The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe Ascending stairways [Al-Maarij] - Khmer translation - Rowwad Translation Center
Surah The Ascending stairways [Al-Maarij] Ayah 44 Location Maccah Number 70
អ្នកបួងសួងម្នាក់បានបួងសួងសុំឱ្យទណ្ឌកម្មកើតឡើង។
សម្រាប់ពួកគ្មានជំនឿ គឺគ្មានអ្នកការពាររូបគេ
ពីអល់ឡោះជាម្ចាស់ដែលមានភាពខ្ពង់ខ្ពស់នោះឡើយ។
ម៉ាឡាអ៊ីកាត់ទាំងឡាយ និងជីព្រីលឡើងទៅកាន់ទ្រង់នៅក្នុងថ្ងៃមួយដែលរយៈពេលរបស់វាស្មើនឹងហាសិបពាន់ឆ្នាំ(នៃលោកិយ)។
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចុះនូវការអត់ធ្មត់មួយដ៏ល្អប្រសើរ។
ពិតប្រាកដណាស់ ពួកគេមើលឃើញវា(ទណ្ឌកម្ម)នៅឆ្ងាយបំផុត។
តែយើងឃើញវានៅជិតបង្កើយ។
ថ្ងៃដែលមេឃប្រែក្លាយដូចជាលោហធាតុដែលត្រូវគេរំលាយ។
ហើយភ្នំទាំងឡាយប្រែក្លាយដូចជារោមសត្វ។
ហើយគ្មានសាច់ញាតិណាសួរសុខទុក្ខសាច់ញាតិ(របស់ខ្លួន)នោះឡើយ។
ពួកគេឃើញសាច់ញាតិរបស់ពួកគេ។ ជនគ្មានជំនឿមានបំណងលោះខ្លួនពីទណ្ឌកម្មនៅថ្ងៃនោះនឹងកូនចៅរបស់ខ្លួន
និងភរិយារបស់ខ្លួន បងប្អូនរបស់ខ្លួន
និងសាច់សាលោហិតរបស់ខ្លួនដែលធ្លាប់ពឹងពាក់គ្នា
ព្រមទាំងអ្នកនៅលើផែនដីទាំងអស់។ បន្ទាប់មក ឱ្យរូបគេរួចផុត(ពីទណ្ឌកម្មអល់ឡោះ)។
មិនដូច្នោះឡើយ។ ជាការពិតណាស់ វាគឺជាភ្លើងនរកដែលឆាបឆេះសន្ធោសន្ធៅ
ដែលវាឆេះរលេះរលួយស្បែកក្បាល(និងគ្រប់ស្បែកទាំងអស់)។
វាស្រែកហៅអ្នកដែលបែរក្រោយ និងងាកចេញ(ពីមាគ៌ាត្រឹមត្រូវ)
ហើយប្រមូល(ទ្រព្យសម្បត្ដិ) រួចរក្សាទុក(មិនព្រមបរិច្ចាគ)។
ពិតប្រាកដណាស់ មនុស្សលោកត្រូវបានគេបង្កើតឡើងដោយមានចិត្តអន្ទះសា។
នៅពេលមានគ្រោះអាក្រក់កើតឡើងចំពោះរូបគេ គេគ្មានភាពអត់ធ្មត់ឡើយ។
តែនៅពេលដែលគេទទួលបានប្រការល្អ គេបែរជាកំណាញ់ទៅវិញ។
លើកលែងតែបណ្តាអ្នកដែលប្រតិបត្តិសឡាតប៉ុណ្ណោះ
ដែលពួកគេតែងប្រតិបត្ដិសឡាតរបស់ខ្លួនជាប់ជានិច្ច។
និងបណ្ដាអ្នកដែលដកយកមួយចំណែកអំពីទ្រព្យសម្បត្ដិរបស់ពួកគេសម្រាប់បរិច្ចាគ
ដល់អ្នកសុំទាន និងអ្នកក្រដែលមិនហ៊ានសុំ។
