عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

The Overthrowing [At-Takwir] - Khmer translation - Rowwad Translation Center

Surah The Overthrowing [At-Takwir] Ayah 29 Location Maccah Number 81

នៅពេលដែលព្រះអាទិត្យត្រូវបានមូរ

និងនៅពេលដែលផ្កាយទាំងឡាយធ្លាក់បែកខ្ចាត់ខ្ចាយ

និងនៅពេលដែលភ្នំទាំងឡាយត្រូវបានគេបំប៉ើង

និងនៅពេលដែលមេអូដ្ឋផើម ត្រូវបានគេបោះបង់ចោល

និងនៅពេលដែលសត្វសាហាវត្រូវបានគេប្រមូលផ្ដុំ

និងនៅពេលសមុទ្រទាំងឡាយត្រូវបានគេដុតឱ្យឆេះ

និងនៅពេលដែលជីវិតទាំងឡាយត្រូវបានផ្តុំ(ឱ្យនៅតាមក្រុមរៀងខ្លួន)

និងនៅពេលទារិកា(ដែលគេកប់ទាំងរស់)ត្រូវបានគេសួរថា៖

តើដោយសារបាបកម្មអី្វបានជានាងត្រូវបានគេសម្លាប់បែបនេះ?

និងនៅពេលដែលបញ្ជីកំណត់ត្រា(ទង្វើរបស់មនុស្ស)ត្រូវបានគេចែកចាយ

និងនៅពេលដែលមេឃាត្រូវបានគេយកចេញ

និងនៅពេលដែលភ្លើងនរកត្រូវបានដុតបញ្ឆេះឡើង

និងនៅពេលដែលឋានសួគ៌ត្រូវបានគេដាក់ឱ្យនៅជិត(អ្នកដែលកោតខ្លាចអល់ឡោះ)

(កាលណាហេតុការណ៍ទាំងនោះកើតឡើង) បុគ្គលគ្រប់រូបនឹងដឹងពីអ្វីដែលខ្លួនបានសាង។

(អល់ឡោះ)ស្បថនឹងហ្វូងតារាដែលបាត់ពន្លឺ។

(ទ្រង់)ស្បថនឹងហ្វូងតារាដែលដើរតាមគន្លងរបស់វា រួចក៏លិចបាត់ទៅវិញ។

(ទ្រង់)ស្បថនឹងពេលយប់នៅពេលដែលវាចាប់ផ្តើមងងឹត

(ទ្រង់)ស្បថនឹងពេលព្រលឹម នៅពេលដែលចាប់ផ្តើមបពោ្ចញពន្លឺ។

ពិតប្រាកដណាស់ វា(គម្ពីរគួរអាន) ពិតជាបន្ទូល(របស់អល់ឡោះ)ដែលត្រូវបាននាំមកដោយម៉ាឡាអ៊ីកាត់ដ៏ឧត្តុង្គឧត្តម(ជីព្រីល)

ជាអ្នកមានអានុភាពខ្លាំងក្លា និងមានឋានៈខ្ពង់ខ្ពស់ចំពោះ(អល់ឡោះ)ព្រះជាម្ចាស់នៃអារ៉ស្ហ។

ជាអ្នកដែលត្រូវបានអ្នកដែលនៅទីនោះ(លើមេឃ)គោរពតាម ជាអ្នកដែលស្មោះត្រង់បំផុត។

ហើយមិត្ដភក្តិរបស់ពួកអ្នក(គឺព្យាការីមូហាំម៉ាត់) ពុំមែនជាមនុស្សវិកលចរិតឡើយ។

ហើយជាការពិតណាស់ គាត់បានឃើញគេ(ជីព្រីល)យ៉ាងច្បាស់នៅឯជើងមេឃ។

ហើយគាត់ក៏មិនមែនជាអ្នកកំណាញ់ក្នុងការផ្សព្វផ្សាយសាររបស់អល់ឡោះនោះដែរ។

ហើយវា(គម្ពីរគួរអាន)មិនមែនជាពាក្យពេចន៍របស់ស្ហៃតនដែលត្រូវគេដាក់បណ្តាសានោះឡើយ។

ដូចនេះ តើសតិបញ្ញារបស់ពួកអ្នកបាត់បង់ទៅណាហើយ?

វា(គម្ពីរគួរអាន)គ្មានអ្វីក្រៅពីការដាស់រំឭកដល់ពិភពទាំងឡាយនោះឡើយ

សម្រាប់ជនណាក្នុងចំណោមពួកអ្នកដែលមានបំណងចង់ស្ថិតនៅលើមាគ៌ាត្រឹមត្រូវ។

ហើយពួកអ្នកមិនអាចមានចេតនា(ស្ថិតនៅមាគ៌ាត្រឹមត្រូវ)នោះឡើយ លើកលែងតែអល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងឡាយទ្រង់មានចេតនាប៉ុណ្ណោះ។