The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThose who drag forth [An-Naziat] - Khmer translation - Rowwad Translation Center
Surah Those who drag forth [An-Naziat] Ayah 46 Location Maccah Number 79
(អល់ឡោះ)ស្បថនឹងម៉ាឡាអ៊ីកាត់ដែលដកហូតព្រលឹងពួកគ្មានជំនឿដោយឃោឃៅ។
(ទ្រង់)ស្បថនឹងម៉ាឡាអ៊ីកាត់ដែលដកយកព្រលឹងបណ្តាអ្នកមានជំនឿដោយទន់ភ្លន់។
(ទ្រង់)ស្បថនឹងម៉ាឡាអ៊ីកាត់ដែលចុះពីលើមេឃ និងឡើងទៅកាន់មេឃវិញយ៉ាងលឿន។
(ទ្រង់)ស្បថនឹងម៉ាឡាអ៊ីកាត់ដែលប្រជែងគ្នាអនុវត្តបទបញ្ជារបស់អល់ឡោះ។
(ទ្រង់)ស្បថនឹងម៉ាឡាអ៊ីកាត់ដែលរៀបចំនូវបទបញ្ជារបស់អល់ឡោះ។
នៅថ្ងៃដែលផែនដីញ័ររញ្ជួយ(ដោយការផ្លុំត្រែលើកទីមួយ)
ហើយការផ្លុំត្រែលើកទីពីរក៏កើតមានឡើងបន្ទាប់ពីវា
នៅថ្ងៃនោះ ដួងចិត្ត(ពួកគ្មានជំនឿ) ភ័យញាប់ញ័រ។
កែវភ្នែករបស់ពួកគេបង្ហាញនូវភាពភ័យខ្លាច។
ពួកគេនិយាយថា៖ តើពួកយើងពិតជានឹងត្រូវគេត្រឡប់ឲ្យមានជីវិតម្តងទៀតឬ?
តើពួកយើងពិតជានឹងត្រូវគេត្រឡប់ឲ្យមានជីវិតឬ ខណៈដែលពួកយើងបានក្លាយជាឆ្អឹងដែលពុកផុយហើយនោះ?
ពួកគេនិយាយទៀតថា៖ ប្រសិនបើដូច្នោះមែន វាពិតជាការវិលត្រឡប់ដ៏ខាតបង់បំផុត។
តាមពិត វាគ្រាន់តែជាការផ្លុំត្រែ(លើកទីពីរ)តែមួយដងប៉ុណ្ណោះ។
ស្រាប់តែពេលនោះ ពួកគេក៏បានរស់ឡើងវិញ។
តើដំណឹងរបស់ព្យាការីមូសាបានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ហើយឬនៅ?
នៅពេលដែលព្រះជាម្ចាស់របស់គាត់បានហៅគាត់នៅឯជ្រលងភ្នំទូវ៉ាដ៏ពិសិដ្ឋថា៖
ចូរអ្នកធ្វើដំណើរទៅកាន់ហ្វៀរអ៊ូនចុះ។ ពិតប្រាកដណាស់ គេជាអ្នកដែលបំពាន។
ហើយចូរអ្នកនិយាយ(ទៅកាន់គេ)ថា ៖ តើអ្នក(ឱហ្វៀរអោន)ចង់ជម្រះសម្អាតខ្លួន
និងឱ្យខ្ញុំណែនាំអ្នកទៅកាន់ព្រះជាម្ចាស់របស់អ្នក(អល់ឡោះ) រួចអ្នកនឹងកោតខ្លាចទ្រង់ដែរឬទេ?