និងបណ្ដាអ្នកដែលជឿជាក់ចំពោះថ្ងៃបរលោក។
និងបណ្ដាអ្នកដែលខ្លាចទណ្ឌកម្មនៃព្រះជាម្ចាស់របស់ពួកគេ។
ពិតប្រាកដណាស់ ទណ្ឌកម្មនៃព្រះជាម្ចាស់របស់ពួកគេគ្មាននរណាម្នាក់មានសុវត្ថិភាពឡើយ។
និងបណ្ដាអ្នកដែលថែរក្សាប្រដាប់ភេទរបស់ពួកគេ
លើកលែងតែចំពោះភរិយារបស់ខ្លួន ឬខ្ញុំបម្រើស្រីដាច់ថ្លៃដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេប៉ុណ្ណោះ។ ពិតប្រាកដណាស់ ពួកគេមិនត្រូវបានគេយកទោសពៃរ៍ឡើយ។
តែជនណាដែលស្វែងរក(ការតេ្រកត្រអាល)ផ្សេងពីនោះ ជាការពិតណាស់ ពួកទាំងនោះហើយគឺជាពួកដែលបំពាន។
និងបណ្ដាអ្នកដែលបំពេញនូវទំនុកចិត្ត និងកិច្ចសន្យារបស់ខ្លួន។
និងបណ្តាអ្នកដែលធ្វើសាក្សីដោយត្រឹមត្រូវ។
ហើយនិងបណ្តាអ្នកដែលថែរក្សាលើការសឡាតរបស់ខ្លួន។
អ្នកទាំងនោះហើយដែលស្ថិតក្នុងឋានសួគ៌ដែលត្រូវបានគេលើកតម្កើង។
តើមានអ្វីដែលធ្វើឱ្យពួកគ្មានជំនឿបដិសេធចំពោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)យ៉ាងលឿនបែបនេះ?
(ពួកគេ)ស្ថិតនៅទាំងខាងស្ដាំ និងខាងឆេ្វង ជាក្រុមផ្សេងៗ។
តើបុគ្គលម្នាក់ៗនៃពួកគេប្រាថ្នាថានឹងត្រូវបានគេបញ្ចូលទៅក្នុងឋានសួគ៌ណាអ៊ីមឬ?
មិនដូច្នោះឡើយ! ពិតប្រាកដណាស់ យើង(អល់ឡោះ)បានបង្កើតពួកគេពីអ្វីដែលពួកគេបានដឹង។
ទ្រង់ស្បថនឹង(ខ្លួនឯងដែលជា)ព្រះជាម្ចាស់នៃទិសខាងកើត និងទិសខាងលិចថា៖ ពិតប្រាកដណាស់ យើងគឺជាអ្នកមានសមត្ថភាពបំផុត
លើការជំនួសពួកគេ(ពួកមុស្ហរីគីន)នឹងក្រុមមួយដែលល្អប្រសើរជាងពួកគេ។ ហើយយើងពុំមែនអសមត្ថភាព(ក្នុងការធ្វើដូច្នោះ)នោះឡើយ។
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទុកឱ្យពួកគេលិចលង់ និងលេងសើចចុះ រហូតដល់ពួកគេជួបនឹងថ្ងៃរបស់ពួកគេដែលត្រូវបានគេសន្យា។
គឺនៅថ្ងៃដែលពួកគេក្រោកចេញពីផ្នូរយ៉ាងលឿនហាក់ដូចជាពួកគេប្រជែងគ្នាទៅកាន់រូបបដិមា(របស់ពួកគេ)ដូច្នោះដែរ។
កែវភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលភាពអាម៉ាស់បានគ្របដណ្ដប់លើពួកគេ។ នោះហើយជាថ្ងៃដែលពួកគេធ្លាប់ត្រូវបានគេសន្យា។