The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe tidings [An-Naba] - Khmer translation - Rowwad Translation Center
Surah The tidings [An-Naba] Ayah 40 Location Maccah Number 78
តើពួកគេ(មុស្ហរីគីន)កំពុងតែសួរគ្នាពីរឿងអ្វី?
គឺអំពីដំណឹងដ៏សំខាន់
ដែលពួកគេខ្វែងគំនិតគ្នាចំពោះវា។
មិនដូច្នោះឡើយ ពួកគេគង់តែនឹងដឹង។
ក្រោយមក មិនដូច្នោះឡើយ ពួកគេគង់តែនឹងដឹង។
តើយើង(អល់ឡោះ)មិនបានបង្កើតផែនដីឱ្យមានសណ្ឋានលាតសន្ធឹង
និងភ្នំជាច្រើនជាបង្គោលស្នឹងទេឬ?
ហើយយើងបានបង្កើតពួកអ្នកមានគូ(ប្រុស និងស្ត្រី)។
ហើយយើងបានឱ្យការដេករបស់ពួកអ្នកជាការសម្រាក។
ហើយយើងបានបង្កើតពេលយប់ជាការបិទបាំង។
ហើយយើងបានបង្កើតពេលថ្ងៃជាពេលប្រកបរបរ(ចិញ្ចឹមជីវិត)។
យើងបានបង្កើតនៅពីលើពួកអ្នកនូវ(មេឃ)ប្រាំពីរជាន់ជាសំណង់ដ៏រឹងមាំ។
យើងបានបង្កើតព្រះអាទិត្យឱ្យមានរស្មីចែងចាំង និងមានកម្តៅ។
ហើយយើងបានបញ្ចុះទឹកភ្លៀងដ៏ច្រើនសន្ធឹកសន្ធាប់ពីដុំពពក
ដើម្បីយើងបញ្ចេញតាមរយៈទឹកភ្លៀងនោះនូវគ្រាប់ធញ្ញជាតិ និងរុក្ខជាតិជាច្រើន
ព្រមទាំងចម្ការដំណាំដែលចាក់ស្រេះគ្នាត្រសុំត្រសាយ។
ពិតប្រាកដណាស់ ថ្ងៃកាត់សេចក្តី(រវាងភាវៈទាំងឡាយ) គឺជាពេលវេលាកំណត់។
គឺថ្ងៃដែលគេផ្លុំត្រែ(លើកទីពីរ)។ ពេលនោះ ពួកអ្នកនឹងមកជាក្រុមៗ។
ហើយមេឃត្រូវបានគេបើកចំហដោយវាមានទ្វារជាច្រើន។
ហើយភ្នំត្រូវបានគេបំប៉ើង(ចេញពីកន្លែងរបស់វា) ដែលវាប្រៀបដូចជារូបបំភាន់ភ្នែក។
ពិតប្រាកដណាស់ នរកជើហាន់ណាំគឺជាកន្លែងត្រៀម
ជាកន្លែងវិលត្រលប់សម្រាប់ពួកដែលបំពាន។
ពួកគេស្ថិតនៅទីនោះជាអមតៈ។
នៅក្នុងឋាននរកនោះ ពួកគេមិនស្គាល់រសជាតិត្រជាក់ ហើយក៏គ្មានគ្រឿងផឹកនោះដែរ
លើកលែងតែទឹកដ៏សែនក្តៅ និងខ្ទុះឈាមប៉ុណ្ណោះ
ជាការតបស្នងដ៏សក្ដិសមបំផុត(សម្រាប់ពួកគេ)។
ជាការពិតណាស់ ពួកគេមិនធ្លាប់រំពឹងថាមានការជំនុំជម្រះឡើយ។
ហើយពួកគេថែមទាំងបានបដិសេធសញ្ញាភស្តុតាងទាំងឡាយរបស់យើងទៀតផង។
ហើយរាល់អ្វីៗទាំងអស់ យើងបានកត់ត្រាវាទុកនៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ្វូស)។
ដូចេ្នះ ចូរពួកអ្នក(ឱពួកគ្មានជំនឿ)ភ្លក់ចុះ។ ហើយយើងមិនបន្ថែមអ្វីដល់ពួកអ្នកក្រៅតែពីទណ្ឌកម្មនោះឡើយ។
ពិតប្រាកដណាស់ សម្រាប់បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)នឹងទទួលបានកន្លែងជោគជ័យ(ឋានសួគ៌)
ដែលមានសួនឧទ្យាន និងចម្ការទំពាំងបាយជូរ
និងស្ដ្រីព្រហ្មចារីយ៍ជាច្រើនដែលមានវ័យស្មើៗគ្នា
ព្រមទាំងកែវដែលពេញដោយស្រា។
នៅក្នុងឋានសួគ៌នោះ ពួកគេមិនឮពាក្យសម្តីឥតបានការ ហើយពួកគេក៏មិននិយាយកុហកគ្នានោះដែរ។
(ទាំងនោះ)គឺជាការតបស្នងពីព្រះជាម្ចាស់របស់អ្នក ជាការប្រោសប្រទានដ៏ពេញលេញមួយ(អំពីទ្រង់)។
(ទ្រង់ជា)ព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះវាទាំងពីរ ជាព្រះជាម្ចាស់ដ៏មហាសប្បុរស។ ពួកគេមិនអាចនិយាយអ្វីបានឡើយ (លុះត្រាតែមានការអនុញ្ញាតពីទ្រង់)។
នៅថ្ងៃដែលម៉ាឡាអ៊ីកាត់ជីព្រីល និងម៉ាឡាអ៊ីកាត់ទាំងឡាយតម្រៀបជាជួរៗ។ ពួកគេមិនអាចនិយាយអ្វីបានឡើយ លើកលែងតែអ្នកដែលព្រះជាម្ចាស់ដ៏មហាសប្បុរសទ្រង់អនុញ្ញាតដល់គេ ហើយគេនិយាយតែពាក្យសម្តីដែលត្រឹមត្រូវប៉ុណ្ណោះ។
នោះគឺជាថ្ងៃដែលនឹងកើតឡើងយ៉ាងពិតប្រាកដ។ ដូចេ្នះ ជនណាដែលចង់ទទួលបានជោគជ័យ ចូរឱ្យគេជ្រើសយកកន្លែងវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់គេចុះ។
ពិតប្រាកដណាស់ យើងបានដាស់តឿនព្រមានពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នូវទណ្ឌកម្មដែលនៅជិតបំផុត គឺនៅថ្ងៃដែលបុគ្គលម្នាក់ៗមើលទៅកាន់អ្វីដែលគេធ្លាប់បានសាងកន្លងមក។ ហើយអ្នកគ្មានជំនឿនឹងនិយាយថា៖ “ឱអនិច្ចាខ្ញុំអើយ! សូមឱ្យខ្ញុំក្លាយជាដី(ដូចសត្វទាំងឡាយ)ផងចុះ។