងរចំពោះពួកគេ?

ឬមួយពួកគេដឹងរឿងអាថ៌កំបាំង ហើយពួកគេកត់ត្រាវាទុក?

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះការកំណត់របស់ព្រះជាម្ចាស់អ្នក ហើយចូរអ្នកកុំធ្វើដូចអ្នកដែលស្ថិតក្នុងពោះត្រីហ៊ូត(ព្យាការីយូនុស) ខណៈដែលគាត់បានបួងសួងនៅក្នុងពេលដែលគាត់ពោរពេញដោយទុក្ខព្រួយ។

ប្រសិនបើគ្មានឧបការគុណពីព្រះជាម្ចាស់របស់គាត់ទៅដល់គាត់ទេនោះ ច្បាស់ជារូបគាត់នឹងត្រូវត្រីនោះខ្ជាក់ចោលនៅទីវាលរហោស្ថានជាមិនខាន ខណៈដែលគាត់ជាអ្នកដែលត្រូវគេស្ដីបន្ទោស។

តែព្រះជាម្ចាស់របស់គាត់បានជ្រើសរើសគាត់(ជាអ្នកនាំសារ)។ ដូច្នេះ ទ្រង់ក៏បានធ្វើឱ្យគាត់ស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសល។

ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ ស្ទើរតែធ្វើឱ្យអ្នកមានគ្រោះថ្នាក់ដោយសារតែក្រសែភ្នែករបស់ពួកគេ នៅពេលដែលពួកគេបានស្ដាប់ឮគម្ពីរគួរអាន ហើយពួកគេនិយាយថា៖ ពិតប្រាកដណាស់ រូបគេ(ព្យាការីមូហាំម៉ាត់) គឺជាមនុស្សវិកលចរិត។

ហើយវា(គម្ពីរគួរអាន) គឺគ្មានអ្វីក្រៅពីការដាស់រំឭកដល់ពិភពទាំងឡាយនោះឡើយ។