The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe rising of the dead [Al-Qiyama] - Khmer translation - Rowwad Translation Center
Surah The rising of the dead [Al-Qiyama] Ayah 40 Location Maccah Number 75
(អល់ឡោះ)ទ្រង់ស្បថនឹងថ្ងៃបរលោក។
ហើយទ្រង់ស្បថនឹងវិញ្ញាណដែលចេះស្តីបន្ទោស។
តើមនុស្សលោកគិតស្មានថា យើងមិនអាចប្រមូលផ្តុំឆ្អឹងរបស់គេឬ?
ពិតមែនហើយ យើងពិតជាមានសមត្ថភាពក្នុងការតម្រៀបម្រាមដៃរបស់គេ(ឱ្យដូចដើមវិញ)។
ផ្ទុយទៅវិញ មនុស្សលោកចង់បន្តប្រព្រឹត្តអំពើអាក្រក់តទៅមុខទៀត។
គេសួរថា៖ តើថ្ងៃបរលោកនឹងកើតឡើងនៅពេលណា?
នៅពេលដែលភ្នែកភ័យស្លន់ស្លោ
ហើយព្រះចន្ទបានបាត់ពន្លឺ
ហើយព្រះអាទិត្យនិងព្រះចន្ទត្រូវបានគេប្រមូល
នៅថ្ងៃនោះ មនុស្សលោកនឹងនិយាយថា៖ តើត្រូវរត់គេចទៅកន្លែងណា?
ទេ! គ្មានកន្លែងរត់គេចឡើយ។
កន្លែងវិលត្រឡប់នៅថ្ងៃនោះ គឺមានតែឆ្ពោះទៅកាន់ព្រះជាម្ចាស់របស់អ្នកប៉ុណ្ណោះ។
នៅថ្ងៃនោះ គេនឹងប្រាប់មនុស្សលោកនូវអ្វីដែលរូបគេបានប្រព្រឹត្ដកន្លងមក និងអ្វីដែលរូបគេមិនទាន់បានប្រព្រឹត្ដ។
ផ្ទុយទៅវិញ មនុស្សលោកគឺជាសាក្សីប្រឆាំងនឹងខ្លួនឯង។
ទោះបីជាគេនាំមកនូវលេសដោះសារយ៉ាងច្រើនក៏ដោយ។
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំកម្រើកអណ្តាតរបស់អ្នកសូត្រគម្ពីរគួរអាន(លឿនពេក) ព្រោះតែប្រញាប់ទន្ទេញវាឲ្យសោះ។
ពិតប្រាកដណាស់ យើងជាអ្នកទទួលខុសត្រូវប្រមូលផ្តុំវា ហើយឱ្យអ្នកសូត្រវា(បានត្រឹមត្រូវ)។
ដូច្នេះ នៅពេលណាដែលអ្នកនាំសាររបស់យើង(ម៉ាឡាអ៊ីកាត់ជីព្រីល)សូត្រវា ចូរអ្នកស្តាប់និងសូត្រតាមការសូត្ររបស់គេ។
បន្ទាប់មក ពិតប្រាកដណាស់ យើងមានតួនាទីជាអ្នកបកស្រាយបញ្ជាក់វា(ដល់អ្នក)។
មិនដូច្នោះឡើយ។ ផ្ទុយទៅវិញ ពួកអ្នកស្រលាញ់ពេញចិត្ដ(ការរស់នៅក្នុង)លោកិយ
ហើយបោះបង់ថ្ងៃបរលោក។
ទឹកមុខ(អ្នកមានជំនឿ)នៅថ្ងៃនោះ គឺស្រស់ស្រាយ
ដោយសម្លឹងមើលទៅកាន់ព្រះជាម្ចាស់របស់គេ។
រីឯទឹកមុខ(ពួកគ្មានជំនឿ)នៅថ្ងៃនោះ គឺក្រញូវ
ដោយរូបគេដឹងច្បាស់ថា រូបគេពិតជានឹងត្រូវទទួលនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាមិនខាន។
មិនដូច្នោះឡើយ។ នៅពេលដែលព្រលឹងបានមកដល់បំពង់ក
គេនិយាយទៅកាន់គ្នាថា៖ តើមាននរណាអាចព្យាបាលគេបាន?
ហើយគេដឹង(ខ្លួនឯង)យ៉ាងច្បាស់ថា ពិតណាស់ រូបគេនឹងត្រូវលាចាក(លោកិយ)ជាមិនខាន។
ស្ថានភាពដ៏លំបាកបំផុតបានប្រមូលផ្តុំគ្នានៅចុងក្រោយនៃជីវិតលោកិយ និងពេលចាប់ផ្តើមនៃជីវិតបរលោក។
នៅថ្ងៃនោះ គេនឹងនាំរូបគេទៅកាន់ព្រះជាម្ចាស់របស់គេ។
ពិតណាស់ គេមិនបានជឿជាក់ ហើយក៏មិនបានប្រតិបត្តិសឡាតនោះដែរ។
ក៏ប៉ុន្ដែ គេបានបដិសេធ និងបែរចេញ។
ក្រោយមក គេបានដើរទៅជួបក្រុមគ្រួសាររបស់គេដោយភាពក្រអឺតក្រទម។
អន្តរាយហើយសម្រាប់ឯង ហើយក៏អន្តរាយទៀត។
ក្រោយមក អន្តរាយហើយសម្រាប់ឯង ហើយក៏អន្តរាយទៀត។
តើមនុស្សលោកគិតស្មានថា រូបគេត្រូវបានគេបោះបង់ចោលដោយមិនជំនុំជម្រះឬ?
តើមនុស្សមិនបានកើតមកពីតំណក់ទឹកកាមដែលចូលទៅក្នុងស្បូនទេឬ?
ក្រោយមក គេក៏ក្លាយទៅជាដុំឈាម ហើយទ្រង់បានបង្កើតរូបគេ រួចធ្វើឱ្យគេមានរូបរាងពេញលេញ។
ក្រោយមកទៀត ទ្រង់បានបង្កើតគេឱ្យមានជាគូៗ(ប្រុស ស្រី)។
តើអ្នកដែលអាចធ្វើដូច្នោះ ពុំមែនជាអ្នកដែលមានសមត្ថភាពក្នុងការធ្វើឱ្យអ្នកស្លាប់រស់ឡើងវិញទេឬ???