عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

Defrauding [Al-Mutaffifin] - Khmer translation - Rowwad Translation Center

Surah Defrauding [Al-Mutaffifin] Ayah 36 Location Maccah Number 83

ភាពវិនាសអន្ដរាយ គឺសម្រាប់ពួកដែលគៃបន្លំ

គឺពួកដែលទាមទារចង់បានការវាល់គ្រប់ចំនួនពីអ្នកដទៃ នៅពេលខ្លួនទិញ។

តែនៅពេលដែលពួកគេវាល់ឬថ្លឹងឱ្យអ្នកដទៃវិញ គឺពួកគេវាល់ឬថ្លឹងមិនគ្រប់ឱ្យគេនោះឡើយ។

តើពួកទាំងនោះមិនដឹងថា ពិតប្រាកដណាស់ ពួកគេនឹងត្រូវគេបង្កើតឱ្យរស់ឡើងវិញ

នៅក្នុងថ្ងៃដ៏ធំធេង(ថ្ងៃបរលោក)ទេឬ?

គឺនៅថ្ងៃដែលមនុស្សលោកនឹងឈរនៅចំពោះមុខព្រះជាម្ចាស់នៃពិភពទាំងឡាយ។

ពុំដូច្នោះឡើយ! ពិតណាស់ បញ្ជី(កំណត់ត្រាទង្វើ)របស់ពួកដែលសាងអំពើអាក្រក់ គឺស្ថិតក្នុងស៊ិជ្ជីន។

តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា អ្វីទៅជា ស៊ិជ្ជីន នោះ?

គឺជាបញ្ជីដែលត្រូវបានគេកត់ត្រាយ៉ាងច្បាស់លាស់។

ភាពវិនាសអន្ដរាយនៅក្នុងថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ

គឺពួកដែលបដិសេធនឹងថ្ងៃបរលោក។

ហើយគ្មានអ្នកដែលបដិសេធនឹងវាឡើយ លើកលែងតែពួកដែលបំពាន ពួកដែលសាងបាបកម្មច្រើនប៉ុណ្ណោះ។

នៅពេលមានគេសូត្របណ្តាវាក្យខណ្ឌរបស់យើងឱ្យគេស្តាប់ គេបែរជានិយាយថា៖ នេះជារឿងព្រេងនិទានរបស់មនុស្សជំនាន់មុនប៉ុណ្ណោះ។

ពុំដូច្នោះឡើយ! ផ្ទុយទៅវិញ អ្វីដែលពួកគេប្រព្រឹត្តបានដុះស្នឹមលើដួងចិត្តរបស់ពួកគេ។

ពុំដូច្នោះឡើយ! ពិតប្រាកដណាស់ នៅក្នុងថ្ងៃនោះ ពួកគេពិតជានឹងត្រូវបានគេរារាំងមិនឱ្យឃើញព្រះជាម្ចាស់របស់ពួកគេឡើយ។

បន្ទាប់មក ពួកគេពិតជានឹងចូលក្នុងជើហ៊ីម។

ក្រោយមក មានគេនិយាយ(ទៅកាន់ពួកគេ)ថា៖ នេះហើយជាអ្វីដែលពួកអ្នកធ្លាប់បានបដិសេធចំពោះវា។

មិនដូច្នោះឡើយ! ពិតប្រាកដណាស់ បញ្ជី(កំណត់ត្រាទង្វើ)របស់អ្នកដែលបានសាងអំពើល្អទាំងឡាយ គឺស្ថិតក្នុង អ៊ិល្លីយូន។

តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា អ្វីទៅជា អ៊ិល្លីយូន នោះ?

គឺជាបញ្ជីដែលត្រូវបានគេកត់ត្រាយ៉ាងច្បាស់លាស់។

ម៉ាឡាអ៊ីកាត់ដែលមានឋានៈជិតអល់ឡោះជាអ្នកនាំបញ្ជីនោះមក។

ពិតប្រាកដណាស់ អ្នកដែលសាងអំពើល្អទាំងឡាយ គឺស្ថិតនៅក្នុងឋានសួគ៌ណាអ៊ីម។

(ពួកគេ)ស្ថិតនៅលើគ្រែគយគន់មើល(ទៅកាន់ព្រះជាម្ចាស់របស់ពួកគេ)។

អ្នកនឹងឃើញភាពត្រចេះត្រចង់ស្តែងចេញនៅលើផ្ទៃមុខរបស់ពួកគេ។

ពួកគេត្រូវបានគេបម្រើស្រាដ៏បរិសុទ្ធជាមួយនឹងពែងដ៏ប្រណីត។

តំណក់ចុងក្រោយរបស់វា មានក្លិនក្រអូប។ ដើម្បីទទួលបានបែបនេះ ចូរឲ្យអ្នកប្រកួតប្រជែងទាំងឡាយ ប្រកួតប្រជែងគ្នាចុះ។

វាត្រូវបានលាយជាមួយនឹង តាសនីម

ជាប្រភពទឹកមួយដែលអ្នកមានឋានៈខ្ពង់ខ្ពស់បំផុតទទួលទានវា។

ពិតប្រាកដណាស់ ពួកឧក្រិដ្ឋជនទាំងឡាយ ពួកគេធ្លាប់បានសើចចំអកឲ្យបណ្ដាអ្នកដែលមានជំនឿ។

ហើយនៅពេលដែលពួកគេដើរកាត់បណ្ដាអ្នកដែលមានជំនឿ គឺពួកគេចំអកឡកឡឺយដាក់។

ហើយនៅពេលដែលពួកទាំងនោះត្រឡប់ទៅកាន់ក្រុមគ្រួសាររបស់ខ្លួនវិញ គឺពួកគេត្រឡប់ទៅដោយភាពសប្បាយរីករាយ(ចំពោះអ្វីដែលពួកគេបានធ្វើ)។

ហើយនៅពេលដែលពួកគេបានឃើញបណ្ដាអ្នកមានជំនឿ ពួកគេនិយាយថា៖ ពិតប្រាកដណាស់ ពួក(អ្នកមានជំនឿ)ទាំងនោះ គឺជាពួកដែលវងេ្វង។

ហើយពួកគេមិនត្រូវបានគេបញ្ជូនឲ្យទៅឃ្លាំមើលអ្នកមានជំនឿទាំងឡាយនោះឡើយ។

ដូច្នេះ នៅក្នុងថ្ងៃនេះ បណ្ដាអ្នកដែលមានជំនឿនឹងសើចចំអកឲ្យពួកគេវិញម្តង។

(ពួកគេ)ស្ថិតនៅលើគ្រែគយគន់មើល(ទៅកាន់អ្វីដែលអល់ឡោះបានប្រទានឲ្យពួកគេ)។

តើពួកគ្មានជំនឿត្រូវបានគេតបស្នងឲ្យចំពោះអ្វីដែលពួកគេបានប្រព្រឹត្តដែរឬទេ?!