عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

The reality [Al-Haaqqa] - Khmer translation - Rowwad Translation Center

Surah The reality [Al-Haaqqa] Ayah 52 Location Maccah Number 69

ថ្ងៃបរលោក(ជាថ្ងៃដែលនឹងកើតឡើងពិតប្រាកដ)។

អ្វីទៅជាថ្ងៃបរលោក?

ហើយតើអ្វីដែលធ្វើឱ្យអ្នកដឹងថា អ្វីទៅជាថ្ងៃបរលោកនោះ?

ពួកសាមូទ និងពួកអាទបានបដិសេធនឹងថ្ងៃបរលោក។

រីឯពួកសាមូទ ជាការពិតណាស់ គេបានបំផ្លាញពួកគេដោយសម្រែកមួយយ៉ាងខ្លាំងក្លា។

ចំណែកឯពួកអាទវិញ ជាការពិតណាស់ គេបានបំផ្លាញពួកគេដោយខ្យល់ត្រជាក់ដែលបក់បោកយ៉ាងខ្លាំងក្លា។

ទ្រង់បញ្ជូនវាមកលើពួកគេរយៈពេលប្រាំពីរយប់ប្រាំបីថ្ងៃជាប់ៗគ្នា។ ហើយអ្នកនឹងឃើញក្រុមនោះស្លាប់បាត់បង់ជីវិត ដែលពួកគេប្រៀបដូចជាដើមល្មើដែលដួលរលំ។

ដូច្នេះ តើអ្នកឃើញពួកគេនៅមានជីវិតសេសសល់ដែរឬទេ?

ហើយហ្វៀរអោន និងអ្នកជំនាន់មុនហ្វៀរអោន ហើយនិងស្រុកភូមិក្រុមរបស់ព្យាការីលូត គឺសុទ្ធតែបានប្រព្រឹត្ដនូវអំពើខុសឆ្គង។

ហើយពួកគេបានបដិសេធនឹងអ្នកនាំសារនៃព្រះជាម្ចាស់របស់ពួកគេ។ ហេតុនេះ ទ្រង់ក៏បានដាក់ទណ្ឌកម្មពួកគេនូវទណ្ឌកម្មដ៏ខ្លាំងក្លាបំផុត។

ពិតប្រាកដណាស់ នៅពេលទឹកបានជន់លិចឡើងហួសកម្រិត យើងបានផ្ទុកពួកអ្នកក្នុងសំពៅ(ដែលព្យាការីនូហបានសង់ឡើង)។

ដើម្បីយើងនឹងយករឿងនោះធ្វើជាការដាស់រំលឹកសម្រាប់ពួកអ្នក ហើយធ្វើឱ្យត្រចៀកចងចាំនូវអ្វីដែលបានស្តាប់ឮ។

ហើយនៅពេលដែលគេ(ម៉ាឡាអ៊ីកាត់)បានផ្លុំត្រែចំនួនមួយដង(ផ្លុំត្រែលើកទីមួយ)

ហើយផែនដី និងភ្នំទាំងឡាយត្រូវបានគេលើកចេញ(ពីកន្លែងរបស់វា) រួចវាទាំងពីរត្រូវបានបែកខ្ទេចខ្ទីនោះ

ថ្ងៃនោះហើយជាថ្ងៃដែលថ្ងៃបរលោកកើតឡើង។

ហើយមេឃបានប្រេះបែក។ ហើយនៅថ្ងៃនោះ វាប្រែជាទន់ខ្សោយ។

ពួកម៉ាឡាអ៊ីកាត់ឋិតនៅគ្រប់ជ្រុងនៃមេឃ។ ហើយនៅថ្ងៃនោះ មានម៉ាឡាអ៊ីកាត់ចំនួនប្រាំបីនាក់ទ្រអារ៉ស្ហព្រះជាម្ចាស់របស់អ្នកពីលើពួកគេ។

នៅថ្ងៃនោះ ពួកអ្នកត្រូវបានគេនាំមកបង្ហាញខ្លួន។ គ្មានអាថ៌កំបាំងអ្វីមួយអំពីពួកអ្នកអាចលាក់បាំងបាននោះឡើយ។

រីឯជនណាដែលត្រូវបានគេ(ម៉ាឡាអ៊ីកាត់)ប្រគល់សៀវភៅកំណត់ត្រា(ទង្វើ)របស់គេពីខាងស្ដាំ នោះគេនឹងនិយាយថា៖ ចូរពួកអ្នកយកសៀវភៅកំណត់ត្រា(ទង្វើ)របស់ខ្ញុំទៅអានចុះ។

ពិតប្រាកដណាស់ ខ្ញុំដឹងប្រាកដថា ខ្ញុំពិតជានឹងទទួលបាននូវការតបស្នងរបស់ខ្ញុំ។

ជាការពិតណាស់ គេនឹងទទួលបាននូវការរស់នៅមួយដែលជាទីគាប់ចិត្ដ។

គឺស្ថិតនៅក្នុងឋានសួគ៌ដ៏ខ្ពង់ខ្ពស់បំផុត។

ផ្លែឈើរបស់វាឋិតនៅជិតបង្កើយ(នឹងរូបគេ)។

(មានគេនិយាយថា៖) ចូរពួកអ្នកបរិភោគ និងផឹកដោយរីករាយចុះ ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានសាងក្នុងបណ្តាថ្ងៃកន្លងផុតទៅ(ក្នុងលោកិយ)។