ពេលនោះ គាត់ក៏បានបង្ហាញឲ្យគេ(ហ្វៀរអោន)ឃើញនូវសញ្ញាភស្តុតាងដ៏ធំមួយ។
តែគេបែរជាបដិសេធ និងប្រឆាំងទៅវិញ។
ក្រោយមក គេបែរក្រោយ(ងាកចេញពីការមានជំនឿ) និងព្យាយាមប្រឆាំង(នឹងព្យាការីមូសា)។
ហើយគេបានប្រមូល(ក្រុមរបស់គេ) រួចស្រែកប្រកាសថា៖
យើងគឺជាព្រះជាម្ចាស់របស់ពួកអ្នកដ៏មហាខ្ពង់ខ្ពស់។
ដូច្នេះ អល់ឡោះក៏បានដាក់ទណ្ឌកម្មរូបគេទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។
ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាមេរៀនមួយសម្រាប់អ្នកដែលកោតខ្លាច(អល់ឡោះ)។
តើការបង្កើតពួកអ្នក(ឲ្យរស់ឡើងវិញម្តងទៀត)លំបាកជាង ឬមួយក៏ការបង្កើតមេឃដែលយើងបានបង្កើតវារួចនោះ(លំបាកជាង)?
ទ្រង់បានលើកវាខ្ពស់ប្រៀបដូចជាសំណង់មួយពីលើពួកអ្នក ហើយទ្រង់ធ្វើឱ្យវាមានផ្ទៃរាបស្មើ។
ទ្រង់បានធ្វើឱ្យពេលយប់របស់វាមានភាពងងឹត ហើយទ្រង់បានបញ្ចេញពន្លឺរបស់វា(ព្រះអាទិត្យ)មកវិញនៅពេលថ្ងៃរះ។
ហើយបន្ទាប់ពីនោះ ទ្រង់បានបង្កើតផែនដីឲ្យលាតសន្ធឹង។
ទ្រង់បានបពោ្ចញពីដីនូវទឹករបស់វា និងរុក្ខជាតិរបស់វា។
ហើយទ្រង់បានបង្កើតភ្នំជាស្នឹង(សម្រាប់ទប់លំនឹង)ផែនដី។
(ទាំងអស់នោះ) គឺដើម្បីជាប្រយោជន៍សម្រាប់ពួកអ្នក និងសត្វពាហនៈរបស់ពួកអ្នក។
នៅពេលដែលការផ្លុំត្រែលើកទីពីរត្រូវបានបន្លឺឡើង
នៅថ្ងៃនោះ មនុស្សលោកនឹងនឹកឃើញ(ទាំងអស់)នូវអ្វីដែលខ្លួនបានសាង
ហើយនរកជើហ៊ីមត្រូវបានគេនាំមកបង្ហាញឱ្យអ្នកដែលបានឃើញ បានឃើញច្បាស់។
ដូច្នេះ ចំពោះអ្នកដែលបានបំពាន
និងបានឲ្យតម្លៃឆាកជីវិតលោកិយ(ខ្លាំងជាងជីវិតបរលោក)
ពិតប្រាកដណាស់ នរកជើហ៊ីមគឺជាកន្លែងស្នាក់នៅរបស់គេ។
រីឯជនណាដែលខ្លាចការឈរនៅចំពោះមុខព្រះជាម្ចាស់របស់គេ ហើយបានទប់ស្កាត់ខ្លួនពីកិលេសតណ្ហា
ពិតប្រាកដណាស់ ឋានសួគ៌គឺជាកន្លែងស្នាក់នៅរបស់គេ។
ពួកគេ(ពួកមុស្ហរីគីន)នឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីថ្ងៃបរលោក ថាតើវានឹងកើតឡើងនៅពេលណា?
រូបអ្នកមិនមែនជាអ្នកដែលដឹងពីពេលវេលារបស់វាឡើយ។
គឺមានតែព្រះជាម្ចាស់របស់អ្នក(តែមួយគត់)ដែលដឹង។
តាមពិត អ្នកគ្រាន់តែជាអ្នកដាស់តឿនព្រមានចំពោះជនដែលខ្លាចថ្ងៃនោះប៉ុណ្ណោះ។
នៅថ្ងៃដែលពួកគេបានឃើញថ្ងៃបរលោកនោះ ពួកគេមានអារម្មណ៍ហាក់បីដូចជាពួកគេមិនធ្លាប់បានរស់នៅក្នុងលោកិយនេះឡើយ លើកលែងតែមួយល្ងាច ឬមួយព្រឹកប៉ុណ្ណោះ។