The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesNooh [Nooh] - Khmer translation - Rowwad Translation Center
Surah Nooh [Nooh] Ayah 28 Location Maccah Number 71
ពិតប្រាកដណាស់ យើងបានបញ្ជូនព្យាការីនួហទៅកាន់ក្រុមរបស់គេ (ហើយយើងបានមានបន្ទូលថា៖) ចូរអ្នកដាស់តឿនព្រមានក្រុមរបស់អ្នកមុននឹងទណ្ឌកម្មដ៏ឈឺចាប់បានមកដល់ពួកគេ។
គាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំជាអ្នកដាស់តឿនព្រមានយ៉ាងច្បាស់លាស់សម្រាប់ពួកអ្នក។
ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ(តែមួយគត់) និងកោតខ្លាចទ្រង់ ហើយគោរពប្រតិបត្ដិតាមខ្ញុំ
នោះទ្រង់នឹងអភ័យទោសដល់ពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងពន្យារអាយុជីវិតពួកអ្នក រហូតដល់ពេលវេលាដែលត្រូវបានកំណត់។ ពិតប្រាកដណាស់ ពេលវេលាកំណត់របស់អល់ឡោះ កាលណាវាមកដល់ គឺគេមិនពន្យារពេលឡើយ ប្រសិនបើពួកអ្នកបានដឹង។
គាត់បានពោលថា៖ បរពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំបានអំពាវនាវក្រុមរបស់ខ្ញុំទាំងយប់ទាំងថ្ងៃ។
តែការអំពាវនាវរបស់ខ្ញុំ គ្មានបន្ថែមអ្វីដល់ពួកគេក្រៅពីការគេចចេញនោះឡើយ។
ហើយពិតប្រាកដណាស់ រាល់ពេលដែលខ្ញុំអំពាវនាវពួកគេដើម្បីព្រះអង្គអភ័យទោសដល់ពួកគេ ពួកគេបែរជាយកម្រាមដៃញ៉ុកត្រចៀកខ្លួនឯង និងបានយកសម្លៀកបំពាក់គ្របមុខ ហើយពួកគេនៅតែបន្ដ(ប្រឆាំង) និងក្អេងក្អាងជាខ្លាំង។
បន្ទាប់មក ខ្ញុំពិតជាបានអំពាវនាវពួកគេដោយបើកចំហ។
ក្រោយមកទៀត ខ្ញុំពិតជាបានអំពាវនាវពួកគេដោយសំឡេងខ្លាំងៗ ហើយក៏បានអំពាវនាវពួកគេដោយស្ងាត់ៗផងដែរ។
ហើយខ្ញុំបាននិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកសុំការអភ័យទោសពីព្រះជាម្ចាស់របស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលមហាអភ័យទោសបំផុត។
ទ្រង់នឹងបញ្ចុះទឹកភ្លៀងយ៉ាងច្រើនសន្ធឹកសន្ធាប់មកកាន់ពួកអ្នក។
ហើយទ្រង់នឹងប្រទាននូវទ្រព្យសម្បត្ដិនិងកូនចៅជាច្រើនដល់ពួកអ្នក និងបង្កើតសម្រាប់ពួកអ្នកនូវចម្ការដំណាំជាច្រើន ហើយនិងបង្កើតសម្រាប់ពួកអ្នកនូវទនេ្លជាច្រើនផងដែរ។
ហេតុអ្វីបានជាពួកអ្នកមិនខ្លាចចំពោះភាពធំធេងរបស់អល់ឡោះជាម្ចាស់ដូចនេះ?
ជាការពិតណាស់ ទ្រង់បានបង្កើតពួកអ្នកជាដំណាក់កាលៗ។
តើពួកអ្នកមិនបានឃើញទេឬ ថាតើអល់ឡោះទ្រង់បង្កើតមេឃប្រាំពីរជាន់តម្រៀបលើគ្នា
ព្រមទាំងបង្កើតនូវព្រះចន្ទនៅលើមេឃជាពន្លឺ និងបង្កើតព្រះអាទិត្យជាជាចង្កៀងយ៉ាងដូចម្តេច?
