The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe cloaked one [Al-Muddathir] - Khmer translation - Rowwad Translation Center
Surah The cloaked one [Al-Muddathir] Ayah 56 Location Maccah Number 74
ឱអ្នកដែលដណ្ដប់ភួយ(ព្យាការីមូហាំម៉ាត់)!
ចូរក្រោកឡើង រួចដាស់តឿនព្រមាន(មនុស្សលោក)។
ហើយចំពោះព្រះជាម្ចាស់របស់អ្នក ចូរអ្នកលើកតម្កើង។
ហើយចំពោះសម្លៀកបំពាក់របស់អ្នក ចូរអ្នកសម្អាត។
ហើយចំពោះរូបបដិមា ចូរអ្នកចៀសឱ្យឆ្ងាយ។
ហើយចូរកុំឲ្យអ្វីមួយដល់អ្នកដទៃដោយប្រាថ្នាចង់បានការតបស្នងច្រើនមកវិញឲ្យសោះ។
ហើយចំពោះ(បទបញ្ជា)ព្រះជាម្ចាស់របស់អ្នក ចូរអ្នកអត់ធ្មត់។
នៅពេលដែលគេផ្លុំត្រែ(លើកទីពីរ)
ថ្ងៃនោះហើយគឺជាថ្ងៃដែលលំបាកបំផុត
ចំពោះពួកគ្មានជំនឿ ដោយគ្មានភាពងាយស្រួលឡើយ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទុកយើង និងអ្នកដែលយើងបានបង្កើតគេមកតែឯង
ហើយយើងបានធ្វើឱ្យគេក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ
និងមានកូនច្រើនរស់នៅជុំគ្នា
ព្រមទាំងបានប្រទានដល់គេនូវជីវិតរស់នៅដែលស្រណុកសុខស្រួល។
បន្ទាប់មក គេនៅតែមានភាពលោភលន់ចង់ឱ្យយើងបន្ថែម(ឱ្យគេ)ថែមទៀត។
មិនដូច្នោះឡើយ! ពិតប្រាកដណាស់ គេគឺជាអ្នកដែលប្រឆាំងរឹងរូសចំពោះវាក្យខណ្ឌទាំងឡាយរបស់យើង។
យើងនឹងដាក់ទណ្ឌកម្មលើគេកាន់តែខ្លាំង។
ជាការពិតណាស់ រូបគេបានរិះគិត និងបានរៀប(ពាក្យចោទប្រកាន់)។
ពិតណាស់ រូបគេត្រូវបានគេដាក់បណ្ដាសា។ តើគេអាចរៀប(ពាក្យចោទប្រកាន់)បានយ៉ាងដូចមេ្ដច?
បន្ទាប់មក រូបគេត្រូវបានគេដាក់បណ្ដាសា។ តើគេអាចរៀប(ពាក្យចោទប្រកាន់)បានយ៉ាងដូចមេ្ដច?
បន្ទាប់មកទៀត គេបានត្រិះរិះពិចារណា(សាជាថ្មី)។
ក្រោយមក គេធ្វើមុខក្រញូវ ហើយខឹងមួម៉ៅ។
ក្រោយមកទៀត គេបានបែរចេញ និងបានក្រអឺតក្រទម
រួចគេនិយាយថា៖ ពិតណាស់ (គម្ពីរគួរអាន)នេះ គ្មានអ្វីក្រៅពីមន្តអាគមដែលគេទទួលបាន(ពីអ្នកជំនាន់មុន)ប៉ុណ្ណោះ។
(គម្ពីរគួរអាន)នេះ គ្មានអ្វីក្រៅពីពាក្យសម្តីមនុស្សធម្មតាប៉ុណ្ណោះ។
យើង(អល់ឡោះ)នឹងបញ្ចូលរូបគេទៅក្នុងនរកសាកើរ។
តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា តើនរកសាកើរជាអ្វីនោះ?