រីឯជនណាដែលត្រូវបានគេ(ម៉ាឡាអ៊ីកាត់)ប្រគល់សៀវភៅកំណត់ត្រា(ទង្វើ)របស់គេពីខាងឆ្វេងវិញ នោះគេនឹងនិយាយថា៖ ឱអនិច្ចាខ្លួនខ្ញុំអើយ! មិនគួរណាខ្ញុំត្រូវបានគេប្រគល់សៀវភៅកំណត់ត្រា(ទង្វើ)របស់ខ្ញុំសោះ។

ហើយខ្ញុំក៏មិនដឹងដែរថា អ្វីទៅជាការតបស្នងរបស់ខ្ញុំនោះ។

ឱអនិច្ចា! គួរណាស់តែសេចក្ដីស្លាប់(ក្នុងលោកិយ)ជាទីបញ្ចប់នៃអ្វីៗទាំងអស់។

ទ្រព្យសម្បត្ដិរបស់ខ្ញុំមិនអាចជួយជាប្រយោជន៍អ្វីដល់ខ្ញុំឡើយ។

អំណះអំណាងរបស់ខ្ញុំ ក៏បានវិនាសបាត់បង់ពីខ្ញុំដែរ។

(មានគេនិយាយថា៖) ចូរពួកអ្នក(ឱម៉ាឡាអ៊ីកាត់)ចាប់ជននេះ រួចដាក់ខ្នោះគេចុះ។

បន្ទាប់មក ចូរពួកអ្នកបោះគេចូលក្នុងនរកជើហ៊ីម។

បន្ទាប់មកទៀត ចូរពួកអ្នកដោតគេនឹងច្រវាក់ដែលមានប្រវែងចិតសិបហត្ថចុះ។

ពិតប្រាកដណាស់ គេមិនធ្លាប់មានជំនឿលើអល់ឡោះដ៏មហាធំធេងឡើយ។

ហើយគេក៏មិនដែលជំរុញគ្នាឲ្យផ្ដល់អាហារដល់អ្នកក្រីក្រនោះដែរ។

ដូចនេះ នៅក្នុងថ្ងៃនេះ គេគ្មានសាច់ញាតិណាដែលអាចការពាររូបគេ(ពីទណ្ឌកម្ម)នោះឡើយ។

ហើយគ្មានចំណីអាហារ(សម្រាប់គេ)ក្រៅពីខ្ទុះឈាមនោះឡើយ។

គ្មានអ្នកណាដែលទទួលទានវា ក្រៅតែពីពួកដែលប្រព្រឹត្តបាបកម្មប៉ុណ្ណោះ។

(អល់ឡោះ)ទ្រង់ស្បថនឹងអ្វីគ្រប់យ៉ាងដែលពួកអ្នកមើលឃើញ

ហើយនិងអ្វីគ្រប់យ៉ាងដែលពួកអ្នកមើលមិនឃើញ។

ជាការពិតណាស់ វា(គម្ពីរគួរអាន) គឺជាបន្ទូល(របស់អល់ឡោះដែលសូត្រដោយ)អ្នកនាំសាររបស់ទ្រង់ដ៏មហាឧត្តុង្គឧត្តម។

ហើយវាមិនមែនជាពាក្យពេចន៍របស់អ្នកកវីឡើយ។ តិចតួចបំផុត អ្វីដែលពួកអ្នកមានជំនឿ។

ហើយវាក៏មិនមែនជាពាក្យពេចន៍របស់គ្រូទាយនោះដែរ។ តិចតួចបំផុតអ្វីដែលពួកអ្នកត្រិះរិះពិចារណា។

(តែវា)ជាការបញ្ចុះមកពីព្រះជាម្ចាស់នៃពិភពទាំងឡាយ។

បើសិនជាគេ(ព្យាការីមូហាំម៉ាត់)និយាយប្រឌិតមកលើយើងនូវពាក្យពេចន៍មួយចំនួន(ដែលយើងមិនបានមានបន្ទូល)

យើងពិតជានឹងផ្ដន្ទាទោសគេដោយអានុភាព(របស់យើង)។

បន្ទាប់មក យើងនឹងកាត់ផ្តាច់សរសៃឈាមបេះដូងរបស់គេ។

គ្មាននរណាម្នាក់ក្នុងចំណោមពួកអ្នកអាចរារាំងរូបគេឱ្យរួចផុត(ពីទណ្ឌកម្មយើង)បានឡើយ។

ពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺជាការដាស់រំឭកដល់បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)។

ហើយពិតប្រាកដណាស់ យើងដឹងច្បាស់ថា ក្នុងចំណោមពួកអ្នក មានអ្នកដែលបដិសេធ(ចំពោះគម្ពីរគួរអាននេះ)។

ហើយជាការពិតណាស់ វា(ការបដិសេធនឹងគម្ពីរគួរអាន)ពិតជាវិប្បដិសារីមួយចំពោះពួកគ្មានជំនឿ។

ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺជាសេចក្តីពិតដ៏ច្បាស់លាស់បំផុត។

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកតម្កើងព្រះនាមនៃព្រះជាម្ចាស់របស់អ្នកដ៏មហាឧត្ដុង្គឧត្ដមចុះ។