The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe enshrouded one [Al-Muzzammil] - Khmer translation - Rowwad Translation Center
Surah The enshrouded one [Al-Muzzammil] Ayah 20 Location Maccah Number 73
ឱអ្នកដែលដណ្ដប់ភួយ(ព្យាការីមូហាំម៉ាត់)!
ចូរអ្នកក្រោកប្រតិបត្តិសឡាតនៅពេលយប់ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។
(ចូរក្រោកសឡាតឱ្យបាន)ពាក់កណ្ដាលយប់ ឬតិចជាងពាក់កណ្តាលយប់បន្ដិច។
ឬអាចបន្ថែមច្រើនជាងពាក់កណ្ដាលយប់ក៏បាន។ ហើយចូរអ្នកសូត្រគម្ពីរគួរអានឱ្យច្បាស់ៗ មួយៗ។
ពិតប្រាកដណាស់ យើងនឹងបញ្ចុះឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវពាក្យពេចន៍ដ៏ធ្ងន់មួយ(គម្ពីរគួរអាន)។
ពិតប្រាកដណាស់ ការគោរពសក្ការៈនៅពេលយប់ គឺមានឥទ្ធិពលលើដួងចិត្តជាង និងសូត្របានត្រឹមត្រូវជាង។
ពិតប្រាកដណាស់ សម្រាប់អ្នក(ព្យាការីមូហាំម៉ាត់)នៅពេលថ្ងៃ គឺបានចំណាយពេលច្រើនលើកិច្ចការងារផ្សេងៗ។
ហើយចូរអ្នករំឭកព្រះនាមនៃព្រះជាម្ចាស់របស់អ្នក ហើយចូរអ្នកផ្តាច់ខ្លួនទៅកាន់ការគោរពសក្ការៈចំពោះទ្រង់ដោយពេញលេញ។
(ទ្រង់)ជាព្រះជាម្ចាស់នៃទិសខាងកើត និងទិសខាងលិច។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ហេតុនេះ ចូរអ្នកយកទ្រង់ធ្វើជាអ្នកគាំពារចុះ។
ចូរអ្នក(ព្យាការីមូហាំម៉ាត់)អត់ធ្មត់ចំពោះអ្វីដែលពួកគេនិយាយ និងត្រូវចេញឱ្យឆ្ងាយពីពួកគេក្នុងលក្ខណៈមួយដ៏ល្អប្រពៃ។
ហើយចូរអ្នកទុកយើង និងពួកបដិសេធដែលទទួលបានឧបការគុណ ហើយនិងពន្យារពេលឱ្យពួកគេបន្ដិចសិនចុះ។
ពិតប្រាកដណាស់ (នៅថ្ងៃបរលោក) យើងមានខ្សែច្រវ៉ាក់ដ៏ធ្ងន់ និងភ្លើងនរកដែលឆាបឆេះ
ព្រមទាំងចំណីអាហារដែលធ្វើឱ្យស្លាក់ ហើយនិងទណ្ឌកម្មដ៏សែនឈឺចាប់បំផុត(សម្រាប់ពួកគេ)។
គឺនៅថ្ងៃដែលផែនដីនិងភ្នំទាំងឡាយញ័ររញ្ជួយ ហើយភ្នំទាំងឡាយនឹងក្លាយទៅជាពំនូកខ្សាច់ដែលប៉ើងខ្ចាត់ខ្ចាយ។
ពិតប្រាកដណាស់ យើងបានបញ្ជូនអ្នកនាំសារម្នាក់ទៅកាន់ពួកអ្នក(គឺព្យាការីមូហាំម៉ាត់)ដែលធ្វើជាសាក្សីលើពួកអ្នក ដូចដែលយើងបានបញ្ជូនអ្នកនាំសារម្នាក់(ព្យាការីមូសា)ទៅកាន់ហ្វៀរអោនដែរ។
តែហ្វៀរអោនបែរជាប្រឆាំងនឹងអ្នកនាំសារនោះ។ ហេតុនេះ យើងក៏បានដាក់ទណ្ឌកម្មគេនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។
តើពួកអ្នកអាចការពារខ្លួនពួកអ្នកយ៉ាងដូចម្តេចនៅថ្ងៃមួយដែលធ្វើឱ្យក្មេងតូចឡើងស្កូវ ប្រសិនបើពួកអ្នកប្រឆាំងនោះ?
មេឃបានប្រេះបែកព្រោះតែភាពរន្ធត់របស់វា។ ការសន្យារបស់ទ្រង់នឹងកើតឡើងយ៉ាងពិតប្រាកដ។
ពិតប្រាកដណាស់ នេះជាការដាស់រំឭកមួយ។ ហេតុនេះ ជនណាដែលមានបំណងទទួលយកការដាស់រំលឹក ចូរឲ្យគេជ្រើសយកមាគ៌ាទៅកាន់ព្រះជាម្ចាស់របស់គេចុះ។
ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា ពិតណាស់អ្នកបានក្រោកសឡាតតិចជាងពីរភាគបីនៃពេលយប់ ជួនកាលពាក់កណ្ដាលយប់ និងជួនកាលមួយភាគបីនៃពេលយប់។ ហើយក្រុមមួយក្នុងចំណោមអ្នកដែលនៅជាមួយអ្នក (ក៏ពួកគេធ្វើដូច្នោះដែរ)។ ហើយអល់ឡោះទ្រង់បានកំណត់ពេលយប់និងពេលថ្ងៃ។ ទ្រង់ដឹងថា ពួកអ្នកពុំមានសមត្ថភាព(សឡាតពេញមួយយប់)នោះទេ។ ហេតុនេះ ទ្រង់ក៏បានបន្ធូរបន្ថយដល់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នកសូត្រនូវអ្វីដែលងាយស្រួលសម្រាប់ពួកអ្នកអំពីគម្ពីរគួរអាន។ ទ្រង់ក៏បានដឹងដែរថា ក្នុងចំណោមពួកអ្នក គឺនឹងមានអ្នកដែលមានជំងឺ ហើយមានអ្នកផ្សេងទៀតត្រូវធ្វើដំណើរលើផែនដីដើម្បីស្វែងរកការប្រោសប្រទានពីអល់ឡោះ ហើយក៏មានអ្នកផ្សេងទៀត ត្រូវចេញប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ។ ហេតុនេះ ចូរពួកអ្នកសូត្រនូវអ្វីដែលងាយស្រួលសម្រាប់ពួកអ្នកអំពីគម្ពីរគួរអានចុះ។ ហើយចូរពួកអ្នកប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ព្រមទាំងឲ្យអល់ឡោះខ្ចីនូវកម្ចីមួយដ៏ល្អប្រពៃ។ ហើយប្រការល្អណាមួយដែលពួកអ្នកបានសាងវាសម្រាប់ខ្លួនឯង នោះពួកអ្នកពិតជានឹងឃើញវានៅឯអល់ឡោះជាម្ចាស់ ហើយវាល្អប្រសើរជាង និងទទួលបានផលបុណ្យធំធេងជាង។ ហើយចូរពួកអ្នកសុំការអភ័យទោសពីអល់ឡោះចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។