ហើយអល់ឡោះទ្រង់បានបង្កើតពួកអ្នកអំពីដី។
បន្ទាប់មក ទ្រង់ត្រលប់ពួកអ្នកទៅក្នុងដីវិញ(បន្ទាប់ពីស្លាប់)។ បន្ទាប់មកទៀត ទ្រង់នឹងបញ្ចេញពួកអ្នក(ពីដីមកវិញនៅថ្ងៃបរលោក)។
ហើយអល់ឡោះទ្រង់បានបង្កើតផែនដីឱ្យលាតសន្ធឹងសម្រាប់ពួកអ្នក
ដើម្បីឲ្យពួកអ្នកអាចធ្វើដំណើរនៅលើវាតាមផ្លូវដែលធំទូលាយជាច្រើន។
ព្យាការីនួហបានពោលថា៖ បរពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ ពួកគេបានប្រឆាំងនឹងខ្ញុំ ហើយពួកគេបែរជាដើរតាមជនដែលទ្រព្យសម្បត្ដិ និងកូនចៅរបស់គេមិនបានបន្ថែមអ្វីដល់គេក្រៅតែពីភាពខាតបង់ទៅវិញ។
ហើយពួកគេបានប្រើល្បិចកលមួយយ៉ាងធំ។
ហើយពួកគេ(ពួកមេដឹកនាំ)បាននិយាយថា៖ ចូរពួកអ្នកកុំបោះបង់ព្រះទាំងឡាយរបស់ពួកអ្នក និងកុំបោះបង់បដិមាវ៉ាតទិន, ស៊ូវ៉ាក, យ៉ាហ្គូស, យ៉ាអ៊ូក, និងណាស់រ៉ ឲ្យសោះ។
ហើយជាការពិតណាស់ ពួកវាបានធ្វើឱ្យមនុស្សជាច្រើនវងេ្វង។ ហើយសូមព្រះអង្គកុំបន្ថែមអ្វីដល់ពួកដែលបំពានក្រៅពីភាពវងេ្វងនោះឡើយ។
ដោយសារតែកំហុសឆ្គងរបស់ពួកគេ ពួកគេត្រូវបានគេពន្លិច(ដោយទឹកជំនន់)។ ក្រោយមក ពួកគេត្រូវបានគេបញ្ចូលទៅក្នុងឋាននរក។ ពិតណាស់ ពួកគេគ្មានអ្នកជួយណាក្រៅពីអល់ឡោះឡើយ។
ហើយព្យាការីនួហបានពោលថា៖ បរពិតព្រះជាម្ចាស់! សូមព្រះអង្គមេត្ដាកុំទុកឱ្យពួកគ្មានជំនឿណាម្នាក់មានជីវិតនៅលើផែនដីឱ្យសោះ។
ជាការពិតណាស់ ប្រសិនបើព្រះអង្គទុកឱ្យពួកគេនៅមានជីវិត នោះពួកគេនឹងធ្វើឱ្យខ្ញុំបម្រើរបស់ព្រះអង្គវង្វេងជាមិនខាន។ ហើយពួកគេក៏គ្មានបង្កើតកូនចៅណាក្រៅពីកូនចៅដែលអាក្រក់ និងប្រឆាំងប៉ុណ្ណោះ។
បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្ដាអភ័យទោសដល់ខ្ញុំ និងឪពុកម្ដាយរបស់ខ្ញុំ ព្រមទាំងបណ្តាអ្នកដែលបានចូលក្នុងផ្ទះរបស់ខ្ញុំក្នុងនាមជាអ្នកមានជំនឿ និងបណ្ដាអ្នកមានជំនឿទាំងប្រុសទាំងស្រីផង។ ហើយសូមព្រះអង្គមេត្ដាកុំបន្ថែមអ្វីដល់ពួកដែលបំពាន ក្រៅពីភាពវិនាសនោះឡើយ។