វាមិនបន្សល់ទុកអ្វី ហើយវាក៏មិនទុកអ្វីចោលដែរ(គឺបំផ្លាញទាំងអស់)។
វាឆាបឆេះធ្វើឱ្យស្បែកប្រែ។
នៅលើនរកនោះ មាន(ម៉ាឡាអ៊ីកាត់)ដប់ប្រាំបួននាក់។
ហើយយើងមិនបានបង្កើតឆ្មាំនរកក្រៅពីម៉ាឡាអ៊ីកាត់ឡើយ។ ហើយយើងក៏មិនបានបង្កើតចំនួនរបស់ពួកគេ(ម៉ាឡាអ៊ីកាត់)នោះដែរ លើកលែងតែដើម្បីជាការសាកល្បងចំពោះពួកដែលគ្មានជំនឿប៉ុណ្ណោះ ដើម្បីឱ្យពួកដែលគេផ្តល់គម្ពីរឲ្យមានការជឿជាក់យ៉ាងច្បាស់ និងដើម្បីឲ្យបណ្ដាអ្នកដែលមានជំនឿកាន់តែបន្ថែមនូវសេចក្តីជំនឿថែមទៀត និងដើម្បីកុំឱ្យពួកដែលគេផ្តល់គម្ពីរឲ្យ ព្រមទាំងបណ្ដាអ្នកដែលមានជំនឿមានការសង្ស័យ ហើយនិងដើម្បីឱ្យពួកដែលក្នុងដួងចិត្តរបស់ពួកគេមានជំងឺ និងពួកប្រឆាំងនិយាយថា៖ តើអល់ឡោះមានបំណងអ្វីចំពោះការលើកឧទាហរណ៍នេះ។ ក៏ដូច្នោះដែរ អល់ឡោះទ្រង់ធ្វើឱ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនា និងចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនា។ ហើយគ្មាននរណាម្នាក់ដឹងពីចំនួនកងទ័ពនៃព្រះជាម្ចាស់របស់អ្នកឡើយ។ ហើយវា(ឋាននរក)គ្មានអ្វីក្រៅពីជាការដាស់រំឭកដល់មនុស្សលោកនោះឡើយ។
មិនដូច្នោះឡើយ។ (អល់ឡោះ)ទ្រង់ស្បថនឹងព្រះចន្ទ។
ហើយទ្រង់ស្បថនឹងពេលយប់នៅពេលដែលវាបានរំលងផុតទៅ។
ហើយទ្រង់ស្បថនឹងពេលព្រលឹមនៅពេលដែលវាបពោ្ចញរស្មី។
ជាការពិតណាស់ វា(ឋាននរក) ជាការសាកល្បងមួយដ៏ធំធេង
ដើម្បីជាការព្រមានបន្លាចដល់មនុស្សលោក។
សម្រាប់ជនណាក្នុងចំណោមពួកអ្នកដែលចង់ដើរទៅមុខ(មានជំនឿ) ឬចង់ដើរថយក្រោយ(ប្រឆាំង)។
រាល់បុគ្គលគ្រប់រូប គឺទទួលខុសត្រូវចំពោះអ្វីដែលរូបគេបានសាង។
លើកលែងតែក្រុមខាងស្តាំ(អ្នកមានជំនឿ)ប៉ុណ្ណោះ។
ពួកគេសួរនាំគ្នាទៅវិញទៅមកនៅក្នុងឋានសួគ៌
អំពីពួកឧក្រិដ្ឋជនទាំងឡាយថា៖
តើមូលហេតុអ្វីទៅទើបគេបញ្ចូលពួកអ្នកទៅក្នុងនរកសាកើរដូចនេះ?
ពួកគេឆ្លើយថា៖ (ដោយសារតែ)ពួកយើងមិនធ្លាប់ស្ថិតក្នុងចំណោមអ្នកដែលប្រតិបត្ដិសឡាតឡើយ។
ហើយពួកយើងក៏មិនធ្លាប់បានផ្ដល់អាហារដល់ជនក្រីក្រនោះដែរ។
ហើយពួកយើងធ្លាប់និយាយមិនត្រឹមត្រូវជាមួយពួកដែលវង្វេង។
ហើយពួកយើងធ្លាប់បានបដិសេធថ្ងៃបរលោក
រហូតដល់សេចក្ដីស្លាប់បានមកដល់ពួកយើង។
ហើយការធ្វើអន្ដរាគមន៍ពីបណ្ដាអ្នកធ្វើអន្តរាយទាំងឡាយ គឺគ្មានផ្តល់ជាប្រយោជន៍អ្វីដល់ពួកគេឡើយ។
តើហេតុអ្វីទៅបានជាពួកគេ(ពួកមុស្ហរីគីន)ងាកចេញពីការដាស់រំលឹក(គម្ពីរគួរអាន)
ពួកគេហាក់បីដូចជាសត្វលាដែលផ្អើលខ្លាំង
ដែលវារត់គេចពីសត្វតោ។
ផ្ទុយទៅវិញ បុគ្គលម្នាក់ៗក្នុងចំណោមពួកគេចង់ឱ្យគេផ្តល់ឲ្យនូវគម្ពីរមួយដែលល្បីសុសសាយ។
មិនដូច្នោះឡើយ។ ផ្ទុយទៅវិញ ពួកគេមិនខ្លាចថ្ងៃបរលោកឡើយ។
ពិតប្រាកដណាស់ វា(គម្ពីរគួរអាន)ជាការដាស់រំឭក។
ដូចនេះ ជនណាដែលចង់ទទួលការដាស់រំលឹក គេនឹងយកវាជាការដាស់រំលឹក។
ហើយពួកគេមិនយកវាជាការដាស់រំលឹកនោះឡើយ លើកលែងតែអល់ឡោះមានចេតនាប៉ុណ្ណោះ។ ទ្រង់គឺជាអ្នកដែលគេត្រូវកោតខ្លាច និងជាអ្នកដែលអភ័យទោស។