عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

He Frowned [Abasa] - Khmer translation - Rowwad Translation Center

Surah He Frowned [Abasa] Ayah 42 Location Maccah Number 80

គាត់(ព្យាការីមូហាំម៉ាត់)បានធ្វើមុខក្រញូវ ហើយងាកចេញ

ដោយសារមានជនពិការភ្នែកម្នាក់បានមកជួបគាត់។

តើអ្វីដែលធ្វើឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អាចដឹង(ពីរឿងនោះ)? ជួនកាលគេអាច(មក)សម្អាតខ្លួនរបស់គេ(ពីបាបកម្ម)ក៏ថាបាន។

ឬក៏គេអាចទទួលបានការដាស់រំលឹក(ពីអ្នក) ហើយការដាស់រំលឹកនោះអាចផ្ដល់ជាប្រយោជន៍ដល់គេ។

រីឯអ្នកដែលមិនត្រូវការ(ការណែនាំពីអ្នក)

អ្នកបែរជាយកចិត្តទុកដាក់ចំពោះគេទៅវិញ។

តើមានអ្វីកើតឡើងចំពោះអ្នក ប្រសិនបើគេមិនសម្អាតខ្លួន(ពីភាពគ្មានជំនឿ)ទេនោះ?

រីឯអ្នកដែលខំព្យាយាមមកជួបអ្នក

ហើយរូបគេក៏ខ្លាច(អល់ឡោះ)ផងនោះ

អ្នកបែរជាព្រងើយកន្តើយចំពោះគេទៅវិញ។

មិនដូច្នោះឡើយ! ពិតណាស់ វា(ជំពូកនេះ)ជាការដាស់រំលឹកប៉ុណ្ណោះ។

ដូចនេះ ជនណាដែលចង់ទទួលការដាស់រំលឹក គេនឹងយកវា(គម្ពីរ)ជាការដាស់រំលឹក

(ដែលវា)ស្ថិតនៅក្នុងគម្ពីរដែលត្រូវបានគេលើកតម្កើង

ដែលមានឋានៈខ្ពង់ខ្ពស់ និងជ្រះស្អាត។

វា(គម្ពីរគួរអាន)នៅនឹងដៃម៉ាឡាអ៊ីកាត់។

ជាអ្នកដែលថ្កុំថ្កើង និងជាអ្នកដែលប្រព្រឹត្តតែអំពើល្អ។

គេបានដាក់បណ្តាសាលើមនុស្ស(ដែលប្រឆាំង)។ តើមានអ្វីដែលខ្លាំងជាងការប្រឆាំងនឹងទ្រង់ទៀតនោះ!

តើទ្រង់បានបង្កើតរូបគេពីអ្វី?

គឺទ្រង់បានបង្កើតរូបគេពីទឹកកាម ហើយទ្រង់បានកំណត់(ដំណាក់កាលរបស់)វា។

បន្ទាប់មក ទ្រង់បានសម្រួលនូវមាគ៌ា(ល្អ អាក្រក់)ដល់គេ។

ក្រោយមក ទ្រង់បានឱ្យគេស្លាប់ រួចឱ្យគេស្ថិតក្នុងផ្នូរ។

បន្ទាប់មក នៅពេលដែលទ្រង់មានចេតនា ទ្រង់នឹងឲ្យគេរស់ឡើងវិញ។

មិនដូច្នោះឡើយ! គេមិនបានបំពេញនូវអ្វីដែលទ្រង់បានដាក់បទបញ្ជាលើរូបគេឡើយ។

ដូចេ្នះ ចូរឱ្យមនុស្សលោកមើលទៅកាន់ចំណីអាហាររបស់គេចុះ។

ពិតប្រាកដណាស់ យើងបានស្រោចស្រពនូវទឹកភ្លៀងយ៉ាងច្រើនសន្ធឹកសន្ធាប់។

បន្ទាប់មក យើងបានបំបែកដីជាបំណែកៗ។

ពេលនោះ យើងបានបណ្តុះនៅក្នុងវានូវគ្រាប់ធញ្ញជាតិជាច្រើន

និងទំពាំងបាយជូរ រុក្ខជាតិបៃតង(សម្រាប់ជាចំណីសត្វ)

និងដើមអូលីវ ដើមលើ្ម

ហើយនិងចម្ការជាច្រើនដែលមានដើមឈើធំៗ

ព្រមទាំងផលានុផល និងស្មៅ

ដើម្បីជាប្រយោជន៍សម្រាប់ពួកអ្នក និងសត្វពាហនៈរបស់ពួកអ្នក។

ហើយនៅពេលដែលសម្រែកយ៉ាងខ្លាំង(នៃការផ្លុំត្រែលើកទីពីរ)បានមកដល់

គឺនៅថ្ងៃដែលបុគ្គលម្នាក់ៗរត់គេចពីបងប្អូនរបស់ខ្លួន

និងពីម្តាយរបស់ខ្លួន ពីឪពុករបស់ខ្លួន

ហើយនិងពីភរិយារបស់ខ្លួន និងកូនចៅរបស់ខ្លួន។

នៅថ្ងៃនោះ បុគ្គលម្នាក់ៗក្នុងចំណោមពួកគេ គឺមានកិច្ចការដែលធ្វើឲ្យរូបគេរវល់(ខ្វល់ខ្វាយរៀងៗខ្លួន)។

ទឹកមុខ(អ្នកមានជំនឿ)នៅថ្ងៃនោះ គឺភាពត្រចេះត្រចង់

(ដោយពួកគេ)សើចសប្បាយ និងមានភាពរីករាយ។

ហើយទឹកមុខ(ពួកគ្មានជំនឿ)នៅថ្ងៃនោះ គឺប្រឡាក់ដោយធូលី។

ល្អងខ្មៅងងឹតបានគ្របដណ្តប់លើផ្ទៃមុខ(របស់ពួកគេ)។

ពួកទាំងនោះ គឺជាពួកដែលប្រឆាំង និងពួកដែលបំពាន។